សម្រង់សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទសន្និសីទជាតិស្តីពីការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ៖ «មេរៀនបទពិសោធន៍ បញ្ហាប្រឈម និងចក្ខុវិស័យទៅអនាគត»

CNV: 

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ
អង្គសន្និសីទជាតិទាំងមូល ជាទីមេត្រី !

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបិទសន្និសីទជាតិស្តីពីការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលបានប្រព្រឹត្តទៅអស់រយៈពេល ២ ថ្ងៃ កន្លងទៅនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គជអប) ដែលបានបំពេញតួនាទីដឹកនាំ និងសម្របសម្រួលកិច្ចដំណើរការ ជាទូទៅនៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឱ្យសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់។ ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានខិតខំចូលរួមអនុវត្តកិច្ចដំណើរការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកម្មវិធីកែទម្រង់សំខាន់ៗដទៃទៀតរបស់រាជរដ្ឋាភិបាលឱ្យសម្រេចបានជោគជ័យជាបន្តបន្ទាប់។ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិលនានា ដែលតែងបានជួយគាំទ្រ ទាំងផ្នែកហិរញ្ញវត្ថុ និងផ្នែកបច្ចេកទេស ព្រមទាំងកិច្ចសហការក្នុងការអនុវត្តគោលនយោបាយកែទម្រង់ដ៏មានសារៈសំខាន់នេះ តាំងពីដំណាក់កាលដំបូងរហូតមកដល់បច្ចុប្បន្ន។

សន្និសីទជាតិដែលបានរៀបចំឡើងនាពេលនេះ គឺសមស្របនឹងកាលៈទេសៈរបស់កម្ពុជា ខណៈដែលកិច្ចដំណើរការ កែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការបានឈានដល់ដំណាក់កាលកាន់តែស៊ីជម្រៅ និងឈានដល់របត់មួយ ដែលតម្រូវជាចាំបាច់ឱ្យក្របខ័ណ្ឌនៃការបែងចែកមុខងារ និងការទទួលខុសត្រូវកាន់តែមានភាពច្បាស់លាស់រវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, រវាងថ្នាក់នីមួយៗនៃរដ្ឋបាលថ្នាក់ក្រោមជាតិ និងការរៀបចំនូវបែបផែននៃការគ្រប់គ្រងផ្សេងៗគ្នា រវាងតំបន់ទីក្រុង, ទីប្រជុំជន ដែលកំពុងមានសន្ទុះកើនឡើងយ៉ាងឆាប់រហ័ស និងតំបន់ជនបទ ដើម្បីធានាដល់ការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈជូនប្រជាជនប្រកបដោយប្រសិទ្ធភាព, តម្លាភាព, គណនេយ្យភាព និងសមធម៌។

ជាការពិត ដោយសារសុខសន្តិភាព, ស្ថិរភាពនយោបាយ, កំណើនសេដ្ឋកិច្ច និងការរីកចម្រើនលើគ្រប់វិស័យ ក្នុងរយៈពេលជាច្រើនឆ្នាំជាបន្តបន្ទាប់កន្លងមក បានធ្វើឱ្យកម្ពុជាកាន់តែមានទំនុកចិត្ត និងរៀបចំខ្លួនប្រកប​ដោយភាពប្រាកដនិយម ក្នុងការបោះជំហានទៅមុខប្រកបដោយសុទិដ្ឋិនិយម ឆ្ពោះទៅរកអនាគតដ៏រុងរឿង។ ជារួម រាល់ជម្រើសនានាក្នុងកិច្ចការនយោបាយ ដែលយើងបានប្រកាន់យករយៈពេលកន្លងមក ដូចជាការដាក់ចេញ និងអនុវត្តគោលនយោបាយ កែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាការកែទម្រង់ការគ្រប់គ្រងរដ្ឋបាលតាមបែបប្រជាធិបតេយ្យ ដោយចាប់ផ្តើម ពីរដ្ឋបាលថ្នាក់ឃុំ សង្កាត់ បានឆ្លុះបញ្ចាំងឱ្យឃើញពីការក្តាប់ជាប់នូវកាលានុវត្តភាព និងការធ្វើសេចក្តីសម្រេចចិត្តត្រឹមត្រូវ ដោយផ្អែកលើហេតុផលសមស្រប ដែលយើងធ្លាប់ទទួលបានពីមេរៀនបទពិសោធន៍នៃប្រវត្តិសាស្ត្ររបស់យើង និងឤចទុកចិត្តបាន សម្រាប់ជោគវាសនាអនាគតរបស់ប្រទេសជាតិ និងប្រជាជនយើងផងដែរ។

ជាការពិត ភាពជោគជ័យនៃការកែទម្រង់នៅថ្នាក់ឃុំ សង្កាត់ គឺជាបទពិសោធន៍ និងជាមូលដ្ឋានដ៏ចម្បងសម្រាប់កម្ពុជាពង្រីកកិច្ចដំណើរការកែទម្រង់ទៅថ្នាក់ក្រោមជាតិទាំងមូល ដែលឈានទៅសម្រេចគោលបំណងចុងក្រោយនៃកែទម្រង់នេះ គឺការអភិវឌ្ឍរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យក្លាយជាស្ថាប័នកាន់តែមានសមត្ថភាព និង លទ្ធភាពយ៉ាងពេញលេញ ក្នុងការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈចាំបាច់នានា ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនប្រកបដោយគំនិតផ្តួចផ្តើម និងឤចមានភាពបត់បែនរស់រវើក ទៅតាមស្ថានភាពជាក់ស្តែងនៅតាមមូលដ្ឋាននីមួយៗ។

ចំពោះមុខយើងពិនិត្យឃើញថា ការអនុវត្តកិច្ចដំណើរការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា នៅមានភាពយឺតយ៉ាវបើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួន។ ប៉ុន្តែ យើងក៏ពុំឤចចម្លងយកនូវបែបផែនទាំង​ស្រុងនៃការអនុវត្តការកែទម្រង់របស់បណ្តាប្រទេសនានា ដោយពុំបានគិតគូរពិចារណាឱ្យបានច្បាស់លាស់អំពីស្ថានភាពជាក់ស្តែងនៃស្ថានភាពនយោបាយ, សេដ្ឋកិច្ច, សង្គម, វប្បធម៌, ប្រពៃណី និងប្រវត្តិសាស្ត្ររបស់យើងនោះដែរ។ ក្នុងនោះ ដើម្បីជំរុញកិច្ចដំណើរការកែទម្រង់វិមជ្ឈការ ដែលមានចរឹតជាកិច្ចការនយោបាយសាធារណៈដ៏សាំញ៉ាំមួយ ទៅរកផ្លូវដ៏ត្រឹមត្រូវចាំបាច់ត្រូវចំណាយពេលវេលាដ៏សមស្របមួយ, ត្រូវអនុវត្តដោយប្រុងប្រយ័ត្ន ប្រកបដោយភាពបត់បែន និងរស់រវើក។

ជារួម កន្លងមកនេះ យើងសម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនក្នុងកម្មវិធីកែទម្រង់នេះ ពិសេស ពាក់ព័ន្ធការរៀបចំលិខិតបទដ្ឋាន, ការកែសម្រួលរចនាសម្ព័ន្ធ, ប្រព័ន្ធ និងនីតិវិធីនៃការអនុវត្តការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិដោយផ្អែកលើគោលការណ៍សំខាន់ៗ នៃអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ ដែលជាមូលដ្ឋានគ្រឹះបង្កលក្ខណៈឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិឤចបំពេញតួនាទី និងទទួលខុសត្រូវកាន់តែច្បាស់លាស់លើការផ្តល់សេវាសាធារណៈនានា ជូនប្រជាជន។ ក្នុងនោះដែរ គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចជាច្រើន ត្រូវបានផ្តួចផ្តើម និងកសាងឡើងដោយរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈការប្រើប្រាស់កញ្ចប់មូលនិធិជាឆន្ទានុសិទ្ធិរបស់ខ្លួន ដែលបានផ្ទេរពីថវិកាជាតិ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ លើសនេះទៀត តួនាទី និងសិទ្ធិអំណាចចាំបាច់មួយចំនួន ក៏ត្រូវបានផ្ទេរទៅឱ្យថ្នាក់នីមួយៗនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលតម្រូវឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវមានការទទួលខុសត្រូវក្នុងការផ្តល់សេវាចាំបាច់ជាមូលដ្ឋានពាក់ព័ន្ធនឹងការលើកកម្ពស់គុណភាព នៃជីវភាពរស់នៅរបស់ប្រជាជននៅមូលដ្ឋានរបស់ខ្លួន។

ចំណុចនេះ យើងក៏កត់សម្គាល់នូវបញ្ហាប្រឈមមួយចំនួនដែលត្រូវពុះពារជម្នះដោះស្រាយ ដើម្បីបន្តជំរុញការ អនុវត្តការកែទម្រង់នេះផ្អែកតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជា ក្នុងនោះមាន (១) ដំណើរការនៃការផ្ទេរមុខងារ និងធនធានមានភាពយឺតយ៉ាវនៅឡើយ (២) សមត្ថភាពស្ថាប័ន និងធនធានមនុស្ស នៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅមានកម្រិត (៣) ការរៀបចំរចនាសម្ព័ន្ធ, ប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលខេត្ត ក៏តម្រូវឱ្យមានការពិនិត្យ និង រៀបចំឡើងវិញឱ្យបានសមស្រប (៤) តម្រូវឱ្យមានការពិនិត្យ និងរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលមូលដ្ឋាននៅតំបន់ជនបទ ដែលមានទំនាក់ទំនងផ្សារភ្ជាប់គ្នាជាប្រព័ន្ធរវាងទីក្រុង, ទីប្រជុំជន និងតំបន់ជនបទ សំដៅចូលរួមជាមួយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយគម្លាតរវាងទីក្រុង, ទីប្រជុំជន និងតំបន់ជនបទ (៥) ការប្រែប្រួលចំនួនប្រជាជន, ការប្រែប្រួលឤកាសធាតុ និងបញ្ហាដែលបានលេចចេញឡើង ក្នុងការអនុវត្តជាក់ស្តែងនូវរចនាសម្ព័ន្ធ និងប្រព័ន្ធនាពេលបច្ចុប្បន្ន ដែលតម្រូវឱ្យយើងត្រូវត្រួតពិនិត្យ និងកែលម្អឱ្យបានល្អប្រសើរបន្ថែមទៀត។ នេះជាចំណុចដែលយើងត្រូវបន្តយកចិត្ទទុដាក់ ដើម្បីឈានទៅសម្រេច បង្កើតឡើងនូវរដ្ឋបាលថ្នាក់ក្រោមជាតិដែលមានលទ្ធភាព និងសមត្ថភាពពេញលេញក្នុងការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាចាំបាច់ ជូនប្រជាជនប្រកបដោយប្រសិទ្ធភាព និងគុណភាព។

ក្នុងស្មារតីនេះ ខ្ញុំសូមលើកឡើងអំពីការងារជាឤទិភាព ពាក់ព័ន្ធទៅនឹងទិសដៅនៃកិច្ចដំណើរការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលយើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងរួមគ្នាអនុវត្តបន្តទៀត ក្នុងនោះមាន៖

ទី ១ ការបន្តលើកកម្ពស់ប្រសិទ្ធភាព និងនិរន្តរភាពនៃការគ្រប់គ្រងការកែទម្រង់។ គជអប ត្រូវខិតខំបន្តលើកកម្ពស់ការគ្រប់គ្រង និងជំរុញកិច្ចដំណើរការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យបានឈានទៅមុខប្រកប​ដោយចីរភាព ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យ, គោលដៅ និងគោលបំណងសំខាន់ៗនៃកម្មវិធីជាតិ ទន្ទឹមនឹងការគិតគូរផ្តល់ថវិកាបន្ថែមប្រចាំឆ្នាំ។ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ត្រូវបន្តយកចិត្តទុកដាក់លើកកម្ពស់ភាពជាម្ចាស់ក្នុងការអនុវត្តការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះផងដែរ។

[ផ្ដើមសេចក្ដីអធិប្បាយ]

អនុវត្តច្បាប់ មិនត្រូវចាំបទបញ្ជា

​ចំណុចនេះ ខ្ញុំគួរតែបញ្ជាក់នៅទីនេះបន្តិច ដើម្បីជាការអំពាវនាវផង ហើយជាការដាស់តឿនផង។ ខ្ញុំធ្លាប់បានលើកហើយបញ្ហាពាក់ព័ន្ធជាមួយនឹងការប្រតិភូកម្មអំណាច ឬក៏ការផ្ទេរអំណាច ឬក៏ការបែងចែកមុខងារ។ បញ្ហាសំខាន់គឺវាស្ថិតនៅត្រង់ថា តើប្រធានស្ថាប័ននីមួយៗនោះ ស្ម័គ្រចិត្តដើម្បីនឹងធ្វើកិច្ចការងារនេះ ឬអត់? បញ្ហាសំ​ខាន់ចំបងរបស់យើងជាងគេ គឺនៅទីនេះ។ ខ្ញុំបានបញ្ជាក់នៅខាងដើមថា ដំណើរការនៃការផ្ទេរមុខងារ និងធន​ធាន មានការយឺតយ៉ាវនៅឡើយ។ ប៉ុន្តែ ចំណុចនេះ វាអមដោយចំណុចទី ២ ក៏ដោយសារតែធនធានមនុស្សនៅថ្នាក់ក្រោមជាតិមានសមត្ថភាពនៅមានកម្រិត។ អ្វីដែលខ្ញុំចង់និយាយសំដៅនោះ គឺនៅត្រង់ថា ខ្ញុំមិនចង់បានអ្វីក្រៅតែពីអស់លោកអនុវត្តច្បាប់តែប៉ុណ្ណោះ ព្រោះកន្លងទៅនេះ ក៏មានការសង្កេតឃើញថា ​ស្ថាប័នមួយចំនួន ឬក៏អាជ្ញាធរថ្នាក់ក្រោមជាតិមួយចំនួនមិនទាន់អនុវត្តច្បាប់នៅឡើយទេ គឺនៅអនុវត្តបទបញ្ជានៅឡើយដែរ។ ដូចជាបញ្ហាលេចឡើង តាមពិតច្បាប់បានឲ្យស្ថាប័ននោះអនុវត្តភារកិច្ចរបស់ខ្លួន ប៉ុន្តែ ខ្លួនបែរជាមិនបានអនុវត្តនូវភារកិច្ចនោះទេ លុះត្រាតែមានបទបញ្ជាពីនាយករដ្ឋមន្រ្តី ទើបបានធ្វើ។ ដូច្នោះ មានការចាំបាច់ដើម្បីនឹងបង្កើនឡើងនូវស្ថាប័ន ឬក៏ក្របខណ្ឌគតិយុត្តិសម្រាប់ស្ថាប័ននីមួយៗធ្វើអ្វីទៅ? ត្រង់នេះ ដែលខ្ញុំសូមធ្វើការរំលឹកដាស់​តឿនសាជាថ្មីម្តងទៀត សូមឯកឧត្តម លោកជំទាវ ដែលជាប្រធានស្ថាប័ន ធ្វើការខិតខំ ហើយនេះក៏សូមបញ្ជាក់ថា កំណែទម្រង់នៅក្នុងដំណាក់កាលនៃរដ្ឋសភានីតិកាលទី ៦ នៅពេលខាងមុខ ក៏ជាផ្នែកមួយនៃលក្ខខណ្ឌ ដើម្បីពិនិត្យមើលតើស្ថាប័នណាទៅមុខ ស្ថាប័នណាមិនទៅមុខ រដ្ឋមន្រ្តីណាធ្វើកើត រដ្ឋមន្រ្តីណាធ្វើមិន​កើតផងដែរ។

ចំណុចដែលខ្ញុំត្រូវតែគួរនឹងរំលឹក ព្រោះប្រសិនបើគ្មានឆន្ទៈទេ ឱបក្រសោបការងារនៅថ្នាក់កណ្តាល តើអ្វីទៅដែលយើងត្រូវដោះស្រាយបាន? ក្នុងពេលជាមួយគ្នា រដ្ឋបាលថ្នាក់ក្រោមជាតិមិនចូលរួមអនុវត្តទៀតនោះ វាមិនខុសពីអាឡានតទ្រុងនោះទេ។ នៅ​ពេលដែលវាចាប់ផ្តើម ច្បាប់របស់យើងមានហើយថា ១៦ ម៉ែត្រ តែអស់​លោកបណ្តោយឲ្យបង្កើតឡើងនូវស្ថានភាពលើសពី ១៦ ម៉ែត្រ។ ដល់ទៅមិនអនុវត្តច្បាប់ បែរជារង់ចាំការអនុវត្តបទបញ្ជា។ តើនេះជាអ្វី? ខ្ញុំមិនចង់បាននូវការអនុវត្តបទបញ្ជាទេ។ ការអនុវត្តច្បាប់ទើបវាអាចដំណើរការបានត្រឹមត្រូវជាង។ រឿងរ៉ាវទាក់ទងជាមួយនឹងដំណើរការប្រជាធិបតេយ្យ តាមរយៈវិមជ្ឈការ និងវិសហមជ្ឈការ មិនមែនជាបញ្ហាថ្មីថ្មោងសម្រាប់យើងទេ។ យើងបានធ្វើកិច្ចការងារនេះ។ ម្យ៉ាងទៀត បើខ្ញុំរំលឹកបន្តិចអំពីទសវត្សរ៍ ៨០ ប្រហែលជាអស់លោកអាចដឹងថា អំណាចថ្នាក់មូលដ្ឋាននៅពេលនោះ ប្រសិនបើពេលនោះមិនឲ្យអំណាចទៅថ្នាក់មូលដ្ឋានខ្លាំងទេ ប្រហែលជាពួក ប៉ុល ពត វាយយកបណ្តាខេត្តទាំងអស់តែម្តង។ ប៉ុន្តែ ពេលនោះ អំណាចនៅថ្នាក់មូលដ្ឋានខ្លាំងសម្បើមណាស់ គឺទ័ពបញ្ជានៅក្នុងដៃ ហើយក៏មានលទ្ធភាពមិនមែនត្រឹមដូចឥឡូវ ខូចផ្លូវបន្តិចបន្តួច ស្អីក៏ថ្នាក់កណ្តាលៗ មិនគ្រាន់តែផ្លូវសំបុកមាន់គ្រលុកបន្តិចបន្តួចហ្នឹង ក៏មិនព្រមជួសជុលទេ រង់ចាំក្រសួងសាធារណការ។ ប៉ុន្តែ ពេលសម័យនៃសង្គ្រាមក្នុងទសវត្សរ៍ ៨០ ខ្មែរក្រហមវាយដាច់ត្រឹមស្ពាន ២០-៣០ ម៉ែត្រ គឺដាច់មួយថ្ងៃពីរថ្ងៃ ស្ពានគឺត្រូវជួសជុលឡើងវិញ។ មិនមែនស្ពានបេតុងទេ តែស្ពានឈើក៏ដំណើរការដឹកជញ្ជូនបានដែរ។ នេះជាបទពិសោធន៍ដែលយើងធ្លាប់មាន បន្ថែមទៅដោយបទពិសោធន៍ថ្មីៗបន្ថែមទៀត។

ឥឡូវនេះ ស្ថានភាពវាបានផ្លាស់ប្តូរហើយ។ តើមូលហេតុអ្វីបានជារឿងនេះរុញវាមិនទៅ? អញ្ចឹងចំណុចនេះ ខ្ញុំសូមបញ្ជាក់សាជាថ្មី សូមប្រធានស្ថាប័នទាំងអស់ប្រញាប់ប្រញាល់ធ្វើកិច្ចការទាំងឡាយ ដែលនៅក្នុងក្របខណ្ឌ នៃគណៈកម្មការដំណើរការប្រជាធិបតេយ្យវិមជ្ឈការ និងវិសហមជ្ឈការ ដែលបានណែនាំក្នុងរយៈពេលកន្លងទៅ ឲ្យមានការបន្តទៅមុខទៀត។ កុំរង់ចាំតែបទបញ្ជា ទើបបានធ្វើនោះ។ រឿងនេះគឺជារឿងដែលយើងត្រូវខិតខំបន្តជាមួយគ្នា។ គ្មានជោគជ័យណាមួយដោយខ្វះការចូលរួម គ្មានជោគជ័យណាមួយដែលអ្នកទទួលខុសត្រូវមិនព្រមផ្តល់ឱកាសឲ្យអ្នកដទៃចូលរួម ហើយគិតតែឱបក្រសោបការងារនៅឯថ្នាក់កណ្តាល។ វាវែងឆ្ងាយណាស់លូកដៃពីទីក្រុងភ្នំពេញ ទៅកាន់មូលដ្ឋាននោះ។ ពិតមែនហើយ មានកិច្ចការខ្លះវាជាកិច្ចការអធិប​តេយ្យ គេហៅសេវាអធិបតេយ្យ ដែលថ្នាក់ជាតិត្រូវគ្រប់គ្រង។ ក៏ប៉ុន្តែ កិច្ចការជាច្រើនដែលរុញទៅឲ្យថ្នាក់ក្រោមជាតិ ត្រូវធ្វើវាមានប្រសិទ្ធភាពច្រើនជាង។

[ចប់សេចក្ដីអធិប្បាយ]

ទី ២ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន។ ការផ្ទេរមុខងារក្នុងក្របខ័ណ្ឌគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ ជាការផ្ទេរការទទួលខុសត្រូវក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានពី ក្រសួង ស្ថាប័នទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និងគណនេយ្យភាពនៃការផ្តល់សេវាជូនប្រជាជន។ ការរៀបចំផ្ទេរមុខងាររបស់ក្រសួង ស្ថាប័ន មិនទាន់រលូន និងមានល្បឿនមិនដូចគ្នានៅឡើយ។ បច្ចុប្បន្ន មានមុខងារមួយចំនួនតូចប៉ុណ្ណោះ ដែលត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ ដូច្នេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវខិតខំជំរុញការផ្ទេរមុខងារដែលមានលក្ខណៈសមស្រប និងជាក់លាក់ក្នុងវិស័យនីមួយៗទាំងក្នុងបែបផែន នៃការផ្ទេរជាការប្រគល់ និងជាការធ្វើប្រតិភូកម្មទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងត្រូវបន្តជួយគាំទ្រដល់ការអភិវឌ្ឍសមត្ថភាព, ផ្នែកបច្ចេកទេសឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាថា រដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានសមត្ថភាព និងលទ្ធភាព ក្នុងការអនុវត្តនូវមុខងារនោះ ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។

[ផ្ដើមសេចក្ដីអធិប្បាយ]

បង្កើតប័ណ្ណព្រឹត្តិបត្រតាមដាន ឬតារាងតាមដានក្នុងក្រសួងនីមួយៗ

ចំណុចនេះ រំលឹកឡើងវិញនូវចំណុចដែលខ្ញុំបានលើកឡើងខាងលើ គឺបញ្ហាធំគឺត្រូវផ្ទេរមុខងារឲ្យបានច្បាស់។ តើមុខងារណាថ្នាក់កណ្តាលត្រូវធ្វើ មុខងារណាថ្នាក់មូលដ្ឋានត្រូវធ្វើ? ខ្ញុំគួរស្នើថា មិនដឹងថាមានហើយឬនៅ? យើងធ្វើដូចជាការតាមដាន នៃការអនុវត្តការប្រឡងប្រណាំងទីក្រុងស្អាត ដែលការប្រឡងប្រណាំងទីក្រុងស្អាតនោះគឺឥឡូវនៅតែប៉ុន្មានថ្ងៃទៀតនឹងដល់ហើយ។ ហ្នឹងគេមានការតាមដានហ្មត់ចត់ គេតាមដានក្រុងដែលធ្វើជាបេក្ខភាព នៃការប្រឡងប្រណាំងទីក្រុងស្អាត ហើយគេឲ្យពិន្ទុទៅតាមនោះ។ អ្នកណាបានទទួលចំណាត់ថ្នាក់ទី ១ ចំណាត់ថ្នាក់ទី ២ ចំណាត់ថ្នាក់ទី ៣។ ឥឡូវហ្នឹង បើសិនជាមិនទាន់មានទេ ស្នើឲ្យសម្តេចក្រឡាហោម និងគណៈកម្មការ បង្កើតគេហៅថា ប័ណ្ណព្រឹត្តិបត្រតាមដាន តើក្រសួងណាគាត់ធ្វើបានប៉ុន្មានពិន្ទុៗ បើមិនអញ្ចឹងទេ គឺអស់លោកគ្រាន់តែអង្គុយស្តាប់ ដល់ពេលទៅវិញដដែល​ៗ ផ្ទេរក៏មិនព្រមផ្ទេរ ធ្វើអ្វីក៏មិនព្រមធ្វើ លិខិតបទដ្ឋានគតិយុត្តិក៏មិនព្រមធ្វើ ស្អីក៏មិនព្រមធ្វើ … ហ្នឹងក៏ជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌ ដែលយើងអាណត្តិទី ៦ នឹងត្រូវរៀបចំគណៈរដ្ឋមន្រ្តីឡើងវិញ។ អញ្ចឹងទេ បើរដ្ឋមន្រ្តីគាត់មិនព្រមធ្វើនៅអាណត្តិទី ៥ ផង តើចាំបាច់ត្រូវតែងតាំងគាត់ជារដ្ឋមន្រ្តីក្នុងអាណត្តិទី ៦ ទៀតទេ? អាហ្នឹងនិយាយឲ្យត្រង់ៗអញ្ចឹងតែម្តងៗ។ ចុះបើរដ្ឋមន្រ្តីគាត់ត្រឹមតែមកស្តាប់ រួចហើយទៅវិញដដែលៗ តើមានការចាំបាច់ដើម្បីមានការតែងតាំងឲ្យធ្វើរដ្ឋមន្រ្តីនៅអាណត្តិទី ៦ ទៀតទេ? វានាំតែខូចអាហ្នឹង វាទៅវាមិនរួច។

ដូច្នេះយើងត្រូវមានតារាងតាមដានមើល ឧទាហរណ៍ថាក្រសួងមួយមានសេវាប៉ុន្មាន ក្នុងសេវាហ្នឹងយើងក៏ត្រូវគិតដែរ សេវាណាដែលត្រូវបានប្រគល់ទៅឲ្យថ្នាក់ក្រោមជាតិ សេវាណាដែលត្រូវបានរក្សាទុកនៅថ្នាក់ជាតិ ឬសេវាណាដែលហៅថាពាក់កណ្តាល និងពាក់កណ្តាល ៧០% ទៅថ្នាក់ក្រោមជាតិ ៣០% នៅថ្នាក់ជាតិ។ នេះហើយជាភាពអន្តរាគមន៍។ លើកឧទាហរណ៍ថា ក្រសួងធនធានទឹកចុះ … ខ្ញុំមិននិយាយអំពីទំនប់ទឹកទេ ខ្ញុំនិ​យាយម៉ាស៊ីនបូមទឹក។ ម៉ាស៊ីនបូមទឹក ៧០% ប្រគល់ទៅឲ្យមូលដ្ឋាន ប៉ុន្តែទុក ៣០% នៅក្នុងដៃ ដើម្បីអន្តរាគមន៍។ អាហ្នឹងច្បាស់លាស់ ឧទាហរណ៍ថា បើសិនកំណត់យកបទដ្ឋានហ្នឹង ហើយយើងតាមដានពិនិត្យមើលទៅ។ បើយើងមិនធ្វើអញ្ចឹងទេ រឿងវាដដែល ហើយមកនិយាយដដែល ឆ្នាំណាក៏និយាយដដែល ខែណាក៏និយាយដដែល។ សេវាដែលយើងត្រូវផ្តល់ ហើយសំខាន់ជាងគេ គឺបែងចែកមុខងារឲ្យបានច្បាស់ និងការទទួលខុសត្រូវតាមថ្នាក់ អាហ្នឹងទើបយើងអាចដំណើរការទៅបាន។

អញ្ចឹងគប្បីត្រូវមានតារាងតាមដាន ហើយក្រសួងនីមួយៗមិនមែនគ្រាន់តែត្រឹមរដ្ឋមន្ត្រីមួយគ្រប់គ្រាន់ទេ នៅមានបណ្តារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មកជួយមើលការងារដែលខ្លួនត្រូវធ្វើ នៅក្នុងក្របខណ្ឌទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ជួនកាលទាក់ទងទៅរឿងថា វិស័យកសិកម្ម គេមិនទៅសួរមន្ទីរកសិកម្មនៅក្នុងខេត្តហ្នឹងអីណា គេមកសួររដ្ឋមន្ត្រីកសិកម្មនៅឯភ្នំពេញ។ ហ្នឹងមកពីអី? មកពីបញ្ហាយើងផ្ទេរមុខងារមិនទាន់ច្បាស់។ គ្មានការចាំបាច់មកសួរនៅក្នុងទីក្រុងភ្នំពេញទេ បើកើតរឿងថា រាំងស្ងួតនៅម្តុំនេះ ហើយសត្វដង្កូវ ឬក៏បញ្ហាកើតឡើងដល់ជំងឺសត្វនៅក្នុងតំបន់មួយ វាគ្មានការចាំបាច់មកសួរដល់ក្រសួងកសិកម្មទេ។ បើសួរត្រឹមតែពេទ្យសត្វនៃមន្ទីរកសិកម្មនៅឯខេត្តវាគ្រប់គ្រាន់ណាស់ទៅហើយ។ ហ្នឹងហើយ បើសិនជាយើងបែងចែកមុខងារឲ្យវាដាច់ នៅហ្នឹង។ សួរច្បាស់ជាងគេ គឺអភិបាលខេត្ត ព្រោះយើងចង់បង្កើតនូវតួអង្គ ហៅថា រដ្ឋបាលឯកភាពមួយ ដែលក្នុងនោះ អភិបាលខេត្តគឺជាប្រធានរដ្ឋបាលថ្នាក់ក្រោមជាតិនេះឯង ដែលក្នុងហ្នឹង មន្ទីរនានា ដែលបញ្ជូនទៅនៅខាងក្រោម គឺស្ថិតនៅក្នុងចំណោមហ្នឹង។ ប៉ុន្តែប្រធានមន្ទីរកសិកម្ម គឺជាសេនាធិការនៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះឯង។ អានេះជាចំណុចដែលខ្ញុំសូមធ្វើការដាស់តឿនផងដែរ។

[ចប់សេចក្ដីអធិប្បាយ]

ទី ៣ ការអភិវឌ្ឍស្ថាប័នរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានចំនួន ៣ ថ្នាក់ ក្នុងក្របខ័ណ្ឌនៃគោលនយោ​បាយវិមជ្ឈការចាំបាច់ត្រូវធានាឱ្យបាននូវគោលការណ៍ (១) ពង្រឹងទំនាក់ទំនងជាប្រក្រតី និងមានលក្ខណៈជាប្រព័ន្ធរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (២) បន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ, សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមក រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយគោរពនូវស្វ័យភាពនីតិបុគ្គលសាធារណៈរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ (៣) ពង្រឹងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិតាមគោលការណ៍រដ្ឋបាលឯកភាព ដើម្បីធានាដល់ការសម្របសម្រួលគ្នា រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយមន្ទីរអង្គភាពខ្សែបណ្តោយរបស់ក្រសួង ស្ថាប័ននានា។ ក្នុងនោះដែរ ត្រូវកំណត់បែងចែកឱ្យបានច្បាស់លាស់ពីចរឹតលក្ខណៈ និងប្រភេទផ្សេងៗគ្នា ផ្អែកលើវិសាលភាព និងភាពជាតំណាងរបស់ថ្នាក់នីមួយៗនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាមូលដ្ឋានក្នុងការរៀបចំផែនការអភិវឌ្ឍស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិទៅអនាគត។

[ផ្ដើមសេចក្ដីអធិប្បាយ]

មានការទទួលខុសត្រូវលើអំណាចដែលបានប្រគល់ឲ្យ

… ខ្ញុំសូមបញ្ជាក់សាជាថ្មី យើងត្រូវទទួលយកអំណាចមួយដែលរដ្ឋបាលថ្នាក់ជាតិប្រគល់ទៅឲ្យ ប៉ុន្តែអំណាចនោះ មិនមែនជាអំណាចនៃរដ្ឋអធិបតេយ្យនោះទេ។ នេះត្រូវនិយាយគ្នាឲ្យបាន មិនមែនថាអ្វីៗជិះសេះលែងដៃ។ ឧទាហរណ៍ការចំណាយប្រាក់តាមឆន្ទានុសិទ្ធិ ប៉ុន្តែឆន្ទានុសិទ្ធិ គេឲ្យយកទៅធ្វើផ្លូវថ្នល់ យកទៅធ្វើប្រឡាយ ទឹក ឯងយកទិញឡានជិះ អាហ្នឹងសូម្បីតែព្រះសង្ឃក៏ធ្វើខុសដែរ។ ខ្ញុំហែកឋិនចូលវត្តម្តង ខ្ញុំមិននិយាយថាវត្ត ណាទេ កុំឲ្យគេខ្មាស ប៉ុន្តែលោកហ្នឹងសុទ្ធយកលុយទិញឡានជិះ។ ខំហែកឋិន ដល់ឆ្នាំក្រោយ ស្រាប់តែបានលុយកឋិន សឹកបាត់ទៅ។ យកលុយទិញឡានជិះ។ ដល់ទិញឡានជិះ ឈឺសឹកបាត់ទៅ។ ដល់ឆ្នាំក្រោយខ្ញុំទៅភ្ជុំនៅវត្តហ្នឹងទៀត។ ទៅដល់សួរថា លុយកឋិនឆ្នាំទៅ យកធ្វើអី។ លោកយកទិញឡានជិះ។ ហ្នឹងឆន្ទានុសិទ្ធិរបស់ព្រះចៅអធិការ។ អស់លោកដែលជាចៅហ្វាយខេត្តក៏មិនមែនឆន្ទានុសិទ្ធិផ្ទេរគម្រោងការធ្វើប្រឡាយទឹក ធ្វើអណ្តូងទឹកស្អាត ជួសជុលផ្លូវ ធ្វើសាលារៀន ដែលបញ្ជូនទៅឲ្យថ្នាក់ក្រោមជាតិ ប្រើប្រាស់នោះ បែរជាបង្វែរទៅទិញមធ្យោបាយបម្រើឲ្យភាពស៊ីវិល័យរបស់ខ្លួនទេ។

ហ្នឹងជាវិធី និងការណែនាំ អំពីការចាយវាយប្រាក់ផងដែរ។ ពិតហើយ កិច្ចការងារខ្លះ ខ្ញុំយល់។ អភិបាលខេត្តខ្លះមានការគោរពខ្ញុំ ខ្លាចមានបញ្ហា ជួនកាល គ្រាន់តែព្រឹកមិញ មានរឿងមួយ អត់ហ៊ានធ្វើ។ ចៅហ្វាយខេត្ត ប៉ុន្តែខ្ញុំមិនចង់ចេញឈ្មោះខេត្តទេ។ ខ្ញុំវាយទៅវិញនៅក្នុង​ WhatsApp របស់ខ្ញុំ។ វាយសុំយោបល់តាំងពីយប់ ប៉ុន្តែ ព្រឹកឡើង … ខ្ញុំបានបើកមើល ហើយបានឆ្លើយតប “សិទ្ធិអំណាចរបស់ចៅហ្វាយខេត្ត មិនឲ្យក្រុមហ៊ុនមួយធ្វើកន្លែងនៅការដ្ឋានមួយ។ ក្រុមហ៊ុននៅតែចចេសធ្វើ។ ចៅហ្វាយខេត្តអត់ហ៊ានឃាត់។ ចាំបាច់ធ្វើចៅ​ហ្វាយ​ខេត្តធ្វើអី ឲ្យក្រុមហ៊ុននោះធ្វើចៅហ្វាយខេត្តមិនល្អជាង ព្រោះក្រុមហ៊ុនវាធំជាងខេត្តទៅហើយ។ បានខ្ញុំវាយត្រឡប់ទៅវិញថា នេះជាសមត្ថកិច្ចអាជ្ញាធរ “២ ម៉ោងទៀត ត្រូវបិទឲ្យបាន”។ ខ្ញុំទាក់ទងទៅក្រុមហ៊ុនហ្នឹងភ្លាម បញ្ជាក់ថាខ្លួនគេទៅបិទ។ ខ្ញុំថាបើអញ្ចឹងបិទ ១ ម៉ោងមុនក៏បាន បើ ២ ម៉ោងក្រោយ គឺរដ្ឋបាលទៅបិទហើយ។ ហេតុអីបានជាយើងមិនហ៊ានយកការទទួលខុសត្រូវ? ត្រូវហ៊ានយកការទទួលខុសត្រូវ … ឧទាហរណ៍ បញ្ហាទាក់ទងនឹងនគរូបនីយកម្ម ហើយរឿងយើងសមត្ថកិច្ចមិនព្រមឲ្យធ្វើ ច្បាប់មិនទាន់មាន ស្អីមិនទាន់មាន ក្រុមហ៊ុនទៅធ្វើ ហុយដីហុយធ្លី ប៉ះពាល់ដល់ប្រជាជន ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ខ្លួនអត់ហ៊ានយកការសម្រេចទេ បែរខ្លាចក្រុមហ៊ុនវិញ។ បើអញ្ចឹងទេ ខ្ញុំសូមបញ្ជាក់ បើថាធ្វើចៅហ្វាយខេត្តបែបនេះមិនចាំបាច់ធ្វើទេ ឲ្យពួកថៅកែ ឬក៏ពួក បើនិយាយពីក្រុមជល់មាន់ ឲ្យពួកជល់មាន់មកធ្វើចៅហ្វាយខេត្តល្អជាង។ ដល់ចុងក្រោយ ខ្ញុំស្រែក មើល​ដាក់វាឲ្យបានមើល។

​ហ្នឹងរឿងស្អី? មកពីយើងមិនព្រមអនុវត្តតួនាទីរបស់ខ្លួន ដែលច្បាប់បានប្រគល់ឲ្យអស់លោកតែប៉ុណ្ណឹងទេ។ ដាវប្រគល់អោយហើយតែមិនព្រមកាប់ ហើយចង់ទារដាវខ្លាំងណាស់។ ដូចដែលខ្ញុំឧស្សាហ៍ធ្លាប់បង្អាប់បង ម៉ុក ម៉ារ៉េត។​ ការបង្អាប់បង ម៉ុក ម៉ារ៉េត ហ្នឹង មិនមែនជាការបង្អាប់លេងសើចទេ ជាការចង់ដាស់តឿន។ ចាំទេនៅរាល់ពេលដែលប្រជុំ ដើម្បីរៀបចំអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃស្ថាប័នមួយៗ ឬក៏បង្កើតគណៈកម្មការស្អីមួយ។ ក្រសួងបរិស្ថានកាលពីជំនាន់បង ម៉ុក ម៉ារ៉េត តែងតែសុំចូលខ្លួនទៅជានិច្ចគ្រប់ទាំងអស់។ រឿងពីរដែលបានកើតឡើង ហើយសូមអភ័យទោសបង ម៉ុក ម៉ារ៉េត គាត់ធ្វើការហើយ។ ប៉ុន្តែកើតឡើងរឿងមួយ។ រឿងទីមួយ គឺគេកសាងសំណង់ផ្ទះមកលើទឹកឈូ។ ពេលប្រជុំស្រាប់តែគាត់សួរ សម្ដេចថាអាហ្នឹងធ្វើម៉េច? ខ្ញុំថា  បង​ឯងពេលដែលប្រជុំម្ដងៗ បងឯងស្នើសុំសិទ្ធិអំណាចបានសេចក្ដីថាទារដាវ ដល់តែពេលកាប់ បងឯងប្រគល់ដាវអោយខ្ញុំទៅកាប់។ អាហ្នឹងមានន័យម៉េច? អស់លោកខេត្តក៏អញ្ចឹងដែរ អស់លោកខេត្តចង់បានអំណាច ដល់តែពេលត្រូវការអនុវត្ត ប្រគល់អំណាចអោយទៅ​ស្ថាប័ន ឬក៏អោយទៅនាយករដ្ឋមន្ត្រីជាអ្នកកាប់វិញ។ អាហ្នឹងរឿងមួយទៅ។

រឿងមួយទៀតនៅក្រុងព្រះសីហនុ​ មានមន្ត្រីមួយទៅធ្វើផ្ទះនៅក្នុងកន្លែងដែន មន្ត្រីក្រសួងដែនដីនគររូបនីយកម្ម ហ្នឹងតែម្ដង។ ជំនាន់បង អ៊ឹម ឈុនលឹម រួចហើយមកសួរទៀតហើយថា ធ្វើម្ដេចទៅ? ហ្ហេ!! វាយហ្ហែងគ្រវាត់ចោលមានទៅស្អី។ បើខ្ញុំរង់ចាំក្រសួងដែនដីនគររូបនីយកម្ម ហើយមិនប្រើដៃរបស់បង លឹម គានហោ អា ឡុង ឈិន វា​យកបឹង​តាមោកបាត់អស់អាលីងទៅហើយ។ នៅចាំទេ? កាលពីឆ្នាំ ២០០២ កើតទៅជាទីក្រុងមួយទៅហើយ ហ្នឹ​ងមកពីអី? មកពីអាជ្ញាធរកាលពេលនោះ បឹងតាមោកកាលពីពេលនោះ នៅក្នុងដែនដីរបស់ខេត្តកណ្ដាល អាហ្នឹងមួយ។ មួយទៀតតើស្ថាប័នរដ្ឋនៅទីណា បានជាគេចាក់ដីលុបបឹងអស់រលីងហើយ ហើយធ្វើរហូតដល់ទៅវីឡាទៅទៀត មិនព្រមអនុវត្តនៅតួនាទីរបស់ខ្លួនពីដើមទី ហាមឃាត់គេ។ អញ្ចឹងទេគ្មានចាំបាច់អីទេ អេស្កាវ៉ាទ័រ រុញប្រដាប់ប្រដាវាយចោលទាំងអស់ រួចហើយឥឡូវជីកដីហ្នឹងលក់តែម្ដង … បឹងតាមោកហ្នឹងលុបអត់បានទេណា អាហ្នឹងគ្រោះថ្នាក់។

ពិនិត្យ និងតាមដានរឿង បូមខ្សាច់ដាក់ក្នុងសមុទ្រ ចង់បង្កើតទីក្រុង​

មិនដឹងថាប្រាកដប៉ុណ្ណាទេ … អ្នកនៅខេត្តកោះកុង ត្រូវមានបញ្ហាហើយ។ ឥឡូវលឺថាគេបូមខ្សាច់ដាក់សមុទ្រ បង្កើតទៅជាស្ថានភាពថា ចង់ធ្វើទីក្រុង។ អាហ្នឹងអ្នកណាអោយធ្វើ? សួរមួយអត់ដឹង ពីរអត់ដឹង។ អញ្ចឹងអស់​លោកទៅធ្វើអី? នេះជាចំណុចដែលយើងត្រូវនិយាយ។ ខ្ញុំមិនដឹងថា ប្រាកដ ឬមិនប្រាកដទេ ព្រោះមានការផ្សាយតាមទូរទស្សន៍ មានការផ្សាយចុះតាមកាសែតហើយ ក៏ប៉ុន្តែមិនទាន់មានការបញ្ចាក់ណាមួយនៅឡើយទេ។ អាហ្នឹងជាភារកិច្ច។ បើនិយាយពីស្ថាប័ន អាហ្នឹងជាភារកិច្ចរបស់ ជា សុផារ៉ា ភារកិច្ចរបស់ សាយ សំអាល់ ហើយ។ មើលៗអាហ្នឹងវាយ៉ាងម៉េច បានជាហ៊ានទន្ទ្រានយកដីរដ្ឋ ក្នុងតំបន់ព្រៃកោងកាងដែលត្រូវការពារ ហើយបូមខ្សាច់យកមកដាក់ ហើយចង់បង្កើតទៅជាទីក្រុង។ គិតតែពីចង់។ ចៅហ្វាយខេត្ត រដ្ឋមន្ត្រី រដ្ឋលេខា​ធិការ អនុខេត្ត ចៅហ្វាយស្រុក ហើយតែងតាំងទៅអត់ធ្វើជាតំណាងភ្នែកច្រមុះអីផង។ អត់ទប់ស្កាត់អីផង។ អញ្ចឹងទេ ប៉ុន្មានថ្ងៃនេះអត់ទាន់មានលឺសូរស្ថាប័នណាប្រតិកម្មជាមួយនឹងការចុះផ្សាយអីទេ។ តើវាយ៉ាងម៉េច? អញ្ចឹងទេ អភិបាលខេត្តកោះកុង ត្រូវធ្វើការឆ្លើយតប តើវាយ៉ាងម៉េចរឿងហ្នឹង? ក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ ក៏ដូចជាក្រសួងបរិស្ថាន ដែលទទួលបន្ទុកទៅលើបញ្ហាការពារធនធានធម្មជាតិ ត្រូវឆ្លើយតបយ៉ាងម៉េច? អភិ​បាលខេត្តកោះកុង ជាស្រ្តីផង ប៉ុន្តែមិនមែនបានសេចក្ដីថា gender ត្រូវបានការលើកលែង មិនទទួលការស្តីបន្ទោស(ទេ)។ អត់ទេ។ ហ្នឹង(ជាការ)ទទួលភារកិច្ច។ តែយើងហ៊ានទទួលខុសត្រូវហើយ គឺថាទទួលស្មើភាពដូចបុរស។ បុរសទទួលខុសត្រូវយ៉ាងម៉េច ស្ត្រីទទួលខុសត្រូវដូចគ្នាអាហ្នឹង។ ខ្ញុំសូមបញ្ចាក់។ អាហ្នឹងគ្រាន់តែលើកជាចំណុច ដើម្បីអោយយើងឃើញទាំងអស់គ្នា អំពីការទទួលខុសត្រូវ មិនមែនពាក់ផ្កាយគ្រាន់តែពាក់ផ្កាយដើម្បីអោយលម្អទីក្រុងទេ ពាក់ផ្កាយដើម្បីទទួលខុសត្រូវ ភារកិច្ចទទួលខុស និងទទួលត្រូវ។

[ចប់សេចក្ដីអធិប្បាយ]

ទី ៤ ការពង្រឹងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយត្រូវខិតខំបន្តពង្រឹងនូវប្រព័ន្ធគ្រប់​គ្រង ហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្អែកលើគោលការណ៍សំខាន់ចំនួនបី ពោលគឺការគ្រប់គ្រង និងបែងចែក, ការទទួលខុសត្រូវយ៉ាងច្បាស់លាស់ក្នុងការចំណាយ, ការបង្កើតឱ្យមានចំណូលរបស់មូលដ្ឋាន និងការបន្តពង្រឹងប្រព័ន្ធផ្ទេរធនធានអន្តររដ្ឋបាល។ ជាក់ស្តែង ក្នុងឆ្នាំ ២០១៨ នេះ ថវិកាប្រមាណជាង ៤៣០ លានដុល្លារ ត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិទាំង ៣ ថ្នាក់ ដើម្បីចាត់ចែងប្រើប្រាស់ដោយឆន្ទានុសិទ្ធិសម្រាប់ការចំណាយទៅលើការងាររដ្ឋបាលទូទៅ និងការអនុវត្តនូវគម្រោងអភិវឌ្ឍមូលដ្ឋាន។ ជាមួយនេះ ថវិការាប់រយលានដុល្លារទៀត ក៏ត្រូវបានផ្ទេរពីក្រសួង ស្ថាប័ននានា ទៅឱ្យមន្ទីរ, អង្គភាពខ្សែបណ្តោយរបស់ខ្លួននៅរាជធានី ខេត្ត និងក្រុង ស្រុក ដើម្បីអនុវត្តនូវមុខងារ ក្នុងវិស័យនីមួយៗនៅតាមមូលដ្ឋាន។ ក្រៅពីនេះ យន្តការមួយចំនួនទៀតក៏ត្រូវបានបង្កើតឡើង ដើម្បីផ្តល់នូវមូលនិធិសម្រាប់គម្រោងវិនិយោគចាំបាច់មួយចំនួនរបស់រដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។

[ផ្ដើមសេចក្ដីអធិប្បាយ]

ធ្វើឆន្ទានុសិទិ្ធតាមគម្រោង មិនមែនធ្វើដើម្បីរបស់ផ្ទាល់ខ្លួន

… ​យើងមិនបានអង្គុយរង់ចាំជំនួយរបស់អ្នកណាទេ។ យើងខិតខំសន្សំប្រាក់ដើម្បីបញ្ចូនទៅថ្នាក់មូលដ្ឋានដែលមានកំណើនជាប្រចាំឆ្នាំ។ របាយការណ៍របស់សម្ដេចក្រឡាហោម ស ខេង​ ក្នុងរយៈពេលកន្លងទៅយើងបានបញ្ជូនចុះជាង ២ ពាន់លានដុល្លាររួចស្រេចទៅហើយ។ ឥឡូវឆ្នាំនេះយើងបញ្ជូនទៅផ្ទាល់ដោយក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្តុ ពីថ្នាក់ជាតិទៅអោយរដ្ឋបាលថ្នាក់ក្រោមជាតិទាំង ៣ កម្រិតនេះ ប្រមាណជាង ៤៣០ លានដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែនៅមានស្ថាប័នថ្នាក់ជាតិបញ្ជូនទៅតាមខ្សែបណ្តោយរបស់ខ្លួនមួយចំនួនផ្សេងទៀត។ គេមិនត្រូវឃើញនៅចំណុចត្រឹមប៉ុណ្ណឹងទេ គេត្រូវមើលឃើញថាចំនួនដែលមូលដ្ឋាន(ទទួលបាន)វាច្រើនជាងនេះ។ ច្រើនជាងនេះមកពីអី? ឧទារហណ៍ គម្រោងផ្លូវថ្នល់កាត់បណ្ដាភូមិ/ឃុំទាំងឡាយក្នុងខេត្តនោះ គម្រោងស្ពាន/ប្រឡាយទឹក គម្រោងនេះ គម្រោងនោះ ដែលថ្នាក់ជាតិចុះទៅធ្វើអន្តរាគមន៍ដោយផ្ទាល់ និងការអនុវត្តផ្ទាល់។ បានសេចក្ដីថា មូលដ្ឋានបានទទួលនូវថវិកាមិនតូចទេ។ ខ្ញុំសូមអោយប្រយ័ត្ន! ពាក្យដែលថា ថវិកាប្រ​មាណ​ជាង ៤៣០ លានដុល្លារ ត្រូវបានផ្ទេរទៅអោយរដ្ឋបាលថ្នាក់ក្រោមជាតិទាំង ៣ ថ្នាក់ ដើម្បីចាត់ចែងប្រើប្រាស់ដោយឆន្ទានុសិទ្ធិ ប្រយ័ត្នពាក្យ “ឆន្ទានុសិទ្ធិ”​។ ឆន្ទានុសិទ្ធិ អញផ្ទេរទៅទិញឡានជិះសិន ព្រោះចៅហ្វាយខេត្ត ឬចៅហ្វាយស្រុកខ្វះឡានជិះ។ អត់ទេណា។ មាននៅក្នុងការលើកឡើងនូវគម្រោង។ យើងអោយ(ថវិកា)ទៅធ្វើ ប៉ុន្តែធ្វើម៉េចចាយអោយបានត្រឹមត្រូវ។ ចាយអោយមានប្រសិទ្ធភាព។ រឿងធំជាងគេ គឺនិយាយពីប្រសិទ្ធភាព។

កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ បានផ្ដល់ផលអោយមានអតិរេកថវិកាចរន្ត

យើងប្រឹងប្រែងណាស់ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់យើង បានផ្ដល់ផលអោយយើងមានអតិរេកថវិ​កា​ចរន្ត ដែលផ្ដល់លទ្ធភាពអោយយើងមានប្រាក់កាស ដើម្បីដំឡើងបៀវត្សអោយមន្រ្តីរាជការ យើងមានលទ្ធភាពដើម្បីបញ្ជូនប្រាក់ទៅអោយមូលដ្ឋានសម្រាប់ដំណើរការ។ យើងមានប្រាក់ដើម្បីនឹងធ្វើការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធចាំបាច់ តាមស្ថាប័នមួយៗ។ ហើយក្នុងស្ថាប័នហ្នឹងក៏បញ្ជូនទៅអោយថ្នាក់ក្រោមជាតិ ធ្វើទៅតាមខ្សែបណ្ដោយរបស់ខ្លួនផងដែរ។ ត្រូវបន្តការខិតខំទាំងអស់គ្នា ហើយក៏ត្រូវមើលឃើញថា ដើម្បីមានប្រាក់សម្រាប់ចំណាយនេះ​ អស់លោកត្រូវតែចូលរួម ដើម្បីប្រមែប្រមូលចំណូល កុំអោយវាបាត់បង់នៅប្រាក់ចំណូលរបស់យើង(ជាតិ)។ បើគ្មានប្រាក់ចំណូល ក៏គ្មានប្រាក់ចំណាយដែរ។ ខ្ញុំសុំអបអរសាទរ និងមានមោទនភាពណាស់ ជាមួយនឹងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដែលជានិច្ចកាល ប្រចាំឆ្នាំ យើងមានអតិរេកថវិកាចរន្តរបស់យើង សម្រាប់ការប្រើប្រាស់ឆ្នាំបន្តទៅមុខ។ ការដំឡើងបៀវត្សរ៍ និងការវិនិយោគទៅឯមូលដ្ឋាន ដោយយើងមិនអង្គុយរង់ចាំដកខ្យល់តាមដង្ហើមរបស់អ្នកផ្ដល់ជំនួយទេ។ យើងអបអរសាទរនៃការផ្ដល់ជំនួយ ក៏ប៉ុន្តែយើង ត្រូវដឹងខ្លួនអោយបានច្បាស់ថា នៅក្នុងពេលដែលមានការវិវឌ្ឍដល់កម្រិតមួយ គេត្រូវផ្ទេរពីលក្ខខណ្ឌ (ដែលត្រូវ)​បាត់បង់ភាពអនុគ្រោះ។

ខិតខំរក្សាស្ថានភាពឥណទានការប្រាក់សម្បទាន

ពេលណាមួយ កម្ពុជានឹងឈានទៅដល់ការបាត់បង់ភាពអនុគ្រោះ នៃឥណទានសម្បទានទៅទៀត។ មុននេះ ខ្ញុំព្រួយ ក្រែងលោកប្រទេសកម្ពុជារបស់យើងឈានដល់ដំណាក់កាល ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប បែរជាបាត់បង់នូវភាពអនុគ្រោះស្ដីពីឥណទាន គេហៅថា ការប្រាក់សម្បទាន​ ហើយទទួលមកវិញនូវការប្រាក់ពាណិជ្ជកម្ម។ អញ្ចឹងបានជាខ្ញុំចរចាជាមួយនឹងជប៉ុន ជាមួយនឹងចិន ជាមួយនឹងកូរ៉េខាងត្បូង ជា​មួយ​នឹងធនាគារអភិវឌ្ឍន៍អាស៊ី, សំខាន់ ៤ ហ្នឹង ថា បើទោះបីប្រទេសរបស់ខ្ញុំឈានដល់ដំណាក់កាល​ ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ឬក៏ឈានទៅដល់ប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក៏ដោយ ក៏សូមមេត្តាយោគយល់ ផ្ដល់ឱកាសអោយពួកយើងខ្ញុំបានទទួលនូវឥណទានសម្បទានបន្តទៅទៀត ព្រោះយើងខ្ញុំត្រូវការក្នុងការអនុវត្តគម្រោងជាបន្ត។ ខ្ញុំនិយាយអម្បាញ់មិញ គ្រាន់តែនិយាយអំពីអតិរេកក្នុងថវិកាចរន្តទេ មិនទាន់គ្របដណ្ដប់ទៅលើថវិកាទាំងឡាយ។

ពិតមែនហើយ យើងគ្រប់គ្រងបំណុលសាធារណៈបានត្រឹមត្រូវខ្លាំងណាស់។ អនុបាតបំណុលជាអនុបាតគោល សម្រាប់ប្រទេសជាទូទៅ គេតម្រូវអោយមានការអាចខ្ចីបានរបស់វាពី ៤០% នៃផលទុនជាតិ នៃជីឌីភី(GDP)។ យើងសព្វថ្ងៃនេះ ទើបនឹងខ្ចីត្រឹមកម្រិត ២២% តែប៉ុណ្ណោះ ក្នុងពេលដែលប្រទេសខ្លះជំពាក់គេឡើងដល់ ១០០% នៃជីឌីភីទៅហើយ។ យើងបានប្រឹងប្រែងធ្វើកិច្ចការងារនេះ។ យើងនៅតែមានតម្រូវការហិរញ្ញប្ប​ទានពីដៃគូអភិវឌ្ឍ។ ត្រូវការជំនួយពីដៃគូអភិវឌ្ឍទាំងហិរញ្ញប្បទាន និងបច្ចេកទេស។ ប៉ុន្តែយើងត្រូវតែមានគំនិតខ្លួនឯង ដើម្បីឈានទៅភាពច្បាស់ការ។ ប្រទេសដទៃ​ គេក៏មានបន្ទុករបស់ប្រទេសគេ និងមានបន្ទុកលើតំបន់ដទៃទៀតនៅលើពិភពលោកនេះ តម្រូវការធនធាន​ គឺច្រើនណាស់ សម្រាប់ទៅជួយនៅប្រទេសស៊ីរី សម្រាប់ទៅជួយនៅប្រទេសលីប៊ី ទៅម៉ាលី ទៅអាហ្វ្រិកកណ្ដាល ទៅស៊ូដង់ខាងត្បូង ទៅសូម៉ាលី ទៅកុងហ្គោ ទៅអង់ហ្គោឡា ទៅប្រទេសផ្សេងៗ ដែលកំពុងមានវិបត្តិ។

រដ្ឋបាលថ្នាក់ក្រោមជាតិ ទទួលថវិកាជាតិ អោយបានច្រើនតាមរយៈការផ្ទេរមុខងារ

ខ្ញុំបានលើកកាលពីថ្ងៃម្សិលម្ង៉ៃ ជាមួយនឹងប្រព័ន្ធនៃអង្គការសហប្រជាជាតិ។ ខ្ញុំនិយាយពីពីមុន World Food Program បានផ្ដល់នូវអាហារសម្រន់សម្រាប់កុមាររបស់យើងនៅតាមសាលា។ ប៉ុន្តែបានតែប៉ុន្មានឆ្នាំ World Food Program អស់ទុន។ ដល់អស់ទុន World Food Program សុំអោយកម្ពុជាផ្ដល់ជំនួយអោយគាត់ ដើម្បី​គាត់យកជំនួយហ្នឹងទៅផ្ដល់អោយកម្ពុជាវិញ។ អញ្ចឹងទេ បានស្រុះស្រួលគ្នាថា នៅក្នុងឆ្នាំ ២០២១ នេះ World Food Program ដកខ្លួនចេញ។ បើសិនដកពីឥឡូវ ក៏អត់មានបញ្ហាដែរ ប៉ុន្តែទុកសិនចុះ។ គ្រាន់ថា បើសិនទេ ដកពីឥឡូវ ក៏អត់បញ្ហា។ ព្រោះអញ្ចេះ អង្ករកម្ពុជា World Food Program, World Food Program ផ្ដល់អោយសាលាកម្ពុជា ចុះបើកម្ពុជាយកអង្ករចេញពីឃ្លាំងបញ្ចូលទៅសាលាតែម្ដង វាមិនលឿនជាង។ ប៉ុន្តែនេះជាយុទ្ធសាស្រ្តដកថយនៅក្នុងក្របខណ្ឌនៃប្រទេសដែលមានការវិវឌ្ឍមួយ។ ធម្មតានៅលើលោកនេះ គ្មាន​អ្នកណាអង្គុយដកខ្យល់ចាំអោយគេស៊ី ហើយយើងក៏មិនត្រូវរង់ចាំទៅអោយគេបញ្ចុកដែរ ត្រូវប្រឹងប្រែងខ្លួនឯង។

អញ្ចឹងទេ ប្រាក់ដែលបានទំលាក់ទៅនេះ កាន់តែមានទំហំធំទៅៗហើយ ប៉ុន្តែយើងចង់អោយបានធំជាងនេះទៀត តាមរយៈ៖ ទី ១ ការពង្រីកចំណូលរបស់យើង ដើម្បីជំរុញអោយការចំណាយអោយចំគោលដៅដែលយើងចង់បាន។ ប៉ុន្តែមួយទៀត យើងចង់អោយផ្នែករដ្ឋបាលថ្នាក់ក្រោមជាតិ ទទួលបានថវិកា ដែលកាត់ចេញពីថវិកាជាតិ ទំលាក់ចុះអោយបានច្រើនតាមរយៈការផ្ទេរមុខងារ។ តែផ្ទេរមុខងារទៅ ត្រូវផ្ទេរធនធានមនុស្ស ត្រូវផ្ទេរលុយទៅជាមួយហើយ ផ្ទេរតែមុខងារអត់អោយលុយ លុយទុកនៅឯណេះ អញ្ចឹងមុខងារអោយគេធ្វើ តែលុយទុកនៅក្រសួង អាហ្នឹងវាអត់ត្រូវរឿងទេ។

មន្ត្រីធ្វើការតាមតួនាទី ភារកិច្ច និងមានការទទួលខុសត្រូវ

យូរៗបានជួបគ្នាម្ដង ​ជាការដាស់តឿន ការរំលឹក ដើម្បីយើងទាំងអស់ឈានទៅមុខទាំងអស់គ្នា។ អំណាចមូលដ្ឋានកាន់តែខ្លាំង នៅក្នុងក្របខណ្ឌច្បាប់ដែលបានកំណត់ នឹងធ្វើអោយមូលដ្ឋានកាន់តែមានការទទួលខុសត្រូវ ហើយកាន់តែមានការទទួលខុសត្រូវចំពោះប្រជាជនដែលនៅជាប់ និងនៅផ្ទាល់ជាមួយខ្លួន។ នោះហើយគឺជាគោលដៅដែលយើងចង់បាន។ ប៉ុន្តែ មិនមែនជារដ្ឋអធិបតេយ្យមួយទេ តែគឺជាអ្នកទទួលខុសត្រូវ ដែលដោះស្រាយបញ្ហាសព្វយ៉ាងជូនប្រជាពលរដ្ឋ ជាពិសេសទៅលើសេវាសាធារណៈ ឬការងារផ្សេងៗទៀត។ ឧទា​ហរណ៍ ការអនុវត្តកម្មវិធីថ្មីលើវិស័យសង្គម ពាក់ព័ន្ធទៅលើបញ្ហាការដោះស្រាយទៅលើការពិនិត្យព្យាបាលជំងឺកម្មករទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធដោយមិនគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ ការផ្ដល់ប្រាក់សម្រាប់ស្រ្តីឆ្លងទន្លេ ដែលជាមន្រ្តីរាជការ ក៏ដូចជាកម្មការិនីឆ្លងទន្លេ តម្រូវអោយមូលដ្ឋាននោះមានការទទួលខុសត្រូវ ព្រោះស្ថាប័ននៅទីក្រុងភ្នំពេញទៅគ្របដណ្ដប់ឯណាអស់។ អញ្ចឹងចំណុចអស់ទាំងនេះ​ ជាចំណុចដែលទាមទារនូវការបែងចែកមុខងារ និងបែងចែកការទទួលខុសត្រូវអោយបានកាន់តែច្បាស់។

[ចប់សេចក្ដីអធិប្បាយ]

ជារួម កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងនឹងឈានទៅសម្រេចបាននូវភាពជោគជ័យនៃការអនុវត្តគោលនយោ​បាយវិមជ្ឈការ និងវិសហមជ្ឈការ ដែលនឹងផ្តល់នូវកាលានុវត្តភាពដ៏ល្អប្រសើរដើម្បីបន្តសម្រេចបានការពង្រឹងប្រព័ន្ធគ្រប់គ្រង និងឮអភិវឌ្ឍធនធានមនុស្សនៅមូលដ្ឋាន រួមចំណែកសម្រេចបាននូវការអភិវឌ្ឍមូលដ្ឋានប្រកប​ដោយចីរភាព និងបរិយាប័ន្ន។ នេះជាបំណងប្រាថ្នារបស់យើង ដើម្បីធ្វើឱ្យជីវភាពរបស់ប្រជាជនគ្រប់រូប កាន់តែទទួលបាននូវគុណភាព, សុខុមាលភាព, ផាសុកភាពល្អប្រសើរឡើង។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ នឹងបន្តខិតខំប្រឹងប្រែងរួមគ្នា ដើម្បីអនុវត្តឱ្យបានសម្រេចដោយជោគជ័យនូវចក្ខុវិស័យ, គោលដៅ និងគោលបំណងនៃកម្មវិធីកែទម្រង់នេះ។ ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបិទសន្និសីទជាតិស្តីពីការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅពេលនេះ ខ្ញុំសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សមាជិកអង្គសន្និសីទជាតិទាំងអស់ សូមទទួលបានពុទ្ធពរ និងពរទាំងប្រាំប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ