សម្រង់សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសង់ផ្លូវជាតិលេខ ១១ ស្ពានអ្នកលឿង-ថ្នល់ទទឹង (ផ្លូវជាតិលេខ ៧)

ឯកឧត្តម Xiong Bo អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅចាំនៅព្រះរាជាណាចក្រកម្ពុជា

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា បងប្អូនជនរួមជាតិ ដែលបានចូលរួមនៅក្នុងឱកាសនេះ ជាទីគោរពនឹករលឹកពីខ្ញុំ។

ផ្លូវជាតិលេខ ៨ និងផ្លូវជាតិលេខ ១១ ហិរញ្ញប្បទានចិន

ថ្ងៃនេះ យើងពិតជាមានការរីករាយដែលបានមកផ្តល់ចំណងដៃសម្រាប់ប្រជាជននៅខេត្តព្រៃវែង និងប្រជាជននៅក្នុងខេត្តត្បូងឃ្មុំ តាមរយៈការសាងសង់ឡើងវិញ ផ្លូវជាតិលេខ ១១​ ប្រវែងជាង ៩៦ គីឡូម៉ែត្រ។ ខ្ញុំព្រះករុណាខ្ញុំ គួរតែសុំការអធ្យាស្រ័យ ដោយសារតែផ្លូវនេះ ហាក់ដូចជា បានប្រើពេលយូរបន្តិចមុននឹងចាប់ផ្ដើមធ្វើការសាងសង់។ យើងបានឃើញថាផ្លូវនេះ វាមានសភាពទ្រុឌទ្រោមតាំងពីទឹកជំនន់ឆ្នាំ ២០០០ ឯណោះ ក៏ប៉ុន្តែ គឺយើងបានប្រឹងប្រែង ដើម្បីនឹងរកថវិកាជួសជុលប្រើប្រាស់ជាបណ្តោះអាសន្ន។ ការពិតនៅក្នុងខេត្តព្រៃវែងរបស់យើងនេះ គឺបានទទួលផ្លូវ ២ ខ្សែ នៅថ្ងៃនេះ គឺផ្លូវជាតិលេខ ៨ … គេត្រូវថាធ្វើផ្លូវជាតិលេខ ១១ មុន ហើយធ្វើផ្លូវជាតិលេខ ៨ ក្រោយ ក៏ប៉ុន្តែយើងបែរជាធ្វើផ្លូវជាតិលេខ ៨ មុនហើយ។ ផ្លូវជាតិលេខ ១១ យើងធ្វើក្រោយ ដោយសារយើងមានហេតុផលសិក្សាទាក់ទងនឹងគម្រោង​ប្រព័ន្ធផ្លូវ ដែលតភ្ជាប់ពីខេត្តកណ្តាលចូលមកខេត្តព្រៃវែង ហើយឆ្លងកាត់ទៅខេត្តកំពង់ចាម។ ដែលជាផ្នែកមួយដ៏សំខាន់ដែលយើងត្រូវធ្វើតាមរយៈហិរញ្ញប្បទាន នៃសាធារណរដ្ឋប្រជាមានិតចិន។

ថ្ងៃនេះ ជាថ្មីម្ដងទៀត សាធារណរដ្ឋប្រជាមានិតចិន ក៏បានផ្ដល់នូវហិរញ្ញប្បទានសម្រាប់ការកសាងឡើងវិញ ផ្លូវជាតិលេខ ១១ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ១ របស់យើងនេះ។ ផ្លូវជាតិលេខ ៧ និងផ្លូវជាតិលេខ ៨ ដែលអាចចាត់ទុកថាជាផ្នែកដ៏សំខាន់នៃការអភិវឌ្ឍ។ មិនត្រឹមតែខេត្តព្រៃវែងខ្លួនឯងទេ ក៏ប៉ុន្តែខេត្តដែលមានការពាក់ព័ន្ធ ដែលទទួលផលប្រយោជន៍ផ្លូវនេះ ក៏មានច្រើនផងដែរ។ សូម្បីតែអ្នកធ្វើដំណើរពីខាងខេត្តក្រចេះ ខេត្តកំពង់ចាមនិងខេត្តដទៃទៀតក៏ត្រូវឆ្លងកាត់។ បើគេមិនឆ្លងកាត់ផ្លូវជាតិ ៨ ទេ គេឆ្លងកាត់នៅផ្លូវជាតិលេខ ១ នេះឯង។ ខ្ញុំសូមយកឱកាសនេះ ដើម្បីសំដែងជូនតាមរយៈឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ផ្ញើការអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានកំពុងជួយ សម្រាប់ប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនា​​​សម្ព័​ន្ធ​​របស់ខ្លួន។

អម្បាញ់មិញក្នុងសន្ទរកថារបស់ឯកឧត្តម Xiong Bo ក៏បាននិយាយរួចហើយអំពីថា កម្ពុជាមានបាន ថាមានផ្លូវ គឺមានសង្ឃឹម។ ឯប្រជាជនចិនក៏មានពាក្យភាសារបស់ខ្លួនថា បើចង់មានអោយធ្វើផ្លូវជាមុន រឿងនេះវាពិតប្រាកដខ្លាំងណាស់។ ខ្ញុំគិតថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានការគិតគូរត្រឹមត្រូវ ដោយសារតែការខិតខំរបស់ខ្លួនទាំងអម្បាលម៉ាន គឺសំដៅទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ការតភ្ជាប់នៅក្នុងក្របខណ្ឌនៃផ្ទៃក្នុងរបស់យើងផង ហើយតភ្ជាប់ជាមួយនឹងប្រទេសជិតខាងរបស់យើងផងដែរ។ យើងបានប្រឹងប្រែងច្រើនណាស់ ដើម្បីនឹងនាំមកនូវវឌ្ឍនភាពថ្មីៗ សម្រាប់ការអភិវឌ្ឍសង្គមនៅក្នុងប្រទេសយើង។

តើយើងគួរទទួលទេសចរចិន ឬទទួលជនភៀសខ្លួនចិន?

ខ្ញុំគ្រាន់តែលើកបញ្ជាក់បន្តិច ដើម្បីអោយឃើញ (ថាប្រទេសទាំងពីរ)កាន់តែមានទំនាក់ទំនងជ្រៅជ្រះ។ ការ​​រីកលូតលាស់របស់សាធារណរដ្ឋប្រជាមានិតចិន មិនមែនគ្រាន់តែដោះស្រាយបញ្ហាជនជាតិចិនខ្លួនឯងប៉ុណ្ណោះទេ ក៏ប៉ុន្តែបានជួយដល់ប្រទេសដែលកំពុងអភិវឌ្ឍន៍ផ្សេងទៀត។ តួយ៉ាងដូចជាកម្ពុជា កាលណាប្រទេសចិនមានការរីកចំរើន​គឺកម្ពុជា និងប្រទេសជិតខាងដទៃទៀត តែងតែទទួលផលប្រយោជន៍ពីការរីកលូតលាស់នោះដែរ។ ចំណុចនេះអនុញ្ញាតអោយខ្ញុំបានរំលឹកបន្តិចថា កាលពីឆ្នាំ ២០០១ នៅក្នុងសន្និសីទអន្តរជាតិមួយ គេបានសួរមកខ្ញុំថា តើមានការព្រួយបារម្ភទេ អំពីការដែលចិននឹងចូលអង្គការពាណិជ្ជកម្មពិភពលោក? ពេលនោះ ខ្ញុំបានឆ្លើយតបទៅសន្និសីទដែលមានមនុស្សរាប់ពាន់នាក់ កំពុងតែរង់ចាំស្ដាប់នូវចម្លើយរបស់ខ្ញុំពីសំនួរនេះ។ ខ្ញុំក៏បានឆ្លើយតបថា តើយើងត្រូវទទួលទេសចរចិន ឬទទួលអ្នកភៀសខ្លួនរបស់ចិន? រឿងនេះវាជាការពិតក្នុងអតីតកាល។

ចិនធ្លាប់មានកលិយុគនៅក្នុងប្រទេស មានការឈ្លានពានពីបរទេស ដូច្នេះធ្វើអោយប្រជាជនរាប់លាននាក់ដែលបានរត់ចេញពីប្រទេសមកកាន់ ក្នុងនោះមកកាន់ប្រទេសនៃបណ្ដាអាស៊ីអាគ្នេយ៍មួយចំនួន ក្នុងហ្នឹងមានប្រទេសថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី … ក៏មានមកដល់កម្ពុជាដែរ។ អញ្ចឹងទេ បញ្ហានៅត្រង់ចោទថា តើយើងត្រូវទទួលទេសចរចិន ឬទទួលជនភៀសខ្លួនចិនបន្តទៀត? កុំភ្លេចថាចិនមានប្រជាជន ១ ៣៥០ លាននាក់ ខ្ញុំធ្លាប់និយាយថាបើគ្រាន់តែនោមស្មើគ្នាក្លាយទៅជាទឹកជំនន់បាត់ទៅហើយ … ប្រសិនចិនជួបកលិ​យុគ ហើយប្រជាជនចិនតែ ៣០ លាននាក់រត់ចេញភៀសខ្លួនចេញទៅក្រៅប្រទេស ក្នុងនោះវាធ្វើអោយប្រទេសនានាជួបការលំបាកក្នុងការទទួលជនភៀស​ខ្លួនរបស់ចិន។ ប៉ុន្តែ នៅពេលចិនមានបាន តួយ៉ាងឆ្នាំកន្លងផុតទៅនេះ ទេសចរចិនបានដល់កម្ពុ​​ជា​ចំនួន ១ លាន ២ សែននាក់។ កាលពីមុននោះតាំងពីជំនាន់ប្រធានាធិបតី ហ៊ូ ជិនតាវ ហើយបន្តមកដល់ប្រធានាធិបតីបច្ចុប្បន្ននេះ ដែលជាអ្នកដឹកនាំស្នូលរបស់ប្រទេសចិន ខ្ញុំបាននិយាយប្រាប់គាត់ថា ខ្ញុំចង់បានទេសចរក្នុងចំនួន ០,០១% បើ ០,០១% វាហ្នឹងបាន ១ លាន ៣ សែននាក់សម្រាប់ទេសចរចិននៅកម្ពុជា។

ចំនួននេះខ្ញុំគិតថា យើងត្រូវកែសម្រួលហើយ ព្រោះឆ្នាំ ២០១៧ បានឡើងទៅដល់ ១លាន ២ សែនហើយ ដូច្នេះគម្រោងរបស់យើងនឹងនាំទេសចរចិនមក ២ ទៅ ៣ លាននាក់ ពេលខាងមុខ។ មិនលំបាកទេ ដោយសារចំនួនជើងហោះហើរ ពីប្រទេសចិនប្រទេសកម្ពុជា ជាចំនួនមួយច្រើន។

ចិនមានបាន ឥរិយាបថការទូតជាអ្នកជិតខាងល្អ គោរពឯករាជ្យ អធិបតេយ្យ និងជួយប្រទេសនានា

អញ្ចឹង ចំណុចត្រូវអោយឃើញថាបើចិនក្លាយទៅជាប្រទេសអ្នកមាន និងឥរិយាបថការទូតរបស់គាត់ នៅក្នុងភាពជាអ្នកជិតខាងល្អ និងក្នុងភាពជាអ្នកគោរពឯករាជ្យអធិបតេយ្យភាព និងជួយទៅដល់ប្រទេសដទៃ យើងនឹង​ទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍប្រទេស​ចិន។ ចិនមិនដែលនាំកងទ័ពឆ្លងកាត់ព្រំដែនទៅប្រទេសណា​ទេ នេះជាប្រវត្តិសាស្រ្ត។ ដូចនេះយើងមិនគួរព្រួយបារម្ភណាមួយ ដែលទាក់ទងនឹងការរីកធំធាត់នៅក្នុងប្រ​ទេសចិនទេ។ ផ្ទុយទៅវិញ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ យើងស្វាគមន៍ និងកោតសរសើរចំពោះការរីកលូតលាស់ នៃប្រទេសចិន ដែលជាផ្នែកមួយដ៏សំខាន់នៅក្នុងការជួយប្រទេសចិនខ្លួនឯង ហើយនឹងជួយមកដល់សេដ្ឋកិច្ច ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គមនៅក្នុងប្រទេសដទៃទៀត។ និយាយមួយបែបទៀត នៅក្នុងពេលសេដ្ឋកិច្ចពិភពលោក មានវិបត្តិដែលក្នុងនោះទាំងសហរដ្ឋអាមេរិក ទាំងបណ្តាប្រទេសនៅក្នុងសហគមន៍អឺរ៉ុបមានវិបត្តិសេដ្ឋកិច្ច ជន្ទល់ដែលឈរជើងយ៉ាងរឹងមាំនៅក្នុងតំបន់អាស៊ីគឺ ចិន និង ឥណ្ឌា។ បើសិនជាពេលនោះទាំងចិន និងឥណ្ឌាបែរជាទទួលរងនូវវិបត្តិសេដ្ឋកិច្ចដែរនោះ ប្រហែលជាពិភពលោកមានការច្របូកច្របល់ និងបង្កើតឡើងនូវស្ថានភាពមិនល្អទេ។ ប៉ុន្តែ ដោយសារសេដ្ឋកិច្ចចិនរឹងមាំ វាមិនគ្រាន់តែជួយទប់ស្កាត់នូវការរីករាលដាល នៃវិបត្តិសេដ្ឋកិច្ចពិភពលោកនោះទេ។

ក្នុងវិបត្តិសេដ្ឋកិច្ច គំរោងចិន ទាំងរដ្ឋទាំងឯកជន មកកម្ពុជា មិនរអាក់រអួលទេ

គម្រោងរបស់ចិននៅប្រទេសកម្ពុជា ក្នុងដំណាក់កាលនៃវិបត្តិសេដ្ឋកិច្ចមិនមានផលប៉ះពាល់ទេ។ ខ្ញុំសូមបញ្ជាក់ទៅលើចំណុចនេះ។ វិបត្តិសេដ្ឋកិច្ចពិភពលោកបានចាប់ផ្តើម នៅក្នុងឆ្នាំ ២០០៨ ហើយមកដល់ពេលនេះ គឺគ្រាន់ជាការងើបរើបតែប៉ុណ្ណោះ។ គម្រោងនៅក្នុងប្រទេសមួយចំនួន ការវិនិយោគប្រទេសមួយចំនួនមកកាន់ប្រទេសកម្ពុជា ក៏ត្រូវរំខានទៅដោយវិបត្តិសេដ្ឋកិច្ចនោះឯង។ ប៉ុន្តែសម្រាប់ប្រទេសចិនទាំងរដ្ឋ ទាំងឯកជន ដែលមកពីប្រទេសចិនមិនមានគម្រោងណាមួយត្រូវអាក់ខាន ឬពន្យារពេលដោយសារតែ កត្តាវិបត្តិសេដ្ឋកិច្ចពិភពលោកនោះទេ។ ខ្ញុំពិតជាមានមោទកភាពដោយសារបានរួមចំណែក ក្នុងឋានៈជាប្រទេសរដ្ឋអធិបតេយ្យមួយ បន្ត​វេនពីព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ដែលព្រះអង្គបានសាងទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាមានិតចិនតាំងពីអតីតកាល។ ឥឡូវនេះ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះករុណា ព្រះបាទព្រះបរមនាថ  សីហមុនី រួមជាមួយ ខ្ញុំព្រះករុណាខ្ញុំ ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យើងបានលើកកម្រិតកម្ពស់ នៃទំនាក់ទំនងនេះជាប្រចាំ។​

ជំនួយចិន ជួយកម្ពុជា អភិវឌ្ឍសង្គមសេដ្ឋកិច្ច និងពង្រឹងឯករាជ្យភាពនយោបាយ

ចាប់តាំងពីឆ្នាំ ២០១០ មកទំនាក់ទំនងនេះ បានក្លាយទៅជាទំនាក់ទំនង ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ នេះជាចំណុចពិសេស ដែលនាំទៅដល់ចិនបង្កើតការជឿទុកចិត្តគ្នាទៅវិញទៅមក។ ជំនួយរបស់ចិន និងហិរញ្ញប្បទានរបស់ចិនក៏បានផ្តល់ឲ្យកម្ពុជាក្នុងចំនួនច្រើន ហើយការជួយរបស់ចិនដែលខ្ញុំសូមបញ្ជាក់នៅទីនេះថា វាមិនមែនគ្រាន់ជួយតែការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែវាបានជួយពង្រឹងនូវឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាទៀតផង។ ចំណុចនេះមានសារសំខាន់ខ្លាំងណាស់ ដែល ខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជាថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនមានកុងសង់ស៊ីសនយោបាយអំពី ទំនាក់ទំនងជាមួយសាធារណរដ្ឋប្រ​ជា​មានិតចិន។ ពិតហើយយើងត្រូវធ្វើទំនាក់ទំនងជាមួយប្រទេសទាំងអស់ នៅលើពិភពលោក ទោះបីជារបបនយោបាយខុសគ្នាយ៉ាងណាក៏ដោយ ប៉ុន្តែយើងក៏ត្រូវដឹងថា នៅពេលដែលជួបការលំបាក អ្នកណាជួយអ្នកណា។ នេះជាបញ្ហាដែលយើងត្រូវគិត។ នៅក្នុងក្របខណ្ឌនយោបាយប្រទេសទាំងអស់ គឺមានការគិតដូចៗ​គ្នា។ មិត្តដែលជួយគ្នានៅក្នុងគ្រាលំបាក គឺជាមិត្តពិតប្រាកដ។

បើគ្មានទំនាក់ទំនងល្អជាមួយចិនទេ គម្រោងទាំងអស់មិនអាចសម្រេចបាន

ខ្ញុំសូមយកឱកាសនេះដើម្បីបញ្ជាក់ជូនបន្តិច បើសិនជាយើងគ្មានទំនាក់ទំនងល្អជាមួយប្រទេសចិនទេ សួរថាគម្រោងទាំងអស់នេះអាចនឹងសម្រេចបានឬអត់? ផ្លូវ ២៣ ខ្សែ ដែលបានសាងសង់រួចហើយ ដាក់ឲ្យប្រើប្រាស់មានប្រវែង ២៣០១ គីឡូម៉ែត្រ ដាក់ ២៣០០ គីឡូម៉ែត្រ ប្រើប្រាស់ថវិកា ១៣០០ លានដុល្លារសហរដ្ឋអាមេរិក នេះគឺបានដាក់ឲ្យប្រើប្រាស់រួចហើយ។​ ផ្លូវកំពុងសាងសង់មាន ៦ ខ្សែ ប្រវែង ៦០០ គីឡូម៉ែត្រ ប្រើប្រាស់ថវិកា ៤៩០ លានដុល្លារសហរដ្ឋអាមេរិក រាប់ទាំងផ្លូវនេះផង។ ឯផ្លូវត្រៀមសាងសង់នៅពេលខាងមុខ គឺផ្លូវជាតិលេខ ៣ និងផ្លូវក្រវាត់ក្រុងទី ៣ ដែលមានចម្ងាយ ១៨៧ គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ៤៨៣ លានដុល្លារសហរដ្ឋអាមេរិក។​  ផ្លូវជាតិលេខ ៣ នេះ ក៏ទើបចុះហត្ថលេខានៅក្នុងខែមករាកន្លងទៅនេះ ពេលនាយករដ្ឋមន្រី្តចិន លី ខឺឈាង មកទស្សនកិច្ច និងប្រជុំឡានឆាង-មេគង្គ។ ថ្ងៃទី ៧ ខែ ៥​ នឹងចាប់ផ្តើមបើកការដ្ឋាន ដើម្បីសាងសង់ផ្លូវមួយខ្សែនេះបន្ថែមទៀត។ ចំណុចទាំងអស់នេះ បើសិនជាមិនមានចិនទេ សួរថាអ្នកណាជាអ្នកជួយយើងពិតប្រាកដ? អ្នកដទៃបានត្រឹមស្រែក​បានត្រឹមប្រដៅ ប៉ុន្តែគេមិនឲ្យយើងអ្វីទាំងអស់។ អំពីស្ពាន គឺយើងបានសាងសង់រួចហើយចំនួន ៧ ដែលមានប្រវែង ៦៨២៤ ម៉ែត្រ កំពុងតែប្រើប្រាស់រួចហើយ  ចំណាយប្រាក់អស់ ២១៦ លានដុល្លារអាមេរិក និងកំពុងសាងសង់មួយទៀត ដែលខ្ញុំបានទៅសម្ពោធបើកការដ្ឋានកាលពីខែមុន រវាងស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារ ម្ខាងគឺខេត្តកំពង់ចាម ម្ខាងគឺខេត្តត្បូងឃ្មុំ ដែលមុននេះគ្រាន់តែជាខេត្តកំពង់ចាមមួយប៉ុណ្ណោះ។

ចក្ខុវិស័យដ៏ត្រឹមត្រូវ និងវែងឆ្ងាយ អំពីភាពជាដៃគូសហប្រតិបត្តិការជាមួយចិន

ចំណុចនេះ យើងអាចលើកសំណួរថា បើយើងគ្មានទំនាក់ទំនងល្អជាមួយចិន តើចិនមានលទ្ធភាព នឹងផ្តត់ផ្គង់ថវិកាឲ្យយើងសម្រាប់ការសាងសង់នេះទេ? ដូច្នេះខ្ញុំពិតជាយល់ថាយើងអនុវត្តនូវនយោបាយ ដែលចាប់ដៃគូនៅក្នុងការសហប្រតិបត្តិការជាមួយចិន គឺមិនខុសទេ ហើយនេះក៏ដើរតាមគន្លងដែលព្រះរាជបិតាជាតិរបស់យើងបានប្រកាន់ភ្ជាប់តាំងពីចិន មិនទាន់ចូលជាសមាជិកអង្គការសហប្រជាជាតិឯណោះ។ នេះជាចក្ខុវិស័យវែងឆ្ងាយរបស់ព្រះករុណាជាអម្ចាស់ ដែលព្រះអង្គបានកសាងទំនាក់ទំនងជាមួយមេដឹកនាំចិនជំនាន់មុន គឺ លោកប្រធាន ម៉ៅ សេទុង និង នាយករដ្ឋមន្រ្តី ជូ អេងឡាយ។ ឥឡូវនេះ ព្រះករុណា ព្រះមហាក្សត្ររបស់យើង ព្រះបាទព្រះបរមនាថ សីហមុនី ចូលរួមជាមួយនឹងរាជរដ្ឋាភិបាលបន្តទំនាក់ទំនងនេះ ហើយលើកកម្ពស់ទំនាក់ទំនងនេះបន្តទៅទៀត។

ចិននិយាយតិច តែធ្វើច្រើន

ក្នុងក្របខណ្ឌនយោបាយដែលដាក់ចេញដោយប្រធានាធិបតី ស៊ី ជីងភីង ទៅលើបញ្ហាផ្លូវមួយខ្សែក្រវាត់មួយ កម្ពុជា ក៏នឹងទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធ សម្រាប់បម្រើឲ្យវិស័យសេដ្ឋកិច្ចរបស់កម្ពុជា។ នៅក្នុងខេត្តព្រៃវែង ក្រៅពីផ្លូវមួយខ្សែផ្លូវជាតិលេខ ៨ ហើយផ្លូវជាតិលេខ ១១ ដែលកំពុងសាងសង់នេះ។ តើនៅមានអ្វីទៀត ដែលចិនបានជួយ? ទន្លេវៃកូ ធារាសាស្រ្តដ៏ធំមួយកាត់ខេត្តព្រៃវែងទាំងមូល តភ្ជាប់​ពីកំពង់ចាម កាត់ខេត្តព្រៃវែង ហើយទៅធ្លាយនៅឯខេត្តស្វាយរៀងឯណោះ។ ជំនួយនេះមិនមែនជាបញ្ហាតូចតាចទេ ហើយគ្រាន់តែបញ្ហាប៉ុននេះ ចិនគាត់និយាយតិច តែគាត់ធ្វើច្រើន ខុសពីអ្នកដទៃនិយាយច្រើន តែធ្វើតិច។ រឿងវាខុសគ្នានៅកន្លែងហ្នឹង ​…។

ផ្លូវ ១១ តភ្ជាប់ប្រទាក់ក្រឡាជាមួយផ្លូវផ្សេងទៀតច្រើន

… អំពីផ្លូវលេខ ១១ នេះ​ ដូចដែលបានបញ្ជាក់រួចមកហើយថា ហេតុអ្វីបានធ្វើផ្លូវលេខ ៨ មុន ហើយផ្លូវលេខ ១១ ធ្វើក្រោយ? ដោយសារយើងបានខិតខំប្រើប្រាស់ទុនដ៏មានកម្រិតរបស់យើង ដើម្បីជួសជុលៗប្រើប្រាស់សិន។ ព្រះករុណាព្រះមហាក្សត្រ ព្រះអង្គបានធ្វើដំណើរតាមផ្លូវលេខ ១១ ចាស់​ផងដែរ ពេលដែលព្រះអង្គបានយាង កាត់តាមផ្លូវលេខ ៨ ខ្លះ ហើយបានកាត់តាមផ្លូវលេខ ១១, ផ្លូវជាតិលេខ ៧ ហើយឡើងទៅផ្លូវលេខ ៧៦ ក៏ផ្លូវចិនកសាងទៀត ឡើងទៅមណ្ឌលគិរី តាំងពីឆ្នាំ ២០១៣ ។ ព្រះករុណាព្រះមហាក្សត្រ ក៏ព្រះអង្គបានឃើញស្ថានភាពនោះ។ ខ្ញុំក៏បានដាក់ផ្លូវជាតិលេខ ១១ នេះជាអាទិភាពនៃផែនការប្រចាំឆ្នាំ បញ្ជូនទៅមិត្តចិន ធ្វើការសិក្សា និងផ្តល់ហិរញ្ញប្បទាន … ហើយទទួលបាននូវហិរញ្ញប្បទានជាបន្តបន្ទាប់ សម្រាប់គម្រោងការ។

នៅពេលសាងសង់រួច ផ្លូវនេះវាផ្តល់ផលប្រយោជន៍ធំ​សម្រាប់ប្រជាជននៅក្នុងខេត្តព្រៃវែង ហើយមិនត្រឹមតែប្រ​ជាជននៅព្រៃវែង និងត្បូងឃ្មុំ ដែលជាអ្នកទទួលផលទេ។ ខ្ញុំសូមបញ្ជាក់ជូនថា ​​ផ្លូវនេះវានឹងតភ្ជាប់ជាមួយនឹងស្ពានដែលយើងកំពុងសាងសង់រវាងស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារ តាមទន្លេមេគង្គ។ យើងត្រូវធ្វើដំណើរភ្ជាប់រវាងផ្លូវជាតិលេខ ១, លេខ ៨ តភ្ជាប់ទៅលេខ ៧ ហើយបន្ទាប់ទៅ ពីផ្លូវជាតិលេខ ៧ នៅស្រុកត្បូងឃ្មុំរបស់យើងនេះ តភ្ជាប់​ផ្លួវមួយខ្សែទៅឯស្រុកក្រូចឆ្មារឯណោះ។ វានឹងតភ្ជាប់ប្រទាក់ក្រឡាគ្នារវាងផ្លូវមួយ និងផ្លូវមួយទៀត … ជម្រុញឲ្យប្រជាជនបានទទួលផលប្រយោជន៍ពីការប្រើប្រាស់ផ្លូវ។ សុំបញ្ជាក់ថា ការធ្វើផ្លូវ ធ្វើស្ពាន ធ្វើសាលារៀន ធ្វើមន្ទីរពេទ្យស្អីៗនេះ សមធម៌មែនទែនហើយ ការបែងចែកផ្លែផ្កា នៃកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេស។

ត្រូវវិនិយោគច្រើនទៀត លើការតភ្ជាប់ជនបទពីស្រុកមួយទៅស្រុកមួយនៅព្រៃវែង

… ពិតហើយ បើនិយាយពីខេត្តព្រៃវែង ប្រព័ន្ធផ្លូវអាចនិយាយបានថាច្រើនជាងគេ ប្រៀបធៀបទៅនឹងបណ្តាខេត្តនានា។ ទឹកដីព្រៃវែងគឺ មានខ្នែងផ្លូវច្រើនជាងគេបង្អស់ ប្រៀបធៀបជាមួយខេត្តដទៃ។ ត្រូវវិនិយោគច្រើនទៀត សម្រាប់ខេត្តព្រៃវែង សម្រាប់បញ្ហាផ្លូវជាតិ ប៉ុន្តែនៅបញ្ហាផ្លូវតភ្ជាប់ជនបទពីស្រុកមួយ ទៅកាន់ស្រុកមួយៗ គឺនៅមានផ្លូវច្រើនណាស់ ដែលអាចចាត់ទុកថា ជាខេត្តដែលមានខ្នែងផ្លូវច្រើនជាងគេ។ ទាមទារនូវការវិនិយោគបន្ថែមទៀត។ ក៏ប៉ុន្តែ បន្តិចម្តងៗ ដែលអ្នកខ្លះបន្តុះបង្អាប់ខ្ញុំថា ជំហានគីង្គក់។ ខ្ញុំប្រើប្រាស់តែពាក្យថា ជំហានគីង្គក់ តែប៉ុណ្ណឹង។ ខ្លះគេថា ត្រូវប្រើ ជំហានយក្ស។ អើ! បើលោកឯងធ្វើយក្សកើតក៏ធ្វើទៅ។ ឯខ្ញុំជំហានគីង្គក់។ ប៉ុន្តែធ្វើម្តង ១០០ គីឡូម៉ែត្រ ធ្វើម្តង ២០០ គីឡូម៉ែត្រ ធ្វើម្តង ៥០ គីឡូម៉ែត្រ ធ្វើស្ពានមួយ ធ្វើស្ពានពីរ ១០០០ ម៉ែត្រ, ១០០ ម៉ែត្រ, ២០០ ម៉ែត្រ។ អាហ្នឹងគីង្គក់របស់ខ្ញុំវាលោតបានតែប៉ុណ្ណឹង។ អ្នកឯងចង់ធ្វើយក្ស ហោះទៅ។ អាមហាលោតផ្លោះ មហាអស្ចារ្យហ្នឹង គឺ អាពត ហើយ។ ទីចុងបំផុត បានទទួលផលអីទៅ?

អរគុណចំពោះការគាំទ្រ គណបក្សប្រជាជន តាំងពីដើមរៀងមក

ថ្ងៃនេះ គឺថ្ងៃទី ២៣ ទើបនឹងឆ្លងផុត ៥ ថ្ងៃ នៃខួបរដ្ឋប្រហារ ១៨ មីនា ១៩៧០ ខួបទី ៤៨ ឆ្នាំ តើប្រជាជនព្រៃវែងទទួលផលយ៉ាងម៉េចខ្លះ? ប្រវត្តិចាប់ផ្តើមនៃការឈឺចាប់របស់យើងនៅថ្ងៃ ១៨ មីនា ១៩៧០។ ព្រៃវែង គឺជាសមរភូមិមួយក្នុងចំណោមសមរភូមិដ៏ក្តៅបំផុត។ ព្រៃវែងក៏ជាតំបន់រងគ្រោះដែលគេហៅថា តំបន់ភ្លោះ ២៤ ក្រោយ​មកគេដាក់ថា តំបន់ភ្លោះ ដោយសារតែ ចាន់ សេងហុង មកកាន់កន្លែងហ្នឹង។ ប៉ុន្តែ យើងបានប្រឹងងើបឈរឡើងរួមគ្នា ដើម្បីដោះស្រាយបញ្ហា។ ខ្ញុំសូមអរគុណចំពោះ លោកយាយ លោកតា លោកអ៊ំ មា មីង ដែលបានចូលរួមគាំទ្រចំពោះគណបក្សប្រជាជនតាំងពីដើមទីមក។ អរគុណចំពោះប្រជាជនកម្ពុជា ដែលបានផ្តល់នូវការគាំទ្រចំពោះគណបក្សប្រជាជនតាំងពីដើមទីមក តាំងពីដំណាក់កាលសង្គ្រោះជាតិ ដំណាក់កាលទប់ស្កាត់​ការវិលត្រឡប់ នៃរបប ប៉ុល ពត តាំងពីដំណាក់កាលនៃការចរចាបង្រួមបង្រួមជាតិ តាំងពីដំណាក់កាលនៃការអនុវត្តនយោបាយឈ្នះឈ្នះ រហូតមកដល់ដំណាក់កាល នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រជាជនកម្ពុជា។ កំ​ណើនសេដ្ឋកិច្ចរបស់យើង កំពុងរីកលូតលាស់ ដែលយើងកំពុងក្លាយពីប្រទេសដែលមានប្រាក់ចំណូលតិចតួច ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយយើងមានមហិច្ឆតាឈានទៅសម្រេចទៅជាប្រ​ទេស​ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០។ យើងមានគោលដៅរបស់យើងជាក់លាក់ នៅក្នុងការអភិវឌ្ឍប្រទេសរបស់យើង។

ផ្តាំផ្ញើទៅក្រុមគ្រួសាររបស់ទាហាន និងទាហានផ្ទាល់ ដែលកំពុងប្រតិបត្តិការនៅម៉ាលី ដែលត្រូវរងការវាយប្រហារពីឧទ្ទាម

… សូមផ្តាំផ្ញើដល់ក្រុមគ្រួសារពលទាហាន នាយទាហាន ដែលមានកូន មានចៅ ដែលមានប្តី កំពុងនៅប្រទេសម៉ាលី។ សូមកុំព្រួយបារម្ភ។ ម្សិលមិញនេះ នៅក្នុងម៉ោង ១:៥៥ នាទីល្ងាច មានការវាយប្រហារពីសំណាក់កងទ័ពឧទ្ទាមចូលទៅក្នុងបន្ទាយរបស់កងទ័ពយើង។ គឺការបាញ់ផ្លោងចូលទៅ ធ្វើឲ្យឆេះបន្ទាយរបស់កម្ពុជា។ ប៉ុន្តែ គ្មានការរបួស ឬស្លាប់កងទ័ពកម្ពុជាទេ។ ឯកងទ័ពបារាំង របួស ៥ នាក់ ប៉ុន្តែ បារាំងមានការអន្តរាគមន៍បន្ទាន់​។ សង្ឃឹមថា ពលទាហាន នាយទាហានមួយចំនួន ដែលពេលនេះកំពុងនៅទីនោះ ខុសត្រូវជាមួយយើង ៥-៦ ម៉ោង ដែលខ្លះគេអាចមើលតាម Facebook Page ខ្លះមើលតាមទូរទស្សន៍ជាតិកម្ពុជា ដែលកំពុងផ្សាយបន្តផ្ទាល់ពីទីនេះ សូមបងប្អូនពង្រឹងស្មារតី ហើយយកការទទួលខុសត្រូវក្នុងឋានៈជាជនជាតិកម្ពុជាចូលរួមប្រតិបត្តិការរក្សាសន្តិភាពនៅលើពិភពលោក។ យើងថ្កោលទោសចំពោះពួកក្រុមឧទ្ទាម ដែលនៅបន្តការរំខាន មិនត្រឹមតែវាយប្រជាជនម៉ាលីខ្លួនឯងទេ ក៏ប៉ុន្តែហ៊ានមកប៉ះពាល់កងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។ ខ្ញុំក៏សូមសម្តែង​នូវការអរគុណចំពោះរដ្ឋាភិបាលបារំាង។ ខ្ញុំបានរកឃើញនូវទំនាក់ទំនង ជាមួយនឹងរដ្ឋាភិបាលបារំាង ក្នុងដំនាក់កាលអតីតប្រធានាធិបតី ហូឡង់ … ខ្ញុំបានធ្វើការពិភាក្សាជាមួយគាត់ច្រើនដង រាប់ទំាងទូតនៅទីក្រុងភ្នំ​ពេញ ថាអោយមានកិច្ចសហប្រតិបត្តិការផ្តល់ព័ត៌មាន និងជួយគ្នាទៅវិញទៅមក នៅក្នុងគ្រាមានអាសន្ន​។

ពិតមែនហើយអង្គការសហប្រជាជាតិ ត្រូវទទួលខុសត្រូវទៅលើរឿងនេះ ក៏ប៉ុន្តែសម្រាប់កិច្ចសហប្រតិបត្តិការ នៅក្នុងដែនដីដែលនិយាយភាសាបារំាង ដូចជាម៉ាលី ដូចជាអាហ្វ្រិចកណ្តាល ដូចជាស៊ូដង់ គឺសុទ្ធតែប្រទេសនិយាយភាសាបារំាង ដូច្នេះបារំាងអាចមានព័ត៌មានច្រើន ពាក់ព័ន្ធជាមួយនឹងស្ថានភាពនៅទីនោះ។ ខ្ញុំបញ្ជាក់ជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ ទំាងជំនួបទ្វេភាគី និងទំាងជំនួបរវាងអគ្គលេខាធិការអង្គការសហ​ប្រជាជាតិ ជាមួយអាស៊ាន ព្រោះពេលនោះអគ្គលេខាធិការអង្គការសហប្រជាជាតិ គាត់បានសម្តែងនូវការកោតសរសើរចំពោះកងទ័ពកម្ពុជា។ គាត់ក៏បានសម្តែងមរណទុក្ខ ហើយគាត់ក៏បានទៅគោរពវិញ្ញាណក្ខន្ធរបស់កងទ័ពយើងដែលបាត់​បង់​ជីវិតនៅអាហ្វ្រិចកណ្តាល កាលពីឆ្នំាកន្លងទៅ។ ខ្ញុំក៏បាន​ប្រាប់​គាត់​ថា បើទោះបីកើតឡើង​នូវព្រឹត្ដិការណ៍​នេះ ​ក៏កម្ពុជាមិនដកថយ ផ្ទុយទៅវិញយើងបង្កើន​កម្លាំងបន្ថែមទៀត ដើម្បីចូលរួមរក្សាសន្ដិភាពក្នុង​ក្រប​ខណ្ឌ​ពិភពលោកក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

សុំការសហការ និងការយោគយល់ពីអ្នកពាក់ព័ន្ធអំឡុងពេលសាងសង់

ទោះបីពេលវេលាត្រូវបានប្រើប្រាស់ថា ៤៤ ខែ ប៉ុន្ដែជាធម្មតាក្រុមហ៊ុនចិនតែងតែធ្វើរួចមុនកាលកំណត់​។ សង្ឃឹមថាអស់លោក ក្រុមហ៊ុន សាជីវកម្ម ក្រុមហ៊ុនស្ពានថ្នល់ចិន ដែលជាអ្នកសាងសង់ និងក្រុមពិនិត្យ​បច្ចេក​ទេស​សាងសង់ដោយក្រុមហ៊ុនទីប្រឹក្សា គ័ងចូវ ហ្វាងអ៊ាន បន្ដការខិតខំរួមជាមួយ ដែលអំពាវនាវ​អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ដ្រីរាជការ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាសុំការយោគយល់ពីសំណាក់​ប្រជាពលរដ្ឋផងដែរ នៅពេលវេលាសាងសង់ជាធម្មតាមានដីហុយ មានលឺសូរសំលេងគ្រឿងចក្រ រឿងនេះ រឿង​នោះ តែងតែកើតមានជាធម្មតា ក៏ប៉ុន្ដែសង្ឃឹមថា បន្ទាប់ពីផ្លូវនេះបានសាងសង់រួច គឺផ្លូវនេះនឹងបង្កើតការ​ងាយ​ស្រួល​សម្រាប់អ្នកនៅស​ងខាងផ្លូវហ្នឹងឯង​។ ដីឡើងថ្លៃ។ ស្អីៗក៏វាឡើងដែរ។ ទំនិញក៏ឡើង។ អោយតែចាប់ផ្តើម ​គឺដីឡើងថ្លៃតែម្ដង។ បើទប់កុំឲ្យវាឡើងថ្លៃក៏មិនកើត ព្រោះអាហ្នឹងរបស់ត្រូវប៉ាន់របស់គេ។ ការលក់ដូរ​ទំនិញ​របស់​ប្រជាពល​រដ្ឋ បង្កើតមុខរបរថ្មីៗ អោយប្រជាពលរដ្ឋ ដូចជាកសិកម្មអីជាដើម សូម្បីតែតចរន្ដ​ខែ្សភ្លើងក៏មានឥណទានរបស់​ចិនឆ្លងកាត់កសាងពីអ្នកលឿង ស្វាយរៀង។

កងរក្សាសន្ដិភាព ហ្វឹកហាត់តាមការដ្ឋានជាក់ស្តែង

ខ្ញុំសូមយកឱកាសនេះសម្ដែងនូវការកោតសរសើរចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួង​សេដ្ឋ​កិច្ចហិរញ្ញវត្ថុ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរខេត្តព្រៃវែង ក៏ដូចជាខេត្តត្បូងឃុំ ដែលបានខិតខំធ្វើការងារនេះ ម្ខាងទៀតសូមកោតសរសើរកងវិស្វកម្ម ដែលបានដោះមីន និងបំផ្លាញចោលគ្រាប់មិនទាន់ផ្ទុះ ដើម្បីបើកឱកាស​ដើម្បីឲ្យមានការសាងសង់។ អ្នកមកដោះមីននៅកន្លែងនេះហើយ មួយចំនួនប្រហែល​នៅប្រទេសក្រៅទេពេលនេះ ព្រោះ​​យើងឲ្យកងរក្សាសន្ដិភាពមកហ្វឹកហ្វឺនមកដោះមីន និងគ្រាប់មិនទាន់ផ្ទុះ​នៅការដ្ឋាននៅកន្លែងនេះ បន្ទាប់ទៅពួកគេត្រូវបានបញ្ជូនទៅប្រទេសក្រៅ មិនមែនគ្រាន់តែបញ្ជូនទៅ​ហ្វឹកហ្វឺននៅសាលាទេ ហ្វឹកហ្វឺនជាក់ស្ដែងនៅបណ្ដាការដ្ឋានទាំងអស់។ ឆ្នាំទៅមិញ តាមតួលេខនៅក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរាយការណ៍ថា ឆ្នាំ ២០១៧ យើងបានចំណាយថវិកាសម្រាប់បំផ្លាញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះអស់ជាង ៧ លានដុល្លារ នៅក្នុងចំណោមគំរោង ៦ …។

រាល់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ត្រូវស្វែងរកយុទ្ធភណ្ឌមិនទាន់ផ្ទុះ

ប្រទេសរបស់យើងអភ័ព្វខ្លាំងណាស់។ កន្លែងណាដែលត្រូវសាងសង់ត្រូវរុករកមីន និងគ្រាប់មិនទាន់ផ្ទុះ ដោយ​សារ​​​អី? សង្គ្រាមនៅឆ្នាំ ១៩៧០ និង ១៩៧៥ គឺជាសង្គ្រាមដែលរាយសាយពីលើអាកាស មកកាន់ទឹកដីរបស់​យើង បាញ់ផ្លោងមកពេញដី មិនមែនគ្រាន់តែប្រដាប់អាវុធធម្មតាទេ។ (តាមគំរោង)គ្រប់ទីកន្លែងទាំងអស់​យើង​ត្រូវប្រើដើមទុនច្រើនជាង។ បើយើងមិនមានប្រាក់ដោះមីនដោយខ្លួនឯង និងប្រាក់ដោះស្រាយផលប៉ះពាល់​ទេ គម្រោងផ្លូវនានាក៏មិនអាចកើតឡើងបានដែរ។ ហេដ្ឋារចនាសម្ព័ន្ធ ប្រឡាយទឹកស្អីៗក៏ត្រូវបំផ្លាញគ្រាប់មីន​ទុក​ជាមុន បើមិនដូច្នេះទេកំពុងសាងសង់ផ្ទុះគ្រាប់មីន យុទ្ធភណ្ឌដែលលមិនទាន់ផ្ទុះធ្វើឲ្យគ្រោះថ្នាក់។ ​នេះ​ជា​អតីតកាលដែលបន្សល់ការឈឺចាប់សម្រាប់យើង។ ខ្ញុំតែងតែអំពាវនាវថា ដើម្បីបន្ដ​ការ​អភិវឌ្ឍជម្រើសល្អតែមួយគត់គឺត្រូវបន្ដរក្សាសន្ដិភាពឲ្យខានតែបាន។ គ្មានសន្ដិភាពមានត្រឹមតែគ្មាន​ការ​អភិវឌ្ឍ​ទេ របស់ដែលមានស្រាប់ក៏ត្រូវបំផ្លាញចោលដែរ ដាច់ផ្លូវ ដាច់ស្ពាន ខូចសាលារៀន មន្ទីរពេទ្យ វត្តអារាម ខូចខ្ទេច ខូចខ្ទី។

ឆ្នាំនេះ មិនរាំងស្ងួតដូច ឆ្នាំ ១៩៩៥ និង ២០១៥

មិញតាមផ្លូវសុំសាលារៀនច្រើនណាស់ ខ្ញុំថាមិនទាន់មានលទ្ធភាពនឹងនិយាយ​គ្នាទេ យើងនឹងពិនិត្យបញ្ហា​នេះ​តាម​ក្រោយ។ ថ្ងៃនេះ យើងមកបើការដ្ឋានកសាងផ្លូវ។ សាលារៀន​ត្រូវតែធ្វើហើយ ប៉ុន្ដែ​ធ្វើនៅ​កន្លែង​ណា ធ្វើនៅពេលណាទៅតាមលទ្ធភាពថវិការបស់យើង។ ថវិកាមានចេញពីរបស់រដ្ឋ និងថវិកាចេញពី​សប្បុរស​ជនផងដែរ​សម្រាប់​ការសាងសង់។ ខ្ញុំអរគុណចំពោះការគាំទ្រទាំងឡាយសម្រាប់គម្រោង​ដែលបានកំពុងអភិវឌ្ឍ ហើយនៅសល់តែប៉ុន្មាន​ថ្ងៃ​ទៀតទេ ថ្ងៃនេះ ថ្ងៃទី ២៣ ហើយនៅសល់ ២០ថ្ងៃទៀតប៉ុណ្ណោះ ទេវតាឆ្នាំថ្មីនឹងមកជំនួសទេវតាឆ្នាំចាស់​។ ឥលូវនេះមិនដឹងថាយ៉ាងម៉េច យប់មិញថានៅកន្លែងនេះភ្លៀង ឯនៅភ្នំពេញខ្ញុំរៀបឡើងមករលឹម​។ ឆ្នាំនេះមិនព្រួយដូចឆ្នាំ ១៩៩៥។ ប្រហែលអ្នកព្រៃវែងនៅចាំ ១៩៩៥ ជាឆ្នាំដែលរាំងស្ងួត សូម្បីតែក្របីរកទឹកផឹកអត់បានទេ។ កាលនោះ ខ្ញុំទៅដេកនៅផ្ទះឯកឧត្តម ញឹម វណ្ណដា សៀងក្វៀង កំចាយមា … កន្លែងមួយចំនួន អត់ទឹកផឹក។ ឆ្នំា ២០១៥ អត់ទឹកមួយប្រទេស។ ឆ្នំានេះទឹកច្រើនជ្រុល។ អាកន្លែងដែលធ្លាប់តែគោករាក់ វាអត់គោករាក់។ សូម្បីតែអ្នកធ្វើស្រែប្រាំងមួយចំនួន ធ្វើស្រែប្រាំងទៅទៀតវាមិនកើត។ អាស្រូវបណ្តេញទឹក ធ្លាប់តែទឹកវាទាប ឥឡូវបើវាមិនព្រមទាបវាធ្វើអីវា។ យើងទៅបូមក៏វាអត់កើតដែរ។ ប៉ុន្តែឆ្នំានេះ អាចចាត់ទុកថា ជារដូវ(កាលល្អ) ការប្រែប្រួលអាកាសធាតុ វាមិនមែនមាននៅតែកម្ពុជាទេ វាអាចកើតលើទូទំាងពិភពលោក។

អ្នកព្រៃវែងនឹងបន្តគាំទ្រ ការរីកលូតលាស់របស់ប្រទេសជាតិ

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មិនមានអ្វីវែងឆ្ងាយច្រើនទេ។ ច្រើនពេកហើយ។ ម្សិលមិញព្រឹកមួយ ល្ងាចមួយ។ ថ្ងៃនេះព្រឹក តែល្ងាចទទួលភ្ញៀវ។ អត់មានសុន្ទរកថាទេ។ សុន្ទរកថាអាទិត្យនេះគឺច្រើនពេកហើយ។ អញ្ចឹងបានម្សិលមិញ អត់មានធ្វើអធិប្បាយទេ ទៅអានយកតែម្តង។ តែប៉ុន្មាននាទីចប់។ ក្រសួងមហាផ្ទៃ ក្រសួងអប់រំក៏ដូចគ្នា អត់ធ្វើអធិប្បាយទេ។ ឥឡូវថ្ងៃនេះ និយាយរាងវែងបន្តិច។ ថ្ងៃមុន អ្នកស្រែកពីក្រោយ ស្រែកអោយខ្ញុំខុស។ ខ្ញុំសួរថា ខ្ញុំ​និយាយបានប៉ុន្មាន គេថាជាងមួយម៉ោង … ស្រាប់តែដល់ពេលនិយាយទៅចុះមកវិញ គេប្រាប់ថា សុន្ទរកថាសរុបអម្បាញ់មិញតែមួយម៉ោងបួននាទីទេ។ អ្នកខាងក្រោយអត់មើលម៉ោងផង ប្រាប់ថានិយាយអស់ជាងមួយម៉ោង។ គ្រាន់តែអង្គុយស្តាប់សោះហ្នឹង គិតម៉ោងអត់ត្រូវ …។ សង្ឃឹមថា អ្នកព្រៃវែងរបស់យើងនឹងបន្តការគាំទ្រតទៅទៀត ដើម្បីការរីកលូតលាស់របស់ប្រទេសជាតិរបស់យើង។

ថ្ងៃនេះ ខ្ញុំបាននំាំមកនូវសម្រាប់លោកយាយ លោកតា ចំនួន ២០០ នាក់ ក្នុងម្នាក់ៗក្រណាត់សមួយដុំ​ ​ថវិកាចំនួន ២ ម៉ឺនរៀល ក្រុមកាយរិទ្ធ និងយុវជនកាកបាទក្រហម ចំនួន ២០០ នាក់ក្នុងម្នាក់ៗ ថវិកា ២ម៉ឺនរៀល … សិស្សានុសិស្ស ១៦៦៩ នាក់ក្នុងម្នាក់ៗសៀវភៅ ពីរក្បាល ប៊ិចមួយដើម ថវិកា ១ម៉ឺនរៀល ជូនលោកគ្រូ អ្នកគ្រូ ចំនួន ៥៥៦ ទូទាំងស្រុកពាមរក៍ ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល ជូនអនុវិទ្យាល័យព្រៃក​ណ្តៀង ឃុំព្រៃកណ្តៀង ថវិកា ១ លានរៀល ជូនវិទ្យាល័យពាមរក៍ ឃុំពាមរក៍ ថវិកា ២ លានរៀល ជូនមណ្ឌលសុខភាព ព្រៃកណ្តៀង ថវិកា ២ លានរៀល ជូនសាលាស្រុកពាមរក៍ ថវិកា ២ លានរៀល ជូនតន្ត្រីសម័យថវិកា ៥ លានរៀល។

គីឡូចុះ រាំផ្តាំចាស់

ឆ្នំានេះ មានអង្គរសង្គ្រាន ដែលនឹងធ្វើនៅខេត្តសៀមរាប មានព្រៃវែងសង្ក្រាន្ត។ ថ្ងៃ ១៣ ល្ងាច ព្រៃវែងសង្ក្រាន្ត។ ធ្វើនៅម្តុំណាហ្នឹង? ក្រុងព្រៃវែងតែម្តង។ នាំគ្នាទៅរំានៅឯងក្រុងព្រៃវែង រាំអោយហុយដីទៅ។ កុំខ្វល់អាណាជាប់គុក ជាប់ច្រវាក់។ អ្នកធ្វើខុស អ្នកហ្នឹងប្រឈមនឹងការជាប់គុក​ ជាប់ច្រវាក់ គឺជារឿងត្រឹមត្រូវណាស់។ សូម្បីតែរឿងជំនឿក្នុងព្រះពុទ្ធសាសនា ក៏មានឋាននរក ឋានប្រែត ឋានស្អីអញ្ចឹងដែរ។ បើខ្លួនឯងធ្វើខុស មិនអោយមានទោស។ ខ្លះទៅលក់គ្រឿងញៀន លក់ស្អីៗហើយទៅអោយ(ចេញ)ម៉េច។ ពួកអ្នកជាប់គុក មិនអាចចេញមករំាវង់បានទេ។ អ្នកឯងធ្វើខុស អ្នកខ្លះប្រព្រឹត្តអំពើនេះ អំពើនោះ រហូតដល់អំពើក្បត់ជាតិ ហើយមកចង់រំាវង់ជាមួយគេ? ធ្វើអោយវាស្រួលទៅ វាបានរំាវង់ហើយ … ដល់ពេលគេកាត់ទោស ថាគេរំលោភសិទ្ធិមនុស្ស។ ចុះច្បាប់បង្កើតឡើងដើម្បីអី? គុកគេធ្វើឡើងដើម្បីអី? គេធ្វើដាក់អាអ្នកទោសហ្នឹង។ ប្រទេសណានៅលើពិភពលោកដែល​អត់មានគុក ប្រទេសណានៅលើពិភពលោកដែលអត់ទាន់មានតុលាការ ប្រទេសណានៅលើពិភពលោកដែលអត់មានប៉ូលី​​ស  អញ្ចឹងទេក៏ត្រូវយល់អំពីហេតុផលទំាងនេះ។

… ឆ្នំានេះជាឆ្នំាដែលយើងសប្បាយរីករាយ។ មន្ត្រីរាជការ កងកម្លំាងប្រដាប់អាវុធរបស់យើង នឹងទទួលបានបៀវត្សរ៍​ឡើង។ នៅតែ ៧ ថ្ងៃទៀត បៀវត្សរ៍ត្រូវឡើងម្តងទៀតហើយ។ ថ្ងៃនេះ ថ្ងៃ ២៣ ហើយ។ មន្ត្រីរាជការចាប់បើប្រាក់ខែតាំងពីថ្ងៃ ២៣ ទៅហើយ។ ដល់ទៅថ្ងៃទី ១ ខែមេសា ចាប់ឡើងបៀវត្សរ៍ ហើយត្រូវបើកមុនចូលឆ្នំាខ្មែរទៀត។ បូកនឹងប្រាក់ឧបត្ថម្ភនានា មុនចូលឆ្នំាខ្មែរទៀត។ ឆ្នំានេះ ខ្ញុំក៏ទៅសៀមរាបនឹងគេដែរ ហើយឆ្នំានេះដោយ​សារតែគីឡូវាធ្លាក់ចុះ អញ្ចឹងគិតរំាអោយអស់ដៃតែម្តង។ ឆ្នំាទៅរំាអត់បានទេ ដោយសារតែវាមានបញ្ហាទំងន់វាធ្ងន់ជ្រុល ដល់តែវាឈរយូរទៅ វាស្ពឹកឯជើង។ ដូច្នេះរំាមិនសូវល្អទេ។ ឆ្នំានេះទំងន់ធ្លាក់ចុះ រំាផ្តំាចាស់ម្តង។

ហើយចុងក្រោយជាមួយនឹងការប្រកាសបើការដ្ឋានសាងសង់ផ្លូវជាតិលេខ ១១ និងផ្លូវវាងប្រវែងសរុប ៩៦,៤៨ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ១ នៅខេត្តព្រៃវែង តភ្ជាប់ទៅជាតិលេខ ៧ នៅខេត្តត្បូងឃ្មុំ ដែលហិរញ្ញប្បទាន ដោយសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ដែលត្រូវចំណាយចំនួនជាង ៩៤ លានដុល្លារសហរដ្ឋអាមេរិក ខ្ញុំសូមប្រសិទ្ធពរចំណងមិត្តភាពកម្ពុជា-ចិន សូមអោយស្ថិតស្ថេរគង់វង្សជាអមតៈ ជូនពរសម្តេច ឯកឧត្តម លោកជំទាវ ពិសេសបងប្អូនជនរួមជាតិទំាងអស់ សូមប្រកបដោយពុទ្ធពរ និងពរទំាងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យ និងជូនដំណើរពលរដ្ឋ ឡើងរថយន្តក្រុងសាធា...

នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា បានឆ្មក់ចុះទៅពិនិត្យ និងជូនដំណើរប្រជាពលរដ្ឋឡើងរថយន្តក្រុងសាធារណៈ​ចេញទៅស្រុកកំណើត​ក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌ។