សម្រង់​ប្រសាសន៍​សម្តេច​តេជោ ហ៊ុន សែន ថ្លែង​ក្នុង​​ពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់កប់ស្រូវ

CNV: 

អរគុណចំពោះម្ចាស់រោងចក្រនានា

ដំបូងសូមស្វាគមន៍ចំពោះវត្តមានរបស់ក្មួយៗកម្មករ/ការិនី ក៏ដូចជាថ្នាក់ដឹកនាំរោងចក្រសហជីព។ មួយ ផ្នែកទៀត ក៏សូមស្វាគមន៍ចំពោះវត្តមានឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានចូលរួម នៅក្នុងពិធីសំណេះសំណាលនៅថ្ងៃនេះ។ ខ្ញុំពិតជាជំពាក់គុណចំពោះម្ចាស់រោងចក្រសាជាថ្មីទៀតហើយ ដោយថ្ងៃនេះ គឺជាថ្ងៃជួបជុំក្នុងរយៈពេលមួយព្រឹក ក៏ប៉ុន្តែដោយសារតែក្មួយៗត្រូវក្រោកពីយប់ ដើម្បីមកជួប ជុំនៅក្នុងឱកាសនេះ ក៏បានស្នើសុំអោយម្ចាស់រោងចក្រផ្ដល់ការអនុគ្រោះ សម្រាប់ការឈប់សម្រាក​របស់ ក្មួយៗ ក្នុងពេលល្ងាចនេះបន្ថែមទៀត។ ដូច្នេះ ខ្ញុំពិតជាអរគុណចំពោះម្ចាស់រោងចក្រ ដែលបានផ្ដល់នូវ ភាពងាយស្រួលសម្រាប់ការជួបជុំសំណេះ​សំណាល​រវាងខ្ញុំ ជាមួយនឹងកម្មករ/ការិនី។ បន្ថែមលើនោះ ក៏ផ្ដល់ការអនុញ្ញាតអោយកម្មករ/ការិនីរបស់យើងបានឈប់សម្រាក​មួយល្ងាចបន្ថែមទៀត។

វឌ្ឍនភាពនៃជនពិការចូលបម្រើការងារក្នុងវិស័យឯកជន និងរដ្ឋ

ថ្ងៃនេះ មានរឿងគួរអោយភ្ញាក់ផ្អើលមួយ នៅត្រង់ថា ជាលើកដំបូងដែលខ្ញុំបានជួប ជាមួយកម្មករ/ការិនី ដែលជាជនពិការ។ ដែលនេះក៏ជាសូចនាករតាមដានមួយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាក្រសួងសង្គមកិច្ច អតីតយុទ្ធជន ទាក់ទងនឹងបញ្ហាការទទួលយកនូវជនពិការចូលទៅក្នុងការងារ (ក្នុង)ក្របខណ្ឌរដ្ឋត្រូវទទួល ២% ឯវិស័យឯកជនត្រូវទទួល ១%។ ប៉ុន្តែយើងមិនទាន់បានអនុវត្តទាំង​ស្រុងនោះទេ។ តែថ្ងៃនេះ ហោចណាស់ក៏បង្ហាញពីវឌ្ឍនភាពមួយ ដែលយើងបានឃើញថា កម្មករ/ការិនី (ពិការ)មកកាន់ទីនេះ ហើយខ្ញុំក៏បានសួរអំពីប្រាក់ចំណូល គឺបានជាង ២០០ ដុល្លារសហរដ្ឋអាមេរិក។ អាចចាត់ទុកថា នេះជាផ្នែកមួយដ៏សំខាន់នៅក្នុងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះជនពិ ការរបស់យើង។ ដែលកុំអោយវាមានគម្លាតរវាងអ្នកដែលមិនពិការ និងអ្នកដែលពិការ។

កន្សែងក្រហម បទចម្រៀងទាក់ទងនឹងកម្មករ

អម្បាញ់មិញ មានការអាណិតទៅដល់អ្នកលេងភ្លេង។ លេងភ្លេង គេលេងម្ដងតែប៉ុន្មាននាទីគេឈប់ ប៉ុន្តែ លេងនេះ គឺលេងទៅដល់ជាងមួយម៉ោង។ … ថ្ងៃនេះ បានដឹងគឺមានអ្នកចម្រៀងម្ចាស់បទ «កន្សែង​ក្រ​ហម» ដែលទាក់ទងជាមួយនឹងកម្មករតែម្ដង។ គឺវត្តមានរបស់កញ្ញា ទៀង មុំសុទ្ធាវី ម្ចាស់បទ «កន្សែង​ក្រ​ហម» ដែលទើបនឹងនិពន្ធបានពីរថ្ងៃប៉ុណ្ណោះ ហើយយកមកច្រៀងកំដររោងនៅទីនេះតែម្ដង ជាមួយនឹង​ក្រុម​តន្រ្តីសម័យ ដែលចេះច្រៀងយ៉ាងច្រើននូវបទទាក់ទងនឹងបទរបស់ខ្ញុំ។ មានបទទាក់ទងនឹងកម្មករ​ដោយ​ឡែក និងមានអ្នកចម្រៀងខុសគ្នាច្រៀងជូនសម្រាប់អោយកម្មករ/ការិនីរបស់យើង ព្រោះជាដំ​ណើរ​ដើរ​មិនឈប់។

ហេតុអ្វីត្រូវមានជំនួប ៣ ថ្ងៃ?

ថ្ងៃនេះ ពិតជារីករាយដែលខ្ញុំបានធ្វើដំណើរជាបន្តទៀត ហើយក្នុងសប្តាហ៍នេះ យើងត្រូវធ្វើពីរថ្ងៃ។ ថ្ងៃនេះ​គឺ​ថ្ងៃជួបជុំជាមួយនឹងកម្មករ/ការិនីចំនួនជាង ១៥ ០០០ នាក់ មកពី ១៣ រោងចក្រ។ ហើយនៅថ្ងៃអាទិត្យ ពូនឹងត្រូវជួបជាមួយនឹងប្រធានក្រុម ប្រធានផ្នែក ប្រធានរដ្ឋបាល និងជំនួយការដទៃទៀត។ ហើយការ​ជួប​ជុំ​នេះ ក៏សូមបញ្ជាក់ថា យើងមានជំនួបរហូតទៅដល់ ៣ (ថ្ងៃ) ក្នុងមួយសប្ដាហ៍ ក៏ប៉ុន្តែពេលខ្លះ យើងអត់​បាន​ធ្វើ​ ពេលខ្លះយើងធ្វើរហូតដល់ ៣ ពេលខ្លះយើងធ្វើបាន ២ ពេលខ្លះយើងធ្វើបាន ១ ដោយសារ​កម្ម​វិធី​របស់​ពូក៏មានច្រើនណាស់ដែរ។

ហេតុអ្វីទៅបានជាយើងត្រូវធ្វើរហូតដល់ ៣ (ថ្ងៃ)? ប្រសិនបើមានការជួបជុំបែបនេះ បន្ទាប់ទៅយើងទៅសួរ​សុខ​ទុក្ខទៅតាមរោងចក្រ ពេលវេលាមិនគ្រប់ទេ ដើម្បីអោយយើងពិនិត្យមើលអំពីខ្សែផលិតកម្ម ចង្វាក់​ផលិត​​កម្មរបស់រោងចក្រ។ វាក៏មិនគ្រប់គ្រាន់សម្រាប់ពេលវេលារបស់កម្មករក្នុងការទទួល​ទានអាហារ​នៅ​ពេលថ្ងៃត្រង់នោះដែរ។ ដូច្នេះហើយ បានជាយើងត្រូវរើសមួយពេលទៀត។ (រើសយក)ថ្ងៃអង្គារ៍ ឬថ្ងៃសុក្រ ប្រសិនបើថ្ងៃសុក្រ ប្រជុំគណៈរដ្ឋមន្រ្តី យើងត្រូវយកថ្ងៃអង្គារ៍។ ហើយប្រសិនបើថ្ងៃសុក្រ មិនមានការ​ប្រជុំ​គណៈរដ្ឋមន្រ្តីទេ យើងអាចជ្រើសរើសយកថ្ងៃសុក្រ ធ្វើជាថ្ងៃទៅសួរសុខទុក្ខទៅតាមរោងចក្រ។ ឯមួយផ្នែក​ទៀត នៅទីនេះ ក្មួយៗដែលជាប្រធានផ្នែក ប្រធានក្រុម ប្រធានរដ្ឋបាល និងជំនួយការ ក៏ធ្លាប់បាន​ទៅ​ជួប​ពូ​ចំនួន ៧២១ នាក់ ដូចដែលឯកឧត្តម រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អ៊ិត សំហេង បានផ្ដល់នូវរបាយការណ៍អម្បាញ់មិញរួចហើយ។

ហេតុអ្វីបានជាត្រូវមានជំនួបកម្មករបែបនេះ?

ហេតុអ្វីបានជាយើងត្រូវមានជំនួបបែបនេះ? បញ្ហានេះ វាទាក់ទងជាមួយនឹងសុខដុមនីយកម្មនៅតាម​បណ្ដា​រោងចក្រ ព្រោះថា ក្មួយៗដែលជាមេក្រុម មេផ្នែក ឬប្រធានរដ្ឋបាល សុទ្ធតែមានការទទួលខុសត្រូវ ជា​ការគ្រប់គ្រងប៉ុន្មាននាក់ តាមការកំណត់របស់រោងចក្រ។ ប្រសិនបើមានការឥរិយាបទណាមួយ ដែល​មិន​ស៊ីសង្វាក់គ្នារវាងអ្នកគ្រប់គ្រង ថ្នាក់ប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ជាមួយនឹងកម្មករ វាមិន​អាច​ធ្វើអោយនៅក្នុងរោងចក្រនោះមានសេចក្ដីសុខបានទេ។ ដូច្នេះហើយ បានជាមានជំនួប​ដាច់ដោយ​ឡែក​ផង និងមានជំនួបរួម ដែលថ្ងៃនេះ ក៏ក្មួយៗកម្មករ/ការិនី ដែលជាអ្នកដឹកនាំទាំងនោះ​ក៏មកជួបជុំគ្នា​នៅ​ទី​នេះផងដែរ។

ផ្ដល់នូវសេចក្ដីស្រឡាញ់យ៉ាងកក់ក្ដៅ

ខ្ញុំសុំយកឱកាសនេះ ថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះក្មួយៗ ដែលបានផ្ដល់នូវសេចក្ដីស្រឡាញ់​រាប់​អាន​ចំពោះពូ។ ពូមានអារម្មណ៍ថា ភាពកក់ក្ដៅដែលក្មួយបានផ្ដល់ចំពោះពូនេះ ក៏វាបង្ហាញអោយឃើញ​អំពី​ការយល់ដឹងរបស់ក្មួយៗ ហើយមិនមែនត្រឹមតែក្មួយៗប៉ុណ្ណោះទេ ក៏ប៉ុន្តែការយល់ដឹងនេះ វាមានតាំង​ពី​ជំ​នាន់ជីដូនជីតា ឪពុកម្ដាយរបស់ក្មួយៗឯណោះ។ ក្មួយៗមិនមែនស្គាល់ពូទើបនឹងថ្ងៃនេះទេ ក៏ប៉ុន្តែតាម​រយៈ​តាំងពីក្មួយៗដឹងក្ដីមក ក្មួយបានស្គាល់ពូរួចស្រេចទៅហើយ បន្ថែមទៅដោយការចូលរួមចំណែក​របស់​ជី​ដូនជីតា ឪពុកម្ដាយរបស់ក្មួយៗ កាលពីអតីតកាលនោះ ក៏បានបង្កើតទៅជាមនោសញ្ចេតនា​មួយរវាង​មេ​ដឹកនាំ ជាមួយនឹងកម្មករ/ការិនី ដែលជាក្មួយៗផ្ទាល់ និងក្រុមគ្រួសាររបស់ក្មួយៗផ្ទាល់។

អារម្មណ៍បែបនេះ ក៏បានធ្វើអោយពូមានទឹកចិត្ត ហើយយល់ដឹងថា ក្មួយៗមិនបានផ្ដាច់ខ្លួនចេញ​ពី​ចលនា​របស់ជីដូនជីតា ឪពុកម្ដាយ និងចលនារបស់ក្មួយៗជាមួយនឹងរាជរដ្ឋាភិបាល ដែលបានចេញដំណើរជា​មួយ​គ្នា នៅក្នុងពេលដែលមានការលំបាកយ៉ាងខ្លាំងនៅក្នុងឆ្នាំ ១៩៧៩ នោះ។ ត្រូវហើយ យកក្មួយៗពិ​ការអង្គុយម្ខាងណោះ បានកន្លែងគ្រាន់នឹងជ្រក ប៉ុន្តែបន្តិចទៀត ថ្ងៃនឹងប៉ះចំអ្នកមានផ្ទៃពោះហ្នឹងតែម្ដង។ បន្តិចទៀតឡើងផុត ត្រជាក់វិញហើយ។

ថ្ងៃនេះ ក្មួយៗចំនួន ៤៩១ នាក់ បន្តិចទៀត យើងនឹងជួបគ្នាតាមនេះ។ នេះក៏មានចំណុចទាក់ទងនឹងពូ​ត្រូវ​និយាយបន្ថែមនៅថ្ងៃនេះផងដែរ អាចថាក្មួយៗបានដឹងរួចមកហើយ អំពីគោលនយោបាយទាំងឡាយ ទាក់ទងជាមួយនឹងកម្មការិនីដែលមានផ្ទៃពោះ រាប់ទាំងកម្មវិធីសាច់ប្រាក់សម្រាប់ការផ្ដល់អោយ​កម្មការិនី​ដែល​ឆ្លងទន្លេផងដែរ។ កន្លងទៅនេះ យើងបានប្រឹងប្រែងខ្លាំងណាស់ ដើម្បីនាំមកនូវវឌ្ឍនភាព​សម្រាប់​ថ្ងៃ​នេះ។ អ្នកខ្លះ ខ្ញុំចេះតែឆ្ងល់ថា គេអាចនិយាយទៅកើត ពីបញ្ហាតើកម្ពុជាធ្វើទៅកាន់តែក្រទៅៗ? តែពូមិន​យល់​ទេថា តើមានការក្រឯណា លើសពីការក្រនៅឆ្នាំ ១៩៧៩ ក្រោយពីយើងចេញពីរបប ប៉ុល ពត ទៅ​ទៀត? ប៉ុន្តែនេះជាសេរីភាពនៃការនិយាយរបស់ពួកគេ។ សូម្បីតែពួកគេផ្ទាល់ដែលជាអ្នកនិយាយ ក៏ស្ថាន​ភាព​ជីវភាពរបស់ពួកគេមានការខុសប្លែកពីឆ្នាំ ១៩៧៩ រួចទៅហើយ​។

ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងវិស័យឧស្សាហកម្ម

ឥឡូវនេះ ថ្ងៃនេះគឺថ្ងៃទី ១៣ ខែធ្នូ នៅសល់តែ ១៧ ថ្ងៃ ឬ ១៨ ថ្ងៃទៀត ដោយសារខែនេះ គឺជាខែ(មាន) ៣១ ថ្ងៃ។ អញ្ចឹងនៅសល់ ១៨ ថ្ងៃទៀតតែប៉ុណ្ណោះ ក្មួយៗកម្មករ/ការិនី ដែលមានប្រាក់ឈ្នូលអប្បបរមា ដែល​កំពុងអនុវត្ត ១៥៣ ដុល្លារសហរដ្ឋអាមេរិក នឹងឡើងទៅដល់ ១៧០ ដុល្លារសហរដ្ឋអាមេរិក ចាប់ពី​ថ្ងៃ​ទី ១ ខែមករា តទៅ។ ទម្រាំមានពេលនេះ យើងបានប្រឹងប្រែងងើបឈរឡើងជាមួយនឹង​ប្រាក់ឈ្នួលតិច​តួច​កាលពីអតីតកាល។ គ្រាន់តែត្រឹមគិតនៅក្នុងរង្វង់ឆ្នាំ ១៩៩៧ ពេលនោះ យើងមានរោងចក្រត្រឹមតែ ៦៤ រោងចក្រតែប៉ុណ្ណោះ ជាមួយនឹងកម្មករ​/ការិនីប្រមាណជា ៨២ ០០០ នាក់។ ប្រាក់ឈ្នួលពេលនោះ គិត​ត្រឹមឆ្នាំ ១៩៩៧ មានត្រឹមតែ ៤០ ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ ប៉ុន្តែក៏នៅមានប្រាក់ឈ្នួល​មុន​ឆ្នាំ ១៩៩៧ ពេលនោះ រៀមច្បងរបស់ក្មួយៗទាំងឡាយ ដែលធ្វើការនៅពេលនោះ បានទទួល(ប្រាក់​ឈ្នូល)​ត្រឹមតែ ៣៥ ដុល្លារ ឬ ៣៦ ដុល្លារសហរដ្ឋអាមេរិក ក្នុងពេលដែលប្រទេសមីយ៉ាន់ម៉ា មានប្រាក់បៀ​វត្ស​កាលពីពេលនោះ ត្រឹមតែ ២៥ ដុល្លារសហរដ្ឋអាមេរិក នៅពេលតែខ្ញុំទស្សនកិច្ចនៅឆ្នាំ ១៩៩៧ នៅ​សហ​ភាពមីយ៉ាន់ម៉ា។

យើងបានប្រឹងប្រែងរួមគ្នាដើម្បីធ្វើអោយមានវឌ្ឍនភាពឡើង ពីរោងចក្រចំនួន ៦៤ រោងចក្រ មកដល់ជាង ១ ១០០ រោងចក្រ ហើយជាមួយនឹងប្រាក់ឈ្នួលអប្បបរមាពី ៤០ ដុល្លារ ឡើងមកដល់ ១៥៣ ដុល្លារ និង​នៅ​សល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ ក្មួយៗនឹងទទួលបាននូវប្រាក់ឈ្នួលអប្បបរមារហូតទៅដល់ ១៧០ ដុល្លារ បូកនឹងអត្ថប្រយោជន៍ដទៃទៀត ក្មួយៗទទួលបាននូវប្រាក់ចំណូលក្នុងមួយខែមិនតិចជាង ២០០ ដុល្លារសហរដ្ឋអាមេរិកទេ។ ចាត់ទុកថា នេះជាផ្នែកដ៏សំខាន់ ដែលក្មួយៗត្រូវក្ដាប់អោយជាប់នូវការងារ និង​ប្រាក់ចំណូលដែលយើងមានរួចមកហើយ។ ក្មួយៗត្រូវចងចាំថា ដើម្បីមានថ្ងៃនេះ សម្រាប់ក្មួយៗ គឺ​មិន​មែនកើតឡើងដោយចៃដន្យ ឬទេវតាទំលាក់ពីលើមេឃមកអោយក្មួយៗទេ។ ក៏ប៉ុន្តែវាបានចេញមកពី​ការ​ខិត​ខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា។ ពូនិយាយពាក្យថា របស់យើងទាំងអស់គ្នា។ មិនមែនជារបស់​ដាច់​ដោយ​ឡែក​របស់តួអង្គណាមួយនោះទេ។

មុំបីក្នុងវិស័យឧស្សាហកម្ម

ដោយឡែកតែវិស័យឧស្សាហកម្មនៅទីនេះ ដែលយើងកំពុងតែអនុវត្តនូវនយោបាយឧស្សាហកម្ម ២០១៥-២០២៥។ ប្រៀបដូចជាមុំចង្រ្កានដែលមានបង្គោលបី ដែលមានមុំបី។ ដែលពូចាត់ទុកថា ជាមុំចង្រ្កាន​សុវត្ថិ​ភាព ជាមុំចង្រ្កាននៃប្រាក់ចំណូល ជាមុំចង្រ្កាននៃកំណើនសេដ្ឋកិច្ចនៅក្នុងវិស័យឧស្សាហកម្ម​របស់​យើង។ តួអង្គនោះ មានក្មួយៗជាកម្មករ ជាតួអង្គមួយ ជាមុំចង្រ្កានមួយ។ អ្នកវិនិយោគទុនទាំងឡាយ គឺ​ជាតួអង្គមួយផ្សេងទៀត ព្រោះថា បើសិនជាមានតែអ្នកវិនិយោគ អត់កម្មករ អ្នកនោះមិនអាចក្លាយទៅជា​ថៅកែ​បានទេ គ្រាន់តែមានរោងចក្រ ប៉ុន្តែគ្មានកម្មករ។ ឯក្មួយៗជាកម្មករ បើគ្មានរោងចក្រទេ ក្មួយៗក៏គ្មាន​ការ​ងារធ្វើដែរ។ ពេលនេះ ម៉ោងនេះ ប្រហែលជាក្នុងរដូវចម្រូតនេះ ​និងរដូវប្រមូលផលក្នុងវិស័យកសិកម្ម ក្មួយៗកំពុងស្ថិតនៅជាមួយឪពុកម្ដាយ និងក្រុមគ្រួសារ ក្នុងការធ្វើ(ការងារ)ក្នុងវិស័យកសិកម្មទៅវិញទេ។ ប៉ុន្តែមានតួអង្គមួយទៀត ដែលមុំចង្រ្កានទី ៣ នោះគឺតួអង្គរបស់រដ្ឋ។ តួអង្គនេះ ដើរតួនាទីកំណត់សម្រេច​ជោគ​វាសនាសម្រាប់តួអង្គ ២ ផ្សេងទៀត។

ពិតមែនហើយ បើទោះបីមានរដ្ឋ ប៉ុន្តែគ្មានវិស័យឯកជន និងគ្មានកម្មករទេ ក៏រដ្ឋនេះសិ្ថតនៅក្នុងស្ថានភាព នៃរដ្ឋ ដែលមិនអាចមានការគាំទ្រពីសំណាក់អ្នកវិនិយោគ ហើយក៏គ្មានការគាំទ្រពីកម្មករ/ការិនីផងដែរ។ រដ្ឋ​ពិតជាមានតួនាទីសំខាន់ ដើម្បីនាំមកនូវអ្វីៗសម្រាប់ក្មួយៗនៅថ្ងៃនេះ។ បង្កលក្ខណៈអោយវិស័យឯក​ជន​ និងបង្កលក្ខណៈអោយក្មួយៗជាកម្មករ/ការិនីមានលទ្ធភាពអាចរកការងារធ្វើ និងទទួលបាននូវប្រាក់ចំ​ណូល ដែលពីមួយឆ្នាំទៅមួយឆ្នាំ ចេះតែមានកំណើនកើនឡើង ចាប់ពី ៤០ ដុល្លារសហរដ្ឋអាមេរិក ឡើង​មក​ដល់ ១៧០ ដុល្លារសហរដ្ឋអាមេរិក។

កិច្ចការ ៣ ដែលគណបក្សប្រជាជនបានធ្វើ

ការកើនឡើងនេះ ក៏សូមបញ្ជាក់ទៅក្មួយៗផងដែរថា មិនមែនកើនត្រឹមឆ្នាំ ២០១៨ ទេ ឆ្នាំ ២០១៩ នឹង​កើន, ឆ្នាំ ២០២០ នឹងកើន, ឆ្នាំ ២០២១ នឹងកើន និយាយរួមគឺកើនជារៀងរាល់ឆ្នាំតែម្ដង។ ក្រឡេក​មើល​មក​ក្រោយបន្ដិច ដើម្បីមានឱកាសថ្ងៃនេះ យើងបានធ្វើកិច្ចការច្រើនណាស់។ គណបក្សប្រជាជនបានលះ​បង់​ធំ​ធេងណាស់ ដើម្បី៖ ទី ១ ផ្ដួលរំលំរបប ប៉ុល ពត ដើម្បីសង្រ្គោះជីវិតជីដូនជីតា ឪពុកម្ដាយរបស់​ក្មួយៗ​អោយរស់រានមានជីវិត។ ហើយទី ២ ការទប់ស្ដាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត​។ ទី ៣ ការស្វែងរកសន្ដិភាព ដើម្បីដំណើរការបង្រួបបង្រួមជាតិ តាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយ បន្ទាប់ទៅយើងដាក់ចេញនូវការអនុវត្តនយោបាយឈ្នះឈ្នះ ដែលនាំមកនូវការឯកភាពទឹកដីដំបូង​ដែល​នាំមកជាប្រវត្តិសាស្ត្រជាតិរបស់យើង ដែលមុននេះទឹកដីនៃប្រទេសកម្ពុជា ប្រទេសមួយមានតំបន់​ត្រួត​ត្រា​ច្រើន កម្លាំងប្រដាប់អាវុធច្រើន ប្រខាំគ្នាមិនចេះចប់។ ប៉ុន្តែយើងបានខិតខំ ដើម្បីស្វែងរកធ្វើឲ្យមាន​ឯក​ភាពជាតិជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ បើមិនរាប់រយឆ្នាំទេ ក៏វារាប់សិបឆ្នាំហើយដែរ។ ឱកាស​មាស ឱកាសពេជ្រ បានមកដល់សម្រាប់កម្ពុជារបស់យើង យើងបានខិតខំដើម្បីប្រើប្រាស់ឱកាសដែល​អនុ​គ្រោះ​ចេញមកពីសន្តិភាព និងការបង្រួបបង្រួមជាតិនេះ ដើម្បីអភិវឌ្ឍប្រទេសជាតិឡើងវិញ តាម​រយៈ​ការដាក់ចេញនូវគោលនយោបាយគ្រប់វិស័យ និងអនុវិស័យ។

ដាក់ចេញនូវគោលនយោបាយគ្រប់វិស័យ និងអនុវិស័យ

បើនិយាយពីវិស័យធំៗ គឺវិស័យកសិកម្ម ដែលពេលនេះគឺប្រជាជនកម្ពុជាអាចចាត់ទុកថា ជាប្រទេសមួយ​ដែល​ទទួលផលកសិកម្មក្នុងកម្រិតល្អលើសឆ្នាំមុនៗ ទាំងស្រូវវស្សា ទាំងស្រូវប្រាំង និងដំណាំកសិផល​ដទៃ​ទៀត។ តម្លៃក៏ចាប់ផ្តើមងើបឡើង ទាំងតម្លៃស្រូវ និងកសិផល។ ក្នុងវិស័យឧស្សាហកម្ម យើងបាន​ចេញ​ដំណើរជាជំហានៗ តាំងពីរាប់សិបរោងចក្រ ចូលមកដល់រាប់ពាន់ រាប់ម៉ឺនសហគ្រាស។ ដោយឡែក​តែ​ក្នុង​វិស័យឧស្សាហកម្មកាត់ដេរ ដែលមានជាង ១ ១០០ រោងចក្រ ក៏ប៉ុន្តែសហគ្រាសទាំងអស់ដែល​បាន​ចុះបញ្ជីមានចំនួនរហូតទៅដល់ ១១ ០០០ សហគ្រាសឯណោះ ជាមួយនឹងកម្មកររាប់លាននាក់ ដែលកំពុងមានការងារធ្វើ និងកំពុងទទួលបាននូវប្រាក់ចំណូល។ ក្នុងវិស័យសេវា យើងបានប្រឹងប្រែងធ្វើ​ឲ្យ​កើត​មាននូវសេវាច្រើនផ្នែកក្នុងហ្នឹង អនុសេវាទៅលើវិស័យទេសចរណ៍ ឆ្នាំទៅយើងមានទេសចរចំនួន ៥ ៥០០ ០០០ នាក់ ឆ្នាំនេះរំពឹងថានឹងមានកំណើនទេសចរណ៍ប្រមាណ ៥ ៦០០ ០០០ នាក់ ហើយ​ដែល​បានដឹងហើយថា ថ្ងៃមុននេះ គឺខាងផ្នែកទេសចរណ៍របស់អឺរ៉ុបក៏បានប្រគល់នូវគោរម្យងារមួយថា អគ្គរដ្ឋទូតសុច្ឆន្ទៈ ស្តីអំពីបញ្ហាទេសចរណ៍នោះ។ យើងធ្វើពីសូន្យទេសចរ ទៅកាន់ជាង ៥ លានទេសចរ មិនមែនជាបញ្ហាលេងសើចទេ។ ប្រទេសមួយដែលគ្មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ គ្មានសុវត្តិភាព គ្មានសន្តិសុខគ្រប់គ្រាន់ មិនអាចមានជោគជ័យក្នុងវិស័យទេសចរណ៍បានទេ។

… ឥឡូវនេះ គ្រាន់តែពីបញ្ហាការដូរប្រាក់ ការផ្ទេរប្រាក់ ក៏វាស្រួលណាស់សម្រាប់ក្មួយៗសព្វថ្ងៃនេះ។ នេះក៏​ជា​ផ្នែក​សេវាដែរ ដែលយើងបានប្រឹងប្រែង។ ឥឡូវ គេចូលចិត្តផ្ទេរប្រាក់ទៅតាមវីង ដូច្នេះមិនបាច់ថា​បាន​លុយ​ហើយ យកលុយហ្នឹងជិះឡានតាក់ស៊ីទៅដល់ផ្ទះ។ អត់ផងហ្នឹង។ គ្រាន់តែបញ្ជូលលុយនៅនេះ គេ​ផ្ញើ​តាមលេខទូរស័ព្ទទៅនោះ។ ហ្នឹងហើយក៏ជាប្រភេទនៃសេវាដែលផ្តល់ភាពអនុគ្រោះឲ្យក្មួយៗ។ មានសេ​វា​ដទៃទៀត រាប់ទាំងពីសេវាបង់ពន្ធ សេវាស្អីៗ វាមានរឿងច្រើនណាស់ទាក់ទងនឹងសេវានេះ។ ដូច្នេះចំ​ណែក នៃការលូតលាស់របស់យើង យើងមានចំណែកក្នុងវិស័យកសិកម្ម យើងមានចំណែក​ក្នុងវិស័យ​ឧស្សា​ហកម្ម យើងមានចំណែកក្នុងវិស័យសេវា ហើយដែលក្នុងហ្នឹងគ្រប់ផ្នែកសុទ្ធតែមានការលូតលាស់។

ប៉ុន្មានថ្ងៃនេះជា​បន្តបន្ទាប់ ទាំងធនាគារពិភពលោក ទាំងធនាគារអភិវឌ្ឍន៍អាស៊ី នៅតែមានការវាយ​តម្លៃ​ដោយ​សុទិដ្ឋិនិយម អំពី កំណើនសេដ្ឋកិច្ច និងភាពរឹងមាំរបស់កម្ពុជា សម្រាប់ឆ្នាំនេះក៏ដូចជាឆ្នាំខាងមុខ។ អតិផរណានៅមានកម្រិតទាប ដែលនៅក្រោម ៤% ឬក៏ក្រោ​ម ៣,៥% ដែលជាអតិផរណាមិនធ្វើឲ្យ​ជ្រួល​ច្រ​បល់នៅក្នុងទីផ្សារកម្ពុជានោះទេ។ ក្រឡេកមើលទៅក្នុងអត្រាប្តូរប្រាក់ លើកលែងតែក្នុងរយៈពេលមួយ​ដែល​អត្រាប្តូរប្រាក់ ប្រាក់រៀលមានការចុះថ្លៃ ប៉ុន្តែក្នុងរង្វង់តែ ២ ខែប៉ុណ្ណោះ ឯ ១០ ខែផ្សេងទៀត ប្រាក់​រៀល​គឺឡើងថ្លៃលើសការកំណត់ក្នុងច្បាប់ថវិកា ដែលស្មើនឹង ​៤ ០៥០ ប៉ុន្តែម្សិលមិញដូចជា ៤ ០៣៩ រៀល​តែប៉ុណ្ណោះ។ ឯកឧត្តម ជា ចាន់តូ ត្រូវចំណាំមានតែ ២ ខែទេ ដែលអត្រាប្រាក់រៀលរអិលទៅក្រោម ៤ ០៥០ ប៉ុន្តែ ១០ ខែផ្សេងទៀត គឺនៅលើ ៤ ០៥០។

ហេតុអ្វីបានជាកម្ពុជាអនុញ្ញាតឲ្យមានរូបិយប័ណ្ណច្រើនប្រើនៅក្នុងប្រទេស?

ចំណុចនេះគឺការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចល្អ វាធានាឲ្យក្មួយៗទាំងឡាយ វាធានាឲ្យប្រជាពលរដ្ឋរបស់យើង ដែលមានប្រាក់ចំណូល រក្សាបានកម្លាំងទិញនៃប្រាក់រៀល រក្សាបានកម្លាំងទិញនូវរូបិយប័ណ្ណដទៃទៀត។ បញ្ហានេះ មានអ្នកខ្លះបានចោទជាសំណួរថា ហេតុអ្វីបានជាកម្ពុជាអនុញ្ញាតឲ្យមានរូបិយប័ណ្ណ​ច្រើនប្រើ​នៅ​ក្នុងប្រទេសកម្ពុជា? ចម្លើយត្រឡប់ទៅវិញ ស្ថានភាពរបស់កម្ពុជាត្រូវអនុវត្តតាមបែបនេះ ល្អជាងប្រើ​រូបិយ​ប័ណ្ណតែមួយ។ នេះជាទិដ្ឋភាពដាច់ដោយឡែកនៃកម្ពុជា ហើយនៅលើពិភពលោកនេះក៏មានតែ​កម្ពុជា​ផងដែរ ដែលជាប្រទេសនៅចុងសត្សវត្សរ៍ទី ២០ បែរជាប្រទេសគ្មានប្រាក់ចាយតែម្តង គ្មានផ្សារ គ្មាន​សាលារៀន គ្មានមន្ទីរពេទ្យ គ្មានការផ្លាស់ប្តូរទំនិញ។

ក្រោយរំដោះឆ្នាំ ១៩៧៩ យើងបានប្រើប្រាស់មធ្យោបាយដើម្បីទូទាត់ គឺរវាងរបស់ និងរបស់។ អ្នកមានត្រី ត្រូវ​ដូរ​ជាមួយអ្នកមានអង្ករ អ្នកមានអង្ករ ត្រូវទៅដូរជាមួយនឹងសាច់ក្រណាត់។ យើងបានបោះក្រដាស​ប្រាក់​ចាយ​នៅឆ្នាំ ១៩៨០ ឯណេះ ក៏មានតែកម្ពុជាមួយគត់នៅលើពិភពលោក ដែលកើតរឿងសោកនាដ​កម្មនៅក្នុងសត្សវត្សរ៍ទី ២០ ដែលប្រជាជន ៧ នាក់ ត្រូវសម្លាប់អស់ ៣ នាក់។ គឺប្រជាជនត្រូវបានសម្លាប់ ការបំផ្លិចបំផ្លាញធំខ្លាំងណាស់ ទីក្រុងភ្នំពេញគ្មានមនុស្សនៅទេ ហើយនៅតំបន់នេះ សូម្បីតែ ឆ្នាំ ២០០០ ហើយ តំបន់នេះគឺជាតំបន់ដាច់ស្រយាលនោះទេ ពូធ្លាប់ធ្វើដំណើរតាមហ្នឹង ព្រោះតារាងកូនហ្គោលនេះ កប់ស្រូវវាមិននៅឆ្ងាយប៉ុន្មានទេ។ គ្រាន់តែពីផ្លូវជាតិលេខ ៤ ទៅតារាងកូនហ្គោលនេះ អត់មានផ្លូវ​ចាក់​កៅ​ស៊ូទេ។ កាលជំនាន់នោះផ្លូវក្រាលគ្រួស​ក្រហមតើ។

ខ្ញុំប្រឹងថា ឲ្យចាក់ផ្លូវហ្នឹងបានមួយ​ខ្សែទៅ​ត្រឹម​មជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់ថៃ។ ប៉ុន្តែ ឥឡូវយើង​បាន​ត​ភ្ជាប់អាហ្នឹងទៅនោះ ដល់ស្ពានព្រែកព្នៅ ឥឡូវប្រសិទ្ធិនាមឲ្យថាជា មហា​វិថីឈ្នះឈ្នះ។ អញ្ចឹងទេ សូម្បី​តែឆ្នាំ ២០០០ ហើយ តំបន់នេះមិនមែនជាតំបន់រោងចក្រទេ មានរោងចក្រមួយ ចំនួននៅខាងក្នុង ដែលពូ​ធ្វើ​ដំណើរ ហើយចេះតែផ្តល់អនុសាសន៍។ ពេលនោះក្មួយៗចេះតែចេញមកទទួល​ទានអាហារនៅតាមផ្លូវ។

ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកទន់ និងរឹង/ពង្រាយរោងចក្រទៅតាមមូលដ្ឋាន

ឥឡូវស្ថានភាពវាបានប្រែប្រួលយ៉ាងដូច្នេះ តាមរយៈនៃការខិតខំរបស់យើង ស្វែងរកសន្តិភាព ហើយខិតខំ​កសាង​នូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្នែករឹង ដែលរួមមានផ្លូវ មានកំពង់ផែ មានអា​កាស​យានដ្ឋាន មានអគ្គិសនី និងមានផ្នែកដទៃទៀត បម្រើឲ្យការទាក់ទាញវិនិយោគ។ ប៉ុន្តែ យើងក៏បាន​ខិត​ខំកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ ទាក់ទងនឹងការកសាងច្បាប់ ទាក់ទងនឹងលិខិតបទដ្ឋាននានា ហើយជាពិសេស គឺការបណ្តុះបណ្តាលធនធានមនុស្ស ដែលមុននេះ ក្មួយៗនៅតាមតំបន់ជនបទ ក៏ធ្លាប់​បាន​ឃើញសាលាជាច្រើន ពង្រាយនៅតាមមូលដ្ឋាន ដើម្បីឲ្យក្មួយៗមានលទ្ធភាពដើម្បីនឹងទទួលបាន​នូវ​ការ​អប់រំនូវចំណេះដឹងទូទៅ។ ឥឡូវនេះមានខេត្តមួយចំនួន រោងចក្របានទៅដល់ មិនចាំបាច់ក្មួយ​ៗ​ទាំងនោះមកធ្វើការនៅទីក្រុងភ្នំពេញទេ ដូចជានៅខេត្តស្វាយរៀង ខេត្តព្រះសីហនុ ខេត្តបន្ទាយមានជ័យ និងខេត្តខ្លះផ្សេងទៀត ដែលមានរោងចក្របានទៅដល់។ ខេត្តកណ្តាលដែលមានរោងចក្រ 7NG នោះ ក៏​មានកម្មករដល់ទៅរាប់ម៉ឺននាក់ ដែលនៅទីនោះកំពុងធ្វើការនៅទីនោះ។

វត្តមានរោងចក្រទាំងនេះ ជាការចាំបាច់​ផ្តល់ឱកាសការងារធ្វើសម្រាប់ប្រជាពលរដ្ឋរបស់យើង។ រាជរដ្ឋា​ភិ​បាល​តាមរយៈការដឹកនាំរបស់គណបក្សប្រជាជន បានប្រឹងប្រែងខ្លាំងណាស់ សុំក្មួយៗចាំឲ្យបានច្បាស់ថា អ្វីដែលបាន និងកំពុងកើតនៅលើទឹកដីកម្ពុជា ក្មួយៗកំពុងមានការងារធ្វើ និងប្រាក់ចំណូល មិនមែនបាន​មក​ពីការបង្ខិតបង្ខំរបស់អ្នកណា ជាពិសេសបក្សប្រឆាំង តែងតែអួតអាង។ ប៉ុន្តែបក្សប្រឆាំងតែងតែ​ទៅ​ប្រាប់​គេឯងថា កុំឲ្យផ្តល់ជំនួយដល់កម្ពុជា កុំទិញទំនិញពីកម្ពុជា និងកុំវិនិយោគមកកាន់កម្ពុជា។ ពួក​គេ​មិន​មែនទើបតែធ្វើថ្ងៃនេះទេ គេធ្វើយូរណាស់មកហើយ ធ្វើរហូតដល់យើងចាប់បានថាជាដំណើរការបដិវត្ត​ពណ៌​នៃការបំផ្លិចបំផ្លាញ​។ ដូច្នេះពួកគេត្រូវទទួលរងនូវទណ្ឌកម្ម ដែលមិនអាចលើកលែងឲ្យបានទេ។

បំបាត់ចោលបងធំក្នុងរោងចក្រ និងមិនឲ្យមានជារៀងរហូត

អ្វីដែលសំខាន់នៅថ្ងៃនេះ ពូពិតជាមានការរីករាយ ដោយសង្កេតឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ ការដោះ​ស្រាយ​បញ្ហានៅក្នុងចំណោមរោងចក្រសហគ្រាស ភាពសុខដុមរមនារវាងម្ចាស់រោងចក្រ និងកម្មករ/ការិនី រវាងអ្នកដឹកនាំគ្រប់កម្រិតជាមួយកម្មករ/ការិនី កាន់តែល្អទៅៗ។ នេះហើយគឺជាជោគជ័យនៃការអនុវត្ត​នយោ​បាយ ទាក់ទងទៅនឹងវិស័យការងារ ក៏ដូចជាជម្រុញនូវផលិតកម្ម និងជម្រុញសម្រាប់ការនាំចេញ​ផង​ដែរ។ ខ្ញុំសុំយកឱកាសនេះ អរគុណកោតសរសើរចំពោះម្ចាស់រោងចក្រ កោតសរសើរចំពោះបណ្តា​សហ​ជីព កោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់កម្រិត កោតសរសើរចំពោះកម្មករ/ការិនីរបស់យើង ហើយ​ដែល​ឥឡូវនេះ ស្ថានភាពបងធំប្រចាំរោងចក្រមិនត្រូវមាន បានហាក់ដូចជាដល់ទីបញ្ចប់ទៅហើយ។ អ្វី​ទៅ​ដែល​ហៅថាបងធំនៅតាមរោងចក្រ? ហើយរឿងនេះវាធ្លាប់កើត ឥឡូវវាបានបាត់ទៅហើយ តែមិនត្រូវឲ្យវា​កើត​ត្រឡប់មកវិញទេ។

បងធំនៅតាមរោងចក្រនៅត្រង់ថា រោងចក្រមួយមានកម្មករ ១ ពាន់នាក់ ប៉ុន្តែមានអ្នកធ្វើកូដកម្ម ៥០ នាក់​ប៉ុណ្ណោះ ឯ ១ ពាន់នាក់ផ្សេងទៀតត្រូវចូលធ្វើការ។ ៥០ នាក់ តាំងខ្លួនជាបងធំ ទៅរារាំងកម្មករដទៃទៀត មិនឲ្យចូលធ្វើការទេ។ នេះហើយជាស្ថានភាពបងធំនៅតាមរោងចក្រ ដែលមិនត្រូវឲ្យមានជាបន្តទេ។ យើង​ទាំងអស់គ្នាគោរពសិទ្ធិអ្នកធ្វើកូដកម្ម ៥០ នាក់នេះ ប៉ុន្តែអ្នកធ្វើកូដកម្ម ៥០ នាក់នេះ ក៏ត្រូវគោរពសិទ្ធិ ១ ពាន់នាក់ ដែលចង់ធ្វើការ។ មិនអាចលូកលាន់គ្នាបានទេ ហើយមិនត្រូវឲ្យមានស្ថានភាពបែបនេះ​កើត​ឡើង​សាជាថ្មីនោះទេ ហើយចាំទុកចុះ បងធំនៅតាមរោងចក្រតែងមានបង្អែកបក្សប្រឆាំងនៅក្រោយខ្នង នេះនិយាយឲ្យចំ ឬក៏សហជីពមាននិន្នាការប្រឆាំង។

ការយោគយល់គ្នារវាងម្ចាស់រោងចក្រ និងកម្មករកាន់តែល្អ ដោះស្រាយបញ្ហាដោយសន្តិវិធី

ប៉ុន្តែឥឡូវនេះ រឿងបែបនេះ នៅពេលដែលក្មួយៗកម្មករ/ការិនីកាន់តែយល់ ហើយការយោគយល់គ្នា​រវាង​ម្ចាស់​រោងចក្រ ហើយការដោះស្រាយបញ្ហាកាន់តែយល់ កាន់តែរហ័ស គឺបានធ្វើឲ្យការយោគយល់គ្នានេះ កាន់តែល្អប្រសើរ។ ខ្ញុំនៅតែមានសំណូមពរសម្រាប់ម្ចាស់រោងចក្រ ក៏ដូចជាអ្នកគ្រប់គ្រងទាំងឡាយ ផ្តល់​ការ​យោគយល់គ្នា និងដោះស្រាយបញ្ហាជាមួយគ្នា ប្រសើរជាងការដែលយើងបណ្តេញចេញ ដែលនាំទៅ​ដល់​ការធ្វើកូដកម្មតវ៉ា។ ប៉ុន្តែកម្មករ/ការិនីរបស់យើង ប្រើប្រាស់នូវវិធីដោះស្រាយដោយសន្តិវិធីជាមួយ​ម្ចាស់​រោងចក្រ ជាមួយអ្នកគ្រប់គ្រង វាប្រសើរជាងការធ្វើកូដកម្ម។ ចំណុចនេះវាជាចំណងទាក់ទង ដើម្បី​សេច​ក្តីសុខ នៅក្នុងរោងចក្ររបស់យើង។

ពេលនារីរើសប្តី បុរសខំកែខ្លួន

ឥឡូវនេះ យប់មិញនេះ បើតាមដឹងនៅខាងក្រៅរងារណាស់ ហើយក៏ឃើញក្មួយៗមួយចំនួនក៏សំណាងដែរ ការពិតកន្សែងហ្នឹងគាត់ដណ្តប់ ដល់ពេលព្រឹកគាត់យកមកបង់កបណ្តោយ។​ ខែរងារបានមកដល់ហើយ ហើយឥឡូវពូនៅតែនិយាយរឿងដដែល គេថា កម្មការិនីឥឡូវរើសប្តីណាស់ ត្រូវ! ក្មួយៗរើសប្តីត្រូវ ខ្ញុំចង់ បញ្ជូនសារម្តងហើយម្តងទៀតថា ការដែលកម្មការិនី ​ឬស្រី្តរបស់យើងរើសប្តីវាត្រូវ មិនមែនគ្រាន់តែសំដៅ​ទៅ​លើ​កម្មការិនីទេ សំដៅទៅលើស្ត្រីគ្រប់រូប។ រើសប្តីវាត្រឹមត្រូវ ទៅយកប្តីកើតអេដស៍យកមកធ្វើអី? ទៅ​យក​ប្តីសេពគ្រឿងញៀនយកមកធ្វើអី? ទៅយកប្តីដែលដើរលេងអាវ៉ាសែយកមកធ្វើអី? ទៅយកប្តីដែលផឹក​ស៊ី ឯងប្រឹងធ្វើការចង់ងាប់ មកដល់ផ្ទះវៃឯងទៀត។ ក្មួយៗរើសបន្តិចទៅ។ រើសបន្តិចទៅ ហើយនេះ​តាម​រយៈ​ការរើសប្តីរបស់ក្មួយៗ  ក៏មានចំណែកជួយដល់យុវជនដែរ។ យុវជនចាប់គិតថា នែ! អញតែធ្វើ​មិន​ស្រួល​ខូចឈ្មោះ គេអត់យកអញធ្វើប្តី។ អញ្ចឹងទេ ណែនាំក្មួយៗជាស្រ្តីឲ្យរើសប្តី ក៏ប៉ុន្តែ ទិសដៅ​ឆ្ពោះ​ទៅ​រក​យុវជនវិញទេ។ បុរសធ្វើមិនស្រួល ហើយកុំមកច្រៀងអី រំដួលចាកទង ឯណាណោះ អាហ្នឹង អ្នក​ចម្រៀង​បាន​ដឹង … អញ្ចឹងឯងធ្វើមិនស្រួលគេមិនយក មករអ៊ូថាសុទ្ធតែមាននេះ មាននោះ ឯងវាគ្មាន​ប្រាក់​ខែហ្នឹងគេ។ ចុះបើខ្លួនអត់ប្រាក់ខែមែន … ហើយមកវាយឯងទៀត។

កុំរើសអើងជនពិការ

ត្រឹមត្រូវហើយ ប៉ុន្តែ សុំក្មួយៗ កុំរើសអើងជាមួយនឹងយុវជនពិការនៅទីនេះ មានពិការជានារី ហើយមានពិ​ការ​ជាបុរស។ បុរសរបស់យើងក៏មិនត្រូវរើសអើងជាមួយនារីពិការដែរ ឯនារី ស្រ្តីរបស់យើងក៏មិនត្រូវរើស​អើងជាមួយនឹងជនពិការដែរ។ ការពិតទៅ ពូជាបុរសម្នាក់ ដែល​ពេលបាន​ប្រ​ពន្ធ ជាគ្រួសារសព្វថ្ងៃនេះ ពូ​បាន​ពិការភ្នែករួចស្រេចទៅហើយ។ ប៉ុន្តែ ជាភ័ព្វសំណាង ភរិយាពូបានទទួលពូធ្វើជាស្វាមី។ មានពេល​មួយ​មិត្តភក្តិ ដោយសារតែពូវះយកកែវភ្នែកចេញហើយ បានដាក់ភ្នែកកែវចូល មានមិត្តភក្តិបានមក​ជួយ​បញ្ចេះ​ថា ឯងប្រាប់គេទៅ ភ្នែករបស់ឯងគេមើលមិនដឹងថាឯងខូចភ្នែកទេ។ ប្រាប់គេទៅថាយើងអត់មាន​ខ្វាក់​ភ្នែក​ទេ។ បានប្រាប់ទៅវិញថាអត់ទេ យើងត្រូវប្រាប់គេត្រង់ថា យើងខូចភ្នែកម្ខាង ហើយមាន​លទ្ធ​ភាព​ឆ្លង​ទៅម្ខាងទៀតអាចខូចដល់ភ្នែកម្ខាងទៀត។ យើងប្រាប់គេត្រង់។ បើយើងភូតគេ ថ្ងៃណាមួយ​គេដឹង​ថា​យើងភូត នោះជាការមិនស្មោះត្រង់ ហើយយើងមិនអាចទទួលគេបានទេ។

យុទ្ធជនពិការម្នាក់នេះ ក៏បានក្លាយទៅជាមេដឹកនាំប្រទេស​នេះ ក្នុងរយៈពេលជិត ៤០ ឆ្នាំរួចមកហើយ ក្នុងមុខដំណែងផ្សេងៗគ្នា ហើយក៏មិនមែនមានតែពូម្នាក់ ដែលជាអ្នកជនពិការ ដឹកនាំប្រទេសដែរ ព្រះ​រាជា​ថៃ គឺព្រះមហាក្សត្រថៃ ដែលបានសោយទិវង្គត ដែលទើបនឹងថ្វាយព្រះភ្លើងកាលពីខែមុននេះ ព្រះអង្គ​ក៏​ខូចព្រះនេត្រឆ្វេងម្ខាង ដូចពូដែរ។ អតីតប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជាប្រជាជាតិធំបំផុត ប្រជាជន​ច្រើន​បំផុត នៅក្នុងអាស៊ាន គឺលោក វ៉ាហ៊ីត គាត់ខូចភ្នែកទាំងពីរឯណោះ គាត់អាចធ្វើប្រធានាធិបតីបាន។ ពូក៏​ទទួលនូវការឈឺចាប់ អំពីឥឡូវក៏មានអ្នកខ្លះ នៅហៅពូថាជាអាខ្វាក់ ប៉ុន្តែពាក្យសម្តីមិនថ្លៃថ្នូរ ពាក្យ​សម្តី​បែបនេះ គឺពាក្យសម្តីនៃជនដែលមិនគោរពសិទ្ធិចំពោះជនពិការ ខ្លះហៅអាកំបុត ខ្លះហៅអាកំបាក់ ខ្លះហៅអាខ្វាក់ ទៅតាមចិត្តពួកគេ ប៉ុន្តែនេះជាភាពតិរិច្ឆានរបស់ពួកគេតែប៉ុណ្ណោះ។

គោលនយោបាយសំរាប់ឆ្លងទន្លេ ពិនិត្យជំងឺនៅពេទ្យរដ្ឋ ពង្រីកវិសាលភាពទៅមន្រ្តីថ្នាក់ភូមិឃុំសង្កាត់

ពូអម្បាញ់មិញបានសួរនាំចំពោះក្មួយៗ ហើយសង្ឃឹមថា ថ្ងៃនេះ ក្មួយៗ ៤៩១ នាក់ មានផ្ទៃពោះបាន​មក​ជួប ថ្ងៃក្រោយទៅក្មួយអាចនឹងនិទានប្រាប់ថា កាលពីម៉ាក់មានផ្ទៃពោះកូនឯង ក៏បានមកស្តាប់​នាយក​រដ្ឋ​មន្រ្តី ជួបសំណេះសំណាល ហើយនៅពេលនោះ គាត់ក៏បានដាក់ចេញនូវគោលនយោបាយសាច់​ប្រាក់​សម្រាប់​ការឆ្លងទន្លេ ដែលម៉ាក់មានក្បាលកូនឯងកើតមកនេះ។ សង្ឃឹមថាក្មួយៗដែលលើកដៃ ហើយប្រុង​នឹង​រៀបការ តែការហើយវាមុខតែមានហើយ កុំឆ្ងល់ គ្រាន់តែយូរ និងឆាប់តែប៉ុណ្ណោះ។ ពេលនោះក្មួយៗ​កម្មការិនី​ក៏នឹងដល់ពេលវេលា ដែលត្រូវអនុវត្តកម្មវិធីសាច់ប្រាក់សម្រាប់កម្មការិនី ដែលមានផ្ទៃពោះ​ផង​ដែរ។ ប៉ុន្តែ ដោយសារមានការបារម្ភខ្លាច បារម្ភអំពីថាមិនបានលើកបញ្ហានេះ ខ្ញុំសុំយកបញ្ហានេះ ប្រកាស​ឲ្យហើ​យតែម្តង ដើម្បីផ្ញើជូនទៅចំពោះថ្នាក់ឃុំ និងថ្នាក់ភូមិ ដែលកន្លងទៅ យើងបានដាក់ចេញគ្រប​ដណ្តប់​នូវគោលនយោបាយរួចទៅហើយ ក្របខណ្ឌនយោបាយ ចំពោះកម្មករ ចំពោះមន្រ្តីរាជការដែល​ជាស្រ្តី នៅក្នុងកងទ័ព ចំពោះផ្នែកកីឡា។

ឥឡូវនេះ ក៏សុំផ្តាំផ្ញើទៅមន្រ្តីថ្នាក់ភូមិ និងថ្នាក់ឃុំ។ ប្រធាន អនុប្រធាន និងជំនួយការភូមិ ដែលមានសរុប ៤៣ ១៤៩ នាក់ ក្រុមប្រឹក្សា ឃុំ សង្កាត់ មាន ១១ ៥៧២ នាក់ សរុបទៅជាង ៦ ម៉ឺននាក់​នឹងត្រូវ​បាន​ទទួល​នូវរបបនៃការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរបស់រដ្ឋ ទាំងអស់ដូចកម្មករ/កា​រិនី​ផង​ដែរ។ សម្រាប់ថ្នាក់ភូមិ និងថ្នាក់ឃុំ ដែលជាស្រ្តីនៅក្នុងពេលឆ្លងទន្លេ ក៏នឹងទទួលបានអត្ថ​ប្រយោជន៍​ដូចកម្មករផងដែរ។ វិសាលភាពនេះ ត្រូវដាក់ទៅនៅក្រោម នៅក្នុងផ្នែកសុខា​ភិ​បាល​។ ដាក់​ទៅ​ក្រោមនៃកម្មវិធីសមធម៌ ព្រោះបញ្ហានេះ ប្រធានគោលនយោបាយសេដ្ឋកិច្ច បណ្ឌិត អូនព័ន្ធមុន្នីរ័ត្ន ដែលថ្ងៃនេះគាត់មានទុក្ខនៃការបូជាសពឪពុករបស់គាត់ បានលើកសំណូមពរស្នើសុំមក អំពីជម្រើសទី ១ និងជម្រើសទី ២ រវាងយកតែថ្នាក់ឃុំ ចោលថ្នាក់ភូមិ ឬយកថ្នាក់ភូមិ ចោលថ្នាក់ឃុំ ប៉ុន្តែ យើងយកទាំង ២ តែម្តង។ តែជាង ៦ ម៉ឺននាក់បន្ថែមទៀតទេ។ នៅក្នុងចំណោម ៦ ម៉ឺននាក់នេះ ចំនួនស្រ្តីដែលអាចឆ្លងទន្លេ ក៏មានចំនួនមិនច្រើនទេ ព្រោះក្នុងមួយភូមិតែ ៣ នាក់ទេ ប្រធានភូមិ អនុប្រធានភូមិ និងជំនួយការ ហើយនិងនៅក្នុងប្រឹក្សា ឃុំ សង្កាត់ ក៏មានចំនួនត្រឹមតែជាង ១១ ០០០ នាក់ តែប៉ុណ្ណោះ។ ដូច្នេះ វាមិនច្រើនហួស ១១ ៥៧២ នាក់ ដែលត្រូវបានទទួលនូវការគាំពារផ្នែកសុខភាព ជាមួយនឹងការគាំពារ ទាក់ទិនជាមួយនឹងស្រ្តីដែលឆ្លងទន្លេ។ យើងបានដោះស្រាយរួចហើយ ស្រ្តីដែលធ្វើការនៅក្នុងក្របខណ្ឌ ជាមន្ត្រីរាជការស៊ីវិល ស្រ្តីដែលស្ថិតនៅក្នុងកងកម្លាំងប្រដាប់អាវុធ ដែលនឹងទទួលបានប្រាក់នៅ​ក្នុង​ពេល​ដែល​ខ្លួនឆ្លងទន្លេ។ ឥឡូវនេះនាឡិការរបស់ខ្ញុំ វាចាប់រោទិ៍ វាផ្តល់សញ្ញាឲ្យ​ខ្ញុំ ឆាប់ដល់ទីបញ្ចប់ ក៏ប៉ុន្តែ វាមិនទាន់ចប់នៅឡើយទេ ដោយសារតែយើងចាប់ផ្តើម ១ ម៉ោងទៅហើយ និយាយបន្តិចសោះ។

គ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍ

ឥឡូវនេះ អ្វីដែលពូចង់និយាយទៅកាន់ក្មួយៗ ហើយទៅកាន់ម្ចាស់រោងចក្រយើងទាំងអស់គ្នា ដើម្បីធានា បាននូវការងារធ្វើ និងប្រាក់ចំណូល តម្រូវការដំបូង ខិតខំថែទាំនូវសន្តិភាព ដែលយើងរកបាន​ដោយ​លំ​បាក​នេះ ឲ្យខានតែបាន។ គ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍបានទេ ខ្ញុំធ្លាប់បាននិយាយហើយ ដំណើរការ​ប្រជា​ធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដំណើរការអភិវឌ្ឍសង្គម ដើម្បីកាត់បន្ថយភាពក្រីក្រ ចាប់ផ្ទៃ​បាន​តែ​នៅក្នុងប្រទេសដែលមានសន្តិភាពតែប៉ុណ្ណោះ ក៏ប៉ុន្តែ វាមិនចាប់ផ្ទៃនៅក្នុងប្រទេសដែល​មាន​​សង្រ្គាម​ទេ។ អតីតកាលរបស់កម្ពុជា បានបង្ហាញគ្រប់គ្រាន់អំពីមេរៀនពិសោធន៍​នៃប្រទេសដ៏កម្សត់មួយ​នេះ នៅពេលដែលយើងមានសង្រ្គាម មានតែរត់ចោលដីធ្លី មានតែរត់ចោលរោងចក្រ មានតែរត់ចោល​សា​លា​រៀន។ គ្មានទេសេចក្តីសុខ សូម្បីតែសាលារៀនខ្លះ នៅអាចបង្រៀនបាន ក៏ប៉ុន្តែត្រូវជីកលេណដ្ឋាននៅ​ជាប់​ទីនោះ ដើម្បីគ្រូងាយជម្លៀសជាមួយនឹងកូនសិស្ស ចូលទៅកាន់លេណដ្ឋាន ដើម្បីការពារជីវិត​របស់​កូនសិស្ស និងគ្រូ។ យើងក្រឡេកទៅមើលប្រទេសដែលមានសង្គ្រាម ហើយដែលវិទ្យុ ដែលទូរទស្សន៍​ផ្សាយ​សព្វថ្ងៃ នៅប្រទេសអ៊ីរ៉ាក់ នៅប្រទេសលីប៊ី នៅប្រទេសស៊ីរ៉ី និងនៅប្រទេសមួយចំនួនផ្សេងទៀត ដូចនៅអាហ្វិ្រកកណ្តាល ដូចនៅម៉ាលី នៅស៊ូដង់ គឺសុទ្ធតែជាប្រទេសដែលញាំញីដោយសង្គ្រាម តើនៅ​ទី​នោះ​ទេសចរគេទៅលេងទេ? អត់ទៅលេងទេ មានដែរក្រុមប្រថុយប្រថានខ្លះឡើងភ្នំ ទៅជាប់លើភ្នំទៅក៏​មាន ទៅធ្លាក់ទឹកកកទៅក៏មាន។ អាហ្នឹងគឺគេហៅថារបៀបទេសចរណ៍មួយបែបរបស់គេទៅ បំបែក​ឯក​ទគ្គ​​កម្មពិភពលោក តាមរយៈឡើងភ្នំខ្ពស់ជាងគេ។ ប៉ុន្តែកម្រណាស់ ជាមួយនឹងប្រទេសដែលអស្ថេរ​ភាព ដែលគ្មានសន្តិភាព ហើយបែរជាមានសង្គ្រាម នៅពេលដែលយើងនៅមានសង្រ្គាម ទេសចរជប៉ុន​មកកាន់​កម្ពុជា​ពេលនោះ រដ្ឋាភិបាលជប៉ុនអនុញ្ញាតឲ្យទេសចរជប៉ុនមកត្រឹមតែទីក្រុងភ្នំពេញ និងទីក្រុងសៀម​រាប​តែ​ប៉ុណ្ណោះ ប៉ុន្តែ ឥឡូវនេះប្រទេសរបស់យើងគ្រប់ទីកន្លែងដែលយើងអាចទៅដល់។

ដូច្នេះ យើងត្រូវរួមគ្នារក្សានូវសន្តិភាព ដែលយើងរកបានដោយលំបាក តាមរយៈសន្តិភាពនោះ យើងនឹង​បន្ត​រួមគ្នាដើម្បីការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់យើងបន្តទៀត ជាមួយនឹងកំណើនសេដ្ឋកិច្ចជុំវិញ ៧ ភាគ​រយ។ យើងនឹងបន្តធ្វើឲ្យប្រទេសរបស់យើង ពីប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប មកកាន់​ប្រ​ទេស​ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០។ នៅសល់ពេលវេលា ១៣ ឆ្នាំទៀត យើង​នឹងអាចដើរទៅដល់ ខ្ញុំគ្រាន់តែរំលឹក មានអ្នកខ្លះគេអាចនិយាយថានឹងលឿនជាងនេះ បើគេកាន់អំ​ណាច គេនឹងធ្វើលឿនជាងនេះ ក៏ប៉ុន្តែ ខ្ញុំគ្រាន់តែរំលឹកថា នៅប្រទេសចិន គេប្រើរយៈពេល ១០០ ឆ្នាំ ទើប​អាចនាំប្រទេសទៅដល់គោលដៅមួយ ដែលគេហៅថាសុបិន្តរបស់ចិន សាធារណរដ្ឋប្រជាមានិតចិនបាន​ចាប់​កំណើតនៅឆ្នាំ​ ១៩៤៩។ ឥឡូវចិនដាក់ចេញនូវគោលដៅជាប្រទេស ដែលមានការអភិវឌ្ឍនៅឆ្នាំ ២០៤៩ គឺ ១០០ ឆ្នាំក្រោយ។ កម្ពុជាយើងចាប់មានសន្តិភាព ទើបនឹងបាន ១៩ ឆ្នាំ ប៉ុណ្ណោះ បើរាប់ពីឆ្នាំ ១៩៩៨ មកដល់ពេលនេះ។ ជាមួយនឹងផលវិបាករាប់មិនអស់ ដែលបន្សល់ទុកដោយរបប​ប្រល័យពូជ​សាសន៍ និងសង្គ្រាម សូម្បីតែថ្ងៃនេះ ម៉ោងនេះ គ្រាប់បែក គ្រាប់មិនទាន់ផ្ទុះ រហូតដល់គ្រាប់បែកចង្កោម និងអាវុធគីមី ក៏នៅបន្សល់លើទឹកដីដ៏កម្សត់របស់យើង។ ដូច្នេះ មិនមែនជាភាពងាយស្រួល ដូចការនិ​យាយ​តាមចិត្តចង់ តាមរបៀបអណ្តាតអត់ឆ្អឹងនោះទេ។

រក្សាសន្តិភាព ស្ថេរភាពនយោបាយ ធានាស្ថេរភាព និងសុវត្ថិភាពការងារ

បន្តទៅទៀត ខ្ញុំអំពាវនាវចំពោះកម្មករ/ការិនីទាំងអស់ក៏ដូចជាប្រជាពលរដ្ឋ យើងត្រូវខិតខំធ្វើឲ្យប្រទេស​របស់​យើង មានសន្តិភាព ស្ថេរភាពនយោបាយ ដើម្បីធានានូវស្ថេរភាពការងារ និងសុវត្ថិភាពការងារ​របស់​យើង។ គ្មានសន្តិភាព គ្មានស្ថេរភាពនយោបាយ គ្មានសន្តិសុខសណ្តាប់ធ្នាប់សង្គម សុវត្ថិភាពការងារ របស់ក្មួយៗក៏មិនត្រូវបានធានាដែរ។ គ្មានរោងចក្រ គ្មានសណ្ឋាគារ និងគ្មានភោជនីយដ្ឋាន ឬក៏គ្មាន​កន្លែង​ផលិតកម្មដទៃ រស់បាននៅក្រោមគ្រាប់បែក គ្រាប់ប្លោងនោះទេ។ រោងចក្រដែលក្មួយៗកំពុងធ្វើការ ក៏វាមិនអាចមានសុវត្ថិភាពគ្រប់គ្រាន់នៅពេលដែលមានក្រុមបងតូច ក្រុមបងធំ កាប់គ្នានឹងដាវ ឬក៏នឹង​កាំ​បិត ពូថៅ នោះដែរ​ គ្មានសុវត្ថិភាពការងារទេ។ ប្រសិនបើនៅក្នុងរោងចក្រ សហគ្រាសទាំងនោះ មានក្រុម​គ្រឿង​ញៀន មានជើងកាង គ្រប់គ្រងប៉ាវ គេហៅថាក្រុមគ្រឿងញៀន។ ដូច្នេះ យើងត្រូវរួមគ្នា​ដើម្បី​ធ្វើ​កិច្ច​ការ​ទាំងឡាយ ដើម្បីធានាថា ការងាររបស់យើង ត្រូវបានថែរក្សា សុវត្ថិភាពការងារត្រូវបានដោះស្រាយ តាម​រយៈ​នៃការខិតខំរបស់យើងទាំងអស់គ្នា ទាំងម្ចាស់រោងចក្រ ទាំងអ្នកគ្រប់គ្រងកម្រិតរហូតទៅដល់​កម្ម​ករ/កា​រិនី។

រក្សាការងារចាស់ បង្កើនការងារថ្មី

ឯចំណុចមួយទៀត យើងត្រូវរក្សាការងារចាស់ និងបង្កើតការងារថ្មីបន្ថែម។ ក្មួយៗត្រូវចងចាំ ដើម្បីរក្សា​ការ​ងារ​ដែលក្មួយៗមានសព្វថ្ងៃ ដំបូងបំផុតត្រូវរក្សានូវសន្ដិភាពឲ្យបានសិន ទើបរក្សាការងារចាស់នេះបាន ហើយ​ការងារចាស់មិនត្រឹមតែដាក់ឲ្យដំណើរការ នៅត្រឹមតែដំណើរការដោយគ្មានការបង្កើននូវផលិត​ភាព​នោះ​ទេ។ សង្ឃឹម​ថា ក្មួយៗនឹងខិតខំទៅលើរឿងនេះ។ បន្ថែមលើនោះ យើងត្រូវបង្កើតការងារថ្មីៗ​ថែម​ទៀត។ បើយោងទៅលើតួ​លេខ ដែលយើងទទួលបានមិនទាន់គ្រប់គ្រាន់ គ្រាន់តែឆ្នាំនេះ យើងបង្កើត​ការ​ងាររាប់ម៉ឺនកន្លែង ទាំងក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងសេវា រាប់ម៉ឺនកន្លែងក្នុងមួយឆ្នាំៗ ខ្ញុំសង្ឃឹមថា ក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក៏ដូចជាក្រសួងផែនការ នឹងត្រូវតាមដានការងារនេះឲ្យជាប់ អំពីកំណើនការងារ និងការបាត់បង់ការងារ។ ប៉ុន្តែ ឆ្នាំនេះ ការបាត់បង់ការងារនឹងមិនមានកើនឡើងទេ ប៉ុន្តែ កំណើនការងារបានកើនឡើង។

រាជរដ្ឋាភិបាលទាញវិនិយោគ រកទីផ្សារថ្មី រក្សាចាស់

រាជរដ្ឋាភិបាលក៏ត្រូវប្រឹងបន្ដ ម្ខាងទាក់ទាញវិនិយោគឲ្យចូលមកវិនិយោគ ម្ខាងទៀតខិតខំ​ស្វះស្វែង​រកទី​ផ្សារ​ ទាំងពង្រីកទីផ្សារចាស់ និងខិតខំស្វែងរកទីផ្សារថ្មី។ យើងមិនត្រូវចំណុះតែលើទីផ្សារណាមួយទេ ទីផ្សារ​ណាក៏ដោយ ​ដែលយើងមានលទ្ធភាព យើងត្រូវបញ្ចេញទំនិញរបស់យើងទៅកាន់គោលដៅ ដែល​យើងត្រូវទៅ។ យើងត្រូវ​ប្រឹងកសាងបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា រាប់ទាំងផ្លូវថ្នល់ ផ្លូវដែក ផ្លូវ​អាកាស ព្រលានយន្ដហោះ និងការដឹកជញ្ជូនផ្លូវអាកាស កំពង់ផែ និងការដឹក​ជញ្ជូន​ផ្លូវទឹក។ កំពង់ផែទឹក​ជ្រៅរបស់យើងនៅ​ក្រុងព្រះសីហនុ នៅមិនទាន់គ្រប់គ្រាន់ទេ។ នាវាត្រឹមតែ ២ ម៉ឺន តោន មិនទាន់គ្រប់​គ្រាន់​ពេញសមត្ថភាពនោះទេ យើងត្រូវឲ្យមានកំពង់ផែ ដែលអាចចូលចតបានចាប់ពី ៥ ម៉ឺន តោន ឡើងលើ​ទៀតផង ដែលចៀសវាងកា​រ​ផ្ទេរទំនិញនៅសិង្ហបុរី ឬកំពង់ផែវៀតណាម ឬកំពង់ផែម៉ាឡេស៊ី។

បង្កើនប្រាក់ចំណូល និងចំណេះដឹង/រដ្ឋបន្ថយការចំណាយលើថ្លៃភ្លើងនិងទឹក

នេះជាការខិតខំ ហើយបន្ដទៅ យើងខិតខំបន្ដបង្កើននូវប្រាក់ចំណូល និងបង្កើននូវចំណេះដឹង។ ពូបាន​ជម្រាប​ប្រាប់ហើយ ប្រាក់ចំណូលគឺមិនមែនកើនត្រឹមតែឆ្នាំនេះទេ ប្រាក់ចំណូលនឹងត្រូវបន្តកើនជារៀងរាល់​ឆ្នាំ ជាមួយ​នឹងអត្ថ​ប្រយោជន៍​​ដទៃទៀត ដែលរោងចក្របានផ្តល់ យើងកាត់បន្ថយនូវ​ការចំណាយ​របស់​កម្ម​ករ/ការិនីរបស់យើង ​តាមរយៈការរុញទៅដល់អគ្គិសនី ក៏ដូចជាទឹក ដែលរដ្ឋផ្គត់ផ្គង់ទៅដល់ផ្ទះឈ្នួលទាំង​ឡាយដែលមុននេះ ថ្លៃ​ភ្លើង និងថ្លៃទឹក ត្រូវកំណត់ដោយម្ចាស់ផ្ទះ ប៉ុន្តែ ឥឡូវថ្លៃភ្លើង ដែលប្រើក្រោម ៥០ គីឡូវ៉ាត់ម៉ោង ក្មួយៗចេញត្រឹម ៦១០ រៀល ប៉ុណ្ណោះ ក្នុងមួយគីឡូវ៉ាត់ម៉ោង ឯថ្លៃទឹកដែលមុននោះ​ម្ចាស់ផ្ទះបានកំណត់ ២ ០០០ រៀល ក្នុងមួយម៉ែត្រគូប ឬលើស​ពីនេះ ក្រោយមកយើងលក់ឲ្យម្ចាស់ផ្ទះ ១ ០៣០ រៀល  ម្ចាស់ផ្ទះលក់ឲ្យកម្មករ/ការិនីរបស់យើង ១ ២០០ រៀល។ ឥឡូវនេះ នេះរដ្ឋលក់ទៅឲ្យ​ម្ចាស់​ផ្ទះ​ត្រឹមតែ ៧០០ រៀល ឯម្ចាស់ផ្ទះលក់ឲ្យកម្មករ/ការិនីរបស់​យើង​ត្រឹមតែ ៨០០ រៀល។

ជិះឡានក្រុងឥតគិតថ្លៃយ៉ាងតិច ២ ឆ្នាំ

ការចំណាយ​តិច​ជាង​មុន ជាមួយនឹងការផ្តល់ឱកាសឲ្យកម្មករ/ការិនីរបស់យើងទាំង​ក្នុងប្រព័ន្ធ និងក្រៅប្រ​ព័ន្ធ ជិះឡានក្រុងដោយឥតថ្លៃ ក្នុងរយៈពេលយ៉ាងតិច ២ ឆ្នំា។ ខ្ញុំមិនដឹងថា តើក្មួយៗប៉ុន្មាននាក់​ហើយ​ដែលបានជិះឡានក្រុងនេះ ក្នុងរយៈពេលប៉ុន្មានខែនេះ សូមលើកដៃមើល បានជិះ​ហើយ​នៅ? ពូប្រាប់ពី​តម្រិះជិះឡានក្រុង កន្លែងខ្លះរោងចក្រក្មួយៗអត់មានឡានក្រុងរត់កាត់ទេ។ ប៉ុន្តែឡានក្រុង​ដែលជិះមិន​បង់​ប្រាក់ មិនសំដៅតែទៅលើចាំតែមកធ្វើការទេ ក្មួយៗអាចមកដើរលេងដោយជិះឡានក្រុង ស្វែង​យល់ចិត្ត​គ្នា​នៅលើឡានក្រុងក៏បានដែរ។ ចេះតែថាហើយលោក ហ៊ុន សែន នេះ ប្រដៅក្មេងឲ្យតែខូច ប៉ុន្តែក្មេង​វាពូកែជាង ហ៊ុន សែន ពីសម័យដើមទៅទៀត។ មិនចាំបាច់លោក ហ៊ុន សែន ប្រដៅទេអញ្ចឹងនោះ ប៉ុន្តែ គ្រាន់តែ​ពូប្រាប់។ ប៉ុន្តែទៅណា យើងត្រូវមានប័ណ្ណកម្មករ ដើម្បីឡើងទៅប្រាប់(គេ) ខ្ញុំជាកម្មករ ដូច្នេះ​គេអត់​យកលុយទេ។ ​ប៉ុន្តែបើក្មួយៗជិះឡានឯកជន បង់ថ្លៃឲ្យគេទៅ រដ្ឋអត់ទៅបង់ជួសទេអាហ្នឹង។

កម្មករលែងត្រូវបង់ប្រាក់ថែទាំសុខភាពទៀតហើយ

ការកាត់បន្ថយនូវការបង់ថ្លៃ ដូច​ជាប្រាក់ថែទាំសុខភាព។ មុននេះក្មួយៗត្រូវបង់ ៥០% ដែលត្រូវ​ចំណាយ​ប្រាក់​​​ពី ៨ ពាន់ ទៅ ១ ម៉ឺន ៣ ពាន់រៀលក្នុងមួយខែ។ តែចាប់ពីថ្ងៃទី ១ មករា ឆ្នាំ ២០១៨ តទៅ ក្មួយៗ​មិន​​ត្រូវ​បង់​ទៀតទេ គឺថៅ​កែបង់ជំនួសទាំងអស់។ ដូច្នេះបានជារាជរដ្ឋាភិបាលដើម្បីធានាឲ្យក្មួយៗបាន​បៀវត្ស​​​មក​ដល់ ១៧០ ដុល្លារអាមេរិក ចាប់ពី​ខែ​មករាទៅ រាជរដ្ឋាភិបាលត្រូវលះបង់ក្នុងមួយឆ្នាំប្រមាណ​ជាង ៤០ លានដុល្លារអាមេរិក។ បើទំលាក់ទម្ងន់នេះធ្ងន់ពេក ទៅលើម្ចាស់រោងចក្រ ដែលរាប់ទាំង​ការ​បង់​ថ្លៃ​ជួសសម្រាប់កម្មករ/ការិនីទៅលើតម្លៃថែទាំសុខភាព និងការ​តម្លើងបៀវត្ស វាធ្ងន់ពេកទៅលើម្ចាស់រោង​ចក្រ ដែលអាចធ្វើឲ្យម្ចាស់រោងចក្រដករោងចក្រចេញពីប្រទេសកម្ពុជា តម្រង់ទៅប្រទេសផ្សេង ដែលមាន​ប្រាក់​ឈ្នួលត្រឹមតែ ៦៧ ដុល្លារ។ នៅបង់ក្លាដេស និងនៅស្រីលង្ការ ប្រាក់ឈ្នួលមានត្រឹមតែ ៦៧ ដុល្លារតែប៉ុណ្ណោះ ៉ុល្លារ,្រឹមតែ ់រោងចក្រដករោចភាពទៀតហើយសាចាស់ួាយុ វណ្ណៈ សុខជា        ្មនុញ្ញសារ, នៅឥណ្ឌា​មាន ៧៧ ដុល្លារ នៅមីយ៉ាន់ម៉ាមាន ​៧៩ ដុល្លារ នៅឡាវមាន ១១០ ដុល្លារ ឯយើងបានដើរទៅ​ដល់ ១៧០ ដុល្លារហើយ។ ប៉ុន្តែ ចំណុចនេះក៏បានមកពីការខិតខំរបស់ក្មួយៗ បង្កើនសមត្ថភាពក្នុងការផលិត។ ថ្ងៃមុន ពូ​និយាយ ពូបានទិញខោអាវកីឡានៅក្នុងហាងរបស់កម្ពុជា​ដែល​នាំចូលពីបរទេសមកវិញ ក៏មើលទៅផលិតនៅ​កម្ពុជា។ ថ្ងៃមួយ ពូក៏ចូលហាងមួយនៅសិង្ហបុរី ទិញ​ខោ​អាវកីឡាទៀត ពាក់កណ្ដាលផលិតនៅកម្ពុជា អញ្ចឹងបាន​សេចក្តីថា សមត្ថភាពនៃពលកម្មរបស់​កម្ពុជា​ទទួល​បានទិន្នផលខ្ពស់ និងមានគុណភាព ដែលទី​ផ្សារ ទាំងនៅអាស៊ី អឺរ៉ុប និងនៅតំបន់​អាមេរិក​អាច​ទទួលយកបាន​។

កម្មករពិនិត្យជំងឺឥតគិតថ្លៃតាមមន្ទីរពេទ្យរដ្ឋ

ចំណុចនេះ យើងត្រូវបន្ដការខិតខំ ជាមួយនេះបានប្រកាសរួចហើយ ទាំងកម្មករ ក្នុងប្រព័ន្ធ ទាំងក្រៅប្រ​ព័ន្ធ ទទួលបានអត្ថប្រយោជន៍ក្នុងការទទួលការ​ព្យាបាល ដោយមិនត្រូវបានបង់ថ្លៃនៅមន្ទីរពេទ្យរដ្ឋទាំង​អស់ ហើយរដ្ឋនឹងបង់ថ្លៃជំនួសក្រោមមូលនិធិសមធម៌​។ រឿងនេះជាការកាត់បន្ថយនូវការចំនាយ និងការ​កាត់​បន្ថយនូវការព្រួយបារម្ភរបស់ក្មួយៗជាកម្មករ/ការិនី​ផងដែរ។ ពេលខ្លះយើងទទួលបានប្រាក់ចំណូល​ប្រ​ហែល​ជា​ជាង ២០០​ដុល្លារ ការចំណាយត្រឡប់ទៅវិញ​នៅសល់ប្រមាណជាង ១០០ ដុល្លារ ពេល​ខ្លួន​ធ្លាក់ខ្លួនឈឺ។ ប្រាក់ដែលសន្សំបានប្រើប្រាស់អស់ រហូតទៅដល់​ខ្ចីគេទៀតផង ក្លាយទៅជាអ្នកជាប់​បំ​ណុលដោយសារជំងឺ។ ប៉ុន្តែដើម្បីធានាចំពោះសុខុមាលភាព និងសុខទុករបស់​កម្មករ/ការិនីរបស់យើង រាជរដ្ឋាភិបាលត្រូវបង់ថ្លៃ សម្រាប់ការពិនិត្យ និងព្យាបាលចំពោះកម្មករ/ការិនីនៅទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​មិនត្រូវបង់ថ្លៃទៀតទេ។ មិនដឹងអស់ប៉ុន្មានទេ ទៅតាមជំងឺ​ធ្ងន់ ឬស្រាល ខ្ញុំមិនគិតថាវា​អស់​ប៉ុន្មាន​ទេ គឺគិតត្រឹមមួយជា គឺគ្រប់គ្រាន់តែប៉ុណ្ណឹង។ ព្រោះបើព្យាបាលអត់ជា ទៅ​ផ្ទះធ្វើអី? មិនអញ្ចឹង​អា​ហ្នឹង​ធម្មតា ពេទ្យព្យាបាលទាល់តែគេជា បើមិនជាទេនៅដេកនៅហ្នឹងតទៅទៀតទៅ … សូមអំពាវនាវ​ចំ​ពោះ​រោងចក្រសហគ្រាស ក៏ដូចជាផ្នែកពាក់ព័ន្ធទាំងឡាយដែលប្រើប្រាស់កម្មករ ត្រូវមកចុះឈ្មោះ ដើម្បី​ឲ្យ​កម្មករ/ការិនីទទួលបាននូវផលអត្ថប្រយោជន៍ ពីគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ដែលដើរទន្ទឹមនឹងការជម្រុញនូវនយោបាយឧស្សាហកម្ម ២០១៥​-២០២៥។

គោលនយោបាយផ្តល់សាច់ប្រាក់ដល់កម្មការិនី/មន្រ្តីរាជការឆ្លងទន្លេ

សម្រាប់ក្មួយៗដែលត្រូវឆ្លងទន្លេនៅសល់តែ ១៨ ថ្ងៃ ប៉ុណ្ណោះ កម្មវិធីសាច់ប្រាក់នឹងត្រូវបើកផ្តល់សម្រាប់​កម្មការិនី ដែលឆ្លងទន្លេ បានកូនមួយ នឹងត្រូវបានប្រាក់ចំនួន ៤០ ម៉ឺនរៀល ស្មើនឹង ១០០ ដុល្លារ។ បើ​បាន​​កូនភ្លោះពីរ នឹងបានទៅដល់ ៨០ម៉ឺនរៀល ស្មើនឹង ២០០ ដុល្លារ។ បើបានកូនភ្លោះ ៣ នឹងបាន ១ លាន ២ សែន រៀល ហើយនឹងបានបន្ថែម ៥ លានរៀល ពី ហ៊ុន សែន តែម្ដង។ កើតតែម្ដងគ្រប់ហើយ អា​ភ្លោះ ៣ ឥឡូវដូចរាងរង្វើលបន្ដិច អាភ្លោះ ៣ ដោយសារឥឡូវវាភ្លឺពេក ដោយសារនៅណាក៏មាន​អគ្គិសនី មានធុងអាគុយដែរ អញ្ចឹងអ្នកដែលមកចាប់ជាតិមិនសូវមកទាំងហ្វូងទេ។ ឡើងទៅដល់ ៣២០ គ្រួ​សារ ដែលមានកូនភ្លោះ ៣ ហើយបាន​ពូទំនុកបម្រុងតាំងពីឆ្នាំ ១៩៩៥។ នៅសល់តែឱកាសណាមួយ​ទៅ​ជួប​ជុំ​អ្នក​ដែល​មាន​កូនភ្លោះ ៣ ព្រោះស្ថិតនៅក្រោមការឧបត្ថម្ភរបស់ពូ។ ទោះយ៉ាងណាកម្មវិធី​សាច់​ប្រាក់​នឹងត្រូវបានផ្ដល់ដល់មន្ត្រីថ្នាក់ឃុំ ភូមិ ព្រោះមានមន្ត្រីជំទប់ខ្លះ គាត់មានប្ដី មានកូនដែរ គាត់ក៏ត្រូវ​ទទួល​បានប៉ុណ្ណឹងដែរដូចកម្មករ ប៉ុន្តែស្រ្តីជាមន្ត្រីរាជការដែលមុននេះទទួលបាន ៦០ ម៉ឺនរៀល ខាង​មុខនឹង​ទទួលបានដល់ ៨០ ម៉ឺន សម្រាប់កូនម្នាក់។ ក្នុងកងកម្លាំងប្រដាប់អាវុធក៏មិនទាន់បានអនុវត្ដទេ ក៏នឹងត្រូវអនុវត្តទៅដល់ ៨០ ម៉ឺនរៀលក្នុងម្នាក់។

កម្មការិនីមានផ្ទៃពោះចេញពីធ្វើការ​មុនហោចណាស់ ១៥ នាទី ទើបស្របត្រូវច្បាប់

ម្យ៉ាងទៀត ពូចង់សួរនៅកន្លែងនេះ ក្មួយៗដែលមានផ្ទៃពោះនាពេលបច្ចុប្បន្ននេះ តើឥឡូវបានចេញ​មុន​ម៉ោង​រយៈពេលប៉ុន្មានហើយ? (បាន ១៥ នាទី) ហើយកាលពីពេលមុនប៉ុន្មាន? (១០ នាទី) មើល ១០ នា​ទី ប៉ុន្មាន​នាក់? សូមលើកដៃខាងស្ដ្រីមានផ្ទៃពោះ! ហើយពីមុនអ្នកចេញមុន ៥ នាទីបានប៉ុន្មាននាក់? ហើយ​អា ១៥ នាទីបានប៉ុន្មាន? ឥឡូវ ១៥ ទាំងអស់គ្នា។ ពូបានធ្វើការងារនេះ ហើយអ្នកខ្លះគេថា រឿងកំ​ប៉ិក​កំប៉ុកប៉ុណ្ណឹង ដាក់បញ្ជាទៅមិនបានទេ ចាំទៅសុំថៅកែ​ដែរ។ សេដ្ឋកិច្ចទីផ្សារ យើងមិនអាចសម្រេច​ជំ​នួស​ពួកថៅកែទេ។ ប៉ុន្តែយើងលើកសំណូមពរ ដើម្បីជួយដោះស្រាយការ​លំបាករបស់ស្រ្ដីមានផ្ទៃពោះ​។ មិនមែនជាបញ្ហាតូចតាចទេ អ្វីដែលទាក់ទងនឹងផលប្រយោជន៍របស់ប្រជាជន វាសុទ្ធតែជា​បញ្ហាធំ។ រឿងនេះ យើងបានអនុវត្ដនៅក្នុងក្របខណ្ឌទូទាំងប្រទេស ប៉ុន្តែ ខ្ញុំសូមបញ្ជាក់ថា ការអនុវត្ដណា​ក៏ដោយ​បើ​សិនជាចាប់ពី ១៥ នាទី គឺត្រូវច្បាប់ ក្រោម ១៥ នាទី ខុស តែបើលើស ១៥ នាទី គឺត្រូវទាំងអស់។ អរ​គុណ​ចំពោះម្ចាស់រោងចក្រ ម្ចាស់រោងចក្រណាដែលមានចិត្តធម៌អនុញ្ញាតអោយស្រ្ដីមានផ្ទៃពោះចេញបាន​មុនលើស១៥ នាទី ខ្ញុំអរគុណ។ ប៉ុន្តែ ខ្ញុំសុំជារួមអោយបាន ១៥ នាទី ពី ៥ នាទី ១០ នាទី អោយបាន ១៥ នាទី ប៉ុន្តែរោងចក្រខ្លះបានអោយដល់ ២០ នាទី  ឬ ៣០ នាទី ក៏សូមរក្សាទុកទៅចុះ ខ្ញុំសូមអរគុណ។

២០១៩ អនុវត្តន៍របបសោធននិវត្តន៍វិស័យឯកជន

ចំណុចមួយទៀត ក៏សូមបញ្ជាក់បា្រប់ក្មួយថា ចាប់ពីឆ្នាំ ២០១៩ ទៅ នឹងចាប់ដាក់ឲ្យអនុវត្តនូវ​សោ​ធននិវត្តន៍។ កម្មករនៅក្នុងក្របខណ្ឌវិស័យឯកជន ក៏មានប្រាក់ចូលនិវត្តន៍ដែរ។ ចំណុចនេះហើយជាចំ​ណុច​ដែលក្មួយៗតែងគិត មិនមែនត្រឹមតែក្មួយៗទេ សូម្បីតែពូក៏គិតដែរ។ គិតយ៉ាងម៉េច? រឿងទ្រព្យ​សម្បត្តិ ពូមិនគិតទេ តែអ្វីដែលជាការគិតនៅត្រង់ថា នៅពេលដែលខ្លួនចាស់ទៅ កូនមួយណា ចៅមួយ​ណា វាមកនៅកិតកើយជាមួយយើង វាមកសួរសុខទុក្ខយើង។ តើមនុស្សចាស់ដូចយើងនេះ មានថ្ងៃអា​ទិត្យ និងថ្ងៃបុណ្យប៉ុន្មានដងទៅ នៅពេលដែលកូនយើង ចៅយើង ខ្លះគេថា គេជាប់ការងាររបស់គេ គេ​ជាប់​ថ្ងៃកំណើត គេជាប់បុណ្យ គេជាប់ទៅនេះ គេជាប់ទៅនោះ ចុងបំផុត យើងជាមនុស្ស​ចាស់​បាន​ត្រឹម​គេ​ហៅ​ថាឯកោ។

អ្នកដែលឯកោ មិនមែនចាំតែអ្នកដែលគ្មានទ្រព្យសម្បត្តិទេ អ្នកដែលមានទ្រព្យសម្បត្តិក៏មាន​អារម្មណ៍​ឯកោ​ដែរ។ សូម្បីតែសព្វថ្ងៃនេះ មានពេលខ្លះ ចៅវាទៅរៀនអស់ ស្ងាត់ឲ្យឈឹង រង់ចាំមើលផ្លូវចៅ ឲ្យតែលឺ​សូរ​កោកកាកៗដឹងតែមកដល់ហើយ។ ចាំមើលតើប៉ុន្មាននាទីគេមកដល់ជាមួយយើង? មានអារម្មណ៍​ឯកោ​តាំង​ពីពេលឥឡូវហ្នឹងទៅហើយ ក្មួយៗគិតខុសពីពូ គិតនៅត្រង់ថា នៅពេលដែលអញអស់​​ការងារ​ធ្វើហើយ តើមានអ្វីមកចិញ្ចឹមខ្លួន?

ក្រសួងរៀបចំ កម្មកររក្សាសៀវភៅការងារ

នោះហើយបានជារាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំឲ្យមានការ​អនុវត្ត​នូវប្រាក់សោធននិវត្តន៍ដូចមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធផងដែរ ដើម្បីធានាថា នៅពេល​ដែលយើងចូលនិវត្តន៍ទៅ យើងមានប្រាក់បៀវត្ស។ ដូច្នេះ ការខុសគ្នារវាងកម្មករ/ការិនី ក្នុងវិស័យឯកជន ជា​មួយនឹងមន្រ្តីរាជការ គឺមិនមានអ្វីខុសគ្នានៅពេលនោះទេ។ ប៉ុន្តែ សូមផ្តាំ មិនមែនអ្នកណាក៏សុទ្ធតែ​ទទួល​បាននូវប្រាក់សោធននិវត្តន៍ ដែលខ្មែរយើងហៅថា ប្រាក់រឺត្រែត នោះទេ។ ទាល់តែគ្រប់លក្ខខណ្ឌ សូម្បី​តែមន្រ្តីរាជការក៏មិនមែនចូលធ្វើការមួយឆ្នាំ ពីរឆ្នាំ ហើយទទួលបាននូវប្រាក់ចូលនិវត្តន៍នោះដែរ។ ត្រូវ​មាន​លក្ខខណ្ឌរបស់វា អញ្ចឹងបានជាពូតែងតែផ្តាំថា បើចង់ឆ្ងាញ់ឲ្យរកអន្លក់ បើចង់ស្រណុកឲ្យនឿយ​ពី​ក្មេង។ ក្មួយៗត្រូវធ្វើការងារឲ្យគ្រប់លក្ខខណ្ឌ ឲ្យគ្រប់ឆ្នាំ ​​ដើម្បីទទួលបាននូវអត្ថប្រយោជន៍ពី​ប្រាក់ចូលនិ​វត្តន៍​ផងដែរ។ អញ្ចឹងទេ បានជាផ្តាំផ្ញើ ក្មួយៗខ្លួនឯងត្រូវរក្សាទុកនូវសៀវភៅការងារឲ្យជាប់ក្នុងដៃ។ សៀវ​ភៅ​នេះ​ហើយជាប្រាក់របស់ក្មួយៗទៅថ្ងៃអនាគត។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈរចនាសម្ព័ន្ធរបស់ខ្លួន ត្រូវណែនាំបញ្ហានេះឲ្យច្បាស់ និងរៀបចំឲ្យច្បាស់។ ក្មួយធ្វើការក្នុងរោងចក្រនេះមានសៀវភៅការងារមួយ រោងចក្រនេះដំណើរការ ៥ ឆ្នាំ ត្រូវបិទ ក្មួយទៅធ្វើការនៅរោងចក្រមួយផ្សេងទៀត ពេលនោះ គេមិនមែនគិតពីថ្ងៃទីមួយទេ គឺគេគិតពី ៥ ឆ្នាំ ដែលក្មួយបានធ្វើការពីរោងចក្រចាស់ ចាប់ពី ៥ ឆ្នាំឡើងទៅលើ។ ៥ ឆ្នាំក្រោយ រោងចក្រ​មួយ​នេះ​ត្រូវបិទ ក្មួយទៅធ្វើការនៅរោងចក្រមួយទៀត ដោយមានសៀវភៅនេះទៅជាមួយ គេបូកពីឆ្នាំទី ១០ ឡើង​ទៅ​លើ មិនមែនពីមួយថ្ងៃឡើងទៅលើទេ។ អញ្ចឹងបានជាម្នាក់ៗត្រូវគ្រប់គ្រង​ខ្លួនឯងឲ្យច្បាស់អំពី​សៀវ​ភៅ​នេះ។ នោះជាអត្ថប្រយោជន៍ផ្ទាល់។ បើគ្មានសៀវភៅនេះទេ មិនធានាថាអត្ថប្រយោជន៍របស់ខ្លួនត្រូវបាន​ធា​នាទេ។ ពិតហើយ មានការបញ្ជាក់នេះ បញ្ជាក់នោះ ដោយខ្វះឯកសារគឺពិបាកនឹងទទួល។

រាជរដ្ឋាភិបាលប្រឹងប្រែងធ្វើឲ្យពលករក្រៅប្រទេសទទួលបានផលប្រយោជន៍ទាំងឡាយដែរ

ត្រូវខិតខំធ្វើការងារនេះ។ ហើយជាមួយគ្នានេះដែរ សម្រាប់កម្មករនៅក្រៅប្រទេស យើងបានប្រឹងប្រែង។ ហើយខ្ញុំនៅតែបន្តផ្តាំផ្ញើទៅក្មួយៗដែលកំពុងធ្វើការនៅក្រៅប្រទេស សូមឲ្យបន្តការខិតខំ ដើម្បីទទួល​បាន​អត្ថ​ប្រយោជន៍។ រាជរដ្ឋាភិបាលកំពុងធ្វើឲ្យអ្នកស្របច្បាប់ ទៅជាមិនស្របច្បាប់ ហើយ​​អ្នកដែលស្របច្បាប់​ហើយ ទទួលបាននូវអត្ថប្រយោជន៍ដូចកម្មករនៅក្នុងប្រទេសដទៃ។ យើងនឹងបន្តពង្រីកជាមួយនឹងទីផ្សារ​ការ​ងារ​របស់យើងនៅឯក្រៅប្រទេស ជាមួយនឹងការប្រកួតប្រជែងជាមួយកម្មករនៃប្រទេសដទៃ។ ក្នុងក្រប​ខណ្ឌ​អា​ស៊ាន យើងមានសេចក្តីថ្លែងការណ៍អំពីការការពារពលករចំណាកស្រុក។ ឥឡូវ យើងនឹងបន្តនូវ​កិច្ច​ការ​ងារនេះតទៅទៀត ជាមួយនឹងការទទួលស្គាល់ទៅវិញទៅមក ហើយក៏ទទួលស្គាល់នូវអតីតភាព ដូច​ជា​កម្មករយើងខ្លះធ្វើការនៅក្នុងប្រទេសថៃ យើងត្រូវទទួលស្គាល់អតីតភាពដែលគេធ្វើការនៅ​ក្នុងប្រ​ទេស​ថៃ ១០ ឆ្នាំ គេមកបន្តការងារនៅក្នុងប្រទេសរបស់យើងបន្តទៀត ហើយបូកជាមួយនឹងការងារ​ទាំង​នោះ ទាំងនៅក្នុងថៃ ទាំងនៅក្នុងស្រុកយើង គឺបង្កើតបានជាការទទួលអត្ថប្រយោជន៍ នៃប្រាក់សោធន​និវត្តន៍។

នៅប្រទេសជប៉ុន យើងក៏កំពុងពង្រីកទៅកាន់ទីនោះ តាមរយៈនៃការចរចារវាងខ្ញុំ ជាមួយនឹង​នាយករដ្ឋ​មន្រ្តី ស៊ិនហ្សូ អាបេ កាលពីឆ្នាំ ២០១៥ ហើយរយៈពេលកន្លងទៅនេះ ក្នុងឆ្នាំនេះ ឆ្នាំ ២០១៧ ក្នុងខែ​សីហា ក៏មានទស្សនកិច្ចរបស់ខ្ញុំ ក៏មានការពិភាក្សា។ ឥឡូវ យើងក៏បានបញ្ជូននូវក្រុមថែទាំមនុស្សចាស់ ដែល​មានវិជ្ជាជីវៈផ្នែកខាងពេទ្យ ដើម្បីទៅធ្វើការនៅទីនោះ។ យើងមិនសូវមានជំនាញខាងផ្នែកមេដោះ ភាគច្រើនគឺហ្វីលីពីន។ ហ្វីលីពីននៅក្នុងប្រទេសយើងសព្វថ្ងៃ ចុះបញ្ជីនៅស្ថានទូត មានប្រមាណជាង ៧ ០០០ នាក់ តែយើងអាចប៉ានស្មានថា មានប្រមាណ ១ ម៉ឺននាក់នៅកម្ពុជា ក្នុងនោះ មានមួយផ្នែកគឺ​ធ្វើជា​មេ​​ដោះ នៃជនបរទេសដែលមកធ្វើការនៅកម្ពុជា។ នៅហុងកុង មេដោះមានចំនួនច្រើនណាស់​ជាជនជាតិ​ហ្វីលីពីន។

អញ្ចឹងការបញ្ជូនពលករទៅក្រៅប្រទេស មិនមែនមានតែកម្ពុជាទេ។ ថៃបានបញ្ជូនពលករទៅក្រៅប្រទេស​ជាង ៤ លាន នាក់។ ប៉ុន្តែ ថៃខ្វះពលករ នាំពលករពីកម្ពុជា និងពីឡាវ ចូលប្រទេសថៃ ពីមីយ៉ាន់ម៉ា លោក​ជំទាវ អោងសាន ស៊ូឃ្យី ប្រាប់ខ្ញុំថ្ងៃមុនជាង ២ លាននាក់ ក្នុងប្រទេសថៃ។ ឯថៃបញ្ជូនពលករ​ទៅ​ស៊ី​ប្រាក់ខែខ្ពស់នៅខាងកូរ៉េខាងត្បូង នៅតៃវ៉ាន់ និងនៅមជ្ឈឹមបូព៌ា គឺមានចំនួនច្រើន និងទៅជប៉ុន។ កោះតៃវ៉ាន់ គឺជាផ្នែកមួយនៃប្រទេសចិន ក៏ប៉ុន្តែ ថៃបានបញ្ជូនកម្មករទៅទីនោះ។

លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នឹងមិនក្លាយទៅជាចំណាប់ខ្មាំងរបស់អ្នកណាមួយទេ

យើងបន្តការយកចិត្តទុកដាក់ដោះស្រាយការងារធ្វើ ជូនប្រជាពលរដ្ឋកម្ពុជារបស់យើង។ ក៏ប៉ុន្តែ អ្វីដែលខ្ញុំ​ទទូច​សុំទាំងអស់គ្នា ខិតខំរក្សារបស់ដែលខ្លួនមាន តាមរយៈការថែទាំនូវសន្តិភាព ដែលយើងរកបាន​ដោយ​លំបាក។ ថែទាំជាមួយនឹងដំណើរការលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលនៅក្នុងឆ្នាំ ២០១៨ ខាង​មុខ ដែលយើងនឹងត្រូវបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ក្នុងថ្ងៃ ២៥ ខែកុម្ភៈ ២០១៨ ហើយ​និងបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨។ ហើយសង្ឃឹមថា ក្មួយៗ​ផ្ទាល់ បូកជាមួយឪពុកម្តាយ និងក្រុមគ្រួសារ បន្តបោះឆ្នោតឲ្យគណបក្សប្រជាជន និងបោះឲ្យពូបន្តដឹកនាំ​តទៅ​ទៀត។ យើងបានរួមសុខ រួមទុក្ខជាមួយគ្នា តាំងពីគ្រាដែលលំបាកបំផុត រហូតមកដល់ដំណាក់កាល​នេះ ដែលពេលនេះ គឺជាពេលវេលាដែលយើងខិតខំក្តាប់ឱកាសនេះឲ្យបាន ដើម្បីបន្តជំហានទៅមុខ ជំ​ហានដែលប្រជាជនយើងត្រូវការចង់បាន លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នឹងមិនក្លាយទៅជាចំ​ណាប់​ខ្មាំង​របស់អ្នកណាមួយទេ។ គ្មានការចូលរួមរបស់អ្នក ការបោះឆ្នោតក៏នៅតែធ្វើ សូមផ្តាំទៅឲ្យហើយ។

ត្រូវយល់ឲ្យច្បាស់ពីរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាអំពីចំណុចដែលចែងថា «សភាមានអាណត្តិ ៥ ឆ្នាំ សភាមិនអាចរំលាយមុនអាណត្តិបានទេ»។ ចងចាំកន្លែងនេះឲ្យច្បាស់ តែបោះឆ្នោតរួចហើយ គឺរួច​ហើយ គ្មាននរណាមានសិទ្ធិរំលាយសភា សូម្បីសភាខ្លួនឯងក៏គ្មានសិទ្ធិរំលាយខ្លួនឯងដែរ។ ប្រទេសនានា​អនុញ្ញាត​ឲ្យនាយករដ្ឋមន្រ្តីរំលាយសភា ចាត់តាំងបោះឆ្នោត ប៉ុន្តែ នៅកម្ពុជា មិនអនុញ្ញាតថ្វាយព្រះមហា​ក្សត្រ​រំលាយសភា ក៏មិនអនុញ្ញាតឲ្យនាយករដ្ឋមន្រ្តីរំលាយសភា សភាខ្លួនឯងក៏គ្មានសិទ្ធិរំលាយខ្លួនឯង។ ប៉ុន្តែ បើសិនជាខ្លួនឯងចង់រំលាយ គឺត្រូវរំលាយរដ្ឋាភិបាល ២ ដង ក្នុងរយៈពេល ១២ ខែ។ បើអ្នកឯង​រំលាយ​គេម្តង ហើយចង់រលាយខ្លួនឯង ៨ ខែក្រោយ អ្នកឯងរំលាយទៀតទៅ ខ្លួនឯងអស់ការងារធ្វើដែរ។ ព្រោះលែងនៅជាតំណាងរាស្រ្តទៀតហើយ ព្រោះខ្លួនឯងរំលាយ។

អញ្ចឹង សភាមានសិទ្ធិរំលាយរាជរដ្ឋាភិបាលក្នុងមួយឆ្នាំម្តង ប៉ុន្តែ បើរំលាយ ២ ដង សភាខ្លួនឯងក៏រលាយ​ដែរ។ អញ្ចឹងត្រូវចាំឲ្យច្បាស់ ហើយច្បាប់នៅកម្ពុជា រដ្ឋធម្មនុញ្ញនៅកម្ពុជា មិនតម្រូវឲ្យទៅចុះហត្ថលេខាពី​ប្រធានា​ធិប​តី​ប្រទេសដទៃ ឬពីអគ្គលេខាអង្គការសហប្រជាជាតិថាការបោះឆ្នោតមានភាពស្របច្បាប់​នោះ​ដែរ។ ប្រជាជនចូលរួមបោះឆ្នោតជាការគ្រប់គ្រាន់។ ឥឡូវប្រជាជនបានត្រៀមរួចរាល់ហើយ​សម្រាប់​ការ​បោះ​ឆ្នោត។ រាជរដ្ឋាភិបាលក៏មានទុនគ្រប់គ្រាន់ហើយដែរ សម្រាប់ការបោះឆ្នោត។

ប្រទេសប្រជាធិបតេយ្យ លុះត្រាតែមាននីតិរដ្ឋ

ការចុះឈ្មោះធ្វើបច្ចុប្បន្នភាពសម្រាប់បញ្ជីបោះឆ្នោតក៏បានធ្វើរួចរាល់ហើយ។ ដំណើរការនឹងចាប់ផ្តើម​តាម​ការ​គ្រោងទុក។ ទោះមានបក្សប៉ុន្មានចូលរួម(ក៏ដោយ)។ មានបក្សមិនតិចទេដែលត្រូវចូលរួម។ មនុស្ស​មួយចំនួនត្រូវបានហាមឃាត់ ឯមនុស្សទូទៅ(មិនត្រូវបានហាមឃាត់ទេ)។ ត្រឹមតែ ១១៨ នាក់ គេមិន​ដែល​ឲ្យអ្នកជាប់ទោសមកបោះឆ្នោតទេ។​ ឥឡូវទៅសួរគុកព្រៃស ដែលឲ្យអ្នកជាប់គុកមកបោះទេ? ប្រ​ទេស​ណាក៏គេមានច្បាប់នោះដែរ។ ឥឡូវ សូមនាំគ្នាសិក្សាអំពីច្បាប់ស្តីពី​បក្សនយោបាយរបស់អូស្រ្តាលី ដែលទើបនឹងចេញពីអាទិត្យមុន។ សូមសិក្សាមើល ម៉េចក៏មិននាំគ្នាទៅបន្ទោសអូស្រ្តាលីផង? ធ្ងន់ដែរ មិន​មែនធ្ងន់ដែរទេ? ធ្ងន់លើសពីកម្ពុជាទៅទៀត ច្បាប់ស្តីពីបក្សនយោបាយ។ ប្រទេសដែលគ្រប់​គ្រង​ដោយ​ច្បាប់ ទើបជាប្រទេសដែលមានប្រជាធិបតេយ្យ និងរក្សានូវដំណើរការប្រជាធិបតេយ្យពិតប្រាកដ។

ប្រជាធិបតេយ្យដោយគ្មានការគ្រប់គ្រងដោយច្បាប់ ឬនិយាយមួយបែប ដោយគ្មាននីតិរដ្ឋ គឺជាដំណើរ​អនា​ធិបតេយ្យ ដែលមិនអាចគ្រប់គ្រងបាន ហើយទីបំផុត វាត្រឹមតែនាំមកនូវវិនាសកម្ម និងការខ្លោចផ្សារ​របស់​ប្រ​ទេស។ យើងប្តូរផ្តាច់ជាមួយនឹងដំណើរការប្រជាធិបតេយ្យ​ សេរី ពហុបក្ស អមដោយនីតិរដ្ឋ នៅ​ព្រះ​រា​ជាណាចក្រកម្ពុជា យើងធ្វើការបោះឆ្នោតតាមការកំណត់ នៃរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត។ ច្បាប់​បោះ​ឆ្នោតរបស់យើងបានចែង រៀងរាល់នាថ្ងៃអាទិត្យ សប្តាហ៍ទី ៤ ​នាខែកក្កថា រាល់ ៥ ឆ្នាំម្តង ត្រូវធ្វើ​ការ​បោះ​ឆ្នោត។ ដូច្នេះ តាំងពីមុនមក យើងតែងតែបោះឆ្នោតនៅថ្ងៃអាទិត្យ នៃសប្តាហ៍ទី ៤ (ខែកក្កដា) ជូន​កាល​ប៉ះថ្ងៃទី ២៦ ជួនកាលប៉ះថ្ងៃទី ២៧ ជួនកាលប៉ះថ្ងៃទី ២៨ ហើយគាប់ជួននៅឆ្នាំ ២០១៨ វាប៉ះដល់​ថ្ងៃ​ទី ២៩ ខែកក្កដា។ អញ្ចឹងទេ អ្នកដែលមិនចូលបោះ គឺរឿងរបស់អ្នក នោះវាជាសិទ្ធិមួយដែរ​ក្នុង​ចំ​ណោម​សិទ្ធិ ​ទៅបោះឆ្នោតក៏ជាសិទ្ធិ មិ​នទៅបោះឆ្នោតវាក៏សិទ្ធិ មិនចូលរួមបោះឆ្នោតវាក៏ជាសិទ្ធិ ចូលរួមបោះឆ្នោត​វា​ក៏សិទ្ធិ។ នេះហើយគឺជាការអនុវត្តនូវសិទ្ធិពិតប្រាកដដែលបាន និងកំពុងធ្វើ និងបន្តធ្វើនៅក្នុងព្រះរាជា​ណា​ចក្រកម្ពុជា។

ថ្ងៃនេះ ក្មួយៗបានមកចំនួន ១៥ ១១៣ នាក់ មកពី ១៣ រោងចក្រ ពូគ្មានអ្វី(ច្រើនទេ) គ្រាន់តែជាកំដរដៃទេ សូម​ជូនក្មួយៗម្នាក់ ២ ម៉ឺនរៀលតែប៉ុណ្ណោះ។ តែក្មួយៗមិនមែនសំដៅមករកប្រាក់ហ្នឹងទេ ប្រាក់ក្មួយៗបាន​ច្រើន ប្រាក់ពូនេះគ្រាន់តែកំដរដៃទេ តែនេះវាជាការជួបសំណេះសំណាលទំនាក់ទំនងរវាងមេដឹកនាំ​ជាមួយ​នឹង​កម្មករ/ការិនី ក្នុងដំណើរនៃការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា។ ប៉ុន្តែ កាយវិការដែលក្មួយបានធ្វើ​ចំ​ពោះពូ មិនមែនគ្រាន់តែជាទំនាក់ទំនងរវាងមេដឹកនាំ ជាមួយនឹងប្រជាពលរដ្ឋទេ នោះគឺជាកាយវិការចាត់​ទុក​ពូ​ដូចជាឪពុក ដូចជាជីតា ពូសូមអរគុណ។ យើងមើលស្គាល់នូវកាយវិការនេះ ហើយក្មួយៗ សុំ​អភ័យ​ទោស នៅពេលឃើញគេយកកន្សែងមកជូត ដោយសារក្រែមច្រើនពេកសងខាង មិនមែនស្អប់ខ្ពើមក្មួយទេ ក៏ប៉ុន្តែ ក្រែមវាប្រឡាក់មុខទាំងសងខាង ទើបគេយកកន្សែងមកជូត តែពូមើលខ្លួនឯងមិនដឹងទេ។

ក្មួយៗខ្លះរហ័សណាស់ មួយភ្លែត(ថើប)៣ ដងនោះ។ ពេលសុំតែមួយទេ ដល់ទៅថើប ៣ ដង។ អរ​គុណណាស់ នេះគឺជាកាយវិការបង្ហាញពីទឹកចិត្តស្រឡាញ់រាប់អាន ក្នុងឋានៈជាសាច់ឈាមតែម្តង ហើយ​កាយវិការ​នេះធ្វើឲ្យពូមានអារម្មណ៍ថា ជីដូនជីតា ឪពុកម្តាយ រហូតមកដល់ក្មួយៗ បានស្គាល់ពូ​បាន​ច្បាស់​ណាស់ នៅក្នុងដំណើរជាតិកម្ពុជារបស់យើង និងក្នុងដំណើរជីវិតរបស់ក្មួយៗ ក៏ដូចជាក្រុមគ្រួសារ​ក្មួយៗ។ ថ្ងៃនេះ ដោយសារពិនិត្យឃើញថា ចំនួនសិល្បករ/ការិនីក៏មានចំនួនច្រើន ក៏សូមបង្កើន​ថវិកា​ឡើង​ទៅ​ដល់ ៥ លានរៀលជូនក្រុមសិល្បៈ ឡើងថ្លៃបន្តិច ពីមុនបាន ២ លាន ឥឡូវ ៥ លាន។ ឯណា សុធាវី ឡើង​មកត្រៀមកន្សែងក្រហមហ្នឹងត្រូវច្រៀងមុនគេ (និយាយលេង) ហើយច្រៀងទាក់ទងនឹងបទកម្មករឲ្យ​បាន​ច្រើន​បន្តិច។ ក្មួយៗ ដែលមានផ្ទៃពោះ បន្តិចទៀតពូនឹងដើរទៅតាមហ្នឹង ជូនផ្ទាល់ដៃ មួយស្រោមសំ​បុត្រ​ម្នាក់ ហើយពូមិនថាប៉ុន្មានទេ បើកមើលខ្លួនឯងទៅ ប៉ុន្តែ រំលឹកក្មួយណាមានផ្ទៃពោះមានកូនភ្លោះ សូម​ប្រាប់ពូ នឹងទទួលបាន ២ ស្រោមសំបុត្រ។

អរគុណណាស់ យើងបានដើរមកដល់ទីបញ្ចប់មែនទែនហើយ យប់ត្រជាក់ ដល់ថ្ងៃក្តៅ ហ្នឹងជាការធម្មតា​រវាង​ព្រះចន្ទ និងព្រះអាទិត្យ។ ហើយជាទីបញ្ចប់ សូមផ្តាំផ្ញើតាមរយៈក្មួយៗទៅកាន់ក្រុមគ្រួសារ ជាមាតា​បិតា ជាជីដូនជីតា និងក្រុមគ្រួសារ នូវការសាកសួរសុខទុក្ខ ហើយសង្ឃឹមថា ពួកគាត់នឹង​ផ្តល់នូវ​ការ​គាំទ្រសម្រាប់គណបក្សប្រជាជន សម្រាប់ពូបន្តការដឹកនាំក្នុងរយៈពេលមិនតិចជាង ១០ ឆ្នាំទៀត។ ហើយ​ក៏សូមជូនពរចំពោះក្មួយៗទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្រង់ប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្...

ថ្ងៃនេះ ខ្ញុំមានសេចក្ដីសប្បាយរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងពិធីអបអរសាទរទិវា អតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី ១២ឧសភា ឆ្នាំ២០២៦ នេះ
beylikdüzü escort escort beylikdüzü beylikdüzü escort