សម្រង់សុន្ទរក​ថា​​សម្ដេច​តេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ប្រារព្ធពិធីអបអរសាទរខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា

CNV: 

– សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោកលោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ

បងប្អូនអតីតយុទ្ធជនទាំងអស់ជាទីមេត្រី !

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយដោយបានចូលរួមក្នុង ពិធីអបអរសាទរគម្រប់ខួបលើកទី ១១ ទិវាអតីតយុទ្ធជន កម្ពុជា (២១ មិថុនា) ដែលបានរៀបចំឡើងនាពេលនេះ។ ជាបឋម ខ្ញុំសូមសម្តែងនូវការស្វាគមន៍ចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលមកពីបណ្តារាជធានី-ខេត្ត សរុបចំនួនប្រមាណជាង ​ ២០០ នាក់​ ដែលបានមកចូលរួមក្នុងពិធីនាថ្ងៃនេះ។

ការប្រារព្ធទិវានេះ ក្នុងស្មារតីសំដែងការចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល, វីរយុទ្ធជន, យុទ្ធនារី, ប្រជាជន និងអ្នកស្នេហាជាតិដែលបានធ្វើមហាពលិកម្មបូជាសាច់ស្រស់, ឈាមស្រស់ក្នុងសមរភូមិ ដើម្បីរំដោះមាតុភូមិពីកណ្តាប់ដៃ នៃរបប ប៉ុល ពត និងបានជួយសង្គ្រោះជីវិតបងប្អូនប្រជាជន និងសង្គមជាតិឱ្យរស់ឡើងវិញ និងរីកចម្រើនរហូតដល់សព្វថ្ងៃ។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមលំឱនកាយ, គោរពចំញេះវិញ្ញាណក្ខ័ន្ធបងប្អូន វីរយុទ្ធជន, វីរយុទ្ធនារីកម្ពុជា ដែលបានធ្វើមហាពលិកម្ម ដើម្បីបុព្វហេតុការពារជាតិមាតុភូមិជាទីស្នេហានៃយើង។ ខ្ញុំក៏សូមផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនអតីតយុទ្ធជន ព្រមទាំងកងកម្លាំងប្រដាប់ឤវុធគ្រប់ប្រភេទ គ្រប់លំដាប់ថ្នាក់ ដែលបាន និងកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមនៅទូទាំងប្រទេស និងដែលកំពុងបំពេញបេសកកម្មថែរក្សាសន្តិភាពនៅក្នុងក្របខណ្ឌប្រតិបត្តិការ នៃអង្គការសហប្រជាជាតិ។

កម្ពុជាធ្លាប់បានហែលឆ្លងកាត់នូវដំណាក់កាលដ៏ជូរចត់ និងផ្លាស់ប្តូរជាប្រវត្តិសាស្ត្រជាច្រើនលើក ដែលប្រជាជន កម្ពុជាមិនឤចបំភ្លេចបាន។ គិតត្រឹមការធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ១៩៧០ ដែលដឹកនាំដោយ លន់ នល់ ឃុបឃិតជាមួយបរទេស បានធ្វើឱ្យប្រទេសកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម បង្កមហាវិនាសកម្មទាំងជីវិតមនុស្ស, សត្វ, ទ្រព្យសម្បត្តិជាតិ ទាំងធម្មជាតិពុំឤចគណនាបាន។ ក្រោយរបប លន់ នល់ ត្រូវបានផ្តួលរំលំនៅថ្ងៃ ១៧ មេសា ១៩៧៥, ប្រជាជនកម្ពុជាសង្ឃឹមបានរស់ក្នុងសុខសន្តិភាព ប៉ុន្តែ សេចក្តីសង្ឃឹមត្រូវរលាយបាត់បង់ដោយការប្លន់អំណាច និងអនុវត្តនូវនយោបាយគ្រប់គ្រងផ្តាច់ការប្រល័យពូជសាសន៍របស់ ប៉ុល ពត។ ក្នុងរយៈពេលតែ ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ, កម្ពុជាបានក្លាយជាគុកឥតជញ្ជាំង, ជាវាលពិឃាតដ៏សាហាវឃោរឃៅបំផុត។

ស្ថិតក្នុងកាលៈទេសៈដ៏លំបាកធ្ងន់ធ្ងរនេះ បណ្តាកម្លាំងអ្នកស្នេហាជាតិដ៏បរិសុទ្ធ ដែលសល់ពីការកាប់សម្លាប់នៃរបប ប៉ុល ពត បានក្រោកឈរតស៊ូប្រកបដោយវីរភាពប្រឆាំងនឹងរបបនេះ ហើយកងទ័ពរណ​សិរ្ស​សាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលមានការគាំទ្រពីប្រជាជនគ្រប់ទិសទី និងទទួលបានការជួយឧបត្ថម្ភទាន់ពេលវេលាពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ទទួលបានជ័យជំនះដ៏ត្រចះត្រចង់នៅថ្ងៃទី ៧ មករា ១៩៧៩ ។ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលមិនឤចបំភ្លេចបាន។ ជ័យជំនះ ៧ មករា បានសង្គ្រោះអាយុជីវិត, បានផ្តល់កំណើតទី ២ ដល់ប្រជាជនកម្ពុជា និងនាំមកជូនប្រជាជនវិញ នូវសិទ្ធិសេរីភាពគ្រប់យ៉ាង, ធ្វើឱ្យសង្គមជាតិកម្ពុជារស់ឡើងវិញ និងបានរួមវិភាគទានដ៏សំខាន់ដល់ការកសាងសុខសន្តិភាព, ស្ថិរភាព និងសន្តិសុខសណ្តាប់ធ្នាប់សង្គមក្នុងពេលក្រោយមក។

ក្រោយថ្ងៃរំដោះ ៧ មករា កម្ពុជាត្រូវប្រឈមនឹងឧបសគ្គ និងការលំបាកជាច្រើនឥតគណនា ដែលជាផលវិបាក នៃសង្គ្រាម និងទប់ការប៉ុនប៉ងវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍។ ក្នុងដំណាក់កាលនោះ រដ្ឋដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺដៃម្ខាងខិតខំស្តារសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាជនឡើងវិញ ពីបាតដៃទទេ ហើយដៃម្ខាងទៀតត្រូវប្រយុទ្ធទប់ស្កាត់មិនឱ្យរបប ប៉ុល ពត វិលត្រឡប់មកវិញ នៅក្នុងស្ថានភាពដែលប្រទេសជាតិស្ថិតក្នុងស្ថានភាពហ៊ុំព័ទ្ធសេដ្ឋកិច្ច និងនយោបាយ ពីខាងក្រៅយ៉ាងអយុត្តិធម៌ទៀតផង។ ប៉ុន្តែដោយសារសង្គ្រាមមិនមែនជា ដំណោះស្រាយដ៏ប្រសើរនាំដល់សន្តិភាព និងការអភិវឌ្ឍនោះ, នយោបាយ«ឈ្នះឈ្នះ»ត្រូវបានដាក់ចេញនៅឆ្នាំ ១៩៩៨ ធ្វើឱ្យទឹកដីកម្ពុជាបានឯកភាពទាំងស្រុង, គ្រប់កម្លាំងប្រដាប់ឤវុធ និងអតីតយុទ្ធជននៃភាគីទាំងអស់ នៅក្នុងជម្លោះបានធ្វើសមាហរណកម្មមកក្រោមដំបូលរាជរដ្ឋាភិបាលកម្ពុជាតែមួយ។ សុខសន្តិភាព, ស្ថិរភាពនយោ​បាយ បានគ្របដណ្តប់លើផ្ទៃប្រទេសទាំងមូល ក្នុងរយៈពេល ២០ ឆ្នាំមកនេះ បង្កលក្ខណៈសម្បត្តិសំខាន់បំផុត សម្រាប់បន្តការអភិវឌ្ឍលើគ្រប់វិស័យ និងបង្កើតសមិទ្ធផលច្រើនស្អេកស្កះ នៅទូទាំងប្រទេសដូចសព្វថ្ងៃនេះ និងបង្កលក្ខណៈកាន់តែអនុគ្រោះ ដល់ការគិតគូរតបស្នងចំពោះគុណបំណាច់របស់អតីតយុទ្ធជន ដែលបានធ្វើពលីកម្ម ក្នុងបុព្វហេតុជាតិ, មាតុភូមិ និងប្រជាជនយើងក្នុង ពេលកន្លងមក, កសាងនូវវប្បធម៌ចែករំលែកឈានទៅកសាងសង្គមមួយប្រកបដោយសមធម៌ និងបរិយាប័ន្ន។

ក្នុងដំណើរឆ្ពោះទៅមុខ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានកំណត់រួចហើយ​ក្នុងគោលនយោបាយគណបក្សប្រជាជនកម្ពុជាសម្រាប់កសាង និងការពារមាតុភូមិកម្ពុជា ឆ្នាំ២០១៨-២០២៣ ដោយរួមទាំងអភិវឌ្ឍ និងពង្រឹងប្រព័ន្ធគាំពារសង្គមឱ្យប្រកបដោយប្រសិទ្ធភាព និងចីរភាព ដែលជួយគាំពារប្រជាជនគ្រប់រូបពីហានិភ័យនានា ដោយមិនទុកឱ្យប្រជាជនណាម្នាក់ស្ថិតនៅក្រៅប្រព័ន្ធគាំពារសង្គមឡើយ ហើយគណបក្សប្រជាជនកម្ពុជានៅតែរក្សាជំហររួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ។

កន្លងមក រាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន ជានិវត្តជន, ជនបាត់បង់សមត្ថភាពការងារ និងជនពិការ តាមរយៈ៖

ទី ១ ការផ្តល់ប្រាក់វិភាជន៍គ្រួសារ, ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូនប្រចាំខែដូចប្រាក់វិភាជន៍គ្រួសារប្រចាំខែរបស់មន្ត្រីរាជការស៊ីវិល, កងកម្លាំងប្រដាប់ឤវុធត្រូវបានអនុវត្តចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ​២០១៧ មក។

ទី ២ ការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចំនួន ៥ ម៉ឺនរៀល។

ទី ៣ ការកែប្រែដំឡើងរបបសន្តិសុខសង្គមប្រចាំខែជូនដល់អតីតយុទ្ធជនជាបន្តបន្ទាប់ ជាក់ស្តែងប្រាក់របបសន្តិសុខសង្គមប្រចាំខែទាបបំផុត ត្រូវបានដំឡើងពី ៤២ ម៉ឺនរៀល ក្នុងឆ្នាំ ២០១៧ ដល់ ៤៨ ម៉ឺនរៀល ចាប់ពីខែមេសា ឆ្នាំ ២០១៨។

ទី ៤ ការដាក់ឱ្យដំណើរការប្រើប្រាស់សេវាកាតអេធីអ៊ឹម(ATM) តាមប្រព័ន្ធធនាគារទូទាំង ២៥ រាជធានី-ខេត្ត ចាប់ពីឆ្នាំ ២០១៧ តមក ដើម្បីបង្កើនភាពងាយស្រួលដល់ការបើកប្រាក់របបសន្តិសុខសង្គមប្រចាំខែ។

ទី ៥ ការផ្តល់សេវាថែទាំសុខភាពសម្រាប់អតីតយុទ្ធជនក្នុងការពិនិត្យ និងព្យាបាលជំងឺដោយមិនបង់ប្រាក់ នៅតាមមន្ទីរពេទ្យសាធារណៈ និងមន្ទីរពេទ្យឯកជន ដែលបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិរបបសន្តិសុខសង្គម ចាប់តាំងពីខែមករា ឆ្នាំ ២០១៨ មក។

ទី ៦ ការដាក់ចេញ និងអនុវត្តគោលនយោបាយស្តីពីការផ្តល់សម្បទានដីសង្គមកិច្ចដល់អតីតយុទ្ធជន និគ្រួសារអតីតយុទ្ធជន ដោយបានកសាងភូមិអភិវឌ្ឍយោធិនពិការ ៣១៧ នៅតាកែនកោះស្លា, ស្រុកឈូក,ខេត្តកំពត, មណ្ឌលអភិវឌ្ឍយោធិនពិការ ៣១៧ គូលែន, ខេត្តសៀមរាប និងមណ្ឌលអភិវឌ្ឍយោធិនពិការ ៣១៧ ភ្នំឆ័ត្រ, នៅខេត្តបន្ទាយមានជ័យ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ]

ដោះស្រាយបញ្ហាលំនៅដ្ឋានសម្រាប់អតីតយុទ្ធជន

ខ្ញុំសូមបញ្ជាក់ ទាក់ទងជាមួយនឹងការកសាងលំនៅដ្ឋានជូនចំពោះអតីតយុទ្ធជន សម្រាប់ពីពេលនេះទៅខាងមុខ ត្រូវតែក្លាយទៅជាគោលដៅអាទិភាព នៃសកម្មភាពរបស់សមាគមរបស់យើង។ ខ្ញុំបានយល់ព្រម បង្វែថវិកា ដែលបណ្តាខេត្តបានផ្តល់ចូលរួម ដើម្បីកសាងនូវគេហដ្ឋានសម្រាប់អតីតយុទ្ធជនរបស់យើង។ លោកឧកញ៉ា វេង ហួ បានទៅជួបជាមួយខ្ញុំ ហើយក៏បានប្រាប់ថា គាត់នឹងសាកល្បងជំហានដំបូង ជួយកសាងលំនៅដ្ឋានចំនួន ១០០ ខ្នង ដោយក្រុមហ៊ុនរបស់គាត់ជាអ្នកសាងសង់ដោយផ្ទាល់។ យើងគ្រាន់តែប្រាប់ទីតាំងពួកគាត់ចុះទៅសាក។ ដូច្នេះមានវិធីច្រើនណាស់។ ក្រុមហ៊ុនានា សប្បុរសជន ដែលអាចចូលរួមជាប្រាក់កាស ដោយអាចចូលតាមរយៈ នៃការកសាងដោយផ្ទាល់ដោយក្រុមហ៊ុនរបស់ខ្លួន ដោយសារតែប្រទេសរបស់យើងក៏មានក្រុមហ៊ុន ក៏មានក្រុមសំណង់។

ថ្ងៃនេះ ក្នុងនាមជាប្រធានអតីតយុទ្ធជន ប្រធានសមាគម ហើយក៏ក្នុងនាមរាជរដ្ឋាភិបាលផងដែរ កន្លងទៅក៏បានមានការចូលរួមមួយចំនួន ដើម្បីកសាងនូវបន្ទាយសម្រាប់កងពល ១២៨ ។ ខ្ញុំសុំដកយកថវិកានោះចំនួន ១​ លានដុល្លារសហរដ្ឋអាមេរិក ជូនសមាគមនៅថ្ងៃនេះ ដើម្បីកសាងផ្ទះសំបែង ចាត់ទុកថា នេះគឺជាការចាប់ផ្តើមនៃយុទ្ធនាការ បន្តដោះស្រាយបញ្ហាលំបាករបស់យុទ្ធជន។ ដូច្នេះ ១ លានដុល្លារ វាស្មើនឹង ៤ ពាន់លានរៀល ហើយថែមនឹងជាង ២ ពាន់លានរៀលទៀត។ ដូច្នេះសមាគមមានប្រាក់នៅក្នុងដៃចំនួនជាង ៦ ពាន់លានរៀល ដើម្បីយកទៅធ្វើសកម្មភាពភ្លាម ហើយបើសិនជាកសាងតាមរបៀបនេះ គឺអស់ទឹកប្រាក់តាមចំនួននោះ វាបានប្រាក់មួយចំនួនផ្សេងទៀត។ សង្ឃឹមថា នៅបណ្តាខេត្ត ដូចជានៅតាមរាជធានី គេមានលទ្ធភាពកសាងក្នុងតំបន់រាជធានី បណ្តាខេត្តនានាត្រូវគិតគូរពីបញ្ហានេះ។ ដូចជាឯកឧត្តម កែ គឹមយ៉ាន ក៏បានបំផុសចលនានៅទីនោះស្រាប់។ ដូច្នេះ ប្រសិនបើខេត្តនានាដែលមានទាំងថ្នាក់ខេត្ត និងថ្នាក់កណ្តាលចុះទៅជួយខេត្ត ផ្តល់ការយកចិត្តទុកដាក់ជួយទៅលើបញ្ហានេះ។

ខ្ញុំគិតថា យើងនឹងរួមគ្នាដោះស្រាយបានបញ្ហាដ៏ធំមួយនេះ ហើយការកសាងវាច្បាស់ណាស់ ត្រូវធ្វើឲ្យបានឆាប់ ព្រោះឯកឧត្តម គន់ គីម បានលើកឡើងអម្បាញ់មិញវាជារឿងធម្មតាណាស់។ នេះគឺជារឿងធម្មជាតិ កើត​ ចាស់ ឈឺ ស្លាប់។ គឺវាជារឿងធម្មតា។ ឥឡូវយើងកាន់តែចាស់ហើយ មិនថាអតីតយុទ្ធជនទេ សូម្បីតែយើង ដែលមិនមែនជាជនពិការ គង់តែងាប់ដូចតែគ្នាហ្នឹង … ដល់ចាស់ហើយស្លាប់ទៅ ថ្ងៃក្រោយយើងស្លាប់​ម្តង។ ប៉ុន្តែមានអ្នកបន្តវេននៅពេលក្រោយ …។

[បញ្ចប់សេចក្តីអធិប្បាយ]

បច្ចុប្បន្ននេះ អតីតយុទ្ធជនសរុបចំនួន ៨៦ ៩០៥នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១២៩ ៧១៦ នាក់កំពុងទទួលប្រាក់របបគោលនយោបាយពីរដ្ឋ ដែលប្រាក់របបនេះ ត្រូវបានកែសម្រួលជាបន្តបន្ទាប់ស្របតាមកំណើនសេដ្ឋកិច្ចជាតិ និងការដំឡើងប្រាក់បៀវត្សមន្ត្រីរាជការ និងកងកម្លាំងប្រដាប់ឤវុធ។

ចំពោះមុខនេះ រាជរដ្ឋាភិបាលទទួលស្គាល់ថា ក្រុមគ្រួសាររបស់អតីតយុទ្ធជនដែលជាជនពលី និងមរណៈ ទទួលរងការលំបាក និងបញ្ហាប្រឈមហិរញ្ញវត្ថុ ដោយសារពួកគាត់បាត់បង់ចំណូល ដែលជាប្រាក់ឧបត្ថម្ភយោធិនទាំងស្រុង នៅពេលអតីតយុទ្ធជន ដែលជាជនបង្គោលទទួលមរណភាព។ ដូច្នេះ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់គ្រួសារអតីតយុទ្ធជន ដែលបានពលី និងមរណៈ ដើម្បីបុព្វហេតុជាតិ ខ្ញុំបានណែនាំឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យលទ្ធភាព ដោះស្រាយបញ្ហាលំបាកនេះ ហើយជាលទ្ធផល ខ្ញុំសម្រេចផ្តល់ជូនអត្ថប្រយោជន៍បន្ថែមចំនួន ២ ប្រភេទ គឺ៖

១. ក្នុងការបង់វិភាគទាន  ០០០ រៀលក្នុង ១ ខែ ដែលគ្រួសារអតីតយុទ្ធជនពលី និងមរណៈ ចំនួន ២៣ ៣២២ នាក់ កំពុងបង់ជាប្រចាំដល់សមាគមអតីតយុទ្ធជន, រាជរដ្ឋាភិបាលនឹងចូលរួមជួយបង់ ៥០% ដែលស្មើនឹង ៣ ៥០០ រៀល។ ការបង់វិភាគទាននេះ គឺដើម្បីទទួលបានអត្ថប្រយោជន៍នានាពីសមាគមដែលរួមមានការទទួលបានថវិកាចំនួន ៤ លានរៀល សម្រាប់រៀបចំបុណ្យសព និងសេវាគាំទ្រ។ ជារួម រាជរដ្ឋាភិបាលនឹងចំណាយថវិកាចំនួនប្រមាណ ៩៨០ លានរៀល ក្នុង ១ ឆ្នាំបន្ថែមទៀត ដើម្បីជួយសម្រាលបន្ទុកជីវភាពរស់នៅរបស់គ្រួសារជនពលី និងមរណៈនេះ។

២. រាជរដ្ឋាភិបាលសម្រេចចំណាយថវិកាប្រមាណ ១ ៦០០ លានរៀល ក្នុង ១ ឆ្នាំបន្ថែមទៀត ដើម្បីផ្តល់សេវាថែទាំសុខភាពដោយឥតគិតថ្លៃ ជូនគ្រួសារជនពលី និងមរណៈទាំងអស់, ទាំងក្រុមគ្រួសារដែលជាសមាជិក និងមិនមែនសមាជិករបស់សមាគមអតីតយុទ្ធជន ដែលមានចំននួនសរុបប្រមាណ ៥៦ ៧០០ នាក់ តាមរយៈមូលនិធិសមធម៌។

ពាក់ព័ន្ធនឹងកិច្ចការនេះ ខ្ញុំសូមឱ្យបេឡាជាតិរបបសន្តិសុខសង្គម (បសស) ចុះបញ្ជី និងផ្តល់ប័ណ្ណជូនក្រុមគ្រួសារអតីតយុទ្ធជនទាំងនោះ ដូចដែលបានអនុវត្តកន្លងទៅសម្រាប់កម្មករក្រៅប្រព័ន្ធ និងក្រុមពលរដ្ឋផ្សេង​ៗទៀត និងសូមឱ្យក្រសួងសុខាភិបាលចូលរួមជំរុញការអនុវត្តការងារនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានខិតខំបង្កើនចំណូលថវិកា ដើម្បីឱ្យរាជរដ្ឋាភិបាលកាន់តែមានលទ្ធភាពច្រើនឡើងៗ ក្នុងការជំរុញការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម។

ចំពោះមុខនេះ រាជរដ្ឋាភិបាលក៏បានគិតគូរផ្តល់ប្រាក់ឧបត្ថម្ភជាជំហានៗ សម្រាប់គ្រួសារក្រីក្រនៅពេលសម្រាលកូនដោយពួកគេនឹងទទួលបានការឧបត្ថម្ភជា ៣ ដំណាក់កាល។ ដំណាក់កាលទី ១, នឹងឧបត្ថម្ភ ៤ ម៉ឺនរៀល ក្នុងម្តង, សរុប ៤ ដង ក្នុងអំឡុងពេលមានផ្ទៃពោះ។ ដំណាក់កាលទី ២, នឹងឧបត្ថម្ភ ២០ ម៉ឺនរៀល តែម្តងគត់ក្នុងពេលសម្រាលកូន។ ដំណាក់កាលទី , នឹងឧបត្ថម្ភ ៤ ម៉ឺនរៀល ក្នុងម្តង, សរុប ១០ ដង ក្រោយពេលសម្រាល, រហូតដល់កុមារមានឤយុ ២ ឆ្នាំ។ ការឧបត្ថម្ភនេះ នឹងអនុវត្តចាប់ពីពាក់កណ្តាលឆ្នាំ ២០១៩ ខាងមុខនេះតទៅ។

(កម្មវិធីនេះ នៅឆ្នាំដំបូង នឹងត្រូវចំណាយថវិកាប្រមាណ ,៩៥ លានដុល្លារ, ហើយនឹងកើនដល់ ,៧៥ លាន ដុល្លារ នៅឆ្នាំទី ២, និងបន្តកើនឡើងរហូតដល់ ១០,៤៥ ដុល្លារឤមេរិក នៅឆ្នាំទី ៣)

[ចាប់ផ្តើមសេចក្តីអធិប្បាយ]

គោលនយោបាយ ផ្តល់សាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ

ខ្ញុំសូមយកឱកាសនេះ ដើម្បីប្រកាសចេញនូវគោលនយោបាយថ្មី ទាក់ទងជាមួយនឹងកម្មវិធីផ្តល់សាច់ប្រាក់ ដែលកន្លងទៅខ្ញុំបានលើកឡើងជារឿយៗ សម្រាប់ការដោះស្រាយបញ្ហានេះ។ យើងបានដោះស្រាយរួចមក ហើយចំពោះស្រ្តីមានផ្ទៃពោះនៅក្នុងកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាក្នុងរដ្ឋបាលស៊ីវិល ដែលរបបឧបត្ថម្ភទាំងនោះចំពោះសម្រាប់ស្រ្តីដែលមានផ្ទៃពោះ ហើយឆ្លងទន្លេត្រូវបានទទួលនូវប្រាក់ឧបត្ថម្ភនៅក្នុងមន្រ្តីរាជការ ក៏ដូចជាកម្លាំងប្រដាប់អាវុធចំនួន ៨០ ម៉ឺនរៀល នៅពេលដែលឆ្លងទន្លេរួច។ ចំពោះកម្មការិនី ដែលឆ្លងទន្លេក៏បានទទួលប្រាក់ឧបត្ថម្ភរួចស្រេចទៅហើយ ដែលបានអនុវត្តមកដល់ពេលនេះ ជាង ២ ម៉ឺននាក់ សម្រាប់អ្នកដែលបានឆ្លងទន្លេជាមួយនឹងប្រាក់ ៤០ ម៉ឺនរៀល ក្នុងពេលដែលបានកូនមួយ។ ប៉ុន្តែសម្រាប់ការអនុវត្តសម្រាប់ប្រជាជនទូទៅ ទាមទារឲ្យមានការយោគយល់នៅក្នុងសង្គមរបស់យើងឲ្យបានច្បាស់។

សំណើជំរើស ៣ សំរាប់ការអនុវត្តចំពោះអ្នកក្រីក្រមានប័ណ្ណសមធម៌

ជម្រើស ៣ ដែលត្រូវជ្រើសរើស។ ខ្ញុំបានជ្រើសរើសជម្រើស ៣ តាមសំណើ ដែលសិក្សាដោយក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ក្នុងក្របខណ្ឌនៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច។ ដើមឡើយខ្ញុំចង់គ្របដណ្តប់លើមនុស្សទាំងអស់។ ប៉ុន្តែ បើធ្វើយ៉ាងដូច្នេះ វានឹងកើត សូម្បីតែកូនរបស់នាយករដ្ឋមន្រ្តី ឬចៅនាយករដ្ឋមន្រ្តី​ឆ្លងទន្លេ ក៏ត្រូវទទួលនូវប្រាក់ដូចគ្នាដែរ។ បើដូច្នោះ យើងគួរតែបែរមុខព្រួញឆ្ពោះទៅរកវិធីសាស្រ្តមួយដែលផ្តល់ឲ្យការគាំពារសម្រាប់អ្នកក្រីក្រ(ដែលមានប័ណ្ណសមធម៌នោះ)។

ជំរើសទី ១៖ ឧបត្ថម្ភទាំងអស់តែម្តង សំរាប់អ្នកត្រូវទទួលម្នាក់ៗ

ឥឡូវខ្ញុំសុំបង្ហាញអំពីវិធីសាស្រ្ត។ ជម្រើសទី ១ គឺឧបត្ថម្ភទៅតែម្តងសម្រាប់ក្នុងមនុស្សម្នាក់ ដែលក្រៅពីមន្រ្តីរាជការដែលជាស្រ្តីកម្មការិនីនៅតាមបណ្តារោងចក្រ គឺនៅសេសសល់ប្រជាជន ដែលនឹងត្រូវកើតឆ្លងទន្លេប្រមាណ ៣០ ម៉ឺននាក់។ ប្រសិនជាយើងដោះស្រាយត្រឹម ២០ ម៉ឺនរៀលក្នុងម្នាក់ គឺយើងត្រូវចំណាយប្រមាណ ១៥ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ហើយនឹងមានការកើនជាបន្តទៀតនៅពេលដែលប្រជាជនមានការកើនឡើង។ ជម្រើសបែបនេះ គ្រាន់តែបើកប្រាក់នៅពេលឆ្លងទន្លេហើយ ដោយយើងមិនបានតាមមើលដិតដល់នៅក្នុងការថែទាំស្ត្រី ដែលឆ្លងទន្លេនោះទេ។

ជំរើស ២៖ ផ្តល់ការយកចិត្តទុកដាក់បឋមជូនស្រ្តីមានផ្ទៃពោះនៃគ្រួសារក្រីក្រ

ជម្រើសទី ២ គឺទៅតាមការគ្រោងទុក នៃក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦២០២៥  បានកំណត់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជាជំហានៗ ដើម្បីផ្គត់ផ្គង់អាហារូបត្ថម្ភក្នុងពេល ១ ពាន់ថ្ងៃដំបូង នៃជីវិតកុមារ។ កម្មវិធីនេះផ្តល់ការយកចិត្តទុកដាក់បឋមជូនស្រ្តីមានផ្ទៃពោះ នៃគ្រួសារក្រីក្រ ដែលត្រូវបានប៉ាន់ស្មានថា មានចំនួន ៥ ម៉ឺន ៥ ពាន់នាក់ ក្នុងមួយឆ្នាំ ដោយផ្តល់ការឧបត្ថម្ភជាជំហានៗ ដែលមានចែកចេញជា ២ ដំណាក់កាល គឺដំណាក់កាលទី ១ គឺការឧបត្ថម្ភ ៤ ម៉ឺនរៀលក្នុងមួយដង សរុប ៤ ដងក្នុងអំឡុងពេលមានផ្ទៃពោះ។ ដំណាក់កាលទី ២ ផ្តល់ឧបត្ថម្ភចំនួន ៤ ម៉ឺនរៀល ក្នុងមួយដង សរុប ១០ ដងក្រោយពេលសម្រាលកូន រហូតដល់កុមារអាយុ ២ ឆ្នាំ។ កម្មវិធីនេះ ត្រូវការថវិកាប្រមាណ ២ លាន ២ សែន ដុល្លារអាមេរិកនៅឆ្នាំដំបូង ហើយនឹងកើន ៤ លាន ៩ សែនអាមេរិកនៅឆ្នាំទី ២ ហើយនឹងបន្តកើនឡើងទៀតរហូតដល់ ៧ លាន ៧ សែនដុល្លារអាមេរិកនៅឆ្នាំទី ៣។ ជម្រើសទី ២ នេះ យើងមិនបានផ្តល់(ការឧបត្ថម្ភ)នៅពេលដែលឆ្លងទន្លេទេ។

ជំរើស ៣៖ ការឧបត្ថម្ភជា ៣ ដំណាក់កាល

ដូច្នេះជម្រើសទី ៣ ដែលប្រកាសអម្បាញ់មិញ គឺយើងគួបផ្សំ ជម្រើសទី ១ និងជម្រើសផ្សេងៗ។ ជម្រើសនេះគឺឧបត្ថម្ភ ៣ ដំណាក់កាល។ ដំណាក់កាលទី ១ គឺដំណាក់កាលដែលស្រ្តីមានផ្ទៃពោះ។ (គាត់នឹង)ត្រូវឧបត្ថម្ភ ៤ ដង ក្នុងមួយដងគឺចំនួន ៤ ម៉ឺនរៀល ដើម្បីឲ្យស្រ្តីមានឱកាសផ្តល់អាហារូបត្ថម្ភ និងការពិនិត្យ កាត់បន្ថយហានិភ័យនានា។ ពេលដែលចាប់ផ្តើមមានផ្ទៃពោះ គឺរដ្ឋចាប់ផ្តើមយកចិត្តទុកដាក់ទៅលើអ្នកមានផ្ទៃពោះនេះតែម្តង។ បានសេចក្តីថា រយៈពេលពពោះ ៩ ខែ ១០ ថ្ងៃនេះ ក៏បានទទួលជំនួយឧបត្ថម្ភចំនួន ៤ ដង ក្នុងមួយដងចំនួន ៤ ម៉ឺនរៀល។ ដំណាក់កាលទី ២ គឺដំណាក់កាលសម្រាលកូន រដ្ឋនឹងផ្តល់​​ការឧបត្ថម្ភចំនួន ២០ ម៉ឺនរៀល (ជួយ)កាត់បន្ថយការលំបាករបស់ស្រ្តី ដែលជាអ្នកក្រីក្រ។ ឯដំណាក់កាលទី ៣ ក្រោយឆ្លងទន្លេហើយ នឹងទទួលបាននូវការឧបត្ថម្ភចំនួន ១០ ដង ថែមទៀត ក្នុងនោះមួយដងគឺចំនួន ៤ ម៉ឺនរៀល … រហូតទៅដល់កុមារអាយុ ២ ឆ្នាំ។

ពរពោះ ១៦ ម៉ឺន សំរាល ២០ ម៉ឺន ចិញ្ចឹមកូនរហូតអាយុ ២ ឆ្នាំ បាន ៤០ ម៉ឺន ឬសរុប ៧៦ ម៉ឺនរៀល

អញ្ចឹងទេ ក្នុងចំនួន ១០ ដង​នេះ ក្នុងមួយដងគឺមានចំនួន ៤ ម៉ឺនរៀល ដូច្នេះ វាស្មើនឹង ៤០ ម៉ឺនរៀល សរុបក្នុងស្រ្តីម្នាក់ដែលឆ្លងទន្លេ គឺក្រោយឆ្លងទន្លេបានទទួល ៤០ ម៉ឺនរៀល ក្នុងពេលឆ្លងទន្លេបានទទួល ២០ ម៉ឺនរៀល និងមុនឆ្លងទន្លេ ១៦ ម៉ឺនរៀល។ ដូច្នេះ ៦០ ម៉ឺន ៧៦ ម៉ឺន។ អញ្ចឹងទេ នេះជាកម្មវិធីដែលយើងយកចិត្តទុកដាក់ទៅលើស្រ្តី និងកុមារ ដែលមិនគ្រាន់តែយើងសម្រាប់កម្មការិនី បានដោះស្រាយហើយ សម្រាប់ស្រ្តីនៅក្នុងបម្រើការជាមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធបានដោះស្រាយហើយ។ នៅទីនេះ យើងដោះស្រាយតែអ្នកដែលមានប័ណ្ណក្នុងភាពក្រីក្រប៉ុណ្ណោះ មិនអាចគ្របដណ្តប់មនុស្សទាំង ១៦ លាន​នាក់ នោះទេ។ សុំមេត្តាយោគយល់ចំពោះការលំបាករបស់រាជរដ្ឋាភិបាល ហើយការលំបាកសម្រាប់អ្នកក្រីក្រ បើមិនដូច្នោះទេ យើងចេញប្រាក់ទៅសម្រាប់តែម្តងដូចជាជម្រើសទី ១ ម្តងរួចទៅ អ្នកក្រក៏បានអ្នកមានក៏បាន បន្តទៅ អ្នកក្រនោះនឹងទទួលជួបហានិភ័យបែបណា យើងក៏មិនបានដឹង។ ដូច្នេះ ចាប់ផ្តើមតាំងពីការចាប់ផ្ទៃ ស្រ្តីដែលមានផ្ទៃពោះ នៅក្នុងត្រកូលអ្នកក្រីក្រ ដែលមានប័ណ្ណសមធម៌នោះ គឺនឹងត្រូវទទួលបាននូវប្រាក់ឧបត្ថម្ភភ្លាមរយៈពេល ៤ ដង មុនពេលឆ្លងទន្លេ ដល់ពេលឆ្លងពេលនឹងទទួលបានចំនួន ២០ ម៉ឺនរៀល ពេលឆ្លងទន្លេ។ បន្ទាប់ពីការឆ្លងទន្លេហើយ គឺរហូតទៅដល់កូនមានអាយុ ២ ឆ្នាំ ត្រូវទទួលបាន ១០ ដង ក្នុងមួយដង ៤ ម៉ឺនរៀល ថែមទៀត។

ត្រូវអនុវត្ត នាពាក់កណ្តាលឆ្នាំ ២០១៩ (នៅពេល ១ ឆ្នាំទៀត)

នេះជាការយកចិត្តទុកដាក់ (ដែលមានការគិតគូរ) តាំងពីការចាប់ផ្តើម នៃការដាក់ឲ្យអនុវត្តនូវនយោបាយគាំពារសង្គមរបស់យើង។ ខ្ញុំបានស្នើឲ្យយកចិត្តទុកដាក់លើបញ្ហានេះ។ ដោយនេះជារឿងថ្មីថ្មោងសម្រាប់យើង ហើយវាមិនមែនជាយន្តការបោកប្រាស់ ឬប្រើតែមួយដង ដូច្នេះបានជាការព្យាករទុក យើងនឹងត្រូវអនុវត្តនៅក្នុងពាក់កណ្តាលឆ្នាំ ២០១៩ នៅសល់ ១ ឆ្នាំទៀត … ព្រោះត្រូវរៀបចំយន្តការតាមដាន។ យន្តការសព្វថ្ងៃ នៅក្នុងការបើកផ្តល់ចំពោះកម្មការិនីឆ្លងទន្លេ វាជាការងាយស្រួលទេ។ ប៉ុន្តែ នេះជាយន្តការមួយដែលត្រូវតាមដានតាំងពីពេលចាប់ផ្តើមមានផ្ទៃពោះ រហូតទៅដល់ពេលឆ្លងទន្លេ ហើយរហូតដល់ស្រ្តីឆ្លង​ទន្លេហើយ … យន្តការបែបណានោះ នឹងត្រូវពិភាក្សាដោយស្ថាប័នពាក់ព័ន្ធ។ ការឆ្លងទន្លេផ្តល់តាមមន្ទីរពេទ្យគឺជាការងាយស្រួល ក៏ប៉ុន្តែមុនពេលដែលគេមកឆ្លងទន្លេនោះ ត្រូវឧបត្ថម្ភដោយយន្តការរបៀបណា បន្ទាប់ទៅបន្ទាប់ពីឆ្លងទន្លេហើយផ្តល់ការឧបត្ថម្ភបន្តទៀត ប្រើយន្តការបែបណា …។

សមិទ្ធផលថ្មីនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជន

រួមមក យើងបានយកចិត្តទុកដាក់ទៅលើបញ្ហាអាហារូបត្ថម្ភ កាត់បន្ថយអត្រាស្លាប់របស់មាតា និងទារក ដែលជាគោលដៅនៃនយោបាយថ្មីលើវិស័យសង្គមរបស់យើង។ សង្ឃឹមថាការប្រកាសថ្ងៃនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជន។ ខ្ញុំមិនដឹងទេថា តើមានអ្នកដេញថ្លៃជាមួយនឹងខ្ញុំឬទេ?  ពេលដែលខ្ញុំប្រកាសចេញនូវគោលនយោបាយ ផ្តល់សាច់ប្រាក់ជូនកម្មករ/ការិនី ផ្តល់សាច់ប្រាក់ជូនចំពោះស្រ្តីមានផ្ទៃពោះ ដែលនៅតាមកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការស៊ីវិល ឥឡូវដល់ពេលវេលា ដែលខ្ញុំប្រកាសចេញនូវការផ្តល់ជូនចំពោះប្រជាពលរដ្ឋតែម្តង … ពិតណាស់គេហ៊ានដេញថ្លៃ លើសពីខ្ញុំច្រើនដង។ ប៉ុន្តែសមត្ថភាពអនុវត្តរបស់គេមានកម្រិតណាខ្ញុំមិនដឹងទេ តែគេមានសិទ្ធិនឹងដេញថ្លៃបែបនោះ។ ប៉ុន្តែរឿងយើងដេញថ្លៃ ឫមិនដេញថ្លៃមិនមែនជាកង្វល់របស់យើងនោះទេ។

បន្ទុកចំណាយអាចថយចុះមកវិញ ពេលដែលអត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយ

អ្វីដែលជាកង្វល់របស់យើងគឺមានថវិកាឬអត់? ឆ្លងកាត់ការពិភាក្សាចុះឡើងៗ ហើយដាក់ចេញនូវជម្រើសទាំង ៣ នេះមកឲ្យខ្ញុំ … ខ្ញុំយល់ថាជម្រើសទី ៣ ជាជម្រើសជួយទៅដល់អ្នកក្រ បាញ់ឆ្ពោះតម្រង់អ្នកក្រ។ ចំណាយរបស់យើងអាចឈានទៅដល់ ជាង ១០ លានដុល្លារ។ ប៉ុន្តែចំណាយនេះ នឹងអាចថយចុះមកវិញនៅពេលដែលអត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយ។ បើសិនជាប្រជាជនក្រីក្ររបស់យើងកាន់​តែថយ អ្នកទទួលថវិកាបែបនេះ ក៏នឹងថយចុះដែរ។ ដូច្នេះបន្ទុកចំនាយរបស់យើងមិនធំហួសហេតុនោះ​ទេ ដែលថវិកាជាតិរបស់យើងមានលទ្ធភាពអាចទ្រទ្រង់បាន។

[បញ្ចប់សេចក្តីអធិប្បាយ]

ទន្ទឹមនេះ ខ្ញុំសូមយកឱកាសនេះ សំដែងនូវការកោតសរសើរចំពោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានដឹកនាំបេឡាជាតិអតីតយុទ្ធជន និងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ, អនុវត្តនូវប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ, កែសម្រួលបង្កើនប្រាក់របបសន្តិសុខសង្គមជាបន្តបន្ទាប់, គ្រប់គ្រងទិន្នន័យតាមប្រព័ន្ធព័ត៌មានវិទ្យាទូទាំងប្រទេស និងការបើកផ្តល់ប្រាក់របបសន្តិសុខសង្គមប្រចាំខែ តាមប្រព័ន្ធធនាគារនៅទូទាំង ២៥ រាជធានី-ខេត្ត។

ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះ សមាគមអតីតយុទ្ធជនកម្ពុជា ក្រោយការបង្កើតរយៈពេល ១១ ឆ្នាំ តែងបានខិតខំបំពេញការងារសម្រេចលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ រួមចំណែកដល់ការពង្រឹងពង្រីកតួនាទីអតីតយុទ្ធជន, ការកែលម្អជីវភាព, ការពង្រឹងធ្លុងសាមគ្គីភាព, ការបង្កើនស្មារតីជួយគ្នាទៅវិញទៅមកក្នុងឋានៈជាសមាជិក សមាគមអតីតយុទ្ធជនកម្ពុជា ពិសេសពេលជួបគ្រោះថ្នាក់, ជួបទុក្ខលំបាក ឬទទួលមរណភាពជាដើម។ ខ្ញុំសូមកោតសរសើរចំពោះក្រសួង ស្ថាប័នញក់ព័ន្ធ, ឤជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានរួមសហការជិតស្និទ្ធជាមួយសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងការបង្កគ្រប់លទ្ធភាពជួយដល់អតីតយុទ្ធជន និងគ្រួសារ ឱ្យទទួលបានការលើកកម្ពស់ជីវភាព, សុខុមាលភាពកាន់តែប្រសើរឡើងជាលំដាប់ និងអរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះក្រុមការងារថ្នាក់ជាតិចុះជួយរាជធានី-ខេត្ត, សប្បុរសជន,ចំពោះដៃគូអភិវឌ្ឍ, អង្គការមិនមែនរដ្ឋាភិបាល ដែលបានបរិច្ចាគជាថវិកា និងសម្ភារៈជូនដល់អតីតយុទ្ធជនយើង ធ្វើឱ្យអតីតយុទ្ធជនកាន់តែមានភាពកក់ក្តៅ, ជឿជាក់ និងគាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាល។

ក្នុងបរិយាកាសដ៏រីករាយនេះ ទូលព្រះបង្គំខ្ញុំសូមសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយចំពោះព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ ចំពោះប្រជារាស្ត្ររបស់ព្រះអង្គ ជាពិសេសតែងផ្តល់ការឧបត្ថម្ភគាំទ្រចំពោះអតីតយុទ្ធជន, គ្រួសារជនពលីមរណៈ, ជនពិការ ប្រកបដោយព្រះទ័យព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់បំផុត។

កត្តាទាំងអស់នេះ បង្ហាញពីស្មារតីលើកកម្ពស់តួនាទីអតីតយុទ្ធជននៅក្នុងសង្គម និងលើកទឹកចិត្តឱ្យបងប្អូនអតីតយុទ្ធជនប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ។ ទន្ទឹមនេះ បងប្អូនអតីតយុទ្ធជនកម្ពុជាគ្រប់រូប ត្រូវចេះរួបរួមសាមគ្គី, ចេះគោរពស្រឡាញ់រាប់ឤនគ្នា, ជួយគ្នាទៅវិញទៅមកដូចបងប្អូន ក្នុងមហាគ្រួសារតែមួយ។ យើងត្រូវជឿជាក់លើការខិតខំរបស់យើង ញ្រេះកត្តាជឿទុកចិត្តគ្នា, សាមគ្គីផ្ទៃក្នុងរបស់ជាតិ, ការបំពេញគ្នាទៅវិញទៅមក គឺជាកត្តាកំណត់លើភាពជោគជ័យរបស់ជាតិ ពុំមែនបរទេសជាអ្នកកំណត់ឱ្យយើងនោះទេ។  ជាងនេះទៀត យើងត្រូវធ្វើឱ្យស្មារតីទិវានេះ នឹងនៅជាអមតៈដោយរួមគ្នាធានាការពារឱ្យបានសុខសន្តិភាព, ស្ថិរភាពនយោបាយមួយរឹងមាំ,  រក្សាបានគង់វង្សនូវស្មារតីសាមគ្គីជាតិ និងឯកភាពជាតិ ទោះត្រូវបង់ក្នុងតម្លៃណាក៏ដោយ។

នៅទីបញ្ចប់ជាមួយនឹង ការអបអរសាទរខួបលើកទី ១១ ទិវាអតីតយុទ្ធជនកម្ពុជា នាពេលនេះ ខ្ញុំសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីបងប្អូនអតីតយុទ្ធជនទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ]

ថ្ងៃនេះ មានអតីយុទ្ធជនរបស់យើងមកចូលរួមនៅក្នុងទីនេះ ចំនួន ២៥០០ នាក់ ដែលមកពីមូលដ្ឋានខ្ញុំសូមជូនជាកាដូសម្រាប់ម្នាក់ៗ ២០ ម៉ឺនរៀលសម្រាប់កងទ័ព កងត្រែទ័ព ២ លានរៀល និងគណៈកម្មាធិការរៀបចំនួន ១០ លានរៀល៕ សូមអរគុណ៕

[បញ្ចប់សេចក្តីអធិប្បាយ]        

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ