សម្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន ពិធីចែកសញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង

CNV: 

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា!

បញ្ហាជាមួយក្បាលមីក្រូនិយាយ និងការចាក់ភ្លេងគោរពទង់ជាតិនៅកំពង់ចាម

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយណាស់ ដោយនៅមុនពេលចូលឆ្នាំថ្មី ដែលនឹងមកដល់ក្នុង ៤ ថ្ងៃខាងមុខនេះ។ យើងបានប្រារព្ធពិធីមួយ សម្រាប់ការចែកសញ្ញាបត្រ ចំពោះនិស្សិតជាជ័យលាភី ចំនួន ៣.១៨៧ នាក់ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។ … (ដកក្បាលមីក្រូដែលលឺសម្លេងរំខានចេញ) ​ថ្ងៃក្រោយបទពិសោធន៍ ដើម្បីកុំអោយវាមានបញ្ហា យើងគួរតែឡើងមកសាកធ្វើតេស្ត បើមិនអញ្ចឹងទេវានៅដដែលៗ។ រឿងហ្នឹង បើបានជាជ្រុលនិយាយអញ្ចឹងហើយ និយាយតែម្តង។ ខ្ញុំជាមួយខេត្តកំពង់ចាមពីមុនមិនដឹងយ៉ាងម៉េច? ទៅដល់ឆុងតែជាមួយនឹងក្បាលមីក្រូ។ ក្បាលមេក្រូគេនៅខេត្តដទៃទៀត គេនិយាយបាន ក្បាលមីក្រូខេត្តកំពង់ចាមមួយនិយាយអត់បាន​? បន្ថែមទៅលើនោះ បើថាគោរពទង់ជាតិ គោរពមិនដែលចេញទេ ដែលខ្ញុំធ្លាប់និយាយថា ចាក់ភ្លេងគោរពទង់ជាតិចេញ “ឱ! ស្នេហ៍​មាសបង” …។

ជិតចូលឆ្នាំ រកមនុស្សធ្វើការមិនបាន ជាទម្លាប់

សល់តែប៉ុន្មានថ្ងៃទៀតទេ យើងនឹងចូលឆ្នាំ ហើយប្រហែលជាស្អែក ខានស្អែកហ្នឹង រកមនុស្សធ្វើការមិនបានទេ បើមានក៏មានតិចតួចណាស់ តែបើដាក់ការងារអោយនាយករដ្ឋមន្រ្តី គឺច្រើន។ ដោយសារអី? រដ្ឋមន្រ្តីនានាតាមស្ថាប័ន រឿងណាគាត់ត្រូវដោះស្រាយក្រោយចូលឆ្នាំ គឺគាត់ត្រូវ​តែបង្ខំធ្វើមុនចូលឆ្នាំ ដើម្បីឲ្យនាយករដ្ឋមន្រ្តីចុះហត្ថលេខាអោយគាត់ឲ្យហើយ … ឯមន្រ្តីរាជការរបស់យើង ប្រហែលជាស្អែក ខានស្អែកអីហ្នឹង គឺថារកមនុស្សធ្វើការមិនបានទេ។ អាហ្នឹងគឺតាមចំណាំ។ បើអ្នកទៅឆ្ងាយគឺចាប់ផ្តើម​រៀប​ចំដំណើរចេញហើយ។ តាមធាតុអាកាស ឆ្នាំនេះ ក្នុងចាប់តាំងពីថ្ងៃទី ១១, ១២ ទៅ នឹងមានភ្លៀង។ អញ្ចឹង នៅក្នុងឆ្នាំនេះ ទេវតាចុះមកភ្លៀងតែម្តង។ ប៉ុន្តែ ទេវតា ២ ឆ្នាំនេះល្អ ​ល្អត្រង់ថា ឆ្នាំកន្លងទៅនេះ ទេវតាមិនទាន់ផុតអាណត្តិនេះ គឺបាននាំមកនូវភ្លៀងយ៉ាងច្រើន ហើយបើដូរចំថ្ងៃទេវតាដូរហ្នឹង ហើយមានភ្លៀង អាហ្នឹងទេវតាថ្មី​មកដល់ប្រហែលជាភ្លៀងល្អទៀត បានភ្លៀងល្អ កសិកម្មរបស់យើងក៏ល្អដែរ។

អរគុណ និងកោតសរសើរ គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង

បកមកចំពោះបញ្ហានិស្សិតវិញ។ និយាយ(អម្បាញ់)មិញនេះ និយាយធ្វើតេស្ត(មីក្រូ) តើវាមកទៀតឬអត់? … ដល់ទៅដាក់ឆ្ងាយពីមាត់ទៅ ដូចជាគ្រាន់បើបន្តិច។ ខ្ញុំព្រះករុណាខ្ញុំ អរគុណណាស់ ដែលបានទទួលនូវរបាយការណ៍របស់បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា អម្បាញ់មិញ ទាក់ទងនឹងវឌ្ឍនភាព នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងរបស់យើង ដែលខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះបណ្ឌិត ហោ ប៉េង ក៏ដូចជា គណៈគ្រប់គ្រង សាស្រ្តាចារ្យ ដែលទទូលខុសត្រូវទៅលើបញ្ហាការគ្រប់គ្រងនៅសាកលវិទ្យាល័យនេះ ដែលនេះចាត់ទុកថា ជាផ្នែកដ៏សំខាន់មួយ នៃការបណ្តុះបណ្តាលធនធានមនុស្សចាប់តាំងពីដើមទីមក។

ពីមុនជាវិទ្យាស្ថានមួយ ចំណុះសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

យើងដឹងហើយថា ប្រវត្តិនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងនេះ កាលពីពេលមុននេះ គឺវាជាវិទ្យាស្ថានមួយចំណុះអោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ហើយពេលនោះ យើងបានផ្តល់ឱកាសមុនគេ សម្រាប់សាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលពេលនោះជាវិទ្យាស្ថានជាតិ​គ្រប់គ្រង អោយមានការសិក្សាបង់ថ្លៃ។ មន្រ្តីរាជការរបស់យើងមួយចំនួន ដែលមិនទាន់ចប់មហាវិទ្យាល័យ ក៏ត្រូវបានបញ្ចប់នៅទីនោះ។ ខ្ញុំព្រះករុណាខ្ញុំ នៅចាំបានថា ឯកឧត្តម សូរ ឃុន ដែលពេលនោះ នៅមិនទាន់ធ្វើជារដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ទេ នៅធ្វើជាអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏ត្រូវបញ្ជូនទៅបញ្ចប់នូវការសិក្សានៅវិទ្យាស្ថានជាតិគ្រប់គ្រងនេះផងដែរ។

ការរៀបចំអោយគ្រឹះស្ថានរដ្ឋមានការសិក្សាបង់ថ្លៃ​ និងឯកជនវិនិយោគក្នុងវិស័យអប់រំ ជារឿងត្រឹមត្រូវ

ការរៀបចំអោយសាកលវិទ្យាល័យនានារបស់រដ្ឋ គ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋ មានលទ្ធភាព ដើម្បីចូលរៀនដោយមានការបង់ថ្លៃ គឺជាផ្នែកមួយនៃការអនុញ្ញាតអោយវិស័យឯកជន ចូលរួមវិនិយោគក្នុងវិស័យអប់រំ។ ចំណុចនេះ ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់បានលើកជារឿយៗ ចំណោទចោតសួរថា ប្រសិនជាយើងមិនផ្តល់ឱកាសសម្រាប់វិស័យឯកជនចូលរួម នៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស តើកូនសិស្សដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិហើយ តើពួកគេទៅឯណា? យើងបានផ្តល់ឱកាសសម្រាប់ផ្នែកឯកជនវិនិយោគទៅលើវិស័យអប់រំ ក្នុងនោះមានបញ្ហាទាក់ទងទៅនឹងឧត្តមសិក្សា និងក្រោយឧត្តមសិក្សាផងដែរ។ យើងក៏បានផ្តល់ឱកាសអោយសាកលវិទ្យាល័យ គ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋយកមួយភាគ ដើម្បីអោយមានការសិក្សាបង់ថ្លៃ។ នៅក្នុងចំណោមនៃនិស្សិតដែលរៀននៅទីនេះគ្រប់ផ្នែក ទាំងបរិញ្ញាបត្រ ទាំងបរិញ្ញា​បត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត គឺមានមួយភាគធំ ជាអ្នកដែលបានចូលរៀនបង់ថ្លៃ ដែលនោះ គឺជាការចូលរួមចំណែករបស់វិស័យឯកជន ដែលបុគ្គលម្នា​ក់ៗខិតខំរកប្រាក់កាស ដើម្បីបង់ថ្លៃរៀន។ នេះគឺជាចំណុចដែលយើងត្រូវរួមគ្នាដោះស្រាយបញ្ហា មិនមែនគ្រាន់តែរដ្ឋដោះស្រាយបញ្ហាតែម្នាក់ឯងគ្រប់គ្រាន់នោះទេ ក៏ប៉ុន្តែ ការចូលរួមរបស់គ្រប់តួអង្គពាក់ព័ន្ធ ជាពិសេស វិស័យឯកជន និងបុគ្គលម្នាក់ៗ ដែលចូលរួមនៅក្នុងការបង់ថ្លៃ សម្រាប់ការសិក្សា ក៏ជាផ្នែកដ៏សំខាន់សម្រាប់ការបណ្តុះបណ្តាលធនធានមនុស្ស។

ជម្រុញការអភិ​វឌ្ឍ​ធនធានមនុស្ស ឆ្លើយតបតម្រូវការនៃការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ដូចដែលធ្លាប់បានគូសបញ្ជាក់ហើយដែរថា បញ្ហាធនធានមនុស្សនេះ កំពុងស្ថិតនៅជាបញ្ហាប្រឈមសំរាប់យើង សំរាប់ប្រទេសរបស់យើង នៅត្រង់ថា វិនិយោគច្រើនណាស់ គ្រាន់តែក្នុងរយៈពេលតែប៉ុន្មានខែចុងក្រោយនេះ យើងបង្កើតការងារធ្វើប្រមាណ ៤ ម៉ឺនកន្លែងថែមទៀត។ ៤ ម៉ឺនកន្លែងនេះ ក៏មានតម្រូវការធន​ធានមនុស្សដែលត្រូវផ្តល់អោយគេ សម្រាប់ការវិនិយោគ ទាំងអ្នកវិនិយោគនៅក្នុងស្រុក ទាំងអ្នកវិនិយោគដែលមកពីក្រៅប្រទេស សុទ្ធតែមានតម្រូវការធនធានមនុស្ស។ ប៉ុន្តែ សួរថា តើយើងផ្គត់ផ្គង់ធនធានមនុស្ស​អោយ​គេគ្រប់គ្រាន់ហើយឬនៅ? សម្រាប់ការវិនិយោគ ដែលអ្នកវិនិយោគក្នុងប្រទេសបានធ្វើការវិនិយោគ និងអ្នកវិនិយោគមកពីក្រៅប្រទេសត្រូវធ្វើការវិនិយោគ អ្នកទាំងនោះមិនចង់នាំនូវអ្នកបច្ចេកទេសពីខាងក្រៅប្រទេសមកកាន់ប្រទេសយើងទេ ក៏ប៉ុន្តែ លទ្ធភាពនៃការផ្គត់ផ្គង់ធនធានមនុស្សសម្រាប់អោយមុខរបររបស់គេ ដែលត្រូវពង្រីកឡើងគ្រប់គ្រាន់ហើយឬនៅ? ដោយសារតែការមិនទាន់គ្រប់គ្រាន់នោះហើយ ដែលគេត្រូវ​យកអ្នកបច្ចេកទេសពីខាងក្រៅ។ ដូច្នេះ ការខិតខំរបស់យើងនៅទីនេះ គឺជម្រុញការអភិ​វឌ្ឍ​ធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។

ទាមទារធនធានមនុស្សដើម្បី ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ២០៥០ ប្រាក់ចំណូលខ្ពស់

ម្យ៉ាងទៀត យើងបានខិតខំប្រឹងប្រែង ដើម្បីនឹងសម្រចអោយបាននូវឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ យើងមិនចង់ធ្លាក់ទៅក្នុងអន្ទាក់ នៃប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនោះទេ។ ដូច្នេះ ដើម្បីឆ្លើយតបបានជាមួយនឹងការលើកកម្រិតប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ការលើកឋានៈរបស់ប្រទេសរបស់យើង អោយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ហើយមហិច្ឆតា និងការគូសវាសសម្រាប់ផែនការរយៈពេលវែង ឆ្នាំ ២០៥០ ក្លាយទៅជាប្រ​ទេសដែលមានប្រាក់ចំណូលខ្ពស់ វាទាមទារខ្លាំងណាស់នូវធនធានមនុស្ស ដែលត្រូវឆ្លើយតបទៅនឹងតម្រូវការនៃការកើនឡើងបែបនេះ។ ដូច្នេះហើយ បានជាយើងធ្វើការវិនិយោគ សម្រាប់បញ្ហាមនុស្សនេះ គឺមានកំណើនខ្លាំងណាស់ល្បឿនលឿន។

ចំណាយទាក់ទងនឹងមនុស្ស កើនពី ៤,២៨% មក ៥,៧១% ក្នុងឆ្នាំ ២០១៨

បើយើងពិនិត្យអំពីតួលេខនៅក្នុងឆ្នាំ ២០១៣ កាលពីពេលនោះ ចំណាយលើបញ្ហាសង្គម ដែលគ្របដណ្តប់លើវិស័យអប់រំ (និង)សុខាភិបាល លើបញ្ហាសង្គមកិច្ច និងលើបញ្ហាទាក់ទងទៅនឹងវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ ពេលនោះមានត្រឹមតែ ៤,២៨% តែប៉ុណ្ណោះ។ ប៉ុន្តែ ដល់ឆ្នាំ ២០១៨ នេះ គឺកំណើនរបស់យើងបានកើនទៅដល់ ៥,៧១%​ ចំណាយដែលពាក់ព័ន្ធជាមួយនឹងបញ្ហាមនុស្ស។ ក្នុងវិស័យអប់រំ គឺកើនជាង ៣ ដង បើប្រៀបធៀបឆ្នាំ ២០១៣ ​ដល់ឆ្នាំ ២០១៨ នេះកើនជាង ៣ ដង។ វិស័យសុខាភិបាលកើនជាង ២ ដងកន្លះ។ វិស័យសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា​ និងវិស័យផ្នែកការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺកើនជិត ២ ដង។

នេះគឺជាចំនួនធំហើយ ក៏ប៉ុន្តែ យើងនៅតែមានតម្រូវការក្នុងវិស័យឯកជន ដើម្បីចូលរួមបណ្តុះបណ្តាលធនធានមនុស្សបន្តទៀត មិនគ្រាន់តែបញ្ហាបណ្តុះបណ្តាលធនធានមនុស្សទេ តែនៅមានសេវាសង្គមនានា ដូចជាបញ្ហាទាក់ទងនឹងគ្រូពេទ្យ មន្ទីរពេទ្យជាដើម។​ មន្ទីរពេទ្យរដ្ឋមិនទាន់គ្រប់គ្រាន់ទេ យើងក៏ត្រូវមានគ្លីនិកឯកជន និងមន្ទីរពេទ្យឯកជនផងដែរ។ បើយើងមិនដោះស្រាយបញ្ហាទាក់ទងទៅនឹងមនុស្សទេ ការអភិវឌ្ឍដើម្បីសម្រេចគោលដៅណាមួយ គឺមិនអាចធ្វើទៅរួចទេ។ យើងគ្រាន់តែចេញពីកោះពេជ្រ ចេញពីអគារនេះ យើងអើតទៅមើលអគារដទៃទៀត ដែលនៅមិនឆ្ងាយពីទីនេះ កម្ពស់វាយ៉ាងដូចម្តេច? ហើយដាក់ជាសំនួរថា តើអ្នកបច្ចេកទេសរបស់យើងគ្រប់គ្រាន់ហើយឬនៅ? ដើម្បីបម្រើអោយ(តម្រូវការកសាងនៃ)អាគារ ៣០ ជាន់, ៤០ ជាន់, ៥០ ជាន់? យើងត្រូវការអ្នកបច្ចេកទេសរបស់យើងកាន់តែកើនឡើង។

ប្រកួតប្រជែងទៅធ្វើការកន្លែងដែលមានប្រាក់ចំណូលខ្ពស់

ឥឡូវនេះ មិនមែនគ្រាន់តែបញ្ហាប្រកួតប្រជែងនៅក្នុងក្របខណ្ឌ នៃផ្ទៃក្នុងរបស់យើងទេ បញ្ហាលំហូរពលកម្ម និងលំហូរទាក់ទងជាមួយនឹងការងារនៅក្នុងក្របខណ្ឌអាស៊ាន យើងក៏ត្រូវមានការប្រកួតប្រជែង ដើម្បីមានលទ្ធភាពទៅធ្វើការងារនៅកន្លែងផ្សេង ដែលមានប្រាក់ចំណូលខ្ពស់។ ក្នុងក្របខណ្ឌអង្គការអន្តរជាតិនានា យើងក៏ត្រូវឈានឆ្ពោះទៅក្នុងស្ថាប័ននានា។ ឧទាហរណ៍៖ ធនាគារអភិវឌ្ឍន៍អាស៊ី ឬក៏ស្ថាប័នហិរញ្ញវត្ថុដទៃទៀត ក៏យើងត្រូវឈានចូលទៅដែរ។ អាស៊ានយើងក៏ត្រូវការទៅហ្នឹងដែរ។ ឥឡូវ មានបុគ្គលិកខ្លះរបស់យើងធ្វើការនៅអាស៊ាន។ ខាងមុខនេះ យើងនឹងត្រូវបញ្ជូនអគ្គលេខាធិការងអាស៊ានមួយទៀត ដើម្បីទៅធ្វើការនៅលេខាធិការដ្ឋានអាស៊ាន។ បន្ទាប់ពីអគ្គលេខាធិការបច្ចុប្បន្ន ដែលជាជនជាតិប្រ៊ុយណេ។ មកដល់យើងត្រូវរកបេក្ខភាព សម្រាប់ធ្វើជាអគ្គលេខាធិការអាស៊ានផងដែរ។ ដូច្នេះ សម្រាប់ការធ្វើបែបនេះ មិនមែនគ្រាន់តែចាប់យកទៅដាក់ទេ​ សុទ្ធតែរឿងទាក់ទងជាមួយនឹងសមត្ថភាព។ បើខ្វះលទ្ធភាព អ្នកណាជ្រើសរើសយើង ដើម្បីនឹងធ្វើការ? សូម្បីតែនៅក្នុងស្រុក បើសមត្ថភាពមិនគ្រប់គ្រាន់ទេ គេមិនចេះរើសអោយតែគ្រប់ទេ​ ព្រោះទាក់ទងនឹងបញ្ហាប្រាក់ខែ។ ប្រទេសដទៃគេក៏ធ្វើដូចគ្នាដែរ។

សេដ្ឋកិច្ចទីផ្សារ ជាសេដ្ឋកិច្ចដែលគ្មានក្តីអាណិតអាសូរ

នៅពេលដែលប្រាក់ចំណូលមិនគ្រាប់គ្រាន់ ដើម្បីនឹងបើកសម្រាប់បៀវត្សរ៍អោយកម្មករ និងបុគ្គលិក ក្រុមហ៊ុននានាកាត់បន្ថយបុគ្គលិក។ លើពិភពលោកនេះច្រើនណាស់។ នៅក្នុងប្រទេសរបស់យើងក៏ដូចគ្នាដែរ។ ពេលមានតម្រូវការបុគ្គលិក គឺត្រូវជ្រើសរើសបុគ្គលិក។ ប៉ុន្តែ នៅពេលដែលថវិការត់មិនរួច​​ ប្រាក់ចំណូលមិនគ្រប់គ្រាន់ គេក៏ត្រូវការកាត់បន្ថយបុគ្គលិក។ ចំណុចនេះ ដែលយើងចាត់ទុកថា សេដ្ឋកិច្ចទីផ្សារ គឺជាសេដ្ឋកិច្ចដែលគ្មានក្តីអាណិតអាសូរនោះទេ។ កាលពីសេដ្ឋកិច្ចជំនាន់ផែនការ អាហ្នឹងជាសេដ្ឋកិច្ចមួយបែប ដែលផ្តល់លទ្ធភាពអោយមនុស្សគ្រប់គ្នាអាចរស់ទៅរួច។ ប៉ុន្តែចូលដល់សេដ្ឋកិច្ចទីផ្សារ សេដ្ឋកិច្ចទីផ្សារគ្មានក្តីអាណិតអាសូរទេ។ ថៅកែតែរកប្រាក់បង់អោយបុគ្គលិកមិនបាន មានតែវិធីកាត់បន្ថយបុគ្គលិក។ យើងមើលចុះនៅប្រទេសនានា ក្រុមហ៊ុនខ្លះកាត់បន្ថយប៉ុន្មានពាន់ ប៉ុន្មានម៉ឺន ឬក៏ចំណែកណាមួយ ដើម្បីធានាអោយដំណើរការ នៃក្រុមហ៊ុនរបស់គេ​ជាបន្តទៀត។

សាកលវិទ្យាល័យជាតិគ្រប់គ្រង គឺជាគ្រឹះស្ថាននាំមុខមួយ​ ក្នុងចំណោមគ្រឹះស្ថានដទៃទៀត

ជាថ្មីម្តងទៀត ខ្ញុំសូមកោតសរសើរចំពោះតួនាទី ដែលនៅតែជាវិទ្យាស្ថាន​ ឬក៏ជាផ្នែកឧត្តមសិក្សានាំមុខមួយ ក្នុងចំណោមឧត្តមសិក្សានាំមុខដទៃទៀត។ សាកលវិទ្យាល័យជាតិគ្រប់គ្រង រក្សាបាននូវតួនាទីធ្វើអោយមានការទាក់ទាញនិស្សិតអោយចង់ទៅរៀន។ មាននិស្សិតមួយចំនួន ក្រៅពីនិស្សិតដែលជាអាហារូបករណ៍ ដែលទទួលបានពីសាលា ហើយដែលខ្ញុំផ្តល់ត្រឡប់ទៅវិញ សម្រាប់​និស្សិតក្រីក្រ ក៏មាននិស្សិតមួយចំនួនអាចមាន(វត្តមាន)នៅក្នុងហ្នឹងដែរ ជានិស្សិតដែលខ្ញុំផ្តល់ប្រាក់អោយត្រង់តែម្តង សម្រាប់ការរៀន។ ក្នុងនោះមាន ២ នាក់ ក៏កំពុងតែរៀន ប៉ុន្មានខែទៀតទើបចប់។ ប៉ុន្តែ គេបានរៀបការជាមួយគ្នា កាលពីថ្ងៃទី ២៥ ខែ មីនា រួចទៅហើយ។ ឃើញមានក្មួយស្រីម្នាក់ចប់បរិញ្ញា(បត្រ)រួចហើយ … សួរថា ចង់រៀន(បន្ត)តើរៀននៅឯណា? ថាទៅសាកលវិទ្យាល័យជាតិគ្រប់គ្រងទៅ។​ អញ្ចឹងអោយទៅរៀននៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ដល់ពេលទៅគេជួបគ្នានៅ(ទីនោះ) ប្តីក៏រៀននៅហ្នឹង ប្រពន្ធក៏រៀននៅហ្នឹង ទើបការប៉ុន្មានថ្ងៃ។ ប្រ​ហែលជាឆ្នាំក្រោយគេចាប់ផ្តើមមកទទួលសញ្ញាបត្រនៅហ្នឹងទៀត។

សកលវិទ្យាល័យជាតិគ្រប់​គ្រង ត្រូវធានាគុណភាពការបង្រៀន

នេះជាចំណុចថា តើរៀននៅសាលាណា? សាលាខ្លះនៅក្រៅប្រទេសក៏ដោយ ក្នុងប្រទេសក៏ដោយ សាលាខ្លះនៅពេលដែលចេញទៅគេមានការងារធ្វើ។ ថៅកែ (ឬ)ម្ចាស់ក្រុមហ៊ុន មុខសញ្ញាដែលគេចង់រើសយកមកធ្វើបុគ្គលិករបស់គេ តើគេរកពីកន្លែងណា? កន្លែងណាដែលបណ្តុះបណ្តាលមានគុណភាព គឺកន្លែងនោះហើយដែលគេចង់បាន។ ម៉្យាងទៀត ដោយសារសាកលវិទ្យាល័យច្រើន តើសាកលវិទ្យាល័យមួយណាដែលគេចង់ទៅរៀន? ចំណុចនេះ សង្ឃឹមគណៈគ្រប់គ្រងធានាថា មិនធ្វើអោយសាកលវិទ្យាល័យជាតិគ្រប់​គ្រងនេះ ធ្លាក់ចុះនូវគុណភាព បាត់បង់នូវជំនឿទុកចិត្តពីនិស្សិតក្នុងការរៀននោះទេ។ ត្រូវយកចិត្តទុកដាក់លើកកម្ពស់ពង្រឹងសមត្ថភាព នៃការបង្រៀន សម្រាប់ការបណ្តុះបណ្តាលនិស្សិតរបស់យើង។

កោតសរសើរ និងអបអរសាទរ ជ័យលាភី និងគ្រួសារ ដែលទទួលសញ្ញាបត្រថ្ងៃនេះ

ខ្ញុំព្រះករុណាខ្ញុំ ក៏សូមថ្លែងនូវការកោតសរសើរ និងអបអរសាទរ ចំពោះជ័យលាភីទាំងអស់ ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ។ មកដល់ពេលនេះ គឺយោងទៅលើទៅលើការសិក្សា ដែលបានផ្តល់មកនេះ កម្រិតអ្នក(បានទទួល)កម្រិតបរិញ្ញាបត្រ មានការងារធ្វើរហូតទៅដល់ ៩១.៨១%។ កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ចំ​នួន ៩៨.៦០%។ កម្រិតបណ្ឌិតមាន ១០០%។ អញ្ចឹងទេ ចំនួននេះ យើងអាចឆ្លុះបញ្ចាំងបាន អំពីសេចក្តីត្រូវការនៃអ្នកដែលត្រូវការបុគ្គលិក ត្រូវការធនធាមនុស្ស ដែលចេញពីសាកលវិទ្យាល័យនេះតែម្តង។ ខ្ញុំព្រះករុណាខ្ញុំ​ សុំយកឱកាសនេះ ដើម្បីថ្លែងជូននូវការអបអរសាទរជាមួយជ័យលាភី ក៏ដូចជាក្រុមគ្រួសារនៃជ័យលាភីទាំងអស់ ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ។

ឆ្នាំនេះពោរពេញដោយការងារ

ខ្ញុំព្រះករុណាខ្ញុំ គិតថា ដោយសារតែសុន្ទរកថារបស់ខ្ញុំ គឺវាច្រើនជ្រុលហួសហើយ។ ឆ្នាំនេះ មិនដឹងថាយ៉ាងម៉េចបានជាមកកកកុញ … ល្ងាចនេះសល់សុន្ទរកថាមួយ។ ស្អែកសល់សុន្ទរកថាមួយទៀត។ រួចហើយដល់ថ្ងៃ(ទី) ១៣ សល់សុន្ទរកថាមួយទៀត បើកអង្គរសង្ក្រាន្តនៅសៀមរាប។ ក្រោយចូលឆ្នាំសម្បូរបែប និ​យាយ(ពី)សុន្ទរកថា រាប់ទាំងត្រូវចេញទៅប្រជុំអាស៊ាននៅប្រទេសសាំងហ្គាពួរផង ហើយចូលទៅក្នុងខែ ឧសភា មើលទៅវាស្អេកស្កះតែម្តង តែមិនស្រួលរត់អត់ទាន់ទេ។ នៅពេលខាងមុខ តាមសាកលវិទ្យាល័យ​ខ្លះ ខ្ញុំប្រហែលជាមិនអាច(មកបាន) ដោយសារតែវាត្រូវរត់រកពេលព្រឹកទាំងអស់។ ពេលខ្លះដោយសារយើងមានអគារ យើងអាចចែកនៅពេលល្ងាច ឬក៏អាចតំណាង។ និស្សិតភាគច្រើន គឺចង់អោយ ខ្ញុំព្រះករុណាខ្ញុំ ជាអ្នកចូលរួមចែកសញ្ញាបត្រ។ ហ្នឹងក៏ម្យ៉ាងដែរ។ ប៉ុន្តែ ពេលខ្លះអាម៉ាស៊ីនរបស់យើងរត់វាអត់រួច។ ប៉ុន្តែ អត់អីទេ។ គ្រាន់(តែ)ថាវាមមាញឹក។

ជួបជាមួយនឹងកម្មករ/ការិនីចំនួនជាង ៤ ពាន់នាក់ កាលពីថ្ងៃអាទិត្យនេះ ជួបហ្នឹងហើយត្រូវទៅជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសជប៉ុន ប្រើប្រាស់ពេលវេលាជាង ២ ម៉ោង ជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន។ សន្ទនាគ្នារួចហើយ ទៅចុះហត្ថលេខាផ្តល់ជំនួយឥតសំណង និងកម្ចីសម្បទាន ចំនួនជាង ៩០ លាន ដុល្លារ(អាមេរិក)។ បន្ទាប់ទៅមកបាយជាមួយគ្នា ពិភាក្សាគ្នាទៀត។ បន្ទាប់ពីបាយជាមួយគ្នាហើយ ទៅពិភាក្សាតទល់តែពីរនាក់ទៀត ព្រោះយើងត្រូវពិភាក្សា​ ស្តីអំពីបញ្ហាទំនាក់ទំនងទ្វេភាគីផង បញ្ហាអន្តរជាតិ និងបញ្ហាតំបន់ ដែលកំពុងស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់នៅពេលនេះ។

ពិភពលោកបច្ចុប្បន្នកំពុងស្ថិតក្នុងភាពបាត់សណ្តាប់ធ្នាប់

ឥឡូវនេះ ពិភពលោកកំពុងស្ថិតនៅក្នុងស្ថានភាពបាត់សណ្តាប់ធ្នាប់អស់ហើយ។ បើយោងទៅលើអ្វីដែល កំពុងតែកើត តើអង្គការពាណិជ្ជកម្មពិភពលោកមានន័យអ្វីទៀត? សឹងតែអស់តួនាទីនៃអង្គការពាណិជ្ជ កម្មពិភពលោក បើធ្វើតាមទំនើងចិត្តនៃប្រទេសមួយចំនួន។ ប៉ុន្តែ មានអ្នកដែលផ្តើម(រឿង) ហើយមានអ្នកដែលតបត។ ស្ថានភាពនេះ សឹងតែថា ចាប់ផ្តើមនៃសង្គ្រាមពាណិជ្ជកម្ម។ អាមេរិកដំឡើងពន្ធលើមុខទំនិញ មិនគ្រាន់តែជាមួយប្រទេសចិនទេ ជាមួយប្រទេសដទៃក៏អាមេរិកដាក់ដែរ។ បញ្ហាអាលុយមីញ៉ូម បញ្ហាដែកថែប និងបញ្ហាមុខទំនិញមួយចំនួនផ្សេងទៀត។ មានអ្នកផ្តើម មានអ្នកត្រូវការពារខ្លួន។ អញ្ចឹង អាមេរិកដាក់ថា ចិនត្រូវបង់ទំហំ ៥០ ពាន់លាន (ដុល្លារអាមេរិក) អញ្ចឹង ចិនតបតភ្លាមថា អញ្ចឹងធ្វើម៉េចអោយអាមេរិកបង់ពន្ធអោយចិនស្មើនឹង ៥០ ពាន់លាន (ដុល្លារអាមេរិក)ដែរ។ រួចហើយប្រធានាធិបតីអាមេរិកប្រកាសថា ត្រូវបង់បន្ថែមអោយ ១០០ ពាន់លាន (ដុល្លារអាមេរិក)។ អញ្ចឹងទេ ចិនក៏ត្រូវរកវិធីបកត្រឡប់ទៅវិញ ដើម្បីអោយមានតុល្យភាពគ្នាទៅវិញទៅមក។

ឯប្រទេសដទៃទៀតមួយចំនួនណានោះ ជាប់ជាមួយនឹងពន្ធដែលធ្លាប់មិនត្រូវបង់ ត្រូវ​​បង្កើនការបង់ពន្ធ​។ ប៉ុន្តែ លទ្ធផលចុងក្រោយវាយ៉ាងម៉េច? លទ្ធផលចុងក្រោយ គឺផ្នែករដ្ឋទទួលបានប្រាក់ ប៉ុន្តែ អ្នកដែលរងគ្រោះពិតប្រាកដ គឺអ្នកដែលប្រើប្រាស់ចុងក្រោយនោះឯង ព្រោះទំនិញវាឡើងថ្លៃ។ ឧទាហរណ៍៖ យកដែកអាលុយមីញ៉ូម ដែកស្អីៗហ្នឹងទៅផលិតយន្តហោះ អញ្ចឹងទេ តម្លៃយន្តហោះ ដូចថាពីដើមក្នុងមួយគ្រឿង(តម្លៃ)តែ ៥០ លានដុល្លារ(អាមេរិក)ទេ វាឡើងទៅដល់ ៨០ លានដុល្លារ(អាមេរិក) ហើយបើយន្តហោះឡើង ៨០ លាន​ដុល្លារ(អាមេរិក) អ្នកជិះក៏វាត្រូវបង់លុយថ្លៃលើសហ្នឹង។ រឿងវាតែប៉ុណ្ណឹង។ ចុងក្រោយអ្នកដែលទទួលខាតបង់ គឺប្រជាជនអាមេរិក ឬក៏ប្រជាជនប្រទេសដែលទទួល(បាន)នូវការដំឡើងពន្ធ។ អញ្ចឹងទេ ពិភពលោកហាក់ដូចជាស្មុគស្មាញពេកណាស់ហើយ។

សភាពការណ៍នៅឧបទ្វីបកូរ៉េមានភាពធូរស្រាលមួយកម្រិត

… (ដោយសារ)ភាពស្ងប់ស្ងាត់មួយរយៈចុងក្រោយនេះ គេមានសង្ឃឹមច្រើនទៅលើបញ្ហាឧបទ្វីបកូរ៉េ ដោយមានការសន្ទនា រវាងខាងជើង និងខាងត្បូង ហើយក៏មានការសន្យា ស្តីអំពីបញ្ហាការចរចា រវាងមេដឹកនាំកូរ៉េខាងជើង និងកូរ៉េខាងត្បូង និងមានការរៀបចំអោយមានការចរចាផ្ទាល់ រវាងមេដឹកនាំកូរ៉េខាងជើង និងមេដឹកនាំសហរដ្ឋអាមេរិក។ ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំ នៅតែយល់ថា តើគាត់ទាំងពីរនាក់អាចជួបគ្នានៅកន្លែងណា? នេះជាបញ្ហាពិតប្រាកដ។ ព្រោះមេដឹកនាំកូរ៉េខាងជើងគាត់មិនជិះយន្តហោះទេ គាត់ជិះតែរទេះភ្លើង។ ហើយគាត់មិនសូវចេញទៅក្រៅប្រទេសទេ បើគាត់ជិះរទេះភ្លើង គាត់ជិះបានត្រឹមតែមកចិន ឬទៅរុស្ស៊ី។ សួរថា ដូណាល់ ត្រាំម៍ ប្រធានាធិបតីអាមេរិក គាត់ទៅព្យុងយ៉ាង្គ ឬអត់? ច្បាស់ជាមិនទៅទេ។ គាត់ជួបគ្នានៅប្រទេសចិនឬអត់? តើ(អាចមាន)ការព្រមព្រៀងជួបគ្នានៅប្រទេស​ចិនឬអត់? ខុសពីប្រទេសចិន អាចនឹងប្រធានបក្ស គឹម ជុងអ៊ុន កូរ៉េខាងជើង គឺមិនទៅទេ។ យើងតាមមើលតទៅទៀត។ យ៉ាងណាយើងក៏ឃើញថា សភាពការណ៍ធូរស្រាលមួយកម្រិតនៅក្នុងឧបទ្វីបកូរ៉េ។ បើការចរចាធ្វើនៅឯខែប្រាំ(ឧសភា) អាស៊ានប្រ​ជុំនៅចុងខែបួន(មេសា) អញ្ចឹង អាស៊ានមានយោបល់យ៉ាងម៉េចអំពីបញ្ហានេះ? ព្រោះរឿងនេះ មិនមែនជារឿងដាច់ដោយឡែក​រវាងបញ្ហាកូរ៉េទេ តែវាជាបញ្ហាតំបន់ និងអន្តរជាតិដ៏ក្តៅគគុកមួយ។

នយោបាយគាំពារនិយម នាំទៅដល់ការរឹតបន្តឹងទំនាក់ទំនងពាណិជ្ជកម្ម

តែអ្វីដែលវាក្តៅជាង(នេះ)ទៀត គឺបញ្ហាក្រពះ ទាក់ទិនជាមួយនឹងបញ្ហាសណ្តាប់ធ្នាប់នៃពាណិជ្ជកម្ម ដែលលេចឡើងនូវនយោបាយគាំពារនិយម ដែលនាំទៅដល់ការរឹតបន្តឹងក្នុងទំនាក់ទំនងពាណិជ្ជកម្ម បើទោះបីមកដល់ពេលនេះមិនទាន់មានការអនុវត្តជាក់ស្តែង ក៏ប៉ុន្តែ បើឈានទៅអនុវត្តពិតៗ វានឹងកើតឡើងនូវរឿងអីដែលប៉ះពាល់។ យើងគឺជាប្រទេសតូចតាចមួយ ក៏ប៉ុន្តែ យើងមិនត្រូវភ្លេចថា យើងក៏ស្ថិតនៅក្នុងសង្វាក់ផលិតកម្មនៅក្នុងក្របខណ្ឌពិភពលោក ដែលពោរពេញទៅដោយភាពមិនច្បាស់លាស់ផងដែរ។ ជួនកាល ទំនិញហ្នឹងធ្លាប់នាំចូលស្រុកខ្មែរចំនួនត្រឹមតែប៉ុណ្ណេះទេ ថាតម្លៃ ១០ ដុល្លារ(អាមេរិក) ដល់ទៅក្រោយការអនុវត្តការបង្កើនពន្ធ រវាងប្រទសចិន ដែលនាំពីចិនទៅអាមេរិក រួចហើយចេញពីអាមេរិកបាននាំមកកម្ពុជា ស្រាប់តែឡើងដល់ ១២ (ដុល្លារអាមេរិក)។

សូម្បីតែបច្ចេកវិទ្យា យើងមើលផលិតផលខ្លះរបស់ជប៉ុន ផលិតផលខ្លះរបស់អាមេរិក ផលិតផលខ្លះរបស់ប្រទេសនេះ/នោះ ប៉ុន្តែ មិនមែនផលិតនៅប្រទេសនោះទេ ដោយសារប្រទេសទាំងនោះមានតម្លៃពលកម្មខ្ពស់ណាស់។ យើងមើលខោអាវ Adidas សម្រាប់ការហាត់កីឡា ផលិតនៅច្រើនប្រទេសណាស់ ក្នុងនោះក៏មានផលិតនៅកម្ពុជា។ ខ្ញុំព្រះករុណាខ្ញុំ​ ស្លៀកពាក់សម្រាប់ការហាត់ប្រាណប្រើប្រាស់ម៉ាក Adidas។ ក្នុងម៉ាក Adidas ដែល ខ្ញុំព្រះករុណាខ្ញុំ ស្លៀករាល់ថ្ងៃផលិតនៅកម្ពុជា។ បើនិយាយពីកូនហ្គោល ប្រយ័ត្នអ្នកវាយក្លឹបកូនហ្គោល … ដូចជា driver អញ្ចឹង មានមួយដើមនោះ ដែលខ្ញុំវាយត្រូវដៃដងផលិតនៅវៀតណាម ក្បាលផលិតនៅចិន ផ្គុំនៅអាមេរិក វាទៅជាអញ្ចឹងទៅ។ ប៉ុន្តែ ភាគច្រើនផលិតនៅចិន។ ផលិតក្បាល/ដងនៅចិន តែយកទៅផ្គុំនៅអាមេរិក ឬក៏អាចយកទៅផ្គុំនៅជប៉ុន។ បើផលិតអាហ្នឹងនៅក្នុងប្រទេសអាមេរិក គឺលក់វាមិនដាច់ ដោយសារតែតម្លៃវាថ្លៃ។ រឿងនេះ ជារឿងពិភពលោក ប៉ុន្តែ វាក៏ប៉ះពាល់ដល់យើងដែរ។

ខ្សែរត់ឡានក្រុងដោយមិនគិតថ្លៃ នៃសាលារាជធានីភ្នំពេញ ទៅតាមខេត្តក្នុងឱកាសបុណ្យចូលឆ្នាំ

សុំបញ្ជាក់សារជាថ្មីម្តងទៀត ផ្លូវជាតិលេខ ១៖ ភ្នំពេញ-កណ្តាល-ព្រៃវែង-ស្វាយរៀង មានឡានក្រុងដោយជិះមិនបង់ប្រាក់។ ផ្លូវជាតិលេខ ៣៖ ភ្នំពេញ-កណ្តាល-កំពង់ស្ពឺ-តាកែវ និងទៅដល់កំពត ក៏មានរថយន្តក្រុង(ជិះមិនបង់ប្រាក់)។ ផ្លូវជាតិលេខ ៤៖ ភ្នំពេញ-កណ្តាល-កំពង់ស្ពឺ ទៅដល់កោះកុង ឆ្លងកាត់កោះកុងមួយភាគ និងទៅដល់កំពង់សោម។ ផ្លូវជាតិលេខ ៥៖ ភ្នំពេញ-កណ្តាល-កំពង់ឆ្នាំង-ពោធិសាត់-បាត់ដំបង-បន្ទាយមានជ័យ ក៏មានមួយខ្សែ។ មួយខ្សែទៀត គឺផ្លូវជាតិលេខ ៦៖ ភ្នំពេញ-កណ្តាល-កំពង់ចាម-កំពង់ធំ ទៅដល់សៀមរាប មានមួយខ្សែទៀត។ ឆ្នាំនេះសាកល្បង ដើម្បីដាក់អោយដំណើរការនូវរថយន្តក្រុងចាប់ពីថ្ងៃទី ១២ ទៅ។ អានេះត្រូវទំនាក់ទំនងជាមួយបណ្តាខេត្តផងណា។ តើខេត្តនានាគេអោយឡានទៅចុះចតនៅឯណា? រួចហើយខេត្តនោះត្រូវទទួលខុសត្រូវទៅលើបញ្ហាទីតាំងចំណត ដើម្បីត្រឡប់មកវិញ។ ទៅពីនេះយើងរៀបចំហើយ កន្លែងណាចេញពីកន្លែងណា ក៏ប៉ុន្តែ ខេត្តនានាក៏ត្រូវទទួលខុសត្រូវដែរ។ ពេលដែលទៅចុះនៅកន្លែងណា? ពេលដែលឡើងមកវិញនៅកន្លែងណា? បើមិនអញ្ចឹងខេត្តអត់ទទួលខុសត្រូវផងធ្វើម៉េច? ដូចជានៅកំពត តើកំពតគេអោយទៅបេនឡាននៅកន្លែងណាដើម្បីចុះ? ហើយម៉ោងប៉ុន្មានចេញមកវិញ? ត្រូវបណ្តាក់គ្នា ព្រោះមួយខ្សែ ១០ គ្រឿង ប៉ុន្តែខ្សែផ្លូវជាតិលេខ ៥ និងផ្លូវជាតិ ៦ មាន ១៥ គ្រឿង​ … ត្រូវបែងចែកជាពីរ មួយចេញពីនេះ មួយចេញពីនោះ។ ត្រូវបែងចែកគ្នា។ យ៉ាងណាក៏យើងបានដឹកច្រើននាក់ដែរ ចាប់ពីថ្ងៃទី ១២-១៨។ អាហ្នឹងសេវារថយន្តក្រុង។ យើងដកពិសោធន៍មើល។ តើក្រុមហ៊ុននានាដំឡើងថ្លៃទៀតឬអត់? បើថានៅឆ្លៀតដំឡើងថ្លៃបានទៀត ឆ្នាំក្រោយថែម(ឡាន) ដាក់ ២០០ គ្រឿង ដឹកតែម្តង … ផ្លូវហ្នឹងជាផ្លូវរបស់រដ្ឋ អត់មានក្រុមហ៊ុនណាមួយផ្តាច់មុខទេ។ រដ្ឋដាក់ឡានប៉ុណ្ណឹងសិន ដើម្បីជួយសម្រួលដល់អ្នកដែលមានប្រាក់ចំណូលទាប ដែលគ្មានប្រាក់ធ្វើដំណើរ។

អំពាវនាវអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធានាសន្តិសុខ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋនាឱកាសចូលឆ្នាំថ្មី

សូមអំពាវនាវអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យកចិត្តទុកដាក់ការពារប្រជាពលរដ្ឋ នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនេះ ធ្វើយ៉ាងណាធានាសន្តិសុខ សុវត្ថិភាពអោយខាងតែបាន កុំអោយមានអំពើភេរវកម្មណាមួយកើតឡើង។ ឥឡូវ នៅអឺរ៉ុបទៅជាបញ្ហាហើយ។ បន្តិចទៀតអឺរ៉ុបគេលែងអោយជិះឡានហើយ។ ដោយសារអី? ឥឡូវ ពួកភេរវកម្មឈប់ប្រើគ្រាប់បែកហើយ ប្រើតែឡានដេញបុក។ ប៉ុន្មានថ្ងៃមុននៅអាល្លឺម៉ង់ ឡានដេញបុកងាប់អស់ប៉ុន្មាននាក់ទៅ។ ពីមុននៅលើយន្តហោះស្អីក៏មានដែរ ក្រោយមក គឺថា ប្រដាប់ប្រដាណាដែលពួកភេរវករអាចប្រើប្រាស់បាន គេមិនអោយប្រើ​។ ឥឡូវ នៅអឺរ៉ុបដូចជាប៉ុន្មានកន្លែងហើយ នៅទីក្រុងឡុងដ៏ នៅអាល្លឺម៉ង់ ប៉ុន្មានកន្លែងហើយ ដែលធ្លាប់ប្រើប្រាស់ឡានដេញបុកមនុស្សតែម្តង។ ពួកភេរវកម្មមិនប្រើគ្រាប់បែកតទៅទៀតទេ។ ឯយើងមិនទាន់មានបញ្ហាអ្វីកើតឡើងទេ ប៉ុន្តែយើងត្រូវខិតខំប្រឹងប្រែង។

គ្រប់គ្រងសភាពការណ៍បានមុន ករណីប្រុងធ្វើអោយមានសម្លេងផ្ទុះនៅថ្ងៃទី ១២

យប់មិញខ្ញុំបានបញ្ចេញព័ត៌មានសម្ងាត់អោយអភិបាលក្រុងបានដឹងហើយ។ ខ្ញុំសុំប្រកាសផែនការលោក​ឯងទាក់ទងជាមួយនឹងបញ្ហាថ្ងៃ(ទី) ១២ នៅវត្តភ្នំ។ អ្នកឯងត្រូវប្រយ័ត្ន។ ខ្ញុំគ្រប់គ្រងសភាពការណ៍បានមុនហើយ។ អាមេក្បត់ជាតិមួយឈ្មោះ សម សេរី កំពុងបញ្ជាអោយបង្កស្ថានភាពផ្ទុះ។ ខ្ញុំបានបញ្ជូនទៅអោយផ្នែកពាក់ព័ន្ធហើយ។ … ដាក់វា ព្រោះវាចង់បង្កអោយមានសម្លេងផ្ទុះ។ ប៉ុន្តែ ផែនការរបស់អ្នកឯងខ្ញុំបានចាប់យករួចមុនទៅហើយ។ អ្នកឯងប្រុងធ្វើនៅភ្នំពេញ ហើយក៏អ្នកឯងប្រុងធ្វើនៅសៀមរាប ប៉ុន្តែអាអ្នកដែលប្រុងធ្វើហ្នឹង វាថា ធ្វើវាមិនកើត ប៉ុន្តែ បើថាធ្វើមិនកើត ក្រែងលោវាទៅទាញអ្នកណាយកមកធ្វើទៀត។ អា​អ្នកដែលត្រូវទទួលបទបញ្ជា ថាធ្វើវាមិនកើត …។

សេចក្តីសុខរបស់ប្រជាជន​ តម្រូវអោយកម្លាំងប្រដាប់អាវុធ និងគ្រូពេទ្យ ត្រូវឈរជើងជាប់

ការគ្រប់គ្រងអំណាច មិនមែនគ្រាន់តែជាបញ្ហារឿងធម្មតាពេកទេ។ ពេលហ្នឹងត្រូវដឹងថា កម្លាំងប្រដាប់អាវុធទាំងឡាយ ទទួលទេវតាក៏មិនបានជួបជុំក្រុមគ្រួសារទេ នៅការពារបងប្អូនតាមដងផ្លូវ ដើម្បីអោយប្រជាពល​​​រដ្ឋលេង(សប្បាយ)។ ប៉ូលីសចរាចរណ៍របស់យើងនៅឈរហាលថ្ងៃ ដើម្បីបញ្ជាចរាចរណ៍។ កងទ័ពរបស់យើងនៅឈរតាមព្រំដែននៅឡើយទេ ដើម្បីការពារជាតិ។ សេចក្តីសុខរបស់ប្រជាជន​ តម្រូវអោយកម្លាំងប្រដាប់អាវុធរបស់យើង ត្រូវឈរជើងជាប់ ដោយមិនមានពេលជួបជុំក្រុមគ្រួសារទេ។ ក្រុមគ្រូពេទ្យក៏ត្រូវនៅជាប់នឹងមន្ទីរពេទ្យ ហើយប្រសិនបើគ្រោះថ្នាក់ចរាចរណ៍វាកាន់តែតិច ធ្វើអោយគ្រូពេទ្យហ្នឹង បាត់បង់ការហត់នឿយប្រមូលផ្តុំកម្លាំងមនុស្ស ព្រោះពេលខ្លះគ្រូពេទ្យអត់ហ៊ានទៅណាឆ្ងាយដែរ ព្រោះត្រូវការប្រចាំការ ឯណាត្រូវវះក្បាល ឯណាត្រូវវះដាច់ដៃ ដោយសាររឿងគ្រោះថ្នាក់ចរាចរណ៍។

យកចិត្តទុកដាក់កុំអោយមានគ្រោះថ្នាក់ចរាចរណ៍ និងអគ្គិភ័យកើតឡើង នាឱកាសចូលឆ្នាំថ្មី

អំពាវនាវផងដែរ សម្រាប់ប្រជាពលរដ្ឋរបស់យើងដែលធ្វើដំណើរ។ យកជីវិតទៅអោយស្លាប់នៅក្នុងពេលចូល​ឆ្នាំ គឺដូចជាពិបាកយល់។ អំពាវនាវសុំអោយយកចិត្តទុកដាក់ទៅលើសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជា​សុវត្ថិភាពសម្រាប់អ្នកដទៃ ចៀសវាងកុំអោយមាន(គ្រោះថ្នាក់)ចរាចរណ៍។ អគ្គិភ័យក៏ដូចគ្នាជាដែរ(ភ្លើង)ធូប ភ្លើង​ទៀនស្អីៗហ្នឹង អញ្ចឹង ក្រុមនគរបាលពន្លត់អគ្គិភ័យអត់ហ៊ានទៅណាទេ ក្រែងលោភ្លើងឆេះផ្ទះ។ ពេលចូលឆ្នាំកន្លងទៅ សែនៗទេវតាមិនជួយ ជីដូនជីតាមិនជួយ ជួយយ៉ាងម៉េចកើតបើភ្លើងវាឆេះ? ជីដូនជីតារត់យកតែរួចខ្លួន បានទៅជួយពន្លត់ភ្លើងពីអង្កាល់? អញ្ចឹងទេ វាទាល់តែយើងម្នាក់ៗខិតខំខ្លួនឯង។

ការថយចុះសាច់ប្រាក់នៅរតនាគារ

ឥឡូវនេះ ខ្ញុំជឿថា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធយើង កំពុងតែបើកលុយហើយ ព្រោះប៉ុន្មានថ្ងៃនេះ បាន​ធ្លាក់ចុះ(សាច់ប្រាក់)ដូចជាង ៧០០ ពាន់លាន (រៀល)។ ខ្ញុំមើលតួលេខលុយព្រឹកមិញមុនពេលមក ព្រោះម្សិលមិញខ្ញុំមកពីទទួលព្រះករុណាយាង(មក)ពីជប៉ុន ខ្ញុំអត់មានចូលប៊ុយរូទេ។ ព្រឹកមិញបានខ្ញុំចូលទៅ មើលរបាយការណ៍ប្រចាំថ្ងៃ។ ប្រាក់នៅក្នុងរតនាគារធ្លាក់ចុះប្រមាណជា ៧០០ ពាន់លាន(រៀល) ជិត ២០០ លាន​ដុល្លារ(អាមេរិក) ដែលចេញ។ ចេញនេះចេញយកទៅធ្វើអី? ទី ១ គឺប្រាក់ខែត្រូវកើន ប៉ុន្តែ ក៏ត្រូវបើកមុនចូលឆ្នាំខ្មែរដែរ បន្ថែមទៅដោយប្រាក់ឧបត្ថម្ភម្នាក់ ៥ ម៉ឺនរៀលនោះទៀត ដូច្នេះ ចំនួនប្រាក់វាធ្លាក់ចុះ(ច្រើន)។ អញ្ចឹង វាត្រូវចាប់កើនឡើងវិញក្រោយពេលចូលឆ្នាំខ្មែរហើយ ក្រោយបើកលុយនេះហើយ អាចំនួនសាច់ប្រាក់នេះវាកើនឡើងវិញ។ ធម្មតាដល់ពេលចាប់ផ្តើមបើកលុយ គឺសាច់ប្រាក់នៅក្នុងរតនាគារមានការថយចុះ។

ទោះបីបើកសាច់ប្រាក់រៀលចេញច្រើន តែស្ថិតនៅក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច

ម្សិលមិញនេះ បើទោះបីជាយើងបើកសាច់ប្រាក់រៀលចេញច្រើនក៏ដោយ តែស្ថិតនៅក្នុងការគ្រប់គ្រងម៉ាក្រូ សេដ្ឋកិច្ច។ ប្រាក់រៀលចេញចុងខែ មីនា និងដើមខែ មេសា ប្រាក់រៀលចេញទៀត តែអត្រាប្តូរប្រាក់ម្សិលមិញនេះនៅ ៤.០១០ រៀល តែប៉ុណ្ណោះ ប្រៀបធៀបទៅនឹងអត្រាប្តូរប្រាក់ ដែលយើងកំណត់នៅក្នុងច្បាប់ថវិកា គឺ ១ ដុល្លារ(អាមេរិក) ស្មើនឹង ៤.០៥០ (រៀល)។ ដូច្នេះ ប្រាក់រៀលរបស់យើងមានស្ថេរភាព និងមានកម្លាំងទិញ ពិតប្រាកដ។

ពាំនាំ

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏បាននាំមក សម្រាប់ជ័យលាភីទទួលសញ្ញាបត្រ ចំនួន ៣.១៨៧ នាក់ ក៏សូមប្រគេន និងជូនក្នុងម្នាក់ៗ ថវិកា ចំនួន ៥ ម៉ឺនរៀល ជាការកំដរដៃ។ ជូនសាស្ត្រាចារ្យ និងបុគ្គលិក ចំនួន ៣៧៤ នាក់ ក្នុងម្នាក់ៗ ថវិកា ១០ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យជាតិគ្រប់គ្រង ថវិកា ៥ លានរៀល។ ជាមួយនឹងការអបអរសាទរ សម្រាប់វឌ្ឍភាព នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ក៏ដូចជា អបអរសាទរចំ​​ពោះជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ទាំងជាមួយជ័យលាភី និងក្រុមគ្រួសារជ័យលាភី ខ្ញុំព្រះ ករុណាខ្ញុំ សូមប្រគេនពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្គគ្រប់ព្រះអង្គ។ ជូនពរ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា សូមប្រកបតែនឹងពុទ្ធពរ និងពរប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ