សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ-កម្មការិនីជាង២ម៉ឺននាក់នៅក្នុងខេត្តកំពង់ស្ពឺ

សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រកម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំ​ណាល​ជាមួយ​កម្មករ-កម្មការិនី និងនិយោជិត​ប្រមាណ ២៧,៤៤៤នាក់ មកពី​រោងចក្រ សហគ្រាសចំនួន២៤ ដែលកិច្ចសំណេះ​សំណាល​នេះ​បាន​​ធ្វើឡើង​នៅភូមិ​ស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នា​ព្រឹក​ថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នេះ ។ មាន​រោងចក្រ សហគ្រាសទាំង២៤ ដែលបានអនុញ្ញាត​ឲ្យកម្មករ ចូលរួមសំណេះ​សំណាលពេ​លព្រឹក​នេះគឺវិនិយោគ​ដោយ​អ្នកវិនិយោគ​មកពីប្រទេស​ចិនចំនួន២៣ និង កូរ៉េចំនួន១ ដែលមាន​រោងចក្រ​កាត់ដេរសម្លៀក​បំពាក់​ចំនួ​ន៨, ផលិតស្បែកជើ​ង​ចំនួន​១០, បោក​គក់ ចំនួន៤, ផលិតតុក្កតា​​ចំនួន១ និង​ផលិត​ដើម​ណូ​អែល​ចំនួន១ ហើយផលិត​ផល​ ដែលផលិត​ចេញ ពីរោង​ចក្រទាំ​ងនេះ ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ និងផ្គត់ផ្គង់នៅទីផ្សារក្នុ​ងប្រ​ទេសផ​ង ដែរ។

សម្តេចតេជោ ហ៊ុន សែន សប្បារីករាយ​យ៉ាងខ្លាំង ដែលបាន​អញ្ជើញ​ចុះ​ជួបសំណេះ​សំណាល ជាមួយកូ​នក្មួយ​កម្មករ-កម្មការិនី និងនិយោជិត នៅក្នុងខេត្តកំពង់ស្ពឺ​នាពេលនេះ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរ គុណយ៉ាងជ្រាល​ជ្រៅផង​ដែរ​ចំពោះកូនក្មួយ​ទាំងអស់ ដែលបាន​គោរពស្រលាញ់ សម្តេចតេជោ​ រហូត​មក។ ទន្ទឹម​នឹងនេះ សម្តេចតេជោ ក៏បានអរគុណ​ម្ចាស់​រោង​ចក្រ​ទាំងអស់​ដែល បាន​អនុញ្ញាត​ឲ្យកូន​ក្មួយ កម្មករ-កម្មការិនី និងនិយោជិត បានឈប់សំរាក​នៅល្ងាច​ថ្ងៃនេះ​ដោយមា​នប្រាក់ឈ្នួល​ពេញ ដែលនេះ​គឺបាន​បង្ហាញ​ពីក្តីស្រឡាញ់​និង​យកចិត្ត​ទុកដាក់​ព្រមទាំង​សាមគ្គីភាព​គ្នារវាងកម្មករ និងម្ចាស់រោងចក្រ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថានេះ គឺជា​ជំនួប​លើក​ទី១ ក្នុងអាណ​ត្តីថ្មី​ទី៦ នៃ​រាជរដ្ឋា​ភិបាល​កម្ពុជា បន្ទាប់​ពីបាន​បង្កើត​កាល​ពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។ សម្តេចតេជោ នឹង​បន្ត​អញ្ជើញ​ចុះជួប​ជាមួយ​កូយក្មួយ​កម្មក​រនៅតាមបណ្តាល រោងចក្រ សហគ្រា បន្តបន្ទាប់ទៀត។

សម្តេចតេជោ ហ៊ុន សែន បានមាន​ប្រសាសន៍​បន្តថា កម្ពុជាកំពុងជំរុញ​ការអនុវត្តន៍ គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ២០១៥-២០២៥ ដើម្បីវិវឌ្ឍន៍​ឈានទៅប្រទេស​មាន​ប្រាក់ ចំនូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​៣០២៣ និង​សម្រេច​ទិសដៅក្លាយជា​ប្រទេស ដែលមាន​ប្រាក់​ចំនូល ខ្ពស់នៅ​ក្នុង​ឆ្នាំ២០៥០។ បច្ចុប្បន្ន​កម្ពុជា​កំពុ​ងពង្រាយ​រោងចក្រ សហគ្រា តាមបណ្តាល​ខេត្តនានា ដើម្បី​បង្កើនផលិតផល​ឧស្សាហកម្ម និងផ្តល់ការងា​រដល់​ប្រជាពល​រដ្ឋកម្ពុជា។

សម្តេច​តេជោ ហ៊ុន សែន បន្តអំពាវនាវ​ឲ្យរោងចក្រ សហគ្រា និងកម្មករ ត្រូវបន្តរួមគ្នារក្សាសន្តិភាព និងត្រូវចាត់ទុករោងចក្រជា​សហគមន៍ដ៏​ល្អមួយ ដែល​ម្ចាស់រោងចក្រ និង​កម្មករ​ និយោជិត ចេះរួមរស់​ជាមួយ​គ្នាគោរពយោ​គ​យល់គ្នា​ទៅវិញទៅមក និងត្រូ​វរួមគ្នា​រក្សា​ការងារ​ឲ្យបាន​គ​ង់វង្ស។ ទន្ទឹមនឹង​នេះ​ផង​ដែរ សម្តេចតេជោ​​នាយក​​រដ្ឋមន្ត្រី បានធ្វើការ​​អំពាវនា​​វសា​រ​ជាថ្មី​​ឲ្យរោងចក្រ សហគ្រា មួយចំនួនដែល​មិនបាន​ចុះបញ្ជីរ សូមមកចុះបញ្ជីរ ដើម្បីផ្តល់ឱកាស​ឲ្យកម្មករ នៃរោងចក្រ របស់ខ្លួន ទទួលបានសេវា​គាំពារសង្គម ដោយមិន​គិតថ្លៃ សេវា​ព្យាបាល​ជំងឺ និង​ស្ត្រី​ដែល​ឆ្លងទន្លេ​ជាដើម។

ដើម្បីជំរុញការ​អនុវត្ត​ការងារ​អោយមាន​ប្រសិទ្ធភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ ចេញនូវ​អនុសាសន៍សំខាន់ៗ១០​ចំណុចដូចខាងក្រោមៈ

១)ត្រូវអនុវត្តប្រាក់ខែអប្បបរិមា ១៧០ ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ បើក្រុមហ៊ុនបើកជូនកម្មករលើសនេះគឺរិតតែល្អប្រសើរ។

២)ត្រូវអនុវត្តការចុះពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករកម្ម ការិនី រោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តដូចគ្នាជា ពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើអោយបានម៉ត់ចត់។

៣)ត្រូវអនុវត្តចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈ ពេល៣ខែ ហើយទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ) ក្រសួងពាក់ព័ន្ធត្រូវតាមដានការងារឲ្យបានដិតដល់ចំពោះការអនុវត្តសកម្មភាពនេះ។

៤.ត្រូវអនុវត្តចំពោះកម្មការិនីសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀលនិងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបាន កូន(៣)គឺទទួលបានថវិកា១លាន២សែនរៀលហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានជម្រាបផងដែរថា នៅពេលដ៏ខ្លី ខាងមុខនេះ ចំពោះកូនក្មួយកម្មការិនីក្រីក្របំផុតនោះគឺនឹងទទួលបាននូវប្រាក់ឧបត្ថម្ភប្រមាណ ៧៦០,០០០៛ (១៩០ដុល្លារ)។

៥)ត្រូវអនុវត្តចំពោះរបបសន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករកម្មករនី មិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។

៦)អនុវត្តតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹកតភ្លើងដល់ផ្ទះរបស់កម្មករយើង ដែលនៅ ឆ្ងាយដែលមិនទាន់ទៅដល់ឲ្យបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករកម្មការិនីកុំ អោយមានការ ឡើងថ្លៃក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមកយើងមានកំណត់រួចរាល់ហើយ។

៧)អនុវត្តប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយកម្មករ និងទទួលបានប្រាក់ ចូលនិវត្តន៍(ប្រាក់រឺត្រែត)​ដូចច្នេះក្នុងរយៈពេល១ឆ្នាំ(២០១៨)ត្រូវត្រៀមរៀបចំអោយហើយ ដើម្បីឲ្យដំណើរការបានល្អនៅក្នុងឆ្នាំ២០១៩​នូវរបបសោធននិវត្តន៍នេះ។

៨)អនុវត្តចូលរួមបន្តយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាផ្សេងៗ ដែលបងប្អូនពលករទៅក្រៅប្រទេស​ជួយ​សម្រួល​នូវ បែបបទលិខិតបទដ្ឋានផ្លូច្បាប់នានា និងដើម្បីទទួលបាននូវល័ក្ខខ័ណ្ឌការងារល្អ ប្រសើរ។

៩)ក្រសួងការងារត្រូវចុះអនុវត្តតាមដានភ្លាមៗឲ្យបានដិតដល់ និងចូលរួមដោះស្រាយបញ្ហាប្រឈម នានាចំពោះកម្មករនៅពេលដែលម្ចាស់រោងចក្ររត់ចោល។ ក្នុងនោះគឺត្រូវដោះស្រាយផ្តល់ប្រាក់ឈ្នួល ជាបន្ទាន់ដល់កម្មករដែលបានធ្វើការក្នុងពេលដែលថៅកែរោងចក្របានរត់ចោល ហើយត្រូវបន្តដោះ ស្រាយបញ្ហានានាជាមួយម្ចាស់រោងចក្រដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ គឺត្រូវជួយរកការងារធ្វើដល់ក ម្មករ កម្មការិនីអោយបានឆាប់បំផុត។ ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យ បង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាពកម្មកក្នុងពេលធ្វើដំណើរតាមរថយន្តម៉ៅការដឹកកម្មករ។ រថយន្តស៊ីឈ្នួល ដឹកកម្មករ ទាំងអស់ត្រូវតែមានការប្រុង ប្រយ័ត្នខ្ពស់ក្នុងការធានាដល់ សុវត្ថិភាព កម្មកររួមដំណើរក្នុងពេលបើកបរ។

១០)ត្រូវបន្តដោះស្រាយជួយពលករដែលកំពុងធ្វើការនៅក្រៅប្រទេសធ្វើយ៉ាងណាអោយកម្មករធ្វើការបានស្របច្បាប់។ សូមបងប្អូនកុំយល់ច្រឡំឬគិតថាខុស ក្នុងពេលដែលបងប្អូនកូនក្មួយទៅ ធ្វើការនៅប្រទេសគេ។ សូម្បីប្រទេសថៃក៏គេបញ្ជូនកម្មករទៅធធ្វើការនៅបរទេសដូចជានៅប្រទេសកូរ៉េ ជប៉ុន រីឯប្រទេសហ្វីលីពីនក៏បានបញ្ជូនពលរដ្ឋអោយទៅធ្វើការនៅបរទេសដូចជានៅកម្ពុជា និងនៅ សហរដ្ឋអាមេរិកជាដើម។ ពលរដ្ឋគេបាននាំមកវិញនូវប្រាក់ចំណូលជាច្រើនសម្រាប់ប្រទេសគេ គឺមិនមែនជាការខ្មាសអៀនឬអាក្រក់អ្វីទេ។បច្ចុប្បនេះរាជរដ្ឋាភិបាលកម្ពុជាកំពុងបានខិតខំស្វែករកទីផ្សាការងារក្រៅប្រទេសផងដែរដូចជាកូរ៉េ ជប៉ុន និងប្រទេសមជ្ឍឹមបូពា ដូចជាប្រទេសអារ៉ាប់ជាដើម ដើម្បីផ្តល់ការងារដល់បងប្អូនខ្មែរឥស្លាមបានទៅធ្វើការនៅទីនោះ។កន្លងរាជរដ្ឋាភិបាលក៏បានជួយដោះស្រាយនឹងនាំយកកាន់ប្រទេសវិញចំពោះបងប្អូនកម្មករមួយវចំនួនដែលចាញ់បោកមេខ្យល់បោកយកទៅធ្វើការងារដោយខុសច្បាប់។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការិនី និយោជកទាំងអស់ ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កូនក្មួយកម្មការិនីមានផ្ទៃពោះចំនួន (១,៣៧២) នាក់ផងដែរ។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ