នៅព្រឹកថ្ងៃចន្ទ ០១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយស ប្រគល់វញ្ញាបនបត្រ និងសញ្ញាបត្រ ជូនសិស្សថ្នាក់វិជ្ជាជីវៈ និស្សិតថ្នាក់់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យ ធនធានមនុស្ស នៅវិទ្យាស្ថានជាតិអប់រំ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយក្រៃលែង ដែលបានអញ្ជើញមកលើកទឹកចិត្ត និងប្រគល់សញ្ញាប័ត្រដល់និស្សិតចំនួន ១,៩៦៣ នាក់ ដូចជាផ្នែក ជំនាញវិជ្ជាជីវៈ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។
នេះជាលើកទី១៥ហើយដែល សម្តេចតេជោ បានអញ្ជើញប្រគល់សញ្ញាបត្រដល់សាកលវិទ្យល័យ ធនធានមនុស្ស។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចូលរួមអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់ និងបានលើកទឹកចិត្តដល់និស្សិតទាំងអស់បន្តការខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសអភិវឌ្ឍន៍ចំណេះដឹង ចំណេះធ្វើ និងជំនាញផ្សេងៗដើម្បីទទួលបាននូវការងារល្អៗនាពេលខាងមុខ។
ចំពោះព្រឹត្តិការណ៍អន្តរជាតិ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍និងចូលរួមអបអរសាទរចំពោះជំនួបរវាងប្រទេសកូរ៉េខាងត្បូង និងខាងជើង ដែលបានឈានដល់ដំណាក់កាលជួបពិភាក្សាគ្នា និងឈានទៅដល់កិច្ចព្រមព្រៀងរួមគ្នាក្នងការបញ្ឈប់សង្គ្រាមនុយក្លេអ៊ែរ ដែលកន្លងមកតែងតែមានការប្រឈមមុខដាក់គ្នា។ ការសម្របសម្រួលគ្នារវាងប្រទេសកូរ៉េទាំងពីរនេះក៏បានជះឥទ្ធិពលដល់ប្រទេសជិតខាងផងដែរ កុំអោយមានការព្រួយបារម្មណ៍ ជាពិសេសប្រទេសកម្ពុជាក៏មានពលករខ្មែរកំពុងធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូងយ៉ាងច្រើន។
នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍អបអរសាទរចំពោះខួបលើកទី ១៩ឆ្នាំ ដែលកម្ពុជាបានចូលជាសមាជិកអាស៊ាន (៣០ មេសា ១៩៩៩ -៣០ មេសា ២០១៨)។ ចាប់តាំងពីកម្ពុជាបានចូលជាសមាជិកអាស៊ានមក កម្ពុជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយសហគមន៍អាស៊ាន។ ទន្តឹមនឹងនេះ គឺកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានចំនួន២លើករួចមកហើយ គឺនៅឆ្នាំ ២០០២ និងឆ្នាំ២០១២។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់សារជាថ្មីឡើងវិញផងដែរថាមានកត្តា៤យ៉ាងដែលកម្ពុជាសម្រេចចិត្តចូលជាសមាជិកអាស៊ាន ទាំងនោះរួមមាន៖ ១)ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិកណាមួយ។ ២) ធ្វើការតាមកុងសង់ស៊ីស តាមរយៈស្មារតីសហគមន៍ គឺសិទ្ធិស្មើគ្នា មិនថាប្រទេសតូចធំមានឬក្រទេ ។ ៣) ឱកាសនៃសមាហរណកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងប្រទេសអាស៊ាន។ ៤) បើកទូលាយនូវច្រកទ្វាចេញការទូតរបស់កម្ពុជា ជាមយយអាស៊ាន និងដៃគូដែលធ្វើយើងកាន់តែមានភាពងាយស្រួលក្នុងការទំនាក់ទំនងអន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានកោតសរសើរ និងអបអរសាទរចំពោះជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូតទទួលបានជោគជ័យនាពេលនេះ។ ហើយការសិក្សាគឺនឹងបន្តធ្វើអស់មួយឃជីវិត។ សម្តេចតេជោ ក៏បានជូនពរដល់ក្មួយៗនិស្សិតជ័យលាភីទាំងអស់ព្រមទាំងសាលកវិទ្យាធិការ សាស្ត្រាចារ្យ និង និសិ្សត ដែលបានចួលរួមជួបតែសេចក្តីសុខចម្រើនព្រមទាំងពុទ្ឋពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិត និងបានថតរូបអនុស្សាវរីយ៍ជាមួយនិស្សិតក្នុងបរិយាកាសសប្បាយរីករាយនិងស្និទ្ឋស្នាលក្រៃលែង៕