សម្រង់ប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត, ក្នុងពិធីចែកសញ្ញាបត្រសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

CMF:

ខ្ញុំព្រះករុណាខ្ញុំ​ សូមថ្វាយបង្គំព្រះតេជព្រះគុណ សមណនិស្សិត ជ័យលាភីគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ;
ឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាល
ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា
គណៈធិបតី ភ្ញៀវកិត្តិយស គណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិកសិក្សា និងនិសិ្សតជ័យលាភី
នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច និង
អង្គពិធីទាំងមូល ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានមកចូលរួមជាអធិបតី នៅក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតជ័យលាភីចំនួន ៣ ៥៣០ អង្គ/នាក់ ក្នុងនោះ ជ័យលាភី ជា ស្ត្រី ១ ៨២២ នាក់ ស្មើនឹង ៥១,៦១% ដែលបាន​បញ្ចប់ការសិក្សា​ដោយជោគជ័យ​ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]

(១) អ្នកទីមួយក្នុងត្រកូល ដែលបានរៀនចប់ឧត្តមសិក្សា, មាននិស្សិតវ័យជាង ៦០ឆ្នំា

(ទី១) ស្រីៗច្រើនជាង ប្រុស។ ទី២ សូមអបអរសាទរចំពោះភាពជោគជ័យរបស់និស្សិតទាំងអស់ ដែលបានតស៊ូពុះពារការលំបាក ទាំងការសិក្សា ទាំងជីវភាពរស់នៅប្រចាំថ្ងៃ ទាំងកាតព្វកិច្ចផ្សេងៗក្រៅសាលា រហូតដល់បានជោគជ័យ ទាំងជាង ៣ពាន់នាក់។ ខ្ញុំសូមចូលរួម(អបអរសាទរ)។ ខ្ញុំធ្លាប់មានអារម្មណ៍មួយនេះ។ អារម្មណ៍ដែលអង្គុយ(គិត)ថា លែងមាន homework ទៀតហើយ លែងមាននិក្ខេបបទ លែងមានតេស្ដទៀតហើយ។ មើលប៉ុន្មាននាក់ដែលធូរទ្រូងថា អត់មានតេស្ដ(ទៀត) សូមលើកដៃ? អ្នកអត់លើកដៃ សុទ្ធតែអ្នកស្ដាយអត់មានតេស្ដទៀត។ ពេលទៅចែកសញ្ញាបត្រ ខ្ញុំតែងតែសួរព្រោះចង់ដឹងថា តើអ្នកដែលជ័យលាភីនៅថ្ងៃនេះប៉ុន្មាននាក់ដែលខ្លួនជាអ្នកទីមួយនៅក្នុងត្រកូលរបស់ខ្លួនដែល(រៀន)ចប់ឧត្តមសិក្សា។ មានទេ? ជំនាន់បងប្អូនយើង ឪពុកម្ដាយ ជីដូនជីតាយើង អត់ទាន់មាន(អ្នករៀនចប់ឧត្តមសិក្សា)។ យើងជាអ្នកទីមួយ។ មានទេ? មានច្រើនគួរសម។ សូមអបអរសាទរ។

ថ្ងៃនេះ សូមអបអរសាទរផងដែរដល់និស្សិតដែលកំពុងសិក្សា អាចមានចូល(រួមនៅថ្ងៃនេះ)ខ្លះ ដែលយើងកំពុងឆ្ពោះទៅជិតដល់រៀមច្បងដែលចប់នៅថ្ងៃនេះ។ ខ្ញុំក៏សូម​យកឱកាសនេះ អបអរសាទរដល់ឪពុកម្ដាយ អាណាព្យា​បាល គ្រប់ក្រុមគ្រួសារ អាចមានជាម្ដាយឪពុក ជាប្ដីប្រពន្ធ ជាកូន ជាចៅ ព្រោះពេលខ្លះមាននិស្សិតតាដែរ។ ក្នុងការចែកសញ្ញាបត្រ ជួនកាលមាននិស្សិតឡើងមក(ទទួល)អាយុ ៦០ឆ្នាំជាង (ដល់)សួរទៅ (មាន)ចៅ ៤នាក់។ ពីមុនអត់ដែលអត់បានឱកាស ហើយជាពិសេសពេលចប់សង្រ្គាម ចេញមកធ្វើការរហូត ជាពិសេសនៅខេត្ត ដល់ពេលក្រោយមកមានសាកលវិទ្យាល័យបើកទៅ ក៏បានចូលរៀនបន្ត។ នេះមិនមែនជាកិច្ចការអីចំឡែកទេ។ កាលខ្ញុំរៀន master នៅសាកលវិទ្យាល័យ New York មិត្តរួមថ្នាក់របស់ខ្ញុំទទួលបាន Bachelor ឆ្នាំ ១៩៧៧។ ជាឆ្នាំខ្ញុំកើត។ ពេលចូលនិវត្តន៍ គាត់ថាមួយជីវិតចង់បាន master មួយទុក។ អញ្ចឹងឱកាសសំខាន់ណាស់។ យើងមានសិទ្ធិ និងមានសេរីភាពក្នុងការជ្រើសរើស។

(២) រួមគ្នាកសាងមូលដ្ឋានធនធានមនុស្សសម្រាប់ការអភិវឌ្ឍរួមគ្នា

ការអបអរសាទរថ្ងៃនេះ ក៏មិនមែនតែតួអង្គសំខាន់ទាំងពីរនាក់នេះ អាចសម្រេចទៅបាននោះទេ។ ពិតណាស់ និស្សិតខ្លួនឯងត្រូវតស៊ូ អាណាព្យាបាល គ្រួសារ ជាអ្នកបង្អែករឹងមាំ។ ប៉ុន្តែការអប់រំត្រូវវមានតួអង្គមួយទៀត គឺសាស្រ្តចារ្យ លោកគ្រូ អ្នកគ្រូ។ ខ្ញុំសូមយកឱកាសនេះ ធ្វើការអបអរសាទរផង ចំពោះនិស្សិតដែល(បាន)ចូលមក(សិក្សា)។ នៅឆ្នាំទី១ យើងនៅក្មេង។ តែ ៤ឆ្នាំ, ៥ឆ្នាំក្រោយ, អ្នកខ្លះ ៦ឆ្នាំ ដែលចប់ master នោះ យើងបានចូលរួមក្នុងមួយផ្នែកណាមួយ ធ្វើឱ្យជីវិតមានចំណេះដឹង មានសមត្ថភាព អនាគតកាន់តែរឹងមាំ។ សូមអបអរសាទរចំ​ពោះគណៈគ្រប់គ្រង បុគ្គលិកនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ចំពោះការរៀបចំដឹកនាំ សម្រួលការអប់រំបានជោគជ័យ។ ឆ្លៀតឱកាសនេះ ខ្ញុំក៏សូមអរគុណដល់សាកលវិទ្យាល័យដែលបានផ្ដល់អា​ហារូបករណ៍ជូនសម្ដេចតេជោ តាមរយៈគណៈកម្មការអាហារូបករណ៍សម្ដេចតេជោ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលចាប់ផ្ដើមតាំងពីឆ្នាំ ២០០៨ មក ១៦ឆ្នាំ ដែលនិស្សិតបានទទួលអាហារូបករណ៍ ១ ៥៦៣ កន្លែង។ ថ្ងៃនេះ មាន(និស្សិតអាហារូបករណ៍) ៦៦នាក់ ចូលរួមទទួលសញ្ញាបត្រ។ ក្រៅពីនោះ ក៏មានការផ្ដល់ឱកាស តាមរយៈអាហារូបករណ៍ផ្សេងៗទៀត ផ្ដល់ដល់និស្សិតក្រីក្រ និស្សិតផ្សេងៗ។ នេះគឺជាការចូលរួមចំណែកចែករំលែក ផ្ដល់ឱកាសដល់កូនខ្មែរ ដល់យុវជនខ្មែរ ដល់ប្រជាពលរដ្ឋខ្មែរ ដើម្បីរួមគ្នាកសាងមូលដ្ឋានធនធានមនុស្សសម្រាប់ការអភិវឌ្ឍរួមគ្នា។ ខ្ញុំសូមយកឱកាសនេះ អរគុណណាស់ ទៅដល់សាកលវិទ្យាល័យនៅក្នុងការផ្ដល់ឱកាស។

(៣) ស្ថិរភាព និងសន្ដិភាព, ការរីកចម្រើននៃជីវភាព និងការចូលរួមពីវិស័យឯកជន ធានាដល់ការកសាងធនធានមនុស្ស

ឱកាសទាំងអស់នេះ អាចទៅបានដោយសារកត្តាមួយចំនួន ដែលជាកត្តាធានាឱ្យ អាចទៅចូលរួមសម្រាប់ការអប់រំ។ ទី១ គឺកត្តាស្ថិរភាព សន្ដិភាព ដែលអាចផ្ដល់ឱកាសឱ្យយើងលែងវាយគ្នា មកកសាងប្រព័ន្ធអប់រំ និងការតភ្ជាប់។ ឥឡូវ មិនត្រឹមតែតភ្ជាប់ផ្លូវទេ មិនត្រឹមតែតភ្ជាប់កម្មវិធីសិក្សានោះទេ ប៉ុន្តែតភ្ជាប់ទាំងថ្នាក់រៀនទៀត។ ថ្ងៃមុន ខ្ញុំបានទៅចូលរួមកម្មវិធីមួយ ដែលសាកលវិទ្យាល័យជាច្រើនបានភ្ជាប់គ្នាតាមប្រព័ន្ធ internet ដើម្បីចែករំលែក។ អញ្ចឹងថ្នាក់ខ្លះដែលនៅខេត្តក្រចេះ អត់អាចបើកបាន ហើយបើចង់រៀន ទាល់តែមកភ្នំពេញ។ ឥឡូវបើសិនជាភ្ជាប់គ្នា អាចសិស្សរៀននៅក្រចេះបាន ដោយកម្មវិធីគ្រូបង្រៀនតាមអនឡាញ ប្រើប្រាស់បច្ចេកវិទ្យា ដើម្បីចែករំលែក និងបង្កើនប្រសិទ្ធភាពនៅក្នុងការអប់រំ។ អញ្ចឹង (ទី១) ស្ថិរភាពសង្គម សន្ដិភាព គឺជាកិច្ចការសំខាន់សម្រាប់ការអភិវឌ្ឍ។

ទី២ ការរីកចម្រើននៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ក្រៅពីអាហារូបករណ៍ បងប្អូនមួយភាគធំត្រូវ(រៀន)បង់ថ្លៃ។ គឺជីវភាពរស់នៅដែលអាចផ្ដល់លទ្ធភាពឱ្យមានការរៀនសូត្រ។ សាលាក៏បានលទ្ធភាពនេះមកកសាង វិនិយោគបន្ថែម ដើម្បីលើកកម្ពស់វិស័យអប់រំ លើកគុណភាពអប់រំរបស់សាលា។ អញ្ចឹងការរីកចម្រើននូវកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ជាកត្តាមួយសំខាន់។

កត្តាទី៣ លទ្ធភាពទូលាយក្នុងការទទួលបានការអប់រំថ្នាក់ឧត្តមសិក្សា តាមរយៈគោលនយោបាយដែលមានការចូលរួមនៃវិស័យឯកជនក្នុងការអប់រំ។ អ្នកដែលធ្លាប់ចេញបាក់ឌុបជំនាន់ឆ្នាំ ១៩៩០ជាង ដឹងហើយ សាលារបស់យើងមិនមានច្រើនទេនៅពេលនោះ។ នៅតាមខេត្ត​សឹងតែគ្មានសាលាទូទៅ មានសាលាកសិកម្ម សាលាគរុកោសស្យមួយចំនួន។ ជាទូទៅ យើងមិនមានទេ។ ចូលរៀនក៏ត្រូវប្រលងយកកៅអី។ រៀនមួយឆ្នាំត្រៀម ហើយប្រលងយកកៅអី ព្រោះកៅអីអត់គ្រប់។ អញ្ចឹង ដើម្បីបើកឱកាសឱ្យប្រជាពលរដ្ឋខ្មែរយើងគ្រប់កន្លែង ទាំងបរិមាណនិងគុណភាព រាជរដ្ឋាភិបាលដាក់គោលនយោបាយដើម្បីបើកឱកាសឱ្យមានការចូលរួម(ពីវិស័យឯកជន) បង្កើនលទ្ធភាព(អប់រំ)។

(៤) ការអប់រំត្រូវប្រទាក់ក្រឡាគ្នា “យើងជាមួយនឹងពិភពលោក ពិភពលោកជាមួយនឹងយើង”

រដ្ឋម្នាក់ឯងធ្វើមិនគ្រាន់ និងមិនទាន់ទេ។ រដ្ឋត្រូវពង្រឹង និងពង្រីកគ្រប់វិស័យ តាំងពីហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល កសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម ច្រើន … ដែលការចំណាយធនធានមិនគ្រប់ មិនអាចទាន់ពេលទេ ជាពិសេសក្រោយជំនាន់ ប៉ុល ពត គឺកើតកូនច្រើន។ អ្នកដែលដល់អាយុចូលមហាវិទ្យាល័យមានច្រើន។ តាមទិន្នន័យ មួយឆ្នាំប្រលងបាក់ឌុបដូចខ្ទង់ ២០ម៉ឺននាក់។ ក្នុង ២០ម៉ឺននាក់នេះ តែ ១០% ឬ ២០% ទៅរៀនបន្ត ហើយនៅទូទាំងប្រ​ទេសចូល ២ម៉ឺននាក់ ឬ ៤ម៉ឺននាក់។ បើ(ពឹងផ្អែកតែលើ)សាលារដ្ឋ យើងក៏ពិបាកដែរ។ អញ្ចឹងហើយ (ទី១)គោលនយោបាយដែលបើកចំហរដើម្បីការចូលរួម(របស់វិស័យឯកជន) មានលទ្ធភាពពង្រីក នោះគឺជាកិច្ចការសំខាន់។ទី២ ការបង្កើនសមត្ថភាព មិនត្រឹមតែពង្រីកនៅក្នុងប្រទេសទេ យើងពង្រីកទំនាក់ទំនងជាមួយនឹងក្រៅប្រទេស ហើយក៏មានការលើកទឹកចិត្តឱ្យចូលរួមពីគ្រឹះស្ថានឧត្តមសិក្សាក្រៅប្រទេស ចូលរួមក្នុងការអប់រំរបស់យើង តាមរយៈភាពជាដៃគូ។ អម្បាញ់មិញ ខ្ញុំឃើញរបាយការណ៍របស់ឯកឧត្តម សាន វឌ្ឍនា សាកលវិទ្យាល័យមានដៃគូជាមួយនឹងបណ្ដាប្រទេសជាច្រើន។

សម័យនេះ ជាជាងយើងដើរហើយរៀនជិះកង់ យើងអាចជិះម៉ូតូតែម្ដងនៅពេលដែលយើងមានលទ្ធភាព។ អញ្ចឹង ការភ្ជាប់លំហូរនៃប្រព័ន្ធអប់រំ គុណភាពអប់រំ បច្ចេកទេសអប់រំ គឺអាចឱ្យយើងផ្លាស់ប្ដូរជាមួយមិត្តបាន។ នៅទីនេះ ក៏មាននិស្សិតរបស់យើងចេញទៅក្រៅប្រទេស ទៅចូលរួមការប្រកួតប្រជែងផ្សេងៗ។ ខ្ញុំសូមអបអរសាទរ សូមអរគុណចំពោះសាលា ដែល(ពង្រីក)គុណភាព(អប់រំ)។ ពីមុន យើងចេញ(ពីរបបប្រល័យពូជសាសន៍) រកតែគ្រូមិនបាន។ ឥឡូវយើងបណ្ដុះបណ្ដាលបាន ហើយយើងអាចចេញទៅក្រៅ(ប្រទេស)ប្រកួតប្រជែង។ ថ្ងៃនេះ យើងមាននិស្សិតបរទេស ២០នាក់ដែរ មកទទួលសញ្ញាបត្រ។ យើងបើកចំហរបន្ថែម។ ការអប់រំត្រូវប្រទាក់ក្រឡាគ្នា។ យើងមិនអាចរស់បិទទ្វារមិនទាក់ទងគ្នាបានទេ។ យើងជាមួយនឹងពិភពលោក ពិភពលោកជាមួយយើង។ តែបិទទ្វារ យើងចេញក៏មិនរួច គេចូលក៏មិនរួច។ វិស័យអប់រំដូចគ្នា។ យើងមិនអាចថាបញ្ជូននិស្សិតទៅក្រៅ ប៉ុន្តែមិនយកពីក្រៅមកទេ។ ត្រូវតែមានទៅវិញទៅមក។

(៥) ធ្វើទំនើបកម្ម កំណែទម្រង់ ប្រព័ន្ធនិងវិធីសាស្រ្តអប់រំជាប្រចាំ និងត្រូវមានភាពបុរេសកម្ម

ការវិវឌ្ឍនេះ ជាមោទនភាពចំពោះប្រព័ន្ធអប់រំរបស់យើងទាំងអស់គ្នា។ សួរថា ល្អឥតខ្ចោះ ឬនៅ? មិនទាន់ទេ។ គ្មានប្រព័ន្ធអប់រំនៅប្រទេសណាល្អឥតខ្ចោះទេ។ គេធ្វើកំណែទម្រង់រហូត (កែសម្រួល)វិធីសាស្រ្តបង្រៀនរហូត។ ថ្ងៃមុន ខ្ញុំឃើញនៅប្រទេសហ្វាំងឡង់ នៅប្រទេសបារាំង និងសហគមន៍អឺរ៉ុប កំពុងតែពិចារណាកែសម្រួលវិធីសាស្រ្ត ប្រើបច្ចេកទេសក្នុងការបណ្ដុះបណ្ដាលក្មេង។ កាលមុន យើងថាប្រើ calculator លែងចេះបូកលេខ។ ឥឡូវក្មេងៗ ថ្នាក់វិទ្យាល័យមួយចំនួននៅក្រៅប្រទេសលែងឱ្យប្រើសៀវភៅក្រដាសអានហើយ គេឱ្យប្រើ tablet។ ធ្វើបានមួយរយៈ ឥឡូវគេចាប់ផ្ដើមវាយតម្លៃថា អត់ចំណេញទេ សិស្សលែងប្រើសៀវភៅ អារម្មណ៍នៃការផ្ដោតការអាន លែងសូវបានយូរ។ សិស្សខំប្រឹងចុចឱ្យលឿនៗ ដើម្បីទៅមើលអ្វីផ្សេង។ (គេ)ឃើញថា អា​រម្មណ៍នៃការផ្ដោត (នៃការអាន)នោះ(លែងសូវមាន)។ អញ្ចឹងត្រូវកែសម្រួលឡើងវិញ។ បានន័យថា ការ(ធ្វើ)ទំនើបកម្មក្ដី កំណែទម្រង់ប្រព័ន្ធអប់រំ វិធីសាស្រ្តអប់រំ យើងធ្វើជាប្រចាំ។

ផ្អែកទៅតាមរបាយការណ៍របស់ឯកឧត្តម សាន វឌ្ឍនា ខ្ញុំសូមយកឱកាសនេះធ្វើការកោតសរសើរដល់សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក៏ដូចជាសាកលវិទ្យាល័យជាច្រើន ដែលមានគំនិតផ្ដួចផ្ដើមធ្វើសកម្មភាពជាក់ស្ដែងក្នុងការកែទម្រង់ និងធ្វើទំនើបកម្មក្នុងការអប់រំជាប្រចាំ ផ្លាស់ប្ដូរបទពិសោធន៍ជាមួយនឹងដៃគូធ្វើយ៉ាងណាយកផលទាំងនោះមកឱ្យសិស្ស។ សូមលើកទឹកចិត្តបន្ត(ធ្វើកិច្ចការនេះបន្ត)ទៅទៀត។ ខ្ញុំក៏សូមឆ្លៀតឱកាសនេះកោតសរសើរនិងវាយតម្លៃក្រសួងអប់រំ យុវជននិងកីឡា ដែលបានខិតខំធ្វើការកែទម្រង់ប្រព័ន្ធអប់រំ និងពង្រឹងវិស័យអប់រំ ព្រោះគោលនយោបាយត្រូវមានភាពបុរេសកម្ម។ បើយើងដឹងថា AI នឹងមក កុំចាំមកដល់ បានស្រវេស្រវា​​។ យើងត្រៀមឱ្យហើយ។ បើដឹងថា គ្រោងតែជំរុញសេដ្ឋកិច្ចផ្អែកទៅលើវិជ្ជាសាស្រ្ត យើងដាក់ STEM ដាក់ STEAM យើងរៀបចំបញ្ជូនឱ្យហើយ​​ ធ្វើផែនការមុន ចាប់ផ្ដើមធ្វើសកម្មភាពបុរេសកម្ម។

(៦) គ្មានមូលដ្ឋានរឹងមាំនៅបឋមសិក្សានិងមធ្យមសិក្សា ក៏នឹងគ្មានមូលដ្ឋានរឹងមាំនៅឧត្តមសិក្សា

ក្រសួងអប់រំបានធ្វើកិច្ចការនេះច្រើន។ មិនមែនត្រឹមតែឧត្តមសិក្សាទេ។ ការកែសម្រួលគោលនយោបាយថ្នាក់ឧត្តមសិក្សា ក៏បានពង្រឹងជាច្រើន ប៉ុន្តែយើងបានកែសម្រួលតាំងពីថ្នាក់បឋមមូលដ្ឋាន រហូតដល់ឧត្តមសិក្សា ព្រោះប្រទាក់ក្រឡាគ្នា​។ បើគ្មានមូលដ្ឋានរឹងមាំនៅបឋមសិក្សា នៅមធ្យមសិក្សាទេ យើងគ្មានមូលដ្ឋានរឹងមាំនៅឧត្តមសិក្សាទេ។ ខ្ញុំមិនដឹងថា ថ្ងៃណាទៅដែលមនុស្សមិនបាច់រៀនថ្នាក់ទី១ និងទី២ ហើយតើ download បានឬអត់ទេ។ ខ្ញុំធ្លាប់មើលកុនមួយ រឿង Matrix ដែលចង់បើកយន្តហោះ មិនបាច់រៀនទេ ចូលទៅអង្គុយតែ ២០នាទី download ចូលមកបាន ចេះបើកតែម្ដង។ មិនដឹងពេលណា ខ្ញុំមិនប្រាកដទេ។ ប៉ុន្តែ ចំពោះមុខត្រូវតែរៀនតាំងពី(ថ្នាក់មូលដ្ឋាន)ហ្នឹង។ អញ្ចឹងការកែសម្រួល ការដឹកនាំអនុវត្ត ការកែទម្រង់ ក៏ដូចជាការតាមដានជំរុញជាប្រចាំរបស់ក្រសួងអប់រំនេះ គឺជាកិច្ចការដែលត្រូវធ្វើ ហើយត្រូវធ្វើជាប្រចាំ។ ថ្ងៃមុន ឯកឧត្តម ហង់ជួន ណារ៉ុន ជូនពរឱ្យគោលនយោបាយអាទិភាព នៃគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ សម្រេចបានជោគជ័យ។ ខ្ញុំថា អរគុណប៉ុន្តែចង់ឱ្យជោគជ័យ ទាល់តែក្រសួងអប់រំខ្លួនឯងជាអ្នកធ្វើ (ព្រោះក្រសួង)ធ្វើជាសេនាធិការ។ អញ្ចឹងមិនបាច់ជូនពរខ្ញុំទេ។ ខំប្រឹងធ្វើអនុវត្តឱ្យបានជោគជ័យ។ ប៉ុន្តែក្រសួងបានធ្វើ និងអនុវត្តច្រើន។ យើងក៏បានរួមគ្នានៅក្នុងកិច្ចការនេះ។

(៧) បង្កើនកញ្ចប់ថវិកាវិនិយោគលើវិស័យអប់រំ ដើម្បីប្រសិទ្ធភាព ប្រសិទ្ធផល ច្នៃប្រឌិតទាន់ពេលវេលា

(កិច្ចការ)ទាំងអស់នេះស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលច្រើនអាណត្តិមកហើយ ដែលយកចិត្តទុកដាក់ទៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស។ យើងយកមនុស្សជាអាទិភាពទី១ មិនថាចតុកោណ ឬបញ្ចកោណដំណាក់កាលទី១ និងបន្តបន្ទាប់ គឺយើងយកធនធានមនុស្ស(ជាអាទិភាពទី១)។ ប្រទេសមួយខ្លាំង ដោយ​សារ​ប្រជាជនខ្លាំង។ ជាក់ស្ដែង ក្នុងកញ្ចប់ថវិកាជាតិរបស់យើងឆ្នាំ ២០២០ ការវិភាជន៍ថវិកាទៅក្នុងវិស័យអប់រំ យើងមាន ៣,២ ពាន់លានរៀល បើគិតជាដុល្លារ ៧៨២ លានដុល្លារជាង។ ដល់ឆ្នាំ ២០២៤ យើងកើនដល់ ៣,៧ ពាន់លានរៀល គិតជាដុល្លារ ជាង ៩១១ លានដុល្លារ។ កំណើនដែលគ្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ទៅលើគ្រូ ទៅលើកិច្ចការសំខាន់ៗជាច្រើនក្នុងវិស័យអប់រំ យើងមិនដែលនិយាយទេ និយាយទទេមិនកើតទេ ត្រូវរៀបចំផែនការ ត្រូវទម្លាក់ថវិកាដើម្បីអនុវត្តផែនការជាក់ស្ដែង។ តិចច្រើន គឺនេះជាវិស័យអាទិភាពរបស់យើង។ យើងចប់សង្រ្គាមកាប់ចាក់គ្នាហើយ។ យើងដល់ពេលប្រមូលធនធានដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីទទួលនូវផលលាភនៃសន្តិភាព។ ធនធានមនុស្ស គឺប្រជាពលរដ្ឋរបស់យើងត្រូវតែជាអ្នកទទួលផលមុនគេ។ ដូចនេះហើយមកដល់ម៉ោងនេះ យើងនឹងបន្តគោលនយោបាយទៅអនាគត គឺធនធានមនុស្ស វិនិយោគទៅលើវិស័យអប់រំឱ្យកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល ច្នៃប្រឌិតច្រើន បើកលំហរដើម្បីការច្នៃប្រឌិតទាន់ពេលវេលា។ ឥឡូវ មានគ្រឹះស្ថាន(សិក្សា)នៅក្រៅប្រទេសខ្លះចូលមកបើកក្នុងប្រទេសយើង។ ថ្ងៃមុន បើកនៅកោះពេជ្រមួយ វិទ្យាស្ថានរបស់អង់គ្លេស។ ក្រៅពីនេះ យើងមានសាលាដែលសហការយកប្រព័ន្ធអប់រំដើម្បីយើងប្រកួតប្រជែង។

(៨) ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យអប់រំ ការងារ និងស្ថាប័ននានា ដើម្បីពលរដ្ឋជាកម្លាំងជាតិ មានដ៏មានសមត្ថភាព

និយាយពីការអប់រំ គឺត្រូវគិតពីសាលា។ គិតពីសាលា ត្រូវគិតអំពីកម្មវិធី និងការបំពាក់(គ្រឿងឧបទេសក៍)។ ត្រូវគិតអំពីការវិនិយោគឲ្យចំគោលដៅ។ អញ្ចឹងការរៀបចំទាំងកម្មវិធីសម្រាប់បំប៉នទាំងគ្រូបន្ថែម ទាំងសិស្ស ទាំងវិធីសាស្រ្តអប់រំ គឺជាកិច្ចការសំខាន់ ដើម្បីទាញផលបានជាក់ស្ដែង។ សួរថា ហេតុអីបានជាយើងយកចិត្តទុកដាក់ទៅលើវិស័យអប់រំ? ហេតុអីបានជារដ្ឋវិនិយោគទៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស ទាំងវិស័យអប់រំក្នុងក្របខ័ណ្ឌក្រសួងអប់រំ ទាំង TVET ក្នុងក្រសួងការងារ ហើយក្រៅពីនោះ នៅតាមស្ថាប័នផ្សេងទៀត ដូចជា ក្នុងធម្មការ ក៏វិនិយោគក្នុងការពង្រឹងការបណ្ដុះបណ្ដាល។ ថ្ងៃនេះ មានព្រះតេជព្រះគុណ ព្រះសង្ឃ សមណនិស្សិតក៏បានមកទទួលនៅទីនេះ។ ទាំងពុទ្ធចក្រនិងអាណាចក្រ យើងដើរជាមួយគ្នា។ សំណួរនេះមិនខុសពីសួរថា ហេតុអីបានជាឪពុកម្ដាយ មិនថាអ្នកមានឬអ្នកក្រ អ្នកក្រុងឬអ្នកខេត្ត ចង់ឲ្យកូនបានរៀននោះទេ។ រកលុយដើម្បីបង់ឲ្យកូនរៀន ដើម្បីឲ្យកូនទៅសាលា។ អញ្ចឹងសួរថា រដ្ឋាភិបាលបានធ្វើច្រើននៅលើវិស័យ​អប់រំ មិនខុសពីសួរឪពុកម្ដាយធ្វើក្នុងរឿងហ្នឹងទេ។

សួរសាម៉ីខ្លូន សួរនិស្សិតម្នាក់ៗ ហេតុអីបានជាខំរៀនរហូតដល់ចប់? នៅផ្ទះទំនេរមិនស្រួលជាងឬ? សំណួរនេះវាឡូហ្សិកដូចគ្នា។ នេះគឺជាតម្រូវការរបស់ប្រជាជនម្នាក់ៗ របស់និស្សិតនៅទីនេះ ចង់រៀនបង្កើនសមត្ថភាពរបស់ខ្លួន ច្បាមយកឱកាសកាន់តែច្រើន។ ឪពុកម្ដាយចង់ឃើញកូនវិវឌ្ឍ និងមានមោទនភាពជាងជំ​នាន់ខ្លួនថាអាចមានលទ្ធភាពម្ចាស់ការធានារស់នៅខ្លួនឯង គ្រួសារខ្លួនឯង ហើយជួយម៉ែឪវិញ ពេលម៉ែឪចាស់។ ជាធនធានមួយដែលមានសក្ដានុពល។ ប្រទេសជាតិក៏ដូចគ្នា។ យើងចង់បានមនុស្ស/ប្រជាជនទាំងអស់ មានសមត្ថភាព មានកម្រិតជីវភាព មានភាពឯករាជ្យម្ចាស់ការក្នុងការកំណត់ជីវភាពរស់នៅរបស់ខ្លួន។ អញ្ចឹង ចង់ផ្ដល់សន្ទូចទៅឲ្យប្រជាពលរដ្ឋ រៀបចំបឹង ទម្លាក់ត្រី គឺវិនិយោគលើវិស័យអប់រំនេះហើយ ទើបមានសមត្ថភាព មានលទ្ធភាពឲ្យប្រជាពលរដ្ឋរស់ខ្លួនឯង ហើយរស់ដោយមានចីរភាព ហើយមិនមែនត្រឹមតែរស់ខ្លួនឯងទេ គឺប្រជាពលរដ្ឋនេះហើយ ដែលជាអ្នកកំណត់នូវកម្លាំងរបស់ជាតិ កម្លាំងរបស់ប្រទេសយើង តាមរូបភាពមួយចំនួន៖

(៩) ចំណេះដឹងបង្កើនសមត្ថភាពមនុស្សក្នុងការប្រកួតប្រជែង និងឯករាជ្យម្ចាស់ការកំណត់ជីវិតការងារ និងជីវភាពរស់នៅប្រចាំថ្ងៃ

ទី១ ចំណេះដឹងបង្កើនសមត្ថភាពមនុស្សក្នុងការប្រកួតប្រជែង។ ឥឡូវ ទីផ្សារសេរី អញ្ចឹងមនុស្សម្នាក់ៗចង់ប្រកួតប្រជែងចាប់យកឱកាសទាល់តែមានកម្រិតសមត្ថភាពខ្ពស់ មានការចេះដឹង និងការអប់រំ អាចទាំងបទពិសោធជាមួយគ្នាទៅផង ទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។ សម្រាប់ប្រទេសជាតិ ពេលដែលយើងមានមនុស្ស មានប្រជាជនច្រើនមានចំណេះដឹងអាចប្រកួតប្រជែងបាន នឹងជួយឲ្យប្រទេសរបស់យើងប្រកួតប្រជែងបាន។ សម័យឥឡូវ ប្រជាជនម្នាក់ មិនខុសពីប្រទេសមួយទេ។ យើងរស់នៅក្នុងអាស៊ាន យើងរស់នៅក្នុងអាស៊ី យើងរស់នៅក្នុងពិភពលោក យើងត្រូវប្រកួតប្រជែង។ ពិតណាស់ ការសហការជាមួយបណ្ដាប្រទេសត្រូវតែធ្វើ យើងអត់មានទៅឈ្លោះជាមួយអ្នកណាទេ អត់ច្បាំងគ្នាជាមួយអ្នកណាទេ ប៉ុន្តែការប្រកួតប្រជែងខាងសេដ្ឋកិច្ចទាមទារនូវការពង្រឹងខ្លួនឯងជាចាំបាច់។ ហ្នឹងហើយដែលត្រូវការធនធានមនុស្សមានភាពប្រកួតប្រជែង។ ប្រជាជនម្នាក់ៗ ភាពប្រកួតប្រជែងខិតខំប្រឹងប្រែងនេះហើយ ដែលធ្វើឲ្យកម្លាំងសរុបរឹងមាំ ប្រទេសមានភាពប្រកួតប្រជែង។ នេះហើយការវិនិយោគទៅលើវិស័យអប់រំ ដែលបង្កលក្ខណៈឲ្យប្រជាជនអាចប្រកួតប្រជែង កាន់តែមានភាពប្រ​កួតប្រជែង គឺឲ្យប្រទេសយើងកាន់តែប្រកួតប្រជែង។ នេះគឺជាចម្លើយមួយ ដែលថាហេតុអីបានជាយើងទៅវិនិយោគលើវិស័យអប់រំ និងបើកឱកាសឲ្យច្រើន។

ទី២ ចំណេះដឹង និងសមត្ថភាព ជួយឲ្យមនុស្សមានឯករាជ្យភាព ម្ចាស់ការ ក្នុងការកំណត់ជីវិតការងារ និងជីវភាពរស់នៅប្រចាំថ្ងៃឲ្យកាន់តែប្រសើរ។ យើងធ្វើអីបានច្រើន ដោយពឹងខ្លួនឯង (លើកលែងតែ)ពេលចាំបាច់ (ដែល)តិចណាស់ ត្រូវពឹងទៅលើគេផ្សេង។ ការកំណត់ផែនការជីវិត ការដឹកនាំ អនុវត្តនូវជីវិត ការខំប្រឹងរកកម្រៃរបស់យើង មិនថាបងប្អូនដែលធ្វើជាកម្មករធ្វើជាកសិករ ធ្វើជាមន្រ្តី ធ្វើជាបុគ្គលិកក្នុងវិស័យឯកជន គឺត្រូវការសមត្ថភាព ចំណេះដឹង ដើម្បីអាចកំណត់ជីវភាពរស់នៅបានមួយផ្នែក … ពេលដែលយើងមានសមត្ថភាពធ្វើបាន យើងម្ចាស់ការ។ ខ្ញុំទទួលភ្ញៀវថ្នាក់ដឹកនាំបរទេស មិនថាកម្រិតណាទេ ខ្ញុំតែងតែនិយាយថា «ស្វាគមន៍មកកាន់វិមានសន្តិភាព» ហើយខ្ញុំតែងតែប្រាប់គាត់អំពីលក្ខណៈពិសេសមួយដែលថា នេះគឺជាវិមានរបស់រាជរដ្ឋាភិបាល ដែលមានកម្រិតធំ។ ឥឡូវ(ប្រហែល)មិនធំជាងគេទេ ប៉ុន្តែធំពេលកសាងនោះ គឺកសាងដោយកូនខ្មែរទាំងស្រុង ដោយគ្មានពឹងវិស្វករមកពីប្រទេសណានោះទេ។ ឥឡូវយើងម្ចាស់ការធ្វើស្ពាន ថ្នល់ អគារខ្ពស់ៗផ្សេងទៀតបានច្រើនដោយវិស្វកររបស់យើង។ កូនខ្មែរធ្វើកម្មវិធីកុំព្យូទ័រ កូនខ្មែរផលិត កូនខ្មែរម្ចាស់ការធ្វើផែនការនៅតាមបណ្ដាស្ថាប័នថ្នាក់ជាតិនិងក្រោមជាតិ និងដឹកនាំអនុវត្តជាប្រចាំ។ ពីដើម យើងពឹងលើជំនាញការ។

(១០) ឯករាជ្យផ្តល់ភាពម្ចាស់ការឱ្យកំណត់វាសនាខ្លួនឯង ក្នុងការវិនិយោគលើវិស័យអប់រំ កាន់តែខ្លាំងនិងលឿន

ពី១៩៧៩មក យើងពឹងលើជំនាញការវៀតណាម និងរុស្សី ដល់ឆ្នាំ៩០ជាង ពឹងលើជំនាញការពី IMF និង World Bank។ សកលវិទ្យាល័យច្រើនណាស់ បើតាមខ្ញុំចាំ ដូចនៅតិចណូអី មានពីអឺរ៉ុបច្រើន។ តែក្រោយមកគេដកចេញអស់ ដោយសារសមត្ថភាពគ្រូរបស់យើងម្ចាស់ការបង្រៀន។ យើងធ្វើខ្លួនឯងបាន។ មួយជំនាន់កូវីដ-១៩នេះ យើងអត់មានបញ្ជូនគ្រូពេទ្យពីប្រទេសណាមកជួយទេ។ កូនខ្មែរយើងបណ្ដុះបណ្ដាលក្នុងស្រុកភាគច្រើន មួយចំនួនពិតណាស់បានបំពេញបន្ថែមនៅខាងក្រៅ ប៉ុន្តែភាគច្រើននៅក្នុងស្រុក។ យើងព្យាបាលអ្នកជំងឺយើងជា។ ថ្ងៃមុន ខ្ញុំទៅពេទ្យកាល់ម៉ែត សម្ពោធបុកគ្រឹះធ្វើអគារធំមួយ ដែលគ្រោងបំពាក់ឧបករណ៍ទំនើប។ បើយើងគ្មានមនុស្សដែលយើងបណ្ដុះបណ្ដាលក្នុងប្រទេស ធ្វើហើយប្រាកដជាយកមនុស្សមកពីក្រៅ ឬមួយក៏គ្មានមនុស្សមកធ្វើការស្រុកយើង ដោយសារបៀវត្សរ៍យើងមានកម្រិត អញ្ចឹងយើងធ្វើមិនបាន។ តែដោយសារយើងមានសមត្ថភាពខ្លួនឯង យើងអាចបំពាក់ម៉ាស៊ីន(បាញ់) cancer ម៉ាស៊ីនពិនិត្យសុខភាព វះកាត់អី ខ្លួនឯងបាន។ នេះគឺឯករាជ្យភាព ដែលបានផ្ដល់ឲ្យកម្ពុជាម្ចាស់ការកំណត់វាសនាខ្លួនឯងតាមរយៈការវិនិយោគលើវិស័យអប់រំ។ ទៅមុខក៏កាន់តែខ្លាំង កាន់តែលឿន។

(១១) ចំណេះដឹងធានាឲ្យភាពធន់ មានភាពធន់អាចម្ចាស់ការ ធនធានមនុស្សនេះគឺជាភាពធន់ដែលត្រូវពង្រឹង

អញ្ចឹង ការអប់រំធានាឲ្យយើងនូវភាពធន់។ បានន័យថា ពេលដែលយើងប៉ះព្យុះ អត់រលំ ហើយងើបវិញមិនរួច ដោយសារចំណេះដឹងក្នុងខ្លួន។ ឲ្យតែនិយាយរឿងភាពធន់ ខ្ញុំសួរពូៗ មួយចំនួន ជាពិសេសក្នុងវិស័យឯកជន។ អ្នកខ្លះឥឡូវគាត់មានជោគជ័យខ្ពស់។ សួរទៅ អ្នកខ្លះពីដើមឪពុកម្ដាយធ្លាប់មានហាងលក់វ៉ាលី ដល់ជំនាន់ ប៉ុល ពត អស់រលីង។ ចេញមកឪពុកម្ដាយគេសម្លាប់ចោលទៀត។ អញ្ចឹងគាត់យកជំនាញដែលសល់ពីនោះទៅចាប់ផ្ដើមឡើងវិញតក់ៗ។ មិនខុសពីនៅស្រុកអាមេរិក។ ម្សិលមិញ មានអ្នក Tiktok ម្នាក់ដើរសួរអ្នកមានជោគជ័យនៅលើពិភពលោក។ សួរចំម្នាក់នៅអាមេរិកជាអ្នកជំនាញក្នុងការវិនិយោគ stock market។ គាត់ជិះឡាន Roll Royce។ គេសួរថា អ្នកឯងធ្វើអីជោគជ័យ? គាត់ថា ជាអ្នក stockbroker ខាងផ្សារភាគហ៊ុន។ គេសួរមួយទៀតថា អ្នកឯងធ្លាប់ដាច់យ៉ៃឬអត់? អ្នកនោះសើច និងថាដាច់យ៉ៃ ២ដង។ ដំបូងឡើយ កើតមកខ្ញុំដាច់យ៉ៃ។ ចេញពីគ្រួសារក្រីក្រ តែបានទៅរៀន ហើយចាប់វិនិយោគឆ្នាំ២០០០ជាង ឡើងដល់រាប់លានជាង។ ដល់ទៅទីផ្សារហ្នឹងវារលំ វាធ្លាក់ចុះ គាត់អស់ម្ដងទៀតទៅ … មុននឹងដួលនោះ គាត់ធ្លាប់មានបុគ្គលិក ២០០នាក់។ គាត់អស់ទៅវិញ អស់ទាំងផ្ទះទៀត។ ក្រោយមកទើបគាត់ចាប់ផ្ដើមឡើងវិញ។ នៅក្នុងប្រទេសយើង ឃើញបងប្អូនខ្លះគាត់ធ្វើការនៅក្រៅប្រទេស ដល់ចប់គាត់ត្រឡប់មកវិញ គាត់អត់មានបង្អែកទេ។ គាត់យកជំនាញដែលបានមក ចាប់បើកកន្លែងរបស់គាត់។ ពេលទៅធ្វើការ(ក្រៅប្រទេសនោះ) គាត់ទទួលបានជំនាញ។

ភាពធន់ បានន័យថា យើងម្ចាស់ការហើយ បើព្យុះមកខ្លាំង យើងមិនបាត់របស់ក្នុងខ្លួនទេ របស់ក្រៅខ្លួនអាចបាត់ ប៉ុន្តែរបស់ក្នុងខ្លួន គំនិត សមត្ថភាព ការយល់ដឹង អាចឲ្យយើងចាប់ឱកាសកសាងឡើងវិញបាន។ ប្រទេសយើងដូចគ្នា។ សង្រ្គាមខ្ទេចអស់ហើយជំនាន់ ប៉ុល ពត។​ ចេញមកវិញ កសាងធនធានមនុស្ស ទាញចាប់ឱកាសយើងឡើងវិញ។ ពេលដែលយើងចប់សង្រ្គាម ២៥ឆ្នាំមុន សេដ្ឋកិច្ចយើងដើរលឿន ដោយសារមូលដ្ឋានធនធានមនុស្សដែលយើងកសាងពីឆ្នាំ ៨០ជាងមក។ ដល់ឆ្នាំ ១៩៩៨-១៩៩៩ យើងមានធនធានច្រើននៅក្នុងការអភិវឌ្ឍប្រ​ទេសខ្លួនឯង។ នេះគឺជាភាពធន់។ បើសិនជាខ្យល់ព្យុះមកខ្លាំង វាអត់រលំរលាយ។ វាមានការលំបាកក្នុងមួយរយៈ ប៉ុន្តែយើងមានភាពធន់។ ឥឡូវ ដូចនៅក្នុងបច្ចុប្បន្ននេះ វិស័យមួយចំនួនត្រូវប៉ះ ដូចជាវិស័យអចលនទ្រព្យ ធនាគារ ប៉ុន្តែវិស័យឧស្សាហកម្ម និងវិស័យផ្សេងៗ​(មិនប៉ះពាល់ខ្លាំង)។ អញ្ចឹង យើងត្រូវខំស្ដារឡើងវិញ តែបើយើងអត់មានធនធានមនុស្ស បើវិស័យទាំងអស់នោះពឹងលើធនធានមនុស្សគេទាំងអស់ ប្រហែលជាអត់មានអ្នកណានៅធ្វើការទេ។ ធនធានមនុស្សនេះគឺជាភាពធន់របស់យើង និងជាអ្វីដែលយើងត្រូវពង្រឹងបន្ថែម។

(១២) ធនធានមនុស្សជួយឲ្យមានភាពបត់បែននិងអាចចាប់យកឱកាសថ្មី ដើម្បីអភិវឌ្ឍនិងប្រកួតប្រជែង

យើងម្នាក់ៗ បន់ឲ្យតែព្រះអាទិត្យបើកថ្ងៃរាល់ថ្ងៃ ប៉ុន្តែវាមិនអាចទៅអញ្ចឹង។ ថ្ងៃខ្លះភ្លៀង ថ្ងៃខ្លះស្រទុំ។ សមត្ថភាពឬភាពធន់អាចឲ្យយើងជ្រកបាន។ បន្ថែមទៅទៀតគឺភាពបត់បែន។ ភាពធន់ពាក់ព័ន្ធទៅនឹងភាពបត់បែន។ ភាពបត់បែននៅក្នុងការប្រកួតប្រជែង ក្នុងការចាប់យកឱកាស។ បងប្អូនអាចធ្វើការនៅក្នុងវិស័យមួយ។ ពេលដែលឱកាសកើតឡើងក្នុងវិស័យមួយទៀត យើងក៏ទៅ។ សេដ្ឋកិច្ចយើងពីមុន ពឹងផ្អែកទៅលើវិស័យវាយនភ​​ណ្ឌកាត់ដេរកម្រិតស្រាល ឥឡូវយើងដំឡើងទៅឧស្សាហកម្មកម្រិតមធ្យម គ្រឿងយន្ត និងអេឡិកត្រូនិក។ សមត្ថភាព និងបទពិសោធដែលមាន អាចឲ្យយើង Upskilling ឬ Reskilling បាន។ បងប្អូនរៀនបរិញ្ញាបត្រ Management គ្រប់គ្រង តែថ្ងៃក្រោយ បើឱកាសក្នុង IT មាន យើងអាច Reskilling បាន ដើម្បីប្រកួតប្រជែង។ ប៉ុន្តែបើយើងមិនបានរៀនដល់បរិញ្ញាបត្រទេ យើងមិនអាចរៀនត្រឹមថ្នាក់ទី១០ ឬទី៦មក Reskilling បានទេ។ អញ្ចឹងការបត់បែននៅកម្រិតខ្ពស់។ នៅមានការបត់បែនតាមកម្រិតផ្សេងទៀត។

ធនធានមនុស្សក៏ដូចគ្នា។ ការវិនិយោគមួយចំនួនមកកម្ពុជាថា ឥឡូវមិនមកវិនិយោគកាត់ដេរទេ ចង់មកវិនិយោគធ្វើបង្គុំអគ្គិសនី។ តើក​ម្ពុជាមានធនធានមនុស្សឬអត់? ក្រសួងការងារអាចធានាថាក្នុងរយៈពេល ៦ឬ៧ខែ យកធនធានមនុស្សមកធ្វើការបណ្ដុះបណ្ដាលបាន ដោយសារធនធានមនុស្សយើងមានមូលដ្ឋានមួយចំនួនរួចទៅហើយ ដោយសារការបណ្ដុះបណ្ដាល។ ក្រុមហ៊ុនមួយចំនួនថា ដំបូងនឹងយកវិស្វករបរទេសមក។ ប៉ុន្តែ ខ្ញុំមិនអាចបង់ប្រាក់ខែរហូតទេ។ ពេលណាមួយខ្ញុំចង់ផ្ទេរទៅឲ្យអ្នកក្នុងប្រទេស។ បើយើងគ្មានសាលា គ្មានសកលវិទ្យាល័យ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សមួយចំនួនឲ្យ ដើម្បីគេថែមការបណ្ដុះបណ្ដាលបន្តិចបន្តួច បំប៉នបន្ថែម យើងនឹងពិបាក។ អញ្ចឹងធនធានមនុស្សជួយឲ្យយើងមានភាពបត់បែន និងអាចចាប់យកឱកាសថ្មី។

ឥឡូវ យើងនិយាយអំពី AI។ បើសិនជាយើងគ្មានធនធានមនុស្ស ដែលបានបំពាក់បំប៉នខាង​បច្ចេកវិទ្យា IT មុនទេ យើងក៏ពិបាក។ ទៅយកអ្នកដែលរៀនខាងកសិកម្មឲ្យគាត់ផ្ទេរទៅ AI ពិបាក។ អាចមាន AI មួយកម្រិតក្នុងវិស័យ​កសិកម្ម តែបើយកជាបច្ចេកវិទ្យា(កម្រិតខ្ពស់នឹងពិបាក)។ អញ្ចឹងមានការបណ្ដុះបណ្ដាលធនធានមនុស្សកាន់តែច្រើន យើងអាចបត់បែន។ ដូចគ្នា កម្រិតវប្បធម៌យើងកាន់តែខ្ពស់ យើងមានមូលដ្ឋានកាន់តែទូលំទូលាយ យើងអាចបត់បែនច្រើន។ ខ្ញុំសួរអ្នកខ្លះ មក(ធ្វើការក្នុង)រដ្ឋបាលសាធារណៈ (មាន)ប្រវត្តិជាពេទ្យទេ។ រៀនដំបូង ពេទ្យធ្មេញអញ្ចឹងទៅ ក្រោយមកគាត់កែទៅរៀនមុខវិជ្ជាផ្សេង ដោយសារមូលដ្ឋានមាន(ស្រាប់) គ្រាន់តែបណ្ដុះ។ នៅអាមេរិក ៤ឆ្នាំ យក Bachelor ហើយថែម ២ឆ្នាំទៅយក Master។ គេអត់គិតថា Bachelor ដំបូងអ្នកឯងរៀនអីទេ។ មិនមែនថាចង់យក Master ខាងហ្នឹង ទាល់តែ ៤ឆ្នាំដំបូង រៀនផ្នែកហ្នឹងទេ។ គេគិតថា Bachelor គឺមូលដ្ឋានចំណេះដឹងទូទៅ ដើម្បីជាមូលដ្ឋានអាចទៅរៀនអីផ្សេងៗបាន។ គេមិនទាមទារឲ្យរៀនយក ៦ឆ្នាំឡើងវិញនូវជំនាញនោះទេ។ ពិតណាស់ វិទ្យាសាស្រ្តមួយចំនួន ដូចជាពេទ្យត្រូវការយូរ ប៉ុន្តែជាទូទៅ ជំនាញផ្សេងៗទៀតគឺអាចផ្លាស់ប្ដូរ។ អញ្ចឹងមូលដ្ឋាននៃចំណេះដឹងអាចឲ្យយើងមានភាពបត់បែន ហើយចាប់យកឱកាសបន្តឡើងកម្រិតខ្ពស់ទៀត។

ប្រទេសយើងដូចគ្នា។ មូលដ្ឋានដែលបងប្អូនមាននៅថ្ងៃនេះ មិនថា បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ គឺសុទ្ធតែជាមូលដ្ឋានបន្ថែម ដើម្បីឲ្យយើងមានភាពធន់ មានភាពប្រកួតប្រជែង មានភាពបត់បែន អាចសម្របខ្លួនចាប់យកឱកាសថ្មីៗ ដើម្បីបង្កើនខ្លួន ហើយក៏ជាមូលដ្ឋានដែលជួយឲ្យប្រទេសរបស់យើងអាចមានភាពធន់ ភាពប្រកួតប្រជែង និងភាពបត់បែន ដើម្បីអភិវឌ្ឍ និងប្រកួតប្រជែងជាមួយប្រទេសផ្សេងៗនៅលើពិភពលោក ដើម្បីរីកចម្រើន។ ហើយនេះហើយជាការយកចិត្តទុកដាក់ និងការបន្តវិនិយោគបន្ថែម ផ្ដល់លទ្ធភាពឲ្យកាន់តែប្រសើរឡើងក្នុងវិស័យអប់រំ ដើម្បីឲ្យប្រជាពលរដ្ឋយើងមានលទ្ធភាពទទួលបាននូវការអប់រំកាន់តែរស់រវើក។ ហើយនេះគឺជាការប្ដេជ្ញាចិត្ត និងអាទិភាពពិតប្រាកដរបស់រាជរដ្ឋាភិបាលពីមុនមក និងអាណត្តិទី៧នេះ នឹងទៅបន្តទៀត គឺបន្តវិនិយោគធំទៅលើវិស័យអប់រំរបស់យើង។

(១៣) រាជរដ្ឋាភិបាលអាណត្តិទី៧ ផ្ដល់អាទិភាពទៅលើមនុស្សតាមរយៈសុខភាព សមត្ថភាព ឱកាសការងារ កែទម្រង់រដ្ឋបាលសាធារណៈ និងពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ

រាជរដ្ឋាភិបាលអាណត្តិទី៧ … បានផ្ដល់គោលនយោបាយអាទិភាពទៅលើមនុស្សមាន (១) សុខភាពជាស្នូល និងទី២ សមត្ថភាព។ មនុស្សយើងត្រូវការធាតុសំខាន់ ២ ដើម្បីជាមូលដ្ឋាននៃកំណើន។ ទី៣ គឺឱកាសតាមរយៈការជំរុញបង្កើតការងារ ការទាក់ទាញដែលខ្ញុំហៅថា ការទាក់ម៉ូយក្នុងវិស័យផ្សេងៗ … ក្រសួងការងារមួយថ្ងៃៗឃើញប្រកាស ២ឬ៣ម៉ឺនកន្លែងផ្សេងៗ (ងាកសួររដ្ឋមន្រ្តី)។ មួយអាទិត្យ ៥ម៉ឺននាក់ជាង ជាពិសេសក្នុងវិស័យឧស្សាហកម្ម … យើងជំរុញការវិនិយោគដើម្បីភាពប្រកួតប្រជែង។

ភាពប្រកួតប្រជែងផលិតភាពរបស់ប្រជាពលរដ្ឋនឹងជួយឲ្យមានកំណើនសេដ្ឋកិច្ច បូកនឹងលទ្ធភាពនៅក្នុងការបង្កើនបៀវត្សរ៍ជូន។ បើយើងបង្កើនតែបៀវត្សរ៍ មិនបង្កើនផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេសយើងអាចមានបញ្ហា។ តែបើយើងបង្កើនផលិតភាព បៀវត្សរ៍ក៏កើន ភាពប្រកួតប្រជែងក៏នៅរក្សា។ អញ្ចឹងហើយបានការវិនិយោគត្រូវបន្តទៅលើការងារនេះ។

(៣) ការកែទម្រង់រដ្ឋបាលសាធារណៈ ការជ្រើសរើសមន្រ្តី … គ្រូមតេ្តយ្យសិក្សា ដាក់ពាក្យប្រឡង ១ម៉ឺននាក់ យកតែ ២០០នាក់។ ខ្ញុំសូមសរសើរទៅដល់ក្រសួងមុខងារសាធារណៈ ACU ស្ថាប័នពាក់ព័ន្ធ ដែលខិតខំជំរុញការប្រកួតប្រជែងនេះ។ ទិសដៅយើងរើសឲ្យត្រូវ រើសឲ្យសុក្រឹត ផ្ដល់លទ្ធភាព​ឲ្យស្មើគ្នា ដើម្បីយើងចម្រាញ់យកគុណភាព អ្នកចេះជាប់ អ្នកមិនជាប់ក៏អស់ចិត្ត អ្នកជាប់ៗដោយមោទនៈ។ ទ្រឹស្ដីខ្ញុំតាំងពីនៅកងទ័ព ដែលខ្ញុំទទួលចូលរួមក្នុងការដឹកនាំការប្រឡងជ្រើសរើសនាយទាហាន … គេប្រឡង២តង់ … សួរឪពុកម្ដាយ គាត់ថា «កូនខ្ញុំបើមិនជាប់តង់ទី ២នេះ ក៏ខ្ញុំសប្បាយចិត្តដែរ ព្រោះលើកទី១ មួយម៉ឺននាក់ ចម្រាញ់សល់ ២ពាន់ហ្នឹង។ ខ្ញុំមោទនៈរួចទៅហើយ ព្រោះកូនខ្ញុំខំប្រឹងរួចទៅហើយ»។ យើងធ្វើបាន ធានាបាន គាត់បញ្ចេញសមត្ថភាព។ ការកំណែទម្រង់ស្ថាប័នខាងក្នុង ការពង្រឹងប្រសិទ្ធភាពស្ថាប័ន គឺត្រូវអាស្រ័យទៅលើការពង្រឹងធនធានមនុស្ស ពិសេសការរៀបចំជ្រើសរើសដំបូង និងវគ្គបំប៉នបន្ថែមដល់មន្ត្រីដែលមានស្រាប់។ វគ្គជាច្រើនដែលត្រូវបើកនៅក្នុងកិច្ចការនេះ។

មួយទៀតគឺ (៤) ការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ដែលជាអាទិភាពរស់នៅក្នុងប្រទេស។ យើងចប់សង្គ្រាមហើយ យើងចូលរួមក្នុងការពង្រឹងសណ្ដាប់ធ្នាប់សាធារណៈ។ ឯកឧត្តមអគ្គស្នងការនគរបាលនៅទីនេះ ស្នងការនគរបាលខេត្តបានចូលរួមសកម្មនៅក្នុងការខិតខំដើម្បីធ្វើកិច្ចការនេះ ជាពិសេសការគ្រប់គ្រងក្មេងទំនើងល្បែងស៊ីសងផ្សេងៗ ដែលបានខិតខំ។ យើងមិនថាយើងធ្វើម្ដងអស់ទេ ផ្សិតត្រូវដើរដកជាប្រចាំត្រូវខិតខំទប់ជាប្រចាំ។ ខ្ញុំសង្ឃឹមថាមានការចូលរួមអប់រំនៅក្នុងសាលានេះ មិនត្រឹមតែអប់រំតែចំណេះដឹងតែអប់រំទៅដល់ឥរិយាបទ។ តាមការសិក្សា អ្នកដែលពិបាកគ្រប់គ្រងជាងគេ​គឺក្មេងជំទង់។ ដោយហេតុនេះ យើងបានជំរុញឥរិយាបទនៅតាមបឋមសិក្សាឡើងមក ឬមួយក៏យើងថាបឋមសិក្សា អនុវិទ្យាល័យ ដំណាក់កាលទីមួយនេះគឺរុញបឋមសិក្សាដើម្បីធ្វើយ៉ាងឱ្យចូល។

ថ្ងៃមុនទៅអង្គុយនិយាយលេងមួយជាគាត់។ ពេលខ្លះ មួយអាទិត្យយើងប្រជុំនៅភ្នំពេញច្រើនពេក ថ្ងៃសៅរ៍-អា​ទិត្យ លួចឆ្មក់ទៅសាលា។ ថ្ងៃមុននៅកំពង់ស្ពឺ និយាយជាមួយគាត់។ បងស្រីម្នាក់គាត់ថាកូនគាត់កាលពីមុនមិនទាន់ថែម២ម៉ោងហ្នឹង ល្ងាចឡើងបង្ហោះកង់ ឥឡូវដល់យើងរុញម៉ោងរៀន យើងរុញម៉ោងបន្ថែម កូនគាត់គ្រាន់តែបាយមិនទាន់ទេ ដេញម៉ែឱ្យជូនមកសាលាដើម្បីបានរៀនបន្ថែម។ ចេញទៅបានអ៊ំបង្រៀនបន្ថែម ឥរិយាបទបន្តិចៗ ហ្នឹង។ ពីមុនងើបឡើង ប្រុចមកសាលា។ ឥឡូវគេបត់ភួយបត់អី មិនខុសពីខ្ញុំរៀននៅសាលាទាហានអាមេរិក ងើបឡើងដំបូងមុនគេគឺត្រូវបត់ភួយខ្នើយ រៀបចំអាវឱ្យត្រូវ ព្រោះថ្នាក់លើគេមកត្រួត។ ខុសតែមួយចំអាមគឺត្រូវពិន័យ គេឱ្យមើលការងារតូចៗដំបូងដើម្បីជោគជ័យ។

កិច្ចការទាំងអស់នេះត្រូវបណ្ដុះបណ្ដាល។ ការអនុវត្តនេះសំខាន់ ដើម្បីជួយទប់ជួយថែរក្សាស្ថិរភាពជូនប្រជាពលរដ្ឋ។ យើងលែងវាយគ្នាហើយ​ ប៉ុន្តែកុំឱ្យក្មេងៗកាប់ដាវពេញភូមិ … ជិះម៉ូតូមិនស្រួលគេមកកាប់លេង បែកស្ដុប​ បងតូចបងធំ។ សូមឱ្យសាលា ក៏ដូចជាឪពុកម្ដាយចូលរួមដើម្បីទប់ស្កាត់និងអប់រំបន្ថែម សម័យឥឡូវក្មេងទំនើង។ ជំនាន់ខ្ញុំមានតែកង់​ជិះ ដើរមិនសូវទៅឆ្ងាយទេ តែឥឡូវជិះម៉ូតូ ហើយកាន់តែលឿនទៀតគឺតាមរយៈហ្វេសប៊ុកតាមរយៈទូរស័ព្ទ។ ថ្ងៃមុន បាញ់គ្នានៅខេត្តបាត់ដំបង។ មានដែលជួបគ្នាឯណាណាត់គ្នាម្នាក់ពីភ្នំពេញជិះទៅបាញ់គ្នា។ ឈ្លោះគ្នា … ពុលកន្លែងខ្លះ​ ប្រធានបទមិនត្រូវឈ្លោះក៏ឈ្លោះដែរ។ ការអប់រំសំខាន់។ ជាពិសេសរឿងចរា​ចរណ៍។ ឥឡូវបុកគ្នាស្លាប់ច្រើន។ សូមពង្រឹងកិច្ចការនេះ។ បន្តិចទៀតដល់ភ្ជុំបិណ្ឌ ខ្ញុំសង្ឃឹមថាភ្ជុំបិណ្ឌនេះប្រជាពលរដ្ឋធ្វើដំណើរដោយសុវត្ថិភាព កុំឱ្យមានសៅហ្មង​ជាពិសេសរឿងគ្រោះថ្នាក់ចរាចរណ៍ …។

(១៤) ក្រសួងយុត្តិធម៌ពិនិត្យធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីពង្រឹងកម្រិតការអនុវត្តទោសទណ្ឌករណីបើកបរក្រោមជាតិស្រវឹងបុកមនុស្សស្លាប់

ល្ងាចមិញ ខ្ញុំឃើញមានករណីសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមមួយរឿងបុកស្លាប់នៅឬស្សីកែវ។ ឃើញសាលាដំបូងរាជធានីភ្នំពេញចេញមកប្រកាសថា នេះគឺជាអ្វីដែលបានដាក់ហើយ (តាមកម្រិត)អតិបរមាដែលច្បាប់អនុញ្ញាតិ។ ឥឡូវ និស្សិតច្បាប់នៅទីនេះពិនិត្យមើល។ បើទោះបីជាគ្រួសារសព ៤ នាក់បានដកពាក្យបណ្តឹងរដ្ឋបវេណី ក៏មិនអនុញ្ញាតិឲ្យរួចខ្លួនដែរ។ មិនអាចផឹកស្រវឹងបុកគេស្លាប់ហើយ រួចខ្លួនដោយសារគេដកពាក្យបណ្តឹងនោះទេ។ ត្រូវតែទទួលទោសជាប់ពន្ធធនាគារ។ ការកាត់ទោសនេះ សាលាដំបូងរាជធានីបានពន្យល់ថាដាក់(ទោស)អស់(កម្រិត)ហើយ​តាមច្បាប់អនុញ្ញាតិ។ ខ្ញុំថាឥឡូវអញ្ចេះ ដើម្បីឲ្យពិតប្រាកដ … ត្រូវប្តឹងឧទ្ធរណ៍។ សុំឲ្យប្រគល់ភារកិច្ចឲ្យក្រសួងយុត្តិធម៌ប្រើអំណាចអធិបញ្ជារបស់ខ្លួនតាមច្បាប់ ឲ្យគោលការណ៍ទៅព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ប្តឹងទៅសាលាឧទ្ធរណ៍ដើម្បីពិនិត្យមើលការសម្រេចនេះធ្ងន់គ្រប់គ្រាន់ឬនៅ។ ជាករណីបុកមនុស្សស្លាប់ដល់ទៅ ៤នាក់។ តើច្បាប់យើងដាក់ទំងន់គ្រប់គ្រាន់ឬនៅ? ព្រោះជាសារសំខាន់ណាស់សម្រាប់អ្នកដែលប្រព្រឹត្ត។

អញ្ចឹងកិច្ចការនេះត្រូវពិនិត្យឡើងវិញ។ សូមឯកឧត្តម កើត រិទ្ធ ប្រគល់ភារកិច្ចជូន​ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ប្តឹងទៅឧទ្ធរណ៍ ឲ្យពិនិត្យមើលថាតើការសម្រេចនេះមានទម្ងន់គ្រប់គ្រាន់តាមច្បាប់ជាធរមានឬនៅ? ព្រោះរឿងនេះវាប៉ះពាល់ច្រើនហើយជាគំរូទៅដល់អ្នកបើកបរស្រវឹងផ្សេងទៀតផងដែរ ពិនិត្យមើលឡើងវិញ ហើយបើច្បាប់យើងអស់ហើយត្រឹមហ្នឹង ត្រូវធ្វើវិសោធនកម្មច្បាប់។ ថ្ងៃមុន ករណីឧកញ៉ា ស្រី ស៊ីណា ដូចគ្នា។ អញ្ចឹងដើម្បីឲ្យស្របទៅតាមទំងន់ ដើម្បីកុំឲ្យ(មានការ)លើកទឹកចិត្ត(អ្នកប្រព្រឹត្ត) … បើច្បាប់មានស្រាប់ យើងមិនអាចធ្វើអីលើសពីដែនកំណត់នៃច្បាប់ដែលមានជាធរមាននោះទេ។ ប៉ុន្តែ បើសិនជាទំងន់នេះដាក់អស់ហើយ យើងត្រូវពិនិត្យគប្បីធ្វើវិសោធនកម្មច្បាប់ដើម្បីបង្កើនទំងន់ ទុក(បង្កា)ទៅថ្ងៃក្រោយការពារកុំឲ្យបែបនេះតទៅទៀតឬទេ។ និស្សិតរៀនច្បាប់ដឹង ហើយអាចពិនិត្យមើលករណីនេះ ដើម្បីធានាឲ្យអស់ចិត្តទាំងអស់គ្នា ហើយមើលជាគម្រូជាក់ស្តែង។ បើយើងចង់អនុវត្តទប់ស្កាត់កុំឲ្យមាន ត្រូវបង្កា ហើយការប្រើច្បាប់បង្កានេះគឺត្រូវអនុវត្តឲ្យបានតឹងរឹងចំពោះបទល្មើសបែបនេះ ជាពិសេសករណីដែលមានអ្នកស្លាប់ច្រើនដូច ៤នាក់នៅឬស្សីកែវ។ ករណីនេះ ខ្ញុំតាមជាប់ជាប្រចាំ។ យើងមិនអាចទៅបញ្ជាតុលាការ ឬមួយតុលាការមិនអាចកាត់អ្វីលើសពីក្របខណ្ឌច្បាប់ដែលមានជាធរមាន ប៉ុន្តែយើងត្រូវពិនិត្យមើល។ អញ្ចឹងសុំប្តឹងករណីនេះទៅឧទ្ធរណ៍ដើម្បីពិនិត្យមើលថាតើទំងន់នេះគ្រប់គ្រាន់ហើយអតិបរមាមួយដែលសមរម្យ។

ស្របពេលនេះ ក្រសួងយុត្តិធម៌កំពុងពិនិត្យ និងរៀបចំធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ អញ្ចឹងគួរពិនិត្យមើលបែបនេះ។ គោលដៅណាខ្លះដើម្បីស្ថេរភាព ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ជាពិសេសផឹកស្រវឹងបុកគេស្លាប់ ត្រូវតម្លើង ត្រូវពង្រឹងកម្រិតនៃការអនុវត្តទោសទណ្ឌកម្រិតណាដើម្បីឲ្យមនុស្សខ្លាច ដើម្បីផ្តល់នូវការសម្រេចមួយដែលសម្រេចភារកិច្ចរួមគឺគោលដៅនៃការទប់ស្កាត់ និងការប្រព្រឹត្តបទល្មើសដដែលៗបែបនេះ​។ ចំពោះកិច្ចការនេះ ខ្ញុំក៏សូមស្នើជាថ្មីដល់ស្ថាប័នអយ្យការ ស្ថាប័នតុលាការនៅទូទាំងប្រទេស សូមពង្រឹងការអនុវត្ដច្បាប់ឲ្យបានម៉ឺងម៉ាត់ចំពោះជនល្មើស ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គម ដើម្បីបង្ការ និងបង្រ្កាបនូវ​បទ​ល្មើសទាំងនោះ ដើម្បីយើងបានរស់នៅក្នុងសង្គមមានសុខដុមនីយកម្ម ក៏ដូចជាកាត់បន្ថយនូវការភ័យបារម្ភរបស់បងប្អូនប្រជាពលរដ្ឋយើងចំពោះបទល្មើសគ្រឿងញៀន ជួញដូរមនុស្ស បទល្មើសក្មេងទំនើង ចរាចរណ៍ បុកគេស្លាប់ ដោយភាពស្រវឹង។

រួមគ្នា យើងបានធ្វើច្រើនហើយ ប៉ុន្ដែត្រូវ(បន្ដ)ធ្វើដូចភ្លៀងរលឹម។ ទាំងអស់នេះមិនថានៅប្រទេសយើងទេ នៅប្រទេសណា ជិតខាងយើងនៅប្រទេស ជប៉ុន អាមេរិក រឿងនេះវាឡើងដូចផ្សិត តែត្រូវទឹកភ្លៀងភ្លេចដកវាដុះ។ ត្រូវធ្វើជាប់ជាប្រចាំ អនុវត្ដឲ្យបានរឹងមាំ ដើម្បីធានានូវការកំណត់ព្រំដែននូវការប្រព្រឹត្ដរបស់បុគ្គលមួយចំនួនកុំឲ្យហួសព្រំដែន។ ច្បាប់គឺដើម្បីការពារសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់រូប និងសង្គមរបស់យើងរស់នៅក្នុងដោយស្ថិរភាព នេះជាកិច្ចការចាំបាច់ដែលត្រូវធ្វើ។

[ចប់សេចក្ដីអធិប្បាយ១]

ចាប់ពីពេលនេះតទៅ, ជ័យលាភីនៅថ្ងៃនេះ នឹងក្លាយជាអ្នកជំនាញផ្នែកច្បាប់ រដ្ឋបាល សាធារណៈ និង សេដ្ឋកិច្ច ដែលនឹងត្រូវចូលរួមបំពេញការងារជាក់ស្តែងនៅក្នុងសង្គម។ រាជរដ្ឋា-ភិបាលសង្ឃឹមយ៉ាងមុតមាំថា ជ័យលាភីទាំងអស់នឹងយកចំណេះដឹងដែលទទួលបានពីសាកលវិទ្យាល័យនេះ ទៅអនុវត្តការងារ ក្នុងគោលដៅបំពេញតម្រូវការផ្ទាល់ខ្លួន គ្រួសារ ក៏ដូចជាចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ ទៅតាមសេចក្តីត្រូវការជាក់ស្តែងក្នុងវិស័យនីមួយៗ ជាការងារក្នុងស្ថាប័នរដ្ឋ ការងារក្នុងវិស័យឯកជន ឬ អង្គការជាតិ-អន្តរជាតិ។ ប្អូនៗជ័យលាភីនឹងយល់ដឹងកាន់តែច្បាស់ថាចំណេះដឹងដែលទទួលបានក្នុងពេលសិក្សា ចាំបាច់ត្រូវគួបផ្សំជាមួយ បទពិសោធដែលទទួលបានពីការអនុវត្តជាក់ស្តែង រួមនឹងគំនិតច្នៃប្រតិដ្ឋនានា ស្របតាមស្ថានភាព និងកាលៈទេសៈជាក់ស្តែងនៃការងារនោះ។

ខ្ញុំសង្ឃឹម និង ជឿជាក់យ៉ាងមុតមាំថា ប្អូនៗទាំងអស់ នឹងខិតខំពុះពារជម្នះរាល់ឧបសគ្គទាំងឡាយ ដើម្បីកសាងខ្លួន ឱ្យកាន់តែស័ក្ដិសមជាពលរដ្ឋល្អ មន្ត្រីរាជការល្អ បុគ្គលិកល្អ ដោយប្រើជំនាញ ចំណេះដឹង និង ចំណេះធ្វើពិតប្រាកដរបស់ខ្លួន ប្រកបដោយមនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវក្នុងការងារ សីលធម៌ល្អ និង ដាក់ខ្លួនបម្រើប្រជាជនដោយស្មោះសរ ដើម្បីបុព្វហេតុជាតិមាតុភូមិដ៏ថ្លៃថ្លារបស់យើង។ ការសិក្សាផ្នែកទ្រឹស្តីនៅក្នុងថ្នាក់បានជួយឱ្យជ័យលាភីមានមូលដ្ឋានច្បាស់លាស់ក្នុងការត្រិះរិះពិចារណា ថ្លឹងថ្លែង និង បានយល់ពីតម្លៃពិតនៃចំណេះដឹងជំនាញ សម្រាប់អភិវឌ្ឍខ្លួននៅអនាគត។

សូមជ័យលាភីទាំងអស់ ចងចាំថាមានតែចំណេះវិជ្ជាទេដែលអាចជួយលើកស្ទួយប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនថែមទៀត។ ប្អូនៗជ័យលាភីត្រូវយល់ថា ដើម្បីក្លាយខ្លួនជាបញ្ញវ័ន្តប្រកបដោយគុណអាវុធរឹងមាំ ប្អូនៗជ័យលាភីត្រូវបន្តខិតខំប្រឹងប្រែង បន្តសិក្សាស្រាវជ្រាវដោយខ្លួនឯង ខិតខំអានសៀវភៅឲ្យបានច្រើន និងព្យាយាមដុសខាត់រំលឹកឡើងវិញជាប្រចាំនូវចំណេះដឹងទាំងនោះ ដើម្បីជាប្រយោជន៍ដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]

(១៥) បន្តសិក្សាពង្រីកចំណេះដឹង “រៀនសូត្រមួយជីវិត រៀនគ្រប់ទីកន្លែង រៀនពីគ្រប់គ្នា និងរៀនពីខ្លួនឯង”

ការទទួលបានសញ្ញាប័ត្ររបស់ប្អូនៗ នាពេលនេះ មិនទាន់គ្រប់គ្រាន់នៅឡើយទេ សម្រាប់ជីវិតនៃការសិក្សារបស់ខ្លួន។ ដូច្នេះត្រូវបន្តសិក្សារៀនសូត្របន្ថែមនូវកម្រិតខ្ពស់បន្ថែមទៀត ដើម្បីពង្រីកចំណេះដឹងរបស់ខ្លួនឲ្យកាន់តែទូលំទូលាយ ពោលគឺត្រូវបន្តរៀនសូត្រមួយជីវិត រៀនគ្រប់ទីកន្លែង រៀនពីគ្រប់គ្នា ហើយកុំភ្លេចរៀនពីខ្លួនឯងផង ខ្លួនឯងជាគ្រូរបស់ខ្លួនឯង នេះជាបទពិសោធន៍របស់ខ្ញុំ។ ខ្ញុំមិនល្អឥតខ្ចោះទេ។ ការងារក៏មិនមែនប្រសិទ្ធភាពទាំងអស់ដែរ ប៉ុន្តែតែងតែច្បាស់ជានិច្ច។ មើលខ្លួនឯង​ វិនិយោគ វាយតម្លៃខ្លួនឯង ជាពិសេសក្រោយពីត្រូវមាត់មេ។ ឬថា នាយករដ្ឋមន្ត្រីអត់ត្រូវមាត់មេ? មុននឹងខ្ញុំឡើងតួនាទីនេះ ខ្ញុំជានាយជើងគោក រងជើងគោក ពីកូនរបស់ឪពុក ពីកូនរបស់ម្តាយ។ អញ្ចឹងអ្វីដែលគាត់ណែនាំអប់រំយើងតែងតែរកវិធីថាកុំឲ្យដដែលទៀត។ រកវិធីសិក្សាមើល។ ពេលខ្លះត្រូវអង្គុយមើលខ្លួនឯង។​ ដើម្បីប្រកួតប្រជែងត្រូវកែទាំងអស់។ កុំដូចទឹកកក។ ទឹកកកនៅម្តុំ រឹងថ្កល់ អត់រីកទេ។ យូរទៅត្រូវថ្ងៃរលាយអស់។ សមត្ថភាពចំណេះដឹងយើងដូចគ្នា។ ចេះប៉ុណ្ណឹងមិនប្រាកដថាយើងធ្វើវាអស់ ហើយបើមិនស្រាវជ្រាវឲ្យច្រើន កាន់តែលំបាក។

(១៦) ពេលរៀនៗ អោយបាន ១០០% តែពេលចេញធ្វើការ ត្រូវធ្វើអោយបាន ១២០% ទើបជោគជ័យ

ខ្ញុំថាពេលរៀនៗ ១០០% តែពេលចេញធ្វើការត្រូវធ្វើ ១២០% ទើបជោគជ័យ។ ខ្ញុំធ្លាប់ណែនាំទៅជំនួយការខ្ញុំ ហើយគេសួរថាធ្វើស្អីលើសពី ១០០% ពេលរៀនយើងចង់បាន ១០០% ដើម្បីបានពិន្ទុពេញ។ មែនទេ? ប៉ុន្តែពេលធ្វើការ ១០០% បានន័យថា អ្វីជាការងារដាក់មក គាត់ធ្វើដោយជោគជ័យ តែ​ ២០% គឺការច្នៃប្រឌិតបង្កើតអ្វីថ្មី។ អ្នកនៅនេះ ធ្លាប់ធ្វើការឲ្យគេ។ អ្នកដែលធ្លាប់ធ្វើមេគេ យើងយល់៊ បើសិនជាប្រគល់ឲ្យធ្វើតែដដែលៗ ហ្នឹងហើយធ្វើមិនបានល្អ អ្នកហ្នឹងអត់បានពិន្ទុមែន តែបើអ្នកហ្នឹងប្រគល់ឲ្យហើយ លើកក្រោយមកគាត់មានគំនិត លើកយោបល់ធ្វើកាន់តែល្អជាង ហ្នឹងហើយ ២០% ទៀត ដែលឲ្យអ្នកហ្នឹងជោគជ័យ។ ថ្ងៃក្រោយ ក្នុង ១០នាក់ មានម្នាក់ហ្នឹងតែងតែមានការគិតគូរ ហើយច្បាស់លាស់។ មិនត្រឹមតែច្បាស់លាស់ទេ មានគំនិតថ្មី ច្នៃប្រឌិតធ្វើរហូត។ គួរឲ្យធ្វើមេគេ។ អញ្ចឹងបើចង់ជោគជ័យ ពេលរៀនៗ ១០០% តែពេលចេញធ្វើការគួរតែខិតខំ ១២០% កុំទៅជាមនុស្សទឹកកក។ ត្រូវចេះច្នៃប្រឌិត។ អ្វីដែលឲ្យធ្វើរាល់ថ្ងៃ ធ្វើឲ្យបានជោគជ័យ ១០០% ហើយកុំភ្លេចថែមការស្រាវជ្រាវ បង្កើតវិធីសាស្ត្រថ្មី របៀបរបបធ្វើថ្មី ឲ្យកាន់តែរីកចម្រើន មិនថាធ្វើការឲ្យគេ ឬមួយក៏ធ្វើប្រធានខ្លួនឯងទេ។

បើធ្វើប្រធានខ្លួនឯងកាន់តែត្រូវលើសហ្នឹងថែមទៀត ព្រោះយើងត្រូវការប្រកួតប្រជែង។ បើថាអ្នកវិនិយោគ អ្នករកស៊ី ត្រូវប្រកួតប្រជែងជាមួយហាងផ្សេងៗទៀត ដើម្បីបង្កើនចំណូលបន្ថែមភាពជោគជ័យ យកមកឲ្យកូនចៅរីកចម្រើន … ចុងភៅធ្វើម្ហូបមួយមានស្នាដៃពិសេស ប៉ុន្តែចុងភៅភាគច្រើននៅហាងល្អៗ ហើយអ្នកជោគជ័យគាត់តែងតែច្នៃម្ហូប។ មាន់មួយមុខ គេបង្រៀនគាត់ចេះធ្វើ ៥មុខ ក្នុង ១០ឆ្នាំគាត់ធ្វើដល់ ៨មុខ ហើយបើឈ្មោះវិញមិនបាច់ទេ កន្លែងខ្លះខ្ញុំតាមមិនទាន់។ បើកមកគោចូលភ្នំភ្លើង ទេវតាស្ទូចត្រី គាត់ច្នៃទាំងម្ហូប ច្នៃទាំងដេគ័រ។ អញ្ចឹង ខិតខំរៀនសូត្រ។ រៀនពីខ្លួនឯង ចំណុចខ្លាំងចំណុចខ្សោយ។ ១០០% បានន័យថា រឿងដដែលៗនៅតែប្រាប់ហើយប្រាប់ទៀត ធ្វើខុសហើយ ធ្វើបានជោគជ័យ ទៅមុខទៅក្រោយ ហ្នឹងហៅ ១០០% ថែម ២០% ទៀត។ ប្រកួតប្រជែង មិនថាយើងខ្លួនឯង មិនថាគេ ភាពជោគជ័យរបស់យើងផ្ទាល់ យើងកំណត់ខ្លួនឯងហើយ អត់មានអ្នកណាឲ្យទៀតទេ។ ដាក់ពិន្ទុក្នុងសាលា បាន A ឬមិន A យើងជាប់បានសញ្ញាប័ត្រដូចគ្នា ប៉ុន្តែចេញទៅក្រៅមានការប្រកួតប្រជែង។

[ចប់សេចក្តីអធិប្បាយ២]

ទី២ ដើម្បីបន្តរួមចំណែកដល់ការលើកកម្ពស់គុណភាពវិស័យអប់រំនៅកម្ពុជា ជាពិសេសចូលរួមអនុវត្តឱ្យបានជោគជ័យនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ សម្រាប់ ការអភិវឌ្ឍ​មូលធនមនុស្ស, ខ្ញុំសូមផ្តល់អនុសាសន៍មួយចំនួន ដូចខាងក្រោម៖

ទី៣ ជ័យលាភីទាំងអស់ត្រូវបន្តអភិវឌ្ឍចំណេះដឹងជាប្រចាំ តាមរយៈការសិក្សាស្រាវជ្រាវ និង ការសិក្សាបន្ត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយសក្តានុពល និង ផលិតភាពខ្ពស់ និងការកសាងពលរដ្ឋឌីជីថលនៅកម្ពុជា សម្រាប់ការទាញយកផលប្រយោជន៍ ជាអតិបរមាពីបរិវត្តកម្មឌីជីថលក៏ដូចជារួមចំណែកដល់ការកសាងម៉ូដែលកំណើន​ថ្មីកម្ពុជាដែលផ្អែកលើជំនាញបចេ្ចកវិទ្យា និង នវានុវត្តន៍។

[ចាប់ផ្តើមសេចក្តីអធិប្បាយ៣]

ឥឡូវបច្ចេកវិទ្យានេះដើរលឿន។ កាលពីជិត ១០ ឆ្នាំមុន ខ្ញុំទៅចិន។ ខ្ញុំទៅ shopping mall មួយ។ មនុស្សអត់មាននៅក្នុង mall។ ខ្ញុំសួរថា ម៉េចបានអត់មានមនុស្ស? អ្នកបកប្រែថា ឥឡូវកូនក្មេង យុវជនចិន កុម្មង់តែកាហ្វេក៏គេកុម្មង់តាមទូរស័ព្ទដែរ។ ឥឡូវនៅកម្ពុជា (មានការបញ្ជាទិញតាម App) … តិចទៀតបើកាន់តែស្ទះឡានទៀត មនុស្សលែងចង់ទៅ អញ្ចឹងបត់បែន។ ខ្ញុំឃើញការលក់ដូរខ្លះក៏បត់បែន ប៉ុន្តែត្រូវធ្វើយ៉ាងណា មានតុល្យភាព និងការជួយ។ បច្ចេកវិទ្យាឥឡូវគឺថាសេវាគេហៅអាជីវកម្មប្រភេទថ្មី E-commercial។ ឥឡូវច្បាប់ទូទាំងពិភពលោក បញ្ជាពីខ្មែរទៅអាមេរិកបញ្ជូនមក បញ្ជាពីអាមេរិកបញ្ជូនខ្មែរទៅ បញ្ជាទៅមក។ អញ្ចឹងការរៀបចំប្រែក្លាយខ្លួនជាការចាំបាច់។ អញ្ចឹងម្នាក់ៗត្រូវត្រៀម។

[ចប់សេចក្តីអធិប្បាយ៣]

ទី២ ខ្ញុំសូមលើកទឹកចិត្តឱ្យ ក្រសួងអប់រំ យុវជន និង កីឡា និង វិស័យឯកជន បន្តធ្វើការ កែទម្រង់ប្រព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ អភិវឌ្ឍ និង ធ្វើបច្ចុប្បន្នកម្មនៃកម្មវិធីសិក្សា ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើចំណេះដឹង និង ជំនាញដែលជាតម្រូវការក្នុងទីផ្សារការងារ និង ទិសដៅនៃ ការអភិវឌ្ឍប្រទេស រួមទាំងផ្នែកបច្ចេកវិទ្យា និង ឌីជីថល ដើម្បីបង្កើនភាពប្រកួត-ប្រជែង​កម្ពុជា។

ទី៣ ក្រសួងអប់រំ យុវជន និង កីឡា ត្រូវបន្តពង្រឹងកម្មវិធីសិក្សា និង បំផុសឱ្យក្មួយៗ សិស្សានុសិស្ស និង និស្សិតទាំងអស់ អភិវឌ្ឍចំណេះដឹងជាប់ជាប្រចាំ តាមរយៈការស្វ័យសិក្សា ការសិក្សាស្រាវជ្រាវ និង ការសិក្សាបន្ត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស ប្រកប-​ដោយ សក្តានុពល និង ផលិតភាព និង ការកសាងពលរដ្ឋឌីជីថលនៅកម្ពុជា សម្រាប់ទាញយកផលប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មឌីជីថលក៏ដូចជារួមចំណែកដល់ការកសាងម៉ូដែលកំណើន​ថ្មីកម្ពុជាដែលផ្អែកលើជំនាញបចេ្ចកវិទ្យា និង នវានុវត្តន៍។

ទី៤. ថ្នាក់ដឹកនាំសាកលវិទ្យាល័យ និង សាស្រ្តាចារ្យ ត្រូវបន្តដើរតួនាទីនាំមុខ ជាឪពុកម្ដាយ​ទី ២ ជាមគ្គុទ្ទេសក៍ ជាទីប្រឹក្សា ជាអ្នកស្រាវជ្រាវ និង ជាអ្នកនវានុវត្តន៍ ដែលត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ ទាំងផ្នែកចំណេះដឹង វិធីសាស្ត្របង្រៀន និង ការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មាន ដើម្បីផ្ទេរបន្តចំណេះដឹងជាក់ស្តែងដល់និស្សិត និង រួមចំណែកដល់ការ​អភិវឌ្ឍមូលធនមនុស្សសម្រាប់កម្ពុជា, ដូចមានចង្អុលបង្ហាញក្នុង យុទ្ធសាស្ត្របញ្ចកោណ–ដំណាក់កាល ទី១។

ទី៥. សូមលើកទឹកចិត្តខ្ពស់ដល់គ្រប់សាស្ត្រាចារ្យ និង បុគ្គលិកសិក្សាទាំងអស់ បន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ និង បង្កើនការសិក្សាស្រាវជ្រាវតាមជំនាញឯកទេសរៀងៗខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការបង្រៀន និង ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត និង ឧត្តមានុវត្តជាក់ស្តែង។ លទ្ធផលនៃការសិក្សាស្រាវជ្រាវអាចជាធាតុចូលដ៏សំខាន់សម្រាប់គោលនយោបាយសង្គម-សេដ្ឋកិច្ច ហើយលទ្ធផលទាំងនេះត្រូវបានលើកទឹកចិត្តឱ្យធ្វើការផ្សព្វផ្សាយឱ្យ​បាន​ទូលំ​ទូលាយ តាមរយៈការបោះពុម្ពក្នុងទស្សនាវដ្តី (Scholarly Journals) ដើម្បីលើកកម្ពស់កិត្តិសព្ទវិស័យអប់រំកម្ពុជានៅលើឆាកអន្តរ-ជាតិ។

ជាថ្មីម្តងទៀត, ខ្ញុំសូមសម្តែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ ជាតិ សាស្ត្រាចារ្យបរទេស ដៃគូសហប្រតិបត្តិការជាតិ-អន្តរជាតិ និង ប្អូនៗនិស្សិតទាំងអស់ ក្នុងការចូលរួមចំណែកលើកកម្ពស់គុណភាពវិស័យអប់រំ តាមរយៈការគាំទ្រ​នានា ការបង្ហាត់បង្រៀន និង ការរៀន, ស្របតាមគោលនយោបាយកែទម្រង់របស់​ក្រសួងអប់រំយុវជននិងកីឡា ព្រមទាំងបន្តលើកស្ទួយគុណភាព វិស័យអប់រំអោយកាន់តែល្អប្រសើរថែមទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលធន​​​​​បញ្ញាដល់យុវជនយើងសម្រាប់បន្តវេនទៅថ្ងៃអនាគត និង​ជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ៤]

(១៧) រដ្ឋាភិបាលមិនដកថយពីគោលដៅអភិវឌ្ឍខេត្តទាំង៤ ទិសឦសាន្ត

ឯកឧត្តម លោកជំទាវ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ។ មុននឹងបញ្ចប់ ខ្ញុំសូមបើកវង់ក្រចកតូចមួយអត់ធំទេ តូចទេ។ រឿងនេះវាពាក់ព័ន្ធទៅនឹងកង្វល់របស់យើង។ ក្នុងនាមប្រមុខរដ្ឋាភិបាល ខ្ញុំសូមយកឱកាសនេះ ដើម្បីជូន(ជ្រាបជាព័ត៌មាន)។ សង្ឃឹមថាជាប្រធានបទចុងក្រោយដែលយើងត្រូវជជែកទៅលើកិច្ចការនេះ ការបំភ្លឺកាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៤ រាជរដ្ឋាភិបាលបានប្រកាសបញ្ចប់ការចូលរួមរបស់កម្ពុជាក្នុងកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍កម្ពុជា/ឡាវ/វៀតណាម ហៅថា CLV-DTA។ កិច្ចការនេះ បានដំណើរការ ២៥ ឆ្នាំហើយ។ យើងក៏បានលើករួចហើយ។ ចង់បញ្ជាក់ថា ក្រោយពីថ្ងៃប្រកាសនោះភ្លាម មានបទិដ្ឋភាពច្រើន។ មានក្រុមមួយនោះនិយាយថា “រដ្ឋាភិបាលបរាជ័យហើយ។ រដ្ឋាភិបាលទៅមុខលែងរួចហើយ។ ត្រូវតែដូរ”។ ចង់ប្រ​កាសអីប្រកាសចុះ លើកទង់ជ័យជប់លៀងជប់ចុះ ជប់លៀងចេញលុយខ្លួនឯងទៅ ខ្ញុំមិនចេញឲ្យទេ​​។ ទៅមើលពាក្យថាឈ្នះ។ អ្នកណាអ្នកឈ្នះ។ ការសម្រេចចិត្តចេញឬមិនចេញ? រឿងនេះរឿងតូចណាស់។ ខ្ញុំធ្លាប់និយាយរួចមកហើយ គោលដៅធំនៃ CLV-DTA គឺជាអ្វី? បើសិនជាគោលដៅធំនេះត្រូវបានដកថយចាំយើងនិយាយ។ គោលដៅធំនៃ CLV-DTA គឺជាផ្នែកមួយក្នុងគោលនយោបាយអភិវឌ្ឍទិសឦសាន្តរបស់កម្ពុជា ឲ្យខេត្តរបស់យើងដែលនៅដាច់ស្រយាលជាងគេពេលនោះកាន់តែរីកលឿន ដើម្បីភ្ជាប់ជាមួយប្រទេស។ សួរថាគោលដៅនេះយើងបានដកថយឬនៅ? អត់ទេ។ រដ្ឋាភិបាលនៅតែធ្វើដដែល អភិវឌ្ឍន៍ទិសឦសាន្ត អភិវឌ្ឍន៍ខេត្តទាំង ៤ គ្រាន់តែថា ឥឡូវគម្រោងដែលជាផ្នែកមួយនេះ កន្លងទៅ ២៥ ឆ្នាំនេះ។

តាំងពីមុនមក យើងធ្វើអភិវឌ្ឍន៍ខ្លួនឯង។ មួយផ្នែកធំជាថវិកាជាតិ ហើយក៏មានកិច្ចសហប្រតិបត្តិការនេះជាកញ្ចប់តូចមួយនៅក្នុងហ្នឹងដើម្បីទាញយកធនធានមក។ កិច្ចសហប្រតិបត្តិការនេះ ពិតណាស់ ៣ប្រទេស តែអ្នកដែលចូលរួមឧបត្ថម្ភគាំទ្រ គឺអង្គការអន្តរជាតិ និងមានប្រទេសជប៉ុនជាដើម។ ម្សិលម្ង៉ៃមួយ ខ្ញុំជួបជាមួយអតីតព្រឹទ្ធសភាជប៉ុន។ គាត់ថាហេតុអ្វីកម្ពុជាដកពាក្យហ្នឹង? ជប៉ុនដឹងច្បាស់ ព្រោះជប៉ុនជាអ្នកជួយថារឿងហ្នឹងវាល្អ។ ខ្ញុំថាកុំឲ្យបារម្ភរឿងហ្នឹង។ បើជប៉ុនចង់ជួយ កម្ពុជាអត់ទាន់ទៅណាទេ ខេត្តទាំង ៤ នៅតែដាក់វិនិយោគ ត្រូវតែធ្វើដដែល ឲ្យក្រុមហ៊ុនជប៉ុនមកវិនិយោគខេត្តទាំង៤ ខ្ញុំក៏ស្វាគមន៍ដែរ … សួរថាហេតុអ្វីបានជាយើងចាំបាច់ចង់ឈ្នះចាញ់? តើគោលដៅធំនេះបានថយឬនៅ? អត់ទេ។ ផ្ទុយទៅវិញយើងកាន់តែបង្កើនការម្ចាស់ការអភិវឌ្ឍនៅក្នុងខេត្តទាំង៤ ពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០២៤ … នៅក្នុងតំបន់ក្របខណ្ឌ DTA នេះ រាជរដ្ឋាភិបាលយើងបានវិនិយោគថវិកាជាតិជិត ៤០០ លានដុល្លារទៅលើហ្នឹង។ ក្របខណ្ឌអភិវឌ្ឍរួម ដែលដៃគូអភិវឌ្ឍមានជប៉ុន មាន ADB មានអាមេរិក … មិនមែនថវិកាពីវៀតណាមយកមកដាក់នៅវិនិយោគនៅកម្ពុជាទេ គេធ្វើរបស់គេ។ អភិវឌ្ឍន៍តំបន់នេះ ឲ្យតែក្រសួងពាណិជ្ជកម្មបូកសរុប តាមគម្រោងជាងប៉ុន្មាន? យើងនៅក្នុងនោះ ថវិកាជាតិយើងមាន ៤១៩ គម្រោង អភិវឌ្ឍក្នុងខេត្តទាំង៤ ហើយសម្រាប់ដៃគូអភិវឌ្ឍន៍ យើងមានទាំងអាមេរិក យើងមានទាំងជប៉ុន យើងមានអង្គការច្រើនណាស់ ADB, World Bank អីគេចូលអភិវឌ្ឍន៍តំបន់នោះ។

(១៨) សំរេចការអភិវឌ្ឍ ធានាអធិបតេយ្យភាព ធានាទឹកដីមិនបាត់បង់ គឺប្រជាជនខ្មែរទាំងមូលឈ្នះ

ឥឡូវយើងនៅតែអភិវឌ្ឍដដែល គ្រាន់តែថាក្នុងកិច្ចសហប្រតិបត្តិការក្របខណ្ឌ DTA អភិវឌ្ឍន៍ត្រីកោណ ៣ ប្រ​ទេសនេះ យើងឈប់។ វាអត់មានអីធំទេ។ ខ្ញុំធ្លាប់បានលើកគោលជំហរហើយៗ ខ្ញុំលើកដដែលជាចំហថា ប្រជាពលរដ្ឋយើងមាន ៣ក្រុម។ មួយក្រុមចង់ឲ្យអភិវឌ្ឍតំបន់ហ្នឹង ដែលអភិវឌ្ឍដោយខ្លួនឯង។ មួយក្រុមទៀត គាត់ចង់អភិវឌ្ឍតំបន់ហ្នឹង ត្រូវការតែអភិវឌ្ឍន៍ ប៉ុន្តែគាត់គាំទ្រថាឲ្យដៃគូចូលមកអភិវឌ្ឍទៅ យើងមិនបាច់ធ្វើម្នាក់ឯង ដើម្បីទាញធនធានខ្លះមក យើងទុកលុយជាតិរបស់យើងច្រើន យកទៅអភិវឌ្ឍកន្លែងផ្សេង។ ហើយប្រជាជនក្រុមទី៣ ដែលថាក្រុមស្ងាត់ស្ងៀម មិនបញ្ចេញគ្នាតតាំងតាមហ្វេសប៊ុក គឺថា DTA មិន DTA រឿងមួយ មិនសំ​ខាន់ទេ សំខាន់ទី១ កុំឲ្យបាត់ដី ទី២ កុំឲ្យបាត់អធិបតេយ្យភាព ទី៣ ត្រូវអភិវឌ្ឍតំបន់ហ្នឹង។ ខ្ញុំនិយាយហើយ កន្លងទៅ យើងថាកុំចង់ចាញ់ឈ្នះ … ប៉ុន្តែត្រូវមើលទាំងមូល ស្អីដែលប្រជាជនចង់បានទាំង ៣ក្រុមហ្នឹង។ ទោះបីជាអ្នកគាំទ្រការអភិវឌ្ឍតំបន់ត្រីកោណ CLV-DTA និងអ្នកមិនគាំទ្រគម្រោងនេះ សុទ្ធតែចង់បានដូចគ្នាជាមួយអ្នកទី ៣ ការពារទឹកដី ការពារអធិបតេយ្យភាព ជំរុញការអភិវឌ្ឍឲ្យច្រើនក្នុងតំបន់នេះ។

អញ្ចឹងយើងស្តាប់ប្រជាពលរដ្ឋ យើងស្តាប់មតិរួមរបស់គាត់ គឺយកគោលការណ៍ធំ។ ត្រូវធានាការពារទឹកដី ធានាអធិបតេយ្យភាព និងជំរុញការអភិវឌ្ឍនៅក្នុងខេត្តឦសាន្តឲ្យបានជាដាច់ខាត។ អញ្ចឹងរដ្ឋាភិបាលមិនបានដើរថយក្រោយទេ គ្រាន់តែវិធីសាស្ត្រយើងកែបន្តិច។ កាលមុនយើងយកក្របខណ្ឌនេះមកបន្ថែម។ រឿង ៣នេះដែលមានអន្តរជាតិជួយ។ ដូចខ្ញុំនិយាយ ជប៉ុនចាប់ផ្តើមជួយមុនគេ។ បន្ទាប់មកមាន ADB មានអាឡឺម៉ង់ មានអាមេរិក មានអីចូលក្នុងជំនួយ។​ មិនមែនជួយតែមួយផ្នែកកម្ពុជាទេ គេជួយ៣ ប្រទេស មានវៀតណាម ខ្មែរ ឡាវ យកមកអភិវឌ្ឍន៍រៀងៗ ខ្លួនតាមផែនការមេ ឯករាជ្យរបស់ខ្លួន។ ឥឡូវយើងថាដកគម្រោងហ្នឹងចេញ។ យើងនឹងធ្វើការជាមួយដៃគូក្នុងក្របខណ្ឌផ្សេង។ អញ្ចឹងប្រជាពលរដ្ឋសួរថា ឥឡូវអ្នកណាចាញ់ឈ្នះ រឿងដកមិនដក។ ខ្ញុំសុំឲ្យបងប្អូនដែលគាំទ្រការអភិវឌ្ឍមេត្តាយោគយល់ កុំឲ្យរឿងតូចមួយ ដកមិនដក វាជារឿងហ្មងសៅ។ នៅពេលដែលយើង(មាន)ផលប្រយោជន៍រួម គោលគំនិតយើងគឺបានសំរេចការអភិវឌ្ឍ ធានាអធិបតេយ្យភាព ធានាទឹកដីយើងមិនឲ្យបាត់ បូកនឹងការអភិវឌ្ឍខេត្ត­ឦសាន នេះជាគោលដៅធំ។ អញ្ចឹង បើយើងនិយាយពីខាងណាអ្នកឈ្នះ? គឺប្រជាជនខ្មែរទាំងមូល មិនថាអ្នកគាំទ្រ អ្នកមិនគាំទ្រ … ធ្វើម៉េចគឺឲ្យធានាកុំឲ្យបាត់ដី អធិបតេយ្យភាព និងការអភិវឌ្ឍ។ អញ្ចឹងជាតិខ្មែរទាំងមូលឈ្នះ។

(១៩) បន្ដការពារទឹកដី អធិបតេយ្យភាព ជំរុញការរីកចំរើន ភាពម្ចាស់ការ​ ចរចានិងបោះបង្គោល​ព្រំដែនឲ្យចប់ ដោយទទួលខុសត្រូវ និងបន្ដកសាងផ្លូវក្រវាត់ព្រំដែន

ចង់អ្នកឯងប្រកាសអបអរសាទរ នៅជប៉ុនផឹកសាកេ នៅកូរ៉េផឹក soju នៅណាធ្វើអីធ្វើទៅ បើអ្នកឯងយល់ថានឹងជាតម្លៃធំ(ដែល)អ្នកឯងត្រូវអបអរ ក៏អបអរចុះ។ ខ្ញុំមិនថាអីទេ។ ប៉ុន្ដែសំខាន់ អ្វីដែលខ្មែរទាំងអស់ត្រូវ​អបអរមិនថាអ្នកទាំងអស់សុទ្ធតែគាំទ្រទៅដល់ការថែរក្សាអធិបតេយ្យភាពទឹកដី និងការអភិវឌ្ឍប្រទេស។ អញ្ចឹង នេះ ហើយ(ដែល)ជាការឆ្លើយតប ហើយរាជរដ្ឋាភិបាលមិនថយទេ។ ប្រជាពលរដ្ឋសួរថា ចុះឥឡូវម៉េចទៅ? បើដកហើយ Trip ខ្ញុំទៅនឹង ខំចុះឈ្មោះប៉ុន្មានពាន់នាក់ហើយ ទៅអត់? ឯណាឯកឧត្តម នេត ភក្ត្រា មកអត់? បានប៉ុន្មាននាក់ហើយ? (បានទៅលេង ៥០០ នាក់ជាង)។ សួរថាខ្ញុំចុះឈ្មោះ​ហើយបានទៅលេងអត់? អត់ដែលបានទៅផង តិចលុបទៅ? អ្នកខ្លះសួរថាចុះមូលនិធិដែលរ៉ៃអង្គាសនឹងធ្វើម៉េច? ខ្ញុំសូមឆ្លើយទៅវិញ។

ចំលើយរបស់ខ្ញុំ គឺដូចកាលខ្ញុំ(ថ្លែងក្នុងឱកាសជួបជាមួយ)អាចារ្យ/ចារិនី ដែលថា ទោះមាន DTA ឬមិនមាន DTA យើងត្រូវបន្ដការងារ សំខាន់នៅក្នុងការការពារទឹកដី អធិបតេយ្យភាព និងជំរុញការរីកចំរើន ភាពម្ចាស់ការ​របស់កម្ពុជា មិនត្រឹមតែភាគឦសាន(ទេ) ក្នុងទូទាំងប្រទេសរបស់យើង។ យើងត្រូវបន្ដការងារបោះបង្គោល​ព្រំដែន ដោយចរចា និងបោះឲ្យចប់ ដោយភាពទទួលខុសត្រូវ។ យើងត្រូវបន្ដកសាងផ្លូវក្រវាត់ព្រំដែនឲ្យចប់។ ឥឡូវយើងធ្វើបាន ១៣០០ (គម)។ យើងចាប់ផ្ដើមពីទិសភូមិភាគជាមួយថៃ នៅឆ្នាំ ១៩៩៤។ យើងមានព្រំដែនជាង ២ ៦០០ គម (ដែលត្រូវធ្វើ)។ អញ្ចឹងយើងធ្វើបាន ១ ៣០០ គម ហើយ យើងនៅសល់ ១ ៣០០ គម ទៀត។ កាលពីខែកក្កដា ខ្ញុំដាក់គោលការណ៍ ១០ឆ្នាំ ថវិកាជាតិជាង ២០០លានដុល្លារ ជូនឯកឧត្តម ខ្វាន់ ស៊ាម ដើម្បីវិនិយោគលើការបង្ហើយខ្សែក្រវាត់ផ្លូវព្រំដែនទី១ របស់យើង ១ ៣០០ គមទៀត។ យើងនៅតែបន្ដធ្វើ។ រុលធ្វើ។ រហូតទៅដល់កន្លែងដែលពីមុនកូន​ខ្មែរមិនដែលទៅដល់។ កន្លែងខ្លះ ដូចកន្ទុយនាគអីហ្នឹង កូនខ្មែរភាគច្រើនមិនដែលទៅដល់ទេ។ ក្រុមភូមិសាស្ដ្រឥណ្ឌូចិន ​កន្លែងខ្លះមិនទៅដល់ផង ព្រោះអត់មានបោះបង្គោលស្រួលបួល បោះតម្រុយមួយ ក្រៅពីនឹងយើង​ជាមួយអណ្ណាម ពីត្បូងឃ្មុំឡើងទៅដល់កន្ទុយនាគអត់ដែលបោះបង្គោលទេ។ ឥឡូវយើងត្រូវបោះ ហើយធ្វើផ្លូវ ឲ្យប្រជាពលរដ្ឋទៅរស់នៅ ឲ្យវិនិយោគទៅបង្កើតនៅទីនោះ។ ដើម្បីធានាថាគ្រប់កន្លែងនៃប្រទេសរបស់យើង ​កូនខ្មែរយើងបានទៅដល់ ហើយទៅជួយការងារទឹកដី។

(២០) វិស្វកម្មអគ្គបញ្ជាការនឹងរាយការណ៍ពីការសាងសង់ផ្លូវព្រំដែន ១៣០០ គម ដែលនៅសល់

ខ្ញុំធ្លាប់ជាមេ(បញ្ជាការ)ជើងគោក។ ព្រំដែនយើងវែងណាស់។ កំលាំងកងទ័ពរបស់យើងស្ដើងណាស់ ​ហើយក៏មិនចាំបាច់ទៅធ្វើលេណដ្ឋានដែរ។ គ្មានការចាំបាច់ធ្វើរបងអីទេ។ យកប្រជាជនជារបងទៅ។ គាត់នៅហ្នឹងគាត់ថែនៅហ្នឹង។ នៅអឺរ៉ុប ឥឡូវប៉ុន្មានប្រទេសគេដកបង្គោលទាំងអស់។ ប្រជាជននៅតាមព្រំដែនស្គាល់ដីណាដីបារាំង ដីណាដីស្វីស ដីណាដីប៊ែលហ្ស៊ិក មិនចាំបាច់មានរបង។ អ្នកខ្លះរុញយកឈ្នះចាញ់រឿងធ្វើរបងមិនធ្វើរបងទៀត​។ រឿងសំខាន់បំផុតត្រូវមើលការងារធំ កុំ(មើល)រឿងតូចតាច។ អ្វីដែលសំខាន់ យើងត្រូវរួមគ្នាបន្ដទៅទៀត។ ការ​ងារធំគឺការបន្ដកសាង។ ផ្លូវព្រំដែនត្រូវតែធ្វើ។ ខ្ញុំសូមយកឱកាសនេះ ថ្លែងការអរគុណដល់ប្រជាពលរដ្ឋគ្រប់ទិសទីទាំងក្នុងនិងក្រៅប្រទេស កាលពីខ្ញុំប្រកាសចែកសញ្ញាបត្រជូន ខាងមេធាវីយើងមាន ៤០ម៉ឺន នាក់ចូលរួម។ មកដល់ល្ងាចមិញ ប្រជាពលរដ្ឋចូលរួមបានដល់ ៧០ម៉ឺននាក់ជាង និងនៅបន្ដចូលរួមជាប្រចាំ។ ខ្ញុំសូមអរគុណ។ ហើយក្នុង ៧០ ម៉ឺននាក់នេះ បើនិយាយពីតំណាងគឺតំណាងរាប់លាននាក់​ ព្រោះជួនកាលមួយគ្រួសារ ៤ ទៅ ៥ នាក់។ ឪពុកចូលទៅ។ ដើម្បីចូលរួមមួយផ្នែក(ជាមួយរាជរដ្ឋាភិបាល) អ្នកខ្លះចូល ១០០ រៀល ដូចខ្ញុំនិយាយទំហំថវិកាខុសគ្នា តែតំលៃនៃការស្នេហាជាតិគឺដូចគ្នា។

ការចូលរួមផ្ទាល់ទៅលើការកសាងនូវ​អ្វីដែលជាការបារម្ភនៃយើងទាំងអស់គ្នា និងចូលរួមការពារព្រំដែន ទឹកដីរបស់យើងតាមរយៈការធ្វើផ្លូវព្រំដែននេះ ខ្ញុំសូមអរគុណ។ មកដល់ម៉ោងនេះ យើងមានថវិកាជាង ២១ លានដុល្លារ។ នៅសល់ប៉ុន្មានថ្ងៃទៀត ហើយស្អែកដូចខ្ញុំត្រូវទទួលការចូល​រួមពីសមាគមចិន។ មានប៉ុន្មានទៀតត្រូវមក។ ពីដំបូងគេថាបិទពេលណា? ដោយសារមានការចូលជាបន្ដ​បន្ទាប់ ខ្ញុំថាយើងបន្ដទុកដល់ថ្ងៃទី ៣១ ខែតុលា។ បងប្អូននៅបន្ដរាល់ថ្ងៃ។ មួយថ្ងៃរាយការណ៍ខ្ញុំ ៣ពេល។ ម្សិលមិញចូលជិត ១ពាន់នាក់ តិចក្ដីច្រើនក្ដីគាត់នៅបន្ដចូល។​ សួរថាថវិកានេះ(យកទៅ)ធ្វើអី? នៅពេលបិទបញ្ចប់(ការទទួលថវិកា)នឹងប្រកាសជាផ្លូវការជាចំហរ។ អគ្គបញ្ជាការ ឯកឧត្តម ខ្វាន់ ស៊ាម វិស្វកម្មអគ្គបញ្ជាការ ដែលគាត់ទទួលបន្ទុកធ្វើផ្លូវនេះ នឹងធ្វើការរាយការណ៍ឲ្យច្បាស់ក្នុង ១៣០០ គម ដែលនៅសល់នេះ នឹងត្រូវកំណាត់ណាមានសំណង់អី ប្រើថវិកាប៉ុន្មាន​ឲ្យបងប្អូនមើល។ ធ្វើហើយទៅមើលជាក់ស្ដែងតែម្ដង។

តម្លាភាព គណនេយ្យភាព ត្រូវតែធ្វើ ព្រោះ(ជា)ទឹកចិត្តប្រជាពលរដ្ឋត្រូវតែធ្វើ(ជូន)ឲ្យបាន។ តិចច្រើនត្រូវចូលរួម ហើយបងប្អូនបង្ហាញការចង់បានហើយ។ ខ្ញុំសូមអរគុណណាស់ ដល់ក្រុមការងារវាយឈ្មោះ មិនដឹងថាផ្នែកនឹងក្រោយពីវាយបណ្ណថ្លែងអំណគុណ ៧០ ម៉ឺនទៅមុខទៀត ឥលូវវាយបាន ៤១ ម៉ឺនហើយ បញ្ចេញតាមហ្វេសប៊ុក ដើម្បីអរគុណដល់បងប្អូន មិនថា ១០០រៀលក្តី។ ក្នុងលិខិតនេះ ប្រសិនបើមានវាយឈ្មោះខុស ទឹកប្រាក់ខុស សូមបញ្ជាក់មកភ្លាម ដើម្បីគាត់កែ ព្រោះគ្នា ៤ទៅ ១០ នាក់ វាយ ៤០ម៉ឺននាក់ ចៀសមិនផុត(ពីមានខុស)ទេ។ មនុស្សយើងមិនមែនរ៉ូបូតទេ ជួនកាលវាយខុស​ឈ្មោះ ជួនកាលខុសភេទ ឬទំហំទឹកលុយ។ ប្អូនម្នាក់នោះគាត់ថាចូល ១.២៥ ដុល្លារ ដល់វាយចេញមក ១ ដុល្លារ។ អញ្ចឹងកែភ្លាម ដើម្បីជាការថ្លែងអំណរគុណបងប្អូនជាទឹកចិត្ត។ ថ្លែងអំណរគុណជំនួសឲ្យជាតិយើងទាំងមូល ហើយផ្លូវនេះចូលរួមកសាងយូរអង្វែងការពារទឹកដីរបស់យើង ផ្ដល់លទ្ធភាពដើម្បីការអភិវឌ្ឍតាមព្រំដែនរបស់យើងនេះហើយជាការចូលរួមស្នេហាជាតិពិតប្រាកដ។

(២១) បើកច្រកពាណិជ្ជកម្ម ជាជាងបិទច្រកដាក់ទ័ព ដោះមីនតាមបណ្ដោយព្រំដែន ជាជាងដាក់មីន យកឡានស្ទូចធ្វើសំណង់ខ្ពស់ ជាជាងយកកាំភ្លើងធំតម្រង់ដាក់គ្នា

ពាក្យថាជាតិនិយមជាកិច្ចការល្អ ប៉ុន្ដែកុំជាតិនិយមជ្រុល ដែលអាចក្លាយជាជ្រុលនិយម។ អញ្ចឹង បងប្អូនដែលមានកង្វល់រឿងទឹកដី ថាគាំទ្រឬមិនគាំទ្រ DTAទេ បងប្អូនសប្បាយចិត្តណាស់ទៅហើយ។ ការធានាការចូលរួមម្ចាស់ការ គ្មានការចាញ់ឈ្នះនោះទេ។ បងប្អូនមួយចំនួនតូចណាស់ដែលគាត់​យកឱកាសនេះទៅរុញជ្រុល រហូតដល់យើងចង់មានព្រឹត្ដិការណ៍ ១៨ សីហា។ បើយើងទប់មិនបានទេ ម៉ោងនេះមិនដឹងដល់ណាទេ ប្រហែលបែកបាក់គ្នាកាន់តែខ្លាំង។ ស្នេហាជាតិ ការពារជាតិ ការពារសាមគ្គី ឯកភាពជាតិ ការបាត់បង់ទឹកដីមិនមែនការបាត់បង់ដោយសាររឿងបោះបង្គោលតែមួយទេ តែបាត់ធំជាងគេបំផុតគឺ​ការបែកបាក់ផ្ទៃក្នុង។ ពីដើមឡើយ តាំងពី ១០០០ ឆ្នាំមុន យើងមិនដែលបានបោះបង្គោលឯណា តែ(យើងទឹកដី)បាត់ ដោយសារ​យើងកាប់ចាក់គ្នាផ្ទៃក្នុង រឿងតែប៉ុណ្ណឹង។ មិនបាត់តែដីទេ សូម្បីតែរូបសំណាក ឥលូវយើងដើរប្រមូលមកបណ្ដើរៗ។ ព្រលឹងដូនតាយើង រាប់ពាន់ឆ្នាំដែលបាត់កូនចៅរវល់តែកាប់គ្នា មិនមានអ្នកការពារ ហើយកន្លែងខ្លះ ត្រូវកូនចៅយកព្រលឹងដូនតាទៅលក់ដើម្បីយកលុយទិញគ្រាប់មកបាញ់គ្នាទៀត។ ឥឡូវត្រឡប់មកវិញហើយ។

យើងចប់(សង្គ្រាម)ហើយ។​ រួមគ្នាថែរក្សាការពារទៅ។ កុំឲ្យបែកបាក់សាមគ្គីឯកភាពជាតិ។ ទស្សនៈកង្វល់ពីទឹកដី អធិបតេយ្យភាពជាតិ អនាគតជាតិជាសិទ្ធិ និងកាតព្វកិច្ចប្រជាជនខ្មែរគ្រប់រូប មិនថាអ្នកគាំទ្រ មិនគាំទ្រDTA ទេ។រាជរដ្ឋាភិបាលត្រូវឆ្លើយ ត្រូវអនុវត្ដគោលការណ៍ ផែនការដើម្បីដោះស្រាយកង្វល់ ត្រូវជម្រុញការបោះបង្គោលព្រំដែន ការធ្វើផ្លូវព្រំដែន ការអភិវឌ្ឍតំបន់ព្រំដែនគ្រប់ទាំងអស់ដើម្បីប្រែក្លាយព្រំដែនជាព្រំដែនសាមគ្គី សហប្រតិបត្ដិការជាមួយប្រទេសជិតខាង ប្រជាជនជារបង នោះហើយជាគោលដៅរបស់យើង។ ជំរុញការអភិវឌ្ឍ ការបើកច្រកពាណិជ្ជកម្ម ជាជាងបិទច្រកដាក់ទ័ព។ ដោះមីនតាមបណ្ដោយព្រំដែន ជាជាងដាក់មីនថែម យកឡានស្ទូចដើម្បីធ្វើសំណង់ខ្ពស់ ជាជាងយកកាំភ្លើងធំដើម្បីបាញ់គ្នា។

រក្សាឲ្យបានសន្ដិភាព ការឈប់កាប់ចាក់គ្នា។ (សង្គ្រាម)ងាយផ្ទុះ ប៉ុន្ដែទម្រាំរក្សាបានសូមរួមគ្នា(ថែរក្សា) ដែលខ្ញុំថាគេធ្លាប់តែថាខ្មែរមួយចំអិនកំពឹស ទំនាយគេថាអញ្ចឹង។ ខ្ញុំថាមួយចំអិន (ឬអត់) អាស្រ័យលើ​ប្រជាពលរដ្ឋរបស់យើងទេ។ បើកំពឹសនឹងធ្វើពីដែក ធ្វើយ៉ាងណាក៏មិនឆ្អិនដែរ។ សន្ដិភាពនៅតែរឹងមាំ ដរាបណាប្រជាពលរដ្ឋរបស់យើងរក្សាសាមគ្គីឯកភាពជាតិ មានអីយោគយល់គ្នា ដោះស្រាយរួមគ្នាបន្ដទៅទៀត គ្មានការល្អឥតខ្ចោះ នោះទេ … សូមកុំដុតឲ្យខ្លោច រោចឲ្យឆៅ កុំប្រើប្រាស់សិទ្ធិលើសព្រំដែនដែលនាំគេរាប់​ម៉ឺនរាប់ពាន់នាក់ទៅមានបញ្ហា ដោយសារទស្សនៈ(ជ្រុលនិយម)របស់បងប្អូនមួយចំនួនតូច។

(២២) បន្តដំណើរទស្សនកិច្ចតាមព្រំដែននិងខេត្តភាគឦសាន

ទី២ ដំណើរទស្សនកិច្ច ខ្ញុំសូមបញ្ជាក់ថានៅតែធ្វើដដែល យើងមាន ៣ខ្សែ។ មួយខ្សែយើងទៅវិលល្ងាច ក្រចេះ មណ្ឌលគិរី។ ពីរខ្សែទៀតយើងរត់ទៅសំរាកមួយយប់នៅស្ទឹងត្រែង ទៅមណ្ឌលគិរី រតនគិរី និងមួយទៀតទៅក្រ​ចេះ​ មណ្ឌលគិរីសំរាកមួយយប់ ដើម្បីបងប្អូនបានទៅមើល(ព្រំដែន)។ អ៊ំៗជាច្រើនបានទៅមើល។ សួរថាអាហ្នឹងបើយើង​ដកចេញពី DTA ហើយ តើយើងទៅធ្វើអីទៀត? កម្មវិធីនឹងមិនមែនធ្វើដើម្បី DTA ឯណា។ កម្មវិធីនេះដើម្បីឲ្យប្រជាពលរដ្ឋរបស់យើងបានទៅឃើញការអភិវឌ្ឍជាក់ស្ដែងដែលមានភាពកក់ក្ដៅ ហើយក៏ជួយឲ្យអ្នកកណ្ដាល និងអ្នកផ្សេងទៀតទៅស្គាលខេត្តឦសាន។ បងប្អូនខ្លះគាត់មិនមានលទ្ធភាព ហើយខ្ញុំឃើញក្រៅពីកម្មវិធីដែលយើងរៀបនេះ មានមន្ដ្រីរាជការ ក្រសួងស្ថាប័នគាត់រៀបកម្មវិធី ស្នើសុំតែមគ្គុទេសរបស់យើង។

ថ្ងៃមុនគណៈមេធាវីថារៀបចំទៅលេងទៀត។ មានស្អីខុស។ ប្រជាជនខ្មែរ ទេសចរក្នុងស្រុក ជាពិសេសស្គាល់ខេត្តរបស់យើង ទៅមើលតាមព្រំដែនរបស់យើងថាតើផ្លូវព្រំដែន បង្គោលព្រំដែន ធ្វើបែបនឹងហើយត្រូវការរបងទៀតអត់។ ទៅសួរអ្នកនៅនឹងមើល … មិនថាតែកងកំលាំងប្រដាប់អាវុធតែប្រជាជនដែលរស់នៅទីនោះឲ្យបានស្គាល់(ខេត្ត) និងឃើញការអភិវឌ្ឍ ជាពិសេសរួមគ្នាទៅ។ ការទៅលេងរបស់បងប្អូនក៏ជួយទៅដល់សេដ្ឋកិច្ចផងដែរ។ អញ្ចឹងបានថារួមគ្នាអភិវឌ្ឍទិសដៅតែមួយទេ។ ខែភ្ជុំនេះ សាលារាជធានីភ្នំពេញរៀបចំ(ឡានក្រុង) ៥៦ គ្រឿង សំរាប់ដឹកទៅលេងខេត្តទាំង ៤នោះ។ អញ្ចឹង អញ្ជើញបងប្អូនទៅលេង។ បើថាឥលូវលុយ​កំពុងតែខើចហើយមិនបាច់ចាយលើថ្លៃឡានទេ ជិះទៅលេងតែម្ដងហ្វ្រី។ ទៅលេងបឹងយក្សឡោម ទឹកជ្រោះប៊ូស្រា​ លេងភ្នំណាមលាវ ស្នួល។ ទឹកដីយើងតើ។

ខាងទេសចរណ៍កុំគិតតែទេសច​រណ៍ខាងក្រៅស្រុក ទេសចរក្នុងស្រុកច្រើនណាស់។ បងប្អូនក៏ត្រូវការដើរកំសាន្ដដែរ។ ឥលូវទៅទិសសមុទ្រច្រើន ទៅទិសភ្នំ ប្រទេសរបស់យើងតើ។ មួយវឹកកូវីដ-19ននេះ មានអ្នកស្គាល់​កម្ពុជាច្រើន ពីមុនកូវីដ-19 យន្ដហោះចេញទៅក្រៅហើយ ទៅលេងនៅក្រៅ អត់បានដើរក្នុងស្រុកទេ។ ដល់កូវីដ-19 គេបិទគាត់ដើរលេងនៅក្នុងស្រុក ស្គាល់អូតែលផ្កាយ ១ ពាន់ ស្គាល់ស្ពានទន្លេសេកុង កោះញ៉ែក ព្រោះទៅតភ្ជាប់រហូតដែលពីមុនយើងមិនគិត ល្បាក់តាមព្រំដែនយើងត្រូវធ្វើ។ Tour group គិតមើល បើមានផលិតផលសំរាប់អ្នករ៉ឺត្រែត ដាក់មួយជុំប្រទេស។ គេមាន Cruise គេជិះកប៉ាលអ្នករ៉ឺត្រែត គេជិះមួយអាទិត្យអីអញ្ចឹង ទៅដើរមើលសមុទ្រ។ យើងដើរមើលជុំវិញប្រទេស ដាក់(កម្មវិធី)នឹងមួយ។ អញ្ចឹងការទស្សនកិច្ចនេះដើម្បឲ្យខ្មែរស្គាល់កម្ពុជា ឲ្យបានច្រើន ។

(២៣) ការបោះបង្គោលព្រំដែនធ្វើឡើងដោយក្រុមភូមិសាស្ដ្រឥណ្ឌូចិន និងវិស្វកម្មអគ្គបញ្ជាការ

យើងមានមោទនភាពដែលកំលាំងវិស្វរកម្ម​ក្នុងអាណត្ដិនេះ និងរដ្ឋលេខាធិការព្រំដែន មន្ដ្រីព្រំដែនរបស់យើង (បានធ្វើកិច្ចការ ដោយ) ខ្ញុំតែងតែប្រាប់ទៅវិស្វរកម្មថា ស្រុកខ្មែរមានតែពីរទេ ដែលបោះបង្គោលព្រំដែនទី១ គឺក្រុមភូមិសាស្ដ្រឥណ្ឌូចិន ទី២ គឺវិស្វរកម្មអគ្គបញ្ជាការ។ យើងមិនដែលបោះបង្គោលពីមុនទេ។ អញ្ចឹងភូមិសាស្ដ្រឥណ្ឌូចិនបោះខ្លះពីតាកែវទៅដល់កំពង់ចាម និងកន្លែងខ្លះយើងបោះឡើងវិញ យើងបោះថ្មីជាប្រវត្ដិសាស្ដ្រ។ ពុះពារខ្លាំងណាស់។ បងប្អូន គាត់ពុះពារខ្លាំងណាស់សុទ្ធតែមីនសុទ្ធតែអី។ ថ្ងៃមុនខំប្រឹងធ្វើស្រាប់តែមាន​អ្នកនៅក្រៅប្រទេសអង្គុយតែនៅក្នុងម៉ាស៊ីនត្រជាក់ថា ស្អីគេធ្វើតែប៉ុណ្ណឹងវេទនា។ ខ្ញុំថា បានតែហៅគាត់មកជិះជាមួយវិស្វកម្មមួយថ្ងៃចូលទៅក្នុងតំបន់កន្ទុយនាគ។ វាជ្រៅណាស់ អាយកូមហៅមិនចេញផង។ ត្រូវពុះចូលទៅក្នុង ហើយត្រង់ហ្នឹង ពីដើមផ្លូវហ្នឹងគេទំលាក់គ្រាប់បែកកាលពីជំនាន់វាយគ្នា។ នៅសល់គ្រាប់បែកច្រើនណាស់។

សល់ B៥២ ច្រើន។ បងប្អូនណាស្គាល់ …​ អត់បានទេណា នៅក្នុងទន្លេមេគង្គយើង ទន្លេបាសាក់ ជាពិសេសនៅអ្នកលឿងសំបូរណាស់ នៅសល់ច្រើនរាប់តោននៅហ្នឹង។ លិចកប៉ាល់គ្រាប់អីនៅហ្នឹង។ អញ្ចឹងកំពុងតែស្រាវកាយឡើងវិញច្រើន … យើងនឹងពុះពារធ្វើ។ អញ្ចឹងការទៅទស្សនកិច្ចនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋយើងស្គាល់ ហើយឃើញជាក់ស្តែង ហើយលើកទឹកចិត្តដល់កម្លាំងវិស្វកម្មយើងដែលគាត់ខំប្រឹងធ្វើ។ កូនខ្មែរដូចគ្នាទេ ការពារទឹកដី ស្រលាញ់ទឹកដីដូចគ្នាទេ។ អញ្ចឹងកុំឲ្យមានទំនាស់ យើងមើលផលប្រយោជន៍រួម គោលដៅរួមគឺធំ ការពារទឹកដី ការពារអធិបតេយ្យភាព ការពារការអភិវឌ្ឍ។ អញ្ចឹងអារឿងតូចតាច DTA ឬមិន DTA ជារឿងបន្ទាប់បន្សំ … សំខាន់ខ្មែរយើងឈ្នះ កូនខ្មែរ ទឹកដីខ្មែរកាន់តែរឹងមាំ អភិវឌ្ឍគ្រប់កន្លែងកាន់តែប្រសើរ នេះជាគោលដៅធំ ហើយគោលដៅធំនៃរដ្ឋាភិបាលមិនបានបោះបង់ទេ ហើយថែមទាំងមានការគាំទ្រចូលរួមពីប្រជាពលរដ្ឋទូទាំងប្រទេសនិងក្រៅប្រទេសទៀត … នេះហើយគឺជោគជ័យ។

ចង់ស្រែកថារដ្ឋាភិបាល ហ៊ុន ម៉ាណែត បរាជ័យហើយ ដួលហើយ ចប់ហើយ ក៏ជប់លាងចុះ ចេញលុយខ្លួនឯងទៅ តែសម្រាប់កម្ពុជា នៅតែធ្វើកញ្ចប់ជំរុញសេដ្ឋកិច្ច វិនិយោគឆ្នាំ ២០២៥ នៅទិសឦសាន។ រដ្ឋាភិបាលនៅតែដាក់ចេញការវិនិយោគឲ្យខ្លាំងនៅទិសនោះ សម្រាប់ឆ្នាំ ២០២៥-២០២៥ តទៅទៀត។ អត់ថយទេ។ អញ្ចឹងបើបងប្អូនអ្នកខ្លះថារដ្ឋាភិបាលបរាជ័យហើយ ក៏យើងនៅតែបន្តធ្វើ ហើយបងប្អូនទុកចិត្តចុះ ខ្ញុំធ្លាប់ប្រកាសហើយៗ យើងនៅតែធ្វើ។ មានឬគ្មាន DTA វាអត់សំខាន់។ សំខាន់ការប្តេជ្ញាចិត្តបន្តអភិវឌ្ឍនៅតំបន់នោះ ការពារទឹកដី ការ​ពារអធិបតេយ្យភាពរបស់កម្ពុជាសម្រាប់កូនខ្មែររាប់រយឆ្នាំតទៅទៀត។ រដ្ឋាភិបាលនៅតែបន្តធ្វើអត់ថយក្រោយទេ។

(២៤) ពលរដ្ឋខ្មែររួមគ្នា និងរួមជាមួយនឹងដៃគូផ្សេងៗ អភិវឌ្ឍតំបន់ភូមិភាគឦសាន តាមលទ្ធភាពធ្វើទៅបាន

មានអ្នកចេញមកថា ដកទាំង CLMV គឺថែម M មួយទៀត។ ខ្ញុំពិបាកនិយាយ។ ឥឡូវនិស្សិតទាំងអស់ យើងធ្វើការសន្និដ្ឋានផ្អែកលើការស្រាវជ្រាវច្បាស់លាស់ កុំថែម M មក។ ត្រូវដឹងថាហ្នឹងជាស្អី។ តើហ្នឹងវាយ៉ាងម៉េច? CLMV នេះវាតាំងពីឆ្នាំ ២០០០ មក វាក្បែរ ២៥ ឆ្នាំហើយ។ CLMV គឺ Cambodia, Lao, Myanmar និង Vietnam គឺជាយន្តការក្របខណ្ឌអាស៊ាន។ ពេលដែលប្រទេសខ្មែរ ប្រទេសភូមាដែលហៅថា(Myanmar) ប្រទេសវៀតណាម ឡាវ ចូលអាស៊ានគេហៅថាប្រទេសអាស៊ានថ្មី ៤ ប្រទេស អាស៊ានមាន ១០ ហើយ ៤ ប្រទេសនេះសេដ្ឋកិច្ចក្រោយគេ ដើរក្រោយគេ ខ្សោយជាងគេ ពេលឆ្នាំ ២០០០ អញ្ចឹងពេលដែលចូលប្រទេសអាស៊ាន ៦ ដែលមានជីវភាពខ្ពស់ព្រួយបារម្ភអំពីគម្លាត។ ដៃគូ ១០ នាក់ ៤ នាក់ខ្សោយ ៦ នាក់ខ្លាំង ដាក់ផែនការទៅរួមម៉េចកើត។ តែដាក់ផែនការយកស្របតាមកម្រិតអ្នកទាប ហើយអ្នកនៅមុខយឺត ឬមួយក៏ដាក់តាមអ្នកលឿនអ្នកក្រោយរត់មិនទាន់ អញ្ចឹងមានតែបង្កើត​ប្លុកហ្នឹង CLMV គេហៅថាប្លុក ហើយនេះគឺការសម្រេចចិត្តរបស់ប្រមុខអាស៊ានទាំង ១០ ប្រទេសនៅឆ្នាំ ២០០០ ដើម្បីបង្កើតយន្តការនេះ ដើម្បីអាស៊ានប្រទេសអ្នកមាន ៦មកជួយប្រទេសអ្នកមិនទាន់មាន៤ ឲ្យកើនបានលឿន ដើម្បីឲ្យអាស៊ានសមាហរណកម្មមានភាពជោគជ័យ។

មិនខុសអង្កាលអឺរ៉ុប EU បញ្ចូលគ្នាទេ Allemand ខាងលិចខាងកើតបញ្ចូលគ្នា ស្រដៀងគ្នា។ ធ្វើអញ្ចឹងដែរ។ គេខ្លាចគម្លាតខ្លាំង អញ្ចឹងគេមានកញ្ចប់សម្រាប់ជួយគ្នាឲ្យកើនឡើង។ អត់មានបាត់បង់ទៅណាទេ។ អញ្ចឹងបានថាអ្នកដែលនិយាយហ្នឹង ខ្ញុំតាមមិនទាន់។ សរសើរគាត់ដែរ អ្នកជ្រុលមួយចំនួនតូចគាត់ក្រឡុកឡើងវិល។ រឿងនេះខ្ញុំពន្យល់ CLMV ហ្នឹងជាយន្តការរបស់អាស៊ាន AMEC អាស៊ានដូចគ្នាទេ ១០ ប្រទេសយើងចូល បន្តិចទៀតថែម Timor-Leste មួយទៀត។ ឥឡូវគាត់ជាអ្នកសង្កេតការ សង្ឃឹមថាឆ្នាំក្រោយអាចចូលបាន ឬមួយក្នុងពេលឆាប់ៗ អញ្ចឹងអាស៊ាននឹងឡើង ១១ ។ សួរថាប្រទេសទាំងអស់បាត់អធិបតេយ្យភាពឬទេ? កាន់តែរឹងមាំរៀងៗ ខ្លួន។ CLMV នេះគ្មានអ្វីគ្រោះថ្នាក់ វាមិនខុសអំពីកិច្ចសហប្រតិបត្តិការ CLV DTA ទេ … ២៥ ឆ្នាំហើយមិនបាត់ទៅណាទេ ប៉ុន្តែដើម្បីកុំឲ្យវាសៅហ្មងអារឿងកំប៉ិកកំប៉ុកនៅមន្ទិលហ្មងសៅហ្នឹង។ ជាពិសេស អ្នកមួយចំនួនដែលស្រែកនៅក្រៅប្រទេសនោះ “ជយោដួលហើយ ប៉ុន្តែខ្លួនឯងកំពុងបាត់គ្រាប់នៅសល់តែកាំភ្លើង។

កាលមុនយករឿងហ្នឹងដុតប្រជាពលរដ្ឋដែលបងប្អូនភាគច្រើននៅក្នុងចំណោមអ្នកដែលបារម្ភមិនទាន់ទុកចិត្តពីរឿង DTA នេះ។ បងប្អូនមាន ៣ ក្រុម។ ក្រុមទី ១ គឺអ្នកមិនទាន់ទុកចិត្ត DTA CLV ក្រុមទី ២ អ្នកទុកចិត្តឲ្យចូលរួម ក្រុមទី ៣ អត់ជឿ។ អញ្ចឹងនៅក្នុងចំណោមក្រុមទី១ ហ្នឹង មានអ្នកបំផុសជាប្រចាំ។ ដាវអ្នកឯងយកមកចាក់ ដើម្បីឲ្យអ្នកផ្សេងៗបារម្ភរហូត។ ឥឡូវហ្នឹងអ្នកឯងអស់ដាវហ្នឹងហើយ។ អញ្ចឹងទៅជប់លាង ផឹកចុះ Soju ហ្នឹង ប៉ុន្តែប្រហែលប្រយ័ត្នក្រោយ​ពីអបអរសាទរ គេថាផឹកកើតទុក្ខ ព្រោះអត់គ្រាប់ដើម្បីបាញ់រាជរដ្ឋាភិបាល។ អស់គ្រាប់ដើម្បីចាក់បំផុសប្រជាជនឲ្យព្រួយបារម្ភ។ ឥឡូវប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសមូលគ្នា ឯកភាពគ្នា។ ឥឡូវកុំឲ្យវាហ្មងសៅអារឿង DTA ហ្នឹង តែរួមគ្នាទៅអភិវឌ្ឍខ្លួនឯងរួមជាមួយនឹងដៃគូផ្សេងៗតែធ្វើតាមលទ្ធភាពធ្វើទៅបានទៅ។ ឥឡូវអស់កង្វល់ ខ្មែររួមគ្នា ឯកភាពគ្នា អស់រឿងតូចតាចហ្នឹង អញ្ចឹងគឺឯកភាពគ្នា …។

(២៥) ប្រទេសណាក៏មានសិទ្ធិនៅក្នុងការដកពីគម្រោង CLV ដែរ គ្រាន់តែជូនដំណឹងទៅភាគីផ្សេងទៀតតាមមធ្យោបាយការទូត ៦ ខែមុន

ឥឡូវខំបង្វិលមក CLMV ហើយអ្នកខ្លះថាយើងដកចេញពី CLV នេះត្រូវបង់លុយឲ្យគេរាប់ពាន់លាន។ អត់មានទេ។ ខ្ញុំមើលម្សិលមិញ មានម្នាក់ចេញមក ដាក់បទកម្សត់តាម TikTok។ ខ្ញុំមើលចង់ស្រក់ទឹកភ្នែក គ្រាន់តែឮបទ ប៉ុន្តែអ្វីដែលគាត់និយាយគឺ រដ្ឋាភិបាលមិនហ៊ានដកពី CLV ទេ ត្រូវតែបង់លុយ សងលុយគេ។ តាម MOU ប្រ​ទេស ៣នេះ អ្នកណាក៏មានសិទ្ធិនៅក្នុងការដក(បេក្ខភាព) គ្រាន់តែជូនដំណឹងទៅភាគីផ្សេងទៀតតាមមធ្យោបាយការទូត ៦ខែមុន។ ថ្ងៃ ២០ (កញ្ញា កន្លងមក)នេះ យើងបានជូនដំណឹង ហើយក្រសួងការបរទេសបានជូនដំណឹងទៅវៀតណាមនិងឡាវ។ ក្រសួងការបរទេសបានឲ្យដឹងថា កម្ពុជាសម្រេចដោយយល់ថា ២៥ ឆ្នាំបានអភិវឌ្ឍច្រើន ហើយគិតថាយើងអាចធ្វើរៀងខ្លួន។ យើងបញ្ចប់កិច្ចសហប្រតិបត្តិការនេះ ដោយគ្មានជំពាក់អ្នកណាមួយរៀលទេ។ ជាសិទ្ធិរបស់យើង អញ្ចឹងបងប្អូនអត់មានសិទ្ធិជំពាក់អ្នកណាទេ។

សម្តេចតេជោលោកបង្ហោះថ្ងៃមុន​ ប្រហែលជាគេច្រឡំរឿងលុបដីសម្បទានសេដ្ឋកិច្ច។ សម្បទានសេដ្ឋកិច្ចនេះយើងមានច្បាប់អន្តោប្រវេសន៍ ច្បាប់ការងារ ដែលត្រូវពង្រឹងខ្លាំងទៀត។ ប៉ុន្តែមិនប្រកាន់ថាប្រទេសណាជាប្រ​ទេសណាទេ ដីនៅជាដីខ្មែរ សិទ្ធិអ្នកឯងចូលបង់វិភាគទាន បង្កើតការងារ តែគ្មានសិទ្ធិយកទៅណាទេ។ អង្គការអន្តរជាតិពិភពលោក យើងមិនរើសអើងទេ មិនថាក្រុមហ៊ុននេះរបស់វៀតណាម របស់ចិន របស់អាមេរិករបស់អី យើងមានកុងត្រាមួយ។ យើងអនុវត្តធានាអធិបតេយ្យភាពតាមអនុវត្តច្បាប់ខ្មែរ គ្មានយកច្បាប់ប្រទេសណា​យកមកដាក់ទេ។ យើងពង្រឹងកិច្ចការទាំងអស់នេះ។ ប្រហែលរឿងហ្នឹងគេយកមកថា អារឿងសម្បទានសេដ្ឋកិច្ចទៅជារឿងដកចេញពី CLV កិច្ចសហប្រតិបត្តិរវាងប្រទេសនិងប្រទេស។ ក្របខណ្ឌទាំងមូលនៅតែធ្វើ អត់មានថយទេ។ វាមិនអាចប្រទេសមួយមិនអាចប្រទាក់ក្រឡាជាមួយអ្នកជិតខាង ឬបិទប្រទេសទេ … យើងមិនអាចបិទរបងប្រទេសទេ។ ប្រជាពលរដ្ឋយើងរស់នៅព្រំដែន មិនអាចមិនឲ្យប្រជាពលរដ្ឋយើងមានទំនាក់ទំនងជាមួយនឹងប្រទេសជិតខាង លក់របស់បន្តិចបន្តួចទៅវិញទៅមកនោះទេ។

អ្វីជាគោលការណ៍ច្បាប់ប្រទេសនីមួយៗត្រូវតែគោរព អធិបតេយ្យភាពប្រទេសនីមួយៗ ត្រូវតែគោរព។ ប្រទេសជិតខាងចូលមកក្នុងស្រុក ត្រូវតែគោរពច្បាប់យើង។ យើងចូលទៅប្រទេសគេគោរពច្បាប់គេ។ កិច្ចព្រមព្រៀងផ្សេងៗ គេគ្មានកាត់ទេ។ វាមិនខុសកម្ពុជា ជាមួយនឹងថៃ កម្ពុជាជាមួយនឹងសិង្ហបុរី កម្ពុជាជាមួយនឹងម៉ាឡេស៊ីទេ។ ប្រទេសទាំងអស់នោះក៏មានកិច្ចការដូចគ្នា។ ប្រទេសខ្លះក៏គេមានបញ្ហាព្រំដែន ម៉ាឡេស៊ី និងថៃក៏ដូចគ្នា នៅតែទំនាក់ទំនងធ្វើការជាមួយគ្នា។ អញ្ចឹងបើមានការសួរថា បើដកចេញពី DTA ហ្នឹងយើងផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយនឹងវៀតណាម និងឡាវឬ? ថាអត់ទេ។ ក្របខណ្ឌនិស្សិតរបស់យើង ១ ពាន់នាក់ជាងរៀននៅវៀតណាមរាល់ថ្ងៃទាំងទាហាន ទាំងស៊ីវិល វៀតណាមក៏រៀននៅយើង ឡាវក៏រៀននៅយើង ថ្ងៃនេះទទួលសញ្ញាបត្រយើងក៏មាននិស្សិតនៅឡាវដែរ។ យើងក៏មាននិស្សិតនៅសិង្ហបុរី។ សិង្ហបុរីក៏បញ្ជូននិស្សិតមករៀននៅយើង។ វាអត់មានអីខុសទេ …។

យើងបារម្ភទំនាក់ទំនងប្រទេសដូចតែបងប្អូនយើងអញ្ចឹង។ សួរថាយើងម្នាក់ៗ ប្រាកដទេថាមិត្តភក្តិយើងស្មោះជាមួយយើង? បងប្អូនយើងបង្កើតស្មោះជាមួយនឹងយើងគ្រប់កាលៈទេសៈ ? អត់ទេ។ មែនទេ? ខ្ញុំមិនមែនថានិយាយអញ្ចឹងចាក់ចុចឲ្យបែកគ្នាទេណា ពេលខ្លះក៏មានដែរ ប៉ុន្តែសួរថាតើត្រូវខ្លាចឈប់ទំនាក់ទំនងជាមួយគាត់ទេ។ វាអត់សំខាន់គេគិតយ៉ាងម៉េចរឿងរបស់គេ ប៉ុន្តែសំខាន់រឿងខ្លួនយើង យើងរស់ខ្លួនឯង យើងខ្លាំងខ្លួនឯងគេចង់គិតយ៉ាងម៉េចរឿងរបស់គេប៉ុន្តែ យើងនៅតែជាយើង។

កម្ពុជាដូចគ្នា។ រឿងទំនាក់ទំនងជាមួយនឹងបណ្តាប្រទេសផ្សេងៗលើសកលលោក គេគិតអីរឿងរបស់គេ។ ល្ងាច​មិញ ប្រទេសជាច្រើននៅលើពិភពលោក ក្នុងមួយអាទិត្យចង់ ១០ ទៅ ២០ ប្រទេសហើយ សូមឲ្យយើងគាំទ្រជំហរគេនៅអង្គការសហប្រជាជាតិ គាំទ្រគំនិតផ្តួចផ្តើមគេ។ រឿងគេចង់ឲ្យយើងគាំទ្ររឿងរបស់គេ ប៉ុន្តែយើងមើលបើវាផ្ទុយពីគោលនយោបាយរបស់យើងៗ មិនគាំទ្រ។ តែបើគោលជំហរត្រូវជាមួយយើង យើងគាំទ្រ។ ហ្នឹងជាសិទ្ធិរបស់យើងទៅវិញទៅមក។ អញ្ចឹង យើងត្រូវតែទំនាក់ទំនងសំខាន់ពង្រឹងខ្លួនឯង ច្បាស់ខ្លួនឯង ហើយផ្តើមចេញធំបំផុតគឺសាមគ្គីឯកភាពជាតិ មិនត្រូវឲ្យមានការបែកបាក់ មានលើសខ្វះយោគយល់គ្នា សាមគ្គីគ្នា តទៅទៀត នេះគឺជាកិច្ចការសំខាន់។ ការបញ្ចេញមតិខ្វែងគំនិតគ្នារឿងមួយតែកុំឈានទៅដល់ការធ្វើសកម្មភាពនាំឲ្យបែកបាក់ អស្ថេរភាព បញ្ហាផ្សេងៗ វាអត់សប្បាយទេ។

កាលពីថ្ងៃ ១៧ សីហា ឪពុកម្តាយហៅកូនចេញពីរោងចក្រទៅផ្ទះសិនប្រយ័ត្នថ្ងៃ ១៨ មើលទៅដឹងថាមិនស្រួលឃើញមកសុទ្ធតែគ្រាប់បែក សុទ្ធតែអីព្យាយាមដាច់ខាតស៊ូស្លាប់អីអញ្ចេះអញ្ចុះ។ កូនអើយមកផ្ទះសិន។ មិនខ្វះទេ។ ជាពិសេសចាស់ៗ ដែលគាត់ធ្លាប់ឆ្លងកាត់ មកសិនមកកូនអើយ ការងាររកបានក្រោយទេ ប៉ុន្តែអត់ស្រួលទេ។ អញ្ចឹងកុំឲ្យភាពភ័យខ្លាចបែបនេះកើតឡើង។ ការងារទាំងអស់នេះខ្ញុំធ្លាប់លើក ហើយខ្ញុំសុំប្រជាពលរដ្ឋទាំងអស់ធ្វើការស្រាវជ្រាវពិចារណាវាយតម្លៃឲ្យបានច្បាស់។ កាលមុនថា ប្តីប្រពន្ធគេឈ្លោះគ្នា ក៏ហ្វេនៗឈ្លោះគ្នាដែរ។ ដួង ឆាយទៅ ជួនកាល ជីងចក់ ទៅ។ យូរៗ ចាប់ផ្តើមទាំងប្តីប្រពន្ធហ្វេនៗ ទៅជល់គ្នា រវាងអ្នកលក់កញ្ចក់ ហើយទិញកញ្ចក់ រវាងអីអញ្ចឹងទៅ។

(២៦) Gumball 3000 ទៅដល់ម៉ាឡេស៊ីហើយ មិនគួរបើនៅតតាំងគ្នាតាមបណ្តាញសង្គមទៀតទេ

យើងបញ្ចេញមតិចុះ ប៉ុន្តែកុំទៅដល់ឈ្លោះគ្នា។ យូរៗ ឃើញថាហ្វេនៗឈ្លោះគ្នាគ្រប់ប្រធានបទ វាវិលមុខដែរណា។ ខ្ញុំមិនចេញមតិរឿងអីទេ ប៉ុន្តែពេលខ្លះទស្សនៈវាខុសគ្នា។ ខ្ញុំសង្ឃឹមថាវាចប់ឆាប់ៗ រឿង gumball ស្អីនេះ។ មិនទាន់ចប់ទេ។ ខ្ញុំមិនដឹង ខ្ញុំមិនបានតាមដាន ខ្ញុំឃើញតែទៅមក gumball បរទេសគេជិះឡានមក។ គេទៅបាត់ទៀតហើយ។ ខ្មែរនៅតតាំងគ្នាចុះឡើង។ ខ្ញុំថាវាអត់ចាំបាច់។ ថ្ងៃ ៣០ កញ្ញានេះ ខ្ញុំទៅជួបជាមួយនឹងក្រុមហ៊ុន ជីបម៉ុង យកថវិកាជាង ៤០ ម៉ឺនដុល្លារ ដែលយកពី gumball ហ្នឹងដើម្បីប្រគល់ឲ្យពេទ្យកុមារអង្គរ។ រឿងនេះខ្ញុំសុំបញ្ជាក់បន្តិច គ្មានអ្នកណាមានចិត្តមើលងាយបុព្វបុរសរបស់យើងទេ ហើយបងប្អូនដែលបញ្ចេញមតិ កង្វល់ការរៀបចំលើសលស់ជាទស្សនៈរបស់គាត់ ព្រោះគាត់កង្វល់ពីរឿងថាធ្វើអញ្ចឹងវាមិនសម។ រឿងប៉ុណ្ណឹង បញ្ចេញមតិទៅ ហើយកុំបាច់តតាំងគ្នាទៅវិញទៅមកធ្វើអី? រឿង gumball គេមកតែ ២ ថ្ងៃទេ តែនៅកម្ពុជា ២ អាទិត្យក្រោយមិនទាន់ចប់។

រឿងនេះវាអញ្ចេះ។ ៣ខែ ៤ខែមុន ខ្ញុំជួបជាមួយនឹងវិស័យទេសចរណ៍ ជជែកជាមួយខាងក្រុមហ៊ុន tour អីហ្នឹង ថាធ្វើម៉េច ហើយដោះស្រាយបញ្ហាអ្វីខ្លះ? តើព្រឹត្តិការណ៍អ្វីខ្លះដែលយើងធ្វើកាលឆ្នាំទៅ។ ឯកឧត្តម សុខ សូកេន ធ្វើបានច្រើន រៀបចំកម្មវិធីសៅលីង ផងអីផង។ កម្មវិធីសៅលីងនេះឃើញមិនទាក់ទាញកម្មវិធី ទាក់ទាញតែព្រះសង្ឃមួយអង្គហ្វេនៗ ច្រើនជានារី។ ប៉ុន្តែជាអកុសល លោកដូចជាគ្រោះថ្នាក់ចរាចរណ៍។ អញ្ចឹងគាត់ក៏បានប្រាប់ថាសម្តេចមានកម្មវិធីមួយប្រហែលជាខែប៉ុន្មាននេះ​មានមួយ។ កម្មវិធីហ្នឹងគេធ្វើ ២៥ ឆ្នាំហើយនៅប្រទេសអឺរ៉ុប ហើយលើកនេះគេមកអាស៊ីប៉ាស៊ីហ្វិក។ កម្មវិធីហ្នឹងគេប្រើប្រាស់ឡាន ប៉ុន្តែវាមិនមែនរឿងឡានហ្នឹងទេ គឺរឿងមនុស្សមើលកម្មវិធី ដែលយើងរាល់ដងផ្សាយពាណិជ្ជកម្មនៅក្រៅវាតិចពេក អញ្ចឹងថាឲ្យសម្តេចស្នើក្រសួងពាក់ព័ន្ធយើងធ្វើម៉េចអាចទាញបាន គេមកហើយគេជិះកាត់ហ្នឹងបន្តិចទៅ។ អញ្ចឹងក៏រៀបចំទៅ។

ពេលដែលគាត់លើកយោបល់គាត់អត់ស្គាល់ឡានហ្នឹងស្អីទេ។ គាត់មិនដឹងអាឡានហ្នឹងម៉ាកអីទេ។ គាត់ដឹងថាអាកម្មវិធីហ្នឹងរាល់ឆ្នាំ គេចាប់អារម្មណ៍នៅអឺរ៉ុបនៅអីហ្នឹង មនុស្សមើលច្រើន មើលនៅកន្លែងមួយហើយមិនច្រើនទេ ប៉ុន្តែមនុស្សតាម។ អញ្ចឹងវិស័យទេសចរណ៍មកក៏បានប្រគល់ភារកិច្ចឲ្យក្រសួងទេសចរណ៍។ ឯកឧត្តម សុខ សូកេន មកទេ? រៀបចំធ្វើ។ ការរៀបចំនេះឆ្លងកាត់ ៥ប្រទេស។ សំនួរទី១ ថា យើងមានជំរើសឲ្យគេកាត់ទៅហើយយើងមិនបាច់ធ្វើអី សម្រួលចរាចរណ៍ឲ្យគេទៅផុតទៅ។ ប៉ុន្តែខាងវិស័យទេសចរណ៍ថាសម្តេចឱកាសដើម្បីជួយផ្សព្វផ្សាយខ្លះពីកម្ពុជា ព្រោះឥឡូវហ្នឹងគេគិតថាកម្ពុជាអសន្តិសុខណាស់។ បើអ្នកទ្រើសៗអញ្ចឹងគាត់ហ៊ានមកស្រុកយើងស្រួល។ បើបានដេកមួយយប់ទៀតកាន់តែល្អ។ គាត់ហ៊ានដើរ។ ក្នុងការរៀបនេះ ទីមួយសូមអរគុណដល់ក្រុមហ៊ុន ជីប ម៉ុង ដែលគាត់រៀបចំ, ក្រសួងពាក់ព័ន្ធមានក្រសួងទេសចរណ៍, ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, សាលារាជធានីខេត្តសៀមរាប, អគ្គស្នងការនគរបាលជាតិ, ស្នងការនគរបាល, ឡានសឺរ៉ែន អមអីផ្សេងៗ, ប្រជាពលរដ្ឋយើងចូលរួម។

ការរៀបឡាននៅមុខអង្គរនេះ សួរថាធ្វើម៉េច? តើប៉ះពាល់ទេ? ចរចាគ្នាតតាំងខ្លាំងណាស់។ តាមពិតខាងពិធីរបស់គេ Guinness ចង់បំបែកឯកគ្គទកម្ម​​កុំអោយវាទៅហើយផុត។ បងប្អូនលើកយោបល់ថាគួរតែមានស្អីចងចាំអាហ្នឹងនៅកម្ពុជា Guinness world record គួរតែធ្វើនៅទីណា។ ក៏សម្រេចថាផ្សព្វផ្សាយអង្គរ។ តែរៀបចំយ៉ាងម៉េច? រៀបចំរូបមន្តច្រើនណាស់។ អ្នក lobby ទាំងខាងបរទេសចង់រៀបប៉ុន្មានរយគ្រឿងហ្នឹងនៅផ្លូវមុខអង្គរតែម្ដង តែក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងយើងទាំងអស់ ដាច់ខាតមិនឱ្យធ្វើអញ្ចឹងទេ។ អញ្ចឹងបានមានតែ៩ឡាននៅខាងមុខ ក្រៅពីហ្នឹងរុញទៅកៀនទាំងអស់។ គេចង់បានដាក់ប៉ុន្មានរយគ្រឿងនៅខាងមុខ។ អត់ទេប្រសាទអង្គរវត្តមិនអាចជា Background ទេ តែដើម្បីឱ្យវាភ្ជាប់រៀបបន្តិចទៅបាន៩ឡាន។ អ្នករៀបចំគេចង់បានដាក់អាហ្នឹងឱ្យច្រើន ដើម្បីគេមើលឡាន។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា គាត់តតាំង។ វិស័យមួយចំនួនអ្នករៀបចំក៏បានគិត តែទីបំផុតគឺចេញរូបមន្តហ្នឹង។ ផ្សេងទៀតរុញចេញទៅចំហៀងទាំងអស់។ គេរាប់១៨០គ្រឿងដើម្បីបំបែកឯកគ្គទកម្ម តែយើងមិនដាក់ទេ ​ខំសម្របសម្រួល។ យើងគិតណាស់មិនមែនថាអ្នករៀបមិនគិតពីតម្លៃទេ។ ឡានហាមមិនឱ្យចូលតំបន់អង្គរ ៤០០គីឡូម៉ែត្រការ៉េ ហាមមិ​នឱ្យរោទ៍ម៉ាស៊ីន ហ៊ានតែរោទ៍ដេញចេញ។ អត់ដឹងអ្នកឯងមានមកពីណាទេ។ គេគោរព។ ខ្ញុំមិនកាន់ជើងទេ តែត្រូវឱ្យតម្លៃនៃការខិតខំប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធ ធ្វើដើម្បីបុព្វហេតុលើកស្ទួយផ្សព្វផ្សាយកម្ពុជា។ មិនមានគំនិតអាក្រក់នោះទេ។ ខ្ញុំសូមកោតសរសើរដល់អ្នកពាក់ព័ន្ធ ឯកឧត្តម សុខ សូកេន នៅទីនេះ ធ្វើការច្រើនជាងគេខាងទេសចរណ៍។ គេសួរថាបើធ្វើការច្រើនជាងគេម៉េចក៏ត្រូវធ្វើការផ្លាស់ប្តូរ។ រឿងការដឹកនាំជាការគ្រប់គ្រង ខ្ញុំជាប្រមុខរាជរដ្ឋាភិបាល ពេលខ្លះយើងត្រូវសាកអ្នកកាន់ចង្កូតដូរគ្នា ដើម្បីបង្កើនល្បឿន។ សួរថាមួយឆ្នាំនេះអត់ធ្វើ? ធ្វើច្រើន រៀបចំពិធីច្រើនណាស់ សួរអ្នកសៀមរាបទៅ។ មួយឆ្នាំនេះគ្រាន់តែប្រជុំនៅសៀមរាបមិនតិចទេ។ ទោះបីជាទេសចរមិនឡើង ប៉ុន្តែកិច្ចប្រជុំរុញទៅទីនោះ​ទាំងអស់ … ការគ្រប់គ្រងយើងដូរឱ្យសាកល្បងរុញទៅជាក្រុមតែមួយទេ។ ក្រុមអាណត្តិទី៧ ប្រឹងប្រែងទាំងអស់គ្នា មិនល្អឥតខ្ចោះទេ គ្មានអីធ្វើមួយថ្ងៃបាននោះទេ។ យើងចង់បាន តែមិនដូចចិត្ត។ យើងត្រូវតែពុះពាររុញតទៅទៀត។

ឯកឧត្តម សុខ សូកេន ត្រូវជំរុញក្រសួងអធិការកិច្ច … ឯកឧត្តម ហួត ហាក់ រុញមួយឆ្នាំនៅទីនោះក៏មកទីនេះដើម្បីផ្លាស់ប្ដូរបទពិសោធន៍តទៅទៀត ក្រុមតែមួយទេ។ បងប្អូនរៀនគ្រប់គ្រង។ យើងត្រូវមិនងាប់ក្រឡា យើងដាក់ ល្អហើយ ប៉ុន្តែយើងចង់សាកល្បងក្រែងលោបានផលល្អជាងហ្នឹង។ ប៉ុន្តែ រឿង Gumball 3000 នេះគឺបងប្អូនភាគច្រើនអត់ដឹងថា ទម្រាំតែបានរៀបចំប៉ុននេះ ត្រូវចរចាគ្នារាប់សិបម៉ោងប្រជុំ ទម្រាំតែបានចូល។ ខាង Guinness ចង់ថាឱ្យឃើញឡានទាំងអស់ទើបគេរាប់។ ថាអត់បានទេ។ អង្គរត្រូវតែជាគេ sector over intention … កន្លែងហ្នឹងពីមុនមានចំណតរថយន្ត។ ទើបរើទេ។ ខ្ញុំចាំកាលពីក្មេងចុះទៅចំណតរថយន្ត គេចតតាក់ស៊ីពេញ។ តែយើងរើចេញ​។ យើងសុំឱ្យតែ ៩ឡានគត់។ ក្រៅពីហ្នឹងរុញទៅកៀនទាំងអស់។ អត់ឱ្យមកប៉ះនៅខាងមុខទេ។ ចូលទៅឆ្វេង/ស្ដាំ កុំឱ្យមកបាំង។ ទេសចរថត បាយ័នក្លោងទ្វារជ័យ​ អាហ្នឹងរឿងមួយជាដើមហេតុនៃការរៀបចំ បានប្រមូលថវិកាដើម្បី …។

គេនៅ ២យប់។ បរទេសស្លៀកក្បិន។ ខ្ញុំសរសើរគាត់ចេះស្លៀកកើត។ គាត់ស្រលាញ់ខ្មែរ​។ អ្នកខ្លះអត់ដែលស្គាល់ខ្មែរសោះ។ អ្នកខ្លះគិតថាឆ្លងព្រំដែនមកស្រុកខ្មែរអត់មានអីទាំងអស់។ តែចូលមកដល់កម្ពុជាឃើញមានអគារខ្ពស់ មានអូតែលផ្កាយ៥ មានកន្លែងស្ថិរភាព មានវប្បធម៌ល្អ។ Ishow speed គេមកកម្ពុជាបាន ៣០លាន views ថ្ងៃមុនលួចមកចូលផ្សារ។ ខ្ញុំម្ដងម្កាលលួចទៅដែរ។ ប៉ុន្តែមនុស្សម្នាក់ហ្នឹងគេស្គាល់។ បងប្អូនម្ខាងទៀតដែលបញ្ចេញកង្វល់ គាត់ក៏មានការព្រួយបារម្ភដែរ។ ទឹកមួយកែវដូចគ្នា គ្រាន់តែខ្លះមើលមួយកែវពេញ អ្នកខ្លះមើលពាក់កណ្ដាល ប៉ុន្តែវានៅតែក្នុងកែវ។ ចាំបាច់ឈ្លោះគ្នារឿងទឹកកន្លះកែវហ្នឹងធ្វើអី។ ខ្ញុំថាគួរបញ្ចប់ទៅសមរភូមិតាមរលកធាតុអាកាស តាមហ្វេសប៊ុក។ អ្វីដែលយើងមើលទឡ្ហីករណ៍មានបងប្អូនទាំងសងខាង ប៉ុន្តែបើយើងមើលចង់ចាញ់ឈ្នះរៀងៗខ្លួន បារម្ភថាគម្លាតរឿងឡានបើកមកមុខប្រជាពលរដ្ឋក្រីក្រ ថាយកអង្គរយកអី មានការកង្វល់ … ជាគំនិតរបស់អ្នកថតអ្នកធ្វើនោះ ខ្ញុំសូមបញ្ជាក់រឿងប៉ុណ្ណឹងគ្មានអ្វីអាក្រក់នោះទេ។ រៀបចំ កាត់បន្ថយណាស់ទម្រាំបានប៉ុណ្ណឹង។ តែនៅមិនទាន់អស់។ បងប្អូនដែលព្រួយបារម្ភក៏បញ្ចេញកង្វល់អំពីការប៉ះពាល់ទាំងឡាយ។

អប្សារា​ពេលសំដែងជានិមិត្តរូប មិនអាចទៅសំពះដូចធម្មតាទេ ប៉ុន្តែដល់ពេលគាត់ចប់ ក្នុងនាមជាបុគ្គល គាត់ដូរខោអាវមិនទាន់ គាត់ទៅសំដែងការទន់ភ្លន់ ខ្ញុំថាកុំប្រកាន់។ សូម្បីតែទៅសំដែងក្នុងពេលការអប្សារារាំចប់ក៏គេសំពះដែរ មកឈរតម្រង់ជួរសំពះដូចតែគ្នាហ្នឹង មិនមែនជាការសំពះឱនលំទោនទេ។ ជាការគោរពភាពទន់ភ្លន់។ ទស្សនៈយល់ខុសគ្នា។ ខ្ញុំយល់បងប្អូនព្រួយបារម្ភ មិនមែនថាបងប្អូនអាក្រក់ទេ។ ឥឡូវការពិចារណាទៅថ្ងៃក្រោយ តែឥឡូវមើលរឿងធំនៅកន្លែងនេះ។ តើយកចាញ់ឈ្នះនៅលើរឿងហ្នឹងទេ។ គេជិះឡានទៅដល់ម៉ាឡេស៊ីបាត់ យើងនៅតតាំងធ្វើអីទៀត។ ដូចរឿងដកចេញ មិនដកចេញ CLV-DTA ជោគជ័យទៅ ប៉ុន្តែសំខាន់ខ្មែរឈប់កង្វល់រឿងហ្នឹង​រកចាញ់ឈ្នះដឹងដល់ពេលណា រួមគ្នាកសាងប្រទេសទៅ។ ​

យើងធ្វើមិនបានល្អឥតខ្ចោះ តែក៏មិនបានបាត់តម្លៃនៃវប្បធម៌ដែរ។ បរទេសមក ក៏គេគោរពយើង។ ខាងវិស័យ​ទេស​ចរណ៍ និងខាងវិស័យវប្បធម៌បានការពារ។​ បងប្អូនក៏បានបញ្ចេញមតិរួចហើយ។ យើងត្រូវយកបទពិ​សោធន៍ទៅថ្ងៃក្រោយ។ យើងប្រយ័ត្នប្រយែង នេះជាការចូលរួម។ ខ្ញុំគិតថាទាំងអស់គ្នាគួរតែសប្បាយចិត្ត។ យើងបានបញ្ចេញមតិរួចហើយ ក៏គួរតែបញ្ចប់ទៅ។ រឿងតូចៗ ហ្នឹង Gumball 3000 គេទៅបាត់ហើយ គេយកតែមួយយប់មួយថ្ងៃ។ ឯងនៅ២សប្ដាហ៍មិនទាន់ចប់ផង។ ឥឡូវទៅជាសង្គ្រាមរាលដាលដល់ហ្វេន។ ខ្ញុំថាចប់ទៅចូលភ្ជុំបិណ្ឌហើយ។ ​មិនចាំបាច់ចាញ់ឈ្នះរឿង CLV-DTA ទៀតទេ ធ្វើម៉េចអោយអភិវឌ្ឍខេត្តទាំង៤។ ទៅលេងខេត្តនៅព្រំដែនរបស់យើង ធ្វើផ្លូវបន្ថែមទៀត តាមព្រំដែន រុញឱ្យដល់កន្ទុយនាគ ដើម្បីយើងបានដោះមីនអោយអស់ អោយដីជិតហ្នឹងដាក់ទុនបង្កើតទៅសំខាន់ជាង។ ខ្ញុំមកពីខេត្តទាំង៤នោះ រៀនហើយ ខ្ញុំត្រឡប់ទៅទៅធ្វើការនៅទីនោះ ជាកិច្ចការធំ។ ជួនកាលរឿងមិនគួរឈ្លោះក៏ឈ្លោះដែរ។ បញ្ចេញមតិខ្វែងគ្នាចុះ ប៉ុន្តែកុំយកមកតតាំងគ្នាវាអត់ចំណេញ។ គេទៅបាត់ហើយ។ ការរៀបចំនេះ ក៏បានឆ្លើយតប។ វាមានចំណុចខ្វះខាត ទស្សនៈមិនយល់គ្នាខ្លះ យើងគោរពគ្នាទៅ ​ផលរួមរបស់យើង។ ខ្ញុំមិនដឹងមានប្រធានបទអីទៀតទេតាមហ្វេសប៊ុក។ បន្តិចៗ ឃើញគេបាញ់មក ប្រធានបទរសើប។ ឥឡូវដូចលែងសូវមានអ្នក ប្ដី-ប្រពន្ធ តតាំងគ្នា ហ្វេនអីឈ្លោះគ្នា។ ចូលភ្ជុំបិណ្ឌហើយដើរលេងទាំងអស់គ្នា រួមគ្នាសប្បាយ​ សាមគ្គីឯកភាពជាតិ។ ខ្ញុំសុំបិទរង្វង់ក្រចកវិញ …។

[ចប់សេចក្ដីអធិប្បាយ៤]

ក្នុងនាមរា​ជរដ្ឋាភិបាល និង ក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវអំណរ​សាទរចំពោះលទ្ធផលដ៏ត្រចះត្រចង់ ដែលប្អូនៗជ័យលាភីទាំងអស់ទទួលបានក្នុងថ្ងៃនេះ និង សូមថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា, គណៈគ្រប់គ្រង, មន្ត្រីរាជការ បុគ្គលិក, សាស្ត្រាចារ្យជាតិ និង អន្តរជាតិ និង ដៃគូសហប្រតិបត្តិការនានា ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច និង ផ្តល់នូវការគាំទ្រនានា ឈានដល់ការសម្រេចបានលទ្ធផលជាទីមោទនៈ ។

ជាទីបញ្ចប់, ខ្ញុំសូមប្រសិទ្ធពរជ័យសិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ ជូន ឯកឧត្តម លោកជំទាវ, លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ព្រមទាំងប្អូនៗជ័យលាភី និងព្រះតេជគុណ សូមបានប្រកបដោយពុទ្ធពរ និង ពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាត ។ សូមអរគុណ!

ថ្ងៃនេះ សូមប្រគេនសាមណៈ និស្សិត ជ័យលាភីសរុប ៣ ៥៣០ អង្គ/នាក់ ម្នាក់ៗថរិកា៥ម៉ឺនរៀល និងប​ន្ថែមជូននិស្សិត​មានពិការភាពមួយនាក់ថវិកា១លានរៀលផងដែរ, សាស្ត្រាចារ្យ បុគ្គលិកសិក្សា ៨៣៥នាក់ ម្នាក់ៗថវិកា០ម៉ឺនរៀល, សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ថវិកា១០លានរៀល, ក្រុមគ្រូរពេទ្យប្រចាំអង្គពិធីថវិកា៣លានរៀល៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ