សារសម្តេចតេជោ ហ៊ុន សែន គាំទ្រសាលដីការបស់តុលាការកំពូល អំពីការរំលាយគណបក្សសង្រ្គោះជាតិ

CNV: 

សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ!

បងប្អូនជនរួមជាតិជាទីគោរព!

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានការចាំបាច់ដើម្បីថ្លែងសារទៅកាន់ជនរួមជាតិជាទីគោរពស្នេហា។ ដូចដែលបង ប្អូនជនរួមជាតិបានជ្រាបរួចមកហើយថា ថ្ងៃនេះ តុលាការកំពូលបានសម្រេចកាត់សេចក្ដី ចេញសាលក្រម រំលាយគណបក្សសង្រ្គោះជាតិ។ អ្វីដែលប្រជាជនយើងទាំងអស់គ្នាបានដឹងរួចមកហើយ បន្ទាប់ពីថ្ងៃរំដោះ ៧ មករា ១៩៧៩ ដោយមានការគាំទ្រពីព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជាបងប្អូនជនរួមជាតិ គណបក្សប្រជាជនកម្ពុជា តាមរយៈរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា រដ្ឋកម្ពុជា យើងបានខិត ខំយ៉ាងខ្លាំង ដើម្បីកសាងទឹកដីនេះពីគំនរផេះផង់​ ពីបាតដៃទទេ ក្នុងពេលដែលយើងបានប្រឹងប្រែងដើម្បី ស្វែងរកដំណោះស្រាយស្ដីពីបញ្ហាកម្ពុជា តាមរយៈការបញ្ចប់សង្រ្គាម តាមរយៈនៃការចរចា ដើម្បីស្វែងរក ដំណោះស្រាយនៃបញ្ហាដ៏ស្មុគស្មាញរបស់យើង។

យើងក៏បានសម្រេចជោគជ័យអំពីនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសុខសន្ដិភាព និងឯកភាព​ទឹក​ដី​ពេញលេញ។ ទោះបីជារយៈពេលកន្លងទៅ សភាពការណ៍ពិភពលោក ក៏ដូចជាតំបន់ មានការប្រែប្រួល​យ៉ាង​ណាក៏ដោយ ប៉ុន្តែ គណបក្សប្រជាជនកម្ពុជានៅតែប្រកាន់ភ្ជាប់ឥតងាករេ​នូវបេសកកម្ម​ជាប្រវត្តិ​សាស្រ្ត​របស់ខ្លួន គឺការរួមសុខរួមទុក្ខជាមួយនឹងប្រជាជនគ្រប់កាល

ៈទេសៈ។ យើងបានបន្ត​ជាមួយនឹង​គោលនយោ​បាយ​បង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងឯកភាពជាតិ ដើម្បីប្រមូលកម្លាំងសាមគ្គី ក្នុងនោះ គឺធានាអោយ​បាន​នូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី។ យើងក៏បានខិតខំដើម្បីជំរុញការអភិ​វឌ្ឍ​សេដ្ឋកិច្ចសង្គម ដើម្បី​កាត់បន្ថយភាពក្រីក្រ។ យើងនៅតែបន្តការប្ដូរផ្ដាច់ជាមួយនឹងដំណើរការ នៃលទ្ធិ​ប្រជា​ធិបតេយ្យ ដោយ​មាន​ការបោះឆ្នោតជាទៀងទាត់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ឥឡូវនេះ ដោយឈរលើមូលដ្ឋាននេះ តុលាការកំពូលសាលដីកាសម្រេចរំលាយគណបក្សសង្រ្គោះជាតិ និងធ្វើ​ការ​ហាមឃាត់ការធ្វើសកម្មភាពនយោបាយរបស់ថ្នាក់ដឹកនាំ នៃគណបក្សនេះ ស្របតាមវិធាន​នៃ​នីតិ​រដ្ឋ។ ក្នុងនាមជាស្ថាប័ននីតិប្រតិបត្តិ រាជរដ្ឋាភិបាលសូមប្រកាសគាំទ្រចំពោះការសម្រេចរបស់តុលាការ​កំពូលនេះ ហើយការសម្រេចនេះ គឺនឹងធានាបាននូវការបន្តរក្សាការពារបានគង់វង្សនូវសន្ដិភាព ស្ថេរភាព ឯករាជ្យ អធិប​តេយ្យភាព និងដើម្បីបន្តអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងសមធម៌។

អាស្រ័យហេតុនេះ រាជរដ្ឋាភិបាលសូមអំពាវនាវចំពោះបងប្អូនជនរួមជាតិទាំងអស់ មេត្តារក្សាភាព​ស្ងាត់​ស្ងៀម ហើយចូលរួមអនុវត្តសេចក្ដីសម្រេចរបស់តុលាការកំពូល ដើម្បីរួមគ្នាបន្តថែរក្សាសន្ដិភាព ស្ថេរភាព នយោ​បាយ សន្ដិសុខសណ្ដាប់ធ្នាប់សង្គម និងនីតិរដ្ឋនៅកម្ពុជា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលនៅ​តែបន្ត​ការ​ប្ដេជ្ញាចិត្តនៅក្នុងការការពារនៃដំណើរការ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ ស្របតាម​រដ្ឋ​ធម្ម​នុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ការបោះឆ្នោតនៅពេលខាងមុខ ក៏នឹងត្រូវប្រព្រឹត្តទៅក្រោមការចាត់​ចែង​រៀបចំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាស្ថាប័នឯករាជ្យ។ ក្នុងនោះ មានការបោះ​ឆ្នោត​ជ្រើសតាំងសមាជិកព្រឹទ្ធសភានៅថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៨ និងការបោះឆ្នោតជ្រើស​តាំង​តំ​ណាង​រាស្រ្ត នឹងត្រូវរៀបចំនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨។

ដូចដែលយើងធ្លាប់បានដឹងហើយ នៅកម្ពុជាមិនមែនមានតែគណបក្សពីរនោះទេ គឺមានគណបក្ស​រាប់​សិប​ឯ​ណោះ។ ដូច្នេះ អវត្តមាននៃគណបក្សនយោបាយមួយ ក៏នៅមានគណបក្សនយោបាយជាច្រើនទៀត ដែល​នឹងត្រូវចូលរួមការបោះឆ្នោត។ ម្យ៉ាងទៀត ទោះបីជាគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ​ ក៏ប៉ុន្តែ​អតីត​សមាជិក សមាជិកា និងសកម្មជន និងអ្នកធ្លាប់គាំទ្រគណបក្សនេះ លើកលែងតែថ្នាក់​ដឹកនាំ​មួយ​ចំ​នួន ដែលត្រូវតុលាការកំពូលហាមឃាត់ការធ្វើសកម្មភាពនយោបាយរយៈពេល ៥ ឆ្នាំ បងប្អូននៅតែ​មាន​សិទ្ធិ​សេរីភាពពេញលេញស្របទៅតាមរដ្ឋធម្មនុញ្ញ។ បងប្អូនអាចទៅបង្កើតបក្សនយោបាយថ្មី ឬបងប្អូន​អាច​ទៅចូលរួមជាមួយនឹងគណបក្សនយោបាយណាមួយតាមដែលចិត្តខ្លួនចង់។

យើងក៏សូមថ្លែងនូវការកោតសរសើរ និងអរគុណចំពោះអតីតសមាជិកថ្នាក់ដឹកនាំ​គណបក្ស​សង្រ្គោះ​​ជាតិ ដែលជាសមាជិកសភា ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ បងប្អូនអតីតសមាជិកា សកម្មជន អ្នកធ្លាប់គាំទ្រគណក្សនេះ ដែលបានស្ម័គ្រប្រកបដោយមនសិការដ៏ថ្លៃថ្លា​មកចូលរួមជាមួយ​នឹង​គណ​បក្សប្រជាជនកម្ពុជា ដើម្បីធានាបាននូវឯកភាព​ និងសាមគ្គីភាព ក្នុងគោលដៅបម្រើប្រជាពលរដ្ឋ​អោយ​បានល្អនៅឯមូលដ្ឋាន។

ទន្ទឹមនេះ ខ្ញុំព្រះករុណាខ្ញុំ នៅតែបន្តអំពាវនាវចំពោះបងប្អូនដែលជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ សមា​ជិក​ក្រុម​បឹ្រក្សាខេត្ត ស្រុក ខណ្ឌ នៅទូទាំងប្រទេស បងប្អូននៅមានពេលវេលានៅឡើយ បន្ទាប់ពីការដែល​គណ​បក្សសង្រ្គោះជាតិត្រូវរំលាយ រយៈពេល ២ អាទិត្យយ៉ាងយូរ នឹងត្រូវរៀបចំបែងចែក​អាសនៈ​នោះ​អោយ​រួច​រាល់។ ដូច្នេះបងប្អូននៅមានលទ្ធភាពមួយអាទិត្យ ឬក៏ច្រើនជាងមួយអាទិត្យបន្ដិច នៅមុនពេលដែល​គណ​បក្សនយោបាយនានានឹងដាក់បញ្ជីឈ្មោះទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីជំ​នួស​តំណែងបងប្អូន ដែលនឹងត្រូវបាត់បង់។ ប្រសិនបើបងប្អូនចង់ចូលរួមចំណែកណាមួយ ក្នុង​ការ​បន្ត​បេស​កកម្មជាមេឃុំ ជាចៅសង្កាត់ ជាជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ឬសមាជិកក្រុមប្រឹក្សាស្រុក ខេត្ត រាជធានី យើងនៅបន្តទទួលស្វាគមន៍ចំពោះបងប្អូន។

ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា សូមអោយប្រធានគណបក្ស គណៈកម្មាធិការ​បក្ស​នៅតាមខេត្ត រាជធានី នៅតាមស្រុក ខណ្ឌ ក៏ដូចជានៅតាមឃុំ សង្កាត់ មេត្តាយោគយល់ និងរៀប​ចំ​អោយ​បងប្អូនដែលបានចាកចេញរួចមកហើយ និងបន្តការចាកចេញជាបន្តទៀត រៀបចំអោយបងប្អូនបាន​ទៅ​ធ្វើ​ជា​ចៅ​សង្កាត់ ជាមេឃុំ​ ជាជំទប់ ជាសមាជិកក្រុមប្រឹក្សានៅទីកន្លែងដដែល។ នេះជាការផ្ដល់ឱកាស​សម្រាប់​បងប្អូនទាំងនោះ ដើម្បីទទួលបាននូវការបម្រើប្រជាជនជាបន្តទៀត ក្រោមឆ័ត្ររបស់គណបក្ស​ប្រជា​ជន​កម្ពុជា។ ប៉ុន្តែបងប្អូនមិនត្រូវមើលឃើញថា អ្វីដែលជាការ​សំណូមពររបស់ខ្ញុំព្រះករុណាខ្ញុំ ជាការទិញ​ដូរ​នោះទេ។ យើងគ្មានប្រាក់កាស ធ្វើការទិញដូរណាមួយទេ។ យើងគ្រាន់តែចង់ផ្ដល់ឱកាសអោយប​ង​ប្អូនដើម្បីមានពេលវេលាមកធ្វើកិច្ចការ ដើម្បីបម្រើប្រជាជនតែប៉ុណ្ណោះ។ ឱកាសនេះកម្រណាស់។

កាលពីប៉ុន្មានថ្ងៃមុន នៅថ្ងៃទី ៣ ដែលខ្ញុំព្រះករុណាខ្ញុំនៅចាំ នៅក្នុងពេលវេលានៅក្នុងពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប សំពះព្រះខែ ពេលនោះខ្ញុំព្រះករុណាខ្ញុំ ក៏និយាយនៅទីនេះ ប៉ុន្តែពួកគេអះអាងថា​គឺនឹងមិនមានការរំលាយគណបក្សសង្រ្គោះជាតិទេ។ ឥឡូវនេះ តើពួកអ្នកដែលបានអះអាងនោះ ត្រូវ ឬ​ខុស? ឥឡូវការទន្ទឹងរង់ចាំ ហើយពេលវេលាវាក៏បានមកដល់ សាលដីកានៃតុលាការកំពូលបិទផ្លូវតវ៉ា។ គ្មានឈ្មោះគណបក្សសង្រ្គោះជាតិនៅកម្ពុជាទៀតទេ។ ប៉ុន្តែការអំពាវនាវរបស់ខ្ញុំព្រះករុណាខ្ញុំនេះ ធ្វើឡើង​ក្នុង​ន័យផ្ដល់ឱកាស ក្នុងន័យទទួលជនរួមជាតិដែលស្ថិតនៅជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ឬក៏ថ្នាក់​ដឹក​នាំ​ផ្នែកខាងក្រោម ដែលទទួលការបោះឆ្នោតនោះ គឺនៅមានឱកាសសម្រាប់បងប្អូន ដើម្បីបន្តការងារ​ជាមួយ​នឹងគណបក្សប្រជាជនកម្ពុជា នៅតាមលំដាប់ថ្នាក់ដែលបងប្អូនចង់បន្ត។ បងប្អូនមិនត្រូវយល់ថា នេះជា​សម្រែក​នៃការអំពាវនាវដើម្បីទិញដូរឧត្តមគតិនោះទេ។ បងប្អូនមិនអាចសង្រ្គោះបក្សខ្លួនឯងបានផង តើ​បង​ប្អូន​ត្រូវសង្រ្គោះបក្ស ឬក៏ត្រូវសង្រ្គោះខ្លួនឯង ដើម្បីខ្លួនឯងមានលទ្ធភាព ដើម្បីនឹង​ចូលរួម​បម្រើ​ប្រជា​ពលរដ្ឋ ទៅតាមអ្វីដែលបងប្អូនបានប៉ងប្រាថ្នាជាយូរមកហើយ។

ម្យ៉ាងទៀត ខ្ញុំព្រះករុណាខ្ញុំ បានដឹងថា មានសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មួយចំនួន កំពុងត្រូវលាក់​ខ្លួន​នៅកន្លែង​នេះ ឬនៅកន្លែងនោះ។ សូមបងប្អូនកុំព្រួយបារម្ភ។ ចេញមុខមក។ ម្យ៉ាងទៀត ក៏សូមផ្ដាំផ្ញើថា សូមដោះ​ស្រាយ​បញ្ហាអោយបានដាច់ស្រេច ទាក់ទិនជាមួយនឹងត្រាសម្រាប់ការងាររបស់មេឃុំ ចៅសង្កាត់​ដែលមិន​បានមកចូលរួម ហើយមិនបានមករួមរស់ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ហើយមិនបាន​វិល​ត្រឡប់​ទៅ​កាន់ការងារនៅឃុំ សង្កាត់ នោះវិញ សូមប្រគល់ត្រា និងទូទាត់ទ្រព្យសម្បតិ្ត ឬប្រាក់កាសទាំង​ឡាយ​ដែល​នៅ​ជំពាក់ជាមួយនឹងកិច្ចការ ដែលនៅនឹងមូលដ្ឋាន។ ព្រោះថា បើសិនជាមិនដោះស្រាយ​បញ្ហាទាំង​នេះ​ទេ បងប្អូន នឹងអាចបង្កើតបានទៅជាទោសព្រហ្មទណ្ឌដាច់ដោយឡែកមួយផ្សេងទៀត ជាមួយ​នឹងការ​ខ្វះ​ការទទួលខុសត្រូវ ឬរហូតទៅដល់ការឆបោក ឬក៏ការយកទៅនូវរបស់ ដែលជាទ្រព្យ​សម្បត្តិ​របស់រដ្ឋនៅ​ឯ​មូលដ្ឋាន។

ចំណុចនេះ គឺជាចំណុចដែលខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់សាជាថ្មីម្ដងទៀតថា យើងមិនព្យាបាទអ្នកណាទេ ក៏ប៉ុន្តែកំហុសទាំងអស់នេះ ជាកំហុសរបស់មេដឹកនាំ។ កំហុសមេដឹកនាំនេះ មិនគ្រាន់តែនាំទៅដល់ការត្រូវ​ផ្ដន្ទា​ទោសរបស់មេដឹកប៉ុណ្ណោះទេ ក៏ប៉ុន្តែនាំទៅដល់នូវសោកនាដកម្ម គឺការរលាយបក្សនយោបាយមួ​យ​។ ការរលាយបក្សនយោបាយនេះ ក៏បាននាំមកនូវគ្រោះថ្នាក់ និងការបាត់បង់នូវការងាររបស់បងប្អូននៅខាង​ក្រោម។ ខ្ញុំព្រះករុណាខ្ញុំ ចង់ផ្ដល់ឱកាសអោយបងប្អូនទាំងឡាយ មានឱកាសបន្តការងារ ទើបខ្ញុំព្រះករុណា​ខ្ញុំ ធ្វើយ៉ាងដូច្នេះ។ បើទោះបីជាបងប្អូនថា មិនលក់ឧត្តមគតិ ខ្ញុំព្រះករុណាខ្ញុំ ក៏មិនត្រូវការទិញឧត្តមគតិ​នោះ​ដែរ។ សូមបញ្ជាក់ បើមិនមកទេ ក៏គណបក្សប្រជាជនកម្ពុជាមិនស្លាប់ទេ។ អ្នកគិតអោយបានច្បាស់។ ពេលវេលានៅក្នុងរង្វង់មួយអាទិត្យ ឬលើសមួយអាទិត្យបន្តិចតែប៉ុណ្ណោះ។ សូមកុំព្យាយាមបង្កើតនូវទោស​ព្រហ្ម​ទណ្ឌបន្ថែមទៀត តាមរយៈសកម្មភាពផ្សេងៗដែលខុសនឹងច្បាប់។

សង្ឃឹមថា ប្រជាពលរដ្ឋរបស់យើង ដែលរយៈពេលកន្លងទៅ គឺមានស្ងប់ស្ងាត់ និងបន្តស្ងប់ស្ងាត់តទៅទៀត ដើម្បីជីវភាពរបស់យើង ដើម្បីឆ្នាំងបាយរបស់យើង ដើម្បីការបង្កបង្កើនផល និងកិច្ចការរបស់យើង។ សំរាប់​ដំណើរការប្រជាធិបតេយ្យ យើងនៅតែប្ដូរផ្ដាច់ ដើម្បីនឹងធានាថា លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នឹងបន្ត​វត្ត​មាននៅកម្ពុជា នោះគឺការបោះឆ្នោតជាបន្តជ្រើសរើសសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតថ្នាក់ជាតិ​ជ្រើស​រើស​សមាជិករដ្ឋសភានៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ។

យើងក៏សូមជំរាបទៅមិត្តភក្តិអន្តរជាតិទាំងឡាយថា យើងកំពុងតែអនុវត្តនូវច្បាប់ប្រទេសរបស់យើង បើ​ទោះ​បី​មានអ្វីកើតឡើងក៏ដោយ ខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថា អ្នកមួយចំនួនគឺមិនបន្តប្រព្រឹត្តនូវអំពើអតីតកាល ដែលធ្លាប់គាំទ្រ លន់ នល់ អោយទម្លាក់សម្ដេច ព្រះនរោត្តម សីហនុ ហើយធ្វើអោយប្រទេស​កម្ពុជា​ខ្ទេច​ខ្ទាំ។ បន្ទាប់ទៅ ពួកអស់លោកអ្នកមួយចំនួនបានគាំទ្រខ្មែរក្រហមនៅឯអង្គការសហប្រជាជាតិ បំផ្លិចបំ​ផ្លាញ​យើងខ្ញុំ។ សង្ឃឹមថា អស់លោកអ្នក នឹងមិនបន្តប្រព្រឹត្តរឿងច្រំដែលដែលធ្លាប់​បានកើតនៅក្នុង​អតីត​កាលនោះ​ទេ។ ប្រជាជនកម្ពុជាចេះដឹង និងឆ្លាតវៃគ្រប់គ្រាន់ ដើម្បីសម្រេចកិច្ចការរបស់ខ្លួន ដើម្បីធានាថា ប្រទេសនេះ មានឯករាជ្យ មានអធិបតេយ្យភាព​ និងបូរណភាពទឹកដី មានសន្ដិសុខ មានសន្ដិភាព មានសេ្ថរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម​ មានការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ។

យើងសង្ឃឹមថា ប្រជាជនជាទីគោរពស្រឡាញ់របស់យើង ដែលបានប្រឹងប្រែងរួមជាមួយនឹងគណបក្សប្រជា​ជន​កម្ពុជា​ក្នុងរយៈពេលជិត ៤០ ឆ្នាំមកនេះ នឹងទទួលផលប្រយោជន៍ពីការបន្តរក្សាសន្ដិភាព និងស្ថេរភាព​នយោ​បាយតទៅមុខទៀត។​ ជាថ្មីម្ដងទៀត ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ អំពាវនាវចំពោះប្រជា​ពល​រដ្ឋ​របស់យើង បន្តការងាររៀងៗខ្លួន និងបន្តភាពស្ងប់ស្ងាត់ មិនធ្វើសកម្មភាពអ្វីដែល​នាំទៅដល់​ការ​ខុស​ឆ្គង។ អំពាវនាវចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកានៃគណបក្សសង្រ្គោះជាតិ ដែលមិនត្រូវបានកាត់សិទ្ធិ​នយោ​បាយ ធ្វើសកម្មភាពនយោបាយជាបន្ត មករួមចំណែកជាមួយនឹងគណបក្សប្រជាជនកម្ពុជា ឬក៏ត្រូវ​បន្ត​ទៅ​ចូលរួមជាមួយនឹងបក្សនយោបាយផ្សេង ឬក៏បង្កើតគណបក្សនយោបាយថ្មី តាមតែចិត្តបងប្អូនចង់។ នេះជាលំហនៃសេរីភាព លំហនៃសិទ្ធិបញ្ចេញមតិ លំហនៃដំណើរការប្រជាធិបតេយ្យ​នៅ​កម្ពុជា (ដែល)មិន​ត្រូវ​បានរឹតត្បិតនោះទេ។ ការរឹតត្បិត និងដំណើរការតុលាការ គឺធ្វើតែចំពោះសកម្មភាពខុសច្បាប់ ដែលមាន​ចរិត​ជាការក្បត់ជាតិតែប៉ុណ្ណោះ។

សូមអរព្រះគុណ អរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់ពីសំណាក់ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះ​អង្គ ក៏ដូចពីសំណាក់បងប្អូនជនរួមជាតិ។ សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...