សុន្ទរកថាឯកឧត្តម វង សូត នៅក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារ «គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០»

សុន្ទរកថា

ឯកឧត្តម វង សូត រដ្ឋមន្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ថ្លែងនៅក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារ «គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០»

វិមានសន្តិភាព ថ្ងៃព្រហស្បត្តិ៍ ២ កើត ខែមាឃ ឆ្នាំរកា ព·ស ២៥៦១ រាជធានីភ្នំពេញ ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៨

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា

 ជាទីគោរពដ៏ខ្ពង់ខ្ពស់ !

សម្ដេច ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា នៃរាជរដ្ឋាភិបាល

ឯកឧត្ដម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្ដិយសជាតិ និងអន្ដរជាតិ ជាទីគោរពរាប់អាន !

ថ្ងៃនេះ ក្នុងនាមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគណៈកម្មាធិការជាតិកម្ពុជាដើម្បី មនុស្សចាស់ ខ្ញុំពិតជាមានកិត្ដិយស ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ឯកសារគោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់ ២០១៧-២០៣០ នាពេលនេះ។

ជាមួយគ្នានេះដែរ ខ្ញុំក៏សូមស្វាគមន៍ចំពោះវត្ដមាន សម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាង ក្រសួង ស្ថាប័ន ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍នានា ដែលបានអញ្ជើញចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះ។

ពិធីនេះ គឺជាសក្ខីភាពថ្មីមួយទៀត ឆ្លុះបញ្ចាំងពីការយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យ វែងឆ្ងាយរបស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី លើការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចជាតិ ពិសេសក្នុងវិស័យសុខុមាលភាពមនុស្សចាស់ តាមរយៈគោលនយោបាយកែទម្រង់ស៊ីជម្រៅ សំដៅកសាងប្រព័ន្ធ សុខុមាលភាពសង្គមមួយប្រកបដោយចីរភាព និងរឹងមាំ។

សម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្ដិយសជាតិ – អន្ដរជាតិ

ជារួម ប្រជាពលរដ្ឋកម្ពុជា បាននិងកំពុងរស់នៅក្នុងសុខសន្ដិភាព ពេញបរិបូរណ៍ និងកំពុងតែមានមោនទន ភាពជាមួយនឹងសមិទ្ធផល នៃ កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាប័ន្ន និងសមធម៌ ក្នុងរយៈពេលជិតពីរ ទសវត្ស៍កន្លងមកនេះ ដោយសារនយោបាយឈ្នះ-ឈ្នះ របស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី។

ឈរលើមូលដ្ឋាន នៃសមិទ្ធផលដ៏ប្រពៃនេះ រាជរដ្ឋាភិបាល បានសម្រេចរៀបចំឯកសារ គោលនយោបាយ ជាតិស្ដីពីមនុស្សវ័យចាស់ ២០១៧-២០៣០ ស្របតាមយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៣ ផែនការ យុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ក្របខ័ណ្ឌគោល នយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ក្នុងទិសដៅអភិវឌ្ឍន៍ និងជំរុញប្រព័ន្ធសុខុមាលភាពមនុស្សចាស់ ឱ្យមានលក្ខណៈប្រមូលផ្ដុំ និងមានសង្គតិ ភាពទៅនឹងគោលនយោបាយនានា ដែលបាននិងកំពុងដាក់ឱ្យអនុវត្ត។

គោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់ ២០១៧-២០៣០ គឺជាផែនទីមគ្គុទ្ទេសក៏រយៈពេល វែង សម្រាប់ការអភិវឌ្ឍប្រព័ន្ធ សុខុមាលភាពមនុស្សចាស់នៅក្នុងប្រទេស ដែលរំលេចឱ្យឃើញពីតថភាព នៃការ អភិវឌ្ឍប្រព័ន្ធសុខុមាលភាពមនុស្សចាស់ ព្រមទាំងដាក់ចេញនូវ គោលដៅយុទ្ធសាស្ដ្រ និងផែនការសកម្ម ភាព ២០១៨-២០២០ សំដៅ អនុវត្តផែនការនេះ ឱ្យមានប្រសិទ្ធភាព ស្របតាមស្ថានភាពនៃការវិវត្តន៍របស់ កម្ពុជា។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមការអនុញ្ញាតជម្រាប ជូនអង្គពិធីបានជ្រាបថា ចំនួនមនុស្សវ័យ ចាស់ដែលមានអាយុពី ៦០ ឆ្នាំឡើង នៅក្នុងឆ្នាំ ២០១៣ មាន ៨% (ស្មើនឹង ១,២ លាននាក់)  នៃប្រជាជនសរុប ១៥ លាននាក់ ហើយត្រូវបានព្យាករណ៍ នឹងមានកំណើនរហូតដល់ ១១% (ស្មើនឹង ២ លាននាក់) នៃប្រជាជន សរុបប្រមាណ ១៨ លាននាក់ នៅឆ្នាំ២០៣០។

សម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្ដិយសជាតិ – អន្ដរជាតិ

ការកំណត់គោលដៅយុទ្ធសាស្ដ្រ និងផែនការសកម្មភាព ២០១៨-២០២០ ដែលនឹងត្រូវអនុវត្ដតាមគោល នយោបាយជាតិស្តីពីមនុស្សវ័យចាស់ គឺផ្ដោតលើគោលការណ៍សំខាន់ៗមួយចំនួន ដូចខាងក្រោម៖

  • កត្ដាប្រជាសាស្ដ្រ នៃការឈានទៅរកវ័យចាស់នៅកម្ពុជា គឺជា មូលដ្ឋានសម្រាប់គិតគូរ និងបញ្ចូល បញ្ហាមនុស្សចាស់ ទៅក្នុងបរិការណ៍នៃដំណើរការអភិវឌ្ឍន៍ និងការធ្វើផែនការអភិវឌ្ឍន៍ ដោយផ្តោត លើវិស័យមនុស្សចាស់ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងពហុវិស័យ។
  • គោលនយោបាយនេះ មានអាទិភាពការងារចំនួន ០៩ រួមមាន៖
  • សន្ដិសុខហិរញ្ញវត្ថុ
  • សុខភាព និងសុខុមាលភាព
  • របៀបរបបការរស់នៅ
  • បរិស្ថានអំណោយផល
  • សមាគមមនុស្សចាស់ និងវ័យចាស់សកម្ម
  • ទំនាក់ទំនងអន្ដរជំនាន់
  • ការរំលោភបំពាន និងអំពើហិង្សាលើមនុស្សចាស់
  • ស្ថានភាពមានអាសន្ន និង
  • ការត្រៀមខ្លួនមនុស្សវ័យក្មេង សម្រាប់ឈានចូលវ័យចាស់។

ដំណើរការនៃការរៀបចំ គោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់ ២០១៧-២០៣០ ត្រូវ បានទទួលការយកចិត្ដទុកដាក់ និង មានកិច្ចសហការយ៉ាងល្អពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ដូចជា អង្គការមនុស្សចាស់កម្ពុជា (HELP AGE CAMBODIA) និង អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍ ប្រជាជន (UNFPA) ជាដើម ព្រមទាំងទទួលបានការអនុម័តពីរាជរដ្ឋាភិបាល នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ។

ខ្ញុំក៏សូមយកឱកាសដ៏មហាឡារិកនេះ សម្ដែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ដែល សម្ដេច បានឯកភាពទទួលធ្វើជាប្រធានកិត្ដិយស នៃគណៈកម្មាធិការជាតិកម្ពុជាដើម្បី មនុស្សចាស់។ វត្ដមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ នៅក្នុងគណៈកម្មាធិការនេះ បានត្រួសត្រាយផ្លូវសម្រាប់ ការអភិវឌ្ឍ និងការកែទម្រង់ប្រព័ន្ធសុខុមាលភាពមនុស្សចាស់ ឱ្យកាន់តែមានប្រសិទ្ធភាពស្របតាមបំណង ប្រាថ្នារបស់មនុស្សចាស់ ចំពោះការយកចិត្ដទុកដាក់ របស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី លើសុខទុក្ខ ប្រជាជនកម្ពុជា គ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។

ទន្ទឹមនេះ ខ្ញុំបាទ សូមគោរពស្នើសុំការការអនុញ្ញាតពី សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ដើម្បីបង្កើត មូលនិធិមនុស្សចាស់ ដើម្បីទ្រទ្រង់មនុស្សចាស់ និងសូមគោរពអញ្ជើញ សម្ដេចតេជោ ជាប្រធាន មូលនិធិ ដោយសេចក្តីអនុគ្រោះបំផុត។

ជាទីបញ្ចប់ ខ្ញុំសូមគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ ព្រះរាជាណាចក្រកម្ពុជា សម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្ដរជាតិ សូម ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងសម្រេចបានជោគជ័យថ្មីៗ បន្ថែមទៀត ។

ជាកិច្ចបន្ដ ខ្ញុំបាទសូមគោរពអញ្ជើញ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់កិត្ដិយសដ៏ខ្ពង់ខ្ពស់ ថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការ នូវឯកសារ គោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់ ២០១៧-២០៣០។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចមហាបវរធិបតី៖ កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជ...

នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា