សម្រង់សុន្ទរក​ថា​​សម្ដេច​តេជោ ហ៊ុន សែន ពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅក្រុងបាវិត ខេត្តស្វាយរៀង (ថ្ងៃទី ២)

CNV: 

ពូពិតជាមានការរីករាយខ្លាំង ដោយសារតែការអបអរសាទរ និងការស្វាគមន៍របស់ក្មួយៗចំពោះពូ ដែលបាន​ចាត់ទុកពូមិនមែនគ្រាន់តែជាមេដឹកនាំតែប៉ុណ្ណោះទេ ក៏ប៉ុន្តែកាយវិការរបស់ក្មួយៗបានទៅហួសពីនេះ គឺស្ថិតនៅត្រង់ថា ក្មួយៗបានចាត់ទុកពូដូចជាឪពុក ឬជាជីតា។ នេះជាចំណុចពិសេស ហើយដែលលើកទឹកចិត្តពូ ដើម្បីបន្តដំណើរឆ្ពោះទៅមុខទៀត។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមសាជាថ្មីម្ដងទៀត នៅទីកន្លែង ដែលពីម្សិលមិញជួបរហូតដល់ជិត ៣ ម៉ឺននាក់ មកពីតំបន់សេដ្ឋកិច្ចពិសេស Manhattan។ ថ្ងៃនេះ យើងជួបជុំជា​មួយនឹងតំបន់សេដ្ឋកិច្ចពិសេស ៣ ផ្សេងទៀត ដែលមានតំបន់សេដ្ឋកិច្ចពិសេស តាយសេង មានតំបន់សេដ្ឋកិច្ចពិសេស Dragon King បាវិត និងតំបន់សេដ្ឋកិច្ចពិសេស Shandong Sunshell … ថ្ងៃនេះ យើងជួបចំនួន ៣២ រោងចក្រ។ ថ្ងៃនេះ ខ្ញុំក៏គិតថា មុននឹងចាកចេញទៅទីក្រុងភ្នំពេញវិញ ក៏ឆ្លៀតចូលមើលការផ្គុំគ្រឿងចក្រ(ដំឡើងរថយន្ត Daehan Auto Cambodia)របស់លោក អូ ស៊ីយ៉ុង …។

ផ្ដល់អនុសាសន៍អោយក្រុមហ៊ុនកូរ៉េ ដំឡើងរថយន្តដឹកកម្មករនៅបាវិត

… ចង់ផ្ដល់អនុសាសន៍បន្ដិចថា គួរតែបង្កើតនូវធនាគារ រួចហើយក៏ត្រូវគិត ហៅថា គោលនយោបាយចំពោះអ្នកទិញឡានរបស់ខ្លួន។ អ្នកណាដែលខ្ចីលុយធនាគារហ្នឹង ដើម្បីទិញឡានដឹកកម្មករ អត្រាការប្រាក់អោយទាបជាងគេបន្ដិច។​ ហ្នឹងជាការល្អ។ ខ្ញុំផ្ដល់ការលើកទឹកចិត្តបែបនេះ ព្រោះនៅពេលដែលពូទទួលបាននូវព័ត៌មានស្ដីពីការភ្លូកឡាន ឬគ្រោះថ្នាក់ចរាចរណ៍សម្រាប់​កម្មករ/ការិនីរបស់យើងម្ដងៗ ពូពិតជាមានការរន្ធត់ចិត្តណាស់។ ឥឡូវនេះ ហាក់ដូចជារកអុសប្រទះឈើងាប់ នៅត្រង់ថា ក្រុមហ៊ុនកូរ៉េមួយនេះ បានមកបើករោងចក្រដើម្បីបង្កើតឡើងជារថយន្តដឹកជញ្ជួនកម្មករ។ ម្សិលមិញ ផ្ដល់អោយពូ ១២ គ្រឿង … គឺសុវត្ថិភាព។ បញ្ហានៅត្រង់ទុន។ បើបញ្ហាទុន គាត់មានគំនិតអំពីបញ្ហាបង្កើតធនាគារ។ អញ្ចឹងខ្ញុំអោយជាគំនិតថា បើអ្នកណាខ្ចីលុយធនាគារនេះ យកមកទិញឡានរបស់រោងចក្រនេះ គឺអត្រាការប្រាក់អោយខុសពីអត្រាការប្រាក់ ដែលខ្ចីយកទៅធ្វើអីផ្សេង។ ហ្នឹងបានទទួលជោគជ័យហើយ។ គេទៅយកលុយពីយើង មកទិញឡានយើង។ ចំណុចសំខាន់ មិនមែនអត្រា​ការប្រាក់ទេ។ ចំណុចសំខាន់គឺផលិតផលដែលយើងផលិតបាន និងចែកចាយទូទាំងប្រទេស។

ដូច្នេះ សុវត្ថិភាពចំពោះកម្មកររបស់យើង ដែលតែងតែកើតឡើងអំពីគ្រោះថ្នាក់ចរាចរណ៍ ដោយសាររថយន្តវាមិន​មាំនោះ គឺនឹងត្រូវបានធានា ហើយអាចដោះស្រាយបាននូវបញ្ហាជាច្រើន។ នេះជាអនុសាសន៍របស់ខ្ញុំ ហើយសូមឯកឧត្តម សុខ ចិន្ដា ធ្វើការជាមួយឯកឧត្តម ជា ចាន់តូ បើចង់បង្កើតធនាគារនេះដាក់គោលដៅអោយ​ច្បាស់ អំពីបញ្ហាផលិតអានេះ(ឡានដឹកកម្មករ) ជាមួយនឹងការបង្កើតធនាគារ។ សព្វថ្ងៃនេះ មានរថយន្តហើយស្រាប់ គេក៏អាចលក់រថយន្តនោះ ហើយខ្ចីលុយធនាគារមួយផ្នែកណា ដើម្បីជំនួសអោយរថយន្តចាស់។ អញ្ចឹងទេ គេមានប្រាក់ចំណូលរាល់ខែ ដោយសារតែកម្មករ គឺជាអតិថិជនអចិន្ត្រៃយ៍របស់គេរួចស្រេចទៅហើយ។ នេះជាការគិតគូរជាក្របខណ្ឌនយោបាយ​តែប៉ុណ្ណោះ។

ធ្វើនាយករដ្ឋមន្រ្តី ១០ ឆ្នាំ ដើម្បីបន្តការជួបជាមួយកម្មករ

… នេះជាលើកដំបូង ប៉ុន្តែក៏មិនមែនជាលើកចុងក្រោយដែរ។ ពូសូមបញ្ជាក់ចំពោះក្មួយៗទាំងអស់ថា នៅពេលណាដែលពូបន្តធ្វើជានាយករដ្ឋមន្រ្តី ពូនឹងបន្តដើរជួបកម្មករទាំងអស់ ហើយដើរវិលជុំតែម្ដង។ ពូសម្រេចចិត្តថា នឹងបន្តអាណត្តិជានាយករដ្ឋមន្រ្តីតាមរយៈការបោះឆ្នោត ២ អាណត្តិបន្ថែមទៀត គឺរយៈពេលមិនតិចជាង ១០ ឆ្នាំ។​ ដូច្នេះ ក្នុងរយៈពេល ១០ ឆ្នាំនោះ ប្រហែលជាយើងអាចមានលទ្ធភាពមកទីក្រុងបាវិតនេះ ច្រើនដងទៀត។ ពូចង់យកឱកាសនៃការអនុវត្តនៃគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ ធ្វើជាចំណុចគោល ហើយ ចូលរួមដោះស្រាយ និងសួរសុខទុក្ខ ពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈមទាំងឡាយដែលក្មួយៗជួបប្រទះ។ … ដល់បញ្ហានោះ ដំបូង ពូសូមអរគុណចំពោះម្ចាស់រោងចក្រទាំង ៣២ រោងចក្រ ដែលផ្ដល់ការអនុញ្ញាតអោយកម្មករ/ការិនីបានមកជួបខ្ញុំនៅទីនេះ ហើយក៏ផ្ដល់ការអនុញ្ញាតអោយកម្មករ/ការិនីបានឈប់សម្រាកពេលល្ងាចនេះ ដោយទទួលបានប្រាក់ឈ្នួលពេញលេញ។

ដិតដាមដោយអារម្មណ៍ដ៏ល្អមួយអំពីជំនាន់ចាស់ ជាមួយនាយករដ្ឋមន្រ្តីមួយនេះ

យប់មិញនេះ មានអ្នកខ្លះថា ក្រោកតាំងពីម៉ោង ២ ឯមួយនោះថា ក្រោកតាំងពីម៉ោង ១២ រង់ចាំ(ជួបនាយករដ្ឋមន្រ្តី)។ ពូបានកត់សំគាល់អម្បាញ់មិញ (មាន)ក្មួយស្រីម្នាក់ សក់រាងក្រហមបន្ដិច (ដែល)ប្រហែលជាដិតដាមដោយអារម្មណ៍ដ៏ល្អមួយអំពីជំនាន់ចាស់ បានមកសុំថតរូបជាមួយពូ ហើយប្រាប់ថាថតយកទៅអោយ​យាយ​មើល​។ បន្ទាប់ទៅក្មួយស្រក់ទឹកភ្នែក។ បើពូមិនច្រឡំទេ ពូធ្លាប់បានលើកហើយ (ថារឿងនេះ)វាតជំនាន់ តាំងពីជីដូនជីតា ឪពុកម្ដាយរបស់ក្មួយៗ ធ្លាប់បានរួមដំណើរជាមួយពូយ៉ាងដូច្នេះ។ ក្មួយៗនៅទីកន្លែងមួយចំនួន តែងតែបានសុំថត។ ជីតាខ្ញុំចង់បានរូបថត ឬឪពុកម្ដាយរបស់ខ្ញុំចង់បានរូបថតរបស់លោកអ៊ំ​ លោកពូ … នេះគឺជាចំ​ណុចដែលមើលឃើញថា ពូពិតជាបានរួមចំណែកជាមួយនឹងជីដូនជីតាឪពុកម្ដាយរបស់ក្មួយៗ ដើម្បីនាំប្រ​ទេស​ចេញពីស្ថានភាពដ៏លំបាកបំផុត ទម្រាំដែលយើងមានថ្ងៃនេះ។ នេះមិនមែនជារឿងព្រេងនិទានទេ ក៏ប៉ុន្តែជារឿងពិតនៅក្នុងជីវិតពិតនៃប្រជាជនកម្ពុជារបស់យើង ទាំងជីវិតរបស់ជីដូនជីតាក្មួយៗ ទាំងជីវិតរបស់ឪពុកម្ដាយ​ក្មួយៗ និងទាំងជីវិតរបស់ក្មួយៗ …។

បើកម្មករ/ការិនី ៥ ម៉ឺននាក់ ជាមធ្យមតែ ២០០ ដុល្លារ/ម្នាក់ ប្រាក់ ១២០ លានដុល្លារចូលក្នុងសេដ្ឋកិច្ចតំបន់

ប្រទេសមួយចំនួននៅទ្វីបអាហ្វ្រិក និងទ្វីបអាស៊ី ស្ថិតនៅក្នុងស្ថានភាពដែលគេមិនទាន់ចេញផុតពីសង្រ្គាមផង ហើយប្រទេសខ្លះ ទោះបីចេញផុតពីសង្រ្គាម ក៏ប៉ុន្តែប្រទេសរបស់គេស្ថិតនៅក្នុងស្ថានភាពជាប្រទេសដែលមានការអភិវឌ្ឍតិចតួច និងមានប្រាក់ចំណូលទាប។ ឥឡូវនេះ តាមរយៈនៃការខិតខំរបស់យើង យើងបាននាំប្រ​ទេសរបស់យើងចេញពីប្រទេសដែលមានប្រាក់ចំណូលទាប ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិត​ទាប ហើយយើងមានសង្ឃឹមថា នៅឆ្នាំ ២០៣០ យើងនឹងក្លាយ​ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ហើយឆ្នាំ ២០៥០ យើងនឹងក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់។ ក្នុងចំណុចនេះ ម្សិលមិញ ខ្ញុំអោយគិត គ្រាន់តែកម្មករនៅបាវិតរបស់យើងនេះ ក្នុងមួយឆ្នាំ ទទួលបាននូវប្រាក់ជាមធ្យមចំនួន ១២០ លានដុល្លារ ចាក់ចូលទៅក្នុងសកម្ម​ភាពជីវភាពរបស់កម្មករ/ការិនី ដែលទ្រទ្រង់អោយកម្មករ គិតត្រឹមតែ ៥ ម៉ឺននាក់ គិតជាមធ្យមតែ ២០០ ដុល្លារទេ យើងមានប្រាក់ ១២០ លានដុល្លារ ចូលមកកម្មករក្នុងតំបន់នេះ …។

កម្មករ/កម្មការិនី ឆ្លងផុតបន្ទាត់នៃភាពក្រីក្រកំណត់ដោយសហប្រជាជាតិ

ពូសុំបង្ហាញអំពីតួលេខរបស់អង្គការសហប្រជាជាតិ ដែលគេកំណត់ថា តើអ្នកណានៅលើបន្ទាត់នៃភាពក្រីក្រ អ្នក​ណានៅក្រោមបន្ទាត់នៃភាពក្រីក្រ? កាលពីពេលមុន គេកំណត់ថា ប្រសិនបើអ្នកណារកបានត្រឹមមួយដុល្លារ គេចាត់ទុកថា ជាអ្នកដែលបានឆ្លងផុតពីបន្ទាត់នៃភាពក្រីក្រ។ រកបានក្រោមមួយដុល្លារ គឺមិនទាន់ឆ្លងផុតពីភាពក្រីក្រទេ។ ប៉ុន្តែឥឡូវគេបានកំណត់ ១ ដុល្លារ ២៤ សេន។ អ្នកណារកបានប៉ុណ្ណឹង គឺបានសេចក្ដីថា ឆ្លងផុតពីបន្ទាត់នៃភាពក្រីក្រហើយ។ ឥឡូវ ពិនិត្យមើលប្រាក់(ចំណូល)របស់ក្មួយៗ។ បើពីមុន ៣០ ដុល្លារក្នុងមួយខែ ឆ្លងផុតពីបន្ទាត់នៃភាពក្រីក្រហើយ។ ឥឡូវនេះ អាចថា ៤០ ដុល្លារក្នុងមួយខែ គឺឆ្លងផុតបន្ទាត់នៃភាពក្រីក្រ។ ប៉ុន្តែក្មួយៗបានទទួលក្នុងមួយខែ(បៀវត្ស)ជាង ២០០ ដុល្លារ គឺវាបានឆ្លងផុតឆ្ងាយហើយ។ ប៉ុណ្ណឹងវាមិនទាន់គ្រប់គ្រាន់ទេ។ យើងបានដាក់ចេញនូវគោលការណ៍ … ដំឡើងបៀវត្សរ៍ប្រចាំឆ្នាំសម្រាប់កម្មករ/ការិនី …។

រោងចក្រសហគ្រាសឱ្យបៀវត្សរ៍ក្រោម ១៧០ ដុល្លារ ខុសច្បាប់ តែបើឱ្យលើសត្រូវទាំងអស់

ធ្វើការកាន់តែល្អ ប្រាក់ចំណេញកាន់តែច្រើន គឺចំនួនបៀវត្សរ៍ក៏ត្រូវតែមានការកើនឡើង។ ម្សិលមិញមានរោងចក្រមួយនោះ ពូបានសួរថា ប្រាក់ខែប៉ុន្មាន? ថា ១៧១ ដុល្លារ(អាមេរិក) អញ្ចឹង បានសេចក្តីថា រោងចក្រគេម្ចាស់ការឱ្យលើសចំនួនប្រាក់ដែលបានកំណត់ ដោយការឯកភាពគ្នា រវាងរាជរដ្ឋាភិបាល រវាងសហជីព និងម្ចាស់រោងចក្រ។ មានកន្លែងខ្លះទៀតប្រាក់ខែគោលអប្បបរមាខ្ពស់ច្រើនជាងការកំណត់។ ចំណុចនេះ ក៏សូមផ្តាំផ្ញើចំពោះក្មួយៗឱ្យបានជ្រាបថា ឆ្នាំទៅយើងអនុវត្ត(ប្រាក់អប្បបរមា) ១៥៣ (ដុល្លារ អាមេរិក)។ ឆ្នាំនេះ យើងអនុវត្ត(ប្រាក់អប្បបរមា) ១៧០ (ដុល្លារ អាមេរិក)។ ពិដានរបស់វានៅត្រឹម ១៧០ (ដុល្លារ អាមេរិក) ប៉ុន្តែ អ្នកណានៅក្រោមពិដាន ឬក្រោម ១៧០ (ដុល្លារ អាមេរិក) មានន័យថា ខុសច្បាប់។ ផ្ទុយទៅវិញ បើសិនជានៅលើពិដាន ឬ១៧០ (ដុល្លារ អាមេរិក) គឺត្រូវទាំងអស់។ ឱ្យទាបជាង ១៧០ (ដុល្លារ អាមេរិក) ខុសទាំងអស់ …។

នឹងពិចារណាឱ្យបុរសជាប្តី បានឈប់សម្រាករយៈពេលខ្លីមើលថែប្រពន្ធឆ្លងទន្លេដោយមានប្រាក់បៀវត្សរ៍

កម្មការិនីពោះធំក៏ដូចគ្នាដែរ ត្រូវបានទទួលការចេញមុនម៉ោងចំនួន ១៥ ​នាទី ប៉ុន្តែ បើរោងចក្រខ្លះឱ្យក្រោម ១៥ នាទី គឺខុស ប៉ុន្តែ បើឱ្យលើស ១៥ នាទី គឺត្រូវទាំងអស់។ ឥឡូវ ពូកំពុងពិចារណាចំណុចមួយ ដែលម្សិលមិញ​នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធិ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានផ្តល់មតិមួយដែលពូគិតអត់ដល់ តែពូត្រូវយកបញ្ហានេះបញ្ជូនឱ្យ ឯកឧត្តម អ៊ិត សំហេង ធ្វើការពិភាក្សានៅពេលខាងមុខជាមួយនឹងម្ចាស់រោងចក្រ នៅត្រង់ថា យើងឱ្យប្រពន្ធឆ្លងទន្លេទទួលបាននូវការឈប់សម្រាក ៣ ខែ ជាមួយនឹងប្រាក់បៀវត្សរ៍ ១២០% ក៏ប៉ុន្តែ បញ្ហាវាស្ថិតនៅត្រង់នេះទៀត ត្រង់ថា ចុះនៅពេលប្រពន្ធឆ្លងទន្លេ តើប្តីទៅមើលឬអត់? រឿង(វានៅ)កន្លែងនេះ។ វាច្បាស់ជាទៅមើល ទោះបីយ៉ាងម៉េចក៏ដោយ ត្រូវសុំច្បាប់ទៅមើល ចោលការងារក៏ចោល ប៉ុន្តែ មិនអាចចោលប្រពន្ធ ចោលកូនបានទេ។ តើយើងគួរមានគោលនយោបាយ ចំពោះបុរសដែលជាប្តីរបស់កម្មការិនី គួរត្រូវបានឈប់សម្រាក ៣ ថ្ងៃ ឬ ១ អាទិត្យ ដោយមានប្រាក់បៀវត្សរ៍ទេ? នេះជាចំណុចពិចារណា។

ពីដើមឆ្នាំមក កម្មការិនីជាង ២ ម៉ឺននាក់ បានឈប់សំរាកមាតុភាព ៣ ខែ ជាមួយបៀវត្សរ៍ ១២០%

ចាប់ពីដើមឆ្នាំមកដល់ពេលនេះ កើតជិត ២ ម៉ឺននាក់ … ក្មួយៗទាំងជិត ២ ម៉ឺននាក់នោះ បានទទួលការឈប់សម្រាករយៈពេល ៣ ខែ ជាមួយប្រាក់បៀវត្សរ៍ ១២០% បូកជាមួយនឹងប្រាក់ ដែលរាជរដ្ឋាភិបាលផ្គត់ផ្គង់ជូន ដែលកើតបានកូនមួយចំនួន ៤០ ម៉ឺនរៀល ស្មើ ១០០ ដុល្លារ(អាមេរិក)។ ប៉ុន្តែ បញ្ហាចំណោទរបស់យើងនៅត្រង់ថា ធម្មតាប្តីត្រូវទៅកំដរប្រពន្ធ។ ចោលមិនបានទេ។ លើកលែងតែពូដែលករណីពិសេស។ កាលពីឆ្នាំ ១៩៧៦ សូម្បីតែយកកូនខ្លួនឯងដែលស្លាប់ហើយ ទៅកប់ក៏អត់មានសិទ្ធិដែរ។​ សិទ្ធិរបស់យើងកាលពីអតីតកាល គឺអន់ជាងឆ្កែទៅទៀត។ ឆ្កែវាមានសិទ្ធិការពារកូនរបស់វា ប៉ុន្តែពូពេលនោះ គ្មានសិទ្ធិយកកូនខ្លួនឯងទៅកប់ទេ គេថា គេមានមនុស្សយកទៅកប់ហើយ។ ហ៊ុន ម៉ាណែត នេះជាកូនទី ២ ទេ។ កូនទី ១ កើតឆ្នាំ ១៩៧៦។

ដូចថាប្តីក៏ធ្វើការនៅរោងចក្រហ្នឹង ប្រពន្ធក៏ធ្វើការនៅខាងកម្មករ(នៅទី)ហ្នឹង។ តើយើងមានគោលនយោ​បាយដោះស្រាយឱ្យបុរសជាប្តីនេះទេ? ច្បាស់ហើយគាត់បានច្បាប់សម្រាក ប៉ុន្តែត្រូវកាត់សងវិញនៅថ្ងៃខាងក្រោយ។ តើយើងគួរអនុគ្រោះឱ្យបុរសជាប្តីបានទទួលការឈប់សម្រាកក្នុងរយៈពេលខ្លីណាមួយ ដើម្បីមើលថែទាំប្រពន្ធឆ្លងទន្លេដោយមានប្រាក់បៀវត្សរ៍ទេ? ចំណុចនេះ ក៏ជាចំណុចដែលត្រូវយកមកគិត។ បានយ៉ាងណានោះ គឺទាក់ទិនជាមួយនឹងការពិភាក្សាគ្នាក្នុងយន្តការត្រីភាគី ដោយខាងរាជរដ្ឋាភិបាល តំណាងកម្មករ ក៏ដូចជាម្ចាស់រោងចក្រ។ ខ្ញុំគិតថា វាមិនច្រើនពេកទេ។

អត្រាមានផ្ទៃពោះក្នុងចំណោមកម្មករ មាន ២,៧% និងទូទៅ ១,៧%

អត្រាពិតប្រាកដអ្នកដែលមានផ្ទៃពោះក្នុងកម្មករ យើងគិតទៅដល់ ២,៧% ក៏ប៉ុន្តែ លើការជាក់ស្តែង ប្រជាជនកម្ពុជាបច្ចុប្បន្ននេះ អត្រានៃកំណើនប្រជាពលរដ្ឋតែ ១,៧% ទេ។ អញ្ចឹង ក្នុង ១០០ នាក់ មានតែ ១ នាក់កន្លះ។ យើងទៅចិត្តអាក្រក់អី ៥ ថ្ងៃ ឬ ១ អាទិត្យ ឱ្យសម្រាកដើម្បីឱ្យប្រពន្ធរឹងដៃ/ជើងយកមកផ្ទះ។ ហ្នឹងគឺជារឿងមួយ នៃគោលនយោបាយគាំពារសង្គម។ នេះគ្រាន់តែការគិតគូរបន្ថែម ដែលពូសុំយកឱកាសនេះបញ្ជាក់ថា វាស្ថិតនៅក្នុងក្របខណ្ឌនៃការស្រាវជ្រាវ និងការពិចារណា ដែលយើងត្រូវយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើបញ្ហាគាំ​ពារ​សង្គម មិនមែនគ្រាន់តែទិដ្ឋភាពដាច់ដោយឡែកសម្រាប់កម្មករ/ការិនីទេ ប៉ុន្តែជាទូទៅតម្រង់ឆ្ពោះទៅរកកម្មករ/ការិនីនេះឯង។

ចង់ពង្រីកគោលនយោបាយគាំពារសង្គមសំរាប់ស្ត្រីមានផ្ទៃពោះនៅទូទាំងប្រទេស

ពេលដែលចាប់ផ្តើមដាក់ការអនុវត្ត អំពីនយោបាយគាំពារសង្គម ពូបានចាប់ផ្តើមតម្រង់ឆ្ពោះទៅរកស្ត្រីដែលមានផ្ទៃពោះ។ ឥឡូវនេះ​ គឺយើងបានទម្លាក់ថវិកាក្នុងមួយឆ្នាំប្រមាណជា​ ១០ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបម្រើការផ្តល់ជូនស្ត្រីជាកម្មការិនីដែលមានផ្ទៃពោះឆ្លងទន្លេ។ ក្នុងរយៈ(ពេល)ជាង ៤ ខែនេះ យើងកើតមិនដល់ ២ ម៉ឺន​នាក់ផង។ អញ្ចឹងទេ ក្នុងមួយឆ្នាំនេះ អាចថា យើងចាយអត់អស់ទេប្រាក់ ១០ លានដុល្លារ​អាមេរិកនេះ។ ពូចង់អនុវត្តគោលនយោបាយនេះគ្របដណ្តប់ទូទាំងប្រទេសសម្រាប់ស្ត្រីឆ្លងទន្លេ ដែលទទួលបានប្រាក់ឧប​ត្ថម្ភ ប៉ុន្តែ សម្រាប់ប្រជាពលរដ្ឋ តើយើងផ្តល់ទំហំប៉ុនណា? សម្រាប់មន្ត្រីរាជការ កងកម្លាងប្រដាប់អាវុធ ដែលជាស្ត្រី ហើយដែលត្រូវឆ្លងទន្លេមានរួចហើយ។ កម្មករ/ការិនី ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ​មានរួចហើយ។ ប៉ុន្តែ សំរាប់ប្រជាជនទូទៅ ត្រូវធ្វើយ៉ាងម៉េចទៀត? នោះហើយ គឺជាការគិត​របស់យើង។

ម្សិលមិញ ម្ហូបអ្នកស្វាយរៀង

ម្សិលមិញនៅទីនេះ ពូបាននិយាយពីការដាក់អនុវត្តនូវយុទ្ធសាស្ត្រពីរ ប៉ុន្តែ ពូមិនរំលឹកឡើងវិញទេ។ ពូរំលឹកយុទ្ធសាស្ត្រនេះដែរ ក៏ប៉ុន្តែ រំលឹកអំពីលទ្ធផល ដែលបានសម្រេចនៅទីនេះ ត្រង់ថា បាវិតកាលពីសម័យកាលមុន​នេះជាតំបន់វាយគ្នា តែយប់មិញនេះ ពូបានសម្រាកឃ្លាតពីព្រំដែនប្រហែលជា ៥០០ ឬ ៦០០ ម៉ែត្រ នៅសណ្ឋាគារមួយ។ ពីអតីតកាលអ្នកណាទៅហ៊ានធ្វើសណ្ឋាគារនៅតំបន់អស់ទាំងនេះ? បាវិតថ្ងៃនេះ គឺជាបាវិតដែលខុសពីស្ថានភាពមុន។ ព្រឹកមិញនេះ លឺថាសុទ្ធតែម្ហូបផ្សេង។ ម្សិលមិញ (អាហារ)ពីរពេល គឺថាបានលោកជំទាវ ម៉ែន សំអន លេងម្ហូបអ្នកស្វាយរៀង។ ឥឡូវ មិនដឹងថា​ តើវាត្រូវឡើងប៉ុន្មានគីឡូ? ត្រឡប់ទៅវិញ ដំបូងគេ ដោះខោអាវចេញ ហើយឡើងជញ្ជីងសិន។ បើសិនជាគីឡូលោតឡើងដល់លើស ៧៥ គឺត្រូវរត់ ២ ម៉ោង ដើម្បីទម្លាក់វាចុះមកវិញ។ អញ្ចេះ មានអារម្មណ៍ថា នៅពេលដែលខ្លួនឈរហាក់ដូចជារាងធ្ងន់បន្តិច ប៉ុន្តែ ប្រ​ហែលជាអម្បាញ់មិញហ្នឹងក្មួយៗ បានស្រូបយកកម្លាំងធាតុមួយចំនួន​ អាចនឹងស្រកគីឡូ … ពូកាលណាតែមានការបែកញើសគឺចាប់ផ្តើមអាគីឡូធ្លាក់។ ល្ងាចមិញ ដាក់ម្ជូរត្រកួនពីរចានតែម្តង … ពូអត់ទទួល​ទានបាយល្ងាចទេ។ បាយតែមួយពេលថ្ងៃត្រង់ទេ …។

តាមដានលទ្ធផលបោះឆ្នោតនៅម៉ាឡេស៊ី

យប់មិញនេះ ត្រូវនៅដល់យប់ ដើម្បីតាមមើលការបោះឆ្នោតនៅម៉ាឡេស៊ីឯណោះ តើវាយ៉ាងម៉េច? នៅមើលទូរទស្សន៍ផ្សាយផ្ទាល់ពីម៉ាឡេស៊ី ពីសាំងហ្គាពួរមកផង និងទទួលតាម WhatsApp តាមអ្នករាយការណ៍មកផង ដល់យប់ ។ ប៉ុន្តែ ក៏បានសម្រាកស្រួលណាស់យប់មិញនេះ។

ស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធអប់រំ នៅបាវិត

ម្សិលមិញនេះ ចេញពីហ្នឹងទៅ ពូបានចូលទៅក្នុងវិទ្យាល័យនោះហើយស្រេច។ ម្សិលមិញនេះ អ្នកបាវិតទទួលបានក៏មិនតិចដែរ សាលាដែលមានបឋមសិក្សានៅហ្នឹង មត្តេយ្យក៏នៅហ្នឹង វិទ្យាល័យ អនុវិទ្យាល័យនៅហ្នឹង។ … ផ្នែកបឋមសិក្សាបានទទួលអគារសិក្សា ១ ខ្នង ៣០ បន្ទប់ បូកនឹងទីចាត់ការ ១ ខ្នង ៣ បន្ទប់។ អាហ្នឹងខាងផ្នែកថ្នាក់បឋម។ ដល់មកខាងផ្នែកវិទ្យាល័យ អគារសិក្សាមួយខ្នង ៣ ជាន់ ៣០ បន្ទប់ បូកនឹងផ្ទះគ្រូបង្រៀន ១ ខ្នង ២ ជាន់ ១២ បន្ទប់ និងផ្ទះស្នាក់នៅរបស់សិស្ស ១ ខ្នង ១២ បន្ទប់ទៀត បូកនឹងទីចាត់ការ ហើយនិងកន្លែងបាល់ កន្លែងអីសព្វយ៉ាង​។ ឆ្លៀតដោះស្រាយតម្រូវការវិស័យអបរំ ទាក់ទងនឹងកូនចៅក្មួយៗអ្នកនៅកន្លែងនេះ។

ពីដើមពង្រាយសាលា ឥឡូវពង្រាយរោងចក្រ

កាលពីដើមពង្រាយសាលា ឥឡូវពង្រាយរោងចក្រ។ ដោយសារការពង្រាយរោងចក្រនោះហើយ ដែលក្មួយៗមិនចាំបាច់ធ្វើដំណើរពីនេះទៅដល់ភ្នំពេញដើម្បីរកការងារធ្វើទេ។ ក្មួយៗនៅតំបន់នេះ ភាគច្រើនថ្ងៃធ្វើការរោងចក្រ យប់ទៅសម្រាកនៅផ្ទះ។ នេះជាភាពងាយស្រួល។ ប៉ុន្តែ ការដឹកជញ្ជូននេះក៏នៅតែជាកង្វល់។ អញ្ចឹងបានជាលើកទឹកចិត្តអោយផលិតឡាន ហើយរៀបចំធនាគារដើម្បីអោយអ្នកគេត្រូវការខ្ចីលុយហ្នឹង ខ្ចីលុយហ្នឹងទិញឡាននៅហ្នឹង ការប្រាក់ថោក រួចហើយដឹកក្មួយៗនៅហ្នឹង។ ឡានគេអោយពូ ១២ គ្រឿងហ្នឹង មានទាំងខារ៉ាអូខេនៅក្នុងហ្នឹងផង។ មានដំបូលមានអីយ៉ាងស្រួល …។

ជោគជ័យរួម៖ ផ្តួលរំលំ រាំងស្កាត់ របបប្រល័យពូជសាសន៍ ស្វែងរកសន្តិភាព

ពូនិយាយអំពីជោគជ័យ។ ជោគជ័យវាមានច្រើនណាស់ វាមិនមែនជាជោគជ័យដាច់ដោយឡែករបស់ពូទេ។ ពូគ្រាន់តែជាមេដឹកនាំតែប៉ុណ្ណោះ។ វាជាជោគជ័យរួមរបស់ប្រជាជនកម្ពុជា ដែលរាប់ទាំងជីដូនជីតា ឪពុកម្ដាយរបស់ក្មួយៗ។ ជោគជ័យរបស់យើងមានអី? យើងបានរួមគ្នាដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នាំមកនៅការរស់រានមានជីវិតឡើងវិញរបស់ប្រជាជនកម្ពុជា។ នេះជាជោគជ័យធំណាស់ ប្រសិនបើមិនបានរំដោះ ថ្ងៃ ៧ មករា ១៩៧៩ ប្រជាជនកម្ពុជាស្លាប់ប៉ុន្មានទៅ? យើងបានរួមគ្នាទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត មិនអោយត្រឡប់មកវិញ។ យើងបានរួមគ្នាដើម្បីស្វែងរកនូវដំណោះស្រាយបញ្ហា សម្រាប់កម្ពុជាស្វែងរកសន្តិភាព។

ជោគជ័យលើនយោបាយឈ្នះឈ្នះ អភិវឌ្ឍសេដ្ឋកិច្ចសង្គម និងយុទ្ធសាស្ត្រ ២

យើងបាននាំគ្នាដើម្បីអនុវត្តនូវនយោបាយឈ្នះឈ្នះ នាំមកការបង្រួបបង្រួមជាតិ ឯកភាពទឹកដី។ យើងបានរួមគ្នាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងនោះគោលដៅយុទ្ធសាស្ត្រសំខាន់ ២ ដែលយើងបានទទួលជោគជ័យរួចមកហើយ ហើយកំពុងបន្តដំណើរឆ្ពោះទៅរកជោគជ័យបន្ថែមទៀត ពង្រឹងនូវជោគជ័យនោះ គឺការប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ អោយក្លាយទៅជាទីផ្សារ និងក្លាយទៅជាតំបន់មានការអភិវឌ្ឍ និងទី ២ ត្រូវប្រែក្លាយតំបន់ជាប្រទេសជិតខាងទាំងអស់ជាព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ …។

ប្រែក្លាយពីតំបន់មានសង្គ្រាម មកជាតំបន់ដាំដុះ រោងចក្រ ទីផ្សារ

ជាក់ស្ដែង បាវិតគឺជាតំបន់ដែលរងគ្រោះ មិន​មែនគ្រាន់តែក្រោយឆ្នាំ ១៩៧០ ទេ។ … ពេលដែលវៀតណាមមិនទាន់មានការឯកភាពរវាងខាងត្បូង និងខាងជើងទេ (ដោយ)ខាងត្បូងត្រូវគ្រប់គ្រងដោយរដ្ឋាភិបាលមួយ មានអាមេរិកគាំទ្រ ជានិច្ចកាលតែងតែមានការវាយប្រហាររវាងកម្ពុជា និងវៀតណាម។ ក្រោយមក (ក្នុង)របប ប៉ុល ពត ក៏ជាតំបន់ដែលមានការប្រយុទ្ធគ្នា ដែលក្រោយយើងរំដោះឆ្នាំ ១៩៧៩ បានបន្សល់នូវតំបន់មួយចំនួនតាមព្រំដែនសម្បូរទៅដោយគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ។ ម្សិលមិញ លោក យូ គាត់ថាគាត់ឈូសឆាយដីរបស់គាត់ទៅឃើញគ្រាប់។ គាត់ថាគាត់មិនដឹងគ្រាប់អីដែរ ប៉ុន្តែ មានកង្ហារពីក្រោយ ប៉ុនកំភួនជើង។ ថាអាហ្នឹងត្បាល់ ១២០។ គាត់មិនមែនអ្នកធ្វើសង្គ្រាមឯណា។ ឥឡូវនេះ យើងប្រែក្លាយតំបន់ធ្លាប់វាយគ្នាកាលពីមុនអោយ​ទៅជាកន្លែងដាំដុះ អោយទៅជាតំបន់រោងចក្រ អោយក្លាយទៅទីផ្សារអស់ហើយ មិនថានៅផ្ទៃក្នុងប្រទេស និងមិនថានៅតាមព្រំដែនទេ។ យើងបានប្រឹងប្រែងខ្លាំងណាស់ ដើម្បីរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង។

កម្ពុជាងាយបាត់បង់រោងចក្រ ព្រោះប្រទេសនានាក្នុងតំបន់កំពុងប្រកួតប្រជែងខាងប្រាក់បៀវត្សរ៍

ក្មួយៗត្រូវចងចាំអោយច្បាស់ថា អ្វីដែលយើងទទួលផល ក្មួយៗមានការងារធ្វើ មានប្រាក់ចំណូលនៅថ្ងៃនេះ មិន​បានមកពីបក្សប្រឆាំង ឬក្រុមប្រឆាំងណាទេ។ ពួកគេមានតែដើរញុះញង់បង្កចលាចលតាមរយៈរបស់ដែលហៅថា តំឡើងប្រាក់ខែៗ ហួសពីលទ្ធភាព ដែលអាចធ្វើទៅបានរបស់ថៅកែរោងចក្រ ដែលមិនខុសពីការ «ដុតអោចខ្លោច រោចអោយឆៅ»។ ទីបំផុត ម្ចាស់រោងចក្រដែលមិនអាចទ្រាំទ្របានជាមួយនឹងការតំឡើងបៀវត្សរ៍ គេត្រូវបិទរោងចក្រ គេដករោងចក្រទៅកាន់ប្រទេសផ្សេង។ ពូសូមលើកមកបង្ហាញដើម្បីក្មួយៗចាប់អារម្មណ៍។ ប្រ​ទេសយើងងាយរងគ្រោះក្នុងការបាត់បង់រោងចក្រខ្លាំងណាស់ ជាពិសេសរោងចក្រកាត់ដេរតែម្ដង។ ​ដោយសាអី? ប្រទេសយើងអនុវត្តនូវប្រាក់ឈ្នួលអប្បបរមា ១៧០ ដុល្លារសហរដ្ឋអាមេរិក។ ប្រទេសបង់ក្លាដេសអនុវត្តនូវប្រាក់បៀវត្សរ៍អប្បបរមាតែ ៦៧ ដុល្លារសហរដ្ឋអាមេរិកទេ។ ប្រទេសស្រីលង្ការ អនុវត្តតែ ៦៧ ដុល្លារអាមេរិកទេ។ ប្រទេសឥណ្ឌាអនុវត្ត ៧៧ ដល់ ១៤៣ ដុល្លារ មានតំបន់ដែល ៧៧ ដុល្លារ និងមានតំបន់ដែលមាន ១៤៣ ក៏នៅតែទាបជាងយើង។ ប្រទេសមីយ៉ាន់ម៉ាដែលហៅថាភូមានោះ គឺអនុវត្ត ១០៨ ដុល្លារ។ ប្រទេសឥណ្ឌូនេស៊ីអនុវត្តក្នុងចន្លោះពី ១០៧ ដុល្លារដល់ ២៦៧ ដុល្លារចែកជាតំបន់។ ឯប្រទេសវៀតណាមអនុវត្ត តំបន់ខ្លះគឺ ១២២ ដុល្លារ និងតំបន់ខ្លះ ១៧៥ ដុល្លារ។ ប្រទេសឡាវគឺអនុវត្ត ១៣៣ ដុល្លារ។ ប្រទេសប៉ាគីស្ថានអនុវត្ត ១៣៤ ដុល្លារ។ ប្រទេសទាំងនេះសុទ្ធតែមានការប្រកួតប្រជែងជាមួយយើង។ មិនត្រូវភ្លេចថា នៅពេលដែលពួកក្រុមញុះ​ញង់ទាមទារហួសហេតុ បង្កើតអោយមានបាតុកម្ម រហូតដល់មានហិង្សាកើតឡើង ម្ចាស់រោងចក្រងាយនឹងបិទទ្វារ ហើយនាំរោងចក្រទាំងនេះទៅកាន់ប្រទេសដែលកំពុងត្រូវការ ហើយមានប្រាក់ខែទាប។

ពីរោងចក្រ និងកម្មករតិចតួច រហូតមានរោងចក្រ និងកម្មករច្រើន ហើយក៏កំពុងបន្តកើនឡើង

យើងធ្វើអោយមានការសមហេតុសមផល។ មុននេះយើងគិតអំពីកំណើនដែលទាក់ទិនជាមួយនឹងវិស័យកាត់ដេរ។ ពូនិយាយតែវិស័យកាត់ដេរ ព្រោះនៅទីនេះមានដល់ថ្នាក់ផលិតនាឡិកាម៉ាកជប៉ុន ផលិតនៅស្រុកខ្មែរ ប៉ុន្តែ​យកទៅលក់នៅផ្សារជប៉ុន លក់អោយប្រជាជនជប៉ុនជាអ្នកពាក់។ ជប៉ុនក៏អាចនាំអាហ្នឹងទៅលក់នៅប្រ​​ទេសដទៃដែរ​។ ម៉ាកអី? ម៉ាក Casio។ អញ្ចឹងទេ ស្រុកខ្មែរយើងផលិត សូម្បីតែមានផ្នែកខ្លះ នៃទូរ​ស័ព្ទ ក៏មានផលិតនៅក្នុងប្រទេសរបស់យើងដែរ។ បើនិយាយពីវិស័យកាត់ដេរ ប្រទេសរបស់យើងនៅឆ្នាំ ១៩៩៧ មានរោងចក្រត្រឹមតែ ៦៤ ទេ ជាមួយនឹងកម្មករ ៨ ម៉ឺន ២ ពាន់នាក់។ ពេលនោះប្រាក់បៀវត្សរ៍ត្រឹមតែ ៤០ ដុល្លារទេ។ អ្នកធ្វើមុនឆ្នាំ ១៩៩៧ ប្រាក់ខែប្រមាណជា ៣៥-៣៦ ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ ប៉ុន្តែយើងកត់ត្រាពីឆ្នាំ ១៩៩៧។ ដល់បច្ចុប្បន្ននេះ ឆ្នាំទៅ យើងមានរោងចក្រ ១.១០៧ ដែលមានកម្មករ ៧៤៣.៦១៥ នាក់ ឥឡូវមកដល់ដើមឆ្នាំ ២០១៨ រោងចក្រយើងបានកើនទៅដល់១.១៥៤ គឺមានកំណើនជិត ៥០ រោងចក្របន្ថែមទៀត ដែលដោះស្រាយកម្មករបានរហូតទៅដល់ ៧៧៦.៥៥២ នាក់។ ដូច្នេះកំណើននៃចំនួនកម្មករមានជាង ៣ ម៉ឺននាក់បន្ថែមទៀត បើប្រៀបធៀបជាមួយនឹងឆ្នាំ ២០១៧។

គ្រប់យ៉ាង មិនមែនបានពីការទាមទារខុសរបៀប និងក្បត់ជាតិ និងប្រជាជនខ្លួនឯងរបស់ពួកប្រឆាំងទេ

នេះជាការខិតខំ។ មិនមែនបានមកពីការស្រែករបស់ពួកប្រឆាំងទេ។ ពួកប្រឆាំងមានតែទៅស្រែក ១ គឺញុះ​ញង់​កម្មករ អោយបះបោរទាមទារខុសរបៀប។ ឯ ២ ទៅទាមទារឲ្យប្រទេសក្រៅ កុំអោយមកវិនិយោគនៅកម្ពុជា និងកុំអោយទិញទំនិញពីកម្ពុជា រហូតទៅដល់ធ្វើអំពើក្បត់ជាតិ ដែលហ៊ានទៅបំផ្លាញឆ្នាំងបាយរបស់ប្រជាពលរដ្ឋ តាមរយៈទៅនិយាយជាមួយប្រទេសក្រៅ ឈប់អោយទិញទំនិញពីកម្ពុជា។ គេប្រកាសថាគេទទួលជោគជ័យ ប្រ​សិនបើប្រទេសក្រៅឈប់ទិញទំនិញពីកម្ពុជា។ តើនេះជាអ្វី? វាមិនមែនស្លាប់ ហ៊ុន សែន ទេតែវាស្លាប់កម្មករ នៅពេលដែលរោងចក្រត្រូវបិទ។ អំពើក្បត់ជាតិបែបនេះអាចតែគេធ្វើទៅរួច។ អញ្ចឹងទេសូមគិតអោយហើយទៅ តើគេមានលទ្ធភាព និងមានគុណធម៌ធ្វើជាមេដឹកនាំរបស់កម្ពុជាបានទេ? បើគ្រាន់តែប្រជាជនខ្លួនឯង រាប់ទាំងអ្នកខ្លះបោះឆ្នោតអោយពួកគេទៀតផង។ ហេតុអ្វីបានជាគេមិនយល់? គេចង់ធ្វើបាប ហ៊ុន សែន ក៏ប៉ុន្តែ … ច្រ​បាច់ក ហ៊ុន សែន ទៅលៀនអណ្ដាតកម្មករ លៀនអណ្ដាតប្រជាជនកម្ពុជា។

ដោយសារចង់បានអំណាច អំពើក្បត់ជាតិក៏គេហ៊ានធ្វើ

អំពើក្បត់ជាតិរបស់គេមិនទាន់គិតទៅដល់អាកិច្ចព្រមព្រៀងចុងក្រោយ ដែលគេចុះហត្ថលេខាកាត់ខេត្ត ៤ ទៅអោយជនជាតិភាគតិចវៀតណាម គឺ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី … មិនទាន់បានកាន់អំណាចផង ចុះហត្ថលេខាកាត់ខេត្ត ៤ ទៅគេបាត់ទៅហើយ។ ទម្រាំបានកាន់អំណាចគេធ្វើអីទៀត​។ ខ្ញុំមិនចង់ទៅឆ្លងឆ្លើយអីជាមួយនឹងមនុស្សហ្នឹងទេ គ្រាន់តែពន្យល់ក្មួយៗថា ត្រង់ណា(ទៅ)ដែល(ថា)ទៅអំពាវនាវឲ្យបរទេសឈប់ផ្តល់​ជំនួយមកកម្ពុជា​ ឈប់ទិញទំនិញពីកម្ពុជា គឺជាទង្វើសម្លាប់ប្រជាជនខ្លួនឯង(នោះ)។ ហេតុតែខ្លួនចង់បានអំ​ណាច ខ្លួនចង់ឲ្យប្រទេសខ្ទេចខ្ទាំ រហូតដល់អំពាវនាវកងទ័ព កុំឲ្យស្តាប់បញ្ជា បង្វែរអាវុធ​មកប្រឆាំងរាជរដ្ឋា​ភិបាល។ អំពាវនាវឲ្យប្រជាជនកុំទៅបោះឆ្នោត។ អំពាវនាវឲ្យបរទេសកុំទិញទំនិញពីកម្ពុជា ដើម្បីដាក់ទណ្ឌកម្ម … សូមស្តាប់ឲ្យច្បាស់ មិនថាកម្មករនៅកន្លែងនេះទេ​ ប្រជាជនទូទាំងប្រទេសត្រូវឲ្យយល់ បើសិនជាមានរឿងណាមួយកើតឡើង គឺបុគ្គលនោះជាអ្នកទទួលខុសត្រូវ …។

សមរភូមិ និងព្រំដែន ក្លាយជាទីផ្សារ តំបន់អភិវឌ្ឍ ព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ

… ក្មួយៗត្រូវតែយល់ថា​ យើងបានប្រឹងប្រែង។ សូម្បីតែតំបន់នេះជាតំបន់ដីបោះបង់ចោល ហើយជាតំបន់ដែលធ្លាប់មានការប្រយុទ្ធ បើទៅឲ្យជិតទល់ដែនបន្តិច។ ឥឡូវនេះ វាក្លាយទៅជាទីផ្សារពិតប្រាកដហើយ។ វាក្លាយទៅជាតំបន់នៃការអភិវឌ្ឍពិតប្រាកដហើយ។ នោះហើយគឺជាជោគជ័យ នៅក្នុងក្របខណ្ឌនៃការអនុវត្តយុទ្ធសាស្ត្រនយោបាយ ដែលយើងបានដាក់ចេញថា ប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ ឲ្យក្លាយជាទីផ្សារ និងជាតំបន់អភិវឌ្ឍ។​ ប្រែក្លាយតំបន់ជាមួយប្រទេសជិតខាងទាំងអស់ ឲ្យកា្លយទៅជាព្រំដែនសន្តិភាព មិត្តភាព​ និងសហប្រតិបត្តិការ និងការអភិវឌ្ឍ។ តាមការរៀបរាប់ពីបងប្អូន ឲ្យដឹងថា រថយន្ត Container ឆ្លងទៅឆ្លងមកទាំងសង​ខាងនៅតាមផ្លូវជាតិលេខ ១ នេះខ្លាំងសម្បើមណាស់។ នេះហើយជាសេដ្ឋកិច្ច ដែលមានការលូតលាស់។ ឥឡូវឧទាហរណ៍៖ ក្មួយៗកំពុងតែផលិត បើអត់មានទីផ្សារនាំចេញ តើក្មួយៗយកទៅណា? ម៉្យាងទៀត តម្រូវការនៃការកសាងផ្ទះសម្បែង តម្រូវការនៃការកសាងអគារនេះអគារនោះ … បើយើងផលិតមិនទាន់បានទេ យើងត្រូវនាំចូល។ ដូច្នេះហើយបានជាមានការនាំចូលតាមច្រកនេះច្រកនោះ។ យើងក៏បាននាំចេញត្រឡប់ទៅវិញ ដោយធ្វើពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម។

ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម ៤០០០ លានដុល្លារ, កម្ពុជា-ថៃ ៦០០០ លានដុល្លារ, មិនទាន់គ្រប់គ្រាន់ទេ

បើគិតតាមជើងលេខគយ​ និងក្រសួងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានត្រឹមប្រមាណជា ៤០០០ លានដុល្លារសហរដ្ឋអាមេរិក តែប៉ុណ្ណោះ។ ក៏ប៉ុន្តែ ខ្ញុំជាមួយនឹងនាយករដ្ឋមន្ត្រីវៀតណាម បានគិតគូរជា​មួយគ្នាថា តួលេខនេះវាមិនគ្រប់គ្រាន់ទេ។​ ប្រជាជនកម្ពុជា និងប្រជាជនវៀតណាម រស់នៅក្បែរខាងគ្នា ដូច្នេះ​គ្មានការចាំបាច់ទៅឆ្លងកន្លែងគយរាយការណ៍ឲ្យគយទេ គាត់រកស៊ីជាមួយគ្នាជិតខាង។ យើងជាមួយនឹងថៃ មាន​ទៅដល់ ៦០០០ លានដុល្លារអាមេរិក​។ ប៉ុន្តែ ក៏នៅតែមិនទាន់គ្រប់គ្រាន់ដែរ ព្រោះមានកន្លែងខ្លះគាត់នៅជិតខាងគ្នា គាត់ឆ្លងទៅឆ្លងមក វាជារឿងធម្មតាណាស់។ បើធ្វើបានដូចនេះ គឺវាប្រសើរខ្លាំងណាស់ ការទៅមករកគ្នា។

ប្រជាជនតាមព្រំដែន ពឹងពាក់អាស្រ័យគ្នាទៅវិញទៅមក

ប្រទេសរបស់យើង មិនមានជម្លោះជាមួយប្រទេសជិតខាងណាមួយ ប៉ុន្តែមានកិច្ចសហប្រតិបត្តិការ។ នៅ​តាមព្រំដែន វាងាយស្រួលត្រង់ថា បើយើងដោះស្រាយហើយ យើងមានមិត្តភាព។ ឧទាហរណ៍៖ អ្នកដែលនៅជាប់ព្រំដែនកម្ពុជា និងវៀតណាម។ សម្រាប់ប្រជាជនកម្ពុជា ហើយអ្នកខាងវៀតណាម នៅជាប់ព្រំដែនជាមួយខាងកម្ពុជា ប្រជាជនកម្ពុជានៅជាប់ព្រំដែនថៃ ប្រជាជនថៃនៅជាប់ព្រំដែនកម្ពុជា ប្រជាជនកម្ពុជានៅជាប់ព្រំដែនឡាវ ប្រជាជនឡាវនៅជាប់ព្រំដែនកម្ពុជា ពឹងអាស្រ័យគ្នាទៅវិញទៅមក គឺជារឿងមួយដែលចាំបាច់។ ត្រូវតែធ្វើការខិតខំ។ ឧទាហរណ៍៖ អ្នកនៅជាប់ព្រំដែនកម្ពុជា-វៀតណាម នៅពេលដែលមានជំងឺ ដូចជាថាឥឡូវនៅស្រុកកំ​ពង់រោទិ៍របស់ខេត្តស្វាយរៀង បើសិនជាបញ្ជូនអ្នកជំងឺមកដល់ស្វាយរៀង គឺប៉ុន្មានគីឡូឯណោះ។ ប៉ុន្តែបើបានបញ្ជូនអ្នកជំងឺនោះឆ្លងទៅដល់មន្ទីរពេទ្យនៅខាងវៀតណាម វាជិតណាស់។ រាល់ការចរចាជាមួយវៀតណាម ចរ​ចាជាមួយថៃ ចរចាមួយឡាវ ខ្ញុំតែងតែមិនភ្លេចលើកពីការផ្តល់សេវាជួយគ្នាទៅវិញទៅមក​។ បើយើងនៅជិតមន្ទីរពេទ្យគេ ប្រៀបធៀបទៅនឹងមន្ទីរពេទ្យយើងមកខាងក្រោយ យើងទៅខាងគេ​ ហើយបើខាងគេនៅឆ្ងាយ ទៅមន្ទីរពេទ្យគេនៅឆ្ងាយជាងយើង គឺគេមកខាងយើង។​ ប៉ុន្តែ ភាគច្រើនយើងមានតិចជាងគេ។ ក្មេងៗទទួលវ៉ាក់សាំង​ ពេលខ្លះមិនតម្រូវការយកវ៉ាក់សាំងនៅខាងនេះទេ យកវ៉ាក់សាំងនៅខាងនោះ។

ស្វះស្វែងរកកិច្ចសហប្រតិបត្តិការលើបញ្ហាធារាសាស្រ្តជាមួយវៀតណាម ថៃ និងឡាវ

ជាការដោះស្រាយងាយស្រួលណាស់ បើយើងមានកិច្ចសហប្រតិបត្តិការនៅតាមព្រំដែន។ ឥឡូវកំពុងតែឈានទៅរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា ជាមួយនឹងវៀតណាមបន្ថែមទៀត​ ហើយយើងកំពុងស្វះស្វែងរកកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់ទឹក រវាងប្រទេសដែលនៅជិតខាងខ្លួន។ ធារាសាស្ត្រនៅខាងវៀតណាមល្អ ទឹកនៅខាងវៀតណាម យើងទាញទឹកពីវៀតណាមយកមកប្រើប្រាស់ស្រោច​ស្រព​កសិកម្មនៅខាងកម្ពុជា។ ប៉ុន្តែកន្លែងខ្លះ ខាងកម្ពុជាមានទឹក ខាងវៀតណាមអត់ទឹក យើងក៏ផ្គត់ផ្គង់ឲ្យគេទៅខាងនោះវិញ។ ជាមួយថៃក៏ដូចគ្នា ជាមួយឡាវក៏ដូចគ្នាយើងធ្វើបែបនេះ។ នេះជាក្របខណ្ឌគោលនយោ​បាយ ដែលយើងថាប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ ​និងការអភិវឌ្ឍ។ ដើរទន្ទឹមនឹងដំណើរការខិតខំ ដើម្បីប្រែក្លាយតំបន់អតីតសមរភូមិ ឬហៅថាអតីតតំបន់ប្រយុទ្ធ ឲ្យទៅជាទីផ្សារ និងជាតំបន់មានការអភិវឌ្ឍ។ យើងកំពុងប្រឹងប្រែងដោះស្រាយដោះមីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីយកដីនោះផ្តល់ឲ្យប្រជាពលរដ្ឋបង្កបង្កើនផល។

គ្មានបាតដៃគណបក្សប្រជាជន និងការគាំទ្រពីប្រជាជន ក៏គ្មានថ្ងៃនេះដែរ

ក្មួយៗ ចាំឲ្យច្បាស់ទៅលើចំណុចនេះ គ្មានបាតដៃគណបក្សប្រជាជន ក៏គ្មានថ្ងៃនេះដែរ។ បើគ្មានការខិតខំរបស់គណបក្សប្រជាជន ឪពុកម្តាយរបស់ក្មួយៗក៏មិនបានរស់រានមានជីវិតដែរ។ បើគ្មានការខិតខំរបស់ជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ កាលពីជំនាន់មុនប្រហែលជាគ្មានក្មួយៗនៅថ្ងៃនេះដែរ។ យើងលំបាកណាស់ទម្រាំបា​ន​មកដល់ពេលនេះ។ ដូច្នេះបានជា ពូសូមសំណូមពរចំពោះក្មួយៗ ធ្វើយ៉ាងម៉េចបន្តការខិតខំរួមជាមួយរាជរដ្ឋាភិបាលដើម្បីរក្សានូវសន្តិភាព ដើម្បីធានាការអភិវឌ្ឍរយៈពេលវែង កុំឲ្យប្រទេសយើងធ្លាក់ទៅក្នុងសម័យអន្តរាយតទៅទៀត។

ម្ចាស់រោងចក្រ អ្នកគ្រប់គ្រងរោងចក្រ ជាមួយកម្មករ ក្លាយជាគ្រួសារតែមួយ សហគមន៍សុខសាន្តមួយ

អំពាវនាវឲ្យក្មួយៗខិតខំធ្វើការ និងរួមធ្វើយ៉ាងម៉េច ឲ្យរោងចក្រ និងម្ចាស់រោងចក្រ អ្នកគ្រប់គ្រងរោងចក្រជាមួយនឹងកម្មករ ក្លាយទៅជាគ្រួសារ ដែលបំពេញឲ្យគ្នាទៅវិញទៅមក មិនអាចកាត់ផ្តាច់ចេញពីគ្នាបានទេ។ មានរោងចក្រ អត់កម្មករ មិនមែនហៅថាថៅកែរោងចក្រទេ គឺគ្រាន់តែជាថៅកែឃ្លាំង។ ឯចំពោះក្មួយៗ បើសិនជាអត់មានរោងចក្រទេ ច្បាស់ជាពេលនេះក្មួយៗច្បាស់ជានៅជាមួយឪពុកម្តាយ ដើម្បីបង្កបង្កើនផលកសិកម្មទៅវិញទេ ឬចិញ្ចឹមសត្វទៅវិញទេ។ អញ្ចឹងបានជាចំណុចពីរនេះ ត្រូវធ្វើម៉េចរួមគ្នា ឲ្យក្លាយទៅជាដូចថារោងចក្រមួយ ជាសហ​គមន៍សុខសាន្តមួយ ដែលមានសាមគ្គីភាព រវាងម្ចាស់រោងចក្ររវាងអ្នកគ្រប់គ្រងរោងចក្រជាមួយនឹងកម្មករ។ ថៅកែរោងចក្រ អ្នកគ្រប់គ្រងរោងចក្រ ត្រូវគិតគូរដល់សុខទុក្ខរបស់កម្មករ ហើយតាមរយៈនៃការយកចិត្តទុក​ដាក់នោះ កម្មករក៏ប្រឹងប្រែងធ្វើការងារ។ ផលចំណេញបានមក ក៏បានបង្កើនឡើងនូវប្រាក់បៀវត្សរ៍បន្ថែមទៀត។ នេះជាចំណុចដែលក្មួយៗត្រូវគិត។ ព្រោះទាំងសងខាងត្រូវពិនិត្យ អំពីបញ្ហានេះហើយធ្វើម៉េច ទំនាក់ទំនងនេះត្រូវ​ក្លាយជាទំនាក់ទំនងគ្រួសារ។ នេះជាឆ្នាំងបាយរួម។ ក្មួយៗត្រូវគិតឲ្យច្បាស់។ ប្រសិនបើរោងចក្រត្រូវឈប់ដំណើរការ អ្នកដែលគ្រោះថ្នាក់មុនគេគឺកម្មករ។ ឧទាហរណ៍៖ លោក Clement Yang ដែលជាប្រធានតំបន់សេដ្ឋ​កិច្ចពិសេស Manhattan បើទោះបីបិទ Manhattan មួយ នៅសល់ Clement Yang មិនដឹងប៉ុន្មានប្រ​ទេសឯណោះ។ នៅប្រទេសហ្វីលីពីន ច្រើនណាស់ … Clement Yang នៅតែមិនងាប់។ ប៉ុន្តែអ្នកដែលងាប់ជាអ្នក​ណា? មួយខែធ្លាប់ទទួលបាន ១៧០ ដុល្លារ បូកនឹងអត្ថប្រយោជន៍ដទៃទៀតប្រមាណជាង ២០០ ដុល្លារ ត្រូវបាត់បង់អស់ហើយ។

កូនធ្វើកម្មករបានចំណូល ផ្ញើលុយនោះឲ្យឪពុកម្តាយដើម្បីធ្វើកសិកម្ម

ក្មួយៗអាចប្រៀបធៀបបាន នៅពេលដែលក្មួយមិនទាន់បានមកធ្វើការជាមួយរោងចក្រ ពេលនោះតើផលដែលក្មួយៗធ្វើការជាមួយនឹងឪពុកម្តាយ ក្នុងមួយឆ្នាំទទួលបានប៉ុន្មាន? ឥឡូវនេះ នៅពេលដែលក្មួយៗបានមកធ្វើការនៅក្នុងរោងចក្រ បូកជាមួយនឹងឪពុកម្តាយធ្វើកសិកម្ម តើផលដែលយើងទទួលបាន វាបានប៉ុន្មាន? អាចថាកើនមួយជាបី មួយជាបួន ឯណោះ។ ពេលខ្លះក្នុងការផលិតស្រូវ ទោះបីបានផលជាមធ្យម ក្នុងមួយហិកតាយើងអាចថាបាន ៥០០ ដុល្លារ ឬថាឲ្យខ្ពស់ ១ ពាន់ដុល្លារ ប៉ុន្តែ វាអត់បានស្មើជាមួយនឹងក្មួយៗដែលធ្វើការក្នុងមួយឆ្នាំជាង ២ ពាន់ដុល្លារសហរដ្ឋអាមេរិកនោះទេ។ យើងមិនមើលស្រាលចំពោះវិស័យកសិកម្មទេ។ ឪពុកម្តាយខ្វះកម្លាំងពលកម្ម ដោយសារក្មួយៗមកធ្វើការតាមរោងចក្រ ប៉ុន្តែកសិកម្មរបស់ឪពុកម្តាយ​របស់ក្មួយៗនៅតែដំ​ណើរ​ការបាន ដោយសារស្អី? ក្មួយៗបានផ្តល់ប្រាក់កាសនោះទៅដល់ឪពុកម្តាយ ហើយឪពុកម្តាយជួលគ្រឿងចក្រកសិកម្មដើម្បីដំណើរកសិកម្ម។ ឥឡូវ កសិកម្មស្រុកខ្មែរ ភ្ជួររាស់ដោយគ្រឿងយន្តកសិកម្ម​មានដល់ជាង ៩៤% ឯភ្ជួររាស់ដោយគោក្របីនៅសល់ប្រមាណជា ៦% ទេ។ ហ្នឹងរដូវវស្សា។ ដល់រដូវប្រាំងនេះ ភ្ជួររាស់ដោយគ្រឿងយន្តកសិកម្មមានដល់ ៩៨% ភ្ជួររាស់ដោយគោក្របីនៅសល់តែ ២% ទេ។ ហ្នឹងមកពីអ្វី? មួយផ្នែក ក្មួយៗជាកម្មករបានផ្តល់ថវិកានោះ ទៅដល់ឪពុកម្តាយ។ ក្មួយៗកំពុងតែភ្ជាប់ខ្លួន ឪពុកម្តាយនៅជាកសិករ ហើយក្មួយៗនៅជាកម្មករ។ ការរកប្រាក់ចំណូលដោយសុចរិតទៀងត្រង់ជាកម្មករជាកសិករ ឬក៏ជាអាជីវករ គ្មានអ្វីខុសទេ។

លើកទឹកចិត្តអោយកម្មការិនីរើសប្តី, ធ្វើតេស្តឈាមមុនរៀបការ ទប់ស្កាត់ការឆ្លងជំងឺអេដស៍

… គេថានារីៗកាត់ដេរ ឥឡូវនេះ រើសប្តីខ្លាំងណាស់។ ពូសុំលើកទឹកចិត្តឲ្យក្មួយៗបន្តរើសប្តីតទៅទៀតក្មួយ។ ហេតុអីបានជាពូនិយាយអញ្ចឹង? ព្រោះអញ្ចេះ តើយើងយកប្តីជក់គ្រឿងញៀនមកធ្វើអី? យកប្តីដើរលេងល្បែង មកធ្វើអី? យកប្តីដើរផឹកស្រវឹង ហើយមកដល់ផ្ទះវាយយើងមកធ្វើអី? គ្រាន់តែកំដររោងបន្តិចបន្តួចហ្នឹងអី។ នេះជាការផ្ញើសារទៅយុវជន។ បើបងឯងធ្វើមិនត្រឹមត្រូវ ខ្ញុំមិនទទួលបងឯងធ្វើប្តីទេ។ សូមបន្តរើសប្តីតទៅទៀត អត់អីខុសទេក្មួយ​។ ពាក្យចាស់ពោលថា ធ្វើស្រែឲ្យមើលស្មៅ ទុកដាក់កូនចៅឲ្យមើលផៅសណ្តាន។ ធ្វើស្រែឲ្យមើលស្មៅ ទុកដាក់កូនចៅ ត្រូវមើលច្បាស់បន្តិច រាប់ទាំងជំងឺអេដស៍ផង។ ជួសមើលឈាមឲ្យហើយ។ ត្រូវជួសទាំងសងខាង។ គេមានបច្ចេកទេសហើយ បានជាអត្រារីករាលដាលនៃជំងឺអេដស៍បច្ចុប្បន្ននេះ ត្រូវបានកាត់បន្ថយ មិនមានការរីករាលដាល ដោយសារការធ្វើតេស្តឈាមរបស់បុរស និងស្ត្រី ដោយរក្សាសំងាត់ មុននឹងរៀបអាពាហ៍ពិពាហ៍ ធ្វើឲ្យប្រទេសយើងជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងជំងឺផ្នែកអេដស៍ …។

លើកទឹកចិត្តឲ្យបន្តប្រឡងសម្រស់ឯកវាយនភណ្ឌ

អម្បាញ់មិញ ឃើញអ្នកដែលទៅប្រឡងសម្រស់ឯកវាយនភណ្ឌ។ ពូតាមមើលផ្សាយបន្តផ្ទាល់រហូត លើកទឹកចិត្តឲ្យតាមរោងចក្រ សហគ្រាស បន្តការប្រឡងសម្រស់ឯកហ្នឹងតទៅទៀត។ ឆ្នាំនេះដូចជាប់អ្នកខាងកំពង់ស្ពឺ។ មើលអ្នកស្វាយរៀង ប្រឹងឲ្យវាជាប់មើល។ ឲ្យយាយ វណ្ណា អ្នកមកដើររើស ហើយជាពិសេសរដ្ឋមន្ត្រីក្រសួងវប្បធម៌​ លោកជំទាវ ភឿង សកុណា ពូកែខាងរើសសម្រស់ ឲ្យជួយចុះខេត្តស្វាយរៀង។ ឆ្នាំក្រោយឲ្យបានជាប់បានលេខមួយនឹងគេម្តងមើល។ រឿងនេះវាទាក់ទងទៅនឹងព្រឹត្តិការណ៍ថ្ងៃ ១ ខែឧសភា ដែលរៀងរាល់ឆ្នាំរោងចក្រភាគច្រើនគឺចាត់តាំងការកំសាន្តសប្បាយនៅតាមរោងចក្រ។ អញ្ចឹងយើងលើកទឹកចិត្តឲ្យធ្វើរឿងបែបនេះ។

បន្តត្រួតពិនិត្យប្រាក់បៀវត្សរ៍អប្បបរមា

អ្វីដែលធ្លាប់ជាចំណុចបានធ្លាប់លើកឡើង និងមានការសម្រេចរួចហើយនោះ គឺត្រូវបានឯកឧត្តម អ៊ិត សំ ហេង ធ្វើរបាយការណ៍រួចហើយ។ សង្ឃឹមថាក្មួយៗក៏បានយល់រួចហើយ បើសិនជាមិនអាចអនុវត្តបានទេ ប្រហែលជានឹងមានការតវ៉ាកើតឡើង ហោចបំផុតតវ៉ាតាមហ្វេសប៊ុករបស់ពូផងដែរ។ កន្លងទៅបានដាក់ឲ្យត្រួតពិនិត្យ អ្វីដែលយើងបានដាក់ឲ្យសម្រេច គឺការធ្វើឲ្យបានប្រាកដប្រជានូវប្រាក់បៀវត្សរ៍អប្បបរមា ១៧០ ដុល្លារសហរដ្ឋអាមេរិក។ ការពិនិត្យព្យាបាលជំងឺដោយមិនបង់ថ្លៃត្រូវធ្វើឲ្យប្រាកដប្រជា។ ចំណុចទី ១ គឺត្រួតពិនិត្យប្រាក់បៀវត្សរ៍ ហើយសុំបញ្ជាក់ ក្រោម ១៧០ អាហ្នឹងខុស លើ ១៧០ ត្រូវទាំងអស់។ ត្រូវចាំកន្លែងហ្នឹង។

ពិនិត្យ ព្យាបាលជំងឺឥតគិតថ្លៃតាមមន្ទីរពេទ្យរដ្ឋ, ដាក់បណ្ណសម្គាល់កម្មករតាមខ្លួន

ទី ២ ពិនិត្យព្យាបាលជំងឺដោយឥតបង់ថ្លៃ ប៉ុន្តែក្មួយៗកុំភ្លេច នៅពេលដែលខ្លួនទៅណា យកប័ណ្ណសំគាល់កម្មករ​ទៅជាមួយ ក្រែងលោក្មួយឈឺកន្លែងនេះកន្លែងនោះ ទៅគេមិនដឹងគឺគេទារប្រាក់។ ប៉ុន្តែតែតាមមន្ទីរពេទ្យរដ្ឋទេ មន្ទីរពេទ្យឯកជនគឺអត់ទេ។

កម្មការិនីឆ្លងទន្លេ សម្រាក ៣ ខែ បៀវត្សរ៍ ១២០%, ទើបតែមានកម្ពុជាទេ ដែលហ៊ានឲ្យបែបនេះ

ទី ៣ ត្រូវត្រួតពិនិត្យកម្មការិនីឆ្លងទន្លេ ត្រូវទទួលបានការសម្រាក ៣ ខែ និងប្រាក់បៀវត្សរ៍ ១២០%។ ក្មួយៗត្រូវចាំ នៅលើលោកិយ៍នេះមានប្រទេសតិចណាស់ ដែលឲ្យប្រាក់ខែ ១០០% នោះ សូម្បីតែសហរដ្ឋអាមេរិក រដ្ឋជាច្រើនអត់ឲ្យទេ ឲ្យសម្រាកតែមិនឲ្យលុយ មានតែរដ្ឋ ៣ ទេ ដែលឲ្យ ៥០% ។ ប្រទេសច្រើនណាស់ឲ្យសម្រាក អត់មានប្រាក់ ឬមានប្រាក់ត្រឹមតែ ៥០% ប៉ុណ្ណោះ ឯកម្ពុជាហ៊ានឲ្យប្រាក់បៀវត្សរ៍ក្នុងពេលដែលកម្មការិនីឆ្លងទន្លេឲ្យដល់ ១២០%។ ពេលក្មួយកំពុងធ្វើការបានប្រាក់បៀវត្សរ៍ ១៧០ ប៉ុន្តែពេលឆ្លងទន្លេ ៣ ខែ ក្មួយបាន ២០៤ ដុល្លារសហរដ្ឋអាមេរិកនោះ។ ពូកំពុងឲ្យពិនិត្យ​សិក្សា តើឲ្យប្តីបានសម្រាកប៉ុន្មានថ្ងៃ ដើម្បីថែទាំប្រពន្ធ។ នេះក៏ជាការមួយ។ ប្រពន្ធគេ ប្រពន្ធខ្ញុំ វាដូចតែគ្នាទេ។ តែឥឡូវពូអស់កូនហើយ។ តែប៉ុន្មានឆ្នាំទៀត ដល់ចៅទួតហើយ។ ឥឡូវមានចៅកំពុងប្រឡងចូលមហាវិទ្យាល័យហើយ។ ឥឡូវឮសូរកូនស្រីទាំងពីរចង់បានកូនមួយម្នាក់ទៀត។ អបអរសាទរ បើសិនជាអញ្ចឹងមែន នឹងបានចៅ ២២ ហើយយើងបង្កើតបាន ក្រុមបាល់ទាត់មួយក្រុមបាល់ទះមួយក្រុម បាល់បោះមួយក្រុម …។

កម្មវិធីផ្តល់សាច់ប្រាក់ សម្រាប់កម្មការិនីឆ្លងទន្លេ, ថ្លៃទឹក ថ្លៃភ្លើង និងជួលផ្ទះ

ទី ៤ ពិនិត្យកម្មវិធីផ្តល់សាច់ប្រាក់ សម្រាប់នារីកម្មការិនីឆ្លងទន្លេ ដោយបើកដោយបេឡាជាតិសន្តិសុខសង្គម។ យើងបានធ្វើត្រឹមត្រូវ។ មកដល់ម៉ោងនេះ ជាង ៧ ពាន់លាន បានសេចក្តីថាជិត ២ លានដុល្លារសហរដ្ឋអាមេរិក បានបើកចេញទៅហើយ ដោយគ្មានការរអាក់រអួលទេ។ ត្រួតពិនិត្យជាប្រចាំការអនុវត្តថ្លៃជួលផ្ទះ ថ្លៃទឹក ថ្លៃភ្លើង​ស្អីៗហ្នឹង។ ហ្នឹងគឺច្រើននៅទីក្រុងភ្នំពេញ ក៏ប៉ុន្តែមិនយូរទេ នៅតំបន់នេះនឹងអាចមានអ្នកមកបង្កើត​ទៅជាផ្ទះជួលផ្ទះអីដទៃទៀត ហើយភ្លើងរបស់យើងអាចនឹងរត់មកដល់ ដើម្បីតភ្ជាប់ទៅកាន់តាមភូមិប្រជាពលរដ្ឋ។ ម្សិលមិញមានអ្នកសំណូមពរទាក់ទងនឹងទឹកស្អាត ទាក់ទងនឹងបណ្តាញតទឹក ទាក់ទងជាមួយនឹងបញ្ហាអគ្គិសនី។

ប្រាក់សោធននិវត្តន៍សម្រាប់កម្មករ

យើងត្រូវបន្តការខិតខំ ដើម្បីរៀបចំឲ្យអនុវត្តនូវរបបសន្តិសុខសង្គម ដែលត្រូវដាក់ឲ្យអនុវត្តនៅឆ្នាំ ២០១៩ ខាងមុខនេះ។ ពេលនោះក្មួយៗនឹងទទួលបានប្រាក់សោធនិវត្តនៅពេលដែលខ្លួនចាស់ទៅ។ ធម្មតាទេ អ្នកណាក៏ត្រូវគិតអំពីអនាគត តើបានអីចិញ្ចឹមខ្លួន។ ពិតមែនហើយវាមានការខុសគ្នា ពូនេះកំពុងតែគិតថា នៅពេលដែលខ្លួនចាស់ទៅ បានកូនណា ឬចៅណា វាយកចិត្តទុកដាក់ចំពោះខ្លួន។ ទ្រព្យសម្បត្តិពូអត់ខ្វះទេ ប៉ុន្តែច្បាស់ណាស់ថា ពូត្រូវគិតថា តើកូនណា ឬចៅណា វាយកចិត្តទុកដាក់ជាមួយយើង។ បើមិនអញ្ចឹង វាទៅអស់ទៅ វានៅតែយើងពីរ​នាក់យាយតា។ ឥឡូវដណ្តើមគ្នាទៅមុនទៅក្រោយ។ ខ្ញុំថាយាយឯងត្រូវទៅក្រោយខ្ញុំ ខ្ញុំទៅមុន ធ្វើបុណ្យឲ្យខ្ញុំផង។ ដល់យាយនោះគាត់ថា គ្មានរឿងអីនិយាយ ទៅយករឿងហ្នឹងមកនិយាយ។ … សូម្បីតែពូប៉ុណ្ណឹង ពូក៏ត្រូវគិតដែរ។ ឥឡូវត្រូវរៀបចំសរសេរពាក្យបណ្តាំ។ ផ្ទះអត់មានចែកឲ្យកូនទាំងអស់ទេ ក្រែងលោចែកៗ វាដេញយើងចុះ។ កូន​ចៅវាមិនដល់ប៉ុណ្ណឹងទេ។ យើងត្រូវតែទុកនូវរបស់របរខ្លះ ដើម្បី​ចិញ្ចឹមខ្លួន ក្រែងពឹងកូនវាមិន​បាន ព្រោះឪពុកម្ដាយពីរនាក់ចិញ្ចឹមកូនដប់នាក់រស់ ប៉ុន្ដែកូនដប់​នាក់ជួនកាល​ចិញ្ចឹមឪពុកម្ដាយពីរនាក់មិនរស់​ទេ …។

ធ្វើការគ្រប់ឆ្នាំកំណត់ទើបទទួលបានសោធននិវត្តន៍, រក្សាសៀវភៅការងារ

នៅពេលដែលយើងមានប្រាក់សោធននិវត្ដ ពេលនោះក្មួយៗមិនចាំបាច់សំលឹងមើលមុខកូនៗទេ​ ព្រោះ​ធម្មតាទេ នៅក្នុងសង្គមយើង មានភាគច្រើនថែទាំឪពុកម្ដាយនៅពេលគាត់ចាស់ទៅ។ មួយចំនួនតូចណាមួយ​ឪ​ពុកម្ដាយ​ត្រូវពឹងលើកូន។ ឥឡូវនេះនៅពេលដែលកម្មករ/ការិនីរបស់យើងមានប្រាក់សោធននិវត្ដន៍ពេល​ចាស់ មិនចាំ​បាច់សំលឹងមើលមុខកូន។ ចង់ទទួលទានអីត្រូវទៅសុំកូននោះទេ។ ប៉ុន្ដែ ពូផ្ដាំទុកថា មិនមែនក្មួយ​ចូលធ្វើការបានមួយថ្ងៃ មួយខែ ពីរខែ មួយឆ្នាំ បានប្រាក់សោធនិវត្ដន៍នោះទេ។ ហ្នឹងបើឈប់(មុនកាលកំណត់)គេនឹងបើកប្រាក់​មួយផ្សេង។ ហ្នឹងរបៀបគិតគូររបស់គេ។ បានប្រាក់សោធននិវត្ដន៍ទាល់តែយើងធ្វើការគ្រប់ឆ្នាំ​។ អញ្ចឹងទេ បានត្រូវរក្សាទុកសៀវភៅការងារនេះអោយជាប់។

ម្សិលមិញខ្ញុំក៏លើកនៅនេះ ហើយលើកគ្រប់​ទី​កន្លែង។ ក្មួយ​ធ្វើការនៅរោងចក្រមួយបាន ៥ ឆ្នាំ រោងចក្រនោះត្រូវបិទ ក្មួយបន្ដទៅធ្វើការនៅរោងចក្រមួយទៀត ​គេយកសៀវភៅការងាររបស់ក្មួយទៅកត់ត្រា មិនមែនកត់ពីមួយ​ថ្ងៃទៅទេ កត់ពី ៥ ឆ្នាំ ១ ថ្ងៃ ឡើងទៅ។ ធ្វើការបាន ៥ ឆ្នាំទៀត រោងចក្រនោះត្រូវបិទទៀត ទៅរករោងចក្រមួយទៀត ក្មួយត្រូវយកសៀវភៅទៅជាមួយ ដើម្បីអោយគេកត់ត្រា គេមិនមែនកត់ត្រាពីមួយថ្ងៃទេ គេកត់ពី ១០ ឆ្នាំ ១ ថ្ងៃ ឡើងទៅ។ អញ្ចឹង ទើបអតីត​ភាព​របស់​យើងគ្រប់គ្រាន់លក្ខណៈសម្បត្ដិ ទទួលយកនូវប្រាក់សោធននិវត្ដន៍។ ចំ​ណុចនេះ យើង​ប្រើពាក្យនយោបាយគាំពារសង្គម តែសម្រាប់ពូៗ ហៅថាសំណាញ់សុវត្ថិភាពសង្គម រាប់ទាំង​បញ្ហា​អម្បាញ់មិញ គិតគូរ​ដល់ប្ដីនៅពេលដែលប្រពន្ធឆ្លងទន្លេ។ ហ្នឹងហើយជាសំណាញ់តែម្តង មិន​មែនគ្រាន់​តែ​គាំពារទេ សំណាញ់សុវ​ត្ថិភាពសង្គម ដើម្បីធានាអោយប្រជាពលរដ្ឋរបស់យើងទទួលបាននូវសេចក្ដីសុខ។

បន្ដដោះស្រាយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកកម្មករ

ការងារដែលត្រូវរៀបចំ​បន្ថែម រួមមានដូចជាបញ្ហាដែលទាក់ទិននឹងគ្រោះថ្នាក់ តាមរយៈការដឹក​ជញ្ជូន​កម្មករតាម​រថយន្ដខ្វះ​សុវត្ថិភាពនេះ ត្រូវបានរកឃើ​ញនៅតំបន់នេះ ដែលផ្ដើមចេញពីតំបន់នេះ អាច​ត្រូវ​ពង្រាយ បើទោះ​បីពង្រាយមិនទាន់បានច្រើន ក៏ត្រូវបាន​កាត់បន្ថយការខ្វះសុវត្ថិភាពបណ្ដើរៗដែរ។ តាមរយៈរោង​ចក្រនៅ​ក្នុងស្រុកខ្មែរ ផលិតរថយន្ដដឹកកម្មករ​ដែលក្នុងមួយថ្ងៃៗ (ឡានដឹកកម្មកររាល់ថ្ងៃ)​ដល់រាប់ពាន់ឡាន​ហើយទេដឹង? (ជាង ៥០០០ ឡាន) ប៉ុន្ដែឡានវាតូចៗ ប៉ុន្ដែដល់តែដាក់អាធំនេះទៅ ប្រហែល​អាច​កាត់​បន្ថយដែរ។ ទម្រាំដល់ពេលនោះ​ កម្មករ​របស់យើងកាន់តែ​ច្រើន ៥០០០ ឡានដដែល។ ប៉ុន្ដែមិនដឹងសមត្ថភាព​ផលិតនៅក្នុងរោងចក្រនេះ ក្នុង ១ ឆ្នាំ​ ផលិតបានប៉ុន្មាន? ព្រោះផលិត​ហើយត្រូវលក់នៅក្នុង​ស្រុកខ្មែរ។ ល្អ​ណាស់ បម្រើអោយសេចក្ដីត្រូវការនៃការដោះស្រាយបញ្ហាចរាចរណ៍។

ដោះស្រាយបញ្ហាថៅកែបិទរោងចក្រ រត់ចោលកម្មករ

… ដែលមានម្ចាស់រោងចក្របិទទ្វាររត់ចោលកម្មករទេ? អត់មានទេ។ នៅ​តំបន់ដទៃ មានម្ចាស់រោងចក្របិទទ្វារ​រោងចក្រ រត់ចោលកម្មករ។ ឥឡូវនេះ យើងកំពុងរិះរកមធ្យោបាយ​ដើម្បីកុំ​ឲ្យថៅកែរោងចក្រ​បិទរោងចក្រ។​ ស្អែកនេះ​ដូចជាប្រជុំគណៈរដ្ឋមន្ដ្រី ដូចជាមានកែអាហ្នឹង? (អាទិត្យនេះអត់មាន អាទិត្យក្រោយ​ទើបមានកែច្បាប់ការ​ងារ)។ ប៉ុន្ដែ អត់អីទេ យើងបន្ដធ្វើការងារនេះអោយបានម៉ត់ចត់។ ព្រោះអញ្ចេះ ប្រាក់​អត្ថប្រយោជន៍ផ្សេងៗកកទុកនៅរោងចក្រ ដល់ពេលថៅកែរត់​ទៅ អាប្រាក់​បៀវត្សរ៍តិច​តួចណាស់​ដែលត្រូវសង ដល់ប្រាក់ដែលជំពាក់គឺប្រាក់​អត្ថប្រយោជន៍ ប្រាក់អតីត​ភាពការងារ​ស្អីៗ នៅកក​កុញនៅហ្នឹង។ រាជរដ្ឋា​ភិបាល​ត្រូវ​ចេញលុយ។

កម្ពុជាចាប់ផ្ដើមខ្វះពលកម្ម, កម្មករចំណាក​ស្រុកអាចត្រឡប់មករកការងារក្នុងស្រុក

ឥឡូវ​នេះ ​បងប្អូនកម្មករ កម្មការិនីដែល​ទៅធ្វើការ​នៅប្រទេស​ក្រៅ ជាពិសេសទៅប្រទេសថៃ ដោយធ្វើការខុសច្បាប់​នៅ​ទីនោះ ត្រឡប់មកវិញ​អាចរកការងារក្នុងប្រទេសបាន ដែលពេលនេះ យើងកំពុងខ្វះ​កម្មករ​ហើយពិ​បាក​រកកម្មករ។ សណ្ឋាគារមួយ គាត់ត្រូវការកម្មករ ១០០០ នាក់ ប៉ុន្តែ ឥឡូវនេះគាត់ថា​នៅខ្វះកម្មករប៉ុន្មានរយទៀតនោះ គាត់ថា​រើស​មិនគ្រប់។ ប្រាក់ខែជាង ២០០ ដុល្លារ បាយប៉ុន្មានពេលម្ចាស់​ជាអ្នក​រ៉ាប់រង ឲ្យធ្វើការក្នុងម៉ាស៊ីនត្រជាក់ទៀត នៅតែ​រកកម្មករមិនគ្រប់។ ចំការកៅស៊ូ ចំការម្រេច កសិដ្ឋានកសិកម្មមួយ​ចំនួនខ្វះកម្មករ ប៉ុន្ដែប្រជាពលរដ្ឋរបស់យើង​មួយចំនួនធ្វើការនៅប្រទេសថៃដោយចំណាក​ស្រុកប្រថុយប្រថាន អាចទទួលផលខ្ពស់ជាងនេះ ប៉ុន្ដែ​ចំណាយក៏ខ្ពស់ជាងនេះដែរ។ ព្រោះត្រូវទៅស្នាក់នៅស្រុកគេ។

បោះ​ឆ្នោត​ឲ្យគណ​បក្សប្រជាជន ជាជម្រើសតែមួយគត់ ដើម្បីធានា​សន្ដិ​ភាព និងការអភិវឌ្ឍ

ខាងមុខនេះក្មួយៗត្រូវបន្ដការខិតខំតាមរយៈសកម្មភាពក្មួយៗ ហើយដែលពូអំពាវនាវនៅទីនេះ។ ក្មួយ​ត្រូវ​​ចងចាំ មិនត្រូវអោយមនុស្សណាម្នាក់ ឬក្រុមណាមួយបំផ្លិចបំផ្លាញសន្ដិភាពដែលយើងកំពុងមាននោះទេ។​ មានតែសន្ដិភាពប៉ុណ្ណោះ ដែលអាចនាំមកនូវការអភិវឌ្ឍបាន។ ឪពុកម្ដាយ ជីដូនជីតាក្មួយៗបានជួបប្រទះរឿង​សោកនាដកម្មច្រើនណាស់នៅក្នុងអតីតកាល។ អ្នកខ្លះអត់មានបានស្គាល់មុខជីដូនជីតាទេ​ ដោយត្រូវ​បាន​ពួក ប៉ុល ពត សម្លាប់។ អ្នកខ្លះជាកុមារកំព្រា ទោះតិចទោះច្រើនមាននៅទីនេះ។ បើមិនកំព្រាទាំងអស់ទេ អាចកំព្រា​ម្ដាយ ​ឬឪពុក ដោយសាររបប ប៉ុល ពត។ អញ្ចឹងសូមចូលរួមថែរក្សាសន្ដិភាពឲ្យបាន បើគ្មានសន្ដិភាព​គ្មានការ​អភិវឌ្ឍទេ ហើយងាយស្រួលណាស់ ដើម្បីក្មួយអាចជឿជាក់ទៅលើការធានាសន្ដិភាពនោះគឺអ្វី? ការបោះ​ឆ្នោត​ឲ្យគណ​បក្សប្រជាជន ដើម្បីឲ្យពូបន្ដការដឹកនាំតទៅទៀត គឺជាជម្រើសតែមួយគត់ ដើម្បីធានា​សន្ដិ​ភាព និងការអភិវឌ្ឍ។

អ្នកបើកបររថយន្ដ ប្រថុយប្រថាន នាំទៅដល់ការភ្លូកឡាន

និយាយអោយពិត ពូដូចជាប្រៀបធៀបតៃកុងឡានមួយអញ្ចឹង ធ្លាប់បានបញ្ជារ​ថយន្ដនេះ ដើម្បីឲ្យជីដូនជីតា ឪពុកម្ដាយ រហូតដល់ក្មួយៗបានជិះរួចស្រេច យល់ពីអ្នកកាច់ចង្កូតនេះរួច​ស្រេចទៅហើយ។ ឯអ្នកដែលតាំងខ្លួនថា ជាអ្នកពូកែកាច់ចង្កូតរថយន្ដ គេគ្រាន់តែបាននិយាយប៉ុណ្ណោះ តែមិន​ទាន់បានអនុវត្ដ​ជាក់ស្ដែងនៅឡើយទេ។ នេះជារឿងពិត។ អ្នកបញ្ជារថយន្ដមួយនេះ បើមិនច្បាស់ទេ សុខចិត្ដស្លាប់ខ្លួនឯង ដើម្បី​ចូលទៅស្ទាបមើលតើមានគ្រលុក មានគ្រាប់មីន គ្រាប់បែកនៅខាងមុខទេ? ចំណុចនេះ ជាចំណុចដែលអាច​ប្រៀបធៀបបាន នៅពេលដែលពូបានអនុវត្ដនយោបាយឈ្នះឈ្នះ ចូលនៅក្នុងតំបន់ខ្មែរ​ក្រហម។ ពេលនោះ​ម្ដាយ​បង្កើត និងម្ដាយធំរបស់ពូ បានសួរពូថា «ឯងចូលទៅក្នុងតំបន់ខ្មែរក្រហម មិនខ្លាចគេបាញ់ស្លាប់ទេអី?» ពូបានឆ្លើយទៅម្ដាយធំ និងម្ដាយថា «ម៉ែ! ធំ! ប្រសិនស្លាប់គឺស្លាប់តែខ្ញុំម្នាក់តែប៉ុណ្ណោះ បូកជាមួយនឹង​អ្នកទៅ​ជាមួយប៉ុន្មាននាក់តែប៉ុណ្ណោះ តែបើបានមកវិញ គឺបានផែនដីទាំងមូលតែម្ដង»។ ពិតប្រាកដ​ណាស់ រឿងនេះ​ក៏មិនខុសគ្នាពីរឿងអ្នកបើកបររថយន្ដមួយ ដែលប្រថុយប្រថាននាំទៅដល់ការភ្លូកឡាននោះ​ទេ។ នេះជា​រឿង​ពិតដែលកំពុងកើត ប្រ​ទេសដែលកំពុងមានសន្ដិភាព និងស្ថេរភាពខាងនយោបាយបែបនេះ។

គ្មាននរណាមករួមការបះបោរអីនោះទេ, ការបោះឆ្នោតខាងមុខ អាចមានបក្ស ១៣ ឬ ១៤ ចូលរួម

… កាលពីយប់មិញ កូនប្រុសរបស់ខ្ញុំបានជួបនឹងអ្នកនយោបាយម្នាក់ គេបានលើកពីរឿងនេះ​រឿង​នោះ គេថា​អាច​មានការបះបោរ។ សូមជម្រាបទៅ ប្រជាជនបច្ចុប្បន្ន គេគិតពីការងារ​ ប្រាក់​ចំណូល កសិ​ផល ស្រែចំការរបស់គេ។ គេមិនបានគិតពីរួមបះបោរជាមួយ​អស់លោកទេ។ ចាំមើលទៅ។ ឥឡូវ តាមខ្ញុំទទួលព័ត៌មានបាន គណបក្ស ១២ ដែលបាន​ដាក់ប្រាក់​នៅ​រតនាគាររួចហើយៗ ​ការ​បោះឆ្នោតខាងមុខ អាចមានគណបក្ស ១៣ ឬ ១៤ ចូលរួម ព្រោះឃើញមាន​គណបក្សពីរ​មិនទាន់ដាក់​លុយ​ចូលទៅក្នុងរតនាគារ។ អ្នកឯងទៅខ្ទប់មិន​ឲ្យគេ​មក​បោះឆ្នោត។ លោក​ឯង​ធ្វើខុស នោះ​​គឺជាទោសរបស់លោកឯង។ ​​រឿងអ្នកឯងរត់ចោលស្រុក រឿងអ្នកឯងជាប់គុក មិនបានរំលាយដំណើរការប្រជាធិបតេយ្យរបស់កម្ពុជាទេ។ ថ្ងៃ ២៩ ខែ កក្កដាខាងមុខនេះ ក្មួយៗរួមជាមួយនឹងក្រុមគ្រួសារដែលចុះឈ្មោះបោះឆ្នោតរួចហើយ សូមអញ្ជើញទៅបោះឆ្នោត។

បោះឆ្នោតឲ្យគណបក្សប្រជាជន មានរូបទេវតាបាចផ្កា ជាសម្គាល់

សង្ឃឹមថា ក្មួយៗនឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញាទេវតាបាចផ្កា។ ប្រយ័ត្នច្រឡំក្មួយណា។ សូមអភ័យទោសពីបណ្តាបក្សនយោបាយ និងពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនមែនជាពេលវេលានៃយុទ្ធនាការបោះឆ្នោតទេ ខ្ញុំមានសិទ្ធិនឹងនិយាយបែបនេះ ដើម្បីពន្យល់ប្រជាពលរដ្ឋដែលធ្វើការបោះឆ្នោត។ គណបក្សប្រជាជន ២ អាណត្តិ ចាប់បានតែលេខ ៤ ឥឡូវបានជាអ្នកចូលមកក្នុង Facebook ចូលមក comment ជួនកាលអត់អី វាយតែលេខ ៤ ៗ។ នៅពេលខាងមុខ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវចាប់ឆ្នោតហើយ មិនដឹងថា យើងប៉ះលេខប៉ុន្មានទេនៅពេលនោះ។ ប្រយ័ត្នដល់ថ្ងៃ ទៅបោះឲ្យលេខ ៤។ អាហ្នឹងខុសបណ្តោយ។ បើចង់បោះឲ្យពូធ្វើនាយករដ្ឋមន្រ្តីតទៅទៀត ត្រូវបោះឲ្យសញ្ញាទេវតាបាចផ្កា ដែលមុននេះ គេបង្អាប់ថាជាមីស្រីលើកជើង។ អ្នកដែលបង្អាប់ថាជាមីស្រីលើកជើង រលាយទាំងអស់ ព្រោះបង្អាប់ទេវតា …។

ដើម្បីប្រាក់ចំណូលកើនរាល់ឆ្នាំ រាជរដ្ឋាភិបាលសុខចិត្តបង់ខាត

ត្រូវចូលរួមចំណែក ដើម្បីការពារសន្តិភាព។ ការពារសន្តិភាពបាន គឺក្មួយៗបន្តការងារធ្វើបាន មានប្រាក់ចំណូល ហើយប្រាក់ចំណូលមិនមែនត្រឹមតែប៉ុណ្ណឹងទេ ឆ្នាំក្រោយ ត្រូវឡើងទៀត ឆ្នាំក្រោយមួយទៀត ត្រូវឡើងទៀត។ ឆ្នាំណាក៏ឡើងដែរ ប៉ុន្តែ ឡើងប៉ុន្មានទុកឲ្យយន្តការត្រីភាគីពិភាក្សាទៅ។ ឆ្នាំនេះ ក្មួយៗណា! ម្ចាស់រោងចក្រអស់ខ្យល់ហើយត្រឹម ១៦៥ ដុល្លារ អស់ខ្យល់ ប៉ុន្តែ ពូមានសំណូមពរឲ្យឡើងដល់ ១៧០ ដុល្លារ។ ដើម្បីបាន ១៧០ ដុល្លារ តើគេសុំអីពីពូវិញ? គេសុំទី ១ ព្យួរនូវពន្ធកាត់ទុករហូតទៅដល់ឆ្នាំ ២០២២។ ហ្នឹងទី ១ រដ្ឋត្រូវបាត់បង់ប្រាក់​ចំណូលប្រមាណជាង ២០ លានដុល្លារ។ ទី ២ សេវាសម្រាប់ការនាំចេញ ដែលយើងធ្លាប់តែមានប្រាក់ចំ​ណូលជាង ២០ លានដុល្លារ បូកទៅរដ្ឋត្រូវបំពេញចូលដើម្បីក្មួយៗជាង ៤០ លានដុល្លារ។ បើមិនអញ្ចឹងទេ ថៅកែរោងចក្ររត់មិនរួច។ ឯណាត្រូវបង់ថ្លៃសេវាថែទាំសុខភាព ដែលមុននេះក្មួយៗបង់ ៥០% ឥឡូវ​ ថៅកែត្រូវបង់ជំនួស ដែលធ្វើឲ្យក្មួយៗកម្មករ​/ការិនីចំណេញប្រាក់ពី ៨.០០០ ទៅ ១៣.០០០ រៀលក្នុងមួយខែ។

កសាងហេដ្ឋារចនាសម្ព័ន្ធ ផ្គត់ផ្គង់អគ្គិសនី រក្សាសុវត្ថិភាពវិនិយោគិន និងកម្មករ

រដ្ឋត្រូវបន្តខិតខំ ដើម្បីការកសាងផ្លូវ កសាងកំពង់ផែ កសាងស្ពាន ខិតខំផ្គត់ផ្គង់អគ្គិសនី តាមរយៈការគិតគូរតម្លៃ ដើម្បីឲ្យមានសុវត្ថិភាព និយាយរួម គិតគូរគ្រប់សព្វ។ ក្នុងហ្នឹង ការគិតគូរអំពីសុវត្ថិភាពសម្រាប់អ្នកវិនិយោគ សំរាប់ការវិនិយោគ សម្រាប់កម្មករ/ការិនី គឺជារឿងសំខាន់​។ ក្មួយៗក៏មិនត្រូវទុកឲ្យមានបងតូច បងធំ នៅតាម​រោងចក្រ មានក្រុមគ្រឿងញៀននៅតាមរោងចក្រ ដែលជាការបំផ្លាញទៅដល់សុវត្ថិភាពការងាររបស់ក្មួយៗនោះទេ​។

បង្កើតគិលានដ្ឋាន/កន្លែងហូបអាហារតាមរោងចក្រ, ពិនិត្យ និងរកដំណោះស្រាយបាតុភាពកម្មករដួលសន្លប់

ខ្ញុំបន្តការអំពាវនាវរោងចក្រទាំងអស់ ឲ្យមានការខិតខំបង្កើតឡើងនូវគិលានដ្ឋាននៅតាមបណ្តារោងចក្រ រៀបចំនូវទីកន្លែងសម្រាប់ការទទួលទានអាហារឲ្យក្មួយៗ និងពិនិត្យឡើងវិញទាំងអស់នូវចំណុចណា ដែល​ធ្លាប់តែមានការសិក្សាជាក់លាក់ ធ្លាប់តែមានកម្មករ/ការិនីដួលសន្លប់ ត្រូវតែពិនិត្យមើល ហើយកែលម្អ ដើម្បីបញ្ចប់នូវស្ថានភាពនៃការដួលសន្លប់របស់កម្មករ/ការិនី … ផ្តល់អាហារូបត្ថម្ភឲ្យបានច្រើនសម្រាប់កម្មករ/ការិនី ហើយការយកចិត្តទុកដាក់បែបនេះ ម្ចាស់រោងចក្រក៏ត្រូវធ្វើ។ រួមចំណែកពីយើងទាំងអស់គ្នា។ ធ្វើបានយ៉ាងដូច្នេះ សង្ឃឹមថា អនាគត បាវិតនឹងមានរោងចក្រច្រើនជាងហ្នឹង និងមានកម្មករច្រើនជាងហ្នឹង។

ក្រៅពីកម្មករ ប្រជាជនមួយចំនួនក៏ទទួលផលដោយប្រយោល

ក្រៅពីក្មួយៗដែលទទួលបៀវត្សរ៍ផ្ទាល់ចំនួន ៥ ម៉ឺននាក់ តើមាន​ប៉ុន្មានម៉ឺននាក់ផ្សេងទៀត ដែលទទូលផលប្រ​យោល តាមរយៈការលក់ម្ហូបអាហារ ការលក់នេះលក់នោះ ជាពិសេស តាំងពីអ្នកលក់ក្រែម​លាបមាត់ជាដើម។ មិញហ្នឹង អ្នកដែលដើរពីក្រោយ ពូមើលមុខខ្លួនឯងអត់ឃើញទេ ដែលចេះតែយកកន្សែងមកជូតមុខពូ ដោយ​​សារ​អី? មិនមែនការស្អប់ខ្ពើមក្មួយៗទេ ប៉ុន្តែ ក្រែមវាប្រឡាក់មុខ ព្រោះក្មួយៗលាបក្រែមមកថើបពូ។ ប៉ុន្តែ ក្រែមស្រុកខ្មែរ ស្រួលជូតទេ ក្រែមនៅអូស្រ្តាលីនោះ ទាល់តែចូលបន្ទប់ទឹកកេះចេញ។ ទៅដល់អូស្រ្តាលីមានអី រត់មកចាប់ថើបៗ ក្រញិចយកតែម្តង។ ដល់អញ្ចឹង មួយជាពីរ ពីរជាបី ជូតអត់ចេញ គឺចូលបន្ទប់ទឹក ឲ្យភ្ញៀវចាំសិន ព្រោះត្រូវទៅកម្មវិធីជួបភ្ញៀវ។ សូម្បីតែគ្រឿងសម្អាង ក្មួយៗ កាលពីជំនាន់ជីដូនជីតា ឪពុកម្តាយក្មួយៗនោះ រក​តែ​ស្បែកជើងពាក់វាមិនបានផង។ ឥឡូវក្មួយៗមានក្រែម មានថ្នាំលាបក្រចក គ្រប់សព្វហើយ …។

ទើបនឹងជួបគ្នា តែអារម្មណ៍គោរពស្រឡាញ់ រាប់អាន ដូចស្គាល់គ្នាយូរណាស់មកហើយ

នេះគឺជាការទំនាក់ទំនងរវាងមេដឹកនាំ (និងកម្មករ/ការិនី)។ ពូមានអារម្មណ៍ថា ទោះបីជាលើកដំបូង ដែលក្មួយៗ​បានជួបពូ ប៉ុន្តែ ពូមានអារម្មណ៍ថា យើងហាក់ដូចជាបានស្គាល់គ្នាយូរហើយ នៅពេលដែលក្មួយបង្ហាញកាយវិការនៃការស្រឡាញ់រាប់អាន។ រឿងនេះ វាជារឿងតំណតាំងពីជីដូនជីតា ឪពុកម្តាយ រហូតដល់ក្មួយៗ។ ក្មួយៗដូចជាបានស្គាល់ពូតាំងពីយូរយារណាស់មកហើយ។ អរគុណណាស់ ថ្ងៃនេះ យើងបានជួបជុំគ្នា ហើយពូនឹងហោះទៅភ្នំពេញវិញល្ងាចនេះ ក៏មានកិច្ចការងារមួយចំនួន។ ពូអរគុណចំពោះការទទួលបដិសណ្ឋារកិច្ច ហើយអរគុណចំពោះអាជ្ញាធរខេត្តស្វាយរៀង ដែលបានចូលរួមរៀបចំជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជា​ជីវៈ ដើម្បីឲ្យខ្ញុំ​មានឱកាសដើម្បីជួបជុំកម្មករ/ការិនីនៅតំបន់សេដ្ឋកិច្ចពិសេសបាវិត។ អរគុណលោក អូ ស៊ីយ៉ុង ប្រធានតំបន់សេដ្ឋកិច្ចពិសេសនៅទីនេះ ដែលផ្តល់ទីតាំងនេះសម្រាប់ការជួបជុំ។ អរគុណម្ចាស់រោងចក្រទាំងអស់ តាំងពីម្សិលមិញក្នុងតំបន់ Manhattan ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសដទៃទៀត និងជាពិសេសបណ្តា​រោងចក្រ ដែលផ្តល់ឱកាសឲ្យកម្មករ/ការិនីបានជួបជុំនៅពេលព្រឹក ហើយពេលល្ងាចនឹងសម្រាក។

ប្រទេសយើងមិនមែនឡើង(កាន់អំណាច)តាមចុងកាណុងទេ ប៉ុន្តែតាមរយៈសន្លឹកឆ្នោត

ពូនឹងបន្តដំណើរវិលជុំ ពូនឹងបន្តរយៈពេល ១០ ឆ្នាំទៀត ក្នុងមុខដំណែងជានាយករដ្ឋមន្រ្តី ប៉ុន្តែ អនាគត និងជីវិតរបស់ពូ ស្ថិតនៅលើដៃរបស់ក្មួយៗឯណេះវិញទេ ព្រោះប្រទេសយើងមិនមែនឡើង(កាន់អំនាច)តាមចុងអាវុធ តាមចុងកាណុងនោះទេ ប៉ុន្តែ ឡើងតាមរយៈសន្លឹកឆ្នោត។ ប្រសិនបើក្មួយមានតម្រូវការចង់រក្សានូវសន្តិភាព និងការអភិវឌ្ឍ ក្មួយៗត្រូវបន្តការបោះឆ្នោតជូនគណបក្សប្រជាជន។ មិនត្រឹមតែក្មួយៗទេ សង្ឃឹមថា ឪពុកម្តាយ ជីដូនជីតា របស់ក្មួយៗដែលពួកគាត់នៅរស់ នឹងបន្តការបោះឆ្នោតជូនគណបក្សប្រជាជន នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ ជាបន្តទៀត។

ចំណងដៃជូនកម្មករ និងកម្មការិនីដែលមានផ្ទៃពោះ

​ថ្ងៃនេះ មានកម្មករ/ការិនី ៣២ រោងចក្រ មានចំនួន ១៩.៤៨៩ នាក់ មកទីនេះ គឺពូមានចំណងដៃតិចតួចទេ ត្រឹមតែម្នាក់ ២ ម៉ឺនរៀលតែប៉ុណ្ណោះ ជាការកំដរដៃ។ មិនមែនក្មួយមកទីនេះ ដើម្បីទទួលអំណោយ ២ ម៉ឺននោះទេ ក៏ប៉ុន្តែ នេះជាការស្រឡាញ់រាប់អាន និងជាទំនាក់ទំនងរវាងមេដឹកនាំ ជាមួយនឹងកម្មករ/ការិនី។ សម្រាប់ក្មួយៗមានផ្ទៃពោះ ម្សិលមិញនេះ មិនមែន ៨០០ នាក់ទេ ឡើងជិត ១០០០ នាក់ ព្រោះមានអ្នកដែលថាមិនទាន់គ្រប់ហ្នឹង ក៏ត្រូវមកដែរ ហើយតែមកហើយ យើងចៀសម៉េចនឹងរួច អ្នកដែលបានផ្លាកពាក់ហ្នឹង គេថា(ពពោះ) ៤ ខែ រួចចុះអ្នកដែល(ពពោះ) ៣ ខែ មកដែរ។ អញ្ចឹង ត្រូវបន្ថែម ហើយអ្នកដែលកើតរួចហើយ បីកូនមកជាមួយ។ ប៉ុន្តែ អា​មួយនោះសំណាងជាងគេ អានោះ ៣ ខែ ដែរ វាទៅដល់ឡាន។ ពេលរៀបឡើងឡាន អានោះត្រូវប៉ាន់ជាងគេតែម្តង។

… ក្មួយៗ(មានផ្ទៃពោះ)ឥឡូវនេះឡើងទៅដល់ ៧១៤ នាក់ ពូនឹងជួបទាំង ៧១៤ នាក់នេះ ដើម្បីចែកជូននួវម្នាក់មួយស្រោមសំបុត្រ​ៗ។ ចាំមើលខ្លួនឯងទៅ(ថាប៉ុន្មាន) តែកុំភ្លេចឲ្យសោះ អ្នកណាមានកូនភ្លោះ មើលទៅដឹងថាភ្លោះហើយ ប្រាប់ពូៗនឹងជូន ២ ស្រោមសំបុត្រ។​ ឯក្រុមតន្រ្តីសម័យក៏ជូន ៥ លានរៀលដែរ។ ដូចជាយើងថ្ងៃ ២៣ ទៅកំពង់ស្ពឺ ៣០ ទៅកណ្តាល ហើយនិងថ្ងៃ ៦ កំពង់ចាម អញ្ចឹងក្រុមសិល្បៈហ្នឹង ត្រូវវិលជុំទៅតាម។ បន្តិចទៀត បន្ទាប់ពីពូសុន្ទរកថាចប់ នឹងមានបទកន្សែងក្រហមដ៏ពិរោះ ដែលនិពន្ធពិសេសសម្រាប់កម្មករ និងមានចម្រៀងមួយបទទៀត ស្រណោះសម្តី ដែលនិពន្ធពិសេសសម្រាប់កម្មករ/ការិនីយើង និងមានបទដទៃទៀត ហើយជាអ្នកច្រៀងល្បីៗដែលមកពីទីក្រុងភ្នំពេញ។ បើសិនត្រូវការរាំលេង(ក៏រាំទៅ) ម្សិលមិញគេលេងភ្លេងឲ្យរាំ ប៉ុន្តែក្មួយៗអត់រាំ។ ហ្នឹងទាល់តែមានមេខ្យល់ …។

យើងមានឧតុនិយមច្បាស់លាស់ណាស់បច្ចុប្បន្ននេះ

… ឧតុនិយម គេឲ្យពូត្រឡប់ទៅភ្នំពេញមុនម៉ោង ១២។ ឥឡូវឧតុនិយមមើលច្បាស់ណាស់ ដូចជាម្សិលម្ងៃ​ មើលឃើញថាល្ងាចនឹងមានភ្លៀងខ្យល់កួចនៅទីក្រុងភ្នំពេញ។ ដល់ម៉ោងវាមកដល់តែម្តង។ ឧតុនិយមរបស់យើង គេហៅ រ៉ាដាតេជោសែន មើលកាន់តែច្បាស់។ ព្រឹកមិញ គឺឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានវាយមកថា សូមធ្វើម៉េចឲ្យខ្ញុំវិលត្រឡប់ទៅដល់ភ្នំពេញមុនម៉ោង ១២។ អញ្ចឹងចូលរោងចក្រនេះ តែមួយភ្លែតបានហើយ រួចហើយប្រុចឡើងទៅតែម្តង។ កុំថា លោក ហ៊ុន សែន មកតែប្រវែងហ្នឹង ម៉េចក៏មិនជិះឡាន? ជិះក៏ចេះតែបានដែរ ក៏ប៉ុន្តែពេលខ្លះការងារវាត្រូវប្រញាប់។ មានចំណុចមួយ បើសិនពូជិះឧទ្ធម្ភាគចក្រ យើងប្រើប្រាស់ត្រឹមតែ ៥០០ ដុល្លារថ្លៃសាំង ប៉ុន្តែ បើពូមកតាមឡានវិញ អាចនឹងអស់ ១ ម៉ឺនដុល្លារ ព្រោះអី? ត្រូវមានកម្លាំងការពារតាមផ្លូវមិនដឹងប៉ុន្មានទេ។ នេះយើងប្រើ pilot តែ ៤ នាក់ទេ ព្រោះឧទ្ធម្ភាគចក្រ ២។ ប៉ុន្តែ បើសិនមកតាមផ្លូវវិញ ត្រូវដាក់កម្លាំងការពាររហូត។ គ្រាន់តែប្រេងចាក់ឡានដឹកកម្លាំងទៅដាក់តាមផ្លូវហ្នឹង វាត្រូវអស់ច្រើនណាស់។ អញ្ចឹង ជួនកាលប្រើអាលើ ចំណាយពេលតិច។ ពូចង់ទៅណាស់អាជើងជាប់ដី ព្រោះអាទៅលើក្បាលជាប់មេឃ តែជើងមិនជាប់ដី ប៉ុន្តែ វាអត់មានជម្រើស បានជាពូត្រូវធ្វើបែបនេះ។ តាមឧតុនិយម មិនគួរត្រូវជិះទេ ប៉ុន្តែ បើសិនជាល្ងាចត្រូវបង្ខំចិត្តទៅតាមឡានហើយ។

ចុងបញ្ចប់ ជូនពរចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពិសេសបងប្អូនកូនក្មួយ ដែលជាកម្មករ/ការិនីទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ