សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​លោក​អតីតប្រធាន​គណៈ​កម្មការ​សហភាពអឺរ៉ុប

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Herman Van Rompuy អតី​តប្រធាន​គណៈ​កម្មការ​សហភាពអឺរ៉ុប និងជាឯកអគ្គរាជទូតសុឆន្ទៈ របស់អង្គការ Fermish Association for Development Cooperation and technical Assistance នៅវិមានសន្តិភាព ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ ។

លោក Herman Van Rompuy បានជម្រាបជូនសម្តេចតេជោថា ក្នុងដំណើរ​ទស្សនៈ​កិច្ច​របស់​លោកនាពេ​លនេះ គឺលោកមាន​ការចាប់​អារម្មណ៍ លើ​ការ​រីក​ចម្រើន​លើគ្រប់​វិស័យ​របស់កម្ពុជា ដែលនេះគឺជា​ការ​វិវឌ្ឍជា​វិជ្ជមានមួយ​ចាប់​ពីបាតដៃទទេ។ លោក បានជម្រាបជូនថា ដំណើរទស្សនៈកិច្ចមកកាន់កម្ពុជានាពេលនេះ ដើម្បីរួមចំណែកជាមួយកម្ពុជា ដើម្បីជួយលើវិស័យអប់រំកម្ពុជាអោយមានការរីកចម្រើនបន្ថែមទៀតទាំងផ្នែកគុណភាព ទាំងបរិមាណ ធ្វើយ៉ាងណាឲ្យកុមារកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ខាងផ្នែកគណិតសាស្ត្រ ទាំងផ្នែកជំនាញ និងផ្នែកគ្រប់គ្រងរួមទាំងការប្រាស្រ័យទាក់​ទង​ធ្វើពាណិជ្ជកម្ម និងអាជីវកម្មផ្សេងៗជាដើម។

សម្តេតេជោ ហ៊ុន សែន បាន​មានប្រសាសន៍បញ្ជាក់ផងដែរថា វាមិនមែនជាការងាយស្រួលទេក្នុងការកសាង​កម្ពុជាមកដល់ចំណុចនេះ។ ផ្លូវដែលបានធ្វើដំណើរកន្លងមកវាពិបាកណាស់ ជាពិសេសនៅពេលដែលកម្ពុជា ចាប់ផ្តើមពីបាតដៃទទេតែម្តង។ វិស័យសិក្សាអប់រំនៅកម្ពុជាគឺបានចាប់ផ្តើមឡើងពីការអនុវត្តន៍ នយោបាយអ្នកចេះតិច បង្រៀនអ្នកមិនចេះ នឹងអ្នកចេះច្រើនបង្រៀនអ្នកចេះតិច បន្ទាប់មកក៏បានជម្រុញការសាងសង់សាលារៀនឲ្យខិតកាន់តែជិតដល់លំនៅដ្ឋានរបស់សិស្សានុសិស្ស។ រយៈពេល៤ឆ្នាំកន្លងមកនេះ កម្ពុជាបានធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ ដោយបានធ្វើឲ្យគុណភាពគ្រូមានការរីកចម្រើន ដែលជម្រុញឲ្យគុណភាពនៃវិស័យអប់រំការតែមានភាពល្អប្រសើរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា ទោះជាយ៉ាង​ណាក្តី កម្ពុជាក៏នៅមានការប្រឈមមួយចំនួនដូចជាតម្រូវការអគារសិក្សា​, ផ្ទះសម្រាប់គ្រូបង្រៀន ក៏ដូចជាកន្លែងស្នាក់នៅសម្រាប់សិស្សផងដែរ។ សម្តេច​តេជោនាយករដ្ឋមន្រ្តី បានបន្តថាមកដល់ចំណុចនេះ កម្ពុជាកំពុងធ្វើសកម្មភាពបន្តប្រកបដោយចីរភាពផងដែរ។ ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បាន​ស្វាគមន៍អង្គការរបស់ លោក Herman Van Rompuy ដែលបានយកចិត្តទុកដាក់ចូលរួមចំណែកលើវិស័យអប់រំនៅកម្ពុជា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ