សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន China Communication Construction Company

ថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ នៅល្ងាចថ្ងៃដដែលនេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ ជាមួយ លោក លាវ ឈីថាវ (Liu Qi Tao) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន China Communication Construction Company។ លោក លាវ ឈីថាវ (Liu Qi Tao) មានប្រសាសន៍ក្នុងថា រូបលោកធ្លាប់បានមក កាន់ប្រទេស កម្ពុជាកាលពី១០ឆ្នាំមុន ហើយនៅពេលនេះលោកបានធ្វើដំណើរទៅកាន់តំបន់ជាច្រើនក្នុងប្រទេសកម្ពុជារួមទាំងខេត្តព្រះសីហនុផងដែរ។

លោកបានពិនិត្យឃើញពីការរីកចម្រើនយ៉ាងលឿនរបស់កម្ពុជាដែលមិននឹកស្មាន ហើយនៅពេលនេះទៀតសោត កិច្ចព្រមព្រៀងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ខេត្ត ព្រះសីហនុ ក៏បានចុះហត្ថលេខាហើយរួចដែរនៅក្នុងដំណើរទស្សនកិច្ចរបស់ ឯកឧត្តម លី គឺឈាំង មកកាន់ប្រទេសកម្ពុជាកាលពីម្សិលមិញ។ ក្រុមហ៊ុនលោកសប្បាយចិត្ត នឹងមានទំនុកចិត្តយ៉ាងខ្លាំងក្នុងការមកវិនិយោគនៅកម្ពុជា ក្រោមការគាំទ្រ និងលើកទឹកចិត្តពីសម្តេចតេជោ។ គម្រោងនេះគឺជាគម្រោងផ្លូវល្បឿនលឿនទី១ ដែលនឹងត្រូវកសាងនៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខ។ នៅចំពោះមុខសម្តេចតេជោ លោក លាវ ឈីថាវ មានប្រសាសន៍ថាក្នុងនាមជាភាគីប្រតិបត្តិក្រុមហ៊ុនលោកនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញទៅខេត្តព្រះសីហនុឲ្យបានល្អនិង មានគុណភាព និងឲ្យក្លាយជាផ្លូវគំរូសម្រាប់ជាឧត្តមប្រយោជន៍របស់ប្រទេសនិងប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា ផ្លូវល្បឿនលឿននេះ គឺមានសារះសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា ក្នុងជំរុញកំណើនសេដ្ឋកិច្ច ពិសេសគឺភ្ជាប់រវាងប៉ូលសេដ្ឋកិច្ចភ្នំពេញ នឹងព្រះសីហនុ។ សម្តេចតេជោ បានជំរុញនឹងស្នើសុំអោយក្រុមហ៊ុនរៀបចំបើកការដ្ឋាស្ថាបនាផ្លូវល្បឿនលឿន (Express Way) អោយបានចេញជារូបរាងពិតប្រាកដឆាប់ៗខាងមុខនេះ៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ