ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា, សមាជិក សមាជិកា រាជរដ្ឋាភិបាល
ឯកឧត្តម ឯកអគ្គរដ្ឋទូតតំណាងស្ថានទូតនានាប្រចាំកម្ពុជា,គណៈធិបតី ភ្ញៀវកិត្តិយស សាស្រ្តាចារ្យវេជ្ជសាស្រ្ត ក្រុមគ្រូពេទ្យ និស្សិតសុខាភិបាល និងអង្គពិធីទាំងមូល ជាទីមេត្រី!
ថ្ងៃនេះ, ខ្ញុំមានសេចក្ដីរីករាយ ដោយបានមកចូលរួម នៅក្នុងពិធីបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌលកណ្តាល, អគារចំណត និង រោងជាង, និង អគារវេជ្ជសាស្ត្រស៊ីក្លូត្រុង នៅមន្ទីរពេទ្យកាល់ម៉ែត» នាថ្ងៃនេះ ។
ឆ្លៀតឱកាសនេះ, ខ្ញុំសូមកោតសរសើរចំពោះក្រសួងសុខាភិបាល ដែលបានយកចិត្តទុកដាក់ ក្នុងការអនុវត្តការងារប្រកបដោយឆន្ទៈមោះមុត, ជាពិសេស ការដាក់ចេញនូវយន្តការគន្លឹះ, ការអភិវឌ្ឍមូលធនមនុស្ស, និង ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និង កិច្ចសហការ ជាមួយភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់វិស័យសុខាភិបាល និង ប្រព័ន្ធសុខភាពសាធារណៈ ស្របតាមកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរយៈពេលវែងរបស់ រាជរដ្ឋាភិបាល ។ ជាក់ស្តែង, ការប្រកាសបើកការដ្ឋាននាពេលនេះ ឆ្លុះបញ្ចាំងនូវការរីកចម្រើនថែមមួយកម្រិតទៀត នៃការធ្វើទំនើបកម្មវិស័យវេជ្ជសាស្រ្តនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យា ក្នុងយុគនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ សំដៅចូលរួមលើកកម្ពស់ស្ថានភាពសុខភាពប្រជាជន នាពេលបច្ចុប្បន្ន និង អនាគត ព្រមទាំងធានាបាននូវសុខុមាលភាព ល្អរបស់ប្រជាជនកម្ពុជាជំនាន់ក្រោយៗទៀត ។
តាមរបាយការណ៍ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល, អគាទាំង ៣ នេះ នឹងត្រូវបំពាក់ដោយសម្ភារៈ ឧបករណ៍ពេទ្យ ដែលមានលក្ខណៈទំនើប និង មានហេដ្ឋារចនាសម្ព័ន្ធសំណង់ទាន់សម័យ ស្របតាមស្តង់ដាអន្តរជាតិ ហើយគ្រោងដាក់ឱ្យប្រើប្រាស់ ជាអគារពហុមុខងារពិសេស, មុខងារមានឯកទេសខ្ពស់, ដូចជា ការធ្វើរោគវិនិច្ឆ័យ និង ការព្យាបាលជំងឺមហារីក និង ជំងឺមិនឆ្លងរ៉ាំរ៉ៃដទៃទៀត សំដៅឆ្លើយតបនឹងការវិវត្តនៃតម្រូវការថែទាំសុខភាពរបស់ប្រជាជនកម្ពុជា ដែលទាមទារនូវសមត្ថភាពបច្ចេកទេសគ្លីនិកខ្ពស់ ។ ខ្ញុំពិតជាមានមោទនភាពចំពោះសមិទ្ធផលជាតិថ្មីដ៏ទំនើបឈានមុខនេះ ដែលនឹងជួយជំរុញឱ្យកម្ពុជាអភិវឌ្ឍវិស័យសុខាភិបាលដល់កម្រិតស្តង់ដាតំបន់ និង អន្តរជាតិ ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
(១) មិនហាមប្រជាជនមានឡានថែម មិនហាមអ្នកភ្នំពេញកើតកូនថែម តែរៀបចំហេដ្ឋារចនាសម្ព័ន្ធ
អម្បាញ់មិញ នៅក្នុងការរៀបចំនេះ យើងមានគំរផងសាងសង់ ២៥ជាន់។ ពេលចូលមក បានសួរអ្នកគ្រូពេទ្យថា “ធ្វើម៉េចឥឡូវបើអស់កន្លែងចតឡាននៅផ្ទាល់ដីហើយ”។ ដីរបស់យើងមិនអាចរីកបាន អញ្ចឹងមានតែលូតទៅលើ។ ពីដើម គេដាំដើមឈើ ឥឡូវគេដាំអគារ ហើយពីមួយអគារទៅមួយអគារកាន់តែខ្ពស់។ (នៅ)ពេទ្យកាល់ម៉ែត្រ(នេះ) ខ្ញុំមកតាំងពីក្មេង តាំងពីប្អូនខ្ញុំកើតនៅទីនេះ។ យើងមានអគារតូចៗច្រើន និងវាល។ កាលនោះតម្រូវការរបស់ប្រជាពលរដ្ឋយើងមិនទាន់ច្រើនទេ។ ឥឡូវតម្រូវការកាន់តែច្រើន។ សង់ប៉ុន្មានអគារ(កាន់តែ)ខ្ពស់ទៀត កាន់តែទំនើប ប្រជាជនមកទទួលសេវាកាន់តែច្រើន នៅតែខ្វះ។ អញ្ចឹងលេងម្ដងនេះ ២៥ជាន់ ហើយឯកឧត្តមរដ្ឋមន្រ្តីថា ២៥ជាន់ហ្នឹង អស់ហើយ អស់ដីធ្វើទៀតហើយ។ ឥឡូវ parking គ្មានជម្រើសទេ (ចំនួន)ឡានមិនថយទេ មានតែកើន។ អ្នកជំងឺម្នាក់ ជួនកាលត្រូវការ ២-៣ កន្លែង ព្រោះអ្នកមកលេង អ្នកមកមើលសួរសុខទុក្ខច្រើនគ្នា។ អញ្ចឹងមានតែដាក់ ១៣ជាន់ ហើយបូកសរុបអម្បាញ់មិញ ដូចជា(ចតបាន) ៥០០គ្រឿងដែរ។
ខ្ញុំគិតថា ទៅមុខទៀត នៅក្នុងរាជធានីភ្នំពេញយើង ប្រហែលជានឹងឃើញអគារ parking ហ្នឹងច្រើនជាន់ទៀត ព្រោះដីអស់ហើយ។ មានក្រោមដីខ្លះហើយ នៅមុខអគារវឌ្ឍនៈ តែទៅមុខទៀតប្រហែលជាមានវិនិយោគសម្រាប់អគារដាក់រថយន្តច្រើន។ ខ្ញុំតែងតែនិយាយថា យើងហាមមិនឱ្យប្រជាជនមានឡានថែមទៀត មិនកើតទេ។ ហាមមិនឱ្យអ្នកភ្នំពេញកើតកូនថែមទៀតមិនកើត។ អញ្ចឹងមានតែរៀបចំហេដ្ឋារចនាសម្ព័ន្ធ … អម្បាញ់មិញ ខ្ញុំអង្គុយចុចមើលក្នុង Google maps ក្រែងលោមាននៅសល់នៅកន្លែងណាទៀត។ មើលទៅអស់ហើយ។ យើងមើលនៅក្នុងផែនទីចាស់ៗ (ក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ) ដែលនៅក្នុងសៀវភៅដាក់មក អម្បាញ់មិញនេះ នៅក្នុងភូមិសាស្រ្តកន្លែងនេះ បានសង់អគារទាំងអស់។ ការរៀបចំនៅថ្ងៃនេះ ខ្ញុំសង្ឃឹមថានឹងបើកឱកាសបន្ថែមទៀតទទួលប្រជាពលរដ្ឋយើង។ ទំនើបកម្ម និងពិពិធកម្មនៃសេវានេះ កាន់តែផ្ដល់ឱកាសសម្រាប់ប្រជាពលរដ្ឋយើងដែលមកទទួល(សេវាសុខាភិបាល)បានកាន់តែច្រើន។
[ចប់សេចក្ដីអធិប្បាយ១]
ទន្ទឹមនេះ, រាជរដ្ឋាភិបាលបាន និង កំពុងធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ការបំពាក់ឧបករណ៍ពេទ្យ, ការបណ្តុះបណ្តាល, ការជ្រើសរើស និង ការពង្រាយគ្រូពេទ្យ និង បុគ្គលិកបច្ចេកទេស, ក៏ដូចជា ការផ្គត់ផ្គង់ឱសថជាសារវន្ត នៅតាមមណ្ឌលសុខភាព និង មន្ទីរពេទ្យបង្អែកស្រុក-ខេត្ត ដើម្បីពង្រឹងសមត្ថភាពផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព ជូនប្រជាជនមូលដ្ឋាន ។ លើសពីនេះ, រាជរដ្ឋាភិបាលបានពង្រីកបន្ថែមនូវការគ្របដណ្តប់នៃកម្មវិធីមូលនិធិសមធម៌សុខាភិបាលដល់គ្រួសារងាយរងគ្រោះ និង ក្រុមគោលដៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ, របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព (បសស) ដល់សមាជិកគ្រួសារ និង អ្នកនៅក្នុងបន្ទុកសមាជិក បសស និង ប្រជាជនស្វ័យនិយោជន៍ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត, ព្រមទាំងកម្មវិធីជំនួយសង្គមផ្សេងទៀត ជូនដល់ប្រជាជនគោលដៅ ។
រាជរដ្ឋាភិបាល នីតិកាលទី ៧ ក៏ដូចជានីតិកាលមុនៗ នៃរដ្ឋសភា ចាត់ទុកការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់, ក្នុងនោះ សុខភាពល្អរួមចំណែកយ៉ាងសំខាន់ ដល់សមត្ថភាពក្នុងការស្រូបយកចំណេះដឹងទូលំទូលាយ និង ជំនាញឯកទេសកម្មពិតប្រាកដ ប្រកបដោយសីលធម៌វិជ្ជាជីវៈ, ដែលទាំងនេះ គឺជាអាទិភាពគន្លឹះទីមួយ ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព, បរិយាប័ន្ន, ភាពធន់ និង ចីរភាព ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលតែងតែខិតខំរិះរកយន្តការចាំបាច់នានា ដែលមានប្រសិទ្ធភាព និង ការវិភាជថវិកា យ៉ាងច្រើនជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់សុខភាព និង សុខុមាលភាពរបស់ប្រជាជនគ្រប់រូបឱ្យកាន់តែប្រសើរជាលំដាប់ដោយផ្តោតជាសំខាន់ លើការកាត់បន្ថយការឈឺ និង ការស្លាប់បណ្តាលមកពីជំងឺ, ជាពិសេស ជំងឺមិនឆ្លងចម្បងៗ, ការលើកកម្ពស់សុខភាពបន្តពូជ, សុខភាពមាតា ទារក និង កុមារ, និង អាហារូបត្ថម្ភ, ការការពារសុខភាពសាធារណៈ, ការបង្ការ និងការគ្រប់គ្រងគ្រោះអាសន្នសុខភាព ជាដើម ។
ទន្ទឹមនេះ, រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ សម្រាប់ចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ ២០២៣, ក្នុងនោះ កម្មវិធីគោលនយោបាយអាទិភាពទី ១ គឺការពង្រីកសេវាសុខាភិបាលឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ដោយចាប់ផ្តើមពី ៖ ទី១). ការផ្តល់សេវាថែទាំសុខភាពជូនគ្រួសារងាយរងហានិភ័យប្រមាណជាង ៤៥ ម៉ឺនគ្រួសារ, ស្មើនឹងសមាជិកសរុប ១,៥ លាននាក់, តាមរយៈ ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល; ទី២). ការពង្រីករបបថែទាំសុខភាព បសស, ទាំងសម្រាប់កម្មករ-និយោជិត និង មន្រ្តីសាធារណៈ ដែលគ្របដណ្តប់បន្ថែមដល់សមាជិកគ្រួសារ និង អ្នកនៅក្នុងបន្ទុកប្រមាណ ៣ លាននាក់ តាម គោលការណ៍ស្ម័គ្រចិត្ត ។ ជាសរុប, គម្រោងទាំងពីរនេះ នឹងធ្វើឱ្យប្រជាជនប្រមាណ ៧,៤ លាន នាក់ មានលទ្ធភាពទទួលបានរបបសន្តិសុខសង្គមផ្នែកសេវាថែទាំសុខភាព ។ ម៉្យាងទៀត, រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវផែនទីបង្ហាញផ្លូវទៅកាន់ការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ ២០៣៥ នៅខែ ឧសភា ឆ្នាំ ២០២៤ ដែលមានគោលដៅ ៣ គឺ ១). ពង្រីកវិសាលភាពគ្របដណ្តប់ពលរដ្ឋដោយប្រព័ន្ធគាំពារសុខភាពសង្គមឱ្យបាន ៨០% នៃចំនួនពលរដ្ឋសរុប, ២). សន្ទស្សន៍គ្របដណ្តប់សេវាសុខាភិបាលជាសារវន្តយ៉ាងហោចណាស់ ៨០ % និង ៣). កាត់បន្ថយកម្រិតចំណាយពីហោប៉ៅផ្ទាល់លើការថែទាំសុខភាពឱ្យនៅត្រឹម៣៥% នៃចំណាយសរុបលើការថែទាំសុខភាព។
ដើម្បីឆ្ពោះទៅសម្រេចគោលនយោបាយអាទិភាពខាងលើ, រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តវិធានការគន្លឹះ ៣ ក្នុងវិស័យសុខាភិបាល ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល និង ពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន, ដោយផ្តោតជាចម្បងលើ ទី១). ពង្រឹងសមត្ថភាពផ្តល់សេវានៅមណ្ឌលសុខភាព និង មន្ទីរពេទ្យបង្អែកស្រុក; ទី២). អភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលគ្រប់លំដាប់ក្នុងការគ្រប់គ្រងធនធានមនុស្ស និង ហិរញ្ញវត្ថុ, ការងារនិយ័តកម្ម, ការឆ្លើយតបនឹងការគំរាមកំហែងសុខភាពសាធារណៈ និង គ្រោះអាសន្នសុខភាព, ព្រមទាំងការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចដំណើរការមុខងារស្ថាប័ន; និង ទី៣). កសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និង ឯកជន ដើម្បីធានាថា ប្រជាជនគ្រប់រូបទទួល បានសេវាថែទាំសុខភាពមានគុណភាព សុវត្ថិភាព និង ប្រសិទ្ធភាពខ្ពស់ ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
(២) ការបង្កើនសមត្ថភាពនិងគុណភាពសុខាភិបាលនៅមូលដា្ឋនជួយកាត់បន្ថយអត្រាស្លាប់មាតានិងទារក
ការកែលម្អគុណភាពសេវាសុខាភិបាល ត្រូវធ្វើជាប្រចាំ និងជាប់មិនដាច់ ដោយសំដៅលើការលើកកម្ពស់គុណភាពសេវាថែទាំសុខាភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនឲ្យកាន់តែរីកចំរើន។ នៅក្នុងន័យនេះ រាជរដ្ឋាភិបាលច្រើនអាណត្ដិហើយ បានយកចិត្តទុកដាក់ជាប្រចាំក្នុងការបង្កលទ្ធភាពឲ្យប្រជាជនមានលទ្ធភាពក្នុងការទទួលសេវា។ លទ្ធភាពទី ១គឺការពង្រីកសេវាសុខាភិបាលតាមរយៈការជំរុញសេវាសុខាភិបាលទៅមូលដ្ឋាន ការកសាងប៉ុស្ដិ៍សុខភាព មណ្ឌលសុខភាព ពេទ្យបង្អែកស្រុក … បូកផ្សំជាមួយនឹងការកសាង ពង្រឹងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នេះ គឺជាកិច្ចការសំខាន់។ ខ្ញុំទៅច្រើនកន្លែង បានជួបប្រជាពលរដ្ឋ ជាពិសេសនៅកន្លែងចុងកាត់មាត់ញក។ ខ្ញុំសួរគាត់ថាពីមុនយ៉ាងម៉េចខ្លះ? គាត់ថា សូម្បីអ្នកត្រូវឆ្លងទន្លេហ្នឹង ពេលខ្លះគឺត្រូវធ្វើដំណើររាប់ម៉ោង ផ្លូវរលាក់ អត់ផ្លូវទៅ (ត្រូវ)ឆ្លងទឹក។ ឥឡូវនេះយើងពង្រីកបាន(ហេដ្ឋារចនាសម្ព័ន្ធ ដែល)ជួយច្រើន។ (ដែលសំរេចបាន)ការកាត់បន្ថយអត្រាស្លាប់មាតា និងទារក មួយផ្នែកគឺការជំរុញ និងបង្កើនសមត្ថភាព និងគុណភាពសុខាភិបាលនៅមូលដា្ឋន។ យើងនៅអង្គុយទីនេះ នៅរាជធានីភ្នំពេញ ប្រហែលជាមិនសូវបារម្ភទេ ព្រោះមានគ្លីនិកច្រើន ពេទ្យច្រើន។ ប៉ុន្ដែបើយើងទៅខេត្ត ទៅស្រុកដែលឆ្ងាយ (សេវាសុខាភិបាល)ហ្នឹងកាន់តែមានតម្លៃ។ រាប់ឆ្នាំមក(នេះ) យើងបានពង្រីកបន្ថែម និងពង្រឹងគុណភាពជាមួយគ្នា ធ្វើយ៉ាងណាឲ្យវិសាលភាពគ្របដណ្ដប់(បានទូលំទូលាយ) កុំអោយធ្វើតែនៅទីប្រជុំជន ដែលប្រជាពលរដ្ឋយើង ១៧ លាននាក់ មិនអាចទទួលផលនេះ។ នេះជាការខិតខំ និងការជំរុញ ដែលរាជរដ្ឋាភិបាលអាណត្ដិទី៧ នឹងបន្ដពង្រឹងបន្ថែមទៀត។
(៣) អភិវឌ្ឍសេវាសុខាភិបាលតាមអភិក្រមពីលើចុះក្រោម និងពីក្រោមឡើងទៅលើ
យើងអភិវឌ្ឍ(សេវាសុខាភិបាល)តាមអភិក្រម២។ ខ្ញុំធ្លាប់បានលើកក្នុងពិធីបូកសរុប(ការងារ)របស់ក្រសួងសុខាភិបាល។ អភិក្រមទី១ គឺពីលើចុះក្រោម top- down គឺការធ្វើទំនើបកម្មនិងពិពិធកម្មនៃសេវាឲ្យកាន់តែទំនើប។ អភិក្រមទី ២ គឺពីក្រោមឡើង។ គឺពង្រឹងសេវាមូលដ្ឋានដោយចាប់ផ្ដើមពីមណ្ឌលសុខភាព និងពេទ្យបង្អែកស្រុក។ ថ្ងៃនេះ នៅទីនេះយើងអនុវត្តអភិក្រមទី១ ព្រោះជាការវិនិយោគធំណាស់សំរាប់ទំនើបកម្មនិងពិពិធកម្ម។ អគារមានតម្លៃ ៦២ លានដុល្លារ បំពាក់គ្រឿង(ទំនើបៗ) ហើយមិនមែនគ្រាន់តែសង់អគារ បំពាក់ឧបករណ៍ទំនើបកើតនោះទេ ត្រូវការបណ្ដុះបណ្ដាលគ្រូពេទ្យ ត្រូវការប្រើប្រាស់ថ្នាំដែលមានគុណភាព ត្រូវការចំណាយជាប់ជាប្រចាំ។ អញ្ចឹង ការធ្វើពិពិធកម្មពីលើចុះក្រោម បានន័យថាទំនើបកម្មពីលើចុះក្រោម ពីពេទ្យថ្នាក់ជាតិ។ ឥឡូវយើងឈានទី ២ ថ្នាក់តំបន់ និងថ្ងៃក្រោយ រាជធានីខេត្ត ដើម្បីយើងអាចធ្វើវិមជ្ឈការសមត្ថភាពព្យាបាលជំងឺសំខាន់ៗមួយចំនួនទៅដល់ខេត្តនៅដល់តំបន់។ ការវះកាត់ខួរក្បាល បេះដូង សំខាន់។ បើរវល់តែដឹកពីកំពង់ធំ ពីព្រះវិហារ ពីរតនគិរីមកដល់រាជធានីភ្នំពេញ (ការវះកាត់និងព្យាបាល)អាចពិបាក។ ឥឡូវ អគារថ្មីមាន(ទីសំរាប់)ឧទ្ធម្ភាចក្រចុះពីលើ(អគារ) … ប៉ុន្ដែសួរថា ប្រជាពលរដ្ឋទូទាំងប្រទេសរាប់រយរាប់ពាន់នាក់ ជួនកាលក្នុងមួយថ្ងៃអាចមានការបន្ទាន់ ៥០ ឬ៦០ ករណី (ដូចជា)គ្រោះថ្នាក់ចរាចរណ៍ ក៏គ្រោះថ្នាក់សំខាន់ វះបេះដូង ខួរក្បាលអីផ្សេងៗ។
(៤) សេវាសុខាភិបាលកាន់តែទំនើប ថ្នាំកាន់តែល្អ ប្រជាជនកាន់តែច្រើនចូលមកប្រើប្រាស់
អញ្ចឹងការពង្រឹងសមត្ថភាពទី១ នៅក្នុងប្រទេសយើងនេះ ដើម្បីជំនួសការទទួលសេវានៅក្រៅប្រទេស (អោយមក)ទទួល(សេវា)នៅខាងនេះ។ ប្រជាពលរដ្ឋអាចទទួលយក(សេវា)បានច្រើននៅរាជធានីភ្នំពេញ ពេទ្យថ្នាក់ជាតិរបស់យើង។ យើងកាន់តែបង្កើន(សមត្ថភាពក្នុងការសង្គ្រោះនិងព្យាបាល)។ ឥឡូវយើងដាក់ផែនការសំរាប់ពេទ្យតំបន់ពីរហើយ គឺពេទ្យនៅសៀមរាប និងខេត្តកំពង់ចាម ដោយការរៀបចំមានជំនួយពីជប៉ុន។ ថ្ងៃមុន ខ្ញុំទៅសម្ពោធមជ្ឈមណ្ឌលវះកាត់មួយនៅខេត្ត ប៉ុន្ដែយើងវិនិយោគ និងបំពាក់មនុស្ស ត្រៀមដើម្បីកន្លែងនេះជួយស្រូប(អ្នកជំងឺ)មួយចំនួន។ យើងបង្កើតមន្ទីពេទ្យហ្លួងម៉ែមួយជាមណ្ឌល(ពិនិត្យនិងព្យាបាលរោគ) cancer (ដែល)ស្រូបយកពេទ្យពី(មន្ទីរពេទ្យ)មួយចំនួន។ ខ្ញុំឯកភាពឲ្យអញ្ជើញ ៨នាក់ពីក្រៅមក។ យើងត្រូវបណ្ដុះបណ្ដាលបន្ថែមទៀត។ គ្រាន់តែពេទ្យបង្អែកស្រុកនៅកោះធំបើក ត្រូវស្រូបយកពេទ្យពីភ្នំពេញទៅជួយខ្លះ។ អ្នកទៅហ្នឹងក៏ថា ម៉ោង(ធ្វើការ)វែង ហើយប្រជាជនទៅ(ច្រើន)។ អញ្ចឹងពេលណាដែលយើងបង្កើតសេវា(សុខាភិបាល)កាន់តែទំនើប កាន់តែល្អ ថ្នាំយើងកាន់តែល្អ ប្រជាជនមកប្រើប្រាស់កាន់តែច្រើន។ នេះហើយដែលថាត្រូវការពេទ្យ(ដែលមានការ)បណ្ដុះបណ្ដាល ដោយធ្វើទំនើបកម្មពីលើចុះក្រោម។
(៥) ធ្វើឲ្យមណ្ឌលសុខភាពអាចផ្ដល់សេវាសុខាភិបាលមួយអាទិត្យ ៧ថ្ងៃ មួយថ្ងៃ ២៤ម៉ោង
(អភិក្រម)ទី២ គឺយើងត្រូវពង្រឹងពីក្រោមឡើងលើ។ ពីរនឹងត្រូវដើរទន្ទឹមគ្នា ហើយមកផ្គុំគ្នា។ នៅអាណត្ដិទី៧ នេះ ក្នុងចំណុចទី១ គឺយើងដាក់ការពង្រឹងមណ្ឌលសុខភាព ជាវិធានគន្លឹះមួយក្នុងវិធានគន្លឹះ៥ … បន្ថែមទៅលើគោលនយោបាយអាទិភាព៦ ចំណុច ដើម្បីយើងពង្រឹង(សេវាសុខាភិបាល)។ ប្រជាពលរដ្ឋនៅភ្នំពេញមិនសូវពិបាក(ក្នុងការរកសេវា)ទេ។ គាត់មានជម្រើសច្រើន។ អ្នកនៅទីរួមខេត្តផ្សេងៗ មានជម្រើសទាំងឯកជនទាំងរដ្ឋ ប៉ុន្ដែអ្នកនៅឆ្ងាយពឹងទៅលើមណ្ឌលសុខភាព បុស្ដិ៍សុខភាព ពេទ្យបង្អែកស្រុក ប្រតិបត្តិស្រុក។ យើងត្រូវពង្រឹងកិច្ចការនេះ។ ពិតណាស់ យើងមិនចាំបាច់ម៉ោងនេះថ្មើរនេះ រុញ(សេវាព្យាបាលជំងឺ) cancer ទៅគ្រប់ស្រុកទេ។ សមត្ថភាពព្យាបាលមហារីកអាច(មាន)នៅភ្នំពេញ។ ថ្ងៃក្រោយអាចទៅដល់តំបន់។ ការវះបេះដូង ក៏មិនចាំបាច់មានរហូតទៅដល់មណ្ឌលសុខភាពមួយៗ ដែរ … ប៉ុន្ដែត្រូវមានពេទ្យដែលមានសមត្ថភាពអាចជួយ(សង្គ្រោះ)បឋមកម្រិតណាមួយ។ ករណីអ្នករបួសគ្រោះថ្នាក់ចរាចរណ៍ ចូលមកមណ្ឌលសុខភាព អាចថា(ត្រូវបានសង្គ្រោះជាបឋម)ឲ្យមានលំនឹង មុននឹងបញ្ជូន(អ្នករងរបួស)បន្ដមក … ជាជំហានទី១ យើងបានគិតគូរយកចិត្តទុកដាក់ពីការពង្រាយមន្ដ្រី ការបង្កើនបរិក្ខាដែលមានស្រាប់ ពង្រឹងគោលការណ៍ និងក្រមប្រតិបត្ដិមានស្រាប់។ ឯកឧត្តមរដ្ឋមន្ដ្រី ក៏ដូចជាក្រសួងសុខាភិបាល បានដាក់ទិសដៅថា ទៅថ្ងៃមុខយើងជំរុញឲ្យមណ្ឌលសុខភាពក្លាយជាកន្លែង(ផ្ដល់សេវាសុខាភិបាល)ជាប់ មួយអាទិត្យ ៧ថ្ងៃ មួយថ្ងៃ ២៤ម៉ោង។ យើងធ្វើបានច្រើន។ កន្លែងខ្លះពិបាក ដោយសារកង្វះធនធានមនុស្ស។ យើងបន្ដជំរុញ។
(៦) បង្កើនគុណភាពថ្នាំ និងបង្កើនចំនួនថ្នាំ ដែលប្រជាពលរដ្ឋត្រូវការច្រើន
ខ្ញុំបានជួបជាមួយនឹងបងប្អូនខ្លះ ធ្វើការនៅមណ្ឌលសុខភាព។ មានម្នាក់មកពីព្រៃវែង។ គាត់ថាមណ្ឌលសុខភាពខ្ញុំធ្វើការសឹងតែមិនទាន់ ព្រោះប្រជាពលរដ្ឋមក(រកសេវា)កាន់តែច្រើន។ កាលពីចុងខែ ១២ ខណៈទៅសម្ពោធពេទ្យសម្តេចតេជោសន្តិភាពនៅកប់ស្រូវ ខ្ញុំបានប្រាប់ឱ្យពិនិត្យបង្កើន ថ្នាំមួយចំនួន ជាពិសេសថ្នាំលើសឈាម និងថ្នាំទឹកផ្អែម ដែលប្រជាពលរដ្ឋត្រូវការច្រើន។ កាលមុនយើងមាន ៧ថ្ងៃ។ ឥឡូវបង្កើនដល់ ១៥ថ្ងៃ។ ហើយ(ត្រូវយកចិត្តទុកដាក់ពី)គុណភាពថ្នាំ។ កន្លែងខ្លះ អ្នកជំងឺលែងទៅគ្លីនិកមួយចំនួន ហើយមករកសេវាពីពេទ្យរដ្ឋ មកយកថ្នាំ។ (ដូចនេះ)ធ្វើម៉េចធានាគុណភាពថ្នាំ។ យើងធ្វើ(សេវានេះអោយបានល្អ) ធ្វើការជាមួយនឹងក្រុមហ៊ុន និងឧបករណ៍សម្ភារៈ ជាពិសេសការខិតខំរបស់គ្រូពេទ្យ។ ខ្ញុំសូមអរគុណណាស់ចំពោះការខិតខំ។ ឯកឧត្តមរដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាច្រើនបានតាម(មើលនិងអនុវត្តកិច្ចការនេះ)។ ជួនកាល សួរទៅរវល់នៅឆ្មក់ពេទ្យនៅរតនគិរី។ មិនដឹងឆ្មក់ហ្នឹងមានប្រសិទ្ធភាព ឬអត់ទេ។ លេងឆ្មក់ គឺថាចុះទៅម៉ោង ១១យប់ ឬ១២យប់។ មណ្ឌលខ្លះបើក មានអ្នកប្រចាំការល្អ។ ទោះបីជាមិនទាន់បាន ១០០% នៅទូទាំងប្រទេស ក៏យើងនឹងបន្ត។ អរគុណណាស់ជូនទៅដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំជំនាញទាំងអស់ ដែលបានខិតខំកសាង ក្នុងរយៈពេល ៣០ ឬ ៤០ឆ្នាំ កសាងយើងពីបាតដៃទទេ មកដល់ម៉ោងនេះ ជាពិសេសដំណាក់កាលប្រយុទ្ធជាមួយនឹងកូវីដ-១៩។
(៧) ថ្នាំនិងសមត្ថភាពពេទ្យធ្វើការងារទេវតា សង្គ្រោះជីវិតមនុស្ស
ខ្ញុំបានធ្វើការជាមួយឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង, លោកជំទាវ ឱ វណ្ណឌីន, លោកជំទាវ យក់ សម្បត្តិ ប្រយុទ្ធម៉ោង ១២ ម៉ោង ១។ យើងមានសមត្ថភាពម្ចាស់ការ។ ពេលនោះបើសិនជាពេទ្យយើងអត់សមត្ថភាព យើងអាចគ្រោះថ្នាក់ ហើយស្លាប់ច្រើន។ ប្រទេសនីមួយៗ គ្មានអ្នកណាចេញមក(ជួយយើង)ទេ។ គេបិទព្រំដែនហោះលែងរួច គេបិទផ្លូវអាកាស។ ម្នាក់ៗទទួលខុសត្រូវផ្ទៃក្នុងប្រទេសរបស់ខ្លួន ព្រោះប្រជាជនឆ្លងរាប់សែន រាប់លាននាក់។ សមត្ថភាពពេទ្យរបស់យើងម្ចាស់ការបានទាំងក្របខណ្ឌគោលនយោបាយ ក្របខណ្ឌដឹកនាំបញ្ជា នៅខាងលើសហការ រៀបចំប្រតិបត្តិផ្ទាល់របស់ពេទ្យស្ម័គ្រចិត្ត បូកជាមួយនឹងវេជ្ជបណ្ឌិតនៅតាមពេទ្យ។ ពេទ្យពីកាល់ម៉ែតនេះច្រើនណាស់ ហើយមានការចូលរួមពីនិស្សិតពេទ្យ ពីសាស្ត្រាចារ្យ ហើយនៅតាមបណ្តាលរាជធានី/ខេត្តច្រើនណាស់ ហើយកន្លែងខ្លះយើងធ្ងន់មែនទែន។ ថ្ងៃមុនខ្ញុំទៅមើលប្រព័ន្ធប្រឡាយទឹកនៅខេត្តកណ្តាល មួយគ្រួសារ ប្តីប្រពន្ធ កូនមួយតូចអាយុដូច ២ឆ្នាំ បីកូនមកជួបខ្ញុំ។ សុខភាពល្អ។ គាត់រំលឹកថាកូនហ្នឹងពេលដែលកូវីដ-១៩ ទាំងម្តាយទាំងកូន ពេលចូលមន្ទីពេទ្យ ហ្លួងម៉ែ គេវាយតម្លៃថាអាចនៅរស់រែ ១០% ទេ។ កាលហ្នឹងយើងបានដាក់ក្នុងកម្រិតស្រាល។ ដំបូងឡើយថាចត្តាឡីស័កមណ្ឌលស្រាល។ ដល់យូរទៅបានបញ្ជូនទៅ(ហ្លួងម៉ែ)។ សល់តែ ១០%គត់។ តែដោយសារទី១ ថ្នាំត្រូវ និងសំខាន់សមត្ថភាពពេទ្យ ការយកចិត្តទុកដាក់ទាំងម្តាយទាំងកូន។ នេះហើយដែលខ្ញុំនិយាយថាពេទ្យធ្វើការងាររបស់ទេវតា។ មនុស្សដែលសល់តែ ១០% ទាំងម្តាយទាំងកូន ដែលត្រូវស្លាប់ តែទីបំផុតប៉ុន្មានខែមុន ខ្ញុំជួប។ កូនហ្នឹងចេះទៀត។ ស្អាត។ នេះគឺជាអនាគតមួយដែលពេទ្យបានចូលរួមសង្គ្រោះជីវិត។ យើងធ្វើច្រើនសម្រាប់ប្រជាពលរដ្ឋយើងរាប់លាននាក់ និងរាប់ឆ្នាំ។ ខ្ញុំសូមយកឱកាសនេះអរគុណពេទ្យទាំងអស់នៅទូទាំងប្រទេស …។
(៨) បន្តពង្រឹងគុណភាពសេវាសុខាភិបាល ដោយយកចិត្តទុកដាក់លើជំនាញទាំងរឹងទាំងទន់
ទី២ និយាយពីគុណភាពពេទ្យ។ គុណភាពសុខាភិបាល។ អគារសម្ភារៈថ្មីៗគឺល្អហើយ ប៉ុន្តែសំខាន់បំផុតនៅតែជាកត្តាមនុស្ស។ ការងារបណ្តុះបណ្តាលនេះត្រូវធ្វើ ហើយយកចិត្តទុកដាក់។ ការបន្តពង្រឹងគុណភាពផ្នែកសុខភាពដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់លើជំនាញទាំងរឹងទាំងទន់។ ថ្ងៃមុន មានការលើកយោបល់ឱ្យខ្ញុំថា ពេទ្យរបស់យើងកំពុងតែខ្វះ គួរតែបន្ធូរបន្ថយលក្ខខណ្ឌនៃការបណ្តុះបណ្តាលកម្រិតពេទ្យ កុំឱ្យក្រសួងសុខាភិបាលតឹងពេក។ ខ្ញុំថាមិនបានទេ។ ពេទ្យត្រូវតែតឹង។ កុំបន្ទន់។ កុំទម្លាក់ស្តង់ដារសុខាភិបាល។ ត្រូវដំឡើងកម្រិត ដើម្បីមនុស្សខំប្រឹងយកកម្រិតខ្ពស់ល្អជាង។ ពេទ្យមិនមែនគណនេយ្យទេ។ គណនេយ្យធ្វើខុសកែបញ្ជីបាន។ មុខវិជ្ជាពេទ្យ ចេញមកត្រូវទទួលភារកិច្ច។ ជំងឺស្រាលត្រូវឱ្យជា កុំឱ្យជំងឺស្រាលទៅជាធ្ងន់ ជំងឺធ្ងន់ត្រូវជួយឱ្យស្រាល ឬរស់ កុំឱ្យថាជំងឺបែបនេះ នៅ(ពេទ្យ/ប្រទេស)យើងមើលមិនបាន។ ខ្ញុំសូមអំពាវនាវឱ្យមានការចូលរួមបណ្តុះបណ្តាល។ យើងមិនហាមឃាត់ក្នុងការបណ្តុះបណ្តាល តែសូមឱ្យមានស្តង់ដារមួយជាក់លាក់ ហើយមានការចូលរួមវាយតម្លៃពីក្រសួងសុខាភិបាលឱ្យបានគត់មុត។ សុខចិត្តមានពេទ្យ ១០នាក់ ដែលជំនាញច្បាស់លាស់ ជាជាងមានពេទ្យ ៥០នាក់ ដែលយើងមិនប្រាកដប្រជា មែនទេ? គ្រោះថ្នាក់។ សុខចិត្តមិនទម្លាក់ស្តង់ដារនៃការបណ្តុះបណ្តាលពេទ្យ ដើម្បីតែបានបរិមាណឆ្លើយតបទៅនឹងកង្វះគ្រូពេទ្យ … សុខចិត្តបណ្តុះបណ្តាលមនុស្សទោះបានតិចឬបានច្រើន ជំរុញស្តង់ដារមកជួបកម្រិតអប្បរមារបស់ពេទ្យ។ មនុស្សម្នាក់ពឹង “ខ្ញុំទៅពេទ្យ ខ្ញុំអត់ដឹងគេឱ្យថ្នាំអីទេ ខ្ញុំឈឺហើយ ឱ្យតិចឱ្យច្រើនខ្ញុំជឿ។ បើសិនជាចូលទៅវះកាត់អី ខ្ញុំពឹងលើពេទ្យ”។
(៩) គុណភាពបណ្តុះបណ្តាលវេជ្ជសាស្ត្រ គឺធានាជីវិតមនុស្ស និងជាកិត្តិយស/កេរ្តិ៍ឈ្មោះវិស័យសុខាភិបាល
ពេទ្យមិនមែនតែអ្នកវះកាត់ទេ។ សូម្បីតែដុកទ័រឯកទេសក្នុងការវះកាត់ហ្នឹងក៏គាត់ពឹងលើអ្នកដាក់ថ្នាំសណ្តំដែរ។ មែនទេ? ដាក់មិនស្រួលអត់ស្ពឹក ដាក់លើសកម្រិតអាចធ្ងន់។ អញ្ចឹងត្រូវពឹង(ជំនាញវេជ្ជសាស្ត្រ)ទាំងអស់។ ពេលហ្នឹងវេជ្ជបណ្ឌិតឯកទេស អត់ត្រូវការទៅអង្គុយបង្រៀនជំនាញថា ត្រូវធ្វើអញ្ចេះធ្វើអញ្ចុះទេ។ គាត់ត្រូវទុកចិត្ត ជាពិសេសអ្នកដែលចេញពីសាលាពេទ្យនីមួយៗ គឺសូមឱ្យប្រាកដប្រជា។ យើងសុខចិត្តមានតិចតែគុណភាព កុំឱ្យច្រើនតែយើងពិបាកធ្វើ(ការ)។ គុណភាពសុខាភិបាល ពាក់ព័ន្ធនឹងគុណភាពសុខភាពមនុស្សនិងជីវិតរបស់មនុស្ស។ អញ្ចឹងការបណ្តុះបណ្តាល និងការកំណត់ស្តង់ដារនេះ ខ្ញុំសូមអំពាវនាវឱ្យសាកលវិទ្យាល័យទាំងរដ្ឋទាំងឯកជន យកចិត្តទុកដាក់បង្កើនគុណភាពសិស្ស (ដោយកំណត់)លក្ខខណ្ឌជួយរុញសិស្សឱ្យ(មានគុណភាព)ខ្ពស់។ នេះជាអ្វីដែលខ្ញុំបានឱ្យជាគោលការណ៍។ រឿងអីផ្សេងទៀតយើងអាចគិតគូរបាន រឿងគណនេយ្យ រឿង Management ទោះមិនមែនទម្លាក់ស្តង់ដារទេ យើងអាចច្នៃប្រឌិត ឬមួយកម្រិតណាចេញទៅបណ្តុះបណ្តាលបន្ថែម។ ពេទ្យមិនដូចនោះទេ។ ពិតណាស់យើងមានពេទ្យហ្វឹកហាត់ (intern/stagiaire) ប៉ុន្តែទម្រាំតែបានសញ្ញាបត្រ ចាំបាច់ត្រូវឲ្យហ្មត់ចត់។ អញ្ចឹង ការបណ្តុះបណ្តាលត្រូវធានាគុណភាព ព្រោះគុណភាពនេះមិនមែនត្រឹមតែធានានូវជីវិតមនុស្សនោះទេ ប៉ុន្តែជាកិត្តិយស ជាកេរ្តិ៍ឈ្មោះរបស់វិស័យសុខាភិបាលរបស់យើងទាំងមូល។
(១០) ទ្រព្យធំបំផុតរបស់មនុស្ស គឺចំណេះដឹង និងសុខភាព
ចង់ឲ្យសុខាភិបាលរីកចម្រើន ទាល់តែប្រជាជនជឿជាក់ មានទំនុកចិត្តថាវិស័យសុខាភិបាល/ពេទ្យយើង មិនថាពេទ្យរដ្ឋ ឬពេទ្យឯកជននៅក្នុងប្រទេស មួយណាក៏អាចព្យាបាលនិងអាចទុកចិត្តបាន។ អញ្ចឹងអាស្រ័យលើពេទ្យ។ មានអ្នកលើកបញ្ហាពីរឿងនេះរឿងនោះ។ ខ្ញុំថាមិនមែនអត់បញ្ហាទេ ប៉ុន្តែសូមមើលចំណុចវិជ្ជមានដែលពេទ្យយើងបានធ្វើ។ ប្រជាពលរដ្ឋរាប់លាននាក់ក្នុងមួយឆ្នាំ (ទទួលការ)ព្យាបាល ហើយបានធូរស្រាល។ ប៉ុន្តែយើងត្រូវពង្រឹងអភិក្រម ពង្រឹងគុណភាព ដើម្បីពេទ្យម្នាក់អាចតំណាងឲ្យពេទ្យរាប់ម៉ឺននាក់ក្នុងប្រទេស។ (ការដែល)មានបញ្ហានៅកន្លែង/គ្លីនិកណាមួយ ត្រូវគេលើកមកផ្សព្វផ្សាយ (ធ្វើអោយ)ប៉ះពាល់(ដល់ពេទ្យ)ទាំងអស់។ តាមហ្វេសប៊ុក ច្រើនតែបើមានបញ្ហាកន្លែងណាមួយ អ្នកចូលទៅ comment ច្រើនតែវាយសរុបទាំងអស់តែម្តង។ យើងត្រូវធ្វើម៉េចបង្កើតសមត្ថភាព ការអនុវត្តគុណភាពក្នុងការព្យាបាល (ខណៈដែល)ប្រជាពលរដ្ឋលើកសរសើរថា ពេទ្យយើងធ្វើបានច្រើន។ នេះហើយគឺជាការទទួលខុសត្រូវរបស់យើង។ អញ្ចឹងការបណ្តុះបណ្តាលនេះត្រូវធ្វើជាប្រចាំ ហើយត្រូវធានាគុណភាពជាជាងបរិមាណ ដើម្បីធានានូវការជឿទុកចិត្ត និងសំខាន់បំផុតជីវិតរស់នៅរបស់ប្រជាពលរដ្ឋរបស់យើង សុខភាពរបស់ប្រជាពលរដ្ឋរបស់យើង ដែលជាកត្តាសំខាន់សម្រាប់ទ្រទ្រង់គ្រប់វិស័យទាំងអស់នៃសេដ្ឋកិច្ចជាតិ។ រកបានប៉ុន្មានក៏ដោយ ប៉ុន្តែបើសុខភាពមិនល្អ ចិញ្ចឹមជំងឺក៏មិនកើតដែរ។ ទ្រព្យធំបំផុតរបស់យើងគឺទ្រព្យចំណេះដឹង និងទ្រព្យសុខភាព។ អីផ្សេងទៀត បង្កើតបាន តែបើបាត់ពីរនេះហើយ យើងមានបញ្ហា។ ចំណេះដឹងមានកម្រិត យើងអាចរស់បាន តែបើសុខភាពមានបញ្ហា មិនថា Albert Einstein ឬមួយក៏អ្នកធម្មតាទេ មិនអាចធ្វើអីបានទាំងអស់ … មិនថាវេជ្ជបណ្ឌិតខ្លួនឯងទេ។ ពេទ្យក៏ឈឺដែរ។
(១១) អភិក្រម “រៀនពេទ្យដើម្បីជួយមនុស្ស ជួយជីវិតនិងសុខភាពមនុស្ស ដូចជាជួយគ្រួសារខ្លួន”
ខ្ញុំមានមិត្តភក្តិជា(ពេទ្យ)ឯកទេសម្នាក់។ អ្នកជំងឺមករាប់រយនាក់ រាប់ឆ្នាំ។ គាត់ផ្តល់ការលើកទឹកចិត្តឲ្យគេថាកុំភ័យអញ្ចេះៗ។ ដល់ពេលពិនិត្យខ្លួនង គាត់មាន(វិបត្តិសុខភាព)។ គាត់យំខ្លួនឯង។ គេថាធ្លាប់តែឲ្យយោបល់គេ ដល់ខ្លួនឯងម៉េចភ័យ? ដូចកាលកូវីដ១៩ ណែនាំអ្នកជំងឺកុំភ័យ។ ដល់ពេលជាប់កូវីដ១៩ ខ្លួនឯងភ័យ។ ខ្ញុំនិយាយលេង។ ប៉ុន្តែ យើងក៏ជាមនុស្សដែលអាចឈឺ ក៏ត្រូវការពេទ្យ គ្រួសារ កូន ប្រពន្ធយើង ប្តីយើង ឪពុកម្តាយយើងក៏ជាមនុស្ស ប្រជាជនឈឺត្រូវទៅទុកក្នុងដៃអ្នកផ្សេង។ អញ្ចឹង ល្អបំផុតគឺឲ្យទាំងអស់គ្នាធានាបានថា កូនយើង ប្រពន្ធយើងទៅពេទ្យណា ទឹកដៃណា គឺឲ្យគុណភាពនៃវិស័យសុខាភិបាល គឺគុណភាពមនុស្ស(ធ្វើការងារទេវតា)ធានាតែម្តង។ ហ្នឹងគឺកិច្ចការសំខាន់។ អញ្ចឹងត្រូវចូលរួម។ ប្អូនៗ និស្សិតពេទ្យ មិនថាសាលាឯកជន ឬមួយសាលារដ្ឋទេ សូមដាក់អភិក្រមនេះឲ្យច្បាស់ថា “យើងរៀនពេទ្យដើម្បីជួយមនុស្ស រៀនពេទ្យដើម្បីជួយជីវិតនិងសុខភាពមនុស្ស ដូចជាជួយគ្រួសារយើង”។ ដូចនេះ យើងត្រូវដាក់ទិសដៅបង្កើនសមត្ថភាពខ្លួនឯងជួយមនុស្ស។ នេះគឺពាក់ព័ន្ធនឹងការបណ្តុះបណ្តាល ចំណុចទី៣។
(១២) កៀរគរបញ្ញវន្តនិងសាស្ត្រាចារ្យមានពិសោធន៍ក្នុងវិស័យសុខាភិបាល ជួយបង្រៀនបន្ថែម
ចំណុចមួយទៀត ខ្ញុំចង់លើក (ទី៤) គឺបន្តកៀរគរបញ្ញវន្ត និងសាស្ត្រាចារ្យ អ្នកមានសញ្ញាប័ត្រ និងកម្រិតឧត្តម និងបទពិសោធន៍ជាក់ស្តែងក្នុងវិស័យសុខាភិបាល ជួយបង្រៀនបន្ថែមតាមគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានបណ្តុះបណ្តាល ព្រមទាំងបង្កើតយន្តការលើកទឹកចិត្តដល់សាស្ត្រាចារ្យ ឲ្យធ្វើការស្រាវជា្រវជាប្រចាំ ដើម្បីរួមសម្រួលទាំងចំណេះដឹង ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង … ព្រោះសមត្ថភាពត្រូវការដុសខាត់ជានិច្ច ជាពិសេសនៅក្នុងសុខាភិបាល។ ឧបករណ៍និងវិទ្យាសាស្ត្រកែរហូត។ ពីមុនយើងព្យាបាលជំងឺ cancer ប្រើថ្នាំនេះ ឥឡូវគេមានថ្នាំថ្មី ប្រើវិធីសាស្រ្តថ្មី។ ការវះកាត់ពីមុន ល្មមៗ ត្រូវវះបើកទាំងអស់។ ឥឡូវគេចោះ។ អញ្ចឹងយើងត្រូវតែធ្វើទំនើបកម្ម។ បើត្រឹមវះកាត់ប្រម៉ាត់ កាត់អីហ្នឹង ឥឡូវគេចោះ។ តែបើយើងរត់អត់ទាន់គេ ត្រូវតែវះគេអត់មកទេ គេរកកន្លែងចោះហើយ។ អត់មានអ្នកណាចង់វះទេ។ ឈឺហើយគ្រោះថ្នាក់ … ត្រូវទំនើបកម្មជាប្រចាំ ហើយខ្ញុំគិតថា ការចែករំលែកបទពិសោធន៍នេះសំខាន់ …។
[ចប់សេចក្ដីអធិប្បាយ២]
ទី៤ គឺការលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក និងបុគ្គលិកថែទាំវេជ្ជសាស្ត្រស្នើសុំធ្វើអាទិភាវូបនីយកម្មលើការសង្គ្រោះជីវិតលើសអ្វីៗទាំងអស់ ដោយហេតុថាមុខងារជាអាជីពរបស់យើង ដែលយើងបានបញ្ជាក់មកនេះគឺសំខាន់ណាស់ ដែលជាទំនុកចិត្តប្រជាពលរដ្ឋ។
ទី៥ ដោយសហការជាមួយក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍, បង្កើនសម្ទុះនៃការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យសុខាភិបាល, ជាពិសេស ជំរុញការបណ្តុះ-បណ្តាលឱ្យវេជ្ជបណ្ឌិត, គ្រូពេទ្យ, គិលានុបដ្ឋាក និង បុគ្គលិកថែទាំវេជ្ជសាស្ត្រ ចេះប្រើប្រាស់បច្ចេកវិទ្យាផ្នែកសុខាភិបាលបានទូលំទូលាយ ដើម្បីធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធទិន្នន័យសុខភាពអ្នកជំងឺ សំដៅជំរុញប្រសិទ្ធភាពនៃការព្យាបាល និង តាមដានសុខភាព ព្រមទាំងការផ្តល់សេវាសុខាភិបាលមានគុណភាពខ្ពស់ និង ត្រឹមត្រូវ តាមបច្ចេកទេសសុខាភិបាលច្បាស់លាស់។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]
(១៣) ក្នុងអាណត្តិនេះ ឬនៅអាណត្តិក្រោយ ធ្វើអោយមណ្ឌលសុខភាពមាន teleconference កម្រិតណាមួយ
(ប្រព័ន្ធទិន្នន័យសុខភាពអ្នកជំងឺ ) គឺជាចំណុចសំខាន់។ នៅក្នុងវិស័យសុខាភិបាល មួយនាទីៗខុសគ្នា។ ជួនកាលតែកន្លះនាទីទេ រវាងជួយបានឬជួយមិនបាន។ ធម្មតាពេលវះកាត់អីធ្ងន់ៗ ត្រូវការពិគ្រោះយោបល់។ ថ្ងៃមុន (បានពិភាក្សា)ជាមួយឯកឧត្តមរដ្ឋមន្ត្រី។ យើងធ្វើកិច្ចការនេះតាំងពីអាណត្តិមុនៗ … ឥឡូវយើងធ្វើម៉េចជំរុញឲ្យបាន។ ឧទាហរណ៍ ពេទ្យខេត្តអាចធ្វើ teleconference ជាមួយពេទ្យនៅភ្នំពេញបើត្រូវការវះកាត់។ ត្រូវការអីពេលខ្លះត្រូវយើងភ្ជាប់ ព្រោះឥឡូវមានបច្ចេកវិទ្យាហ្នឹង ដែលអាចមើលឃើញ និងបញ្ជូនហ្វីលអីមកភ្លាមៗ។ មើលឃើញ វិភាគភ្លាម ប្រាប់ថាអីភ្លាម។ ហ្នឹងគឺជាកិច្ចការសំខាន់។ យើងមានមហិច្ឆិតាថាទៅថ្ងៃក្រោយ ក្នុងអាណត្តិនេះ ឬបើថាធ្វើមិនទាន់ នៅអាណត្តិក្រោយមួយទៀត នឹងធ្វើអោយ(សំរេចនូវការដែល)មណ្ឌលសុខភាពអាចមាន teleconference កម្រិតណាមួយ។ ជួនកាលគ្រោះថ្នាក់ចរាចរណ៍នៅខេត្ត ចូលមុនគេគឺមណ្ឌលសុខភាព។ គ្រោះថ្នាក់ចរាចរណ៍ មានកន្លែងខ្លះគឺគ្រោះថ្នាក់មែនទែន បុកក្បាល ប៉ះអីហ្នឹង។ យើងជួយជួយ stabilize យ៉ាងម៉េច។ អញ្ចឹងការប្រើប្រាស់នេះគឺជាកិច្ចការល្អ។
(១៤) សហការជាមួយប្រៃសណីយ៍ និងទូរគមនាគមន៍ ចែករំលែកនិងប្រើប្រាស់ប្រព័ន្ធទិន្នន័យនិងប្រព័ន្ធផ្សេងៗ
ឥឡូវ ឃើញការបណ្ដុះបណ្ដាលទៅតាមហ្នឹង ការចែករំលែក ការប្រើប្រាស់ទំនើបកម្មរបស់យើង។ សូមយកចិត្តទុកដាក់សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទាំងទិន្នន័យនិងប្រព័ន្ធអីផ្សេងៗ (ឱ្យ)ទំនើប។ ខ្ញុំបានសួរពេទ្យវះកាត់បេះដូង ពេលខ្លះមុននឹងវះកាត់គាត់ធ្វើ teleconference ជាមួយសាស្ត្រាចារ្យខ្លះនៅបារាំងដើម្បីពិគ្រោះយោបល់គ្នា។ ដូចគ្នានៅស្រុកគេ។ ពេទ្យខេត្ត ជួនកាលពិគ្រោះយោបល់គ្នា ជួនកាលនៅនេះគាត់មកអត់ទាន់ ពិគ្រោះយោបល់ជាមួយពេទ្យជំនាញនៅផ្ទះ (តាមរយៈ teleconference)។ ជំនាន់កូវីដ-១៩ យើងបានបច្ចេកវិទ្យា កុំអីមិនដឹងប្រជុំយ៉ាងម៉េច បើមិនហ៊ានជួបគ្នាផង។ កាលពីពេលនោះ ខ្ញុំចេះប្រើ Zoom ប្រជុំតាមហ្នឹង។ ពេលខ្លះប្រជុំ២។ អ្នកខ្លះពាក់តែអាវធំក្រវ៉ាត់ក តែខោខ្លី ដល់ពេលប្រជុំៗ ដើរ។ ក្រោយពីកូវីដ-១៩ នេះនៅប្រទេសមួយចំនួនអត់ទាន់ត្រឡប់មកដើមវិញទេ ដោយសារគេឃើញថាការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានេះមិនថាតែក្នុងវិស័យសុខាភិបាលទេ នៅក្នុង Business មួយចំនួនគឺកន្លែងខ្លះ(នៅមានប្រសិទ្ធភាព)។
(១៥) Teleconference ការពិគ្រោះយោបល់ជួយជីវិត ពង្រីកសមត្ថភាពពេទ្យថ្នាក់ជាតិទៅពេទ្យមូលដ្ឋាន បានផលទៅប្រជាពលរដ្ឋ
ថ្ងៃមុន ខ្ញុំមើលនៅអាមេរិក ផ្ទះជួល ការិយាល័យជួលអី បិទច្រើន។ ធនាគាររឹបអូសច្រើន ដោយសារភាគច្រើនគេលែងជួលកន្លែងសម្រាប់មន្ត្រីធ្វើការ។ គេធ្វើពីផ្ទះ។ ដល់អញ្ចឹងអ្នកដែលវិនិយោគលើ office លែងសូវប្រើ។ ឧទាហរណ៍ ការិយាល័យប្រើមនុស្សប្រហែល ៥ពាន់នាក់ ឥឡូវគេកាត់នៅសល់តែប្រហែល ១ពាន់នាក់ ដែលនៅកន្លែងហ្នឹង។ ប៉ុន្មាននាក់ផ្សេងទៀតគេធ្វើតាមផ្ទះ ព្រោះអង្គុយនៅ office ដូចគ្នា។ អញ្ចឹងវិស័យសុខាភិបាលអាចធ្វើបែបនេះ (ដែលនេះជា)ទំនើបកម្មឌីជីថល។ Payment បង់លុយអី ប្រើតាម QR Code ឬមួយតាមABA អស់ទៅហើយ មិនចាំបាច់ទៅធ្វើ(ដល់កន្លែង)។ វាលឿន ជាពិសេស ការពិគ្រោះយោបល់លឿនជួយជីវិត។ យើងពង្រីកសមត្ថភាពផ្ដល់យោបល់ពីពេទ្យថ្នាក់ជាតិទៅដល់ពេទ្យមូលដ្ឋាន ទាន់ពេលវេលាទៅលើជំងឺអីមួយ។ គាត់អាចជួយ។ បានផលទៅអ្នកណា? បានផលទៅប្រជាពលរដ្ឋ បានផលទៅអ្នកដែលប្រើសេវា … ជាពិសេសអ្នកដែលធ្ងន់តែម្ដង ត្រូវការជួយជីវិតប្រជាពលរដ្ឋ(ជាបន្ទាន់) … ខ្ញុំគាំទ្រដល់ការធ្វើ e-government អាណត្តិនេះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំប្រព័ន្ធមួយចំនួនដើម្បីដាក់ទិន្នន័យរួម ដើម្បីជួយចែករំលែកក្នុងប្រព័ន្ធកុំឱ្យត្រួតស៊ីគ្នា … សូម្បីតែខាងដែនដី ថ្ងៃមុនទៅសុំកន្លែងបន្ទុកអី។ ឥឡូវគេមានទិន្នន័យអនឡាញ មិនចាំបាច់ចាំយូរទៀត ចុះឈ្មោះអីផ្សេងៗ យើងខិតខំធ្វើតាមហ្នឹង។ Visa អីហ្នឹងគឺដាក់តាម e-arrival ទាំងអស់ កុំឱ្យពិបាក។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឱ្យគ្រឹះស្ថានអង្គរគិតគូរពីការទិញតាមអនឡាញតែម្ដង មិនចាំបាច់ទៅដល់ទេ។ ត្រូវប្រើប្រព័ន្ធហ្នឹងដើម្បីជួយសម្រួល។
(១៦) ត្រូវពង្រឹងសមត្ថភាពជំនាញពេទ្យថ្នាក់តំបន់ និងទៅអនាគតពេទ្យខេត្ត
ខ្ញុំគិតថាពេទ្យយើងនៅភ្នំពេញ និងពេទ្យកាល់ម៉ែត្រនេះ ឯកឧត្តមអគ្គនាយកនៅទីនេះ សូមអរគុណបន្តដឹកនាំពីឯកឧត្តមរដ្ឋមន្ត្រី។ អគ្គនាយក២នាក់ អគ្គនាយកនិងអតីតអគ្គនាយក មន្ទីរពេទ្យបន្តរួមគ្នាដើម្បីធ្វើទំនើបកម្មពេទ្យនាំមុននៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងនៅទីនេះ។ បណ្ដាពេទ្យជាតិយើងផ្សេងទៀត ពេទ្យរុស្សី ពេទ្យអង្គឌួង ឃើញតាមជំនាញនីមួយៗ សំខាន់ដូចនៅអង្គឌួងខាងភ្នែក។ យើងពង្រឹងអោយបានច្រើននៅទីនេះ។ ប៉ុន្តែទៅអនាគតមិនមែនតែជាកន្លែងតែមួយទេ។ យើងត្រូវបន្ថែមគឺពេទ្យតំបន់ ដើម្បីមានអីកុំចាំបាច់មកកកស្ទះនៅភ្នំពេញ កុំបាច់ធ្វើដំណើរមកនាំយូរ។ ត្រូវពង្រឹងសមត្ថភាពពេទ្យតំបន់ ហើយទៅថ្ងៃអនាគតទៀត ជំហាន៣ គឺពេទ្យខេត្តរបស់យើង ដើម្បីឱ្យមានសមត្ថភាពច្រើន។ ពិតណាស់ជំនាញមួយចំនួនប្រមូលផ្ដុំនៅថ្នាក់ជាតិ ជំនាញបឋមួយចំនួនគឺប្រមូលផ្ដុំនៅទីហ្នឹង។ នេះហើយគឺការខិតខំនិងការអនុវត្តបន្តរបស់យើងក្នុង ៤០ឆ្នាំនេះ អាណត្តិថ្មីក៏នៅតែបន្តជំរុញបន្ថែម។ ការងារមិនបានដូចចិត្ត ក្នុងតែមួយថ្ងៃទេ បងប្អូន។ តែយើងត្រូវមើលការវិវឌ្ឍ។ ឃើញបងប្អូនខ្លះមានបញ្ហាអីមួយ ក៏តាំងថាពេទ្យខ្មែរពិបាក។ សូមមើលការវិវឌ្ឍរួមមកដល់ម៉ោងនេះ។ ពិតណាស់ ជំនាញខ្លះយើងអត់ទាន់ដូចប្រទេសនានាលើពិភពលោកទេ ប៉ុន្តែយើងបានដើរឆ្ងាយណាស់មកហើយ។
(១៧) រដ្ឋាភិបាលអាណត្តិទី៧ បន្តពង្រឹងវិស័យសុខាភិបាលតាមការធ្វើទំនើបកម្ម ពិពិធកម្ម និងពង្រឹងមូលដ្ឋានផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋ
ការទុកចិត្តរបស់ប្រជាពលរដ្ឋរាប់លាននាក់កើតឡើងដោយការព្យាលជាក់ស្ដែង។ សេវាជាក់ស្ដែងរបស់ពេទ្យយើងនៅទីនេះកាន់តែរឹងមាំ។ រដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តខិតខំពង្រឹងវិស័យសុខាភិបាលនេះ តាមអភិក្រមទាំងពីលើចុះមកក្រោម ពីក្រោមឡើងលើ ទំនើបកម្ម ពិពិធកម្ម ក៏ដូចជាការពង្រឹងមូលដ្ឋានបន្ថែមទៀត ធ្វើយ៉ាងណាផ្ដល់នូវសមត្ថភាព ផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ។ (យើងអនុវត្តគោលនយោបាយនេះ) គួបផ្សំជាមួយគោលនយោបាយសង្គមកិច្ចដែលយើងដាក់ចេញឱ្យប្រជាពលរដ្ឋ ៧លាននាក់ មានក្របខណ្ឌ បបស មូលនិធិសមធម៌ក្ដី។ មានតែគោលនយោបាយ មានតែសិទ្ធ តែទទួលសេវាអត់ល្អ ក៏អត់កើត។ យើងត្រូវពង្រឹងសេវា។ មិនអាចថា មានបណ្ណសមធម៌ មានបបស តែទៅព្យាបាលនៅពេទ្យរដ្ឋ នៅពេទ្យខេត្ត ក៏ដូចជាអត់បានព្យាលបាលដដែល ហើយរត់ទៅឯកជន(នោះទេ)។ ត្រូវពង្រឹងសេវា ជាពិសេសសេវាសុខាភិបាលសាធារណៈរបស់រដ្ឋ និងគ្រប់កន្លែង តាំងពីមូលដ្ឋានឡើងទៅដល់លើ។ នេះជាគោលការណ៍ ដើម្បីអ្នកបានគោលនយោបាយនេះបានដោយកក់ក្ដៅ ហើយចំអ្វីដែលយើងចង់បានគឺការព្យាបាលនិងជួយជីវិត និងសុខភាពពិតប្រាកដរបស់ប្រជាពលរដ្ឋ តាំងពីមូលដ្ឋានមកដល់លើ។
[ចប់សេចក្ដីអធិប្បាយ៣]
បន្ថែមលើការអនុវត្តនូវវិធានការគន្លឹះ និង សកម្មភាព ដែលបានកំណត់នៅក្នុងផែនទីបង្ហាញផ្លូវទៅកាន់ការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ ២០៣៥ ឱ្យមានប្រសិទ្ធភាពខ្ពស់, ខ្ញុំសូមផ្តល់នូវទស្សនៈ និង អនុសាសន៍មួយចំនួន ដូចខាងក្រោម៖
ទី១. ការធ្វើទំនើបកម្ម និង បរិវត្តកម្ម, ការផ្តល់សេវាថែទាំសុខភាព នៅមន្ទីរពេទ្យកាល់ម៉ែត គឺជាការបោះជំហានទៅមុខនៃបច្ចេកវិទ្យាវេជ្ជសាស្រ្តនៅកម្ពុជា ដើម្បីឈានទៅដល់កម្រិត មួយដែលការអនុវត្តក្នុងផ្នែកវេជ្ជសាស្រ្តមានភាពជាក់លាក់ និង អាចឆ្លើយតបទៅនឹងលក្ខខណ្ឌ ជំងឺរបស់បុគ្គលម្នាក់ៗ (Precision Medicine and Personalized Medicine)។ ដូច្នេះ, ក្រសួងសុខាភិបាល ត្រូវយកការធ្វើទំនើបកម្ម និង បរិវត្តកម្មនេះ ធ្វើជាឧត្តមានុវត្តន៍ សម្រាប់ការលើកកម្ពស់ការផ្តល់សេវាថែទាំសុខភាព, នៅតាមមន្ទីរពេទ្យជាតិ និង មន្ទីរពេទ្យខេត្តមួយចំនួនផ្សេងទៀត ព្រមទាំងមន្ទីរពេទ្យតំបន់ ដែលរាជរដ្ឋាភិបាលគ្រោងនឹងបង្កើតឡើងក្នុងពេលខាងមុខនេះ ។
ទី២. បង្កើនសកម្មភាពផ្តល់ការអប់រំ, ការបង្ការ និង ការថែទាំសុខភាព ដល់ប្រជាជន, គ្រួសារ និង សហគមន៍ សំដៅលើកកម្ពស់ការអនុវត្តរបៀបរស់នៅប្រកបដោយសុខភាព ក៏ដូចជាការធ្វើការសម្រេចចិត្តត្រឹមត្រូវក្នុងការស្វែងរក និង ការប្រើប្រាស់សេវាថែទាំសុខភាព រាល់ ពេលមានបញ្ហាសុខភាព នៅមូលដ្ឋានសុខាភិបាលដែលនៅជិតលំនៅឋាន និង ពីអ្នកផ្តល់សេវាសុខាភិបាល ដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវ និង មានសមត្ថភាពពិតប្រាកដ ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៤]
(១៨) ចូលរួមបង្កា ទប់ស្កាត់ ថែទាំសុខភាព ព្រោះសុខភាពមិនល្អ ជាពិសេសជំងឺរ៉ាំរ៉ៃគឺជាបន្ទុក
កិច្ចការ(បង្កើនសកម្មភាពផ្តល់ការអប់រំ, ការបង្ការ និង ការថែទាំសុខភាព ដល់ប្រជាជន, គ្រួសារ និង សហគមន៍)នេះសំខាន់ សំរាប់ក្រសួងសុខាភិបាល មន្ទីរសុខាភិបាល ក្រសួងអប់រំ ក៏ដូចជាប្រជាពលរដ្ឋគ្រប់កន្លែងទាំងអស់។ យើងឃើញថា មានការកើតឡើងនូវជំងឺទឹកនោមផ្អែមពាក់ព័ន្ធទៅនឹងអាហារូបត្ថម្ភ។ ខ្ញុំមើលនៅក្នុងប្រទេសអភិវឌ្ឍន៍ជាច្រើន ពេលខ្លះប្រើប្រាស់របស់ផ្អែមតាំងពីក្មេង។ អ្នកខ្លះថា ហេតុអ្វីបានជាអាយុ ៣០ឆ្នាំជាង ចាប់ផ្ដើមមាន។ អ្នកខ្លះថា គាត់មិនដែលប៉ះគ្រឿងស្រវឹងអីបន្តិចផង កាន់សីលរហូត តែដោយសាររឿង ជួនកាលអាហារូបត្ថម្ភដែលយើងហូបពីក្មេង មានជាតិស្ករច្រើន ជាតិខ្លាញ់ច្រើន(ហូប)ពីក្មេង។ អញ្ចឹងការចូលរួមនេះ គឺត្រូវបង្កើនការចូលរួមពីសហគមន៍។ រដ្ឋបាលរាជធានីខេត្តទាំងអស់ចូលរួមទៅលើកិច្ចការនេះ។ រឿងនេះជារឿងយូរអង្វែង។ សុខភាពយូរអង្វែងរបស់ប្រជាពលរដ្ឋ។ ក្មេងអាយុ ១០ឆ្នាំថ្ងៃនេះ ៨-១០ ឆ្នាំក្រោយ គាត់ជាកម្លាំងពលកម្មពេញ។ កុំឱ្យដល់ពេលនោះ គាត់មានបញ្ហាទឹកនោមផ្អែម ឬមួយបញ្ហា(អ្វីផ្សេង) ដែលជាបន្ទុកវិញ។ (បញ្ហា)សុខភាពជាបន្ទុក។ សុខភាពល្អជាទ្រព្យ តែសុខភាពលំបាក ជាពិសេសជំងឺរ៉ាំរ៉ៃ គឺជាបន្ទុក។ នេះគឺការចូលរួម។
[ចប់សេចក្ដីអធិប្បាយ៤]
ទី៣. គ្រូពេទ្យ, បុគ្គលិកបច្ចេកទេស និង បុគ្គលិកសុខាភិបាល, ទាំងក្នុងវិស័យសាធារណៈ និង ឯកជន, ត្រូវបង្កើនការយកចិត្តទុកដាក់លើសេវាបង្ការ និង សេវាព្យាបាលបឋម ដើម្បី ទប់ស្កាត់ការវិវត្តនៃជំងឺទៅកាន់ស្ថានភាពធ្ងន់ធ្ងរ ឬ រ៉ាំរ៉ៃ ដែលអ្នកជំងឺ, គ្រួសារអ្នកជំងឺ, ប្រព័ន្ធ សុខាភិបាល និង ប្រព័ន្ធគាំពារសង្គម ត្រូវចំណាយខ្ពស់ ។ លើសពីនេះ, ត្រូវកសាង និង រក្សាទំនាក់ទំនងប្រកបដោយទំនុកចិត្ត, តាមរយៈឥរិយាបទប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ នៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ ឬ គ្រួសារអ្នកជំងឺ រួមទាំងលើកទឹកចិត្ត អ្នកជំងឺ និង គ្រួសារអ្នកជំងឺ ឱ្យចូលរួមក្នុងការសម្រេចចិត្តលើការព្យាបាល ព្រមទាំងការផ្តល់ចំណេះដឹង និង បទពិសោធអំពីការបង្ការបឋម, ការព្យាបាល, ការបង្ការ, ការគ្រប់គ្រងលក្ខខណ្ឌជំងឺរ៉ាំរ៉ៃ និងការថែទាំអ្នកជំងឺ ជាដើម ។
ទី៤. ពង្រឹងការអនុវត្តយន្តការតាមដាន និង កែលម្អគុណភាពសេវានៅមូលដ្ឋានសុខា ភិបាលគ្រប់កម្រិត, រួមទាំងការតាមដាននិន្នាការពេញចិត្តចំពោះសេវាអ្នកជំងឺ ឬ អតិថិជន, រៀបចំ និង អនុវត្តសកម្មភាពកែលម្អគុណភាពជាប្រចាំ ដោយរាប់បញ្ចូលទាំងសកម្មភាពគ្រប់គ្រង គ្លីនិក និង ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ប្រកបដោយនវានុវត្តន៍ ដើម្បីបង្កើនគុណភាព សេវាសុខាភិបាលល្អសម្រាប់ជាឧត្តមប្រយោជន៍ដល់អ្នកជំងឺ និង ប្រជាជន ។ ទន្ទឹមនេះ, ត្រូវលើកកម្ពស់ភាពឆ្លើយតបរហ័ស និង គណនេយ្យភាព ក្នុងការផ្តល់សេវាថែទាំសុខភាពប្រកប ដោយគុណភាពខ្ពស់ ដើម្បីរក្សាការជឿទុកចិត្តរបស់អ្នកជំងឺ, អតិថិជន និង សាធារណជន តាមរយៈ ការការអនុវត្តយន្តការទទួលព័ត៌មានត្រឡប់មកវិញ ឬ មតិយោបល់អំពីសេវាសុខាភិបាល (Complaints)…។
ទី៥. ក្រសួងសុខាភិបាល និង ស្ថាប័នពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនប្រជាជនគោលដៅ ក៏ដូចជាសាធារណជននូវកម្មវិធីគាំពារសុខភាពសង្គមឱ្យជ្រួតជ្រាបអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ត្រឹមត្រូវនូវសេវាថែទាំសុខភាព នៅក្រោមកម្មវិធីគាំពារសុខភាព សង្គមរបស់រាជរដ្ឋាភិបាល និង អំពីនីតិវិធីសម្រាប់ការទទួលបាននូវអត្ថប្រយោជន៍ទាំងនោះ, និង ត្រូវធានាថា អ្នកជំងឺគ្រប់រូប រួមទាំងប្រជាជនមានប័ណ្ណសមធម៌, ប័ណ្ណសមាជិក បសស និង ក្រុមជនគោលដៅដទៃទៀត នៃកម្មវិធីគាំពារសុខភាពសង្គម អាចទទួលបានសេវាថែទាំសុខភាព ដែលមានគុណភាព និង សុវត្ថិភាពតាមស្តង់ដារបច្ចេកទេស ដោយគ្មានភាពរើសអើង និង មិនគិតអំពីស្ថានភាពសង្គម-សេដ្ឋកិច្ច ពណ៌សម្បុរ សាសនា ឬ និន្នាការនយោបាយ ។
ទី៦. ជំរុញការអនុវត្តសកម្មភាពអន្តរ/ពហុវិស័យ ឬ ភាពជាដៃគូជាមួយវិស័យឯកជន ដើម្បីបង្កើនបរិស្ថានគាំទ្រ សម្រាប់ផ្សារភ្ជាប់រវាងការថែទាំបឋមជាមួយសេវាជំនួយសង្គម; ការជួយប្រជាជនងាយរងគ្រោះ ឱ្យទទួលបានសេវាសុខភាព និង សេវាសង្គមកាន់តែប្រសើរ; ការប្រកាន់ឥរិយាបថល្អដើម្បីសុខភាព; ការលើកស្ទួយការលូតលាស់របស់កុមារក្នុងដំណាក់ដំបូងនៃជីវិត, ការបង្កឱកាសទទួលបានការសិក្សា, ការបង្ការអំពើហិង្សាក្នុងគ្រួសារ និង ការប្រើប្រាស់គ្រឿងញៀន; ការលើកកម្ពស់ចំណីអាហារសុខភាព និង កន្លែងធ្វើការមានសុវត្ថិភាព; ការបង្ការគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក; ការពង្រីកសួនច្បារ ឬ ទីកន្លែងសាធារណៈបៃតង ។ល ។
មុនបញ្ចប់, ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ការពារសុខភាព, បង្ការ និង ទប់ស្កាត់ជំងឺនានា ។ ក្នុងករណីមានជំងឺ ឬ បញ្ហាសុខភាព, ត្រូវប្រញាប់ទៅកាន់មូលដ្ឋានសុខាភិបាលដែលជិតលំនៅឋាន, ជាពិសេស មណ្ឌលសុខភាព ដើម្បីទទួលបានការពិនិត្យ និង ការព្យាបាលទាន់ពេល ឬ ទទួលបានការប្រឹក្សាយោបល់ ក្នុងការទទួលយកសេវាសុខាភិបាលចាំបាច់ ឬ ការបញ្ជូនទៅកាន់មន្ទីរពេទ្យថ្នាក់ខ្ពស់បន្ទាប់ ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៥]
(១៩) រៀបចំរថយន្ត ៤៩៧គ្រឿង ជូនប្រជាពលរដ្ឋទៅស្រុកកំណើត និង ៥៦គ្រឿង ដំណើរកម្សាន្តទៅទិសឦសាន
មុននឹងបញ្ចប់នេះ ខ្ញុំសូមយកឱកាសនេះជូនដំណឹងទៅដល់ប្រជាពលរដ្ឋថា នៅសល់ ២ថ្ងៃទៀត ចាប់ផ្ដើមបិណ្ឌ១ ហើយ។ នៅសល់ ១៥ថ្ងៃទៀត យើងដល់បុណ្យភ្ជុំបិណ្ឌធំ។ ពេទ្យខ្លះប្រហែលជាជាប់(ប្រចាំការ)នៅហើយនេះ អត់បានសម្រាកទេ។ ពេទ្យក៏ដូចកងកម្លាំងប្រដាប់អាវុធអញ្ចឹង។ គេសម្រាក យើងនៅតែធ្វើការ។ យាយខ្ញុំ កាលមុនខូចស្នាក់នៅទីនេះ។ យប់ថ្ងៃឆ្លងឆ្នាំសកល ដល់វេនខ្ញុំនិងគ្រួសារ ២នាក់ត្រូវប្រចាំការ។ ប្អូនៗ មានកម្មវិធី។ ម៉ោង ៧ម៉ោង ៨យប់ ស្ងាត់ជ្រាប។ កន្លែងនេះអត់មានមនុស្សទេ។ ប្រពន្ធខ្ញុំថាថ្ងៃនេះល្អ។ ខ្ញុំថាកុំអាល(ថា)។ ចាំមើលក្រោយម៉ោង១២។ ពេលហ្នឹង អ្នកខ្លះចេញមកគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ។ សូមអំពាវនាវប្រជាពលរដ្ឋ (អោយមានការប្រុងប្រយ័ត្ន) ជាពិសេសគ្រោះថ្នាក់ចរាចរណ៍យកជីវិតប្រជាពលរដ្ឋយើងច្រើនណាស់។ សូមឱ្យអាជ្ញាធររាជធានីខេត្តពង្រឹងច្បាប់ចរាចរណ៍ ជាពិសេសប្រជាពលរដ្ឋរឿងប្រើប្រាស់គ្រឿងស្រវឹងនេះ។
សម្រាប់បុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋជាច្រើនត្រូវការធ្វើដំណើរទៅផ្ទះ។ ខ្ញុំសូមប្រគល់ជូនឯកឧត្តម ឃួង ស្រេង អភិបាលគណៈអភិបាលរាជធានីខេត្ត រៀបចំរថយន្តក្រុងដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ។ តាមក្រុងរាយការណ៍មកថា រៀបចំ ៥ថ្ងៃ ពីថ្ងៃទី ៣១ ខែកញ្ញា រហូតដល់ថ្ងៃទី ៤ខែតុលា។ បានន័យថា មុនមួយថ្ងៃគាត់ទៅផ្ទះ ហើយក្រោយមកហ្នឹង ថែមចំហាយ ១ថ្ងៃបន្ថែមទៀត ក្រោយថ្ងៃភ្ជុំបិណ្ឌ។ អញ្ចឹងត្រឡប់មកវិញ យើងត្រៀមជិត ៥០០ គ្រឿង, ៤៩៧ គ្រឿងដឹក/ជូនទៅតាមបណ្ដាខេត្តទាំងអស់។ កុំភ្លេចទឹកជូនបងប្អូនដូចកាលមុនផង។ រៀបចំឱ្យបានល្អ។ ឆ្នាំនេះទៀត ក៏ត្រៀមឡាន ៥៦គ្រឿង សម្រាប់រត់ទៅខេត្តទិសឦសាន ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ពេលភ្ជុំបិណ្ឌ។ ឥឡូវបងប្អូនចង់ទៅលេងទិសឦសាន ទៅលេងទឹកជ្រោះប៊ូស្រា ទៅលេងរតនគិរី បឹងយក្សឡោម ឥឡូវបានរថយន្តជិះដោយឥតគិតថ្លៃទៀត។ ៥៦គ្រឿងត្រៀមដឹកទៅ កុំឱ្យពិបាកចំណាយរថយន្ត(ខ្លួនឯង)។ យើងជិះឥតគិតថ្លៃទៅលេងនៅហ្នឹង និងជិះត្រឡប់មកវិញ។
សូមប្រកាសជូនដល់ប្រជាជនទាំងអស់ និយាយរួម អ្នករស់នៅរាជធានីភ្នំពេញ ព្រោះអ្នកនៅភ្នំពេញ ភាគច្រើនសុទ្ធតែអ្នកមកពីខេត្ត។ អញ្ចឹងពេលនេះ គឺជាពេលដែលល្អ ពេលភ្ជុំបិណ្ឌជាពេលដែលបើកឡានអត់ស្ទះចរាចរណ៍នៅភ្នំពេញ។ សូមឯកឧត្តម ឃួង ស្រេង ពិនិត្យមើលនៅក្នុងការជូនប្រជាពលរដ្ឋទៅតាមស្រុកកំណើតរបស់គាត់លេងពេលភ្ជុំបិណ្ឌនេះ ក៏ដូចជាខេត្តនៅខាងទិសឦសាន ដើម្បីឱ្យបានសប្បាយពេលភ្ជុំបិណ្ឌធំនេះ។
[ចប់សេចក្ដីអធិប្បាយ៥]
ជាទីបញ្ចប់, ជាមួយនឹងការប្រកាសបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និង រោងជាង, និង អគារវេជ្ជសាស្ត្រស៊ីក្លូត្រុង នៅមន្ទីរពេទ្យកាល់ម៉ែត», ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ, លោក លោកស្រី សមាជិក សមាជិកា នៃអង្គពិធី សូមមានសុខភាពល្អបរិបូណ៌ និង ទទួលបានជោគជ័យ ក្នុងគ្រប់ការងាររៀងៗខ្លួន ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព និង សូមប្រកបដោយពុទ្ធពរ និង ពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាត។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៦]
ក្នុងថ្ងៃនេះដែរសូមជូនសាស្រ្តាចារ្យ ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាល ២២៩៨នាក់ ម្នាក់ៗថវិកា ១០ម៉ឺនរៀល។ ជូននិស្សិតកម្មសិក្សាក្នុងមន្ទីរពេទ្យ ៣១៣នាក់ ម្នាក់ៗថវិកា ៥ម៉ឺនរៀល។ ជូនអ្នកជំងឺកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ ១៣៩៨នាក់ ម្នាក់ៗថវិកា ២០ម៉ឺនរៀល ជូនមន្ទីរពេទ្យកាល់ម៉ែត្រ ២០លានរៀល និងជូនក្រុមគ្រូពេទ្យប្រចាំការ ៣លានរៀល។ សូមអរគុណ៕
[ចប់សេចក្ដីអធិប្បាយ៦]