សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា!
ការប្រជុំលក្ខណៈអន្តរជាតិនានា មិនបានជាន់នឹងកាលបរិច្ឆេទនៃការបោះឆ្នោត
ថ្ងៃនេះ យើងជួបជុំគ្នា ដើម្បីធ្វើពិធីជូនដំណើរ ចំពោះកីឡាករ/ការិនី ក៏ដូចជា ថ្នាក់ដឹកនាំ និងគ្រូបង្ហាត់ ដើម្បីទៅចូលរួមប្រកួតកីឡាអាស៊ី នៅប្រទេសឥណ្ឌូនេស៊ី។ ឆ្នាំនេះក៏ជាឆ្នាំល្អដែរ ដែលការរៀបចំទាំងអស់ ការប្រជុំទាំងអស់ គឺមិនបានជាន់ទៅលើកាលបរិច្ឆេទនៃការបោះឆ្នោត ខុសប្លែកពីស្ថានភាពមុនៗ ធ្វើអោយយើងមានការលំបាកបន្ដិច ត្រង់ថាពេលដែលមានការបោះឆ្នោតនៅក្នុងប្រទេស ក៏មានការប្រជុំយ៉ាងច្រើននៅក្រៅប្រទេស ធ្វើអោយមន្រ្តីមួយចំនួនមិនបានចូលរួមការបោះឆ្នោត។ កន្លែងមួយចំនួនទៀត យើងមិនបានចាត់មន្រ្តីរបស់យើងទៅចូលរួមទេ គឺចាត់ថ្នាក់អគ្គរដ្ឋទូតចូលរួមនៅខាងក្រៅ។ ក៏ប៉ុន្តែ ឆ្នាំនេះ ការបោះឆ្នោតរបស់យើង ពិនិត្យមើល គឺមិនជាន់ជាមួយនឹងកម្មវិធីជាអន្តរជាតិនោះទេ។ ដូចជាការប្រជុំអាស៊ាន និងវេទិកាតំបន់អាស៊ាន ដែលបាន និងកំពុងប្រជុំបញ្ចប់នៅឯសាំងហ្គាពួរ ក្នុងប៉ុន្មានថ្ងៃនេះ គឺធ្វើឡើងក្រោយការបោះឆ្នោតរបស់យើង។ ផ្នែកកីឡានេះទៀតសោត ក៏បានធ្វើបន្ទាប់ពីការបោះឆ្នោត ធ្វើអោយកីឡាករ/ការិនីមិនលំបាកទៅលើការចេញទៅប្រកួត ហើយមិនបានចូលរួមការបោះឆ្នោតជាតិនោះទេ។
នឹងគ្មានការជួបគ្នា បើសិនគ្មានមេដាយមាស
ថ្ងៃនេះ យើងពិតជាមានការរីករាយដែលបានជូនដំណើរកីឡាករ កីឡាការិនីរបស់យើង។ សង្ឃឹមថា យើងនឹងមានការជួបគ្នាទៀត នៅពេលដែលអ្នកទាំងអស់គ្នាបានប្រកួតចប់ ហើយនាំមកនូវមេដាយ។ ប៉ុន្តែ យើងនឹងគ្មានការជួបគ្នាទេ បើសិនគ្មានមេដាយនោះ។ អម្បាញ់មិញ ឯកឧត្តម ថោង ខុន បានធ្វើរបាយការណ៍ហើយ ការប្រកួតកីឡាអាស៊ីរបស់យើងបានចាប់ផ្ដើមពីពេលណា។ និយាយពីប្រវត្តិនេះ យើងត្រូវរង់ចាំរហូតដល់ ៦០ ឆ្នាំ ទើបយើងបានមេដាយមួយ ដោយនាំមកដោយកីឡាការិនី ស៊ន សៀវម៉ី កាលពីពេលនោះ។ ដូច្នេះ ដំណើរដើម្បីឈានឡើងនៅក្នុងវិស័យកីឡានេះ យើងខ្លាំងនៅក្នុងស្រុកយើង ក៏ប៉ុន្តែ យើងទៅប្រកួតជាមួយនឹងប្រទេសដទៃ ដែលគេខ្លាំងជាងយើងផង។ បើយើងពិនិត្យអោយដិតដល់ កីឡាមិនមែនបានសេចក្ដីថា ប្រទេសអ្នកមាន ឬប្រទេសដែលមានប្រជាជនច្រើន សុទ្ធតែប្រទេសខ្លាំងខាងកីឡានោះទេ។ យើងពិនិត្យមើល ប្រទេសដែលមានប្រជាជនច្រើន មិនប្រាកដថាកីឡាខ្លាំងនោះទេ។ ប្រទេសដែលមានប្រជាជនតិច ក៏មិនប្រាកដថាកីឡាខ្សោយដែរ។ អញ្ចឹងទេ បានជាយើងឃើញថា យើងត្រូវមានការខិតខំ និងវិនិយោគច្រើនថែមទៀត ដើម្បីជម្រុញវិស័យកីឡារបស់យើង។
នយោបាយវិញ គ្មានស្ដង់ដារអន្តរជាតិកើតទេ
បើនិយាយពីអ្វីដែលហៅថា ជាស្ដង់ដារអន្តរជាតិ ដែលអាចអនុវត្តបាន គឺមានតែកីឡានេះ។ កុំទៅឆ្កួតតាមអ្នកនយោបាយ ឬអ្នកពូកែខាងនិយាយ … ស្អីឡើងស្ដង់ដារអន្តរជាតិៗ។ យើងពិនិត្យមើល គឺស្ដង់ដារអន្តរជាតិ ដែលយើងអាចអនុវត្តបានដូចគ្នា គឺយើងអនុវត្តនៅក្នុងវិស័យកីឡានេះតែម្ដង។ ប៉ុន្តែ និយាយពីរឿងនយោបាយវិញ គ្មានស្ដង់ដារអន្តរជាតិណាកើតឡើងទេ។ សូម្បីនៅក្នុងតំបន់អាស៊ានរបស់យើងនេះ តើប្រទេសនីមួយៗប្រកាន់យករបបនយោបាយដូចគ្នាឬទេ? ជាស្ដង់ដារអន្តរជាតិទេ? នៅក្នុងក្របខណ្ឌអាស៊ានរបស់យើងមានរបបប្រធានាធិបតី ប្រទេសខ្លះអនុវត្តតាមរបបសភា ហើយក៏មានរបបរាជានិយម ដែលនៅក្នុងអាស៊ាន គឺមានប្រទេស ៣៖ មានកម្ពុជា ព្រះរាជាណាចក្រថៃ និងប្រ៊ុយណេ។ អញ្ចឹងទេសួរថា អ្វីទៅដែលហៅថា ស្ដង់ដារអន្តរជាតិនោះ? បើនិយាយពីប្រព័ន្ធបោះឆ្នោតវិញ វាមិនដូចគ្នា។ ប្រព័ន្ធបោះឆ្នោតប្រទេសខ្លះ គឺជាប្រព័ន្ធបោះឆ្នោតតាមឯកត្តនាមទៅ។ ប្រព័ន្ធបោះឆ្នោតប្រទេសខ្លះ គឺជាប្រព័ន្ធបោះឆ្នោតសមាមាត្រទូទាំងប្រទេស។ ប្រទេសយើង និងប្រទេសខ្លះទៀត សម្ព័ន្ធសមាមាត្រតាមមណ្ឌល ដែលយកខេត្តធ្វើជាមណ្ឌល។ ឯប្រទេសខ្លះទៀត គឺយកប្រព័ន្ធសមាមាត្របូកនឹងប្រព័ន្ធឯកត្តនាមទៅ។ អញ្ចឹងទេ សួរថា អ្វីទៅដែលហៅថា ស្ដង់ដារអន្តរជាតិ?
កីឡា មានស្ដង់ដារអន្តរជាតិ
ប៉ុន្តែ បើនិយាយពីកីឡា អាហ្នឹង គឺមានស្ដង់ដារអន្តរជាតិរបស់គេត្រឹមត្រូវ។ យើងពិនិត្យមើល ឆ្លងកាត់ World Cup កន្លងទៅនេះ … ទម្រង់នៃការលេង គឺមានការផ្លាស់ប្ដូរ និងមានការវិវឌ្ឍឈានឡើង យើងនិយាយតែវិស័យកីឡាបាល់ទាត់។ បាល់ទាត់កាលពីមុន គឺលេង ៤៥ នាទី ២ ដង ហើយប្រសិនបើស្មើ ត្រូវទាត់ ១៥ នាទី ២ ដង ដោយដូរតារាង រួចហើយបានចូលទៅដល់បាល់ពិន័យប៉េណាល់ទី។ ប៉ុន្តែក្រោយមក នៅក្នុងជំនាន់ពេលដែល World Cup រៀបចំនៅកូរ៉េខាងត្បូង និងជប៉ុន គឺផ្លាស់ប្ដូរទម្រង់លេង បើទាត់ស្មើ គឺឱកាសមាស បានសេចក្ដីថា ចាប់ផ្ដើមទាត់ គឺទាត់មិនទាន់គ្រប់ម៉ោងក៏ដោយ អោយតែអ្នកណាទាត់ចូលមុនមួយគ្រាប់ គឺត្រូវតែឈ្នះអញ្ចឹងតែម្តង អាហ្នឹងគេហៅថា បាល់មាស។ ក្រោយមក ទម្រង់នៃការលេងក៏ត្រូវបានផ្លាស់ប្ដូរទៅរកអាដើមវិញ។
កីឡាមានការកែទំរង់ និងតម្លាភាពខ្ពស់
យើងឃើញលេងនៅរុស្ស៊ីកន្លងទៅនេះ ចាប់ផ្ដើមតម្លាភាពកាន់តែខ្ពស់ នៅត្រង់ថា អាជ្ញាកណ្ដាលមានច្រើន។ បើមានការសង្ស័យណាមួយ គឺអាជ្ញាកណ្ដាលនៅខាងលើ ប្រាប់មកអោយអាជ្ញាកណ្ដាលនៅខាងក្រោមផ្អាកសិន ទៅមើលទូរទស្សន៍។ អញ្ចឹងទេ ការប្រកួតមួយចំនួន គឺដូចជាប៉ះដៃ ទាត់ជើង ត្រូវកន្លែងប៉េណាល់ទី គេទៅមើល ដល់ទៅមើល អាប៊ីតចេញមកសម្រេចអោយប៉េណាល់ទី ទោះបីជាអនុញ្ញាតអោយលេងបន្តហើយ ប៉ុន្តែ ត្រូវបញ្ឈប់សិនដើម្បីអោយទៅមើល។ មើលហើយត្រូវកាត់សេចក្តីឡើងវិញ … ធ្វើយ៉ាងនេះ មានជំនឿទុកចិត្តកាន់តែច្រើន ហើយគ្មានអំពើពុករលួយ ទាំងការរៀបចំពិន្ទុទុកជាមុន។ នេះគ្រាន់តែយើងមើលការវិវឌ្ឍក្នុងវិស័យកីឡា។ អាហ្នឹងផ្នែកបាល់ទាត់ ប៉ុន្តែ កីឡាដទៃទៀត គឺសុទ្ធតែមានការកែទម្រង់របស់គេ។ តែខ្ញុំមិនចូលជ្រៅទៅក្នុងបញ្ហាបច្ចេកទេសទេ។
ប្រវតិ្តកីឡារបស់យើង ពូកែតែក្នុងប្រទេស តែខ្សោយក្នុងកម្រិតអន្តរជាតិ
… យើងបានឈានឡើងតាមដំណាក់ៗ។ កាលមុននេះ ខ្ញុំក៏មិនបានសិក្សាអស់ទេ ក៏ចេះតែជឿគេជឿឯងអញ្ចឹងទៅថា ខ្មែរវាពូកែខ្លាំងណាស់។ ស្រាប់តែដល់មើលប្រវត្តិកីឡារបស់ឯង គ្រវីក្បាលតែម្តង ព្រោះកាលពីដើម យើងល្បីតែគ្នាឯងក្នុងស្រុកហ្នឹង។ ដល់ប្រភេទកីឡានាំមេដាយពីខាងក្រៅមក មិនដែលមានផង មានតិចតួច។ តែមិនមែនបានសេចក្តីថា យើងបំភ្លេចចោលពីការខិតខំពីជំនាន់ចាស់ទេ ក៏ប៉ុន្តែ ពេលនោះ យើងគិតស្មានថា កម្ពុជារបស់យើងមានប្រភេទកីឡាខ្លាំង តែខ្លាំងក្នុងចំណោមគ្នាយើងទេ។ យើងមិនទាន់ខ្លាំងជាមួយនឹងការទៅប្រកួតកម្រិតអន្តរជាតិទេ។ យើងត្រូវមានការខិតខំបន្ថែមទៀត។
យកម៉ោងតែមួយ សំរាប់អាស៊ាន មិនអាចធ្វើទៅរួច
កាលពីប្រជុំ ACMECs និង CLMV នៅបាងកក ពេលបាយមុនបែកគ្នា រវាងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលរបស់ ACMECs ជាមួយនឹងធុរកិច្ចរបស់ ACMECs ពួកគេបានសួរថា តើយើងមានអត្តសញ្ញាណអី សំរាប់សម្គាល់ជាអត្តសញ្ញាណរួមរបស់ ACMECs? ខ្ញុំបានធ្វើការឆ្លើយតបថា វិធីតែម្យ៉ាងដើម្បីអោយក្លាយទៅជាអត្តសញ្ញាណរួមរបស់ ACMECs បាន គឺបង្កើតកីឡាបាល់ទាត់ ACMECs តែម្តង។ ហ្នឹងអាចធ្វើទៅរួច … មុននេះគេគ្រោងអោយអាស៊ានមានអត្តសញ្ញាណរួម គឺយកម៉ោងរួម។ ម៉ោងរួមរបស់អាស៊ាន គឺមិនអាចធ្វើបានទេ។ រឿងនេះវាបានចាប់ផ្តើមតាំងពីនៅដាវ៉ូស ពេលដែលទៅចូលរួមដើមឆ្នាំ ២០១៦ វេទិកាសេដ្ឋកិច្ចពិភពលោក។ ពេលនោះម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ នៃការប្រជុំអាស៊ាន ២០១៥។ ម៉ាឡេស៊ីគាត់មានគម្រោងស្នើអោយបង្កើតម៉ោងអាស៊ាន ប៉ុន្តែ ពេលនោះ ដោយសារមានវាគ្មិនពីខាងម៉ាឡេស៊ីទៅផង ខ្ញុំក៏បាននិយាយថា រឿងនេះត្រូវពិនិត្យអោយបានដិតដល់។ គម្រោងចង់យកម៉ោងរបស់ចិន ព្រោះដើម្បីអោយស្របជាមួយនឹងទីផ្សារភាគហ៊ុនធំនៅហុងកុង និងសៀងហៃ។ អញ្ចឹង យើងត្រូវថយមួយម៉ោង។ បណ្តាប្រទេសនានាត្រូវថយមួយម៉ោង។ សម្រាប់ម៉ាឡេស៊ី សាំងហ្គាពួរ គឺស្របហើយ។ អត់បញ្ហាទេ។
ក្រុមកីឡាករបាល់ទាត់រួម ACMECs អាចធ្វើទៅបាន
ប៉ុន្តែ សម្រាប់កម្ពុជា វៀតណាម ថៃ ឡាវ មីយ៉ាន់ម៉ា គឺនឹងជួបការលំបាក។ ពេលប្រជុំនោះ ខ្ញុំក៏បានប្រាប់នៅក្នុងអង្គប្រជុំថា បើសិនមានការផ្លាស់ប្ដូរម៉ោង អ្នកដែលប្រឆាំងខ្ញុំមុនគេ គឺលោកសង្ឃ ទី ២ គឺកូនសិស្សសាលា ដែលធ្លាប់ចូលរៀនម៉ោង ៧ អោយចូលរៀនម៉ោង ៦ វិញ … ថ្ងៃនោះ ខ្ញុំខកខានមិនបានលើកអំពីចំណុចរួមថា តើ ACMECs មានអីដែលជាអត្តសញ្ញាណរួម? តែខ្ញុំបាននិយាយថា បើចង់ធ្វើអោយទៅជាអត្តសញ្ញាណរួម បង្កើតក្រុមបាល់ទាត់ ACMECs មួយទៅ មកពីថៃខ្លះ មកពីវៀតណាមខ្លះ មកពីកម្ពុជាខ្លះ មកពីឡាវខ្លះ មកពីមីយ៉ាន់ម៉ាខ្លះ បង្កើតទៅជាក្រុមបាលទាត់ ACMECs មួយ ទៅទាត់ជាមួយក្រុមតំបន់នានា។ អាហ្នឹងអាចទៅរួច ព្រោះវិធានលេង គឺវាដូចគ្នា ដែលយើងហៅថា ការដែលប្រើពាក្យស្តង់ដារអន្តរជាតិ វាមានតែកីឡាទេ ដែលវាអាចប្រើបានរួមនោះ ឯរឿងប្រភេទប្រព័ន្ធនេះ/នោះ ប្រព័ន្ធយុត្តិធម៌ ដែលប្រទេសខ្លះដូចជាចៅក្រមតែងតាំងដោយប្រធានាធិបតី តួយ៉ាងដូចសហរដ្ឋអាមេរិក ចៅក្រមតែងតាំងដោយប្រធានាធិបតី ឯយើងតែងតាំងដោយឧត្តមក្រុមប្រឹក្សាចៅក្រម។ ប្រទេសខ្លះបែងចែកព្រះរាជអាជ្ញានៅក្រោមការពិនិត្យមើលរបស់ក្រសួងយុត្តិធម៌ ប្រទេសខ្លះតាមបែបផ្សេងទៅ វាអត់ត្រូវគ្នាទេ។ ហើយការបោះឆ្នោតក៏មិនដូចគ្នាដែរ ដែលខ្ញុំបាននិយាយអម្បាញ់មិញ។
កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ២ ដែលមានប្រជាពលរដ្ឋទៅបោះឆ្នោតច្រើន
ថ្ងៃនេះ យើងថ្ងៃ(ទី) ០៦ (សីហា) ក្រោយបោះឆ្នោតមួយអាទិត្យ។ ទស្សនាវដ្ដីណាមួយនោះបានចុះផ្សាយថា កម្ពុជាជាប់ចំណាត់លេខ ២ លើពិភពលោក ដែលមានអត្រាប្រជាជនទៅបោះឆ្នោតច្រើនជាងគេ បន្ទាប់ពីប្រទេសប៊ែលហ្ស៊ិក។ ម្សិលមិញ Fresh News បានផ្សាយរួចទៅហើយ។ អញ្ចឹងទេ បានសេចក្តីថា គេក៏សរសើរយើងដែរ។ មួយអាទិត្យក្រោយពីការដែលយើងបោះឆ្នោត គេក៏បានចេញផ្សាយអំពីតួលេខ ប្រទេសណាខ្លះមានអត្រាទៅបោះឆ្នោតខ្ពស់? ទី ១. ប៊ែលហ្សិក។ ទី ២ កម្ពុជា។ ហើយប្រទេសខ្លះទៀត ការទៅបោះឆ្នោតវាមានចំនួនទាប ប៉ុន្តែ គេមិនកំណត់។
ពិភពលោក ទាំងព្រះពុទ្ធសាសនា ទាំងគ្រឹស្តសាសនា ទាំងមូស្លីម … មុនកាន់តំណែងសុទ្ធតែស្បថ
… គេគិតយ៉ាងម៉េចទៅហើយឥឡូវនេះ? ពួកក្រុមនៅផ្ទះឈ្នះឯង ដែលចាត់ទុកថាជាការធ្វើប្រជាមតិ វាទៅម៉េចទៅហើយ? សល់តែរឿងមួយទេ (គឺនិយាយពី)ការលួចបន្លំ បំប៉ោងតួលេខ សល់តែមួយហ្នឹង … ព្រោះសារជាតិរបស់វាតាំងពីដើមរហូតដល់ចប់ គឺនៅសល់តែមួយហ្នឹង។ “លួចបន្លំ បំភ័ន្តភ្នែក” នៅសល់តែមួយហ្នឹង។ និយាយអញ្ចេះ ប្រពៃណីខ្មែរយើង និងប្រពៃណីនៅលើពិភពលោកតែម្តង គឺច្រើនប្រើពាក្យស្បថ មិនមែនស្បថ គឺជារឿងផ្ចាញ់ផ្ចាល់ទេ ហើយក៏មិនមែនរឿងទាល់ច្រកដែរ។ ប្រធានាធិបតី ឬនាយករដ្ឋមន្ត្រី ឬសមាជិកសភា ឬព្រឹទ្ធសភា មុនចូលកាន់តំណែងសុទ្ធតែស្បថទាំងអស់ មិនអញ្ចឹង? លើពិភពលោក ទាំងប្រទេសកាន់ព្រះពុទ្ធសាសនា ទាំងកាន់គ្រឹស្តសាសនា ទាំងកាន់មូស្លីម ឬកាន់សាសនាអីក៏ដោយ មុនចូលកាន់តំណែងសុទ្ធតែស្បថទាំងអស់។ ចូលទៅមុខតុលាការសុទ្ធតែស្បថ មុនពេលឆ្លើយធ្វើសាក្សី ឬក៏ស្អី សុទ្ធតែស្បថ។ ខ្ញុំនិយាយពីរឿងស្បថនេះ ខ្ញុំចង់ផ្ញើសារប្រាប់ថា តើពួកអ្នកឯងហ៊ានស្បថអោយរន្ទះបាញ់ អោយងាប់ដោយសារអ្វីក៏ដោយអោយតែងាប់ ហ៊ានឬអត់? ឬក៏អន្តរាយ ហ៊ានឬអត់? ដែលអ្នកឯងហ៊ានចោទថាប្រជាពលរដ្ឋ គឺត្រូវគេបំប៉ោង ត្រូវគេបំភិតបំភ័យ ត្រូវគេអញ្ចេះអញ្ចុះ ហ៊ានស្បថឬអត់? ឥឡូវបង្ហោះតាមហ្វេសប៊ុកទៅ។ ខ្ញុំក៏ហ៊ានស្បថអោយងាប់តៃហោង អោយងាប់គ្រប់ប្រភេទតាមដែលងាប់ទៅបាន អោយតែយមរាជចង់អោយខ្ញុំងាប់ របៀបណាក៏បានដែរ។ ប៉ុន្តែ អ្នកឯងហ៊ានបង្ហោះតាមហ្វេសប៊ុក ប្រកាសទៅថា ស្បថពិតជាអញ្ចឹងមែន ហើយសុទ្ធតែងាប់តៃហោង ងាប់ប្រភេទណាក៏ដោយអោយតែងាប់ អោយតែប្រកាច់ ដើម្បីអោយវាឃើញសក្តិសិទ្ធិតែម្តង។
ចូលចិត្តនិយាយបំប៉ោង បំភ្លៃការពិត។ ឥឡូវស្បថ អ្នកណាចោទប្រកាន់ខុស គឺអ្នកហ្នឹងត្រូវទទួល គេហៅថា ទេវតាបរាមុខ ងាប់តៃហោងហ្មងទៅ ព្រោះរឿងងាប់គង់តែងាប់ទេ តែខ្លះងាប់ដោយមនុស្សចាស់ ខ្លះងាប់ដោយសារតែវាប្រព្រឹត្តអាក្រក់ ហ៊ានឬអត់? ហ៊ានធ្វើប្រជាមតិ … បើប្រជាជនទៅបោះឆ្នោតតិច មានន័យថាយើងចាញ់ គេឈ្នះ។ អញ្ចឹងឥឡូវនេះ ប្រជាជនទៅបោះឆ្នោតវាច្រើន។ ប៉ុន្តែ គេសល់មួយ សល់តែអារឿងបញ្ហាបន្លំ បញ្ហាបំប៉ោងនេះ/នោះ។ ទម្លាប់លើពិភពលោក គឺទម្លាប់ស្បថ។ ខ្ញុំសូមស្បថមុនអ្នកឯង អោយខ្ញុំស្លាប់ដោយគ្មានដីកប់ ស្លាប់តៃហោង ប្រសិនបើមានរឿងដូចអ្នកឯងចោទ ប៉ុន្តែ បើអ្នកឯងមិនហ៊ានស្បថ តាមរយៈបង្ហោះហ្វេសប៊ុក ឬក៏អ្នកឯងសរសេរក្តី អ្នកឯងនិយាយក្តី ហើយស្បថដូចដែលខ្ញុំកំពុងផ្សាយបន្តផ្ទាល់ ក្រុមអ្នកឯងកំពុងមើល អ្នកឯងហ៊ានស្បថដូចខ្ញុំទេ? ខ្ញុំស្បថអោយងាប់របៀបណាក៏ដោយ អោយតែយមរាជចង់អោយខ្ញុំងាប់ អ្នកឯងហ៊ាននិយាយដូចខ្ញុំទេ? កុំស្បថងាប់តែមួយផ្លូវ ងាប់ដោយរន្ទះបាញ់ រន្ទះអត់មានផង ពេលខ្លះអត់មានរន្ទះ បានរន្ទះណាបាញ់? អញ្ចឹង អោយងាប់គ្រប់ប្រភេទ តាំងពីធ្លាក់ពីលើខ្នើយដាច់សរសៃកក៏វាងាប់ដែរ អោយវាទៅអញ្ចឹងតែម្តង។
បបួលស្បថ ដោយសារអ្នកឯងប្រព្រឹត្តអំពើអាក្រក់
កន្លងទៅ ប្តឹងផ្តល់ៗទៅដល់ក្រុមប្រឹក្សាធម្មនុញ្ញ ដល់ក្រុមប្រឹក្សាធម្មនុញ្ញអត់ហ៊ានស្បថ។ ឆ្នាំ ២០០៣ ក៏
អញ្ចឹង ២០០៨ ក៏អញ្ចឹង ទៅដល់ក្រុមប្រឹក្សាធម្មនុញ្ញ ក្រុមប្រឹក្សាធម្មនុញ្ញគេអោយស្បថ។ ស្បថងាប់តាំងពីអោយពស់ចឹក ងាប់តាំងពីភ្លើងឆេះផ្ទះស្អីៗ ស្រាប់តែទៅដល់ រួញតែម្តង … អត់ហ៊ានស្បថ ខ្លាចពាក្យសម្បថ … ដកខ្លួនថយ។ ឥឡូវខ្ញុំស្បថមុន ស្បថអោយងាប់គ្រប់ទម្រង់ អោយតែយមរាជចង់អោយខ្ញុំងាប់… ស្អីក៏ដោយ អោយតែងាប់ អ្នកឯងហ៊ានទេ? រុញអ្នកឯងអោយដល់ជញ្ជាំងកន្លែងហ្នឹងតែម្តង ហើយកុំថាខ្ញុំបបួលសុទ្ធតែអាក្រក់ៗ មិនមែនទេ ដោយសារអ្នកឯងប្រព្រឹត្តអំពើអាក្រក់។ ជម្រើសដែលនៅសេសសល់តែមួយគត់ គឺជម្រើសបបួលស្បថតែម្តង … រកអីមិនបានសល់តែប៉ុណ្ណឹង។ ឥឡូវ យើង ៨២% ជិត ៨៣% ឥឡូវ អ្នកឯងនៅសល់ជាង ១៧% (តែ)អ្នកឯង(នៅតែប្រកែក)យកឈ្នះ។ (តើអោយ)គិតយ៉ាងម៉េច? ប្រជាជនមួយប្រទេសគេទៅបោះឆ្នោត? អញ្ចឹងទេ ដើម្បីជម្រះបញ្ជីគ្នា ថ្ងៃនេះ ខ្ញុំសុំអោយអ្នកឆ្លើយតប ហ៊ានឬមិនហ៊ាន? មេក៏បាន កូនក៏បាន អោយស្បថគ្រប់គ្នាទាំងអស់ ហើយយើងអ្នកដែលទៅបោះឆ្នោតពិតប្រាកដ យើងហ៊ានស្បថទាំងអស់គ្នា ព្រោះខ្លាចអីបើយើងអ្នកទៅបោះឆ្នោតមែន?
បោះឆ្នោតប៉ុន្មានអាណត្ដិហើយ មិនដែលឈ្នះ
អ្នកណាដែលចោទពីការបំប៉ោងតួលេខស្អីៗអោយស្បថទៅ ស្បថអោយងាប់ទាំងអស់គ្នា។ កុំខ្លាច។ វាមិន ចិត្តសឿងដូចអ្នកកីឡាទេ រួចហើយអាងអីថា ហ៊ុន សែន ខ្លាច។ លោកឯងចូលបោះឆ្នោតប៉ុន្មានអាណត្ដិហើយ ម៉េចមិនដែលឈ្នះ? គេថា ដោយសារអត់មានគេ បានគណបក្សប្រជាជនឈ្នះ។ ចុះកាលពីមុនមានលោកឯង ម៉េច(លោកឯង)មិនដែលឈ្នះ? ហើយចាំថ្ងៃណាបានឈ្នះ? ម្យ៉ាងទៀត គេមិនដែលយកអាមនុស្សមានទោស ជាប់ទោស យកអោយមកបោះឆ្នោតទេ? ហើយទោសកើតពីអី? កើតមកពីអ្នកឯងប្រព្រឹត្ដកំហុសទើបវាមានទោស។ កុំថាគេខ្លាច។ (វាជារឿង)ច្បាប់(ទេ)តើ … អ្នកឯងកុំធ្វើកំហុសទៅវាអត់មាន(ទោស)ទេ។ ថ្ងៃនេះនិយាយប្រៀបធៀបកីឡានយោបាយ និងកីឡាប្រកួតនេះវាខុសគ្នា។ អានេះគេទាត់ធ្លាក់ពីលើរេញប៉ុន្មានដងហើយនៅតែឈ្នះរហូត។ ម្សិលមិញ (អ្នកប្រើ)ហ្វេសប៊ុក ជាច្រើន(បាន)វាយប្រហារ។ កូនចៅខ្លួនឯង សមាជិកខ្លួនឯងកំពុងវេទនា ខ្លួនឯងទៅរុញស្អីកម្សាន្ដនៅវាលស្រែ …។
បើមិនហ៊ានស្បថ ស្មើនឹងទទួលស្គាល់ថា ប្រជាពលរដ្ឋជាង ៨២% ទៅបោះឆ្នោតពិតប្រាកដមែន
មានដៃគូប្រកួតធុនហ្នឹងក៏ល្អដែរ។ ប៉ុន្ដែ ប្រហែលគ្មានឱកាសទៀតទេ ព្រោះខ្ញុំបានដាក់ហើយ។ ប្រសិនបើ ខ្ញុំលើកលែងទោសអោយ(មនុស្ស)មួយហ្នឹង ខ្ញុំសុខចិត្តកាត់ដៃស្ដាំរបស់ខ្ញុំគ្រវាត់ចោល។ រឿងអ្នកហ្នឹងមួយកុំសង្ឃឹម។ បើចង់សង្ឃឹម ត្រូវមកចូលគុកនៅស្រុកខ្មែរសិន។ រឿងមានតែប៉ុណ្ណឹង … បើអ្នកឯងមិនហ៊ានស្បថទេ បានន័យថា អ្នកឯងទទួលស្គាល់ថា ប្រជាជនជាង ៨២% បានទៅបោះឆ្នោតពិតប្រាកដ។ ខ្ញុំដាក់បញ្ហាហ្នឹងអោយអ្នកឯង ហើយចាំមើលសមាជិក/ជិកាអ្នកឯង រុញអោយអ្នកឯងហ៊ានស្បថឬអត់? អ្នកឯងផ្ទាល់ខ្លួនហ៊ានស្បថឬអត់? ខ្ញុំបានស្បថរួចហើយ ខ្ញុំស្បថដាក់មេក្រូ ខ្ញុំស្បថដាក់ទូរទស្សន៍ ខ្ញុំស្បថដាក់ហ្វេសប៊ុក។ ឥឡូវ សល់តែអ្នកឯងទេ ហ៊ានស្បថឬអត់? បើមិនហ៊ានស្បថ ស្មើនឹងទទួលស្គាល់ថា មានប្រជាជនទៅបោះឆ្នោត(ជាង៨២%)ពិតប្រាកដអញ្ចឹងមែន។ អាហ្នឹងលេងគ្នាអញ្ចឹងតែម្តង ព្រោះដើម្បីកុំអោយវាមានលេសបោកប្រាស់គេ/ឯងតទៅទៀត។
ឆ្នាំនេះកម្ពុជាជាអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ
(សំរាប់)អ្នកមួយចំនួននៅក្នុងស្រុក សូមជម្រាបទៅ ប្អូនអើយ ចៅអើយ ក្មួយអើយ ឬក៏បងអើយ (នាំគ្នាខ្សឹបខ្សៀវគ្នាថា) បន្ដិចទៀត គេប្រើអ៊ុនតាក់ថ្មីទៀតហើយ លើកកងទ័ពចូលស្រុកខ្មែរ។ វាចេះទៅរួច? ឆ្នាំនេះកម្ពុជា ជាអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ។ អោយយល់។ ស្គាល់ទេ? ជាអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនៅឆ្នាំនេះ ហើយជាសមាជិក ECOSOC នៅឆ្នាំនេះ ដែលក្រសួងការបរទេសកំពុងស្នើបន្ថែមនូវបុគ្គលិកការទូតមួយចំនួន ដែលខ្លួនត្រូវបំពេញបេសកកម្ម។
បើគណៈរដ្ឋមន្ត្រីអាចបង្កើតបានក្នុងខែសីហា មានឱកាសទៅថ្លែងការនៅអង្គការសហប្រជាជាតិ
… បន្ថែមបន្ដិចទៀត ប្រសិនបើគ្មានការរាំងស្ទះ ដែលត្រូវដោះស្រាយដល់ក្រុមប្រឹក្សាធម្មនុញ្ញ ហើយការប្រកាសលទ្ធផលបោះឆ្នោតបានលឿនជាងមុន មិនខ្ទាស់ទាក់ទិននឹងបញ្ហាផ្លូវច្បាប់ ដែលគេប្រើពាក្យអញ្ចេះ “សភាមាននីតិកាល ៥ ឆ្នាំ សភាមិនអាចរំលាយមុនអាណត្ដិបានទេ លើកលែងតែរាជរដ្ឋាភិបាលត្រូវរំលាយ ២ ដង ក្នុងរយៈពេល ១២ ខែ” … គម្រោងរបស់ខ្ញុំ គឺព្រឹកថ្ងៃទី ១៩ កញ្ញា ប្រជុំសភាលើកដំបូង ក្រោមព្រះរាជាធិបតីរបស់ព្រះមហាក្សត្រ។ ព្រឹកថ្ងៃទី ២០ (កញ្ញា) រាជរដ្ឋាភិបាលបង្កើត។ ល្ងាចថ្ងៃទី ២០ គឺរាជរដ្ឋាភិបាលចូលស្បថ កាន់តំណែង។ ព្រឹកថ្ងៃទី ២១ (កញ្ញា) គណៈរដ្ឋមន្ដ្រីនឹងប្រជុំលើកដំបូង … ប្រសិនបើ គណៈរដ្ឋមន្ដ្រីរបស់យើងអាចបង្កើតបានក្នុងខែ សីហា នេះ ក៏(យើង)បង្កើត បើសិនវាមិនខ្ទាស់លើផ្លូវច្បាប់។ លឺថា ដូចជាគ្មានរឿងរ៉ាវដល់ក្រុមប្រឹក្សាធម្មនុញ្ញទេ។ បើអញ្ចឹងបង្កើតខែ សីហា បាន ក៏បង្កើត ដើម្បីពេលហ្នឹងខ្ញុំនឹងមានឱកាសទៅថ្លែងការនៅអង្គការសហប្រជាជាតិអោយអ្នកឯងមើល ដើម្បីអោយដឹងថា រដ្ឋអធិបតេយ្យមួយដែលធ្វើការបោះឆ្នោត តើមានតម្រូវការប្រថាប់ត្រាពីអ្នកណា ក្រៅពីព្រះមហាក្សត្ររបស់ខ្លួន?
ព្រះមហាក្សត្រ តែងតាំងនាយករដ្ឋមន្ត្រីអោយរៀបចំ(រាជ)រដ្ឋាភិបាល បន្ទាប់ទៅព្រះមហាក្សត្រ ឡាយព្រះហស្ថលេខាចេញព្រះរាជក្រឹត្យតែងតាំង(រាជ)រដ្ឋាភិបាល។ ចប់ត្រឹមប៉ុណ្ណឹង។ អត់មានអោយប្រទេសណាប្រថាប់ត្រាទេ។ បើធ្វើបានដូចនេះ ខ្ញុំនឹងទៅថ្លែងការនៅអង្គការសហប្រជាជាតិ។ បើសិនជាប្រជុំគណៈរដ្ឋមន្ត្រី ចំថ្ងៃ ២១ កញ្ញា ខ្ញុំមិនអាចទៅបានទេ ព្រោះថ្ងៃ ២៥ កញ្ញា គេប្រជុំបាត់ទៅហើយ។ ខ្ញុំទៅម៉េចទាន់? ត្រូវការនៅរៀបចំរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ត្រូវរៀបចំបែងចែកភារកិច្ច ត្រូវការប្រជុំនៅក្នុងប្រទេសច្រើន។ ចាំពិនិត្យមើលតទៅទៀត តើការដែលយើងបង្កើតមុន តើវាទាស់ទេ? សូមអោយពិគ្រោះជាមួយ ឯកឧត្តម ប៊ិន ឈិន ពិគ្រោះជាមួយអ្នកច្បាប់របស់យើង។ អញ្ចឹង អាចបង្កើតចុងខែ សីហា ឬដើមខែ កញ្ញា ហើយស្នើសុំព្រះមហាក្សត្រកោះប្រជុំ …។
គ្មានប្រទេសណាមួយទាន់ដកទូតពីកម្ពុជា
ខ្ញុំនឹងទៅអង្គការសហប្រជាជាតិអោយអ្នកឯងមើល។ អ្នកខ្លះថាបន្តិចទៀតគេនឹងចាប់ ហ៊ុន សែន ដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ ខ្ញុំនឹងទៅអឺរ៉ុបក្បែរកន្លែងតុលាការអន្តរជាតិអោយចាប់ខ្ញុំតែម្តង។ ខ្ញុំនឹងទៅអាមេរិក ខ្ញុំនឹងទៅអង្គការសហប្រជាជាតិ … (អ្នកឯងអាច)ត្រៀមទៅបាតុកម្មអីត្រៀមទៅ។ អ្នកដែលត្រៀមមកជួបខ្ញុំ ក៏សូមត្រៀមខ្លួនទៅ។ ជួបតាំងពីខាងនៅអឺរ៉ុប ដែលខ្ញុំប្រកាសថ្ងៃមុននេះ ១៧, ១៨, ១៩, ២០ ខ្ញុំនៅប៊្រុចសែល។ ២០-២២ ខ្ញុំនៅទួរគី។ ២២-២៥ ខ្ញុំនៅហ្សឺណែវ។ ខ្ញុំចង់ប្រាប់សារទៅពួកក្នុងស្រុកដែល ជឿអាការញុះញង់ពីខាងក្រៅអោយភ្លឺភ្នែក។ ពេលនេះកម្លាំងរបស់យើងកំពុងស្ថិតនៅប្រទេសស៊ូដង់ យើងកំពុងប្រតិបត្តិការនៅម៉ាលី នៅអាហ្វ្រិកកណ្តាល និងនៅលីបង់ វាយ៉ាងម៉េចទៅវិញ? យើងកាន់កាប់ទាំងអស់នូវអាសនៈរបស់អង្គកាសហប្រជាជាតិ។ សុំទោស! គ្មានប្រទេសណាមួយទាន់ដកទូតពីកម្ពុជាទេ នៅធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាតែរហូតហ្នឹង …។
សន្លឹកឆ្នោតប្រចាំត្រកូលរបស់គណបក្សប្រជាជន មានត្រឹមតែ ៤៧% ទៅជាង ៥១% បន្តិច
ការគិតរបស់អ្នកឯងថា សន្លឹកឆ្នោតដែលអ្នកឯងធ្លាប់បានទទួល គឺជាកម្មសិទ្ធិរបស់អ្នកឯងគឺខុសហើយ។ សូម្បីតែសន្លឹកឆ្នោតប្រចាំត្រកូលរបស់គណបក្សប្រជាជនមានត្រឹមពី ៤៧% ទៅជាង ៥១% បន្តិច។ ហ្នឹងសន្លឹកឆ្នោតប្រចាំត្រកូលពិតប្រាកដរបស់គណបក្សប្រជាជន។ ប៉ុន្តែ គេហៅសន្លឹកឆ្នោត swing លើកនេះយើងបានទទួលថែមពីលើនោះរហូតទៅដល់ជាង ២០%។ អញ្ចឹងអ្នកឯងត្រូវយល់អោយច្បាស់។ សន្លឹកឆ្នោតដែលធ្លាប់បោះអោយគណបក្សប្រជាជនមាន ៩០ កៅអី ក៏ត្រូវបានបាត់បង់នៅពេលមួយ ហើយគណបក្សប្រជាជនមិនខុសពីពាក្យគេថា ជេរទៅហៅមកនោះទេ។ ថាម៉េចបានជាខ្ញុំត្រូវបកស្រាយរបៀបអញ្ចឹង? … ឪពុកម្តាយតែងតែខឹងកូនចៅម្តងម្តាលជេរទៅ ប៉ុន្តែហៅមកវិញ។ ប្រជាជនអត់ទាន់ស្អប់ខ្ពើមគណបក្សប្រជាជន(ទេ) លើកលែងតែមនុស្សមួយចំនួន។ ខ្ញុំយល់ (អ្នកទាំងនោះ) ទោះបីចាប់ជាតិទៅជាតិក្រោយទៀត បើចាំជាតិមិនបោះឆ្នោតអោយគណបក្សប្រជាជនទេ។ ក្រុមហ្នឹង យើងមិនចាំបាច់ឆ្ងល់ទេ ព្រោះក្រុមហ្នឹងធ្លាប់ជាប់គុកជាប់ច្រវាក់ … ដូច្នេះ វាមិនបោះឆ្នោតអោយយើងទេ។
កាលណាគេធ្វើស្រែធំ ប្រើពូជច្រើន ទិន្នផលទទួលបានពិតជាច្រើន
អញ្ចឹងទេ កាលដែលអ្នកឯងថា ៣ លាននាក់ បោះឆ្នោតអោយអ្នកឯងប៉ុណ្ណេះៗ រួចហើយបូកនឹងប៉ុណ្ណេះៗ មានអាធុនបូកថាយុវជនកើតឡើង គឺសុទ្ធតែបង្កើតអោយគេ … អ្នកឯងត្រូវគិត(ថា) អ្នកឯងក៏មានកូន ខ្ញុំក៏មានកូន។ អ្នកឯងត្រូវដឹង កាលណាគេធ្វើស្រែធំ ប្រើពូជច្រើន គឺស្រូវរបស់គេពិតជាច្រើន។ អ្នកឯងស្រែតូចជាង ប្រើពូជតិចជាង គឺវាពិតជាបានផលតិចជាង។ គណបក្សប្រជាជនមានមនុស្សច្រើនជាង កើតកូនមកក៏វាច្រើនជាង ចៅក៏វាច្រើនជាង អាហ្នឹងរឿងវាអញ្ចឹង។ អត្ថបទមួយហ្នឹងគួរតែ Fresh News ផ្សាយឡើងវិញ ដែល សោ ចាន់ដេត បង្ហោះ រួចហើយមានគេធ្វើអត្ថាធិប្បាយវាយបក។ សោ ចាន់ដេត ហ្នឹង គេថា បន់(អោយ) ចាស់ៗស្លាប់ ព្រោះគេថា ចាស់ៗជាមនុស្សដែលគាំទ្រយើង … គេថា (បើ)មនុស្សចាស់ស្លាប់ទៅ យើងនឹងបាត់បង់សម្លេង។ ដល់យុវជនកើនឡើងគេនឹងកើនសម្លេង។
អ្នកឯងត្រូវចាំ គណបក្សប្រជាជនមានមនុស្សច្រើនជាង បើមានមនុស្សច្រើនជាង កើតកូនក៏វាច្រើនជាង បានចៅក៏វាច្រើនជាង ចៅទួតក៏វាច្រើនជាង។ អ្នកឯងភាគតិចវានៅតែតិចហ្នឹង ស្រែតូចវានៅតែតូចហ្នឹង អ្នកឯងប្រើពូជតិចធ្វើម៉េចបានផលស្មើហ្នឹងគេ? សូម្បីតែអ្នកភាគហ៊ុន នៅក្នុងក្រុមហ៊ុនមួយអ្នកឯងភាគហ៊ុនតូច បានប្រាក់ចំណេញតិចជាង គេអ្នកមានភាគហ៊ុនធំ អាហ្នឹងជារឿងធម្មតា។ ពាក្យដែលថា ជេរទៅហៅមកវិញ ខ្ញុំវិភាគលើចំណុចនេះ ដោយសារតែយើងបាននៅជាមួយប្រជាជន រួមសុខរួមទុក្ខ ៤០ ឆ្នាំហើយ អញ្ចឹង ពេលខ្លះឪពុកម្តាយខឹងយើងជេរយើង ប៉ុន្តែពេលខ្លះគាត់យល់ពីយើង គាត់ហៅមកវិញ។ ជាទម្លាប់អញ្ចឹង ជួនកាលកូននៅជាមួយមិនសូវត្រូវចិត្តជាមួយនឹងម្តាយឪពុកទេ។ កូននៅឆ្ងាយ យូរៗ វាទិញស្អីអោយស៊ីតិច(តួច) ចាត់ទុកកូននៅឆ្ងាយល្អ។ អានៅជាមួយបម្រើរាល់ថ្ងៃនេះ ទៅជាមិនសូវចំណាប់។
ស្បថក្លាយទៅជាទម្លាប់អន្តរជាតិ
ថ្ងៃនេះ និយាយបន្ថែម ដល់តែពេលជួបកម្មករ ខ្ញុំអត់និយាយទៀតទេ។ ថ្ងៃនេះឆ្លៀតពេលនិយាយទៅ បបួលស្បថតែម្តង ស្បថអោយងាប់ ស្បថអោយអន្តរាយ។ និយាយរួម បើអ្នកឯងមិនហ៊ានស្បថ គឺអ្នកឯងចាញ់ ហើយកុំថារឿងស្បថនេះ ជារឿងអបិយជំនឿអីអញ្ចេះអញ្ចុះអត់ទេ។ សូម្បីតែប្រធានាធិបតីអាមេរិកាំង មុនចូលកាន់តំណែង ក៏ស្បថដូចតែគ្នាដែរ។ ប្រាយុទ្ធ (Prayut Chan-o-cha) នៅថៃមុនពេលធ្វើនាយករដ្ឋមន្រ្តី ក៏ត្រូវស្បថដែរ។ មុនពេលចូលកាន់តំណែង ក៏ត្រូវស្បថដូចតែគ្នា។ ប្រទេសណាក៏ស្បថ តើវាជាអបិយជំនឿទេ? អាហ្នឹងវាជាទម្លាប់ខ្នាតអន្តរជាតិ។ ឥឡូវ អ្នកឯងហ៊ានឬមិនហ៊ាន? អោយក្លាហានឡើង ទាំងមេ ទាំងកូន។ អោយស្បថព្រោងព្រាតឡើង ហើយពួកយើងនាំគ្នាស្បថទាំងអស់គ្នាទៅ អ្នកណាបានបោះឆ្នោតស្បថទាំងអស់គ្នាទៅ កុំខ្លាច ព្រោះយើងមានរឿងអីត្រូវខ្លាច បើយើងធ្វើពិត។ អាអ្នកដែលបោកបញ្ឆោតនោះទេដែលវាមិនហ៊ាន។ ប៉ុន្តែ ចាំមើលគេហ៊ានឬមិនហ៊ាន? បើហ៊ានស្បថទៅ និយាយរួមទៅធ្វើស្អីក៏ដោយ អោយតែខាងអន្តរាយរៀងៗខ្លួនតែម្តង …។
លទ្ធផលបណ្តោះអាសន្នប្រកាសនៅថ្ងៃទី ១១ និងថ្ងៃទី ១៥ ប្រកាសលទ្ធផលផ្លូវការ
លឺថាគេថ្ងៃទី ១១ នេះ ប្រកាសលទ្ធផលបណ្តោះអាសន្ន ហើយថ្ងៃទី ១៥ ប្រកាសលទ្ធផលផ្លូវការ។ ទោះបីប្រកាសលទ្ធផលបណ្តោះអាសន្ន ក៏ទុកអោយគេប្តឹងដែរ ហើយរយៈពេល ៥ ថ្ងៃ បើមានបណ្តឹង គឺទៅក្រុមប្រឹក្សាធម្មនុញ្ញ។ ដល់ថ្ងៃ ១៥ គឺប្រកាសផ្លូវការ។ អញ្ចឹង បើនៅសល់ៗតែបញ្ហា តើផ្លូវច្បាប់អនុញ្ញាតឬអត់? ព្រោះសភាចូលកាន់តំណែងកាលពី ២០១៣ នៅថ្ងៃ ២៤ កញ្ញា។ ឥឡូវហ្នឹង តើយើងបង្កើតមុនបានឬអត់នៅកន្លែងហ្នឹង? បើបង្កើតមុនបាន គឺខ្ញុំទៅអង្គការសហប្រជាជាតិ ដើម្បីប្រាប់ពួកអ្នកឯងអោយបានច្បាស់ថា ខ្ញុំមានសិទ្ធិនឹងឡើងថ្លែងការនៅអង្គការសហប្រជាជាតិ។ អ្នកឯងថាម៉េចទៀត? ឥឡូវប្រធានអឺរ៉ុប និងស្នងការអឺរ៉ុបគេបានអញ្ជើញខ្ញុំ ទី ១ ប្រជុំអាស៊ីអឺរ៉ុប។ ទី ២ ប្រជុំអាស៊ាន-អឺរ៉ុប។ ខ្ញុំទទួលហើយ។ ត្រៀមរៀបចំចេញដំណើរនៅខែ ១០ ។ បើសិនជាយើងធ្វើបានយ៉ាងដូច្នេះ ខ្ញុំនឹងទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកអំពីអាស៊ាននៅហាណូយជារដ្ឋាភិបាលថ្មី។ ហើយទៅចូលរួមពិព័រណ៍ណាននីងជារដ្ឋាភិបាលថ្មី បន្ទាប់ទៅអាចរៀបចំទស្សនកិច្ចនៅប្រទេសមួយចំនួនទៀត។ យើងក៏ចង់រហ័សដែរ កុំអោយស្អីឡើងនៅចាំអានេះ/នោះ។ ឥឡូវ ថ្ងៃបោះឆ្នោតរួចហើយ។ វាឆ្ងាញ់ត្រង់ … ចាំគេចាប់ ហ៊ុន សែន ទៅទៀត។ … មិនថាចាប់ក្នុងប្រទេសទេ ខ្ញុំនឹងទៅញូវយ៉ក បើសិនជាយើងបង្កើតបានទាន់ពេល។ ចាប់ទៅ។ ធម្មតាទៅប្រទេសគេៗ មានការទទួលខុសត្រូវរបស់គេ។ ជាធម្មតា អង្គរក្សប្រធានាធិបតី គេមានផ្នែកអង្គរក្ស សម្រាប់ការពារប្រធានាធិបតី ថ្នាក់នាយករដ្ឋមន្រ្តី។ ហ្នឹងជាកាតព្វកិច្ចរបស់ម្ចាស់ប្រទេសដែលមានទីស្នាក់ការនៅអង្គការសហប្រជាជាតិ។
សមាសភាពរាជរដ្ឋាភិបាលមានក្នុងបញ្ជីរួចហើយ
… កម្មវិធីដែលយើងនិយាយគ្នាថ្ងៃមុននឹងអាចមានការប្រែប្រួល បើសិនជាយើងអាចធ្វើទៅរួច ដែលវាមិនខ្ទាស់លើផ្លូវច្បាប់។ អញ្ចឹង ពិគ្រោះបញ្ហាហ្នឹងជាមួយអ្នកច្បាប់។ បើធ្វើទាន់មុន គឺខ្ញុំស្នើសុំព្រះមហាក្សត្រ ដើម្បីកោះប្រជុំមុន ហើយបង្កើត(រាជ)រដ្ឋាភិបាល។ (រាជ)រដ្ឋាភិបាលខ្ញុំបង្កើតរួចហើយ មាននៅក្នុងបញ្ជីរួចហើយ កុំទៅឆ្ងល់ពេក មិនពិបាកទេ។ ក្បាលម៉ាស៊ីនរដ្ឋសភាក៏រៀបចំរួចហើយ វាអត់មានស្អីពិបាកទេសម្រាប់ខ្ញុំនោះ។ កម្មវិធីនយោបាយរាជរដ្ឋាភិបាល (ក៏មាន)រួចរាល់ហើយ …។ យុទ្ធសាស្រ្តចតុកោណកំពុងតែជម្រុញការរៀបចំ។ ខ្ញុំប្រើពាក្យយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ ព្រោះអាទី ៣ គឺយើងវាមិនទាន់ជោគជ័យវាទាំងស្រុងទេ។ ដូច្នេះ កុំអាលដូរទៅយុទ្ធសាស្រ្តអីផ្សេងទៀត គឺយុទ្ធសាស្រ្តចតុកោណសំរួចមុខព្រួញមួយចំនួន ហើយដាក់ជាយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ …។
រឿងធំជាងគេថ្ងៃនេះ បបួលអ្នកឯងស្បថ ហ៊ានឬមិនហ៊ាន? ស្បថអោយអន្តរាយដោយវិធីណាក៏ដោយ ហើយអោយងាប់តៃហោង ងាប់ដោយប្រភេទណាក៏ដោយ អោយតែងាប់។ យើងមានបទពិសោធន៍នៅក្រុមប្រឹក្សាធម្មនុញ្ញ ដល់ទៅពេលដាក់អាស្បថសុទ្ធតែខ្លាំងៗ អាគេអោយមកដើម្បីបោកប្រាស់ក្រុមប្រឹក្សាធម្មនុញ្ញ អត់ហ៊ានស្បថ អាដំរីព្រេច ហើយពស់ខាំហ្នឹងខ្លាចអាហ្នឹងជាងគេ។ ប៉ុន្តែ យើងដាក់អោយលើសអាហ្នឹងទៅទៀត សូម្បីតែធ្លាក់កពីខ្នើយក៏ងាប់ដែរ ចាញ់សម្បថ។ ច្បាស់ជាមានក្រុមហ្នឹងនៅមើលហើយ។ ហើយជួនកាលមើលហើយ លួចជេរមកទៀត … ឥឡូវ អ្នកឯងហ៊ានស្បថឬមិនហ៊ាន? បើអ្នកឯងមិនហ៊ានស្បថស្មើនឹងការចាញ់។
ប្រយ័ត្នប្រយែងអំពីការទម្លាក់គីឡូដែលធ្វើអោយបាត់បង់សមត្ថភាពប្រកួតរបស់កីឡាករ/ការនី
ឆ្នាំនេះ ស៊ន សៀវម៉ី អាចទេមើលទៅ? ប្រឹង។ ប៉ុន្តែ ខ្ញុំមានចំណុចមួយដែលត្រូវដាស់តឿន ទាំងគ្រូបង្ហាត់ទាំងគ្រប់សហព័ន្ធ។ ការបញ្ចុះគីឡូរបស់កីឡាករ/ការនីដើម្បីអោយស្មើនឹងការប្រកួត ដើម្បីអោយស្មើនឹងគីឡូជាមួយគេ ដែល ស៊ន សៀវម៉ី ធ្លាប់បញ្ចុះគីឡូម្ដងរួចហើយទៅប្រកួត។ ឆ្លងកាត់រយៈពេល ៨ ខែនេះ ដែលខ្ញុំបានធ្វើពិធីដើម្បីអោយចុះគីឡូ … ខ្ញុំ(កម្ពស់) ១.៧០ ម៉ែត្រ។ (គ្រូពេទ្យសាំងហ្គាពួរ)គេអោយខ្ញុំនៅតែ ៦៨ គីឡូទេ ក៏ប៉ុន្តែ ពេលណាក៏ដោយ ដែលខ្ញុំចុះនៅក្រោម ៧២ គីឡូ ឥឡូវ រហូតចុះក្រោម ៧៣ គីឡូ គឺខ្ញុំហ៊ឹងត្រចៀក។ ពីមុននេះ អ៊ុក សាវុធ ដែលជាអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ បានប្រាប់ខ្ញុំថា គាត់ប្រឹងបញ្ចុះគីឡូ ប៉ុន្តែកាលណាចុះគីឡូ គាត់ហ៊ឹងស្លឹកត្រចៀក … ឥឡូវនេះ ខ្ញុំរកឃើញច្បាស់ហើយ កាលណាតែគីឡូរបស់យើងចុះ ខ្ញុំនៅក្រោម ៧២ (គីឡូ) ឥឡូវ ក្រោម ៧៣ (គីឡូ) ពីមុននេះក្រោម ៧២ (គីឡូ) ហ៊ឹងស្លឹកត្រចៀក។ នៅក្នុងចន្លោះ៧៣-៧៤ (គីឡូ) គឺល្អ អាហ្នឹងសម្រាប់ខ្លួនខ្ញុំនៅពេលនេះ …។
សូម្បីតែមើលរូបថត ដែលបងប្អូនយកដាក់ជាសញ្ញាគណបក្ស អាហ្នឹងដូចជាឆ្នាំ ២០០៨ ហើយ គីឡូរបស់ខ្ញុំអត់មានដុះក្បាលពោះទេ។ (គឺរូបថត)ដែលពេលហ្នឹងពួកគេធ្វើអត្ថាធិប្បាយថា លោក ហ៊ុន សែន បានលើកដៃជាសញ្ញាថាលាហើយ bye bye។ ឯលោកប្រធានរបស់យើងកំពុងតែធ្វើសញ្ញាថានឹងឈ្នះហើយ។ ទីចុងបំផុត (គណបក្សប្រជាជន)ស៊ីដាច់ ៩០ កៅអីឯណោះ។ … សូមប្រយ័ត្នប្រយែងទៅលើបញ្ហាការទម្លាក់គីឡូដែលធ្វើអោយបាត់បង់សមត្ថភាពប្រកួតរបស់កីឡាករ/ការនីរបស់យើង។ អាចថា ខ្លួនខ្ញុំគិតខុសខ្លួនឯងឬក៏យ៉ាងណា ក៏ប៉ុន្តែ ខ្ញុំគិតថា មិនល្អ។ អាចរកវិធីអោយគីឡូរបស់យើងស្មើជាមួយគេតាមរបៀបណាមួយ កុំអោយបង្ខំទម្លាក់ភ្លាមៗ … ហាត់ប្រាណទប់ទល់។ ប្រើថ្នាំទម្លាក់ គឺអត់ល្អទេ។ ប្រើវិធីហាត់ប្រាណទើបជាការល្អ។ ពីមុនខ្ញុំរត់ទម្លាក់ ជួនកាលខ្ញុំទម្លាក់រហូតដល់ ២ ពាន់ កាឡូរី ទើបធ្លាក់គីឡូ ប៉ុន្តែចំណុចដែលគេអោយដឹងថា ចាប់ពី ៦១០ កាឡូរីទៅធ្លាក់គីឡូ។ ប៉ុន្តែ គីឡូខ្ញុំនេះ ត្រឹម ៦ រយអត់ធ្លាក់ទេ ៨ រយឡើង ហើយបើចង់អោយធ្លាក់ច្រើន គឺឡើងដល់ ២ ពាន់ រត់ចង់ដាច់ជើង។ ឥឡូវ ឈប់រត់ហើយ បានអាងហែលទឹក។ មួយថ្ងៃទាបបំផុត ខ្ញុំហែល ៧០០ ម៉ែត្រ ហើយឆ្ងាយបំផុត ខ្ញុំហែលលើស ១ គីឡូ ហើយ ១ គីឡូ ខ្ញុំហែលតែ ៣០ នាទីទេ។ អញ្ចឹង កម្លាំងក៏នៅមាំគួរសម។
ផ្តាំផ្ញើទី ១ កុំបំពានវិធាននៃការប្រកួត ផ្តាំផ្ញើទី ២ កុំប្រើសារធាតុដែលគេហាមឃាត់
អ្វីដែលជាការផ្ដាំផ្ញើរបស់ខ្ញុំ ក៏ដូចមុនៗដែរ ចាញ់ឬឈ្នះ វាជារឿងធម្មតាខ្លាំងណាស់របស់កីឡា។ ប៉ុន្តែ អ្វីដែលសំខាន់ គឺសូមកុំបំពាននូវវិធាននៃការប្រកួត ក្របខណ្ឌគេរៀបចំអីយ៉ាងម៉េច។ សូម្បីតែកីឡាប្រដាល់ គេហាមវាយកន្លែងណា គេហាមវាយពីក្រោយ ឬក៏ទាត់អាប្រដាប់ការពារអីរបស់គេ គេហាមឃាត់កន្លែងណាត្រូវចៀសវាង។ ហ្នឹងជាចំណុចទី១។ ចំណុចទី២ សូមកុំប្រើសារធាតុលើកកម្លាំងអោយសោះ សារធាតុដែលគេហាមឃាត់។ កីឡាកម្ពុជា បើទោះបីជាមិនបានមេដាយស្អីសោះ ក៏យើងនៅតែជាកីឡាថ្លៃថ្នូរ តែប្រសិន បើបានមកដោយការប្រើប្រាស់នូវសារធាតុដែលគេហាមឃាត់ មិនមែនជាប្រភេទដែលកីឡាគួរជាមោទនភាពទេ។ ធ្វើម៉េចកុំអោយកម្ពុជាជាប់ឈ្មោះមានកីឡាករ/ការនីដែលប្រើសារធាតុលើកកម្លាំង។ សុំតែ ២ ចំណុចហ្នឹងទេ។ ទី ១. កុំបំពានវិធាននៃការប្រកួត ដែលគេហាមឃាត់ស្អី? ទី ២. កុំប្រើសារធាតុដែលគេហាមឃាត់។ នេះជាការផ្តាំផ្ញើ សម្រាប់កីឡាករ/ការិនីរបស់យើងក្នុងការទៅប្រកួត។ ខ្ញុំយកឱកាសនេះថ្លែងអំណរគុណប្រទេសនានា ដែលបានជួយហ្វឹកហាត់កីឡាករ/ការិនីរបស់យើង នៅក្នុងនេះ គឺថា កូរ៉េ ជប៉ុន ចិន អាមេរិក ថៃ ដែលបានជួយហ្វឹកហាត់កីឡាករ/ការិនីរបស់យើង។
ការតែងតាំងខាងផ្នែកមុខងារនយោបាយ និងមុខងារសាធារណៈ
ឥឡូវ សហព័ន្ធវាអត់ត្រូវអាណត្តិជាមួយនឹងរាជរដ្ឋាភិបាលទេ រាជរដ្ឋាភិបាលបានវាមានអាណត្តិ។ គេឯណោះក៏មានអាណត្តិដែរ ក៏ប៉ុន្តែ វាអត់ត្រូវជាមួយនឹងការផ្លាស់ប្តូរអានេះទេ។ ការផ្លាស់ប្តូរ និងការតែងតាំង និយាយរួម នៅពេលខាងមុខនេះ បើទោះបីត្រូវតែងតាំងឡើងវិញក៏ដោយ ត្រូវតែងតាំងឡើងវិញដោយព្រះរាជក្រឹត្យថ្មីទាំងអស់។ ចាប់ពីអនុរដ្ឋលេខាធិការឡើង ទៅដល់នាយករដ្ឋមន្ត្រី។ បើទោះបីត្រូវតែងតាំងឡើងវិញ ក៏ត្រូវតែងតាំងដោយព្រះរាជក្រឹត្យថ្មី។ ដូច្នេះ ត្រូវតែបញ្ចប់ គេហៅថា បញ្ចប់រាជរដ្ឋាភិបាល បញ្ចប់រដ្ឋលេខាធិការ បញ្ចប់អនុរដ្ឋលេខាធិការចាស់ចេញសិន រួចហើយបានតែងតាំងជាថ្មីឡើងវិញ។ អាហ្នឹងខាង ផ្នែកមុខងារនយោបាយ។ មុខងារសាធារណៈ ចាប់ពីអគ្គនាយកដ្ឋានចុះ គឺអត់មានការត្រូវតែងតាំង ឡើងវិញទេ ព្រោះតែងតាំងដោយព្រះរាជក្រឹត្យ គឺថ្នាក់អគ្គនាយក។ តែងតាំងដោយអនុក្រឹត្យ (គឺ)អគ្គនាយករង និងប្រធាននាយកដ្ឋាន។ តែងតាំងដោយប្រកាសរបស់រដ្ឋមន្ត្រី គឺអនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យ។ ដូច្នេះ ថ្នាក់មុខងារសាធារណៈ គឺមិនត្រូវមានការតែងតាំងដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យថ្មីនោះទេ …។
រដ្ឋលេខាធិការលែងជាសមាជិករាជរដ្ឋាភិបាល
គិតដំបូងថាមិនចង់និយាយច្រើនទេ ក៏ប៉ុន្តែ នឹកឃើញថា ល្មមដល់ពេលបបួលស្បថហើយ ក៏បាននិយាយ រឿងហ្នឹងទៅ ហើយក៏បានផ្ញើសារមួយទៀត បើសិនជាឱកាសអនុញ្ញាត ដោយមិនប៉ះពាល់ទៅលើផ្លូវច្បាប់ យើងត្រូវបង្កើត(រាជ)រដ្ឋាភិបាលនៅចុងខែ សីហា ឬដើមខែ កញ្ញា តែម្តង។ ខ្ញុំនឹងរៀបចំនូវកាលបរិច្ឆេទ ឡើងវិញ ហើយនឹងវាយចូលក្នុងគ្រុបរបស់គណៈអចិន្ត្រៃយ៍ ប៉ុន្តែ ត្រូវអោយ បង ប៊ិន ឈិន ទៅពិភាក្សាជាមួយអ្នកច្បាប់របស់យើងមួយចំនួន ដូចជា បង ឯក សំអុល។ អ្នកច្បាប់របស់យើងច្រើនណាស់។ ទាំងអ្នកច្បាប់ អង្គ វង្សវឌ្ឍនា, កើត រិទ្ធ អីជាដើម។ បើយើងធ្វើបាន ធ្វើអោយវារហ័សតែម្តងទៅ គេហៅថា កុំអោយយប់យូរសុបិន្តច្រើន។ លើកនេះវាងាយស្រួលទេ ពីមុនការរៀបចំគណៈរដ្ឋមន្ត្រីរាងលំបាកបន្តិច ដោយសារតែរដ្ឋធម្មនុញ្ញរបស់យើងបានកំណត់ថា រដ្ឋលេខាធិការក៏ជាសមាជិកគណៈរដ្ឋមន្ត្រី ដូច្នេះ មួយក្រសួងៗរដ្ឋលេខាធិការច្រើនណាស់។ ឥឡូវនេះ យើងបានកែរដ្ឋធម្មនុញ្ញ។ រដ្ឋលេខាធិការ គេមិនតម្រូវអោយទទួលខុសត្រូវចំពោះមុខសភា ចំពោះមុខនាយករដ្ឋមន្ត្រីទេ គេអោយតែរដ្ឋមន្ត្រីទេ ដែលត្រូវទទួលខុសត្រូវចំពោះមុខសភា និងមុខនាយករដ្ឋមន្ត្រី។ អញ្ចឹង រដ្ឋលេខាធិការមិនមែនជាសមាជិករាជរដ្ឋាភិបាលតទៅទៀតទេ។
សមាសភាពគណៈរដ្ឋមន្ត្រីថ្មីមានតែ ៣០ នាក់ មិនសំពីងសំពោងដូចមុន
ដូច្នេះ ការរៀបចំដើម្បីសុំទៅសភា គឺតែនាយករដ្ឋមន្ត្រី ព្រោះព្រះមហាក្សត្រត្រូវតែងតាំងនាយករដ្ឋមន្ត្រី។ នាយករដ្ឋមន្ត្រីមករៀបចំ(រាជ)រដ្ឋាភិបាល ដើម្បីយកទៅសុំការទុកចិត្តពិសភា បន្ទាប់ទៅបានថ្វាយព្រះមហាក្សត្រឡាយព្រះហស្ថលេខា បង្កើតចេញជាគណៈរដ្ឋមន្ត្រី ហើយចូលស្បថកាន់តំណែងតែម្តង។ អញ្ចឹងទេ បើយោងទៅលើអ្វីដែលមាន បើមិនគិតពីឧបនាយករដ្ឋមន្ត្រីដែលមិនកាន់ក្រសួង ទេសរដ្ឋមន្ត្រីដែលមិនកាន់ក្រសួង គឺមានតែ ៣០ នាក់ ព្រោះយើងមានស្ថាប័នតែ ២៨ ទេ បូករដ្ឋលេខាធិការដ្ឋាន ១ (វា) ២៩ បូកនាយករដ្ឋមន្ត្រី ១ នាក់ គឺតែ ៣០ (នាក់) ប៉ុន្តែ យើងមានឧបនាយករដ្ឋមន្ត្រីខ្លះមិនកាន់ក្រសួងទេ និងទេសរដ្ឋមន្ត្រីខ្លះមិនកាន់ក្រសួងទេ។ ដូច្នេះ គឺមានចំនួនតិចទេ ដែលមិនសំពីងសំពោងដូចពេលមុន។
រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តែងតាំងពេលណាក៏បាន
ឯរដ្ឋលេខាធិការ ក៏សុំផ្តាំផ្ញើទៅ ទាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តែងតាំងពេលណាក៏បានដែរ បើសិនជា លើកទី ១ មិនឃើញឈ្មោះខ្លួន កុំអាលអស់សង្ឃឹម ព្រោះដំណាក់កាលដំបូងយើងអាចតែងតាំងមិនទាន់អស់ បន្ទាប់ទៅយើងនឹងតែងតាំងបន្ត ព្រោះតែងតាំងដោយព្រះរាជក្រឹត្យទេ។ ពីមុននេះ គ្រាន់តែ តែងតាំងរដ្ឋលេខាធិការម្នាក់ ត្រូវទៅបើកទ្វារសភា។ ពិបាកណាស់។ ឥឡូវ តែងតាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ តែងតាំងដោយព្រះរាជក្រឹត្យទេ … មិនតម្រូវការអោយចេញតែមួយពេលទេ ចេញតែមួយពេល គឺគណៈរដ្ឋមន្ត្រី ដែលជាសមាជិក(រាជ)រដ្ឋាភិបាល។
ជូនប្រាក់ជាប់ខ្លួនដល់មន្ត្រីដឹកនាំ គ្រូបង្វឹក និងកីឡាករ/ការិនី
ថ្ងៃនេះ កីឡាករ/ការិនី ដែលទៅចូលរួមការប្រកួត សរុប ៧១ នាក់ ក្នុងនោះ មានមន្ត្រីដឹកនាំ ១២ នាក់។ គ្រូបង្វឹក ១៦ នាក់ និងកីឡាករ/ការិនី ៤៣ នាក់ សុំផ្តល់ថវិកាជួន ដើម្បីធ្វើដំណើរទៅ ក្នុងម្នាក់ៗ ៥០០ ដុល្លារ អាមេរិក។ កាលពីមុនចាំថាដូចជា ៣០០ (ដុល្លារអាមេរិក) ប៉ុន្តែ ដល់សេដ្ឋកិច្ចយើងឡើង យើងក៏ចេះតែឡើងតាមហ្នឹងទៅដែរ តែឥឡូវយើងនៅរក្សា ៥០០ (ដុល្លារអាមេរិក)សិន កុំអាលឡើងថែមទៀត ព្រោះចំណាយក៏វាច្រើនដែរ។
ការទទួលបានមេដាយមាស មិនមែនជាបញ្ហាដាច់ដោយឡែករបស់កីឡាករ/ការិនី តែជាកិត្តិយសជាតិ
សង្ឃឹមថា នឹងបានជួបគ្នានៅក្រោយការប្រកួត ប៉ុន្តែ ក៏សុំជម្រាប់អោយហើយ ទាល់តែមានមេដាយមាស បានមកជួប បើមេដាយប្រាក់ចុះដល់សំរឹទ្ធ អាហ្នឹងខ្ញុំអោយតំណាង។ ប៉ុន្តែ មេដាយមាស អាហ្នឹងខ្ញុំត្រូវតែទទួលហើយ ជាការលើកទឹកចិត្ត ព្រោះមិនមែនជាបញ្ហាដាច់ដោយឡែកកីឡាករ/ការិនីម្នាក់ៗទេ ជាកិត្តិយសរបស់ជាតិ ដែលត្រូវមានម៉ូតូអមពីព្រលានយន្តហោះមកតែម្តង … ប៉ុន្មានប្រទេសទៅគេប្រកួតហ្នឹង? ៤២ ប្រទេស ហើយយើងស្ថិតក្នុងចំណោម នៃប្រទេស ៤២ ដែលត្រូវប្រកួតយកឈ្នះយកចាញ់ …។ អរគុណ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ហើយក៏សូមជូនពរ ចំពោះកីឡាករ/ការិនីរបស់យើង ជាពិសេស សម្រាប់ការប្រកួតលើកនេះ ធ្វើម៉េចអោយមានសុខភាពល្អ ហើយជោគជ័យ ហើយសូមទាំងអស់គ្នាជួបប្រទះនូវពុទ្ធពរ និងពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕