សម្រង់សុន្ទរក​ថា​​សម្ដេច​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបើកការដ្ឋានធ្វើអោយប្រសើរឡើងផ្លូវជាតិលេខ ៥ ភាគខាងត្បូងព្រែកក្តាម-ធ្លាម្អម

CNV: 

  • ឯកឧត្តម HIDEHISA HORINOUCHI អគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា!
  • សម្តេច ឯកឧត្តម លោកជំទាវ​ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួម នៅក្នុងឱកាសនេះ ជាទីគោរពនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ!

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិ ដើម្បីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៥ ពីព្រែកក្តាមទៅដល់ធ្លាម្អម នៃខេត្តពោធិ៍សាត់ ដែលមានប្រវែង ១៣៥ គីឡូម៉ែត្រ ដែលស្ថិតនៅក្នុងក្របខណ្ឌ នៃផ្លូវជាតិលេខ ៥ ទាំងមូល ពីព្រែកក្តាម ទៅកាន់ប៉ោយប៉ែតជាប់ព្រំប្រទល់ថៃ ដែលមានប្រវែង ៣៧០ គីឡូម៉ែត្រ។

ប្រសិទ្ធពរចំពោះបងប្អូនសាសនិកឥស្លាមក្នុងពិធីបួសរ៉ាម៉ាដន

មុននឹងចូលដល់ខ្លឹមសារ ដោយសារតែកាលពីថ្ងៃព្រហស្បតិ៍ កន្លងផុតទៅនេះ បងប្អូនសាសនិកឥស្លាម​បានចូលពិធីបួស ដែលហៅថា រ៉ាម៉ាដន ខ្ញុំសុំយកឱកាសនេះ សូមប្រសិទ្ធពរជូនចំពោះបងប្អូន ឥស្លាមទាំងអស់ សូមឱ្យព្រះអាឡោះប្រទានពរជ័យ​ សម្រាប់បងប្អូននៅក្នុងពិធីបួសនេះ។ ពិតហើយ ពិធីសាសនាខាងព្រះពុទ្ធសាសនាមានច្រើនណាស់ ប៉ុន្តែ ខាងសាសនិកឥស្លាមទើបនឹងចាប់ផ្តើម ហើយតំណមរបស់បងប្អូនឥស្លាមនៅពេលនេះ សូម្បីតែលេបទឹកមាត់ក៏លេបមិនបានផង … រហូតទៅដល់ល្ងាច(ពេល)ថ្វាយបង្គំឯណោះ ទើបបានទទួលទានអាហារ។ និយាយរួម អ្នកណាក៏បួសដែរ …។

មានឈ្មោះជាភាសាជប៉ុន តែអត់ចេះនិយាយភាសាជប៉ុន

អរគុណចំពោះឯកឧត្តមអគ្គរាជទូត ដែលអម្បាញ់មិញ បានអានសុន្ទរកថាកាន់តែច្បាស់ទៅៗ ជាភាសាខ្មែរ ដែល​ខ្ញុំគិតថា នេះគឺជាការមួយដែលមើលឃើញ(ថា) ឯកឧត្តមយកចិត្តទុកដាក់ទៅលើចំណងទាក់ទងមិត្តភាព​ រវាងកម្ពុជា-ជប៉ុន ហើយបានប្រឹងប្រែងរៀនភាសាខ្មែរ អានភាសាខ្មែរ។ ឯកឧត្តមអានចេញជាសម្លេងមក គឺច្បាស់ណាស់ សម្រាប់ការស្តាប់​ ហើយការយល់របស់យើងតែម្តង។ ប៉ុន្តែ សម្រាប់ខ្ញុំ គឺបានត្រឹមតែ អារីកាតុ ហ្នឹង ប៉ុណ្ណឹង។ ទៅប្រទេសជប៉ុនតាំងពីឆ្នាំ ១៩៩០ កាលពេលនោះ ទៅចុះហត្ថលេខាបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៅតូក្យូ គឺតាំងពីនោះរហូតមកដល់ឥឡូវ ចេះត្រឹមតែ អារីកាតុ … ក្រៅពីនោះមានតែ កាំប៉ៃ។ តែគេលើកមក គឺកាំប៉ៃ … គេថាផឹកអស់។ ប្រើគ្រាប់ភ្នែកជប៉ុន ហើយមានឈ្មោះជប៉ុនទៀត ឈ្មោះ យ៉ាម៉ាអ៊ូឈិ អ៊ីជីរូ នៅក្នុងមន្ទីរពេទ្យ ព្រោះអាហ្នឹងគេរក្សា(ការ)សម្ងាត់ខាងឯកសារពេទ្យ។ ឯចំពោះប្រពន្ធខ្ញុំឈ្មោះ យ៉ាម៉ាអ៊ូឈិ កាស៊ីកូ … រួចហើយអត់ចេះជប៉ុនមួយម៉ាត់ …។

កំណាត់ផ្លូវទី ១ បាត់ដំបង/សិរីសោភ័ណ បើកការដ្ឋានថ្ងៃ ២៦ មីនា ២០១៨

ប្រហែលជានៅក្នុងស្ថានភាពរយៈពេល ១០ ឆ្នាំ ទៅមុខ ផ្លូវនេះ គឺជាផ្លូវតែមួយគត់ដែលអាចថា ជាផ្លូវដែលល្អជាងគេ ដោយសារតែចាប់ចេញដំណើរពីទីក្រុងភ្នំពេញមកដល់ព្រែកក្តាម ក៏ត្រូវបើកជាបួនគន្លង។ ហើយចាប់ពីព្រែកក្តាមរហូតទៅដល់ព្រំដែនកម្ពុជា-ថៃ គឺបើកជាបួនគន្លងទាំងអស់។ ជាពិសេស ហិរញ្ញប្បទានដោយប្រ​ទេសជប៉ុន។ យើងធ្វើបើកជាបួនគន្លង ដូចដែល ឯកឧត្តម ស៊ុន ចាន់ថុល បានលើកក្នុង​របាយការណ៍អម្បាញ់មិញ។ ថ្ងៃនេះយើងបើក(ការដ្ឋាន)កំណាត់ផ្លូវទី ២ ដែលកំណាត់ផ្លូវទី ១ នោះ យើងបានសម្ពោធបើកការដ្ឋានកាលពីថ្ងៃទី ២៦ មីនា ២០១៨ កន្លងទៅនេះ ក្នុងចន្លោះរវាងទីក្រុងបាត់ដំបង-សិរីសោភ័ណ ដែលមានប្រវែងចំនួនជាង ៨៤ គីឡូម៉ែត្រ។ នេះជាកំណាត់ទី ១ ដែលយើង​បានបើកការដ្ឋានរួចហើយៗ ពេលនេះកំពុងតែសាងសង់។

កំណាត់ផ្លូវទី ២ ព្រែកក្តាម/ធ្លាម្អម ពោធិសាត់ បើកការដ្ឋានថ្ងៃ ២១ ឧសភា ២០១៨

… ការដ្ឋានទី ២ គឺការដ្ឋានផ្នែកខាងត្បូង កំណាត់ផ្លូវពីព្រែកក្តាមទៅធ្លាម្អមខេត្តពោធិ៍សាត់ ដែលមានចម្ងាយ ១៣៥ គីឡូម៉ែត្រ ក្នុងនោះ គឺយើងបើកការដ្ឋាននៅថ្ងៃនេះ។

កំណាត់ផ្លូវទី ៣ (បញ្ចប់) ពោធិសាត់/បាត់ដំបង និងសិរីសោភ័ណ/ប៉ោយប៉ែត កំពុងដេញថ្លៃ

ចំពោះផ្នែកបញ្ចប់ដែល ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើង ឥឡូវស្ថិតនៅក្នុងដំណាក់កាលនៃការឆ្ពោះទៅរកការដេញថ្លៃ។ ផ្នែកបញ្ចប់ គឺមានពីរកន្លែង។ កន្លែងទី ១ គឺតភ្ជាប់រវាងទីរួមខេត្តពោធិ៍សាត់ជាមួយនឹងទីរួមខេត្តបាត់ដំបង។ ​ ឯចុងបញ្ចប់ គឺមួយខ្សែទៀត គឺពីសិរីសោភ័ណទៅដល់ក្រុងប៉ោយប៉ែត ទាំងអស់សរុបចំនួន ១៤៩ គីឡូម៉ែត្រ បានសេចក្តីថា យើងត្រូវដំណើរការសរុបទាំងអស់ទៅលើកំណាត់ផ្លូវ គឺ ៣៧០ គីឡូម៉ែត្រ ក្នុងនោះ ហិរញ្ញប្បទានដែលត្រូវបានផ្តល់សរុបទៅ ដែលបានចុះហត្ថលេខារួចហើយចំនួន ២២៩ លានដុល្លារសហរដ្ឋអាមេរិក បើគិតជាប្រាក់យេនចំនួន ២៨ ពាន់ ២៣៨ លាន យេនជប៉ុន ស្មើនឹង ២២៩ លានដុល្លារសហរដ្ឋអាមេរិក ឯចុងក្រោយយើងនៅសល់ការចុះហត្ថលេខានូវទឹកប្រាក់ប្រមាណជា ៧២ លានដុល្លារសហរដ្ឋអាមេរិក បន្ថែមទៀត ដែលយើងនឹងគ្រោងចំណាយសម្រាប់ការកសាងផ្លូវនេះ។

រាជរដ្ឋាភិបាលកម្ពុជាចំណាយបដិភាគចំនួន ៣២ លានដុល្លារ

បន្ថែមលើនោះ តាមការប៉ាន់ប្រមាណទុកជាមុន ដោយមិនទាន់គិតអំពីបញ្ហាពន្ធដារ រាជរដ្ឋាភិបាលកម្ពុជា ក៏ត្រូវបដិភាគប្រមាណ ៣២ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីសម្រេចនូវផ្លូវមួយនេះ ដោយក្នុងនោះ យើងបានដោះមីនរួចហើយចំនួនជិត ២ លានដុល្លារសហរដ្ឋអាមេរិក។ ការដោះស្រាយផលប៉ះពាល់ សម្រាប់គម្រោងការអនុវត្តនេះ យើងបានគ្រោងទុកនូវការចំណាយប្រហាក់ប្រហែលជា ៣០ លានដុល្លារសហរដ្ឋអាមេរិកថែមទៀត។ ខ្ញុំតែងតែលើកឡើងថា យើងត្រូវតែសន្សំលុយ។

សន្សំលុយដើម្បីវិនិយោគ និងធ្វើបដិភាគគំរោង

សន្សំលុយ ម្យ៉ាងយើងមានលទ្ធភាពវិនិយោគខ្លួនឯង សម្រាប់ការធ្វើផ្លូវ ធ្វើស្ពាន ធ្វើប្រឡាយទឹក ធ្វើសាលារៀន ធ្វើមន្ទីរពេទ្យ ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីបម្រើឱ្យការអភិវឌ្ឍប្រទេសរបស់យើង ប៉ុន្តែមួយទៀត បើ​យើងគ្មានថវិកាសម្រាប់ធ្វើការបដិភាគទៅលើគម្រោងនានា ដែលមិត្តភក្តិបរទេសបានផ្តល់ជាជំនួយឥតសំណងក្តី ជាហិរញ្ញប្បទានសម្បទានក្តី យើងមិនអាចអនុវត្តបានទេ។

គ្រប់ការដ្ឋានត្រូវដោះស្រាយផលប៉ះពាល់ បំផ្លាញចោលគ្រាប់មីន ឬគ្រាប់មិនទាន់ផ្ទុះ

ផ្លូវមួយខ្សែៗ ត្រូវតែមានការដោះស្រាយផលប៉ះពាល់ជូនចំពោះប្រជាពលរដ្ឋ ឬហោចណាស់នៅទីកន្លែងនានា ក៏ត្រូវតែមានការដោះបំផ្លាញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីបញ្ចៀសការគ្រោះថ្នាក់នៅក្នុងពេលវេលានៃការសាងសង់ ឬក៏ពេលវេលាក្រោយទៅទៀត ដែលតម្រូវឱ្យមានការដោះស្រាយបែបនេះ។ ដូច្នេះហើយបានជាយើងត្រូវតែមានការខិតខំដោយខ្លួនឯងផង និងខិតខំទាក់ទាញមិត្តភក្តិឱ្យផ្តល់ជាជំនួយឥតសំណងផង ឬក៏ជាឥណទាន គេហៅថា កម្ចីសម្បទានដែលមានអត្រាការប្រាក់ថោក។

ប្រាក់កម្ចីជប៉ុន គិតការប្រាក់តែ ០.០១% រយៈពេលសង ៤០ ឆ្នាំ និងរយៈពេលអនុគ្រោះ ១០ ឆ្នាំ

ដូចជានៅក្នុង(គំរោង)នេះ គឺយើងខ្ចីរបស់ជប៉ុន គឺមានអត្រាការប្រាក់ត្រឹមតែ ០.០១% រយៈពេលសង គឺ ៤០ ឆ្នាំ និងរយៈពេលអនុគ្រោះ គឺចំនួន ១០ ឆ្នាំ។ ប៉ុន្តែ យ៉ាងណាក៏ដោយ ខ្ញុំនៅតែនិយាយអំពីបញ្ហាការត្រូវសន្សំលុយរបស់យើងខ្លួនឯង។ ជប៉ុនមិនអាចយកសាច់ប្រាក់របស់គាត់ មកដោះស្រាយផលប៉ះពាល់ ឬយកសាច់ប្រាក់​របស់គាត់នៅក្នុងគម្រោងហ្នឹងទៅដោះមីនបានទេ។ យើងត្រូវប្រើលុយខ្លួនឯង ដែលទាមទារឱ្យមានការគិតគូរហ្មត់ចត់នូវក្នុងការចាយវាយប្រាក់កាក់នៅក្នុងក្របខណ្ឌ នៃការគ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍប្រទេសរបស់យើង។ គម្រោងកាន់តែច្រើន ចំណាយទៅលើបដិភាគរបស់រាជរដ្ឋាភិបាល ក៏កាន់តែច្រើនដែរ។

ចាយច្រើនលើផលប៉ះពាល់ ដោយសារតែចិត្តធម៌នៃរាជរដ្ឋាភិបាល

ឥឡូវនេះ ផ្លូវថ្នល់មួយខ្សែៗ ត្រូវចាយច្រើនណាស់។ នេះវាចេញមកពីទឹកចិត្តធម៌របស់រាជរដ្ឋាភិបាលតំាងពីមុន​ៗ​​មក ព្រោះអញ្ចេះ បញ្ហាផ្តើមចេញពីចិត្តធម៌​របស់​រ​ដ្ឋា​ភិបាលមុន ក៏ដូចជារាជរដ្ឋាភិបាលដំណាក់កាលក្រោយ។ ចិត្តធម៌យ៉ាងម៉េច? តាមពិតទៅយើងមានអនុក្រឹត្យស្តីអំពីការទុកចំណីផ្លូវ។ ចំណីផ្លូវយើងមានអនុក្រឹត្យហើយ អំពីការដែរយើងត្រូវធ្វើយ៉ាងម៉េច … តំាងពីណាពីណីឯណោះ ក៏ប៉ុន្តែប្រជាពលរដ្ឋរបស់យើងគាត់ចាប់ផ្តើមដំបូង ទៅខ្ចីកន្លែងហ្នឹង ថាលក់ចេកអំាង ខ្លះលក់អន្សមអំាង ខ្លះលក់ចេកចៀន ខ្លះលក់នំបញ្ចុកអញ្ចឹងទៅ។ ដល់ទៅលក់យូរៗទៅ ក្លាយទៅជាតូបលក់ ផុតពីតូបលក់ទៅជាផ្ទះតែម្តង។ ដល់ទៅរាជរដ្ឋាភិបាលត្រូវយកដីហ្នឹងមកធ្វើផ្លូវ ត្រូវតែយកលុយទៅអោយគាត់ ដើម្បីអោយគាត់ចាកចេញ។ ការពិត ចាប់ផ្តើមពីចិត្តធម៌របស់អាជ្ញាធរ ឃើញថាគាត់មកនៅកន្លែងហ្នឹងហើយ យើងក៏ចេះតែអោយគាត់នៅទៅ ដើម្បីថាអោយគាត់រកស៊ីអោយមានអោយ​បាន ដល់តែមានបានទៅ មានកន្លែងខ្លះ មិនត្រឹមតែគាត់មិនចេញទេ ថែមទំាងធ្វើបាតុកម្មទៀតផង អាហ្នឹងរឿងវាអញ្ចឹង​ ថែមទំាងបាតុកម្មនឹងការធ្វើផ្លូវហ្នឹងផង។

ទោះបីយ៉ាងម៉េចក៏ដោយ រាជរដ្ឋាភិបាលក៏ត្រូវបានថវិកា ដើម្បីដោះស្រាយផលប៉ះពាល់ មិនអាចអោយគាត់ចេញដោយដៃទទេបានទេ។ ប៉ុន្តែផលប៉ះពាល់នោះ ក៏យើងត្រូវគិតថាប៉ុន្មានដែលវាសមល្មម។ នេះជាចំណុចដែលខ្ញុំនៅតែលើកឡើង​ ទាក់ទងជាមួយនឹងការសន្សំប្រាក់ ដើម្បីដំណើរការធ្វើថវិកាបដិភាគជាមួយនឹងគម្រោងនានា ដែលជាដៃគូអភិវឌ្ឍន៍។

ផ្លូវជាតិលេខ ៥ ទទួលបានការយកចិត្តទុកដាក់ពី នាយករដ្ឋមន្ត្រីជប៉ុន (អាបេ)

សម្រាប់គម្រោងផ្លូវជាតិលេខ ៥ នេះ ខ្ញុំសូមយកឱកាសនេះ តាមរយៈឯកឧត្តមអគ្គរដ្ឋទូត គម្រោងផ្លូវនេះ ខ្ញុំគិតថា ប្រើសិនបើមិនមាននាយករដ្ឋមន្ត្រី (ស៊ីនហ្សូ) អាបេ ទេ ផ្លូវជាតិលេខ ៥ នេះ ប្រហែលជាលំបាក។ មិនមែន(ដោយសារ)ខ្ញុំ និង(ឯកឧត្តម) អាបេ ជាអ្នកស្គាល់គ្នា ហើយមានភាពជិតស្និតជាមួយគ្នាទេ ក៏ប៉ុន្តែគម្រោងនេះចាប់ផ្តើមការយកចិត្តទុកដាក់ធំជាងគេពីសំណាក់នាយករដ្ឋមន្ត្រីបច្ចុប្បន្នគឺ នាយករដ្ឋមន្ត្រី អាបេ ហើយខ្ញុំបានរំលឹកនៅឯបាត់ដំបង។ ចាប់ផ្តើមដំបូង នៅពេលដែលខ្ញុំចូលរួមសន្និសីទអន្តរជាតិអំពីគ្រោះមហន្តរាយនៅ សេន​ដាយ យើងចាប់ផ្តើមធ្វើការទាក់​ទង​នឹងផ្លូវនេះ។ បន្តមកទៀត ក្នុងទស្សនកិច្ចរបស់ខ្ញុំជាបន្តបន្ទាប់ ហើយក្នុងការជួបឯកឧត្តម អាបេ ជាបន្តបន្ទាប់ គឺនិយាយអំពីបញ្ហាផ្លូវនេះ។

ផ្លូវជាតិលេខ ៥ តភ្ជាប់កម្ពុជា ពីម្ខាងថៃ ទៅម្ខាងទៀតគឺ វៀតណាម

ផ្លូវនេះដើរតួនាទីសំខាន់ណាស់ បើយើងមើលនៅក្នុងក្របខណ្ឌទំនាក់ទំនង នៅក្នុងប្រទេសរបស់យើង ហើយយើងពិនិត្យមើលក្របខណ្ឌនៃទំនាក់ទំនង រវាងប្រទេសយើង ជាមួយនឹងប្រទេសជិតខាង គឺម្ខាងភ្ជាប់ជាមួយនឹងប្រទេសថៃ និងម្ខាងទៀតត្រូវភ្ជាប់ជាមួយនឹងប្រទេសវៀតណាម។ អញ្ចឹងជប៉ុនបានធ្វើផ្លូវជាតិលេខ ៥ នេះ រួចហើយបន្តផ្លូវជាតិលេខ ១ និងតភ្ជាប់ទៅស្ពានទ្សឹបាសា ដែលស្ពាន​​ជ​ប៉ុនកសាងនៅអ្នកលឿង ដើម្បីផ្តល់​ឱកាសសម្រាប់ការរីកលូតលាស់ ក្នុងទំនាក់ទំនងសេដ្ឋកិច្ច នៅក្នុងផ្ទៃប្រទេសរបស់យើងផង និងនៅក្នុងក្របខណ្ឌទំនាក់ទំនងរវាងប្រទេសយើង ជាមួយប្រទេសជិតខាង។ ជាពិសេស ជាមួយយើង និងប្រទេសវៀតណាម រវាងយើងជាមួយនឹងថៃ ដែលនេះជាការតភ្ជាប់ដ៏សំខាន់ ដែលធ្វើអោយមានការលូតលាស់ នៅក្នុងក្របខណ្ឌនៃទំនាក់ទំនង នៅក្នុងក្របខណ្ឌមហាអនុតំបន់ទន្លេមេគង្គ ហើយក៏នៅក្នុងក្របខណ្ឌអាស៊ានផងដែរ ដែលនេះ ដែលគេហៅថារបៀងខាងលិចនៃភាគខាងត្បូង នៅទិសខាងត្បូងរបស់មហាអនុតំបន់ទន្លេមេគង្គរបស់យើង។ បើនិយាយអំពីសេដ្ឋកិច្ច បណ្តាញផ្លូវមួយនេះ​សំខាន់ណាស់សម្រាប់យើង មិនអន់ជាងផ្លូវជាតិលេខ ៤ ដែលទាក់ទងជាមួយកំពង់ផែក្រុង​​ព្រះសីហនុ ដែលជប៉ុនក៏បានចូលរួមចំណែកដើម្បីពង្រឹងសមត្ថភាពនៃកំពង់ផែទឹកជ្រៅនៅទីនោះ។

គីហ្សូណា និងទ្សឹបាសា ជប៉ុនផ្តល់ជាជំនួយឥតសំណង

ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់នៅឥណទានសម្រាប់ការអភិវឌ្ឍកម្ពុជា ហើយក្នុងនោះ ជំនួយឥតសំណងក៏មានទំហំធំ ហើយកម្ចីការប្រាក់ទាបក៏មានចំនួនមួយផ្នែក ដែលយើងសាងសង់ផ្លូវមួយចំនួន ផ្លូវនេះ ផ្លូវជាតិលេខ ១ ប៉ុន្តែស្ពានអ្នកលឿងគឺជាអំ​ណោយតែម្តង មិនមែនជាកម្ចីទេ ស្ពានអ្នកលឿងគឺ ថា(…) ស្ពានគីហ្សូណា នៅកំពង់ចាម និងស្ពានអ្នកលឿង គឺជាអំណោយ ជាជំនួយឥតសំណង។ អរគុណណាស់ ដែលបានផ្តល់ផ្លូវមួយខ្សែនេះ ហើយសង្ឃឹមថា នៅក្នុងប៉ុន្មានខែខាងមុខនេះ ដូចជាឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា រហូតក្នុងរង្វង់ខែវិច្ឆិកា យើងអាចចាប់ផ្តើមបើកការដ្ឋានបន្ថែមទៀត គឺរវាងពីពោធិ៍សាត់ទៅបាត់ដំបង និងរវាងពីសិរីសោភ័ណ ទៅប៉ោយប៉ែត នេះជាចំណុចដែលយើងត្រូវផ្តល់។

កាលពីទស្សវត្សរ៍ ៨០ ផ្លូវជាតិរបស់យើងមានត្រឹមតែ ៧ ម៉ែត្រ

ប្រទេសរបស់យើងសម័យមុននេះ កាលពីទស្សវត្សរ៍ ៨០ ពេលនោះផ្លូវជាតិរបស់យើងមានត្រឹមតែ ៧ ម៉ែត្រទេ តែយើងគិតថាធំ ដោយសារអី? ដោយសារតែវាអត់មានឡាន អត់មានម៉ូតូ ហើយពេលនោះយើងបររទះគោ។ បើអ្នកកំពង់ឆ្នំាងវិញបររទះគោពេញតែផ្លូវហ្នឹង យកឆ្នំាងទៅលក់នៅកន្លែងផ្សេង។ បរពេញផ្លូវគ្មានខ្វល់ពីរឿងឡានបុកមិនបុកទេ ព្រោះវាអត់មានឡាន ព្រោះអត់មានឡានបុក ដោយសារតែវាពេលនោះមានតិចតែប៉ុណ្ណោះ។

សូមប្រជាពលរដ្ឋភ្នំពេញអភ័យទោស ពេលដែលបិទផ្លូវធ្វើដំណើរ

ឥឡូវនេះ ច្រើនពេកហើយ។ ងាកជាប់ ងាកជាប់តែម្តង។ ពេលខ្លះខ្ញុំក៏ខ្លាចចិត្តអ្នកទីក្រុងភ្នំពេញដែរ ខ្លាចចិត្តបងប្អូនអ្នកនៅទីក្រុងភ្នំពេញ ព្រោះខ្ញុំស្នើសុំកុំអោយមានបិទផ្លូវ នៅពេលដែលមានខ្ញុំចេញដំណើរ ប៉ុន្តែបងប្អូននៅក្នុងទីក្រុងគឺធ្លាប់បានជួបប្រទះ ទោះបីមានឡានស៊ីរ៉ែនក៏ដោយ ប៉ុន្តែទៅវាអត់រួច។ បើទៅប្រជុំគណៈរដ្ឋ​មន្ត្រី បើសិនអត់មានបិទចរាចរណ៍មួយភ្លែត ដើម្បីអោយយើងឆ្លងកាត់ គឺយើងទៅមិនទាន់ដឹកនំាប្រជុំគណៈរដ្ឋមន្ត្រីទេ។ អញ្ចឹងទេបានខ្ញុំសុំអភ័យទោស ពីសំណាក់បងប្អូននៅរាជធានីភ្នំពេញ ដែលមានពេលខ្លះរំខានទៅដល់បងប្អូន​ ដោយសារការបិទផ្លូវអោយខ្ញុំធ្វើដំណើរ ហើយពេលខ្លះគណៈប្រតិភូក៏ត្រូវបិទផ្លូវ ដើម្បីអោយគណៈប្រតិភូទៅមុន​។ អញ្ចឹងបងប្អូនស្ទះនៅហ្នឹង។ ជេរផងអីផង ក៏មិនដឹង។ ក៏ប៉ុន្តែស្ថានភាពវាអញ្ចឹង ទោះបីមានឡានស៊ីរ៉ែន ស៊ីសងលើវាទៅមិនរួច …។

ហ៊ុន សែន ដឹកនាំពីសង្គ្រាមមកសន្តិភាព មិនពីសន្តិភាពទៅសង្គ្រាមទេ

… ប្រហែលដោយសារតែខ្ញុំ ធ្វើប្រទេសនេះអោយមានសន្តិភាព ហើយដោយសារតែខ្ញុំដឹកនំាទៅអភិវឌ្ឍតំាងពីប្រជាជនអត់មានស្បែកជើងពាក់ ឥឡូវមានដល់ឡានមានដល់ម៉ូតូ។ ដល់មានច្រើនអញ្ចឹងទៅ (ក៏)ជេរ ហ៊ុន សែន ទៀត(ពីរឿង)ស្ទះចរាចរណ៍។ អញ្ចឹង ហ៊ុន សែន ទទួលខុស។ អត់អីទេ ទទួលខុសបែបហ្នឹង។ បើសិនជាខ្ញុំដឹកនំាបង្កើតអោយមានសង្គ្រាម ដូចជាមេដឹកនំាជំនាន់មុន … ទុកអោយប្រវត្តិសាស្រ្តវិនិច្ឆ័យ ទុកជូនប្រជាពលរដ្ឋរប​ស់យើង(វិនិច្ឆ័យ)។ ប៉ុន្តែខ្ញុំអត់បានដឹកនំាប្រទេសពីសន្តិភាពទៅកាន់សង្គ្រាមទេ។ ផ្ទុយទៅវិញ ខ្ញុំបានដឹកនំាពីសង្គ្រាមមកកាន់សន្តិភាព។ បើសិននេះជាកំហុស ក៏ខ្ញុំសុំទទួលដោយពេញចិត្តបំផុតហើយ …។

១៧ មេសា ១៩៧៥ ប៉ុល ពត ជម្លៀសប្រជាជនក្រោមលេសថា ខ្លាចអាមេរិកាំងទម្លាក់គ្រាប់បែក

ម្សិលមិញនេះ យើងធ្វើពិធីខួបនៃការចងចំា(ពីរបបប្រល័យពូជសាសន៍)។ ហេតុអ្វីបានជាយើងយកថ្ងៃ ២០ ឧសភា? ខ្ញុំគួរតែត្រូវបកស្រាយនៅទីនេះបន្តិច។ ពេលនោះនៅក្នុងសភាជាតិរបស់រដ្ឋកម្ពុជា បានធ្វើការពិភាក្សាតើថ្ងៃណាពិតប្រាកដ ពេលវេលាណាពិតប្រាកដ ដែល ប៉ុល ពត ដាក់ចេញនូវនយោបាយ។ យើងបានស្រាវជ្រាវឯកសារទាក់ទិនជាមួយនឹងការប្រជុំរបស់ពួក ប៉ុល ពត ។ ថ្ងៃ ១៧ មេសា ១៩៧៥ ពួក ប៉ុល ពត បានជម្លៀសប្រជាជនចេញពីទីក្រុង។ ពេលនោះ ប៉ុល ពត បានដាក់ចេញត្រឹមតែជម្លៀសប្រជាជន ដោយក្រោមហេតុផលថា ខ្លាចពួកអាមេរិកាំងទម្លាក់គ្រាប់បែកនៅក្នុងទីក្រុង។ អញ្ចឹងបំភ័យប្រជាជនបែបនេះ ដើម្បីឲ្យប្រជាជនចាកចេញពីទីក្រុង ហើយប្រជាជនទីក្រុងនៅតែមានសង្ឃឹមថា នឹងបានវិលត្រឡប់ចូលមកទីក្រុង។

ថ្ងៃ ២០ ឧសភា ប៉ុល ពត ប្រកាសថា បដិវត្តន៍ប្រជាជាតិប្រជាធិបតេយ្យ បានសម្រេចទាំងស្រុង

ប៉ុន្តែ ថ្ងៃ ២០ ឧសភា ពួកគេបានចាប់ផ្តើមប្រកាសថា បដិវត្តន៍ប្រជាជាតិប្រជាធិបតេយ្យ បានសម្រេចទាំងស្រុងហើយ​។ បដិវត្តន៍ប្រជាជាតិ បានន័យថា​ បានបណ្តេញពួកអាមេរិក និងបរិវារ ចេញផុតពីអំណាចហើយ។ នេះគឺជារឿងដែលងាយយល់ ប៉ុន្តែ រឿងដែលវាពិបាកយល់ ហេតុអ្វីបានជាគេនិយាយថា បដិវត្តន៍ប្រជាធិបតេយ្យក៏បានសម្រេចដែរ? គេបានបកស្រាយថា ដោយសារតែឫសគល់វណ្ណៈត្រូវបានគាស់រម្លើង តាមរយៈការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ចេញពីផ្ទះសម្បែង ហើយដែលកម្មសិទ្ធិទាំងអស់ ជារោងចក្រ ជាសហគ្រាស ជាហាងលក់ទំនិញ ជាអ្វីៗ ក៏ត្រូវបានផ្តាច់ឫសគល់ គេហៅថា កម្មសិទ្ធិឯកជនត្រូវបានផ្តាច់អស់ហើយ។ អ្នកដែលយកឡាន ម៉ូតូ ទៅជាមួយ អស់សាំង ត្រូវគ្រវាត់ឡានចោល យកមាស យកពេជ្រ យកលុយទៅ គេអត់ចាយលុយ។ ដូច្នេះ បានសេចក្តីថាស្មើគ្នាទាំងអស់ គេចាត់ទុកថា គេជោគជ័យនៃបដិវត្តន៍ប្រជាធិបតេយ្យរបស់គេ។

យកថ្ងៃ ២០ ឧសភា ជាទិវានៃការចងចាំ, ប្តេជ្ញារក្សានូវអដ្ឋិធាតុជនរងគ្រោះនៃរបប ប៉ុល ពត

យើងបានរកឯកសារនេះឃើញ ពីថ្ងៃដែលពួកគេប្រជុំ។ អញ្ចឹង បានជាយើងយកថ្ងៃ ដែលគេដាក់ចេញនូវនយោ​បាយឃោរឃៅ ដែលឈានទៅដល់ការប្រល័យពូជសាសន៍របស់កម្ពុជាធ្វើជាថ្ងៃចងចាំ ដែលមុនហ្នឹងយើងហៅ ទិវានៃការចងកំហឹង ប៉ុន្តែឥឡូវ យើងហៅទិវានៃការចងចាំទៅវិញ។ ម្សិលមិញនេះ គឺប្រជាជនយើងនេះមិនអាចបំភ្លេចបានទេ ហើយអដ្ឋិធាតុនៅក្នុងប្រទេសកម្ពុជាយើង ត្រូវតែថែទាំ មិនអាចត្រូវបានដុតបំផ្លាញចោលទេ។ ខ្ញុំតស៊ូការពារអដ្ឋិធាតុនៃជនរងគ្រោះ មិនឲ្យមានការដុតបំផ្លាញនោះទេ។ គេថារក្សាទុក វិញ្ញាណក្ខន្ធមិនទៅចាប់ជាតិអីអញ្ចេះអញ្ចោះ ក៏ប៉ុន្តែការដុតបំផ្លាញស្មើនឹងការបំបាត់ភស្តុតាងអំពើប្រល័យពូជសាសន៍មួយនេះ។ សូម្បី​តែនៅ ហ៊ីរូស៊ីម៉ា ជប៉ុន ក៏គេរក្សាទុកស្លាកស្នាមនៃវិនាសកម្មនៅឯប្រទេសជប៉ុនដែរ។ យើងក៏ត្រូវរក្សាទុកនូវអដ្ឋិធាតុដូចជាសារមន្ទីរទួលស្លែង និងកន្លែងកាប់សម្លាប់ដទៃទៀត​ជាភស្តុតាង ហើយយើងក៏កំពុងតែដំណើរការកាត់ទោសពួក ប៉ុល ពត នៅឡើយទេ។

នយោបាយឈ្នះឈ្នះ ធ្វើអោយឯកភាពទឹកដីក្នុងប្រវត្តិសាស្ត្ររយ ឬសិបឆ្នាំ

… រឿងឡានច្រើននេះ ប្រហែលជាកំហុសរបស់ខ្ញុំទេ។ កំហុសទីមួយ នៅត្រង់ថា ខ្ញុំវាយ ប៉ុល ពត ឲ្យរលំ និងទីពីរ ខ្ញុំបានរំលាយអង្គការចាត់តាំងនយោបាយ និងយោធា ប៉ុល ពត ដោយជោគជ័យ តាមរយៈនយោបាយឈ្នះឈ្នះ។ តាមរយៈការរលំរលាយនៃអង្គការចាត់តាំងនយោបាយ និងយោធារបស់ ប៉ុល ពត នោះហើយ ដែលធ្វើឲ្យផែនដីកម្ពុជារបស់យើងនេះ គឺឯកភាពលើកដំបូងក្នុងប្រវត្តិសាស្រ្ត បើមិនរាប់រយឆ្នាំក៏រាប់សិបឆ្នាំដែរ។ ប៉ុន្តែ បើយើងរំលឹកតាំងពីចំណុចនេះ ម្តុំរលាប្អៀររបស់យើងនេះ គឺជាកន្លែងដែលស្តេច ព្រះស្រីរាជា ព្រះអង្គបានលើកកងទ័ពទៅច្បាំងនៅស្រុកសៀម … ខ្ញុំនិយាយចំណុចត្រង់នេះបន្តិច ដើម្បីឲ្យអ្នកប្រវត្តិសាស្រ្ត និងបងប្អូនយើងចូលចិត្តមើលឯកសារខ្លះអំពីប្រវត្តិរបស់ខ្លួនវាយ៉ាងម៉េច? មើលមហាបុរសខ្មែរ ត្រង់វគ្គទាក់ទងនឹងស្តេច ពញាយ៉ាត ដែលព្រះអង្គបានធ្វើគុតស្តេចសៀម នៅចតុមុខ។ ព្រះអ​ង្គមានព្រះរាជបុត្ររហូតទៅដល់ ៣ ពីម្តាយ ៣ ផ្សេងគ្នាដែរ។

១៤៧០ ប្លាយ កម្ពុជាមួយ តំបន់ត្រួតត្រា ៣ ដោយ ព្រះស្រីរាជា ធម្មរាជា និងសុរិយោទ័យ

ពេលដែល ពញាយ៉ាត ព្រះអង្គសោយទីវង្គតទៅ នរាយរាជា ព្រះអង្គបានឡើងគ្រងរាជ្យ។ ពេលដែល នរាយរាជា ឡើងគ្រងរាជ្យ ដោយជាព្រះរាជបុត្រច្បង មិនទាន់មានបញ្ហាទេ។ ជាអកុសល នរាយរាជា ព្រះអង្គបានសោយទីវង្គតទៅទៀត គឺសោយរាជ្យក្នុងរយៈពេលខ្លី។ តាមទម្លាប់ ការទទួលមរតកនៃការស្នងរាជ្យ តែងតែពីឪ ទៅកូន។ តែនេះមិនមែនពីឪទៅកូនទេ ពីបងទៅប្អូន ពីនរាយរាជា ទៅកាន់ ព្រះស្រីរាជា តែម្តង … សុរិយោទ័យ ដែលជាព្រះរាជបុត្រ នរាយរាជា មិនសុខចិត្ត ក៏ទៅកសាងទ័ពនៅឯម្តុំត្រើយម្ខាងខាងណោះ ទួលបាសាន … ឯចតុមុខនេះ ពេលនោះ គ្រាន់តែបែងចែកជាតំបន់គ្រប់គ្រង ២ តែប៉ុណ្ណោះ គឺ ព្រះស្រីរាជា និង ធម្មរាជា នៅឯចតុមុខ។ សម័យថ្ងៃមួយ មានរឿងហេតុវិបត្តិរាជបល្ល័ង្គ មានជម្លោះនៅក្នុងប្រទេសថៃ ពេលនោះមិនទាន់ហៅថៃទេ គឺសៀម។ បានព័ត៌មាននេះ ព្រះស្រីរាជា ក៏លើកកងទ័ពទៅច្បាំងនៅសៀម។ ដល់ពេលត្រឡប់មកវិញ ព្រះធម្មរាជា ដែលជារាជទាយាទ គឺព្រះអនុជ បិទមិន​ឲ្យចូលក្រុង ដាវអាជ្ញាសឹកក៏មិនព្រមឲ្យ និយាយរួមស្អីក៏មិនឲ្យ។ អញ្ចឹង បង្កើតជាតំបន់ត្រួតត្រា ៣។ ត្រួតត្រាពីតំបន់រលាប្អៀររបស់យើងនេះ ទៅពោធិសាត់ បាត់ដំបង ត្រួតត្រាដោយ ព្រះស្រីរាជា។ ដល់ទៅខាងចតុមុខ សំរោងទង បាទី តំបន់ម្ខាងខាងនោះទៅ គ្រប់គ្រងដោយ ធម្មរាជា ឯម្ខាងទៀត គ្រប់គ្រងដោយ សុរិយោទ័យ។ អញ្ចឹង ក្នុងចន្លោះ ១៤៧០ ប្លាយ គឺខ្មែរមាន ៣ តំបន់ត្រួតត្រា។ មិនមែនមានសាមកុក តែនៅចិនទេ សាមកុកស្រុកខ្មែរ(ក៏មានដែរ) ត្រូវមើលខ្លួនឯងឲ្យ​ច្បាស់។

មុន ១៩៧០ កម្ពុជា មានខ្មែរ ៥ សណ្ឋាន៖ ក្រហម ខៀវ ស៊ីជំពូ ស ​និងរដ្ឋាភិបាល

ប្រវត្តិរបស់យើងវាសាំញ៉ាំណាស់។ គ្រាន់តែមុនឆ្នាំ ១៩៧០ ក៏មានតំបន់ត្រួតត្រាមិនតិចទេ។ មានខ្មែរក្រហមផង មានខ្មែរខៀវផង មានខ្មែរសផង មានខ្មែរស៊ីជម្ពូផង ហើយក៏មានខ្មែររដ្ឋាភិបាលដែរ។ តែខ្មែរស៊ីជម្ពូអត់មានប្រដាប់អាវុធទេ។ ខ្មែរក្រហមមានប្រដាប់អាវុធពេញព្រៃ។ ខ្មែរខៀវនៅជាប់ព្រំដែនកម្ពុជា-ថៃមានប្រដាប់អាវុធ។ ខ្មែរសមានប្រដាប់អាវុធនៅឯព្រំដែនជាមួយវៀតណាមខាងត្បូង។ កាលពេលនោះ វៀតណាមមិនទាន់មានឯកភាពគ្នាទេ មានវៀតណាមខាងជើង និងវៀតណាមខាងត្បូង។

៧០-៧៥ តំបន់ត្រួតត្រា ២, ៧៥-៧៩ ខ្មែរ ៧ នាក់ស្លាប់អស់ ៣

១៩៧០-១៩៧៥ ខ្មែរបែកជា ២ ម្ខាងគាំទ្រ លន់ នល់ នៅទីក្រុងភ្នំពេញ ម្ខាងទៀតគាំទ្រសម្តេចព្រះ នរោត្តម សីហនុ នៅតំបន់រំដោះ។ ១៩៧៥-១៩៧៩ យើងឆ្លងកាត់របបប្រល័យពូជសាសន៍ ប៉ុល ពត។ ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ ងាប់អស់មនុស្សវាល់លាននាក់ ដែលជាការសម្លាប់ច្រើនជាងគេនៅលើពិភពលោកនេះ។ ក្នុងចំនួនប្រជាជន ៧ នាក់ ៣ នាក់ត្រូវបានសម្លាប់ទៅហើយ។

៧៩-៩១ តំបន់ត្រួតត្រា ៤

១៩៧៩-១៩៩១ ប្រទេសកម្ពុជាមួយមានតំបន់ត្រួតត្រារហូតដល់ ៤។ មួយគឺរដ្ឋកម្ពុជា រដ្ឋាភិបាលដែលខ្ញុំដឹកនាំជាមួយសម្តេច ហេង សំរិន សម្តេច ជា ស៊ីម។ មួយទៀត គឺខ្មែរក្រហម ក្នុងរដ្ឋាភិបាលចម្រុះត្រីភាគី មាន ៣ តំបន់ត្រួតត្រាខុសគ្នា ប្រដាប់អាវុធខុសគ្នា គឺកម្លាំងខ្មែរក្រហម កម្លាំងសម្តេចព្រះ នរោត្តម សីហនុ និងកម្លាំងរបស់លោកតា សឺន សាន ៣ ទៀត។

៩៣-៩៨ នៅសល់តំបន់ត្រួតត្រា ២ ដែលអ៊ុនតាក់ មិនអាចបង្រួបបង្រួមបាន

១៩៩៣-១៩៩៨ កម្ពុជាមួយមានតំបន់ត្រួតត្រា ២ ទៀត។ អ៊ុនតាក់អត់បានបង្រួបបង្រួមខ្មែរឲ្យជុំគ្នាទេ។ ចាយលុយអស់ ២ ពាន់លានដុល្លារ ដកទៅវិញធ្វើព្រងើយ ទុក​ឲ្យខ្មែរវាយគ្នាបន្ត។ យើងបានអនុវត្តនូវនយោបាយឈ្នះឈ្នះចាប់ផ្តើមពីឱរ៉ាល់រហូតទៅដល់ប៉ៃលិន ម៉ាឡៃ សំឡូត កំរៀង ភ្នំព្រឹក្ស គឺម្ខាងទៅ។ ថ្ងៃនេះ មេខ្មែរក្រហមក៏មកដែរ។ មេខ្មែរក្រហមនៅប៉ៃលិន មេបះបោរ។ បើកុំបានមេហ្នឹង ក៏ពិបាកដែរ មិនដឹងទៅឆ្កឹះយ៉ាងម៉េច។ ពេលនោះ គឺលំបាក ព្រោះមេដឹកនាំបះបោរថ្នាក់កងពល សុខ ភាព និង អ៊ី ឈាន ដល់ទៅមេខាងគេនោះ នៅសល់ប្រមុខរដ្ឋ ប្រធានរដ្ឋ និងនាយករដ្ឋមន្រ្តី ប្រធានសភា ស្អីៗទាំងអស់។

ថ្ងៃ ២៩ ប្រារព្ធខួបទី ២០ ការអនុវត្តនយោបាយឈ្នះឈ្នះ (១៩៩៨) បញ្ចប់សង្គ្រាម និងបង្រួបបង្រួមទឹកដី

រហូតដល់ឆ្នាំ ១៩៩៨ បានយើងបញ្ចប់។ ឆ្នាំនេះ គឺជាខួបលើកទី ២០ ខ្ញុំប្រាប់ពីល្ងាចថ្ងៃសៅរ៍កន្លងទៅនេះ ខ្ញុំពិភាក្សាជាមួយសម្តេចពិជ័យសេនា ទៀ បាញ់។ ថ្ងៃទី ២៩ ធ្វើបុណ្យឲ្យធំនៅវិមានឈ្នះឈ្នះ។ ខួបលើកទី ២០ នៃការបញ្ចប់សង្គ្រាម គឺយកថ្ងៃដែល ​ខៀវ សំផន នួន ជា និងគណៈរដ្ឋមន្រ្តីរបស់រដ្ឋាភិបាល មកដល់ផ្ទះនាយករដ្ឋមន្រ្តី។​ យកថ្ងៃហ្នឹងធ្វើថ្ងៃបញ្ចប់សង្រ្គាមនៅកម្ពុជាតែម្តង។

ជំនាន់ក្រោយស្រាយចំណងអ្នកចាស់ចង៖ បញ្ចប់សង្រ្គាម ប្រែអតីតសមរភូមិជាទីផ្សារ តំបន់អភិវឌ្ឍ

នេះជាប្រវត្តិឈឺចាប់របស់យើង ប៉ុន្តែ យើងក៏មានប្រវត្តិមោទនភាពដែលយើងបញ្ចប់សង្រ្គាមដោយនយោបាយឈ្នះឈ្នះ ដោយខ្មែរខ្លួនឯង។ អញ្ចឹងទេ បើចង់ (ក៏សូម)បន្ទោសខ្ញុំអំពី(ការរកបាន)សន្តិភាព ប៉ុន្តែមិនអាចបន្ទោសខ្ញុំអំពីបញ្ហាសង្រ្គាមទេ ព្រោះកាលពេលកើតសង្រ្គាម ខ្ញុំអត់ទាន់អាយុគ្រប់ បើអាយុបោះឆ្នោតអត់ទាន់គ្រប់ដែរ។ ១៨ មីនា ឆ្នាំ ១៩៧០ បានកើតរដ្ឋប្រហារ ឯខ្ញុំកើតថ្ងៃ ៥ ខែសីហា ឆ្នាំ ១៩៥២ អញ្ចឹង ខ្ញុំនៅសល់ប៉ុន្មានថ្ងៃទៀតបានគ្រប់អាយុបោះឆ្នោត ១៨ ឆ្នាំ។ បានសេចក្តីថា ចំណងអ្នកចាស់បានចង បានក្មេងជំនាន់ក្រោយអ្នកស្រាយ ហើយយើងមិនមែនគ្រាន់តែស្រាយដើម្បីបញ្ចប់សង្រ្គាមទេ តំបន់ទាំងឡាយដែលជាតំបន់អតីតសមរភូមិក្លាយទៅជាទីផ្សារ និងតំបន់អភិវឌ្ឍអស់ហើយ។

ផ្លូវពីសំឡូត កាត់មកថ្មដា ពោធិសាត់ ចេញទៅកោះកុង កាត់បន្ថយចំណាយដឹកជញ្ជូន

ខ្ញុំបានធ្វើដំណើរប្រមាណ ៥.០០០ គីឡូម៉ែត្រ តាមជើងគោកតាំងពីឆ្នាំ ២០១៦ ឆ្លងចូលឆ្នាំ ២០១៧ ទៅកាន់ តំបន់នានា រាប់ទាំងតំបន់ដែលពីដើម គឺថាមិនចាំបាច់ចូលទេ។ ប៉ុន្តែ ខ្ញុំទៅដេកនៅប៉ៃលិន ហើយឆ្លងកាត់តំបន់ម៉ាឡៃ កំរៀង ភ្នំព្រឹក្សស្អីៗ … ឥឡូវកំពុងតែរកវិធីដើម្បីកាត់បន្ថយការធ្វើដំណើរ ដើម្បីដាក់ចូលផែនការអាទិភាព នៃការកសាងផ្លូវតភ្ជាប់ពីសំឡូតកាត់មកថ្មដាពោធិ៍សាត់ និងកាត់មកកោះកុង កាត់បន្ថយការដឹកជញ្ជូនទម្លាក់មក​កំពង់ផែរបស់យើងបន្ថែមទៀត។ បើសិនជាយើងដឹកចេញពីបាត់ដំបង ឬពីបន្ទាយមានជ័យមកតាមហ្នឹងរួចចុះទៅកំពង់ផែកំពង់សោម … ខាតសាំងមិនតិចទេ ហើយពេលវេលាក៏ឆ្ងាយដែរ។

សូមជប៉ុនបន្តជួយកសាងផ្លូវបន្តទៀត

អញ្ចឹង បានជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតែជាគោលដៅ ដែលខ្ញុំសូមអំពាវនាវចំពោះឯកឧត្តមអគ្គរដ្ឋទូត មិនមែនកសាងផ្លូវជាតិលេខ ៥ មួយចប់ទេ។ សុំឯកឧត្តម បន្តឲ្យយើងខ្ញុំបានផ្លូវបន្តទៀត ដែលជាអាទិភាពនៅក្នុងគម្រោងដែលយើងខ្ញុំបានដាក់។ មិនទាន់ចប់ទេ។ ផ្លូវរបស់យើងមានផ្លូវខ្លះត្រូវពង្រីកបន្ថែម ដូចជាផ្លូវនេះ ផ្លូវដដែលផ្លូវជាតិលេខ ៥ នៅតែផ្លូវជាតិលេខ ៥ ប៉ុន្តែ ៥ ពីមុនគឺទទឹងត្រឹមតែ ៧ គីឡូម៉ែត្រ។ ឥឡូវនេះ យើងបានពង្រីកខ្លះហើយ ក៏ប៉ុន្តែឥឡូវនេះ យើងពង្រីកទៅដល់ ២៣ ម៉ែត្រ នៅខាងក្រៅក្រុង និងរហូតទៅដល់ ២៨ ម៉ែត្រ នៅក្នុងក្រុង។ ពង្រីកវាធំ អញ្ចឹងកុំឲ្យរវល់តែរេចង្អូតដាក់គ្នា។ ដាក់សួនច្បារកណ្តាល … លើកលែងតែពួកស្រវឹង​។ ពួកស្រវឹង ស្ពានអាកាសបើកឲ្យប្រើថ្ងៃមុន ទៅបុកស្ពានអាកាសលេងទៅ … ខ្ញុំសូមអរគុណ ហើយកោតសរសើរចំពោះការខិតខំទាំងអស់នេះ សង្ឃឹមថា ក្រសួងសាធារណការ ដូចជាក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក៏ដូចជាបណ្តាខេត្តដែលជាប់ពាក់ព័ន្ធ ដែលនៅទីនេះឆ្លងកាត់ខេត្ត ៣ ដែលយើងកំពុងសាងសង់​ ១៣៥ គីឡូម៉ែត្រ ខេត្តកណ្តាល ៤,២៥ គីឡូម៉ែត្រ ខេត្តកំពង់ឆ្នាំង ៩៣,៥៤ គីឡូម៉ែត្រ និងខេត្តពោធិ៍សាត់ ៣៧,៤៥ គីឡូម៉ែត្រ។

សូមយោគយល់ពីការរំខាននានា

… សង្ឃឹមថាខេត្តទាំង ៣ នេះនឹងផ្តល់នូវកិច្ចសហការ ហើយក៏សុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋ ដែលមានផលប៉ះពាល់ និងសូមមេត្តាជួយបង្កលក្ខណៈឲ្យបានដោះស្រាយផលប៉ះពាល់នោះហ្នឹងម្ខាង ម្ខាងទៀតក៏សុំយោគយល់នៅពេលដែលការដ្ឋានសាងសង់យ៉ាងណា ក៏រំខានទៅដល់ការធ្វើដំណើរ​របស់បងប្អូននៅតំបន់ខ្លះ និងរំខានទៅដល់ដំណេកបងប្អូននៅក្នុងតំបន់ខ្លះ។ ប៉ុន្តែ នៅពេលដែលផ្លូវសាងសង់រួចហើយ​បងប្អូននឹងទទួលបានផលប្រយោជន៍ ពីការសាងសង់ផ្លូវដ៏សំខាន់មួយនេះ។ នេះមិនមែនគ្រាន់តែជាផលប្រយោជន៍សម្រាប់អ្នកដែលរស់នៅសងខាងផ្លូវទេ តែអ្នកដែលរស់នៅសងខាងផ្លូវនេះជាអ្នក ដែលទទួលផលមុនគេតែម្តង​។ ចេញទៅពីផ្ទះ សូម្បីតែជាប់ស្បែកជើងក៏អត់មានជាប់ដែរ។ សូមមេត្តាយោគយល់ និងផ្តល់កិច្ចសហការ ហើយសង្ឃឹមថាក្រុមហ៊ុនអនុវត្តគម្រោងនេះ និងទទួលបាននូវការសប្បាយរីករាយ និងសាងសង់ប្រកបដោយជោគជ័យទាំងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យ …។

ជំនាន់មុន គ្រូបង្រៀនដូរយកអង្ករ ទំនិញ ៩ មុខ

ថ្ងៃនេះ … វិទ្យាល័យលាប … ខ្ចីបឋម ៣ ថ្នាក់ អញ្ចឹងវិទ្យាល័យទើបនឹងមាន ២ ឆ្នាំ។ ឆ្នាំក្រោយបានចូលពេញ ប៉ុន្តែដល់ពេលយើងបង្កើតវិទ្យាល័យ វាត្រូវតែអនុវិទ្យាល័យនៅជាមួយ។ សិស្សមានដល់ ៦៧០។ ប៉ុន្តែ ដល់បឋមទៅមានកូនសិស្សតិចជាងវិញ តែ ២៧០ នាក់។ ដូច្នេះ តម្រូវការក៏មិនមានតម្រូវការអាគារទេ តម្រូវការទីចាត់ការទៅវិញ ព្រោះកាលណាឲ្យទៅខាងណេះ គេសងថ្នាក់ឲ្យយើងវិញហើយ។ ដោយសារតែម្សិលមិញនេះគឺនាយឧត្តមសេនីយ ខេង សាម៉េត ក៏បានមកសិក្សាថា ទី ១ ផ្នែកវិទ្យាល័យ ត្រូវការអាគារសិក្សា ១៨ បន្ទប់ សុំជូនមួយខ្នង ៣ ជាន់ ១៨ បន្ទប់។ ទីចាត់ការ និងបណ្តាល័យ មួយខ្នង ៣ បន្ទប់ អន្តេវាសិកសម្រាប់គ្រូ និងសិស្ស  មួយខ្នង ២ ជាន់ ១០ បន្ទប់ទៀត។ មើលសុំសួរបន្តិចប្រាក់ខែប៉ុន្មានលោកគ្រូ? ១ លាន ៣០ ម៉ឺន។ អ្នកគ្រូ? ១ លាន ២០ ម៉ឺន ឥឡូវ ១ លាន ២០ ម៉ឺន វា ៣០០ ដុល្លារ។ ត្រូវចាំណា គ្រូរបស់យើង កាលពីមុនដែលបង្រៀនយើង  ដើម្បីអោយយើងក្លាយទៅជាគ្រូ … ពីសម័យចាប់ផ្ដើមបង្រៀនដូរអង្ករ ដល់ទៅក្រោយមករៀនដូរទំនិញ ៩មុខ។ រស់ដោយសារទំនិញ ៩ មុខ។ ឥឡូវយើងមានប្រាក់ខែ ៣០០ ដុល្លារ វានឹងឡើងទៀត ឡើងរាល់ឆ្នាំ តែឡើងប៉ុន្មានគឺទុកអោយរាជរដ្ឋាភិបាលធ្វើផែនការ។ ឥឡូវយ៉ាងណាក៏ដោយ កុំភ្លេចថា កាលពីសម័យមុនគ្រូរបស់យើងលំបាកណាស់ ជីដូនជីតា ឪពុកម្ដាយ របស់យើងលំបាកណាស់ … ក្រៅពីនេះសម្រាប់ ហើយត្រូវមានផ្លូវបេតុងក្នុងបរិវេណនេះត្រូវមានផ្លូវបេតុង ខ្លោងទ្វារ ដងទង់ជាតិ ហើយនិងទីលានកីឡាគ្រប់ប្រភេទ ធ្វើជូនទាំងអស់។ យល់ព្រមអត់? ឯចំពោះខាងផ្នែកបឋម គឺថានឹងប្រគល់ទៅអោយខាងថ្នាក់ពីខាងដើមរួចហើយ អញ្ចឹងទេ អាគារខ្លះត្រូវវាយចេញ ហើយនិងថែមទីចាត់ការ ១ ខ្នង បូកនឹងផ្លូវបេតុងក្នុងបរិវេណរបង ខ្លោងទ្វារ ដងទង់ជាតិ និងកីឡាដែរ។ ព្រមដែរ? (អរគុណពេកក្រៃ) …។

២០១៦ និង ២០១៧ វិនិយោគជាង ១៣ លានដុល្លារ ក្នុងខេត្តកំពង់ឆ្នាំង

ឯមកតាមផ្លូវមិញមានអ្នកខ្លះថាសាលានៅកំពង់ត្រឡាច អាហ្នឹងនៅឆ្ងាយ។ ចាំបន្តិចទៀត។ កាលពីមុននេះ នៅលើទឹកដីរបស់កំពង់ឆ្នាំង ដែលយើងដើរមួយជួរកន្លងទៅ ហើយបន្ថែមដោយខាងក្រគរ(ពោធិសាត់) ដែលសុំនៅពេលសនិ្នបាត ១៣ លានដុល្លារជាង។ វិនិយោគគ្រាន់តែឆ្នាំ ២០១៦ និង ២០១៧ កន្លងទៅ ១៣ លានដុល្លារជាង ​តែក្នុងខេត្តកំពង់ឆ្នាំង។ គ្រាន់តែអា ២ ជាន់ ៣ ជាន់។ ទាក់តាមផ្លូវរហូត។ ឥឡូវថ្ងៃនេះឆ្លាតណាស់ អ្នកកំពង់ឆ្នាំងឆ្លាតមែនទែន ការដ្ឋានមិនបើកនៅឯណា បើកមុខសាលាអោយឯងឃើញ ជាពិសេសតា អុល ហ្នឹងតែម្ដង គាត់ប្រធានក្រុមការងារចុះជួយខេត្តកំពង់ឆ្នាំង ជាតំណាងរាស្ត្រចុះជួយកំពង់ឆ្នាំង។ អញ្ចឹងគាត់យកដាក់ត្រង់ហ្នឹងអោយយើងឃើញ។ ហោះពីលើត្រង់ហ្នឹង ហើយចុះត្រង់ហ្នឹងទៀត បើមិនដោះស្រាយត្រង់ហ្នឹងទេថាឯងមើលនឹងភ្នែកទៀតហើយ។ ដោះស្រាយបន្តិចម្ដង។ យើងចាប់ផ្ដើមធ្វើ ប៉ុន្តែអោយក្មេងវ៉ាកងស្រួលបួលសិន ហើយចាប់ផ្ដើមបន្តការងារបស់យើងទៅមុខ។

បើរក្សាសន្តិភាពមិនបាន កុំនិយាយដល់ការអភិវឌ្ឍ

ឥឡូវនេះ អ្វីដែលយើងត្រូវការធំបំផុតជាងគេ គឺធ្វើម៉េចអោយប្រទេសនេះមានសន្តិភាព។ រឿងរ៉ាវអតីតកាលដែលយើងបាត់បង់ឱកាសនោះ គឺបញ្ហាប្រទេសមានសង្គ្រាម។ កាលពីដើមសាលារៀនត្រូវបំផ្លាញ រហូតត្រូវសា​លារៀនមួយចំនួន ដូចជាសាលាទួលស្លែងក្លាយទៅកន្លែងពិឃាតមនុស្ស សម្លាប់មនុស្ស វត្តអារាមក្លាយទៅជាកន្លែងសម្លាប់មនុស្ស។ តម្លៃណាក៏ដោយត្រូររក្សាសន្តិភាពអោយបាន បើរក្សាសន្តិភាពមិនបានទេកុំនិយាយដល់ការអភិវឌ្ឍអី ធ្វើស្ពាន វាយដាច់ស្ពាន ធ្វើផ្លូវ វាយដាច់ផ្លូវ ធ្វើសាលារៀន ដុតសាលារៀន ធ្វើវត្ត​ ខូចវត្ត ធ្វើមន្ទីរពេទ្យ ដាច់ខូចមន្ទីរពេទ្យ។

១២ ឆ្នាំចុងក្រោយ កងទ័ពកម្ពុជាជាង ៥០០០ នាក់ ទៅជួយប្រទេសនានា

… សុំសម្លឹងមើលទៅប្រទេសអ៊ីរ៉ាក់ ទៅប្រទេសលីប៊ី ទៅប្រទេសស៊ីរី ទៅប្រទេសយេមែន និងទៅប្រទេសដទៃដែលមានសង្គ្រាម។ តើវាយ៉ាងម៉េចហើយ? ពេលនេះយើងក៏កំពុងតាមដានអោយហ្មត់ចត់ចំពោះសភាពការណ៍ នៅប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ប្រទេសម៉ាលី និងអាហ្រ្វិចកណ្ដាល ដែលមានកងទ័ពយើងកំពុងបំពេញបេសកកម្មទាំងអស់ជាង ៨០០ នាក់ ជិត ១០០០ នាក់នៅទីនោះ។ ឆ្នាំទៅយើងបានបាត់បង់ទាហានរបស់យើង ៤ នាក់ដោយស្លាប់នៅកន្លែងម្នាក់ ហើយ ៣ នាក់ត្រូវបានចាប់យកទៅ ហើយយើងបានយកសពត្រឡប់មកវិញ។ យើងទោះបីមានបញ្ហានេះក៏ដោយ ក៏យើងនៅមានបំណងចូលរួមចំណែក ដើម្បីជួយរក្សាសន្តិភាពនៅក្នុងពិភពលោក។ ប្រទេសនានាធ្លាប់មកជួយយើង ឥឡូវ ១២ ឆ្នាំក្រោយនេះ យើងបានទៅជួយប្រទេសនានា ដែលមានកងទ័ពរបស់យើងជាង ៥០០០ នាក់ រួចស្រេចទៅហើយ ដែលយើងបានបញ្ជូនចេញទៅ … ថ្ងៃមុនគឺមានការបិទវគ្គ ដែលមានការជួយឧបត្ថមហ្វឹកហ្វឺនដោយបារាំង ដែលកងរាជអាវុធហត្ថត្រូវបញ្ជូនទៅដើម្បីរក្សាសន្តិភាព ក្នុងនោះស្ត្រីរបស់យើងកាន់តែច្រើន ចូលរួមនៅក្នុងបេសកកម្មនៅក្នុងការរក្សាសន្តិភាព។

ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ចាប់ផ្ទៃក្នុងប្រទេសសន្តិភាព

អញ្ចឹងបើគ្មានសន្តិភាពទេ វានឹងគ្មានការអភិវឌ្ឍទេ ហើយកុំនិយាយទៅដល់បញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស វាចាប់ផ្ទៃតែក្នុងប្រទេសដែលមានសន្តិភាពតែប៉ុណ្ណោះ វាមិនអាចចាប់ផ្ទៃនៅក្នុងប្រទេសដែលមានសង្គ្រាមទេ។ មានសង្គ្រាមមានតែការរំលោភសិទ្ធិមនុស្សតែប៉ុណ្ណោះ ហើយវាគ្មានប្រជាធិបតេយ្យណាវាកើតនៅក្នុងប្រទេសមានសង្គ្រាមទេ អាហ្នឹងនិយាយលើការជាក់ស្ដែងវាអញ្ចឹង ឥឡូវនៅមជ្ឍិមបូព៌ាមានបញ្ហារវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន សម្លាប់រាប់សិប និងរបួសរាប់ពាន់ ប្រជាជនប៉ាឡេស្ទីនតើនោះវាជាអ្វី? វាជាសិទ្ធិមនុស្ស​ ឬវាជាដំណើរការប្រជាធិតេយ្យ ត្រូវយល់អោយច្បាស់អំពីចំនុចនេះ។

នឹងមានបក្ស ២០ ចូលរួមការបោះឆ្នោត ២៩ កក្កដា ២០១៨

ថ្ងៃ ២៩ កក្កដា ឆ្នាំ២០១៨ យើងនឹងធ្វើការបោះឆ្នោតដោយមាន ២០ គណបក្ស។ ឥឡូវនេះ ការចុះឈ្មោះបានរួចរាល់ហើយ មានចំនួន ១៥ គណបក្ស ហើយកំពុងតែពិនិត្យទៀត។ នៅសល់ពេលវេលា។ យើងនឹងមាន ២០គណបក្ស ដែលខ្ញុំសុំអំពាវនាវអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បើកឱកាសអោយបណ្ដាបក្សនយោបាយគេមានសកម្មភាពរបស់គេ។ ខ្ញុំអំពាវនាវសាជាថ្មី។ មុននេះអំពាវនាវក្នុងដំណាក់កាលមុនការចុះឈ្មោះបោះឆ្នោត ដែលពេលនោះតម្រូវការ នៃការផ្តិតមេដៃ តម្រូវការនៃការបញ្ជាក់នេះ បញ្ជាក់នោះ ឲ្យអាជ្ញាធរជួយសម្រួលឲ្យបណ្តា​បក្សនយោបាយចុះឈ្មោះទាន់ពេលវេលា។

មិនត្រូវបង្កើតឧបសគ្គ ដល់បណ្តាបក្សនយោបាយក្នុងការទៅជួបសកម្មជន សមាជិក សមាជិកា

ឥឡូវនេះបណ្តាបក្សនយោបាយ គេនឹងបន្តដើរទៅជួបសកម្មជនរបស់គេ នៅតាមទីកន្លែងនានា ក៏ត្រូវបន្តលក្ខណៈឲ្យគេ។ មិនទាន់ជាពេលវេលាយុទ្ធនាការទេ ក៏ប៉ុន្តែបក្សនយោបាយនានា គេមានសិទ្ធិដើម្បីទៅជួបសកម្មជនរបស់គេ នៅកន្លែងនេះ នៅកន្លែងនោះ។ យើងមិនត្រូវរារាំងបង្កើតនូវឧបសគ្គណាមួយ សម្រាប់បណ្តាបក្សនយោបាយ ក្នុងការទៅជួបសកម្មជនសំណេះសំណាល ជាមួយនឹងសមាជិកសមាជិការបស់គេនោះទេ។ ត្រូវស្តាប់ឲ្យបាន។ អំពាវនាវក្នុងក្របខណ្ឌទូទាំងប្រទេស អោយបើកលំហសម្រាប់ការធ្វើសកម្មភាពរបស់បណ្តាបក្សនយោបាយ ក្នុងការជួបជុំជាមួយសមាជិកសមាជិកានៃគណបក្សនយោបាយ។ មិនមែនជាដំណើរការនៃដំណាក់កាលនៃយុទ្ធនាការទេ​ ក៏ប៉ុន្តែគេចុះទៅជួបតាមទីកន្លែងនានា នៅតាមភូមិនេះ ភូមិនោះ ហើយតាមច្បាប់តម្រូវគឺថាគេគ្រាន់តែជូនដំណឹងឲ្យយើងជួយសម្រួលការរៀបចំឲ្យគេប្រព្រឹត្តិទៅ ដើម្បីការជួបជុំ។ មិនត្រូវក្លាយជាឧបសគ្គណាមួយទេ។

គណបក្សកាន់កាប់រដ្ឋាភិបាលត្រូវធានាការប្រកួតប្រជែងដោយសេរី

គណបក្សប្រជាជនត្រូវការឈ្នះឆ្នោត ប៉ុន្តែ យើងក៏ត្រូវយល់កាតព្វកិច្ចថាជាគណបក្សកាន់កាប់រដ្ឋាភិបាល។ ដូច្នេះយើងត្រូវតែបង្កលក្ខណៈ ឲ្យគេតាមរយៈតួនាទីរបស់ថ្នាក់រដ្ឋាបាល ជាថ្នាក់ខេត្ត ជាថ្នាក់ស្រុក ឬក៏ដល់ថ្នាក់ ភូមិ/ឃុំ ទៅតាមរយៈនេះ។ យើងមិនអាចនឹងបើកឲ្យមានការប្រកួតប្រជែងដោយសេរីទេ ប្រសិនបើយើងរារាំងដំណើរឆ្ពោះរបស់មេដឹកនាំ បណ្តាគណបក្សទៅកាន់មូលដ្ឋាននានា ដើម្បីជួបជុំសមាជិកសមាជិការបស់គេ ឬក៏អ្នកគាំទ្ររបស់គេ ឬក៏គេត្រូវការធ្វើនេះធ្វើនោះ។ នេះក៏ជាដំណើរការមួយ មិនមែនស្ថិតតែនៅក្នុងរង្វង់តែ ២១ ថ្ងៃ ៣ អាទិត្យ នៃការយុទ្ធការទេ។ នៅម៉ាឡេស៊ីដូចតែប៉ុន្មានថ្ងៃទេ ២ អាទិត្យ នៅម៉ាឡេស៊ី។ ឯយើងមុននេះ ១ ខែ ឥឡូវយើងតែ ៣ អាទិត្យ។ ដំណើរការនយោបាយ បក្សមួយមិនមែនត្រូវការត្រឹមតែ ២១ ថ្ងៃនៃការឃោសនាទេ គេត្រូវចុះទៅជួបសកម្មជន។ ត្រូវបង្កការងាយស្រួលសំរាប់ការជួបជុំរបស់សកម្មជន និងមេដឹកនាំគណបក្សនយោ​បាយនីមួយៗ។​

“ខ្ញុំមានលទ្ធភាព និងមានកម្លាំងធ្វើយ៉ាងតិច ១០ ឆ្នាំទៀត” សម្រាប់តំណែងនាយករដ្ឋមន្ត្រី

ដោយមានការរួមចំណែក ពីជីដូនជីតា ពីឪពុកម្តាយ ពីបងប្អូនជនរួមជាតិជាមួយនឹងខ្ញុំ ក្នុងរយៈពេលកន្លងទៅ ខ្ញុំសង្ឃឹមថា ការគាំទ្របែបនេះនឹងបន្ត។ ខ្ញុំមានចេតនា ហើយបានប្រកាសថា ខ្ញុំមានលទ្ធភាព នឹងមានកម្លាំងធ្វើយ៉ាងតិច ១០ ឆ្នាំទៀត សម្រាប់ក្នុងតំណែងនាយករដ្ឋមន្ត្រី។ មានការសំណេះសំណាល ចាប់ឆ្នោតហើយសួរដេញដោលគ្នា។ មានក្មេងម្នាក់ឆ្លើយយ៉ាងព្រងើយ ថាបើចង់រក្សាបានសន្តិភាព និងការអភិវឌ្ឍស្រួលទេ បោះឆ្នោតជូនគណបក្សប្រជាជនទៅ ចប់បាត់ទៅហើយ។ គាត់និយាយយ៉ាងស្រួល។ តៃកុងឡានមួយនេះ បានបើកបររថយន្តនេះរយៈពេលជិត ៤០ ឆ្នាំ ឬនៅក្នុងមុខតំណែងដែលបើកបរជានាយករដ្ឋមន្ត្រី ៣៣ ឆ្នាំហើយ មិនទាន់ធ្វើឲ្យមនុស្សគ្រោះថ្នាក់ទេ។ ទាញមនុស្សពីតំបន់គ្រោះថ្នាក់ឲ្យមកកាន់តំបន់សុវត្ថិភាពអស់ហើយ។ សង្ឃឹមថាប្រជាពលរដ្ឋរបស់យើង ចូលរួមចំណែកដើម្បីរក្សានូវសន្តិភាពនេះ។ របស់ដែលមិនធ្លាប់ស្គាល់ តើទទួលទានទៅជាយ៉ាងម៉េច? វាឈឺពោះ ឬក៏យ៉ាងម៉េច? តៃកុងឡានថ្មី មិនប្រាកដថាវាពូកែជាងតៃកុងចាស់ទេ។ ខ្លះគេថាតៃកុងឡានខ្វាក់ភ្នែកម្ខាង។ តែអាខ្វាក់ម្ខាងហ្នឹងហើយដែលបងប្អូនមានម៉ូតូ មានឡាន មានកង់ មានសាលារៀន មានស្អីៗជិះ ដោយសារអ្នកមានភ្នែកម្ខាង។ ប៉ុន្តែពួកហ្នឹងគេហៅថាពួកឈ្លើយ បើដឹងថាគ្នាខ្វាក់ហើយចាំ​បាច់ជេរអាខ្វាក់ធ្វើអី បើដឹងថាគ្នាកំបុតដៃទៅហើយ ចាំបាច់ជេរអាកំបុតធ្វើអី បើកំបុតជើងទៅហើយចាំបាច់ជេរអាកំបុតធ្វើអី អានេះជាការខ្វះការគោរព …។

ពានាំ

ថ្ងៃនេះក៏បាននាំមកសម្រាប់ក្រុមកាយឬទ្ធិ និងយុវជនកាកបាទក្រហមកម្ពុជាចំនួន ២០០ នាក់ក្នុងម្នាក់ៗថវិកាចំនួន ២ ម៉ឺនរៀល។ ​សិស្សានុសិស្សចំនួន ២៨៥៣ នាក់ក្នុងម្នាក់ៗ សៀវភៅ ២ ក្បាល ប៊ិច ១ ដើម ថវិកា ១ ម៉ឺនរៀល។ ជូនលោកគ្រូ អ្នកគ្រូ ស្រុក រលាប្អៀរ ១១៣៥ នាក់ក្នុងម្នាក់ៗថវិកា ៥ ម៉ឺនរៀល។ ជូនសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង យុវជនស្រឡាញ់សន្តិភាព និងក្រុមយុវជនឥស្លាមក្នុងមួយក្រុមៗថវិកា ៣ លានរៀល។ ជូនសាលាបឋមសិក្សា ទឹកហូរ ថវិកា ១ លានរៀល ជូនវិទ្យាល័យទឹកហូរ ថវិកា ២ លានរៀល ជូនវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន រលាប្អៀរ ឃុំអណ្តូងស្វាយ ថវិកា ២ លានរៀល ជូនវិទ្យាល័យ ហ៊ុនសែន រលាប្អៀរ ឃុំពង្រ ថវិកា ២ លានរៀល ជូនមណ្ឌលសុខភាពទឹកហូរ ថវិកា ២ លានរៀល ជូលសាលាស្រុករលាប្អៀរថវិកា ២លានរៀន ជូនក្រុមតន្ត្រីសម័យថវិកា ៥ លានរៀល ជូនមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន ថវិកា ៥ លានរៀល។

សង្ឃឹមថា ឯកឧត្តមអគ្គរដ្ឋទូតមិនប្រកាន់នឹងខ្ញុំ ដែលខ្ញុំយកឱកាសនេះនិយាយពីរឿងប្រវត្តិសាស្ត្រ និយាយពីរឿងស្អីហ្នឹង ហើយសូមអ្នកប្រវត្តិសាស្ត្រកុំប្រកាន់ខឹងនឹងខ្ញុំ ក្រែងថាខ្ញុំនិយាយទៅខុសឆ្នាំអីតិចតួច … ប៉ុន្តែបើកមើលមហាបុរសខ្មែរខ្លួនឯងទៅដឹងរឿងហើយ … ជាមួយនឹងការបើកការដ្ឋានសម្ពោធសាងសង់កំណាត់ផ្លូវជាតិលេខ ៥ ភាគខាងត្បូងប្រវែង ១៣៥ គីឡូមែត្រ តភា្ជប់ពីព្រែកក្តាម បានសេចក្តីថាពី ខេត្តកណ្តាលទៅទល់នឹងខេត្តពោធិ៍សាត់ចំនួន ១៣៥ គីឡូមែត្រនេះ។ ខ្ញុំសូមប្រសិទ្ធិពរ ជូនចំពោះ ចំណងមិត្តភាពកម្ពុជា-ជប៉ុនស្ថិតស្ថេរ ហើយសូមជូនពរចំពោះសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ សូមប្រកបតែនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ