សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៣

នៅព្រឹកថ្ងៃចន្ទ ០៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៣ ប្រវែងជាង ១៣៤គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកាជាង ២០០លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ គម្រោងពង្រីក និងលើកកម្រិតកំណាត់ផ្លូវជាតិលេខ៣ គឺចាប់ពីរាជធានីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពត ដោយឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ១២គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ១១គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង ៣០គីឡូម៉ែត្រ ខេត្តតាកែវ ប្រវែង ៣០គីឡូម៉ែត្រ និងខេត្តកំពត ប្រវែង ៥១គីឡូម៉ែត្រ។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញបើកការដ្ឋានពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៣ ដែលបានតភ្ជាប់ពីភ្នំពេញទៅកាន់ទីរួមខេត្តកំពត នាពេលនេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កាលពីអំឡុងខែមករា កន្លងទៅមកនេះ នាយករដ្ឋមន្ត្រីចិន និងកម្ពុជាបានជួបគ្នានៅទីក្រុងភ្នំពេញ តាមរយៈកិច្ចប្រជុំមេគង្គឡានឆាំងហើយក៏បានចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានសម្បទានប្រមាណ ២០០លានដុល្លារក្នុងការលើកគុណភាព និងពង្រីកផ្លូវជាតិលេខ៣នេះ។ តាមរយៈផ្លូវជាតិលេខ៣នេះ គឺជាផ្លូវតែមួយគត់ដែលបានរួមចំណែក យ៉ាងសំខាន់ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញផលិតផល ពិសេសការដឹកជញ្ជូនអំបិលពីខេត្តកំពតទៅកាន់ខេត្តផ្សេងៗ និងសម្រាប់វិស័យទេសចរណ៍ធ្វើដំណើរទៅកាន់ភូមិភាគ​ទិស​នារតីនៃតំបន់សមុទ្រកម្ពុជាផងដែរ។

ក្នុងនាមជានាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន តែងតែកៀងគរថវិការពីបណ្តាលប្រទេសនានា មកអភិវឌ្ឍន៍វិស័យផ្សេងៗក្នុងប្រទេសកម្ពុជាជាពិសេសថ្មីៗនេះកម្ពុជាបានសម្រេចនូវសមទ្ធិផលស្ពាន និងផ្លូវជាច្រើនខ្សែដែលជាជំនួយរបស់មិត្តចិនក្នុងការបំរើប្រយោជន៍ប្រជាពលរដ្ឋគ្រប់ទីកន្លែង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋបានមានប្រសាសន៍ថា កម្ពុជាបានឆ្លងកាត់នូវសង្គ្រាមដ៏រាំរ៉ៃដែល ធ្វើឲ្យកម្ពុជាទទួលរងនូវភាពខ្ទិចខ្ទាំនូវហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិជាច្រើន ប៉ុន្តែក្រោយមកទៀតតាមរយៈមាគ៍ាដឹកនាំក៏ដូចជាគោលនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ បានធ្វើឲ្យប្រទេសជាតិ ទទួលបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងមានការអភវិឌ្ឍរីកចម្រើនដល់សព្វថ្ងៃ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ចាក់ថានៅពេលដែលផ្លូវជាតិលេខ៣នេះ បានសាងសង់រួចហើយ បងប្អូនប្រជាពលរដ្ឋធ្វើដំណើរនឹងចំណេញពេលវេលា និងកាត់បន្ថយការចំណាយផ្សេងៗបានច្រើន។ តាមរយៈផ្លូវជាតិលេខ៣នេះ បើមានបងប្អូនប្រជាពលរដ្ឋចង់ធ្វើដំណើរទៅលេងកំពង់សោម ក៏អាចធ្វើ ដំណើររតាមផ្លូវជាតិនេះផងដែរ ហើយចំពោះបងប្អូនប្រជាពលរដ្ឋប្រកបមុខរបរតាមផ្លូវជាតិលេខ៣ ក៏កាន់តែងាយស្រួលផងដែរ។

ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្នុងកំឡុងពេលសាងសង់ សម្តេចតេជោ សុំមានការយោគយល់ពីប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ និងអ្នកធ្វើដំណើរពីព្រោះអាចមានការរំខានដោយគ្រឿងចក្រ នឹងការកកស្ទះផ្សេងៗ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ និងរដ្ឋាភិបាលចិន ដែលបានចូលរួមចំណែកក្នុងការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រទេសកម្ពុជា។

នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់ថវិកាលើកទឹកចិត្តមួយចំនួនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបរវកញ្ញាខណ្ឌពោសែនជ័យចំនួន៥នាក់ផងដែរ។ សម្តេចតេជោ បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមជួបតែសេចក្តីសុខនិងចម្រើនគ្រប់ៗគ្នា។

មុននឹងបញ្ចប់កម្មវិធី សម្តេចតេជោ ហ៊ុន សែន និងលោកឯកអគ្គរដ្ឋទូតចិនបានអញ្ជើញបញ្ជារគ្រឿងចក្របើកការដ្ឋានពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៣ ចាប់ពីថ្ងៃនេះតទៅ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...