CNV: 17 ខែមីនា, 2018
ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ!
ឯកឧត្តម លោកជំទាវ លោក លោកស្រី ពិសេសបងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ!
ការគាំទ្រស្វាគមន៍ បង្ហាញអំពីការគាំទ្រជាតិសាសន៍ខ្លួនឯង
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយខ្លំាងណាស់ ដែលបានជួបប្រាស្រ័យជាមួយបងប្អូន ដែលរស់នៅក្នុងអូស្ត្រាលី និងណូវ៉ែលហ្សេឡង់។ ហើយខ្ញុំពិតជាមានការរីករាយ ព្រមទំាងគោរពទៅដល់ប្អូនទំាងអស់ ដែលធ្វើដំណើរមកពីទីឆ្ងាយ តំាងពីណូវ៉ែលហ្សេឡង់ មិនត្រឹមតែណូវ៉ែលហ្សេឡង់ទេ សូម្បីតែអូស្ត្រាលីខ្លួនឯង ក៏មានរដ្ឋខុសៗគ្នាដែលមកពីទីឆ្ងាយ ក្នុងកម្មវិធីនេះ ដើម្បីទទួលស្វាគមន៍គណៈប្រតិភូ ហើយក្នុងនោះ មានខ្លួនខ្ញុំផ្ទាល់។ នេះក៏បានបង្ហាញពីការយកចិត្តទុកដាក់ចំពោះមាតុភូមិរបស់ខ្លួន ព្រោះថាដំណើររបស់ខ្ញុំមកកាន់ទីនេះ មិនមែនជាដំណើរឯកជននោះទេ ប៉ុន្តែជាដំណើរផ្លូវរដ្ឋ ដូច្នេះការដែលបងប្អូនស្វាគមន៍ខ្ញុំ គឺបង្ហាញអំពីការគាំទ្រ មិនមែនជាការប្រឆំាងជាតិសាសន៍របស់ខ្លួនទេ។ ការប្រឆំាងចំពោះ ហ៊ុន សែន គឺមានតម្លៃស្មើនឹងការប្រឆំាងជាតិសាសន៍របស់ខ្លួនឯង ព្រោះដំណើររបស់ ហ៊ុន សែន គឺមិនមែនដំណើរឯកជន ហើយក៏មិនមែនជាដំណើរទស្សនកិច្ចទេសចរណ៍នោះដែរ។ ត្រូវយល់ន័យកន្លែងនេះអោយច្បាស់។ បើសិនជាដំណើររបស់ខ្ញុំជាឯកជន ហើយចេញមកធ្វើការស្វាគមន៍ នោះគឺជាការស្វាគមន៍បែបឯកជន។ ប៉ុន្តែ ដំណើរផ្លូវរដ្ឋ នៅពេលដែលមានចេញស្វាគមន៍ គឺជាផ្តល់កិត្តិយសឲ្យជាតិឯណោះវិញទេ មិនមែនត្រឹមតែ ហ៊ុន សែន ទេ ប៉ុន្តែផ្ទុយទៅវិញ ការប្រឆំាងនោះមិនមែនជាការប្រឆំាងចំពោះតែ ហ៊ុន សែន ទេ តែជាការប្រឆំាងចំពោះជាតិសាសន៍ខ្លួនឯងទៅវិញ។ ខ្ញុំព្រះករុណាខ្ញុំ សប្បាយរីករាយ ដោយសារតែពេលនេះយើងមានជំនួប ទោះបីថា ទីកន្លែងមិនផ្តល់ការអនុញ្ញាតអោយយើងបានជួបជុំគ្នាតែមួយលើក។ យប់ស្អែក ខ្ញុំឆ្លៀតឱកាសទោះបីថា យើងដឹងកម្មវិធីហើយ នាយករដ្ឋមន្ត្រីអូស្ត្រាលី នឹងធ្វើពិធីលៀងសាយភោជសម្រាប់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលរបស់អាស៊ានក៏ដោយ ស្អែកនេះខ្ញុំនឹងមានជំនួបមួយទៀត ជាមួយបងប្អូនដែលធ្វើដំណើរមកហើយ តែមិនទាន់បានមានឱកាសចូលជួបក្នុងថ្ងៃនេះ។
សម័យបច្ចេកវិទ្យាព័ត៌មាន វាងាយស្រួលខ្លំាងណាស់សម្រាប់ចង់ដឹងសភាពការណ៍ក្នុងប្រទេស
ខ្ញុំសូមអរគុណចំពោះការគាំទ្រទំាងឡាយ ដែលព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្ឃ ក៏ដូចជាបងប្អូនទំាងឡាយ ដែលបានធ្វើដំណើរមកាន់ទីនេះ ដើម្បីបង្ហាញពីការគំាទ្រ ហើយក៏ចង់ដឹងសុខទុក្ខចំពោះប្រទេសជាតិរបស់ខ្លួនដែរ។ ប៉ុន្តែខ្ញុំគិតថា សម័យបច្ចុប្បន្ននេះ ជាសម័យបច្ចេកវិទ្យាព័ត៌មាន វាងាយខ្លំាងណាស់ក្នុងការដឹងអំពីសភាពការណ៍ប្រទេសរបស់ខ្លួននោះ។ ដឹងនៅត្រង់ថា ឥឡូវបើយើងនិយាយអំពីបច្ចេកវិទ្យា តាម WhatsApp ក្តី តាម Line ក្តី និយាយមើលមុខគ្នាបាន បញ្ចំាងរូបភាពទៅវិញទៅមកបាន។ ឥឡូវនេះកំពុងតែផ្សាយបន្តផ្ទាល់ចេញពីទីនេះ ទៅទីក្រុងភ្នំពេញ ហើយអ្នកដែលនៅភ្នំពេញកំពុងតែមើល បើខ្ញុំមិនច្រឡំទេ តាមហ្វេសបុកផេករបស់ខ្ញុំផ្ទាល់មួយ, តាមរយៈ Fresh New មួយ ហើយមិនដឹងថាមានទូរទស្សន៍ជាតិ ក៏មានការផ្សាយបន្តផ្ទាល់ផងដែរ។ ដូច្នេះបងប្អូនពិតជាយល់បានហើយថា សភាពការណ៍ស្រុកទេសរបស់ខ្លួនវាយ៉ាងម៉េច។
បងប្អូនមកនៅស្រុកគេ តែបងប្អូនមិនបានភ្លេចជាតិសាសន៍របស់ខ្លួន
ប៉ុន្តែយ៉ាងណាក៏ដោយ ដំបូងខ្ញុំគួរតែអបអរសាទរចំពោះបងប្អូនទំាងឡាយ ដែលបានមករស់នៅទីនេះ ទោះបីកាលៈទេសៈខុសគ្នា បងប្អូនខ្លះបានមកនៅទីនេះ តំាងពីសង្គ្រាមឆ្នំា ១៩៧០-១៩៧៥ បងប្អូនខ្លះក៏បានខិតខំភៀសខ្លួនផុតពីរបប ប៉ុល ពត ក្នុងចន្លោះ ១៩៧៥-១៩៧៩ បងប្អូនមួយចំនួនទៀត ក៏បានចាកចេញមកនៅក្នុងក្រោយឆ្នំា ១៩៧៩ ហើយបងប្អូនមួយចំនួនក៏ទើបមករស់នៅអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ក្នុងពេលថ្មីៗនេះ។ ការមកដល់ទីនេះ អ្វីដែលជាមោទនភាពធំជាងគេបំផុតរបស់ខ្ញុំ នៅត្រង់ថា បងប្អូនទោះបីជាមកនៅស្រុកគេ បានចូលសញ្ជាតិក៏ដោយចុះ ក៏ប៉ុន្តែបងប្អូនមិនបានភ្លេចអំពីជាតិសាសន៍របស់ខ្លួននោះទេ។ ចំណុចនេះហើយគឺជាចំណុចដែលយើងគួរមានមោទនភាពជាតិសាសន៍របស់យើង។ ទោះបីទៅដល់ទៅណា ក៏នៅមានឈាមជ័រជាខ្មែរ ហើយនឹកគិតទៅដល់ប្រទេសជាតិរបស់ខ្លួន។ នេះជាសិទ្ធិ ហើយក៏ជាសម្បត្តិដែលយើងមិនអាចបោះបង់ចោលបាន ដោយសារតែធាតុយើងជាខ្មែរ។ ម្យ៉ាងទៀត បើទោះបីមកនៅប្រទេសគេក៏ដោយចុះ ប្រទេសអូស្ត្រាលីក៏មិនបានតម្រូវអោយលាសញ្ជាតិកម្ពុជាឯណា គេអោយចូលសញ្ជាតិគេហើយ ឯកម្ពុជាវិញក៏មិនបានតម្រូវអោយបោះបង់សញ្ជាតិណាមួយទេ។ ទិដ្ឋាការដែលបងប្អូនកំពុងបានប្រើប្រាស់ ជាទិដ្ឋាការប្រើមួយជីវិត។ បានសេចក្តីថា មិនតម្រូវអោយបងប្អូនដែលរស់នៅក្រៅប្រទេស ហើយធ្វើការសុំទិដ្ឋាការចេញចូលនោះទេ ទិដ្ឋាការតែមួយចេញចូលរហូតទៅ។ នេះគឺដើម្បីបងប្អូនខ្មែរយើងរស់នៅក្រៅប្រទេស ទទួលបានផលប្រយោជន៍ពីការរស់នៅក្នុងប្រទេសគេផង ហើយនៅទទួលសិទ្ធិជាពលរដ្ឋខ្មែរផង។
មូលហេតុ រដ្ឋាភិបាល ហ៊ុន សែន មិនអនុញ្ញាតអោយបងប្អូនខ្មែរនៅក្រៅប្រទេស បោះឆ្នោត
… ខ្ញុំយល់ពីការទាមទារខ្លះ វាគ្រាន់តែជាការទាមទារតាមបែបនយោបាយតែប៉ុណ្ណោះ។ នោះគឺខ្ញុំគួរតែនិយាយត្រង់ចំណុចនេះបន្តិច ដើម្បីអោយបងប្អូនយើងអាចយល់ជាមួយគ្នា នៅត្រង់ថា បក្សនយោបាយខ្លះ គេទាមទារអោយបងប្អូននៅខាងក្រៅមានសិទ្ធិបោះឆ្នោត ពេលជិតបោះឆ្នោត។ ចំណុចនេះ យើងគួរនិយាយគ្នាអោយបានច្បាស់បន្តិច ដើម្បីយើងអាចយល់ ហេតុអ្វីបានជាគណបក្សប្រជាជន ឬរដ្ឋាភិបាលរបស់លោក ហ៊ុន សែន មិនព្រមអនុញ្ញាតអោយធ្វើការបោះឆ្នោតពីសំណាក់បងប្អូនខ្មែរនៅក្រៅប្រទេស។ ចំណុចវាពាក់ព័ន្ធទៅនឹងប្រព័ន្ធបោះឆ្នោត … ដោយសារតែបងប្អូនយើងមិនបានច្បាស់អំពីប្រព័ន្ធបោះឆ្នោត គេអាចប្រើរូបភាពបោកប្រាស់ ថាពួកគេបានផ្តល់តម្លៃសម្រាប់បងប្អូនខ្មែរនៅក្រៅប្រទេស … ខ្ញុំសុំសួរបងប្អូនបន្តិចមើល ការបោះឆ្នោតនៅប្រទេសយើង គឺបោះឆ្នោតតាមប្រព័ន្ធសមាមាត្រតាមខេត្ត។ មានប្រព័ន្ធបោះឆ្នោតទី ១ គឺប្រព័ន្ធឯកត្តនាម ដែលអូស្ត្រាលីគេប្រើនៅតាមមណ្ឌលបោះឆ្នោត មានបេក្ខជនច្រើនប្រឡងប្រជែងយកតែមួយ។ ទី ២ ប្រព័ន្ធបោះឆ្នោតសមាមាត្រទូទំាងប្រទេស។ សមាមាត្រទូទំាងប្រទេស គេមិនគិតពីមណ្ឌលបោះឆ្នោតទេ គឺបក្សណាបានសម្លេងប៉ុន្មាន គឺយកប៉ុណ្ណឹង។ ឯទី ៣ គឺយើងតែម្តង ប្រព័ន្ធសមាមាត្រតាមខេត្ត។ ឥឡូវយើងចង់សួរអញ្ចេះទៅវិញ ដើម្បីយើងនិយាយអោយស្រួលជាមួយគ្នា តើបងប្អូននៅទីនេះចុះឈ្មោះនៅក្នុងមណ្ឌលណា? នេះជាបញ្ហា។ គ្រាន់តែរឿងចុះឈ្មោះនេះ ជជែកគ្នាវាមិនដាច់ស្រេច … គ្រាន់តែរឿងចុះឈ្មោះ ក្នុងច្បាប់របស់យើង តម្រូវអោយនៅក្នុងស្រុក បើសូម្បីថា អ្នកនៅក្នុងស្រុក អ្នកខ្លះទៅនៅក្នុងស្រុក ក៏ប៉ុន្តែនៅមិនគ្រប់រយៈពេលនៃការស្នាក់នៅ មិនទាន់នឹងមានសិទ្ធិនឹងចុះឈ្មោះបោះឆ្នោតទេ។
ឥឡូវបងប្អូនចុះឈ្មោះបោះឆ្នោតនៅខេត្តណា … មណ្ឌលបោះឆ្នោតមួយនៅកន្លែងហ្នឹង អញ្ចឹងតើអ្នកទំាងឡាយចុះឈ្មោះនៅឯណា? យើងនៅអូស្ត្រាលីទៅចុះឈ្មោះនៅកំពង់ចាម ឬទៅចុះឈ្មោះនៅកំពង់ស្ពឺ នេះចំណុចមួយទៅ។ ប៉ុន្តែមួយទៀត សូមបងប្អូនគិតមើល … ម៉ោង ៧ ព្រឹក បោះឆ្នោតនៅហ្នឹង ម៉ោង ៣ កន្លះល្ងាច(ស្ថានីយ៍)បិទ ហើយរាប់ចំពោះមុខជាមួយគ្នាហើយអញ្ចឹង ចោទថាគេបន្លំបាន។ ចុះទំរំាដឹកសន្លឹកឆ្នោតពីអូស្រ្តាលីទៅ យល់យ៉ាងម៉េច? តើនេះវាគ្រាន់តែជាការបោះឆ្នោតដើម្បីកាប់សម្លាប់គ្នា ឬក៏បោះឆ្នោតដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ? ហើយបោះឆ្នោតអោយប្រទេសជាតិមានការលូតលាស់។ គណបក្សប្រជាជនមិនជំទាស់ទេ នៅពេលដែលឱកាសបានហុចមកដល់ ហើយប្រព័ន្ធបោះឆ្នោតវាសមស្រប ដើម្បីអោយយើងប្រើប្រាស់សិទ្ធិរបស់ពលរដ្ឋយើងនៅក្រៅប្រទេស ប៉ុន្តែត្រូវមានលក្ខខណ្ឌច្បាប់របស់វាច្បាស់លាស់អំពីបញ្ហានេះ។ ចំណុចនេះមិនគួរគប្បីត្រូវគេធ្វើការបកស្រាយមួយតាមបែបយកចំណេញ ហើយអ្នកដែលចំណេញនោះ គឺគេបានអី? សំខាន់គេមករៃលុយបងប្អូនខ្មែរយើង … អាសូរតែចិញ្ចឹមបក្ស ចិញ្ចឹមទំាងស្រីគ្រប់សព្វ។ រឿងរ៉ាវនៅស្រុកខ្មែរយើងនោះ ខ្ញុំមិនចំាបាច់វែកញែកទេ។ អ្នកណាមានលុយអោយក៏អោយទៅ ខ្ញុំមិនខ្វល់ទេ ព្រោះនេះជាសិទ្ធិរបស់អស់លោក …។
បាតុកម្មប្រឆាំង ហ៊ុន សែន ថាស្នេហាជាតិ, ស្វាគមន៍ ថាក្បត់ជាតិ
… ខ្ញុំគួរសម្តែងនូវការសោកស្តាយ អំពីចំពោះការប្រមាថមើលងាយលើបងប្អូនទាំងឡាយដែលមកជួបជុំខ្ញុំនេះ ដែលត្រូវបានគេចោទប្រកាន់ថា ត្រូវបានគេទិញលុយ ៦០០ ដុល្លារ។ បើសិនជាគេជេរខ្ញុំ ក៏ជេរទៅចុះ ប៉ុន្តែហេតុអ្វីបានជាគេប្រមាថចំពោះអ្នកទំាងអស់គ្នានៅទីនេះ? តើបងប្អូនត្រូវឆ្លើយតបរឿងនេះយ៉ាងដូចម្តេចទៅ? ខ្ញុំពិតជាគ្មានប្រាក់ជួលទេ ហើយបងប្អូនក៏មិនត្រូវការអោយខ្ញុំជួលដែរ។ មិនមែនជាសត្វធាតុទេ។ ប៉ុន្តែ ហេតុអ្វីបានជាមនុស្សខ្លះ ដែលចាត់ទុកខ្លួនឯងថាជាវីរៈបុរស ចាត់ទុកខ្លួនឯងជាអ្នកចេះដឹង បែរជាមើលងាយមនុស្សដូចគ្នាទៅវិញ។ ខ្ញុំមិនចំាបាច់លើកចំឈ្មោះមនុស្សតិរិច្ឆានបែបនេះទេ ក៏ប៉ុន្តែបងប្អូនដឹងហើយ។ ឥឡូវ ក្បាលបងប្អូនម្នាក់ ៦០០ ដុល្លារ តើវាសមរម្យទេ? ក្បាលយើងមិនត្រឹមតែ ៦០០ ដុល្លារទេ។ ប៉ុន្មានក៏វាមិនអាចលក់បានដែរ អាហ្នឹងបើនិយាយអំពីតម្លៃពិតរបស់មនុស្ស។ បើគេជាមនុស្ស ហើយមិនមែនជាសត្វ និយាយតិរច្ឆានក្រែងលោគេមិនចេះស្តាប់ … ប្រសិនជាគេជាមនុស្ស គេមិនគួរគប្បីមើលងាយមនុស្សដូចគ្នាបែបនេះទេ។ ចំណុចនេះសូមបងប្អូនគិតគូរខ្លួនឯងទៅ។
… ប្រសិនជាគេចោទលោក ហ៊ុន សែន ទិញ លោក ប្រាក់ សុខុន អញ្ចឹងទៅចុះ អោយលោក ប្រាក់ សុខុន មកធ្វើរដ្ឋមន្ត្រីការបរទេស អាហ្នឹងអាចបងប្អូនធ្វើការវិនិច្ឆ័យមួយថាតិចមែនទេដឹង ប៉ុន្តែឥឡូវវាជាប់ទៅលើបងប្អូននេះ? បងប្អូនទំាងឡាយដែលមកជួបខ្ញុំ សុទ្ធតែត្រូវគេទិញទំាងអស់ ដើម្បីឲ្យមកជួបជាមួយខ្ញុំ។ តើបងប្អូនគិតយ៉ាងម៉េច? នេះមិនមែនជាបញ្ហាតូចតាចទេ។ សម្រាប់ខ្លួនខ្ញុំវាអត់បញ្ហាទេ ប៉ុន្តែអ្វីដែលធំ ខ្ញុំឈឺចាប់ជំនួសបងប្អូនដែលក្លាយទៅជាទំនិញ។ ក្បាលយើងត្រូវគេទិញដូចជាទំនិញ។ នេះហើយជាទំលាប់នយោបាយដ៏អាក្រក់របស់អ្នកនយោបាយខ្មែរមួយចំនួន លាបពណ៌អ្នកនេះយួន អ្នកនេះចិន អ្នកនោះសៀម លាបមិនចេះចប់ មិនចេះហើយ លាបពណ៌គ្នា នៅជាមួយខ្លួនថាគេអ្នកស្នេហាជាតិ ដល់គេគ្រាន់តែដើរចេញថា គេក្បត់ជាតិភ្លាម។ បើអ្នកទំាងអស់គ្នាធ្វើបាតុកម្មប្រឆំាងខ្ញុំ អ្នកទំាងអស់គ្នាក្លាយជាអ្នកស្នេហាជាតិ ប៉ុន្តែអ្នកទំាងអស់គ្នាមកស្វាគមន៍ខ្ញុំ អ្នកទំាងអស់គ្នាក្លាយជាអ្នកក្បត់ជាតិ ជាទំនិញដែលលោក ហ៊ុន សែន ទិញ មកអោយសម្រាប់មកចូលរួម។ តើនយោបាយបែបនេះ វាគួរទេ សម្រាប់ប្រទេសកម្ពុជាដ៏អភ័ព្វ …។
ផ្ញើសៀវភៅពីរក្បាលម្នាក់
អបអរសាទរ ដែលពួកគេបានរំដោះខ្លួនរួចពីការកាប់សម្លាប់នៃរបប ប៉ុល ពត រួចផុតពីការឈឺចាប់ ដែលសង្គ្រាមបានបង្កឡើង ហើយមកកាន់ប្រទេសដទៃ។ … មកលើកនេះ ខ្ញុំបានដាក់សៀវភៅពីរក្បាលនៅក្នុងមួយស្រោមៗ ខ្ញុំមានតែប៉ុណ្ណឹងទេ អត់មានលុយសម្រាប់ចែកទេ។ ខ្ញុំដាក់មកនេះ ខ្ញុំដាក់សុទ្ធតែដើម្បីតម្រូវការរបស់បងប្អូនគឺ ក្រមង៉ុយ យកទៅមើលទៅ បណ្ឌិត អ៊ូ ចុង យកទៅមើលទៅ។ ស្រឡាញ់ពាក្យគាត់ត្រង់ថា «ម៉ែឪចាស់ៗ ព្រឹកឡើងឃ្លានណាស់ គួរអោយវិយោគ ឪទារពិសារ កូនថាមុនលោក ពុំបានបរិភោគ គេអោយបាបផង។ និពន្ធផ្កាប់មុខ ឬប៉ុនចោលស្រុក ព្រោះដើរផ្លូវឆ្គង បុណ្យមិនត្រកាល វិសាលឡើយហង ព្រោះតែកន្លងអោយម៉ែឪអត់»។ ទាក់ទិនជាមួយនឹងរឿងអស់នេះ សុទ្ធតែជាតម្រូវការ។ ឥឡូវខ្ញុំបោះ ១១ ម៉ឺនច្បាប់ ដើម្បីចែកជូនគ្រូបង្រៀននៅក្នុងប្រទេស ប៉ុន្តែក្របវាខុសគ្នា។ នេះសម្រាប់បងប្អូនប្រជាពលរដ្ឋនៅអូស្ត្រាលី នៅណូវ៉ែលហ្សេឡង់ តែម្តង។ ខ្ញុំអត់មានអ្វីក្រៅតែពីរបស់ហ្នឹង ព្រោះខ្ញុំដឹងថា អ្នកទាំងឡាយគឺចង់ដឹងអំពីបញ្ហាស្រុកទេស ហើយក៏ចង់ដឹងក្បួនខ្នាត ដែលនៅសេសសល់ ដែលបន្សល់ទុកពីសម័យដើមរបស់យើងផងដែរ។
ចក្ខុវិស័យគោលនយោបាយការបរទេស ហ៊ុន សែន
ថ្ងៃនេះ ការជួបជុំគ្នាបងប្អូនពិតជាមានការចង់ដឹងថា ការវិវឌ្ឍនយោបាយនៅក្នុងប្រទេសកម្ពុជាវាយ៉ាងម៉េច? អ្វីទៅជាគោលនយោបាយការបរទេស? អ្វីទៅជាបញ្ហាសេដ្ឋកិច្ច ឬក៏បញ្ហាដ៏ទៃៗទៀត? ប៉ុន្តែដំបូង ខ្ញុំគួរតែនិយាយសម្រាប់បងប្អូនបន្តិច ដើម្បីអោយបងប្អូនអាចយល់។ ហេតុអ្វីបានជាយើងជួបជុំគ្នានៅស៊ីដនីនេះ? ចង់ឃើញខ្ញុំព្រះករុណាខ្ញុំ គឺជារឿងមួយ ប៉ុន្តែហេតុអ្វីបានជាមានវត្តមានរបស់ ហ៊ុន សែន នៅអូស្ត្រាលី? ចំណុចនេះ ចាប់ផ្ដើមចេញពីគោលនយោបាយក្រៅប្រទេសហ្នឹងតែម្តង។ បើសិនប្រទេសកម្ពុជាមិនជាសមាជិកអាស៊ានទេ ច្បាស់ជាកុំថាឡើយ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី អ្នកណាក៏ដោយ ក៏គ្មានវត្តមាននៅអូស្ត្រាលីដែរ។ ចំណុចត្រង់នេះ បងប្អូនអាចយល់ថា ចក្ខុវិស័យរបស់ ហ៊ុន សែន លើក្របខណ្ឌនៃគោលនយោបាយក្រៅប្រទេសវាយ៉ាងម៉េច។ ខ្ញុំគួរតែបញ្ជាក់ជូនបងប្អូននៅទីនេះបន្តិចថា ហេតុអ្វីទៅបានជាខ្ញុំដឹកនាំប្រទេសកម្ពុជាចូលជាសមាជិកអាស៊ាន?
ក្នុងអតីតកាល នៅក្នុងតំបន់របស់យើងមានអង្គការពីរ។ អង្គការទី ១ គឺហៅថាអង្គការ SEATO គឺអង្គការសន្ធិសញ្ញាអាស៊ីអាគ្នេយ៍ Southeast Asia Treaty Organization អញ្ចឹងមែនទេអង់គ្លេស? … ប៉ុន្តែ ព្រះករុណាជាអង្គម្ចាស់ (សម្ដេច សីហនុ) ព្រះអង្គមិនចូលរួមអង្គការសន្ធិសញ្ញាអាស៊ីអាគ្នេយ៍ ដែលជាប្រភេទនៃអង្គការណាតូ (NATO) ឬគេហៅថាអូតង់(OTAN) ឬជាប្រភេទនៃអង្គការសន្ធិសញ្ញា Warsaw ដែលពេលក្នុងដំណាក់កាលនៃសង្គ្រាមត្រជាក់ ព្រះករុណាជាអម្ចាស់មិនចូល គឺត្រឹមត្រូវ។ ក្រោយមក SEATO ក៏បានផុតរលត់ជាមួយនឹង ANZUS។ នៅទីនេះប្រហែលជាអាចយល់បាន ANZUS វាមានអីខ្លះ? វាមាន អាមេរិច អូស្ត្រាលី ណូវែលហ្សេឡង់ មកនៅស្រុកគេ ក៏គួរតែស្គាល់ខ្លះផង ពិតមែនតែខ្ញុំមិនមែនអ្នកឯកទេសទៅលើបញ្ហាអូស្ត្រាលី ទៅលើស្អី ក៏ប៉ុន្តែពីដើមមានបក្សសម្ព័ន្ធយោធាតាមតំបន់។
ក្រោយមកក្នុងតំបន់របស់យើងបានបង្កើតឡើងដោយស្ថាបនិកប្រទេស ៥ កាលពីពេលនោះ គឺអាស៊ានដែលហៅថា សហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា ASEAN។ ពេលនោះស្ថាបនិកមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សាំងហ្កាពួរ ថៃ ហ្វីលីពីន មាន ៥ ប្រទេស។ បន្ទាប់ទៅ បន្ទាប់ពីបានឯករាជ្យ ប្រ៊ុយណេក៏បានចូលជាសមាជិកអាស៊ាន។ បន្ទាប់ទៅវៀតណាមបានចូលជាសមាជិកអាស៊ានមួយទៀត ឡើង ៧ ប្រទេស។ កម្ពុជា ឡាវ និងមីយ៉ានម៉ា ត្រៀមចូលជាមួយគ្នា ក៏ប៉ុន្តែព្រឹត្តិការណ៍អកុសលនៅឆ្នាំ ១៩៩៧ យើងត្រូវបានពន្យារពេល។ មីយ៉ានម៉ា និងឡាវបានចូលមុន …។
កម្ពុជា ចូល អាស៊ាន ដោយសារ កត្តាបួន
ខ្ញុំនៅតែប្តូរផ្ដាច់ជាមួយនឹងគោលនយោបាយនាំកម្ពុជាចូលអាស៊ាន។ ហេតុអ្វីបានជាខ្ញុំត្រូវធ្វើបែបនេះ? មានកត្តា ៤ យ៉ាង ដែលទាក់ទាញអោយខ្ញុំនាំកម្ពុជាចូលអាស៊ាន ក្នុងពេលដែលមនុស្សមួយចំនួនគិតថា គួរតែនៅតែម្នាក់ឯងល្អជាង ប៉ុន្តែខ្ញុំសូមបញ្ជាក់កត្តា ៤ យ៉ាងនេះ។
ទី ១ គោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា គឺជាគោលការណ៍ធំបំផុត ដែលនាំកម្ពុជាចូលទៅក្នុងអាស៊ាន។ ត្រូវដឹងថា យើងជាប្រទេសមួយដែលនៅខាងកើត ១០០ លាន នៅខាងលិច ៦០ លាន ត្រូវច្បាស់អំពីកន្លែងហ្នឹង។ ខ្ញុំលើកឧទាហរណ៍តែមួយ ដើម្បីអោយបងប្អូនយើងអាចយល់ នៅពេលដែលថៃជំនាន់ (នាយករដ្ឋមន្ត្រី) Abhisit Vejjajiva នាំកងទ័ពចូលឈ្លានពាននៅវត្ត កែវសិក្ខាគិរីស្វរៈ នៅព្រះវិហាររបស់យើង ប្រសិនបើយើងមិនមែនជាសមាជិកអាស៊ានទេ យើងនៅឯកោតែឯង តើអ្នកណានឹងដោះស្រាយអោយយើង? គ្មានអ្នកណាគេមកឈឺឆ្អាលជាមួយយើងទេ ព្រោះបើយើងនៅតែម្នាក់ឯង អាស៊ានច្បាស់ជាកាន់ជើងអាស៊ានគ្នាឯងហើយ។ គេមិនមកកាន់ជើងយើងនៅតែម្នាក់ឯងនោះទេ។ អញ្ចឹងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នាគឺជាគោលការណ៍ចម្បង ដែលខ្ញុំត្រូវតែនាំប្រទេសកម្ពុជាចូលជាសមាជិកអាស៊ានអោយបាន … តម្លៃនេះធំណាស់។
ទី២ ស្មារតីសហគមន៍។ អំពីស្មារតីសហគមន៍ អាស៊ានធ្វើការតាមកុងសង់ស៊ីស គឺតាមឯកច្ឆ័ន្ទ។ អញ្ចឹងមានន័យថា អាស៊ានស្មើភាពផង និងអាស៊ានស្មើសិទ្ធិផង គ្មានបងតូច គ្មានបងធំទេ ខុសពីសហភាពអឺរ៉ុប។ សហភាពអឺរ៉ុបមានបងតូច បងធំ។ ប្រទេសខ្លះកំពុងឆ្អែតឆ្អន់ជាមួយនឹងកាជ្រៀតជ្រែករបស់ប្រទេសអ្នកមានខ្លះនៅសហភាពអឺរ៉ុប។ អាស៊ានអត់ទេ។ អាស៊ានបើមានម្នាក់មិនព្រម សេចក្ដីថ្លែងការណ៍ចេញអត់រួចទេ។ អញ្ចឹងបានពួកល្ងង់ខ្លៅនៅទីនេះ ដែលថាកុំអោយលោក Turnbull អញ្ជើញខ្ញុំមក។ បើខ្ញុំមិនមក វាមិនគ្រប់អាស៊ានទេ អ្នកឯងត្រូវយល់អោយច្បាស់ទៅ។ បើខ្ញុំមិនមកធ្វើម៉េចគ្រប់អាស៊ាន។ សំណាងហើយដែលហ្វីលីពីន ប្រធានាធិបតីគាត់អត់បានមក ប៉ុន្តែគាត់បានអោយរដ្ឋមន្ត្រីការបរទេសគាត់មក ប៉ុន្តែបើកម្ពុជាអត់មកទាំងអស់អាស៊ានវាអត់គ្រប់។ ត្រូវយល់អំពីបញ្ហានេះ។ ស្មារតីកុងសង់ស៊ីស គ្មានបងតូច គ្មានបងធំ ស្មើភាព ស្មើសិទ្ធិ អត់ធ្វើតាមការសម្រេចចិត្តតាមថា អ្នកឯងជាប្រទេសធំ អ្នកឯងត្រូវមានសំឡេងច្រើនជាងអត់ទេ។ អ្នកឯងជាប្រទេសអ្នកមាន សំលេងច្រើនជាងក៏អត់។ ត្រង់ហ្នឹងហើយ ជាចំនុចដែលយើងចាំបាច់ត្រូវចូលជាសមាជិកអាស៊ាន។
យើងក៏ធ្លាប់ធ្វើប្រធានអាស៊ាន ២ ដងហើយ សូម្បីកាលនោះខ្ញុំនៅចាំថា នាយករដ្ឋមន្ត្រីស្ត្រីរបស់អូស្រ្តាលី Julia Gillard ខ្ញុំហៅគាត់ថា Julia ចឹងទៅចុះ ព្រោះរឿងរ៉ាវនៅនេះប្រហែលជាអ្នកទាំងឡាយស្គាល់នាយករដ្ឋមន្ត្រីអូស្ត្រាលីតិចជាងខ្ញុំ។ ខ្ញុំទស្សនកិច្ចផ្លូវការក្នុងអាណត្តិនាយករដ្ឋមន្ត្រី John Howard បន្ទាប់ទៅបាន Kevin Rudd រួចហើយបាន Julia គាត់យកទៅវិញ។ បន្ទាប់ទៅ Kevin Rudd មកវិញ។ រួចបាន Tony Abbott។ Tony Abbott គាត់ជួបខ្ញុំ គាត់ថា “ធុញណាស់អាដូរនាយករដ្ឋមន្រ្តីច្រើនដង”។ ២០១៣ ពេលហ្នឹងកម្ពុជាក៏ទើបនឹងបង្កើតរាជរដ្ឋាភិបាលថ្មី ឯអូស្ត្រាលីក៏ទើបនឹងបង្កើតរដ្ឋាភិបាលថ្មីដែរ។ ដល់ទៅជួបគ្នានៅប្រ៊ុយណេគាត់ថាគាត់ធុញដូរញយដងពេក។ ឯកឧត្តមសំណាងព្រោះឯកឧត្តមធ្វើបានយូរ។ ដល់ Tony Abbott ចប់ទៅបានដល់ Turnbull រាល់ថ្ងៃនេះ។ ថ្ងៃមិញក៏សូមជម្រាបបន្តិចដែរ ពេលដែលជួបគ្នា ចាប់ផ្តើមសន្ទនា ខ្ញុំគ្រាន់តែសួរគាត់លេង មើលតាំងពីយើងជួបគ្នានៅម៉ានីលឡា តើឯកឧត្តមបានចៅប៉ុន្មាន? ព្រោះគាត់ជាមនុស្សស្រលាញ់ចៅណាស់។ ជួបគ្នាពេលណាក៏ដោយ គឺតែងតែកាន់ទូរស័ព្ទបង្ហាញចៅ។ Turnbull គាត់ថាគាត់ប្រហែល ៣ ខែ ទៀត បានមួយទៀត គ្រប់ ៤។ ខ្ញុំថា តាំងពីពេលយើងជួបគ្នានៅម៉ានីលឡា ខ្ញុំបានថែម ២ ទៀតគ្រប់ ២០ … សង្ឃឹមថា នឹងអាចមានចៅទី២១។ ប៉ុន្តែ ខ្ញុំនិយាយអំពីស្មារតីសហគមន៍ និយាយពីចំណុចនេះ អញ្ចឹងបានអាស៊ានរឹងមាំ ទោះបីមានចំណុចខុសៗគ្នា របបនយោបាយខុសៗគ្នា ក៏ប៉ុន្តែអាស៊ានរឹងមាំ។
កត្តាទី ៣ គឺបញ្ហាទាក់ទងជាមួយនឹងបញ្ហាសេដ្ឋកិច្ចសង្គម ការធ្វើសមាហរណកម្មនៅក្នុងក្របខណ្ឌតំបន់ ដែលកម្ពូជាទទួលផលប្រយោជន៍ពីចំណុចនេះមិនតូចទេ។ នៅលើពិភពលោក បច្ចុប្បន្ននេះ គឺមានសម្ព័ន្ធភាពខាងសេដ្ឋកិច្ចច្រើនណាស់ សូម្បីតែនៅពេលដែលយើងធ្វើជាម្ចាស់ផ្ទះនៃការប្រជុំអាស៊ាននៅក្រុងភ្នំពេញ ពេលនោះក៏មានប្រកាសការដាក់អោយដំណើរកាចរចាអំពីកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ដែលមានអាស៊ាន ១០ និងដៃគូ ៦ មានអូស្ត្រាលី ណូវែលហ្សេឡង់ ឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង។ ឥឡូវ ក្នុងពេលជាមួយគ្នានោះក៏មាន Trans-Pacific Partnership មួយដែរ ដែលប្រធានាធិបតី Donald Trump បានលុបវាចោល។ នៅពេលដែលកម្ពុជាចូលនៅក្នុងក្របខណ្ឌអាស៊ាន អាស៊ានមានដៃគូពាណិជ្ជកម្មច្រើនដូចជាអាស៊ាន-ជប៉ុន អាស៊ាន-ចិន អាស៊ាន-កូរ៉េខាងត្បូង អាស៊ាន-អឺរ៉ុប អាស៊ាន-អាមេរិច អាស៊ាន-ឥណ្ឌា … ដូច្នេះផលប្រយោជន៍ដែលយើងទទួលបានទាក់ទងទៅនឹងសេដ្ឋកិច្ច គឺវាធំធេង។ សូម្បីតែការផលិត គេមិនត្រូវមើលឃើញថាការវិនិយោគចូលកម្ពុជា តម្រូវត្រឹមតែប្រជាជនជាង ១៥ លាននាក់នោះទេ គេត្រូវមើលឃើញនៅទីផ្សារជាង ៦០០ លាននាក់ បូកជាមួយនឹងដៃគូអាស៊ានផ្សេងទៀត ដែលស្ថិតនៅក្នុងក្របខណ្ឌតំបន់ពាណិជ្ជកម្មសេរី …។
កត្តាទី ៤ គឺវាជាច្រកចេញការទូតរបស់កម្ពុជាតែម្ដង ដោយសារតែអាស៊ានមានដៃគូច្រើន ដូច្នេះនៅពេលដែលយើងចូលអាស៊ាន បានសេចក្ដីថា ការទូតរបស់យើងគឺវាតភ្ជាប់គ្នាជាមួយនឹងអាស៊ានទៅតែម្ដង។ អញ្ចឹងខ្ញុំដាក់ជាសំណួរថា ហេតុអ្វីបានជាមានវត្តមានខ្ញុំនៅអូស្ត្រាលី? ពិតមែនហើយបងប្អូនថា មកចង់ជួបខ្ញុំ។ ប៉ុន្តែដើម្បីបានមកជួបវាទាល់តែយើងជាសមាជិកអាស៊ានដែរ បានវាមកនៅទីនេះកើត បើយើងមិនមែនជាសមាជិកអាស៊ាន យើងមិនបានមកកើតទេ។ អញ្ចឹង តម្លៃកម្ពុជាមិនមែនកម្ពុជានៅឯកោតែឯងទេ។ កម្ពុជាស្ថិតនៅក្នុងរង្វង់នៃក្របខណ្ឌអង្គការតំបន់ ហើយកម្ពុជាក៏ធ្លាប់ដើរតួនាទីធំៗដែរ ដូចជាការសម្របសម្រួលរវាងអាស៊ាន និងអឺរ៉ុប អាស៊ាន-ឥណ្ឌា អាស៊ាន-ចិន អាស៊ាន-ជប៉ុន។ ឥឡូវយើងកំពុងតែធ្វើអាស៊ាន-កូរ៉េខាងត្បូង។ យើងនឹងបន្តធ្វើការងារនេះបន្តទៅទៀត។ ម្យ៉ាងទៀត សូម្បីតែថ្ងៃនេះ យើងក៏បានពិភាក្សាជាមួយនឹងនាយករដ្ឋមន្ត្រីអូស្ត្រាលី អំពីគំនិតផ្ដួចផ្ដើមខ្លះទាក់ទងសកម្មភាពមីន ដែលបច្ចុប្បន្នកម្ពុជាមិនមែនដោះមីនតែនៅក្នុងប្រទេសរបស់ខ្លួនទេ។ មីនបន្សល់ទុកដោយអ្នកណា? មិនមែនពួកយើង ដែលជាជនរងគ្រោះនេះទេ គឺប្រទេសនានាគេបានយកមកចាក់ចោលក្នុងប្រទេសរបស់យើង។ កម្ពុជាបានក្លាយជាមជ្ឈមណ្ឌលមីនរបស់អាស៊ាន ដែលឥឡូវនេះ ទោះបីមិនទាន់ដំណើរការពេញលេញក៏ដោយ ក៏ប៉ុន្តែយើងកំពុងទទួលសិស្សពី Colombia ពីប្រទេសនានា មករៀននៅកម្ពុជា។ យើងចង់អោយអូស្ត្រាលីចូលរួមក្នុងការគាំទ្រចំពោះមជ្ឈមណ្ឌលសកម្មភាពមីននេះ។
កម្ពុជា បញ្ជូនមួកខៀវទៅរក្សាសន្តិភាព ១២ ឆ្នាំហើយ
យើងក៏បានពិភាក្សាជាមួយអូស្ត្រាលី អំពីសហប្រតិបត្តិការក្នុងការបញ្ជូនកងកម្លាំងប្រដាប់អាវុធរបស់យើង ទៅចូលរួមការពារសន្តិភាពលើសកលលោក។ ពីមុន យើងទទួលមួកខៀវពីបរទេស ប៉ុន្តែ ឥឡូវមួកខៀវរបស់យើងបានចេញទៅក្រៅប្រទេស ១២ ឆ្នាំរួចមកហើយ។ ឥឡូវ កងទ័ពរបស់យើងកំពុងឈរជើងនៅ លីបង់ នៅស៊ូដង់ខាងត្បូង នៅម៉ាលី នៅអាហ្រ្វិកកណ្ដាល បន្ថែមទៅដោយនាយទាហានសេនាធិការ និងនាយទាហានខាងត្រួតពិនិត្យទៅលើបទឈប់បាញ់ នាយទាហានសង្កេតការណ៍នៅស៊ូដង់ខាងត្បូងផងដែរ …។ ទាំងនេះសុទ្ធតែជាចំណុច នៅក្នុងក្របខណ្ឌនៃការសហប្រតិបត្តិការដោយទូលំទូលាយក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ រដ្ឋធម្មនុញ្ញរបស់យើង(ចែងថា) យើងមិនអាចបញ្ជូនកម្លាំងចេញ។ មិនមែនគ្មានប្រទេស ដែលសុំឲ្យខ្ញុំជួយបញ្ជូនកម្លាំងទៅអ៊ីរ៉ាក់ទេ ប៉ុន្តែខ្ញុំបដិសេធ ព្រោះវាមិនមែនក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។ បើសិនបញ្ជូនទៅអ៊ីរ៉ាក់ ស្មើនឹងការបញ្ជូនកម្លាំងទៅចូលរួមកម្លាំងឈ្លានពាន។ ខ្ញុំមិនទៅ។ បើទៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ រដ្ឋធម្មនុញ្ញអនុញ្ញាត យើងត្រូវតែសហប្រតិបត្តិការ។ នៅពេលដែលខ្ញុំជួបបារាំង ជួបឥណ្ឌា ជួបប្រទេសនានា ដែលមានបញ្ជូនកងកម្លាំងទៅក្រៅប្រទេស ខ្ញុំតែងតែរកកិច្ចសហប្រតិបត្តិការ។ អញ្ចេះ ជួនកាលយើងពឹងពាក់អង្គការសហប្រជាជាតិហើយ ក៏ប៉ុន្តែយើងត្រូវមានទំនាក់ទំនងផ្នែកព័ត៌មានមួយទៀត ព្រោះប្រទេសខ្លះដូចជាបារាំងអញ្ចឹងនៅម៉ាលី នៅអាហ្វ្រិកកណ្តាល ហើយនៅលីបង់ សុទ្ធតែក្រុមប្រទេសនិយាយភាសាបារាំង។ ដូច្នេះ ចង់ឬមិនចង់ គាត់មានព័ត៌មានច្រើន។ គាត់អាចចែករំលែកព័ត៌មានមកឲ្យយើង នៅពេលដែលមានសភាពការណ៍កើតឡើង។
ពីដើមគេជួយយើង ឥឡូវយើងជួយគេវិញ
ឆ្នាំទៅ យើងបាត់បង់ទាហានយើងបួននាក់ ពលីជីវិតបួននាក់នៅអាហ្វ្រិកកណ្តាល។ ស្លាប់នៅនឹងកន្លែងមួយ ប៉ុន្តែ យកទៅសម្លាប់នៅកន្លែងផ្សែងទៀតបី។ អង្គការសហប្រជាជាតិ ទទួលខុសត្រូវហើយ ខ្ញុំបានប្រាប់អគ្គរដ្ឋលេខាធិការអង្គការសហប្រជាជាតិថា បើទោះបីមានការខូចខាតប៉ុណ្ណឹង កម្ពុជាមិនដកថយទេ។ កម្ពុជានឹងបង្កើនកម្លាំងថែមទៀតសម្រាប់ប្រតិបតិ្តការនៅក្រៅប្រទេស។ ខ្ញុំមានមហិច្ឆតាខ្ពស់ណាស់។ ពីដើមគេជួយយើង ឥឡូវយើងមានសមត្ថភាពជួយគេ។ បើយើងជួយគេបានជួយទៅ។ រាប់ទាំងខ្ញុំត្រៀមបម្រុងដើម្បីជូនទៅប្រទេស Guinea/Conakry លើបញ្ហាធារាសាស្ត្រ។ នេះជាមហិច្ឆតា។ គេជួយយើង ហើយពេលដែលយើងមានលទ្ធភាព យើងជួយគេ។ ហ្នឹងគឺជារឿងធម្មតា។ ប៉ុន្តែដោយសារនៅ Guinea/Conakry ថាបន្តិចរដ្ឋប្រហារ បន្តិចរដ្ឋប្រហារដល់អញ្ចឹងយើងក៏ពិបាក។ ផ្តួលរដ្ឋាភិបាលមួយទៅ វាពិបាកទាក់ទងរដ្ឋាភិបាលមួយទៀត។ ឥឡូវ ទុកសិនក៏បានដែរ វាមិនទាន់ហួលពេល ថ្ងៃក្រោយយើងនឹងអាចធ្វើកិច្ចការនេះ។
ពីមុនកម្ពុជាមួយតំបន់ត្រួតត្រាច្រើន
សម្រាប់កិច្ចការក្នុងប្រទេស ឥឡូវបងប្អូនសួរក្នុងប្រទេសទៅ ទូរស័ព្ទសួរខ្លួនឯង នៅកម្ពុជាបច្ចុប្បន្នទើបនឹងម៉ោង ៣ កន្លះទេ។ សួរទៅថា កំពុងកើតអីហ្នឹង? អាហ្នឹងឆាប់យល់។ ខ្ញុំពន្យល់យ៉ាងនេះ គឺគេអត់ឈឺក្បាលជាមួយនរណាជាប់គុក បក្សណាត្រូវរំលាយទេ។ អ្វីដែលគាត់ខ្វល់ពិតប្រាកដល្ងាចនេះ ល្ងាចថ្ងៃសុក្រល្ងាចស្ទះចរាចរណ៍ ព្រោះឲ្យតែល្ងាចថ្ងៃសុក្រ មន្ត្រីនៅតាមក្រសួងតិចណាស់។ ថ្មើនេះ ម៉ោង ៤ កន្លះ តិចណាស់ចេញទៅអស់។ ព្រោះអី? ខ្លះកែប ខ្លះកំពង់សោម ខ្លះរតនគិរី ខ្លះមណ្ឌលគិរី គេទៅលេង បូកគោ ឯណា ឯណី។ ស្រុកឥឡូវនេះ ខុសពីសម័យដើម។ មុននោះ មិនដែលមានរដ្ឋាភិបាលណាគ្រប់គ្រងទឹកដីបានទាំងស្រុងទេ។ សូម្បីតែយើងចាត់ទុកថាសម័យរុងរឿងរបស់យើង គឺសម័យសង្គមរាស្ត្រនិយមរបស់សម្តេចឪ ប៉ុន្តែសួរថាសម័យសម្តេចឪអស់ឧទ្ទាមឬនៅ? ខ្មែរស ខ្មែរក្រហម ខ្មែរខៀវ អាហ្នឹងសុទ្ធតែខ្មែរយើងពីដើម។ រដ្ឋាភិបាលជាន់ដើម តាំងពីក្រោយសម័យ ព្រះបាទ ពញាយ៉ាត មកដល់ នរាយណ៍រាជា មកដល់ ព្រះស្រីរាជា មកដល់ ធម្មរាជា ហើយមកដល់ ស្រីសុគន្ធបទ ដំណាក់កាលហ្លួងព្រះស្តេចកន អាចចាត់ទុកថាត្រឹមដំណាក់កាល ព្រះស្រីរាជា ឡើងគ្រងរាជ្យ រហូតទល់ឆ្នាំ ១៩៩៨ គឺ ៥០០ ឆ្នាំប្លាយ ប្រទេសកម្ពុជាមួយតំបន់ត្រួតត្រាច្រើន។ ខ្ញុំមិនមែនលើកពីតួនាទីរបស់ខ្ញុំ ប៉ុន្តែសូមយកមហាបុរសខ្មែរមកមើល ទើបបានឃើញថាប្រទេសយើងវាយ៉ាងម៉េច? ប្រទេសមួយតំបន់ត្រួតត្រាច្រើន។ មុនឆ្នាំ ១៩៧០ ដែលហៅថា សម័យរង្គរឿងរបស់សម្តេចឪ យើងនៅមានខ្មែរក្រហម ខ្មែរស ខ្មែរស៊ីជម្ពូ ខ្មែរខៀវ។ ខ្មែរស៊ីជម្ពូអត់មានកម្លាំងប្រដាប់អាវុធទេ ក៏ប៉ុន្តែ ខ្មែរក្រហមមាន ជួនកាលបាញ់ឡានឆេះ ជួនកាលវាយយកបន្ទាយកាំភ្លើង។
ឆ្នាំ ១៩៧០ និង ឆ្នាំ ១៩៧៥ ប្រទេសយើងបែងចែកជាពីរ។ ម្ខាងកាន់កាប់ដោយ លន់ នល់ ដែលគាំទ្រដោយអាមេរិក ម្ខាងកាន់កាប់ដោយរណសិរ្ស ដែលដឹកនាំដោយសម្តេចព្រះនរោត្តម សីហនុ។ ឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ប្រទេសយើងធ្លាក់ក្នុងរបប ប៉ុល ពត។ ឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩៣ ប្រទេសយើងមួយមានតំបន់ត្រួតត្រាបួន។ ១ គឺត្រួតត្រាដោយរដ្ឋាភិបាល ហេង សំរិន-ហ៊ុន សែន។ ២ ត្រួតត្រាដោយខ្មែរក្រហម។ ៣ ត្រួតត្រាដោយកម្លាំងសីហនុនិយម។ ៤ ត្រួតត្រាដោយកម្លាំង សឺន សាន និយម។ នេះគឺជារឿងពិត។ ដល់ទៅឆ្នាំ ១៩៩៣ ដល់ ឆ្នាំ ១៩៩៨ ប្រទេសកម្ពុជាមួយមានតំបន់ត្រួតត្រាពីរ។ ម្ខាងគឺរាជរដ្ឋាភិបាល ដែលចេញពីការបោះឆ្នោត ដែលរៀបចំដោយ អ៊ុនតាក់។ តែអ្វីដែលសំខាន់ណាស់ អ៊ុនតាក់ចាយអស់លុយ ២ ពាន់លានដុល្លារចេញត្រឡប់ទៅវិញទុកឲ្យខ្មែរក្រហមនៅកាន់កាប់មួយភាគ។ មិនមែនគ្រាន់តែមួយភាគទេ ខ្មែរក្រហមមានរដ្ឋាភិបាលត្រឹមត្រូវ ហើយបោះលុយចាយទៀតផង។ យកអន្លង់វែងធ្វើជាទីក្រុង។ ខៀវ សំផន ជាប្រមុខរដ្ឋផង ជានាយករដ្ឋមន្ត្រីផង។ មានវិទ្យុផ្សាយសម្លេងត្រឹមត្រូវរបស់គេ។ កិច្ចព្រមព្រៀងប៉ារីសល្អណាស់ ប៉ុន្តែ អ្វីដែលកិច្ចព្រមព្រៀងប៉ារីសចង់បាន ហើយអ៊ុនតាក់មិនអាចសម្រេចបាន គឺអ៊ុនតាក់ចាយអស់ ២ ពាន់លានដុល្លារ ចេញត្រឡប់ទៅវិញទុកឲ្យខ្មែរវាយគ្នាតាំងពី ឆ្នាំ១៩៩៣ ធ្លាក់ដល់ ឆ្នាំ ១៩៩៨ ចាំអាកន្លែងនេះ។
យកជីវិតធ្វើដើមទុនពីរលើក និងនយោបាយឈ្នះឈ្នះ
… ចាយអស់ ២ ពាន់លាន ចូលប៉ៃលិន ចូលមិនបានផង។ (John) Sanderson ទៅសួរ Sanderson នៅអូស្ត្រាលីហ្នឹងស្រាប់ តើចូលប៉ៃលិនបានទេ? ចូលអត់បាន។ កូនទាហានខ្មែរក្រហមតែពីរនាក់ ប្រធាន អនុប្រធាន អ៊ុនតាក់ មេបញ្ជាការយោធាអ៊ុនតាក់ ចូលប៉ៃលិនអត់កើត។ ខ្លាចគេដែរ។ អញ្ចឹង ខ្ញុំត្រូវយកក្បាលខ្ញុំទៅដូរមួយសាទៀត យកជីវិតខ្ញុំធ្វើដើមទុន។ ខ្ញុំត្រូវយកជីវិតធ្វើដើមទុនពីរលើក។ លើកទីមួយ ឆ្នាំ ១៩៧៧ ខ្ញុំចាប់ផ្តើមចលនាតស៊ូវាយ ប៉ុល ពត ដោយការផ្តួល។ លើកទីពីរ ខ្ញុំចូលទៅតំបន់ខ្មែរក្រហម ដើម្បីធ្វើសមាហរណកម្មឲ្យភាគីមកនៅក្រោមដំបូលជាតិតែមួយ។ ពីឆ្នាំ ១៩៩៦ អនុវត្តនយោបាយឈ្នះឈ្នះរយៈពេល ២ ឆ្នាំ ទើបយើងសម្រេចបានជោគជ័យលើរឿងនេះ។ ហើយឥឡូវ ខ្មែរតែមួយ គ្រាន់តែមានបក្សនយោបាយច្រើនប៉ុណ្ណោះ។ ប៉ុន្តែ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដែលប្រទេសកម្ពុជាមួយ តំបន់ត្រួតត្រាមួយ រដ្ឋធម្មនុញ្ញមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយនិងកម្លាំងប្រដាប់អាវុធតែមួយ ដែលមុននេះ មានតំបន់ត្រួតត្រាច្រើន មានកម្លាំងប្រដាប់អាវុធក៏ច្រើនដែរ។ រឿងបក្សនយោបាយច្រើន ជារឿងធម្មតាខ្លាំងណាស់។
កម្ពុជាអត់មានអ្នកទោសនយោបាយទេ មានតែអ្នកនយោបាយជាប់ទោស
អញ្ចឹងបានជាខ្ញុំប្រាប់ Turnbull ថ្ងៃនេះថា ឯកឧត្តម! នៅក្នុងអាស៊ាន មានប្រទេសស្ថានភាពខុសៗគ្នា។ នៅប្រ៊ុយណេ គ្រប់គ្រងដោយព្រះមហាក្សត្រ នៅវៀតណាម និងឡាវ មានបក្សតែមួយ នៅថៃមានយោធាគ្រប់គ្រង។ ឯខ្ញុំបក្សច្រើនណាស់ ត្រៀមរៀបចំបោះឆ្នោតខាងមុខ អាហ្នឹងវាត្រូវតែនិយាយ ការពិតវាអញ្ចឹង។ ខ្ញុំមានដែលទាត់ចោល ឬលុបការបោះឆ្នោតណាមួយឯណា។ រឿងអ្នកឯងធ្វើខុស ជាប់គុក បានជាខ្ញុំប្រាប់ Turnbull ថា ឯកឧត្តម! ប្រទេសខ្ញុំអត់មានអ្នកទោសនយោបាយទេ តែមានអ្នកនយោបាយជាប់ទោសតែប៉ុណ្ណឹង។ ឥឡូវ យើងជួយគិតគ្នាមើល។
អ្នកទោសនយោបាយ និងអ្នកនយោបាយជាប់ទោស អាហ្នឹងខុសគ្នា។ អ្នកទោសនយោបាយ បើសិនជាមានសកម្មភាពនយោបាយសុទ្ធសាធ ហើយបែរទៅជាចាប់គេដាក់គុក នោះជាប្រភេទអ្នកទោសនយោបាយ។ ប៉ុន្តែសូមក្រឡេកមើល នៅពេលគេមកនិយាយនៅអូស្ត្រាលី តើគេបានធ្វើអីគេខ្លះហើយ? ស្លាប់រស់អស់ប៉ុន្មានហើយ? ហើយគេត្រៀមធ្វើតទៅទៀត។ ជាភ័ព្វសំណាង ដែលយើងបានឃើញនូវគេនិយាយនៅអូស្ត្រាលីនេះ គេចាត់ថា រឿងនេះអត់អ្នកណាដឹង ប៉ុន្តែជារឿងសម្ងាត់ តែឥឡូវគេជិតឈ្នះហើយ អញ្ចឹង គេបង្ហើប។ ដល់វាមិនឈ្នះវាបែកការណ៍អាហ្នឹង ចេញមករឿងស្អី? បរទេសគេឲ្យខ្ញុំធ្វើអានេះ ធ្វើអានោះ ធ្វើអញ្ចេះ ធ្វើអញ្ចុះ។ ឥឡូវយើងគិតមើល បើស្អីក៏ធ្វើតាមបរទេសដែរ តើយើងដឹកនាំខ្មែរយ៉ាងម៉េច? ហើយអាសូរតែថាបរទេសគេជួយឲ្យយើងខាងសេដ្ឋកិច្ចអញ្ចេះ ដូចជាអង្គការពាណិជ្ជកម្មពិភពលោក គេតម្រូវឲ្យយើងធ្វើអានេះ ធ្វើអានោះ ឬធ្វើអានេះ បានគ្រប់លក្ខខណ្ឌចូលអង្គការពាណិជ្ជកម្មពិភពលោក។ សូម្បីតែអាស៊ាន បើយើងមិនកែរចនាសម័្ពន្ធទេ យើងក៏លំបាក ដើម្បីឆ្លើយតបជាមួយនឹងអាស៊ានដែរ។ ជាពិសេសក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អាស៊ាន។ គេប្រាប់ គេថាឲ្យធ្វើតាម Serbia និង Yugoslavia។ អញ្ចឹងអាហ្នឹងស្អី? មកឲ្យខ្មែរបង្ហូរឈាមគ្នានេះ។ បទល្មើសមួយនេះ ជាទោសក្បត់ជាតិធំណាស់។ យើងធ្លាប់ជួបប្រទះហើយអាមេរិកកាំងប្រើឲ្យ លន់ នល់ ធ្វើរដ្ឋប្រហារ រួចហើយកើតស្អីឡើង?
… (តាំងបង្កការស្រែកទាមទារ) ហ៊ុន សែន អើយ ចុះចេញទៅៗ … បោះឆ្នោតជាមួយគ្នា បន្ទាប់ទៅនៅតែ ហ៊ុន សែន អើយចុះចេញទៅៗ។ មានអីដល់ទៅបែកឯកសារចេញមក អានេះមិនធម្មតាមែន។ (លទ្ធផលបែបនោះ)វាសមរម្យហើយ។ នៅប្រទេសថៃ តើគេរំលាយគណបក្សនៅប្រទេសថៃប៉ុន្មានដងហើយ? ម៉េចក៏គេធ្វើបាន មិនត្រឹមតែគេធ្វើប៉ុណ្ណឹងទេ គេយកយោធាទៅកាន់អំណាចជំនួសរដ្ឋាភិបាលស៊ីវិលដែលចេញពីការបោះឆ្នោតផង។ ឯយើង យើងមិនបានបំផ្លាញបក្សនយោបាយណាមួយទេ ក៏ប៉ុន្តែយើងអនុវត្តផ្លូវច្បាប់ទាំងអស់ យកអង្គហេតុ និងអង្គច្បាប់ មកមើលជាមួយគ្នាទៅ។ កាលពេលអ្នកឯងធ្វើបាតុកម្ម ឆ្នាំ ២០១៣ ស្លាប់មនុស្សអស់ប៉ុន្មាន? បំផ្លាញទ្រព្យសម្បត្តិអស់ប៉ុន្មាន? តើអ្នកឯងត្រូវមានទោសទេ? បើអ្នកឯងធ្វើជាទង្វើបុគ្គល ដោយបក្សមិនដឹង ហ្នឹងជារឿងមួយ ប៉ុន្តែបណ្តាញបក្សធ្វើសកម្មភាព ដូច្នេះបក្សនេះក៏ត្រូវរំលាយដោយច្បាប់។
មិនចាំបាច់មានបរទេសទទួលស្គាល់ ត្រូវការធំបំផុតគឺប្រជាជនទៅបោះឆ្នោត
… រាជរដ្ឋាភិបាលមិនបានប្រកាសពន្យារការបោះឆ្នោតទេ។ រឿងបក្សមួយមិនចូលរួមបោះឆ្នោត (មិនមែនជាបញ្ហាទេ)។ ប្រទេសកម្ពុជាយើង បណ្តាបក្សនយោបាយនៅកម្ពុជា និងប្រជាជនកម្ពុជា មិនមែនជាចំណាប់ខ្មាំងនៃបក្សក្បត់ជាតិមួយទេ។ កុំនិយាយថា បើគេមិនចូលបោះឆ្នោត (ធ្វើអោយ)ការបោះឆ្នោតមិនស្របច្បាប់ បរ ទេសមិនទទួលស្គាល់។ ខ្ញុំសូមបញ្ជាក់ត្រឡប់ទៅវិញ តម្រូវការរបស់ប្រទេសមួយដូចជាអូស្ត្រាលី បើទោះបីជាអូស្ត្រាលីសព្វថ្ងៃនេះ មានត្រឹមតែអគ្គទេសាភិបាល ព្រះមហាក្សត្រគឺ Elizabeth ទី ២ នៅអង់គ្លេសឯណោះទេ។ ណូវែលហ្សេឡង់ ក៏ដូចគ្នាដែរ មានត្រឹមតែអគ្គទេសាភិបាល អត់មានប្រមុខរដ្ឋទេ។ ប៉ុន្តែសួរថា អូស្ត្រាលី បោះឆ្នោតត្រូវការឲ្យអង់គ្លេសទទួលស្គាល់ទេ? …
បើទោះបីអង់គ្លេសយក Elizabeth ទី ២ ធ្វើជាព្រះមហាក្សត្ររបស់ខ្លួន គេអត់មានត្រូវការអាហ្នឹងផង … ត្រូវការធំបំផុតប្រជាជនទៅបោះឆ្នោត បោះឲ្យត្រឹមត្រូវ។ បន្ទាប់ពីហ្នឹងទៅ ៦០ ថ្ងៃ យ៉ាងយូរ បន្ទាប់ពីការបោះឆ្នោត ព្រះមហាក្សត្រត្រូវកោះប្រជុំសភា។ ទន្ទឹមនឹងការកោះប្រជុំសភា ព្រះមហាក្សត្រត្រូវតែងតាំងឥស្សរជនម្នាក់ ដែលចេញពីបក្សឈ្នះឆ្នោត ឲ្យធ្វើជានាយករដ្ឋមន្ត្រី មករៀបចំគណៈរដ្ឋមន្ត្រី។ នាយករដ្ឋមន្ត្រី ដែលបានតែងតាំង ទៅរៀបចំគណៈរដ្ឋមន្ត្រី ហើយយកគណៈរដ្ឋមន្ត្រីទៅសុំការទុកចិត្តពីសភា។ ទុកចិត្តពីសភាហើយ ព្រះមហាក្សត្រឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យបង្កើតគណៈរដ្ឋមន្ត្រី។ រួចហើយសមាជិករដ្ឋាភិបាលចូលស្បថកាន់តំណែងចប់ហើយ។ វាអត់ត្រូវការអគ្គលេខាអង្គការសហប្រជាជាតិ អត់ត្រូវការប្រធានាធិបតីអាមេរិក ឬក៏នាយករដ្ឋមន្ត្រីប្រទេសណា មកទទួលស្គាល់ ឬមិនទទួលស្គាល់ទេ។ វាអត់ត្រូវការ។ កុំមកបោកប្រាស់គេ។
មកអូស្រ្តាលីនេះ មិនមែនមកឲ្យនរណាគាបសង្កត់ទេ
កន្លងទៅ ដើរគ្រប់កន្លែង … ចេះតែភូតគេកើត។ ខ្ញុំដាក់ត្រឡប់ទៅវិញ។ បើខ្ញុំមិនបកស្រាយ អ្នកណាបកស្រាយជួស? គេថាលោក ហ៊ុន សែន មកនេះ អាស៊ាន និងអូស្ត្រាលី នឹងគាបសង្កត់។ ផ្ទុយទៅវិញ អូស្ត្រាលីគួរតែដឹងគុណខ្ញុំ។ អូស្ត្រាលីមិនមែនទើបតែពឹងខ្ញុំមួយដង ទើបនឹងពឹងថ្ងៃនេះទេ អូស្ត្រាលីពឹងខ្ញុំតាំងពីឆ្នាំ ២០០២ ឯណោះ។ នៅពេលដែលកម្ពុជាធ្វើប្រធានអាស៊ាន ហើយកម្ពុជាមានជោគជ័យណាស់ក្នុងការដឹកដៃឥណ្ឌាចូលមកធ្វើជាដៃគូជំនួបកំពូលលើកដំបូងរវាងអាស៊ាន និងឥណ្ឌា។ អញ្ចឹង អូស្ត្រាលីតែងតែពឹងពាក់កម្ពុជាជានិច្ច ដើម្បីបង្កើតឲ្យមានស្ថានភាពនៃការសន្ទនាកម្រិតកំពូលរវាង អាស៊ាន និងឥណ្ឌា។ ហេតុអីបានជាមានអ្នកខ្លះថាមក(ឲ្យគេគាបសង្កត់)។ ម្យ៉ាងដែរ ខ្ញុំគួរតែជូនសារទៅវិញ ក្រៅពីសួរសុខទុក្ខគ្នា អម្បាញ់មិញ នាយករដ្ឋមន្ត្រី Turnbull ថា អូស្ត្រាលីនឹងផ្តល់ថវិកា ៨៧ លានដុល្លារ។ វាទៅជាអញ្ចឹងទៅ។ ខ្ញុំអត់បានសុំលុយគាត់ផង។
ផ្តាំទៅបងប្អូនខ្មែរដែលនៅគ្រប់ទីកន្លែងទាំងអស់ ដែលមើលតាមហ្វេសប៊ុកក្តី មើលតាមអនឡាញក្តី មើលតាមការផ្សាយបន្តផ្ទាល់ក្តី (ដោយ)ខ្ញុំអត់ទាន់(បាន)លើកសំណើសុំជំនួយផង នាយករដ្ឋមន្ត្រី Turnbull បានស្វាគមន៍ និងផ្តល់ឲ្យតែម្តង។ ខ្ញុំកត់ខុសទៅទៀត គាត់ឲ្យ ៨៧ លាន ដល់ខ្ញុំថា ៧៨ លាន។ ហ្នឹងគេមកសង្កត់ឬស្អី? គេជម្រុញទៀតទៅលើការសន្ទនានានា រាប់ទាំងគាត់ អំពីការជម្រុញឲ្យមានការវិនិយោគពាណិជ្ជកម្មបន្តទៅ។ បន្ទាប់ទៅជួបប្រធានសភាពាណិជ្ជកម្មរបស់អូស្ត្រាលី ដើម្បីជម្រុញធ្វើឲ្យឲ្យមានការហោះហើរត្រង់។ ពន្យល់គាត់អំពីសារៈសំខាន់នៃការហោះហើរត្រង់រវាង កម្ពុជា និងអូស្ត្រាលី។ ខ្ញុំប្រាប់គាត់ថា (ពលរដ្ឋខ្មែរ) ៦ ម៉ឺននាក់ រស់នៅនេះ។ ឥឡូវ កាតាបើកការហោះហើរជាមួយយើង ប៉ុន្តែកាតាមានប្រជាជនខ្មែរនៅហ្នឹងបន្តិចមួយហ្នឹង។ បើសិនជាការហោះហើរត្រង់ ខ្មែរយើងនៅអូស្ត្រាលីហ្នឹងស្រួល ហើយអ្នកពីខ្មែរយើងត្រូវការមកអូស្ត្រាលីក៏ស្រួលដែរ។ អញ្ចឹងសុំផ្តាំត្រឡប់ទៅវិញទៅ គ្មានទេពាក្យដែលថា មកដល់អូស្ត្រាលី ក្នុងនាមអ្នកដែលជិះឡានដាក់ទង់ជាតិកម្ពុជា ហើយដើរឲ្យគេស្តីឲ្យ។ ឥឡូវ អ្នកដែលបាននិយាយកាលពី ១ ខែមុននោះ ភ្លឺភ្នែកហើយឬនៅ ភូតអត់ក្បួននោះ? …។
ថ្ងៃស្អែក និងខានស្អែក ប្រជុំ ២ ថ្ងៃ ខ្ញុំត្រូវខិតខំរួមចំណែកក្នុងឋានៈកម្ពុជាជាសមាជិកដែលមានការទទួលខុសត្រូវ ដើម្បីឲ្យការជំនួបពិសេសទៀត រវាងអាស៊ាន និងអូស្ត្រាលី ទទួលបានជោគជ័យ។ ពង្រឹងភាពជាដៃគូវាងអាស៊ាន និងអូស្ត្រាលីឲ្យកាន់តែខ្លាំង។ ខ្ញុំមកនេះ ម្យ៉ាងកម្ពុជា តែម្យ៉ាងក្នុងនាមខ្ញុំជាអាស៊ាន ដូចនេះ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ ត្រូវទទួលរ៉ាប់រងដោយរដ្ឋាភិបាលអូស្ត្រាលី។ ឃើញម៉ូតូប៉ុន្មាននៅមុខ ឃើញឡានខ្ញុំជិះដាក់ទង់ជាតិទេ … ទៅជាថា Turnbull មិនស្វាគមន៍អីអញ្ចេះអញ្ចុះ។ ឥឡូវជាក់ស្តែង ការភូតរបស់អ្នកឯងដេញទាន់ជាន់កែងរហូតហើយ។ ធម្មតាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ជាមួយដៃគូសន្ទនា ហើយម្យ៉ាងទៀតឋានៈគេនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីថ្នាក់កំពូលៗ គេមិនមែនទៅថោកទាប ដូចពួកអ្នកឯងនិយាយនោះទេ។ គេមានសុជីវធម៌ក្នុងការនិយាយស្តីជាមួយគ្នា។ ឲ្យតែមានជំនួបក្នុងក្របខណ្ឌវេទិកាថ្នាក់អាស៊ីបូព៌ា ការរៀបចំពិធីការនៅក្នុងពេលអង្គុយ តែងតែ ស៊ុលតង់ ប្រ៊ុយណេ នៅស្តាំដៃ ហើយអូស្ត្រាលីនៅខាងឆ្វេងដៃ។ អញ្ចឹងបានខ្ញុំតាំងពីជំនាន់ Kevin Rudd បន្ទាប់មក Julia បន្ទាប់មក Abbott បន្ទាប់ មក Turnbull តែងអង្គុយជាប់គ្នា …។
ការបោះឆ្នោតជ្រើសរើសសមាជិកសភាបន្ថែម និងបោះឆ្នោតសកល
… សភាពការណ៍នយោបាយក្នុងប្រទេស ការត្រៀមរៀបចំសម្រាប់យើងក្នុងពេលខាងមុខនេះ ទី ១ សភា ត្រៀមនឹងបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ២ រូបបន្ថែម។ យើងទើបនឹងបោះឆ្នោតព្រឹទ្ធសភាហើយ នៅថ្ងៃទី ២៥ ខែកុម្ភៈ។ សមាជិកជាប់ឆ្នោតដោយបោះឆ្នោត ដោយអង្គបោះឆ្នោតអសកលក៏បានចេញមុខហើយ។ ព្រះមហាក្សត្រតែងតាំង ២ រូប ក៏បានចេញមុខរួចហើយដែរ។ នៅត្រូវការ ២ រូប ចេញពីសភា ត្រូវសភាបោះឆ្នោត។ ម្សិលមិញនេះ ដូចជាគណៈអចិន្ត្រៃយ៍សភាបានប្រជុំរៀបចំបញ្ហានេះ ហើយដាក់ពាក្យសម្រាប់ការបោះឆ្នោត។ បន្ទាប់ទៅ ព្រឹទ្ធសភានឹងកោះប្រជុំ ក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រ ហ្នឹងគឺព្រឹទ្ធសភាថ្មីដំណើរការរបស់យើង។ ឥឡូវនៅបន្តអាណត្តិ បន្តដំណើរការព្រឹទ្ធសភាចាស់នៅឡើយ។ បន្ទាប់ពីនោះ ការបោះឆ្នោត ដែលបានប្រកាសកាលបរិច្ឆេទរួចហើយ ដោយនាយករដ្ឋមន្ត្រី ថ្ងៃ ២៩ ខែកក្កដា ២០១៨ គ្មានការផ្លាស់ប្តូរទេ។
សូមប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិបញ្ចេញមតិ ដោយទៅបោះឆ្នោត
… ខ្ញុំគួរតែបញ្ជាក់បន្តិច អ្នកដែលឃោសនាកុំឲ្យប្រជាជនទៅបោះឆ្នោត។ ខ្ញុំគួរតែប្រាប់បន្ថែម ថាអ្នកកំពុងដើរលើផ្លូវខុសហើយ។ បើនិយាយពីនយោបាយក៏ខុស យុទ្ធសាស្ត្រក៏ខុស ហើយផ្លូវច្បាប់ក៏កាន់តែខុសទៀត ព្រោះអ្នកឯងរារាំងសិទ្ធិបោះឆ្នោត។ ប៉ុន្តែការទៅបោះឆ្នោត ឬមិនទៅបោះឆ្នោត វាជាសិទ្ធិមួយទៀត ព្រោះគេប្រើសិទ្ធិថាគេនឹងបោះ ហើយបោះឲ្យអ្នកណាគឺជាសិទ្ធិរបស់គេមួយទៀត។ ប៉ុន្តែ មិនទៅបោះឆ្នោត វាជាសិទ្ធិដែរ អញមិនចង់បោះ អញខ្ជិលទៅបោះ អញដេកផ្ទះ អាហ្នឹងក៏វាជាសិទ្ធិដែរ អត់មានអ្នកណា ចាប់ដាក់គុកទេ។ ប៉ុន្តែ ហេតុអីបានខ្ញុំថាគេខុសខាងយុទ្ធសាស្ត្រ។ ឥឡូវបើសិនជាថា អ្នកណាស្តាប់ការអំពាវនាវ មេបក្សដែលអំពាវនាវកុំឲ្យមនុស្សទៅបោះឆ្នោតនោះ បានសេចក្តីថាអ្នកបោះឆ្នោតទាំងប៉ុន្មានបោះឲ្យ ហ៊ុន សែន។ វាមិនស្រួល។ ជួយគិតមើល។ ចាំបាច់ខ្វល់សន្លឹកឆ្នោត បើគង់បោះប្រឆាំងដដែល មិនបាច់ទៅតែម្តង។ ហ្នឹងបើនិយាយពីយុទ្ធសាស្ត្រ ខុសធ្ងន់ណាស់។ ធ្វើនយោបាយអញ្ចឹងៗ ចង់លេងជាមួយ ហ៊ុន សែន ម៉េចកើត។ ហេតុអីបានខ្ញុំនិយាយ? ខ្ញុំចង់ឲ្យប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការបញ្ចេញមតិ ៥ ឆ្នាំម្តង … នេះជាដំណើរការធម្មតានៃលទ្ធិប្រជាធិបតេយ្យ។ បើអ្នកហ្នឹងទៅបោះឆ្នោត ក៏គង់តែមិនបោះឲ្យខ្ញុំដែរ គួរតែកុំទៅបោះ។ ប៉ុន្តែខ្ញុំមិនចង់អញ្ចឹងទេ ក្នុងឋានៈយើងជាមេដឹកនាំប្រទេស យើងចង់ឲ្យប្រជាពលរដ្ឋចេះប្រើប្រាស់សិទ្ធិ បើគាត់មិនបោះឲ្យយើង គាត់បោះឲ្យបក្សដទៃណាដែលគាត់ពេញចិត្ត។ គាត់បោះទៅ យើងចង់ទៅអញ្ចឹង។ ប៉ុន្តែបែរជា(ប្រាប់)គាត់ពហិកាកុំបោះ។ សួរទៅ អូស្រ្តាលីមានពេលខ្លះប្រជាជនប៉ុន្មានភាគរយទៅបោះ? បោះទាំងអស់? បើមិនទៅ គេផាក? បើអញ្ចឹងខ្ញុំយល់ពីអូស្ត្រាលីមិនទាន់អស់។ ចាត់ទុកថា ថ្ងៃនេះខ្ញុំបានរៀនសូត្រមួយទៀត។
គ្មានស្តង់ដាអន្តរជាតិក្នុងវិស័យនយោបាយទេ
… យើងគួរតែនិយាយអញ្ចេះ ត្រង់ណាទៅស្តង់ដាអន្តរជាតិ ដែលហៅថា International Standard នៅកន្លែងណា? បើប្រទេសអូស្ត្រាលី អ្នកណាមិនទៅបោះឆ្នោត គឺត្រូវផាក។ ប្រទេសអាមេរិក អ្នកណាចង់ទៅបោះ ក៏ទៅទៅ មិនចង់ទេ ក៏ហីទៅ។ ប្រទេសបារាំងក៏ដូចគ្នា។ អញ្ចឹងទេ ដែលហៅថា ស្តង់ដាអន្តរជាតិក្នុងនយោបាយអត់មានទេ។ ស្តង់ដាអន្តរជាតិមានតែក្នុងវិស័យកីឡាតែមួយគត់។ មើលចុះ បាល់ទាត់គេមានរបៀបលេងរបៀបយ៉ាងម៉េច អីយ៉ាងម៉េច បាល់ទះយ៉ាងម៉េច កូនហ្គោលយ៉ាងម៉េច ស្អីយ៉ាងម៉េច។ ឯក្នុងវិស័យនយោបាយគឺអត់មានទេ។ ប្រទេសខ្លះ ដូចជានៅបារាំងចុងក្រោយបោះឆ្នោតប្រធានាធិបតីបានប៉ុន្មានភាគរយ? អ្នកចូលរួមបោះឆ្នោតក្រោម ៥០% ហើយក្រោម ៥០% ត្រូវចែកជាពីរទៀត … អាមេរិកបោះឆ្នោតតែមួយជុំទេ អ្នកណាឈ្នះសំលេងភាគច្រើន ឈ្នះតែមួយសន្លឹក ធ្វើប្រធានាធិបតីហើយ ប៉ុន្តែអាមេរិកមាន system ខុសគ្នាទៀត ហ៊ីឡារី គ្លីនតុន សន្លឹកឆ្នោតច្រើនជាង ដូណាល់ ត្រាំម៍ ប៉ុន្តែប្រព័ន្ធរបស់វាផ្សេងតាមរដ្ឋនីមួយៗ។ ឯនៅប្រទេសបារាំង បេក្ខជនឈរឈ្មោះ បើអ្នកណាជុំទីមួយបោះមិនបានលើ ៥០% គឺអត់បានការទេ។ ត្រូវបោះលើកទីពីរ ត្រូវយកមនុស្សទាំងពីរនាក់ ទីមួយ និងទីពីរ យកទៅបោះ។ អញ្ចឹងយើងគិតមើល បើទៅបោះ ៥០% សន្លឹកឆ្នោតមួយបាន ៥០% មួយទៀតបាន ៤៨% អញ្ចឹងចែកទៅ។ កាន់អំណាចពិតប្រាកដ គឺមានតែ ២០ ប្លាយភាគរយទេ ធ្វើប្រធានាធិបតីបារាំងបាន។
នៅកម្ពុជាអត់អញ្ចឹងទេ។ អាហ្នឹងខ្ញុំនិយាយពីការបោះប្រធានាធិបតី។ កម្ពុជាយើងបោះសភាសិន ដូចនៅអូស្ត្រាលី បោះនៅសភាជាប់បានរើសរដ្ឋាភិបាល គឺសភាអ្នកបង្កើតរដ្ឋាភិបាល។ អញ្ចឹងទេ ខ្ញុំរៀនសូត្របានមួយថ្ងៃនេះ ប៉ុន្តែច្បាប់នេះមិនគួរដាក់លើប្រជាជនកម្ពុជាទេ។ កុំរៀនតាមអូស្រ្តាលី។ កន្លែងណាល្អយើងរៀន កន្លែងណាមិនល្អយើងកុំរៀន។ ទុកសិទ្ធិឲ្យពលរដ្ឋគេប្រើសិទ្ធិរបស់គេ។ ចង់ទៅបោះក៏ទៅ ចង់មិនទៅបោះក៏មិនទៅ។ បើយើងដាក់ច្បាប់ថា ត្រូវតែទៅបោះ អញ្ចឹងត្រូវសែងទៅបោះ។ សភាពការណ៍នៅស្រុកខ្មែរ សភាពការណ៍នយោបាយមានតែប៉ុណ្ណឹង ហើយពីនេះទៅដល់ការបោះឆ្នោត គឺបន្តិចទៀតចូលឆ្នាំខ្មែរ តែប៉ុណ្ណឹង ហើយចូលឆ្នាំខ្មែរធ្វើអី? រាំវង់ វាអញ្ចឹង។
មុងតាញ៉ាមិនមែនជនជាតិភាគតិចកម្ពុជា
… ខ្ញុំគួរតែនិយាយរឿងមួយ រឿងនេះគួរឲ្យភ័យខ្លាចខ្លាំងណាស់ បើសិនកម្ពុជាយើងមានស្ថានភាពបែបនេះ។ រឿងថ្មីមួយដែលទើបនឹងធ្លាយទាក់ទងនឹងការចុះហត្ថលេខាកាត់ខេត្ត ៤ ឲ្យស្វយ័ត។ នេះជាវីដេអូឃ្លីប (សម្តេចចាក់វីដេអូ)។ ខ្ញុំគួរតែបកស្រាយរឿងនេះបន្តិច។ ពេលដែលនិយាយដល់ជនជាតិដើមភាគតិច តើអ្នកទាំងអស់គ្នាស្គាល់ពួកដេហ្គា ឬពួកម៉ុងតាញ៉ាទេ នៅស្រុកខ្មែរទេ? តើនេះជាជនជាតិដើមរបស់យើង ឬយ៉ាងណា? នេះជាចំណុចដែលយើងត្រូវឃើញ។ គេឲ្យមានសិទ្ធិក្នុងការគ្រប់គ្រងជាមួយនឹងខេត្ត ៤ នេះ។ កុំភ្លេចថា នៅពេលចុះហត្ថលេខា គេប្រើទង់ជាតិថ្មី ទង់ជាតិខ្មែរមួយ ទង់ជាតិអាមេរិកាំងមួយ និងទង់ជាតិរបស់ពួកដេហ្គាមួយទៀត។មានន័យថាម៉េច? យើងនឹងត្រូវបាត់បង់ ៤ ខេត្ត ហើយខេត្តនោះនឹងត្រូវភ្ជាប់ជាមួយនឹងខេត្តនៃរដ្ឋដេហ្គានេះ។ មិនទាន់បានកាន់អំណាចផង គេហ៊ានធ្វើដល់ម្លឹងទៅហើយ។ ដល់វាភ័យពេក ចាប់ផ្តើមបាត់ម្ចាស់ការ គេហៅគ្នាមកប្រជុំ ដល់ហៅគ្នាមកប្រជុំ គេថាចុះហត្ថលេខាហ្នឹងត្រឹមត្រូវហើយ មើលសំបុត្រ អត្តសញ្ញាណបណ្ណមាន របស់ លន់ នល់ មានបណ្ណបើកបររបស់ លន់ នល់។ ស្រាប់តែឲ្យ កុក ស និយាយបកស្រាយ កុក ស និយាយអង់គ្លេស អត់ចេះខ្មែរមួយម៉ាត់។ ប៉ុន្តែ បើយើងជាខ្មែរដូចគ្នាចាំបាច់ទៅចុះហត្ថលេខា ហើយចាំបាច់អី មានទង់ជាតិដោយឡែក។
កម្ពុជាប្រឆាំងអបគមន៍ មើលក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន។ យើងគោរពជនជាតិដើមភាគតិចរបស់យើង ដែលមាន ចារាយ កាចក់ ស្ទៀង ទំពួន មានភ្នង តែយើងមិនដែលមានមុងតាញ៉ាទេ យើងមិនដែលមានដេហ្គាទេ ម៉ុងតាញ៉ារត់ចូលមកប្រទេសយើង។ អ្នកណាសម្ភាសន៍ជាប់ទៅប្រទេសទី ៣ ក៏ទៅៗ អ្នកណាដែលមិនជាប់ទៅប្រទេសទី ៣ យើងបញ្ជូនទៅវៀតណាមវិញ។ នេះជាជនជាតិភាគតិចរបស់វៀតណាមតើ។ ហេតុអីបានឲ្យអ្នកនេះមកនៅ យកខេត្ត ៤ របស់យើង។ តើអ្នកធ្វើអ្វីពិតប្រាកដ? អ្នកមើលឡើងវិញក្រោយខ្នងរបស់អ្នក ពេលដែលចុះហត្ថលេខា អ្នកនិយាយពីសិទ្ធិជនជាតិដើមភាគតិច។ ខ្ញុំយល់ណាស់។ ខ្ញុំក៏កំពុងអនុវត្តនូវសិទ្ធិនេះដូចគ្នា ប៉ុន្តែអ្នកត្រូវយល់ថា ម៉ុងតាញ៉ា ដែលអ្នកក៏បានប្រើពាក្យម៉ុងតាញ៉ាដែរ នេះមិនមែនជាជនជាតិកម្ពុជាទេ គឺជាជនជាតិភាគតិចក្នុងប្រទេសវៀតណាម។ អញ្ចឹងអ្នកឲ្យ ៤ ខេត្ត មិនខុសពីឲ្យ ៤ ខេត្ត ទៅវៀតណាមទេ។
នេះគឺជារឿងចម្លែក។ អំពើប៉ុណ្ណឹងហើយអ្នកឯងនិយាយអ្វីទៀត? អ្នកឯងចេញមកទទួលស្គាល់។ អ្នកឯងមើលខាងក្រោយខ្នងរបស់អ្នកឯង បើគេជាជនជាតិដើមភាគតិចរបស់ខ្មែរ ចាំបាច់មានទង់ជាតិដោយឡែកធ្វើអី? ក្រោយខ្នងរបស់អ្នកឯង មានទង់ជាតិ ៣ មែនទេ? ទង់ជាតិ ៣ វានៅពីក្រោយខ្នងអញ្ចឹង ធ្វើម៉េចវា។ និយាយថាម៉េចអាហ្នឹង? រដ្ឋធម្មនុញ្ញយើងប្រឆាំងអបគមន៍ មិនឲ្យមានតំបន់អបគមន៍ទេ ប៉ុន្តែ ត្រូវគោរពជនជាតិដើមភាគតិច តាមតម្រូវការរបស់បងប្អូនជនជាតិភាគតិច ទំនៀមទម្លាប់របស់គេ។ យើងប្រឹងណាស់សព្វថ្ងៃនេះ។ តែម៉ុងតាញ៉ាមិនមែនជានជាតិដើមភាគតិចរបស់កម្ពុជាទេ ហើយរឿងនេះខ្ញុំសង្ឃឹមថា នឹងមិនមានបញ្ហានិយាយនៅក្នុងពេលប្រជុំនេះទេ។ រ៉ូហ៊ីងយ៉ា នៅឯមីយ៉ាន់ម៉ា ទៅបង់ក្លាដែស បង់ក្លាដែសថា មិនមែនជនជាតិខ្លួន នៅមីយ៉ាន់ម៉ា មីយ៉ាន់ម៉ាថាមិនមែនជនជាតិខ្លួន។ ហេតុអី អ្នកឯងបានច្បាប់ពីណា មកទទួលស្គាល់មុងតាញ៉ាជាជនជាតិភាគតិចរបស់កម្ពុជា? អ្នកឯងបកស្រាយឲ្យច្បាស់មក។ សុំបងប្អូនកុំភ័ន្តច្រឡំជនជាតិដើមភាគតិចដែលមាននៅកម្ពុជា និងជនជាតិដើមភាគតិចដែលមាននៅក្នុងប្រទេសផ្សេង។ ជនជាតិដើមភាគតិចរបស់ម៉ុងតាញ៉ាដែលគេបង្កើតរដ្ឋដេហ្គានេះ គឺនៅក្នុងប្រទេសវៀតណាម។
ព្រំដែនកម្ពុជា-វៀតណាម
សុំកុំភ័ន្តច្រឡំលើរឿងនេះ។ ក្នុងពេលដែលមួយថ្ងៃៗចោទខ្ញុំពីរឿងកាត់ដីឲ្យវៀតណាម។ រឿងជាមួយថៃ មិនសូវមានទេ ជាមួយឡាវ មិនសូវមានទេ។ ចោទខ្ញុំមួយថ្ងៃៗ គឺចោទពីរឿងបញ្ហាកាត់ដីឲ្យវៀតណាម។ ប៉ុន្តែ អ្នកទាំងអស់គ្នាសួរមើល សួរសាច់ញាតិខ្លួនដែលកំពុងនៅតាមទល់ដែន វាច្បាស់លាស់ជាង ក្រែងលោថា ខ្ញុំនិយាយកុហក។ គេថា ជួនកាលកាត់មួយថ្ងៃមួយគីឡូ មួយថ្ងៃកន្លះគីឡូ មួយថ្ងៃ ១០០ ម៉ែត្រ មួយថ្ងៃ ២០០ ម៉ែត្រ។ ប៉ុន្តែ ឥឡូវសូមឲ្យបងប្អូនទាញ calculator នៅក្នុងទូរស័ព្ទ គុណមើលទៅ យើងគិតអញ្ចេះ ខ្លះគេថាមួយថ្ងៃមួយគីឡូៗ មួយថ្ងៃ ១០០ ម៉ែត្រ មួយថ្ងៃ ២០០ ម៉ែត្រ មួយថ្ងៃ ៥០០ ម៉ែត្រ ខ្ញុំគិតថា មួយថ្ងៃតែ ១០ ម៉ែត្រទៅចុះ ហើយគុណនឹង ៣៩ ឆ្នាំ អស់ប៉ុន្មានហើយ? ខ្ញុំថាមួយថ្ងៃរំកិល ឥឡូវថា ៥ ម៉ែត្រទៅចុះ អស់ប៉ុន្មានទៅ? ឥឡូវគុណនឹង ៥ ម៉ែត្រទៅចុះ មួយថ្ងៃ កុំថាដល់ទៅមួយគីឡូ ២ គីឡូ តែ ៥ ម៉ែត្រទៅចុះ អញ្ចឹង ៧១ គីឡូ បើ ៧១ គីឡូ មិនមែនបាត់ត្រឹមតាកែវទេ បាត់ភ្នំពេញ។ ភ្នំពេញគិតតាមការហោះត្រង់ រវាងភ្នំពេញទៅជ្រៃធំតែ ៤២ គីឡូទេ, ៤២ គីឡូបាត់ភ្នំពេញហើយ។ ប៉ុន្តែ ជ្រៃធំវានៅឯជ្រៃធំ។ ព្រែកប៊ីនយី យើងត្រូវធ្វើស្ពានជាមួយវៀតណាម។ ការពិតដើម្បីរក្សាតម្លៃជាតិរបស់ខ្លួន យើងចេញពាក់កណ្តាលម្នាក់ គួរតែវៀតណាមដែលមានសេដ្ឋកិច្ចគ្រាន់បើជាងយើងធ្វើទាំងអស់ ប៉ុន្តែ ហ៊ុន សែន ថ្លើមធំ ហ៊ានធ្វើ ចេញលុយពាក់កណ្តាលម្នាក់។ ដោយសារកិច្ចព្រមព្រៀងបានកំណត់ ពីដើមទន្លេ ឬព្រែក តែងតែដើរជួនកាល ដើរខាងវៀតណាម ជួនកាលដើរខាងកម្ពុជា ប៉ុន្តែ ជាទម្លាប់អន្តរជាតិ យើងចរចាជាមួយនឹងវៀតណាម ទម្លាក់ខ្សែព្រំដែនទាំងអស់ទៅក្នុងជ្រលងទឹកជ្រៅ ឬពាក់កណ្តាល។
ខ្ញុំទៅសម្ពោធស្ពានជាមួយនឹងនាយករដ្ឋមន្រ្តីវៀតណាម ខ្ញុំពិតជាមានការគោរព ចំពោះគណៈកម្មាធិការព្រំដែនកម្ពុជា និងមន្រ្តីបច្ចេកទេសរបស់កម្ពុជា បានសេចក្តីថា សូម្បីតែលើស្ពាន ត្រូវគូសបន្ទាត់ព្រំដែនត្រង់ណា? នៅលើស្ពាន ដោយសារខ្ញុំជាអ្នកផែនទីដែរ ខ្ញុំក៏សង្កេតឃើញ។ ហើយទៅដាក់ទៀត ខាងណេះកូនសិស្សខ្មែរ ដល់ចំកណ្តាលព្រំដែន ទៅដល់ខាងណោះកូនសិស្សវៀតណាម។ យើងធ្វើដល់ម្លឹង។ មួយតឹកមួយផឹងនៅកន្លែងហ្នឹង សូម្បីតែនៅលើស្ពាន ព្រោះអាជ្រលងទឹកជ្រៅ វានៅត្រង់ណាយតឹក មួយផឹងនៅ ទៅសម្ពោធស្ពានជា ែរ អាស៊ាន គេត្រូវចុះទៅមើលអាជ្រលងទឹកជ្រៅហ្នឹង ហើយជាពិសេសគឺយកអាចំកណ្តាល។
រឿងរ៉ាវអតីតកាលខ្ញុំអត់ដឹងទេ ហើយឲ្យខ្ញុំទៅយកយ៉ាងម៉េច? ខ្ញុំសុំនិយាយ គេថាខ្ញុំកាត់កោះត្រល់ទៅឲ្យវៀតណាម ប៉ុន្តែកោះត្រល់វាកើតមកពីអី? តាមគេនិទាន វាកើតពីចៅហ្វាយខេត្តកំពតពុលរលក ទៅទារពន្ធនៅកោះត្រល់វាមិនកើត។ អញ្ចឹងបានលោកប្រេវីយេ ទៅគូសអាខ្សែមួយគេហៅថាខ្សែប្រេវីយេ។ ប៉ុន្តែ កាលពីពេលហ្នឹង អាកន្លែងហ្នឹងគឺជាតំបន់គេហៅថា កូសាំងស៊ីន ប៉ុន្តែ កូសាំងស៊ីន ពីដើមវាស្ថិតនៅក្នុងការគ្រប់គ្រងមួយរបស់បារាំងដែលវាមានខ្មែរក្រោមយើង កម្ពុជាក្រោមយើងក៏នៅហ្នឹង វៀតណាមក៏នៅហ្នឹងហើយនៅតាំងពីដំណាក់កាលណាមក អាហ្នឹងគឺបងប្អូនដឹងហើយគឺព្រះបាទជ័យជេដ្ឋាទី ២។ សភាបារាំងប្រជុំ តាំងពីឆ្នាំ ១៩៤៩ ដើម្បីកាត់ចុងក្រោយប្រគល់កូសាំងស៊ីនទៅឲ្យវៀតណាម។ ខ្មែរយើងទៅបោះឆ្នោតអនុបវាទទេ។ តើខ្មែរយើងមានបាន reserve ទុកទេ? ដើម្បីទុកឲ្យយើងតថ្លៃតវ៉ា។ មិនត្រឹមតែមិនបាន reserve ទេ បោះឆ្នោតអនុបវាទលើបញ្ហាដីខ្លួនឯង។ អញ្ចឹង បានជាពេលឆ្លើយនៅក្នុងសភា ឆ្នាំ ២០១២ ខ្ញុំបានស្នើសុំការខន្តីអភ័យទោសពីព្រះអង្គម្ចាស់ប៉េងប៉ោះ ដែលថាព្រះអង្គបើសិនទូលបង្គំវិញ ទូលបង្គំបោះប្រឆាំង មិនមែនបោះអនុបវាទទេ។ ចុះបើខ្ញុំមិនទាន់កើតផង ម៉េចក៏បានមកបន្ទោសខ្ញុំ។
បញ្ហាព្រំដែនរបស់យើង ត្រូវបានព្រះករុណាព្រះអង្គយកផែនទីទៅតម្កល់នៅអង្គការសហប្រជាជាតិ ទាំងទឹក ទាំងគោក។ អាទឹក គឺយើងសុំតែមួយលីញប្រេវីយេ។ យកតែប៉ុណ្ណឹង។ ឥឡូវ យើងទារយកប្រេវីយេដដែល មានអីខុស។ ប៉ុន្តែ វៀតណាមមិនត្រឹមតែមិនផ្តល់នូវការឯកភាពទេ គេសុំសមចម្ងាយ (equidistant)។ អញ្ចឹងបានជា ព្រំដែនទឹកអត់ទាន់មានលទ្ធភាពចរចា។ មូលហេតុនោះហើយបានជាកើតឡើងនូវតំបន់ទឹកប្រវត្តិសាស្រ្ត ដោយខ្ញុំចង់កំណត់នូវអធិបតេយ្យខ្មែរលើកោះវ៉ៃ។ រឿងនេះ ខ្ញុំបាននិយាយយ៉ាងច្បាស់ ហើយនាំគ្នាយកចាក់មើលឡើងវិញ នូវអ្វីដែលខ្ញុំបាននិយាយនៅក្នុងសភា។ មូលហេតុវាមានដើមចមរបស់វា។ ឆ្នាំ ១៩៧៣ ធីវគី បានមកវាយយកកោះវ៉ៃ ដេញតាំងពីអាក្រុមហ៊ុន Elf របស់បារាំង ចេញបាត់អស់។ អ្នកណាទៅយកពេលហ្នឹង? វៀតណាមខាងត្បូង វាយយកកោះវ៉ៃខ្មែរ។ ពេលហ្នឹងអាមេរិកគាំទ្រ លន់ នល់ ផងគាំទ្រ ធីវគី ផង ប៉ុន្តែ ម៉េចក៏អាមេរិកមិនថាអីមួយម៉ាត់។ ដល់ក្រោយមក ក្នុងឋានៈខ្ញុំជារដ្ឋមន្រ្តីការបរទេស ទោះបីខ្ញុំក្មេងខ្ចី ក៏ប៉ុន្តែ ខ្ញុំយល់ដឹងអំពីបញ្ហាហ្នឹង។ យើងស្នើសុំចរចាជាមួយវៀតណាមលើបញ្ហាហ្នឹង កំណត់យកលីញប្រេវីយេ។ វៀតណាមគេមិនឯកភាព។ បើអញ្ចឹងត្រូវធ្វើយ៉ាងម៉េច? គោលដៅធំបំផុតរបស់ខ្ញុំកំណត់អធិបតេយ្យខ្មែរយើងលើកោះវ៉ៃឲ្យខានតែបាន ព្រោះដោយសា ធីវគី វាធ្លាប់យក វៀតណាមធ្លាប់យកហើយ។ អញ្ចឹងមានតែបង្កើតឡើងនូវតំបន់ទឹកប្រវត្តិសាស្រ្ត។ តំបន់ទឹកប្រវត្តិសាស្រ្ត គេក៏មិនទាន់មានសិទ្ធិ យើងក៏មិនទាន់មានសិទ្ធិនៅកន្លែងហ្នឹង។ អ្វីដែលសំខាន់គឺកោះវ៉ៃ ត្រូវបានកំណត់ជាកោះខ្មែរ ចាប់តាំងពីហ្នឹងមក កងទ័ពយើងបានឈរជើងនៅទីនោះ។
រឿងរ៉ាវហ្នឹង ខ្ញុំមិនគួរនិយាយទេ ក៏ប៉ុន្តែ គេបង្ខំឲ្យខ្ញុំនិយាយចេញមក។ កន្លងទៅ ដើម្បីឲ្យវាអស់ចិត្តទាំងអស់គ្នា យើងស្នើសុំផែនទីពីបារាំង ផែនទីដែលតម្កល់នៅអង្គការសហប្រជាជាតិ កន្លែងណាដែលគេមាន គឺយកផ្ទៀង ផែនទីរបស់ពួកមេបក្សប្រឆាំងបង្ហោះលេងៗ អួតថាឯងមានផែនទីត្រឹមត្រូវ ទីចុងបំផុតផែនទីដូចគ្នាសោះ ហើយវាមិនត្រឹមតែដូចគ្នាទេ វាបាត់ ២ ផ្ទាំងទៅទៀត។ វាអត់មានអា ២ ផ្ទាំង។ រួចវាចេះយកមកបោកកូនខ្មែរទៅរួច។ ឥឡូវមួយសុំទោសហើយ។ ខ្ញុំក៏ដោះលែងឲ្យទៅ។ តែមួយទៀតដំណើរការផ្លូវច្បាប់មិនទាន់ចប់ទេ សុទ្ធតែសុំទោសហើយ។ ទទួលស្គាល់ថា បានខុសលើបញ្ហាព្រំដែនវៀតណាម។ ជើងប្រឆាំងខ្លាំងខ្លះៗសុទ្ធតែទទួលសុំខុសទាំងអស់។ អោយខ្ញុំធ្វើម៉េច? បើខ្ញុំកើតឡើង ខ្ញុំការពារមរតកដែលដូនតាទុកឲ្យត្រឹម(ជំនាន់)ព្រះនរោត្តម សីហនុ តែប៉ុណ្ណឹងទេ។ ឲ្យខ្ញុំទៅយកកម្ពុជាក្រោម សូមអញ្ជើញទៅយកខ្លួនឯងទៅ ខ្ញុំមិនទៅទេ។ បងប្អូនខ្លះពិតជាមានដើមកំណើតនៅកម្ពុជាក្រោម។ ខ្ញុំអត់មានលទ្ធភាពទេ … ខ្មែរក្រហមចង់បានកម្ពុជាក្រោម មិនបានទាំងកម្ពុជាក្រោម បាត់ទាំងកម្ពុជាលើទៅទៀត។ រត់ធ្លាក់ទៅដីថៃ។ ហ្នឹងឲ្យវាដឹងខ្លួន។ ខ្ញុំធ្វើភារកិច្ចត្រឹមប៉ុណ្ណឹង។
ទស្សនកិច្ចបង្គោលព្រំដែនចុងក្រោយ ៣១៤ ដើម្បីរកភាពខុសគ្នាពីសម័យបារាំង
ឥឡូវ សរសេរសំបុត្រទៅប្រធានាធិបតីបារាំង សុំឲ្យប្រធានាធិបតីបារាំងបញ្ជូនអ្នកឯកទេសផ្ទេរផែនទី ពីផែនទីបោនខ្នាត ១/១០០០០០ មកផែនទី UTM ខ្នាត ១/៥០០០០។ ប្រធានាធិបតីបារាំងឯកភាពហើយ។ ហ្នឹងជាមួយនាយករដ្ឋមន្ដ្រីវៀតណាម ជាមួយនាយករដ្ឋមន្រ្ដីឡាវ ក៏បានទទួលការឯកភាពពីបារាំងហើយដែរ ឲ្យគេមកជួយផ្ទេរផែនទី ព្រោះយើងប្រើផែនទីខ្នាត ១/១០០០០០ ផែនទីបោន ផែនទីវាធំណាស់ ខុសត្រូវតែមួយចុងប៊ិច វាស្មើ នឹង ៥០ ម៉ែត្រ ទៅ ១០០ ម៉ែត្រ ឯណោះ។ អញ្ចឹង យើងត្រូវការឲ្យគេមកជួយផ្ទេរចុះមកប្រើផែនទី UTM ដែលមាននិយាមការរបស់វាត្រឹមត្រូវ ហើយងាយក្នុងការបោះបង្គោល។ យើងត្រូវធ្វើឲ្យម៉ត់ចត់។ មានបញ្ហាខ្លះចោទឡើង។ បង្គោលខ្លះដែលបោះតាំងពីសម័យបារាំង បោះខុសកន្លែង យើងទាមទារអោយមានការបោះអោយត្រូវ។ ដូចជាបង្គោលចុងក្រោយ ខ្ញុំនិយាយឲ្យច្បាស់ បង្គោល ៣១៤ នៅកំពត បោះខុស ៩៣ ម៉ែត្រ។ យើងអត់និយាយថា យើងចំណេញ យើងខាតទេ ព្រោះបើយើងចំណេញមានតែវៀតណាមខាត បើវៀតណាមចំណេញមានតែយើងខាត។ ប៉ុន្ដែអ្វីដែលយើងចង់បាន គឺត្រឹមត្រូវតែប៉ុណ្ណឹងទេ។ សូមកុំភ្លេចទៅទស្សនកិច្ចបង្គោលចុងក្រោយ ៣១៤ រវាងបង្គោលចាស់បោះពីសម័យបារាំង និងបង្គោលថ្មីដែលបោះនៅឆ្នាំ ២០០៧។ ទៅមើលទៅ។ ទៅមើលខ្លួនឯង។ បារាំងខ្ជិល។ ព្រោះអញ្ចេះបង្គោលថ្មីដែលយើងបោះត្រូវចាក់ដីចូលក្នុងសមុទ្រ ទើបបោះបង្គោលបាន។ អញ្ចឹងពេលនោះ បារាំងបោះអាលើគោក ខាតយើងអស់ ៩៣ ម៉ែត្រ ហើយ ៩៣ ម៉ែត្រទាញចូលមកក្នុងវាយ៉ាងម៉េច …។
… ធ្វើប៉ុណ្ណឹងហើយបែរជាជេរលក់ដីឲ្យគេ។ ឥឡូវ គេលក់ ៤ ខេត្តនេះ ហើយលក់ៗមិនចេះតូច ៤ ខេត្ត។ មានអ្នកក្រចេះទេ? ស្គាល់ ម៉ុងតាញ៉ា ទេ? មានអ្នករតនគិរីទេ? មានអ្នកស្ទឹងត្រែងទេ? បើសិនជាជនជាតិដើមរបស់យើង មិនចាំបាច់ប្រើទង់ជាតិផ្សេងទេ។ យើងប្រើទង់ជាតិកម្ពុជាទៅ។ ទាមទារពីរដ្ឋាភិបាល ហ៊ុន សែន ប៉ុន្តែរដ្ឋាភិបាល ហ៊ុន សែន បានផ្ដល់អស់ហើយ។ អីណាកន្លែងដីអារក្ស ហើយមិនមែនជារឿងងាយដោះទេណា។ ឥឡូវ យើងផ្ដល់កម្មសិទ្ធិដីសហគមន៍ ហើយដីសហគមន៍របស់គាត់ គាត់ថាក្របីដើរដល់ណាដីដល់ហ្នឹង។ រឿងអស់អញ្ចឹងៗ ត្រូវការពន្យល់ប្រជាពលរដ្ឋយើងឲ្យយល់កម្រិតប៉ុណ្ណា។ ដីកន្លែងកប់ខ្មោចនៅត្រង់ណា ដីអារក្សនៅត្រឹមណា ដីសម្រាប់បន់ស្រន់សម្រាប់កាត់កក្របីបូជានៅណាអីត្រង់ណា។ យើងប្រឹងប្រែងធ្វើអស់ប៉ុណ្ណឹងហើយ ប៉ុន្តែបងប្អូនជនជាតិភាគតិចរបស់យើង មិនមែនស្លៀកប៉ឹងដូចពេលមុនទេណា ឥឡូវឡាន និងម៉ូតូ សឹងគ្រប់ផ្ទះកុំសូវពេក។ ផ្លូវទៅខាងហ្នឹងសុទ្ធតែកៅស៊ូខ្វាត់ខ្វែងពេញទឹកពេញដីនៅខាងហ្នឹង។
ទិដ្ឋភាពសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន
… ខ្ញុំគួរតែនិយាយពីរឿងសេដ្ឋកិច្ច។ ពិតហើយថាយើងលំបាកតែខ្ញុំគួរតែគូសបញ្ជាក់ថា បើយើងប្រៀបធៀបពីដំណាក់កាលដែលយើងចេញដំណើរដំបូង ខុសគ្នាឆ្ងាយណាស់។ សូម្បីតែនៅឆ្នាំ ១៩៦៩ ពេលនោះជាសម័យរង្គរឿងរបស់យើងមែន តែចំណូលរបស់មនុស្សម្នាក់ៗមានត្រឹមតែ ២៦៩ ដុល្លារតែប៉ុណ្ណោះ។ ប៉ុន្ដែ សម័យនោះចាត់ទុកថា ល្អណាស់ហើយ។ កូរ៉េខាងត្បូងមនុស្សម្នាក់ៗកាលពីពេលនោះត្រឹមតែ ៧៤ ដុល្លាទេ ឯកម្ពុជាយើងដល់ទៅ ២៦៩ ដុល្លារ។ តែឥឡូវនេះ កូរ៉េខាងត្បូងឡើងដល់ ៥០ ០០០ ដុល្លារ ក្នុងម្នាក់ កម្ពុជាយើងទោះបីថាបានកើន តែបានត្រឹមតែ ១ ៥០០ តែប៉ុណ្ណោះ។ ប៉ុន្តែ ទោះបី ១៥០០ ដុល្លា ក៏វាគ្រាន់បើជាងកាលពីពេលដែលយើងចាប់ផ្តើមប្រហែលខ្ទង់យ៉ាងច្រើនមិនដល់ ២០ ដុល្លារ មើលទៅ។ … នៅឆ្នាំ ២០០៤ GDP របស់ប្រជាជនកម្ពុជាម្នាក់ៗបានតែត្រឹម ៤០០ ដុល្លាទេ តែឥឡូវយើងលោតផ្លោះមកដល់ចំណូលមធ្យមកម្រិតទាប ហើយយើងប្រឹងប្រែងធ្វើយ៉ាងម៉េច សម្រេចគោលដៅឲ្យក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ អញ្ចឹងត្រូវធ្វើម៉េចឲ្យកំណើនសេដ្ឋកិច្ចកំណើនឲ្យបានជុំវិញ ៧% ក្នុងមួយឆ្នាំ។ នេះជាការខិតខំ។ ពួកខ្លះគេនិយាយថា កម្ពុជាបើអត់មានជំនួយ អត់មានលុយបើកប្រាក់ខែ។ ខ្ញុំសូមបញ្ជាក់ ខ្ញុំធ្វើនាយករដ្ឋមន្ដ្រី ៣៣ ឆ្នាំហើយ បូកនឹងធ្វើឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស ខ្ញុំធ្វើជិត ៣៦ ឆ្នាំជាង មិនដែលអ្នកណាឲ្យប្រាក់យើងយកបើកប្រាក់ខែទេ។ អ្នកទាំងអស់គ្នាធ្លាប់ស្គាល់កម្ពុជាហើយតើ ព្រោះជាជនជាតិកម្ពុជា ហើយទៅមក មានអ្នកណាហាមឃាត់ ដែលមិនឲ្យយើងទៅស្រុក។
សព្វថ្ងៃឈឺក្បាលជាងគេ គឺគ្រោះថ្នាក់ចរាចរណ៍ មួយថ្ងៃទាំងស្លាប់ និងរបួសមិនតិចជាង ១០ នាក់ ស្លាប់ច្រើនសង្គ្រាម មូលហេតុអី? មកពីម៉ូតូ និងឡានច្រើនពេក។ អញ្ចឹង ខ្ញុំខុសទាំងអស់ បើទុកឲ្យដើរ វាអត់មានអ្នកណាងាប់ទេ។ ដើរបុកគ្នា ក៏អត់ងាប់ទេ តែបើធ្វើដូច្នេះ គេថាយើងដឹកនាំវាមិនកើត។ ដល់តែឲ្យមានបាន គ្រាន់តែម៉ូតូ ៣ លានកន្លះ ឡាន ១ លានជាង។ គ្រាន់តែនៅភ្នំពេញ ម៉ូតូជាង ១ លានគ្រឿង ឡានជិតកន្លះលានគ្រឿង បើហ៊ានចេញតែមួយវឹបទាំងអស់ ជាប់ទាំងអស់ហើយ។ ចុះដើរ បើម៉ូតូតូចៗល្មមៗប្រហែលជាសែង។ ថ្ងៃចូលឆ្នាំ សកលឆ្នាំនេះ គាំង ៣ ម៉ោង នៅពេលយប់។ ថ្ងៃឆ្លងឆ្នាំសកលរួចហើយ គាំង ៣ ម៉ោង នៅពេលយប់។ ប៉ុន្ដែយើងមិនទាន់ស្កប់ស្កល់ទេ ប្រជាពលរដ្ឋរបស់យើងនៅក្នុងអត្រានៃភាពក្រីក្រ។ ពីមុនយើងប៉ាន់ស្មាននៅឆ្នាំ ២០១៤ នៅ ១៣% ប៉ុន្ដែ ប៉ុន្មានឆ្នាំចុងក្រោយនេះយើងមិនទាន់បានធ្វើអង្កេតឡើងវិញទេ។ ឆ្នាំនេះត្រូវធ្វើអង្កេត ប៉ុន្ដែជាឆ្នាំបោះឆ្នោត លើកការធ្វើអង្កេតទៅឆ្នាំ ២០១៩។ យើងប៉ាន់ស្មានអត្រានៃភាពក្រីក្ររបស់យើងនៅប្រមាណជា ១០% ទន្ទឹមនឹងអត្រាភាពក្រីក្រ ១០% អ្នកដែលឆ្លងបន្ទាត់នៃភាពក្រីក្រហើយក៏មាននៅសេសសល់ នៅកៀកនឹងបន្ទាត់នៃភាពក្រីក្រ ត្រូវធ្វើយ៉ាងម៉េចទប់ស្កាត់កុំឲ្យធ្លាក់មកក្រោមបន្ទាត់នៃភាពក្រីក្រ។
ប្រាក់ខែកម្មករកម្ពុជាស្ថិតនៅលំដាប់ទី ៥ ក្នុងក្របខណ្ឌអាស៊ាន
ប្រាក់ចំណូលរបស់កម្មករកម្ពុជានៅពេលបច្ចុប្បន្ន បើនិយាយនៅក្របខណ្ឌអាស៊ាន យើងជាប្រទេសទី ៥ ដែលមានប្រាក់អប្បបរមាខ្ពស់។ យើងខ្ពស់ជាឡាវ មីយ៉ាន់ម៉ា វៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីនមួយទៀត។ វៀតណាម គាត់មានតំបន់ តំបន់ខ្លះបានតែ ១៣០ ដុល្លារ តំបន់ខ្លះបាន ១៧៥ តែបូកជាមធ្យមភាគមកគឺនៅទាបជាងយើង។ យើង ១៧០ កម្មករដែលបានទាបបំផុត បូកនឹងអត្ថប្រយោជន៍ដទៃទៀតបានជាង ២០០។ ឥឡូវ ទៅបណ្តើរៗហើយ ពីប្រទេសថៃត្រឡប់ទៅវិញ ដោយសារប្រាក់ខែយើងកៀកទៅថៃហើយ។ ប្រៀបធៀបជាមួយនឹងអូស្ដ្រាលីវាតិចតួចណាស់ ប៉ុន្ដែ អូស្ដ្រាលីគេឲ្យយើងសល់ប៉ុន្មានក្នុងមួយខែ ក្រៅពីស៊ីមួយគ្រប់ ប្រទេសដែលគេឲ្យប្រាក់ខែថ្លៃ ទំនិញក៏វាថ្លៃដែរ។ អញ្ចឹងបានជាអ្នកខ្លះចូលចិត្តធ្វើការនៅស្រុកខ្មែរណាស់ពួកបរទេស ព្រោះចំណូលប្រាក់ខែវាខ្ពស់ ចាយទៅវិញវាទាប វាសល់លុយច្រើន សល់លុយច្រើនចង់ទៅនៅស្រុកខ្មែរ។
កម្ពុជាមានសមត្ថភាពធ្វើស្ពានឆ្លងទន្លេដោយថវិកាជាតិ
តែយើងត្រូវប្រឹងកំណែទម្រង់ … យើងមិនធ្វើត្រឹមប៉ុណ្ណឹងស្កប់ស្កល់ទេ នៅមានរឿងច្រើន។ ចំណូលរបស់ជាតិមានការកើនឡើងគួរឲ្យមានមោទនភាព ដែលយើងមានអតិរេកថវិកាចរន្ត។ ខ្ញុំសូមប្រកាស កម្ពុជាបានសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានឆ្លងកាត់ទន្លេលើកដំបូង ដែលខ្ញុំសូមប្រកាសថាកម្ពុជាមានសមត្ថភាពធ្វើស្ពានឆ្លងកាត់ទន្លេដោយខ្លួនឯងហើយ។ មានអ្នកកោះប៉ែន កោះកំពង់ត្រុំទេម្តុំហ្នឹង? អ្នកកោះសូទិន? ធ្លាប់បានទៅឆ្លងស្ពានឬ ឃើញស្ពានហ្នឹងនៅ? ឥឡូវហ្នឹងប្រដឹសហ្នឹងពូឃើញដែរ ប៉ុន្ដែ ឥឡូវមិនបាច់(ឆ្លងប្រដឹស)ទេ គឺ ៧៧៩ ម៉ែត្រ ត្រង់ភ្លឹង ហើយទៅពេលយប់មានភ្លើងអមយ៉ាងសង្ហារ។ ជាការសាកល្បងធំមួយនៃសមត្ថភាពខ្មែរ កងវិស្វកម្មក្រសួងការពារជាតិ។ លុយជាតិយើងទាំងអស់ សិក្សាដោយជាតិយើងទាំងអស់ បាតដៃខ្មែរទាំងអស់។ យើងអាចធ្វើបានប៉ុណ្ណឹង។ បើយើងផ្គុំទាំងក្រសួងសាធារណការ និងផ្នែកវិស្វកម្មដទៃទៀត យើងមានសមត្ថភាពធ្វើអាធុនណាក៏បានដែរ។ ឥឡូវ ទន្ទឹមនឹងយើងរកជំនួយពីបរទេសធ្វើស្ពានឆ្លងកាត់ទន្លេ ខ្ញុំនឹងប្រឹងប្រែងឲ្យបន្តការខិតខំប្រឹងប្រែងសន្សំប្រាក់ធ្វើស្ពានឲ្យកាន់តែច្រើន។ បើអត់អាហ្នឹងទេ ប្រជាពលរដ្ឋរបស់យើងនៅតែឆ្លងទូកដរ សាឡាង។ បានសាឡាងវាគ្រាន់បន្ដិច ទូកដរទើបជាគ្រោះថ្នាក់ ហើយការដឹកជញ្ជូន ការឆ្លងកាត់ការលំបាករបស់ប្រជាពលរដ្ឋត្រូវបានកាត់បន្ថយតាមរយៈការរៀបចំផ្លូវស្ពាន។
ការបណ្ដុះបណ្ដាលធនធានមនុស្សដើម្បីកាត់បន្ថយគម្លាតខួរក្បាល
អាទិភាព ៤ យ៉ាងរបស់ខ្ញុំនៅតែត្រូវ។ ទឹក ផ្លូវ ភ្លើង មនុស្ស ប៉ុន្ដែ ឥឡូវ ខ្ញុំបង្វិលវិញ មនុស្ស ជាទី១ បានសេចក្ដីថា វិនិយាគទៅលើអប់រំសិក្សាធិការ។ សាលាដើរដល់ផ្ទះហើយ ពីដើមជំនាន់ខ្ញុំ បែកឪពុកម្ដាយតាំងពីអាយុ ១៣ ឆ្នាំ ដោយសារអត់មានសាលា។ តែឥលូវអត់ទេ គោលដៅឃុំមួយអនុវិទ្យាល័យមួយយ៉ាងតិច។ ពីដើមមួយស្រុកមានអនុវិទ្យាល័យតែមួយទេ ប៉ុន្ដែឥឡូវអត់ទេ មួយឃុំ អនុវិទ្យាល័យមួយយ៉ាងតិច។ ពីដើមខេត្តកំពង់ចាមជាខេត្ត ដែលសំណាងជាងគេ មានវិទ្យាល័យដល់ទៅ ២។ ឥលូវ វិទ្យាល័យមានរាប់សិប។ អញ្ចឹងទេ វិស័យអប់រំ ការបណ្ដុះបណ្ដាលធនធានមនុស្សត្រូវតែធ្វើ អាហ្នឹងហើយកាត់បន្ថយយគម្លាតខួរ កូនអ្នកមាន កូនអ្នកក្រ កើតឡើងស្រាតដូចគ្នា វាមិនដែលពាក់ចំណេះដឹងមកជាមួយទេ ពាក់ម្កុដមកជាមួយទេ អញ្ចឹងវិធីកាត់បន្ថយគម្លាតមុនគេ មានលទ្ធភាពនឹងធ្វើ គឺរុញការបណ្ដុះបណ្ដាលធនធានមនុស្ស។ ពីមុនគេមិនសូវចូលចិត្តធ្វើគ្រូបង្រៀនទេ ដោយសារគ្រូប្រាក់ខែតិច ឥឡូវ គ្រូប្រាក់ខែច្រើនជាងគេបង្អស់ ដល់ប្រាក់ខែច្រើនវិស័យអប់រំរបស់យើង ក៏វាឡើងទៅតាមហ្នឹងដែរ។ ឥលូវសិស្សរបស់យើង ៣ លាន កន្លះ ជាមួយក្របខណ្ឌគ្រូបង្រៀន ១១ ម៉ឺននាក់។
ដោះស្រាយបញ្ហាទឹក ហេដ្ឋារចនាសម្ព័ន្ធ និងអគ្គិសនី អាទិភាព ទី ២ ទី ៣ និងទី ៤
បន្តទៅយើងនិយាយពីការដោះទឹក។ យើងដោះស្រាយបញ្ហាទឹកជូនប្រជាពលរដ្ឋស្រោចស្រព ជម្រុញវិស័យកសិកម្មរបស់យើង។ ដោះស្រាយទឹកស្អាតធ្វើម៉េចឲ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់។ ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធគមនាគមន៍ដឹកជញ្ជូន យើងធ្វើតាំងពីផ្លូវ ស្ពាន ព្រលានយន្តហោះ កំពង់ផែ ធ្វើវាទំនើបឡើង ដើម្បីទាក់ទាញវិនិយោគ ព្រោះយើងត្រូវការ។ យើងត្រូវដោះស្រាយអគ្គិសនី បើអត់អគ្គិសនីធ្វើអីក៏មិនចេញដែរ ទេសចរបច្ចុប្បន្ន មិនមែនទេសចរបក់ផ្លិតទេ។ ទេសចរប្រើម៉ាស៊ីនត្រជាក់។ ឆ្នាំកន្លងទៅ ៥ លាន ៦ សែន នាក់ ឆ្នាំនេះ គោលដៅដាក់ចេញ ទោះបីជាមហិច្ឆតាបន្តិច ក៏ប៉ុន្តែ អាចនឹងឈានទៅដល់ទិសដៅនោះ នឹងឈានទៅដល់ជិត ៦ លាន។ គ្រាន់តែចិនមួយ ចិនបានដើរលេខមួយទៅហើយ ១ លាន ២ សែននាក់។ ឆ្នាំទៅ គាត់តែ ៨០ ម៉ឺនទេ។ គាត់នៅលំដាប់ទី ២ តែឥឡូវគាត់ឡើងដល់ ១ លាន ២ សែន។ ឥឡូវ ជើងហោះហើរពីចិនចូលស្រុកខ្មែរ គឺសម្បូរណាស់។ ចិនមានលុយ។ ឥឡូវចិនមិនដូចចិនពីមុនទេ អ្នកណាក៏ចង់បានចិនទៅដែរ។ ឥឡូវបើក restaurant ចិនឲ្យច្រើន។ សូម្បីតែចៅរបស់ខ្ញុំ ក្រៅពីភាសាអង់គ្លេស និយាយភាសាចិន ព្រោះប្រជាជន ១ ៣៥០ លាននាក់ ខ្ញុំជួបប្រធានាធិបតី ២ មុននោះ ប្រធានាធិបតីមុនមួយ និងប្រធានាធិបតីបច្ចុប្បន្ន។ ខ្ញុំថា ខ្ញុំចង់បានទេសចរចិន ០,០១% គឺស្មើនឹង ១ លាន ៣ សែននាក់ ខ្ញុំនឹងដូរតួលេខនេះ ព្រោះឆ្នាំក្រោយនឹងឡើងលើស ១ លាន ៣ សែននាក់មិនខាន វាឡើងលើស។
កម្ពុជាមានតម្រូវការអគ្គិសនី ៣០០០ ទៅ ៤០០០ មេហ្គាវ៉ាត់
កម្ពុជាបច្ចុប្បន្នប្រើអគ្គិសនី ៣ ពាន់ ទៅ ៤ ពាន់មេហ្គាវ៉ាត់ទៅហើយ។ គ្រាន់តែភ្នំពេញមួយ គឺប្រើ ២ ពាន់មេហ្គាវ៉ាត់ ដែលពីសម័យមុន យើងប្រើតែ ៣០ មេហ្គាវ៉ាត់ ព្រោះឥឡូវ អគារមួយត្រូវផ្គត់ផ្គង់ឲ្យគេប៉ុន្មានទៅ ដើម្បីឲ្យគេលក់ដូរ។ អគារសព្វថ្ងៃនេះ ឡើងសុទ្ធតែប្រមាណ ៤០ ទៅ ៥០ ជាន់យតែផ្គត់ផ្គង់ឲ្យគេមិនគ្រប់ហ្នឹង ជណ្តើរយន្តដាច់ភ្លើងជាប់។ បន្តិចទៀត គិត ម៉េង នឹងកសាងកម្ពស់ ៦៥០ ម៉ែត្រ ស្មើនឹង ១៤៤ ជាន់ នឹងត្រូវកសាងនៅជាប់កាំបូឌីយ៉ាណា។ មួយកន្លែងៗ ត្រូវផ្គត់ផ្គង់អគ្គិសនីឲ្យគេច្រើនណាស់។ ប៉ុណ្ណឹងអត់ទាន់គ្រប់ទេ អាសេសាន ២ បញ្ចេញមកទើបបានតែ ១៥០ មេហ្គាវ៉ាត់ប៉ុណ្ណោះ។ ប៉ុណ្ណឹងហើយយើងនៅទិញភ្លើងពីបរទេសយកមកប្រើ ប៉ុន្តែ ខែវស្សាយើងអាចលក់ភ្លើងឲ្យបរទេសវិញបាន ប៉ុន្តែខែប្រាំង យើងត្រូវទិញ នាំចូលពីថៃផង នាំចូលពីវៀតណាមផង នាំចូលពីឡាវផង។ តែផ្គត់ផ្គង់ឲ្យគេមិនគ្រប់ អ្នកណាគេទៅវិនិយោគស្រុកយើង?
ឥឡូវឈានចូលដល់ដំណាក់កាលឧស្សាហូបនីយកម្ម
រឿងយើងត្រូវធ្វើច្រើនណាស់។ ឥឡូវ ឈានចូលដំណាក់កាលឧស្សាហកម្មរបស់យើង មិនមែនត្រឹមតែឧស្សាហកម្មកាត់ដេរទេ។ នយោបាយឧស្សាហកម្ម កំពុងតែជម្រុញទៅរកឧស្សាហកម្មបង្កើតតម្លៃបន្ថែម និងឧស្សាហកម្មគេហៅថា បែបសកល ដែលមានបច្ចេកវិទ្យាខ្ពស់។ ឥឡូវ អ្នកខ្លះអាចនៅក្នុងនាឡិកាដៃរបស់ខ្លួន ឬនៅក្នុងម៉ាស៊ីនថតរបស់ខ្លួន ទូរស័ព្ទរបស់ខ្លួន មានរបស់ខ្លះផលិតនៅកម្ពុជា។ តើវាជាអី? ម៉ូទ័រ។ ម៉ូទ័រហ្នឹងក្នុងស្អីក៏ត្រូវការប្រើដែរ ក្នុងនាឡិកាដៃក៏ប្រើ ក្នុងម៉ាស៊ីនថត ទូរស័ព្ទស្អីៗ សុទ្ធតែប្រើម៉ូទ័រទាំងអស់ ដែលផលិតនៅកម្ពុជា។ ពីមុន ខ្ញុំស្មានតែម៉ូទ័របូមទឹក ហើយអាហ្នឹងគឺប្រើរូបមន្តគេហៅថា One Plus។ One Plus ហ្នឹងស្អី? អារោងចក្រធំវានៅថៃ ហើយវាមកពង្រីកស្នាក់ការនៅឯកម្ពុជា។ ប៉ុន្តែ ឥឡូវ អា One Plusវាទៅជាផ្ទុយ ពីមុន ថៃបូកកម្ពុជា ឥឡូវវាទៅជាកម្ពុជាបូកថៃ ដោយសារតែអាទំហំវិនិយោគហ្នឹងគឺនៅកម្ពុជាគឺធំជាងនៅថៃ។ អញ្ចឹងវាទៅជា One Plus ចេញពីកម្ពុជាទៅវិញ។ ប៉ុន្តែ និយាយអញ្ចឹង យើងមិនមែនដណ្តើមអ្នកវិនិយោគពីគេមកយើងទេ ប៉ុន្តែ យើងទាញគេមកត្រង់តែម្តង ឲ្យគេរើរោងចក្រ គេមិនរើទេ គឺគេពង្រីកមកយើង។ បើពង្រីកយូរៗទៅ បើមកយើងធំ វាទៅជាមួយបូក គឺកម្ពុជាបូកថៃ។ វាទៅជាអញ្ចឹងវិញ …។
បើអំពើពុករលួយច្រើន តើកម្ពុជាអាចរក្សាកំណើនសេដ្ឋកិច្ច ៧% ទេ?
… យើងត្រូវរក្សានូវបរិយាកាសវិនិយោគឲ្យបានល្អ ហេដ្ឋារចនាសម្ព័ន្ធឲ្យបានល្អ ធនធានមនុស្សឲ្យគ្រប់ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយត្រូវតែធ្វើឲ្យបានស្រុះដៃគ្នា បើមិនដូច្នោះ គ្មាននរណាមកវិនិយោគនៅក្នុងប្រទេសនោះទេ។ ខ្ញុំសូមសួរបន្តិច បើអភិបាលកិច្ចស្មោគគ្រោក តើអាចមានកំណើនសេដ្ឋកិច្ច ៧% ទេ? ប្រទេសដែលមានអំពើពុករលូយ កំណើនសេដ្ឋកិច្ចតែងតែអាក្រក់ គ្រប់គ្រងមិនបានទេម៉ាក្រូសេដ្ឋកិច្ច ក្រោមឥទ្ធិពលនៃអំពើពុករលួយ គឺម៉ាក្រូសេដ្ឋកិច្ចគឺធ្លាក់។ ប៉ុន្តែ កម្ពុជារស់ដោយខ្លួនឯង ពិតមែន យើងត្រូវការជំនួយ តែគេក៏មើលយើងដែរ បើយើងប្រើប្រាស់មិនចំគោលដៅទេ គេមិនឲ្យជំនួយយើងទេ …។
ខ្ញុំបម្រើជាតិកម្ពុជាដោយស្មោះត្រង់
… អូស្រ្តាលីក៏ចាប់ផ្តើមស្រែកដែរ នាំចូលដែកថែប និងអាលុយមីញ៉ូម។ ចិនក៏ស្រែក ជប៉ុនក៏ស្រែក និយាយរួមស្រែកទាំងអស់។ ប៉ុន្តែ នយោបាយគាំពារនិយម ក៏មិនមែនជានយោបាយដែលជោគជ័យទេ ពេលខ្លះគាត់បើក ពេលខ្លះគាត់បិទ។ អាហ្នឹងវាជារឿងយើងតាមមើលតទៅទៀត។ ប៉ុន្តែ កម្ពុជាក៏នៅតែជាប្រទេសមួយដែលបើកចំហ។ យើងមិនអនុវត្តនូវនយោបាយគាំពារនិយម ហើយយើងក៏មិនអនុវត្តនូវនយោបាយលម្អៀងទៅខាងណាដែរ ខ្ញុំសូមបញ្ជាក់។ មានអ្នកខ្លះគេថា កម្ពុជាលម្អៀងទៅរកចិន។ តែខ្ញុំសូមសួរ តើខ្ញុំមកដល់អូស្រ្តាលីថាម៉េចដែរ? តិចតែមិនស្រួលថាខ្ញុំប្រូអូស្រ្តាលីទៀតហើយ។ ដំបូងថាប្រូជាមួយវៀតណាម ទៅជាអាយ៉ងវៀត ប៉ុន្តែ សួរមើល វៀតណាម និងចិន ទំនាក់ទំនង រវាងគាត់ជាមួយគ្នា គឺមានល្អ និងមានមិនល្អ។ ឥឡូវ ធ្វើម៉េច? ខ្ញុំម្នាក់ឯងទៅជាអាយ៉ងអីណាជប៉ុនផង អីណាវៀតណាមផង អីណាចិនផង … ឥឡូវ ចង់អ្នកណាថាអីថាទៅ រឿងធំជាងគេ ឲ្យតែខ្ញុំបម្រើជាតិកម្ពុជាឲ្យស្មោះត្រង់ទៅបានហើយ។
ខ្ញុំឆ្អែតឆ្អន់ហើយនូវការលាបពណ៌ ហើយខ្ញុំគឺជាមនុស្សអភ័ព្វម្នាក់ ទៅដល់មូស្គូ កាលពេលនោះជំនាន់សង្គ្រាម គេមិនដែលឲ្យខ្ញុំដើរជាមួយពួកសង្គមនិយមទេ ទៅជួប Leonid Brezhnev និងក្រោយមកទៅជួបជាមួយមេដឹកនាំ Gorbachev អីជាដើម។ ខ្ញុំអត់ដែលដើរបានជាមួយពួកគេហៅថា គណៈប្រតិភូបក្សកុំម្មុយនីស្ត ឬពួកសង្គមនិយម មានវៀតណាម មានឡាវ មានគូបា មានអាឡឺម៉ង់ខាងកើត មានប៊ុលហ្គារី ហុងគ្រី ទៅជាមួយមួយជួរទៅ។ យើងទៅជាមួយអាក្រុមប្រទេសគេហៅថា ក្រុមប្រទេសទើបនឹងរំដោះថ្មី មានកម្ពុជា មានអង់ហ្គោឡា មាន Mozambique មានយេម៉ែនខាងត្បូងកាលនោះ មាន Nicaragua គេចាត់ទុកយើងគឺនៅក្នុងពួកអេគីបសេរី។ ដល់ពេលទៅដល់ស្រុកបារាំង គេថាអាហ្នឹងកុំម្មុយនីស្ត។ អញ្ចឹង ខ្ញុំធ្វើម៉េចអាហ្នឹង ប៉ូលមួយតំណាងឲ្យកុំម្មុយនីស្ត គេថា ឯងសេរី ដល់ប៉ូលមួយតំណាងសេរី គេថា ឯងកុំម្មុយនីស្ត។ អញ្ចឹង សំខាន់ឲ្យតែ ហ៊ុន សែន រក្សាភាពជា ហ៊ុន សែន ទៅបានហើយ។ មែន អ្នកដែលអភ័ព្វនេះ បែរជាកាន់អំណាចជិត ៤០ ឆ្នាំ។ ព្រោះអ្នកណាថាអីថាទៅ វាស៊ីសងលើស្ថានភាពរបស់យើងតែប៉ុណ្ណឹង …។
… (គេង)លក់រហូត ព្រោះអស់កម្លាំងពីស្រុកមកផង ចុះការងារមួយថ្ងៃៗ។ បានមកហ្នឹងរាងធូរបន្តិចហើយ ប៉ុន្តែ ត្រឡប់ទៅវិញ បំណុលដែលយើងត្រូវដោះ។ ដូចថ្ងៃនេះ នៅក្នុងស្រុក គេត្រូវដាក់ឯកសារចូល ហើយបើត្រឡប់ទៅវិញ យើងមិនព្រមចុះហត្ថលេខាឲ្យគេ គាំងខាងក្រោមទាំងអស់។ កិច្ចការខ្លះអាចនាយករដ្ឋមន្ត្រីស្តីទីដោះស្រាយបាន តែកិច្ចការខ្លះគឺទាល់តែនាយករដ្ឋមន្រ្តីពេញសិទ្ធិ ទើបដោះស្រាយបាន។ ប៉ុន្តែ ធ្វើម៉េច ខ្លួនខ្ញុំមិនមែនជាកម្មសិទ្ធិរបស់ខ្ញុំទៀតទេ ពេលខ្ញុំចាប់ផ្តើមធ្វើនូវកិច្ចការងារនេះ ព្រោះយើងជាមនុស្សសាធារណៈហើយ។ យកជីវិតដើម្បីដោះដូរជាមួយសន្តិភាព ពេលហ្នឹងបើសិនជាខ្មែរក្រហមបាញ់ គាត់មិនស្មោះត្រង់នឹងការចូលរួម … ម្តាយខ្ញុំ និងម្តាយធំរបស់ខ្ញុំបានថា ឯងចូលទៅតំបន់របស់គេហ្នឹង មិនខ្លាចគេបាញ់ចោលទេ? តែខ្ញុំប្រាប់ថា ម៉ែ! បើសិនជាស្លាប់ៗតែខ្ញុំ និងអ្នកដែលទៅជាមួយខ្ញុំតែប៉ុន្មាននាក់តែប៉ុណ្ណោះ ប៉ុន្តែ បើបានមកវិញ បានពិភពលោកទាំងមូល បានដែនដីទាំងមូលតែម្តង បានមែន។ បើយើងធ្វើតួនាទីយើងកន្លែងហ្នឹង យើងមិនហ៊ានលះបង់ យើងមិនសក្តិសមអង្គុយនៅកន្លែងនេះទេ ហើយខ្ញុំក៏គ្មានមុខដើម្បីនឹងជួបជាមួយប្រជាពលរដ្ឋ ហើយនិយាយថាខ្ញុំជាអ្នកស្នេហាជាតិ ហើយខ្ញុំជាអ្នកបម្រើប្រជាជននោះទេ។ ស្អែកនេះ បើទោះបីជាម៉ោងប៉ុន្មាន ខ្ញុំបានប្រាប់កូនរបស់ខ្ញុំ ដែលមករៀបចំ ប្រហែលជាម៉ោង ៩ កន្លះយប់ ទើបខ្ញុំបានជួប ក៏ត្រូវតែជួប។ ខ្ញុំបានប្រាប់ថា ទោះបីម៉ោង ១ យប់ក៏ដោយ ពុកត្រូវតែជួប ព្រោះគាត់កាត់មកពីចម្ងាយ។
ឥឡូវ យើងបានជួបគ្នា ២ ម៉ោងកន្លះរួចហើយ បើខ្ញុំមើលម៉ោង អ្នកទាំងអស់គ្នាក៏ឃ្លានបាយដែរហើយ។ ប៉ុន្តែ អ្នកទាំងអស់គ្នាអត់ហត់ទេ ហត់អ្នកនិយាយ។ បើគ្រាន់តែធ្វើដំណើរ អ្នកទាំងអស់គ្នាមកពីឆ្ងាយរហូតដល់មកពីណូវែលហ្សេឡង់ ហើយមកពីបណ្តារដ្ឋផ្សេងៗក្រៅពីនៅស៊ីដនីនេះ។ សូម្បីតែថ្ងៃមិញ ខ្ញុំរំភើបណាស់នៅពេលដែលឃើញបងប្អូនឈរ ទោះបីមិនទាន់ជុំគ្នា ខ្ញុំរកចុះទៅដែរ តែម្យ៉ាងដោយឃើញមកនេះខ្លាចស្ទះចរាចរណ៍ ក៏មកខាងនេះសិន រួចហើយបានត្រឡប់ទៅវិញ ព្រោះនេះជាការសម្តែងនូវការនឹករលឹកគ្នា ក្នុងឋានៈជាឈាមជ័រដូចគ្នា ហើយដែលបានមកតាំងទីលំនៅនៅទីនេះ។ សង្ឃឹមថា ថ្ងៃណាមួយ អ្នកទាំងអស់គ្នានឹងអាចគិតគូរអំពីការវិលត្រឡប់ ព្រោះមានមនុស្សចាស់ខ្លះដល់ពេលកាន់តែចាស់ទៅ នឹកឃើញចង់ទៅស្រុក ពេលនោះប្រទេសរបស់យើងប្រហែលជាមានការវិវឌ្ឍលឿនជាងនេះ។ ជាប្រទេសរបស់យើងទាំងអស់គ្នា មិនមែនជាប្រទេសរបស់ ហ៊ុន សែន ទេ។
ទម្លាយអាថ៌កំបាំង ២ គឺ រឿង កែម ឡី និង ជុន ចាន់បុត្រ
… ខ្ញុំប៊ិះភ្លេច។ លឺគេថា ប្រពន្ធប្រើប្រធានបទ កែម ឡី ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងខ្ញុំ។ ថាខ្ញុំជាអ្នកសម្លាប់ កែម ឡី។ ថ្ងៃនេះ ខ្ញុំសូមទម្លាយអាថ៌កំបាំង ២ ដើម្បីប្រាប់ទៅប្រជាពលរដ្ឋកម្ពុជា និងទៅសហគមន៍អន្តរជាតិ។ កែម ឡី ត្រូវជួបខ្ញុំក្រោយពេលដែលខ្ញុំត្រឡប់មកពីប្រជុំអាស៊ី-អឺរ៉ុបនៅប្រទសម៉ុងហ្គោលី។ គម្រោងក្នុងរង្វង់ថ្ងៃ ១៨ ឬ ១៩ ប៉ុណ្ណឹង។ ប៉ុន្តែ អកុសល កែម ឡី ត្រូវគេធ្វើឃាតនៅថ្ងៃទី ១០ ខែ ៧។ តើនេះជាបាតដៃរបស់អ្នកណាពិតប្រាកដ? យើងចាកចេញជាសំណួរអញ្ចេះវិញ? អ្នកណាទទួលផលប្រយោជន៍ពីការស្លាប់របស់ កែម ឡី? មិនមែនរដ្ឋាភិបាល ហ៊ុន សែន ហើយក៏មិនមែនលោក ហ៊ុន សែន ដែរ គឺច្បាស់ជាពួកប្រឆាំង។ គេតែងតែច្បាស់ថា អ្នកណាក៏ដោយ ឲ្យតែបានជួប លោក ហ៊ុន សែន តែងតែដូរទិសនយោបាយ។ កែម ឡី មិនមែនជាអ្នកប្រឆាំង ហ៊ុន សែន ទេ តែ កែម ឡី បានស្វះស្វែងរកការជួបជាមួយ ហ៊ុន សែន។ មានអ្នកដឹងលឺក្នុងរឿងនេះ ហើយខ្ញុំកំពុងស៊ើបអង្កេតអ្នកណាដឹង បានជាបណ្តាញមួយត្រូវកម្ចាត់មនុស្សម្នាក់។ បាតដៃទី ៣។ លោកស្រី ភួង រចនា លោកស្រីភ័ន្តច្រឡំធំហើយ យកខ្ញុំជាសត្រូវ ហើយបែរជាយកចោរធ្វើជាមិត្ត។ លោកស្រី ខុសធ្ងន់ណាស់។ ឥឡូវ ចេតិយរបស់ប្តីលោកស្រី ខ្ញុំជាអ្នកចេញលុយដើម្បីធ្វើទៅទៀត សូម្បីតែបុណ្យ ១០០ ថ្ងៃរបស់ប្តីលោកស្រី ជំពាក់ថ្លៃបបរគេ។ ក្រុមគ្រួសាររបស់ប្តីលោកស្រីខ្វះលុយ អំពាវនាវ ខ្ញុំជួយថ្លៃបបរអស់ជិត ១ ម៉ឺនដុល្លារ។ ឥឡូវ ខ្ញុំបានផ្តល់ ៧ ម៉ឺនរួចហើយ ដើម្បីធ្វើចេតិយ ព្រោះត្រូវចំណាយអស់ ១២ ម៉ឹនដុល្លារ។ រឿងអីមកចោទខ្ញុំជាអ្នកសម្លាប់ កែម ឡី? ផ្ទុយទៅវិញ កែម ឡី ជាមនុស្សដែលខ្ញុំគោរពនូវការវិភាគ ហើយមានការរៀបចំជំនួបមួយជាក់លាក់ ក្រោយពេលដែលខ្ញុំមកពីប្រជុំអាស៊ី-អឺរ៉ុបនៅឯ Ulaanbaatar ប្រទេសម៉ុងហ្គោលី។ រឿងនេះ មនុស្សតិចណាស់ដែលបានដឹង ប៉ុន្តែ ខ្ញុំគិតថា ពួកចារកម្មដែលជាបាតដៃខ្មៅ គេបានដឹងរឿងនេះ គេបំផ្លាញជីវិត កែម ឡី ព្រោះ កែម ឡី មានទិសដៅបង្កើតបក្សនយោបាយមួយ ខុសពីបក្សប្រឆាំង។ អ្នកណាមានផលប្រយោជន៍? រាជរដ្ឋាភិបាលដែលដឹកនាំដោយខ្ញុំគ្មានផលប្រយោជន៍។ ផលប្រយោជន៍នៅត្រង់ណា? នៅត្រង់សន្តិសុខជាតិល្អ។ សូម្បីតែ Turnbull បើសិនជាមានមនុស្សស្លាប់ Turnbull ក៏លំបាកដែរ។ នាយករដ្ឋមន្រ្តីដូចគ្នា គ្មាននរណាចង់ឲ្យប្រជាពលរដ្ឋរបស់ខ្លួនស្លាប់នោះទេ ត្រូវយល់រឿងនេះ។
ទី ២ ជុន ចាន់បុត្រ ឥឡូវ កំពុងមានវត្តមាននៅអូស្រ្តាលី។ ជុន ចាន់បុត្រ និយាយយ៉ាងម៉េច? ជុន ចាន់បុត្រ បានទៅជួបឧត្តមសេនីយឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូច ៧០ មុន ជនុ ចាន់បុត្រ ជួប ហ៊ុន ម៉ាណែត កូនប្រុសរបស់ខ្ញុំ តើ ជុន ចាន់បុត្រ គាត់និយាយថាម៉េចទេ? គាត់សុំឲ្យឧត្តមសេនីយឯក ម៉ៅ សុផាន់ ជួយការពារ(គាត់)ផង ប្រយ័ត្នពួកអាមេរិកសម្លាប់ដូច កែម ឡី។ ជុន ចាន់បុត្រ បើអ្នកឯងហ៊ានស្បថថា អ្នកឯងជួប ម៉ៅ សុផាន់ ហើយអ្នកឯងជួបកូនប្រុសខ្ញុំ ឬអត់? ពេលដែលអ្នកឯងមានបញ្ហា រត់ចេញពីប្រទេស អ្នកឯងបាន WhatsApp បញ្ជូនឲ្យកូនប្រុសរបស់ខ្ញុំ សូម្បីតែអ្នកឯងមកដល់ប្រទេសក្រៅហើយ អ្នកឯងបញ្ជូនឲ្យកូនប្រុសរបស់ខ្ញុំ ហើយកូនប្រុសរបស់ខ្ញុំធម្មតាវាឲ្យឪពុកវាដឹង Forward មកឲ្យខ្ញុំភ្លាម។ ឥឡូវ ប្រជាជនខ្មែរដែលស្តាប់អាស៊ីសេរី ដាក់បញ្ហាទៅមើល ជុន ចាន់បុត្រ ជួប ម៉ៅ សុផាន់ និងកូនប្រុស ហ៊ុន សែន គឺ ហ៊ុន ម៉ាណែត ហើយសហការគ្នា អ្នកឯងយល់យ៉ាងម៉េច? ប៉ុន្តែ អ្វីដែលសំខាន់ ុជន ចាន់បុត្រ បានប្រាប់ សុផាន់ ថា ជួយការពារផង ក្រែងពូកអាមេរិកសម្លាប់ដូច កែម ឡី។ ខ្ញុំនិយាយនៅក្រៅប្រទេស និយាយនៅអូស្រ្តាលី ទាន់ពេលដែល ជុន ចាន់បុត្រនៅនេះ ប្រពន្ធ កែម ឡី នៅនេះ។
លោកស្រីយល់ខុសហើយ។ ខ្ញុំមិនបន្ទោសលោកស្រីទេ ដោយសារលោកស្រីត្រូវគេទាញ។ ប៉ុន្តែ លោកស្រីគិតបន្តិចមើល ក្នុងឋានៈដែលលោកស្រីជាម្តាយ លោកស្រីចង់ឲ្យកូនខ្លួនឯងងាប់ទេ? ប្រហែលជាលោកស្រីអាចដឹងរឿងខ្លះក៏មិនដឹង នៅពេលដែលប្តីលោកស្រីនៅរស់ ហើយមានផែនការជួបជាមួយខ្ញុំនោះ។ ខ្ញុំសោកស្តាយនូវការបាត់បង់ជីវិតរបស់លោក កែម ឡី ពិតជាមានការសោកស្តាយ។ ការហៅរកជំនួយ លុយមិនតិចទេ ក្នុងការប្រមូលបាន ប៉ុន្តែលុយនោះវាទៅណា? … ឥឡូវ ប្រើអីលែងកើត ប្រើ កែម ឡី យកមកធ្វើបាតុកម្មប្រឆាំង ហ៊ុន សែន ថា ហ៊ុន សែន អ្នកសម្លាប់ … ជុន ចាន់បុត្រ ហ៊ានស្បថឬមិនហ៊ាន ថាខ្លួនឯងធ្លាប់បានធ្វើការជាមួយឧត្តមសេនីយឯក ម៉ៅ សុផាន់ និងឧត្តមសេនីយឯក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់ ហ៊ុន សែន។ លោកឯងជាមនុស្សធុនណា? អញ្ចឹង យល់យ៉ាងម៉េច? លោកឯងជេរ ហ៊ុន សែន បង្អាប់ ហ៊ុន សែន តែលោកឯងធ្វើការជាមួយកូន ហ៊ុន សែន។ លោកឯងមិនចេះខ្មាសអៀនទេឬអី?
ប្រហែលជាខ្ញុំដូរទូរស័ព្ទ វាមិនមកជាមួយ ប៉ុន្តែ វាមាននៅក្នុងការរក្សាឯកសាររបស់ខ្ញុំ។ ព្រោះធម្មតាតែខ្ញុំប្រើរួចហើយ ខ្ញុំតែង forward ហើយ save ទុកមួយដុំ នូវព័ត៌មានទាក់ទងជាមួយនឹង ជុន ចាន់បុត្រ ជាមួយនឹងកូនប្រុសរបស់ខ្ញុំ។ បើអ្នកចង់លេង ខ្ញុំនឹងបញ្ចេញឲ្យមើល ហើយតាំងខ្លួនជាអ្នកជេរខ្ញុំខ្លាំង ដើម្បីយកចិត្តអាមេរិក ឬអី? ក្នុងពេលដែលអ្នកថា ជួយការពារខ្ញុំផង ក្រែងលោកអាមេរិកសម្លាប់ដូច កែម ឡី។ សហការីក៏អត់មាននរណាដឹង ខ្ញុំជួយលាក់ឲ្យអ្នកឯង តែពេលនេះ ខ្ញុំមិនអត់ឲ្យអ្នកឯងទៀតទេ ព្រោះពេលមុន ខ្ញុំគិតថា អ្នកឯងអាចនឹងធ្វើចារកម្មឲ្យខ្ញុំរយៈពេលវែង តែពេលនេះ អ្នកឯងឪចារកម្ម ក៏ខ្ញុំបំផ្លាញមុខអ្នកឯងចោលដែរ។ បានសេចក្តីថា អ្នកឯងធ្លាប់លួចផ្តល់ព័ត៌មានឲ្យខ្ញុំហើយ។
នៅទីនេះ អត់មាននរណាដឹងទេ … អត់ដឹងថាអាមួយជើងជេរហ្នឹង អាហ្នឹងធ្វើការឲ្យយើងទេតើ។ តែឥឡួវខ្ញុំអត់ទុកមុខឲ្យទៀតទេ។ ស្តាប់ទៅ ហើយឆ្កឹះរហូត ឆ្កឹះតាំងពីលោកសង្ឃ ហើយលោកសង្ឃមួយនោះចង់បានប្រពន្ធ ខ្ញុំក៏ដឹងដែរ គេថា គេមិនហ៊ានចេញធ្វើទេ បើចាស់ដូច តា ស្រេង អីអាហ្នឹងចេញទៅ ព្រោះគេមិនទាន់ស្គាល់អាជាតិនោះ។ ពេលណាខ្ញុំនឹងបញ្ចេញខ្សែអាត់ឲ្យអ្នកឯងស្តាប់ទៀត។ ឧស្សាហ៍និយាយជាមួយខ្ញុំណាស់ ឥឡូវទៅជាស្អីឯណាមួយទៀតទៅ ..។
ផ្ញើជូនច្បាប់ទូន្មានប្រៀនប្រដៅរបស់ ភិរម្យ ក្រមង៉ុយ និងបណ្ឌិត អ៊ូ ចុង
ខ្ញុំពិតជាមានការរំភើបរីករាយ ជាមួយនឹងវត្តមាននៅថ្ងៃនេះ ឃ្លានបាយរៀងខ្លួនហើយ។ ហើយពេលត្រឡប់ទៅវិញ សូមបងប្អូនទាំងអស់ ពាំនាំនូវការសាកសួរសុខទុក្ខរបស់ខ្ញុំ ជូនចំពោះក្រុមគ្រួសារ បងប្អូនសហគមន៍ខ្មែរ មិនថាបក្សណាបក្សណាទេ ខ្ញុំផ្តាំសួរសុខទុក្ខទាំងអស់ ទោះបីជាគាត់ធ្លាប់ជេរខ្ញុំ គាត់កំពុងតែជេរ ក៏នៅតែខ្ញុំផ្តាំសួរសុខទុក្ខអ្នកទាំងអស់គ្នា ដែលកំពុងរស់នៅអូស្រ្តាលី និងណូវែលហ្សេឡង់។ ថ្ងៃនេះ ចេញទៅខាងក្រៅ សូមអ្នកទាំងអស់គ្នាទទួលមួយដុំៗម្នាក់ យកទៅគ្រាន់ជាអនុស្សាវរីយ៍ ហើយអានេះមិនមែនខ្ញុំជាអ្នកសរសេរទេ ជាបណ្តាំ ក្រម ង៉ុយ ហើយក៏ជាបណ្តាំអាចារ្យ អ៊ូ ចុង … សង្ឃឹមថា នឹងបានចែករំលែកនូវការចេះដឹង ព្រោះខ្ញុំក៏ត្រូវតែមើលរាល់ថ្ងៃដែរ។ ជួនកាលអផ្សុក ទាញអាហ្នឹងនៅក្បាលដំណេកយកមកមើលអញ្ចឹងទៅ។ ជួយយើង ឲ្យយើងនៅប្រកាន់ធាតុជាខ្មែរ ហើយជាងនេះទៅទៀត នៅពេលដែលយើងឡើងកាន់តែខ្ពស់ ឲ្យយើងប្រកាន់ខ្លូននៅតែទាប ជាបញ្ហាសំខាន់ណាស់ ដែលខ្មែរយើងថា «អោនដាក់គ្រាប់ ងើយស្កក»។ ដូច្នេះ បើទោះបីជាអ្នកណាថាអី ខ្ញុំនៅតែជាមនុស្សជួនកាលទៅលុយភក់ ស្ទូង ហើយកន្លងទៅជាមួយនឹងកម្មករហ្នឹង។ ថ្ងៃនេះ នាងណាថើបខ្ញុំថ្ងៃមិញប៉ុន្មាននាក់នោះ? ឃើញគេថតបញ្ជូនពីភ្នំពេញមក ហើយមុខខ្ញុំឡើងទៅថ្ងៃមិញ ត្រូវតែលាងសិន ប្រធានសភាពាណិជ្ជកម្មគាត់ចាំសិន ខ្ញុំឡើងទៅលាងក្រែមសិន។ ទៅជួបកម្មកររៀងរាល់សប្តាហ៍ ព្រោះខ្ញុំជួបកម្មករ បានជាង ៤០ ម៉ឺននាក់ហើយ អញ្ចឹងត្រូវ selfie អី តែសំខាន់គឺថា មើលទៅស្គមនឹងគេថើបហ្នឹង។ តែខ្ញុំឲ្យមួយសេរី selfie ក៏សេរី free ថើប free អោប។
សូមថ្លែងអំណរគុណសាជាថ្មីម្តងទៀត ហើយសូមជូនពរឲ្យបងប្អូនទាំងអស់នៅពេលវិលត្រឡប់ មានសុវត្ថិភាព ជាមួយនឹងសេចក្តីសុខ សេចក្តីចម្រើននាក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំខ្មែរខាងមុខនេះ សូមបងប្អូនទាំងអស់គ្នាជួបប្រទះតែនឹងពុទ្ធពរ និងពរ ទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕