សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន សម្រាប់សន្និសីទសារព័ត៌មាន នៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី ៣

CNV: 

  • អ្នកសារព័ត៌មានទាំងអស់ជាទីរាប់អាន!

ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាប្រវត្តិសាស្ត្រថ្មីប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅមួយទៀតរបស់គណៈ​កម្មការ​ទន្លេ​មេ​គង្គ ដែលក្នុងនេះ កម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី ៣​ ក្រោមមូលបទ៖ «ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅអភិ វឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ» ក្រោមទិសស្លោក «ទន្លេមេគង្គតែមួយស្មារតីតែមួយ»។ ជាការ ពិតណាស់ ខ្ញុំមានកិត្តិយសយ៉ាងក្រៃលែង ដែលបានដឹកនាំកិច្ចប្រជុំកំពូលនេះ ហើយសូមប្រកាសដោយរីករាយ ថា កិច្ចប្រជុំនេះបានបញ្ចប់ប្រកបដោយជោគជ័យ ជាមួយនឹងការអនុម័តនូវសេចក្តីថ្លែងការណ៍ក្រុងសៀមរាបដ៏ មានសារសំខាន់។

មុននឹងជម្រាបជូនអំពីលទ្ធផលនៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី ៣ ខ្ញុំសូមជម្រាបជូនថា ប្រ មុខរដ្ឋាភិបាលនៃបណ្តាប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ រួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម បានជួបប្រជុំចង្អៀត ដោយពិភាក្សាលើបញ្ហាពាក់ព័ន្ធនឹងការពង្រឹងការអនុវត្តកិច្ចព្រមព្រៀងមេគង្គ ឆ្នាំ ១៩៩៥ និងតួនាទីរបស់គណៈកម្មការទន្លេមេគង្គក្នុងកិច្ចសហប្រតិបត្តិការតំបន់។

ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំង ៤ បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈគ្នា លើបញ្ហាប្រឈមនានា ក្នុងអាងទន្លេ មេគង្គ និងបានប្តេជ្ញាចិត្តរួមគ្នា បន្តខិតខំធ្វើការដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងមេគង្គ ឆ្នាំ ១៩៩៥ និងតួនាទីរបស់គណៈកម្មការទន្លេមេគង្គ ក្នុងកិច្ចសហប្រតិបត្តិការតំបន់ឲ្យបានកាន់តែប្រសើរថែម ទៀត សំដៅសម្រេចឲ្យបាននូវការគ្រប់គ្រង និងការអភិវឌ្ឍប្រកបដោយចីរភាពនៃធនធានទឹក និងធនធាន ពាក់ព័ន្ធ ក្នុងអាងទន្លេមេគង្គ ទាំងសម្រាប់បច្ចុប្បន្ន និងទៅអនាគត។

ពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលពេញអង្គលើកទី ៣ ខ្ញុំសូមជម្រាបជូនដោយសង្ខេបនូវលទ្ធផលនៃកិច្ចប្រជុំ កំពូលនេះដូចខាងក្រោម៖

ប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គបានពិនិត្យ និងវាយតម្លៃខ្ពស់នូវវឌ្ឍន ភាព និងសមិទ្ធផលនៃគណៈកម្មការទន្លេមេគង្គសម្រេចបាន ចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី ២ ក្នុងឆ្នាំ ២០១៤ នៅប្រទេសវៀតណាម ដែលបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការគ្នាល្អប្រសើរ ក្នុងចំណោមប្រទេសជាសមាជិក ជាមួយដៃគូសន្ទនា, ដៃគូអភិវឌ្ឍន៍ និងភាគីសហប្រតិបត្តិការពាក់ព័ន្ធផ្សេងទៀត ក្នុងគោលដៅ​ និងបេសកកម្មរួមគ្នាសម្រាប់ធានាឲ្យបាននូវនិរន្តភាពនៃទន្លេមេគង្គ និងធនធានរួមនៃទន្លេមេគង្គ ដើម្បីជាប្រយោជន៍ នៃភាពចម្រុងចម្រើនក្នុងអាងទន្លេមេគង្គ ដោយការពារបាននូវនិរន្តរភាពបរិស្ថាន។

ប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ បានពិភាក្សាគ្នាអំពីកាលានុវត្តភាព និងបញ្ហាប្រឈមក្នុងអាងទន្លេមេគង្គ ដែលក្នុងនោះរួមមាន៖ កំណើនសេដ្ឋកិច្ចយ៉ាងរហ័ស កំណើនប្រជាជន កំណើនតម្រូវការទឹក ស្បៀង និងថាមពល, នគរូបនីយកម្ម, ឧស្សាហូបនីយកម្ម, ការបាត់បង់ទ្រព្យសម្បត្តិជាអាទិ៍ បរិស្ថានដីសើម ធនធានជលផល ការកាប់បំផ្លាញព្រៃឈើ ក៏ដូចជាគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ព្រមទាំងហានិភ័យដល់ជីវចម្រុះ និងដល់ជីវភាពរស់នៅ និងទ្រព្យសម្បត្តិរបស់ប្រជាជន ដោយសារផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍលើវិស័យទឹក និងក្នុងគ្រប់វិស័យពាក់ព័ន្ធផ្សេងទៀតនាពេលកន្លងមក។ ទាំងអស់នេះ បង្ហាញពីភាពចាំបាច់ដែលត្រូវរួមគ្នាគិតគូរដោះស្រាយ ដោយឈរលើស្មារតីមេគង្គ និងកិច្ចសហប្រតិបត្តិការល្អប្រសើរ ក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ បានកំណត់នូវសកម្មភាពជាអាទិភាព ដោយផ្តោតជាសំខាន់លើការពង្រឹង និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា កិច្ចសហប្រតិបត្តិការតំបន់ និងភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ដោយក្នុងនេះមានការងារស្នូលចំពោះមុខដែលត្រូវយកចិត្តទុកដាក់ និងអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់មួយចំនួនរួមមាន៖

  • ការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្តរបស់គណៈកម្មការទន្លេមេគង្គឆ្នាំ ២០១៦-២០២០
  • ការបន្តពង្រឹងការអនុវត្តរាល់នីតិវិធីរបស់គណៈកម្មការទន្លេមេគង្គ លើការគ្រប់គ្រង និងការប្រើប្រាស់ធនធានទឹក នៃអាងទន្លេមេគង្គ ឲ្យកាន់តែមានប្រសិទ្ធភាព
  • ការបន្តពង្រឹងការធ្វើវិមជ្ឈការសម្រាប់សកម្មភាពត្រួតពិនិត្យតាមដានធនធានទន្លេមេគង្គ ដែលត្រូវអនុវត្តនៅថ្នាក់ជាតិ
  • ការពង្រឹងការងារមជ្ឈការសម្រាប់បណ្តាញត្រួតពិនិត្យតាមដានអាងទន្លេមេគង្គ ដែលត្រូវអនុវត្តនៅថ្នាក់តំបន់
  • ការបង្កើនការយល់ដឹង និងការប្រើប្រាស់ផលិតផលរបស់គណៈកម្មការទន្លេមេគង្គ ដោយប្រទេសសមាជិក និងភាគីពាក់ព័ន្ធផ្សេងទៀត
  • ការបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយយន្តការពាក់ព័ន្ធក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ
  • ការពិនិត្យពិចារណាលើលទ្ធផល នៃការសិក្សាស្តីពីការគ្រប់គ្រង និងការអភិវឌ្ឍទន្លេមេគង្គ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការរៀបចំផែនការ ការគ្រប់គ្រង ការអភិវឌ្ឍអាងទន្លេមេគង្គ ឲ្យបានល្អប្រសើរ និងប្រកបដោយចីរភាព

ដោយឡែក ពាក់ព័ន្ធនឹងទិសដៅចំពោះមុខ ប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ បាន៖

  • អះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តផ្នែកនយោបាយខ្ពស់បំផុត ចំពោះការអនុវត្តកិច្ចព្រមព្រៀងមេគង្គឆ្នាំ ១៩៩៥ ឲ្យមានប្រសិទ្ធភាព និងលើកទឹកចិត្តដល់គណៈកម្មការទន្លេមេគង្គ ឲ្យប្រែក្លាយជាស្ថាប័នមានភាពម្ចាស់ការផ្នែកហិរញ្ញវត្ថុដោយខ្លួនឯង នៅឆ្នាំ ២០៣០ និងបន្តពង្រឹងតួនាទីរបស់ក្រុមប្រឹក្សាគណៈកម្មការរួម លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បណ្តាគណៈកម្មាធិការជាតិទន្លេមេគង្គ និងក្រសួងស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ នៅក្នុងដំណើរការការងាររបស់គណៈកម្មការទន្លេមេគង្គ
  • លើកទឹកចិត្តដល់គណៈកម្មការទន្លេមេគង្គគ ឲ្យបន្តខិតខំគៀងគរមូលនិធិពីប្រភពផ្សេងៗ ដើម្បីគាំទ្រដល់ការអនុវត្តការងាររបស់ខ្លួន
  • ប្រគល់ភារកិច្ចដល់ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ ដើម្បីត្រួតពិនិត្យតាមដាន និងធានាលើការអនុវត្ត សេចក្តីថ្លែងការណ៍ក្រុងសៀមរាប ឲ្យមានប្រសិទ្ធភាព។

ខ្ញុំសូមជម្រាបថា ប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ បានឯកភាពថា កិច្ចប្រជុំកិច្ចកំពូលគណៈកម្មការទន្លេមេគង្គ លើកទី ៤ នឹងរៀបចំធ្វើក្នុងខែ មេសា ឆ្នាំ ២០២២ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ក្នុងនាមជាប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទី ៣ ជាថ្មីម្តងទៀត ខ្ញុំសូមសម្តែងអំណរគុណយ៉ាងជា្រលជ្រៅ ចំពោះប្រមុខរដ្ឋាភិបាល នៃប្រទេសជាសមាជិក មាន ឡាវ ថៃ វៀតណាម និងដៃគូពាក់ព័ន្ធផ្សេងទៀត ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលនេះ។ សេចក្តីថ្លែងការណ៍ក្រុងសៀមរាប បានដាក់ចេញនូវទិសដៅយុទ្ធសាស្រ្តចំពោះមុខ ក្នុងការជម្រុញ និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ។

ជាចុងបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់តាមដានរបស់អស់លោក លោកស្រី ក្នុងសន្និសីទសារព័ត៌មាននាពេលនេះ និងសូមជូនពរអស់លោក លោកស្រី បានប្រកបដោយសុខភាពល្អ និងទទួលបានជោគជ័យក្នុងភារកិច្ចរបស់ខ្លួន។

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ