អាជ្ញាធរថ្នាក់ក្រោមជាតិ ចំនួន៦១នាក់ ដែលជាមន្ត្រីទទួលបន្ទុកការងារព័ត៌មាន ត្រូវបានទទួលការបណ្តុះបណ្តាល និងការដកបទពិសោធន៍បន្ថែម ទៀតពីគ្រូបង្គោលជាជនជាតិកម្ពុជា និងគ្រូជនជាតិបរទេសក្នុងរយៈពេល៣ថ្ងៃ ដែលទើបនឹងបិទបញ្ចប់វគ្គនៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការ និងជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី។
នេះជាលើកទី២ហើយ ដែលអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានរៀបចំវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈមន្ត្រីអ្នកនាំពាក្យ ដែលកាលពីលើកទី១រៀបចំធ្វើឡើងសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីចំនួន៧៨រូប តំណាងឱ្យ៣៣ក្រសួង និងស្ថាប័នថ្នាក់ជាតិ ហើយលើក ទី២នេះសម្រាប់អាជ្ញាធរថ្នាក់ក្រោមជាតិ។
បទពិសោធន៍ជាច្រើន ក្នុងនោះមានទាំងយុទ្ធសាស្ត្រ យុទ្ធវិធី គោលការណ៍ វិធីសាស្ត្រ បច្ចេកទេស និងចំណុចគន្លឹះសំខាន់ៗ ត្រូវបានបង្ហាញដោយគ្រូបង្គោលជនជាតិកម្ពុជា និងគ្រូជនជាតិបរទេស ចែករម្លែកដល់មន្ត្រីអ្នកនាំពាក្យអាជ្ញាធររាជធានី ខេត្ត ដើម្បីយកទៅបំពេញការងាររបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈខ្ពស់ ហើយដែលគ្រូឧទ្ទេសនាមបានបញ្ជាក់ថា អ្នកនាំពាក្យ គឺជាមន្ត្រីដែលកាន់ការងារជាយុទ្ធសាស្ត្រ។
ឯកឧត្តម ស្វាយ ស៊ីថា ក្នុងនាមឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា អ្នកនាំពាក្យត្រូវតែមានទិសដៅ ផែនការសកម្មភាពច្បាស់លាស់ ហើយត្រូវតាមដាន គ្រប់គ្រង និងក្តាប់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយនៅក្នុងស្ថាប័នរបស់ខ្លួននីមួយៗ ។ មិនតែប៉ុណ្ណោះ អ្នកនាំពាក្យត្រូវតែសហការឱ្យបានល្អជាមួយអ្នកសារព័ត៌មាន ដើម្បីឆ្លើយតបបានលឿន ចំបញ្ហា និងមានប្រសិទ្ធភាព។
ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា តាមរយៈវគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃនេះ អ្នកនាំពាក្យ បានទទួលនូវចំណេះដឹង រូបមន្ត បទពិសោធន៍ថ្មីៗជាច្រើនពីគ្រូឧទ្ទេសនាម និងបានដឹងកាន់តែច្បាស់អំពីចំណុចខ្លាំង ចំណុចខ្វះខាត យកទៅកែលំអរ ដើម្បីពង្រឹងការអនុវត្តនូវបេសកកម្មរបស់ខ្លួនជាអ្នកនាំពាក្យប្រកបដោយវិជ្ជាជីវៈខ្ពស់។ ឯកត្តមបានបន្ថែមថា អ្នកនាំពាក្យ គឺជាអ្នកគិតគូរទាំង យុទ្ធសាស្ត និងយុទ្ធវិធី ហើយក៍ជាមេបញ្ជាការនៅលើការគ្រប់គ្រងសមរភូមិសាធារណមតិ។ លើសពីនេះទៅទៀត អ្នកនាំពាក្យក៍ដើរតួនាទីដ៏សំខាន់ណាស់ គឺមិនត្រឹមតែជានិមិត្តរូប ឬជាស្ពានចម្លងព័ត៌មានពិតរបស់ស្ថាប័ននីមួយៗរបស់ខ្លួន ទៅកាន់សាធារណជនប៉ុណ្ណោះទេ ថែមទាំងជាអ្នកការពារនូវសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដ៏ពិតប្រាកដ ហើយជាពិសេសជាងនេះទៅទៀត ក្នុងសមរភូមិសាធារណមតិ អ្នកនាំពាក្យ គឺជាអ្នកការពារនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថេរភាព សង្គម អធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យ និងការឯកភាពជាតិផងដែរ។
ឯកឧត្តម ស្វាយ ស៊ីថា បានសង្កត់ធ្ងន់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាអ្នកកសាងនូវសន្តិភាព ដូច្នេះអ្នកនាំពាក្យទាំងអស់គ្នាត្រូវចូលរួមថែរក្សាសុខសន្តិភាព ដែលមាននាពេលបច្ចុប្បន្ននេះ ឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែង។ ឯកឧត្តមបន្តថា អ្នកនាំពាក្យមានកាតព្វកិច្ចកែតម្រូវជុំវិញការបំភ្លៃ និងការភូតកុហកដោយក្រុមជនមួយចំនួនដែល ផ្សព្វផ្សាយនូវពត៍មានបំពុលនិងបំបែកបំបាក់សង្គមជាតិ ជាពិសេស ព័ត៌មានដែលមានចរឹកជាការញុះញង់ ដុតបញ្ឆេះឱ្យមានឡើងនូវបដិវត្តពណ៌ បង្កចលាចលក្នុងសង្គម ។ ម៉្យាងវិញទៀត អ្នកនាំពាក្យ គឺជាអ្នកជួរមុខក្នុងការបន្សាប និងពន្លត់នូវព័ត៌មានក្លែងក្លាយ Fake news ដែលជាយុទ្ធសាស្ត្រ និងឧបាយកិច្ចដ៏ពិសពុល នៃបដិវត្តពណ៌ ពោលគឺនៅពេលដែលមានព័ត៌មានអវិជ្ជមាន និងការចោទប្រកាន់ខុសពុំមានមូលដ្ឋានច្បាស់លាស់ ប៉ះពាល់ដល់ស្ថាប័ន រឺរដ្ឋបាលខេត្តរបស់ខ្លួន អ្នកនាំពាក្យចាំបាច់ត្រូវតែធ្វើការបកស្រាយ បំភ្លឺតបទៅវិញតាមទម្រង់ផ្សេងៗឱ្យបានលឿន និងច្បាស់លាស់។
នៅមុនពេលបិទបញ្ចប់វគ្គបណ្តុះបណ្តាលវិជា្ជជីវៈអ្នកនាំពាក្យ នៅរសៀលថ្ងៃទី៨ ខែមិថុនានេះ ឯកឧត្តម ស្វាយ ស៊ីថា និងគ្រូជនជាតិបរទេស ក៏បាន ប្រគល់នូវវិញ្ញាបនបត្រ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីអាជ្ញាធរ រាជធានី ខេត្តសរុបចំនួន៦១រូប និងបានថតរូបអនុស្សាវរីយ៍ជាច្រើន បង្កើតបាននូវបរិយាកាសដ៍រីករាយ និងស្និទ្ធស្នាលប្រកបដោយភាតរបំផុត៕
អត្ថបទ៖ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស