សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទៅ​បំពេញ​ទស្ស​នកិច្ច​នៅ​ឥណ្ឌា និងចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-ឥណ្ឌា

នៅព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច​នៅប្រទេសឥណ្ឌា ព្រមទាំងចូលរួមកិច្ចប្រជុំកំពូលពិសេសរំលឹកខួបអនុស្សាវ​រីយ៍​អាស៊ាន-ឥណ្ឌា និងពិធីអបអរទិវា​សាធារ​ណរដ្ឋ​លើកទី៦៩ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា។

ដំណើរបំពេញទស្សនកិច្ចរបស់សម្តេចតេជោ និងគណៈប្រតិភូទៅកាន់ប្រទេស​ឥណ្ឌា​​នា​​ពេលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្រ្ដីឥណ្ឌា។ ទាំងការបំពេញ​ទស្សនកិច្ច និងចូលរួមកិច្ចប្រជុំផងនោះ សម្តេចតេជោ ហ៊ុន សែន នឹងត្រូវស្នាក់នៅប្រទេសឥណ្ឌា រហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨។  ក្រៅពីការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសរំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន-ឥណ្ឌា សម្តេច​តេជោ​ នាយក​រដ្ឋមន្រ្តី នឹង​អញ្ជើញ​ចូលរួម​ប្រជុំ​ជាមួយ​បណ្តា​មេដឹកនាំ​ប្រទេស​មួយចំនួន​ទៀត ដើម្បីពង្រឹង​នូវកិច្ចសហប្រតិបត្តិការ និងកៀងគរការវិនិយោគផ្សេងៗមកកម្ពុជា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ