សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់អគារព្យាបាលថ្មីមួយទៀត នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់នូវ អគារព្យាបាលជំងឺថ្មីសន្លាងមួយទៀត ស្ថិតនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលមានកម្ពស់ ៦ជាន់ ស្មើនឹង ៧៨បន្ទប់។ អគារព្យាបាលជំងឺថ្មីនេះមានឈ្មោះថា «អគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន»។

ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការយកឈ្មោះសម្តេច ទៅដាក់នៅអគារព្យាបាលថ្មី ក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប៉ុន្តែសម្តេចបានលើកឡើងថា នេះមិនមែនជាគោលដៅចម្បងរបស់សម្តេចនោះទេ។ សម្តេចបានរំលឹកថា ការដាក់ឈ្មោះនេះ អាចនឹងត្រូវគេវាយចោលពេលដែលគេមិនពេញចិត្ត ឬរបបដឹកនាំថ្មីមួយបានឡើងមកដឹកនាំប្រទេស ដូចមានជាមេរៀនក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីការប្រឹងប្រែងជម្នះអភិវឌ្ឍន៍ប្រទេស របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដើម្បីជម្នះការហ៊ុព័ទ្ធសេដ្ឋកិច្ច និងសង្គ្រាម។ សម្តេចតេជោបន្តថា ក្នុងសម័យសង្គមរាស្រ្តនិយម មានសមិទ្ធផលជាច្រើនត្រូវបានកើតមានឡើង តែត្រូវបំផ្លាញទៅក្រោយរដ្ឋប្រហារ ១៨ មីនា ១៩៧០។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា សម្តេចមិននឹកស្មានថា កុមារជនបទម្នាក់ក្លាយជាមេដឹកនាំប្រទេសនោះឡើយ ព្រោះសម្តេចមិនដែលមានបំណងធ្វើជានាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីនោះឡើយ បំណងរបស់សម្តេចគឺចង់ធ្វើត្រឹមគ្រូបង្រៀនប៉ុណ្ណោះ។

នៅពេលរំលឹកដល់រឿងអតីតកាលធ្វើឱ្យសម្តេច នឹកឃើញដល់ថ្ងៃអាពាហ៍ពិពាហ៍របស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ សម្តេចតេជោ បានលើកឡើងថា ថ្ងៃស្អែកជាខួប ៤២ឆ្នាំនៃអាពាហ៍ពិពាហ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ មួយថ្ងៃមុនឈានដល់ខួបអាពាហ៍ពិពាហ៍ ពីលើវេទិកាសម្ពោធអគារព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីប្រវត្តិលំបាកវេទនា និងភាពក្រៀមក្រោះក្នុងពិធីមង្គលការរបស់សម្តេច ដែលត្រូវបានរៀបចំដោយអង្គការអាវខ្មៅប្រល័យពូជសាសន៍ប៉ុលពត។

 សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកអាពាហ៍ពិពាហ៍របស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាគំរូមួយសម្រាប់ជីវិតអាពាហ៍ពិពាហ៍ផងដែរ។ សម្តេចតេជោ បានលើកឡើងថា ទោះបីជីវិតអាពាហ៍ពិពាហ៍ក្នុងស្ថានភាពដ៏ក្រៀមក្រោះក្តី តែនៅតែអាចបន្តចំណងអាពាហ៍ពិពាហ៍មកដល់ពេលបច្ចុប្បន្ន ខណៈដែលអាពាហ៍ពិពាហ៍ខ្លះ ទោះបីរៀបចំយ៉ាងអធិកអធម តែអាចនឹងបែកបាក់គ្នាប្រសិនបើមិនមានការយល់ចិត្តគ្នាទេនោះ។

សម្តេចប្រមុខរាជរដ្ឋាភិបាលបានរំលឹកថា ក្រោយពេលរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាឆ្នាំ១៩៧៩ កម្ពុជានៅសល់គ្រូពេទ្យតិចតួចបំផុត ហើយវិស័យសុខាភិបាលទន់ខ្សោយបំផុត បន្ថែមដោយការខ្វះថ្នាំសង្កូវថែមទៀតផង។ សម្តេចតេជោ បានបន្ថែមថា មកដល់ពេលបច្ចុប្បន្នវិស័យសុខាភិបាលបានប្រែប្រួលហើយ ជាមួយការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ លើវិស័យសុខាភិបាល ខណៈគ្រូពេទ្យក៏បានកើតឡើងច្រើនផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់ជាចម្បងលើវិស័យសុខាភិបាល ដែលក្នុងនោះសម្តេចតែងបានចូលរួមបិទសន្និបាតរបស់ក្រសួងសុខាភិបាលជារៀងរាល់ឆ្នាំ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ឆ្នាំ២០១៨ គឺជាឆ្នាំដែលត្រូវជំរុញគោលនយោបាយគាំពារសង្គម។

ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក្រៅពីការប្រកាសបង្កើតមូលនិធិជួយដល់អ្នកធាក់ស៊ីក្លូហើយនោះ ក៏បានប្រកាសជ្រើសរើសថ្ងៃហូបបាយជាមួយអ្នកធាក់ស៊ីក្លូផងដែរ ដើម្បីស្វែងយល់ពីបញ្ហារបស់អ្នកធាក់ស៊ីក្លូ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងត្រូវបានកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ដើម្បីផ្តល់ការព្យាបាលដល់កុមារ ហើយក៏ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺឆ្លងនានា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចធ្លាប់បានកើតជំងឺផ្តាសាយជ្រូក និងជាមនុស្សខ្លាចម្ជុលចាក់ថ្នាំ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាមោទនភាពមួយសម្រាប់កម្ពុជា ដែលបានកាត់បន្ថយជំងឺឆ្លង កាត់បន្ថយការរីករាលដាលជំងឺអេដស៍ និងការជក់បារី។ បើទោះបីនៅមានការខ្វះខាតដោយអន្លើយ៉ាងណាក្តី តែសម្តេចតេជោ បានថ្លែងអំណរគុណដល់មន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យ បានជួយព្យាបាលដល់ប្រជាពលរដ្ឋ។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងទទួលស្គាល់ថា ថវិកាជាតិមួយចំនួនមានការបាត់បង់ តែថវិកាជាច្រើនបានចូលជាតិ ហើយត្រូវបានយកប្រើប្រាស់សម្រាប់ពង្រឹងវិស័យនានា ព្រមទាំងការបើកប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ។

សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ក្រុមគ្រូពេទ្យកែលំអរនូវចំណុចខ្វះខាតដោយអន្លើ ដែលលើកឡើងដោយមជ្ឈដ្ឋាននានា។ ក្នុងន័យនេះ សម្តេចនាយករដ្ឋមន្ត្រីសំណូមពរដល់ក្រុមគ្រូពេទ្យបន្ត លើកកម្ពស់នូវគុណធម៌ សីលធម៌ ហើយផ្តោតការយកចិត្តទុកដាក់អ្នកជំងឺដោយមិនមានការរើសអើង។ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានថ្លែងស្នើឲ្យក្រុមគ្រូពេទ្យបន្តពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីការព្យាបាលកាន់តែមានប្រសិទ្ធភាព។ សម្តេចនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យត្រូវប្រឹងខិតខំយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺ ដើម្បីកុំឲ្យគេប្រមាថថាគ្រូពេទ្យអាក្រក់។ សម្តេចតេជោ បន្តថា ប្រសិនបើគ្រូពេទ្យស្រុកខ្មែរអាក្រក់រហូតដល់ទៅ ៩០ភាគរយ ដូចគេលើកឡើងមែននោះ ប្រជាពលរដ្ឋខ្មែរស្លាប់អស់បាត់ទៅហើយ។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចទទួលរាល់ការតិះទៀនក្នុងន័យស្ថាបនា តែមិនអាចទទួលយកការតិះទៀនបែបជាន់ពន្លិចលើក្រុមគ្រូពេទ្យបាននោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ប្រជាពលរដ្ឋឲ្យគោរពច្បាប់ចរាចរណ៍ ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា វិធីការពាគ្រោះថ្នាក់ចរាចរមានប្រសិទ្ធភាពខ្ពស់បំផុត គឺការពារខ្លួនឯង ដូចជាការបើកបរដោយមិនស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដើម៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ