សុន្ទរកថា និងសេចក្តីដកស្រង់ប្រសាសន៍ ពិធីបិទសន្និសីទអន្តរជាតិលើកទី ២ ស្តីពី «កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍ឤស៊ាន ក្រោមប្រធានបទ៖ អភិវឌ្ឍធនធានមនុស្ស ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព»

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ
– អង្គសន្និសីទទាំងមូល ជាទីមេត្រី !

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបិទសន្និសីទអន្តរជាតិលើកទី ២ ស្តីពី កិច្ចព្រមព្រៀង ទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍ឤស៊ាន ក្រោមប្រធានបទ៖ អភិវឌ្ឍធន​ធានមនុស្ស ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ដែលបានរៀបចំឡើងរយៈពេលពីរថ្ងៃនេះ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែកទេសចរ ណ៍​នៃបណ្តាប្រទេសសមាជិកឤស៊ាន ព្រមទាំងដៃគូឤស៊ាន មានឤស៊ាន-ចិន និងឤស៊ាន-ជប៉ុន។ ខ្ញុំក៏សូមអរគុណដល់ក្រសួង ស្ថាប័ន សមាគមទេសចរណ៍ជាតិ-អន្តរជាតិ សាកលវិទ្យាល័យនានាក្នុងតំបន់ ចំពោះការចូលរួមជាភ្ញៀវកិត្តិយស និងជាវាគ្មិន នៃកិច្ចពិភាក្សាក្នុងកម្មវិធីសន្និសីទអន្តរជាតិនេះ។

វិស័យទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជា មាសបៃតង និងជាការនាំចេញនៅនឹងកន្លែង ដែលបានចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការបង្កើតប្រាក់ចំណូល បង្កើតឱកាសការងារ បង្កើនការវិនិយោគក្នុងប្រទេស លើកកម្ពស់ការថែរក្សា និងអភិរក្សសម្បត្តិវប្បធម៌ និងធម្មជាតិ ចូលរួមកាត់បន្ថយការកើនឡើងកំដៅភពផែនដី និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព។ ជាងនេះទៀត វិស័យទេស​ចរណ៍ក៏ជាកត្តាមួយសំខាន់ ក្នុងការចូលរួមជំរុញសកលភាវូបនីយកម្ម សមាហរណកម្មតំបន់ ការផ្សារភ្ជាប់គ្នារវាងប្រជាជាតិ និងប្រជាជាតិ។ ផ្អែកលើតួនាទីដ៏សំខាន់នេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់គោលនយោបាយអភិវឌ្ឍវិស័យទេសចរណ៍របស់ខ្លួន តាមទស្សនាទាន ស្អាត និងបៃតង ឈរលើគោលការណ៍ចីរ​ភាព និងការទទួលខុសត្រូវ ដែលបង្ហាញពី ទស្សនៈអភិវឌ្ឍ និងអភិរក្ស

ក្នុងកម្រិតពិភពលោក វិស័យទេសចរណ៍ ត្រូវបានចាត់ទុក ជាវិស័យដែលមានភាពធន់នឹងវិបត្តិ ជាសសរស្តម្ភទ្រទ្រង់កំណើនសេដ្ឋកិច្ចពិភពលោក និងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ជាក់ស្តែង ទោះបីបច្ចុប្បន្ននេះ មានអស្ថិរភាពក្នុងប្រទេសមួយចំនួន និងការគំរាមដោយភេរវកម្ម និងជំងឺរាតត្បាតយ៉ាងណាក្តី វិស័យទេសចរណ៍ពិភពលោក នៅតែមានកំណើនគួរឱ្យកត់សម្គាល់។ ក្នុងឆ្នាំ ២០១៧ ពិភពលោកទាំងមូល បានទទួលស្វាគមន៍ទេសចរអន្តរជាតិជាង ១៣០០ លាននាក់, ក្នុងអត្រាកំណើន ៧%។ វិស័យទេសចរណ៍ពិភពលោក ចូលរួមបង្កើតចំណូលជាតិស្មើនឹង ១០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។

តាមការព្យាករ ទេសចរពិភពលោកនឹងបន្តកើនឡើងជាង ១៤០០ លាននាក់ ក្នុងឆ្នាំ ២០២០ និងកើនដល់ ១៨០០ លាននាក់ នៅឆ្នាំ ២០៣០។ ដោយឡែកក្នុងតំបន់ឤស៊ានទាំងមូល នៅឆ្នាំ ២០១៧ ទទួលបានទេសចរអន្តរជាតិចំនួន ១២៥ លាននាក់ កើនឡើង ៨,៤% លើសការព្យាករទុក។ ក្នុងនោះទេសចរផ្ទៃក្នុងឤស៊ានមានចំនួន ៤២% ដោយបានបង្កើតចំណូលសរុបប្រមាណ ៩៣ ពាន់លានដុល្លារឤមេរិក សម្រាប់តំបន់ទាំងមូល ដែលស្មើនឹង ១២% នៃផលិតផលក្នុងស្រុកសរុប។

វិស័យទេសចរណ៍កម្ពុជា ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ឆ្នាំ ២០១៧ ទេសចរអន្តរជាតិមកទស្ស​នាកម្ពុជាមានចំនួន ៥,៦ លាននាក់ ក្នុងអត្រាកំណើន ១១,៨%។ តាមស្ថានភាពដ៏ប្រសើរនេះ នៅឆ្នាំ ២០២០ កម្ពុជា រំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧ លាននាក់, នៅឆ្នាំ ២០២៥ កម្ពុជាឤចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១០ លាននាក់ ហើយនៅឆ្នាំ ២០៣០ ចំនួនទេសចរអន្តរជាតិនឹងកើនដល់ ១៥ លាននាក់។

លទ្ធផលទាំងនេះ គឺផ្តើមចេញពីនយោបាយ «ឈ្នះឈ្នះ» ដែលធ្វើឱ្យកម្ពុជាទទួលបានសន្តិភាពពេញបរិ​បូរណ៍, ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងទឹកដីសន្តិសុខ និងសុវត្ថិភាពសង្គមពេញផ្ទៃប្រទេស ដែលជាមូលដ្ឋានចម្បងសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ។ បច្ចុប្បន្ន កម្ពុជាបានក្លាយជាតំបន់គោលដៅទាក់ទាញទេសចរជាតិ និងអន្តរជាតិ ការវិនិយោគផ្ទាល់ពីបរទេស ប្រជាជនមានសេរីភាពធ្វើដំណើរដោយសុវត្ថិភាពគ្រប់ទីកន្លែង, មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រទាក់ក្រឡាគ្នា, ហើយភាពក្រីក្រត្រូវបានកាត់បន្ថយគួរឱ្យ​កត់សម្គាល់។

ទន្ទឹមនឹងការរីកចម្រើនផ្នែកសេដ្ឋកិច្ច, កម្ពុជាបាននឹងកំពុងចូលរួមយ៉ាងសកម្មជាមួយអង្គការអន្តរជាតិធំៗក្នុងពិភពលោក ដើម្បីជំរុញការអភិវឌ្ឍ, សុខសន្តិភាព និងភាពសំបូររុងរឿងជាសកល។ ក្នុងនោះ កិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ត្រូវបានពង្រឹងថែមទៀត តាមរយៈកិច្ចព្រមព្រៀងស្តីពីវិស័យទេសចរណ៍ឤស៊ាន ដែលបានអនុម័ត និងចុះហត្ថលេខាដោយថ្នាក់ដឹកនាំកំពូលឤស៊ាន ក្នុងកិច្ចប្រជុំកំពូលឤស៊ានលើកទី ៨ ឆ្នាំ ២០០២ នៅរាជធានីភ្នំពេញ ហើយកិច្ចព្រមព្រៀងនេះ បានក្លាយជាត្រីវិស័យតម្រង់ទិសការអភិវឌ្ឍវិស័យទេសចរណ៍, ទាំងកម្រិតជាតិ និងតំបន់ ការបង្កើតផលិតផលទេសចរណ៍ថ្មីៗសម្បូរបែប ការរៀបចំឱ្យមានស្តង់ដាគុណភាពសេវាទេសចរណ៍ ការផ្សព្វផ្សាយផលិតផលទេសចរណ៍រួមគ្នា ការអភិវឌ្ឍធន​ធានមនុស្ស រួមទាំងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត។

ខ្ញុំសូមអបអរសាទរភាពជឿនលឿន ការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមករវាងអ្នកជំ​នាញ ទេសចរណ៍ឤស៊ានទាំងកម្រិតជាតិ និងតំបន់។ កិច្ចព្រមព្រៀងនេះ ជាឧបករណ៍យុទ្ធសាស្ត្រឤស៊ាន​សំ​ដៅចូលរួមពង្រឹងសមត្ថភាព, ផ្តល់ឱកាសការងារកាន់តែទូលាយ និងមានវិធីសាស្ត្រក្នុងការអភិវឌ្ឍជំ​នាញ​ទេសចរណ៍ជូនសិស្ស-និស្សិត ដែលកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍ ក្នុងបណ្តាប្រទេសសមា​ជិក​​ឤស៊ាន ប្រមាណ ៣០ លាននាក់។

ជាមួយនឹងលទ្ធផលនៃសន្និសីទអន្តរជាតិនេះ ខ្ញុំសូមផ្តល់អនុសាសន៍បន្ថែមដូចតទៅ៖

ទី១. ត្រូវយកចិត្តទុកដាក់ចំពោះចរន្ត នៃការរីកចម្រើនវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ពិសេសក្នុងបរិការណ៍ បដិវត្តន៍ឧស្សាហកម្ម ៤.០ និងការរីកចម្រើននៃបញ្ញាសិប្បនិម្មិត ដូចជាប្រព័ន្ធកក់សំបុត្រធ្វើដំ​ណើរ​បន្ទប់ស្នាក់នៅ មធ្យោបាយដឹកជញ្ជូនជាដើម ដែលកំពុងធ្វើឱ្យការប្រកួតប្រជែងកាន់តែមានកម្រិតខ្លាំងឡើង​។ ក្នុងន័យនេះ យើងគួរពង្រឹងការចែករំលែកបទពិសោធន៍ និងភាពជោគជ័យរបស់ខ្លួន ក្នុងការដាក់ចេញអនុវត្តគោលនយោបាយទ្រទ្រង់ការអភិវឌ្ឍ ធនធានមនុស្សឱ្យសមស្រប ឆ្លើយតបនឹងបញ្ហាប្រឈមនានា សំដៅសហការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្ន។

ទី២. កិច្ចព្រមព្រៀងទទួលស្គាល់អ្នកជំនាញទេសចរណ៍ឤស៊ាន ពិតជាយន្តការធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធបណ្តុះបណ្តាលជំនាញទេសចរណ៍ ចូលរួមកាត់បន្ថយនូវគម្លាតចំណេះដឹង និងជំនាញ រវាងអ្នកជំនាញដូចគ្នាក្នុងតំបន់ សម្រួលការផ្លាស់ប្តូរបទពិសោធន៍ ក្នុងការអភិវឌ្ឍជំនាញរវាងប្រទេសសមាជិកទាំងអស់។ ដូច្នេះស្ថាប័នរដ្ឋ ឯកជន  អង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍនានា គួរផ្តល់កិច្ចសហការ និងគាំទ្របន្ថែមទៀត សំដៅចូលរួមអនុវត្តស្មារតីកិច្ចព្រមព្រៀងឤស៊ាននេះ ឱ្យកាន់តែមានប្រសិទ្ធភាព និង​សំរេចគោលដៅរួមរបស់ឤស៊ាន។

[ចាប់ផ្តើមសេចក្តីអធិប្បាយ]

ធនាគារឯកទេសវិស័យឯកជន ចូលរួមបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍

ក្នុងចំណុចនេះ ខ្ញុំចង់យកឱកាសនេះអំពាវនាវទៅកាន់ធនាគារឯកទេសទាំងឡាយ នៃវិស័យឯកជន សូមចូលរួមនៅក្នុងការចូលរួមចំណែកនៅក្នុងការចូលរួមបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការផ្តល់កម្ចីដែលមានការប្រាក់ទាប សម្រាប់និស្សិតដែលចង់រៀននៅក្នុងវិស័យទេសចរណ៍។ យើងបានឃើញហើយថា កំណើននៃទេសចរចូលមកកាន់ប្រទេសយើងមានចំនួនកាន់តែច្រើន ហើយភាពប្រទាក់ក្រឡារវាងកម្ពុជា ជាមួយប្រទេសនៅក្នុងក្របខណ្ឌអាស៊ាន ក៏ដូចជាពិភពលោកកាន់តែប្រព្រឹត្តទៅក្នុងល្បឿនមួយយ៉ាង លឿន។ ក្នុងពេលវេលានេះ តម្រូវការបណ្តុះបណ្តាលធនធានមនុស្សគឺមានច្រើន នៅក្នុងពេលដែលនិស្សិតរបស់យើងចង់ចូលរៀន ប៉ុន្តែពួកគេខ្វះលទ្ធភាព។ ដូច្នេះ រដ្ឋមិនមានតួនាទីណាមួយនៅក្នុងការដាក់ចេញនូវទុនសម្រាប់ការបណ្តុះបណ្តាលនេះ ក្រៅពីសាលាដែលខ្លួនមាននោះទេ។ ប៉ុន្តែ យើងសុំអំពាវនាវចំពោះធនាគារឯកទេសទាំងឡាយនៅក្នុងវិស័យឯកជន ដែលអាចចូលរួមចំណែកផ្តល់នូវប្រាក់កម្ចីដល់និស្សិតសម្រាប់ការរៀនសូត្រ។

សូមឯកឧត្តម ថោង ខុន ទំនាក់ទំនងជាមួយនឹងបណ្តាធនាគារទាំងឡាយសម្រាប់ការរៀបចំបែបបទ ពិភាក្សាទាក់ទងជាមួយនឹងអត្រាការប្រាក់ និងការធានាយ៉ាងណាបែបមួយនោះ ឲ្យពួកគេបានរៀន ហើយមានលទ្ធភាពសងមកធនាគារវិញនៅពេលដែលគេរៀនចប់។ ដំណាក់កាលរៀនចប់ ត្រូវគេសងមកកាន់ធនាគារវិញ ដែលមិនធ្វើឲ្យធនាគារមានការខាតបង់។ ធនាគារនៅតែមានការអាចយកបាននូវប្រាក់​ដើមត្រឡប់មកវិញ បូកនឹងការប្រាក់ខ្លះ។ និស្សិតក៏ទទួលបានប្រាក់សម្រាប់ការរៀនសូត្រ។

បណ្តុះបណ្តាលធនធានមនុស្សសំរាប់វិស័យទេសចរណ៍ តម្រូវការទំនាក់ទំនងក្របខណ្ឌអាស៊ាន និងដៃគូ

មានតែវិធីមួយនេះ ដែលគួបផ្សំគ្នារវាងរដ្ឋ និងផ្នែកឯកជន រួមមានការគាំទ្ររបស់ឯកជនក្នុងផ្នែកធនា​គារសម្រាប់ផ្តល់ឲ្យនិស្សិតបានខ្ចីប្រាក់សម្រាប់ការរៀនសូត្ររបស់ពួកគេ។ យើងអាចធ្វើរឿងនេះ ទាំងក្នុងក្របខណ្ឌធនាគារ និងក្នុងក្របខណ្ឌមីក្រូហិរញ្ញវត្ថុផងដែរ។ ដូច្នេះល្បឿននៃការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៅក្នុងវិស័យទេសចរណ៍របស់ប្រទេសយើង ក៏ដូចជាទំនាក់ទំនងរវាងយើង នៅក្នុងក្របខណ្ឌដៃគូអាស៊ាន និងដៃគូពីខាងក្រៅផ្សេងទៀត នឹងអាចធ្វើដំណើរព្រមៗគ្នា ហើយគម្លាតនៃការអភិវឌ្ឍនោះក៏វាមិនធំពេកដែរ។ នេះជាអនុសាសន៍បន្ថែម។

[បញ្ចប់សេចក្តីអធិប្បាយ]

ទី៣. ជំរុញបង្កើតយន្តការទទួលស្គាល់បទពិសោធន៍រួម ដោយឈរលើគោលការណ៍គុណភាព និងក្របខណ្ឌគតិយុត្តនៃប្រទេសនីមួយៗ។ ទន្ទឹមនេះ ខ្ញុំស្នើថ្នាក់ដឹកនាំទេសចរណ៍ឤស៊ាន ពិនិត្យលទ្ធភាព និងពន្លឿនការដាក់ចូលប្រភេទជំនាញផ្សេងៗទៀត ក្នុងវិស័យទេសចរណ៍ ទៅក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមករវាងអ្នកជំនាញទេសចរណ៍ឤស៊ាន ដែលបច្ចុប្បន្នមានតែ ៣២ មុខជំនាញប៉ុណ្ណោះ។

ទី៤. វិស័យទេសចរណ៍ត្រូវបានពិភពលោកចាត់ទុកជាវិស័យ ដែលមានការជាប់ពាក់ព័ន្ធដោយផ្ទាល់ និង ដោយប្រយោល ក្នុងការចូលរួមសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ ២០៣០។ ក្នុងន័យនេះ ខ្ញុំសូមស្នើដៃគូអភិវឌ្ឍ, អង្គការជាតិ-អន្តរជាតិ សូមសហការ និងជួយគាំទ្រដល់ប្រទេសសមាជិកឤស៊ាន តាមការជាក់ស្តែង ដើម្បីចូលរួមសម្រេចគោលដៅនេះ។

ខ្ញុំសង្ឃឹមថា លទ្ធផលនៃសន្និសីទអន្តរជាតិលើកទី ២ នេះ នឹងនាំមកនូវអត្ថប្រយោជន៍សម្រាប់ឤស៊ានក្នុងការអភិវឌ្ឍជំនាញទេសចរណ៍រួមគ្នា សំដៅលើកកម្ពស់ការងារ និងជំនាញក្នុងតំបន់ ចូលរួមអភិវឌ្ឍទេស​ចរណ៍ប្រកបដោយចីរភាព ទប់ស្កាត់ផលអវិជ្ជមាន ដើម្បីធានាសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពនៅក្នុងតំបន់ឤស៊ាន។

ជាទីបញ្ចប់ ជាមួយការប្រកាសបិទសន្និសីទអន្តរជាតិលើកទី ២ ស្តីពី កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍ឤស៊ាន ក្រោមប្រធានប៖ អភិវឌ្ឍធនធានមនុស្សដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព នាពេលនេះ ខ្ញុំសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គពិធីទាំងមូល សូមទទួលបានសិរីសួស្តី វិបុលសុខ និងជោគជ័យគ្រប់ភារកិច្ចរៀងៗខ្លួន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ