AKP ខេត្ដសៀមរាប ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ –សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នារសៀលថ្ងៃទី០២ខែធ្នូឆ្នាំ២០១៧ បានអញ្ជើញជា អធិបតីភាព ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីក្រុងពាលី និងសូត្រមន្ត នៅបរិវេណប្រាសាទអង្គវត្តខេត្តសៀមរាប ក្នុងខណៈ ដែលពិធីបុណ្យបួងសួងចម្រើនសេចក្ដីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា និងចាប់ផ្ដើមនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងខេត្ដសៀមរាប។
អញ្ជើញចូលរួមក្នុងពិធីនោះដែរ ក៏មានវត្តមាន ឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកា ព្រឺទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងមន្ត្រីអ្នកមុខអ្នការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
តាមកម្មវិធីដែលបានគ្រោងទុកពិធីបួងសួងសុំចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅមុខប្រាសាទ អង្គរវត្ត ខេត្តសៀមរាប នៅថ្ងៃទី០២ ខែធ្នូនេះ គឺជាថ្ងៃសូត្រមន្ត ក្រុងពាលី ដោយមានព្រះសង្ឃចំនួន៥០០អង្គ ដើម្បីសុំសេចក្តីអនុញ្ញាត ពីបុព្វបុរសខ្មែរម្ចាស់ទឹក ម្ចាស់ដី ដ៏សក្ដិសិទ្ធិ ដើម្បីរៀបចំនូវកម្មវិធីនេះឡើង ហើយ នៅថ្ងៃទី០៣ខែធ្នូ ជាថ្ងៃប្រារព្ធពិធីធំ គឺការបួងសួងសុំចម្រើនសេចក្តីសុខ ដល់ព្រះរាជាណាចក្រកម្ពុជា។
កម្មវិធីនៅថ្ងៃទី០៣ ខែធ្នូ នឹងមានការរាប់បាត្រព្រះសង្ឃចំនួន ៥.០០០អង្គ ដែលនិមន្តមកពីបណ្តាវត្តនានាក្នុង ខេត្តសៀមរាប និងខេត្តជិតខាង ព្រមទាំងមានពិធីផ្សេងៗជាច្រើនទៀតតាមបែបសាសនា។
ក្នុងឱកាសនៃពិធីបុណ្យបួងសួងចម្រើនសេចក្ដីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជាក៏មានពិធីប្រណាំងកង់ និងពិធីរត់ម៉ារ៉ាតុន ដែលនឹងមានអ្នកចូលរួមពីប្រជាពលរដ្ឋកម្ពុជា និងជនបរទេសសរុបប្រមាណជាង ១០.០០០នាក់ ព្រមទាំងមានការសម្តែងសិល្បៈជូនមហាជនទស្សនា កម្សាន្តសប្បាយ និងបាញ់កាំជ្រួច អបអរសាទរនៅពេលរាត្រីផងដែរ។៕
ដោយ ជឹម ណារី