នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយជាមួយ លោកនាយករដ្ឋមន្ត្រីថៃ នៅ សណ្ឋាគារ សុខា ខេត្តសៀមរាប។
លោកនាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha បានសម្តែងនូវការអបអរសាទរ និងរីករាយដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលគណកម្មការទន្លេមេគង្គថ្ងៃនេះ។ ទន្ទឹមនឹងនេះដែរ លោកនាយករដ្ឋមន្រ្តីថៃ ក៏បានជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងថ្ងៃខួបកំណើត សម្តេចកាលពីម្សិលមិញ គឺថ្ងៃទី ៤ មេសា ២០១៨ ហើយលោកក៏បានជូនពរដល់ប្រជាពលរដ្ឋកម្ពុជានៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងមកដល់ស្របពេលជាមួយគ្នានៃពិធីសង្រ្កាន្តថៃនៅពេលដ៏ខ្លីខាងមុខនេះ។
កាលពីពេលថ្មីៗកន្លងមកនេះ លោកនាយករដ្ឋមន្ត្រីថៃក៏បានជួប សម្តេចតេជោនាយករដ្ឋមន្រ្តី នៅទៅក្រុងហាណូយ ប្រទេសវៀតណាមក្នុងពេលអញ្ជើញចូលរួមកិច្ចប្រជុំ GMS6 និង CLV10 ដែលបានពង្រឹងនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំយ៉ាងជិតស្និតរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ប្រមុខដឹកនាំនៃប្រទេសទាំងពីរបានសន្យានឹងបន្តពិភាក្សាបើកច្រកសេដ្ឋកិច្ចជាច្រើនថែមទៀតដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរអោយកាន់តែប្រសើឡើង។ នៅក្នុងកិច្ចពិភាក្សាសំណេះសំណាលព្រឹកមិញនេះ លោកនាយករដ្ឋមន្រ្តីថៃ ក៏បានជូនកាដូនូវដំបងវាយកូនគោលជូន សម្តេចតេជោ ក្នុងថ្ងៃខួបកំណើតកាលពីម្សិលមិញ ហើយបានជូនពរ សម្តេចតេជោ អោយលេង Golf ឈ្នះ និងជោគជ័យគ្រប់ភារកិច្ច។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកនាយករដ្ឋមន្រ្តីថៃ Prayut Chan-o-cha ដែលបានជូនពរ និងជូនកាដូក្នុងថ្ងៃខួបកំណើតកាលពីម្សិលមិញ។ ហើយ សម្តេចតេជោ ក៏បានជូនពរដល់លោកនាយករដ្ឋមន្ត្រីថៃ និងប្រជាពលរដ្ឋថែទូទាំងប្រទេសជួបតែសេចក្តីសុខសប្បាយរីករាយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបស់ប្រជាពលរដ្ឋថៃផងដែរ។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះជំនួយប្រទេសថៃដែលបានចូលរួមកសាងផ្លូវរថភ្លើងអោយដំណើរការឡើងវិញ ដែលបានបើកសម្ពោធអោយប្រើប្រាស់ពីក្រុងប៉ោយប៉ែត មកក្រុងស៊ីសុផុន ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី ៤ មេសា ឆ្នាំ ២០១៨ ម្សិលមិញនេះ៕