ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលលើកទី ៥ រំលឹកខួបអនុស្សាវរីយ៍លើកទី ៤០ នៃទំនាក់ទំនង កិច្ចសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក

CNV: 


ឯកឧត្តមប្រធាន,
ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំម៍

ដំបូង ខ្ញុំសូមសំដែងនូវការឯកភាពជាមួយនឹងឯកឧត្តមនាយករដ្ឋមន្ត្រី ណាហ្ស៊ីប រ៉ាហ្សាក់ នៃប្រទេស​ម៉ា​ឡេ​ស៊ីដែលជាប្រទេសសម្របសម្រួលធ្វើការបូកសរុប។ អម្បាញ់មិញក៏ជាការឆ្លើយតបដ៏អស្ចារ្យ​មួយ​របស់​​ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំម៍។ ឯកឧត្តមប្រធានាធិបតី ឯកឧត្តមគឺជាមនុស្ស​ដ៏អស្ចារ្យ​មួយ​សំ​រាប់​ខ្ញុំ។ ខ្ញុំគួរតែបញ្ជាក់នៅទីនេះថា ប្រហែលជាឪពុករបស់ខ្ញុំបានស្លាប់ទៅហួស ដែលគាត់មិនបានស្តាប់​ឮ​សំដីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកមួយ ដែលបាននិយាយនៅឯអង្គការសហប្រជាជាតិ និយាយ​នៅ APEC ហើយនិយាយនៅថ្ងៃនេះ ត្រង់ថា ឯកឧត្តម បាននិយាយ “យើងគោរពឯករាជ្យ និងអធិប​តេយ្យ​ភាពនៃប្រទេសរបស់អ្នក។ យើងចង់ឱ្យអ្នកខ្លាំង រីកចំរើន និងមានឯករាជ្យដោយខ្លួនឯង ចាក់ឫស​ជ្រៅ​​​ក្នុងតម្លៃប្រវត្តិសាស្ត្ររបស់អ្នក និងប្រឹងប្រែងដើម្បីអនាគតល្អ ប្រសើរនៃប្រជាជនអ្នក។ នេះជាអ្វីដែល​យើង​ប្រឹងប្រែងទាំងអស់គ្នា ហើយរីកចំរើនជាមួយគ្នា នឹងភាពជាដៃគូពិត និងជាដៃគូយូរអង្វែង”។

ខ្ញុំគិតថា ឯកឧត្តមគឺជាមនុស្សដ៏អស្ចារ្យ ហើយជាមនុស្សដែលខ្ញុំគោរពបំផុត។ រឿងនេះខ្ញុំក៏គួរ​បញ្ជាក់ជូន​បន្តិច​ក្រៅប្រធានបទ តែអាចនៅក្នុងប្រធានបទទំនាក់ទំនងសហរដ្ឋអាមេរិកជាមួយប្រទេសដទៃ​ទៀត​។ ខ្ញុំ​ជា​មនុស្សម្នាក់ក្នុងចំណោមមនុស្ស ១០០ នាក់ ដែលពេលនោះ នៅកម្ពុជា គេចាត់ទុកថា ឯកឧត្តមមាន​លទ្ធ​ភាពឈ្នះឆ្នោតត្រឹមតែ ១ ភាគរយប៉ុណ្ណោះ ៩៩ ភាគរយ ឯកឧត្តមគឺជាអ្នកចាញ់។ ក៏ប៉ុន្តែ ខ្លួនខ្ញុំស្ថិត​នៅ​ក្នុងចំណោម ១ ភាគរយ។ មុនពេលបោះឆ្នោតខ្ញុំបានប្រកាសពីរលើកថា ឯកឧត្តមជាអ្នកឈ្នះឆ្នោត។ ប៉ុន្តែ​ ខ្ញុំបែរជាទទួលនូវការវាយប្រហារពីប្រធានបក្សប្រឆាំងថា “សត្វដែលមានរោមដូចគ្នា វានៅក្នុង​សំបុក​ជា​មួយ​គ្នាបាន។ ដូណាល់ ត្រាំម៍ គឺជាអ្នកផ្តាច់ការដោយសារលុយ ឯ ហ៊ុន សែន ជាអ្នកផ្តាច់ការដោយ​សារ​លុយ និងអាវុធ”។

ឯសាស្ត្រាចារ្យខ្មែរម្នាក់ ដែលនៅសហរដ្ឋអាមេរិក គេបាននិយាយថា បើ “ដូណាល់ ត្រាំម៍ ឈ្នះឆ្នោត គឺ​ជា​យុគ​សម័យការរះឡើងនៃពួកអវិជ្ជា”។ អញ្ចឹងទេ ខ្ញុំបានក្លាយជាមុខសញ្ញានៃការវាយប្រហារ។ ក៏ប៉ុន្តែ ខ្ញុំ​មាន​មោ​ទនភាព ដោយសារអ្វីដែលខ្ញុំបានប្រកាសនៅមុនការបោះឆ្នោត គឺឯកឧត្តម ក្លាយទៅជាអ្នក​ឈ្នះ​ពិត។ ប៉ុន្តែ សូមកុំភ្លេចថា ចៅរបស់ខ្ញុំត្រូវបានគេបង្ហាត់បង្រៀនឱ្យស្អប់ឯកឧត្តម។ នេះបង្ហាញឱ្យឃើញថា ស្ថាន​ទូត​អាមេរិកនៅទីក្រុងភ្នំពេញ មិនត្រឹមតែមិនមានអព្យាក្រឹតចំពោះបញ្ហាប្រទេសកម្ពុជាទេ មិនមាន​អព្យា​ក្រឹតទាំងបេក្ខជនប្រធានាធិបតីនៅសហរដ្ឋអាមេរិកខ្លួនឯងតែម្តង។ ចំណុចនេះ ខ្ញុំចង់ជម្រាបជូនឯក​ឧត្តម​​ថា បើសិនជាសហរដ្ឋអាមេរិកអនុវត្តតាមគោលនយោបាយថ្មីរបស់ឯកឧត្តម ក្នុងការគោរពឯករាជ្យ អធិប​តេយ្យភាពនៃប្រទេសដទៃ សហរដ្ឋអាមេរិកនឹងមានមិត្តភក្តិច្រើនណាស់ ហើយគេគោរព និងស្រ​ឡាញ់។

ក៏ប៉ុន្តែ រយៈពេលកន្លងទៅនេះ ប្រទេសនៅទីនេះ ខ្ញុំគិតថា គ្រាន់តែមានអ្នកហ៊ាននិយាយ និងមិនហ៊ាន​និ​យាយ​តែប៉ុណ្ណោះ ត្រង់ថា រដ្ឋការមុនៗ បានប្រើប្រាស់នូវលទ្ធិប្រជាធិបេតយ្យ និងសិទ្ធិមនុស្សដើម្បី​ជ្រៀត​ជ្រែក​កិច្ចការផ្ទៃក្នុងរបស់អ្នកដទៃ។ យើងខ្ញុំជាជនរងគ្រោះម្តងហើយម្តងទៀត ឥឡូវកំពុងត្រូវបន្ត​ក្លាយជា​ជន​រងគ្រោះ ដោយសារសកម្មភាពអ្នកខាងក្រោម ដើរខុសពីបន្ទាត់​នយោបាយរបស់ឯក​ឧត្តម​។ នយោ​​បាយ​របស់ឯកឧត្តម កំពុងតែធ្វើការកែប្រែ ប៉ុន្តែស្ថានទូតនៅទីក្រុងភ្នំពេញ មិនទាន់បានធ្វើការកែប្រែទេ។ យើងខ្ញុំត្រូវការកសាងច្បាប់ គេមករារាំងការកសាងច្បាប់។ យើងខ្ញុំអនុវត្តច្បាប់របស់ប្រទេស ត្រូវបានគេ​រា​រាំង។ ចំណុចនេះ ខ្ញុំគិតថា ប្រហែលជាឯកឧត្តមត្រូវមានភារកិច្ចដើម្បីដាស់តឿនមន្ត្រីទាំង​ឡាយ ព្រោះ​រឿង​នេះជាគោលការណ៍ធំណាស់ ទាក់ទងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងគេ។

ខ្ញុំក៏សូមបញ្ជាក់ជូនឯកឧត្តមផងដែរថា បញ្ហាបំណុលកម្ពុជាមានជាមួយសហរដ្ឋអាមេរិក គឺជាបញ្ហាមួយ​ដែល​ខ្ញុំធ្លាប់និយាយជាមួយប្រធានាធិបតី អូបាម៉ា។ រឿងនេះ វាដូច្នេះ។ កម្ពុជាត្រូវបានទម្លាក់​ដោយរដ្ឋប្រ​ហារ​​មួយដែលគាំទ្រដោយសហរដ្ឋអាមេរិក ហើយបានក្លាយទៅជាប្រទេសដែលជំពាក់បំណុលសហរដ្ឋអា​មេរិក ហើយបំណុលនោះទៀតសោត យើងខ្ញុំជាអ្នកទទួលមរតក។ យើងខ្ញុំត្រូវមានភារកិច្ចសង។ យើង​ខ្ញុំ​បានស្នើសុំថាយើងខ្ញុំសង ប៉ុន្តែសុំស្នើឱ្យអាមេរិកបង្វែរបំណុលនោះមកជួយដល់កម្ពុជាវិញ។ ចំណុចនេះ គឺ​ជា​ចំណុចដែលយើងខ្ញុំស្នើសុំឱ្យឯកឧត្តមធ្វើការពិចារណា ព្រោះថា វាដូចជាការយកញញួរមកវាយយើងខ្ញុំ​ហើយៗឲ្យយើងខ្ញុំសងថ្លៃញញួរនោះទៅទៀត។

ជំនួយនេះ មិនដឹងថាគេយកមកធ្វើអី ហើយគេទិញអាវុធមកធ្វើសង្គ្រាមនៅកម្ពុជាពេលដែលយើងខ្ញុំនៅ​​ក្មេងៗ​​នៅឡើយ។ ប៉ុន្តែ មរតករដ្ឋ យ៉ាងណាក៏ដោយ យើងខ្ញុំត្រូវតែគោរព។ ខ្ញុំគិតថា ឯកឧត្តមប្រធា​នាធិ​ប​តី មិនប្រកាន់នឹងខ្ញុំទេ។ ខ្ញុំមិនដឹងថា តើឯកឧត្តមដូចខ្ញុំ ឬខ្ញុំដូចឯកឧត្តមទេ? ព្រោះថា ជាមនុស្ស​ដែល​ចូល​ចិត្តនិយាយត្រង់ដូចគ្នា។ … កាល​ពី​ឆ្នាំ​ទៅ ខ្ញុំក៏បាននិយាយជាមួយឯកឧត្តម ឌូទឺតេ ដូចគ្នាដែរ តើឯ​ក​ឧត្តម ឌូទឺតេ ដូចខ្ញុំ ឬខ្ញុំដូចឯកឧត្តម ឌូទឺតេ? ពិតមែនតែខ្ញុំ ធ្វើជានាយករដ្ឋមន្ត្រីយូរឆ្នាំ មុនឯកឧត្តម ឌូទឺតេ មុនឯកឧត្តមប្រធានាធិបតី ក៏ប៉ុន្តែ ដោយ​សារខ្ញុំមានអាយុតិចជាង អញ្ចឹងទេខ្ញុំសូមអធ្យាស្រ័យ​នូវ​អ្វី​​ដែលខ្ញុំបានលើកនៅទីនេះ ដែលវាខុស​នឹង​ប្រធានបទ។

ប៉ុន្តែ ចំណុច(ស្តីពី)ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនេះ ជាចំណុចសំខាន់ណាស់នៅក្នុងគោល​នយោ​បាយការបរទេសរបស់សហរដ្ឋអាមេរិក ហើយអាមេរិកអាចនឹងមានដៃគូ និងមិត្តភក្តិ ដ៏ជាទីស្រលាញ់ របស់​ខ្លួនកាន់តែច្រើន។ … សហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគនានា នឹង​ចាប់​ផ្តើមពីជំនឿទុកចិត្តនេះឯង។ សូមអរគុណ៕

Download (PDF, 688KB)

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ