សុន្ទរកថា និងសេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ក្នុង​ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយស នៃរាជបណ្ឌិតសភា

CNV: 

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!

ឯកឧត្តម លោកជំទាវ បណ្ឌិតសភាចារ្យ បណ្ឌិតសា្រស្តាចារ្យ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្មួយៗនិស្សិតទាំងអស់ និងអង្គពិធីទាំងមូល ជាទីមេត្រី!

ថ្ងៃនេះ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានចូលរួមក្នុងពិធីប្រកាសគោរមងារ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលត្រូវផ្តល់ជូនឥស្សរជន និងបញ្ញវន្តជាន់ខ្ពស់របស់ជាតិ ចំនួន ៨ រូប នាពេលនេះ។

ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ ខ្ញុំសូមចូលរួមអបអរសាទរ និងប្រកាសគោរមងារជូនឥស្សរជន និងបញ្ញវន្តជាន់ខ្ពស់របស់ជាតិទាំង ៨ រូប ដែលត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសប្រទាននូវគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា។

ចំពោះគោរមងារវិទ្យាសាស្ត្រ ត្រូវបានប្រោសប្រទានបញ្ញាវន្តជាន់ខ្ពស់ ចំនួន ៤ រូប គឺបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទទួលបានគោរមងារជាអគ្គបណ្ឌិតសភាចារ្យ និងបញ្ញវន្ត ៣ រូបទៀត គឺបណ្ឌិត នេត បារ៉ុម បណ្ឌិត ហ៊ាន សាហ៊ីប និងបណ្ឌិត ណាត ប៊ុនរឿន ទទួលបានគោរមងារជាបណ្ឌិតសភាចារ្យ និងជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា។

ចំពោះគោរមងារកិត្តិយស ត្រូវបានប្រោសប្រទានឥស្សរជនរបស់ជាតិ ចំនួន ៤ រូប រួមមាន៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ជាកិត្តិបរិរក្សបណ្ឌិត លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ជាកិត្តិសង្គហបណ្ឌិត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ជាកិត្តិនីតិកោសលបណ្ឌិត និងឯកឧត្តមទេសរដ្ឋមន្ត្រី​ ចម ប្រសិទ្ធ ជាកិត្តិសេដ្ឋាបណ្ឌិត។

ដូចដែលឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់មុននេះបន្តិច គោរមវន្តវិទ្យាសាស្ត្រ និងគោរមវន្តកិត្តិយសទាំង ៨ រូប ពិតជាមានស្នាដៃ និងគុណសម្បត្តិគ្រប់គ្រាន់ ស័ក្តិសមនឹងទទួលបាននូវគោរមងារដ៏ខ្ពង់ខ្ពស់របស់ជាតិយើង។ ការផ្តល់គោរមងារនេះ គឺជាការរួមចំណែកយ៉ាងសំខាន់សំរាប់ពង្រឹង និងពង្រីកការងារសិក្សាស្រាវជ្រាវវិទ្យាសាស្ត្ររបស់រាជបណ្ឌិត្យសភាកម្ពុជា ដែលជាធនាគារខួរក្បាលរបស់រាជរដ្ឋាភិបាល ជាស្ថាប័នផ្ទុកក្រុមអ្នកគិត ជាអ្នកផ្តល់នូវចក្ខុវិស័យ សំរាប់ដោះស្រាយបញ្ហាជាតិ ដោយផ្អែកលើគោលការណ៍វិទ្យាសាស្ត្រ ជាមជ្ឈមណ្ឌលប្រមូលផ្តុំបញ្ញាវន្ត ដែលមានបញ្ញាញាណ បទពិសោធន៍ក្នុងការសិក្សាស្រាវជ្រាវ ដើម្បីបង្កើនសមត្ថភាពធនធានមនុស្ស និងការរួមចំ​ណែកអភិវឌ្ឍប្រទេសជាតិ។

ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំគ្រប់ជំនាន់ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលធ្វើឱ្យស្ថាប័ននេះរីកចម្រើនជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់។ ខ្ញុំសង្ឃឹមថា រាជបណ្ឌិតសភាកម្ពុជា នឹងខិតខំប្រឹងប្រែងក្នុងនាមជាស្ថាប័នបញ្ញាញាណ ចូលរួមគ្រប់កិច្ចការតំបន់ និងពិភពលោក ក្នុងវិស័យសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងការងារផ្តល់ប្រឹក្សាលើកិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ច នយោបាយ និងកិច្ចការអន្តរជាតិ ជូនរាជរដ្ឋាភិបាលនៅគ្រប់កាលៈទេសៈ។

បច្ចុប្បន្ន កម្ពុជាកំពុងទទួលបាននូវការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ជាពិសេស វិស័យសេដ្ឋកិច្ច ដែលមានអត្រាកំណើនខ្ពស់ ក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ។ ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ទន្ទឹមនឹងមានសុខសន្តិភាពនៅទូទាំងប្រទេស កម្ពុជាក៏មានចក្ខុវិស័យវែងឆ្ងាយ ក្នុងការពន្លឿនពិពិធកម្មមូលដ្ឋានកំ​ណើនសេដ្ឋកិច្ច ការលើកកម្ពស់សមត្ថភាព ការប្រកួតប្រជែង ការបង្កើនផលិតភាព និងតម្លៃបន្ថែមក្នុងប្រ​ព័ន្ធខ្សែចង្វាក់តម្លៃសកល និងបង្កើនភាពធន់នឹងវិបត្តិ ដើម្បីប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ក្នុងឆន្ទៈដ៏មោះមុតនេះ កម្ពុជាក៏នៅប្រឈមនឹងបញ្ហាស្មុគស្មាញមួយចំនួន ខណៈដែលពិភពលោកកំពុងស្ថិតនៅក្នុងចរន្ត នៃសកលភាវូបនីយកម្ម ដែលកំពុងវិវឌ្ឍទៅមុខយ៉ាងលឿន ពិសេសផ្នែកបច្ចេកវិទ្យា និង វិទ្យាសាស្ត្រ ការប្រែប្រួលប៉ូលនៃការរកីចម្រើនថ្មីរបស់ពិភពលោក និន្នាការប្រមូលផ្តុំរស់នៅក្នុងទីក្រុងការ​ប្រែប្រួលឤកាសធាតុ ភេរវកម្មឆ្លងដែន ការកើតឡើងនូវសង្គ្រាមនៅតំបន់មួយចំនួនជាដើម។ ដូច្នេះ ដើម្បីធ្វើឱ្យសង្គមជាតិរត់ទាន់សភាពការណ៍វិវឌ្ឍផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ការទាញយកប្រយោជន៍ជាអតិបរមាពីប៉ូលអភិវឌ្ឍថ្មីរបស់ពិភពលោក ការអភិវឌ្ឍមូលធនមនុស្ស ការបង្កើនផលិតភាព ការពង្រឹងបាននូវសុខសន្តិភាព ភាពសុខដុមរមនាក្នុងសង្គមជាតិ កម្ពុជាចាំបាច់ត្រូវជំរុញឱ្យកាន់តែខ្លាំងលើការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដើម្បីការឆ្ពោះទៅមុខរបស់កម្ពុជា ធានាដោះស្រាយបានបញ្ហាប្រឈមធំៗរបស់ជាតិ ជាមួយនឹងការរីកចម្រើនប្រកបដោយចីរភាព និងជវភាព។

ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ នាំមកនូវនវានុវត្ត និងការបង្កើតថ្មី សម្រាប់ការរួមចំណែកអភិវឌ្ឍប្រទេសជាតិ ការឆ្លើយតបនឹងនិម្មាបនកម្មថ្មីក្នុងតំបន់ និងពិភពលោក ដែលកម្ពុជាត្រូវបុរេសកម្មជាងមុន ត្រូវដឹងជាមុនអំពីការវិវត្តិនៃបញ្ហា និងដំណោះស្រាយលើគ្រប់ទិដ្ឋភាព ទាំងក្នុងក្រមិតអនុតំបន់ តំបន់ និងពិភពលោក ពិសេសបញ្ហាដែលឤចនឹងប៉ះពាល់ដល់ប្រយោជន៍របស់កម្ពុជា និងក្នុងបុព្វហេតុបង្កើនផលប្រយោជន៍ជូនជាតិមាតុភូមិ។ ជាការពិត ការសិក្សាស្រាវជ្រាវ និងអ្នកស្រាវជ្រាវប្រកបដោយចំណេះដឹងវិទ្យាសាស្ត្រ ទេពកោសល្យ និងគុណធម៌ គឺជាតម្រូវការចាំបាច់បំផុត សម្រាប់កម្ពុជា ហើយការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រ ជាតួនាទីស្នូលរបស់រាជបណ្ឌិត្យសភាកម្ពុជា។

ក្នុងស្មារតីនេះ ខ្ញុំសង្ឃឹមថា គោរមវន្តដែលទទួលបាននូវគោរមងារដ៏ថ្លៃវិសេសនេះ និងបញ្ញវន្តកម្ពុជាជាច្រើនរូបទៀតនៅទូទាំងប្រទេស នឹងពួតដៃគ្នារួមចំណែកបម្រើសង្គមជាតិយើង សំដៅកសាងបាននូវសង្គមកម្ពុជាមួយ ដែលមានសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម មានការអភិវឌ្ឍប្រកបដោយចីរភាព និង សមធម៌ មានកោសិកាផ្សារភ្ជាប់គ្នា មានប្រជាជនប្រកបដោយចំណេះដឹងខ្ពស់ និងវប្បធម៌ជ្រៅជ្រះ ហើយមានជីវភាពរស់នៅសមរម្យ និងប្រកបដោយសុខដុមរមនា ទាំងក្នុងសង្គមជាតិ ទាំងក្នុងក្រុមគ្រួសារ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ]

ការផ្ទុះឡើងនូវសង្គ្រាមពាណិជ្ជកម្ម

មុននឹងបញ្ចប់ គួរឱ្យខ្ញុំបាននិយាយបន្តិច ចំពោះអ្នកវិទ្យាសាស្ត្រ និងអ្នកសិក្សាស្រាវជ្រាវ។ សភាពការណ៍ថ្មី កំពុងនៅចំពោះមុខយើង នោះគឺសង្គ្រាមពាណិជ្ជកម្មបានផ្ទុះឡើងពេញទំហឹង ដែលនៅតែប៉ុន្មានថ្ងៃទៀត គឺអាចនឹងឈានចូលដល់ការអនុវត្ត។ ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ នៃប្រទេសអភិវឌ្ឍន៍ទាំងប្រាំពីរ ដែលមានការប្រឈមមុខដាក់គ្នា។ វាទាក់ទងជាមួយនឹងការប្រជុំនៅកាណាដារយៈពេលកន្លងទៅ ដែល សហរដ្ឋអាមេរិកហាក់ដូចជាបែកចេញពីប្រទេសអភិវឌ្ឍន៍ប្រាំមួយផ្សេងទៀត។ ជម្លោះពាណិជ្ជកម្មក៏បានកើតឡើង រវាងចិន ជាមួយនិងអាមេរិក​ ដែលផ្តើមពីសហរដ្ឋអាមេរិក ប៉ុន្តែនៅជាមួយម៉ិចស៊ិក ដែលជាប្រទេសក្បែរខាងរបស់សហរដ្ឋអាមេរិក រួមជាមួយនឹងប្រទេសឥណ្ឌា ដែលនឹងធ្វើការឆ្លើយតបនៅពេលខាងមុខ។

សង្គ្រាមពាណិជ្ជកម្ម ជាល្បែងដ៏គ្រោះថ្នាក់ ប្រសិនបើមិនមានការកែតម្រូវ

តើវាមានផលប៉ះពាល់យ៉ាងណាសម្រាប់យើង? ហើយវាមានផលប៉ះពាល់យ៉ាងណាសម្រាប់តំបន់របស់យើង និងកំណើនសេដ្ឋកិច្ចសកល? បញ្ហានោះវាមិនអនុគ្រោះឱ្យអ្នកណាទាំងអស់។ ខ្ញុំអាច​នឹងប្រមើលមើលថា វាជាល្បែងចាញ់ចាញ់មួយនៅលើពិភពលោក ប្រសិនបើមិនមានការកែតម្រូវណាមួយ ហើយបន្តនៅក្នុងល្បែងដ៏មានគ្រោះថ្នាក់ស្តីពីសង្គ្រាមពាណិជ្ជកម្មនេះ។ ដូច្នេះ ទាមទារឱ្យថ្នាក់ដឹកនាំ បញ្ញវន្តរបស់យើងធ្វើការសិក្សាស្រាវជ្រាវ អំពីលទ្ធភាពដែលអាចកើតមានបែបនេះ/នោះ។ មានលទ្ធភាពច្រើន ដែលអាចដាក់ចេញ ហើយតាមរយៈនោះ ជម្រើសនៃគោលនយោបាយរបស់យើង ក៏ត្រូវឆ្លើយតបទៅតាមបរិបទនីមួយៗផងដែរ។ នេះជាបញ្ហាមិនតូចតាចទេ។

ប្រមើលមើលវិធីដោះស្រាយមុន អំពីផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្ម ចំពោះកម្ពុជា

ពិតមែនតែបញ្ហាឧបទ្វីបកូរ៉េត្រូវបានធូរស្រាល ក៏ប៉ុន្តែ បញ្ហាសកលបានកើតឡើងហើយៗនេះជាបញ្ហាប្រ​ឈមដ៌ធំ សម្រាប់សេដ្ឋកិច្ចពិភពលោក ក៏ដូចជា សេដ្ឋកិច្ចនៅក្នុងតំបន់របស់យើង។ ការដំឡើងពន្ធនានា អ្នកដែលរងគ្រោះចុងក្រោយគេ  គឺអ្នកប្រើប្រាស់នោះឯង។ ចំណុចនេះ យើងក៏គួរប្រមើលមើលទុកជាមុន អំពីផលប៉ះពាល់នានា ដែលមានមកលើយើង។ តើយើងដោះស្រាយបញ្ហានោះរបៀបណា? រាប់ទាំងបច្ចុប្បន្ន យើង​បាន និងកំពុងសិក្សាស្រាវជ្រាវ ទាក់ទិនជាមួយនឹងស្ថានភាពនៃការប្រកួតប្រជែងរបស់យើង ទៅលើបញ្ហាទាក់ទាញការវិនិយោគ។

ប្រើប្រាស់ការសិក្សាទម្លាក់ថ្លៃអគ្គិសនី ជាក្របខណ្ឌគោលនយោបាយអាណិត្តិទី ៦

ក្នុងនោះ យើងបានឃើញហើយអំពីបញ្ហាតម្លៃអគ្គិសនីរបស់កម្ពុជា ដែលនៅខ្ពស់នៅឡើយ និងដែលទាម​ទារឱ្យធ្វើការសិក្សាមួយហ្មត់ចត់ ដើម្បីឈានទៅដល់ការទម្លាក់ថ្លៃអគ្គិសនី សម្រាប់ប្រជាជនប្រើប្រាស់ផង និងសំរាប់ទាក់ទាញ និងជម្រុញការអភិវឌ្ឍនៅក្នុងវិស័យឧស្សាហកម្មផង។ ទាមទារការសិក្សាស្រាវជ្រាវ​។ ខ្ញុំបានឃើញថា គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច ដែលដឹកនាំដោយ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសិក្សាមួយជំហានហើយៗខ្ញុំនឹងប្រើប្រាស់វាជាក្របខណ្ឌគោលនយោបាយរបស់យើង សម្រាប់អាណត្តិទី ៦  នៅពេលខាងមុខ។

ថ្ងៃទី ២៨ (មិថុនា ២០១៨) នឹងប្រកាសគោលការណ៍មួយចំនួនពាក់ព័ន្ធថ្លៃប្រេង

ជាមួយគ្នានោះ ប្រេងនៅលើទីផ្សារអន្តរជាតិកំពុងឡើងថ្លៃ។ វាក៏មានផលប៉ះពាល់មកដល់យើង។ នៅថ្ងៃទី ២៨ ខាងមុខនេះ ខ្ញុំនឹងប្រកាសចេញនូវគោលការណ៍មួយចំនួនពាក់ព័ន្ធជាមួយនឹងបញ្ហាថ្លៃប្រេងនៅក្នុងទីផ្សារក្នុងស្រុករបស់យើង ដើម្បីកាត់បន្ថយផលប៉ះពាល់ ដែលផ្តើមចេញពីការឡើងថ្លៃប្រេង (ដោយសារតែអ្វីដែល)គេហៅថា (ការ)មិនបង្កើនបរិមាណផលិតរបស់អង្គការអូប៉ិច (OPEC)។ ចំណុចនេះ សុទ្ធតែមានផលប៉ះពាល់ សម្រាប់យើងតែម្តង។

តួនាទី និងភារកិច្ចរបស់រាជបណ្ឌិតសភា

លើចំណុចនេះ ខ្ញុំចង់រំលឹកពីតួនាទីរបស់រាជបណ្ឌិតសភា ក៏ដូចជាតួនាទីបញ្ញវន្តរបស់យើង។ ពិតហើយ ការស្រាវជ្រាវនានា វាត្រូវតែមាន វាមិនមែនមានតែបញ្ហាប៉ុណ្ណឹងទេ នៅមានបញ្ហាច្រើនជាងនេះច្រើនណាស់ ក៏ប៉ុន្តែ ខ្ញុំស្នើសុំផ្តល់អាទិភាពទៅឱ្យកិច្ចការបន្ទាន់ៗចំពោះមុខ។ បើសិនយើងប្រើប្រាស់នូវខួរក្បាលរបស់យើង និងធានធានដ៏មានកម្រិតរបស់យើងទៅ(សិក្សាបញ្ហាច្រើន)ក្នុងតែមួយពេល ពិតជាមិនអាចឆ្លើយតបបានទេ។ ដូច្នេះ ត្រូវប្រមូលផ្តុំកិច្ចការណាត្រូវធ្វើមុន កិច្ចការណាត្រូវធ្វើក្រោយ។ និយាយយ៉ាងដូច្នេះមិនមែនបានសេចក្តីថា បោះបង់ចោលនូវកិច្ចការផ្សេងទេ។ កិច្ចការ(ទាំងឡាយ)វាពិតជាមានអាទិភាព និងមានលំដាប់លំដោយរបស់វា។

បញ្ញវន្តរបស់ជាតិ ចូលរួមសិក្សាស្រាវជ្រាវ

ខ្ញុំសង្ឃឹមថា បញ្ញវន្តរបស់យើង ទាំងអ្នកទទួលគោរមងារថ្ងៃនេះ ក៏ដូចជាអ្នកទាំងអស់ ដែលជាបញ្ញវន្តរបស់ជាតិ  រាប់ទាំងបណ្តាសាកលវិទ្យាល័យនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា អាចនឹងចូលរួម ដើម្បីផ្តល់នូវធាតុចូល សម្រាប់ការសិក្សាស្រាវជ្រាវពាក់ព័ន្ធទៅនឹងស្ថានភាពបច្ចុប្បន្ននេះ។ វាមិនគ្រាន់តែជាសង្គ្រាមពាណិជ្ជកម្ម ដែលទើបនឹងកើតទេ ក៏ប៉ុន្តែ វាជាសង្គ្រាមដែលបានកើតឡើង ឆាបឆេះនៅក្នុងតំបន់ខ្លះនៅទូទាំងពិភពលោក បញ្ហាភេរវកម្ម ការប្រែប្រួលអាកាសធាតុ និងបញ្ហាផ្សេងៗទៀត សុទ្ធតែក្លាយជាប្រធានបទ ដែលយើងត្រូវរកវិធីដោះស្រាយ  នៅក្នុងក្របខណ្ឌប្រទេសខ្លួនឯងផង នៅក្នុងក្របខណ្ឌអនុតំបន់ តំបន់ ក៏ដូចជា សម្រាប់ពិភពលោកផងដែរ។

[បញ្ចប់សេចក្តីអធិប្បាយ]

ជាមួយនឹងការអបអរសាទរ ចំពោះឥស្សរជន និងបញ្ញវន្តជាន់ខ្ពស់របស់ជាតិទាំង ៨ រូប ដែលនឹងទទួលបាននូវគោរមងារនេះ ខ្ញុំសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ បណ្ឌិតសភាចារ្យ បណ្ឌិតសាស្ត្រាចារ្យ លោក លោកស្រី និងអង្គពិធីទាំងមូល សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ៖ ឤយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យ និងជូនដំណើរពលរដ្ឋ ឡើងរថយន្តក្រុងសាធា...

នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា បានឆ្មក់ចុះទៅពិនិត្យ និងជូនដំណើរប្រជាពលរដ្ឋឡើងរថយន្តក្រុងសាធារណៈ​ចេញទៅស្រុកកំណើត​ក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌ។