នៅល្ងាចថ្ងៃ អាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានជាតិលើកទី២ ដែលមាន អ្នកចូលរួម ប្រមាណ ៣,៤០០នាក់ ក្នុងនោះមានមន្រ្តី និងអ្នកនាំពាក្យក្រសួងព័ត៌មាន ជាច្រើនរូបចូលរួមផងដែរ នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយយ៉ាងខ្លាំងដែលបាន អញ្ជើញជួបជុំសំណេះសំណាល ជាមួយបងប្អូនកូនក្មួយ ជាអ្នកសារព័ត៌មានជាតិ គោលបំណងដើម្បី ស្វែងយល់អំពីសុខទុក្ខផ្ទាល់ របស់បងប្អូនអ្នកសារព័ត៌មាន និងបានផ្តល់នូវ អនុសាសន៍ល្អៗ ដើម្បី ជំរុញការផ្សព្វផ្សាយព័ត៌មានអោយបានល្អត្រឹមត្រូវ តាមក្រមសីលធម៍ច្បាស់លាស់ ដើម្បីបំរើសង្គមជាតិ ឲ្យកាន់តែរីកចម្រើន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះវិស័យសារព័ត៌មាន កំពុងមានការីកចម្រើនយ៉ាងខ្លាំង។ ដើម្បីផលិត ព័ត៌មានឲ្យបានល្អ អ្នកសារព័ត៌មានទាំងអស់ ត្រូវយល់ដឹងឲ្យបានច្បាស់នូវរឿងរ៉ាវពិត ដែលបានកើតមានឡើងក្នុងសង្គម ជាពិសេសត្រូវ សរសេរព័ត៌មានទាំងល្អ និងមិនល្អដើម្បីចូលរួមធ្វើការកែលម្អ ក្នុងន័យស្ថាបនាអភិវឌ្ឍន៍សង្គម ឲ្យរីកចម្រើន។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ហាមដាច់ខាត ចំពោះសារព័ត៌មានមួយចំនួន ដែលផ្សាយព័ត៌មាន គ្មានប្រភពច្បាស់លាស់ ហើយគំរាមកំហែង (ម៉ាហ្វា) ជំរិតទារប្រាក់ ពិសេសដូចជាការផ្សាយ ទាក់ទងពីបទល្មើសព្រៃឈើ ជាដើម។ ត្រូវធ្វើជាអ្នកសារព័ត៌មាន ដែលពិតប្រាកដ កុំធ្វើជាសារព័ត៌មានក្លែងក្លាយ ផ្សាយព័ត៌មានមិនពិតធ្វើឲ្យប៉ះពាល់ ដល់សង្គមជាខ្លាំង។ សូមអ្នកនិយាយព័ត៌មាន កុំតាំងខ្លួន ជាចៅក្រម កាត់សេចក្តី ត្រូវនិយាយអ្វីពិត ដែលមានប្រភពច្បាស់លាស់ មិនត្រូវអារកាត់ដោយខ្លួនឯងឡើយ ត្រូវគោរពក្រម សីលធម៌វិជ្ជាជីវៈ សារព័ត៌មាន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ផងដែរថា ថ្នាក់ដឹកនាំ និងអ្នកសារព័ត៌មាន តែងតែមានទំនាក់ទំនងគ្នា ពីព្រោះត្រូវ ផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក តាមរយៈក្រុមជំនួយការ ឬទីប្រឹក្សា។ សូមអ្នកនាំពាក្យ តាមស្ថាប័នក្រសួងត្រូវ ពង្រឹងសម្ថភាពរបស់ខ្លួន ត្រូវមានចំនេះដឹងច្បាស់លាស់ ត្រឹមត្រូវក្នុងការផ្តល់ព័ត៌មាន។ អ្នកសារព័ត៌មាន ត្រូវស្វះស្វែងខិតខំយកព័ត៌មាន ដោយខ្លួនឯង កុំយកព័ត៌មាន ពីគេមកផ្សាយដោយ គ្មានប្រភពច្បាស់លាស់ ឬពត៌មានផ្អូម។
សម្តេចតេជោ ហ៊ុន សែន បានសំណូមពរដល់ស្ថាប័នសារព័ត៌មានទាំងអស់នូវចំនុចសំខាន់ៗមួយចំនួនដូចជា:
១) ស្ថាប័នព័ត៌មានទាំងអស់ ត្រូវដើរតួនាទីជាស្ថាប័នព័ត៌មានពិត គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមជាតិពិតប្រាកដ។ សូមកុំឲ្យកញ្ចក់នោះជា កញ្ចក់ដែលបែកធ្លុះផ្សាយ ព័ត៌មានមិនពិតពីសង្គម។
២) ស្ថាប័នព័ត៌មានរដ្ឋ និងឯកជនត្រូវផ្សព្វផ្សាយ ព័ត៌មានពិតជាមួយ នឹងការពន្យល់ច្បាស់លាស់ ទៅប្រជាពលរដ្ឋអោយបានយល់ជ្រួលជ្រាប អំពីទិសដៅនិងគោលបំណង របស់រាជរដ្ឋាភិបាល។
៣) ស្នើអោយសារព័ត៌មាន ត្រូវចេះចូលរួមជួយរិះគន់ ដើម្បីស្ថាបនារាល់កំហុសឆ្គង និងផែនការដែលបានដាក់ចេញ នៃក្រសួងស្ថាប័ននានា ដើម្បីធ្វើការកែលំអរ។ មិនមែនរិះគន់ដើម្បីតែជាន់ពន្លិចនោះទេ។ សម្តេចតេជោ ក៏ចង់ឲ្យអ្នកសារព័ត៌ជាតិមាន ក្លាយទៅជាអ្នកវិភាគផងដែរ ចំពោះព្រឹត្តិការណ៍ក្រៅប្រទេស ពីព្រោះកន្លងមកមានបរទេសគេវិភាគ និងផ្សាយពីកម្ពុជាផងដែរ។
៤) កុំធ្វើជាអ្នកសារព័ត៌មាន សម្រាប់តែជម្រិតទាលុយពីគេ។
៥) ត្រូវធ្វើនិងផ្សព្វផ្សាយព័ត៌មាន ឲ្យរហ័សទាន់ពេលវេលា កុំអោយព័ត៌មានយឺត (ព័ត៌មានផ្អូម)។
៦) ត្រូវជ្រើសរើសម៉ោងផ្សាយណាមួយ ដែលគេចង់មើល ចៀសវាងផ្សាយនៅថ្ងៃ សុក្រ សៅរ៍ ឬថ្ងៃអាទិត្យ ដែលគ្មានអ្នកចង់មើល។
នៅចុងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូនពរដល់បងប្អូនកូនក្មួយ ជាអ្នកសារព័ត៌មានទាំងអស់ គឺទាំងរួមទាំងអ្នកសរសេររិះគន់ ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា និងបានសប្បាយរីករាយ ក្នុងការបរិភោគអាហារសាមគ្គីនាពេលរាត្រីយប់នេះ៕