ឯកឧត្តម Xiong Bo ឯកអគ្គរដ្ឋទូតវិសាមញ្ញ នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា
សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា
អរគុណសមាគមខ្មែរ-ចិន ដែលរួមចំណែករក្សាស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដោយបានជួបជុំសាជាថ្មីម្តងទៀត ជាមួយនឹងសមាគមខ្មែរ-ចិននៅក្នុងព្រះរាជាណាចក្រកម្ពុជា មុនពេលដែលឆ្នាំចាស់ត្រូវបញ្ចប់នៅប៉ុន្មានថ្ងៃខាងមុខ ជំនួសដោយឆ្នាំថ្មីដែលនឹងមកដល់។ ខ្ញុំពិតជាមានការសប្បាយរីករាយ ដែលបានឃើញវឌ្ឍនភាព ដែលត្រូវបានលើកឡើងដោយឧកញ៉ា ពង្ស ខៀវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន។ រយៈកាលមួយឆ្នាំកន្លងទៅនេះ ខ្ញុំពិតជាមានការរីករាយដោយបានឃើញថា សមាគមបានដើរតួនាទីមួយនៅក្នុងការជួយជម្រុញទៅលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិរបស់យើង។ ខ្ញុំសូមយកឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំផ្ទាល់ កោតសរសើរចំពោះថ្នាក់ដឹកនាំនៃសមាគម ក៏ដូចជាសម្ព័ន្ធសមាគមរួមទាំងមូល និងសមាគមនីមួយៗ ដែលបានខិតខំធ្វើសកម្មភាពក្នុងរយៈពេលកន្លងទៅ ដែលជាការរួមចំណែកទៅដល់ការរក្សាស្ថេរភាពនយោបាយ ក៏ដូចជាស្ថេរភាពនៃម៉ាក្រូសេដ្ឋកិច្ច។
បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិន
ទន្ទឹមនឹងការអបអរសាទរជាមួយនឹងវឌ្ឍនភាព ដូចដែលបានលើកឡើងដោយឧកញ៉ា ពង្ស ខៀវសែ ខ្ញុំក៏សូមឯកភាពជាមួយនឹងផែនការនៅក្នុងឆ្នាំថ្មីទាំង ៣ ចំណុចដែលត្រូវបានលើកឡើងអម្បាញ់មិញនេះ។ ក្នុងនោះ ចំ ណុចត្រូវយកចិត្តទុកដាក់ គឺ (១) សមាគមបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិន ដែលបច្ចុប្បន្នមានសិស្ស ៥៥ នាក់ចូលរួមវគ្គបណ្តុះបណ្តាល។ ចំណុចនេះ អនុញ្ញាតឲ្យខ្ញុំបានបញ្ជាក់បន្តិចថា បច្ចុប្បន្ន តម្រូវការនៃភាសាចិន កាន់តែមានចំនួនច្រើន ព្រោះថា មួយផ្នែក អ្នកវិនិយោគចិនមកកាន់កម្ពុជាក៏មានចំនួនច្រើន មួយផ្នែកទៀត ទេសចរចិនក៏មានចំនួនច្រើន។
បណ្តុះបណ្តាលភាសាចិន ឆ្លើយតបទៅកំណើនការវិនិយោគពីសាធារណរដ្ឋប្រជាមានិតចិន
រាជបណ្ឌិតសភារបស់កម្ពុជា បានធ្វើទំនាក់ទំនងជាមួយបណ្តាសាកលវិទ្យាល័យរបស់សាធារណរដ្ឋប្រជាមានិតចិន ដើម្បីបណ្តុះបណ្តាលគ្រូកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ហើយយកអ្នកទាំងនោះធ្វើជាដើមទុន ក្នុងការបណ្តុះបណ្តាលភាសាចិននៅរាជបណ្ឌិតសភាកម្ពុជាផងដែរ។ សង្ឃឹមថា លោកឧកញ៉ា ពង្ស ខៀវសែ និងជាប្រធានសមាគម នឹងធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយនឹងលោកបណ្ឌិតសភាចារ្យ សុខ ទូច ដើម្បីរិះរកមធ្យោបាយរួមគ្នា ធ្វើយ៉ាងណាជម្រុញបណ្តុះបណ្តាលភាសាចិនឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីឆ្លើយតបទៅនឹងកំណើន នៃការវិនិយោគពីសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាកំណើនដ៏ឆាប់រហ័ស នៃទេសចរចិនមកកាន់ព្រះរាជាណាចក្រកម្ពុជា។
រកទេសចរចិន ៣ លាននាក់ នៅឆ្នាំខាងមុខ
ដូចដែលអស់លោកអ្នកបានដឹងរួចមកហើយថា ឆ្នាំមុន ឆ្នាំ ២០១៧ កន្លងទៅនេះ ទេសចររបស់ចិនមានចំនួនទៅដល់ជាង ១ លាន ២ សែននាក់។ ជាចំនួនមួយច្រើន ដែលមុននោះ ខ្ញុំធ្លាប់និយាយជាមួយមេដឹកនាំចិន ទាំងអតីតប្រធានាធិបតី ហ៊ូ ចិនតាវ ក៏ដូចជាទាំងប្រធានាធិបតី ស៊ី ជិនភីង ថា ខ្ញុំចង់បានអ្នកទេសចរចិនស្មើនឹង ០,០១% (នៃប្រជាជនចិនសរុប) ដែលទំហំនេះ បើសិនជាសម្រេចបាននូវ ០,០១% ចំនួនទេសចរចិននឹងកើនឡើងទៅដល់ ១ លាន ៣ សែន ៥ ម៉ឺននាក់ ដោយសារចិនមានប្រជាជន ១.៣៥០ លាននាក់។ ឥឡូវ ដោយសារឆ្នាំ ២០១៧ នេះ ទេសចរចិនមានចំនួនរហូតទៅដល់ ១ លាន ២ សែននាក់ទៅហើយ ដូច្នេះ ខ្ញុំគិតថា ប្រហែលជាត្រូវការកែតម្រូវឲ្យតួលេខ នៃទេសចរចិនឈានទៅដល់ ០,០៣% ដែលអាចនឹងឈានទៅដល់ជាង ៣ លាននាក់ នៅប៉ុន្មានឆ្នាំខាងមុខនេះ។ នេះជាចំណុចដែលសង្ឃឹមថា នឹងអាចសម្រេចបាន …។
បង្កើតវិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា
ទន្ទឹមនឹងនេះដែរ យើងក៏បានឃើញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-ចិន មានការកើនឡើងយ៉ាងឆាប់រហ័ស ហើយយើងក៏បានដាក់ចេញនូវគោលដៅកាន់តែធំ ដើម្បីពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យបានកាន់តែច្រើន។ ជាមួយគ្នានេះដែរ ខ្ញុំក៏សូមគាំទ្រទៅដល់ចំណុច ទី ២ ទាក់ទងទៅនឹងគម្រោងបង្កើតវិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដើម្បីបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យវិទ្យាសាស្រ្ត និងវិស្វកម្ម សំរាប់ប្រទេសកម្ពុជា។ សង្ឃឹមថា សមាគមនឹងដើរតួនាទីមួយដើម្បីធ្វើការសម្របសម្រួល ហើយឈានទៅដល់ការបង្កើតនូវវិទ្យាស្ថានដ៏មានសារសំខាន់នេះ។
យុវជនបង្កើតកម្មវិធីសប្បុរសធម៌ សង្គម និងបន្តវេន
ក្នុងពេលនោះដែរ ខ្ញុំក៏សូមគាំទ្រទៅដល់ការជម្រុញក្រុមការងារយុវជនឲ្យជួយចូលរួមបង្កើតកម្មវិធីសប្បុរសធម៌សង្គម និងឲ្យមានយុវជនសម្រាប់ការបន្តវេន ដែលសមាគមបានដាក់ចេញសម្រាប់ឆ្នាំថ្មីនេះ។
មូលនិធិគន្ធបុប្ផា ត្រូវការការចូលរូមវិភាគទានពីបងប្អូនខ្មែរ-ចិន
ជាមួយនឹងការរីករាយនឹងជំនួបថ្ងៃនេះរបស់យើង ខ្ញុំពិតជាមានតម្រូវការដើម្បីពឹងពាក់ទៅលើសមាគម ដើម្បីអនុវត្តកម្មវិធីដ៏សំខាន់មួយ ដែលកម្មវិធីនោះនឹងប្រកាសដាក់ឲ្យដំណើរការនៅថ្ងៃស្អែកនេះ។ ខ្ញុំយល់ថា សមាគមអាចចូលរួមចំណែកជាមួយនឹងកិច្ចការទាំងឡាយ ដែលនឹងត្រូវធ្វើ ក្នុងនោះទាក់ទងនឹងការបង្កើតឡើង និងដាក់ឲ្យប្រើប្រាស់នូវមូលនិធិគន្ធបុប្ផា ដែលមូលនិធិនេះនឹងចាប់ផ្តើមប្រកាសឲ្យប្រើប្រាស់ និងដំណើរការចាប់ពីថ្ងៃស្អែកទៅ។ នៅក្នុងចំណោមយើងនេះ មានអ្នកដែលមានលទ្ធភាពចូលរួមជាច្រើន។ ខ្ញុំសូមបញ្ជាក់អំពីចំណុចនេះបន្តិច ដើម្បីថ្ងៃស្អែក និងជាបន្តបន្ទាប់ ក្រុមគ្រួសារនីមួយៗ និងសប្បុរសជនម្នាក់ៗ នឹងធ្វើការសម្រេចចិត្ត ធ្វើការចូលរួមជាមួយនឹងមូលនិធិនេះ។ មន្ទីរពេទ្យគន្ធបុប្ផា គឺជាមន្ទីរពេទ្យដ៏សំខាន់ ដែលពិនិត្យ ព្យាបាលជំងឺកុមារ ដោយឥតគិតថ្លៃ ហើយជាមន្ទីរពេទ្យដែលត្រូវចំណាយខ្ពស់។ នៅក្នុងរយៈពេលត្រូវទ្រទ្រង់ថវិកា ដោយមូលនិធិគន្ធបុប្ផានៅឯក្រៅប្រទេស និងមួយផ្នែកទៀត គឺទ្រទ្រង់ថវិកាដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសប្បុរសជន ដែលបានចូលរួម។ ដើម្បីបន្តការទ្រទ្រង់នូវមូលនិធិគន្ធបុប្ផានៅមន្ទីរពទ្យគន្ធបុប្ផា ឲ្យកាន់តែរឹងមាំថែមទៅទៀត យើងសម្រេចបង្កើតឡើងនូវមូលនិធិគន្ធបុប្ផា យកទៅទ្រទ្រង់សកម្មភាពទាំងឡាយ នៃមន្ទីរពេទ្យ។ យើងមិនមានមហិច្ឆតាកសាងនូវមន្ទីរពេទ្យថ្មីទេ ក៏ប៉ុន្តែយើងបន្ត និងពង្រឹងសមត្ថភាពនៃមន្ទីរពេទ្យនេះ។
សមាជិក ៣ ប្រភេទ ដែលចូលរួមវិភាគទានជាមួយមូលនិធិគន្ធបុប្ផា
ខ្ញុំសូមបញ្ជាក់ជូននៅទីនេះថា ដើម្បីឲ្យមូលនិធិនេះមានភាពរឹងមាំ យើងបង្កើតឡើងនូវស្ថានភាព ក្រៅពីអ្នកចូលរួមវិភាគទានជួយទៅដល់មូលនិធិគន្ធបុប្ផា យើងបង្កើតឡើងនូវសមាជិក ៣ ប្រភេទ ដែលសូមឲ្យអ្នកទាំងអស់គ្នានៅទីនេះពិចារណាជ្រើសរើស ដើម្បីទទួលយកថាតើគប្បីចូលរួមជាមួយនឹងសមាជិកប្រភេទណា? សមាជិកទី ១ គឺសមាជិកស្ថាបនិក ដែលគុណវឌ្ឍន៍ជាសមាជិកស្ថាបនិក គឺជាអ្នកដែលបានចូលរួមវិភាគទានចាប់ពី ៨០ លានរៀល ឬចាប់ពី ២ ម៉ឺនដុល្លារសហរដ្ឋអាមេរិកឡើងទៅ ដែលហៅថា ជាសមាជិកស្ថាបនិក។ បានសេចក្តីថា ចាប់ពី ២ ម៉ឺនដុល្លារឡើងទៅ គឺនឹងក្លាយទៅជាសមាជិកស្ថាបនិក។ ដូចជាលោកឧកញ៉ា ហុង ពីវ បានចូលម្តង ១ លានដុល្លារ រហូតទៅដល់ ២ លានដុល្លារ ដូច្នេះ គាត់ជាស្វ័យប្រវត្តិក្លាយទៅជាសមាជិកស្ថាបនិក។ ប៉ុន្តែ ប្រសិនបើជាមានការសន្យាណាមួយ មានការចូលរួមឧទាហរណ៍ថា ៥ ម៉ឺនដុល្លារក្នុងមួយឆ្នាំ រយៈពេល ៥ ឆ្នាំបន្តបន្ទាប់ សមាជិករូបនេះអាចនឹងក្លាយទៅជាសមាជិកក្រុមប្រឹក្សាភិបាល គ្រប់គ្រងតាមដានការពិនិត្យ និងប្រើប្រាស់នូវមូលនិធិនេះផងដែរ។ សង្ឃឹមថា អ្នកទាំងឡាយដែលនៅទីនេះ នឹងចូលរួមវិភាគទានដើម្បីក្លាយទៅជាសមាជិកកិត្តិយស ឬក៏ជាសមាជិក ដែលមានលក្ខណៈក្លាយទៅជាសមាជិកក្រុមប្រឹក្សាភិបាល តាមរយៈការចូលរួមពីការចាប់ផ្តើម នៃការចូលវិភាគទានចាប់ពី ២ ម៉ឺនដុល្លារសហរដ្ឋអាមេរិកឡើងទៅ។
ឯប្រភេទសមាជិកទី ២ គឺសមាជិកកិត្តិយស។ ដែលមានគុណវឌ្ឍន៍ជាសមាជិកកិត្តិយស គឺវិភាគទានចាប់ពី ២០ លានរៀល ឬស្មើនឹង ៥ ពាន់ដុល្លារឡើងទៅដល់ ២ ម៉ឺនដុល្លារ ដែលហៅថាសមាជិកកិត្តិយស។ សមាជិកទី ៣ គឺប្រភេទសមាជិកគាំទ្រ ឬ អ្នកដែលចូលរួមចាប់ពី ៥ ពាន់រៀលក្នុងមួយខែ ឬប្រហាក់ប្រហែលជា ៦ ម៉ឺនរៀលក្នុងមួយឆ្នាំ ហៅថាសមាជិកគាំទ្រ។ សង្ឃឹមថា សុំលោកប្រធានសមាគមមេត្តាជួយខិតខំរកសមាជិកគាំទ្រនេះឲ្យបានច្រើន ព្រោះក្នុងកម្រិតមួយខែត្រឹមតែ ៥ ពាន់រៀលប៉ុណ្ណោះ។ អញ្ចឹង គេអាចក្លាយទៅជាសមាជិកគាំទ្រ ប្រសិនបើជាប្រជាពលរដ្ឋរបស់យើងដែលមានគ្រប់អាយុបោះឆ្នោតមានប្រហែលជា ១០ លាននាក់ ចូលជាសមាជិកត្រឹមតែ ២ លាននាក់ យើងអាចដឹងបានថា ក្នុងមួយខែ យើងនឹងមានប្រាក់ចំណូលដែលផ្តើមចេញពីសមាជិកអ្នកគាំទ្រនេះបានជាង ២ លានដុល្លារសហរដ្ឋអាមេរិកដែរ។
គ្រប់ស្ថាប័ន គ្រប់ទីកន្លែង រួមវិភាគទាន ធ្វើឲ្យមន្ទីរពេទ្យគន្ធបុប្ផាបន្តសកម្មភាព
យើងស្វាគមន៍ទទួលយកទាំងសមាជិកស្ថាបនិក ទាំងសមាជិកកិត្តិយស និងសមាជិកគាំទ្រ ហើយវាមិនគ្រាន់តែពឹងពាក់ទៅលើសមាគមខ្មែរ-ចិនប៉ុណ្ណោះទេ ក៏ប៉ុន្តែ ពឹងពាក់ទៅបណ្តាស្ថាប័ន និងគ្រប់ទីកន្លែងទាំងអស់ចូលរួមវិភាគទានដើម្បីធ្វើឲ្យមន្ទីរពេទ្យគន្ធបុប្ផារបស់យើងនេះ នៅតែជាមន្ទីរពេទ្យដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការឆ្លើយតបទៅនឹងការពិនិត្យ ព្យាបាលជំងឺសម្រាប់កុមាររបស់កម្ពុជាយើង។ បើទោះបីជាមូលនិធិគន្ធបុប្ផានៅក្រៅប្រទេសរបស់លោកវេជ្ជបណ្ឌិត Beat Richner បានថមថយ ជំនួយពីក្រៅប្រទេសបានថមថយ ក៏ប៉ុន្តែ យើងមិនត្រូវទុកឲ្យមន្ទីរពេទ្យនេះគឺធ្លាក់ទៅក្នុងស្ថានភាពនៃការបាត់បង់សកម្មភាពនោះទេ។
អរគុណ ឧកញ៉ា គិត ម៉េង ដែលបានចូលវិភាគទានជាកម្មសិទិ្ធដីធ្លី
ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីថ្លែងអំណរគុណចំពោះលោកឧកញ៉ា គិត ម៉េង ដែលមុននេះ ខ្ញុំបានខ្ចីដីមួយផ្នែកប្រមាណជា ១.៣០០ ម៉ែត្រការ៉េជាង ដែលឥឡូវនេះ តម្លៃដីនោះប្រមាណជា ៨ លានដុល្លារសហរដ្ឋអាមេរិក។ ល្ងាចនេះ លោកឧកញ៉ា គិត ម៉េង នឹងប្រគល់ដីនោះមកឲ្យមូលនិធិនេះតែម្តង ហើយមូលនិធិក៏បានកត់ត្រាទៅជាទ្រព្យសម្បត្តិរបស់មូលនិធិ ហើយក៏ត្រូវផ្ទេរមូលនិធិដែលផ្តល់ដោយលោកឧកញ៉ា គិត ម៉េង នេះ ជាបណ្ណកម្មសិទ្ធិដីធ្លីសម្រាប់មន្ទីរពេទ្យគន្ធបុប្ផា។ នេះគឺជាផ្នែកដ៏សំខាន់។
ទ្រទ្រង់សកម្មភាពសំខាន់សម្រាប់ភ័ព្វសំណាងកុមារកម្ពុជា
សង្ឃឹមថា អ្នកទាំងឡាយដែលនៅទីនេះ ហើយដែលរកស៊ីមានបាននៅទីនេះ មិនកំណាញ់ចូលរួមវិភាគទានទៅតាមលទ្ធភាព ដែលអាចធ្វើទៅបាន។ សង្ឃឹមថា ឆ្លងកាត់តាមរយៈនៃសមាគមខ្មែរ-ចិន ដែលត្រូវស្វែងរកនូវសមាជិកអ្នកគាំទ្រ ដែលត្រឹមតែចូល ៥ ពាន់រៀលក្នុងម្នាក់ ក្នុងមួយខែតែប៉ុណ្ណោះ ដែលអាចទ្រទ្រង់សកម្មភាពដ៏សំខាន់សម្រាប់កុមារកម្ពុជារបស់យើង ដែលត្រូវផ្តល់ភ័ព្វសំណាងសម្រាប់ពួកគេ។ ថ្ងៃស្អែកនឹងមានការបញ្ជាក់បន្ថែមទៀត ហើយអ្នកទាំងឡាយដែលនៅទីនេះ នឹងពិចារណាសម្រាប់ការចូលរួមនៅថ្ងៃស្អែក ដែលនៅទីនោះ យើងក៏មានការប្រកាសអំពីសមាសភាព នៃអ្នកដែលត្រូវចូលជាសមាជិក អ្នកដែលចាប់ចូលជាសមាជិក ដែលមានឈ្មោះចូលចាប់ពី ២ ម៉ឺនដុល្លារសហរដ្ឋអាមេរិកទៅ គឺស្មើនឹង ៨០ លានរៀល នឹងក្លាយទៅជាសមាជិកស្ថាបនិកតែម្តង …។
អរគុណការគាំទ្រពីសមាគមខ្មែរ-ចិន
នេះគឺជាការអំពាវនាវមួយសម្រាប់អ្នកចូលរួមនៅក្នុងការជួបជុំពិសាភោជនាអាហារសាមគ្គីនៅទីនេះ។ សាមគ្គីរបស់យើងនៅទីនេះ គឺសាមគ្គីដើម្បីការរស់រានមានជីវិតរបស់កុមារកម្ពុជារបស់យើង។ ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងអំណរគុណចំពោះលោកឧកញ៉ា ពង្ស ខៀវសែ ដែលតំណាងឲ្យសមាគមសម្ព័ន្ធខ្មែរ-ចិន ដែលបានលើកឡើងអម្បាញ់មិញអំពីការគាំទ្រចំពោះរូបខ្ញុំ ក៏ដូចជាគណបក្សប្រជាជន ដើម្បីយកជោគជ័យនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៨ នេះ។ សង្ឃឹមថា ខ្ញុំនឹងរួមដំណើរជាមួយអ្នកទាំងអស់គ្នា ដើម្បីបន្តការរីកលូតលាស់ នៃព្រះរាជាណាចក្រកម្ពុជាយើងជាបន្តទៀត។
ចង់ឃើញអ្នករកស៊ីក្នុងស្រុក មានលទ្ធភាពកាន់តែធំ
យើងចង់ឃើញនូវអ្នករកស៊ីក្នុងស្រុករបស់យើង បង្កើននូវសមត្ថភាពកាន់តែធំ ធ្វើជាអ្នកមានបាននៅទីនេះ។ ខ្ញុំនឹងខិតខំការពារអ្នកទាំងឡាយ តាំងពីការចាប់ផ្តើមរហូតមកដល់ពេលនេះ និងបន្តការពារអ្នកទាំងឡាយនៅទីនេះជាបន្តទៀត តាមរយៈរក្សាឲ្យបាននូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីធានាឲ្យទាំងអស់គ្នាមានការអភិវឌ្ឍ រីកចម្រើនទៅមុខទៀត។ យើងត្រូវយល់ដឹងថា សន្តិភាព គឺជាកត្តាមូលដ្ឋានសំខាន់បំផុតដើម្បីធានាដល់ការអភិវឌ្ឍ។
សន្តិភាពមានតម្លៃសំរាប់ប្រជាពលរដ្ឋដែលចង់រស់រានមានជីវិត និងវិនិយោគិន
វាមិនអាចមានការអភិវឌ្ឍណាមួយនៅក្រោមគ្រាប់បែក គ្រាប់កាំភ្លើងនោះទេ។ យើងទទួលបានក្នុងរយៈពេលកន្លងទៅនេះ ដោយសារសុខសន្តិភាពនោះហើយ ដែលអ្នកវិនិយោគទាំងក្នុង និងក្រៅស្រុក មានលទ្ធភាពមកធ្វើការវិនិយោគនៅក្នុងប្រទេសរបស់យើង។ ដូច្នេះ សន្តិភាពពិតជាមានតម្លៃសម្រាប់យើងទាំងអស់គ្នា។ មិនគ្រាន់តែសម្រាប់អ្នកវិនិយោគទេ ក៏ប៉ុន្តែ សម្រាប់ប្រជាពលរដ្ឋទាំងអស់ ដែលចង់រស់រានមានជីវិត ហើយមិនមានការភ័យខ្លាចដោយការអស្ថេរភាព ឬសង្គ្រាមរាំងជល់ដូចពីអតីតកាល ឬដូចប្រទេសមួយចំនួនដែលកំពុងមានបញ្ហា។
ពង្រឹង និងក្តាប់ឲ្យជាប់ ស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច
ខ្ញុំសង្ឃឹមថា បងប្អូនទាំងអស់ ដែលនៅទីនេះ ក៏ដូចជាដែលមិនបានចូលរួម នឹងចូលរួមដើម្បីរក្សានូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម។ ជាមួយគ្នានេះ ដោយសារនៅទីនេះ ភាគច្រើនជាធុរកិច្ច អ្នកវិនិយោគ និងអាជីវករ នឹងចូលរួមដើម្បីរក្សានូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច។ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច គឺមានចំណែកមិនតូចជាងខាងនយោបាយទេ។ ដូច្នេះ សង្ឃឹមថា អ្វីដែលជាចំណែកដែលសំខាន់ យើងត្រូវពង្រឹងឲ្យជាប់ ក្តាប់ឲ្យជាប់ ម្ខាងគឺស្ថេរភាពខាងនយោបាយ ម្ខាងគឺស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីធានាការរីកលូតលាស់ នៃសេដ្ឋកិច្ចរបស់កម្ពុជា។ មិនត្រូវទុកបណ្តែតបណ្តោយឲ្យស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចត្រូវដួលរលំ ឬក៏ត្រូវអស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច។ ដូច្នេះ សង្ឃឹមថា នឹងមានការចូលរួមពីបងប្អូនទាំងឡាយ ដែលជាសមាជិក សមាជិកា នៃសមាគមខ្មែរ-ចិនរបស់យើង។
បន្តគោលនយោបាយចិនមួយ និងដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយសាធារណរដ្ឋប្រជាមានិតចិន
ជាទីបញ្ចប់ ខ្ញុំសូមអបអរសាជាថ្មីម្តងទៀត ជាមួយនឹងវឌ្ឍនភាពនៃសមាគម ហើយខ្ញុំនឹងសន្យាជាមួយនឹងអ្នកទាំងអស់គ្នាថា ខ្ញុំនឹងមានជំនួបប្រចាំឆ្នាំជារៀងរហូត នៅពេលដែលខ្ញុំកាន់អំណាចជាបន្តក្នុងរយៈពេល ១០ ឆ្នាំខាងមុខនេះ។ សង្ឃឹមថា អ្នកទាំងអស់គ្នាក៏នឹងចូលរួមគាំទ្រនូវនយោបាយរបស់ខ្ញុំ ចំពោះការអនុវត្តនូវគោលនយោបាយចិនមួយ និងការលើកកម្ពស់ ទំនាក់ទំនងក្នុងភាពជាដៃគូជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិន។ នេះជាផ្នែកដ៏សំខាន់ ដែលសង្ឃឹមថា បងប្អូនខ្មែរ-ចិន ដែលមានខ្សែស្រឡាយចិនទាំងអស់នៅទីនេះ នឹងបន្តគោលនយោបាយរបស់ខ្ញុំ ចំពោះការអនុវត្តគោលនយោបាយចិនមួយ។ ភាគីកម្ពុជា មានរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បានលើកកម្ពស់ទំនាក់ទំនងក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកំពុងពង្រឹងនូវភាពដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនេះ។ សង្ឃឹមថា អ្នកទាំងអស់គ្នានឹងបន្តគាំទ្រនូវគោលនយោបាយនេះជាបន្តទៀត ដើម្បីការរីកលូតលាស់នៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ។
ខ្ញុំសូមយកឱកាសនេះ ជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា សូមប្រកបតែនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕