សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច

នៅព្រឹកថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ចប្រមាណ ៣,៣៤៩នាក់ នឹងមាននារី ១,៤៤៩នាក់ ដែលមានកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រ ជាន់ខ្ពស់ក្នុងនោះក៏មាននិស្សិតជ័យលាភីដែលទទួលអាហារូបករណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រីចំនួន ៣១នាក់ (នារី ១៤នាក់)ផងដែរ ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលលកោះពេជ្រ រាជធានីភ្នំពេញ។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយក្រៃលែងដែលបានអញ្ជើញប្រគល់សញ្ញាបត្រ ដល់និសិ្សតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ចនាពេលព្រឹកនេះ។ ចាប់តាំងពីឆ្នាំ១៩៩៦មក សម្តេចតេជោ បានអញ្ជើញប្រគល់សញ្ញាបត្រដល់និសិ្សតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ចនេះចំនួន ១៨លើករួចមកហើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍន៍រីកចម្រើនរបស់សាកលវិទ្យាល័យនេះដែលបានរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា។ សម្តេចតេជោ ក៏បានមានប្រសាសន៍ផងដែរថាថ្វីត្បិតតែលទ្ធផលបោះឆ្នោតមិនទាន់ដឹងយ៉ាងណា តែរាជរដ្ឋាភិបាលនៅតែចាត់ទុកវិស័យអប់រំជាវិស័យអាទិភាពមុខគេក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើននៅក្នុងចំណោមវិស័យសំខាន់ៗ៤រួមមាន ១)ធនធានមនុស្ស ២)ទឹក ៣)ផ្លូវ និង ៤)ភ្លើង។ ដើម្បីជំរុញវិស័យអប់រំនេះឲ្យកាន់តែរីកចម្រើនប្រកបដោយគុណភាព គឺយ៉ាងហោចណាស់ឃុំ១ ត្រូវមានអនុវិទ្យាល័យ១ ស្រុក១អាចមានវិទ្យាល័យច្រើន ហើយខេត្ត១ត្រូវមាន សាលកវិទ្យាល័យ១ សម្រាប់បណ្តុះបណ្តាលធនធានមនុស្សរបស់យើង។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា មន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាយើងមួយចំនួនក៏ជា អតីតនិស្សិតដែលបានសិក្សានៅសាកលវិទ្យាល័យនេះដែរហើយកំពុងកាន់មុខងារសំខាន់ៗមួយចំនួន។ សាលកវិទ្យាល័យនេះ មិនត្រឹមតែមាននិស្សិតខ្មែរ សិក្សានោះទេតែក៏មាននិស្សិតបរទេសបាននិងកំពុងសិក្សាផង ដែរដូចជា និស្សិតចិន អាមេរិក ជប៉ុន បារាំង អង់គ្លេស កូរ៉េ ឡាវ វៀតណាម ម៉ាលី ម៉ារ៉ុក ទុយនេស៊ី ហ្វីលីពីន ។ល។ ហើយថ្ងៃនេះគឺមាននិស្សិតជ័យលាភីបរទេសចំនួន២៣នាក់ដែលបានមកទទួលសញ្ញាបត្រ ក្នុងនោះមាន បារាំង១៨នាក់ ម៉ារ៉ុក០២នាក់ អង់គ្លេស០១នាក់ ម៉ាលី០១នាក់ និងទុយនេស៊ី០១នាក់។

សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកពីការតស៊ូរំដោះប្រទេសជាតិ តាមរយៈ ជ័យជំនៈដែលរំដោះប្រទេសជាតិរួចផុតពីរបបប្រស័យពូជសាសន៍ប៉ុលពតនៅក្រោមនយោបាយឈ្នះ-ឈ្នះ ដែលបានបង្រួបបង្រួមជាតិ និងផ្តល់នូវសុខសន្តិភាពមកដល់សព្វថ្ងៃនេះ។ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នាថែរក្សាសន្តិភាពឲ្យបានគង់វង្ស។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានកោតសរសើរ និងអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូតទទួលបានជោគជ័យនៅថ្ងៃនេះ។ សម្តេចតេជោ ក៏បានជូនពរដល់ក្មួយៗជ័យលាភីទាំងអស់ទទួលបានជោគជ័យថ្មីៗជាបន្តបន្ទាប់ទៀតនៅក្នុងជីវិត។ ព្រមទាំងបានជូនពរដល់សាលកវិទ្យាធិការ សាស្ត្រាចារ្យ និង និសិ្សត និងក្រុមគ្រួសារដែលបាន ចួលរួមថ្ងៃនេះជួបតែសេចក្តីសុខចម្រើន ព្រមទាំងពុទ្ឋពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិត ដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ច និងបានថតរូបអនុស្សាវរីយ៍ជាមួយនិស្សិតក្នុងបរិយាកាសសប្បាយរីករាយនិងស្និទ្ឋស្នាលក្រៃលែង៕

(*ចំពោះខ្លឹមសារពិស្តារគឺមាននៅក្នុងវីដេអូនៃការផ្សាយផ្ទាល់ដែលបានបញ្ចប់នៅមុននេះបន្តិច)

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ