សម្រង់សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

CNV: 

ដំបូងអនុញ្ញាតអោយខ្ញុំបានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះសម្ដេច ឯកឧត្តម លោកជំទាវ អស់​លោក លោកស្រី ពិសេសក្មួយៗកម្មករ/ការិនី ដែលបានមកជួបជុំគ្នានៅថ្ងៃនេះ។ ខ្ញុំឃើញថា ថ្ងៃនេះ បរិយាកាសថ្មីមួយបានចាប់ផ្ដើមជាមួយនឹងវត្តមាននៅក្រៅរាជធានីភ្នំពេញ​ ដែលកាលមុននោះ ក៏ធ្លាប់បានធ្វើដំណើរទៅកាន់ខេត្តកណ្ដាល រួចទៅហើយ ស្រុកខ្សាច់កណ្ដាល។ តែថ្ងៃនេះ យើងបានធ្វើដំណើរមកកាន់ខេត្តកំពង់ស្ពឺ។ អាទិត្យនេះ កម្មវិធីគ្រោងទុក គឺបន្ទាប់ពីខេត្តកំពង់ស្ពឺ ថ្ងៃស្អែកត្រូវចេញទៅខេត្តកំពង់ចាម ហើយថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ ត្រូវជួបកម្មករ/ការិនីរបស់យើងនៅឯខេត្តព្រះសីហនុ។ នេះគឺជាចំនុចដែលជាការគ្រោងទុកជាយូរមកហើយ។

ថ្ងៃនេះ ក៏បានឃើញថាមានរោងចក្រមួយចំនួន ជាពិសេសមានរោងចក្រមួយ ដែលបានកាត់សំលៀកបំពាក់សម្រាប់កម្មការិនីចំនួន ៥ ពាន់នាក់ ចូលរួមថ្ងៃនេះតែម្ដង។ អបអរសាទរជាមួយថៅកែរោងចក្រ ដែលលើកទឹកចិត្តចំពោះកម្មករនេះ។ ខ្ញុំពិតជាមានការអរគុណជាមួយនឹងអាជ្ញាធរខេត្ត​ ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថាប័នពាក់ព័ន្ធ ដែលបានចាត់ចែងរៀបចំកម្មវិធីនេះឡើង។ សូមអរគុណចំពោះថៅកែរោងចក្រដែលផ្ដល់ការអនុញ្ញាតអោយកម្មករ/ការិនី បានមកជួបខ្ញុំនៅពេលនេះ និងផ្ដល់ឱកាសសម្រាប់ការឈប់សម្រាកនៅពេលរសៀលថ្ងៃនេះជាបន្តទៀត និងមានប្រាក់ឈ្នួលពេញមួយថ្ងៃ។ ខ្ញុំបានដឹងថា ក្មួយៗបានធ្វើដំណើរមកតាំងពីព្រលឹម ដើម្បីយើងបានជួបគ្នានៅទីនេះ។ ខ្ញុំក៏គួរតែនិយាយបន្តិចថា នេះហើយជាចក្ខុវិស័យវែងឆ្ងាយ ដែលយើងត្រូវបានដោះស្រាយ ហើយរឿងនេះបានត្រូវក្លាយទៅជាការពិតនៅពេលនេះ ដែលគ្មានអ្នកណាអាចប្រកែកបាននោះទេ។

១៩៩៥/៩៦ ដីមួយហិចតាចិញ្ចឹមមនុស្ស ៤-៥ នាក់ ដីក្លាយជារោងចក្រ ចិញ្ចឹមមនុស្ស ៥ ពាន់នាក់

ហេតុអ្វីបានជាខ្ញុំចាប់ផ្ដើមនិយាយពីចំណុចនេះ? ដោយសារតែពេលនោះ នៅក្នុងរង្វង់ ឆ្នាំ ១៩៩៥-១៩៩៦ មានការទាស់សំដីគ្នា រវាងមនុស្សមួយចំនួន ដែលជាសមាជិករដ្ឋសភា និងខ្លួនខ្ញុំផ្ទាល់តែម្ដង នៅត្រង់ថា ពេលនោះគេមានការទិតៀនយ៉ាងច្រើន ចំពោះរាជរដ្ឋាភិបាល ដែលបណ្ដែតបណ្ដោយអោយប្រជាកសិកររបស់យើងលក់ដីនៅ​តាមបណ្តោយផ្លូវជាតិលេខ ៤ ពីទីក្រុងភ្នំពេញ រហូតដល់ខេត្តកំពង់ស្ពឺ។ ពេលនោះ ពិតជាមានការទាស់សំដីគ្នាយ៉ាងដូច្នេះមែន។ ប៉ុន្តែ ខ្ញុំប្រកាន់យកនូវឥរិយាបទមួយ ដោយបញ្ជាក់ថា យើងមិនត្រូវខ្លាចប្រជាជនលក់ដី ដែលដីនោះ វាអាចផ្ដល់ឱកាសសម្រាប់ការចិញ្ចឹមមនុស្សបានច្រើនជាង។ ពេលនោះ អ្នកដែលមិនយល់ច្បាស់អំពីគោលបំណង ហើយគ្មានចក្ខុវិស័យស្ដីពីការអភិវឌ្ឍ គេក៏បានធ្វើការរិះគន់ចំពោះរាជរដ្ឋាភិបាលនៅពេលនោះ ដែលផ្ដល់ឱកាសអោយប្រជាជនលក់ដីនៅបណ្តោយផ្លូវជាតិលេខ ៤ ហើយក៏មានមួយផ្នែកនៅតាមផ្លូវជាតិលេខ ៣ ផងដែរ។ ជាការឆ្លើយតបនៅពេលនោះ ខ្ញុំបាននិយាយថា មិនគួរព្រួយបារម្ភអំពីបញ្ហាការលក់ដីរបស់កសិករទេ ព្រោះថាបើសិនជាយើងបន្តយកដីនោះយកទៅធ្វើស្រែ ១ ហិកតា ចិញ្ចឹមបានតែ ៤-៥ នាក់តែប៉ុណ្ណោះ។ ប៉ុន្តែ បើដីនោះក្លាយទៅជារោងចក្រ សហគ្រាស ឬក៏ក្លាយទៅជាសណ្ឋាគារ គេអាចចិញ្ចឹមបានមនុស្ស ៥ ពាន់នាក់ ឬច្រើនជាងនេះ ឬក៏យ៉ាងណាក៏ច្រើនជាងការចិញ្ចឹមមនុស្សដោយការធ្វើស្រែដែរ។ ឯចំពោះកសិករ ដែលលក់ដីទៅនោះ ដែលហៅថាដីដែលអាចធ្វើរោងចក្រ ធ្វើសណ្ឋាគារបានសុទ្ធតែដីត្រូវប៉ាន់ ដូច្នេះលក់បានថ្លៃ លក់ក្នុងមួយហិកតា គេអាចទៅទិញដី ១០ ហិកតា ហើយអាចនៅសល់ប្រាក់ទៀតផង។ ឥឡូវនេះ រឿងរ៉ាវវាបានក្លាយទៅជាការពិត នៃចក្ខុវិស័យប្រមាណជាជិត ២០ ឆ្នាំមុន ឯណោះ។ ពីទីក្រុងភ្នំពេញតភ្ជាប់រហូតទៅដល់ឯកំពង់ស្ពឺ បានក្លាយទៅជាតំបន់រោងចក្រ បានក្លាយទៅជាតំបន់ដែលមានការអភិវឌ្ឍផ្នែកសេវា។ ពិតមែនហើយ នៅសេសសល់ដីមួយចំនួនកំពុងតែបាំងរបងទុក ក៏ប៉ុន្តែ វាមិនយូរប៉ុន្មានទេ ដីទាំងនោះវានឹងក្លាយទៅជាតំបន់រោងចក្របន្តទៀត ឬវាអាចក្លាយទៅជាកន្លែងសេវា ដូចជាការលក់ដូរជាដើម។

កម្ពុជាមានប៉ូល ៣ សង្ឃឹមថាប៉ុន្មានឆ្នាំខាងមុខនឹងមានប៉ូលទី ៤ នៅភូមិភាគឦសាន

ចំណុចនេះ ខ្ញុំធ្លាប់បាននិយាយថា ខ្ញុំចង់អោយប៉ូលទី ១ នៅទីក្រុងភ្នំពេញ​ និងប៉ូលទី ២ នៅក្រុងព្រះសីហនុ ក្លាយទៅជាច្រកនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ប្រទេសយើងបានបែងចែកជាប៉ូល ៣ សម្រាប់ការអភិវឌ្ឍ។ ប៉ូលទី ១ គឺក្រុងភ្នំពេញ ប៉ូលទី ២ គឺខេត្តព្រះសីហនុ ឯប៉ូលទី ៣ គឺខេ​ត្តសៀមរាប។ សង្ឃឹមថានឹងកើតឡើងនៅប៉ូលទី ៤ នៅប៉ុន្មានឆ្នាំខាងមុខ នៅឯភូមិភាគឦសាន នៅពេលដែលការតភ្ជាប់ និងអំពីកសិឧស្សាហកម្មបានកើតឡើងនៅទីនោះ វានឹងបានក្លាយទៅជាប៉ូលទី ៤ នៃការអភិវឌ្ឍប្រទេសរបស់យើង។​ ឥឡូវជោគជ័យនៃការអភិវឌ្ឍរបស់យើង ក៏បានផ្ដល់ការងារនៅនឹងកន្លែងសម្រាប់ក្មួយៗ។

នយោបាយពង្រាយរោងចក្រទៅតាមមូលដ្ឋាន

អម្បាញ់មិញ បានឆ្លៀតសួរក្មួយៗខ្លះ ថានៅឯណា? ថានៅហ្នឹង។ ថ្ងៃមកធ្វើការ យប់ទៅដេកផ្ទះ។ នេះហើយជាចក្ខុវិស័យ ដែលដាក់រយៈពេលមធ្យម និងរយៈពេលវែង។ កាលពីសម័យមុន គឺនយោបាយពង្រាយសាលារៀន ទៅតាមទីជនបទ ប៉ុន្តែរយៈពេលប្រមាណជា ១៥ ឆ្នាំមុននេះ យើងបានផ្តួចផ្ដើមគំនិត ដើម្បីពង្រាយរោងចក្រទៅតាមមូលដ្ឋាន។ កុំប្រមូលផ្ដុំនៅតាមទីក្រុងភ្នំពេញ ដែលវាអាចបង្កើតទៅជាបញ្ហាដ៏ធ្ងន់ធ្ងរសម្រាប់នគររូបនីយ​កម្ម និយាយរួម ភាពតានតឹងសម្រាប់ការរស់នៅទីនោះ​ ហើយបញ្ហាមួយទៀត គឺការលំបាកចំពោះកម្មករ/កម្មការិនី ដែលត្រូវធ្វើដំណើរយ៉ាងឆ្ងាយពីស្រុកកំណើត ទៅកាន់ទីក្រុងភ្នំពេញដើម្បីរកកាងារធ្វើ។​

ការខិតខំប្រឹងប្រែងតភ្ជាប់ប្រព័ន្ធប្រឡាយទឹករវាងខេត្ត ៣ កំពង់ស្ពឺ កណ្ដាល ភ្នំពេញ

ខ្ញុំមិនមែនជាមនុស្សអង្គុយលើចង្អេរ លើកខ្លួនឯងទេ ក៏ប៉ុន្តែសហការីរបស់ខ្ញុំ ដែលនៅទីនេះ ដែលធ្វើការជាមួយខ្ញុំរាប់សិបឆ្នាំហើយនោះ សុទ្ធតែបានដឹងរឿងទាំងឡាយអំពីចក្ខុវិស័យរយៈពេលវែង។ ចក្ខុវិស័យនោះ វាតែងតែនាំមកនៅជោគជ័យទាំងឡាយ មិនមែនសម្រាប់ខ្លួនខ្ញុំផ្ទាល់ទេ ក៏ប៉ុន្តែ នៅទីនេះផលប្រយោជន៍របស់អ្នកសំរោងទងរបស់យើងនេះ។ ក្នុងទសវត្ស៍ ៨០ និងដើមទសវត្សរ៍ ៩០ សំរោងទងដែលខ្ញុំធ្វើដំណើរច្រើនដែរនៅទីនេះ។ វត្តក្ដីល្វាមិននៅឆ្ងាយពីទីនេះទេ ដែលមានចំរៀង ២ បទ ប៉ុន្តែ បទមួយដែលល្បីគឺ បទ មរតកម៉ែខ្ញុំ ដោយសារម្ដាយខ្ញុំមកធ្វើព្រះវិហារនៅទីនេះ ហើយក៏មានវិទ្យាល័យ ដែលដាក់ឈ្មោះម្ដាយខ្ញុំនៅទីនេះ ដែលគាត់បានខិតខំកសាង មុនពេលដែលគាត់ទទួលមរណភាពទៅ។ មុនពេលដែលខ្ញុំចេះវាយកូនហ្គោល គឺតំបន់យើងចាប់តាំងពីច្បារមន សំរោងទង អង្គស្នួល រហូតទៅដល់ទីក្រុងភ្នំពេញ យើងខិតខំខ្លាំងណាស់ ដើម្បីជីកប្រឡាយតភ្ជាប់រវាងខេត្ត ៣ គឺខេត្តកំពង់ស្ពឺ ស្រុកច្បារមន ស្រុកសំរោងទង កាត់គងពិសីហើយចូលទៅអង្គស្នួល និងចូលទៅដល់ទីក្រុងភ្នំពេញ​ដើម្បីទាញទឹកទៅស្រោចស្រព។ នៅតំបន់នេះគឺយើងមានរលាំងជ្រៃខាងជើង និងមានរលាំងជ្រៃខាងត្បូង ខាងផ្នែកខាងក្រោយនេះក៏មានប្រព័ន្ធប្រលាយដែលទាញទឹកពីខេត្តកំពង់ស្ពឺមកដែរ។

រឿង ញោមខន្តី

កខេត្ត ាំងជ្រៃខាងត្បូង ខាងរ នឹ គ្រាមដោយនយោបាយឈ្នះឈ្នះខ្ញុំនៅចាំបានថា ដូចជានៅផ្នែកខាងក្រោយខាងនេះ មានវេទិកាសាធារណៈមួយ រវាងខ្ញុំ ជាមួយនិងកសិករ នៅតាមវាលស្រែ កាលពីពេលនោះ។ ពេលនោះ ខ្ញុំក៏ចាប់ផ្ដើមនិទានរឿង ញោមខន្តី ដែលក្រោយមកមានមនុស្សមួយចំនួនយកទៅបន្តុះបង្អាប់ខ្ញុំ អារឿង ញោមខន្តី នេះ។ អ្វីទៅរឿងញោមខន្តី? សុំនិទានរឿងនេះបន្តិចទៅចុះ ព្រោះយើងមកសំណេះសំណាលជាមួយគ្នាទេ។ រឿង ញោមខន្តី រឿងវាអញ្ចេះ។ ស្ត្រីពីរនាក់ គាត់ទាស់គ្នា ស្ត្រីមាឌធំបន្តិចដេញវាយស្ត្រីមាឌល្អិតបន្តិច។ ស្ត្រីមាឌល្អិតក៏ទៅពួនជាមួយនឹងលោក(សង្ឃ) ហើយលោកកំពុងតែនិមន្តបិណ្ឌបាត​កាត់មុខផ្ទះហ្នឹង។ គេកំពុងដេញវាយគ្នា ស្ត្រីមាឌធំដេញវាយស្ត្រីមាឌតូច ដល់តែអ្នកមាឌតូចចេះតែរត់ទៅពួនពីក្រោយព្រះសង្ឃ។ អញ្ចឹង ព្រះសង្ឃចេះតែស្រែក ​ញោមខន្តីៗ។ មានអី ដល់ទៅវាយវាមិនបាន ស្ត្រីមាឌធំនេះចាប់ផ្ដើមយកដុំដីគប់តែម្ដង ដល់គប់វាមិនត្រូវស្ត្រី វាទៅត្រូវព្រះកេសព្រះសង្ឃ។ ព្រះសង្ឃអត់មិនបាន បាត់ខន្តីបណ្តោយថា មើល! ញោម! ជួយកាន់បាតអោយអាត្មាៗវាយមីហ្នឹងម្ដង។ អាហ្នឹងគេហៅ ញោមខន្តី ព្រោះការអត់ធ្មត់របស់មនុស្សមានព្រំដែន សូម្បីតែព្រះសង្ឃដែលប្រាប់ថា ញោមខន្តីៗ ក៏អត់មិនបាន ជួយកាន់បាតអោយអាត្មាៗវាយមីហ្នឹងម្ដង។

ការសំណេះសំណាលជាមួយប្រជាកសិកររបស់យើង យើងធ្វើពេលនោះ ពូបានធ្វើដំណើរច្រើន ហើយធ្វើវេទិកាសាធារណៈជាមួយកសិករ ដោយសារតែសម័យកាលនោះ គឺជាសម័យកាលដែលយើងដាក់ទិសដៅក្នុងការផលិតស្បៀង ធ្វើម៉េចអោយគ្រប់គ្រាន់ និងលើសសេចក្ដីត្រូវការនៃការប្រើប្រាស់រ​បស់ប្រជាជនយើង។ ដូច្នេះប្រើគ្រប់វិធីទាំងអស់ ទៅជួបជាមួយកសិករ ដើម្បីពិនិត្យមើលថាយើងធ្វើរបៀបម៉េច? បានជាមានរឿងច្រើនទាក់ទងជាមួយដំណើររឿងខេត្តកំពង់ស្ពឺ តភ្ជាប់ទៅទីក្រុងភ្នំពេញ ហើយទាញទឹក ដោយឡែកតែស្រុកនៅខាងគេហៅថារលាំងជ្រៃខាងជើងនេះ បានតភ្ជាប់ទៅត្រឹមស្រុកអង្គស្នួលទេ របស់ខេត្តកណ្ដាល តែរលាំងជ្រៃខាងត្បូងត្រូវបានតភ្ជាប់រហូតទៅដល់ខណ្ឌដង្កោរបស់រាជធានីភ្នំពេញ …។

ឯក្រោយមក ដល់ទៅចេះវាយកូនហ្គោល គឺថាកាត់មកតែកន្លែងហ្នឹង។ រហូតដល់ប្រពន្ធខ្ញុំព្រះករុណាថា ឥឡូវយកខោអាវទៅដេកនៅតារាងកូនហ្គោលទៅ។ កាលហ្នឹងគេចេះវាយកូនហ្គោលអស់រលីងហើយ នៅតែឯងម្នាក់ឯង​ ដល់ឆ្នាំ ២០០០ ហើយបានផ្ដើមវាយ ដល់វាយចាប់ផ្ដើមជំនាញវាយកូនហ្គោលតែម្ដង។ ប៉ុន្តែ ពេលនោះ អាចេះដំបូងនោះ គឺថាអស់ទាស់ហើយ អោយតែមានពេលតែបន្តិច ប្រុចមកតារាងកូនហ្គោល ហើយតែ ២នាក់ទេ។ ម្នាក់នោះគឺលេងបោកខ្ញុំរហូត។ តា ទេព ងន អនុប្រធានព្រឹទ្ធសភា។ គឺគាត់វាយចូលព្រៃចេញពីព្រៃវាយទៅ អញ្ចឹងដល់ថ្ងៃក្រោយកំណត់ថាធ្លាក់ត្រង់ណា វាយត្រង់ហ្នឹង … ទាក់ទងរឿងនេះក៏បានបញ្ចាក់អោយឃើញអំពីជោគជ័យរបស់យើង ហើយក៏ជាការផ្ដល់ឱកាសសម្រាប់ក្មួយៗជាកម្មករ/ការិនី ដែលរស់នៅក្នុងស្រុកសំ​រោង​ទងក្ដី ឬក៏អាចរស់នៅក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ ហើយមានមួយផ្នែកអាចថាមកពីខេត្តកណ្ដាល មកធ្វើការនៅក្នុងតំបន់រោងចក្រទាំងនេះ ដែលថ្ងៃនេះ​ មានកម្មករ/ការិនីដែលមកពីប្រមាណ ៨ រោងចក្រ។

សូមដាក់ឈ្មោះភូមិ ឃុំ ស្រុក ខេត្ត នៃការប្រារព្ធពិធីឲ្យបានពេញលេញ

ខ្ញុំឆ្ងល់ថាឥឡូវនេះ ហេតុអ្វីបានជាគេនាំគ្នាខ្ជិលម្ល៉េះ? ខ្ជិលតាំងពីដាក់ភូមិនេះ មកតាមផ្លូវគឺថា ប្រហែលជាគេគិតថា វាមានផែនទីនេះ។ អ្នកណាទៅងាយមើលផែនទី។ ចុះបើគ្រាន់តែដាក់ថា ការជួបជុំគ្នានេះធ្វើនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទងអញ្ចឹងបាន ឬអត់? កម្មករ/ការិនី និយោជិក ដាក់ថែមថា ប៉ុន្មានរោងចក្របាន ឬអត់? មើល! សូមបង្រៀនពួកហ្នឹងបន្តិចមើល … មិនមែននរណាសុទ្ធតែស្គាល់ភូមិសាស្រ្តទេណា ភូមិសាស្ត្រពីដើមងាយយល់ តែភូមិសាស្ត្រឥឡូវអត់ទេ ខុសត្រូវតែមួយខែខុសប្លែកគ្នាបាត់ហើយ ព្រោះមានការអភិវឌ្ឍ … ផ្ញើទៅដាក់ថា នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចប់។ តែប៉ុណ្ណឹង។ ប៉ុន្តែ សំរោងទងវាធំ ហើយសម័យដើមអត់មានខេត្តកំពង់ស្ពឺទេ។ សម័យដើមខេត្តនេះ គឺខេត្តសំរោងទង។ សំរោងទងនេះប្រវត្តិអតីតកាលរបស់វាមានរឿងច្រើនណាស់ ​ដែលជាប់ពាក់ព័ន្ធនឹងសំរោងទងនេះ។ ព្រះរាជទាយាទ ធម្មរាជា ហៅ សូរិយោទ័យ ដែលជាក្មួយ និងហៅព្រះស្រីរាជា ដែលជាឪពុកមា​ មកចាប់ដើម្បីបញ្ចូនទៅស្រុកសៀម ក៏កើតឡើងនៅសំរោងទង។ មើលនៅក្នុងឯកសារ មហាបុរសខ្មែរ ឡើងវិញ។ ឯ តេជោមាស និង តេជោយ៉ត គឺចេញពីសំរោងទងនេះឯង … នេះបែបគិតថានាយករដ្ឋមន្រ្តីពូកែ មិនបាច់ចាំជួយគាត់ច្រើនទេ។ វាទៅជាអញ្ចឹងទៅ។ បាញ់ផែនទីទៅឲ្យ មិនមែនផែនទីមកថ្ងៃនេះឯណា ផែនទីសម្រាប់ទៅកាត់ឫសសីមាស្អែកនេះ។ វាទៅជាអញ្ចឹងអស់។ មើលទៅទាល់តែប្រជុំគ្នាធ្វើការឡើងវិញ …។

ចំណងទាក់ទងរវាងកម្មករ​ និងកសិករ

… ពិតមែនណាស់ ពូដឹងថាក្មួយៗកំពុងតែផ្សារភ្ជាប់ខ្លួន រវាងកសិករជាមួយនឹងកម្មករ។ នៅប្រទេសរបស់យើងវាមានស្ថានភាពដូច្នេះឯង ដោយសារប្រទេសរបស់យើងទើបនឹងក្លាយជាប្រទេសឧស្សាហកម្ម ដែលវាមិនមែនជាប្រទេសឧស្សាហកម្មចំតួទេ។ អញ្ចឹង ទោះបីជាកម្មករទៅធ្វើការនៅទីក្រុងភ្នំពេញ ក៏កម្មករ/ការិនីទាំងនោះនៅភ្ជាប់ខ្លួនជាមួយនឹងកសិករ ដែលជាឪពុកម្តាយនៅឡើយ។ ជាងនេះទៅទៀត ក្មួយៗដែលធ្វើការ ដែលនៅកំពង់ស្ពឺនេះ ពេលថ្ងៃក្មួយៗមកធ្វើការតាមរោងចក្រក្នុងវិស័យឧស្សាហកម្ម​ ពេលល្ងាចក្មួយទៅផ្ទះ ហើយថ្ងៃឈប់សម្រាក ក៏ជួយច្រូតកាត់ និងជួយបង្កបង្កើនផលចំពោះក្រុមគ្រួសារ​។ នេះហើយជាផលប្រយោជន៍ពិត ដែលក្មួយៗទទួលបាន។ មិនចាំបាច់ទៅជួលផ្ទះគេនៅ ទៅនៅផ្ទះខ្លួនឯង។ ហើយក៏គ្មានការចាំបាច់ដើម្បីនឹងធ្វើដំណើរទៅវែងឆ្ងាយ ចោលផ្ទះសម្បែងនោះទេ។

ប្រាក់ឈ្នួលអប្បបរិមា ១៧០ ដុល្លារ នៅឆ្នាំ​ ២០១៨ ស្មើៗគ្នាទូទាំងប្រទេស

ម៉្យាងទៀត នៅប្រទេសរបស់យើង មិនបានអនុវត្តនូវការបែងចែកតំបន់ នៃប្រាក់ឈ្នួលអប្បបរិមាទេ។ ប្រទេសរបស់យើង គឺអនុវត្តនូវប្រាក់គោលអប្បបរិមា គឺតែមួយទេ។​ ឆ្នាំទៅ ១៥៣ ដុល្លារ ឆ្នាំនេះ ១៧០ ដុល្លារសហរដ្ឋអាមេរិក ដែលសូមអបអរចំពោះក្មួយៗ ដែលបានឡើងប្រាក់ខែកន្លងទៅ។ ប្រទេសនានាគេមានការបែងចែកតំបន់ ដូចជានៅប្រទេសវៀតណាមបែងចែកជា ៣ តំបន់។ នៅប្រទេសឥណ្ឌូនេស៊ី ដូចជា ៣ តំបន់ ហ្វីលីពីន ដូចជា ៣ តំបន់ដែរ។ ប៉ុន្តែ នៅកម្ពុជាយើង ក្មួយទៅធ្វើការនៅទីក្រុងក៏ប្រាក់ខែ ១៧០ ដុល្លារ​ ធ្វើការរោងចក្រនៅទីនេះ ក៏ប្រាក់ខែ ១៧០ ដុល្លារ។ អញ្ចឹងទេ បានជាយើងលើកទឹកចិត្តបន្ទាប់ពីការលើកទឹកចិត្តឲ្យពង្រាយសាលាសម្រាប់ក្មួយៗរៀនសូត្រកាលពីក្មួយៗនៅក្មេង​ និងមកដល់ពេលនេះ ដែលជាក្មេងជំនាន់ក្រោយកំពុងបន្ត យើងនឹងបន្តពង្រាយរោងចក្រទៅតាមមូលដ្ឋាននានា ដែលអាចធ្វើទៅរួច។

ពង្រាយរោងចក្រទៅតាមមូលដ្ឋាន

ប៉ុន្តែមិនមែនធ្វើនៅលើកំពូលភ្នំ ហើយក៏មិនមែនធ្វើនៅតំបន់ស្រុក ដែលហៅថា រលាក់កងជើងនោះទេ មិនមែនអញ្ចឹងទេ។ ច្បាស់ណាស់ គេធ្វើផ្លូវ គេធ្វើទៅរកជិតតំបន់ដឹកជញ្ចូន ក៏ប៉ុន្តែនិយាយយ៉ាងដូច្នេះ យើងមិនទាត់ចោលនូវលទ្ធភាពដែលអ្នកធ្វើរោងចក្រទាំងឡាយ និងអនុវត្តពង្រាយរោងចក្រក្រៅពីខេត្ត ក្រៅពីផ្លូវជាតិលេខ ៤ នោះទេ។​ ដោយ​សារកំពង់ស្ពឺយើងនេះមានផ្លូវជាតិ គេហៅផ្លូវកម្រិតជាតិច្រើនខ្សែ។ ផ្លូវជាតិលេខ ៣ ក៏កាត់តាមហ្នឹង ផ្លូវ ៤១ ក៏កាត់តាមហ្នឹង ៥១ ក៏កាត់តាមហ្នឹង ៤៤ ក៏កាត់តាមហ្នឹង។ ដូច្នេះ អ្នកវិនិយោគគេបានមើលឃើញសក្តានុពលស្តីពីការផ្តល់នូវធនធានមនុស្សសម្រាប់រោងចក្ររបស់គេ។ គេមានលទ្ធភាពដើម្បីធ្វើយ៉ាងដូច្នោះ។ ម៉្យាងទៀតនៅកំពង់ស្ពឺរបស់យើង អគ្គីសនីក៏ចេញពីប្រភពវារីអគ្គីសនីគិរីរម្យ ដែលអាចផ្តល់មួយផ្នែកដើម្បីបំរើឲ្យរោងចក្រផលិតកម្មនៅក្នុងខេត្តកំពង់ស្ពឺរបស់យើងនេះ។

ខេត្តកំពង់ស្ពឺគឺជាខេត្តដែលទើបតែបញ្ចប់សង្គ្រាម ឆ្នាំ ១៩៩៦

យ៉ាងណាក៏ដោយ ក្មួយៗមិនត្រូវភ្លេចថា កំពង់ស្ពឺនេះ​ក៏ជាតំបន់ប្រយុទ្ធគ្នាស្រួចស្រាញខ្លាំងណាស់។ កំពង់ស្ពឺនេះ ទើបនឹងបញ្ចប់សង្គ្រាមនៅក្នុងខែកុម្ភៈ ឆ្នាំ ១៩៩៦ ប៉ុណ្ណោះ នៅពេលដែលធ្វើចាប់ផ្តើមអនុវត្តជំហានដំបូង នៃការសាកល្បង នៃនយោបាយឈ្នះឈ្នះ​ … ពេលនោះយើងបានធ្វើនូវការសាកល្បងមួយ នៅក្នុងការអនុវត្តនយោបាយឈ្នះឈ្នះ។ គួរតែរំលឹកបន្តិចដែរ ដើម្បីយើងអាចថាជាពិសោធន៍។ ចាប់ផ្តើមនៅខែកុម្ភៈ នៅទីនេះ ពេលនោះបងប្អូនបានចោទសួរជាសំណួរមកខ្ញុំថា កាលហ្នឹងយក កែវ​​ ពង្ស​ ចូលទីក្រុងភ្នំពេញ ជួបគ្នា​នៅនោះ​ បន្ទាប់ទៅឲ្យ កែវ ពង្ស ត្រឡប់មកវិញ។ ដល់ទៅពេលបងប្អូនបានចោទជាសំណួរថា ចុះបើ កែវ ពង្ស ក្បត់ មិនព្រមធ្វើតាម តើយ៉ាងម៉េចទៅវិញ? ខ្ញុំក៏បានឆ្លើយតប ឆ្លើយតបត្រឡប់ទៅវិញថា អត់លើសអត់ខ្វះ ព្រោះខ្មែរក្រ​ហមក៏អត់មានលើស អត់មានខ្វះអីទាំងអស់។ កែវ ពង្ស មិនអនុវត្ត យើងក៏អត់មានបាត់បង់អីទាំងអស់ ខ្មែរក្រហមក៏អត់មានបាត់បង់អីទេ។ អត់លើសអត់ខ្វះ។ ប៉ុន្តែ ផ្ទុយទៅវិញ ប្រសិនបើយើងបាន កែវ ពង្ស អនុវត្ត យើងនឹងបានតំបន់ឱរ៉ាល់ទាំងមូល។ ដូចចិត្ត។ បានខ្ញុំទៅធ្វើសមាហរណកម្ម។ រឿងនេះក៏ចាប់ផ្តើមជះឥទ្ធិពលកាន់តែទៅឆ្ងាយ។ បន្តទៅប៉ៃលិន អ៊ី ឈាន ជាមួយនិង សុខ ភាព បានចាប់ផ្តើមបះបោរនៅក្នុងខែ ​៨ ចាប់ផ្តើម​ឡើង …។

ឆ្នាំនេះ ខួបទី ២០ នៃការបញ្ចប់សង្គ្រាមដោយនយោបាយឈ្នះឈ្នះ

… ទាក់ទិននឹងនយោបាយឈ្នះឈ្នះនេះទៀតសោត​ ម្តាយរបស់ពូ និងម្តាយធំរបស់ពូ ដែលឥឡូវនេះ មានសាក​សពត្រកូល ហ៊ុន ខ្លះ ត្រកូល ឌី ខ្លះ កប់នៅនេះ នៅនឹងវត្តក្តីល្វានេះតែម្តង។ អ្នកខេត្តកំពង់ចាម ប៉ុន្តែយកសពមកកប់នៅនេះ ដោយសារវត្តនេះម្តាយរបស់ខ្ញុំធ្វើនៅហ្នឹង ម្តាយរបស់ខ្ញុំគាត់ចង់មកស្នាក់នៅវត្តនេះ។ ប៉ុន្តែពេលនោះយើងមានចេតិយសម្រាប់គាត់នៅឯវត្តទឹកថ្លា នៅទីក្រុងភ្នំពេញទៅហើយ។ ពេលនោះទាំងម្តាយ ទាំងម្តាយ​ធំបាននិយាយថា «ឯងចូលទៅក្នុងតំបន់របស់គេ មិនខ្លាចគេបាញ់ចោលទេអី?»។ ខ្ញុំបានឆ្លើយតបទៅវិញថា «ម៉ែ! ធំ! ប្រសិនបើស្លាប់ ស្លាប់តែខ្ញុំ និងអ្នកទៅជាមួយខ្ញុំតែប៉ុន្មាននាក់ប៉ុណ្ណោះ ប៉ុន្តែបើបានមកវិញ គឺបានផែនដីទាំងមូលតែម្តង»។ ឥឡូវដូចចិត្ត គឺផែនដីទាំងមូល ឆ្នាំនេះជាខួបលើកទី ២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាតាមនយោបាយឈ្នះឈ្នះ។ ថ្ងៃ ២៩ ខែធ្នូ ឆ្នាំ ២០១៨ នឹងត្រូវធ្វើពិធីរលឹកខួបអនុស្សាវរីយ៍លើកទី ២០ នៃនយោបាយឈ្នះឈ្នះ តាមរយៈការសាងសងនូវវិមានឈ្នះឈ្នះដ៏ធំមួយ ដើម្បីរំលឹកអំពីការបញ្ចប់សង្គ្រាមតាមរយៈនៃនយោបាយឈ្នះឈ្នះនេះ។

នយោបាយឈ្នះឈ្នះនោះហើយ ដែលអនុញ្ញាតឲ្យបង្កើតរោងចក្រនៅក្នុងខេត្តកំពង់ស្ពឺនេះឯង។ បើសិនជាពេលនោះ មិនមានការអនុវត្តនយោបាយឈ្នះឈ្នះ ហើយបញ្ចប់បាននូវសង្គ្រាម កុំថាឡើយមានឱកាស ដែលក្មួយៗមានការងារធ្វើនៅទីនេះ ឱកាសរត់មានច្រើនជាងឱកាសដេកស្រួល។ តែកាលណាមានសង្គ្រាមហើយ​ មិនមែនគ្រាន់តែទល់មុខគ្នា ដែលលំបាកទេ នៅឯផ្នែកខាងក្រោយក៏លំបាកដែរ។ សូម្បីតែពលរដ្ឋស៊ីវិល ក៏ត្រូវបានប្រមូលដើម្បីឲ្យជួយដឹកស្បៀង ជញ្ចូនស្បៀងទៅកាន់សមរភូមិដែរ។ មានពេលខ្លះ វាយទៅវាយមក រាប់ទាំងការបោកគ្រាប់បែកនៅតាមកន្លែងនេះ​ ឬតាមកន្លែងនោះ​ វាយផ្តាច់ផ្លូវ វាយផ្តាច់ស្ពាន និងវាយរំខាន ដើម្បីកុំឲ្យមានលទ្ធភាពកងទ័ពរដ្ឋាភិបាល ទៅវាយនៅកន្លែងដទៃ។

ការអភិវឌ្ឍសព្វថ្ងៃបានមកពីការគាំទ្រនយោបាយរបស់គណបក្សប្រជាជន

… ចំណុចដែលត្រូវដាក់ចេញជាបញ្ហា យើងត្រូវផ្សារភ្ជាប់គ្នារវាងសន្តិភាព និងការអភិវឌ្ឍ។ ប្រទេសយើងបានទទួលការឈឺចាប់ច្រើនណាស់ហើយ។ ក្មួយៗពិតជាបានដឹង។ ជីដូនជីតារបស់ក្មួយៗ ឪពុកម្តាយរបស់ក្មួយ​ៗ សុទ្ធតែជាអ្នកដែលបានរួមដំណើរជាមួយពូ នៅក្នុងការរំដោះប្រទេសនេះចេញពីរបប ប៉ុល ពត នៅ​ក្នុងការទប់ស្កាត់ការវិលត្រឡប់នៃរបប ប៉ុល ពត ហើយក៏បានគាំទ្រនយោបាយរបស់ពូ ឬគណបក្សប្រជាជន នៅក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាពទាំងស្រុង។ សន្តិភាពទាំងស្រុងនោះហើយ ជាមូលដ្ឋានដែលបង្កើតបាននូវការអភិវឌ្ឍ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរបស់យើង។ ក្មួយៗមានឱកាសការងារ តាមរយៈនៃការខិតខំដើម្បីបង្កើតឲ្យមានសន្តិភាព តាមរយៈនៃការខិតខំដើម្បីបង្កើតឲ្យ​មានហេដ្ឋារចនាសម្ព័ន្ធចាំបាច់។

នៅតំបន់នេះ ប្រសិនបើយើងមិនកសាង មិនខិតខំថែទាំផ្លូវជាតិលេខ ៤ យើងមិនខិតខំកសាងកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ យើងមិនខិតខំកសាងអគ្គិសនី យើងមិនខិតខំកសាងបណ្តាញផ្លូវផ្សេងៗទៀត លេខ ៣ លេខ ៤១ លេខ ៥១ ដែលកំពុងកសាងបន្តបន្ថែមនេះ និងលេខ ៤៤ តើពេលណា ឱកាសណាទៅ ដែលអ្នកកំពង់ស្ពឺមានឱកាស ដើម្បីនឹងទទួលបានប្រាក់ចំណូលថ្ងៃនេះ ហោចណាស់យើងមាន ១៧.៨២៨ នាក់ ដែលមកជួបជុំគ្នានៅទីនេះ។ ក្នុងហ្នឹង មិនភ្លេចគឺចំនួននេះហាក់ដូចជាច្រើនជាងអ្នកនៅទីក្រុងហើយ។ ថ្ងៃនេះ ក្មួយៗមានផ្ទៃពោះរហូតទៅ ៦៣១ នាក់ បើនៅទីក្រុងភ្នំពេញ ១ ម៉ឺន ៧ ពាន់នាក់នេះ អាចមានត្រឹមតែ ៥០០ នាក់ ប៉ុន្តែក្មួយៗពិតជាពូកែមែន ព្រោះអត់ទៅណាឆ្ងាយ។ ម៉្យាងទៀត នៅភ្នំពេញគឺមានបញ្ហាទាក់ទងនឹងការចិញ្ចឹម ព្រោះគ្នាមកធ្វើការនៅភ្នំពេញ ត្រូវយកកូនទៅទុកនៅផ្ទះ។ ពិបាក។ ប៉ុន្តែ នៅឯជនបទ ងាយស្រួលជាង ព្រោះនៅផ្ទះ ហើយម្យ៉ាងទៀត ប្តីមិនសូវដើរលេង។ តែមិនសូវដើរលេង គឺសំបូរកូនហើយ។ រឿងអញ្ចឹង។

ខ្ញុំទៅប្រទេសហុងគ្រី កាលពីទសវត្សរ៍ ៨០។ ពេលនោះ ហុងគ្រីបានលើកទឹកចិត្តថា អ្នកកូន ១ គឺលើកទឹកចិត្តបន្តិច អ្នកកូន ២ លើកទឹកចិត្តបន្តិច អ្នកកូន ៣ មានមេដាយពាក់ ហើយមានប្រាក់ខែទៀត ព្រោះប្រជាជនហុងគ្រីធ្លាក់ចុះ អត់មានកំណើត។ មនុស្សចាស់ច្រើនជាងអ្នកកើត។ អញ្ចឹងខ្ញុំសួរគេថា ចុះមូលហេតុអីបានជាប្រជាជនហុងគ្រីធ្លាក់ចុះ? ថាមកពីទូរទស្សន៍ រវល់តែមើលទូរទស្សន៍ ភ្លេចទៅ។ ដល់ឥឡូវនេះដូចគ្នា ជនបទកូនច្រើនណាស់ ដោយសារជនបទអត់សូវដើរលេង អត់មានខារ៉ាអូខេ …។

មិនឲ្យនរណាបំផ្លាញសន្តិភាព ដែលកំពុងមាន

រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនបានប្រឹងប្រែងណាស់ ដើម្បីកសាងឡើងនូវមូលដ្ឋាន នានាសម្រាប់ឆ្លើយតបទៅនឹងការអភិវឌ្ឍប្រទេសជាតិ។ ក្នុងនោះការពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ ទប់ស្កាត់ការបំផ្លាញដោយពួកឧក្រិដ្ឋកម្ម គឺជាការខិតខំ ដើម្បីទុកឲ្យប្រទេសនេះមានសន្តិភាពជាបន្តសម្រាប់ការអភិវឌ្ឍ។ បើទោះបីអ្នកខ្លះមិនពេញចិត្ត គឺជារឿងរបស់អ្នកមិនពេញចិត្ត ក៏ប៉ុន្តែយើងត្រូវធ្វើតម្រូវចិត្តប្រជាជនជាង ១៥ លាននាក់។ យើងមិនខ្លាចនឹងការលះបង់អ្វីទាំងអស់ ឲ្យតែប្រជាជនយើងបានទទួលសេចក្តីសុខ កុំរត់លូនដូចអតីតកាល។ រាប់លាននាក់បានស្លាប់ទៅហើយ ស្លាប់ក្នុងសម័យឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ ស្លាប់ក្នុង សម័យ ប៉ុល ពត ហើយបន្តការស្លាប់ដោយសង្គ្រាមផ្ទៃក្នុង ក្នុងចន្លោះ ១៩៧៩ ដល់ ១៩៩៨។ ប្រជាជនយើង បានទទួលការឈឺចាប់លើសពីការគ្រប់គ្រាន់ទៅហើយ។ ដូច្នេះមិនត្រូវឲ្យអ្នកណាមកបំផ្លាញសន្តិភាព ដែលយើងកំពុងមានក្នុងដៃ។ សន្តិភាពនេះក៏ផ្តល់ឱកាសដើម្បីឲ្យយើងអភិវឌ្ឍ។

ក្មួយៗមានប្រាក់ចំណូល បើទោះ​បីជាមិនទាន់គ្រប់គ្រាន់សម្រាប់ការចង់បានរបស់ក្មួយៗក៏ដោយ ក៏ប៉ុន្តែវាក៏គ្រាន់បើជាងពេលមុនដែលយើងចេញមកពីក្នុងរបប ប៉ុល ពត ក្នុងស្ថានភាពបាតដៃទទេ។ សុំសួរចំពោះជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ ទើបអាចដឹងថា ប្រវត្តិនៃការចាប់ផ្តើមរបស់យើងយ៉ាងណា។ សូម្បីតែក្មួយៗជាកម្មករ/ការិនី ដែលមានវ័យត្រឹម ៣០ ឆ្នាំ ក៏អាចយល់អំពីការលំបាកនៅក្នុងអតីតកាល។ សូម្បីតែសាលារៀន ក៏យើងមានការខ្វះខាតផងដែរ។ ប៉ុន្តែឥឡូវនេះ នៅក្នុងស្រុកសំរោងទងរបស់យើងនេះ វិទ្យាល័យមាន ៤៖ ចំបក់ ១, ឌី ប៉ុក ក្តីល្វា ១, រលាំងឈូក ១, អង្គមេត្រី ១។ ក្តីល្វានេះយ៉ាងម៉េចទៅហើយ? ព្រោះកាលហ្នឹងយើងធ្វើដូចជា ២ ជាន់ដែរ? ហើយឥឡូវស្ថានភាពយ៉ាងម៉េចទៅហើយ? ២ ជាន់មានហើយ អាហ្នឹងបានសេចក្តីថា ចាប់ផ្តើម ២ ជាន់មុនគេ ច្រើនបន្ទប់ណាស់។ សំខាន់យើងថែទាំទេ​ ហើយកូនសិស្សប៉ុន្មានទៅ? … គ្រប់គ្រាន់ទេឥឡូវហ្នឹង? នៅគ្រប់គ្រាន់ … ឆ្នាំណាក៏ឆ្នាំហែកឋិនមកដែរ ហែកឋិនមកវត្តក្តីល្វាហ្នឹង ព្រោះដោយសារតែម្តាយរបស់ខ្ញុំធ្វើ(ព្រះវិហារនៅហ្នឹង) អញ្ចឹងក៏ប្រគល់ឲ្យក្មួយម្នាក់ សម្រាប់ថាហែកឋិនមកតែម្តង។ កាលដែលឪពុកខ្ញុំនៅ ឪ​ពុក​ខ្ញុំហែកឋិនមកហ្នឹង។ អត់អីទេ យើងអ្នកជិតខាងគ្នា។ ធាតុក្រុមគ្រួសាររបស់ខ្ញុំនៅវត្តក្តីល្វាហ្នឹងឯង​។

ថ្ងៃហ្នឹងសុំឲ្យវិទ្យុ ច្រើនតែអប្សរា ហើយនិងបាយ័ន ក្រោយនេះហើយ ឲ្យចាក់បទ មរតកម៉ែខ្ញុំ ហើយមិនដឹងថាអ្នកចម្រៀង វាចេះច្រៀងអត់? បទ មរតកម៉ែខ្ញុំ ចាំមើលមើល ព្រោះគេសុទ្ធតែមានសៀវភៅ។ ឥឡូវហាត់ពីឥឡូវទៅ ច្រៀងនៅក្រោយ ចេះឬអត់? ចេះ។ មានប៉ុន្មានបទទាក់ទងនឹងតំបន់ហ្នឹង ដាក់ទាំងអស់បូកជាមួយ កន្សែងក្រហម សំពោងផ្កាចារ ចេះតែពួយទៅ។ ក្មួយព្រឹកមិញបានស្តាប់ចម្រៀងអត់? បាន។ សុទ្ធតែអ្នកចម្រៀងពិរោះៗរបស់គេ គេមកហ្នឹង។

វិធីដែលអាចសម្លាប់ ហ៊ុន សែន បាន គឺដុតរូបនាគ ដែលមាននៅក្នុងវត្តទាំងអស់

… គ្មានអ្វីប្រសើរជាងខិតខំការពារអ្វីដែលយើងកំពុងមាននោះទេ។ ធ្វើម៉េចឲ្យប្រទេសរបស់យើងមានសុខសន្តិភាព មានស្ថេរភាពនយោបាយ ដើម្បីធានាការអភិវឌ្ឍបន្ត។ ក្នុងហ្នឹងក៏មានអភិវឌ្ឍនូវការងាររបស់ក្មួយ ដែលបាន និងកំពុងមាននេះ កុំឲ្យវាបាត់ត្រឡប់ទៅវិញ។ អ្នកណាគេចង់ថាអីក៏ថាទៅ។ សូមផ្តាំទៅ ដុតរូប ហ៊ុន សែន របៀបហ្នឹង ដុតអត់ត្រូវសោះ។ ដុតខុសហើយ បើចង់ដុតរូប ហ៊ុន សែន ដើម្បីឲ្យ ហ៊ុន សែន ស្លាប់ គឺវិធីតែមួយទេ។ សូមប្រាប់។ ដោយសារ ហ៊ុន សែន ឆ្នាំរោង គឺនាគ គឺត្រូវដើរដុតរូបនាគទាំងអស់ តាមវត្តអារាម។ ដុតរូបនាគទាំងអស់ ហ្នឹងងាប់ ហ៊ុន សែន ហើយ ដុតត្រឹមតែរូបថត អត់ទេ។ អត់ត្រូវ ហ៊ុន សែន ទេ។ ហ៊ុន សែន គឺប្រាកដប្រជាតែរូបនាគ … តែរូបឆ្នាំនាគនេះទៀតសោត ទាល់តែរូបហ្នឹងនៅជាប់នឹងវត្តបានមានប្រសិទ្ធភាព ជួយ​ប្រាប់ផ្តាំផ្ញើទៅ …។

ផ្ទុយទៅវិញ ប៉ុន្មានថ្ងៃនេះ បែរជា ហ៊ុន សែន មានពេលខ្លះចង់រងាជ្រុល ព្រោះគេដុត ដល់គេដុតវារងា ព្រោះអត់ត្រូវ។ ប្រាប់យកតែបុណ្យទៅចុះ បើចង់ឲ្យ ហ៊ុន សែន ងាប់ ហើយបើគ្រាន់តែធ្វើរូបនាគយកទៅដុត ក៏វាអត់មានប្រសិទ្ធភាពនោះទេ ព្រោះបារមីរបស់ ហ៊ុន សែន នៅជាប់ជាមួយនាគដែលនៅក្នុងវត្ត។ ដើរដុតទៅ កន្លែងណាដែលមាននាគនៅក្នុងវត្តទាំងប៉ុន្មាន នៅអូស្ត្រាលី នៅប្រទេសដទៃ គឺដើរដុតទាំងអស់ទៅ ហើយឬក៏វាយកំទេចរូបនាគគ្រវាត់ចោលតែម្តង។ អាហ្នឹងល្អ។ … ណ្ហើយ! ឆ្កែខាំជើងយើង យើងទៅខាំជើងឆ្កែ វាក៏លំបាកដែរ ឆ្កែព្រុសយើង យើងព្រុសឆ្កែក៏លំបាកដែរ។

បើអត់មានសន្តិភាព និងស្ថេរភាពនយោបាយទេ គ្មានការងារធ្វើ និងប្រាក់ចំណូល

អ្វីដែលខ្ញុំផ្តាំផ្ញើនៅទីនេះ គឺបញ្ហានៅត្រង់ថា បើសិនអត់មានសន្តិភាព​ អត់មានស្ថេរភាពនយោបាយហើយ ក្មួយៗមិនអាចមានការងារធ្វើបន្តទេ គេបិទរោងចក្រ គេរត់ចេញពីស្រុកខ្មែរ ហើយនាំទៅជាមួយនូវការបាត់បង់ការ​ងារធ្វើ និងប្រាក់ចំណូលរបស់ក្មួយៗទាំងអស់។ ដូច្នេះ យើងត្រូវរួមគ្នាយ៉ាងម៉េច ដើម្បីធ្វើឲ្យប្រទេសយើងបន្ត មានការអភិវឌ្ឍដូចសព្វថ្ងៃអញ្ចឹង។ ឥឡូវមានអ្នកណាខ្វល់អ្នកណាជាប់គុក អ្នកណាជាប់ច្រវាក់ ឬអត់? អត់មានអ្នកខ្វល់ទេ។ គេខ្វល់ឆ្នាំងបាយរបស់គេសំខាន់ជាង។ … តិចទៀត ចូលឆ្នាំខ្មែរហើយ បាំងតែមួយខែទៀតចូលឆ្នាំ។ មួយឆ្នាំចូលឆ្នាំ ៣ ដង ឆ្នាំសកល ក៏ខ្មែរចូល ឆ្នាំចិន និងវៀតណាម ក៏ខ្មែរចូល ដល់ឆ្នាំខ្មែរ ក៏ខ្មែរចូល បើសិនជាមានឆ្នាំឥស្លាមមួយទៀត ប្រហែលចូលទៀត។ អញ្ចឹងទេ មានអ្នកណាឈឺក្បាលអំពីអ្នកណាជាប់គុក អ្នកណាជាប់ច្រវាក់? អ្នកឯងធ្វើខុស ក្បាលអ្នកណាសក់អ្នកហ្នឹង។ ឥឡូវ ខ្លួនពួកគេ គេនិយាយអញ្ចឹង គេថាក្បាលអ្នកណា សក់អ្នកហ្នឹង អ្នកណាជាប់គុក ជាប់ច្រវាក់ រឿងរបស់អ្នកហ្នឹង គេគិតពីរឿងការងារធ្វើរបស់គេតើ គេគិតមុខរបររបស់គេតើ។ រោងចក្រ សហគ្រាស វាអាចដំណើរការបាន សណ្ឋាគារវាអាចដំណើរការបាន ធនា​គារដំណើរការបាន ឬក៏តំបន់ផ្នែកផលិតកម្មដទៃទៀតវាដំណើរការបាន តែក្នុងក្របខណ្ឌ នៃប្រទេសដែលមានសន្តិភាពប៉ុណ្ណោះ ហើយក៏មានស្ថេរភាពនយោបាយ។ ក្មួយៗមិនអាចនឹងធ្វើការក្រោមគ្រាប់បែក ក្រោមគ្រាប់ផ្លោងបានទេ ហើយក្មួយៗក៏មិនមានសុវត្ថិភាពការងារដែរ បើនៅតាមរោងចក្រនីមួយៗ មានបងតូចបងធំ មានក្រុមគ្រឿងញៀន ដែលបំផ្លាញទៅដល់សេចក្តីសុខនៅក្នុងរោងចក្រ​។

កម្មករ និងប្រធានផ្នែក ប្រធានក្រុម ប្រធានរដ្ឋបាល សុទ្ធតែជាមនុស្សដូចគ្នា មិនត្រូវឲ្យមានការប្រមាថ

ខ្ញុំពិតជាមានការរីករាយ ដោយសារនៅក្នុងរបាយការណ៍របស់ឯកឧត្តម អ៊ិត សំហេង បានរាយការណ៍មកថា ជាង ១ ពាន់នាក់ ដែលបានទៅជួបពូរួចមកហើយ ជាប្រធានរដ្ឋបាល ជាប្រធានផ្នែក ជាប្រធានក្រុម។ ហេតុអី្វបានជាពូចាំបាច់ទៅជួបអ្នកទាំងនេះដោយឡែក ហើយបានមកជួបរួម? បញ្ហានេះសំខាន់ណាស់។ ដើម្បីសុវត្ថិភាព ដើម្បីភាពសុខដុមរមនានៅក្នុងរោងចក្រមួយ វាទាមទារឲ្យមានការយោគយល់គ្នា រវាងម្ចាស់រោងចក្រ រវាងអ្នកគ្រប់គ្រង ជាប្រធានរដ្ឋបាល ប្រធានផ្នែក និងប្រធានក្រុម ចេះសាមគ្គីគ្នា វានឹងក្លាយទៅជាគ្រួសារមួយនៅក្នុងរោងចក្រមួយ ដែលមានសុវត្ថិភាព។ សំខាន់ខ្លាំងណាស់ ក្មួយៗដែលជាប្រធានផ្នែក ប្រធានក្រុម ប្រធានរដ្ឋបាល ក្មួយៗក៏ត្រូវតែយល់ឲ្យបានច្បាស់ថា យើងជាកម្មករដូចគ្នាទេ គ្រាន់តែមានចំណាត់ថ្នាក់ ក្មួយឡើងជាប្រធានផ្នែកត្រួតប៉ុន្មានទៅ ប្រធានក្រុមត្រួតប៉ុន្មានទៅ ប្រធានរដ្ឋបាលត្រួតប៉ុន្មានទៅ។ ដូច្នេះគ្មានអ្វីខុសគ្នាទេ។ សម្រាប់ពូក៏ដូចគ្នាដែរ ពូយល់ច្បាស់ មនុស្សយើងស៊ីមួយក្រពះដូចគ្នា គ្រាន់តែពូមានងារជានាយករដ្ឋមន្រ្តីតែប៉ុណ្ណឹង។​ ពិតមែនតែពូអម្បាញ់មិញនិយាយលេងផង សើចផង អំពីរដ្ឋមន្រ្តី អំពីជំនួយការស្អីៗ ដែលគ្រាន់តែដាក់ថា នៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ដាក់វាមិនបាន ដាក់ត្រឹមតែស្រុកសំរោងទង ពូមានសិទ្ធិនឹងនិយាយយ៉ាងដូច្នេះ ដើម្បីនឹងណែនាំ។ ប្រធានរដ្ឋបាល គេអាចណែនាំបញ្ហានេះ បញ្ហានោះ ប្រធានផ្នែក ប្រ​ធានក្រុម គេអាចធ្វើនោះ ធ្វើនោះ ប៉ុន្តែ យ៉ាងណាក៏ដោយ ភាសាប្រមាថណាមួយ ដែលបានកើតនៅក្នុងចំណោមកម្មករ មិនត្រូវធ្វើទេ។ យើងមានសេចក្តីថ្លៃថ្នូររបស់យើង បើទោះបីយើងគ្មានឋានៈ នាទីអីក៏ដោយ។ ពូពិតជាមានការពេញចិត្តជាមួយនឹងជោគជ័យ នៃការធ្វើសុខដុមបនីយកម្មនៅតាមបណ្តារោងចក្រ សហគ្រាស​។ ជម្លោះនានាក្នុងវិវាទការងារត្រូវបានកាត់បន្ថយយ៉ាងច្រើន ប្តូរទិសមកទៅជាការរួបរួម។ ហើយពូបន្តលើកទឹកចិត្តឲ្យបង្កើតនូវកម្មវិធីសប្បាយរីករាយ ប្រឡងបវរកញ្ញាវាយនភណ្ឌជាបន្តទៀត។

ប្រុងប្រយ័ត្នចរាចរណ៍ ពេលស្រវឹង

ឥឡូវ ដូចជានៅខេត្តកំពង់ស្ពឺ ហើយខេត្តកំពង់ស្ពឺ ក៏សុំផ្ញើកូនមួយដែរ ហ៊ុន ម៉ានី នេះ គឺជាកូនប្រុសពៅ គឺជាតំណាងរាស្រ្តនៅទីនេះ។ គេតែងយកសុខទុក្ខរបស់អ្នកកំពង់ស្ពឺទៅប្រាប់ឪពុក អញ្ចឹងទេ ឥឡូវបង្កើតកម្មវិធី ក្រែងអាហ្នឹងគេយកចាត់តាំងតាមខេត្តៗសិន? មើល! យើងធ្វើឲ្យអ្នកកំពង់ស្ពឺជាប់លេខមួយម្តងទៅមើល។ ល្ងាចមិញ អង្គុយបាយជាមួយគ្រួសារ ជាមួយនឹងកូនស្រីពៅ និងកូនប្រសារ ឯ ម៉ានី ត្រូវទៅស៊ីកា អាចយ អ្នកកំប្លែង។ ដល់គេចេញផុតពីហ្នឹងទៅ គេចាប់ផ្តើមបញ្ជូនរូបភាពជាមួយ អាចយ និងប្អូនមក។ គ្នារូបរាងវាអញ្ចឹង តែអាហ្នឹងវាមានអីខុសគ្នា។ ស្រាប់តែមាននរណាទេ គេបង្ហោះថា កូនលោក ហ៊ុន សែន ពូកែផឹកណាស់ ហ៊ុន ម៉ាណែត ពូកែផឹក​។ បានស្រីពៅថា និយាយខុសទាំងស្រុង តាមពិតមិនមែនកូនប្រុសលោក ហ៊ុន សែន ពូកែផឹកទេ កូនស្រីបានពូកែផឹក ខុសស្រឡះ។ និយាយលេងទេ កូនរបស់ខ្ញុំវាមិនមែនពូជអ្នកផឹកទេ ប៉ុន្តែ ឥឡូវនេះ សម័យនេះជាសម័យជឿនលឿន មានពេលខ្លះឥទ្ធិពលនៅក្រោមភាពស្រវឹង គ្រោះថ្នាក់ចរាចរណ៍ក៏ច្រើនដែរ សូមឲ្យមានការប្រុងប្រយ័ត្នក្នុងរឿងនេះ។

បៀវត្សរ៍ត្រូវឡើងរាល់ឆ្នាំទាំងកម្មករ ទាំងមន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ

យើងបន្តការខិតខំរួមគ្នា ដើម្បីធ្វើឲ្យប្រាក់ចំណូលរបស់យើងកើនជារៀងរាល់ឆ្នាំ ដែលពូសូមបញ្ជាក់ថា ប្រាក់បៀវត្សរ៍ ដែល​បានឡើងក្នុងរយៈពេលកន្លងទៅ ១៧០ ដុល្លារ នេះ មិនមែនជាប្រាក់បៀវត្សរ៍ចុងក្រោយរបស់ក្មួយៗទេ។ ២០១៩ ក៏ត្រូវឡើង ២០២០ ក៏ត្រូវឡើង ២០២១ ក៏ត្រូវឡើង​ ឆ្នាំណាក៏ត្រូវតែឡើងដែរ។ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកចូលនិវត្តន៍ ក៏ត្រូវតែកើនឡើងជារៀងរាល់ឆ្នាំ។ ឥឡូវនេះ ប្រទេសកម្ពុជាបានក្លាយទៅជាប្រទេសទី ៥ ក្នុងអាស៊ាន ដែលមានប្រាក់ទាបបំផុតខ្ពស់ជាងគេ។ អ្នកដែលនៅលើយើងមានសាំងហ្គាពួរ មានប្រ៊ុយណេ មានថៃ មានម៉ាឡេស៊ី បន្ទាប់ទៅគឺដល់យើងតែម្តង។ សម្រាប់មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ ឡើង ២ ដំណាក់។ ១ ដំណាក់ គឺឡើងលើប្រាក់បៀវត្សរ៍មូលដ្ឋាន ដល់ខែ ៤ ឡើងទៅតាមមុខនាទី មុខតំណែង​។ អញ្ចឹង ប្រាក់បៀវត្សរ៍ក៏ចេះតែកើន។ យើងមានប្រាក់ចំណូលដើម្បីនឹងបង្កើតឲ្យការចំណាយទៅលើបញ្ហានោះ​។

ចំណាយលើថ្លៃទឹក ភ្លើង និងជួលផ្ទះ ត្រូវបានបន្ថយ

ឯក្នុងវិស័យឯកជន ក្មួយៗក៏បានទទួលនូវផលប្រយោជន៍ច្រើនណាស់ហើយ​។ ខុសពីនៅទីក្រុងភ្នំពេញ នៅទីក្រុងភ្នំពេញ ក្មួយៗមួយចំនួនគឺរស់នៅតាម​ផ្ទះឈ្នួល។ ថ្លៃផ្ទះ ថ្លៃទឹក ថ្លៃភ្លើង ត្រូវបានបញ្ចុះ ប៉ុន្តែ នៅទីនេះ ក្មួយ​ៗនៅតាមផ្ទះ ថ្លៃផ្ទះគឺអត់មានត្រូវការជួលទេ អញ្ចឹងអាហ្នឹងត្រូវសល់។ ទឹកក៏ទឹកខ្លួនឯង មានតែអគ្គិសនីមួយទេ​។ ហើយអគ្គិសនីនេះទៀតសោត គឺយើងអនុវត្តទូទៅសម្រាប់អ្នកប្រើប្រាស់ក្រោម ៥០ kwh គឺប្រើត្រឹមតែ ៤៨០ រៀលទេ។ រាជរដ្ឋាភិបាល ជាមួយក្រសួងឧស្សាហកម្ម ជាមួយក្រសួងរ៉ែ និងថាមពល ជាមួយនឹងក្រុមហ៊ុន អគ្គិសនី កំពុងរិះរកមធ្យោបាយដើម្បីបញ្ចុះថ្លៃភ្លើងបន្ថែមទៀត។ ការបញ្ចុះថ្លៃភ្លើងនេះ វានាំមក​នូវផលប្រយោជន៍សម្រាប់ប្រជាជនផង ប៉ុន្តែ វាក៏នាំមកនូវភាពប្រកួតប្រជែងនៅក្នុងវិស័យ ដែលត្រូវធ្វើការវិនិយោគនៅកម្ពុជា។

រក្សាទុកនូវអ្វីដែលកំពុងមានក្នុងដៃ

គ្មានអ្វីល្អជាងរក្សាទុកនូវអ្វីដែលកំពុងមានក្នុងដៃ រួចហើយអ្នកខ្លះ ដូរៗៗ ដូរ ឬមិនដូរ? ដូរ។ រួចចុះដូរហ្នឹងបែរមុខទៅខាងណា? រួចចេះតែស្រែកនឹងគេដែរនេះ។ ដូរទៅជាន់រណ្តៅមីន ឬអី? អាហ្នឹងហើយ អាដូរដែលមិនដឹងរឿងរ៉ាវហ្នឹងហើយ ដូរនៅឆ្នាំ ១៩៧០ ដូរពីសម្តេចព្រះនរោត្តម សីហនុ តាមរយៈរដ្ឋប្រហារ ទៅជា លន់ នល់​ បានមកនូវសង្គ្រាម។ ចង់ដូរទៀត បានមួយសាទៀត អស់ ៣ លាន អាហ្នឹងបានត្បូងចបតែម្តង។ ដល់ឥឡូវនេះ មិនគិតធ្វើអីទេ គិតតែពីដូរ អាធ្វើបង្គន់មួយមិនទាន់ធ្វើបានផង ដូរទៀត … តើគេបានអបអរ ស៊ន សៀវម៉ី ដែលទទួលមេដាយមាសឬទេ? អត់ទេណា។ តើគេបានអបអរសាទរពេលព្រះវិហារ សំបូរព្រៃគុក ចូលជាបេតិកភណ្ឌពិភពលោក? អត់ទេ! តើគេបានអបអរសាទរនូវអ្នកកីឡាករ/ការិនីរបស់យើង ដែលចេញទៅប្រកួតនៅប្រទេសក្រៅ បាន​មេ​ដាយ​កម្រិត​ពិភពលោក កម្រិតអាស៊ី និងកម្រិតអាស៊ាន? សូម្បីតែរឿងប៉ុណ្ណឹង គេមិនហ៊ានអបអរសាទរផង តើគេអាចធ្វើមេដឹក​នាំ​កម្ពុជាកើតទេ? នៅពេលដែលយើងបានអនុវត្ដនូវ​នយោបាយមួយជាក់លាក់ ស្ដីពី​ការ​បង្រួបបង្រួមជាតិ ស្របពេលដែលគេដាក់ចេញនូវទិសដៅនយោបាយ «មានឯងអត់អញ មានអញ អត់ឯង‍‍»។ ឈ្នះរឹបអូសពីអ្នក​មាន ឲ្យអ្នកក្រ។ ចុះអ្នកមាន ខ្វះមធ្យោបាយណាស់ទៅ? វានឹងនាំទៅដល់ការ​កាប់​គ្នា​ .​.. ដោយសារនយោ​បាយគេអញ្ចឹងហើយ បានជា ទី ១ មិនដែល​ឈ្នះ ទី ២ មានតែការនាំអន្ដរាយទៅដល់ខ្លួនឯងតែប៉ុណ្ណោះ … សម្រាប់អ្នកដែលអនុវត្ដ​នយោបាយសន្ដិភាពរបស់ប្រទេស គ្មានអ្វីដែលត្រូវខូចខាតទេ។

ប្រទេសមួយត្រូវមានមធ្យោបាយការពារជាតិ

… ល្ងាចនេះនៅមួយគ្រែទៀត គឺសន្និបាតទេសចរណ៍ និងចែកពាន​រង្វាន់ទីក្រុងស្អាតនៅល្ងាចនេះ។ ស្អែកឡើង មួយគ្រែទៀត។ អាហ្នឹងថ្ងៃព្រហស្បត្ដិ៍ នៅស្រុកស្រីសន្ធរ ខេត្ដ​កំពង់​ចាម ដល់តែ​ថ្ងៃសុក្រព្រឹកឡើង មួយគ្រែសិន នៅភ្នំពេញ កោះពេជ្រ បន្ទាប់ទៅ … ទៅកំពង់សោម ដើម្បីជួប​កម្មករ​នៅ​ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ព្រោះយើងជួបម្ដងមិនអស់ទេ ព្រោះជិត ៤ ម៉ឺននាក់ ត្រូវជួបពីរដង ហត់នឿយបន្តិចហើយ​។ … ពេល​ណាក៏ត្រូវមាន Telegram ពេលណាក៏មាន WhatsApp បញ្ជូនចូលមកឲ្យដឹងព័ត៌មានដែរ។ សូម្បីតែយប់មិញ ទំនិញពិសេសរបស់យើងដូចជាត្រូវទទួល … ដែលខ្ញុំប្រើពាក្យទំនិញពិសេស … ​មិនមែន​ជាគ្រឿងញៀនទេ ព្រោះដឹកសុទ្ធតែ​កុងតៃន័រ​ចូល​ដល់​ម៉ឺនតោនឯណោះ … ប្រទេស​មួយ​ត្រូវតែជាមានមធ្យោបាយការពារជាតិរបស់ខ្លួន។ សម្ដេច ទៀ បាញ់ គាត់បានធ្វើនូវកិច្ចការងារនេះ។ ខ្ញុំនិយាយ​ប៉ុណ្ណឹងអាចដឹង។ សម្ដេច ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ បើរដ្ឋមន្ត្រីការពារជាតិ គាត់មិនដែលទៅ​ដឹកផ្កាទេ គាត់ដឹកគ្រាប់ ដឹកកាំភ្លើងតែប៉ុណ្ណឹង។ ផ្កាគាត់ច្បាស់ជាទុកឲ្យ ថោង ខុន ដឹកហើយ មិនអញ្ចឹង។ និយាយបញ្ចេញបន្ដិចទៅចុះ ព្រោះមានអ្នកខ្លះក៏បានលួចដឹងទៅហើយ …។

យកលុយរដ្ឋដោះស្រាយឲ្យកម្មករដែលថៅកែរត់ចោល

សូមអរគុណដល់ឯកឧត្តម អ៊ិត សំហេង ដែលតាមអនុសាសន៍កាលពីអាទិត្យមុន តែរយៈកាល​ពីរ​ថ្ងៃ​ក្រោយ​ទេ ដែលបានស្នើសុំមក។ ផ្ដាំទៅកម្មករ/ការិនីដែលថៅកែរត់ចោលទាំងឡាយ ត្រង់ថា រាជរដ្ឋាភិបាល​បាន​បុរេប្រ​ទាន​ប្រាក់ប្រមាណ ៤ លាន ៦ សែនដុល្លារ ទៅបើកផ្ដល់ឲ្យកម្មករ/ការិនីដែល​ថៅកែ​រត់​ចោលនោះឯង។ កាលពីមុនយើងធ្លាប់ធ្វើរឿងនេះ កាលពី ២០០៧, ២០០៨, ២០០៩ ដូចធ្លាប់ធ្វើ? ប៉ុន្តែកន្លង​ទៅទុកឲ្យរ៉ាំរ៉ៃយូរបន្ដិច … ឥឡូវអញ្ចេះ ធ្វើម៉េចឲ្យលុយហ្នឹងបាន​ទៅកម្មករ/ការិនី ដែលថៅកែរត់ចោល ហើយក្រៅពីនោះឆ្លៀតពីហ្នឹងរកការ​ងារ ដើម្បីឲ្យក្មួយៗបានធ្វើ​ឡើង​វិញ។ កន្លងទៅ ក្រសួងខិតខំសម្រួលថា ធ្វើម៉េចឲ្យថៅកែ(ដោះស្រាយ) ឥឡូវហ្នឹងយើងដោះ​ស្រាយជាមួយពួកថៅកែ​ក្រោយ ហើយយើងចាប់ផ្ដើមយកប្រាក់នេះបើកភ្លាម បើកចប់ចុងអាទិត្យហ្នឹងទេមើល​ទៅ? … រដ្ឋសុខចិត្តយកលុយរបស់រដ្ឋ បើកឲ្យក្មួយៗសិន រួចហើយចាំយើងឡៃឡុងរោងចក្រ … បើសិនដីហ្នឹងជាដីម្ចាស់រោងចក្រ លក់ឡៃឡុងបានថ្លៃ។ ដីឥឡូវនេះ កន្លែងណាក៏ថ្លៃដែរ។

ដីថ្លៃមកពីអី? បន្ទោសអ្នកណា?

រឿងដីឡើងថ្លៃបន្ទោស​អ្នកណា បន្ទោស ហ៊ុន សែន តែម្ដងទៅ។ ដោយសារ ហ៊ុន សែន ហើយបានដីឡើង​ថ្លៃ​។ អ្នកខ្លះគេថា ដីឡើងថ្លៃ​ខ្លាំងណាស់។ អញ្ចឹងសុំបន្ទោសខ្ញុំមក។ កាលពីដើមរត់ចោលដី ដោយសារសង្គ្រាម ឥឡូវ​នេះ ​មិនបាច់ចាំរត់ទេ អ្នកខ្លះទៅលួចកាប់យកដី ទៅបំពានយកដីគេតែម្ដង។ ឥឡូវហ្នឹង មិនមែន​គ្រាន់តែ​ដីថ្លៃ​អញ្ចឹង​ទេ ដីជីកយកចាក់ក៏វាថ្លៃដែរ។ ​​ទៅជាឡើងថ្លៃអស់រលីងទៅ។ ហ្នឹងដោយសារអី? ដោយសារប្រទេស​មានសន្ដិភាព។ អញ្ចឹងបានជាគេវាយលុកថា ទម្លាក់ ហ៊ុន សែន រំលាយ ហ៊ុន សែន ប៉ុន្ដែ ចាំតែងាយងាប់​តើ។ រាសីលោកឯងមិនដល់ អ្នកដែលជេរខ្ញុំខ្លាំងបំផុត ស្អប់ខ្ញុំធំបំផុតគឺ ប៉ុល ពត ប៉ុន្តែ ទីចុងបំផុត លទ្ធផល​របស់មេដឹក​នាំ ប៉ុល ពត ទាំងអស់ ប៉ុល ពត ខ្លួនឯង ងាប់រកដីកប់មិនបាន។ សុន សេន និងក្រុមគ្រួសារ ងាប់តៃហោង ដោយសារ ប៉ុល ពត សម្លាប់ … ហ្នឹង​លទ្ធផល​នៃ​ការជេរប្រទេច ហ៊ុន សែន ប៉ុន្តែមិនបានសេចក្តីថា ទាំងកូនចៅតូចតាចរបស់ខ្មែរក្រហម ឬមធ្យមរបស់ខ្មែរ​ក្រហមទទួលទោសទណ្ឌទាំងអស់ទេ។

រួមគ្នារក្សាសន្តិភាព ស្ថេរភាពនយោបាយ រក្សា និងបន្តការអភិវឌ្ឍ

ខ្ញុំគិតថា ខ្ញុំមិនចាំបាច់លើកចេញនូវអនុសាសន៍ទាំង ៩ ចំណុចឡើងវិញ ដែលឯកឧត្តម អ៊ិត សំហេង​ បានធ្វើរបាយការណ៍នោះទេ។ អ្វីដែលជាសំណូមពរធំរបស់ពូ គឺរួមគ្នារក្សាសន្ដិភាព រួមគ្នារក្សានូវស្ថេរភាព​នយោ​បាយ រួមគ្នារក្សានូវការអភិវឌ្ឍ ដែលយើងកំពុងមានក្នុងដៃ និងបន្ដឲ្យការអភិវឌ្ឍនេះរីកលូតលាស់។ យុទ្ធសាស្រ្ដ​របស់ពួកគេ គឺធ្វើឲ្យកម្មករបះបោរ ប្រជាជនបះបោរ កងទ័ពបះបោរ។ បើបះបោរអស់មួយ​ប្រទេសទៅហើយ អញ្ចឹងលោកចូលមកកាន់អំណាចតែម្ដងទៅ។ គេថាឥឡូវ ហ៊ុន សែន កំពុងឯកោខ្លាំងណាស់។ អ្វីទៅ​ពាក្យឯកោ? អាខ្លួនឯងនៅម្នាក់ឯងសុទ្ធនោះ ហើយដេកមើលជញ្ជាំង ហើយវាមិនថាវាឯកោ។ ឯង​ដើរទៅ​ណាប្រជាជននៅហ្នឹង ស្អែកទៅបញ្ចុះសីមា ឆ្នាំនេះទៅកាត់ឫសសីមាតែមួយទេ ឆ្នាំទៅកាត់ ៣ ឆ្នាំនេះកាត់តែ​មួយនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

សិក្សា និងរកដំណោះស្រាយការដួលសន្លប់

អ្វីដែលជាសំណូមពររបស់ពូ គឺសូមឲ្យនៅតាម​រោងចក្រ សហគ្រាសទាំងអស់សាមគ្គីភាពគ្នា ម្ចាស់រោងចក្រ​ត្រូវមានការយោគយល់ផ្ដល់ឲ្យទៅកម្មករ ឯកម្មករ​ត្រូវខិតខំធ្វើការងារ ព្រោះវាបំពេញអោយគ្នាទៅវិញទៅមក។ ប្រ​​ធានរដ្ឋបាល ប្រធានផ្នែកធ្វើយ៉ាងម៉េច ថ្នាក់ថ្នមគ្នា ជួយគ្នាទៅវិញទៅមក ហើយអប់រំគ្នា​កុំអោយធ្វើអំពើ​ផ្តេសផ្តាស ដែលខុស​ច្បាប់។ បើសិនជាគេប្រព្រឹត្ដគ្រឿងញៀន យើងក៏ត្រូវតែអប់រំគេ ដើម្បីបញ្ចៀសពីគ្រឿងញៀន។ នៅពេលមានបញ្ហា ត្រូវជួយគ្នាភ្លាម។ បាតុភាពដែលកើត​កន្លងទៅ ​ទាក់ទងការដួល​សន្លប់របស់កម្មករ/ការិនីនៅតាមរោងចក្រខ្លះ យើងកំពុងដាក់គោលការណ៍ឲ្យសិក្សាជាប្រព័ន្ធ​ ដើម្បីរកវិធី​ឆ្លើយតបនឹងការ​ដួល​សន្លប់នោះ។

អត្ថប្រយោជន៍ដែលកម្មករ/កម្មការិនី ពិសេសកម្មការិនីមានផ្ទៃពោះ និងសម្រាលកូន ត្រូវទទួលបាន

ក្មួយៗ កម្មករ/ការិនីទាំងក្នុងប្រព័ន្ធ ទាំងក្រៅប្រព័ន្ធបានទទួល​អត្ថ​ប្រយោជន៍ នៃការពិនិត្យ​ព្យាបាលដោយ​ឥត​គិតថ្លៃ។ ស្រ្ដីកម្មការិនីមានផ្ទៃពោះ ក៏ត្រូវបានទទួលបានការឈប់​សម្រាករយៈពេល ៣ ខែ និងទទួលបានបៀ​វត្សរ៍ ១២០ %។ នៅពេលក្មួយៗនៅធ្វើការទទួលបានប្រាក់ខែ ១៧០ ដុល្លារ ប៉ុណ្ណោះ ប៉ុន្តែនៅពេលដែល​ក្មួយៗ​ឆ្លងទន្លេ ក្មួយៗត្រូវទទួលបាន ២០% បន្ថែមពីលើហ្នឹងទៀត អញ្ចឹងបាន ២០៤ ដុល្លារ បន្ថែម​ដោយកម្មវិធី​ផ្ដល់សាច់ប្រាក់ដល់កម្មការិនីឆ្លងទន្លេចំនួន ៤០ ម៉ឺនរៀលទៀត។ នេះជា​អត្ថប្រយោជន៍​ដែលទទួលបាន។ នៅមានអត្ថប្រយោជន៍ដទៃទៀតដែលកម្មករ/ការិនីរបស់យើងទទួលបាន។ យើងនឹងបន្ដការខិតខំរួមគ្នាដើម្បីរក​ដំណោះស្រាយផ្សេងៗ បង្កើនប្រាក់ចំណូល កាត់បន្ថយនូវប្រាក់ចំណាយ រាប់ទាំងគ្រប់គ្រងក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច ដើម្បីទប់ស្កាត់អតិផរណា។ ឆ្នាំនេះប្រាក់ខែឡើង​ ១១% អតិផរណាត្រឹមតែ ២,៩% តែប៉ុណ្ណោះ។

បន្តតំណែងនាយករដ្ឋមន្រ្តី ១០ ឆ្នាំទៀត បន្តជួបកម្មករវិលជុំ

…​ទាំងអស់នេះមិនមែនធ្លាក់ពីលើមេឃទេ គឺកើតមកពីការខិតខំប្រឹងប្រែងរួមគ្នារបស់យើង។ សង្ឃឹមថា នៅគ្រប់ទីកន្លែងទាំងអស់ ដែលមានរោងចក្រតាំងនៅ ដូចជាខេត្តកំពង់ស្ពឺ ក្លាយទៅជាបន្ទុកមួយដែលមិនអាចមើលរំលងរបស់អាជ្ញាធរខេត្ត មិនមែនគ្រាន់តែជាមន្ទីរការងាររបស់ខេត្តទេ ក៏ប៉ុន្តែ អាជ្ញាធរខេត្តត្រូវទទួលខុសត្រូវ។ កុំទន្ទឹងរង់​ចាំតែពីក្រសួង។ សុខទុក្ខរបស់កម្មករគឺជាសុខទុក្ខរបស់យើងទាំងអស់គ្នា។ ពេលមុន ពូធ្វើការច្រើនជាមួយកសិករ ដែលជាឪពុកម្តាយរបស់ក្មួយៗនោះ សំដៅដើម្បីលើកវិស័យកសិកម្មរបស់យើងឲ្យកើនឡើង។ ប៉ុន្មានខែកន្លងទៅនេះ រហូតទៅដល់រយៈពេល ១០ ឆ្នាំទៀត ពូនឹងបន្តដើរវិលជុំ ព្រោះពូបានប្រកាសហើយថា នឹងបន្តតំណែងជានាយករដ្ឋមន្រ្តីយ៉ាងតិច ១០ ឆ្នាំទៀត។ ឥឡូវ មកដល់ពេលនេះ យើងបានជួបជាមួយនឹងប្រធានក្រុម ប្រធាន បានគួរសមហើយ។ សម្រាប់ការជួបជាមួយនឹងកម្មករ គឺក្នុងវិស័យកាត់ដេរ ទើប​នឹងបានប៉ុន្មានម៉ឺននាក់ប៉ុណ្ណោះ។ ប៉ុន្តែ បើយោងទៅលើកម្មករ ដែលចុះបញ្ជីនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មាន ១១.២៨៧ គ្រឹះស្ថាន មានកម្មករ ១ លាន ៤ សែននាក់ និយាយលេខគត់ ឯគ្រឹះស្ថានសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានចំនួន ៥៦៩.៦៨៨ កម្មករជាង ២ លាន ៤ សែននាក់។ ពូនឹងបន្តដើរវិលជុំ ដើម្បីជួបកម្មករ/ការិនី ដើម្បីទន្ទឹមនឹងការជម្រុញការលូតលាស់នៃវិស័យកសិកម្ម យើងត្រូវជម្រុញការលូតលាស់ក្នុងវិស័យឧស្សាហកម្ម តាមគោលនយោបាយថ្មី តាមគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥។

បន្តការលូតលាស់ស្រុះគ្នា ក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងសេវា

យើងនឹងបន្តការលូតលាស់នៅក្នុងវិស័យសេវា ដែលក្នុងនោះមានតាមវិស័យសណ្ឋាគារជាដើម ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដែលអភិវឌ្ឍនៅក្នុងទាំងបីផ្នែកស្រុះគ្នា កសិកម្ម ឧស្សាហកម្ម និងសេវា  ដែលជាផ្នែកទ្រទ្រង់ដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេស។ កុំខ្វល់ថាអ្នកណាគិតពីអី?  ប្រទេសណាគិតពីអីមកលើយើង? មាន(ហេតុ)ការ គេរត់ចោលយើងអស់ គ្មានអ្នកណាជួយយើងទេ។ នៅពេលដែល ប៉ុល ពត សម្លាប់យើង តើអ្នកណាមកជួយយើង? គេមិនត្រឹមតែមិនជួយយើងទេ គេជួយ ប៉ុល ពត នៅអង្គការសហប្រជាជាតិទៀត​។ ឥឡូវ ពិតហើយ យើងត្រូវសហប្រតិបត្តិការជាមួយបណ្តាប្រទេសទាំងអស់នៅលើពិភពលោក ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ក៏ប៉ុន្តែ យើងមិនរង់ចាំការផ្តល់អុកស៊ីសែនពីអ្នកណាទាំងអស់។ យើងត្រូវខិតខំម្ចាស់ការប្រឹងប្រែងខ្លួនឯង ដើម្បីឈានទៅក្នុងឋានៈជាប្រទេសដែលមានការរីកលូតលាស់។ យើងត្រូវការសហប្រតិបត្តិការជាមួយគេ។​ គេក៏ត្រូវការសហប្រតិបត្តិការជាមួយយើង។ យើងជាប្រទេសនៃសមាជិកអង្គការសហប្រជាជាតិ។ គេក៏ត្រូវការយើងគាំទ្រគេ យើងក៏ត្រូវការគេគាំទ្រយើង នៅពេលបោះឆ្នោតម្តងៗ។ គេប្រទេសមួយមានសិទ្ធិ ប្រើប្រាស់មួយសន្លឹកឆ្នោត យើងក៏មានសិទ្ធិប្រើប្រាស់មួយសន្លឹកឆ្នោត ដូច្នេះ មិនមែនយើងពឹងតែគេទេ គេក៏ពឹងយើងក្នុងក្របខណ្ឌអាស៊ាន។  យើងជាសមាជិកដែលមានការទទួលខុសត្រូវ។ អាស៊ានមិនអាចបែកបាក់ដោយសារតែប្រទេសនៅក្រៅតំបន់នោះទេ។ អាស៊ានត្រូវតែមានសាមគ្គីភាព ទើបអាស៊ានអាចចេញសេចក្តីថ្លែងការណាមួយបាន ឬចេញនូវក្របខណ្ឌឯកសារណាមួយបាន … យើងបានក្លាយពីប្រទេសដែលគេ មិនស្គាល់ ទៅជាប្រទេសដែលគេស្គាល់។ ឆ្នាំទៅទេសចរមកកាន់កម្ពុជា ៥ លាន ៦ សែននាក់ ឆ្នាំនេះរំពឹងថា បើមិនដល់ ៧ លាននាក់ទេក៏កៀកនឹង ៧ លាននាក់ដែរ … រដូវនេះជារដូវទេសចរ ដែលមកកាន់កម្ពុជាច្រើន។

ទៅបោះឆ្នោត និងនៅតែបោះឆ្នោតឲ្យគណបក្សប្រជាជន

សង្ឈឹមថា ទាំងអស់គ្នានឹងបន្តការខិតខំទៅលើផ្លូវនេះ ហើយសុំយកឱកាសនេះតាមរយៈក្មួយៗទាំងឡាយដែល មកចូលរួមនៅទីនេះ អំពាវនាវក្មួយៗទៅចូលរួមការបោះឆ្នោត ដោយនាំទៅជាមួយនឹងឪពុកម្តាយ បងប្អូន និងជីដូនជីតា បើសិនជាគាត់នៅរស់ ចូលរួមបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨។ សង្ឃឹមថាក្មួយៗ ក៏ដូចជាក្រុមគ្រួសារ នឹងបន្តបោះឆ្នោតឲ្យគណបក្សប្រជាជនបន្តទៀត។ ប្រហែលជាក្រុម អំពាវនាវឲ្យមនុស្សកុំទៅបោះឆ្នោត គិតខុសខាងយុទ្ធសាស្រ្តធ្ងន់ហើយ។ មានន័យថា អ្នកដែលទៅបោះឆ្នោតប៉ុន្មានសុទ្ធតែអ្នកគាំទ្រគណបក្សប្រជាជនទាំងអស់ហ្នឹង។​ ប្រហែលជាគិតខុសទេដឹង។ ខ្ញុំមិនចង់រុញទូកបណ្តោយទឹកទេ តែខ្ញុំគ្រាន់តែផ្តាំ … អំពាវនាវគឺខុសច្បាប់ មិនឲ្យគេទៅបោះឆ្នោត …។ ប៉ុន្តែ គិតជាសន្លឹកឆ្នោតទៅវិញ … អ្នកដែលប្រចាំថាគេមិនទៅ គេមិនដែលបោះឲ្យយើងឯណា។ អស់លោកអ្នកយុទ្ធសាស្រ្តអើយ (ខ្ញុំ)និយាយឲ្យពិតទៅចុះ។ ខ្ញុំមិនគួរនិយាយទេ ក៏ប៉ុន្តែ ខ្ញុំចង់ឲ្យអ្នកគិតអំពីយុទ្ធសាស្រ្តពិតប្រាកដ។ អ្នកឯងចង់ថា កុំឲ្យប្រជាជនទៅបោះឆ្នោត ដើម្បី​ឲ្យអត្រាអ្នកទៅបោះឆ្នោតធ្លាក់ចុះ។ គិតខុស។ សូម្បីតែប្រទេសបារាំងបោះចុងក្រោយនេះ ចំនួនអ្នកទៅបោះឆ្នោតប្រមាណជា ៥០%​ តែប៉ុណ្ណឹងទេ។ អ្នកដែលធ្វើប្រធានាធិបតីនៅអាមេរិក មិនដែលបានសន្លឹកឆ្នោតលើសពី ៥០% នៃប្រជាពលរដ្ឋទេ ព្រោះអ្នកទៅបោះឆ្នោតមានត្រឹម ៥០% ហើយសន្លឹកឆ្នោតកាត់ជា ២ អញ្ចឹងត្រឹមតែ ២៥% ឬ ៣០% ធ្វើប្រធានាធិបតីអាមេរិកាំងបានហើយ។

… សុំ(អ្នក)បន្តរឿងហ្នឹងទៅចុះ បន្តអំពាវនាវកុំឲ្យប្រជាជនទៅបោះឆ្នោត … ប៉ុន្តែអ្នកឯងគួរគិតទៅ។ អញ្ចឹងទេ ខ្ញុំចាំតែក្របួចយកតែម្តង ក្របួចធ្វើម៉េច? អ្នកដែលទៅបោះទាំងប៉ុន្មាន បានសេចក្តីថា អ្នកហ្នឹងស្តាប់សម្លេងអំពាវនាវរបស់គណបក្សប្រជាជន ដល់ទៅបោះ​ៗឲ្យគណបក្សប្រជាជន។ អាហ្នឹងវាយ៉ាងម៉េចទៅវិញ។ អញ្ចឹងទេ អ្នកឯងអំពាវនាវ ក៏បានត្រឹមតែសមាជិករបស់អ្នកឯងប៉ុណ្ណោះ។ ឯសមាជិករបស់អ្នកឯងទៅបោះ ក៏មិនបោះឲ្យខ្ញុំឯណា។ អញ្ចឹងអ្នកឯងយកទៅគិតទៅឡើងវិញបន្តិច ក្រែងលោចេះកែសម្រួលពីយុទ្ធសាស្រ្ត … អ្នកដែលស្តាប់លោកឯង គឺមានតែសមាជិកលោកឯង មិនមែនសមាជិកខ្ញុំឯណា។ អ្នកដែលសមាជិកខ្ញុំបោះឲ្យខ្ញុំ សុទ្ធតែអ្នកដែលទៅបោះ គឺអ្នកដែលទៅ។ អ្នកដែលមិនទៅ (នៅ)ដេកផ្ទះ។ អញ្ចឹងសន្លឹកឆ្នោត បើកចេញពីហិបមកមួយសន្លឹកគណបក្សប្រជាជនៗ ព្រោះអាអ្នកដែលមិនបោះឲ្យគណបក្សប្រជាជន វាអត់ទៅផង។ … ខ្ញុំចង់ឲ្យប្រជាពលរដ្ឋរបស់យើងចេះវិនិច្ឆ័យ ហើយចង់ផ្តាំទៅគូបដិបក្ស ឲ្យចេះយុទ្ធសាស្រ្ត …។

ទៅបោះឆ្នោតក៏សិទ្ធិ មិនទៅបោះឆ្នោតក៏សិទ្ធិ

… អត់ទាស់ខុសអីទេ ទៅបោះឆ្នោតក៏សិទ្ធិ មិនទៅបោះឆ្នោតក៏សិទ្ធិ។ ខ្វះណាស់ ប្រទេសលើលោកប្រជាជនចេញទៅបោះឆ្នោតត្រឹមតែ ៥០ ភាគរយ ៦០ ភាគរយ ធម្មតា។ អញ្ចឹង បើអ្នកឯងស្តាប់ការអំពាវនាវ គឺអ្នកដែលមិនបោះឲ្យគណបក្សប្រជាជន វាអត់ទៅ ទៅតែអ្នកបោះឆ្នោតឲ្យគណបក្សប្រជាជនទេតើ។ និយាយអញ្ចឹងដូចបំបែកអាថ៌កំបាំងយុទ្ធសាស្រ្ត ប៉ុន្តែ ក្នុងឋានៈជាមេដឹកនាំប្រទេស ហើយដឹកនាំតាំងពីបាតដៃទទេ តាំងពីកកើតទ័ពដំបូង ដែលគូសវាសយុទ្ធសាស្រ្ត គឺស្គាល់យុទ្ធសាស្រ្តហ្នឹងច្បាស់។ អញ្ចឹងទេ ឲ្យបន្តទៀតទៅ អំពាវនាវទៀតទៅ អំពាវនាវល្អហើយ ឯយើងគឺនាំគ្នាទៅបោះ ហើយបោះចេញមកគណបក្សប្រជាជន។ ដោយសារអី? គណបក្សប្រជាជនអំពាវនាវឲ្យទៅគាត់ទៅ ដល់ទៅបោះឲ្យគណបក្សប្រជាជន អាអ្នកដែល(អំពាវនាវ)កុំឲ្យបោះ (សមាជិក)អត់ទៅ ដល់វាអត់ទៅ គឺអត់បោះ បោះម៉េចបើអត់ចូលទៅក្នុងប៊ុយរ៉ូបោះឆ្នោតផង …។

បន្តអនុវត្តការកំណត់ចេញមុន ១៥ នាទី សម្រាប់ស្ត្រីមានផ្ទៃពោះ

… កាលពីពេលមុន ពូអំពាវនាវ (អោយស្ត្រីកម្មករមានផ្ទៃពោះ ចេញមុនម៉ោង) តើគេឲ្យចេញប៉ុន្មាននាទីមុន? ១០ នាទី។ កាលនោះមានរោងចក្រខ្លះឲ្យ ១០ រោងចក្រខ្លះឲ្យ ៥ រោងចក្រខ្លះឲ្យ ១៥ រោងចក្រខ្លះឲ្យ ២០ រោងចក្រខ្លះឲ្យ ២៥ រោងចក្រខ្លះឲ្យ ៣០។ ឥឡូវ ពូកំណត់អញ្ចេះ ពូបានសុំឲ្យហើយ ពី ៥ ឲ្យឡើងដល់ ១៥ ពី ១០ ឲ្យឡើងដល់ ១៥ ប៉ុន្តែពូក៏មិនបានសុំទម្លាក់ពី ៣០ ឬ ២៥ ឬ ២០ មកនៅ ១៥ ទេ។ បើឲ្យតែ ១០ នាទី អាហ្នឹងទើបខុស បើឲ្យ ៣០ នាទី អត់អីខុស ល្អទាំងអស់។ ប្រាក់ឧបត្ថម្ភក៏អញ្ចឹងដែរ បៀវត្សរ៍ ១៧០ បើអនុវត្តក្រោម ១៧០ អាហ្នឹងខុសច្បាប់។ ប៉ុន្តែ បើឲ្យលើសពីហ្នឹង គឺត្រូវទាំងអស់។ អញ្ចឹងទេនេះ​​ជាការធានាមួយ ហើយនេះគឺជាគោលនយោបាយអាទិភាពរបស់ពូ ទៅលើវិស័យសង្គមនេះ ដែលទាក់ទងជាមួយនឹងជីវិត ២។ ពូចង់ផ្តល់ឲ្យការធានាសម្រាប់អាហារូបត្ថម្ភ និងកាត់បន្ថយ ដែលជាផ្នែកមួយដ៏សំខាន់ នៃការកាត់បន្ថយអត្រាស្លាប់មាតា និងទារក ហើយនិងកាត់បន្ថយជំងឺក្រិន ដែលមិនគ្រប់គីឡូ ដែលពូបានជម្រុញឲ្យអនុវត្តស្រ្តីមានផ្ទៃពោះមុនគេ។ យើងមិនទាន់គ្របដណ្តប់ប្រជាជនទូទាំងប្រទេសទេ។ ចំពោះកម្មករ/ការិនី យើងចំណាយប្រ​មាណជា ១០ លាន​ដុល្លារក្នុងមួយឆ្នាំ។ ប៉ុន្តែ បើយោងលើស្ថិតិរបស់ក្រសួងសុខាភិបាល យើងបាននឹងមានកំណើតក្នុង ៤០ ម៉ឺននាក់ បើ ៤០ ម៉ឺននាក់ យើងត្រូវចាយ ៤០ លានដុល្លារសហរដ្ឋអាមេរិក។ យើងនឹងពិនិត្យមើលលទ្ធភាពឆ្លើយតបចំពោះបញ្ហានេះ តើវាបានកម្រិតណា? បើគ្រាន់តែឃោសនានិយាយឲ្យរួចខ្លួន វាមិនគ្រប់គ្រាន់ទេ ត្រូវមាននិរន្តភាពថវិកា។ បើធ្វើមួយឆ្នាំ (ហើយ)ឆ្នាំក្រោយមិនធ្វើ គឺមិនបានទេ។ មកដល់ពេលនេះ មិនមែនធម្មតាពេកទេក្នុងរយៈពេលតែ ១ ខែ ២៨ ថ្ងៃ កើតបានកូន ៧.៣១១ នាក់។ ចំនួនម្តាយមាន ៧.២៦៧ នាក់ ប៉ុន្តែ កូនមានដល់ ៧.៣១១ នាក់ ម៉េចបានជាលើស? មកពីភ្លោះ។ ភ្លោះត្រូវបានឌុប អញ្ចឹងក្មួយៗបន្តិចទៀតពេលពូទៅចែក​ម្នាក់មួយស្រោមសំបុត្រ មិនដឹងថាប៉ុន្មានទេ ប៉ុន្តែ ក្មួយណាដែលមានកូនភ្លោះ ប្រាប់​ពូថាមានកូនភ្លោះ នឹងបានទទួល ២ សំបុត្រ សម្រាប់ថ្ងៃនេះ។

លើកទឹកចិត្តកម្មការិនីឲ្យរើសប្តី

… តាម(ដែល)ពូទៅច្រើនកន្លែង អ្នកដែលត្រៀមចូលរោងការក៏មិនតិចដែរ។ សុំសួរមួយមើល ទៅត្រង់ណាក៏សួរ​ដែរ។ អ្នកដែលត្រៀមចូលរោងការទាំងស្រី ទាំងប្រុស មានប៉ុន្មាន សូមលើកដៃមើល? … គេថាឥឡូវកម្មការិនីកាត់ដេររើសប្តីណាស់។ ពូសូមអំពាវនាវឲ្យក្មួយបន្តរើសប្តីបន្តទៅទៀត ទើបជាការត្រឹមត្រូវ។ នេះគឺជាសារសម្រាប់យុវជនប្រាប់ថា បងឯងធ្វើឲ្យត្រឹមត្រូវ ទើបខ្ញុំយកបងឯងធ្វើប្តី។ បងឯងមិនអាចទៅផឹកស្រវឹង រួចហើយអត់មានការងារធ្វើ ហើយមកធ្វើបាបខ្ញុំថែមទៀតទេ។ ជាសារសម្រាប់យើងផង ហើយជាសារសម្រាប់យុវជន ដើម្បីធ្វើឲ្យខ្លួនល្អ។ ទីចុងបំផុត យើងក្លាយទៅជាកូនប្រុស កូនស្រី ដែលប្រកបដោយធម៌ និងក្លាយជាគូស្រករដែលមានអនាគត។ ប្តីចេះទទួលខុសត្រូវចំពោះភរិយា។ ភរិយាក៏ចេះទទួលខុសត្រូវចំពោះស្វាមី។ ជារឿងល្អទេ។

ថ្ងៃនេះ សម្រាប់ក្មួយៗដែលមកចូលរូមមានចំនួន ១៧.៨២៨​ នាក់ ពូមានចំណងដៃត្រឹមតែ ២ ម៉ឹនរៀលម្នាក់តែប៉ុណ្ណោះ។ ការពិតទៅ ក្មួយៗមកជួបពូក៏មិនមែនដោយសារប្រាក់ ២ ម៉ឺនរៀលនោះដែរ ក៏ប៉ុន្តែ​នេះដែលហៅការសំណេះសំណាលសួរសុខទុក្ខវាដូច្នេះឯង។ ឯក្រៅពីនោះ ក្មួយៗដែលមានផ្ទៃពោះ ពូនឹងដើរទៅចែកផ្ទាល់ក្រៅពី ២ ម៉ឺនរៀលនោះ ហើយសង្ឃឹមថា ក្មួយៗនឹងកើតបានកូនប្រុសស្រី ដែលគួរឲ្យស្រឡាញ់ និងពួកគេក្លាយទៅជាអ្នកវ័យឆ្លាតនៅពេលក្រោយ។ តែក្មួយៗក្នុងពេលហ្នឹងចាប់ប្តីឲ្យជាប់ កុំឲ្យទៅណា។ អំពាវនាវចំពោះស្វាមីទាំង​ឡាយ ព្រោះនៅពេលដែលចែកជំនួយយើងនិយាយអញ្ចឹង ពេលចុះទៅចែក ស្រាប់តែមានមួយនោះថា ខ្ញុំកូនភ្លោះផង ហើយប្តីទៅចោលតាំងពីពោះ ៣ ខែ។ ថ្ងៃមុននោះ កូនភ្លោះ ៣ ដែលកើតតាមផ្លូវនោះ ប្តីរត់ចោលទៅទៀត …។

ថ្ងៃនេះ តាមរយៈក្មួយៗផ្តាំផ្ញើសួរសុខទុក្ខចំពោះឪពុកម្តាយ ក្រុមគ្រួសារ ជីដូនជីតា បើសិនជាគាត់នៅរស់ ហើយជាចុងបញ្ចប់ ជូនពរសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពិសេស ក្មួយៗជាកម្មករ/ការិនីទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នឹងបន្តនូវភាពជាដៃគូដ៏ល្អជាមួយកម្ពុជា ក្នុងការអភ...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Kenji Okamura អនុប្រធានគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)