សម្រង់សុន្ទរក​ថា​​សម្ដេច​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធអគារវឌ្ឍនៈកាពីតាល់ និងសណ្ឋាគារ រ៉ូសវូដ

CNV: 

វឌ្ឍនភាពកម្ពុជាបច្ចុប្បន្ន

សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្ងៃនេះ យើងពិតជាមានការរីករាយ ខ្ញុំ និងភរិយាពិតជាមានការរីករាយ ដែលបានមកចូលរួមសម្ពោធដាក់អោយប្រើប្រាស់ នូវមជ្ឈមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈកាពីតាល់ (Vattanac Capital) និងសណ្ឋាគារ រ៉ូសវូដ (Rosewood) ដែលកំពុងតែប្រព្រឹត្តទៅនេះ។ អម្បាញ់​មិញនេះ ខ្ញុំ និងភរិយាក៏បានរួមជាមួយនឹងលោកជំទាវ ឧកញ៉ា ឃុន លាង ​និងឯកឧត្តម ឧកញ៉ា សំ អាង កាត់ខ្សែបូសម្ពោធដាក់អោយប្រើប្រាស់​។ ខ្ញុំពិតជាមានមោទនភាពណាស់ ដែលសមិទ្ធផលនេះបានកើតចេញជារូបរាង។ ខ្ញុំសូមអរគុណជាមួយនឹងការរំលឹកពីគ្រាលំបាករបស់លោកជំទាវ ឃុន លាង។ ពាក់ព័ន្ធនឹងដំណើវិវឌ្ឍ​សភាពការណ៍នៃប្រទេសរបស់យើង ខ្លួនខ្ញុំផ្ទាល់ ក៏មិននឹកស្មានថា កម្ពុជានិយាយជារួម និងភ្នំពេញនិយាយដោយឡែក អាចមានការវិវឌ្ឍរហូតមកដល់កម្រិតនេះ។ នៅពេលដែលខ្ញុំចូលមកដល់ទីក្រុងភ្នំពេញ ខ្ញុំជួបប្រជាជនត្រឹមតែ ៧០ នាក់ តែប៉ុណ្ណោះ វាមិនមែនជាការងាយស្រួលទេ នៅក្នុងការដឹកនាំប្រទេសមួយ ដែលចេញពីភាពខ្ទេចខ្ទាំ ហើយវាកាន់តែពិបាកជាងនេះទៅទៀត នៅពេលដែលប្រទេសនេះ ត្រូវទទួលនៅបន្តមរតក នៃសង្គ្រាមបែកបាក់ ព្រមទាំងការហ៊ុមព័ទ្ធដោយអយុត្តិធម៌ពីសំណាក់ខាងក្រៅ។

ទប់ស្កាត់ ប៉ុល ពត និងរក្សាសមិទ្ធផលរដ្ឋកម្ពុជា

លោកជំទាវបានរំលឹកអម្បាញ់មិញថា ឆ្នាំ ១៩៩៣ មានការផ្លាស់ប្តូរទាំងស្រុង ប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ច។ ខ្ញុំគួរតែបញ្ជាក់ថា គោលដៅរបស់រដ្ឋកម្ពុជា ដែលខ្ញុំដឹកនាំនៅពេលនោះ បានដាក់ចេញយ៉ាងច្បាស់ថា ត្រូវតែស្វែងរកនូវដំណោះស្រាយនយោបាយមួយ ដែលរក្សាបាននូវការទប់ស្កាត់ នៃការវិលត្រឡប់នៃរបប ប៉ុល ពត និងរក្សាបាននូវសមិទ្ធផលសង្គមជាតិ។ ប្រសិនបើមិនមានភាពច្បាស់លាស់ទៅលើការទប់ស្កាត់ការវិលត្រឡប់នៃរបប ប៉ុល ពត និងធានាបាននូវសមិទ្ធផលសង្គមជាតិ ដែលយើងរកបាន កសាងបានទាំងលំបាក យើងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ។ ប៉ុន្តែយើងជឿជាក់ថា យើងមានលទ្ធភាព ដើម្បីទប់ស្កាត់របបប្រល័យពូជសាសន៍ ប៉ុល ពត ហើយយើងមានលទ្ធភាពនឹងរក្សាបាននូវសមិទ្ធផលដែលយើងបានកសាងឡើងដោយបាតដៃទទេដោយភាពលំបាក។

បន្តមូលដ្ឋានសេដ្ឋកិច្ច និងធ្វើកំណែទំរង់ ទៅរកការអភិវឌ្ឍ

ដូច្នេះឆ្នាំ ១៩៩៣ បន្ទាប់ពីមានការបោះឆ្នោតសភារួចហើយ សភាក៏បានអនុម័តផ្លាស់ប្តូរទៅកាន់របបរាជានិយមអាស្រ័យធម្មនុញ្ញ និងរបបប្រជាធិតេយ្យសេរីពហុបក្ស។ នេះជាការផ្លាស់ប្តូរខាងនយោបាយ ក៏ប៉ុន្តែការ​ផ្លាស់ប្តូរនោះ មិនបាននាំមកនៅការបំផ្លាញចោលសមិទ្ធផលដែលរដ្ឋកម្ពុជាបានកសាងយ៉ាងលំបាកលំ​បិនក្នុងវិស័យទាំងហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាល(ទេ)។ គឺ(ជាការ)ផ្លាស់ប្តូរពីស្ថាប័ន ហៅថារដ្ឋការ ទៅជាមន្ត្រីរាជការប៉ុណ្ណោះ … ពេលនោះ រាប់ទាំងក្រសួងការបរទេស ដែលខ្ញុំធ្វើជារដ្ឋមន្ត្រីការបរទេសនៅពេលនោះ ចាប់​ផ្ដើមពីបុគ្គលិកតែ ៣ នាក់ប៉ុណ្ណោះ ដែលត្រូវបានកសាងឡើងធ្វើជាក្រសួងការបរទេស ក៏ដូចជាក្រសួងដទៃ។ សម្រាប់វិស័យសេដ្ឋកិច្ច ក៏កាន់តែគ្មានការផ្លាស់ប្តូរដោយឈរលើមូលដ្ឋាន នៃសេដ្ឋកិច្ច ដែលមានស្រាប់ និងបន្តកែទម្រង់ ដើម្បីឈានឆ្ពោះទៅរកការអភិវឌ្ឍបន្ថែមទៀត។ តួយ៉ាងដូចជាក្រុមហ៊ុនវឌ្ឍនៈ មិនមែនកើតក្រោយឆ្នាំ ១៩៩៣ ទេ គឺជាការកើតនៅក្នុងអតីតរដ្ឋកម្ពុជា។ នេះជាចំណុចដែលត្រូវមើលឃើញ ចាប់ផ្ដើមពីមូលដ្ឋាន នៃការរកស៊ីតូចតាច នៃវិស័យឯកជនរបស់យើង កាលពីសម័យកាលដ៏លំបាក ប៉ុន្តែយើងបានឈរលើទស្សនៈ ឈរលើគោលជំហរឯករាជ្យ ម្ចាស់ការបស់យើង ក្នុងពេលវេលាដែលលំបាក។

ប្រទេសនៅក្នុងតំបន់មានតែវៀតណាម និងឡាវដែលផ្ដល់ជំនួយដល់កម្ពុជា

ខ្ញុំគួរតែបញ្ជាក់នៅទីនេះ ប្រាប់អស់លោកអោយបានដឹងថា ពេលនោះ ខ្ញុំមានជម្រើសល្អរបស់ខ្ញុំដើម្បីការរស់រាននៃប្រទេសជាតិ។ ក្នុងការហ៊ុមព័ទ្ធស្ទើរតែទាំងស្រុង សម្រាប់ប្រទេសដ៏អភ័ព្វមួយនេះ (កម្ពុជាបានទទួលជំនួយពី)ប្រទេសក្នុងតំបន់ ត្រឹមវៀតណាម និងឡាវប៉ុណ្ណោះ។ នៅក្នុងតំបន់អាស៊ី យើងមានជំនួយត្រឹមតែពីឥណ្ឌា ដែលជាប្រទេសប្រជាធិបតេយ្យធំបំផុតមួយនៅក្នុងតំបន់អាស៊ី បានផ្ដល់ជំនួយសម្រាប់យើងបន្ទាប់ពីអ្នកស្រី Indira Gandhi បានឈ្នះឆ្នោតនៅឆ្នាំ ១៩៨០ ហើយទទួលស្គាល់រដ្ឋាភិបាលរបស់យើងនៅឆ្នាំ ១៩៨១។ ឯនៅលើពិភពលោក មានតែអតីតសហភាពសូវៀត និងបណ្ដាប្រទេសនៅក្នុងក្របខណ្ឌ COMECON តែប៉ុណ្ណោះ ដែលបានផ្ដល់ជំនួយចំពោះយើង។

ប្រើវិស័យឯកជនទម្លាយការហ៊ុមព័ទ្ធសេដ្ឋកិច្ច

ការហ៊ុមព័ទ្ធមិនបានខ្ទប់ដង្ហើមយើង​អោយស្លាប់នោះទេ។ ខ្ញុំបានប្រើប្រាស់វិស័យឯកជនទម្លាយរបងក្នុងការធ្វើទំនាក់ទំនងក្នុងវិស័យពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគពីខាងក្រៅ។ ពេលនោះ អ្នកដែលស្រែកខ្លាំងជាងគេអំពីដាក់ទណ្ឌកម្មកម្ពុជា ក៏ជាអ្នកដែលរកស៊ីជាមួយកម្ពុជាបានច្រើនផងដែរ។ ដូច្នេះចំណុចនេះ គួរតែត្រូវមានបទពិសោធន៍អំពីការដែលហៅថាទណ្ឌកម្ម។ យើងបានចាប់ផ្ដើមងើបឈរឡើង ហើយត្រូវគេចាប់ជ្រ​មុជក្បាលទៅក្នុងទឹក ដើម្បីអោយយើងស្លាប់ទៅវិញ។ ប៉ុន្តែយើងមិនអាចទទួលយកនូវសេចក្ដីស្លាប់នោះទេ។ ព្រោះថាប្រសិនបើមានការវិលត្រឡប់នៃរបប ប៉ុល ពត យើងកាន់តែគ្រោះថ្នាក់ជាងនេះទៅទៀត។

កំណែទម្រង់ចាប់ផ្ដើម សេដ្ឋកិច្ចផែនការ និងសេដ្ឋកិច្ចទីផ្សារដើរទន្ទឹមគ្នា

ដូច្នេះកិច្ចខិតខំប្រឹងប្រែងរបស់យើង គឺយើងបាននាំបានសម្រេចគោលដៅ ទម្រាំមាននូវកិច្ចព្រមព្រៀងទីក្រុង​ប៉ារីស យើងបានឈានដល់ជំហានថ្មីមួយ នៃការកែទម្រង់សេដ្ឋកិច្ច ដែលចាប់ផ្ដើមពីសេដ្ឋកិច្ចផែនការ​។  ក្នុងពេលដែលខ្ញុំកាន់តំណែងជានាយករដ្ឋមន្ត្រី ខ្ញុំចាប់ផ្ដើមធ្វើការកែទម្រង់ដ៏ម៉ឺងម៉ាត់ ហើយអន្តរកាលនៃសេដ្ឋ​កិច្ចផែនការ ដើម្បីឆ្ពោះទៅកាន់សេដ្ឋកិច្ចទីផ្សារ ត្រូវតែមានការគួបផ្សំរវាងសេដ្ឋកិច្ចផែនការ និងសេដ្ឋកិច្ចទីផ្សារ។ សូមសួរអ្នកទាំងអស់គ្នាដែលជាអ្នករកស៊ីនៅទីនេះ ហើយប្រិយមិត្តបរទេសដែលមកដល់កម្ពុជានៅពេលនេះ។​ តើយើងខ្ញុំបានអនុវត្តបែបណានូវវិធីសាស្ត្រសេដ្ឋកិច្ច កាលពីដំណាក់កាលដ៏លំបាកនោះ យើងខ្ញុំបើកអោយវិស័យឯកជនរស់រានមានជីវិត តាំងពីដំណាក់កាលដែលគេជេរយើងខ្ញុំថា ជាជនកុំម្មុយនីស្តឯណោះ។

នៅឯប្រទេសកុំម្មុយនីស្តគេហៅថា ជនសេរី ដល់ទៅប្រទេសសេរី គេហៅថា ជនកុំម្មុយនីស្ត

ខ្ញុំពិតជាមានវាសនាអភ័ព្វ នៅពេលដែលខ្ញុំទៅដល់ ទីក្រុងមូស្គូពេលនោះ ខ្ញុំមិនដែលបានជួប ឡេអូនីត ប្រេសណែវ (Leonid Brezhnev) ខ្ញុំមិនដែលបានជួបជាមួយ ហ្គ័របាឆូវ (Mikhail Gorbachev) ជាមួយនឹងគណៈប្រតិភូដទៃទៀត ដែលទៅពីបណ្ដាប្រទេសសង្គមនិយមទេ។ គេតែងតែដាក់ខ្ញុំជាមួយនឹងបណ្ដាប្រ​ទេសនៃគណៈប្រតិភូកំពុងអភិវឌ្ឍន៍ដទៃទៀត​ ដូចជា អង់ហ្គោឡា ម៉ូហ្សាំប៊ិច និងនីការ៉ាហ្គា ជាដើម ដែលត្រូវចូលជួបសម្ដែងការគួរសមជាមួយនឹងមេដឹកនាំសូវៀតកាលពីពេលនោះ ដោយគេចាត់ទុកថាប្រទេសកម្ពុជាមិនមែនជាប្រទេសនៅក្នុងទម្រង់ នៃប្រទេសកុំម្មុយនីស ឬក៏ប្រទេសសង្គមនិយមទេ។

នេះគឺជារឿងមួយ ប៉ុន្តែបន្ទាប់ទៅ ខ្ញុំធ្វើដំណើរទៅទៅក្រុងប៉ារីសនៅឆ្នាំ ១៩៨២ ហើយក្រោយមកទៅទីក្រុងប៉ារីសសាជាថ្មីម្តងទៀតនៅឆ្នាំ ១៩៨៤ ដើម្បីត្រៀមរៀបចំឲ្យការចរចាលើកដំបូង រវាងសម្តេចព្រះ នរោត្តម សីហនុ និងខ្លួនខ្ញុំក្នុងពេលដែលអតីតរដ្ឋមន្ត្រីការបរទេស Claude Cheysson គឺជារដ្ឋមន្ត្រីការបរទេស។ ខ្ញុំទៅដល់ទីក្រុងប៉ារីស ត្រូវគេហៅថាជាជនកុំម្មុយនីស្ត។ ដូច្នេះខ្ញុំជានរណាពិតប្រាកដ? នៅឯប្រទេសកុំម្មុយនីស្តគេហៅ ខ្ញុំថាជាជនសេរី ដល់ទៅប្រទេសសេរីគេហៅខ្ញុំថាជាជនកុំម្មុយនីស។ តើខ្ញុំជាអ្វី? តែអ្វីដែលខ្ញុំមានជំនឿពិតប្រាកដ គឺខ្ញុំជាតំណាងជាតិសាសន៍មួយ ដែលប្រកបដោយមោទនភាព ទោះអ្នកណាហៅខ្ញុំជាអ្វី ក៏ខ្ញុំមិនខ្វល់។ អ្វីដែលសំខាន់គឺ ហ៊ុន សែន នៅតែជា ហ៊ុន សែន ពិតប្រាកដតែប៉ុណ្ណោះ។

ម្ចាស់អគារវឌ្ឍនៈ ចាប់ផ្ដើមរកស៊ីរកអំបោះហុង

ខ្ញុំមានមោទនភាព ដោយសារជនរួមជាតិរបស់ខ្ញុំ បានរួមជាមួយខ្ញុំ​ងើបឈរឡើងទាំងលំ​បាក​លំបិន។ ប្រវត្តិរបស់ម្ចាស់អគារវឌ្ឍនៈនេះ ដែលវិនិយោគចំនួន ២៥០ លានដុល្លារ បូកជាមួយនឹងវឌ្ឍនៈគ្រុប បើខ្ញុំមិនច្រឡំទេ ក្រុមហ៊ុនមួយនេះ មានការវិនិយោគក្នុងកម្រិតទឹកប្រាក់ដល់ទៅពាន់លានដុល្លារទៅហើយ។ គេទាំងពីរនាក់ប្តីប្រពន្ធដ៏ថ្មីថ្មោង ចាប់ផ្តើមពីការរកស៊ីរកអំបោះហុង។ នេះគឺជារឿងពិត នៃប្រវត្តិនៃអ្នករកស៊ី ប្តីប្រពន្ធទាំងពីរនាក់នេះ បូកទាំងអ្នករកស៊ីអ្នកមានបាន ក្នុងប្រទេសកម្ពុជាគ្មានអ្នកណាមួយ ដែលមានដើមទុនធំទេ ក៏​ប៉ុន្តែចាប់ផ្តើមពីជំហានបន្តិចម្តងៗ។ វាមិនខុសទេនៅក្នុងពាក្យដែលគេនិយាយថា ( ដំណើររាប់ពាន់គីឡូ​ម៉ែត្រ ត្រូវចាប់ផ្តើមពីមួយជំហាន) នេះគឺជារឿងពិត។

ចាប់ផ្ដើមពីបាតដៃទទេ ផលវិបាករបប ប៉ុល ពត ការហ៊ុមព័ទ្ធទណ្ឌកម្មចំពោះអ្នកក្រ

​យើងខ្ញុំចេញពីស្ថានភាពខុសពីគេពីឯង ទាំងរដ្ឋទាំងប្រទេសជាតិ និងទាំងក្រុមគ្រួសារនីមួយៗ។ ប្រទេសដទៃ គេមានការផ្លាស់ប្តូរពីគណបក្សនយោបាយចាស់ ទៅកាន់គណបក្សនយោបាយថ្មី នៅលើនៃមូលដ្ឋានសម្ភារៈបច្ចេកទេសដែលមានស្រាប់។ ប៉ុន្តែយើងខ្ញុំបានចាប់ផ្តើមពីបាតដៃទទេ ជាមួយនឹងផលវិបាករាប់មិនអស់ ដែលបានបន្សល់ពីរបប ប៉ុល ពត និងពីសង្គ្រាមជាមួយនឹងផលវិបាក ដែលសង្គ្រាមនៅតែបន្តញាំញីសម្រាប់ប្រទេសនេះ ជាមួយនឹងផលលំបាក នៃការដែលត្រូវគេដាក់ឲ្យឯកោ​។ ជាងនេះទៅទៀតរឿងដែលឈឺចាប់បំផុត គឺការប្រគល់អាសនៈឲ្យ ប៉ុល ពត អង្គុយនៅទីនោះជាង ១០ ឆ្នាំ ពេលដែលជនរងគ្រោះរាប់លាននាក់នៅទីនេះ មិនត្រូវទទួលការសណ្តោសប្រណីណាមួយនោះទេ។ មិនខុសទេ​​ ដែល(តំណាងអង្គការ) Oxfam ធ្វើការនៅកម្ពុជា ដែលខ្ញុំនៅចាំឈ្មោះថា អេវ៉ា និង Onesta បានសរសេរសៀវភៅមួយគឺទណ្ឌកម្មចំពោះអ្នកក្រ។

ចាប់ផ្តើមពីការដោះដូរទំនិញ

យើងខ្ញុំពិតជាកម្សត់ណាស់ ក្នុងការចេញដំណើរទាំងវិស័យរដ្ឋ និងឯកជន។ អ្នករកស៊ីដែលមានប្រាក់រាប់ រាប់សិប ឬរាប់លានដុល្លារសព្វថ្ងៃនេះ បានចាប់ផ្តើមចេញដំណើរបន្តិចម្តងៗ ហើយពេលនោះ យើងខ្ញុំគ្មានរូបិយប័ណ្ណប្រើប្រាស់ទេ។ យើងខ្ញុំប្រើប្រាស់រូបភាពដោះដូរវត្ថុ និងវត្ថុ ដោះដូរទំនិញ។ នេះជាស្ថានភាពពិត។ ខ្ញុំកាន់តែមានមោទនភាព ព្រោះថា អ្វីៗតាំងពីការចាប់ផ្តើមរហូតមកដល់ពេលនេះ ផ្សារភ្ជាប់នឹងតួអង្គរបស់ ហ៊ុន សែន ជាប់ជានិច្ច។ មិនមែនគ្រាន់ជាការដែលខ្ញុំមកទទួលស្នងមរតកពីដំណាក់កាលរុងរឿងណាមួយនោះទេ ក៏ប៉ុន្តែខ្ញុំបានជម្នះដោយយកជីវិតក្បាលរបស់ខ្ញុំធ្វើដើមទុន រំដោះប្រទេសនេះចេញពីរបប ប៉ុល ពត។ សល់តែប៉ុន្មានថ្ងៃទៀត នឹងដល់ខួបលើកទី ៤១ នៃការដែលខ្ញុំយកជីវិតធ្វើដើមទុនរំដោះប្រទេសនេះ។

ការធ្វើការកែទម្រង់ ត្រូវប្រឈមនឹងការលំបាក ៣ យ៉ាង

ខ្ញុំក៏បានប្តូរផ្តាច់ បើទោះបីជាឧបសគ្គយ៉ាងណាក៏ដោយ នៅក្នុងពេលដែលខ្ញុំធ្វើការកែទម្រង់ ខ្ញុំត្រូវប្រឈមនឹងការលំបាក ៣ យ៉ាង ដែលអស់លោកអាចនឹងយល់ដឹង។ ទី១ ផ្ទៃក្នុងខ្លួនឯងអត់ទាន់យល់ អ្វីទៅដែលហៅថាការចរចា? ដែលហៅថាសេដ្ឋកិច្ចទីផ្សារ? នេះជាមហន្តរាយសម្រាប់ជីវិតរបស់ ហ៊ុន សែន តែម្តង។​ ប្រសិនបើផ្ទៃក្នុងមិនទាន់យល់​ រឿងនេះវាលំបាកណាស់ នៅប្រទេសរបស់យើង។ និយាយពីចម្បាំង គឺគិតតែពីច្បាំងដោយគ្មានគិតអំពីដំណោះស្រាយនយោបាយ។ ខ្ញុំមិនជឿទាល់តែសោះហើយ នូវការយកសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមនោះ។ ខ្ញុំត្រូវរកឱកាសដើម្បីធ្វើការចរចា ទោះបីទៅទីណាក៏ដោយ ថ្ងៃនេះមានអគ្គរដ្ឋទូតបារាំងនៅទីនេះ។ អរគុណតាមរយៈលោកជំទាវ ដែលបានរៀបចំឲ្យខ្ញុំមានជំនួបចរចាលើកដំបូង សីហនុ ហ៊ុនសែន ហ្វែអង់តាដឺន័រ។ ប៉ុន្តែ លោកជំទាវក៏អាចដឹងដែរថា ខ្ញុំជួបការលំបាកខាងក្នុងរបស់ខ្ញុំនេះមិនតិចទេ។ ចំពោះសេដ្ឋកិច្ច ខ្ញុំត្រូវធ្វើកំណែទម្រង់ចេញពីសេដ្ឋកិច្ចផែនការទៅកាន់សេដ្ឋកិច្ចទីផ្សារ អ្នកមួយចំនួនមិនទាន់យល់ ដូច្នេះផ្ទៃក្នុងមិនទាន់យល់នេះជាមហន្តរាយមួយសម្រាប់ជីវិតរបស់ខ្ញុំ។

ទី២ កងទ័ពវៀតណាមនៅកម្ពុជា។ ពេលនោះ មានតួទាទីដើម្បីការពារ ការជួយប្រជាជកម្ពុជា ដើម្បីទប់ស្កាត់​ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ប៉ុន្តែជាសំណាងល្អ វៀតណាមមិនបានចាប់បង្ខំណាមួយឲ្យកម្ពុជា សម្រេចចិត្តខាងនយោបាយតាមខ្លួននោះទេ នៅពេលដែលវៀតណាមមិនទាន់មានការកែទម្រង់ តាមរយៈដែលហៅថា ដូយមើយ (នៅឡើយ)។ ពិតណាស់ វៀតណាមធ្វើសេដ្ឋកិច្ចផែនការ ក្នុងពេលដែលកម្ពុជាធ្វើសេដ្ឋកិច្ចទីផ្សារ។ ប៉ុន្តែវៀតណាមបានគោរពឯករាជ្យអធិបតេយ្យភាពរបស់យើង ផ្តល់ឲ្យ​យើងនូវការសម្រេចចិត្តខាងនយោបាយដោយខ្លួនឯង ទាំងការកែទម្រង់នយោបាយ ទាំងការកែទម្រង់ខាងសេដ្ឋកិច្ច ជាភ័ព្វសំណាងរបស់កម្ពុជា។

គ្រោះថ្នាក់ទី ៣ របស់ខ្ញុំនៅត្រង់ថាកាលពេលនោះ ជំនួយដែលធំរបស់យើង គឺបានមកពីអតីតសហភាពសូវៀត និងពីបណ្តាប្រទេសនៅអឺរ៉ុបខាងកើត។​ នៅក្នុងក្របខណ្ឌ កូមេកុង (COMECON) ពេលនោះសូវៀតមិនទាន់មាន​ ប៉េរ៉េស្ត្រយកា (Perestroika) នោះទេ។ ប្រសិនបើសូវៀតពេលនោះ ដាក់ការគាបសង្កត់ណាមួយមកកាន់កម្ពុជា គឺប្រាកដជាមានការលំបាកសម្រាប់ខ្ញុំ ហើយពេលនោះ កម្ពុជាក៏ស្ថិតក្នុងរបៀបវារៈនៃការចរចារវាងមហាអំណាចផងដែរ ដែល(គេ)ត្រូវការដោះដូរគ្នា។

ពុះពាររកសន្តិភាព និងការអភិវឌ្ឍ មិនរាថយ

ប៉ុន្តែជីវិតរបស់ខ្ញុំអាចចាត់ទុកថាជាជីវិតដ៏ថ្លៃ ឆ្លងកាត់សង្គ្រាម ១០៥ លើក ត្រឹមតែត្រូវរបួស ៥ ដង និងពិការភ្នែកម្ខាងឆ្លងកាត់របប ប៉ុល ពត កំសត់ និងសោកនាដកម្មរាប់មិនអស់។ ប៉ុន្តែអ្វីដែលកាន់តែធ្ងន់ធ្ងរ គឺកំណែទម្រង់ដែលខ្ញុំបានធ្វើ ត្រូវជួបជាមួយនឹងឧបសគ្គ និងមុខព្រួញបី ដែលតម្រង់ឆ្ពោះមករកយើង។ ខ្ញុំមិនបានបន្ថយនូវការខិតខំណាមួយនោះទេ។ យើងប្រឹងរកសន្ដិភាព។ យើងប្រឹងរកទាំងការអភិវឌ្ឍ។ ឥឡូវ វិស័យ​ឯកជនរបស់កម្ពុជា បានរីកចម្រើនធំធាត់។ ខ្ញុំគិតថា (ជារឿង)ល្អជាណាស់ ដែលពួកគេមិនបានភ្លេចនូវដើមកំណើតចេញពីទីណា ដូចជាការរំលឹករបស់លោកជំទាវ ឃុន លាង។ ខ្ញុំអរគុណជាមួយនឹងការរំលឹកបែបនេះ។ គំនរផេះផង់នៅក្នុងទីក្រុងភ្នំពេញ យើងអាចនៅមើលឃើញតាមរយៈនៃខ្សែភាពយន្ត ឬវីដេអូ ដែលកើតឡើងនៅពេលនោះ។ ពេលនោះ មានកង់ ស្មើនឹងម៉ូតូនៅថ្ងៃនេះ។ មានម៉ូតូនៅថ្ងៃនោះ ស្នើនឹងមានឡាននៅថ្ងៃនេះ។ មានឡាននៅថ្ងៃនេះ ​ស្នើនឹងមានឧទ្ធម្ភាគចក្រ ឬយន្តហោះនៅថ្ងៃនេះ។​

ឧទ្ធម្ភាគចក្រផ្ទាល់ខ្លួន អាចអោយរាជរដ្ឋាភិបាលខ្ចីជាមធ្យោបាយជួយសង្គ្រោះពេលមានអាសន្ន

… ឯកឧត្តម អស់លោក លោកឧកញ៉ា មានប្រាក់កាសហើយ គួរតែអាចនឹងចំណាយធនធានខ្លះ ដើម្បីទិញឧទ្ធម្ភាគចក្រយកមកជិះ។ ខ្ញុំនិយាយយ៉ាងដូច្នេះ កុំថាខ្ញុំជាអ្នកឆ្លាត ឬខ្ញុំចង់អោយអស់លោកក្លាយទៅជាអ្នក​ជិះឧទ្ធម្ភាគចក្រ ឬយន្តហោះដែរ។ រាជរដ្ឋាភិបាលក៏អាចមានផលប្រយោជន៍ពីការដែលអស់លោកទិញ​ឧទ្ធម្ភាគចក្រប្រើប្រាស់ក្នុងប្រទេស​។ វាចំណេញពេល។ ប៉ុន្តែ នៅពេលដែលរាជរដ្ឋាភិបាលត្រូវការ ដូចជាអន្តរាគមន៍ចំពោះគ្រោះទឹកជំនន់ និងអន្តរាគមន៍ដទៃទៀត​ រាជរដ្ឋាភិបាលក៏អាចប្រមូលឧទ្ធម្ភាគចក្រទាំងនោះ មកប្រមូលផ្ដុំជួយសកម្មភាពរបស់រាជរដ្ឋាភិបាល។ កុំថាខ្ញុំកេងចំណេញពីវិស័យឯកជន។ ខ្ញុំលើកទឹកចិត្តអោយមានការនាំចូលនូវឧទ្ធម្ភាគចក្រសម្រាប់ការជិះ ព្រោះលុយច្រើនណាស់ទៅហើយ ល្មមទិញទៅ ៤-៥ លានដុល្លារសហរដ្ឋអាមេរិក ឧទ្ធម្ភាគចក្រមួយនោះ។ ទិញយកមក រួចហើយអាចអោយកងទ័ពជើងអា​កាសគេជួយគ្រប់គ្រង និងជួយហ្វឹកហាត់បើកបរផងដែរ។ អាចផ្ដល់នូវការងារ ហើយសម្រួលទៅដល់ការជួយធុរកិច្ចរបស់ខ្លួនទៀត។ ពីទីនេះទៅបាត់ដំបង ធម្មតាជិះ ៥ ម៉ោង តែ(បើជិះ)ឧទ្ធម្ភាគចក្រ ជិះត្រឹមតែជាងមួយម៉ោង អាចទៅដល់។ រាជរដ្ឋាភិបាលក៏ទទួលផលចំណេញមកវិញ នៅពេលដែលកើតមានគ្រោះមហន្តរាយណាមួយ អាចប្រមូលផ្ដុំនូវមធ្យោបាយទាំងនោះ ដើម្បីសង្រ្គោះប្រជាពលរដ្ឋ។

វឌ្ឍនភាព វឌ្ឍនៈកាពីតាល់

ឥឡូវខ្ញុំវិញមកនិយាយអំពីអគារវឌ្ឍនៈចំតែម្ដង។ ខ្ញុំមានការបារម្ភណាស់ក្នុងឋានៈជាឆ្មបបង្កើតវាឡើង។ ខ្ញុំមិនមែនជាឪពុកម្ដាយវាបង្កើតទេ។ ម្ដាយបង្កើត ឪពុកបង្កើតរបស់វា គឺអង្គុយនៅទីនេះ។ ត្រូវហើយ លោកជំទាវបាននិយាយថា លោកឧកញ៉ា សំអាង ជាសហស្ថាបនិក។ ត្រូវហើយ សហស្ថាបនិកមិនមែនគ្រាន់តែអគារវឌ្ឍនៈទេ កូនទាំងបីហ្នឹង ក៏ជាសហស្ថាបនិកដែរ ព្រោះបើមិនមានសហស្ថាបនិកទេ កូនហ្នឹងចាប់ជាតិមកពីត្រង់ណា?​ ប៉ុន្តែ នៅពេលដែលចាប់ផ្ដើមកសាងអគារនេះ វិបត្តិសេដ្ឋកិច្ច ហិរញ្ញវត្ថុ បានចាប់ផ្ដើម។ បើសិនមិនអាចមានអគារនេះកើតឡើង ខ្ញុំគិតថា វាអាចជាការបរាជ័យមួយសម្រាប់ខ្លួនខ្ញុំដែរ។ ប៉ុន្តែ តាមរយៈនូវការខិតខំរបស់វឌ្ឍនៈគ្រុប បានបង្កើតនូវអគារវឌ្ឍនៈនេះ នៅក្នុងពេលដ៏លំបាក។ ពេលនោះ វិស័យអចលនទ្រព្យនៅកម្ពុជាចាប់ផ្ដើមទ្រឹង ប៉ុន្តែអគារវឌ្ឍនៈនៅតែបន្ត ហើយចេញជារូបរាងនៅទីនេះ។ ដូច្នេះ ខ្ញុំមានអំណរសាទរ និងកោតសរសើរចំពោះវឌ្ឍនៈគ្រុ​ប ដែលបានប្រឹងប្រែងរួមចំណែកកសាងនូវអគារដ៏ល្អ ដែលបង្ហាញពីស្នាដៃកូនខ្មែរ បង្ហាញពីអ្នកវិនិយោគិនខ្មែរ ដែលបានប្រឹងប្រែងងើបពីគំនរផេះផង់ នាំមកនូវវឌ្ឍនភាព រួមជាមួយនឹងក្រុមហ៊ុនដទៃទៀត ដែលមាននៅក្នុងប្រទេសកម្ពុជា រួមជាមួយដៃគូដែលមកវិនិយោគពីខាងក្រៅប្រទេស ធ្វើអោយប្រទេសយើងបានប្រែមុខមាត់យ៉ាងខ្លាំង។

រាជធានីភ្នំពេញ អភិវឌ្ឍបែបស៊ីជម្រៅ

ទីក្រុងភ្នំពេញដែលពីក្នុងឆ្នាំ ១៩៧៩ មានត្រឹមតែជាង ៣០០ គីឡូម៉ែត្រការ៉េ ឥឡូវទីក្រុងភ្នំពេញបានឈានទៅដល់ជាង ៦០០ គីឡូម៉ែត្រការ៉េរួចស្រេចទៅហើយ បានក្លាយមួយទៅជាពីរ ហើយមិនមែនគ្រាន់តែជាការបើកអភិវឌ្ឍតាមបែបទូលាយនោះទេ ក៏ប៉ុន្តែវាក៏មានការអភិវឌ្ឍតាមបែបស៊ីជម្រៅ។ ការបើកទូលាយ គឺចាប់ផ្ដើមពីការដែលរាជធានីមួយមានទំហំផ្ទៃដីតែជាង ៣០០ គីឡូម៉ែត្រការ៉េ ទៅជាទីក្រុងមួយដែលរីកចម្រើន​រហូតទៅដល់ជាង ៦០០ គីឡូម៉ែត្រការ៉េ។ នេះតាមរយៈនៃការកាត់ដីបណ្ដាខេត្ត បណ្ដាឃុំនានានៃខេត្តកណ្ដាល កាត់មកអោយទីក្រុងភ្នំពេញ ដែលចាប់ផ្ដើមខ្ញុំធ្វើជានាយករដ្ឋមន្រ្តី ចុះហត្ថលេខាមិនតិចជាង ៤ ដងទេ ដែលកាត់ដីពីខេត្តកណ្ដាល ចូលមកអោយទីក្រុងភ្នំពេញ។

ឯការអភិវឌ្ឍតាមបែបស៊ីជម្រៅវិញ កាលពីដើម ដីមួយហិកតាមានសំណង់ត្រឹមតែ ២០០០ ឬទៅ ៥០០០ ម៉ែត្រការ៉េ តែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ ដីមួយហិកតាដដែល គឺមានសំណង់ ៥ ម៉ឺនម៉ែត្រការ៉េ ហើយនៅទីនេះមានទំហំដីទៅដល់ជាង ៨ ម៉ឺនម៉ែត្រការ៉េ យើងមានទំហំអគាររហូតទៅដល់ ១៣ ម៉ឺនម៉ែត្រការ៉េ។ នោះហើយ ដែលខ្ញុំចង់និយាយអំពីការអភិវឌ្ឍតាមបែបស៊ីជម្រៅ។ មុននេះ ដូចជាតំបន់អូរបែកក្អម គឺផ្ទះមួយនៅលើផ្ទៃដីមួយហិកតា ជាផ្ទះឈើ។ ឥឡូវ ដីមួយហិកតាដដែល គេអាចធ្វើទៅដល់ ៥ ម៉ឺនម៉ែត្រការ៉េឯណោះ …។

សូមវិនិយោគិន ប្រើប្រាស់ឱកាសកម្រ បន្តអភិវឌ្ឍ

រីកចម្រើនយ៉ាងនេះ ប៉ុន្តែវាមិនទាន់ស្កប់ស្កល់សម្រាប់យើងទេ។ យើងត្រូវទាក់ទាញនូវការវិនិយោគបន្ថែមពីអ្នក​អស់គ្នា ជាពិសេសអ្នកវិនិយោគិននៅក្នុងស្រុក។ ខ្ញុំចង់អោយអ្នកទាំងអស់គ្នាប្រើប្រាស់ឱកាសដែលយើងមានដោយកម្រ ដែលបានមកពីសុខសន្ដិភាពនៅក្នុងប្រទេសរបស់យើង ដែលបានបាត់បង់រាប់សិបឆ្នាំ ឬរហូតរាប់រយឆ្នាំមកហើយនោះ បន្តការអភិវឌ្ឍតទៅទៀត តាមរយៈការវិនិយោគបន្ថែមទៅលើអី្វដែលជាមុខសញ្ញាសម្រាប់ការវិនិយោគ។ យើងអំពាវនាវអោយមានការវិនិយោគពីខាងក្រៅ ដោយគ្មានការរើសអើង ហើយគ្មានការបែងចែករវាងអ្នកនៅក្នុងស្រុក និងក្រៅស្រុកនោះទេ។

អគារវឌ្ឍនៈកាពីតាល់ អគារពាណិជ្ជកម្មលំដាប់ពិភពលោក

យើងពិតជាមានមោទនភាពជាមួយនឹងការរីកចម្រើនទាំងនេះ។ ខ្ញុំសង្ឃឹមថា វឌ្ឍនៈគ្រុប នឹងបន្តឈានឡើងតទៅទៀត ជាមួយនឹងក្រុមហ៊ុននានានៅក្នុងប្រទេសរបស់យើង ដែលមកដល់ពេលនេះ បណ្ដាសហគ្រាសរាប់ម៉ឺនសហគ្រាស បានកើតឡើងនៅទូទាំងប្រទេស។ គ្រាន់តែក្រុមហ៊ុនមួយនេះ ក៏បានដោះស្រាយការងារធ្វើរហូតទៅដល់ជាង ២ ម៉ឺននាក់ ដែលនេះ ជាផ្នែកដ៏សំខាន់ជួយដោះស្រាយការងារធ្វើសម្រាប់យុវជន។ ខ្ញុំគិតថា ម្ហូបអាហារបានត្រៀមរួចរាល់ហើយ មិនគួរខ្ញុំបន្តវែងឆ្ងាយទៀតនោះទេ។ ក៏ប៉ុន្តែខ្ញុំអាចនឹងនិយាយដោយមោទនភាពថា ថ្ងៃនេះ ខ្ញុំមានវត្តមានលើកទី ៤ នៅទីនេះ។ លើកទី ១ និងលើកទី ២ ខ្ញុំចូលទៅមើលហាងទំនើបរបស់គេ ហើយខ្ញុំពិតជាមានការពេញចិត្ត ដែលម៉ាកល្បីៗមួយចំនួន បានចូលមកកាន់ព្រះរាជាណាចក្រកម្ពុជា ជាពិសេស នាឡិកាដៃ កាបូប។ នាឡិកាដៃ មានដូចជា ១១ ម៉ាក ដែលបានមកកាន់ទីនេះ។ កាលមុននេះ គេទៅហុងកុង ដើម្បីទិញទំនិញ។ ក្រោយមកនេះ គេទៅសាំងហ្គាពួរ ដើម្បីទិញទំនិញ។

ខ្ញុំសង្ឃឹមថា ថ្ងៃក្រោយ កម្ពុជាក៏ជាគោលដៅនៃការមកទស្សនកិច្ចផង និងមកទិញទំនិញផង។ ដូច្នេះហើយ បានជាខ្ញុំបានណែនាំទៅអោយក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ រៀបចំបែបបទ ដើម្បី គេហៅថា ទិញដើម្បីនាំចេញទៅក្រៅប្រទេស។ ត្រូវគិត TAX ​អោយគេយកទៅប្រើប្រាស់នៅក្រៅប្រទេស។ មានម៉ាកល្បីៗ នៅខាងក្រោមច្រើន។ នេះមិនមែនជាអភិជនទេ។ នៅប្រទេសណាក៏ដោយ វាមានការផលិតតាមបែបបរិមាណ និងមានការផលិតតាមរបៀបគុណភាព។ អ្នកខ្លះរស់នៅសណ្ឋាគារ គិតគូរអំពីសណ្ឋាគារផ្កាយ ៥។ អ្នកខ្លះមិនបានគិតគូរទៅដល់ហ្នឹងទេ ត្រឹមតែសណ្ឋាគារផ្កាយ ២ ឬ ៣ គេនៅបាន។ អ្នកខ្លះពាក់នាឡិកាថ្លៃ អ្នកខ្លះពាក់នាឡិកាថោក។ ជារឿងធម្មតាខ្លាំងណាស់នៅលើពិភពលោកនេះ មិនគ្រាន់តែនៅកម្ពុជា។ ទំនិញប្រើប្រាស់ក៏ដូចគ្នា។ សូម្បីតែគ្រឿងស្រវឹង អ្នកខ្លះផឹកស្រាស អ្នកខ្លះផឹកស្រាក្រហម ស្រាយទំពាំងបាយជូស ឆ្ងាញ់របស់បារាំង។ ជារឿងធម្មតាខ្លាំងណាស់។ យើងត្រូវផលិតទាំងពីរ ទាំងសំរាប់អ្នកមានតម្រូវការខាងបរិ​មាណ និងអ្នកមានតម្រូវការខាងគុណភាព។

ខ្ញុំអរគុណជាមួយនឹងការយកចិត្តទុកដាក់ទៅលើស្ដាប់។ មិនមែនជាការផ្ដល់នូវសុន្ទរកថាទេ ក៏ប៉ុន្តែដោយ​សារមានការរំភើបចិត្តជាមួយនឹងការកើតឡើងនៅក្នុងដំណើរជីវិតរបស់ខ្ញុំ ជាមួយនឹងការកើតឡើងនៃសមិទ្ធផលនានា ដែលវាមិនអាចកាត់ថ្លៃចេញពីតួនាទីរបស់ខ្ញុំបាននោះ បានជាខ្ញុំត្រូវផ្ដល់នូវការលើកឡើងពីប្រវត្តិខ្លះដែលទាក់ទងជាមួយនឹងដំណើររឿងរ៉ាវនៃជីវិតដឹកនាំប្រទេសចេញពីសង្រ្គាម ចេញពីគំនរផេះផង់ មកកាន់សន្ដិភាព និងការអភិវឌ្ឍ ដែលយើងត្រូវរួមគ្នាថែទាំបន្តទៀត។ជាមួយនឹងការប្រកាសសម្ពោធដាក់អោយដំណើរការជាផ្លូវការនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈកាពីតាល់ និងសណ្ឋាគារ រ៉ូសវ៉ូដ សូមជូនពរសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សូមប្រកប​ដោយ​ពុទ្ធពរ និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ