អរគុណណាស់ អរគុណដែលអម្បាញ់មិញ ក្មួយៗបានអោបពូ ហើយជាលើកដំបូងហើយដែលពូធ្លាក់ខ្សែក្រវាត់ចុះក្រោមមិនដឹង។ ថ្ងៃក្រោយ ប្រហែលជាដើម្បីសម្រកក្បាលពោះ កុំអោយដុះក្បាលពោះ គឺអោយក្មួយៗអោប … ប្រហែលជាថាមពលនៅខេត្តកំពង់ស្ពឺហ្នឹងខ្លាំងណាស់។ មួយទៀត ក្មួយម្នាក់ហ្នឹងបានថើបពូ ដល់ថើបរួចហើយ ចង់គាំងបេះដូង។ អញ្ចឹងពូមានម៉ាស៊ីនឆក់? (សើច)
ការជួបជុំកម្មករ មិនមែនជាយុទ្ធនាការឃោសនាបោះឆ្នោត
ដំបូង ខ្ញុំសូមសំដែងនូវការស្វាគមន៍ជាមួយនឹងវត្តមានរបស់សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសក្មួយៗកម្មករ កម្មការិនី ទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងការជួបជុំគ្នានៅថ្ងៃនេះ។ ពូពិតជាមានការរំភើបរីករាយ ដែលបានមកជួបក្មួយៗនៅទីនេះ តាមអ្វីដែលពូបានលើកឡើង។ ចាប់ផ្ដើមពីពាក់កណ្ដាលខែវស្សាឆ្នាំទៅ គឺនៅខែសីហា ឥឡូវចូលមកដល់ដើមខែវស្សាឆ្នាំក្រោយមកទៀត ពីឆ្នាំរកា មកដល់ឆ្នាំច ហើយបើគិតជាខែខាងគ្រិស្ដសករាជ ពីខែសីហា រហូតមកដល់ខែឧសភានេះ ពូនៅតែបន្តនូវការងាររបស់ខ្លួន ទាក់ទងនឹងដំណើរដើម្បីជួបជុំជាមួយនឹងកម្មករ កម្មការិនី ដើម្បីជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម ២០១៥-២០២៥។
ពិតហើយ ដោយសារតែពូមានការងារផ្សេងៗទៀតដែលត្រូវធ្វើ ដូច្នេះសម្រាប់ខេត្តកំពង់ស្ពឺ ក៏មិនមែនថាជាការជួបលើកដំបូងនោះទេ ដោយសារយើងបានមកជួបនៅស្រុកសំរោងទង(ម្តងហើយ)។ ឥឡូវ វត្តមាននៅថ្ងៃនេះ ក៏មានអ្នកស្រុកសំរោងទង និងអ្នកច្បារមន ចូលរួមផងដែរ។ ពិតមែនតែកន្លែងការងារ ដែលយើងបានធ្វើច្រើននៅទីក្រុងភ្នំពេញ ក៏ប៉ុន្តែនៅតាមបណ្ដាខេត្ត ដូចជាខេត្តព្រះសីហនុ ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល ហើយនិងបន្តបន្ទាប់ នឹងទៅជួបកម្មកររបស់យើងនៅឯខេត្តកំពង់ឆ្នាំង និងខេត្តតាកែវផងដែរ បើយោងទៅលើកម្មវិធីគ្រោងទុកមុនការបោះឆ្នោតនេះ។ នេះមិនមែនជាដំណើរយុទ្ធនាការនៃការឃោសនាបោះឆ្នោតមួយនោះទេ ក៏ប៉ុន្តែនេះ វាបានផ្ដើមចេញពីស្ថានភាពមួយ ដែលពូត្រូវធ្វើដំណើរដើម្បីពិនិត្យស្ថានភាពជាក់ស្ដែង នៃការវិវឌ្ឍ និងបញ្ហាងាយស្រួល និងការលំបាក សម្រាប់កម្មករ កម្មការិនីរបស់យើង និងសម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្មរបស់យើង។
កោតសរសើរចំពោះស្ថាប័នពាក់ព័ន្ធ និងអរគុណដល់ម្ចាស់រោងចក្រទាំងអស់
ខ្ញុំសុំយកឱកាសនេះសំដែងជូននូវការកោតសរសើរ ចំពោះការខិតខំរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាអាជ្ញាធរខេត្តកំពង់ស្ពឺ ដែលបានខិតខំប្រឹងប្រែងរៀបចំនូវកិច្ចការងារនេះឡើង ហើយក៏សុំយកឱកាសនេះ អរគុណចំពោះម្ចាស់រោងចក្រទាំងអស់ ដែលបានអនុញ្ញាតអោយកម្មករ កម្មការិនីរបស់យើងមកជួបជុំជាមួយខ្ញុំនៅថ្ងៃនេះ អនុញ្ញាតអោយក្មួយៗបានឈប់សម្រាកនៅពេលរសៀលនេះ ឬពេញមួយថ្ងៃ។ អាចនិយាយបានថា នៅព្រឹកនេះ យើងជួបជុំគ្នា ហើយល្ងាចនេះ ក្មួយៗនឹងទទួលបានការឈប់សម្រាកមួយល្ងាចថែមទៀត ដោយមានប្រាក់បៀវត្សរ៍។ សូមអបអរសាទរជាមួយនឹងទឹកចិត្តសប្បុរស។
កំពង់ស្ពឺជំនន់ផង ខ្វះទឹកផង
ពិតហើយ ក្មួយៗអាចចោទជាសំណួរថា ហេតុអ្វីបានជាពូទើបនឹងមក ឬក៏ថា ទើបនឹងចាប់ផ្ដើមជាមួយនឹងចលនាកម្មករ? តែបញ្ហាខេត្តកំពង់ស្ពឺរបស់យើងនេះ មិនមែនជាបញ្ហាថ្មីថ្មោងសម្រាប់ពូទេ។ បើនិយាយអោយវែងឆ្ងាយជាងនេះ ខេត្តកំពង់ស្ពឺរបស់យើង ពិតមែនតែជាខេត្តមានប្រភពទឹក ក៏ប៉ុន្តែគឺជាខេត្តខ្វះទឹកទៅវិញ។ ម្យ៉ាងទៀត ក៏ជាខេត្តដែលមានជំនន់លិចទីរួមខេត្តកំពង់ស្ពឺ។ ខ្ញុំនៅចាំបានថា នៅឆ្នាំ ១៩៩១ ពេលនោះ ខ្ញុំស្ទើរតែមានការអន់ចិត្តជាមួយនឹងឯកឧត្តម ហែម ខន ដែលនៅធ្វើជាលេខាបក្សខេត្តនៅទីនេះ។ ជំនន់បានលិចទីរួមខេត្តកំពង់ស្ពឺនេះតែម្ដង ហើយដល់ខ្ញុំចុះពិនិត្យរួចហើយ បានចូលទៅជាមួយគ្នា តែឯកឧត្តម ហែម ខន ស្លៀកខោអាវដេក។ ខ្ញុំឆ្ងល់។ អភិបាលខេត្តរំបល់យ៎ស្អី ទឹកជំនន់ប៉ុណ្ណឹងហើយ ទៅជាស្លៀកខោអាវដេកទៅវិញ? ខ្លះស្លៀកខោអាវទាហាន ខ្លះស្លៀកខោអាវអីស្អីៗ ឯ ហែម ខន ស្លៀកខោអាវដេក។ មូលហេតុវានៅត្រង់នេះថា ព្រលឹមឡើង គឺទៅដុះធ្មេញ ហើយទឹកនៅទាបៗ ដល់ដុះធ្មេញរួចហើយ ទឹកត្រឹមទ្រូង ហែលយកមួយរួចខ្លួន ទៅខ្ចីខោអាវដេកគេទៅសាលាខេត្ត។ កំពង់ស្ពឺនេះ ខ្វះការប្រុងប្រយ័ត្នមិនបានទេ។ មានឆ្នាំណាមួយនោះ ខ្ញុំជាមួយនឹងឯកឧត្តម កែ គឹមយ៉ាន បានមកជាមួយគ្នា … ជំនន់ព្រែកត្នោតនេះក៏ជាជំនន់មួយ។ ប៉ុន្តែអ្នកកំពង់ស្ពឺ ក៏ជាអ្នកខ្វះទឹក។
ការងារពីរនៅកំពង់ស្ពឺ៖ នយោបាយឈ្នះឈ្នះ ផ្តើមចេញពីឱរ៉ាល់ និងស្រាយបញ្ហាទឹកជំនន់ និងស្រោចស្រព
នៅក្នុងអតីតកាល ពូបានមកដោះស្រាយ … ទាក់ទងនឹងកំពង់ស្ពឺនេះ មានចំណុចពីរសំខាន់។ ចំណុចទី ១ គឺការធ្វើសមាហរណកម្មខ្មែរក្រហមនៅកងពល ១៨ របស់ កែវ ពង្ស។ ផ្លូវរបស់យើង … ផ្លូវជាតិលេខ ៤៤ ចុះទៅឱរ៉ាល់។ តំបន់ឱរ៉ាល់នេះ មិនមែនជាតំបន់ ដែលមានសុវត្ថិភាពទេ រហូតទៅដល់សាលាស្រុកឱរ៉ាល់នេះ ត្រូវដកមកខាងក្រោយកាលពីរយៈពេលមុន ដោយសារតែមានសង្រ្គាមនៅពេលនោះ។ ប៉ុន្តែតាមរយៈ
នយោបាយឈ្នះឈ្នះ ផ្ដើមពីឱរ៉ាល់នេះតែម្ដង ដែលខ្ញុំនៅចាំបានថា ពេលនោះនៅរដូវរងា នៅដើមឆ្នាំ ១៩៩៦ បានធ្វើសមាហរណកម្មកងពលលេខ ១៨ របស់ កែវ ពង្ស នៅទិសនិរតីនេះ ដែលធ្វើសកម្មភាពនៅតំបន់កំពង់ស្ពឺផង ហើយស្ទាក់បាញ់តាមផ្លូវជាតិលេខ ៤ ផង ហើយឆ្លងកាត់ទៅតាកែនកោះស្លាអី ឆ្លងកាត់ពីខាងកំពតមកម្តុំខាងនេះ។ ដូច្នេះត្រូវធ្វើកិច្ចការងារនេះ ដើម្បីសន្ដិភាពសម្រាប់អ្នកកំពង់ស្ពឺរបស់យើង។
ឯមួយទៀត គឺទាក់ទងនឹងការដោះស្រាយទឹក សម្រាប់អ្នកខេត្តកំពង់ស្ពឺម្ខាង និងម្ខាងទៀត ក៏យកប្រភពទឹកពីខេត្តកំពង់ស្ពឺនេះ ដើម្បីទៅស្រោចស្រពនៅខេត្តកណ្ដាល ហើយឆ្ពោះទៅកាន់ទីក្រុងភ្នំពេញ។ ឧស្សាហ៍ចុះមកណាស់នៅតំបន់រលាំងជ្រៃជើង និងរលាំងជ្រៃត្បូង ប្រហែលជាក្មួយៗនៅតំបន់នេះមួយចំនួនអាចបានដឹង និងមួយចំនួនមិនបានដឹងនោះទេ។
កសាងបណ្តាញផ្លូវ និងរៀបចំបណ្តាញអគ្គិសនីនៅកំពង់ស្ពឺ
រយៈពេលក្រោយមកទៀត យើងក៏បានធ្វើកិច្ចការងារច្រើនណាស់។ កាលពីដើម តើមានផ្លូវជាតិកាត់តាមនេះ ឬអត់? កុំថាឡើយដល់ផ្លូវជាតិ សូម្បីតែផ្លូវលំ វាលំបាកធ្វើដំណើរខ្លាំងណាស់។ ប៉ុន្តែយើងបានកសាងនូវប្រព័ន្ធផ្លូវមួយ។ តំបន់កំពង់ស្ពឺនេះ អាចនិយាយបានថា ជាខេត្តដែលមានភ័ព្វសំណាងគួរសមដែរ ក្រៅពីមានផ្លូវជាតិលេខ ៤ នៅមានផ្លូវលេខ ៤១ នៅមានផ្លូវលេខ ៤៤ ដែលនៅសងខាងនេះ ហើយយើងនឹងខិតខំបន្តការកសាងតទៅទៀត។ ក្រៅពីនោះ បណ្ដាញអគ្គិសនី យើងក៏បានរៀបចំឆ្លងកាត់ខេត្តកំពង់ស្ពឺនេះ ក៏ទំលាក់ចុះនៅខេត្តកំពង់ស្ពឺនេះ ដើម្បីអោយកំពង់ស្ពឺមានអគ្គិសនីប្រើប្រាស់។
រោងចក្រ/ប្រាក់ចំណូលនៅខេត្តកំពង់ស្ពឺ បានពីការខិតខំរបស់ប្រជាពលរដ្ឋ/រាជរដ្ឋាភិបាលគណបក្សប្រជាជន
តើអ្នកណាអាចគិតដល់ថា នៅត្រឹមក្នុងទសវត្សរ៍ ៨០ ដែលខេត្តកំពង់ស្ពឺអាចមានរោងចក្រ និងសហគ្រាសទៅរហូតដល់ជាង ២០០ យ៉ាងដូច្នេះ? ប្រហែលជាមិនមានអ្នកណាគិតដល់បញ្ហានេះទេ។ ឥឡូវនេះ យោងទៅតាមរបាយការណ៍របស់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រោងចក្រ សហគ្រាស និងគ្រឹះស្ថានមាន ២២៥ ដែលមានកម្មករ និយោជិត ចំនួន ៩៨.២១៣ នាក់។ ដែលក្នុងនោះ រោងចក្រសំលៀកបំពាក់ និងផលិតស្បែកជើងចំនួន ១០៦ រោងចក្រ ដែលមានកម្មករចំនួន ៩២.០២៤ នាក់។ ចំនួនរោងចក្រនិងកម្មករ(នៅខេត្តកំពង់ស្ពឺ) វាច្រើនជាងចំនួនរោងចក្រ និងកម្មករនៅទូទាំងប្រទេស(កាលពី ១៩៩៧) ទៅទៀត។ រោងចក្រនៅឆ្នាំ ១៩៩៧ មានត្រឹមតែ ៦៤ ទេ កម្មករមានត្រឹមតែ ៨២.០០០ នាក់តែប៉ុណ្ណោះ។ ប៉ុន្តែ ២០ ឆ្នាំក្រោយ គឺគ្រាន់តែក្នុងខេត្តកំពង់ស្ពឺ បានគ្របដណ្ដប់កម្មករ កម្មការិនីរហូតដល់ជាង ៩០.០០០ នាក់រួចស្រេចទៅហើយ ដែលទទួលនូវផលប្រយោជន៍ពីប្រាក់ចំណូលសម្រាប់កម្មករ កម្មការិនី និងប្រជាជននៅក្នុងខេត្តកំពង់ស្ពឺនេះ ប្រមាណ ២២០ លានដុល្លារសហរដ្ឋអាមេរិក។ តើអ្នកណាអាចគិតដល់បញ្ហានេះ? ចំណុចនេះ វាមិនមែនបានមកដោយចៃដន្យទេ ក៏ប៉ុន្តែបានមកពីការខិតខំប្រឹងប្រែងរបស់ជីដូនជីតា របស់ឪពុកម្ដាយរបស់ក្មួយ និងរបស់ក្មួយៗ ដែលបានរួមចំណែកជាមួយពូតាំងពីដំណាក់កាលលំបាកបំផុត គឺដំណាក់កាលវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដំណាក់កាលស្វែងរកសន្តិភាពតាមរយៈការចរចា និងដំណាក់កាលនៃនយោបាយឈ្នះឈ្នះរបស់យើង ដែលចាប់ផ្តើមអនុវត្តសាកល្បង និងជំហានដំបូង នៅខេត្តកំពង់ស្ពឺ ហើយបន្តទៅទៀតគឺបន្តទៅដល់ដំបន់ដទៃដូចជា ប៉ៃលិន និងតំបន់ដទៃ ដែលនៅក្នុងក្របខណ្ឌទូទាំងប្រទេស។
ពង្រាយរោងចក្រនៅតាមបណ្ដាខេត្ត ចក្ខុវិស័យតាំងពី ១៩៩៩
ចំណុចនេះ ក៏ជាផ្នែកមួយនៃចក្ខុវិស័យទាក់ទងនឹងការអភិវឌ្ឍ ដែលយើងមិនគ្រាន់តែរៀបចំរោងចក្រនៅទីក្រុងភ្នំពេញប៉ុណ្ណោះទេ ក៏ប៉ុន្តែយើងត្រូវពង្រាយរោងចក្រ។ ដល់ពេលវេលាដែលយើងត្រូវពង្រាយរោងចក្រ ហើយចក្ខុវិស័យនេះមានតាំងពីឆ្នាំ ១៩៩៩ ឯណោះ ពេលដែលខ្ញុំចាប់ផ្ដើមបង្កើតឡើងនូវវេទិការវាងរដ្ឋាភិបាល និងវិស័យឯកជន អោយពិនិត្យមើលការរៀបចំនូវរោងចក្រទៅតាមបណ្ដាខេត្តនានា ដើម្បីជៀសវាងការប្រមូលផ្ដុំកម្មករនៅទីក្រុងភ្នំពេញ។ ដូច្នេះបានជាគ្រាន់តែនៅខេត្តកំពង់ស្ពឺមួយ រោងចក្រ សហគ្រាសមានទៅដល់ជាង ២០០ ដែលក្នុងនោះក្មួយៗដែលជាកម្មករ/ការិនីចោទសួរខ្លួនឯងដូច្នេះថា បើសិនជារាជរដ្ឋាភិបាលមិនរកសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមនៅក្នុងខេត្តកំពង់ស្ពឺ និយាយដោយឡែក និងនិយាយជារួមនៅក្នុងក្របខណ្ឌទូទាំងប្រទេស តើអាចមានអ្នកវិនិយោគិនមកទីនេះឬទេ? ប្រសិនបើសិនជារដ្ឋាភិបាលមិនខិតខំដើម្បីកសាងប្រព័ន្ធគមនាគមន៍ ដឹកជញ្ជូន អគ្គិសនី និងផ្នែកដទៃទៀត ដែលពាក់ព័ន្ធដល់ការទាក់ទាញវិនិយោគ តើមានអ្នកវិនិយោគមកវិនិយោគនៅទីនេះឬទេ? ពេលដែលអត់មានអ្នកវិនិយោគបែបនេះ តើក្មួយៗពេលនេះកំពុងធ្វើអ្វី? ច្បាស់ណាស់ថា ក្មួយៗពិតជាមានមុខរបរ ប៉ុន្តែមិនមែនមុខរបរនៅតាមរោងចក្រនោះទេ តែក្មួយៗនឹងបន្តក្នុងការចូលរួមជាមួយនឹងឪពុកម្ដាយរបស់ក្មួយៗ ក្នុងវិស័យកសិកម្ម។
ដើម្បីក្លាយជាប្រទេសអភិវឌ្ឍន៍មួយ មិនអាចអនុវត្តវិស័យកសិកម្មតែមួយមុខទេ
ឥឡូវនេះ យើងមិនមែនបោះបង់ចោលវិស័យកសិកម្មនោះទេ ក៏ប៉ុន្តែធ្វើវិស័យកសិកម្មតែមួយមុខ វាមិនអាចក្លាយទៅជាប្រទេសអភិវឌ្ឍន៍មួយបានទេ ហើយសម្រាប់ក្រុមគ្រួសារ ប្រសិនបើធ្វើតែវិស័យកសិកម្មតែមួយមុខ ដោយមិនមានគេហៅថាមុខរបរផ្សេងទៀត ក៏មិនអាចរួមចំណែកដ៏ធំ សម្រាប់ការដោះស្រាយបញ្ហាជីវភាពក្នុងគ្រួសារនោះដែរ។ ឥឡូវ ប្រសិនបើយើងមិនបានវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ ក្មួយៗមួយចំនួនអាចត្រូវទៅរកការងារធ្វើនៅឯទីក្រុងភ្នំពេញ។ មានការលំបាកច្រើនជាងនេះ។
មិនមានវិនិយោគរោងចក្រនៅទីនេះ ខ្លះត្រូវធ្វើដំណើរទៅភ្នំពេញ និងខ្លះនៅប្រកបរបរកសិកម្ម
ក្មួយៗទៅទីក្រុងភ្នំពេញមិនអាចទៅព្រឹកវិលល្ងាចទេ។ គ្រាន់តែព្រឹកមិញដើម្បីអោយក្មួយៗបានឱកាស(ជួបពូ) ក្មួយៗច្បាស់ណាស់ថាត្រូវធ្វើជុំគ្នានៅម៉ោង ៦ ឬក្រោយម៉ោង ៦ បន្តិច ដូច្នេះពូត្រូវតែខិតខំធ្វើដំណើរដោយប្រញាប់ប្រញាល់មកកាន់ទីនេះ ភ្ញាក់តាំងពីម៉ោង ៥ ប៉ុន្តែធ្វើដំណើរមក ពូបានឃើញស្ថានភាព ដែលគួរអោយកត់សម្គាល់នៅតាមផ្លូវជាតិលេខ ៤ របស់យើង នៅម្ដុំអង្គស្នួលនេះ។ ឡានរាប់សិបគ្រឿង កំពុងតែដឹកកម្មករឆ្ពោះទៅកាន់រោងចក្រនៅឯទីក្រុងភ្នំពេញ និងជាយទីក្រុងភ្នំពេញ នៅតំបន់ខេត្តកណ្ដាល។ អញ្ចឹងទេ បើសិនជាមិនមានការវិនិយោគរោងចក្រនៅខេត្តកំពង់ស្ពឺទេ កម្មករជាង ៩ ម៉ឺននាក់ នៅក្នុងខេត្តកំពង់ស្ពឺនេះ ត្រូវដោះស្រាយយ៉ាងម៉េច? មួយផ្នែកអាចនឹងនៅធ្វើកសិកម្មជាមួយឪពុកម្ដាយ និងមួយផ្នែកអាចនឹងធ្វើដំណើរទៅកាន់ទីក្រុងភ្នំពេញ ដើម្បីរកការងារធ្វើនៅទីនោះ។
ពង្រាយសាលារៀន និងរោងចក្រតាមខេត្ត៖ ចក្ខុវិស័យផ្សារភ្ជាប់ប៉ូលសេដ្ឋកិច្ច ២ ភ្នំពេញ និងខេត្តព្រះសីហនុ
ដូច្នេះ បន្ទាប់ពីនយោបាយពង្រាយសាលារៀននៅតាមទីជនបទ គឺរាជរដ្ឋាភិបាលបានគិតតាំងពីជិត ២០ ឆ្នាំឯណោះ នៅសល់តែ ១ ឆ្នាំទៀតគ្រប់គម្រប់ខួបលើកទី ២០ នៃចក្ខុវិស័យស្ដីពីការពង្រាយបណ្ដារោងចក្រទៅតាមបណ្ដាខេត្ត ដែលមានសក្តានុពលក្នុងការវិនិយោគ។ ចក្ខុវិស័យនេះជារបស់ពូតែម្ដង (ព្រោះពូ)ចង់ផ្សារភ្ជាប់ប៉ូលសេដ្ឋកិច្ចទី ១ របស់ទីក្រុងភ្នំពេញ និងប៉ូលសេដ្ឋកិច្ចទី ២ នៃក្រុងព្រះសីហនុ។ ប៉ូលនេះគឺជាច្រកកំណើនសេដ្ឋកិច្ច ដែលធ្វើយ៉ាងណាអោយរោងចក្រសហគ្រាសកើតនៅតាមដងផ្លូវជាតិលេខ ៤ (ដែល)ជាច្រកនៃកំណើនសេដ្ឋកិច្ចនៃការលូតលាស់របស់ប្រទេសរបស់យើង។
បន្តការអនុវត្តដំឡើងប្រាក់បៀវត្សរ៍ជារៀងរាល់ឆ្នាំតាមការចចារយន្តការត្រីភាគី និងសមហេតុផល
ក្មួយៗត្រូវចងចាំអោយបានថា ក្មួយៗមានប្រាក់ចំណូល។ អម្បាញ់មិញក្មួយដែលពាក់អាវសត្រង់នោះដូចជាបានប្រមាណ ៣៤០ (ដុល្លារ) ប៉ុន្តែក្មួយដែលមានផ្ទៃពោះមិញត្រង់នេះ ដូចបានប៉ុន្មាន? ប្រាប់ពូមិញ ពូចង់ភ្លេច ប៉ុន្មានរយ? ជាង ២០០ ដុល្លារ។ ដូច្នេះជាទូទៅកម្មករ/ការិនីរបស់យើងបានទទួលប្រាក់ចំណូលមិនទាបជាង ២០០ (ដុល្លារ)ទេ។ យើងឆ្នាំទៅ អនុវត្តនូវប្រាក់បៀវត្សរ៍អប្បបរមា ១៥៣(ដុល្លារ)។ ឆ្នាំនេះ យើងអនុវត្តបៀវត្សរ៍អប្បបរមា ១៧០ (ដុល្លារ) ប៉ុន្តែក៏សូមជម្រាបជូនក្មួយៗថា យើងមិនមែនទ្រឹងត្រឹម ១៧០ ដុល្លារទេ យើងនៅតែបន្តឡើងបៀវត្សរ៍ជារៀងរាល់ឆ្នាំ តាមការចចារដោយយន្តការត្រីភាគី ម្ខាងរាជរដ្ឋាភិបាល ម្ខាងនិយោជក និងម្ខាងតំណាងកម្មករ។ យើងឡើងយ៉ាងម៉េច ដើម្បីអោយស្របជាមួយទៅនឹងការដោះស្រាយបញ្ហាកម្មករផងនិងធានាអោយអ្នកវិនិយោគគេអាចនៅជាមួយយើងផង។
ប្រទេសមួយចំនួនអនុវត្តប្រាក់បៀវត្សរ៍អប្បបរមាទាប ដែលធ្វើឲ្យគេងាយនឹងរើរោងចក្រចេញពីកម្ពុជា
យើងក៏ត្រូវយល់ដឹងថា នៅលើពិភពលោកនេះ និងនៅក្នុងតំបន់យើងតែម្ដង មានប្រទេសមួយចំនួនអនុវត្តប្រាក់បៀវត្សរ៍ថោកជាងយើង ដែលងាយណាស់ ដែលគេអាចរើរោងចក្រចេញពីប្រទេសរបស់យើងទៅកាន់ប្រទេសដទៃ ដូចជានៅពេលនេះ នៅបង់ក្លាដេសត្រឹមតែ ៦៧ ដុល្លារអាមេរិកទេ នៅស្រីលង្ការ ៦៧ ដុល្លារ នៅឥណ្ឌា៧៧-១៤៣ ដុល្លារសហរដ្ឋអាមេរិក នៅភូមាឈ្មោះថ្មីហៅថា មីយ៉ាន់ម៉ា គឺ ១០៨ ដុល្លារសហរដ្ឋអាមេរិក នៅឥណ្ឌូនេស៊ី ១៧០-២៦៧ ដុល្លារសហរដ្ឋអាមេរិក នៅវៀតណាមគឺ ១២២-១៧៥ ដុល្លារអាមេរិក នៅឡាវ ១៣៣ដុល្លារអាមេរិក នៅប៉ាគីស្ថានគឺ ១៣៤ ដុល្លារអាមេរិក។ ដូច្នេះយើងក៏ត្រូវគិតអំពីប្រាក់ចំណូលរបស់យើង ដែលត្រូវកើនជាប្រចាំ ជាមួយនឹងការខិតខំរក្សាទុកនូវប្រាក់ចំណេញសម្រាប់អ្នកវិនិយោគ ដែលគេត្រូវការវិនិយោគនៅទីនេះ។ គ្មានអ្នកណាមួយដែលប្រថុយប្រថានជាមួយនឹងការវិនិយោគ ហើយខាតនោះទេ។ គេនឹងឆ្ពោះទៅកាន់ទីកន្លែង ដែលមានតម្លៃពលកម្មទាបជាង។
ពី ១៩៩៧ មក ២០១៨ រោងចក្រកើន បៀវត្សរ៍អប្បបរមាកើន បង្កើតបានការងារសម្រាប់ប្រជាជន
យ៉ាងណាក៏ដោយផលប្រយោជន៍ … ចាប់ផ្ដើមពី ១៩៩៧ ក្មួយៗត្រូវចាំថា ពេលនោះ យើងមានរោងចក្រតែ ៦៤ រោងចក្រទេហើយកម្មករមានតែ ៨២.០០០ នាក់ ជាមួយនឹងប្រាក់បៀវត្សរ៍តែ ៤០ ដុល្លារអាមេរិកទេ ឆ្នាំ ១៩៩៧។ អ្នកដែលធ្វើការមុនឆ្នាំ ១៩៩៧ បានតែ ៣៥ ឬជាង ៣០ ដុល្លារទេ។ ដល់ឆ្នាំ ២០០៣ យើងមានរោងចក្រត្រឹមតែ ១៩៧ ជាមួយនឹងប្រាក់បៀវត្សរ៍អប្បបរមាត្រឹមតែ ៥០ ដុល្លារអាមេរិកទេ។ ឆ្នាំ ២០០៨ យើងមានរោងចក្រត្រឹមតែ ៤៣២ ជាមួយនឹងប្រាក់បៀវត្សរ៍អប្បបរមាត្រឹមតែ ៦១ ដុល្លារ។ ឆ្នាំ ២០១៣ យើងមានរោងចក្រ ៧៣៣ ជាមួយនឹងប្រាក់បៀវត្ស៍អប្បបរមា ៨៧ ដុល្លារ។ ឆ្នាំ ២០១៧ យើងមានរោងចក្រ ១.១០៧ ជាមួយនឹងប្រាក់បៀវត្សរ៍អប្បបរមា ១៥៣ ដុល្លារ។ ដល់ឆ្នាំ ២០១៨ មិនទាន់បានដាច់ឆ្នាំផងទេ យើងកើនរោងចក្ររហូតទៅដល់ ១.១៥៤ រោងចក្រ ជាមួយនឹងប្រាក់បៀវត្សរ៍អប្បបរមាចំនួន ១៧០ ដុល្លារសហរដ្ឋអាមេរិក។ អញ្ចឹងទេ កំណើនការងារដែលត្រូវបានដោះស្រាយតាមរយៈរោងចក្រថ្មីនេះ រាប់ម៉ឺននាក់បន្ថែមទៀត។ យើងកើនប្រមាណជិត ៥០ រោងចក្រ ពីចំនួនឆ្នាំចាស់ចូលមកឆ្នាំថ្មីនេះ … យើងត្រូវម្ខាងរក្សាទុកនូវអ្នកវិនិយោគក្នុងប្រទេសរបស់យើង តែម្ខាងទៀតក៏ត្រូវខិតខំទាក់ទាញនូវការវិនិយោគសម្រាប់ចូលមកវិនិយោគបន្ថែម បង្កើតនូវផលិតផលសម្រាប់ការនាំចេញ និងបង្កើតការងារធ្វើសម្រាប់អោយប្រជាពលរដ្ឋរបស់យើង ដែលយើងត្រូវបន្តកិច្ចការងារនេះ។
បានបញ្ចប់សង្គ្រាមនៅកម្ពុជា បង្រួបបង្រួមជាតិ ដែលសូម្បីតែ អ៊ុន តាក់ ក៏ធ្វើមិនបាន
យោងទៅលើហេតុផល អ្វីដែលជាការកើនឡើងនេះ ពូសូមយកឱកាសនេះតាមរយៈក្មួយផ្ដាំផ្ញើសួរសុខទុក្ខ និងអរគុណចំពោះជីដូនជីតា ឪពុកម្ដាយរបស់ក្មួយៗ ក៏ដូចជាក្មួយៗផ្ទាល់ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការបង្កើតឡើងនូវស្ថានភាពបែបនេះ។ ពីប្រទេសមួយដែលខ្ទេចខ្ទាំដោយសង្គ្រាម និងរបបប្រល័យពូជសាសន៍ យើងត្រូវធ្វើកិច្ចការច្រើនណាស់ ដើម្បីដោះស្រាយបញ្ហាទាំងនោះ ដែលឃើញវត្តមានពូនៅក្នុងសម័យសង្គ្រាម គឺស្លៀកពាក់ឯកសណ្ឋានយោធា ដើម្បីទៅដោះស្រាយបញ្ហាទាក់ទិនជាមួយនឹងកងទ័ព ក៏ដូចជាប្រជាជននៅតំបន់ដែលរងផលប៉ះពាល់នៃការប្រយុទ្ធ។ ទន្ទឹមគ្នា ក៏ឃើញពូពាក់ក្រវាត់ក និងចេញទៅក្រៅប្រទេស ដើម្បីចរចាដោះស្រាយបញ្ហារកសន្តិភាព។ បន្តបន្ទាប់យើងបានដំណើរបន្តិចម្តងៗ ដំណាក់កាលសន្តិភាព បើទោះបីជាមានអង្គការសហប្រជាជាតិមកចូលរួមចំណែក ក៏ប៉ុន្តែមិនបានបញ្ចប់សង្គ្រាមនៅកម្ពុជាទេ។ ឆ្នាំ ១៩៩៣ អ៊ុន តាក់ បានចាកចេញ ហើយថែមទាំងបន្សល់ទុកនូវកម្ពុជាមួយ សូម្បីតែខេត្តកំពង់ស្ពឺ ក៏ជាខេត្តដែលមានខ្មែរក្រហមវាយគ្នានៅទីនេះ។ អ៊ុន តាក់ មិនបានចូលទៅដល់តំបន់ឱរ៉ាល់ទេ ព្រោះខ្មែរក្រហមមិនឲ្យចូល បើខ្មែរក្រហមមិនឲ្យចូល គឺអត់ហ៊ាន ហើយខ្លាច កែវ ពង្ស។ ដល់ទៅប៉ៃលិន ខ្លាច អ៊ី ឈាន …។ ដូច្នេះខ្លាំងបានជាមួយតែអ្នកដែលគោរពទេ បើអ្នកដែលមិនគោរពអត់ខ្លាំងទេ ធ្វើស្អីខ្មែរក្រហម។
អនុវត្តនូវនយោបាយឈ្នះឈ្នះ បង្រួមបង្រួមប្រទេសរបស់យើងឲ្យមានការឯកភាព
ទីចុងបំផុត យើងអនុវត្តនូវនយោបាយឈ្នះឈ្នះ បង្រួបបង្រួមប្រទេសរបស់យើងឲ្យមានការឯកភាព ហើយនេះ មិនមែនជាបញ្ហាដាច់ដោយឡែករបស់គណបក្សប្រជាជន និងមិនមែនជាបញ្ហាដាច់ដោយឡែករបស់ពូទេ ពិតជាមានការគាំទ្រពីសំណាក់ជីដូនជីតា ពីសំណាក់ឪពុកម្តាយរបស់ក្មួយៗ និងរហូតមកដល់ក្មួយៗ ទើបមានថ្ងៃនេះ។ ពូអរគុណណាស់ជាមួយនឹងការស្រឡាញ់រាប់អានពីសំណាក់ក្មួយៗជាកម្មករ កម្មការិនី ចំពោះពូ។
ទំនាក់ទំនងលើសពីកម្មករ និងមេដឹកនាំ
អ្វីដែលជាកាយវិការរបស់ក្មួយ ធ្វើមកចំពោះពូមិនមែនគ្រាន់តែជាទំនាក់ទំនង រវាងមេដឹកនាំជាមួយនឹងប្រជាពលរដ្ឋនោះទេ ក៏ប៉ុន្តែនេះជាទំនាក់ទំនងចាត់ទុកពូដូចជាឪពុក ដូចជាឪពុកមា ដូចជាឪពុកធំ ឬដូចជាជីតា។ ចំណុចនេះ ពូពិតជាមានទឹកចិត្តខ្លាំងណាស់ ហើយមានអារម្មណ៍ថាក្មួយៗមិនមែនទើបនឹងស្គាល់ពូ ក្នុងមួយថ្ងៃ ឬពីរថ្ងៃទេ ប្រហែលជាពេលក្មួយៗកើតឡើង ដឹងក្តីឡើង លឺសូរឈ្មោះ ហ៊ុន សែន បាត់ទៅហើយ ព្រោះដោយសារតែប្រវត្តិនៅក្នុងប្រទេសនេះ ចាប់តាំងពីឆ្នាំ ១៩៧៩ មក ពូបានផ្សារភ្ជាប់ខ្លួនជាមួយនឹងប្រជាពលរដ្ឋជាប់ជានិច្ច ហើយក៏មិនដែលទៅណាចោលប្រជាពលរដ្ឋ ក្នុងគ្រាមានអាសន្ន មានតែហក់ចូល។ ឲ្យតែចាប់ផ្តើមថា កំពង់ស្ពឺរាំងស្ងួត កំពង់ស្ពឺមានគ្រោះទឹកជំនន់ គឺមានមុខ ហ៊ុន សែន នៅកំពង់ស្ពឺហើយ។ អញ្ចឹងទេ បានជាពូមានអារម្មណ៍ច្បាស់ថា មិនមែនក្មួយៗទើបនឹងស្គាល់ពូនៅថ្ងៃនេះ ហើយស្ទុះមកឱប មកចាប់ ឬរហូតមកថើបនោះទេ។ ក្មួយៗបានស្គាល់ពូតាមរយៈជីដូនជីតា ឪពុកម្តាយ និងការស្តាប់តាមវិទ្យុឬទូរទស្សន៍ ដែលមិនគ្រាន់តែចាត់ទុកពូគ្រាន់ជាមេដឹកនាំប្រទេសនោះទេ តែចាត់ទុកពូដូចជាសាច់ញាតិមួយដែរ។ អរគុណចំពោះក្មួយៗនូវកាយវិការ និងការស្រឡាញ់រាប់អាន ហើយសង្ឃឹមថា កាយវិការបែបនេះ និងការស្រឡាញ់រាប់អានបែបនេះ នឹងក្លាយទៅជាការបោះឆ្នោតឲ្យគណបក្សប្រជាជន ដើម្បីពូបន្តដឹកនាំរយៈពេល ១០ ឆ្នាំ បន្ថែមទៀត។
អ្នកដែលឈរពាំងខ្លួន ដើម្បីរក្សាសន្តិភាពប្រទេសនេះ គឺ ហ៊ុន សែន
នេះមិនមែនជាយុទ្ធនាការនៃការបោះឆ្នោតទេ ក៏ប៉ុន្តែក្មួយៗត្រូវចងចាំឲ្យច្បាស់ ប្រទេសរបស់យើង បើគ្មានសន្តិភាពទេ គ្មានការអភិវឌ្ឍទេ។ អ្នកដែលឈរយកខ្លួនពាំង ដើម្បីរក្សាសន្តិភាពប្រទេសនេះ គឺពូនេះតែម្តង គឺគណបក្សប្រជាជន។ គណបក្សប្រជាជន បានតម្រូវឲ្យពូ បន្តបេសកកម្មក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលពូត្រូវមានភារកិច្ចយកខ្លួនពាំងដើម្បីរក្សាសន្តិភាព ដើម្បីរក្សាភាពសុខសាន្តរបស់ប្រជាជនកម្ពុជា។ ទោះបីត្រូវជេរប្រទេចដោយពួកប្រឆាំង ទោះបីមិនពេញចិត្តដោយពួកបរទេសមួយចំនួន ក៏ពូមិនរួញរាជាមួយបញ្ហាទាំងនោះទេ។ ខ្លាំងជាងគេហើយខ្មែរក្រហម គ្មានអ្នកណាជេរពូលើសពីខ្មែរក្រហមទេ ប៉ុន្តែទីចុងបំផុត គឺខ្មែរក្រហមមួយផ្នែកមេដឹកនាំរបស់គេស្លាប់ ដោយរកដីកប់មិនបានគឺ ប៉ុល ពត និង សុន សេន ងាប់តៃហោង។ ដោយសារតែការពាលស៊ីពាល គឺ ប៉ុល ពត បានសម្លាប់ សុន សេន ទាំងពូជ ទាំងក្រុមគ្រួសារតែម្តង។ ឯ ប៉ុល ពត ខ្លួនឯង ក៏ស្លាប់រកដីកប់មិនបាន។ ឯក្រៅពីនោះក៏ត្រូវមានការកាត់ទោសមេដឹកនាំ។ សម្រាប់អ្នកដទៃទៀត ក៏ទទួលបាននូវការធ្វើសមាហរណកម្មនៅក្នុងសង្គមជាតិ។ ដូច្នេះ អ្នកដែលប្រទេចផ្តាសាពូ ក៏ពូគិតថា នឹងទទួលរងនូវផលកម្ម ដែលពួកគេបានសាង ដូចជា ប៉ុល ពត ធ្វើចំពោះពូដែរ។ គ្មានអ្នកណាជេរពូជាង ប៉ុល ពត ទេ បើនិយាយពី ខៀវ សំផន វិញ មួយថ្ងៃ បើថ្ងៃចរចា បើ ខៀវ សំផន មិនបានជេរ ហ៊ុន សែន ២០ ដង យ៉ាងតិច។ ឲ្យតែចរចា គឺថាអត់ទេ អង្គុយជេរតែម្តង។ ប៉ុន្តែទីចុងបំផុត ខៀវ សំផន បាននាំទាំងប្រពន្ធ នាំទាំងកូន នាំទាំងកូនប្រសារ នាំទាំងចៅ មកចុះចូលដល់ផ្ទះ ហ៊ុន សែន តែម្តង។ អាហ្នឹងជាស្អី?
ជឿខ្លះទៅលើបារមីរបស់ ហ៊ុន សែន
ទង្វើរបស់យើងអ្នកដទៃទៀតអាចនឹងយល់ ហើយបើនិយាយពីបារមីវិញ អ្នកឯងប្រហែលជាអ្នកឯងមិនទាន់ដល់។ ខ្ញុំលឺហើយ ថ្ងៃមុននោះ មានអ្នកនិយាយថា ម៉េចក៏រន្ទះបាញ់ចំពោះអ្នកល្អនៅតំបន់អារ៉ែង? អ្នកគ្រូពេទ្យ ខ្ញុំសូមផ្តាំទៅ ខ្ញុំស្តាប់លឺហើយក្នុងការនិយាយគ្នានោះ ថាម៉េចបានរន្ទះបាញ់អ្នកនៅអារ៉ែង? ព្រោះនោះជាសមាជិកបក្សប្រឆាំងរន្ទះបាញ់។ ខ្ញុំមើលឃើញ ស្តាប់លឺ ខ្ញុំថាមកពីជេរ ហ៊ុន សែន ច្រើនពេកបានរន្ទះបាញ់។ ជួនកាលរាសីវាមិនដល់ វាអញ្ចឹងដែរណា។ ជួនកាលជេរៗ ហ៊ុន សែន ស្រាប់តែភ្លូកឡានងាប់បាត់ ជួនកាលរន្ទះបាញ់ទៅ ជួនកាលឆក់ខ្សែភ្លើងទៅ ជួនកាលភ្លើងឆេះផ្ទះអញ្ចឹងទៅ។ អំពើបាប។ បារមីរបស់មនុស្សមើលមិនឃើញទេ។ សូម្បីតែព្រះករុណាព្រះបរមរតនកោដ្ឋ សម្តេចឪ សម្តេចតា សម្តេចតាទូតរបស់យើង ព្រះអង្គក៏ជឿដែរ។ ឆ្នាំ ១៩៩៨ ចរចានៅឯសៀមរាបឯណោះ ព្រះអង្គបានប្រាប់ទៅ សម្តេចក្រុមព្រះ ប្រាប់ទៅមេដឹកនាំបក្សដទៃទៀតថា ឲ្យជឿខ្លះទៅ “ធ្វើម៉េចបើសម្តេច ហ៊ុន សែន គេឲ្យកើតមកសម្រាប់ធ្វើនាយករដ្ឋមន្ត្រី។ ដូចខ្ញុំអញ្ចឹងកើតឡើងស្រាប់តែគេឲ្យធ្វើស្តេច សុខៗនៅរៀននៅឯសាយហ្គន ឯណោះ នៅព្រៃនគរឯណោះ ស្រាប់តែគេទៅហៅឲ្យមកធ្វើស្តេចតែម្តង។ ដល់ធ្វើស្តេចម្តងហើយ គេទម្លាក់ ឡើងមកធ្វើស្តេចមួយសាទៀត។ អាហ្នឹងទំនាយរបស់មនុស្សឡើងឲ្យធ្វើស្តេចអញ្ចឹង។ អញ្ចឹងទំនាយរបស់សម្តេច ហ៊ុន សែន គឺគេឲ្យគាត់កើតមកសម្រាប់ធ្វើនាយករដ្ឋមន្ត្រី” ហើយធ្វើមែន ធ្វើពីហ្នឹងមក ចេះតែធ្វើបន្តទៅ តាំងពីឆ្នាំ ១៩៨៥ មកដល់ឥឡូវធ្លាក់ដល់ ៣៣ ឆ្នាំហើយ។ ប៉ុន្តែពូនឹងមានកម្លាំងសម្រាប់ធ្វើ ១០ឆ្នាំ ទៀតយ៉ាងតិច។
អ្នកមានសមត្ថភាពការពារសន្តិភាព គឺគណបក្សប្រជាជន ដឹកនាំដោយនាយករដ្ឋមន្រ្តី ហ៊ុន សែន
ប៉ុន្តែ ធ្វើបាន ឬមិនបាន ចំណុះទៅលើក្មួយៗ ចំណុះទៅលើប្រជាពលរដ្ឋបោះឆ្នោតឲ្យ ឬមិនបោះតែប៉ុណ្ណឹងទេ។ អ្វីដែលសំខាន់ ក្មួយៗត្រូវចាំថា សន្តិភាពដែលរកបានដោយលំបាកនេះ ត្រូវការពារវាឲ្យបាន ហើយអ្នកដែលមានសមត្ថភាពការពារសន្តិភាពនេះពិតប្រាកដ គឺគណបក្សប្រជាជន ដែលដឹកនាំ ហើយឈ្មោះនាយករដ្ឋមន្ត្រីនេះគឺឈ្មោះ ហ៊ុន សែន នេះតែម្តង។ គ្មានអ្នកដទៃមានលទ្ធភាពធ្វើបានបែបនេះទេ។
អត្ថប្រយោជន៍ ដែលកម្មករ/ការិនីទទួលបាន
ក្មួយៗបានទទួលអត្ថប្រយោជន៍ ពូហាក់ដូចជាមិនចង់រលឹកឡើងវិញទេ ដោយសារតែក្មួយកំពុងតែទទួលបានអត្ថប្រយោជន៍អំពីប្រាក់បៀវត្សរ៍ និងអំពីអត្ថប្រយោជន៍ដទៃទៀត ទាក់ទងជាមួយនឹងកិច្ចគាំពារសង្គម ដូចជាការព្យាបាលមិនយកប្រាក់នៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់។ កម្មករទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ នឹងទទួលបាននូវការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់ ក្រោមមូលនិធិសមធម៌។ ក្មួយៗកម្មករ/កម្មការនី ដែលមានផ្ទៃពោះ និងឆ្លងទន្លេ ទទួលបាននូវការឈប់សម្រាករយៈពេល ៣ ខែជាមួយនឹងប្រាក់បៀវត្សរ៍ ១២០%។ នៅលើពិភពលោកនេះ គឺប្រហែលជាមានស្ថានភាពបែបនេះតិចណាស់។ ប្រទេសខ្លះគេអនុញ្ញាតឲ្យឈប់សម្រាក ៣ ខែ តែអត់មានប្រាក់បៀវត្សរ៍។ ប្រទេសខ្លះអនុញ្ញាតឲ្យឈប់ ៣ ខែ មានប្រាក់បៀវត្សរ៍ត្រឹម ៥០% ប៉ុន្តែយើងហ៊ានទៅដល់ ១២០%។ ពេលក្មួយកំពុងធ្វើការមានប្រាក់បៀវត្ស ១៧០ ដុល្លារ។ ប៉ុន្តែដល់ទៅពេលឆ្លងទន្លេ បែរជាមានប្រាក់បៀវត្សរ៍រហូតទៅដល់ ២០៤ ដុល្លារអាមេរិកឯណោះ។ អញ្ចឹងទេបានជាថ្ងៃនេះមានទៅដល់ ៦៨២ នាក់ ដែលមានផ្ទៃពោះ ក្នុងចំនួនដែលមានមិនដល់ ២ ម៉ឺននាក់ ដូច្នេះ ចំនួនច្រើនគួរសម។ បង្ខំកើតកូនបន្តិចទៅ ហើយប្រឹងឲ្យស្រូតបន្តិចទៅ វាមិនជាអីទេ។ ឥឡូវនេះ ដល់ដំណាក់កាលដែលត្រូវបង្កើតកូនឲ្យបានច្រើន។ ខ្ញុំអត់បន្ទោសអ្នកណាកើតទេ ព្រោះខ្ញុំកូនច្រើន ចៅច្រើនដែរ។ មិនមែន ៣ ឆ្នាំកើតមួយទេ គឺ ១៣ ខែ កើតមួយ និយាយមិនអួតទេ។ ឥឡូវមានមួយមកនេះដែរ ក្បាលទំពែកហើយ អាហ្នឹងប្រុសពៅ។
កំពង់ស្ពឺជាប់លេខស្រីស្អាត ប្រុសស្អាត វាយនភណ្ឌ
តំណាងរាស្រ្តនៅខេត្តកំពង់ស្ពឺនេះ សុំក្មួយៗបោះឆ្នោតឲ្យគណបក្សប្រជាជនទៅ បានជាប់កូនរបស់ពូឈរនៅខេត្តកំពង់ស្ពឺ ហើយជួយមើលការខុសត្រូវខេត្តកំពង់ស្ពឺ។ អបអរសាទរទៅ ប្រុសស្អាត ស្រីស្អាត ជាប់ខេត្តកំពង់ស្ពឺបានជាប់លេខមួយអម្បាញ់មិញបានថតរូប។ អ្នកកំពង់ស្ពឺឆ្នាំនេះឡូយតែម្តង ស្រាប់តែទៅជាប់អ្នកកំពង់ស្ពឺ។ វាស៊ីសងនឹងឲ្យតែកាលណាស្អាត រួចហើយយើងមានបញ្ញាក្នុងការឆ្លើយនូវសំណួរនានាច្បាស់ជាជាប់ហើយ។ ឆ្នាំទៅជាប់អ្នកខេត្តព្រះសីហនុ ឆ្នាំនេះជាប់កំពង់ស្ពឺតែម្តង ហើយជាប់ហ្នឹង មិនមែនជាប់ដោយសារគណៈកម្មាធិការ ដោយសារក្រសួងការងារ ឬសហភាពសហព័ន្ធយុវជនធ្វើមេប្រយោគទេ ហ្នឹងជាប់មើលទៅវាសមរម្យមែន។ ពូលើកទឹកចិត្តឲ្យមានការប្រឡងប្រជែងតទៅទៀត។
កម្មការិនីរើសប្តី យុវជនប្រព្រឹត្តនូវអំពើល្អ, ជំងឺអេដស៍ហាក់ដូចជាកម្រើកឡើងវិញ សូមប្រយ័ត្ន
ពូក៏លើកទឹកចិត្ត។ គេថា នារីកម្មករកាត់ដេរឥឡូវហ្នឹង គឺរើសប្តីខ្លាំងណាស់។ ពូលើកទឹកចិត្តឲ្យក្មួយរើសប្តីបន្ថែមទៀត។ ចុះឥឡូវ យើងទៅរើសប្តីយកមកធ្វើអី បើប្តីហ្នឹងស្រវឹងគ្រឿងញៀន ប្តីហ្នឹងជើងកាប់ចាក់ ប្តីហ្នឹងស្រវឹងខួប តើយើងយកមកធ្វើអី? នេះជាសារផ្ញើជូនយុវជននានា ឲ្យប្រព្រឹត្តនូវអំពើល្អ។ ខ្ញុំសុំរំលឹកបន្តិចថា ឥឡូវហ្នឹងជម្ងឺអេដស៍ ឯកឧត្តម អៀង ម៉ាលី ហាក់ដូចជាបានកម្រើកឡើងវិញបន្តិច។ ត្រូវប្រយ័ត្នណា ក្មួយៗមុនពេលរៀបអាពាហ៍ពិពាហ៍ មុនពេលស្រលាញ់អ្នកណាក៏ដោយ ធ្វើតេស្តឈាមសិន ហើយបើមិនប្រាកដទេ ត្រូវតែប្រើវិធីការពារហើយ។ អាហ្នឹងគេបានប្រាប់ហើយ។ ពូដូចជាមិនចង់និយាយ អៀនមាត់។ ត្រូវប្រើវិធីការពារហើយ។ បើមិនដូច្នោះទេ វានឹងនាំមេរោគអេដស៍ចូលផ្ទះ។
និយាយរឿងកំប្លែង «ចម្រៀង ៥ បទ បញ្ចប់សេចក្តី»
និយាយដល់បញ្ហាហ្នឹង ពូរំលឹករឿងកំប្លែងទាក់ទិននឹងចម្រៀង ៥ បទ ចប់សេចក្តី។ ស្អីទៅចម្រៀង ៥ បទ ចប់សេចក្តី? មានយុវជន ២ នាក់ អាហ្នឹងគេនិយាយរឿងហ្នឹងថាកើតនៅខេត្តសៀមរាប។ យុវជន ២ នាក់ហ្នឹង គឺគាត់ចូលខារ៉ាអូខេ។ ពេលដែលចូលដល់ គាត់ក៏ចាប់ផ្តើមកុំម្មង់បទភ្លេង។ ពេលដែលចូលលើកទី ១ គាត់កុំម្មង់បទ «ក្រអ្វីម្ល៉េះ» ព្រោះគាត់ក្រ។ ដល់ចូលលើកទី ២ កន្លែងដដែលហ្នឹង គាត់កុំម្មង់ចម្រៀង «ភ័ព្វព្រេងវាសនា» អាហ្នឹងដីកំពុងឡើងថ្លៃ គាត់ត្រៀមនឹងលក់ដីហើយ។ ដល់ពេលគាត់លក់ដីបាន គាត់ចូលទៅខារ៉ាអូខេកន្លែងហ្នឹងដដែលទៀត គាត់កុំម្មង់ចម្រៀង «ឯណាទៅព្រហ្មចារី» វាទៅជាអញ្ចឹងទៅ។ ដល់ប៉ុន្មានខែក្រោយទៀត គាត់ចូលទៅខារ៉ាអូខេហ្នឹងទៀត គាត់កុំម្មង់ចម្រៀង «ជីវិតអីខ្លីម្ល៉េះ»។ អាហ្នឹងពេលគាត់ចាប់ផ្តើមកើតអេដស៍ ដល់ទៅលើកក្រោយ យុវជន ២ នាក់ ទៅតែម្នាក់ បាត់ម្នាក់ ទៅដល់អ្នកខារ៉ាអូខេសួរថា ពូម្នាក់ទៀតទៅណា? កុំមាត់។ ដល់អញ្ចឹង អ្នកខាងភ្លេងសួរថាកុំម្មង់បទអី? «ខ្លងខែក»។ អាហ្នឹងបានសេចក្តីថា ប្រវត្តិរបស់វាអញ្ចឹង ចម្រៀង ៥ បទ ចប់សេចក្តី អាហ្នឹងមកពីការធ្វេសប្រហែស …។
ប្រុងប្រយ័ត្ន កុំឲ្យឆ្លងមេរោគអេដស៍ ធ្វើតេស្តឈាមមុនរៀបការ
ប្រទេសយើងជាប្រទេស ដែលជោគជ័យនៅក្នុងការកាត់បន្ថយអត្រា នៃការមានផ្ទុកមេរោគអេដស៍ និងការរីករាលដាលនៃជំងឺអេដស៍ ប៉ុន្តែ ការសង្កេតហាក់ដូចជាចាប់ផ្តើមមានការកំរើកឡើងបន្តិច។ ដូច្នេះក៏សុំយកឱកាសនេះ អំពាវនាវចំពោះយុវជន យុវនារី ត្រូវមានការប្រុងប្រយ័ត្ន ក្នុងភាពជាដៃគូ។ ហើយបើយកល្អជាងគេ គឺមួយទល់នឹងមួយ មិនព្រួយកើតអេដស៍តែម្តង។ បើសិនមានរឿងចៃដន្យណាមួយកើតឡើង វាពិបាកណាស់ ព្រោះមុខរបរហ្នឹង គឺជាមុខរបរដែលមានវ័យចំណាស់ជាងគេលើពិភពលោក ទប់កន្លែងនេះ ទៅធ្លាយនៅកន្លែងនោះ គេថារឹតបន្តឹងនៅទីក្រុង វាទៅជនបទ ចាស់នៅទីក្រុង ចាស់នៅភ្នំពេញ វាទៅថ្មីនៅកោះកុង ចាស់នៅកោះកុង វាទៅថ្មីនៅកំពត។ អញ្ចឹងទេ វាថ្មីរហូត។ ប៉ុន្តែ ថ្មីស្អីក៏ដោយ ត្រូវតែប្រុងប្រយ័ត្ន នៅពេលយើងមិនទាន់បាន សូម្បីតែអ្នកដែលចូលដណ្តឹងរៀបការ មុននឹងរៀបការ ខិតខំធ្វើយ៉ាងម៉េចធ្វើតេស្តឈាមឲ្យបានត្រឹមត្រូវ។
រួមគ្នារក្សាសន្តិភាព ធានាការអភិវឌ្ឍ
ខ្ញុំសង្ឃឹមថា ក្មួយៗនឹងបន្តការខិតខំបន្តទៀត។ អ្វីដែលពូចង់ បានគឺការចូលរួមចំណែករបស់ក្មួយៗទាំងអស់ក្នុងការរក្សាសន្តិភាព ដើម្បីឲ្យប្រទេសយើងបន្តការវិវឌ្ឍទៅមុខទៀត។ មកដល់ពេលនេះ ប្រាក់បៀវត្សរ៍ ១៧០ និងប្រាក់អត្ថប្រយោជន៍ដទៃទៀត ជាង ២០០ វាមិនមែនជាការគ្រប់គ្រាន់សម្រាប់យើងនោះទេ យើងនៅទៀត ជីវភាពយើងនៅទៀត។ ប៉ុន្តែបើយើងចាប់ប្រៀបធៀបតាំងពីយើងចេញដំណើរពីបាតដៃទទេ ដែលជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗធ្លាប់បានដឹងរឿងនេះ ពិតជាបានដើរមកវែងឆ្ងាយណាស់ទៅហើយ។ តែដំណើរផ្លូវរបស់យើងគឺនៅវែងឆ្ងាយណាស់ យើងត្រូវបន្ត ដើម្បីថែរក្សាទុកនូវសុខសន្តិភាពនេះ ដើម្បីធានាការអភិវឌ្ឍបន្ត។ វាងាយទេ ដើម្បីធានានូវការរក្សាសន្តិភាព និងការអភិវឌ្ឍ គឺការបោះឆ្នោតឲ្យគណបក្សប្រជាជន។ គឺជាការធានាមុតមាំខ្លាំងណាស់ ព្រោះលើការជាក់ស្តែង អ្នកដែលកំពុងធានាឲ្យក្មួយៗសព្វថ្ងៃ គឺអ្នកដែលកំពុងនិយាយនេះ។ អ្នកហ្នឹងក៏ត្រូវបន្តជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅពេលក្រោយ។ ខ្ញុំសុំអភ័យទោសពីបណ្តាបក្សនយោបាយនានា ទោះបីលើកមុនមិនទាន់ចូលដល់ដំណាក់កាល នៃការចុះឈ្មោះ ខ្ញុំបាននិយាយរឿងហ្នឹងដដែលដូចតែគ្នាហ្នឹង។ដូច្នេះមិនប្រកាន់ខឹងនឹងខ្ញុំទេ ព្រោះបក្សនយោបាយនានា ក៏កំពុងដើរជួបជាមួយសកម្មជន ហើយក៏សុំអំពាវនាវឲ្យគេបោះឆ្នោតដែរ។ ឯខ្ញុំជួបជាចំហ។ ខ្ញុំក៏ត្រូវនិយាយជាចំហដែរ។ មិនមែនជាបញ្ហាថ្មីថ្មោង ដែលខ្ញុំត្រូវនិយាយនោះទេ។
រក្សាស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងក្នុងរោងចក្រ
សុំក្មួយៗចូលរួមរក្សានូវស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ធ្វើយ៉ាងម៉េចឲ្យក្នុងរោងចក្ររបស់យើងក្លាយទៅជាគ្រួសារមួយ ដែលមានសុខដុមរមនា រវាងម្ចាស់រោងចក្រ អ្នកគ្រប់គ្រងរោងចក្រ គ្រប់កម្រិត ជាមួយនឹងកម្មករ/ការិនី។ ចំណុចនេះខ្ញុំចង់បានខ្លាំងណាស់ ម្ចាស់រោងចក្រ និងអ្នកគ្រប់គ្រងរោងចក្រ ត្រូវយល់ឲ្យច្បាស់អំពីសុខទុក្ខរបស់កម្មករ។ បើយើងមានតែរោងចក្រ អត់មានកម្មករ គេមិនហៅថារោងចក្រទេ គេហៅថាឃ្លាំង។ ឯកម្មកររបស់យើង បើគ្មានអ្នកវិនិយោគបង្កើតរោងចក្រទេ ក្មួយៗកាន់ចប កាន់បង្គី ក្មួយៗគឺជាអ្នកធ្វើក្នុងរបរកសិកម្មទេ មិនមែនជាឧស្សាហកម្មទេ។ ដូច្នេះ ទំនាក់ទំនងបេះមិនដាច់រវាងម្ចាស់រោងចក្រ និងកម្មករ គឺជាទំនាក់ទំនងរក្សាឆ្នាំងបាយជាមួយគ្នា។
កុំឲ្យមានបងធំ បងតូច និងញៀនគ្រឿងញៀន ក្នុងរោងចក្របំផ្លាញសុវត្ថិភាពការងារ
អញ្ចឹងទេបានជាថៅកែរោងចក្រ អ្នកគ្រប់គ្រងក្នុងរោងចក្រគ្រប់កម្រិត ត្រូវតែយកចិត្ដទុកដាក់ចំពោះសុខទុក្ខកម្មករ កម្មករមានសុខភាពល្អ ធានាបានសុវត្ថិភាពរបស់កម្មករ គឺការឆ្លើយតបទៅនឹងផលិតកម្មកាន់តែមានគុណភាព កាន់តែមានផលិតភាពខ្ពស់ ដែលធានាឲ្យយើងធ្វើដំណើរទៅជាមួយគ្នា ដើម្បីរក្សានូវអត្ថប្រយោជន៍ ដែលយើងបាន និងកំពុងទទួល។ កុំឲ្យវាបាត់បង់។ ត្រូវខិតខំធ្វើយ៉ាងណាកុំឲ្យរោងចក្ររបស់យើងមានក្រុមគ្រឿងញៀន ដែលបំពុលគ្រឿងញៀនចំពោះកម្មករ ឬកម្មការិនីរបស់យើង។ ត្រូវខិតខំធ្វើយ៉ាងណាកុំឲ្យរោងចក្ររបស់យើងមានបងតូច បងធំ ដែលកាប់ចាក់គ្នា បំផ្លាញសុវត្ថិភាពការងារកម្មករ កម្មការិនីរបស់យើង នេះជាបញ្ហាដែលយើងត្រូវយកចិត្ដទុកដាក់ មានការងារច្រើនណាស់ ដែលយើងត្រូវធ្វើ។
សូមទៅប្រើប្រាស់សិទ្ធិដែលក្នុងរយៈ៥ ឆ្នាំមានម្ដង ដោយការទៅបោះឆ្នោត
ក្មួយត្រូវចាំថា នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខ នៅសល់តែជាងពីរខែទៀតប៉ុណ្ណោះ ការបោះឆ្នោតមួយនឹងមកដល់។ សង្ឃឹមថាក្មួយៗ រួមជាមួយឪពុកម្ដាយ និងគ្រួសារ ទៅចូលរួមការបោះឆ្នោត ព្រោះនេះជាការប្រើសិទ្ធិក្នុងរយៈពេល ៥ ឆ្នាំម្ដង មិនគប្បីបោះបង់ចោលសិទ្ធិមួយនេះ ដើម្បីជ្រើសរើសមេដឹកនាំ ដែលខ្លួនពេញចិត្ដនោះទេ។ អ្នកខ្លះអំពាវនាវកុំឲ្យប្រជាជនទៅបោះឆ្នោត ក៏ប៉ុន្ដែនេះជាការបំពានទៅលើសិទ្ធិ។ នៅអូស្ដ្រាលី នៅពេលដែលខ្ញុំទៅនោះ អូស្ដ្រាលីមានច្បាប់ដោយឡែកមួយ កាលណាតែមិនទៅបោះឆ្នោត គេផាកពិន័យ ឯប្រទេសរបស់យើង ទៅបោះឆ្នោតជាការប្រើសិទ្ធិសម្រាប់ការទៅបោះឆ្នោត ឬមិនទៅបោះឆ្នោត។ តែខ្ញុំជឿជាក់ថា ប្រជាពលរដ្ឋរបស់យើងមិនមើលរំលងទៅលើសិទ្ធិរបស់ខ្លួនដែលខ្លួនមាននោះទេ។ ខ្ញុំមិនជឿថា អ្នកដែលអំពាវនាវឲ្យប្រជាជនពហិកាមិនចូលរួមបោះឆ្នោត វានឹងទៅក្លាយជាចំនួនភាគច្រើននោះទេ ព្រោះនេះជាការប្រើសិទ្ធិ។ បើនិយាយពីចំនួនអ្នកគាំទ្រជាសមាជិក/ជិកាគណបក្សប្រជាជន មានជាង ៥ លាននាក់រួចស្រេចទៅហើយ ក្នុងចំណោម ៨ លាន នាក់ ដែលបានចុះឈ្មោះបោះឆ្នោត។ ដូច្នេះ អ្នកកុំភ្លេច។ អ្នកគិតថា នេះជារឿងការធ្វើប្រជាមតិ។ ប្រហែលជាអ្នកប្រថុយប្រថានពេកទេដឹង? ច្បាប់នៅលើលោកនេះ អត់មានកំណត់ថា ប៉ុន្មានភាគរយទៅបោះឆ្នោត ទើបវាគ្រប់កិច្ចនោះទេ។ ខ្ញុំគ្រាន់តែ(ប្រាប់)អោយអ្នកភ្លឺភ្នែកថា គ្រាន់តែសមាជិក/ជិកាគណបក្សប្រជាជនមានជាង ៥ លាននាក់ ក្នុងចំណោមអ្នកបោះឆ្នោតជាង ៨ លាននាក់(ទៅហើយ)។
ធ្វើប្រជាមតិតាមរយៈអ្នកទៅបោះឆ្នោត នឹងទទួលបរាជ័យលើសមរភូមិនយោបាយ
ដូច្នេះ អ្នកមិនអាចទៅរួចទេ នៅក្នុងការចាត់ថាជាការធ្វើប្រជាមតិតាមរយៈអ្នកទៅបោះឆ្នោតបានប៉ុន្មាននោះ អ្នកច្បាស់ជានឹងទទួលបរាជ័យទៅលើបញ្ហានេះ។ ខ្ញុំជឿទាំងស្រុងលើបញ្ហានេះ ព្រោះគ្រាន់តែសមាជិកគណបក្សប្រជាជន គឺវាចំនួនច្រើនជាង បានសេចក្ដីថា ជាងពាក់កណ្ដាល នៃអ្នកដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត ដូច្នេះវាមិនអាចទៅរួចទេ។ អ្នកសូមកុំភ័ន្ដច្រលំ ហើយអ្នកបានចាត់ទុកថារឿងនេះជាការធ្វើប្រជាមតិ។ អ្នកបានកសាងកំហុសមួយបន្ថែមទៀត។ អ្នកនឹងចាញ់ក្នុងសមរភូមិប្រជាមតិ ប្រសិនបើអ្នកចាត់ទុកការបោះឆ្នោតគឺជាការធ្វើប្រជាមតិ។ រឿងនៅវេណេហ្ស៊ុយអេឡា ជារឿងមួយដែលអ្នកមិនគួរធ្វើការប្រៀបធៀបទេ។ វាជារឿងផ្សេង។ តែនៅកម្ពុជាអ្នកឯងត្រូវដឹង ថាវាជារឿងមួយផ្សេងទៀត។
សូម្បីព្រះករុណាព្រះបិតា ព្រះអង្គក៏គ្មានលទ្ធភាព ដើម្បីនឹងបំផុសប្រជាជនឲ្យងើបឡើងតស៊ូដូចឆ្នាំ ១៩៧០ ទេ អ្នកឯងត្រូវយល់លើចំណុចនេះ។ ក្រោយឆ្នាំ ១៩៧៩ មានការបង្កើតឡើងនូវចលនា សីហនុនិយម នូវចលនា ហ្វ៊ុនស៊ិនប៉ិច ហើយក៏អំពាវនាវដូចឆ្នាំ ១៩៧០ ក៏ប៉ុន្ដែព្រះករុណាព្រះបិតា ដែលពេលនោះចូលរួមក្នុងរង្វង់ក្របខណ្ឌនៃចលនាត្រីភាគី មិនអាចចលនាឲ្យប្រជាជនក្រោកឈរឡើងដូចឆ្នាំ ១៩៧០ ទេ។ អ្នកមិនអាចយកខ្លួនទៅប្រៀបធៀបជាមួយព្រះករុណាព្រះបិតាបានទេ។ កន្លងទៅអ្នកបានធ្វើរួចស្រេចទៅហើយ ២០១៣ មនុស្ស ១៥ លាននាក់ អ្នកឯងរកបានមនុស្សប៉ុន្មានម៉ឺននាក់ មកធ្វើបាតុកម្មហ្នឹង។ អ្នកបានធ្វើរួចហើយ ប៉ុនប៉ងផ្ដួលរំលំរួចហើយ។ អ្នកធ្វើមិនបាន ក្នុងពេលដែលអ្នកដឹកនាំ ហើយបរទេសគាំទ្រទៀតផង។ ពេលនេះដងខ្លួនរបស់អ្នក ឆ្អឹងខ្នងរបស់អ្នកត្រូវវាយបំបាក់ កប់ទៅជាខ្មោចហើយ។ អ្នកទៅនៅក្រៅប្រទេស អ្នកមិនអាចធ្វើរឿងនេះបានទេ អ្នកត្រូវចាំ។ មេបញ្ជាការទ័ព គេនៅក្បែរទ័ព ទើបគេអាចបញ្ជាកងទ័ពប្រយុទ្ធទៅរួច។ អ្នកធ្វើតាមអាហ្វេសប៊ុក វាមិនអាចទៅរួចទៅ។ អ្នកត្រូវចាំអំពីបញ្ហានេះ។ ខ្ញុំមិនចង់ឆ្លងឆ្លើយជាមួយអ្នកណាទេ ប៉ុន្ដែអ្នកត្រូវចាំអោយច្បាស់ បើកភ្នែកអោយធំៗ រង់ចាំថ្ងៃ ២៩ ខែកក្កដា ឆ្នាំ ២០១៨។ រឿងនៅវេណេហ្ស៊ុយអេឡា វាជារឿងផ្សឹង។ នៅកម្ពុជា គ្រាន់តែសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ទៅបោះឆ្នោតវាគ្រប់គ្រាន់ និងច្រើនលើសលប់ជាភាគរយទៅហើយ អ្នកត្រូវចាំរឿងនេះអោយច្បាស់។
បើនិយាយពីបច្ចេកទេសបោះឆ្នោត អ្នកប្រឆាំងទៅបោះកាន់តែតិច សន្លឹកឆ្នោតកាន់តែល្អសម្រាប់អ្នកឈ្នះ
យុទ្ធសាស្ដ្របាតដៃស្អាតរបស់អ្នកពិតជាមានកំហុស ហើយបើនិយាយពីបច្ចេកទេសនៃអ្នកបោះឆ្នោត ខ្ញុំគួរតែរុញទូកបណ្ដោយទឹកអោយអ្នកតែម្ដងទៅ។ ផ្ដាំផ្ញើទៅអ្នក បើនិយាយពីការបោះឆ្នោត ពួកប្រឆាំងទៅកាន់តែតិចសន្លឹកឆ្នោតកាន់តែល្អសម្រាប់បក្សឈ្នះឆ្នោត។ ហ្នឹងនិយាយឲ្យពិត ប៉ុន្ដែខ្ញុំមិនចង់ធ្វើបញ្ហាហ្នឹងទេ ខ្ញុំចង់ឲ្យប្រជាពលរដ្ឋចេះប្រើសិទ្ធិ។ ឥឡូវបច្ចេកទេសអ្នកបោះឆ្នោត ឥឡូវអ្នកដែលមិនបោះឆ្នោតឲ្យគណបក្សប្រជាជនមិនបាច់ទៅទេ ទៅតែសមាជិក/ជិកាគណបក្សប្រជាជន លើកសន្លឹកឆ្នោតមក សុទ្ធតែគណបក្សប្រជាជន បើនិយាយពីបច្ចេកទេស ខ្ញុំគួរតែរុញទូកបណ្ដោយទឹកតែម្ដង។ អ្នកត្រូវចាំជាង ៥ លាននាក់។ រួចហើយទៅចោទបក្សគេសុទ្ធតែបក្សអាប បក្សអំពិលអំពែក ប៉ុន្តែ បក្សណាក៏ដោយ អ្នកឯងមើលស្រាលបក្សអ្នកដទៃ អ្នកដទៃក៏បានឆ្លើយតបហើយដែរ។
អតីតបក្សប្រឆាំងបានត្រឹមតែធ្វើកិច្ចការក្បត់នឹងប្រទេស និងប្រជាជនរបស់ខ្លួនតែប៉ុណ្ណោះ
អ្វីដែលសំខាន់យើងត្រូវរួមគ្នារក្សាសុខសន្ដិភាពប្រទេសនេះ ការពារដំណើរការលទ្ធិប្រជាធិបតេយ្យតាមរយៈដំណើរការបោះឆ្នោតជាទៀងទាត់របស់យើង ការពារនូវដំណើរការអភិវឌ្ឍរបស់ប្រទេសតាមរយៈរក្សាបាននូវសន្ដិភាព ទើបរក្សាបាននូវការអភិវឌ្ឍ។ អតីតកាលដ៏ឈឺចាប់របស់យើងបានផ្ដល់មេរៀនឲ្យយើងច្រើនណាស់។ ខ្ញុំអត់នឹកស្មានថា កំពង់ស្ពឺមានស្ថានភាពដូចសព្វថ្ងៃនេះទេ ក្នុងទសវត្សរ៍ ៨០។ ប៉ុន្ដែឥឡូវនេះ កំពង់ស្ពឺបានប្រែមុខមាត់ហើយ ដែលពេលនេះ គ្រាន់តែរឿងកំពង់ស្ពឺ ដែលមានពាក់ព័ន្ធជាមួយរោងចក្រ សហគ្រាស ដែលមានចំនួនកម្មកររហូតដល់ជាង ៩ ម៉ឺននាក់ ដែលជាចំនួនមួយច្រើន។ ប៉ុន្តែរឿងនេះ ត្រូវដឹងមិនមែនបានមកពីបក្សប្រឆាំងទេ ក្រុមប្រឆាំង ដែលអតីតបក្សប្រឆាំង បានធ្វើត្រឹមភារកិច្ចត្រឹមតែទៅប្រាប់បរទេសកុំឲ្យផ្ដល់ជំនួយមកកម្ពុជា ប្រាប់បរទេសកុំឲ្យទិញទំនិញពីកម្ពុជាតែប៉ុណ្ណោះ។ នេះជាកិច្ចការដែលគេធ្វើពិតប្រាកដ។ គេក៏អស់សិទ្ធិ គេក៏មិនបានចូលរួមនៅក្នុងដំណើរការប្រជាធិបតេយ្យនេះទេ ព្រោះពួកគេត្រូវបានជាប់ទោស។ វាមិនដែលគេយកមនុស្សជាប់គុកមកអោយបោះឆ្នោតទេ។ (មាន)ប្រទេសណាអោយអ្នកទោសជាប់គុកបោះឆ្នោត ឬអត់? (សម្ដេចសួរ) មិនទាន់មានទេ។ ធម្មតាតែជាប់គុកហើយ ម៉េចចេញមកបោះឆ្នោតបាន? ត្រូវបានផ្អាកសិទ្ធិក្នុងពេលវេលាដែលជាប់ទោស។
អាកាសធាតុអំណោយផលក្នុងឆ្នាំនេះ
ឥឡូវនេះ រដូវបង្កបង្កើនផលក៏បានចាប់ផ្ដើមហើយ។ ឥឡូវជើងលេខសម្រាប់វិស័យកសិកម្មរបស់យើង ជាមួយដំណើរការច្រូតកាត់បន្តបង្ហើយស្រូវប្រាំង ស្រូវវស្សាក៏បានចាប់ផ្ដើមហើយ។ ភ្លៀងធ្លាក់មិនមែនជាការចៃដន្យទេ ប៉ុន្មានថ្ងៃនេះ ហើយយប់មិញមានភ្លៀងធ្លាក់ តំបន់នេះមានភ្លៀងអត់ទេ? ភ្លៀងដល់ម៉ោងប៉ុន្មាន? សំខាន់ភ្លៀងពីល្ងាច។ អញ្ចឹងទេស្ថានភាពធាតុអាកាសក្នុងឆ្នាំនេះ ក៏អាចផ្ដល់នូវភាពងាយស្រួលក្នុងការចាប់ផ្ដើមការអនុវត្តការដាំដុះរដូវវស្សារបស់យើងផងដែរ។ ខ្ញុំគិតថាថ្ងៃនេះខ្ញុំមិននិយាយច្រើនពេកទេ ដោយសារខ្ញុំនិយាយរាល់ថ្ងៃ។ អ្វីដែលពូសប្បាយចិត្តជាងគេនៅត្រង់ថា ពូបានបំពេញកាតព្វកិច្ចក្នុងឋានៈជា(នាយករដ្ឋមន្ត្រី) បានមកសួរសុខទុក្ខចំពោះក្មួយៗនៅទីនេះ ហើយក៏បានខិតខំដោះស្រាយការប្រឈមនានាដើម្បីផ្តល់ឱកាសឱ្យក្មួយៗមានការងារធ្វើ មានប្រាក់ចំណូល។ តាមរយៈប្រាក់ចំណូលនេះ ធ្វើឱ្យជីវភាពគ្រួសាររបស់ក្មួយៗកាន់តែប្រសើរឡើង ជាមួយវិស័យកសិកម្ម ដែលក្រុមគ្រួសារកំពុងធ្វើ។
សួរនាំកម្មការិនីមានផ្ទៃពោះ អំពីរឿងគ្រួសារ
អម្បាញ់មិញ ក្មួយដែលមានផ្ទៃពោះ ដូចជាមានប្តីធ្វើទាហានផង។ ហ្នឹងអី? ប្តីសក្តិប៉ុន្មាន? អត់ទាន់មានសក្តិ? ធម្មតាគេមានពលទោ ពលឯក។ ចូលទាហានប៉ុន្មានឆ្នាំហើយ? អត់ដឹងទេ? គេធ្វើទាហានរួចហើយបានមកយកយើង ឬយកយើងរួចហើយ បានចូលធ្វើ(ទាហាន)? ធ្វើទាហានរួចហើយ បានមកយក។ អញ្ចឹងបានសេចក្តីថា គាត់ធ្វើយូរក្រែលហើយ។ ម៉េចក៏មិនទាន់មានសក្តិ? មានហើយ។ ឥឡូវ នៅឯណា? ចុះប៉េ(បេសកកម្ម)។ អាភាសាចុះប៉េហ្នឹងអត់ស្រួលទេ។ ប៉ុន្តែ នៅអង្គភាពណា? ភូមិភាគ ៣។ ឈ្មោះអីទៅ? ម៉ន សំមាន។ … រួចកាលហ្នឹងម៉េចបានជាសម្រេចចិត្តយកប្តីទាហាន? សួរបន្តិចមើល។ ប៉ាធ្វើទាហានដែរ។ ហើយប៉ាទាហាននៅឯណា? ភូមិភាគ ៣ ដែរ។ ហើយប៉ាពាក់សក្តិប៉ុន្មាន? ប៉ាសក្តិ ៥ ហើយអញ្ចឹងប្រហែលប៉ាហ្នឹងនាំកូនទាហានខ្លួនឯងមកដណ្តឹងកូនក្រមុំតែម្តង។ ឪក្មេកក៏ជាទាហានទៀត? អស់ទាស់ហើយ។ ឪក្មេកពាក់សក្តិប៉ុន្មាន? ឪក្មេកពាក់សក្តិ ៣។ អញ្ចឹងបានសេចក្តីថា ឪពុកយើង និងឪក្មេកយើង ហ្នឹងត្រូវរ៉ូវគ្នា រួចហើយទៅបញ្ចុះបញ្ចូលកូនឱ្យមកដណ្តឹងយើង ឬក៏យើងស្គាល់គ្នាពីត្រង់ណា? យើងទៅបន្ទាយគេ? នៅក្នុងបន្ទាយហ្នឹងតែម្តង។ អូ! សុំសួរបន្តិចមើល ពេលស្រឡាញ់គ្នាដំបូងយ៉ាងម៉េច? ឪពុកម្តាយចូលដណ្តឹង ឬក៏ទាហានហ្នឹងគេមកសួរយើង? ស្រឡាញ់ខ្លួនឯង។ … ការប៉ុន្មានឆ្នាំហើយ? ៧ ឆ្នាំ។ ជំនាន់នោះមានទូរស័ព្ទប្រើហើយ ឬនៅ? មានហើយ។ គេទាក់ទងយើងតាមទូរស័ព្ទមែនទេ? តាមទូរស័ព្ទគេតេមករកយើង ហើយគេសួរយ៉ាងម៉េចទៅ? ទៅអៀនអី! ហើយប្តីអាយុប៉ុន្មាន? ២៨ ហើយយើងប៉ុន្មាន? ២៦ (ឆ្នាំ)។ នៅក្នុងបន្ទាយហ្នឹងទាំងអស់គ្នា ហើយនៅឃ្លាតពីគ្នាប៉ុន្មានទៅ? អូ! ប្តីនៅភូមិផ្សេង យើងនៅក្នុងបន្ទាយ ប៉ុន្តែ ក្រែងគេនៅក្នុងបន្ទាយបន្ទាយទាហានរបស់គេ? មិនដឹងពីណាទៅរកពីណាទេនេះ។ ហ្នឹងច្បាស់ហើយ មានទៅមានមក។ បានជាហៅមកសួរហើយ សុំជូន(ថវិកា)សម្រាប់ឆ្លងទន្លេ។ អញ្ជើញទៅវិញចុះ។
ទាហានមួយពូជ។ ឪពុកក៏ជាទាហាន ឪពុកក្មេកក៏ទាហាន ប្តីក៏ទាហាន ខ្លួនឯង គឺថា មក(ធ្វើ)កម្មករ ដល់បានកូនទៅធ្វើទាហានទៀត។ ហ្នឹងហើយដែលហៅថា ចូលរួមក្នុងការការពារជាតិ ចូលរួមដោះស្រាយបញ្ហានោះ។ ឪពុកបង្កើតសក្តិ ៥ ហ្នឹងឈ្មោះអី? ក្រែងលោមេភូមិភាគហ្នឹងគេស្គាល់។ ចាន់ សំបូរ នៅការិយាល័យយោធាតំបន់ បានសេចក្តីថា គ្រប់គ្រងទៅលើបណ្តាក្រុមប្រតិបត្តិការសឹកបណ្តាខេត្ត។ ពីមុនហៅសុទ្ធតែអ្នកប្រុងរៀបការសួរ ឥឡូវ ហៅអ្នកពោះធំសួរម្តង។ …
សួរកម្មករ/ការិនី អំពីប្រុងចូលរោងការ, មានតារាចម្រៀងច្រើនចូលរួមក្នុងថ្ងៃនេះ
ឥឡូវ សុំសួរបន្តិចមើល អ្នកប្រុងចូលរោងការ ព្រោះនៅតែប៉ុន្មានខែទៀត ចូលវស្សាខានការ ឥឡូវហ្នឹងនៅសល់ប៉ុន្មានដែលប្រុងចូលរោងការ មើលលើកដៃទៅមើល? ដូចជាមិនសល់ច្រើនប៉ុន្មានទេ។ អាហ្នឹងធម្មជាតិវាអញ្ចឹងហើយ តែដល់ពេលអាយុកាល វាត្រូវមានប្តី/ប្រពន្ធហើយ ជារឿងធម្មតា។ ថ្ងៃនេះ លឺថា មានអ្នកសិល្បៈមកកាន់តែច្រើន។ ក្រៅពីអ្នកដែលធ្លាប់ច្រៀងពីមុន ដែលមាន ស៊ុន ស្រីពេជ្រ មកដែរ? មក។ ស៊ុន ស្រីពេជ្រ, ទៀង មុំសុទ្ធាវី, ហ៊ឹម ស៊ីវន មកឬអត់? ថ្ងៃនេះ មានបុរសៗបីនាក់ទៀត មានលោក ដាំ, ករុណា ពេជ្រ, សុគន្ធ ថេរាយុ។ ឯណេះអត់ទៅច្រៀងទេពីរនាក់នេះ? នៅអង្គុយនៅឯណេះទេ? បន្ទាប់ពីហ្នឹងទៅ បានទៅច្រៀង អើ! បន្តិចទៀតឡើងទៅច្រៀង ចាប់ផ្តើម “កន្សែងក្រហម” ហើយមានអា “កន្សែងក្រហម” មួយ គឺច្រៀងតគ្នា រវាងលោក ដាំ ជាមួយនឹង កញ្ញា ទៀង មុំសុទ្ធាវី។ រួចហើយក្មួយៗលេង(ម៉ាសប្បាយ)ទៅ មេឃស្រទុំគួរសមដែរ។ នាំគ្នារាំលេងទៅ។ ស្រុកឥឡូវនេះទៅខ្វល់ខ្វាយអី? មានគ្រាប់បែកគ្រាប់ប្លោងឯណាមកប្លោងដាក់យើងទៀត? ប៉ុន្តែ យើងត្រូវរួមគ្នារក្សាឱ្យបាន(នូវសុខសន្តិភាព)។ អ្នកកំពង់ស្ពឺនេះ គឺថា សម្បូរអ្នកប្រដាល់ទៅវិញ។ អ្នកចម្រៀងក៏ចេញពីហ្នឹងដែរ។ ឈិន ម៉ានិច, ប៊ុត សីហា អីហ្នឹង។ ឥឡូវ ប៊ុត សីហា គេបកស្រាយអីឯណាថាគ្នាគ្រឿងញៀនគ្រឿងអីឯណា។ បើសិនជាគ្នាប្រកាសថា គ្នាអត់មានគ្រឿងញៀន ទៅប្រកែប្រកាន់អីគ្នា។ រឿងហ្នឹង គឺវាអញ្ចឹង។
ថ្ងៃនេះ ប៉ុណ្ណឹងទៅចុះ មិនបន្តទេ បែកញើសហើយ ប៉ុន្តែ ឥឡូវបែកញើស ដឹងតែគីឡូវាធ្លាក់ទាប អាហ្នឹងល្អ … អាវប្រឡាក់ក្រែម។ អត់អីទេ ទៅវិញ មីងក៏អត់ថាអីទេ ព្រោះមក ក្មួយៗថើប ឃើញស្អីក៏មីងអត់ថាអីទេ។ ប៉ុន្តែ បើទៅកន្លែងស្ងាត់ៗ តែត្រឡប់មកវិញមានក្រែមអញ្ចឹង រឿងតែឥឡូវហ្នឹង។ ម្ទេសណាមិនហឹរក្មួយអើយ? …
ជូនអំណោយកម្មករ/ការិនី ម្នាក់ ២ ម៉ឺន និងកញ្ចប់ផ្សេងសម្រាប់អ្នកមានផ្ទៃពោះ
ល្ងាចនេះ ក្មួយៗនឹងបានឈប់សម្រាក ហើយថ្ងៃនេះ គ្រាន់តែជាចំណងដៃសម្រាប់ការជួបគ្នាទេ ក្មួយៗក៏មិនមែនមកដើម្បីទទួលលុយពីពូទេ។ ក្មួយៗ ១៩.៩៤៩ នាក់ មកពី ១៧ រោងចក្រ ដែលក្នុងនោះសំរោងទង ៧ រោងចក្រ ច្បារមន ១០ រោងចក្រ ក្នុងម្នាក់ៗជូនថវិកាចំនួន ២ ម៉ឺនរៀលតែប៉ុណ្ណឹងទេ។ ហើយក្រុមតន្រ្តីសម័យ គឺថវិកា ៥ លានរៀល។ កម្មការិនីមានផ្ទៃពោះ ពូនឹងដើរចែកផ្ទាល់នូវស្រោមសំបុត្រ ដែលមិនប្រាប់ថាប៉ុន្មានទេ ប៉ុន្តែ គ្រាន់តែបញ្ជាក់នៅពេលដែលពូដើរទៅដល់ បើសិនជាក្មួយៗណាដឹងថាមានកូនភ្លោះ ប្រាប់ពូឲ្យដឹង នឹងទទូលបាន ២ ស្រោមសំបុត្រតែម្តង។ ហើយសង្ឃឹមថា ក្មួយៗបុរសទាំងអស់នឹងទទួលបាននូវកូនប្រុស/ស្រីជាទីស្រឡាញ់ ហើយនៅពេលដែលក្មួយៗឆ្លងទន្លេ ក្មួយៗទទួលបាននូវសុវត្ថិភាពក្នុងការឆ្លងទន្លេ ហើយពេលនោះ ក្មួយៗក៏នឹងទទួលបាននូវផលប្រយោជន៍បន្ថែមទៀត ពីរាជរដ្ឋាភិបាល ដែលផ្តល់ត្រង់ជូនឲ្យក្មួយៗតាមរយៈបេឡាជាតិសន្តិសុខសង្គម។ កើតបានកូនមួយ គឺបាន ៤០ ម៉ឺនរៀល កើតបានកូនភ្លោះ ២ នឹងបាន ៨០ ម៉ឺនរៀល ហើយបើកើតបានកូនភ្លោះ ៣ នឹងបាន ១ លាន ២ សែនរៀល បូកនឹង ៥ លានរៀលរបស់ពូថែមទៀត។ ប្រឹងរកអាភ្លោះបីហ្នឹង។ កើតតែម្តងគ្រប់។
ធ្លាប់ឆ្លងកាត់ហើយការចិញ្ចឹមកូន មិនមែនស្រួលទេ
ពូធ្លាប់ជួបប្រទះហើយនៅក្នុងការចិញ្ចឹមកូនដោយផ្ទាល់ដៃនោះ។ ហ្នឹងបានជាមានពាក្យគេនិយាយថា បងគង់នឹងដឹងខ្លួនបើអត់ពីអូន។ ព្រោះកាលពីដើមនោះ កូននៅតូចៗ ម្តាយចេញទៅវៀងចន្ទន៍ បន្សល់កូន ៥ ឲ្យនៅជាមួយ ប៉ុន្តែ អាធំមិនអីទេ អាតូចៗល្អិតៗនេះ មួយកើតឆ្នាំ ១៩៨០ មួយកើត ១៩៨១ មួយកើត ១៩៨២ និងមួយកើត ១៩៨៣។ ១៣ ខែ កើតមួយ។ ដល់ទៅពេលនាងពៅវាយំ ឃ្លានបៅ ក៏ចាប់ផ្តើមទៅឆុងទឹកដោះគោ ហើយខ្លាចអាតូចៗនេះវានៅវារនៅក្រោយ ខ្លាចវាទៅប៉ះបំពង់ទឹកក្តៅ ក៏យកបំពង់ទឹកក្តៅនេះទៅដាក់កន្លែងផ្សេង។ យើងរវល់តែឆុងនៅហ្នឹង រវល់តែដាំទឹក ស្រាប់តែងាកមកក្រោយ អាមួយទៀតនោះស៊ីខ្ទេច(ម្សៅទឹកដោះគោ)។ មីល្អិតនៅលើគ្រែនៅតែស្រែក ព្រោះវាឃ្លានបៅ មិនដឹងទៅរកអី ទៅយកអាទឹកបបរមកឲ្យបៅ។
អ្នកធ្វើការតាមផ្ទះក៏ជាកម្មករដែរ គឺកម្មករក្រៅប្រព័ន្ធ
អញ្ចឹងក៏សូមយកឱកាសនេះ ដើម្បីនិយាយរឿងមួយផងដែរ។ ផ្តាំផ្ញើទៅអ្នកដែលប្រើប្រាស់កម្មករ ឬអ្នកដែលនៅជាមួយ សូមមេត្តាផ្តល់ការយកចិត្តទុកដាក់។ នេះជាផ្នែកមួយនៃការដោះស្រាយការងារ ហើយក៏ជាផ្នែកមួយនៃការដោះស្រាយបញ្ហាដែរ ដែលហៅថាក្រៅប្រព័ន្ធនោះ។ យកចិត្តទុកដាក់ដោះស្រាយជាមួយនឹងអ្នកដែលនៅជាមួយ។ ដោយសារតែគ្នាក្រហើយបានជាគ្នាមកនៅជាមួយយើង ប៉ុន្តែ សូមកុំភ្លេច កម្មកររោងចក្រគឺធ្វើការមានម៉ោង មានពេល មានថ្ងៃឈប់សម្រាក។ ឯអ្នកដែលរស់នៅដាំស្ល ធ្វើជាមេផ្ទះនៅជាមួយយើង គ្នាគ្មានពេលសម្រាកថ្ងៃអាទិត្យ ថ្ងៃបុណ្យនោះទេ ហើយម្យ៉ាងទៀត ជួនកាលទាល់តែយើងសម្រាក គ្នាត្រូវលាងចានដែលយើងទទួលទានអាហារហើយ។ ត្រូវយល់អំពីការលំបាករបស់អ្នកដែលនៅជាមួយខ្លួន ត្រូវផ្តល់ការថែទាំសម្រាប់គ្នា។ ខ្ញុំសូមផ្តាំផ្ញើទៅអ្នកដែលមានលទ្ធភាពទាំងឡាយ ធ្វើចិត្តធម៌ចំពោះអ្នកដែលយើងនាំមកដើម្បីដាំបាយ ឬនាំមកសម្រាប់បម្រើក្នុងផ្ទះរបស់យើង។ កម្មករនៅក្នុងផ្ទះ ធ្វើការហត់នឿយជាងកម្មករនៅតាមរោងចក្រទៅទៀត។
អំពាវនាវឲ្យយកចិត្តទុកដាក់លើអ្នកធ្វើការតាមផ្ទះ ទាំងលើបញ្ហាសុខភាព និងប្រាក់ខែ
… សូមអំពាវនាវអ្នកដែលមានលទ្ធភាពយកអ្នកពីខាងក្រៅ ឬក៏កូនក្មួយពីខាងក្រៅ ចូលមករួមដើម្បីធ្វើជាមេផ្ទះ ធ្វើជាអ្នកថែទាំផ្ទះនៅជាមួយយើង យកចិត្តទុកដាក់ចំពោះអ្នកទាំងនេះ ព្រោះនេះជាបទពិសោធន៍ផ្ទាល់របស់ខ្ញុំ ដែលមានអ្នកនៅជាមួយ អញ្ចឹងបានជាមានពេលខ្លះ ត្រូវចែកគ្នា ជួនកាលត្រូវចេញទៅ(បាយក្រៅ)កន្លែងណាមួយទៅ ដើម្បីឲ្យក្មេងៗបានសម្រាក បើមិនអញ្ចឹងគ្នាមានពេលឯណាសម្រាក។ យើងត្រូវទទួលទានឲ្យបានពីល្ងាចបន្តិច ដើម្បីឲ្យឱកាសអ្នកដែលនៅជាមួយគ្នាបានពេលវេលាសម្រាក។ ជួនកាលខ្លះនៅផឹកត្រេតត្រតនៅហ្នឹង ទាល់តែម៉ោង ១០ អញ្ចឹងទាល់តែយើងឈប់ម៉ោង ១០ គ្នាលាងចានរហូតដល់ម៉ោង ១១ ហើយ។ ព្រលឹមឡើង ដើម្បីឲ្យយើងបានទទួលទាន គ្នាត្រូវភ្ញាក់ពីយប់។ អញ្ចឹងគ្នាធ្វើការហត់នឿយណាស់។ អញ្ចឹងក្រៅពីការយកចិត្តទុកដាក់ទៅលើកម្មករក្នុងប្រព័ន្ធ ក៏ត្រូវមើលការយកចិត្តទុកដាក់ចំពោះកម្មករនៅក្រៅប្រព័ន្ធដែរ ដែលក្នុងនោះ រាប់ទាំងអ្នកធ្វើការបម្រើតាមផ្ទះ។ ចំណុចនេះ ជាចំណុចដែលយើងមិនត្រូវមើលស្រាល ហើយក៏ត្រូវដោះស្រាយបញ្ហា។ ខ្ញុំយកការអំពាវនាវចំពោះអ្នកដែលមានលទ្ធភាព ត្រូវខិតខំយ៉ាងម៉េច? គ្នាធ្វើការហត់នឿយ គួរតែត្រូវបានប្រាក់កាសឲ្យបានច្រើនបន្តិច។
ជួនកាល យើងយក ឧទាហរណ៍ មេដោះ យកមក។ មេដោះនោះ ធ្វើជាមេដោះឲ្យកូនរបស់យើង ឲ្យចៅរបស់យើង។ នៅពេលដែលទទួលទានឆ្ងាញ់នេះ នឹកដល់កូន(ខ្លួនឯង) រហូតដល់ខ្លះមានទាំងប្តី សុខចិត្តមកចោលប្តី ចោលកូនដើម្បីមកនៅជាមួយយើង។ អញ្ចឹងនៅពេលដែលបានទទួលទានអាហារឆ្ងាញ់នៅនេះ នឹកដល់កូនដែលកំពុងឃ្លាននៅឯផ្ទះ។ រឿងនេះត្រូវយោគយល់អំពីការលំបាករបស់អ្នកបម្រើតាមផ្ទះ។ នេះហើយជាគុណធម៌នៃអ្នកដែលមានលទ្ធភាព ហោចណាស់យើងត្រូវទទួលខុសត្រូវខាងសីលធម៌ចំពោះអ្នកដែលនៅជាមួយយើង ត្រូវផ្តល់នូវសេចក្តីសុខសម្រាប់ខ្លួនគាត់ផង និងត្រូវនឹកទៅដល់អ្នកដែលជាកូនរបស់គាត់ ឬម្តាយរបស់គាត់ ឬប្តីរបស់គាត់ ដែលនៅខាងក្រៅកំពុងមានការលំបាក។ ប៉ុន្តែ អ្វីដែលត្រូវយកចិត្តទុកដាក់ជាបឋម គឺអ្នកដែលនៅជាមួយយើង ត្រូវទទួលការថែទាំធ្វើម៉េចឲ្យគ្នាមានសុខភាពល្អ ហើយប្រាក់ចំណូលក៏ឲ្យសមគួរ ដើម្បីឲ្យគ្នាមានលទ្ធភាពបញ្ជូននូវប្រាក់ចំណូលសម្រាប់កូននៅឯផ្ទះឯណោះ។ នេះជាបញ្ហាដែលគួរតែខ្ញុំត្រូវលើកឡើង ព្រោះអ្នកខ្លះក៏ចិត្តបាន អ្នកខ្លះក៏ចិត្តមិនបាន អ្នកខ្លះឲ្យទៅទិញម្ហូប ឲ្យលុយបន្តិច ត្រឡប់មកវិញរអ៊ូដាក់ថាម៉េចក៏ទិញបានតិចម្ល៉េះ ចុះបើឲ្យលុយគ្នាតិច ធ្វើម៉េច? ហើយអ្នកធ្វើការតាមផ្ទះនេះ ភាគច្រើនគឺហ្វីលីពីន។
ប៉ុន្តែ នៅប្រទសយើង ជនជាតិបរទេសគេមិនយកខ្មែរទេ ភាគច្រើនមកនៅស្រុកខ្មែរ គេយកហ្វីលីពីន។ បើនៅប្រទេសគុយវ៉ែតវិញ ទើបនឹងមានបញ្ហារវាងគុយវ៉ែត និងហ្វីលីពីន ១៦ ម៉ឺននាក់ធ្វើការនៅគុយវ៉ែតជាជនជាតិហ្វីលីពីន ដែលក្នុងនោះមានរឿងកើតឡើងទាក់ទងនឹងឃាតកម្មទៅលើស្ត្រីធ្វើការតាមផ្ទះ នៅប្រទេសគុយវ៉ែត ដែលមានបញ្ហាកន្លងទៅនេះ។ ប៉ុន្តែ ឥឡូវគេបានដោះស្រាយបញ្ហាជាមួយគ្នាហើយ។ អញ្ចឹងនេះក៏ជាការយកចិត្តទុកដាក់មួយ ក្នុងចំណោមការយកចិត្តទុកដាក់ចំពោះកម្មករ ទាំងក្នុង និងក្រៅប្រព័ន្ធ ដែលក្នុងនោះ អាចរាប់បញ្ចូលទាំងអ្នកធ្វើការតាមផ្ទះ។ ប៉ុន្តែ អ្នកធ្វើការតាមផ្ទះខ្លះ គេយកកូនក្មួយរបស់គេមកនៅជាមួយ សាច់ញាតិរបស់គេ គេមិនចាត់ទុកថា ជាកម្មករនោះទេ គេចាត់ទុកថាជាសាច់ញាតិ។ ក៏ប៉ុន្តែ ទោះបីសាច់ញាតិយ៉ាងណាក៏ដោយ ក៏ត្រូវយកចិត្តទុកដាក់ ឲ្យពួកគេបានរស់នៅដោយសុខសាន្ត ដោយថ្លៃថ្នូរ ហើយត្រូវយល់ដឹងថា កម្មករដែលធ្វើការបម្រើតាមផ្ទះនេះ ហត់នឿយជាងកម្មករដែលធ្វើការតាមរោងចក្រ សហគ្រាសទៅទៀត គ្មានថ្ងៃសៅរ៍ អាទិត្យ គ្មានថ្ងៃបុណ្យ ហើយធ្វើការតែងតែលើសម៉ោងជានិច្ច។ យើងទទួលទានហើយ គ្នាទទួលទានតាមក្រោយ ហើយលាងចាន លាងឆ្នាំង។ នេះគឺជារឿងដែលគួរតែត្រូវនិយាយ។
ហើយចុងបញ្ចប់ហើយ សូមជូនពរចំពោះក្មួយៗ ជាកម្មករ/ការិនី ហើយតាមរយៈកម្មករ/ការិនីទាំងអស់ អនុញ្ញាតឲ្យពូផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរចំពោះលោកតា លោកយាយ ជីដូនជីតា បើសិនជាគាត់នៅរស់ ជាមួយនឹងឪពុកម្តាយបើសិនជាគាត់នៅរស់ សូមឲ្យទាំងអស់គ្នាប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕