ពិភពលោកមិនមែនប្រែប្រួលតែភូមិសាស្ត្រខាងនយោបាយ សូម្បីតែកីឡាក៏ប្រែប្រួល
យប់មិញនរណាខ្លះយកអាហ្សង់ទីន? គ្រាន់តែប៉ុណ្ណឹងយើងអាចដឹងបានហើយថា អ្នកណាខ្លះនៅអង្គុយមើលបាល់រហូតដល់ម៉ោង ៣ ភ្លឺ។ អ្នកដែលចាក់អាល្លឺម៉ង់ក៏ស៊ីសៀង អ្នកដែលចាក់អាហ្សង់ទីន(ក៏)ស៊ីសៀង។ ឥឡូវ ពិភពមិនមែនតែប្រែប្រួលភូមិសាស្ត្រខាងនយោបាយទេ សូម្បីតែបាល់ទាត់ក៏ប្រែប្រួលអស់ហើយ។ អ៊ីតាលីដែលជាជើងខ្លាំងនៅអឺរ៉ុប គ្មានកៅអីមួយសម្រាប់ទៅចូល World cup នឹងគេទេ។ វាបែរជាអាល្លឺម៉ង់ទៅចាញ់ម៉ិចស៊ិច។ រឿងដែលវាមិនសមនោះ គឺអាហ្សង់ទីនមកចាញ់ក្រូអាត ហើយចាញ់នោះអាសូរតែចាញ់តិចតួច ចាញ់ ៣-០។ ភូមិសាស្រ្តនយោបាយវាដូរ ប៉ុន្តែ ភូមិសាស្រ្តបាល់ក៏វាដូរដែរ។ អញ្ចឹងទេ នេះគ្រាន់តែជាការចាប់ផ្ដើម ដើម្បីចង់ស្ទាបស្ទង់មើលថា អ្នកណាខ្លះមើលបាល់។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមផ្ដល់សញ្ញាបត្រ សម្រាប់និស្សិតជ័យលាភី ចំនួន ៣,២៣៣ នាក់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ …។
គ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋ នៅតែមានការទាក់ទាញ
ថ្ងៃនេះ យើងពិតជាមានមោទនភាព ដោយសារតែយើងបានទទួលបន្ថែម ជាមួយនឹងធនធានមនុស្សសម្រាប់ប្រទេសជាតិរបស់យើង រហូតទៅដល់ជាង ៣,២៣៣ នាក់ ដែលនេះជាផ្នែកដ៏សំខាន់មួយ សម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់យើងតទៅមុខទៀត។ ខ្ញុំពិតជាមានការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង ដែលចាប់ផ្ដើមពីជំហានមួយទៅកាន់ជំហានមួយ។ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅតែជាសាកលវិទ្យាល័យដែលនាំមុខ នៅក្នុងចំណោមនៃសាកលវិទ្យាល័យនានា។ និយាយជាទូទៅ សាកលវិទ្យាល័យរបស់រដ្ឋ ក៏នៅតែមានលទ្ធភាពខ្ពស់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស។
ការសិក្សាបង់ថ្លៃនៅតាមគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋ កាត់បន្ថយការលំបាករបស់រាជរដ្ឋាភិបាល
ការប្រកួតប្រជែងនៅក្នុងការបង្កើនគុណភាព នៃសាកលវិទ្យាល័យ នៅក្នុងគ្រឹះស្ថានសិក្សាឯកជន ក៏បានបន្តដំណើរទៅតាមកំណែទម្រង់នានា ដែលក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញ។ ពិតមែនថាសាកលវិទ្យាល័យនេះ បានកាត់ចេញមួយភាគ ដែលឥឡូវនេះក្លាយទៅជាសាកលវិទ្យាល័យជាតិគ្រប់គ្រង ក៏ប៉ុន្តែក៏នៅតែមាននិស្សិតចូលមករៀនយ៉ាងច្រើននៅទីនេះ។ ខ្ញុំពិតជាមានមោទនភាព ដោយសារតែយើងបានខិតខំរួមគ្នាជម្នះការលំបាក ដើម្បីបើកឱ្យដំណើរការនូវសាកលវិទ្យាល័យនេះឡើងវិញ។ ពីដំណាក់កាលមួយទៅកាន់ដំណាក់កាលមួយ ហើយដែលរយៈពេលចុងក្រោយនេះ គឺមិនបានធ្វើឱ្យរាជរដ្ឋាភិបាលមានការលំបាកបន្ថែមលើបន្ទុកក្នុងការផ្ដល់ថវិកា សម្រាប់បណ្ដាសាកលវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋទៀតទេ ដោយសារតែយើងបានផ្ដល់ឱកាស សម្រាប់ការសិក្សារបង់ថ្លៃនៅតាមគ្រឹះស្ថានសិក្សាឧត្តមសិក្សារបស់រដ្ឋ។
វិធីសាស្ត្រយកសាលាចិញ្ចឹមសាលា លើកកម្ពស់ជីវភាពសាស្ត្រាចារ្យ បុគ្គលិក និងវឌ្ឍនភាពសាកលវិទ្យាល័យ
តួយ៉ាងដូចជានៅសកលវិទ្យាល័យភូមិន្ទភ្នំពេញនេះ គឺយើងបានផ្ដល់ឱកាសមួយភាគ គឺសម្រាប់ការផ្ដល់អាហារូបករណ៍ តែមួយភាគទៀត សម្រាប់ការសិក្សាបង់ថ្លៃ។ យើងបានប្រើប្រាស់វិធីសាស្ត្រយកសាលា ដើម្បីចិញ្ចឹមសាលា។ មិនមែនគ្រាន់តែការចិញ្ចឹម ដើម្បីការស់រានមានជីវិតទេ ក៏ប៉ុន្តែ យើងបានសង្កេតឃើញថា សាកលវិទ្យាល័យទាំងឡាយ ដែលរដ្ឋបានផ្ដល់ឱកាសឱ្យសាកលវិទ្យាល័យនោះ បានប្រើប្រាស់ធ្វើជាទីកន្លែងសម្រាប់ការរៀន ដោយផ្ដល់អាហារូបករណ៍របស់រដ្ឋផង និងសម្រាប់ការបង់ថ្លៃផង មិនគ្រាន់តែបានលើកកម្ពស់ជីវភាពសាស្ត្រាចារ្យ និងបុគ្គលិកបម្រើការនៅទីនោះទេ ក៏ប៉ុន្តែបានកសាងអគារបន្ថែមថ្មីៗ ដូចជាវិទ្យាស្ថានជាតិគ្រប់គ្រង ដែលទៅជាសាកលវិទ្យាល័យជាតិគ្រប់គ្រង និងសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក៏ដូចជាសាកលវិទ្យាល័យភូមិន្ទភ្នំពេញរបស់យើងនេះ។ នោះហើយជាវិធីដែលយើងដើរ …។
ការចូលរួមរបស់វិស័យឯកជន ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស
ក្នុងចំណែកនេះ យើងក៏ត្រូវតែទទួលដឹងលឺ ហើយស្វាគមន៍ ក៏ដូចជា ថ្លែងអំណរគុណចំពោះការចូលរួមក្នុងវិស័យឯកជន ដែលបានចូលរួមនៅក្នុងការបណ្ដុះបណ្ដាល។ សូម្បីតែនៅក្នុងសាលារបស់យើងនេះ ហេតុអីបានជាយើងឲ្យវិស័យឯកជនចូលរួម? និស្សិតរៀនបង់ថ្លៃនោះហើយ ដែលជាវិស័យឯកជនចូលរួម ព្រោះបើសិនជាគ្មាននិស្សិតរៀនបង់ថ្លៃទេនោះ ក៏សាកលវិទ្យាល័យនេះក៏អាចចាត់ទុកថា នៅជាផ្នែកមួយ នៃសាកលវិទ្យាល័យដែលមានការលំបាក ហើយទ្រទ្រង់ដោយថវិកាជាតិទាំងស្រុង គឺជាការលំបាក។
វិទ្យាស្ថានជាតិគ្រប់គ្រងជាកន្លែងបណ្តុះបណ្តាលសាស្ត្រាចារ្យ
នៅលើពិភពលោកនេះ នៅសេសសល់មិនច្រើនទេ ដែលរដ្ឋផ្ដល់ទាំងស្រុងនូវការចិញ្ចឹមសាលា។ នៅក្នុងប្រទេសរបស់យើង វិទ្យាស្ថានជាតិគ្រប់គ្រង ត្រូវផ្ដល់ថវិកាជាតិទាំងស្រុង ដោយមិនអាចផ្ដល់ឱកាសសម្រាប់ការសិក្សាបង់ថ្លៃនោះទេ ព្រោះវិទ្យាស្ថានជាតិគ្រប់គ្រងរបស់យើង គឺជាវិទ្យាស្ថានដែលត្រូវបណ្ដុះបណ្ដាលសាស្ត្រាចារ្យ សម្រាប់បញ្ចេញទៅបង្រៀននៅតាមកន្លែងដទៃ។ ដូច្នេះ មិនអាចយកកន្លែងនេះធ្វើជាកន្លែងសម្រាប់ការរៀនបង់ថ្លៃនោះទេ។ នេះបង្ហាញអំពីការគិតគូរត្រឹមត្រូវរបស់យើង ដែលម្ខាងផ្ដល់ឱកាសសំរាប់ការវិនិយោគទាំងស្រុងដោយវិស័យឯកជន សម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្ស និងម្ខាងទៀត ផ្ដល់ឱកាសឱ្យគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋ មានឱកាសដើម្បីបើកការបង្រៀនដោយការបង់ថ្លៃដើម្បីកាត់បន្ថយនូវការលំបាករបស់រដ្ឋ។
អំពាវនាវគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្តល់កម្ចីមានការប្រាក់ទាបដល់និស្សិតចង់បន្តការសិក្សា តែគ្មានលទ្ធភាព
ម្សិលមិញនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏បាននិយាយនៅក្នុងពិធីមួយទាក់ទងជាមួយនឹងការទទួលស្គាល់គ្នាទៅវិញទៅមក អំពីកម្មវិធីអាស៊ាន។ ខ្ញុំព្រះករុណាខ្ញុំ ក៏បានអំពាវនាវសុំឱ្យធនាគារ និងមីក្រូហិរញ្ញវត្ថុ ជួយនូវការផ្ដល់ប្រាក់កម្ចីសម្រាប់និស្សិត ដែលចង់បន្តការសិក្សា ក៏ប៉ុន្តែ ពួកគេគ្មានលទ្ធភាព។ ឥឡូវនេះ វាល្មមដល់ពេល ដែលយើងត្រូវជម្រុញឱ្យបណ្ដាធនាគារ ដែលអាចមានលទ្ធភាពផ្ដល់នូវប្រាក់កម្ចី ដែលមានការប្រាក់ថោកសម្រាប់និស្សិតរបស់យើងក្នុងការសិក្សាផងដែរ។ រដ្ឋមិនអាចទៅធានាជំនួសនូវកម្ចីទាំងនោះទេ ក៏ប៉ុន្តែ សង្ឃឹមថា និស្សិតរបស់យើងដែលស្វះស្វែងរកការសិក្សា រួមនឹងការយោគយល់របស់ធនាគារ ក៏អាចចូលរួមចំណែក ដើម្បីជួយឱ្យនិស្សិតក្រីក្ររបស់យើងទទួលបាននូវប្រាក់កម្ចី សម្រាប់បង់ការសិក្សា។
គ្រឹះស្ថានឧត្តមសិក្សារដ្ឋ/ឯកជន គួរឱ្យនិស្សិតរៀនដោយជំពាក់ ដើម្បីកាត់បន្ថយអ្នកបោះបង់ការសិក្សា
សូមឱ្យសាលានីមួយៗ ពិនិត្យមើលផងដែរ អំពីលទ្ធភាព នៃការផ្ដល់ឱ្យនិស្សិតរបស់យើងរៀនដោយការជំពាក់ ក្រៅពីអាហារូបករណ៍ តើយើងអាចធ្វើទៅបានទេ? … ឧទាហរណ៍៖ ករណីទាក់ទិនជាមួយហ្នឹងនិស្សិតចូលរៀនបង់ថ្លៃ ក៏ប៉ុន្តែ កត្តាចៃដន្យដែលអាចកើតឡើង ក្នុងចំណុចនេះ ដែលខ្ញុំសុំឱ្យមានការពិចារណា។ គ្នាចូលរៀនបង់ថ្លៃ ក៏ប៉ុន្តែ ចាប់ផ្ដើមចូលរៀនខែទី១, ខែទី២ ស្រាប់តែមានការចៃដន្យមួយកើតឡើង ឧទាហរណ៍៖ ឪពុកស្លាប់ ម្ដាយស្លាប់ ឬជួបនឹងឧបទ្ទវហេតុផ្សេងៗ ដែលគ្នាគ្មានលទ្ធភាពបង់ថ្លៃ។ អញ្ចឹងទេ សាលាគួរតែផ្ដល់លទ្ធភាពឱ្យនិស្សិតរបស់យើងបានទទួលការសិក្សាបន្ត ហើយការបន្តនេះមាន ២ ប្រភេទ បើសិនគ្នាជួបប្រទះនូវការលំបាកខ្លាំងមែនទែន។ ឧទាហរណ៍៖ ថាគ្នារៀនឆ្នាំទី ២ ហើយ អញ្ចឹងទេ បើសិនជាគ្នាគ្មានលទ្ធភាព គ្នាលំបាកមែនទែន យើងអាចផ្ដល់ថា ឥឡូវនេះ អាចឱ្យរៀនដោយការជំពាក់ ហើយការជំពាក់នោះ អាចថាជាការជំពាក់ ប៉ុន្តែបង់ ១០០% នៅពេលក្រោយ អាចបង់ ៧០% ឬ ៥០% ឬការជំពាក់តាមរបៀបថា ឱ្យរៀនមួយចប់ ព្រោះនេះជាការសង្គ្រោះ ដើម្បីកាត់បន្ថយចំនួនអ្នកដែលបោះបង់ការសិក្សាដោយសារគ្មានប្រាក់។
រឿងនេះ ខ្ញុំធ្លាប់ជួបប្រទះ ដោយសារតែ(ខ្ញុំ)បានផ្ដល់ប្រាក់ទៅឱ្យនិស្សិតដែលកំពុងសិក្សា ស្រាប់តែដំណាក់កាលមួយនោះ លុយដែលយើងបានផ្ដល់នោះ គ្នាបានប្រើប្រាស់ទៅក្នុងទិសដៅផ្សេង។ ដោយសារមានធុរៈនៅក្នុងគ្រួសារ បានប្រើប្រាស់លុយដែលខ្ញុំបានផ្ដល់(ដោះធុរៈក្នុងគ្រួសារ) … ឧទាហរណ៍ថា រៀន ៥ ឆ្នាំ ឬរៀន ៤ ឆ្នាំ ផ្ដល់ប្រាក់ទៅតែម្ដង។ អញ្ចឹងទេ គ្នាប្រើប្រាស់អាហ្នឹងទៅក្នុងគោលដៅផ្សេងបាត់ទៅហើយ។ សាលាដាក់កម្រិតត្រូវតែបង់ពេលនេះ បើមិនបង់ពេលហ្នឹងទេ គឺមិនឱ្យរៀនតទៅទៀត។ ចំណុចនេះ យើងត្រូវសិក្សា ផ្ដល់ឱកាសសម្រាប់យុវជន ហើយយុវជននោះសំដៅទៅលើកូនអ្នកក្រីក្រ ដែលជួបការលំបាក។
ខ្ញុំគ្រាន់តែផ្ដល់អនុសាសន៍ ទាំងគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋ/ឯកជន ដែលនៅពេលដែលគ្នាបង់ថ្លៃ ស្រាប់តែពេលណាមួយ វាកើតរឿងស្អីមួយ។ ឧទាហរណ៍ថា ឪពុក ឬម្ដាយស្លាប់ ឬមានធុរៈអីមួយ អាហ្នឹងរឿងមួយហើយ ទុក្ខសោករបស់គ្នាមកដល់ … ខ្ញុំជឿជាក់ទៅលើសមានចិត្ត ទៅលើការគិតគូររបស់ថ្នាក់ដឹកនាំនៃគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ទាំងរដ្ឋទាំងឯកជន ទៅលើនិស្សិតរបស់ខ្លួន។
វត្តមាននិស្សិតបរទេស ស្តែងឱ្យឃើញពីការរីកចម្រើនរបស់ប្រទេសជាតិ
ខ្ញុំព្រះករុណាខ្ញុំ ក៏សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ និងអបអរសាទរ ចំពោះជ័យលាភីទាំងអស់ ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ដែលមានបរិញ្ញាបត្រ ចំនួន ៣,០៩៥ នាក់ និងបិញ្ញាបត្រជាន់ខ្ពស់ ចំនួន១៣៨ នាក់ ដែលក្នុងនោះ មានទាំងនិស្សិតអាហារូបករណ៍ ដែលសាកលវិទ្យាល័យបានផ្ដល់ឱ្យ ខ្ញុំព្រះករុណាខ្ញុំ ហើយខ្ញុំព្រះករុណាខ្ញុំ ក៏បានផ្ដល់ឱ្យនិស្សិតក្រីក្ររបស់យើងរៀននៅទីនេះ។ បន្ថែមទៅដោយនិស្សិតបរទេសមួយចំនួនផ្សេងទៀត ដែលបានមករៀននៅព្រះរាជាណាចក្រកម្ពុជា។ ដូចពេលមកចែកសញ្ញាបត្រ នៃសាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្សាសាស្ត្រសេដ្ឋកិច្ច យើងឃើញថា និស្សិតបរទេសកាន់តែច្រើន ដែលបានមករៀនក្នុងប្រទេសរបស់យើង ដូច្នេះ យើងក៏អបអរសាទរជាមួយនឹងការរីកលូតលាស់របស់ប្រទេសយើង ដែលធ្វើឱ្យប្រទេសដទៃមករៀន។
សូមបន្តការខិតខំដើម្បីក្លាយជាធនធានមនុស្ស ដែលមានគុណភាពពិតប្រាកដ
អបអរសារទរ ចំពោះក្មួយៗជានិស្សិតជ័យលាភីទាំងពីរកម្រិត ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ។ សង្ឃឹមថា ក្មួយៗនឹងខិតខំបន្ត ដើម្បីនឹងធ្វើឱ្យខ្លួនយើងក្លាយទៅជាធនធានមនុស្ស ដែលមានគុណភាពពិតប្រាកដ។ មិនមែនគ្រាន់តែជាការចេះដឹងប៉ុណ្ណឹងគ្រប់គ្រាន់ទេ វាត្រូវទៅលើសពីនេះ។ យើងមានបរិញ្ញាបត្រ យើងត្រូវបន្តតាមច្រើនវិធីណាស់។ រៀនផង និងធ្វើការងារផង គឺជាវិធីសាស្រ្តដ៏ល្អបំផុតហើយ។ គ្មានការចេះដឹងណាមួយ ដែលវានៅជាប់ទ្រឹងនៅមួយកន្លែងនោះទេ។
ទទួលបានបណ្ឌិតវិទ្យាសាស្ត្រនយោបាយ ជាមាគ៌ាតម្រង់ផ្លូវដឹកនាំប្រទេស
ខ្ញុំគួរតែបញ្ជាក់ថា អ្នកទាំងឡាយដែលនៅទីនេះ គឺជាសិស្សប្អូនរបស់ខ្ញុំ ហើយមួយចំនួនក៏សិស្សច្បងរបស់ខ្ញុំដែរ។ ដោយសារតែខ្ញុំធ្វើនិក្ខេបបទបណ្ឌិតវិទ្យាសាស្ត្រនយោបាយ ខ្ញុំត្រូវប្រឡងបញ្ចប់ការសិក្សារនៅសាលាភូមិន្ទ។ កាលពីពេលនោះសាកលវិទ្យាល័យភ្នំពេញ។ តាមរយៈបរិញ្ញាបត្រនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញនេះ ទើបខ្ញុំមានឱកាសធ្វើនិក្ខេបបទយកបណ្ឌិតវិទ្យាសាស្ត្រនយោបាយ ហើយដែលបណ្ឌិតវិទ្យាសាស្ត្រនយោបាយនោះហើយ ដែលជាមាគ៌ាតម្រង់ផ្លូវរបស់ខ្ញុំ ដឹកនាំប្រទេសរយៈពេលកន្លងមកនេះ។
និយាយយ៉ាងដូច្នេះ មិនមែនបានសេចក្តីថា ខ្ញុំបោះបង់ចោលនូវសាលាដទៃ ហើយមកមោទនភាពតែនឹងសាកលវិទ្យាល័យនេះមួយទេ។ មន្ត្រីរបស់យើងច្រើនណាស់ ដែលរៀនផងធ្វើការផងនៅពេលនោះ … សិស្ស/និស្សិតច្រើនណាស់ ដែលបោះបង់ការសិក្សានៅក្នុងសម័យសង្គ្រាម និងរបប ប៉ុល ពត។ ដូច្នេះបន្ទាប់ពីការបញ្ចប់សង្គ្រាម បញ្ចប់របប ប៉ុល ពត ហើយនោះ គឺពួកគេស្វែងរកការសិក្សាជាបន្តទៀត។ ក្នុងនោះ សូម្បីតែ ឯកឧត្តម សូ ឃុន គាត់បានរៀននៅវិទ្យាស្ថានជាតិគ្រប់គ្រង ដែលឥឡូវក្លាយទៅជាសាកលវិទ្យាជាតិគ្រប់គ្រង ដើម្បីបញ្ចប់យកបរិញ្ញាបត្រ។ ខ្ញុំមាននិក្ខេបបទត្រឹមត្រូវរបស់ខ្ញុំ។ និក្ខេបបទនោះ វាក្លាយទៅជាមាគ៌ាប្រជាធិបតេយ្យប្រជាជន ដែលខ្ញុំកំពុងដឹកនាំគណបក្សនយោបាយមួយសព្វថ្ងៃនេះ និងនៅក្នុងក្របខណ្ឌ នៃការដឹកនាំធ្វើជានាយករដ្ឋមន្ត្រី ក្នុងមុខតំណែងរយៈពេល ៣៣ ឆ្នាំ។
អញ្ចឹងទេ ចំណុចនេះ ក៏ជាឧទាហរណ៍មួយ នៅក្នុងចំណោមឧទាហរណ៍ ដែលក្មួយៗជានិស្សិតជ័យលាភីទាំងអស់ត្រូវបន្ត ព្រោះគ្មានចំណេះដឹងណាមួយ ដែលអាចនៅទ្រឹងបានទេ។ សភាពការណ៍វាវិវឌ្ឍខ្លាំងណាស់ សូម្បីតែបាល់ទាត់ក៏ត្រូវសិក្សាឡើងវិញដែរ។ អ្នកខ្លះបង្ហោះហ្វេសប៊ុក សុទ្ធតែស៊ីសៀង ព្រោះចាក់អាល្លឺមង់។ ចាក់អាល្លឺមង់ទាល់តែឈ្នះ ៣-០ បាន(ឈ្នះ)ដាច់។ ខ្លះតឱ្យ ៣ គ្រាប់។ ខ្លះតឱ្យ ២ គ្រាប់។ ខ្លះតឱ្យ ១ គ្រាប់ ប៉ុន្តែ ដល់ទីចុងបំផុត ទៅចាញ់ម៉ិចស៊ិចទៅវិញ … សូម្បីតែបាល់ទាត់ក៏ត្រូវសិក្សាដែរ។ ថ្ងៃនេះ គឺជាមោទនភាពសម្រាប់ក្រុមគ្រួសារ ជាឪពុកម្តាយ ជាអាណាព្យាបាល ជាប្តី ឬក៏ជាប្រពន្ធរបស់ជ័យលាភី សុទ្ធជាមោទនភាព ដែលកូនចៅរបស់ខ្លួនបានទទួលនូវសញ្ញាបត្រនៅថ្ងៃនេះ។
និយាយពីរឿងបណ្ណាល័យធំធ្វើអស់តិច បណ្ណាល័យតូចធ្វើអស់ច្រើន
… បណ្ណាល័យ(នៅទី)នេះ ក្លាយទៅជាបណ្ណាល័យដែលឈានមុខ ហើយទទួលបាននូវនិស្សិតច្រើនចូលទៅសិក្សា … បណ្ណាល័យនេះ កាលពីពេលនោះ ធ្វើអស់មិនដល់ ៤០ ម៉ឺនដុល្លារ(សហរដ្ឋអាមេរិក)ទេ ក៏ប៉ុន្តែ ឥឡូវនេះ សាកល្បងល៎មើល ធនាគារពិភពលោកធ្វើកូនបណ្ណាល័យមួយតូចអស់ជាង ១ លាន ដុល្លារ(សហរដ្ឋអាមេរិក) ក៏ប៉ុន្តែ បណ្ណាល័យរបស់ខ្ញុំធំជាងបណ្ណាល័យធនាគារពិភពលោក ឬក៏បណ្ណាល័យធនាគារពិភពលោកធំជាងបណ្ណាល័យខ្ញុំ? បណ្ណាល័យខ្ញុំធំជាង តែខ្ញុំធ្វើអស់មិនដល់ ៤០ ម៉ឺនដុល្លារ(សហរដ្ឋអាមេរិក)ទេ តែធនាគារពិភពលោកអស់ជាង ១ លាន ដុល្លារ(សហរដ្ឋអាមេរិក)។ ហ្នឹងហើយដែលលុយគេឱ្យវាអញ្ចឹង។ អ្នកគូរប្លង់ត្រូវយកពីបរទេសមក។ គ្រាន់តែកូនបណ្ណាល័យ យកបរទេសមកគូរប្លង់។ អស់លុយមិនតិចទេ។ ក្នុងពេលជាមួយគ្នា យើងធ្វើវិមានសន្តិភាព ៥ ម៉ឺនម៉ែត្រការ៉េ ខ្មែរទាំងអស់គូសប្លង់ និងសាងសង់ … ត្រូវមើលឱ្យឃើញថា ជំនួយបរទេស ពេលដែលគេជូនមកយើង គេយក ៨០% ត្រឡប់ទៅវិញ។
ដំឡើងបៀវត្សរ៍បណ្ណារក្សពី ៣ លានរៀន ឡើងទៅ ៤ លានរៀល
… គេឱ្យហើយ យើងអរគុណគេទៅ ក៏ប៉ុន្តែវាអត់សមគួរ។ ឥឡូវ ខ្ញុំសូមប្រកាសដំឡើងពី ៣ លានរៀល ក្នុងមួយខែទៅ ១ ពាន់ ដុល្លារ(សហរដ្ឋអាមេរិក)ក្នុងមួយខែ សម្រាប់បណ្ណារក្ស។ ១ ពាន់ (ដុល្លារសហរដ្ឋអាមេរិក) វាបាន ៤ លាន(រៀល) ឡើងទៀត សម្រាប់បណ្ណារក្ស ព្រោះថ្ងៃ សៅរ៍- អាទិត្យ គ្នាត្រូវធ្វើការ។ ឥឡូវប្រាក់ខែក៏សុទ្ធតែឡើងអស់ហើយ។ ត្រូវប្រចាំ(ការ) ថ្ងៃសៅរ៍-អាទិត្យ។ អញ្ចឹង ១ ពាន់ ដុល្លារ(សហរដ្ឋអាមេរិក)ក្នុងមួយខែ។ អញ្ចឹង មួយឆ្នាំខ្ញុំជូន ១ ម៉ឺន ២ ពាន់ដុល្លារ(សហរដ្ឋអាមេរិក) សម្រាប់បណ្ណារក្ស ព្រោះខ្ញុំចង់លើកទឹកចិត្តការអាន ជម្រុញឱ្យមានការអាន … ទាមទារឱ្យមានបណ្ណារក្សដើម្បីពួកគាត់អាចផ្តល់នូវសៀវភៅ និងការកត់ត្រានានា សម្រាប់ការថែទាំបណ្ណាល័យ ព្រោះថា អាយុរបស់វាឥឡូវ ២១ ឆ្នាំហើយ វាក៏ត្រូវចេះចាយលុយកាន់តែច្រើនដែរ។
កាលពីមុនតាំងពី ១០០ ដុល្លារ(សហរដ្ឋអាមេរិក)ជាង។ តាំងពី ២០០ ដុល្លារ(សហរដ្ឋអាមេរិក)។ តាំងពី ៣០០ ដុល្លារ(សហរដ្ឋអាមេរិក)។ ឡើងទៅដល់ ៣ លាន(រៀល) វាស្មើនឹង ៧៥០ ដុល្លារ(សហរដ្ឋអាមេរិក)។ ឥឡូវឡើង ១ ពាន់ ដុល្លារ(សហរដ្ឋអាមេរិក)តែម្តង។ ឱ្យវាសឿងបឿងបន្តិច។ យើងបានរួមចំណែកធ្វើកិច្ចការងារហ្នឹង មិនមែនរួមចំណែកទេ ដឹកនាំធ្វើតែម្តង។ នៅកម្ពុជា សមិទ្ធផលទាំងឡាយ ដែលមិនទៅណាឆ្ងាយពីអ្វី ដែលជាតួអង្គ ដែលខ្ញុំបានបំពេញរួមជាមួយនឹងថ្នាក់ដឹកនាំដទៃទៀតទេ។ នេះជាការដោះស្រាយមួយ ក្នុងចំណោមការដោះស្រាយទាំងឡាយ ហើយសង្ឃឹមថា ទីកន្លែងសាកលវិទ្យាល័យនានា ក៏ត្រូវតែគិតគូរអំពីទីកន្លែងនៃការអាន ការស្រាវជ្រាវ ដោយមានបណ្ណាល័យរបស់ខ្លួន នៅតាមសាកលវិទ្យាល័យនានា។
ស្នើក្រសួងអប់រំ/គ្រឹះស្ថានឧត្តមសិក្សា អនុញ្ញាតឱ្យនិស្សិតបានឈប់ ៣ ថ្ងៃ ដើម្បីទៅបោះឆ្នោត
ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ជម្រាបទៅក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាសាកលវិទ្យាល័យនានា អំពីពេលវេលាបោះឆ្នោត ដែលជិតមកដល់នេះ ត្រូវគិតយ៉ាងម៉េច ដើម្បីឱ្យនិស្សិតរបស់យើង ដែលមានការចុះឈ្មោះបោះឆ្នោតនៅតាមទីកន្លែងនានា បានទៅបោះឆ្នោតផងដែរ។ សម្រាប់វិស័យរោងចក្រកាត់ដេរ ខ្ញុំបានជួបជាមួយសមាគមកាត់ដេរ គឺសមាគមកាត់ដេរគេផ្តល់ការអនុញ្ញាត សម្រាប់កម្មករ/ការិនីទៅធ្វើការបោះឆ្នោត ដោយធ្វើការឈប់សម្រាករយៈពេល ៣ ថ្ងៃ គឺថ្ងៃទី ២៨, ២៩, និងថ្ងៃទី ៣០ ដោយមានប្រាក់បៀវត្សរ៍ពេញលេញ។ ដូច្នេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏គួរត្រូវប្រកាស ដើម្បីបញ្ជាក់ទៅកាន់សាកលវិទ្យាល័យនានា សាលានានា ដើម្បីឱ្យបានទទួលនូវការឈប់សម្រាក ព្រោះថ្ងៃសៅរ៍សម្រាកហើយ ថ្ងៃអាទិត្យសម្រាកហើយ ឯថ្ងៃច័ន្ទ គឺថ្ងៃរៀន ក៏ប៉ុន្តែ បើទៅបោះឆ្នោតនៅតាមខេត្ត ទៅចុះឈ្មោះនៅតាមខេត្ត គឺមិនអាចមកវិញទាន់ទេ។ ដូច្នេះ អាចផ្តល់នូវការសម្រាកនៅថ្ងៃ ២៨ គឺជាថ្ងៃសម្រាកស្រាប់ទៅហើយ ឯថ្ងៃ ២៩ ក៏ជាថ្ងៃសម្រាកស្រាប់ហើយ ព្រោះជាថ្ងៃអាទិត្យ និងថ្ងៃ ៣០ ជាថ្ងៃចូលរៀន ក៏ត្រូវឱ្យសម្រាក ដើម្បីនិស្សិតរបស់យើងបានទទួលនូវការឈប់សម្រាក ហើយធ្វើដំណើរទៅបោះឆ្នោត។
អ្នកចាត់តាំងបោះឆ្នោត អ្នកចូលរួមឈ្មោះបោះឆ្នោត អ្នកឈរឈ្មោះឱ្យគេបោះឆ្នោត ជាអ្នកបំផ្លាញប្រជាធិបតេយ្យ ឬអ្នកដែលអំពាវនាវឱ្យពហិកា ជាអ្នកបំផ្លាញប្រជាធិបតេយ្យ?
យើងមិនយល់ទេ នៅពេលដែលយើងដំណើរការបោះឆ្នោត ដែលមានគណបក្សនយោបាយរហូតដល់ ២០ ត្រូវបានគេប្រសិទ្ធនាមថា ជាអ្នកបំផ្លាញប្រជាធិបតេយ្យ។ យើងចង់សួរទៅថា តើអ្នកបំផ្លាញការបោះឆ្នោតនោះ ជាអ្នកបំផ្លាញប្រជាធិបតេយ្យ ឬក៏ជាអ្នកគាំទ្រប្រជាធិបតេយ្យ? នេះយើងគួរតែសើច។ សូមសួរទៅជនបរទេសមួយចំនួនថា អ្នកបានគាំទ្រមួយក្រុមតូច ដែលបាត់បង់នូវសិទ្ធិដោយសារតែកំហុស ដែលគេបានកសាងនូវអំពើក្បត់ជាតិ ហើយគេមិនបានចូលរួមបោះឆ្នោត នៅពេលដែលមានការបោះឆ្នោតមួយដែលមាន ២០ គណបក្សនយោបាយ តើអ្នកគាំទ្រឱ្យ ២០ គណបក្សនយោបាយបោះឆ្នោត ឬក៏អ្នកគាំទ្រឱ្យ ១ គណបក្ស ដែលថាបំផ្លាញការបោះឆ្នោត? នេះជាចំណុចដែលអ្នកឯងត្រូវមើលឃើញ។
ខ្លួនឯងប្រព្រឹត្តខ្លួនឯង មានកំហុសខ្លួនឯង ងាប់ខ្លួនឯង កុំនាំគេទៅងាប់។ វាទៅជាគេប្រកាសថា យើងជាអ្នកបំផ្លាញប្រជាធិបតេយ្យ ក្នុងពេលដែលយើងចាត់តាំងការបោះឆ្នោតមួយ ដែលមានភាពជាក់លាក់។ ២០ គណបក្សនយោបាយ មិនមែនលេងទេណា។ ឆ្នាំ ២០០៨ ដូចជាមានតែ ១២ ឬ ១៣ គណបក្សនយោបាយទេ។ ឆ្នាំ ២០១៣ ដូចជាមានតែ ៨ គណបក្សទេ ប៉ុន្តែឥឡូវមានទៅដល់ ២០ គណបក្ស។ អញ្ចឹង សួរថា អ្នកចាត់តាំងបោះឆ្នោត អ្នកចូលរួមឈ្មោះបោះឆ្នោត អ្នកឈរឈ្មោះឱ្យគេបោះឆ្នោត ជាអ្នកបំផ្លាញប្រជាធិបតេយ្យ ឬជាអ្នកដែលអំពាវនាវឱ្យមានពហិកា ជាអ្នកបំផ្លាញប្រជាធិបតេយ្យ? អញ្ចឹង ត្រូវវែកញែកកន្លែងនេះឱ្យច្បាស់ …។
ការអំពាវនាវកុំទៅបោះឆ្នោត មានចរិតបំផ្លាញសិទ្ធិប្រជាពលរដ្ឋ បំផ្លាញលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស
ខ្ញុំមិនយល់ទេ ជនមួយក្តាប់តូច បូកជាមួយជនបរទេសខ្លះ គេបានវិនិច្ឆ័យទុកជាមុន ហើយអំពាវនាវឱ្យប្រជាជនកុំទៅបោះឆ្នោត។ ការដែលអ្នកឯងអំពាវនាវកុំឱ្យប្រជាជនទៅបោះឆ្នោតនោះ ជាការអំពាវនាវដែលមានចរិតជាការបំផ្លាញសិទ្ធិប្រជាពលរដ្ឋ បំផ្លាញលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ខ្ញុំយល់ព្រមប្រសិនជាការបោះឆ្នោតនេះ វាជាការបោះឆ្នោតមានគណបក្សតែមួយឈរឈ្មោះ។ នោះវាមិនមែនត្រឹមតែជាការបំផ្លាញប្រជាធិបតេយ្យទេ វាខុសរដ្ឋធម្មនុញ្ញតែម្តង ព្រោះរដ្ឋធម្មនុញ្ញរបស់យើងមានចំណុចពីរ ដែលសំខាន់ ដែលមិនអាចកែប្រែបាន ទី ១. របបរាជានិយមអាស្រ័យធម្មនុញ្ញ ទី ២. របបប្រជាធិបតេយ្យសេរីពហុបក្ស។ អញ្ចឹងទេ បើមានតែបក្សមួយចូលរួមបោះឆ្នោត គឺវាមិនស្របនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជាតែម្តង។ ក៏ប៉ុន្តែឥឡូវនេះ យើងបោះឆ្នោតមានរហូតទៅដល់ ២០ គណបក្សចូលរួម ហេតុអីបានជាគេប្រើពាក្យថា យើងជាអ្នកបំផ្លាញប្រជាធិបតេយ្យ? អ្នកត្រូវសួរខ្លួនអ្នក។ អ្នកបានប្រព្រឹត្តអំពើខុសឆ្គង ទើបតុលាការគេកាត់ទោស …។
ដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាគ្មានការរាថយ
រឿងរបស់អ្នក មិនត្រូវទាញឱ្យអ្នកដទៃទៅចូលរួមនោះទេ។ បន្តុះបង្អាប់បក្សដទៃសុទ្ធតែបក្សអាប បក្សអំពិលអំពែក បក្សទប់ជើងគ្រែ បក្សរណប … អញ្ចឹងបានប្រធានគណបក្សនយោបាយនានាគេចេញតវ៉ា។ គេចេញតបត។ បងប្អូនប្រជាពលរដ្ឋរបស់យើងមួយចំនួនដែលនៅក្រៅប្រទេសត្រូវមើលឱ្យឃើញ។ យើងមិនហាមឃាត់សិទ្ធិរបស់អ្នកទេ ក៏ប៉ុន្តែ អ្នកក៏មិនត្រូវហាមឃាត់សិទ្ធិអ្នកដទៃដែរ។ ដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា គ្មានការរាថយណាមួយទេ។ នៅប្រទេសដទៃ គេក៏មានការបោះឆ្នោតដោយបក្សមួយដែរ ក៏ប៉ុន្តែ រដ្ឋធម្មនុញ្ញរបស់គេបានកំណត់យ៉ាងដូច្នោះ ឯរដ្ឋធម្មនុញ្ញរបស់យើងកំណត់ឱ្យមានបក្សច្រើនចូលរួម។ បើយើងមានតែបក្សមួយ អាហ្នឹងវាមិនគ្រាន់តែមិនស្របតាមមាគ៌ាប្រជាធិបតេយ្យសេរីពហុបក្សទេ វាខុសនឹងរដ្ឋធម្មនុញ្ញខ្លួនឯងដែលត្រូវកំណត់។
អ្នកកំពុងធ្វើសត្រូវជាមួយ ២០ គណបក្ស
២០ គណបក្សចូលរួម មិនមែនជារឿងលេងសើចទេ។ កុំមើលស្រាលគណបក្សដទៃថា ជាគណបក្សអាប ចង់មានន័យថា មានតែក្បាល។ ថាជាគណបក្សអំពិលអំពែក ភ្លឹបភ្លែតៗទៅបាត់។ គណបក្សរណប។ គណបក្សទប់ជើងគ្រែ។ អ្នកឯងនិយាយឱ្យគេអញ្ចឹងៗ ដូច្នេះ ធ្វើសត្រូវ ២០ គណបក្ស។ ខ្ញុំប្រាប់ថា អ្នកឯងខុសហើយ ប៉ុន្តែពួកនេះគេមិនបានគិតថា រឿងដែលពួកគេធ្វើខុសទេ។ ឥឡូវថាជេរខ្ញុំក៏ជេរទៅចុះ ក៏ប៉ុន្តែ វាទៅប៉ះ ១៩ គណបក្សទៀតឯណោះ។ អ្នកឯងយកសត្រូវជាមួយ ២០ គណបក្ស។ ប៉ុន្តែ ទុកឱ្យគេខុសខ្លួនគេទៅចុះ។ តែយើងគ្រាន់តែចង់ពន្យល់ប្រជាពលរដ្ឋរបស់យើង អ្នកបំផ្លាញលទ្ធិប្រជាធិបតេយ្យជាអ្នកណា? គឺអ្នកដែលអំពាវនាវកុំឱ្យប្រជាជនចូលរួមបោះឆ្នោត អ្នកដែលបង្កចលាចលមិនឱ្យបោះឆ្នោតបាន គឺអ្នកហ្នឹងឯងតែម្តង។ ឯអ្នកដែលដំណើរការប្រជាធិបតេយ្យ គឺអ្នកដែលកំពុងចូលរួមនៅក្នុងដំណើរការជាមួយនឹងក្របខណ្ឌរាជរដ្ឋាភិបាល ដែលទទួលបន្ទុកលើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សង្គម រួមនឹងការចាត់ចែងដោយឯករាជ្យ ជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងការចូលរួមរបស់ ២០ គណបក្សនយោបាយ បូកជាមួយប្រជាពលរដ្ឋដែលគាំទ្រ ២០ គណបក្សនយោបាយនេះ។ វាគ្រប់គ្រាន់នឹងភ្លឺភ្នែកអស់លោកអ្នកនិយាយពីអ្នកណាស្រឡាញ់ប្រជាធិបតេយ្យ អ្នកណាស្អប់ប្រជាធិបតេយ្យ អ្នកណាបំផ្លាញ អ្នកណារក្សា …។
កម្មករនិយោជិត សិស្ស/និស្សិត ឈប់ ៣ ថ្ងៃទៅចូលរួមបោះឆ្នោត ឡានឈ្នួលកុំឡើងថ្លៃ
បញ្ជាក់ទៅកាន់ចំពោះស្ថាប័ននានា ជាពិសេសស្ថាប័នអប់រំ ដែលមាននិស្សិតច្រើន ដែលផ្តល់ឱកាសនូវការសម្រាកសម្រាប់ការទៅចូលរួមបោះឆ្នោត។ សម្រាប់កម្មករនៅក្នុងវ័យកាត់ដេរបានទទួលនូវការប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរួចហើយ ដែលត្រូវផ្តល់ឱកាសសម្រាប់ការឈប់សម្រាក។ ពីមុននេះ គេចែងថា បើបោះ(ឆ្នោត)នៅកន្លែងហ្នឹង គឺបានឈប់តែ ១ ថ្ងៃទេ។ បោះនៅខេត្តជិតហ្នឹងឈប់បាន ២ ថ្ងៃ។ បោះនៅខេត្តឆ្ងាយឈប់បាន ៣ ថ្ងៃ។ ប៉ុន្តែ ពិភាក្សាគ្នាចុះឡើងទៅ មិនដឹងអ្នកណាត្រូវបាន(ឈប់) ១ ថ្ងៃ, អ្នកណា(ឈប់) ២ ថ្ងៃ, អ្នកណា (ឈប់) ៣ ថ្ងៃ អញ្ចឹងទេ ឱ្យ(ឈប់) ៣ ថ្ងៃ ទាំងអស់ស្មើៗគ្នាតែម្តងទៅ។ ក្នុងចំណោមនិស្សិតរបស់យើងក៏ដូចគ្នាដែរ ព្រោះមិនដឹងថា អ្នកទៅឆ្ងាយ/ជិត អញ្ចឹងទេ ឱ្យ(ឈប់) ៣ ថ្ងៃ តែម្តងទៅ។ សង្ឃឹមថា ឡាននឹងមិនឡើងថ្លៃនោះទេ សម្រាប់ពេលដែលកម្មករ/ការិនី ក៏ដូចជា និស្សិតរបស់យើងទៅបោះឆ្នោតនៅតាមមូលដ្ឋាន។
រដ្ឋបញ្ចេញថវិកាជិត ៨៣ លានដុល្លារ ឧបត្ថម្ភទុន ទប់ថ្លៃប្រេងកុំអោយឡើងជ្រុល
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានបញ្ហាមួយ ដែលសុំយកវេទិកានេះ ដើម្បីប្រកាសចេញសម្រាប់វិស័យរដ្ឋ ក៏ដូចជា វិស័យឯកជន ដែលមុននេះគ្រោងនឹងប្រកាស នៅថ្ងៃទី ២៨ មិថុនា ឯណោះ ព្រោះកាលបរិច្ឆេទ នៃការអនុវត្ត គឺនឹងត្រូវចាប់ផ្តើមអនុវត្ត នៅថ្ងៃទី ១ កក្កដា ២០១៨។ ប៉ុន្តែ ដោយមានការចាំបាច់ត្រូវការរៀបចំរបស់វិស័យរដ្ឋ និងវិស័យឯកជន គឺត្រូវ(ប្រកាស)ថ្ងៃនេះ ចំពោះមុខនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីប្រកាសចេញអំពីទាក់ទងនឹងបញ្ហាប្រេងឡើងថ្លៃនៅក្នុងប្រទេសរបស់យើង។ រយៈពេលកន្លងទៅនេះ ៥ ខែ ការឧបត្ថម្ភទុនដោយស្ងាត់ស្ងៀម សម្រាប់រក្សានូវថ្លៃប្រេងនៅក្នុងស្រុកកុំឱ្យឡើងថ្លៃជ្រុល។ រាជរដ្ឋាភិបាលបានបញ្ចេញថវិកា ចំនួន ៨២ លាន ៨ សែន ដុល្លារ(សហរដ្ឋអាមេរិក) ជិត ៨៣ លាន ដុល្លារសហរដ្ឋអាមេរិក ឧបត្ថម្ភទុនដោយស្ងាត់ស្ងៀម។
កំណត់មូលដ្ឋានពន្ធ បញ្ចុះអត្រាពន្ធ រដ្ឋខាតបង់ ៣០ លានដុល្លារ/ឆ្នាំ បន្ថែមលើការឧបត្ថម្ភធន
វិធានការណ៍នេះ វាមិនគ្រប់គ្រាន់ទេ។ អញ្ចឹង យើងត្រូវមានវិធានការណ៍បន្ថែមទៀត តាមរយៈការរៀបចំពីរបែប៖ ទី ១. កំណត់តម្លៃមូលដ្ឋានគិតពន្ធឱ្យសមស្របទៅនឹងតម្លៃទីផ្សារអន្តរជាតិ។ ទី ២. បញ្ចុះអត្រាអាករពិសេស ចំពោះប្រេងសាំង ពី ៤៥% មក ១៥%។ ប្រេងម៉ាស៊ូត ពី ១៥% មក ៥.៥%។ ប្រេងកាត ពី ១៥% មក ១០%។ អញ្ចឹងទេ តាមរយៈវិធានការណ៍នេះ រដ្ឋនឹងត្រូវខាតបង់ក្នុង ១ ឆ្នាំ ចំនួន ៣០ លាន ដុល្លារសហរដ្ឋអាមេរិក បន្ថែមទៀត ជាមួយនឹងការឧបត្ថម្ភទុនដោយស្ងាត់ស្ងៀម។
រដ្ឋ និងវិស័យឯកជន រួមគ្នាបន្ថយតម្លៃប្រេង ៤ សេនដុល្លារសហរដ្ឋអាមេរិក/១ លីត្រ
ផ្នែករដ្ឋនឹងត្រូវជួយរួមចំណែកកាត់បន្ថយតម្លៃប្រេង ចំនួន ២ សេន ដុល្លារ(សហរដ្ឋ)អាមេរិកក្នុង ១ លីត្រ… ក្រុមហ៊ុនប្រេង មានក្រុមហ៊ុន សូគីម៉ិច, ក្រុមហ៊ុន តេលា, ក្រុមហ៊ុន Total, ក្រុមហ៊ុន Caltex, ក្រុមហ៊ុន PaPa Petroleum, ក្រុមហ៊ុន PTT បានចូលរួមដើម្បីបញ្ចុះតម្លៃក្នុងផ្នែកឯកជន ចំនួន ២ សេន ដុល្លារ(សហរដ្ឋ)អាមេរិក ក្នុង ១ លីត្រ ផងដែរ។ ដូច្នេះ សរុបទាំងពីរផ្នែក ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី ១ កក្កដា ទៅ តម្លៃប្រេងទាំងអស់ដែលកំពុងដាក់លក់ ត្រូវចុះ ១៦០ រៀល ព្រោះ ៤ សេន (ដុល្លារសហរដ្ឋអាមេរិក) រដ្ឋ ២ សេន (ដុល្លារសហរដ្ឋអាមេរិក) និងឯកជន ២ សេន (ដុល្លារសហរដ្ឋអាមេរិក)។ ព្រឹកមិញខ្ញុំមើលឃើញនៅ(ស្ថានីយ៍សាំង) PTT ប្រេងធម្មតា(ដាក់លក់ក្នុងតម្លៃ)ចំនួន ៤.១៥០ (រៀល)។
នៅថ្ងៃទី ១ កក្កដា តម្លៃប្រេងចុះមកនៅត្រឹម ៣.៩៥០ រៀល/១ លីត្រ
បើសិនជាប្រេងនេះនៅដាក់លក់(តម្លៃ)ចំនួន ៤.១៥០ (រៀល) អញ្ចឹងទេ នៅថ្ងៃទី ១ កក្កដា ប្រេងត្រូវចុះមកនៅ ៣.៩៥០ (រៀល)។ នេះជាការគិតគូររបស់រដ្ឋ ដើម្បីកាត់បន្ថយផលប៉ះពាល់ពីការឡើងថ្លៃប្រេង។ សុំឱ្យផ្នែកវិស័យឯកជនយកចិត្តទុកដាក់។ ត្រូវនិយាយថា ប្រេងគ្រប់ប្រភេទទាំងអស់នឹងត្រូវចុះ ៤ សេនដុល្លារ(សហរដ្ឋអាមេរិក) ទាំងវិស័យរដ្ឋ និងវិស័យឯកជន។ ហើយត្រូវនិយាយអំពីបញ្ហានេះ ទាំងអាស៊ុបពែរក៏ចុះ ទាំងអាមិនស៊ុបពែរក៏វាចុះ អាម៉ាស៊ូតក៏វាចុះ។ ចុះ ៤ សេន ដុល្លារ(សហរដ្ឋអាមេរិក)។ អញ្ចឹងទេ ចុះ ១៦០ (រៀល)។ បើសិនតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិវាចុះ ថាឥឡូវដល់ថ្ងៃទី ១ កក្កដា ដាក់លក់នៅត្រឹមតែ ៤.០០០ (រៀល) បើអញ្ចឹងវាត្រូវចុះមកនៅ ៣.៨៤០ (រៀល)។ អាហ្នឹង គឺជាការគាំទ្រមួយ។
ប្រេងមានអន្តរសកម្មលើគ្រប់វិស័យ
កាលពីមុននោះ ប្រេងប៉ះពាល់ជាមួយតែអ្នកដែលមានឡាន/ម៉ូតូទេ ប៉ុន្តែឥឡូវនេះ ឡាន និងម៉ូតូមានក្នុង ចំនួនគ្រួសារប្រជាជនរបស់យើង។ អ្នកដែលមានឡាន/ម៉ូតូ វាច្រើនជាងអ្នកដែលអត់មានឡាន/ម៉ូតូ។ វិស័យណាក៏ប៉ះពាល់ដល់ប្រេងដែរ។ ក្នុងវិស័យកសិកម្ម ភ្ជួរដោយគ្រឿងម៉ាស៊ីនមានដល់ជាង ៩៨ %។ ភ្ជួរទៅដោយគោ/ក្របីមានតែជាង ១ % ទេ។ ដូច្នេះហើយបានជារាជរដ្ឋាភិបាលយកការគិតគូរមួយដោយមានការទទួលខុសត្រូវ។ ៥ ខែ ដើមឆ្នាំនេះ អស់ជិត ៨៣ លាន ដុល្លារសហរដ្ឋអាមេរិក ជាការឧបត្ថម្ភដោយស្ងាត់ស្ងៀម ក៏ប៉ុន្តែ នៅពេលខាងមុខនេះ ត្រូវរៀបចំដើម្បីដាក់ឱ្យដំណើរការនូវតម្លៃប្រេងថ្មី ដែលចូលរួមពីរដ្ឋ កាត់បន្ថយនូវប្រាក់ ចំនួន ៣០ លាន ដុល្លារ(សហរដ្ឋអាមេរិក) ដើម្បីបញ្ចូលមកឱ្យការទម្លាក់ថ្លៃប្រេង …។
សូមក្រុមហ៊ុនប្រេងកែសម្រួល ការឡើងថ្លៃតាមផ្សារអន្តរជាតិលឿន តែចុះវិញយឺត
ខ្ញុំសុំឱ្យក្រសួងពាណិជ្ជកម្ម ធ្វើការ(ក្នុង)បញ្ហានេះឱ្យបានហ្មត់ចត់ ហើយតាមដានឱ្យបានដិតដល់ជាមួយ នឹងតម្លៃប្រេង។ សុំអំពាវនាវចំពោះក្រុមហ៊ុនប្រេងទាំងឡាយ រឿងដែលវាធ្លាប់តែកើត ហើយប្រជាពលរដ្ឋ ធ្លាប់តែរអ៊ូ នៅត្រង់ថា ប្រេងដដែលកំពុងតែស្តុកនៅក្នុងស្ថានីយ៍របស់ខ្លួន ឬនៅក្នុងកន្លែងស្តុករបស់ខ្លួន អត់ទាន់យកប្រេងថ្មីចូលទេ តម្លៃគេប្រកាសនៅឯក្រុងញ៉ូវយ៉កឡើងថ្លៃប៉ុណ្ណេះ ឯណេះឡើងថ្លៃគ្រឹប អត់ទាន់នាំអាប្រេងថ្មីមកផង ស្រាប់តែឡើងថ្លៃនៅឯណេះ។ អាហ្នឹងរឿងឡើងរហ័ស។ ដល់ទៅពេលនៅឯញ៉ូវយ៉កចុះថ្លៃ ១០ ថ្ងៃក្រោយ ឯណេះអត់ទាន់ចុះទេ។ ពេលឡើងវាលឿន តែពេលចុះវាយឺត។ ក្នុងករណីដែលមិនទាន់បាននាំប្រេងថ្មីចូល នៅពេលដែលប្រេងវាឡើងថ្លៃ យើងលក់អានៅក្នុងស្តុកក្នុងតម្លៃធម្មតាបានហើយ។ រាជរដ្ឋាភិបាល និងអ្នកប្រើប្រាស់ក៏យល់ត្រឡប់ទៅវិញដែរ នៅពេលដែលអ្នកឯងលក់ប្រេងដែលមានតម្លៃខ្ពស់មិនទាន់អស់ បែរជាប្រេងចាប់ចុះថ្លៃនៅឯញូវយ៉ក គឺអ្នកនឹងអាចលក់ប្រេងនេះបន្ថែម។ ដូច្នេះ ទូទាត់ទៅវាមិនខុសគ្នាទេ។ តែវានៅត្រង់ថា នៅញូវយ៉កឡើងថ្លៃគឹប នៅភ្នំពេញឡើងថ្លៃនឹងគេដែរ មិនទាន់មានប្រេងថ្លៃហ្នឹងចូលមួយតំណក់(ផង)។ ដល់តែញូវយ៉កចុះថ្លៃ គឺនៅឯណេះបន្ត យើងថា ៧ ថ្ងៃទៅចុះ។ យើងអាចយល់ ក៏ប៉ុន្តែ អ្វីដែលយើងមិនយល់ នៅត្រង់ថា ញូវយ៉កឡើងថ្លៃ នៅឯណេះឡើងថ្លៃភ្លាម។ អាហ្នឹងយើងអត់យល់ទេ។ បណ្តាក្រុមហ៊ុននានាគប្បីគិត ព្រោះអ្នកប្រើប្រាស់គេក៏ចេះគិតដូចយើងដែរ។
ក្រសួងពាណិជ្ជកម្មតាមដានឱ្យបានដិតដល់នូវតម្លៃប្រេង ណែនាំស្ថានីយ៍ចែកចាយអនុវត្តតម្លៃឯកភាពគ្នា
ប៉ុន្តែ យ៉ាងណាក៏ដោយ ខ្ញុំសុំអរគុណចំពោះបណ្តាក្រុមហ៊ុនប្រេងទាំងអស់ គឺក្រុមហ៊ុនប្រេងធំៗនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី ១ កក្កដា នេះហើយៗអនុក្រឹត្យទាក់ទងនឹងបញ្ហាពន្ធនេះ ខ្ញុំបានចុះហត្ថលេខារួចហើយ ដែលនឹងប្រកាសនៅថ្ងៃទី ១ កក្កដា។ ឯតម្លៃប្រេងនៅតាមស្ថានីយ៍ ក៏ត្រូវចាប់ផ្តើមអនុវត្តនៅថ្ងៃទី ១ កក្កដា ដែរ។ ដែលសុំឱ្យក្រសួងពាណិជ្ជកម្ម ណែនាំទៅបណ្តាក្រុមហ៊ុនចែកចាយប្រេងនៅតាមបណ្តាស្ថានីយ៍ ឱ្យអនុវត្ត តម្លៃឯកភាពគ្នា។
តម្លៃកសិផលឡើងថ្លៃ តម្លៃប្រេងក៏ឡើងថ្លៃ ជានិន្នាការស្របគ្នា
នេះជាចំណុច ឆ្លើយតបទៅនឹងកង្វល់ និងការលំបាករបស់ប្រជាជន បណ្តាលមកពីការឡើងថ្លៃប្រេង។ ការឡើងថ្លៃប្រេងនេះ យើងមិនមែនជាអ្នកដំឡើងទេ អង្គការអូប៉ិច (OPEC) គេជាអ្នកផលិតប្រេង។ យើងពិនិត្យមើល នៅពេលដែលប្រេងចុះថ្លៃ កសិផល ក៏ដូចជា ស្រូវក៏ចុះថ្លៃដូចគ្នា។ ប៉ុន្តែ នៅពេលណាដែលតម្លៃកសិផល និងតម្លៃស្រូវចាប់ផ្តើមឡើងថ្លៃ តម្លៃប្រេងក៏វាឡើងដូចគ្នាដែរ។ វាមាននិន្នាការស្របគ្នាយ៉ាងដូច្នេះ។ យើងមើលឆ្នាំ ២០០៨ តម្លៃប្រេងចាប់ហក់ឡើងភ្លាម តម្លៃកសិផលនៅក្នុងប្រទេសរបស់យើង ក៏ចាប់ហក់ឡើងភ្លាម ជាពិសេសតម្លៃអង្ករ រហូតយើងយកអង្ករទៅដាក់លក់(នៅតាមទីផ្សារ) ដើម្បីកុំឱ្យឈ្មួញបង្កើនថ្លៃ។ យើងបញ្ចេញអង្កររាប់ពាន់តោនពេលនោះ។ យើងបានដាក់បម្រាមការនាំចេញស្រូវទៅបរទេសពេលនោះ។ ស្រូវ ក៏ដូចជា កសិផលនៅកម្ពុជា ក៏ដូចជា ប្រទេសនានានៅលើសាកលលោកសុទ្ធតែឡើងថ្លៃទាំងអស់ ក្នុងពេលដែលប្រេងក៏វាឡើងថ្លៃ។ ដល់ប្រេងចាប់ផ្តើមចុះថ្លៃ ស្រូវអង្ករ កសិផលវាក៏ចុះ(ថ្លៃ) …។ លើកនេះ យើងត្រូវមានវិធានការណ៍ទប់ទល់ ដើម្បីកាត់បន្ថយនូវការលំបាករបស់ប្រជាពលរដ្ឋ ទៅលើបញ្ហាឡើងថ្លៃប្រេងនេះ។ កាលពីលើកមុន ឡើងទៅដល់ ៦.០០០ រៀលជាងឯណោះ ក្នុង ១ លីត្រ ឥឡូវយើងទើបនឹងជាង ៤.០០០ រៀល ហើយ ៤.០០០ (រៀល)នេះ បើវានៅទ្រឹងប៉ុណ្ណឹង វានឹងទម្លាក់មកចុះនៅក្រោម ៤.០០០ (រៀល) នៅក្នុង ១ លីត្រ។ លើកលែងតែអាស៊ុបពែរនោះទេ។ ស៊ុបពែរនោះ គឺវាថា វាមានអ្នកដែលគេបើកឡានល្អៗ គេចាក់អាស៊ុបពែរហ្នឹង ចំនួនវាមិនច្រើនពេកទេ ក៏ប៉ុន្តែសាំងធម្មតានេះ គឺទើបជាចំនួនច្រើន។
រដ្ឋស៊ូបាត់ចំណូលពន្ធមួយចំនួន ឱ្យតែប្រជាពលរដ្ឋចំណេញ
សង្ឃឹមថា ប្រជាពលរដ្ឋបានដឹងលឺ ហើយក៏ពិនិត្យឃើញពីការខិតខំរបស់រាជរដ្ឋាភិបាល។ ការកាត់បន្ថយ នូវប្រាក់ចំណូលនានា ដែលបានមកពីពន្ធ បានកាត់បន្ថយច្រើនណាស់។ វាក៏បានកាត់បន្ថយនូវទុនសំរាប់វិនិយោគរបស់យើងទៅលើវិស័យមួយចំនួនផងដែរ ប៉ុន្តែវាបានផលចំណេញមកសម្រាប់ប៉ះប៉ូវឱ្យជីវភាពគ្រួសាររបស់ប្រជាជន ដែលធ្វើការប្រើប្រាស់។ ឧទាហរណ៍៖ ដើម្បីបង្កើនប្រាក់បៀវត្សរ៍អប្បបរមាកម្មករឡើងដល់ ១៧០ ដុល្លារសហរដ្ឋអាមេរិក រាជរដ្ឋាភិបាលក៏ត្រូវតែលះបង់ប្រមាណជា ៤០ លាន (ដុល្លារសហរដ្ឋអាមេរិក) នោះគឺពន្ធកាត់ទុកត្រូវពន្យាររហូតទៅដល់ឆ្នាំ ២០២២ ប្រមាណជាង ២០ លាន (ដុល្លារសហរដ្ឋអាមេរិក) និងកម្រៃសេវានាំចេញជាង ២២ លាន (ដុល្លារសហរដ្ឋអាមេរិក) ដូច្នេះ ជាង ៤០ លាន ដុល្លារ(ដុល្លារសហរដ្ឋអាមេរិក) ដើម្បីរួមចំណែកទប់ទល់ កុំឱ្យម្ចាស់រោងចក្រជួបការលំបាកហួសហេតុ ដែលម្ខាងត្រូវដំឡើងប្រាក់ប្រៀវត្សរ៍ ម្ខាងទៀតត្រូវចេញជំនួសកម្មករទៅលើសេវាថែទាំសុខភាព ដែលមុននេះកម្មករបង់ ៥០% ថៅកែរោងចក្របង់ ៥០% ឥឡូវ ថៅកែរោងចក្រត្រូវបង់ ១០០% ជំនួសឱ្យកម្មករ។ ដែលកម្មករនឹងមានប្រាក់ចំណេញពី ៨.០០០ រៀល – ១៣.០០០ រៀល ក្នុង ១ ខែ។ គ្រាន់តែអាពីរផ្នែកនេះ យើងកាត់បន្ថយជិត ៨០ លាន ដុល្លារ(សហរដ្ឋអាមេរិក)ទៅហើយក្នុង ១ ឆ្នាំ ដើម្បីបម្រើឱ្យគោលដៅលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនរបស់យើង។
នឹងមានការដេញថ្លៃប្រេងនៅពេលយុទ្ធនាការឃោសនាបោះឆ្នោត
ខ្ញុំដឹងច្បាស់ថា នឹងមានអ្នកដេញថ្លៃ(ប្រេង)ជាមួយខ្ញុំហើយនៅពេលឃោសនាបោះឆ្នោត។ ច្បាស់ជាការ សន្យាបានមកដល់ថា បើសិនគេឈ្នះ គេនឹងទុកប្រេង ១ លីត្រ (តម្លៃ)ត្រឹមតែ ១.៥០០ រៀលទេ។ គេហាក់ដូចជាបានសន្យា(ប្រៀបដូចជា)គេជីកប្រេងបាន គេជប់បាន។ បើយើងដាក់ប៉ុណ្ណេះ គេដាក់ប៉ុណ្ណេះ។ ប៉ុន្តែ ដែលហៅថា បក្សកាន់អំណាចមិនអាចសន្យាណាមួយ ដែលមិនអាចធ្វើទៅរួចនោះទេ។
លើកពីតួអង្គបេក្ខជនរបស់អ្នកគ្រប់គ្រាន់ហើយ អ្នកកុំបន្ដុះបង្អាប់អ្នកដទៃ
ជាការគួរឱ្យសោកស្តាយណាស់ (សុំ)ផ្តាំទៅក្មួយម្នាក់។ ប៉ុន្ដែ ដល់ខ្ញុំបើកមើលឡើងវិញ ស្រាប់តែបាត់។ គេដាក់ថា បេក្ខជននាយករដ្ឋមន្ដ្រីរបស់បក្សគេ និងបេក្ខជនរបស់បក្សកាន់អំណាចមាន ៧ ចំណុចខុសគ្នា។ ខ្ញុំសូមផ្ដាំទៅវិញ បេក្ខជននាយករដ្ឋមន្ដ្រីរបស់គណបក្សអ្នក គឺខ្ញុំជាអ្នកបញ្ជូនទៅរៀននៅអាល្លឺម៉ង់។ ខ្ញុំគ្រាន់តែផ្ដាំប៉ុណ្ណឹង។ សូម្បីសាម៉ីខ្លួន នៅឆ្នាំ ២០១១ ក៏បានសូមថ្លែងអំណរគុណខ្ញុំ “អរគុណសម្ដេច ដែលបានរំដោះខ្ញុំឱ្យចេញពីរបប ប៉ុល ពត ហើយបញ្ជូនខ្ញុំទៅរៀននៅអាល្លឺម៉ង់”។ ចាំទេ នៅពេលទឹកជំនន់ឆ្នាំ ២០១១? យើងប្រជុំជាមួយអង្គការក្រៅរដ្ឋាភិបាល។ ចរិតមនុស្សវាមិនដូចគ្នាទេ … អ្នកអាចគ្រាន់តែជាការចេះដាំដុះ អ្នកគ្រាន់តែជាការចេះគិតគូរ តែអ្នកមិនទាន់អនុវត្ដជាក់ស្ដែងនៅឡើយទេ។ អ្នកមិនទាន់ច្បាស់ទេ។ ហើយកុំអាលប្រថុយប្រថានអី។ អ្នកគ្រាន់តែលើកពីតួអង្គ នៃបេក្ខជនរបស់អ្នកទៅគ្រប់គ្រាន់ហើយ អ្នកកុំបន្ដុះបង្អាប់អ្នកដទៃ។ ខ្ញុំសុំតែប៉ុណ្ណឹងទេ។ ខ្ញុំមិនដែលបន្ដុះបង្អាប់អ្នកដទៃទេ។ ល្ងាចមិញនេះ ខ្ញុំមិនចង់យកផេកហ្វេសប៊ុករបស់ខ្ញុំដើម្បីខមិ្មនចូលទេ។ ខ្ញុំទៅយកអាហ្វេសប៊ុកមួយទៀតមក ស្រាប់តែវាបាត់ទៅ។ ប្រហែលជាគ្នាគេប្រាប់ឱ្យឈប់បន្តក៏មិនដឹង។
លើកតែពីគោលនយោបាយរបស់ខ្លួនបានហើយ កុំបង្អាប់អ្នកដទៃ
ខ្ញុំគិតថា សូមឱ្យអ្នកនយោបាយនានា តាំងខ្លួនជាអ្នកលក់ទំនិញ ឃោសនាតែទំនិញល្អរបស់ខ្លួនបាន ហើយ កុំបង្អាប់ទំនិញអ្នកដទៃ។ អ្នកនឹងបង្កើតរឿងជាមួយអ្នកដទៃហើយ។ មិនទាន់បានបង្ហាញស្នាដៃ ណាមួយឱ្យកើតជារូបរាងនៅឡើយទេ។ ខ្ញុំស្គាល់តើ។ ខ្ញុំយល់តើ។ ប៉ុន្ដែ អ្នកមិនទាន់ដែលគ្រប់គ្រងមនុស្ស កុំថាឡើយទៅដល់លាន គ្រប់គ្រងប្រទេស សូម្បីតែគ្រប់គ្រងអង្គការមួយវាមិនទាន់គ្រប់គ្រាន់ផង? ខ្ញុំដឹងថាអ្នកជំពាក់លុយគេតើ? ខ្ញុំដឹងថាអ្នកកំពុងតែរកលក់នេះ/នោះ រាប់ទាំងលក់ម៉ាស៊ីនកិនស្រូវផងដែរតើ? ប៉ុន្ដែ យកល្អ យើងលើកតែពីគោលនយោបាយរបស់យើងបានហើយ កុំបង្អាប់អ្នកដទៃ។ ខ្ញុំមិនចង់ឆ្លងឆ្លើយទេ ខ្ញុំចង់ឱ្យបក្សនយោបាយទាំងអស់ក្លាយជាអ្នកឃោសនាពាណិជ្ជកម្មទំនិញ។ គេលើកតែទំនិញរបស់គេ។ គេមិនបានបង្អាប់ទំនិញអ្នកដទៃទេ។ ជួនកាលថា គណបក្សកាន់អំណាចគាបសង្កត់ ប៉ុន្ដែ ពេលអ្នកឯងវាយប្រហារគេ គេត្រូវតែការពារខ្លួន។ អាហ្នឹងជាការធម្មតា។ តែខ្ញុំមិនថាអីទេ។ ខ្ញុំគ្រាន់តែផ្ដាំត្រឡប់ទៅវិញថា មេរបស់អ្នកឯងត្រូវបានខ្ញុំបញ្ជូនទៅរៀនទើបមានសញ្ញាបត្រ។ ត្រូវខ្ញុំរំដោះ។ ឥឡូវបើយកសម្លេងដែលថតទុកមកចាក់ឡើងវិញក៏អ្នកឯងយល់ដែរ។ ប្រធានអត់និយាយទេ តែសមាជិកធ្វើអារឿងហ្នឹង។
មិនគួរប្រើប្រាស់ពាក្យពេចន៍ណាមួយវាយប្រហារអ្នកនេះ/នោះ
សូម្បីតែប្រធានអរគុណខ្ញុំដែលជួយរំដោះគេ។ អរគុណដែលបានបញ្ជូនឱ្យទៅរៀន។ តើអ្នកណាជាអ្នកធ្វើឱ្យគេទៅជាបណ្ឌិត? ឱ្យគេទៅជាបញ្ញវន្ដ? នេះឈរនៅនឹងមុខហ្នឹងនេះ ដែលគេប្រៀបធៀបថាបេក្ខជនហ្នឹង អន់ជាងបេក្ខជនរបស់គេ។ តែបេក្ខជននេះហើយ ដែលជាអ្នកបានបណ្ដុះបណ្ដាលបេក្ខជនមួយទៀត ត្រូវយល់អំពីកន្លែងហ្នឹង។ គួរឱ្យមានការខ្មាសអៀនខ្លះផង។ ចាំមើលសន្លឹកឆ្នោតថ្ងៃទី ២៩ ចាំមើលកៅអី។ ក្រែងពេលហ្នឹងអួតជ្រុលទៅវាលើស …។ យើងមិនគួរប្រើប្រាស់ពាក្យពេចន៍ណាមួយវាយប្រហារអ្នកនេះ/នោះ … ប៉ុន្ដែ នេះមិនមែនប្រធានគណបក្សសាម៉ីខ្លូនជាអ្នកថាទេ ប៉ុន្ដែ បុគ្គលម្នាក់ជាអ្នកធ្វើរឿងនេះ ដែល អាចបង្កើតនូវអរិភាព … គេបាននិយាយខ្លួនគេនៅក្នុងសម័យប្រជុំមួយ នៅឯទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលមានទាំងខ្មែរ ទាំងបរទេសចូលរួម ហើយបានថតទុកទាំងអស់។ គេបានអរគុណថា យើងបានជួយរំដោះគេឱ្យគេរស់ គេបានអរគុណថា យើងបានបញ្ជូនគេឱ្យទៅរៀន ថ្ងៃនោះអ្នកដែលបានចូលរួមមិនតិចទេ។ ឥឡូវនេះ វាទៅជាយកខ្លួនមកប្រៀបធៀប។ ខ្ញុំសុខចិត្ដចាញ់អ្នកទៅចុះ ព្រោះអ្នកពូកែសព្វគ្រប់ តែពូកែលើក្រដាស ពូកែលើពាក្យសម្ដី មិនទាន់បានដឹកនាំប្រទេស។ សូម្បីដឹកនាំស្ថាប័នមួយ ឬធ្វើចៅហ្វាយខេត្ដ ឬធ្វើចៅហ្វាយស្រុក អ្នកមិនទាន់ធ្លាប់ផង?
មួយជុំវិញខ្លួនខ្ញុំ ១២ នាក់ សុទ្ធតែកម្រិតឧត្ដមសិក្សា ក្រោយឧត្តមសិក្សា
ពិតមែនតែអ្នកមានបណ្ឌិត ក៏ប៉ុន្ដែ អ្នកក៏មិនត្រូវភ្លេចថា សូម្បីតែកូនខ្ញុំក៏មានបណ្ឌិតដែរ មិនអន់ជាងអ្នក។ អ្នកត្រូវយល់ឱ្យច្បាស់។ ហើយបណ្ឌិតកូនរបស់ខ្ញុំនេះ មានតែមួយគត់ទៅទៀត ដែលបណ្ឌិតដទៃគ្មាននោះគឺបណ្ឌិតសភាយោធារបស់អាមេរិក។ បណ្ឌិតនៅទីនេះ មានបណ្ឌិតសេដ្ឋកិច្ច បណ្ឌិតនយោបាយ ក៏ប៉ុន្ដែ បណ្ឌិតដែលមានទាំងកម្រិតសេដ្ឋកិច្ចទាំងនយោបាយ បន្ថែមដោយបណ្ឌិតដែលគេដទៃគ្មាន គឺបណ្ឌិតសភាយោធាអាមេរិកតែម្ដង។ អ្នកកុំលើកមេរបស់អ្នកទៅផុតពីអ្នកដទៃ។ វាជាការខុសឆ្គងមួយ។ ខ្ញុំគ្រាន់តែថា ឱ្យបានត្រឹមតែប៉ុនកូនខ្ញុំទៅបានហើយ កុំចាំស្មើនឹងឪរបស់វា។ ខ្ញុំមិនមោទនភាពជ្រុលហួសហេតុទេ ក៏ប៉ុន្ដែកូនខ្ញុំទាំងអស់ ទាំងកូនបង្កើត ទាំងកូនប្រសារ សុទ្ធតែថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្តមសិក្សាទាំងអស់។ គ្រាន់តែមួយជុំវិញខ្លួនខ្ញុំ ១២ នាក់ សុទ្ធតែកម្រិតឧត្ដមសិក្សា ក្រោយឧត្តមសិក្សា។ សូម្បីតែចៅខ្ញុំ ចាប់ផ្ដើមចូលមហាវិទ្យាល័យហើយ អ្នកអាចយល់ទេពីរឿងនេះ។ អញ្ចឹង អ្នកអាចទៅប្រៀបធៀបជាមួយអ្នកណាទៅប្រៀបធៀបទៅ កុំប្រៀបធៀបជាមួយខ្ញុំ។ អ្នករង់ចាំមើលលទ្ធផលជាក់ស្ដែងអ្នកធ្វើរបៀបម៉េច។ បើគ្រាន់តែបក្សនយោបាយមួយ អង្គការមួយ ដើរលក់ដី លក់ម៉ាស៊ីនកិនស្រូវហើយនោះ អ្នកធ្វើយ៉ាងម៉េច?
ខ្ញុំឱ្យតម្លៃការសិក្សារបស់ លោក ហ្សង់ ហ្រ្វង់ស្វ័រតាន់ អំពីបញ្ហាភូមិសាស្ដ្រនយោបាយ
នៅទីនេះប្រហែលគ្មានអ្នក(មើល) ទាល់តែមើលហ្វេសប៊ុកហ្នឹងបានយល់។ អ្នកដែលមិនមើលហ្វេសប៊ុក មិនយល់ទេ។ យប់មិញខ្ញុំបើកផេកធំរបស់ខ្ញុំ ស្រាប់តែឃើញ តែខ្ញុំមិនចង់យកផេករបស់ខ្ញុំទៅខមិ្មនចូលទេ ខ្ញុំយកហ្វេសប៊ុកមួយទៀត។ បើកស្ដាប់លោក ហ្សង់ ហ្រ្វង់ស្វ័រតាន់ គាត់និយាយអំពីបញ្ហាភូមិសាស្រ្ដនយោបាយថ្មី ដូចជាចូលដល់វគ្គទីប៉ុន្មានទេ? គាត់និយាយពាក់ព័ន្ធនឹងទិដ្ឋភាពកម្ពុជា ដែលទទួលវិនាសកម្មដោយសង្រ្គាមត្រជាក់។ អញ្ចឹងខ្ញុំស្ដាប់។ ខ្ញុំបើកក្នុងហ្វេសប៊ុកអីមួយនោះ។ គាត់សរសេរសៀវភៅហើយ គាត់អានដាក់នៅក្នុងអាហ្នឹង។ ខ្ញុំក៏គ្មានពេលអានដែរ។ អញ្ចឹងឆ្លៀតស្ដាប់។ ឯណាមើលបាល់ផង ឯណាស្ដាប់អាហ្នឹងផង។ វាបានក្លាយជាចំណេះដឹងមួយដែរ។ សូម្បីតែអ្នកគ្រប់គ្រងវិទ្យុអន្ដរជាតិមួយរបស់បារាំង ហើយជាអ្នកស្រាវជ្រាវភូមិសាស្រ្ដនយោបាយ ដែលសៀវភៅរបស់គាត់មាន «មហាយក្សចិន» មានពីបញ្ហានេះ/នោះ គាត់ប្រមូលផ្ដុំអត្ថបទដែលគាត់សរសេរផ្សាយក្នុងវិទ្យុបារាំងអន្ដរជាតិ យកមកចងក្រងជាសៀវភៅ គាត់មិនបានតាំងខ្លួនជាបណ្ឌិត ជាមហាបណ្ឌិតអីទេ។ ប៉ុន្ដែ ខ្ញុំឱ្យតម្លៃគាត់ បើទោះគាត់មិនគ្រប់គ្រងធ្វើនាយករដ្ឋមន្ដ្រី ឬឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក៏ប៉ុន្ដែខ្ញុំឱ្យតម្លៃការសិក្សារបស់គាត់ អំពីបញ្ហាភូមិសាស្ដ្រនយោបាយ។ សព្វថ្ងៃនេះ គាត់នៅភ្នំពេញ។ សៀវភៅគាត់ផ្ញើឱ្យខ្ញុំ ក៏ប៉ុន្ដែ ខ្ញុំអត់មានពេលមើល។ អញ្ចឹងយើងត្រូវប្រើហ្វេសប៊ុក ដែលគាត់និយាយដាក់ក្នុងហ្នឹង។ ស្រួលដែរ មើលបាល់ផង ស្ដាប់ផង។
លើកខ្លួនឯងបង្អាប់គេ តែដល់គេប្រតិកម្ម ថាគេគាបសង្កត់
បញ្ហាមិនមែនគ្រាន់តែយើងមានសញ្ញាបត្របណ្ឌិត ឬមិនបណ្ឌិតទេ សូម្បីតែកសិករម្នាក់អាចក្លាយជាគ្រូ បង្រៀនរបស់យើងបានដែរ។ សូម្បីតែកម្មករម្នាក់ ក៏អាចក្លាយជាគ្រូបង្រៀនរបស់យើងបានដែរ ព្រោះយើង អត់យល់ អត់ស្គាល់។ ប៉ុន្ដែ ខ្ញុំឃើញអ្នកខ្លះចាប់ផ្ដើមឡើង លើកខ្លួនឯងបង្អាប់គេ រួចហើយដល់គេប្រតិកម្ម ថាគេគាបសង្កត់។ បើសិនគេនិយាយចំឈ្មោះខ្លួនត្រឡប់ទៅវិញ ឬប្រតិកម្មវាយប្រហារខ្លួនត្រឡប់ទៅវិញ តើខ្លួនប្រតិកម្មយ៉ាងម៉េចទៅវិញ? អញ្ចឹងបានថា ឱ្យគិតគេគិតយើង។ លើកចំណុចនេះ ដើម្បីបញ្ជាក់ថា យប់មិញវាកើតរឿងស្អី? យកខ្លួនខ្ញុំទៅ(ប្រៀបធៀប) គេថា ៧ ចំណុចខុសគ្នា។ ខ្ញុំគ្រាន់តែបើកមើលឃើញអាហ្នឹងទៅ ខ្ញុំអត់ត្រូវ comment ចូលទេ ខ្ញុំទៅយកទូរស័ព្ទមួយទៀតឈ្មោះហ្វេសប៊ុកផ្សេង បើកមើលតែវាអត់ឃើញ។ ក៏ទៅស្ដាប់ ហ្សង់ ហ្វ្រង់ស្វ័រតាន់ ទៅ ព្រោះសំខាន់ជាង …។
អំណោយសម្រាប់អ្នកចូលរួម
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បាននាំមកសម្រាប់និស្សិតទទួលសញ្ញាបត្រ ចំនួន ៣.២៣៣ នាក់ ក្នុងម្នាក់ៗ ជូន ៥ ម៉ឺនរៀល។ ជូនសាស្រ្ដាចារ្យ/បុគ្គលិក សាកលវិទ្យាល័យ ១.០៣៣ នាក់ ក្នុងម្នាក់ៗ ថវិកា ១០ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យភូមិន្ទភ្នំពេញថវិកា ចំនួន ៥ លានរៀល។
បន្ដជួបកម្មករមុនបោះឆ្នោត ៤ កម្មវិធី និងបន្ទាប់ពីបោះឆ្នោតហើយតទៅទៀត
ខាងផ្នែកអប់រំដូចជាអស់កម្មវិធីចែកសញ្ញាបត្រ? ឥឡូវ ដោយសារកម្មវិធីបោះឆ្នោតរបស់យើងជិតមកដល់ ការចែកសញ្ញាបត្រតាមសាកលវិទ្យាល័យត្រូវអស់ថ្ងៃនេះហើយ ប៉ុន្ដែ សម្រាប់ជាមួយកម្មករនៅសល់ ៤ វគ្គ ទៀតត្រូវជួប។ នៅពេលយុទ្ធនាការបោះឆ្នោត គឺត្រូវផ្អាក។ ដល់បោះឆ្នោតរួចហើយត្រូវចាប់ដើរសួរសុខទុក្ខកម្មករតទៅទៀត ដើម្បីពិនិត្យដោះស្រាយបញ្ហាប្រឈមនានា ហើយរួមចំណែកដើម្បីធ្វើយ៉ាងម៉េចឱ្យវិស័យឧស្សាហកម្មរបស់យើងរីកចម្រើន តាមគោលដៅដែលយើងដាក់ចេញនូវឧស្សាហកម្ម ២០១៥-២០២៥។ ជាមួយនឹងការអបអរសាទរ ជាមួយវឌ្ឍនភាពសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ដូចជា អបអរសាទរចំពោះ ជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ក៏ដូចជាក្រុមគ្រួសារ នៃជ័យលាភី ដែលមានកូនចៅទទួល សញ្ញាបត្រនៅថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរ និងជូនពរ សម្ដេច ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិ សូមជួបប្រទះនូវពុទ្ធពរទាំង ៥ ប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕