AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨–ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរក្នុង សេរីភាព សេចក្តីថ្លៃថ្នូរនិង សុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេបានសព្វព្រះរាជ ហឫទ័យព្រះបរមរាជានុញ្ញាតឱ្យលោកវេជ្ជបណ្ឌិត ដេនិស ឡូរ៉ង់ (Denis Laurent) អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផាចូលក្រាបបង្គំគាល់និងទទួលដង្វាយជាព្រះរាជទ្រព្យ កាលពី ថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅព្រះមរមរាជវាំង។ នេះបើយោងតាមការផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា។
នៅក្នុងឱកាសនោ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥០ម៉ឺនដុល្លារអាម៉េរិក និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ចំនួន៥០ម៉ឺនដុល្លារអាម៉េរិក ដែលសរុប ១.០០០.០០០ ដុល្លារអាម៉េរិក ជាព្រះរាជូបត្ថម្ភជូនដល់មន្ទីរពេទ្យគន្ធបុប្ផាដើម្បីបន្តកិច្ចការមនុស្សធម៌ជួយព្យាបាលកុមារកម្ពុជា។
លោកវេជ្ជបណ្ឌិត ដេនិស ឡូរ៉ង់ ក៏បានទូលថ្វាយ ព្រះករុណាព្រះមហាក្សត្រ និង សម្តេចម៉ែថា ចាប់ពីខែមិថុនា កន្លងមក មន្ទីរពេទ្យគន្ធបុប្ផាបានចាប់ផ្តើមសាងសង់បន្ថែមនូវ អគារវះកាត់ថ្មីមួយ ក្នុងបរិវេណមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលអគារវះកាត់ថ្មីនេះនឹងឆ្លើយតប ទៅនឹងតម្រូវការនៃកំណើន ជំងឺវះកាត់ទូទៅ និងផ្នែកវះកាត់ឯកទេស ដូចជាការវះកាត់បេះដូង និងការវះកាត់ប្រព័ន្ធប្រសាទជាដើម។
ជាមួយគ្នានេះ លោកអនុប្រធានមន្ទីរពេទ្យគន្ធបុប្ផាបានថ្លែងអំណរព្រះរាជគុណចំពោះ ព្រះរាជូបត្ថម្ភជូនដល់មន្ទីរពេទ្យគន្ធបុប្ផាពីសំណាក់ព្រះអង្គ ទាំងទ្វេ ដោយចាត់ទុកថា ថវិកាមួយលានដុល្លារនេះ នឹងចូលរួមចំណែក ដ៏សំខាន់ក្នុងការ ថែទាំព្យាបាលកុមារកម្ពុជា ដែលមកព្យាបាលក្នុងមន្ទីរពេទ្យគន្ធបុប្ផារាប់ពាន់នាក់ជារៀងរាល់ ថ្ងៃ និងធ្វើឱ្យមន្ទីរពេទ្យ មួយនេះក្លាយជាទីកន្លែងល្អប្រសើរដើម្បីព្យាបាលកុមារកម្ពុជាគ្រប់រូប។
គួរបញ្ជាក់ដែរថា ក្រៅពីមូលនិធិមន្ទីរពេទ្យគន្ធបុប្ផារបស់លោកវេជ្ជបណ្ឌិតប៊ែរីអាត រិចណ័រនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតមូល និធិគន្ធបុប្ផាកម្ពុជា ដែលមូលនិធិត្រូវបានដំណើរការជាផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា កន្លងមក ក្នុងគោលបំណងចូលរួមបំផុសចលនាគាំទ្រ និងធានាចីរភាពនៃកិច្ចដំណើរការ របស់មន្ទីពេទ្យគន្ធ បុប្ផាទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
គិតមកដល់ចុងខែមិថុនា ឆ្នាំ២០១៨ មូលនិធិគន្ធបុប្ផាកម្ពុជាមានសមាជិកស្ថាបនិកចំនួន១០៨ រូប និងសមាជិកកិត្តិយស រួមនឹងសប្បុរសជនរាប់ម៉ឺននាក់ ដោយក្នុងនោះ កាកបាទក្រហមកម្ពុជាបានផ្តល់ថវិកា ១លាន ដុល្លារអាម៉េរិកដល់មូលនិធិនេះ ហើយមក ដល់ពេលនេះមូលនិធិមានថវិកាសរុបជិត៤លាន ដុល្លារអាម៉េរិក និងប្រាក់រៀលជិត៣ពាន់លានរៀល៕