ឯកឧត្តម ប៊ិន ឈិន បានថ្លែងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងព្រលាន្តយន្តហោះកម្ពុជា គឺដើម្បីឆ្លើយតបនឹងកំណើនភ្ញៀវទេសចរដែលចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ

មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាលថ្មីសម្រាប់ទទួលអ្នកដំណើរមកដល់ និងសាលថ្មីសម្រាប់ភ្ញៀវរង់ចាំចេញដំណើរ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា កិច្ចការដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន Cambodia Airports ក៏ដូចជាដៃគូទាំងអស់ក្នុងវិស័យទេសចរណ៍ បានសហការរួម គ្នាធ្វើការអភិវឌ្ឍជាបន្តបន្ទាប់មកនេះ គឺដើម្បីឆ្លើយតបនឹងកំណើនភ្ញៀវទេសចរណ៍ ដែលបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានមានប្រសាសន៍ថា ជាមួយនឹងហេដ្ឋាចរនាសម្ព័ន្ធថ្មីៗទាំងនេះ បានសបញ្ជាក់ឱ្យឃើញថា គឺជាការវិនិយោគដ៏ច្រើន និងមានប្រយោជន៍យ៉ាងខ្លាំង សម្រាប់ប្រទេសកម្ពុជា ជាអាទិ៍គឺការបង្កើតការងារក្នុងស្រុករបស់យើង។
ឯកឧត្តម ប៊ិន ឈិន បានសង្កត់ធ្ងន់ថា វិស័យអាកាសចរណ៍ គឺគ្របដណ្តប់លើការដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ហើយវិស័យនេះមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងពិភពលោកបែបសាកលភារូបនីយកម្ម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា វិស័យអាកាសចរណ៍ បានរួមចំណែកសម្រួលដល់ការធ្វើដំណើររបស់មនុស្ស ការងារដឹកជញ្ជូនទំនិញនានា ការចែករំលែកនូវវប្បធម៌របស់ប្រទេសនីមួយៗ ការទំនាក់ទំនងខាងផ្នែកវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសេវាកម្មនានា ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានការកើនឡើងនូវភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករគួរឱ្យកត់សម្គាល់។

គួររំលឹកឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានកសាងឡើងនៅដើមទសវត្សរ៍ឆ្នាំ៦០ ក្រោមកិច្ចសហប្រតិបត្តិការរបស់បារាំង (កម្ពុជា-បារាំង) ប៉ុន្តែអាកាសយានដ្ឋាននេះត្រូវបានបិទដំណើរការទៅវិញ ក្នុងសម័យកាលដែលកម្ពុជាមានសង្គ្រាមក្នុងស្រុក។ ក្រោមកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន និងក្រុមហ៊ុន Cambodia Airports អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩៥ ក្នុងគោលបំណងបើកចំហរកម្ពុជាទៅកាន់ពិភពលោក និងពីពិភពលោកមកកាន់កម្ពុជា។ បន្ទាប់ពីបានរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មនានានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រហូតឈានដល់កម្រិតស្តង់ដាអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន និងក្រុមហ៊ុន Cambodia Airports បានអភិវឌ្ឍន៍ខ្សែបណ្តាញអាកាសយានដ្ឋានអន្តរជាតិជាបន្តបន្ទាប់ ដែលដំបូងឡើយ បានបន្ថែមអាកាសយានដ្ឋានអន្តរជាតិសៀមរាបនៅឆ្នាំ២០០១ និងបន្ទាប់មកទៀត គឺអាកាសយានដ្ឋានក្រុងព្រះសីហនុនៅឆ្នាំ២០០៦។

គួរបញ្ជាក់ថា អាកាសយានដ្ឋាននៅក្នុងរាជធានីភ្នំពេញ រួមទាំងអាកាសយានដ្ឋាននៅខេត្តសៀមរាប និងខេត្តព្រះសីហនុ គឺមានសមត្ថភាពពេញលេញក្នុងការទទួលអ្នកដំណើរបានរហូតដល់៧លាននាក់ ដែលនឹងមកទស្សនានៅប្រទេសកម្ពុជា ហើយតួលេខនេះក្រសួងទេសចរណ៍បានប៉ាន់ប្រមាណថា ចំនួនភ្ញៀវទេសចរណ៍អាចនឹងកើនឡើងរហូតដល់៧លាននាក់នៅឆ្នាំ២០២០។

យោងតាមប្រសាសន៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ព្រលាន្តយន្តហោះអន្តរជាតិទាំងបីរបស់កម្ពុជានេះ គឺបានរួមចំណែកដល់ភាពរុងរឿងរបស់កម្ពុជា ដោយបានអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍រាប់លាននាក់ក្នុងមួយឆ្នាំៗ ធ្វើការហោះហើរមកទស្សនាប្រទេសកម្ពុជា បានមើលឃើញនូវការរីកចម្រើន និងវប្បធម៌ដ៏ប្រពៃរបស់កម្ពុជា។ ឯកឧត្តម បន្ថែមទៀតថា នៅថ្ងៃខាងមុខនេះ ជើងហោះហើរថ្មីៗនឹងត្រូវបានបើកជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ ហើយគោលដៅហោះហើរដ៏ពេញនិយមជាងគេ នឹងកាន់តែខិតជិតកៀកបង្កើយ ដែលក្នុងឆ្នាំងកន្លងទៅ និងប៉ុន្មានខែចុងក្រោយនេះ គេសង្កេតឃើញថា មានក្រុមហ៊ុនអាកាសចរណ៍ធំៗលំដាប់ពិភពលោកជាច្រើន បានហោះហើរមកកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាប៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ