ប្រមុខរដ្ឋ / ប្រមុខរដ្ឋាភិបាលនៃប្រទេស ACMECS និងប្រទេស CLMV បានអញ្ជើញទៅដល់ទីក្រុងបាងកក ព្រះរាជាណាចក្រថៃជាបន្ទាប់ហើយ កាលពីរសៀង្ងៃទី១៤មិថុនានេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្រ្ត នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS)លើកទី៨ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ារ-វៀតណាម(CLMV)លើកទី៩ ដែលនិងប្រារព្វធ្វើឡើងនៅថ្ងៃទី១៥-១៦មិថុនា។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់អាកាសយានដ្ឋានយោធាដនមឿង ទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង១៦និង៤០នាទី ម៉ោងនៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ក្រោមវត្តមាននៃការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុតពីឯកឧត្តម Arkhom Terpittayapaisith រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថៃ ឯកឧត្តម ឡុង វីសាលោ ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ និងលោកជំទាវ ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលថៃ និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃជាច្រើនរូប។
តាមកម្មវិធីដែលបានគ្រោងទុក ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS លើកទី៨ និងកិច្ចប្រជុំកំពូលCLMV លើកទី៩ សម្តេចតេជោនាយករដ្ឋមន្រ្តីមាន គម្រោងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្រ្តីថៃ និងជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ACMECS លើកទី៨។