សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតតួគី ដែលទើបបញ្ចប់អាណត្តិ

នៅព្រឹកថ្ងៃច័ន្ទ ៨រោច ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក អ៊ីលហាន់ ខេម៉ាល់ទុក (IL Han Kemal Tug)ឯកអគ្គរដ្ឋទូតតួគី ដែលទើបបញ្ចប់អាណត្តិបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបព្រឹកមិញនេះ ឯកអគ្គរដ្ឋទូតតួគី បានជំរាបជូន សម្តេចតេជោ ហ៊ុន សែន ថា អំពីវត្តមានរបស់ លោកដែលបានមកបំពេញការងារកម្ពុជាអស់រយៈពេល៤ឆ្នាំ មកហើយ។ លោកផ្ទាល់បានមើលឃើញកម្ពុជារីកចម្រើនយ៉ាងខ្លាំងក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។ តាមរយៈបេសកកម្មនេះ គឺបានចូលរួមចំណែកក្នុងការពង្រីកនិងពង្រឹងនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរក្នុងស្ថានភាពវិជ្ជមានទៅមុខជានិច្ច ។ សម្តេចតេជោ បានស្វាគមន៍ លោកអគ្គរដ្ឋទូតក្នុងបេសកកម្មការទូតនៅកម្ពុជា ដែលបានរិតចំណងមិត្តភាពនៃប្រទេសទាំងពីរអោយកាន់តែល្អប្រសើរឡើង។ ទន្ទឹមនឹងនេះ សម្តេចតេជោ ចង់ឃើញពីការរីកចម្រើននៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនខ្លាំងថែមទៀត។ សម្តេចតេជោ ក៏បានមានប្រសាសន៍ផងដែរ អំពីសភាពការណ៍ដែលប្រទេសទាំងពីរមានស្ថានភាពប្រហាក់ប្រហែលគ្នា ដោយសារតែមានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងពីខាងក្រៅ។ នៅក្នុងជំនួបកាលពីព្រឹកមិញនេះ សម្តេចតេជោ ក៏បានជំរាបជូនឯកអគ្គរដ្ឋទូតតួគី អំពីការយកចិត្តទុកដាក់ជំរុញអោយមានការហោះហើរផ្ទាល់ពីតួគីមកកម្ពុជា។ ជាមួយគ្នានេះដែរ សម្តេចតេជោ និងឯកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរមតិជុំវិញសភាពការណ៍ទាំងនៅក្នុងតំបន់ និងទូទាំងពិភពលោក ជាពិសេសសភាពការណ៍នៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក សភាពការណ៍នៅឧបទ្វីបកូរ៉េ រួមទាំងសភាពការណ៍វិវត្តនៅក្នុងមជ្ឈឹមបូព៌ាផងដែរ។ ដើម្បីអោយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរកាន់តែរឹងមាំ និងរីកចម្រើន សម្តេចតេជោ បានស្នើគួរតែមានការផ្លាស់ប្តូរ និងពិគ្រោះយោបល់រវាងប្រទេសទាំងពីរឱ្យបានញឹកញាប់បំផុត។ ក្នុងនាមរដ្ឋាភិបាលតួគី លោកឯកអគ្គរដ្ឋទូតបានគោរពអញ្ជើញសម្តេចតេជោ នាយករដ្ឋមន្ត្រី ទៅបំពេញទស្សនកិច្ចនៅប្រទេសតួគី ក្នុងពេលវេលាដ៏សមស្របណាមួយនៅពេលខាងមុខ។ សម្តេចតេជោ ហ៊ុន សែន នឹងពិនិត្យមើលលទ្ធភាពជាក់ស្តែងនៅក្នុងឱកាសនៃកិច្ចប្រជុំកំពូល អាស៊ី អឺរ៉ុប នៅអំឡុងខែតុលាខាងមុខនេះដើម្បីអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសតួគី។ កិច្ចប្រជុំបានបញ្ចប់ដោយបរិយាកាសស្និទ្ឋស្នាល និងទទួលបានលទ្ឋផលល្អ ដែលជួយពង្រឹងបន្ថែមនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអោយកាន់តែរឹងមាំខ្លាំងឡើងថែមទៀត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ