សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម សុង ថាវ (SONG TAO) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នៅវិមានសន្តិភាព ព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ ។
នៅក្នុងជំនួបព្រឹកមិញនេះ ឯកឧត្តម SONG TAO បានជម្រាបជូនសម្តេចតេជោអំពីដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជាពេលនេះគឺនាំសាររបស់ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីសម្ដែងនូវការអបអរសាទរផ្ទាល់ចំពោះជោគជ័យដែលកម្ពុជាទទួលបានពីការបោះឆ្នោតថ្នាក់ជាតិថ្មីៗកន្លងមកនេះ។
ក្នុងនាមរដ្ឋាភិបាលចិនឯកឧត្តម ស៊ុនថាវ បានសំដែងការគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជាក៏ដូចជាគាំទ្រចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំកម្ពុជាដើម្បីឆ្ពោះទៅកាន់ការអភិវឌ្ឍដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនព្រមទាំងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឲ្យមានការរីកចម្រើនផងដែរ។ ជាងនេះទៅទៀតក៏ដើម្បីរក្សាសុខសន្តិភាព និងស្ថិរភាពក្នុងតំបន់បន្ថែមទៀត។
ឯកឧត្តម SONG TAO បានបញ្ជាក់សារជាថ្មីផងដែរថាកម្ពុជាគឺជាមិត្តចាស់ មិត្តល្អ ដែលមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយប្រទេសចិន។ ឯកឧត្តម បានបន្តថាកន្លងមកទោះបីមានអ្វីកើតឡើងក៏ដោយ ក៏ទំនាក់ទំនងនេះនៅតែបន្តយ៉ាងរឹងមាំដដែល ហើយគ្មានអ្វីផ្លាស់ប្ដូរឡើយ។ ជាមួយនឹងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទៀតនោះ ទំនាក់ទំនងរវាងកម្ពុជាចិនគឺបានរីកចម្រើនយ៉ាងឆាប់រហ័ស។ ទន្ទឹមគ្នានេះដែរ ក៏មានកិច្ចសន្យា នឹងកិច្ចព្រមព្រៀងជាច្រើនដែលត្រូវបានចុះហត្ថលេខារវាងប្រមុខដឹកនាំ នៃប្រទេសទាំងពីរក្នុងការជួយកម្ពុជាអោយកាន់តែរីកចម្រើន។
ឯកឧត្តម SONG TAO ក៏បានជម្រាបជូនសម្ដេចទៀតថាដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានៅពេលនេះគឺដើម្បីជំរុញករអនុវត្តរាល់កិច្ចព្រមព្រៀងទាំងឡាយណាដែលបានចុះហត្ថលេខារួចហើយរវាងសម្ដេចតេជោ និងឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ធ្វើយ៉ាងណាឲ្យកិច្ចព្រមព្រៀងនោះអនុវត្តសម្រេចបានលទ្ធផល។ លោក ក៏បានគូសបញ្ជាក់ចំពោះមុខសម្តេចតេជោដែរថា ភាគីចិននឹងនៅតែបន្តជួយលើអ្វីដែលជាសេចក្តីត្រូវការរបស់កម្ពុជា។
នៅក្នុងឱកាសនោះផងដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបំពាក់មេដាយគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍ជូន ឯកឧត្តម SONG TAO ដែលបានចូលរួមប្រឹងប្រែងជួយ ដលើកម្ពុជា។ សម្តេចតេជោក៏បានអរគុណចំពោះសារដែល ឯកឧត្តម ស៊ុន ថាវ ពាំនាំពីឯកឧត្តមប្រធានាធិបតី Xi Jinping ហើយក៏បានធ្វើបទបង្ហាញ ជូនឯកឧត្តម SONG TAO នូវកំណែទម្រង់របស់កម្ពុជាចាប់តាំងពីឆ្នាំ ២០១៣ ដែលបានធ្វើអោយពលរដ្ឋមានទំនុកចិត្តលើការដឹកនាំរបស់ សម្តេចតេជោ នឹងឈានមកទទួលជោគជ័យនៅក្នុងដំណើរការបោះឆ្នោតថ្នាក់ជាតិកន្លងមក។ ជាមួយនោះដែរសម្តេចតេជោ ក៏បានជម្រាបជូនឯកឧត្តម SONG TAO អំពីស្ថានភាពទូទៅរបស់កម្ពុជា និងបានថ្លែងអំណរគុណចំពោះមិត្តចិន និងប្រជាជនចិនដែលកន្លងមកតែងតែបានជួយដល់កម្ពុជា និងបានផ្ដល់កិច្ចសហប្រតិបត្តិការល្អដល់កម្ពុជា ជាបន្តបន្ទាប់។ សម្តេចតេជោ ក៏បានជម្រាបទៅមិត្តចិនផងដែរថា នៅខែក្រោយនេះ សម្តេចនឹងអញ្ជើញទៅចូលរួមពិព័ណរចិននៅទីក្រុងណានណិន ប្រទេសចិន ដែលកម្ពុជាជាប្រទេសកិត្តិយសរបស់មិត្តចិន ហើយនឹងអញ្ជើញចូលរួមនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសវោតណាមផងដែរ។ មិត្តចិនរីករាយស្វាគមន៍កម្ពុជា ហើយនឹងបន្តជួយ សម្តេចតេជោ ដើម្បីកសាងអភិវឌ្ឍន៍កម្ពុជាអោយកាន់តែរីកចម្រើន៕