សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សមន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល

នៅព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សមន្ត្រី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល ចំនួន ៥៦៧នាក់ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០១៨ មានសិស្សនិសិត្សចំនួន ៣៨០នាក់ នៅវិទ្យាស្ថានជាតិអប់រំ។ នេះជាលើកទី២១ហើយដែល សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមកប្រគល់សញ្ញាបត្រ ដល់សិស្សនិស្សិតនៃសាលាភូមិន្ទរដ្ឋបាល ដែលជាកន្លែងបណ្តុះបណ្តាលមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាមុនពេលចេញទៅបម្រើការងារនៅតាមក្រសួងស្ថាប័ននានា។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយក្រៃលែងដែលបានអញ្ជើញចូលរួមប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សនិស្សិតនៃសាលាភូមិន្ទរដ្ឋបាលដែលបានបញ្ចប់ការសិក្សាដោយជោគជ័យរួមមាន សិស្សមន្ត្រីជាន់ខ្ពស់ សិស្សមន្រ្តីមធ្យម សិស្សមន្រ្តីក្រមការ កម្មសិក្សាការីមន្រ្តីជាន់ខ្ពស់ កម្មសិក្សាការីមធ្យម និងសិក្ខាកាម។

នៅក្នុងពិធីដ៏អធិកអធមនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ពីការងារកំណែទម្រង់កិច្ចការមុខងារសាធារណៈ ដែលកន្លងមកពិតជាមានភាពស្មុគស្មាញប៉ុន្តែក្រោយពីបានបង្កើតនូវក្រសួងមុខងារសាធារណៈរួចហើយ គឺបង្កើតឲ្យមានភាពងាយស្រួលជាងមុនក្នុងការបែងចែកមុខងារ និងតួនាទីរបស់មន្ត្រីរាជការ។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍អំពីកំណែទម្រង់សេវាសាធារណៈមួយចំនួនដែលកម្ពុជាបានអនុវត្តកន្លងដោយបានប្រើប្រាស់បច្ចេកវិទ្យា (ATM card) ក្នុងការបើកប្រាក់ខែជូនមន្ត្រីរាជការដែលបានកាត់បន្ថយចំនួនមន្ត្រីមន្ត្រីខ្មោចបានយ៉ាងច្រើន។ ជាមួយគ្នានេះផងដែរ ការបង់ពន្ធចូលរដ្ឋនិងការចុះបញ្ជីរពាណិជ្ជកម្មផ្សេងៗក៏ត្រូវបានអនុវត្តតាមប្រព័ន្ធអនឡាញ(Online) ដែលធ្វើឲ្យមានភាពងាយស្រួល ឆាប់រហ័ស និងកាត់បន្ថយអំពើពុករលួយផ្សេងៗផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញឲ្យមន្ត្រីរាជការ និងប្រជាពលរដ្ឋរៀនប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឲ្យបានគ្រប់ៗគ្នា ដើម្បីបម្រើការងារឲ្យមានប្រសិទ្ឋភាពទាន់ស្របពេលនឹងការជឿន​លឿនរបស់ពិភពលោក។
ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកដាស់តឿនដល់មន្ត្រីរាជការទាំងអស់ត្រូវប្រកាន់ភ្ជាប់ នូវតួនាទីរបស់ខ្លួន គឺត្រូវតែធ្វើជាមន្ត្រីល្អដែលមានប្រជាពលរដ្ឋគោរពស្រលាញ់ ស្មោះត្រង់ មិនមានភាពក្រអឺតក្រទមហើយត្រូវចេះគោរពប្រជាពលរដ្ឋចេះអោនលំទោន ងើបស្កក អោនដាក់គ្រាប់។ ព្រោះ​មន្រ្តី​គឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់រាស្រ្ត ហើយមិនមែនជាចៅហ្វាយរបស់ប្រជារាស្រ្តឡើយ។
នា​ឱកាស​នេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់នូវគន្លឹះសំខាន់ៗមួយចំនួនដើម្បីឲ្យមន្ត្រីយើង អនុវត្តការងារទទួលបានជោគជ័យគឺៈ
ទី១)ត្រូវរៀបចំផែនការអោយបានច្បាស់លាស់ គឺគិតហើយចាំគូរ ការធ្វើបែបនេះយើងអាចវាស់ស្ទង់ទំហំការងារយើងដែលធ្វើឲ្យយើងអាចសម្រេចជោគជ័យបាន ៣០%។
ទី២) ចាត់តាំងការងារអនុវត្ត ដោយត្រូវរៀបចំធនធានមនុស្សគ្រប់គ្រាន់ និងធនធានហិរញ្ញវត្ថុ ដែលអាចនាំមកជោគជ័យប្រមាណ ៣០%។
ទី៣)ដោះស្រាយបញ្ហាប្រឈមបន្ទាន់ដែលអាចកើតឡើងដោយចៃដន្យឬដោយយថាហេតុណាមួយ ក្នុងពេលដែលយើងកំពុងអនុវត្តគម្រោងសកម្មភាពដែលធ្វើឲ្យយើងអាចសម្រេចជោគជ័យបាន ៤០% ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងសង្កត់បញ្ជាក់រំលឹកសារជាថ្មីថា មន្ត្រីគ្រប់រូបគឺមិនត្រូវធ្វើខ្លួនជាមន្រ្តីគ្រាប់ល្ពៅទេ ហើយក៏មិនត្រូចក្តិចត្រួយគ្នាដែរ ជាពិសេសទៀតនោះគឺមិនត្រូវរាំងស្ទះដល់ឱកាសរីក​ចម្រើន​នៃមន្រ្តីក្រោមឱវាទផងដែរ។ មន្រ្តីល្អគឹជាអ្នកដែលចេះដោះស្រាយបញ្ហាដែលកើតមានឡើងភ្លាមៗដោយ​មានការទទួលទាំងខុស និងទទួលទាំងត្រូវ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រជូនដល់សិស្ស និស្សិត ដែលបានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យនៅសាលាភូមិន្ទរដ្ឋបាល ព្រមទាំងបាន​ថតរូបអនុស្សាវរីយ៍ជាមួយសិស្ស និស្សិត និងមន្ត្រីមួយចំនួនប្រកបដោយភាពស្និទ្ឋស្នាលសប្បាយរីករាយក្រៃលែង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...