សេចក្តីដកស្រង់ប្រសាសន៍ ពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់ក្រុងតាខ្មៅ

CNV: 

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំជាមួយក្មួយៗកម្មករ/ការិនីនៅក្នុងខេត្តកណ្តាលរបស់យើង បន្ទាប់ពីការធ្វើដំណើរទៅកាន់ទីនេះ និងទីនោះ។ គិតមកដល់ពេលនេះ មានរយៈពេលប្រមាណជា ៦ ខែ ហើយ ពីខែសីហា រហូតមកដល់ឥឡូវនេះ ដែលខ្ញុំបានធ្វើដំណើរដើម្បីជួបជាមួយកម្មករ/ការិនីរបស់យើងនៅរាជធានីភ្នំពេញ។ នៅខេត្តកណ្ដាល ដូចជាបានពីរដង៖ ម្ដងនៅខាងខ្សាច់កណ្ដាល តំបន់ 7NG ហើយលើកទីពីរនៅទីនេះ។ ប៉ុន្តែ នៅខេត្តកំពង់ស្ពឺ ទើបបានម្ដង កាលពីអាទិត្យមុន ហើយនិងនៅខេត្តព្រះសីហនុ ចំនួនពីរដង។

ដំណាក់កាលសង្គ្រាម វត្តមាននៅសមរភូមិ និងខ្សែត្រៀមជួរមុខ ដោះស្រាយការលំបាកកងទ័ព

ក្មួយៗអាចចោទជាសំណួរថា ហេតុអ្វីបានជាសម្ដេចកាលមុននេះ មិនដែលបានមកសួរសុខទុក្ខអញ ហើយឥឡូវនេះ បែរជាមកសួរសុខទុក្ខពួកអញ? ចំណុចនេះ ពូគ្រាន់តែពន្យល់អញ្ចេះថា កិច្ចការអ្វីក៏ដោយ គឺមានលំ ដាប់អាទិភាពរបស់វា និងមានមុនមានក្រោយ។ កាលពីសម័យសង្រ្គាមនោះ គេបានឃើញវត្តមានរបស់ពូនៅក្នុងសមរភូមិ ឬក៏នៅជាប់ជាមួយនឹងខ្សែត្រៀមជួរមុខឯណោះ ដើម្បីដោះស្រាយបញ្ហាការលំបាករបស់កងទ័ព និងប្រជាជនដែលនៅជាប់ជាមួយនឹងតំបន់ប្រយុទ្ធ។ ពេលនោះ ពិតមែនតែពូមិនចូលប្រយុទ្ធដោយផ្ទាល់ ដូច​ដែលនៅក្នុងសម័យសង្រ្គាម ដែលពូធ្វើជាកូនទាហានកាលពីដំណាក់កាលនោះ ក៏ប៉ុន្តែក្នុងឋានៈជានាយករដ្ឋមន្រ្តីនៅពេលនោះ កិច្ចការសំខាន់របស់ពូ គឺទប់ស្កាត់ការវិលត្រឡប់នៃរបប ប៉ុល ពត។ ហើយធ្វើម៉េច? បើចង់ទប់ស្កាត់ការវិលត្រឡប់នៃរបប ប៉ុល ពត, គ្មានការចរចាណាមួយកើតឡើងជាមួយនឹង ប៉ុល ពតទេ នោះគឺត្រូវប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដើម្បីទប់ស្កាត់ ប៉ុល ពត។ ដូច្នេះ ការដោះស្រាយការលំបាករបស់កងទ័ព ក៏ដូចជាប្រជាជននៅតាមតំបន់ខ្សែត្រៀមជួរមុខ គឺជាការចាំបាច់។

វត្តមាននៅតាមខេត្តនានាក្នុងប្រទេស និងនៅក្រៅប្រទេស ចរចាបញ្ចប់សង្គ្រាម

ក្នុងពេលជាមួយគ្នា ពេលដែលយើងកំពុងធ្វើសង្រ្គាមប្រឆាំងនឹងការវិលត្រឡប់នៃរបប ប៉ុល ពត ការចរចាសែ្វងរកដំណោះស្រាយនយោបាយសម្រាប់កម្ពុជា ក៏ត្រូវបានធ្វើជាមួយគ្នា អញ្ចឹងគេបានឃើញថា នៅពេលដែលលោក ហ៊ុន សែន មកដល់ទីក្រុងភ្នំពេញវិញ ឃើញតែនៅបាត់ដំបង ឃើញនៅសៀមរាប ឃើញនៅតំបន់ប្រយុទ្ធ ប៉ុន្តែ ស្រាប់តែឃើញនៅប្រទេសបារាំង ឃើញនៅឥណ្ឌូនេស៊ី ឃើញនៅប្រទេសដទៃ ទៅចរចានៅទីនោះ។ ពេលនោះ គេហៅថា ដំណាក់កាលវាយផង និងចរចាផង។ យើងចរចាដើម្បីបញ្ចប់សង្រ្គាម កុំអោយមានការវាយគ្នាតទៅទៀត។ សម្ដេច ព្រះនរោត្តម សីហនុ​ ព្រះបិតាជាតិ ព្រះបរមរតនកោដ្ឋ ជាមួយនឹងរូបពូនេះ បានដើរតួនាទី ដើម្បីដោះស្រាយបញ្ហាទាំងនោះ ដើម្បីបញ្ចប់សង្រ្គាមជាស្ថាពរ គេបានឃើញហើយ។ ឥឡូវ បន្សល់រូបភាពច្រើនណាស់ពីកាលដែលពូ ជាមួយនឹងថ្នាក់ដឹកនាំដទៃទៀត ដែលថ្ងៃនេះ សម្ដេច ទៀ បាញ់, ឯកឧត្តម កែវ គឹមយ៉ាន ក៏ជាអ្នកដែលបានរួមចំណែកយ៉ាងច្រើនជាមួយនឹងការអនុវត្តនូវនយោបាយឈ្នះឈ្នះ នៅដំណាក់កាលនោះ។ នយោបាយឈ្នះឈ្នះនោះហើយ នាំមកសន្ដិភាពសម្រាប់ប្រទេសរបស់យើង ដែលមិនមែនគ្រាន់តែជាសន្ដិភាពធម្មតានោះទេ តែវាបង្កើតឡើងនូវការឯកភាពទឹកដី ហើយវាផ្ដល់ភាពអនុគ្រោះសម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់យើង។

វត្តមាននៅតាមវាលស្រែ ដោះស្រាយបញ្ហាកសិកម្ម

បន្ទាប់មក ពេលបញ្ចប់សង្រ្គាមហើយក៏ដោយ ប៉ុន្តែមានការងារសំខាន់មួយទៀត ដែលយើងត្រូវដោះស្រាយ​ គឺបញ្ហាទាក់ទងនឹងកសិកម្ម។ គេបានឃើញពូធ្វើដំណើរទៅច្រើនកន្លែង ដើម្បីដោះស្រាយបញ្ហាជាមួយនឹងប្រជាពលរដ្ឋរបស់យើង ទាក់ទិនជាមួយនឹងថាតើធ្វើត្រូវយ៉ាងម៉េច ដើម្បីឲ្យការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋបានទទួលផល? យើងត្រូវខិតខំធ្វើហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដើម្បីទ្រទ្រង់អោយវិស័យកសិកម្មផង និងការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់កម្ពុជាផង។ អញ្ចឹង គេបានឃើញពូនៅតាមវាលស្រែ ស្ទូងស្រូវ ច្រូតស្រូវ … លើកទឹកចិត្ត ហើយក៏មានធ្វើវេទិកាសាធារណៈជាមួយនឹងកសិករនៅឯមូលដ្ឋានដែរ។ គេក៏បានឃើញវត្តមានរបស់ពូនៅតាមការដ្ឋានសំណង់នានា ក៏ដូចជាធ្វើស្ពាន ធ្វើផ្លូវជាច្រើន។ នោះគឺជាដំណាក់កាលដែលយើងចាត់ទុកថា ជាដំណាក់កាលដែលមានកិច្ចការត្រូវធ្វើបន្តបន្ទាប់​។

វត្តមានតាមរោងចក្រ ដោះស្រាយបញ្ហាកម្មករ

ឥឡូវនេះ មិនមែនបានសេចក្ដីថា កិច្ចការទាក់ទងនឹងសន្ដិភាព វាបានចប់ហើយ ប៉ុន្តែវិស័យកសិកម្ម វាមិនទាន់ចប់ទេ។ យើងបន្តការខិតខំប្រឹងប្រែង ដើម្បីជំរុញវិស័យកសិកម្មរបស់យើងអោយកើនឡើងតទៅទៀត។ ប៉ុន្តែទន្ទឹមជាមួយគ្នា យើងក៏បានដាក់ចេញនូវគោលនយោបាយឧស្សាហកម្ម ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិរបស់យើង និងដាក់ចេញនូវគោលនយោបាយផ្សេងៗទៀត ដើម្បីជំរុញទៅដល់ការអភិវឌ្ឍ។ មុខសញ្ញាដែលទាក់ទិនជាមួយនឹងការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសេវា គឺជាគោលដៅដែលពូត្រូវធ្វើដំណើរជាបន្តទៀត​។ ក្នុងនោះ ចាប់ផ្ដើមដំបូងគេ នៅក្នុងចំណោមនៃបណ្ដារោងចក្រ សហគ្រាស ដែលទាក់ទងទៅនឹងវាយនភណ្ឌ គឺទាក់ទងទៅនឹងវិស័យកាត់ដេរ និងដេរស្បែកជើងនេះឯង។ ដូច្នេះហើយ បានជានៅក្នុងរយៈពេលកន្លងទៅនេះ ពូបានធ្វើដំណើរទៅទីនេះ ទៅទីនោះ ដើម្បីក្នុងគោលដៅ ដើម្បីជួបជាមួយនឹងកម្មករ។ ដែលមកដល់ពេលនេះ គឺមានចំនួនជាង ៤០ ម៉ឺននាក់ហើយ ដែលពូបានជួប។

អម្បាញ់មិញ ឯកឧត្តម អ៊ិត សំហេង បាននិយាយអំពីថា ពាក្យថា ៤០០ ប៉ុន្មានពាន់នាក់ ខ្មែរយើងបើនិយាយថា ៤០០ ប៉ុន្មានពាន់នាក់ អាហ្នឹងពិបាកស្ដាប់ណាស់ និយាយអោយពិត។ បើថា ៤ សែន ២ ម៉ឺន ៥ ពាន់នាក់ អាហ្នឹងស្រួលស្ដាប់ … និយាយពេលក្រោយ យកល្អថែមលេខរបៀបខ្មែរតែម្ដងទៅ ២ លាន ៣ សែន ៤ ម៉ឺន ៥ ពាន់អញ្ចឹងទៅ … គិតទៅបានជាង ៤០ ម៉ឹននាក់ បើពិនិត្យមើលទៅ គឺនៅចំនួនតិចតួចណាស់ ដូច្នេះ ពូបានដាក់ចេញនូវគោលនយោបាយនៅក្នុងកម្មវិធីដើម្បីធ្វើដំណើរ បើទោះបីឆ្នាំនេះ ដើរមិនគ្រប់ ក៏គង់ធ្វើដំណើរធ្វើម៉េច​អោយគ្រប់។ ពេលដែលគ្រប់ហើយ ក៏ត្រូវដើរវិលជុំ ក្នុងរយៈពេល ១០ ឆ្នាំទៅមុខទៀត គឺគោលដៅរបស់ពូចំពោះកម្មករ/ការិនី ជាគោលដៅអាទិភាពជំរុញការរីកលូតលាស់ក្នុងវិស័យឧស្សាហកម្ម និងវិស័យសេវា។

ការងារខែមីនាច្រើន

ពូកំពុងតែសួរខ្លួន​ឯងថា តើពូជាអ្នកណា​អោយពិតប្រាកដ? ហេតុអ្វីបានជាទេវតាចារមកអោយពូកាន់អាកន្លែងហ្នឹង? ឥឡូវនេះ ពូសូម្បីតែនិយាយទៅមួយបែប ដូចជាមនុស្សសាច់កម្ម … អង្គរក្សមួយៗតែងតែមានកម្មវិធីរបស់ពូនៅជាប់។ ប៉ុន្មានថ្ងៃ សុន្ទរកថាជាប់រហូតតែម្តង។ ម្សិលមិញជួបជាមួយនឹងសិល្បករ/ការិនី ឯថ្ងៃនេះ ជួបកម្មករនៅនេះ ស្អែកបុណ្យនារី ខានស្អែកមកបុណ្យទន្លេយើងនៅនេះ។ ល្ងាចៗក្មួយមកសប្បាយនៅនេះទាំងអស់គ្នា ល្ងាចថ្ងៃសៅរ៍ ទី ១០ ហ្នឹង។ បន្ទាប់ទៅនោះ ថ្ងៃអាទិត្យ គម្រោងដើមត្រូវជួបជាមួយគ្រូបង្រៀន ប៉ុន្តែ ឥឡូវនេះ ក្មេងៗភ្លេចចុះកម្មវិធី វាចំការក្មួយបង្កើតនោះទៅទៀត កូនពៅរបស់ប្អូនពៅ ដែលទៅរៀននៅអាមេរិក ហើយកូនភ្លោះទៀត។ ត្រឡប់មកវិញ គ្នាត្រូវរៀបការ។ បើទោះជាបីជាថា រៀបចំឋានានុក្រម បងទី ១ គេនៅក្បាលហើយ គេនៅពីលើយើង បងទី ២ ហើយយើងទី ៣ ទេ មិនមែនទៅក្នុងនាមនាយករដ្ឋមន្រ្តីទេ អញ្ចឹងបើចោលវាមិនកើត​។ ដល់ទៅអាទិត្យក្រោយ អស់ទាស់ បានសេចក្តីថា ធ្វើ​ការរហូត ដូចមានតែមួយថ្ងៃទេ ដោយសារតែថ្ងៃពុធអាទិត្យក្រោយនេះ អត់ឃើញដាក់កម្មវិធីជួបកម្មករ។ អញ្ចឹងខ្ញុំក៏យកថ្ងៃពុធនោះ ទៅសម្ពោធស្ពានឆ្លងកាត់ដៃទន្លេ ដែលធ្វើដោយកងវិស្វកម្មខ្មែរទាំងអស់​ ឆ្លងទន្លេនៅខេត្តកំពង់ចាម។ រួចបន្ទាប់ទៅ ថ្ងៃព្រហស្បត្តិ៍ព្រឹក សន្និ​សីទស្តីអំពីសេដ្ឋកិច្ច។ ល្ងាចថ្ងៃព្រហស្បត្តិ៍ ចាប់ផ្តើមហោះទៅអូស្រ្តាលី។ ទៅដល់អូស្រ្តាលីត្រូវម៉ោង ៨:៤០ នាទី ម៉ោងនៅអូស្រ្តាលី ហើយតាមកម្មវិធីគ្រោងទុក បើគ្មានការប្រែប្រួលអីទេ ម៉ោង ១:៣០ នាទី ដល់ម៉ោង ២:១៥ នាទី រយៈពេល ៤៥ នាទី គឺជាការសន្ទនាទ្វេភាគីរវាងខ្ញុំ និងនាយករដ្ឋមន្រ្តីអូស្រ្តាលី ដែលជាម្ចាស់ផ្ទះការប្រជុំកំពូលអាស៊ាន-អូស្រ្តាលី។ បន្ទាប់ទៅ(ត្រូវជួប)បងប្អូនខ្មែរយើង។ អញ្ចឹងបងប្អូនខ្មែរយើង បើទោះបីថាត្រូវជួប ២-៣ ដង ក៏ត្រូវជួប ព្រោះថ្ងៃប្រជុំ​នៅថ្ងៃ ១៧ ឯណោះទេ។ ដល់ត្រឡប់មកវិញ ចេញពីនោះ មកនេះ ល្ងាចថ្ងៃអាទិត្យបណ្តោយ។​ បានសេចក្តីថាមួយអាទិត្យនេះគឺចប់អត់មានអីទេ។ អាទិត្យនេះដូចជាត្រូវឆ្លៀតបន្តិច។ ថ្ងៃសុក្រ ដូចល្ងាចថ្ងៃសុក្រអត់មានអី​ (រកទៅវាយកូនហ្គោល) …។

ការងារនាយករដ្ឋមន្រ្តីច្រើន​ មិនអាចត្អូញត្អែរបានទេ

អញ្ចឹងបានក្មួយមិញហ្នឹងកាន់ដៃទៅប៉ះអានេះគ្រាតៗ គ្រាតៗដោយសារវាយកូនហ្គោល​ ហើយក្មួយៗមានមកលួចថើប។ ប៉ុន្តែ ក្មួយណាមិញទាក់ក្បាលខ្សែក្រវាត់ពូទៅ អាខ្សែក្រវាត់នេះខុសគេខុសឯងវើយ អត់មានដាក់ខ្សែក្រវាត់អីផង វាដាក់ក្បាលចោលទទេអញ្ចឹងទៅ ហើយមិញមានក្មួយណាម្នាក់ទាក់ទៅ។ កន្លែងនេះគឺជាកន្លែងដែលមានកិច្ចការច្រើន​ ប៉ុន្តែយើងមិនអាចត្អូញត្អែរបានទេ។ ពេលត្រឡប់ទៅវិញ … ទៅដល់នៅលើតុ​។ សូម្បីម្សិលមិញគឺចុះហត្ថលេខាអត់អស់ទេ ដែលថានៅឯកសារមួយចំនួន ប្រឹងចុះហត្ថលេខា រួចហើយប្រឹងរត់ទៅបិទទិវាវប្បធម៌ ៣ មីនា​ ហើយជួបជាមួយសិល្បករ/ការិនី។​​ ព្រឹកមិញនេះ ឯកសារនៅលើតុពេញ ឥឡូវត្រឡប់ទៅវិញ មិនដឹងថាគេដាក់ថែមប៉ុន្មានទៀត? យើងត្រូវចុះហត្ថលេខាដល់ម៉ោងប៉ុន្មាន? សម្រាប់ពូវិញ មិនមែនគ្រាន់តែជាការចុះហត្ថលេខាទេ។ រឿងចុះហត្ថលេខាលើកលែងតែមានការសម្រេចរួចហើយ ធ្វើជាអនុក្រឹត្យ ឬក៏ជាលិខិតស្នាមអីដទៃ គឺចុះហត្ថលេខាយកតែម្តង។​ ប៉ុន្តែការពិនិត្យដើម្បីសម្រេចបញ្ហាមួយៗនោះ មិនមែនជាការមើលច្បោលៗទេ។ រាប់ទាំងរដ្ឋមន្ត្រីក្រសួងខ្លះសរសេរខ្វះអក្សរ ក៏សុំកែលើហ្នឹង ជួយ​កែអក្សរឲ្យ ព្រោះជួន​កាលវា Error …។

ខេត្តកណ្តាល គឺជាខេត្តមួយដែលប៉ះប៉ូវលុយច្រើនជាងគេ រឿងថៅកែរត់ចោល

… យ៉ាងណាក៏ដោយ ថ្ងៃនេះសម្រេចបាននូវការជួបជុំក្មួយៗជាង ១ ម៉ឺននាក់​ នៅទីនេះ។ នៅសល់តែប៉ុន្មាននាក់ទៀតគ្រប់ ១ ម៉ឺន ៤ ពាន់ នាក់ វាមាន ១៣.៩៧១ នាក់។​ ពូពិតជាមានការរីករាយ ជាមួយនឹងអ្វី ដែលបានកើតឡើងនៅក្នុងទឹកដីរបស់ប្រទេសជាតិយើងទាំងមូលនិយាយជារួម និងនិយាយដោយឡែកគឺខេត្តកណ្តាលរបស់យើងនេះ។ បើនិយាយពីប្រវត្តិកម្មករនៅខេត្តកណ្តាលគឺជាខេត្តយើងបានប៉ះប៉ូវលុយច្រើនជាងគេ អារឿងថៅកែរត់ចោលនោះ។ មានពេលមួយយើងបើកប៉ុន្មានលានដុល្លារឯណោះ​ យកមកដោះស្រាយប្រហែលជាក្នុងហ្នឹងមានកម្មករ/ការិ​នីខ្លះទទួលបាន​។ កាលហ្នឹងបានសំណូមពរចុះ សំណូមពរឡើង ដោយសារផ្ទះពូនៅក្បែរហ្នឹងដែរ​​ ទ្រុលចុះទ្រុលឡើង ​ហើយពូរកកន្លែងចេញអត់ឃើញទេ។ ចុះបើនាំគ្នា(កាន់)រូបថតពូហើយ និងមីង គឺថាក្តៅណាស់​ ព្រោះអញ្ចេះ អាតាមផ្លូវយើងពីហ្នឹងទៅចាក់អង្រែ ទៅតាមចាក់អង្រែក៏មានបាតុកម្ម​ នៅតាមហ្នឹងឲ្យពូជួយដោះស្រាយ។​ អញ្ចឹងរូបថតពូ ហើយរូបថតមីង គឺលក់ដាច់ណាស់ ព្រោះត្រូវការលើករូបថតពូ និងរូបថតមីងហ្នឹង ដើម្បីមកធ្វើម៉េចឲ្យជួយដោះស្រាយ​។​ អញ្ចឹងករណីនោះ ទោះបីពូមិនបានចុះ ដើម្បីនឹងជួបក្មួយៗដោះស្រាយបញ្ហា ប៉ុន្តែនៅពេលដែលឃើញបាតុភាពនេះកើតឡើង​ ពូតែងតែទូរស័ព្ទទៅអោយអាជ្ញាធរ ពិសេសទៅដល់ក្រសួងពាក់ព័ន្ធ ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យធ្វើការដោះស្រាយ។ ហើយចុងក្រោយនេះ គឺដោយសារតែក្នុងខេត្តកណ្តាលហ្នឹង មានកន្លែងណាមួយនោះនៅធ្វើបាតុកម្ម​ ដុតកង់ឡាននៅហ្នឹង បិទផ្លូវ បិទអីនៅត្រង់ហ្នឹង​។​ ហើយជំងឺហ្នឹងវារុំាំរ៉ៃ។ ជំងឺរុំាំរ៉ៃក៏បានទៅលើកគោលគំនិតប្រាប់ថា ឲ្យតាមដានបញ្ហាអារឿងថៅកែរត់ចោលកម្មករនោះ។ ​ហើយបានបញ្ចេញលុយ ៤ លាន ៦ សែន ដុល្លារសហរដ្ឋអាមេរិក សម្រាប់ដោះស្រាយឲ្យក្មួយៗបន្តទៀត។

ហើយនៅពេលខាងមុខ យើងនឹងបន្តពិនិត្យអំពីបញ្ហាហ្នឹងតទៅទៀត តើធ្វើយ៉ាងម៉េចធានាថា រត់ចោលហើយ ពេលខ្លះ អាថៅកែធំមែនទែនហ្នឹងវាអត់អីទេ ប៉ុន្តែ អ្នកគ្រប់គ្រងនេះ ទៅចាញ់ល្បែងចាញ់អីទៅ មិនដឹងរកវិធីយ៉ាងម៉េច​ យកអាលុយសម្រាប់បើកប្រាក់ខែ យកទៅចាញ់ល្បែងអស់ទៅ វាអត់លុយបើកប្រាក់ខែ រត់បណ្តាយ។ ការពិតវាអញ្ចឹង មានចំនុចខ្លះ មិនមែនថៅកែដួលរលំទេ អ្នកគ្រប់គ្រងមួយចំនួនគឺថា គាត់ទៅចាញ់ល្បែង ឬក៏ធ្វើស្អីទៅ អញ្ចឹងអាប្រាក់ ដែលសម្រាប់បើកបៀវត្សអោយកម្មករ គឺគាត់យកទៅចាញ់ល្បែងអស់។ អញ្ចឹង ដល់ពេលត្រូវបើកអោយកម្មករភ័យខ្លួន ប្រុចបណ្តោយ។ អញ្ចឹង ប្រុចទៅ មិនមែនគាត់គេចតែពីយើង  គាត់ទៅគេចពីថៅកែគាត់ទៅនៅឯណាបាត់ទៅ។ ប៉ុន្តែយ៉ាងណាក៏ដោយថៅកែដែលមានទំនួលខុសត្រូវ ត្រូវអោយ​គេដោះស្រាយយ៉ាងម៉េច។ ប៉ុន្តែវាលំបាក ជួនកាល អារោងចក្រខាងលើមានតែប៉ុន្មាន ឯដីជួលគេសោះ។ បើសិនជាដីហ្នឹងជារបស់ម្ចាស់រោងចក្រ អាដីឥឡូវវាថ្លៃ ដូច្នេះលក់តែដីមួយដុំហ្នឹងសងតែកម្មករវាគ្រាន់បាត់ទៅហើយ។ ប៉ុន្តែ រាជរដ្ឋាភិបាលសុខចិត្តមានការខាតបង់ ដើម្បីធានាផលប្រយោជន៍អោយកម្មករ/ការិនីរបស់យើង។

ពីរោងចក្រតិច កម្មករតិច ប្រាក់ចំណូលទាប មកច្រើន/២០១៨ ប្រាក់ចំណូលអប្បបរមា ១៧០ ដុល្លារ

ឥឡូវក្មួយៗមួយចំនួននៅទីនេះ ពូដឹងថា ក្មួយៗបានធ្វើជាកម្មករ/ការិនីយូរឆ្នាំណាស់មកហើយ។ ក្មួយៗអាចក្រឡេកត្រឡប់មើលក្រោយបន្តិចនូវស្ថានភាពសេដ្ឋកិច្ចរបស់យើង និយាយជារួម និងនិយាយដោយឡែកគឺ បញ្ហាទាក់ទងទៅនឹងបៀវត្សរបស់កម្មករ/ការិនី ដែលធ្វើការនៅតាមបណ្តារោងចក្រ សហគ្រាសនានា តម្លៃពលកម្មកាលពីពេលដែលចាប់ផ្ដើម គឺតម្លៃថោកណាស់ ដោយសារពេលនោះយើងក្នុងសេដ្ឋកិច្ចថ្មីថ្មោង ហើយក៏ជាទីផ្សារ ដែលជាចំនុចគោលដៅវិនិយោគ ដែលមិនមានការ គេហៅថា មិនទាន់មានសុវត្ថិភាព និងការជឿជាក់គ្រប់គ្រាន់ពីសំណាក់អ្នកវិនិយោគទុន។ ដូច្នេះ ប្រវត្តិដើមរបស់យើងគិតត្រឹមឆ្នាំ ១៩៩៧ យើងមានរោងចក្រត្រឹមតែ ៦៤ រោងចក្រតែប៉ុណ្ណោះ ជាមួយនឹងកម្មករ ៨ ម៉ឺន ២ ពាន់នាក់តែប៉ុណ្ណោះ។ ឥឡូវនេះ ស្ថានភាពបានផ្លាស់ប្តូរហើយ ពីមួយឆ្នាំទៅមួយឆ្នាំ ជំនឿទុកចិត្តពីអ្នកវិនិយោគ ហើយបានមកបណ្ដាក់ទុននៅប្រទេសកម្ពុជារបស់យើងនេះ មានការកើនឡើងយ៉ាងច្រើន។ នៅពេលនោះ ចំនួនរោងចក្រយើងតិច កម្មករយើងតិចប្រាក់ខែក៏ទាបដែរ។ អ្នកធ្វើការមុនឆ្នាំ ១៩៩៧ បានប្រាក់ខែត្រឹមតែ ៣៥-៣៦ ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ ប៉ុន្តែដល់ឆ្នាំ ១៩៩៧ ប្រាក់បៀវត្សរបស់កម្មករយើង កាលពីពេលនោះ បានត្រឹមតែ ៤០ ដុល្លារសហរដ្ឋអាមេរិកទេ។ ប៉ុន្តែកាលពីឆ្នាំកន្លងផុតទៅនេះ ក្មួយៗបានអនុវតនូវប្រាក់បៀវត្ស ចំនួន ១៥៣ ដុល្លារសហរដ្ឋអាមេរិក ឥឡូវ ២ ខែឆ្នាំថ្មីកន្លងផុតទៅ ក្មួយៗបាន និងកំពុងអនុវត្តនូវប្រាក់បៀវត្សអប្បបរមា១៧០ ដុល្លារសហរដ្ឋអាមេរិក ដែលពូសូមយកឱកាសនេះ អបអរសាទរជាមួយកំណើន នៃប្រាក់បៀវត្ស។

កម្មករយើងបានឆ្លងផុតបន្ទាត់នៃភាពក្រីក្រ ដែលកំណត់ដោយ UN ហើយ

ជាទូទៅភាគច្រើនដែលពូបានជួបទាំងនៅទីក្រុងភ្នំពេញ ទាំងកំពង់ស្ពឺ ទាំងកំពង់សោម គឺប្រាក់ចំណូលសម្រាប់កម្មករម្នាក់ៗ ដែលធ្វើការបន្ថែមម៉ោង និងអត្ថប្រយោជន៍ដទៃទៀត គឺបានជាង ២០០ ដុល្លារសហរដ្ឋអាមេរិក ដែលអាចចាត់ទុកថា យើងពិនិត្យអំពីអ្វីទៅដែលគេហៅថា អ្នកលើបន្ទាត់ភាពក្រីក្រ? អ្នកក្រោមបន្ទាត់ភាពក្រីក្រ? អង្គការសហប្រជាជាតិបានកំណត់កាលពីមុននោះ អ្នករកបានចំណូលបាន ១ ដុល្លារ ក្នុងមួយថ្ងៃ ចាត់ទុកថា រួចផុតពីបន្ទាត់នៃភាពក្រីក្រ។ ឥឡូវ ការកំណត់ថ្មី ១ ដុល្លារ ២៥ សេន រួចផុតពីភាពក្រីក្រ។ ប៉ុន្តែឥឡូវនេះ ក្មួយៗអាចរកបានក្នុងមួយថ្ងៃ គឺមិនតិចជាង ៥ ដុល្លារទេ គឺ ៦ ដុល្លារ អាហ្នឹងគិតតែពីប្រាក់អប្បបរមាទេ មិនទាន់គិតអំពីប្រាក់អត្ថប្រយោជន៍ដ៏ទៃទៀត។ ដូច្នេះ សម្រាប់កម្មករ/ការិនី ដែលធ្វើការនៅតាមបណ្តារោងចក្រ សហគ្រាស នៅតាមបណ្តាក្រុមហ៊ុននានា ទាំងផ្នែកសេវា រាប់ទាំងផ្នែកទេសចរណ៍ ទទួលប្រាក់បៀវត្សចំនួនលើសអំពីការកំណត់នៃអង្គការសហប្រជាជាតិ។ និយាយយ៉ាងដូច្នេះ មិនមែនបានសេចក្តីថាវាគ្រប់គ្រាន់ទេ យើងត្រូវការប្រាក់ចំណូលច្រើនជាងនេះ មិនមែនត្រឹមប៉ុណ្ណឹងចប់ទេ ដែលពូសូមប្រកាសជូនថា ឆ្នាំ ២០១៨ បានឡើងដល់ ១៧០ ដុល្លារ ឯឆ្នាំ ២០១៩-២០២០-២០២១ ត្រូវឡើងជារៀងរាល់ឆ្នាំ ឡើងអត់ឈប់ទេ។ ប៉ុន្តែឡើងយ៉ាងណា ឡើងដល់ប៉ុន្មាន ពូមិនទាន់ហ៊ានអះអាងទេ ទុកអោយយន្តការត្រីភាគីធ្វើការពិភាក្សាគ្នាតទៀត។ នោះហើយគឺជាចំនុចដែលយើងបានដោះស្រាយ ហើយយើងក៏បានខិតខំដោះស្រាយបញ្ហាទាំងឡាយ។

រោងចក្រ ៨២% ដែលមានគិលានដ្ឋាន

ឥឡូវនេះ ក្នុងចំណោមកន្លែងធ្វើការរបស់ក្មួយៗ កាន់តែមានសុវត្ថិភាពល្អជាងមុន និងផ្តល់នូ​វសុខុមាលភាពល្អជាងពេលមុន។ នៅពេលមុន យើងក៏មានការយោគយល់អធ្យាស្រ័យ ដោយសារតែរោងចក្រវាថ្មីថ្មោងពេក រក​តែកន្លែងបំបៅកូនក៏មិនបាន រកតែកន្លែងហូបបាយក៏មិនបាន។ ក៏ប៉ុន្តែ រយៈពេលក្រោយៗមកនេះ ដូចជានៅក្នុងរោងចក្រគ្របដណ្តប់ទៅដល់ ៨២%​ ដែលមានគិលានដ្ឋាន កន្លែងពិនិត្យព្យាបាលជំងឺនៅក្នុងរោងចក្រ។ ស្ថានភាពត្រូវបានកែលម្អជាបណ្តើរៗ​ ហើយនិងបន្តកែលម្អឲ្យកាន់តែប្រសើរ ដើម្បីធានាទៅដល់សុខុមាលភាពកម្មករ/កម្មការនីរបស់យើង។

បោះឆ្នោតជូនគណបក្សប្រជាជន នោះសម្តេចនឹងនៅបន្តជាមួយកម្មករ/ការិនី

ថ្ងៃនេះ ខ្ញុំក៏សូមអរគុណចំពោះម្ចាស់រោងចក្រទាំងឡាយដែលមានវត្តមាននៅទីនេះ​ទាំង ១១​ ដែលផ្តល់ឱកាសឲ្យក្មួយៗជាកម្មករ/កម្មការិនី មកជួបខ្ញុំនៅទីនេះ ហើយបន្ទាប់ទៅ​ អនុញ្ញាតឲ្យក្មួយៗកម្មករ/កម្មការនី របស់យើងឈប់សម្រាកបានមួយល្ងាចនេះទៀត ដោយមានប្រាក់បៀវត្សរ៍ពេញលេញ។ អញ្ចឹងទេ​ ពេលដែលក្មួយជួបពូហើយ មិនចាំបាច់ត្រឡប់ទៅរោងចក្រទេ អាហ្នឹងប្រុយទៅផ្ទះហ្មង ធម្មតាវាអញ្ចឹង។ ព្រោះថាអ្នកដែលនៅស្អាង មកពីស្អាងផង​ មកពីកណ្តាលស្ទឹងផង​ អ្នកទាំងហ្នឹងត្រូវក្រោកពីយប់ ហើយអ្នកនៅក្បែនេះមិនពិបាកប៉ុន្មានទេ។ ប៉ុន្តែ គ្រាន់តែភ្ញាក់ពីសម្រាកភ្លាម គេបានប្រាប់ថា កម្មករបានជួបជុំហើយ។ នេះជាវិន័យរបស់កម្មករយើងច្បាស់លាស់ណាស់។ ខ្ញុំសូមយកឱកាសនេះ អរគុណចំពោះក្មួយៗ អម្បាញ់មិញនេះក្មួយៗនៅទីនេះតាមផ្លូវមកនេះថាសូមសម្តេចសុខសប្បាយ អាយុវែង ដើម្បីនៅជាមួយនឹងកូនចៅបន្តទៀត។ ឥឡូវ អញ្ចេះមិនចាំបាច់បន់ស្រន់ស្អីទេ ល្អជាងគេតើត្រូវធ្វើម៉េច? បោះឆ្នោតជូនគណបក្ស​ប្រជាជនទៅគឺ ហ៊ុន សែន នៅបន្តជាមួយហើយ … អាយុវែងហើយ កាន់តំណែងមុខតំណែងនាយករដ្ឋមន្ត្រីហ្នឹងគឺទើបបាននៅជាមួយក្មួយៗបានយូរ …។

ជីដូនជីតា ឪពុកម្តាយរបស់កម្មករ បានធ្វើពលីកម្មធំធេងណាស់ជាមួយគណបក្សប្រជាជន

ពូអរគុណចំពោះក្មួយៗទាំងឡាយ ដែលបានផ្តល់ការគាំទ្រសម្រាប់ការដឹកនាំរបស់គណបក្សប្រជាជនតាំងពីដើមរៀងរហូតមក។ មិនមែនគ្រាន់តែបញ្ហាទាក់ទងជាមួយក្មួយៗឥឡូវទេ។ ក្មួយៗត្រូវដឹងថា ជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗបានរួមចំណែកធំធេងណាស់ ដើម្បីរំដោះប្រទេសរហូតដល់ពេលនេះ ហើយនោះជាមរតកដ៏មានតម្លៃបំផុតសម្រាប់ក្មួយៗ ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើនមកដល់ពេលនេះ។ ពួកគាត់បានធ្វើពលីកម្មធំធេងណាស់ ដើម្បីរំដោះប្រទេសចេញពីរបប ប៉ុល ពត ដើម្បីទប់ស្តាត់ការវិញត្រឡប់នៃរបប ប៉ុល ពត និងចូលរួមកសាងសន្តិភាពតាមរយៈនយោបាយឈ្នះៗដែលពូបានដឹកនាំ។ តាមរយៈនោះ អនុញ្ញាតឲ្យក្មួយៗ​មានលទ្ធភាពមានការងារធ្វើ និងប្រាក់ចំណូល។ ឯពួកគាត់ក៏ទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍជារួមនេះផងដែរ។ ក្នុងហ្នឹងមានការអភិវឌ្ឍ ដែលកូនចៅមកធ្វើជាកម្មករ រួចហើយផ្ញើប្រាក់កាសទៅឲ្យឪពុកម្តាយនៅឯមូលដ្ឋានវិញ។ ទាំងអស់នេះមិនមែនទេវតាទម្លាក់ឲ្យមក ជប់ដូចគេជប់ទេ ហើយក៏មិនបានមកពីបក្សប្រឆាំងនោះដែរ​ មិនបានមកពីបក្សប្រឆាំងទេ។ ពួកប្រឆាំងគេបានរួមគ្នា ដើម្បីប្រឆាំងជាមួយយើង តាំងពីដំណាក់កាលដែលយើងកំពុង ក្រោយចេញពីរបប ប៉ុល ពត ហើយបន្តប្រឆាំងរៀងរហូតមក។ ប៉ុន្តែ អ្វីដែលបានកើតឡើងឲ្យក្មួយៗ និងស្ថានភាពដែលបានផ្លាស់ប្តូរពីការដែលអត់ដំបូលជ្រក ពីការដែលគ្មានសម្លៀកបំពាក់ ពីការដែលខ្វះស្បៀងអាហារ មកកាន់ស្ថានភាពល្អប្រសើរនេះ គឺពិតជាបានមកពីការខិតខំរបស់ជីដូនជីតា​ ឪពុកម្តាយរបស់ក្មួយៗ ដែលបានរួមចំណែកជាមួយគណបក្សប្រជាជន ជាមួយពូដើម្បីបង្តើតឡើងនូវស្ថានភាពបែបនេះ។

មិនអាចទុកឲ្យស្ថានភាពប្រែប្រួលនាំមកនូវការស្លាប់ ការបាត់បង់ផលប្រយោជន៍ឡើយ

ពូអរគុណចំពោះការរាប់អានរបស់ក្មួយៗចំពោះពូទៅគ្រប់ទីកន្លែង ក្មួយៗតែងតែផ្តល់នូវការស្វាគមន៍កក់ក្តៅ លើសពីកម្រិត នៃមេដឹកនាំ ជាមួយនឹងប្រជាពលរដ្ឋ។ ប៉ុន្តែវាបានក្លាយទៅជាដូចជាក្រុមគ្រួសារ ដែលក្មួយ ចាត់ទុកពូដូចជាឪពុក ដូចជាឪពុកធំ​ ដូចជាឪពុកមា ឬក៏អ្នកដែលមានវ័យមួយចំនួនដែលខ្ទង់ ៥០ ឆ្នាំ អីហើយទុកដូចជាបងប្រុស។ នោះហើយជាចំនុចនៃការលើកទឹកចិត្ត។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនអាចបោះបង់ចោលក្មួយៗនៅក្នុងស្ថានភាព ​ដែលយើងកំពុងឈានឡើង ហើយទុកឲ្យស្ថានភាពមានការប្រែប្រួលណាមួយនាំមកនូវការស្លាប់ នាំមកនូវការបាត់បង់ផលប្រយោជន៍ ដែលក្មួយៗបាន និងកំពុងទទួលនេះទេ។ ប៉ុន្តែ ក្មួយៗត្រូវគិត ​ត្រូវចាំឲ្យច្បាស់អ្វីដែលក្មួយកំពុងមាននេះ គឺផ្តើមចេញពីសន្តិភាពដែលយើងរកបានដោយលំបាក ហើយដែលដោយក្នុងនោះមានចំណែកនៃការចូលរួមរបស់ជីដូនជីតា ឪពុកម្តាយក្មួយៗ និងរបស់ក្មួយៗផងដែរ​។ ដូច្នេះត្រូវបន្តរួមចំណែកក្នុងការការសាងនូវសន្តិភាពសម្រាប់ប្រទេសរបស់យើងបន្តទៀត។

មិនទុកឲ្យជនណា​ ក្រុមណា បក្ខពួកណាមកបំផ្លាញនូវសន្តិភាព

មិនត្រូវទុកឲ្យជនណា ឬក៏ក្រុមណាមួយ បក្ខពួកណាមួយ បំផ្លិចបំផ្លាញនូវសន្តិភាព ដែលយើងរកបានដោយលំបាក។ ក្មួយអើយ! កាលពីសម័យជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ ពិតជាលំបាកណាស់។ យុវជនសម័យមុនមិនមែនដូចយុវជនសម័យនេះ ចង់រៀនអី ចង់ទៅណាមកណាបានស្រួលដូចសព្វថ្ងៃទេ។ យុវជនសម័យមុនបាត់បង់ឱកាសអស់ហើយ​ នៅពេលដែលគេបង្កើតឡើងនូវសង្គ្រាមភ្លាម គឺបែងចែកជាតំបន់ត្រួតត្រាពីរ។ ទៅខាងណា ក៏ត្រូវធ្វើទាហានដែរ ឬបម្រើឲ្យកិច្ចការនៅក្នុងការច្បាំងគ្នា ជួយដឹកគ្រាប់ ដឹកស្បៀងអាហារ ទៅឲ្យកង​ទ័ព ឬជួយធ្វើនេះ ធ្វើនោះ ដែលពាក់ព័ន្ធជាមួយនឹងការធ្វើសង្គ្រាម។ ទម្រាំមានសព្វថ្ងៃនេះ វាលំបាកណាស់ ប្រឹងប្រែងខ្លាំងណាស់ ទើបមានស្ថានភាពនេះ ហើយដូច្នេះហើយបានជាយើងមិនអាចអត់ឱនឲ្យអ្នកណាក៏ដោយហើយត្រូវបង់ថ្លៃប៉ុណ្ណាក៏ដោយ​ ដើម្បីរក្សានូវសន្តិភាព ដែលយើងរកបានដោយលំបាកនេះ។ មានសន្តិភាពទើបមានការអភិវឌ្ឍ។ ប្រទេសរបស់យើងពីសម័យដើម មិនមែនត្រឹមតែគ្មានការអភិវឌ្ឍទេ នៅពេលដែលប្រទេសចាប់ផ្តើមមានសង្គ្រាមពី ឆ្នាំ ១៩៧០ រហូតដល់ ឆ្នាំ​ ១៩៩៨។ ប្រជាពលរដ្ឋត្រូវរត់ចោលដីធ្លីផ្ទះសម្បែង រោងចក្រ សហគ្រាសត្រូវបានបំផ្លាញ នៅតំបន់នេះមានរោងចក្រតម្បាញ មានរោងចក្រកង់ឡានអីមួយចំនួន សុទ្ធតែបានបោះបង់ចោលក្នុងសម័យ ប៉ុល ពត។

នឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០

បន្ទាប់ពីសង្គ្រាមយើងបានប្រឹងប្រែងងើបឈរឡើង ដើម្បីជម្នះនូវឧបសគ្គទាំងឡាយ។ ឥឡូវនេះ ស្ថានភាពបានផ្លាស់ប្តូរសូម្បីតែឋានៈរបស់ប្រទេសយើងក៏បានផ្លាស់ប្តូរពីប្រទេស គេហៅថា ប្រទេសអភិវឌ្ឍទាប ប្រទេសដែលក្រីក្រ ទៅជាឋានៈដែលជាប្រទេសមួយដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។ ប៉ុន្តែ វាមិនទាន់គ្រប់គ្រាន់ទេ​ យើងត្រូវប្រឹងប្រែងធ្វើឲ្យប្រទេសក្លាយទៅជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ ពូបានប្រកាសរួចហើយថា នឹងបន្តតំណែងជានាយករដ្ឋមន្ត្រី មិនតិចជាង ១០ ឆ្នាំទៀតឡើងទៅ។ បើយោងទៅលើការគិតគូរ ពីរអាណត្តិទៀត វានឹងឈានឆ្ពោះទៅដល់ឆ្នាំ ២០២៨ បានពូចូលនិវត្តន៍។ យ៉ាងតិចអាហ្នឹងពាក្យយ៉ាងតិច។ មានន័យថា អាចថែមបាន។ ឯគោលដៅសម្រេចឲ្យក្លាយទៅជាប្រទេស ដែលមានប្រាក់ចំ​​ណូល​មធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ ពេលនោះពូនៅមានលទ្ធភាព​ដែលអាចធ្វើទៅរួច។ មិញនេះ គឺធ្វើដំណើរមកនេះក្មួយៗមួយចំនួនបានថា បានឃើញផ្ទាល់ហើយ​ ហើយក៏សួរត្រឡប់ទៅវិញឃើញផ្ទាល់យ៉ាងម៉េច? ឃើញផ្ទាល់ក្មេងជាងនៅក្នុងទូរទស្សន៍។ អើ! ម៉្យាងដែរ តាមពិតក្មេងមែនគេថាអញ្ចេះ គេថា «ខ្ញុំចាស់ពាក្យច្រើនណាស់ចេញមកពីស្រីៗ»។​ ប៉ុន្តែ ប្រពន្ធខ្ញុំថា ខ្ញុំអត់ចាស់សោះ ឯខ្ញុំថាប្រពន្ធខ្ញុំអត់ចាស់ដែរ អញ្ចឹងទៅក្មេងទៅក្មេងមក ម្សិលមិញចង់ដឹកដៃគាត់ដើរបង្ហាញម៉ូតបន្តិច ពេលដែលសុន្ទរកថា និងចែករង្វាន់រួចហើយនោះ … អញ្ចឹងទេ ទាញដៃគាត់ទៅ។ គាត់ចេះតែសួរថាទាញទៅកន្លែងណា? ព្រោះទៅជួបជាមួយសិល្បករ/សិល្បការិនី​ មានតាំងពីអ្នកចម្រៀង មានតាំងពីអ្នកតួរសម្តែង មានល្ខោន មានយក្ស​ មានស្អីណា គិតថាចង់ដើរលើឆាកបន្តិចមើល បង្ហាញម៉ូតបន្តិចមើល។ ប៉ុន្តែ ចៅ ២០ នាក់ ហើយ …។

គ្មានសន្តិភាព គ្មានការអភិវឌ្ឍ

អ្វីដែលពូចង់និយាយ ក្មួយៗត្រូវខិតខំ ដូចដែលបញ្ជាក់ហើយ រក្សាសន្តិភាព រក្សាស្ថេរភាពនយោបាយ សន្តិ សុខសណ្តាប់ធ្នាប់សង្គម។ គ្មានសន្តិភាព គ្មានការអភិវឌ្ឍបានទេ អតីតកាលរបស់កម្ពុជាបានបង្រៀនយើង គ្រប់គ្រាន់ណាស់ទៅហើយ។ បន្តទៅ ប្រទេសដទៃដែលកំពុងមានសង្គ្រាម ក្មួយៗបើកទូរទស្សន៍មើល វាយគ្នាអត់ចេះឈប់។ ឥឡូវហ្នឹង នៅស៊ីរីកំពុងតែមានបញ្ហា ព្រោះតំបន់មួយនោះ ដែលជាតំបន់ឧទ្ទាមគ្រប់គ្រង ប្រឆាំងរដ្ឋាភិបាល ខាងរដ្ឋាភិបាលវាយទៅវាយមក បិទច្រកជិត អត់មានតំបន់​ដែលដោះស្រាយបញ្ហាទេ។ អ្នកនៅតំ​បន់ហ្នឹងរកស្បៀងមិនបាន មានអ្នករបួស មានអ្នកឈឺ អត់មានថ្នាំពេទ្យ។ បើអញ្ចឹង គេបង្កើតឡើងនូវម៉ោង មនុស្សធម៌ របៀងមនុស្សធម៌ ហើយគេកំណត់ត្រឹមតែ ៦ ម៉ោង អ្នកចង់ចេញឲ្យចេញ អ្នកចង់ចូលឲ្យចូល … ប៉ុន្តែ ជួនកាលកំពុងតែធ្វើដំណើរ វាយគ្នាប្រ៉ាវ យន្តហោះមកទម្លាក់ខ្ទេចទៀត។ នោះហើយ ប្រទេសដែលមានសង្គ្រាមយ៉ាងដូចនោះហើយ​។ អញ្ចឹងធ្វើយ៉ាងម៉េច ខិតខំកុំឲ្យប្រទេសរបស់យើង ក្លាយទៅជាប្រទេសដែលមានសង្គ្រាមឡើងវិញ។ នៅពេលដែលយើងមិនមានស្ថេរភាពនយោបាយ មិនមានសណ្តាប់ធ្នាប់សង្គមពិតប្រាកដ ក្មួយៗក៏លំបាកធ្វើការដែរ។ បន្តិចជ្រួលច្របល់នេះ បន្តិចជ្រួលច្របល់នោះ សូម្បីតែតាមរោងចក្រ ក្មួយៗមិនអាចធ្វើការ​ងារដោយសុវត្ថិភាពទេ  ប្រសិនបើមានបងតូច បងធំ កាប់ចាក់គ្នានៅក្នុងរោងចក្រ។ បើមានក្រុមគ្រឿងញៀននៅក្នុងរោងចក្រ ក្មួយៗមិនអាចមានសុវត្ថិភាពនោះទេ។

ការធ្វើសុខដុមភាវូបនីយកម្មនៅក្នុងរោងចក្រ

ដូច្នេះ ត្រូវខិតខំបង្កលក្ខណៈសម្បត្តិដោះស្រាយបញ្ហាជាមួយគ្នា។ ប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម បានមកជួបពូហើយ អ្វីដែលជាការចង់បានរបស់ពូ គឺការធ្វើសុខដុមភាវូបនីយកម្មនៅក្នុងរោងចក្រ ធ្វើម៉េចរោងចក្រនីមួយៗសាមគ្គីគ្នា រវាងម្ចាស់រោងចក្រ ជា​មួយនឹងកម្មករ រវាងម្ចាស់រោងចក្រជាមួយថ្នាក់ដឹកនាំគ្រប់ថ្នាក់ ជាប្រធានរដ្ឋបាល ជាប្រធានផ្នែក ប្រធានក្រុម ជាមួយនឹងកម្មករ ធ្វើម៉េចសាមគ្គីគ្នា។ កុំឲ្យមានជម្លោះណាមួយ តូចតាចក្លាយទៅជាជម្លោះ ដែលនាំទៅដល់កូដកម្ម បាតុកម្ម ត្រូវរកវិធីដោះស្រាយជាមួយគ្នាភ្លាមៗ។ ហើយអាជ្ញាធរក៏ដូចជាផ្នែកពាក់ព័ន្ធត្រូវរកវិធីដោះស្រាយភ្លាមៗ។

ការបណ្តេញកម្មករចេញ មិនមែនជាដំណោះស្រាយទេ

ខ្ញុំនៅតែបន្តការអំពាវនាវ នៅត្រង់ថា ការបណ្តេញកម្មករចេញ មិនមែនជាដំណោះស្រាយទេ។ នោះគ្រាន់ តែជាការបង្កើតឡើងនូវកំហឹង ហើយបង្កើតឡើងនូវស្ថានភាពមិនល្អប្រសើរ។ រឿងខ្លះយើងអាចនិយាយគ្នា បាន និយាយគ្នាទៅ សាមគ្គីគ្នាទៅ។ ប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម គឺជាកម្មករដូចតែគ្នាទេ គ្រាន់តែគេឲ្យឋានៈយើងមើលការខុសត្រូវខ្ពស់ទាបតែប៉ុណ្ណឹង។ ដូច្នេះ សូមក្មួយៗបន្តការខិតខំរួមគ្នា។ ល្អជាងគេ គឺសាម​គ្គីភាពហ្នឹងឯង ដែលធ្វើឲ្យរោងចក្រកាន់តែរីកចម្រើន ឯថៅកែរោងចក្រក៏ត្រូវយកចិត្តទុកដាក់ចំពោះកម្មករ ឯកម្មករមានសុខភាពល្អ ក៏ប្រឹងប្រែងធ្វើការដើម្បីរោងចក្រ។ តាមរយៈ នៃការរីកលូតលាស់ប្រាក់ចំណេញនៃរោងចក្រនេះហើយ ដែលជាផ្នែកដ៏សំខាន់នៃការដោះស្រាយបញ្ហាបង្កើនបៀវត្សរ៍ និងអត្ថប្រយោជន៍ដទៃទៀត សម្រាប់រោងចក្រនីមួយៗ។

បញ្ហាថ្លៃទឹក ថ្លៃភ្លើង ថ្លៃផ្ទះជួល

កន្លងទៅ យើងបានដោះស្រាយបញ្ហាច្រើនហើយ។ ដោយឡែកតែនៅខាងខេត្តកណ្តាល តាខ្មៅរបស់យើងនេះ សម្រាប់តាខ្មៅ អត្ថប្រយោជន៍អំពីថ្លៃទឹក ថ្លៃភ្លើង គឺទទួលបានដូចនៅទីក្រុងភ្នំពេញ ដោយសារយើងបានតភ្ជាប់នូវទឹក នូវភ្លើង នូវអគ្គិសនី មកកាន់តំបន់តាខ្មៅនេះ។ តំបន់ខ្លះនៅជុំវិញទីក្រុង មិនទាន់បានទៅដល់ទេ។ យើងកំពុងប្រឹងប្រែងបន្ត ដើម្បីតទឹក តភ្លើង ទៅតំបន់ផ្ទះជួលទាំងអស់ ដើម្បីឲ្យកម្មករ/ការិនីរបស់យើងបង់ថ្លៃទឹក ថ្លៃភ្លើង តិចជាង។ ជាមួយនឹងការអំពាវនាវកុំឲ្យឡើងថ្លៃផ្ទះជួលនៅក្នុងឆ្នាំ ២០១៨ សូមអរគុណចំពោះម្ចាស់ផ្ទះជួលទាំងឡាយ ដែលបានទទួលយកនូវការអំពាវនាវរបស់រាជរដ្ឋាភិបាលរបស់ខ្ញុំ ដែលមិនតម្លើ​ងថ្លៃឈ្នួលផ្ទះ។

ការជិះរថយន្តក្រុងមិនគិតថ្លៃ, ការពិនិត្យ និងព្យាបាលជំងឺមិនគិតថ្លៃ, កុំភ្លេចដាកបណ្ណកម្មករតាមខ្លួន

មួយផ្នែកទៀត ខ្ញុំមិនដឹងថា តើរថយន្តក្រុងរបស់យើង មានរថយន្តដែលតភ្ជាប់ពីភ្នំពេញ-តាខ្មៅឬអត់? មាន។ ឥឡូវ ក្មួយៗមានបានជិះរថយន្តក្រុង ឬនៅ? មើលបើបានជិះ មានប៉ុន្មាននាក់ លើកដៃតិចមើល? ច្រើនទេតើ។ អញ្ចឹងទេ ក្មួយៗបានទទួលអត្ថប្រយោជន៍នេះ កម្មករទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ទទួលបាននូវការជិះរថយន្តក្រុងដោយមិនបង់ប្រាក់។ យើងអាចបន្ថែមនូវចំនួនរថយន្តថែមទៀត ប្រសិនបើវាចាំបាច់ ហើយយើងមានលទ្ធភាព។ មិនមែនគ្រាន់តែជិះទៅធ្វើការទេ ជិះទៅលេងភ្នំពេញក៏ជិះទៅ ប៉ុន្តែកុំភ្លេចយកបណ្ណកម្មករទៅជាមួយ បើគ្រាន់តែឡើងទៅ ប្រាប់ថាខ្ញុំជាកម្មករ ចុះបើអ្នកខ្លះបន្លំ ខូចឈ្មោះកម្មករ អញ្ចឹងទេ យើងដាក់បណ្ណកម្មករទៅ។ បណ្ណកម្មករនេះ សម្រាប់យើងទៅទទួលពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ។ ជួនកាលយើងធ្វើដំណើរ សុខៗ ស្រាប់តែមានអាការៈ ឈឺក្បាល វិលមុខ មានស្ថានភាពមិនស្រួល ត្រូវការចូលពេទ្យរដ្ឋភ្លាម។ ពេលចូលពេទ្យរដ្ឋភ្លាម គឺយើងមានអាហ្នឹងជាការសម្គាល់។ ក្រុមគ្រូពេទ្យគេទទួលយកនូវការពិនិត្យព្យាបាលដោយឥតគិតថ្លៃ។ បើសិនយើងមិនយកទៅ គឺចំណាំកម្មករម៉េចនឹងបាន។

ការឲ្យចេញមុនម៉ោងសម្រាប់កម្មការិនីដែលមានផ្ទៃពោះ

ក្មួយៗកាលពីពេលមុន រោងចក្រខ្លះគេឲ្យចេញ ៥ នាទីមុន អ្នកដែលមានផ្ទៃពោះ។ រោងចក្រខ្លះឲ្យ ១០ នាទី រោងចក្រខ្លះឲ្យ ១៥ នាទី រោងចក្រខ្លះឲ្យ ២០ ឲ្យ ៣០ នាទី។ ប៉ុន្តែជាទូទៅ ពូបានស្នើសុំឲ្យម្ចាស់រោងចក្រទាំងអស់ សុំឲ្យស្ត្រីមានផ្ទៃពោះបានចេញមុនម៉ោងរយៈពេល ១៥ នាទី។ ប៉ុន្តែក៏សូមបញ្ជាក់ថា បើរោងចក្រណាធ្លាប់ឲ្យដល់ទៅ ២០ នាទី, ៣០ នាទី, ២៥ នាទី ឬលើសពីហ្នឹង សូមបន្តឲ្យទៀតទៅ កុំបញ្ចុះមកនៅ ១៥ នាទី ឯអ្នកដែលមិនទាន់បានអនុវត្ត ១៥ នាទី គឺត្រូវដំឡើងយ៉ាងម៉េចឲ្យបាន ១៥ នាទី។ កាលណានៅក្រោម ១៥ នាទី គឺខុស ប៉ុន្តែកាលណាឲ្យលើសពី ១៥ នាទីឡើង ត្រូវទាំងអស់។

ប្រាក់ខែ ១៧០ ឡើង ទើបត្រូវ

​ប្រាក់អត្ថប្រយោជន៍ក៏ដូចគ្នាដែរ។ ប្រាក់បៀវត្សរ៍អប្បបរមាសម្រាប់ក្មួយៗ ១៧០ ប៉ុន្តែបើរោងចក្រណាគេឲ្យ​លើស ១៧០ គឺត្រូវទាំងអស់ ក្រោម ១៧០ គឺខុស។ យើងពិនិត្យតែអាហ្នឹងទេ យើងអត់ទៅជំទាស់អ្នកដែលឲ្យលើសពីការកំណត់នោះទេ  លើកទឹកចិត្តឲ្យលើស ប៉ុន្តែបើកាលណាឲ្យទាបជាង អាហ្នឹងគឺខុស។ នេះជាចំ​ណុចក្មួយៗទទួលបានអត្ថប្រយោជន៍។

អត្ថប្រយោជន៍សម្រាប់អ្នកមានផ្ទៃពោះ

… ឥឡូវក្មួយៗថ្ងៃនេះ ៤១២ នាក់ ដែលមានផ្ទៃពោះ។ ពេលដែលឆ្លងទន្លេ ជាមួយនឹងការឈប់សម្រាករយៈ ពេល ៣ ខែ ប៉ុន្តែមានប្រាក់បៀវត្សរ៍រហូតទៅដល់ ១២០% ឯណោះ ដែលខុសពីពេលមុន យើងបានទទួលនូវការឈប់សម្រាករយៈពេល ៣ ខែ និងប្រាក់បៀវត្សរ៍ត្រឹមតែ ៥០% ទេ។ ដូចជា ១៧០ ដុល្លារ ៥០% បានតែ ៨៥ ដុល្លារទេ។ តែឥឡូវ ពេលដែលក្មួយៗឆ្លងទន្លេ រយៈពេល ៣ ខែនេះ ក្មួយៗទទួលបាន ២០៤ ដុល្លារសហរដ្ឋអាមេរិក។ អញ្ចឹងមានន័យថាច្រើន បានឈប់ ៣ ខែ ចំនួនប្រាក់បៀវត្សរ៍ឡើង នៅធ្វើការបានតែ ១៧០ ទេ ប៉ុន្តែដល់ឡើងជ្រុញបានដល់ទៅ ២០៤ បូកបន្ថែមដោយកម្មវិធីផ្តល់សាច់ប្រាក់ពីសំណាក់រាជរដ្ឋាភិបាល តាមរយៈបេឡាជាតិសន្តិសុខសង្គម កើតបានកូនមួយ ៤០ម៉ឺន  កើតបានកូនភ្លោះពីរ ៨០ម៉ឺន កើតបានកូនភ្លោះបី ១២០ម៉ឺន បូកនឹង ៥ លានរៀល ដែលពូត្រូវផ្តល់ឲ្យទៀត ឲ្យតែមានកូនភ្លោះ ៣។ ប៉ុន្តែ ងាយទៅរកឯណាលោកអើយ! កាលពីមុនសំបូរណាស់ សំបូរកូនភ្លោះ ៣ ឡើងដល់ ៣២៦ គ្រួសារ ប៉ុន្តែឥឡូវនេះវាថយចុះ ដោយសារអី? ដោយសារវាភ្លឺពេក ហើយដោយសារទូរទស្សន៍ផង មើលៗទៅភ្លេច។ អញ្ចឹងទេ អ្នកដែលត្រូវទៅចាប់ជាតិ ត្រូវការងងឹត។ ដល់ទៅ កាលពីមិនទាន់មានអគ្គិសនីដូចឥឡូវ ចូលទៅចេះតែបាន កើតនោះកើត និយាយពីភ្លោះបី ដល់ឥឡូវកូនភ្លោះបី ក្នុងមួយឆ្នាំ ជួនកាលជួបប្រទះតែ ៤ ទៅ ១០ គ្រួសារ តែប៉ុណ្ណឹងទេ។ កើតជិត ១ ម៉ឺននាក់ មើលទៅដល់ពេល​ចូលឆ្នាំខ្មែរកើតបាន ១ ម៉ឺននាក់ហើយ ក្នុងកម្មកររបស់យើង។ ឥឡូវបាន ៨.០០០ នាក់ជាងហើយ ដែលបានកើត។ សង្ឃឹមថាក្មួយៗ នឹងបានកូនប្រុស កូនស្រី ដែលគួរឲ្យស្រលាញ់នៅពេលខាងមុខ។ ឥឡូវនេះ ដោយសារតែមានពេទ្យពិនិត្យស្រ្តីមានផ្ទៃពោះនៅគ្រប់ទីកន្លែង ការឆ្លងទន្លេនៅតាមមន្ទីរពេទ្យនានា ត្រូវធ្វើបានយ៉ាងងាយស្រួលជាងពេលមុន ពូធ្លាប់បានឆ្លងកាត់នូវសោកនាដកម្ម ដែលរឿងនេះបានកើតនៅ ៤១ ឆ្នាំ មុននេះ ចូលដល់ ៤២ ឆ្នាំហើយ ពេទ្យខ្វះជំនាញពិតប្រាកដ កូនរបស់ពូត្រូវពេទ្យធ្វើធ្លាក់ពីដៃ ទៅប៉ះនឹងជ្រុងគ្រែធ្លាក់បាក់ឆ្អឹងខ្នងស្លាប់។ ឥឡូវនេះ ស្ថានភាពបែបនេះវាមិនមានទៀតទេ អញ្ចឹងបានរឿងអតីតកាលដ៏កំសត់ ដ៏ឈឺចាប់ របស់ប្រជាជនកម្ពុជា រាប់ទាំងពូផងដែរ មិនត្រូវឲ្យវាវិលត្រឡប់មកវិញទេ។

អត្រាស្លាប់មាតា និងទារកត្រូវបានកាត់បន្ថយ

ស្ថានភាពបែបនេះហើយ បានពូយកចិត្តទុកដាក់ទៅលើការអនុវត្តមុនគេសម្រាប់ស្រ្តីមានផ្ទៃពោះ ប៉ុន្តែ ​លទ្ធភាព ថវិការបស់យើង អាចធ្វើបានជាមួយនឹងកម្មការិនី ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធជាមុន ដែលមួយឆ្នាំចំណាយប្រហែល ១០ លានដុល្លារសហរដ្ឋអាមេរិក។ ប៉ុន្តែ សម្រាប់ប្រជាជនទូទៅក្នុងមួយឆ្នាំកើតប្រមាណជា ៤០ ម៉ឺននាក់ បើ ៤០ ម៉ឺននាក់ គឺប្រមាណជា បើយើងផ្តល់ ១០០ ដុល្លារស្មើៗគ្នា គឺវានឹងមានចំនួន ៤០ លានដុល្លារអាមេរិកនោះ។ ប៉ុន្តែ នៅប្រទេសខ្លះគេផ្តល់ត្រឹមតែ ៥០ ដុល្លារទេ។ ប្រទេសគេអ្នកមានផង។ យើងនឹងពិនិត្យមើលអំពីបញ្ហានេះនៅពេលក្រោយទៀត ដើម្បីធានាថា បញ្ហាដែលទាក់ទងជាមួយនឹងសុខុមាលភាព អាហារូបត្ថម្ភ និងការ​រីកលូតលាស់នៃកុមារ និងទារក នឹងត្រូវបានបង្កើនស្ថានភាពកាន់តែប្រសើរ។ អត្រាស្លាប់មាតា និងទារក នឹងត្រូវបានកាត់បន្ថយជាបន្តទៀត ដែលជាផ្នែកមួយនៃកិច្ចគាំពារសង្គម ឬសំណាញ់សុវត្ថិភាពសង្គម ដែលត្រូវបាន​​ផ្តោតការយកចិត្តទុកដាក់។ ខ្ញុំពិតជាមានការរីករាយ ដោយយើងបានជួបជុំគ្នាហើយខ្ញុំក៏មិនចាំ​បាច់​រំលឹកឡើងវិញនូវអ្វីដែលបានសម្រេចរួចហើយ។ អម្បាញ់មិញបានរំលេចខ្លះ ទាក់ទងនឹងអត្ថប្រយោជន៍ យើងកំពុងដើរពិនិត្យ ហើយក៏សូមថ្លែងការកោតសរសើរចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រ​សួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ ក៏ដូចជា​អាជ្ញាធរនៅគ្រប់ទីកន្លែងទាំងអស់ ដែលមានទីតាំង មានរោងចក្របោះនៅ បានធ្វើកិច្ចការដ៏ល្អ។ អ្វីដែលយើងបានសម្រេច មិនទាន់មានចំណុចណាមួយដែលយើងធ្វើមិនទាន់បាននោះទេ។

ករណីមិនយកបណ្ណកម្មករតាមខ្លួន ត្រូវមន្ទីរពេទ្យគិតលុយ

បាតុភាពតែមួយគត់ដែលបានកើតឡើង គឺនៅស្រុកលើកដែក។ ពេលនោះកម្មការិនីរបស់យើងទៅពិនិត្យផ្ទៃពោះ ត្រូវបង់ថ្លៃ។ អញ្ចឹង ប្តីបានចូ​​​​លមក comment ក្នុង Facebook របស់ខ្ញុំ ថាមន្ទីរពេទ្យនៅព្រែកទន្លាប់នៅលើកដែក ពិនិត្យព្យាបាលយកប្រាក់ ហើយគេឲ្យទាំងវិក័យបត្រហ្នឹងទៅទៀត។ អញ្ចឹងទេ ភ្លាមនោះ គឺបញ្ជូនទៅឲ្យរដ្ឋមន្រ្តីសុខាភិបាល បញ្ជូនទៅឲ្យរដ្ឋមន្រ្តីការងារ និងបញ្ជូនមកឲ្យអភិបាលខេត្តកណ្តាល យើងស្រាវជ្រាវឃើញភ្លាម។  ហើយយើងដោះស្រាយបញ្ហាភ្លាម។  ចំណុចនៅត្រង់អញ្ចេះ ក្មួយកម្មការិនីមានផ្ទៃពោះនោះ បានទៅជួបជាមួយគ្រូពេទ្យ ដោយមិនបានយកបណ្ណកម្មករទៅជាមួយទេ។ អញ្ចឹងបានជាពូរំលឹកទៅណាក៏ដោយ ដាក់បណ្ណកម្មករ ទៅជាមួយទៅ ​ត្រូវការជិះឡានក៏ត្រូវការបណ្ណ ត្រូវការចូលមន្ទីរពេទ្យ ក៏ត្រូវការបណ្ណ លើចំណុចដែលទាក់ទងជាមួយនឹងបញ្ហានេះ។

បេឡាសន្តិសុខថែទាំសុខភាព ម្ចាស់រោងចក្រជាអ្នកបង់ជួស/សោធននិវត្តន៍ឯកជន ចាប់នៅឆ្នាំ ២០១៩

អត្ថប្រយោជន៍ដែលក្មួយៗទទួលបាន នៅមានទាក់ទិនជាមួយនឹងបញ្ហាមុននេះ កម្មករ/ការិនីរបស់យើងត្រូវបង់បេឡាសន្តិសុខថែទាំសុខភាព ៥០ ភាគរយ ប៉ុន្តែ កន្លងទៅចាត់ចូលដល់ឆ្នាំនេះ យើងអនុវត្ត ក្មួយៗអត់ត្រូវបង់ថែមទៀតទេ គឺម្ចាស់រោងចក្របង់ជំនួសទាំងអស់។ អ​ញ្ចឹងធ្វើឲ្យកម្មករ/ការិនីរបស់យើង ចំណេញប្រាក់ក្នុងរង្វង់ ៨.០០០ រៀល ទៅ ១៣.០០០ រៀល ក្នុងមួយខែ។ យើងនឹងបន្តការខិតខំ ដើម្បីនាំមកអត្ថប្រយោជន៍ផ្សេងទៀតសម្រាប់កម្មករ ដូចជា ឆ្នាំ ២០១៩ ខាងមុខ នឹងដាក់ឲ្យអនុវត្តនូវសោធននិវត្តន៍ ដែលចំណុចនេះ ក្មួយៗទន្ទឹងរង់ចាំនូវបញ្ហានេះ អ្នកណាក៏ដោយ មិនមែនត្រូវតែកម្មករទេ អ្នកណាក៏ដោយសុទ្ធតែត្រូវការធានាដឹងថា អនាគតរបស់ខ្លួនវាទៅជាអី។ បន្ទាប់ពីការតម្លើងបៀវត្សរ៍ ក្មួយៗគិ​តហើយថាពេលអញចាស់ទៅ អស់ការងារធ្វើតើបានអីចិញ្ចឹមខ្លួន។ ចំណុចនេះ មិនគ្រាន់តែក្មួយៗជាកម្មករ/ការិនីទេ សូម្បីតែពូក៏គិតដែរខ្លួនឯង ពូមិនគិតទេពីបញ្ហាទ្រព្យសម្បត្តិនោះ វាមិនដែលអតីតនាយករដ្ឋន្រ្តីណាមួយ រកតែបាយស៊ីមិនបានវាមិនដែល និយាយថាអត់ក៏វាមិនកើត វាអត់ត្រូវទេ។ ប៉ុន្តែ កំ​ពុងគិតថា តើកូនប្រុស កូនស្រីណា ចៅប្រុស ចៅស្រីណា ដែលវាចិត្តបាន យើងអាចនៅជាមួយគេបាន។ យើងមិនបាច់ទៅនៅជាមួយគេទេ តែហៅគេមកនៅផ្ទះជាមួយយើង ហើយឲ្យគេទទួលយកផ្ទះហ្នឹងជាផ្ទះរបស់គេតែម្តង។ ប៉ុន្តែ សុំទោសណា អត់មានប្រគល់កម្មសិទ្ធិឲ្យមុនទេ ក្រែងលោវាដេញ​ឯងចុះពីផ្ទះ។ ប៉ុន្តែ កូនចៅរបស់ខ្ញុំមិនដល់ថ្នាក់ប៉ុណ្ណឹងពេកទេ។ ប៉ុន្តែ ជួនកាលអាចដែរណា អាកូនវាមិន ដេញទេ តែអាកូនប្រសារវាដេញ អាចៅបង្កើតវាមិនដេញទេ ប៉ុន្តែអាចៅប្រសារវាដេញ។​ អញ្ចឹងអត់ទេ អាហ្នឹងទុកក្នុងសារបណ្តាំវិញ ហើយបើធ្វើកម្មសិទ្ធិ ឲ្យក៏មានសិទ្ធិត្រឹមតែខ្ញុំស្លាប់បានមានសិទ្ធិ ហើយប៉ុន្មានឆ្នាំក្រោយទៀត ដាក់ក្នុងសារបណ្តាំឲ្យមេធាវីមួយកាន់ឲ្យជាប់។

ប៉ុន្តែ ការគិតខុសៗគ្នា ឯក្មួយៗគិតថា បើអស់ការងារធ្វើទៅ តើបានអីចិញ្ចឹមខ្លួន? សូម្បីតែក្មួយៗអ្នកចម្រៀង អ្នកភ្លេងច្បាស់ជាកំពុងគិតហើយ។ ចុះបើអញច្រៀងលែងកើតហើយ បានអីចិញ្ចឹមខ្លួន? អ្នកណាក៏គិតដូចគ្នាដែរ។ ឥឡូវ យើងធ្វើចំពោះមន្រ្តីរាជការ យើងធ្វើចំពោះកម្មករ/ការិនីរបស់យើង ដើម្បីធានាថាបន្ទាប់ពីអត់ការងារធ្វើទៅប្រាក់បៀវត្សរ៍នឹងនៅសល់ ៨០ ភាគរយ។ ដូចជាថ្ងៃក្រោយទៅ បើក្មួយៗមានបៀវត្សរ៍ថា ២០០ ដុល្លារ ក្នុង ១ ខែ ពេលដែលចូលនិវត្តន៍ភ្លាម នៅសល់ ៨០ ភាគរយ វានៅសល់ ១៦០ ដុល្លារដែរ ដើម្បីចិញ្ចឹមខ្លួនដែរ។ មិនព្រួយថាកូនណាចិត្តបាន កូនណាចិត្តមិនបាននោះទេ។

រក្សា និងគ្រប់គ្រងសៀវភៅការងារឲ្យជាប់

ចំណុចទាំងអស់នេះ សុទ្ធតែជាចំណុចដែលយើងបន្តការខិតខំធ្វើ។ ហើយក៏ផ្តាំផ្ញើក្មួយៗ អាសៀវភៅការងាររបស់ក្មួយៗ ត្រូវបូកវាឲ្យជាប់ គ្រប់គ្រងឲ្យជាប់ ព្រោះអញ្ចេះក្មួយធ្វើការនៅរោងចក្រនេះ បាន ៣ ឆ្នាំ រោងចក្រនេះឈប់ទៅ ក្មួយបន្តទៅរោងចក្រមួយទៀត គេមិនមែនគិតពីមួយថ្ងៃទេ គេគិតពី ៣ ឆ្នាំ មួយថ្ងៃ ទៅ។ ក្មួយធ្វើការ ៥ ឆ្នាំ នៅរោងចក្រនោះ រោងចក្រនោះបិទទៀត ក្មួយទៅធ្វើការនៅរោងចក្រមួយទៀត គេមិនគិតពីមួយថ្ងៃឡើងទៅ គេគិតពី ៨ ឆ្នាំ មួយថ្ងៃ ឡើងទៅ។ អញ្ចឹង ទើបយើងបូកបាននូវចំនួនរយៈពេល ដែលត្រូវទទួលបានគ្រប់លក្ខខណ្ឌ នៃការទទួលបានបៀវត្សរ៍(សោធន)។ មិនមែនមកធ្វើការមួយថ្ងៃ ពីរថ្ងៃ មួយឆ្នាំ ២ ឆ្នាំ មួយខែ ពីរខែ ហើយទារប្រាក់បៀវត្សរ៍នោះទេ។  អាហ្នុងមានប្រាក់ទាក់ទងនឹងអតីតភាព។

ករណីថៅកែរត់ចោលរោងចក្រ រដ្ឋាភិបាលចេញលុយបើកឲ្យសិន

ឥឡូវដល់យើងដល់ម្ចាស់រោងចក្ររត់ចោល ជំពាក់គេ ច្រើនតែប្រាក់អតីតភាពហ្នឹង? មានប្រាក់ខែមិនទាន់បើកផង មានប្រាក់អតីតភាពផ​ង។ អញ្ចឹង កាលហ្នឹងដូចខ្ញុំនៅចាំបានថា ប្រគល់មកឲ្យមួយដងណាមួយកាលជំនាន់ ផៃ ប៊ុនឈឿន ធ្វើអភិបាលខេត្ត​ កាលនោះ ៧ លានជាង ហើយមានកម្មការិនីខ្លះ បើកមួយដងបាន ៤ ពាន់​ដុល្លារ (មានដល់ ១ ម៉ឺន)។ ដូច្នេះ បញ្ចេញ ៤ លាន ៦ សែនដុល្លារនេះ សង្ឃឹមថា ថ្ងៃក្រោយ មិនមានបាតុភាពហ្នឹងកើតឡើងទៀតទេ។ ដើម្បីឲ្យមានការធានាមួយ មិនអាចចេះតែរត់ចោលកម្មករទេ។ ប៉ុន្តែ យើងក៏ត្រូវតាម ថ្ងៃក្រោយត្រូវមានរបៀបយ៉ាងម៉េច? យើងតាមទៅដល់​ ឥឡូវឧទាហរណ៍រោងចក្រមកពីប្រទេសណា? យើង​​ក៏ត្រូវធ្វើលិខិតទៅរដ្ឋាភិបាល នៃប្រទេសនោះថា អ្នកវិនិយោគមកពីប្រទេសអ្នកឯង គឺបានរត់ចោលកម្មករ ហើយជំពាក់កម្មករ។ ទោះបីថា វាក្ស័យធននៅស្រុកវាទៀត យ៉ាងហោចណាស់ យើងក៏បានឲ្យគេបានដឹង អំពីអ្នកនេះថាបានគេចចេញពីស្រុកខ្មែរទៅ ហើយជំពាក់ប្រាក់ជាមួយនឹងកម្មករកម្ពុជាផងដែរ។ យើងរកវិធី អាហ្នឹងសុទ្ធតែមានកិច្ចព្រមព្រៀងគាំពារវិនិយោគ។ ប៉ុន្តែ បើវិនិយោគហើយរត់ទៅ យើងដោះស្រាយនៅយើង តែគេដែលរត់ចោលយើង តើយើងត្រូវដោះស្រាយយ៉ាងម៉េច? រកវិធីដើម្បីធ្វើទំនាក់ទំនងការងារហ្នឹងមួយទៀត។

កម្មវិធីឆ្នាំនេះច្រើនទាំងក្នុងស្រុក និងចេញក្រៅស្រុក

និយាយប៉ុន្មានម៉ោងហើយ?​ ប្រុចៗមួយម៉ោងៗ ចេះតែទៅហើយ បំពង់កហ្នឹងចេះតែទៅបានដែរ។ ឆ្នាំនេះ មើលទៅកម្មវិធីបន្តឹងណាស់។ អាមុនបោះឆ្នោតក៏តឹង ត្រូវចេញកម្មវិធីក្នុងស្រុក កម្មវិធីទៅក្រៅស្រុកដូចជានៅសល់ប៉ុន្មាន? ឥឡូវប្រជុំអន្តរជាតិ(ក្នុងស្រុក)ដូចជានៅសល់តែមួយទេ ប្រជុំនៅសៀមរាប គណៈកម្មាការអន្តរជាតិមេគង្គ ខែមេសា ។ ប៉ុន្តែ ខែ ៣ នេះ ទៅអូស្រ្តាលីហើយ ត្រឡប់មកវិញត្រូវទៅវៀតណាមទៀត ប្រជុំមហាអនុតំបន់មេគង្គនោះ។ រួចហើយ ដូចជាត្រូវចេញទៅថៃ ប្រជុំ ACMECs និង CLMV នៅថៃ ខែ ៦។ កាលពីថ្ងៃ ២២ ខែមករានេះ ប្រធានសភាពអឺរ៉ុប Donald Tusk និងស្នងការអឺរ៉ុប Jean-Claude Juncker បានសរសេរលិខិតអញ្ជើញទៅចូលរួមប្រជុំអាស៊ី-អឺរ៉ុប នៅប្រ៊ុចស៊ែល នៅខែ ១០ ហើយក៏មានការពិគ្រោះយោបល់អំពីការប្រជុំរវាងមេគង្គ-ជប៉ុន នៅក្នុងអំឡុងខែ ១០ ឬក្រោយខែ ១០។ អញ្ចឹងបានសេចក្តីថា ក្រោយបង្កើតរដ្ឋាភិបាលថ្មី​ភ្លាម នឹងចេញទៅប្រជុំអាស៊ី-អឺរ៉ុប។ ខ្ញុំកំពុងតែធ្វើលិខិតឆ្លើយតប។ ខ្ញុំថាខ្ញុំនឹងទៅ ហើយឆ្លៀតពេលនោះអាចនឹងមានទស្សនកិច្ចនៅបណ្តាប្រទេសអឺរ៉ុបមួយចំនួនផងដែរ ក្នុងហ្នឹងអាចជាគោលដៅគឺប្រទេសតួគី …។ មកពីអឺរ៉ុប អាចទៅជប៉ុន និងមានទស្សនកិច្ចនៅក្រៅប្រទេសមួយចំនួនទៀត។ ដូច្នេះ ការងារវារវល់ ប៉ុន្តែ ទោះបីវារវល់យ៉ាងម៉េចក៏ដោយ វាមិនលំបាកជាងសម័យ ប៉ុល ពត ឬសម័យសង្គ្រាមទេ។

ឡើងតាមរដ្ឋធម្មនុញ្ញ ចុះក៏តាមរដ្ឋធម្មនុញ្ញ មិនអាចលេងផ្លូវកាត់នោះទេ

… តាមរយៈក្មួយៗផ្តាំផ្ញើសួរសុខទុក្ខមាតាបិតា ជីដូនជីតា បើសិនជាគាត់នៅរស់។ អរគុណពួកគាត់ផង ដែលបានរួមចំណែកជាមួយពូ រួមចំណែកជាមួយគណបក្សប្រជាជនតាំងពីបាតដៃទទេ​ ហើយើងត្រូវបន្តរួមគ្នាតទៅទៀត។ ពាក្យ ដូរៗៗ … ដូរពិតប្រាកដបែរមុខទៅខាងណា? អានោះគិតតែពីដូរៗផ្កាប់មុខ ប៉ុន្តែ ដោយសារវាចង់ដូរយើងអញ្ចឹងហើយ បានជាយើងដូរវា … ដូរឯងអាសូរតែតាមផ្លូវច្បាប់ទៅ ប្រុងដូរផ្លូវកាត់ ដល់ទៅដូរផ្លូវកាត់ ឥឡូវទៅបាត់អស់រលីង​។ ថ្ងៃមុន សុំចរចា ដល់ទៅប្រាប់ថា មិនចរចាជាមួយទេ ស្រាប់តែយប់ឡើងសម្ភាសន៍ថា ចរចាដើម្បីឲ្យលោក ហ៊ុន សែន ចុះដោយសន្តិវិធី។ ​ធ្វើអីឯងមិនកើត មកឲ្យចុះដោយសន្តិវិធី។ ផ្តាំត្រឡប់ទៅវិញ កុំថាអញថាឯង ឡើងតាមរដ្ឋធម្មនុញ្ញ ចុះវិញក៏តាមរដ្ឋធម្មនុញ្ញ អត់មានផ្លូវកាត់ទេ។ បើអ្នកឯងចង់លេងផ្លូវកាត់ សូមអញ្ជើញមក …​។

ពួកអ្នកឯងអត់ហ៊ានទេ។ ហ៊ាននៅតែខាងក្រៅទេ អាខាងក្នុងអត់ហ៊ានទេ។ ងើបមិនរួចទេ។ សូមផ្តាំទៅប្អូនៗ​ដែលនៅភ្នំពេញនេះ ដែលម្សិលម្ងៃបាននិយាយថា អ្វីដែលលោក ហ៊ុន សែន និយាយ គឺជារូបភាពថតទុកកាលពីពេលមុនទេ។ ការពិតលោក ហ៊ុន សែន កំពុងឈឺធ្ងន់ណាស់។ ឱ! ព្រះអើយព្រះ។ ថ្ងៃមុនទៅខំសម្ពោធសមិទ្ធផលនៅវត្តឈូកវ៉ា គេថា អាហ្នឹងលោក ហ៊ុន សែន ថតទុកទេតើ។ រួចគេថតទុកកើតដែរ?​ រវាងម្ខាងឈរនិយាយអញ្ចឹង ហើយម្ខាងព្រះសង្ឃ មានគ្រហស្ថ ដើរកាត់ខ្សែបូរ។ ម្សិលមិញ ក្រៅពីដើរបង្ហាញម៉ូត រាំបានបន្តិចដែរម្សិលមិញ ព្រោះជួបក្រុមសិល្បៈហើយ កុំឲ្យក្មេងៗថាយើងអន់ពេក។ ទៅរាំបានជិតកន្លះបទដែរ រាំក្បាច់ … ហើយថ្ងៃនេះ តើ ហ៊ុន សែន ពិត ឬ ហ៊ុន សែន ក្លែងក្លាយ? បើ ហ៊ុន សែន ក្លែងក្លាយ និយាយមិនខ្លាំងដូចអញ្ចឹងទេ។

អ្នកភូតរឿងសុខភាពសម្តេច ចេះតែភូតរហូត

… និយាយពីរឿងសុខភាពរបស់ខ្ញុំ អានោះភូតរហូត។ កាលពីខែ ៧ សុខៗស្រាប់ទេវាបង្ហោះ Facebook ថា លោក ហ៊ុន សែន កំពុងតែដឹកទៅសង្គ្រោះបន្ទាន់ពីសាំងហ្គាពួរ ទៅហុងកុង។ អាមួយទៀត វាថា ពីសាំ​ងហ្គាពួរទៅបារាំង។ ឯខ្ញុំកំពុងតែធ្វើតៃកុងតាក់ស៊ី នៅផ្លូវ ៦០ ម៉ែត្រ ព្រោះមកមើលកន្លែងហ្នឹង។ មកដល់ឃើញឡាន ក៏ដូចជាស្រួល សក្តិ ២ ម្នាក់ដែលជាគ្រូកីឡានៅក្រសួងការពារជាតិ គេមកបង្រៀនប្រពន្ធបើកឡាន។ ដល់អញ្ចឹង ក៏សុំបើក ដល់បើកធ្វើជាតៃកុងតាក់ស៊ីបណ្តោយ យកមួកមកពាក់ រួចហើយឲ្យពួកហ្នឹងគេបើកប៉ុន្មានជុំ ហើយដល់បើកទៅ មានម្នាក់នោះគាត់ទើបនឹងទិញឡានថ្មី​។ គាត់មិនអស់ចិត្ត គាត់មកហៅថាសម្តេចទៅបើកឡានខ្ញុំបន្តិច ខ្ញុំទើបនឹងទិញឲ្យវាមានហុងស៊ុយ។ បើកបានឡាន ៤ ថ្ងៃនោះ តែអត់មានហ៊ានចេញ(ពីផ្លូវ ៦០ ម៉ែត្រ)ដែរ​… ប្រុងដែរថ្ងៃនោះ ប្រុងវាត់តាមផ្លូវ ៦០ ម៉ែត្រ ចេញទៅផ្លូវលេខ ២ ផ្លោះទៅតាកែវតែម្តង ប៉ុន្តែ ក្រែងលោអង្គរក្សតាមមិនទាន់។ ថ្ងៃនោះ អង្គរក្សតាមតែមួយ មិនស្រួលថាឯងលួចឡានគេទៀត។ វាចេះភូត ហើយឥឡូវវាភូតតគ្នាទៀត ថា ហ៊ុន សែន កំពុងឈឺធ្ងន់ណាស់ អ្វីដែលនិយាយនោះថតទុកទេតើ។ ដោយសារតែគេពូកែភូតហ្នឹងហើយ បានជាពាក្យខ្មែរគេថា «ភូតច្រើន តែងចាញ់អាត្មា» …។

ថ្ងៃនេះ ពូបាននាំមកសម្រាប់កម្មករ/ការិនី និងនិយោជិត សរុបចំនួន ១៣.៩៧១ នាក់ ក៏សូមជូនជាកាដូរកំដរដៃ ក្នុងការមកជួបគ្នានេះ ម្នាក់ត្រឹមតែ ២ ម៉ឺនរៀលប៉ុណ្ណោះ។​ ក្មួយៗមកនេះមិនមែនសំដៅមករកប្រាក់ពូទេ ប្រាក់ក្មួយៗវាច្រើនណាស់ ១៧០ ដុល្លារក្នុងមួយខែ បូកនឹងអត្ថប្រយោជន៍ទៅ ជាង ២០០ ដុល្លារ បូកទៅវាចំណេញ ខ្លះ ៨០ ម៉ឺនរៀល ខ្លះ ១ លានរៀល​។ ឯចំពោះក្មួយៗមានផ្ទៃពោះ ពូនឹងដើរចែកស្រោមសំបុត្រ តែកុំភ្លេចនៅពេលដែលនរណាមានកូនភ្លោះ ប្រាប់ថាភ្លោះ ដើម្បីបាន ២ ស្រោមសំបុត្រ អាហ្នឹងរបបរបស់យើង។ ដល់ពេលកើត អ្នកបានកូនម្នាក់នឹងបាន ៤០ ម៉ឺនរៀល ដល់ទៅភ្លោះ ២ ឡើង ៨០ ម៉ឺនរៀល។ តែឥឡូវ បើសិនជាមានកូនភ្លោះ មិនទាន់កើតក៏ដោយ ប្រាប់ថាភ្លោះ បានស្រោមសំបុត្រ ២ តែមិនដឹងថាប៉ុន្មានទេ ពូមិនប្រកាសទេ …។

ស្ថានភាពអាកាសធាតុចូលឆ្នាំនេះ អាចនឹងមិនសូវជាក្តៅ

ខានស្អែកមួយត្រូវមកនេះទៀតហើយ មើលទៅរបាំយូរទេ? ចង់នៅយូរ។ មានទៅស្អី។ ខ្ញុំចង់ចូលដេកផ្ទះខ្ញុំនៅនេះក៏បាន ខ្ញុំចង់ទៅភ្នំពេញក៏បាន ព្រោះខ្ញុំនៅនេះទេ។ ជួនកាលទៅភ្នំពេញទៅ ជួនកាលនៅនេះ។ អ្នកតាខ្មៅនឹងគេដែរតើ។ ថ្ងៃក្រោយ ពេលដែលមានការជួបគ្នានៅតាខ្មៅ ខ្ញុំថាមកសម្រាកនៅនេះរហ័សជាង។ តែព្រឹកមិញ ដោយសារមានកម្មវិធីច្រើននៅភ្នំពេញ ដេកនៅភ្នំពេញនោះទេ មិនដឹងថាខ្ញុំដេកនៅណាពិតប្រាកដ តែយ៉ាងណា​ដេកតែជាមួយប្រពន្ធខ្ញុំហ្នឹង​​ អត់មានខុសកន្លែងទេ។ អរគុណចំពោះម្ចាស់រោងចក្រសាជាថ្មីម្តងទៀត ដែលផ្តល់ការអនុញ្ញាតឲ្យក្មួយៗកម្មករ/ការិនី មកជួបហើយល្ងាចនេះបានសម្រាកមួយល្ងាចទៀត ហើយយើងបន្តរួមគ្នាទៅមុខទៀត មិនត្រូវឲ្យនរណាបំផ្លាញដំណើរការរបស់យើងទាំងអស់។ ពូនឹងបន្តដើរជាមួយនឹងការជួបកម្មករ ផុតពីកន្លែងមួយ ទៅកន្លែងមួយ។ យើងប្រហែលជាពេលណាដែលអាចរៀបចំនៅស្វាយរៀងបាន? ក្រោយចូលឆ្នាំ ខែ ៥ អី ព្រោះខាងតំបន់ដែលងាយភ្លៀង យើងបានធ្វើរួចហើយ។ អញ្ចឹងនៅតំបន់ខាងនេះ។ តែឆ្នាំនេះ ភ្លៀងច្រើន សឹងតែថា មួយអាទិត្យ ឬ ២ អាទិត្យ ចាប់ផ្តើមភ្លៀង។ ឆ្នាំនេះ ស្ថានភាពពេលចូលឆ្នាំមិនជាមិនក្តៅប៉ុន្មានទេ។ អញ្ចឹងក្មួយៗលេងបោះឈូង អង្គុញ ឬរាំវង់តាមពេលចូលឆ្នាំនេះ មិនជាក្តៅប៉ុន្មានទេ។ នៅបាំងតែជាង ១ ខែទេ ចូលឆ្នាំហើយ។

អ្នកណាជាប់គុកអីជាប់ទៅ ប្រជាពលរដ្ឋអត់ខ្វាយខ្វល់ទេ

ស្ថានភាពសប្យាយរីករាយ ឥឡូវហ្នឹងប្រជាពលរដ្ឋយើងមិនខ្វល់អ្នកណាជាប់គុក អ្នកណាជាប់ច្រវាក់ទេ ក្បាលនរណាសក់អ្នកនោះហើយ។ គាត់និយាយអញ្ចឹងតែម្តង។ រឿងអីអ្នកឯងទៅធ្វើរឿងផ្តេសផ្តាសនោះ។ អ្នកលក់គ្រឿងញៀនវាជាប់គុកដោយសារគ្រឿងញៀន នោះរឿងវាទៅ។ អាហ្នឹងបង្កើតស្ថានភាពភ្លាមៗ អ្នកដែលក្បត់ជាតិ អាហ្នឹងវាទៅតាមរយៈនៃរឿងក្បត់ជាតិរបស់វាទៅ។ ខាងក្រុមភ្លេងសម័យក៏ដូចមុនៗដែរ (៥ លានរៀល) សង្ឃឹមថា បន្តិចទៀតនឹងបានស្តាប់បទកន្សែងក្រហម ដែលជាបទពិសេស ដែលលោក ហ៊ុន ហេង បាននិពន្ធចេញមក និងសំពោងផ្កាចារ។ ចម្រៀងល្អៗ យើងធ្វើចម្រៀងដើម្បីលើកទឹកចិត្តជាមួយនឹងកម្មករ ហើយត្រូវនឹងប្រធានបទកម្មករ។ ពិត​ហើយនៅមានចម្រៀងច្រើន ប្រទេសរបស់យើងចេះតែទៅមុខហើយវិវឌ្ឍទៅមុខ។ ចុងបញ្ចប់ សូមជូនពរចំពោះសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពិសេសក្មួយៗកម្មករ/ការិនីទាំងអស់ សូមក្មួយៗជួបប្រទះទៅនឹងសេចក្តីសុខ សេចក្តីចម្រើន ជាមួយនឹងពុទ្ធពរ និងពរ ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លាងឃ្លៀតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យ និងជូនដំណើរពលរដ្ឋ ឡើងរថយន្តក្រុងសាធា...

នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា បានឆ្មក់ចុះទៅពិនិត្យ និងជូនដំណើរប្រជាពលរដ្ឋឡើងរថយន្តក្រុងសាធារណៈ​ចេញទៅស្រុកកំណើត​ក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌ។