ក្រោកឈរគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្មួយៗ ចៅៗ ទាំងនៅកន្លែងនេះ និងផ្នែកខាងក្រោម មេត្តា ក្រោកឈរឡើង ដើម្បីស្មឹងស្មាធិគោរពព្រះវិញ្ញាណក្ខន្ធរបស់សម្តេចឪ សម្តេចតា សម្តេចតាទួត។ ការសោយទិវង្គតរបស់សម្តេចឪ សម្តេចតា សម្តេចតាទួត នៃយើង ដែលថ្ងៃស្អែកនេះ ប្រជាជនកម្ពុជានៅទូទាំងប្រ ទេសត្រូវចូលរួមជារៀងរាល់ឆ្នាំ ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ។ យើងបានដឹងហើយថា ព្រះរាជបូជនីយកិច្ចរបស់ព្រះករុណា សម្តេចឪ សម្តេចតា សម្តេចតាទូត នៃយើង ព្រះអង្គបានបូជាពេញមួយជីវិត របស់ព្រះអង្គ ដើម្បីឯករាជ្យ សេរីភាព ការបង្រួបបង្រួមជាតិរបស់កម្ពុជា។ ប្រសិនបើគ្មានព្រះរាជបូជនីយកិច្ច នេះទេ យើងដាក់ជាសញ្ញាសួរថា តើអនាគតកម្ពុជាមកដល់ពេលនេះវាយ៉ាងម៉េច? ជាពិសេស អវត្តមានរបស់ព្រះអង្គក្នុងការតស៊ូទាមទារឯករាជ្យ ថ្ងៃទី ៩ វិច្ឆិកា ១៩៥៣ ដែលពេលនោះ ជាកាលបរិច្ឆេទចុងក្រោយ ការដកចេញនៃកម្លាំងរបស់បារាំង ចេញពីប្រទេសកម្ពុជា។
ការតស៊ូរបស់ព្រះអង្គមានតាំងពីពេលមុន តាមរយៈចលនាជាច្រើន ទាំងផ្ទៃក្នុងប្រទេស និងនៅលើឆាក អន្តរជាតិ។ ប្រសិនបើគ្មានវត្តមានរបស់ព្រះអង្គទេ ចំណោទចោទសួរថា តើមកដល់ពេលនេះ តើកម្ពុជាជា ដែនដីបារាំងនៅឯនាយសមុទ្រឬទេ? ព្រោះបារាំងមានក្រសួងមួយទទួលបន្ទុកមើលការខុសត្រូវ គេហៅថា រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកដែនដីបារាំងនៅឯនាយសមុទ្រ អញ្ចឹង តើកម្ពុជាក្លាយទៅជាផ្នែកមួយ នៃដែនដីរបស់បារាំងនៅឯនាយប្រទេសឬអត់? នោះហើយគឺជាចំនុចសួរទី ១ ដែលយើងត្រូវចាំទាំងអស់គ្នា។ ដោយសារព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីបារាំងរបស់ព្រះអង្គ គួបផ្សំនឹងចលនាផ្សេងៗ គឺប្រទេសកម្ពុជា មួយត្រូវបានទទួលឯករាជ្យ។
នឹងមិនមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស បើគ្មាន សីហនុ និង ហ៊ុន សែន
ឯចំណុចទី ២ ឥឡូវនេះ នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ ខួបលើកទី ២៤ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី ២៣ តុលា នឹងដល់ពិធីខួបនេះ។ យើងត្រូវចោទសួរថា ប្រសិនបើគ្មានវត្តមានព្រះអង្គទេ តើកិច្ចព្រម ព្រៀង(ទីក្រុង)ប៉ារីសនេះវាមានឬអត់? ពិតហើយ ដល់ដំណាក់កាលនេះ តួអង្គពីរដែលសំខាន់ បើគ្មានវត្ត មានរបស់ព្រះអង្គ ក៏គ្មានវត្តមាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ? ហើយបើគ្មានវត្តមាន ហ៊ុន សែន ក៏គ្មាន កិច្ចព្រមព្រៀង(ទីក្រុង)ប៉ារីសដែរ? និយាយអោយចំរឿងនេះ។ គេអាចបោះបង់ចោលការចរចាជាមួយខ្មែរក្រ ហម ជាមួយនឹងក្រុម លោក សឺន សាន បាន ប៉ុន្តែ មិនអាចបោះបង់ចោលការចរចាជាមួយ សម្តេចព្រះ នរោត្តម សីហនុ និងមិនអាចបោះបង់ចោលការចរចាជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទេ រឿងនេះវា ត្រូវតែអញ្ចឹង។
អញ្ចឹងទេ ជំនួប សីហនុ-ហ៊ុន សែន ហ្វែរអង់តាដឺន័រ ថ្ងៃទី ២ ធ្នូ ១៩៨៧ គឺជាចរន្តសំខាន់បំផុតឆ្ពោះមកកាន់ដំណាក់កាលនៃការចរចាស្វែងរកសន្តិភាពសម្រាប់កម្ពុជា។ ចំណុចនេះ យើងត្រូវទទួលស្គាល់ថា បើសិនអវត្តមានទាំងពីរនាក់ តើចរន្តរបស់កម្ពុជាទៅទីណា? នេះជាចំនុចដែលយើងត្រូវសួរ។ ប៉ុន្តែ ប្រជាពលរដ្ឋរបស់ យើងនៅក៏មានការចងចាំ ទោះបីព្រះកាយព្រះអង្គមិននៅជាមួយយើងទៀតទេ ក៏ប៉ុន្តែ អ្វីៗបានរក្សាទុក សម្រាប់ជាការចងចាំតកូនតចៅជំនាន់ក្រោយ ដែលរាជរដ្ឋាភិបាលបានរក្សាទុក ១ ថ្ងៃ ដើម្បីចូលរួមគោរព(ព្រះ)វិញ្ញាណក្ខន្ធ សម្រាប់ប្រជាពលរដ្ឋកម្ពុជា។
កំណែទម្រង់ស៊ីជម្រៅលើការប្រឡងមធ្យមសិក្សាទុតិយភូមិ មានអន្តរសកម្មទៅលើផ្នែកជាច្រើន
ថ្ងៃនេះ យើងជួបជុំគ្នានៅទីនេះសាជាថ្មីម្តងទៀត បន្ទាប់ពីការជួបគ្នានៅឆ្នាំទៅ ដែលយើងជួបជុំសម្រាប់ សិស្សជាប់និទ្ទេស A ទាំងអស់។ ឆ្នាំនេះ គឺយើងពិតជាមានការរីករាយ បន្ទាប់ពីកំណែទម្រង់ស៊ីជម្រៅទៅ លើបញ្ហាការប្រឡងមធ្យមសិក្សាទុតិយភូមិ ហើយការប្រឡងមួយនេះ ហាក់ដូចជាគ្រាប់បែកមួយគ្រាប់ ប៉ុន្តែ មិនមែនជាគ្រាប់បែក នៃការបំផ្លិចបំផ្លាញទេ តែជាគ្រាប់បែក នៃការស្ថាបនា តាមរយៈ នៃចលនា នៃការប្រឡង។ ការរៀបចំប្រឡងដ៏ហ្មត់ចត់នេះ បានធ្វើអោយមានការផ្លាស់ប្តូរស៊ីជម្រៅ នៅក្នុងប្រព័ន្ធអប់រំរបស់កម្ពុជាតែម្តង មិនមែនគ្រាន់តែមានប្រតិសកម្មត្រឹមតែបញ្ហាសិស្សប្រឡងបាក់ឌុបនោះទេ ប៉ុន្តែវាបានមានអន្តរសកម្មទៅលើផ្នែកជាច្រើន នៅក្នុងការសិក្សាតាំងពីការចាប់ផ្តើមបឋមសិក្សា រហូតទៅដល់ការប្រឡងមធ្យមសិក្សាទុតិយភូមិ គឺមានការប្រឹងប្រែងតាំងពីដើមដល់លើ ព្រោះសិស្ស ក៏ដូចជាអាណាព្យាបាល សិស្សានុសិស្សសុទ្ធតែបានមើលឃើញថា របងដែលខ្លួនត្រូវផ្លោះនៅក្នុងដំណាក់កាលចុងក្រោយ គឺខ្ពស់ណាស់។ ដូច្នេះ គ្មានការធ្វេសប្រហែសណាមួយ សម្រាប់សិស្សានុសិស្សផ្ទាល់ ក៏ដូចជាការធ្វេសប្រហែស មាតាបិតាអាណាព្យាបាលនោះទេ។ ការផ្លាស់ប្តូរឥរិយាបថ គឺបានចាប់ផ្តើម ហើយសង្គមទាំងមូលក៏មាន ការចាប់ផ្តើមធ្វើការប្រែប្រួល និងផ្លាស់ប្តូរដ៏សំខាន់នូវក្នុងបញ្ហានេះ។
កំណើនសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ និងបាននិទ្ទេស A មានការកើនឡើងជារៀងរាល់ឆ្នាំ
ថ្ងៃនេះ ពិតជាមានការរីករាយ (ហើយ)អបអរចំពោះចៅៗទាំងឡាយ ដែលបានប្រឡងជាប់និទ្ទេស A និង ក៏ចូលរួម(អបអរ)ជាមួយសិស្ស ចំនួន ៦៣.៦៦៨ នាក់ ផ្សេងទៀត ដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិនៅទូទាំងប្រទេស។ ចំនួនសិស្សដែលបានប្រឡងជាប់នៅក្នុងកម្រិតនេះ ស្មើនឹង ៦៣.៨៤% បង្ហាញនូវអត្រា នៃការខិតខំប្រឹងប្រែងដែលយើងគួរតែត្រូវនិយាយ។ នៅឆ្នាំ ២០១៤ ដែលយើងចាប់ផ្តើមដំបូង ប្រឡងលើកទី ១ គឺមានសិស្សជាប់ត្រឹមតែ ២៣.១២៦ នាក់ ត្រូវជា ២៥.៧២% ពេលនោះ បេក្ខជនទទួលនិទ្ទេស A មានត្រឹមតែ ១១ នាក់ តែប៉ុណ្ណោះ។ អញ្ចឹងទេ យើងក៏ចាប់ផ្តើមអោយមានការប្រឡងលើកទី ២ ព្រោះសិស្សជាប់តិចពេក។ ប្រឡងលើកទី ២ គឺពេលនោះ យើងបានជាប់ ១០.៨៧១ នាក់ទៀត ត្រូវជា ១៧.៨៤% ពេលនោះប្រឡង(លើកទី ២) គឺមិនមាននិទ្ទេស A ទេ។ អញ្ចឹង បូកសរុបទាំង ២៥.៧២% និង ១៧.៩៤% ក៏នៅតែតិចជាង ៥០%។ នេះជាដំណាក់កាលដំបូង។
បន្ទាប់ពីភាពធូររលុង នៃការប្រឡងបាក់ឌុបកាលពីឆ្នាំមុនៗ ប៉ុន្តែ ចាប់តាំងពីពេលនោះ ធ្វើអោយសិស្សរបស់យើងមានការខិតខំឡើង។ ដល់ឆ្នាំ ២០១៥ ការប្រឡងមានការតឹងតែងជាបន្តទៀត ចំនួនសិស្សដែលបានជាប់នៅពេលនោះ មានចំនួន ៤៦.៥៦០ នាក់ ដែលត្រូវជា ៥៥.៨៨% ហើយបេក្ខជនដែលទទួលបាន និទ្ទេស A មានចំនួន ១០៨ នាក់។ នេះគឺជាកំណើនមួយដែលបានដាក់អោយយើងឃើញថា មានការខិតខំហើយគ្មានការចាំបាច់ ដើម្បីចាត់តាំងប្រឡងដំណាក់កាលទី ២ ទេ។ នៅឆ្នាំ ២០១៦ គឺឆ្នាំទៅនេះ គឺសិស្សដែលជាប់គឺមាន ៥៥.៧៥៣ នាក់ ដែលត្រូវជា ៦២.១៨% បេក្ខជននិទ្ទេស A កាលពីឆ្នាំទៅនេះ មានចំនួន ៤០៥ នាក់ នេះបង្ហាញអោយឃើញ នៃការកើនឡើង។ គិតជាភាគរយពី ៥៥.៨៨% នៅឆ្នាំ ២០១៥ មកកាន់ ៦២.១៨% នៅឆ្នាំ ២០១៦។ ឆ្នាំនេះ គឺជាឆ្នាំដែលយើងឃើញកាន់តែច្បាស់អំពីការខិតខំ នោះបេក្ខជនប្រឡងជាប់មានចំនួន ៦៣.៦៦៤ នាក់ ហើយបើគិតជាភាគរយ គឺកើនឡើង ៦៣.៨៤% បេក្ខជននិទ្ទេស A មានទៅដល់ ៤២៤ នាក់ នេះបង្ហាញអោយឃើញអំពីការកើនឡើង។
អបអរសិស្សប្រឡងជាប់គ្រប់និទ្ទេស
ពិន្ទុអត់មានកាត់បន្ថយទេ ប៉ុន្តែ តើអត្រាកំណើននេះបានចេញមកពីណា? គឺបានចេញមកពីការខិតខំផ្ទាល់ខ្លួនរបស់ក្មួយៗចៅៗជាសិស្សានុសិស្ស បានមកពីការខិតខំប្រឹងប្រែងថែទាំរបស់មាតាបិតា អាណាព្យាបាល ហើយជាពិសេសក៏បានមកពីការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ដែលជាគ្រូរបស់ក្មួយៗ ដែលខ្ញុំសុំយកឱកាសនេះ សម្តែងជូននូវការអបអរសាទរ ចំពោះក្មួយដែលប្រឡងជាប់នៅក្នុងក្របខណ្ឌទូទាំងប្រទេសគ្រប់និទ្ទេសទាំងអស់ ដែលមានចំនួនជាង ៦ ម៉ឺននាក់ ហើជាពិសេសអបអរសាទរ ចំពោះក្មួយៗ ដែលជាប់និទ្ទេស A ដែលមកជួបពូនៅថ្ងៃនេះ និងចូលរួមអបអរសាទរ ចំពោះមាតាបិតា អាណាព្យាបាល ក៏ដូចជា លោកគ្រូ អ្នកគ្រូ ដែលអញ្ជើញមកថ្ងៃនេះ តំណាងអោយសាលាដែលមានសិស្សនិទ្ទេស A ហើយសង្ឃឹមជឿជាក់ជាមួយនឹងអនាគតរបស់ក្មួយៗចៅៗ និងសូមជូនពរអោយក្មួយៗចៅៗ ក៏ដូចជា ក្រុមគ្រួសារ មាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ សូមជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រើនតរៀងទៅ។
ក្នុងដំណាក់កាល នៃសន្តិភាព កុមារ និងយុវជន មានឱកាសច្រើន ដើម្បីទទួលបានការបណ្តុះបណ្តាល
ខ្ញុំធ្លាប់បានប្រកាសហើយ កុំថាឡើយ ៤០០ (នាក់), ៥០០ (នាក់) បើទោះបីនិទ្ទេស A កើនឡើង ៤.០០០ (នាក់), ៥.០០០ (នាក់) ខ្ញុំត្រូវតែជួប ទោះបីមិនជួបនៅវិមានសន្តិភាព ដែលជាវិមានតំណាងអោយអំណាច នៃអង្គការនីតិប្រតិបត្តិដ៏ខ្ពស់បំផុតរបស់ប្រទេស ក៏ខ្ញុំអាចរកវិធីដើម្បីជួបនៅកន្លែងផ្សេង ប៉ុន្តែពិន្ទុមិនត្រូវបានកាត់បន្ថយនោះទេ។ អត់មានថា ពិន្ទុរញ៉េរញ៉ៃ ហើយមកជួបទេ គឺអត់ជួបទេ … នេះហើយគឺជាឱកាស។ ក្មួយៗចៅៗមានឱកាសច្រើនណាស់។ នៅក្នុងដំណាក់កាល នៃសន្តិភាព កុមារា កុមារី យុវជន យុវនារីរបស់យើង ឱកាសច្រើនណាស់ ដើម្បីទទួលបាននូវការបណ្តុះបណ្តាល ការរៀនសូត្រ នោះហើយជាចំណុចដែលក្មួយៗត្រូវចងចាំ។
សម័យដើម ជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗបាត់បង់ឱកាសអស់រលីង មានប៉ុន្មានទៅដែលមានឱកាស? ហើយបើសិនជារបប ប៉ុល ពត វិញ គឺអស់រលីងតែម្តង។ ពេលនោះ ប្រហែលជា ជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗចៅបានជួបប្រទះនូវទិដ្ឋភាពខ្លោចផ្សារ សម្រាប់ប្រទេសមួយនេះ។ វត្តមាននៃសន្តិភាព ជំនួស អោយសង្គ្រាម និងការបែកបាក់ បានផ្តល់ឱកាស សម្រាប់ចៅៗ យុវជន យុវនារី កុមារា កុមារី មានលទ្ធភាព ដើម្បីនឹងទទួលបាននូវការអប់រំ។ វត្តមាននៃសន្តិភាពតែមួយវាមិនគ្រប់គ្រាន់ទេ ក៏ប៉ុន្តែ ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីទីក្រុងទៅកាន់ជនបទ ក្នុងនោះក៏មានប្រព័ន្ធទាក់ទងទៅនឹងសាលារៀន គឺបានធ្វើអោយចៅៗនៅគ្រប់ទីកន្លែង យុវជននៅគ្រប់ទីកន្លែង មានឱកាសដើម្បីទទួលបាននូវការសិក្សា។
២១ ខេត្តមានសិស្សជាប់និទ្ទេស A និង ៤ ខេត្តអវត្តមាន
យោងទៅលើអ្នកដែល(ប្រឡង)ជាប់ យើងមាន ២១ ខេត្ត ដែលមានសិស្សជាប់និទ្ទេស A ប្រៀបធៀបទៅ ឆ្នាំទៅចំនួននេះមានការកើនឡើង។ អវត្តមានសិស្សនិទ្ទេស A គឺមាន ៤ ខេត្ត៖ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ឧត្តរមានជ័យ។ មណ្ឌលគិរីឆ្នាំទៅមាននិទ្ទេស A ប៉ុន្តែ ឆ្នាំនេះមិនមាននិទ្ទេស A ទេ។ ឆ្នាំទៅមាន ១ នាក់ ដែលខ្ញុំទៅដល់ខេត្តមណ្ឌលគិរី ក៏ហៅទទួលទានអាហារ។
សិស្សដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ អត្រាសិស្សជានារីជាប់ច្រើនជាងបុរស
ពិតជាមានការខិតខំច្រើនមែន ហើយខ្ញុំនៅតែមានការវាយតម្លៃខ្ពស់ជាមួយនឹងការខិតខំទាំងឡាយ។ បើយើងក្រឡេកមើលទៅតួលេខវិញ ចំណុចនេះនៅតែជាចំណុចដូចឆ្នាំទៅដដែល តើចំណុចដូចឆ្នាំទៅនៅកន្លែងណា? នៅត្រង់ថា សិស្សដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទាំងអស់ ចំនួន ៦៣.៦៦៨ នាក់ ក្នុងនោះបេក្ខជនជានារីមានទៅដល់ ៣២.៦០០ នាក់ អញ្ចឹង មានន័យថា អត្រាក្មួយៗចៅៗជាស្ត្រីច្រើនជាងបុរស។ ហើយបើឆ្នាំទៅ សឹងគ្រប់និទ្ទេស គឺចំនួនស្ត្រីខ្ពស់ជាង។ ប៉ុន្តែ ឥឡូវ វាបានកាត់បន្ថយបន្តិច គ្រាន់ថា និទ្ទេស A គឺស្ត្រីមានការធ្លាក់ចុះបន្តិច គឺចំនួន ២២៤ នាក់ ស្ត្រីមាន ២១១ នាក់ អញ្ចឹង គឺខុសត្រូវគ្នាតែបន្តិចទេ ប៉ុន្តែ បែរទៅនិទ្ទេស B វិញ គឺចំនួន ២.៤៦៤ នាក់ ស្ត្រីមានចំនួន ១.២៤៧ នាក់ ដូច្នេះ មានន័យថា ស្ត្រីខ្ពស់ជាងបុរសវិញ។ ដល់ទៅនិទ្ទេស C ចំនួន ៥.០០០ នាក់ជាប់ ក្នុងចំនួន ៥.០០០ នាក់នេះ គឺស្ត្រីចំនួន ២.៥៨៤ នាក់ បានសេចក្តីថា លើស ៨៤ នាក់ ស្ត្រីលើសទៀត។ និទ្ទេស D មានចំនួន ៩.១២៣ នាក់ ស្ត្រីមាន ៤.៩៣៧ នាក់ អញ្ចឹង ស្ត្រីខ្ពស់ជាង។ ដល់និទ្ទេស E មាន(ចំនួន) ៤៦.៦៥៧ នាក់ នារីមាន ២៣.៦២១ នាក់ ដូច្នេះ អត្រាគ្រប ដណ្តប់ទាំងមូល គ្រាន់តែខុសប្លែកគ្នាត្រង់ឆ្នាំនេះ គឺចំនួនក្មួយៗជាយុវជនជាប់និទ្ទេស A ច្រើនជាងស្ត្រី ១ នាក់។
ការផ្លាស់ប្តូរឥរិយាបថរបស់ឪពុកម្តាយមិនអោយកូនស្រីទៅរៀន
នេះគឺបង្ហាញអោយឃើញអំពីការខិតខំរបស់ក្មួយៗជានារី ដែលសម័យមុន តាំងពីជំនាន់ម្តាយរបស់ពូ របស់តា កាលពេលនោះ ឪពុកម្តាយមិនអោយកូនរៀនអក្សរទេ ខ្លាចកូនស្រីមានទំនាក់ទំនងជាមួយប្រុស ប៉ុន្តែ ឥរិយាបថត្រូវបានផ្លាស់ប្តូរ។ ឥឡូវនេះ ស្ត្រីរបស់យើងទទួលបានការបណ្តុះបណ្តាល កុមារីរបស់យើងទទួលការបណ្តុះបណ្តាលកាន់តែល្អ កាន់តែច្រើន ហើយកាន់តែខ្ពស់ និងមានគុណភាពថែមទៀត។ ជាក់ស្តែងលើការប្រឡង ខ្ញុំមានការកត់សម្គាល់ទៅលើចំណុចនេះ ដើម្បីពិនិត្យមើលទិដ្ឋភាព នៃការផ្លាស់ប្តូរនៅក្នុងសង្គមរបស់យើងទាក់ទងជាមួយនឹងឥរិយាបថ ទាក់ទងជាមួយនឹងការអនុវត្តនូវគោលនយោបាយសមភាពយេនឌឺរ។
កោតសរសើរ និងជម្រុញក្រសួងបន្តធ្វើកិច្ចការនេះ
ខ្ញុំពិតជាមានការរីករាយជាមួយនឹងអ្វីដែលវាបានកើត។ សុំកោតសរសើរជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ដែលបានធ្វើកិច្ចការងារនេះដ៏ល្អ ហើយកិច្ចការនេះត្រូវធ្វើជាបន្ត។ លោកគ្រូ អ្នកគ្រូ នៅទូទាំងប្រទេសរបស់យើង បានចូលរួមនូវចលនាមួយនេះ ជាចលនាមួយដ៏ធំ ដែលវាផ្តល់នូវប្រតិសកម្មចំពោះផ្នែកដទៃទៀត។ ឥរិយាបថផ្លាស់ប្តូរ មុននេះការប្រឡងម្តងៗ (គឺ)វាឈឺក្បាល ដោយសារតែប្រឡោះបង្អូចហ្នឹង បាញ់អាប្រ៊ុយយ៉ុងចូលទៅក្នុងសាលាក៏មាន ស្អីក៏មាន ប៉ុន្តែឥឡូវអត់ទេ ឃើញមានតាំងពីការឆែក ហើយក្មួយៗសូមកុំប្រកាន់ អ្នកឆែក ក្រែងលោអាប្រ៊ុយយ៉ុង ក្រែងលោអាវិញ្ញាសា ដាក់នៅក្នុងស្បែកជើង បើពាក់ស្បែកជើង គឺដកមើល តាំងពីក្នុងស្បែកជើង។ ដូច្នេះ ការតឹងតែងនេះ វាបានបង្ហាញពីភាពថ្លៃថ្នូរ និងសមត្ថភាពរបស់ក្មួយៗចៅៗផ្ទាល់ផងដែរ។ សូមកុំប្រកែប្រកាន់ចំពោះការតឹងតែងរបស់លោកគ្រូ អ្នកគ្រូ ការតឹងតែងរបស់ក្រសួង ការតឹងតែងចំពោះអ្នកចូលរួមទាំងអស់ ទាំងអង្គភាពប្រឆាំងអំពើពុករលួយ ទាំងសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួមនៅក្នុងការប្រឡង។
ការទទួលបានជោគជ័យរបស់សិស្ស គឺទាមទារនូវការបង្ហាត់បង្ហាញពីគ្រូ
ខ្ញុំសូមកោតសរសើរជាមួយនឹងការប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ ពិតហើយសិស្សមានការប្រឹងប្រែងផ្ទាល់របស់សិស្ស ក៏ប៉ុន្តែ (បើ)លោកគ្រូ អ្នកគ្រូមិនបានប្រឹង ការប្រឹងប្រែងរបស់សិស្ស ទោះប្រឹងទៅដល់ទីណាក៏ដោយ បើគ្រូមិនបញ្ចេញថាមពល បញ្ចេញនូវការចេះដឹងនេះទេ គឺមិនអាចទេ។ ខ្ញុំសុំសួរថា លោកគ្រួមួយណា ដែលបានរាំតាំងពីក្លោងទ្វារហូតទៅដល់សាលា? មានអញ្ជើញមកទេ? សាលាណាមួយ? អត់បានមកទេ? ប៉ុន្តែចាងហ្វាងសាលាមក។ តែគាត់ជាគ្រូ ហើយបានសន្យាជាមួយសិស្សថា បើជាប់និទ្ទេស A គឺរាំតាំងពីក្លោងទ្វារចូលដល់ថ្នាក់។ នេះតើបង្ហាញពីអី? បង្ហាញពីទឹកចិត្តរបស់គ្រូបង្រៀនតែម្តង ដែលចាត់ទុកកូនសិស្សដូចជាកូនបង្កើតរបស់ខ្លួន។ ការសប្បាយរបស់លោកគ្រូអ្នកគ្រូនេះ បង្ហាញពីក្តីស្រឡាញ់សម្រាប់សិស្សានុសិស្ស ហើយដែលយើងត្រូវគោរពដឹងគុណគ្រូ។
កាលពីថ្ងៃទី ៥ កន្លងទៅ យើងបានធ្វើទិវារំលឹកគុណគ្រូ ហើយខ្ញុំគិតថា ទិវាមួយនេះ មិនមែនធ្វើត្រឹមតែថ្ងៃទី ៥ តុលា ទេ ក៏ប៉ុន្តែ យើងត្រូវធ្វើជាប្រចាំ ធ្វើក្នុងចិត្តរបស់យើង។ គុណគ្រូ អ្នកណាក៏ត្រូវមានដែរ ក៏ប៉ុន្តែ រឿងមួយធ្វើអោយខ្ញុំមានការរំភើប នៅត្រង់ថា គ្រូហ៊ានភ្នាល់ជាមួយនឹងកូនសិស្ស ហើយគ្រូអនុវត្តមែន ជាមួយនឹងការស្រឡាញ់កូនសិស្សដល់កម្រិតរាំអោយកូនសិស្ស ដើម្បីតបស្នងជាមួយអ្វីដែលកូនសិស្សបានប្រឡងជាប់។ ទឹកចិត្តលោកគ្រូអ្នកគ្រូ គឺយ៉ាងដូច្នេះឯង។ មាតាបិតា អាណាព្យាបាល ក៏ត្រូវគិត។
រឿងនេះ ខ្ញុំក៏ធ្លាប់បាននិយាយ ពេលកូនសិស្សប្រឡង(មិន)ជាប់ កូនប្រឡង(មិន)ជាប់ថា មកពីគ្រូវាអន់ ទៅបន្ទោសឯគ្រូ។ ដល់កូនប្រឡងជាប់ ពូជអញវាពូកែ តើយុត្តិធម៌ទេ សម្រាប់លោកគ្រូ អ្នកគ្រូ? ចៅៗ ក្មួយៗត្រូវគិត បើទោះបីចៅៗពូកែប៉ុណ្ណាក៏ដោយ ក៏ប៉ុន្តែ អត់មានគ្រូបង្ហាត់បង្ហាញទេ ក៏ទៅមិនរួចដែរ។ ពិតហើយ សារធាតុហ្ស៊ែន គេ(ហៅ)ថា ធាតុឈាមជ័រជារឿងមួយហើយ ប៉ុន្តែបញ្ហាតួនាទីរបស់គ្រូបង្រៀន គឺសំខាន់មិនចាញ់ជាងឈាមជ័រនោះទេ។ ឈាមជ័រប៉ុណ្ណាក៏ដោយ ក៏ប៉ុន្តែ បើគ្មានឱកាសរៀន គ្មានគ្រូបង្រៀនពូកែ តើយើងមានឱកាសទេ? ដូច្នេះ ចំណុចនេះ ជាចំណុចដែលយើងត្រូវចងចាំ។
ការដឹងគុណគ្រូ ត្រូវដឹងគុណមួយជីវិត គ្រប់សកម្មភាព គ្រប់ពេលវេលា
សង្ឃឹមថា ក្មួយៗចៅៗ បន្តការធ្វើដំណើរឆ្ពោះទៅមុខ ជាមួយនឹងការបង្កើតអោយមានចលនាដឹងគុណគ្រូនៅក្នុងក្របខណ្ឌទូទាំងប្រទេស។ ឆ្នាំនេះ ចាប់ផ្តើមមានចលនា នៃការរត់ប្រណាំងរបស់អតីតសិស្សសាលា គេថា រត់ដើម្បីគ្រូបង្រៀនរបស់គេ។ ដូចជាម្សិលមិញ សមាគមគ្រូបង្រៀន បានទទួលយកថវិកាពីការរត់ប្រណាំងរបស់សិស្ស បើចលនានេះវាបានកើតទូលំទូលាយនៅគ្រប់សាលា មាតាបិតា ចូលរួមលើការងារនេះ វិស័យឯកជនចូលរួមលើការងារនេះ ចលនាដឹងគុណគ្រូ គោរពគ្រូបង្រៀន ក៏វានឹងកើតទូលំទូលាយ ហើយសូមផ្តាំថា សូមកុំធ្វើតែមួយថ្ងៃទី ៥ តុលា ដែលជាទិវារំលឹកគុណគ្រូនោះ ត្រូវដឹងគុណមួយជីវិត គ្រប់សកម្មភាព គ្រប់ពេលវេលា។
អរគុណអ្នកពាក់ព័ន្ធទាំងឡាយដែលបានចូលរួមក្នុងការបំប៉នសិស្សមុនពេលប្រឡង
សូមអរគុណជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់លំដាប់ថ្នាក់ នៅគ្រប់ទីកន្លែងដែលមានសាលារៀន។ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អ្នកចូលរួមនៅក្នុងការបំប៉នសិស្សមុនពេលប្រឡង ហើយដែលដើរតួសំខាន់ គឺក្រុមការងារគណបក្សប្រជាជន ដែលចុះជួយតាមខេត្ត តាមស្រុក ហើយដែលក្នុងហ្នឹង សហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមដទៃទៀត បានចូលរួមចំណែកយ៉ាងច្រើន ដើម្បីបំប៉នសិស្សមុនពេលប្រឡង ដែលធ្វើអោយមានការចលនាប្រឡងនេះបានប្រព្រឹត្តទៅ។ សិស្សក៏ពូកែ និងសណ្តាប់ធ្នាប់នៅពេលប្រឡង គ្មានចំណុចអវិជ្ជមានដែលវាលេចធ្លោចេញឡើងនោះទេ។ ដូចជាមានកូនសិស្សមួយនាក់ ដែលកំពុងតែប្រឡងហើយឈឺ ត្រូវបានអនុញ្ញាតអោយប្រឡងនៅក្នុងរថយន្តពេទ្យអញ្ចឹងមិនដឹង។ នេះជាការខិតខំខ្លាំងណាស់។
វិស័យអប់រំកម្ពុជាកំពុងធ្វើដំណើរលើផ្លូវត្រូវ និងឈានឆ្ពោះទៅកាន់ការពង្រឹងគុណភាពកាន់តែខ្លាំង
ជាមួយនឹងការខិតខំរបស់សិស្សានុសិស្ស ជាមួយនឹងការខិតខំរបស់មាតាបិតា អាណាព្យាបាល ជាមួយនឹងការខិតខំរបស់លោកគ្រូអ្នកគ្រូ ជាមួយនឹងការខិតខំរបស់ស្ថាប័នអប់រំ និងអ្នកតួអង្គពាក់ព័ន្ធនៅក្នុងសង្គម បានធ្វើអោយវិស័យរបស់យើងនេះឈរលើផ្លូវត្រូវ ហើយកំពុងធ្វើដំណើរលើផ្លូវត្រូវ និងឈានឆ្ពោះទៅកាន់ការពង្រឹងគុណភាពកាន់តែខ្លាំង។ សូមមាតាបិតា អាណាព្យាបាល ក៏ដូចជា សិស្សានុសិស្ស កុំទទួលយក តែអ្វីដែលវាល្អ ដូចជាខ្ញុំបាននិយាយអម្បាញ់មិញ ហើយមានរឿងឧទាហរណ៍កើតឡើងនៅក្នុងហ្នឹង។ ពេលដែលកូនសិស្ស(ប្រឡង)ធ្លាក់ ជេរគ្រូ ថាអាគ្រូហ្នឹងវាអន់។ ដល់ទៅកូនប្រឡងជាប់ ថាពូជអញវាពូកែ។
ខ្ញុំសុំនិទានរឿងមួយ ដើម្បីក្មួយៗចាំ មានអ៊ំម្នាក់គាត់មានសាច់ញាតិរបស់គាត់ធ្វើមន្ត្រីរាជការ ធ្វើអ្នកធំ ធ្វើអ្នករកស៊ីពូកែ។ ថាអ៊ំ ក្មួយអ៊ំឯងធ្វើចៅហ្វាយស្រុក? អើ! ពូជអញវាអញ្ចឹង គាត់ថាពូជគាត់ល្អ។ ក្មួយអ៊ំឯង មួយទៀតធ្វើសាស្ត្រាចារ្យ? អើ! ពូជអញវាអញ្ចឹង។ ក្មួយអ៊ំឯងមួយទៀតដូចពាក់ស័ក្តិ ៣ ប៉ូលីស? អើ! ពូជអញ វាអញ្ចឹង។ ទេ! ក្មួយអ៊ំឯងដូចមានជាប់គុកម្នាក់? ហ្អែងកុំនិយាយ កុំនិយាយអាហ្នឹង។ គាត់ទទួលយកតែអាណាល្អ ដល់អាក្មួយជាប់គុក គាត់ថាអាហ្នឹងមិនមែន។ អញ្ចឹង អាក្មួយជាចៅហ្វាយស្រុក អាក្មួយជាសាស្ត្រាចារ្យ អាក្មួយជាស័ក្តិ ៣ ប៉ូលីស អាហ្នឹងសុទ្ធតែពូជអញហើយ ដល់អាក្មួយជាប់គុក (អាហ្នឹង)មិនមែនក្មួយ។ អញ្ចឹងទេ បើថាទទួលៗយកទាំងអស់ទៅ។ ដូងវាមានតក់មាននាឡិ។
នៅក្នុងវិស័យអប់រំ គ្មានការប្រកាន់បក្សពួក
ម្យ៉ាងទៀតនៅក្នុងវិស័យអប់រំរបស់យើង គ្មានទេដែលហៅថា ការប្រកាន់បក្សពួក។ ឯណាចៅស្រី ជា សុ រក្សា? អង្គុយចុះចៅ។ តើចៅ ជា សុរក្សា ជាអ្នកណា? ជាកូនរបស់អ្នកតំណាងរាស្ត្រ ជា ប៉ូច បានសេចក្តី ថា ជាកូនស្រីរបស់ ឯកឧត្តម ជា ប៉ូច អ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំង។ ការប្រឡង ហើយនិងការធ្វើអ្វីក៏ដោយ គ្មានប្រកាន់ជាបក្សជាពួកទេ។ ចំណុចនេះ ជាចំណុចដែលខ្ញុំចង់បញ្ជាក់។ និយាយពីបញ្ហាបក្សពួកដែលគេចោទឡើង នៅថ្ងៃនេះ ចៅដែលជាកូនរបស់ ឯកឧត្តម ជា ប៉ូច អ្នកតំណាងរាស្ត្រ នៃគណបក្សប្រឆាំង ត្រូវបានមកអង្គុយនៅទីនេះដូចគ្នា គ្មានការរើសអើងទេ។ សង្គមវាបែបនេះ។ ប៉ុន្តែ ការវាយប្រហារផ្សេងៗអំពីបក្សពួកនិយមបានកើត។ វាអយុត្តិធម៌ សម្រាប់ស្ថាប័នរដ្ឋទទួលខុសត្រូវលើវិស័យអប់រំ វាជាការអយុត្តិធម៌ សម្រាប់លោកគ្រូ អ្នកគ្រូ ដែលបានប្រឹងប្រែងមិនចេះនឿយហត់ គ្មានអ្នកណាដឹងទេ ហើយខ្ញុំក៏ទើបនឹងដឹងពីម្សិលដែរថា ខ្ញុំមានចៅមួយជាប់និទ្ទេស A ផងដែរ លី ដឺនីកា ជាចៅប្អូនស្រីរបស់ខ្ញុំ។ អញ្ចឹង យើងទៅដឹង(ថា)អ្នកណា …។
អ្នកចេះបានជាប់
អញ្ចឹងទេ បញ្ហានៅទីនេះបញ្ជាក់ថា អ្នកចេះបានវាជាប់ អត់មានស្ទូចពិន្ទុបានទេ។ ចំណុចនេះកាន់តែប្រសើរ ហើយនៅពេលខាងមុខនេះ ចៅៗក្មួយៗត្រូវបន្តទៅទៀត។ ខ្ញុំនៅតែកោតសរសើរជាមួយនឹងការខិតខំទាំងអស់របស់ចៅៗក្មួយៗ ហើយមាតាបិតា អាណាព្យាបាល គ្មានអ្វីដែលសប្បាយជាងកូនប្រឡងជាប់ទេ។ សូម្បីតែ ឯកឧត្តម ជា ប៉ូច តាំងពីនាទីដំបូងនៅពេលដែលចៅ រក្សា ទទួលបាននិទ្ទេស A ជា ប៉ូច ត្រូវគេហៅទៅត្រពាំងផ្លុង ជា ប៉ូច អត់ទៅទេ ដើម្បីកូន។ បញ្ហានៅប្រទេសរបស់យើង ការខុសគ្នាខាងនយោបាយ មិនមែនជាឧបសគ្គរារាំង នៃកិច្ចសហប្រតិបត្តិការ និងការរៀនសូត្ររបស់សិស្សទេចៅ។
សិស្សប្រឡងមិនជាប់ខិតខំរៀនដើម្បីប្រឡងឆ្នាំក្រោយ ឬអាចចូលរៀនផ្នែកឯកទេសនានា ឬរៀនបរិញ្ញាបត្ររង
ខ្ញុំសូមយកឱកាសនេះ ផ្ញើជូនចំពោះសិស្សដែលមិនឡងមិនជាប់ នៅក្នុងឆ្នាំនេះ សូមបន្តការខិតខំ ដើម្បីឈានទៅប្រឡងនៅឆ្នាំក្រោយ។ ហើយបើឆ្នាំក្រោយប្រឡងមិនជាប់ទៀត ក៏នៅមានឱកាស សម្រាប់ការចូលរៀនយកផ្នែកឯកទេសទៅតាមទីកន្លែងនានា និងការរៀនយកបរិញ្ញាបត្ររង នេះគឺជាការបើកផ្លូវសម្រាប់អ្នកដែលនៅសល់ជិត ៤០% នៃចំនួនសិស្សដែលមិនបានជាប់ គឺ ៣៧% ផ្សេងទៀត ដែលមិនបានជាប់។ សូមលើកទឹកចិត្តអោយក្មួយៗមានការខិតខំ។
រាជធានីភ្នំពេញមានអត្រាសិស្សប្រឡងជាប់ច្រើនជាងគេ
ចំនួនសាលាបានជាប់សិស្សជាប់និទ្ទេស A នៅក្នុងឆ្នាំនេះ គឺមាន ១៥៥ សាលា ដូច្នេះ យើងពិនិត្យមើល វិទ្យាល័យរបស់យើងមានច្រើន ហើយនៅភ្នំពេញនៅតែមានចំនួនច្រើនជាងគេ ហើយខេត្តសៀមរាបនៅតែ រក្សាបានចំណាត់ថ្នាក់ល្អ។ រាជធានីភ្នំពេញ ១៩៤ នាក់។ ខេត្តសៀមរាប ៤៧ នាក់។ ខេត្តកណ្តាល ២៦ នាក់។ បាត់ដំបង ២៣ នាក់។ កំពត ២១ នាក់។ កំពង់ចាម ២០ នាក់។ ព្រៃវែង ១២ នាក់ ព្រៃវែងឆ្នាំទៅអត់មានសោះ ឆ្នាំនេះឡើងដល់ ១២ (នាក់) ហើយ ១២ (នាក់)នេះ នារីដល់ទៅ ៩ (នាក់) បុរសជាប់តែ ៣ (នាក់)ទេ ដែលឆ្នាំទៅអត់មានទេ ខេត្តមានចំនួនប្រជាជនច្រើន ក៏ប៉ុន្តែ ឆ្នាំទៅអត់មាន ប៉ុន្តែ តាមរយៈនៃការប្រឹងប្រែងនេះ គឺបានធ្វើអោយព្រៃវែងមានចំនួនសិស្សជាប់ ១២ នាក់ ប៉ុន្តែ គួរកត់សម្គាល់ថា ក្នុង ១២ នាក់នេះ មាន ៩ នាក់ ជានារី។ បន្ទាយមានជ័យមាន ១២ នាក់ ក្នុង ១២ នាក់នេះ គឺនារីមាន ៧ (នាក់) ច្រើនជាងបុរសទៀត។ កំពង់ឆ្នាំមាន ១២ នាក់។ ខេត្តព្រះសីហនុ ៩ នាក់។ កំពង់ធំ ៩ នាក់។ តាកែវ ៨ នាក់។ ត្បូងឃ្មុំ ៧ នាក់។ ពោធិសាត់ ៦ នាក់នេះ នារី ៥ (នាក់) ប្រុសមានតែ ១ (នាក់)។ ក្រចេះ ៦នាក់។ ស្វាយរៀង ៥ នាក់ ហើយស្វាយរៀងប្លែកពីគេ អត់មានស្ត្រីសោះ ជាប់តែប្រុស។ ព្រះវិហារ ២ នាក់។ កែប ២ នាក់។ កំពង់ស្ពឺ ១ នាក់។ ប៉ៃលិន ១ នាក់។ កោះកុង ១ នាក់។ ខេត្តអត់មានឆ្នាំទៅ គឺខេត្តប៉ៃលិន និងកោះកុង ឥឡូវ ជាខេត្តដែលមាន។ កែបក៏អត់មានដែរឆ្នាំទៅ នេះបើតាមខ្ញុំចាំ។
គ្រប់មហាវិទ្យាល័យ បើកឱកាសអោយគ្រប់និទ្ទេសទាំងអស់ប្រឡងចូលជាការល្អ
នៅពេលខាងមុខនេះ ក្មួយៗចៅៗនឹងជ្រើសរើសមហាវិទ្យាល័យ ដែលខ្លួនត្រូវរៀនហើយ។ មានមួយចំនួន ដាក់ចេញនូវគោលដៅរបស់ខ្លួនហើយ ហើយនៅមួយចំនួនទៀត ក៏មិនទាន់ដាក់ចេញនូវគោលដៅរបស់ខ្លួនដែរ។ ខ្ញុំសូមរំលឹករឿងមួយ ហើយថ្ងៃមុន ឯកឧត្តម ម៉ម ប៊ុនហេង ក៏បានបង្ហាញពីការឯកភាពហើយ នូវសាកលវិទ្យាល័យវេជ្ជសាស្ត្រ បានសេចក្តីថា សាលាពេទ្ររបស់យើងនេះ មានការកំណត់និទ្ទេស គឺអនុញ្ញាតអោយ មាននិទ្ទេស A, B និង C ចូលប្រឡង ប៉ុន្តែ និទ្ទេស D និង E គឺអត់អោយចូលប្រឡងទេ។ អញ្ចឹង ក៏បានស្នើសុំ ចូលមក Comment នៅក្នុងហ្វេសប៊ុករបស់ខ្ញុំនេះ ហើយខ្ញុំក៏បញ្ជូនអាហ្នឹងចូលតាម WhatsApp ទៅជូន ឯកឧត្តម ម៉ម ប៊ុនហេង យកល្អ តាមយោបល់ខ្ញុំ មិនចាំបាច់ទេ មិនថាតែសាលាពេទ្យមួយទេ គ្រប់សាលាទាំងអស់មិនចាំបាច់កំណត់ទេ បើកឱកាសអោយចូលប្រឡងទៅ គ្រប់និទ្ទេសទាំងអស់ អោយតែប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ កុំអោយមានការលំបាក។
ការប្រឡងជួនកាលភាំងតែបន្តិច វារបូតពិន្ទុ។ សិស្សពូកែ ប៉ុន្តែ ដល់ពេលប្រឡង ស្រាប់(តែ)ជួនកាលមាន បញ្ហាសុខភាព។ មិនទាន់ប្រាកដថា ចៅៗក្មួយៗជាប់និទ្ទេស A ហើយបែរជាពូកែជាងនិទ្ទេស B ឬនិទ្ទេស C ទេ ជួនកាលថ្ងៃហ្នឹងដាក់មកចំអាកន្លែងខ្លួនចេះទាំងអស់ ប៉ុន្តែ អ្នកនិទ្ទេស B ឬនិទ្ទេស C និទ្ទេសដទៃទៀត ថ្ងៃហ្នឹងសុខភាពគ្នាអត់សូវល្អ ជួនកាលគ្នាធ្លាក់អាក្នុងដំណាក់កាលហ្នឹង វាទៅជានិទ្ទេសផ្សេងទៅ អញ្ចឹងទេ គ្រប់មហាវិទ្យាល័យ គួរតែបើកឱកាសអោយគ្រប់និទ្ទេសទាំងអស់ចូលប្រឡង ព្រោះពេលហ្នឹងដឹងសដឹងខ្មៅហើយ បើយើងដាក់បារ៉ាស់អញ្ចឹង ទាល់តែនិទ្ទេសនេះបានអោយចូលប្រឡង ដូច្នេះ វាមិនយុត្តិធម៌ ហើយការប្រកួតប្រជែងក៏មានចំនួនតិច។ ឥឡូវ បើកឱកាសទៅ កុំអោយលំបាក។ នាយករដ្ឋមន្ត្រីពិតជាមានជួបការលំបាក ឃើញតែមានអន្តរាគមន៍សុំពីសិស្ស។ អញ្ចឹង ខ្ញុំសុំស្នើតែម្តង សុំអង្វរកចំពោះលោកសាកលវិទ្យាធិការ ចំពោះគណៈគ្រប់គ្រង មេត្តាកុំប្រកែប្រកាន់ ធ្វើម៉េចលក្ខខណ្ឌតែមួយគត់ គឺអ្នកឯងមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានអោយចូលប្រឡង កុំអោយកំណត់និទ្ទេសនេះអញ្ចេះអញ្ចុះ អាហ្នឹងជាការល្អហើយ បើកឱកាសទាំងអស់។ ហើយកុំបារម្ភគេដាក់ដឺម៉ង់ច្រើនពេក អាច្រើនហ្នឹងហើយល្អ។
សូមកុំភ្លេច គេហៅថា បរិមាណ និងគុណភាព ដើម្បីរកឃើញគុណភាព វាចាំបាច់ត្រូវមានបរិមាណ បើអត់ មានបរិមាណ មិនអាចរកឃើញគុណភាពបានទេ ត្រូវអោយឃើញទំនាក់ទំនងបរិមាណ និងគុណភាព ដែលទំនាក់ទំនងវាជាវិចារវិទ្យា ឬហៅថា ទំនាក់ទំនងបដិច្ចសមុប្បាទ អញ្ចឹង សង្ឃឹមថា គ្រប់គ្រឹះស្ថាន ឧត្តមសិក្សាមិនចាំបាច់កំណត់និទ្ទេសនោះទេ បើកឱកាសអោយចូលប្រឡងទៅ។ ជួនកាលពេលប្រឡងពិត និទ្ទេស A មិនជាប់ បែរជាជាប់អានិទ្ទេស E។ ជួនកាលវាភ្លាត់ … សុខភាពមិនសូវស្រួល ក៏ធ្លាក់ មិនបាន(និទ្ទេស) A នឹងគេទេ។ វាធ្លាក់ទៅ(និទ្ទេស) E ឯណាឯណោះ ប៉ុនដល់ពេលចូលប្រឡងនៅឯណេះ បែរជាជាប់។ អញ្ចឹងទេ នៅពេលដែលយើងមាននិទ្ទេស A នៅថ្ងៃនេះ ក៏ត្រូវក្តាប់អាហ្នឹងអោយជាប់នៅក្នុងដៃ បន្តភាពពូកែរបស់ខ្លួនតទៅទៀត។
ដើម្បីបានចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ាន-ជប៉ុន សុទ្ធតែមានប្រឡង
ប៉ុន្មានថ្ងៃមុននេះ នៅក្នុងអាទិត្យហ្នឹងដដែលទេ បន្ទាប់ពីប្រកាសដាក់អោយប្រើប្រាស់នូវគោលនយោបាយ ទាក់ទងនឹងការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈឆ្នាំ ២០១៧-២០២៥ ខ្ញុំក៏បានជួបជាមួយក្រុមយុវជន ដែលទៅតាម(កម្មវិធី)នាវាអាស៊ាន-ជប៉ុន ក្នុងនោះមានសិស្សនិទ្ទេស A មួយនាក់ក៏បានប្រឡងជាប់ ព្រោះដើម្បីឡើងលើកប៉ាល់ទៅប្រទេសជប៉ុនសុទ្ធតែមានការប្រឡង មិនមែនជ្រើសរើសដោយចិត្តឯងទេ។ អញ្ចឹងទេ មានចៅមួយ លោកតាៗ ខ្ញុំជួបលោកតាបានពីរដងហើយ ឆ្នាំទៅខ្ញុំជួបលោកជាសិស្សនិទ្ទេស A ឥឡូវ ជាសិស្សនៅសាកលវិទ្យាល័យមួយ ត្រូវចេញទៅជប៉ុននៅក្នុងចំណោមក្រុមទៅជប៉ុន។ ហើយឆ្នាំក្រោយអាចនឹងមានសិស្សនិទ្ទេស A របស់យើងនេះ ដែលនៅក្នុងសាកលវិទ្យាល័យណាមួយ ដាក់ពាក្យប្រឡង ដើម្បីទៅនាវាអាស៊ាន-ជប៉ុន ហ្នឹងបានមកជួបទៀត។
ប្រព័ន្ធអប់រំនៅតាមគរុកោសល្យភូមិភាគ នៅពេលខាងមុខឈានដល់ ១២ បូក ៤
ខ្ញុំពិតជាមានការរីករាយ ដែលយើងចាប់ផ្តើមពីស្ថានភាពដ៏លំបាកលំបិន ហើយយើងមកដល់ដំណាក់កាលនេះ។ ពី(ការ)ចាប់ផ្តើមពីដំណាក់កាល ប្រើភាសាថា អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀនអ្នកមិនចេះ ដែលពេលនេះ ប្រព័ន្ធអប់រំរបស់យើងត្រូវបានសម្រិតសម្រាំង។ គ្រូមត្តេយ្យ និងបឋមសិក្សា គឺស្មើនឹង ១២ បូក ២។ គ្រូសម្រាប់វិទ្យាល័យ បរិញ្ញាបូក ១ ហើយនៅពេលខាងមុខយើងមានគោលដៅ ដើម្បីអនុវត្តនៅប្រព័ន្ធនៅតាមករុកោសល្យភូមិភាគ គឺ ១២ បូក ៤ តែម្តង ដែលជាផ្នែកដ៏សំខាន់ (នៃ)ការកែទម្រង់វិស័យអប់រំរបស់យើង។ មិនមែនមានតែបរិមាណទេ ក៏ប៉ុន្តែ គុណភាពរបស់យើងពិតជាមាន។
គណៈគ្រប់សាលា ចាងហ្វាងសាលា ខិតខំរក្សានូវចំណាត់ថ្នាក់សាលារបស់ខ្លួន
ហើយគណៈគ្រប់គ្រង ចាងហ្វាងសាលានានា ខិតខំរក្សានូវចំណាត់ថ្នាក់សាលារបស់ខ្លួន តាមរយៈនៃការ ប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ នាយកសាលាដែលថ្ងៃនេះក៏បានមកជួបជុំ អបអរណាស់ ហើយមិនគ្រាន់តែថាសាលាល្អទើបវាជាប់នោះទេ។ សាលាមិនល្អក៏វាជាប់ដែរ។ តែត្រូវមានការប្រឹងប្រែងទាំងអស់គ្នា។ គ្មានជោគជ័យណាមួយខ្វះការចូលរួមទេ។ ស្តាយដោយសារកន្លែងរបស់យើងនៅទីនេះវាតូច មិនបានអញ្ជើញមាតាបិតាអាណាព្យាបាល។ នៅខាងក្រោម ប៉ុន្តែបានមើលតាមរូបភាពនៅខាងក្រោម។ ពួកគាត់សប្បាយណាស់ ទោះបីថ្ងៃនេះមិនបានចូលមកក្នុងបន្ទប់នេះក៏ដោយ ក៏ប៉ុន្តែ គាត់បានចូលមកក្នុងអគារសន្តិភាព ដោយកូនជាស្រឡាញ់របស់គាត់ ចៅជាស្រឡាញ់របស់គាត់ ដោយសារកូនក្មួយជាទីស្រឡាញ់របស់គាត់ ទើបគាត់ចូលមកកាន់ទីកន្លែងដែលជាទីកន្លែងមួយ ហើយនៅក្នុងបន្ទប់ដែលពួកគាត់អង្គុយនោះ ក៏ជាបន្ទប់ដែលថ្នាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ចូលរួមនៅក្នុងពិធីជប់លៀង និងការប្រជុំមួយចំនួននៅខាងក្រោមនោះដែរ។ ឯនៅកន្លែងនេះ ក៏ជាកន្លែងថ្នាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ីបូព៌ាមកកាន់ទីនេះ។ ជាកន្លែងអតីតប្រធានាធិបតីអាមេរិក ប៉ារ៉ាក់ អូបាម៉ា មកកាន់ទីនេះដែរ។ កន្លែងនេះ គឺជាកន្លែងតំណាងអោយនិមិត្តរូបខ្ពស់បំផុត នៃនីតិប្រតិបត្តិ។
ឪពុកម្តាយត្រូវគ្រប់គ្រងអោយជាប់នូវសៀវភៅទំនាក់ទំនង រវាងគ្រួសារ និងសាលា
ដូចពូ និងតា និយាយអម្បាញ់មិញ គ្មានអ្វីដែលសប្បាយជាងឃើញកូន និងចៅទទួលបាននូវការសិក្សា ពូកែនោះទេ។ ខ្ញុំនៅចាំបានថា នៅពេល ម៉ាណែត អាយុ ៤ ឆ្នាំ ពេលនោះអោយចូលសាលា ពេលដាច់ឆ្នាំ បានលេខ ៣ គេអោយក្រដាសមួយ(សន្លឹក) ខ្ញុំរក្សាទុក តែឥឡូវប្រគល់ទៅអោយគេហើយ មិនដឹងថាគេរក្សាទុកអនុស្សាវរីយ៍នេះឬអត់? ខ្ញុំមិនដឹងថា ក្នុងវិស័យអប់រំរបស់យើងនូវបន្តសៀវភៅទំនាក់ទំនង រវាងគ្រួសារ និងសាលាទៀតឬអត់? សំខាន់ណាស់ ឪពុកម្តាយត្រូវគ្រប់គ្រងអោយជាប់សៀវភៅទំនាក់ទំនង រវាងគ្រួសារ និងសាលា។ បើសិនជាឪពុកម្តាយធ្វេសប្រហែស មិនបានទេ។ កូនខ្ញុំទាំងប្រាំ ខ្ញុំកាន់កាប់សៀវភៅទំនាក់ទំនងរវាងសាលា និងគ្រួសារ។ ប្រហែលជាពេលនេះ សាលានៅរក្សាទុកនៅសាលាចតុមុខ ទាំងអស់។ កូនរៀននៅសាលាចតុមុខទាំងអស់។ គឺសុទ្ធតែមានចំណារខ្ញុំ។ ព្រោះមានមូលវាចារបស់មាតាបិតា។ ខ្ញុំសុខចិត្តរវល់ក្រៅពីការងាររដ្ឋហើយ មើលហើយផ្តល់មតិយោបល់ត្រឡប់ទៅវិញ។
ខ្ញុំនៅចាំបានថា សម្រាប់កូនខ្ញុំមួយនាក់ គឺ ហ៊ុន ម៉ានិត អ្វីៗគឺល្អ គ្រូថាល្អ ប៉ុន្តែ ខ្ញុំសរសេរទៅវិញថា សុំ អោយអ្នកគ្រូយកចិត្តទុកដាក់ជួយអប់រំខាងសីលធម៌ ព្រោះម្នាក់នេះរប៉ិលរប៉ូចខូចមាត់បន្តិច។ ខ្ញុំសរសេរ អញ្ចឹង គឺប្រាប់ទៅគ្រូត្រង់។ ខ្ញុំនៅចាំពាក្យ ព្រោះពេលមកផ្ទះលេងជាមួយបងប្អូនអញ្ចឹង យើងបានមើល ឃើញថា កូនមួយហ្នឹង គឺវាបានសំដីណាស់។ ជាទូទៅខ្ញុំស្នើអោយគ្រូជួយអប់រំខាងសីលធម៌។
ការរើសអើង និងការប្រមាថពីសំណាក់កូនអ្នកមានអំណាច មានលុយ ទៅលើកូនអ្នកក្រីក្រ
ប្រយ័ត្នបំផុត គឺប្រយ័ត្នកូនអ្នកធំ កូនអ្នកមានលុយ ដែលកាយវិការមិនធម្មតា ហើយនេះជាទង្វើដែលខ្ញុំស្អប់ ឆ្ពើមបំផុត តាំងពីខ្ញុំនៅជាក្មេងវត្ត ខ្ញុំស្អប់ណាស់ ដែលកូនអ្នកមានអំណាច កូនអ្នកធំ កូនអ្នកមានលុយ ប្រើប្រាស់អំណាចរបស់ឪពុកម្តាយ ប្រើប្រាស់អំណាចទឹកប្រាក់ ហើយមកធ្វើបានកូនអ្នកក្រីក្រ កូនអ្នក ទន់ ខ្សោយ ខ្ញុំស្អប់ណាស់។ អញ្ចឹង ខ្ញុំខ្លាចជាងគេ ខ្លាចកូនរបស់ខ្ញុំវាប្រើប្រាស់អំណាចឪពុករបស់វា។ ឥឡូវ ដល់ដំណាក់កាលចៅ។ ចៅចូលសាលាទាំងអស់។ ពេលខ្លះតាមទៅមើលដល់សាលា។ ធ្វើម៉េចនៅក្នុង គ្រប់ទីកន្លែងទាំងអស់ មិនត្រូវអោយមានការរើសអើងបែងចែក ហើយការប្រមាថពីកូនអ្នកមានអំណាច ការប្រមាថពីកូនអ្នកមានទឹកប្រាក់ ចំពោះកូនអ្នកក្រី មិនត្រូវទទួលការស្វាគមន៍ពីសំណាក់សង្គមទេ ប៉ុន្តែ វាជាការស្អប់ខ្ពើម ពីសំណាក់សង្គមទៅវិញទេ។ ខ្ញុំខ្លួនឯងក៏ធ្លាប់ស្រក់ទឹកភ្នែក នៅពេលដែលគេមើលងាយ នៅក្នុងពេលដែលខ្លួនរៀនពីតូច ហើយជាក្មេងវត្ត ត្រូវទទួលការប្រមាថ ឬទទួលភាពឆ្មើងឆ្មៃពីកូនអ្នកមានអំណាច និងកូនអ្នកមានលុយ។ ដោយហេតុនេះហើយ បានជាខ្ញុំស្អប់ ហើយកែអាស្ថានភាពនេះ។
រុញសាលាទៅជនបទច្រើន ដើម្បីអោយសិស្សមានឱកាសកាន់តែច្រើន
មនុស្សកើតមកស្រាតដូចតែគ្នាទេ គ្មានអ្នកណាកើតមកស្ពាយស័ក្តិ ស្ពាយយស ស្ពាយទ្រព្យសម្បត្តិមកទេ ហើយកូនអ្នកក្រខ្វះលុយ? គេក៏មានខួរក្បាលដូចកូនអ្នកមានដែរ គ្រាន់តែទីកន្លែងដែលគ្នាកើតនោះមិនសម្បូរ ហើយជួបប្រទះនូវភាពក្រីក្រ ដែលហេតុនេះហើយ បានជាយើងយកចិត្តទុកដាក់រុញសាលាទៅកាន់ទីជនបទ ដើម្បីអោយកុមារាកុមារីរបស់យើងមានឱកាសកាន់តែច្រើន ព្រោះសាលានៅជិត កុំអោយយកហេតុផលថា សាលាឆ្ងាយពេក។ មិនមែនគ្រាន់តែទៅបឋមសិក្សាទេ ទៅទាំងអនុវិទ្យាល័យ ទៅទាំងវិទ្យាល័យ។ ពីដើម មួយខេត្តមានវិទ្យាល័យតែមួយទេ ឥឡូវ មួយខេត្តមានវិទ្យាល័យប៉ុន្មានទៅ? ច្រើនណាស់។ ស្រុកខ្លះមានវិទ្យាល័យបួន (ឬ)ប្រាំ។ ជាការបង្កឱកាសសម្រាប់សិស្សាសិស្ស។ ត្រូវចងចាំ វាជាភ័ព្វសំណាងហើយ ដែលយើងបានកើតចំទីកន្លែងដែលឪពុកម្តាយមានប្រាក់កាក់ ប៉ុន្តែ ក៏ត្រូវមើលអោយឃើញជាមួយនឹងទីកន្លែងចំពោះមិត្តភក្តិរបស់យើង ដែលរៀនក្នុងថ្នាក់ជាមួយយើង ដែលគ្នាជាអ្នកខ្សត់ខ្សោយ បើអ្នកដែលមានលទ្ធភាពអាចធ្វើទៅបាន មិនចាំបាច់រហូតទៅដល់ជួយប្រាក់កាក់នោះទេ ត្រឹមតែទទួលការរាប់អានជាមិត្តភក្តិហ្នឹងវាល្អខ្លាំងណាស់ទៅហើយ។
ទាំងលោកគ្រូ អ្នកគ្រូ មាតាបិតា ជួយពង្រឹងសីលធម៌សង្គម នៅក្នុងចំណោមយុវជន
ការប្រកាន់វណ្ណៈណាមួយ វាគ្រាន់តែធ្វើអោយសង្គមមានការរើសអើងតែប៉ុណ្ណោះ ហើយរសជាតិបែបនេះ ពូស្គាល់ណាស់ ដោយសារខ្លួនធ្លាប់ជួបប្រទះនូវការប្រមាថ ភាពមាក់ងាយ។ ឥឡូវ នៅតាមគ្រប់ទីកន្លែង លោកគ្រូអ្នកគ្រូត្រូវជួយពីបញ្ហានេះ។ មាតាបិតាក៏ត្រូវជួយពង្រឹងសីលធម៌សង្គមក្នុងចំណោមយុវជន ហើយក្នុងហ្នឹងជាង ៣ លាននាក់ ជាកុមារ និងយុវជន ដែលនៅតាមសាលារៀន (សម្តេចសួរនាំសិស្សអំពីអ្នកជូនដំណើរមកកាន់វិមានសន្តិភាព)។
សូមកុំអោយឪពុកម្តាយហូរទឹកភ្នែកដោយសារកូន
ហ្នឹងហើយមាតាបិតា ដែលមានមោទនភាពដោយសារកូន កុំអោយពួកគាត់ហូរទឹកភ្នែក។ ចាំណា។ មាតាបិតាមួយចំនួនហូរទឹកភ្នែកដោយសារកូនទៅប្រព្រឹត្តខុសឆ្គង គ្រឿងញៀន ឬលួចប្លន់ ឬប្រើប្រាស់បញ្ជាគ្រឿងយន្ត ដូចជាម៉ូតូ ឬរថយន្ត ឬបង្កើតនូវទោសកំហុសផ្សេងៗ ធ្វើអោយឪពុកម្តាយហូរទឹកភ្នែក គាត់មិនចង់បានអីពីយើងទេ សុំតែម្យ៉ាងគត់ គឺអោយយើងដើរតាមគន្លងធម៌។ គ្មានឪពុកម្តាយណាមួយចង់អោយកូនប្រព្រឹត្តខុសទេ។ ថ្ងៃនេះជួបគ្នា គិតថាឆ្នាំក្រោយ ប៉ុន្តែ បើសិនធ្វើបែបនោះ វានាំអោយចៅៗមានការលំបាកវិញទេ។ បើសិនយើងរៀបចំបាយមួយពេលនោះ វាប្រហែលជាពិបាក ដោយសារការសំណេះសំណាលវាមិនបានគ្រប់ ហើយមិនបានធ្វើនៅទីកន្លែងនេះទៅទៀត បើសិនថាត្រូវបាយមួយពេល ទាំងគ្រូ ទាំងសិស្ស ទាំងឪពុកម្តាយ ចេះតែធ្វើទៅបាន ប៉ុន្តែ ប្រហែលជាអាចបង្កើតនូវការលំបាកទៅវិញទេ តែដល់ដាក់លើតុ ត្រូវតែចាប់ផ្តើម មានស្រាបៀរ ហើយស្រាបៀរវាដូចជាយើងបង្រៀនក្មេងអោយផឹកស្រាបៀរ វាកើតរឿងមួយទៀតទៅ។ ប៉ុន្តែ ជាលទ្ធភាពមិនអាចទាត់ចោលបានទេ ចាំឆ្នាំក្រោយចាំគិតទៀត។
វត្ថុអនុស្សាវរីយ៍ចំពោះសិស្សនិទ្ទេស A និងនាយកសាលាដែលមកចូលរួម
ថ្ងៃនេះ សិស្សជាប់និទ្ទេស A ចំនួន ៤២៤ នាក់ ក្នុងមួយនាក់ៗទទួលបាននូវប្រាក់ស្លឹង ចំនួន ១។ ថវិកា ចំនួន ២ លានរៀល។ iPad ចំនួន ១ គ្រឿង។ កុំអីជួបក្មួយៗចៅយូរហើយ ប៉ុន្តែ ដោយសារ iPad នេះ យើងត្រូវបញ្ជាទិញវាច្រើន ហើយដោយក្រុមហ៊ុន ជីបម៉ុង គ្រុប ជាអ្នកជួយឧបត្ថម្ភ។ អញ្ចឹង ត្រូវទិញដល់ ទៅជាង ៤០០ (គ្រឿង)ឯណោះ អញ្ចឹង បានជាត្រូវពន្យារបន្តិច ព្រោះវាមក(ដល់)ថ្ងៃ(ទី) ១ ដល់មើលអាកម្មវិធីពីថ្ងៃ(ទី) ១ មកវាជាប់ជំពាក់រហូត អញ្ចឹងទេ បានថ្ងៃ(ទី) ១៤។ ឯចំពោះលោកនាយក លោកស្រីនាយិកា ដែលមកចូលរួម ១៥៨ នាក់ ក្នុងមួយនាក់ៗទទួលបានប្រាក់ស្លឹង (ចំនួន) ១ ថវិកាផ្ទាល់ខ្លួន ១ លានរៀល ហើយសាលានីមួយៗជូន (ថវិកា) ៣ លានរៀល។
ប្រវត្តិប្រាក់ស្លឹង/សាមកុកស្រុកខ្មែរ
ប្រាក់ស្លឹងនេះ គឺក្មួយៗចៅៗត្រូវចាំ។ ប្រាក់ស្លឹងនេះ យើងតាមរកពីប្រទេសហូឡង់ត្រឡប់មកវិញ។ ប្រវត្តិរបស់កម្ពុជាវែងឆ្ងាយណាស់។ បើយោងលើប្រវត្តិប្រាក់ស្លឹងនេះ ដែលបោះពុម្ភហើយចាយនៅឆ្នាំ ១៥១៤ រហូតមកដល់ពេលនេះវា ៥០០ ឆ្នាំជាង។ យើងបានស្វែងរកនូវប្រាក់ស្លឹងនេះ យកពីប្រទេសហូឡង់ត្រឡប់ មកវិញ ប៉ុន្តែយើងយកមកបោះឡើងវិញនៅប្រទេសសាំងហ្គាពួរ ហើយមានពីរប្រភេទ។ មួយប្រភេទ យើងបោះប្រាក់សុទ្ធ ឯមួយប្រភេទទៀតបោះជាមាស។ ប៉ុន្តែ ចៅៗក្មួយៗបានទទួលប្រាក់នេះ ព្រោះមកពីខាង ធនាគារគេបោះអាមាសហ្នឹងចំនួនតិច សម្រាប់ជាការដូរ និងសម្រាប់ជាការបង្ហាញអំពីប្រាក់ស្លឹងរបស់កម្ពុជា។ ប្រវត្តិនៃប្រាក់នេះ (គឺ)បោះនៅឯព្រៃនគរក្នុង នៅខេត្តកំពង់ចាមពីមុន ឥឡូវខេត្តត្បូងឃ្មុំ។ ជារដ្ឋធានីក្នុងដំណាក់កាល ហ្លួងព្រះស្តេចកន រឿងនេះវាតភាគនៃជម្លោះរបស់កម្ពុជា ហើយទាក់ទងជាមួយនឹងប្រាក់ស្លឹងនេះដែរ។
ពញាយ៉ាត ព្រះអង្គមានព្រះរាជបុត្រ ៣ អង្គ។ ព្រះរាជបុត្រច្បងព្រះនាម នរាយរាជា។ ព្រះរាជបុត្របន្ទាប់ គឺជា ព្រះស្រីរាជា។ ព្រះរាជបុត្រមួយទៀត ដែលជាកូនកាត់សៀមឈ្មោះ ធម្មរាជា។ នៅក្នុង(ឆ្នាំ) ១៤៧០ ជាង នៅពេលដែលទីតាំងរាជធានីភ្នំពេញត្រូវបានចាប់ផ្តើមនៅពេលនោះ។ បុន្តែ ៣ ព្រះអង្គហ្នឹងសុទ្ធតែម្តាយខុសគ្នា។ ពេលដែល ពញាយ៉ាត ចូលទិវង្គត នរាយរាជា ព្រះអង្គឡើងគ្រងរាជ្យ។ មិនទាន់មានជម្លោះទេ។ ដល់ពេល នរាយរាជា ព្រះអង្គចូលទិវង្គត តាមទម្លាប់រាជសម្បត្តិត្រូវធ្លាក់ទៅកូន គឺ ព្រះសូរិយោទ័យ ប៉ុន្តែ រាជសម្បត្តិលើកនេះ ពេលនោះ មិនត្រូវធ្លាក់ទៅ ព្រះសូរិយោទ័យ ទេ គឺធ្លាក់ទៅ ព្រះស្រីរាជា ដែលជាព្រះអនុជ ម្តាយទីទៃ។
ជម្លោះក៏ចាប់បានផ្ទុះឡើង រវាង ព្រះសូរិយោទ័យ ដែលជាព្រះរាជបុត្ររបស់ ព្រះនរាយរាជា ដែលមិនសុខចិត្ត ហើយបង្កើតទីតាំងទ័ព(នៅឯ)ទួលបាសាន ដែលជាតំបន់ ពញាយ៉ាត តាំងទ័ពមុនពេលចូលមកចតុមុខសម្លាប់ស្តេចសៀម។ នៅចតុមុខនេះ ព្រះស្រីរាជា ជាព្រះមហាក្សត្រ ធម្មរាជា ជាអនុជ ជាព្រះរាជទាយាទ។ ពេលមួយនោះ នៅប្រទេសសៀមមានវិបត្តិ ព្រះស្រីរាជា ឆ្លៀតឱកាសវិបត្តិនៅប្រទេសសៀម លើកទ័ពចេញទៅ។ ដល់លើកទ័ពចេញទៅ លើកទ័ពត្រឡប់មកវិញ ព្រះធម្មរាជា ដែលជាព្រះអនុជមិនអោយចូលស្រុក មិនអោយចូលក្រុងភ្នំពេញនេះ។ ដាវអាជ្ញាសឹកក៏មិនព្រមប្រគល់អោយ ក្នុងពេលនោះហើយ ដែលជាពេលដែលកម្ពុជាមានតំបន់គ្រប់គ្រង ៣។ ចាប់ពីពេលនោះមក កម្ពុជាចាប់ផ្តើមមានតំបន់ត្រួតត្រាច្រើនក្នុងពេលតែមួយ។ សាមកុកវាមិនមែនកើតតែនៅស្រុកចិនទេ គឺវាបានកើតនៅប្រទេសកម្ពុជានៅក្នុងចន្លោះឆ្នាំ ១៤៧០ ជាង។ តំបន់ចតុមុខត្រូវគ្រប់គ្រងដោយ ព្រះធម្មរាជា ដែលជាព្រះអនុជ តំបន់តាមផ្លូវជាតិលេខ ៥ របស់យើង តាំងពីរលាប្អៀរ កំពង់ឆ្នាំង ទៅពោធិសាត់ បាត់ដំបង ត្រូវគ្រប់គ្រងដោយ ព្រះស្រីរាជា ដែលជាព្រះមហាក្សត្រ សុរិយោទ័យ នៅទិសម្ខាង។
អញ្ចឹង ខ្មែរមានតំបន់ត្រួតត្រា ៣ ប៉ុន្តែ ដោយសារតែ ព្រះធម្មរាជា ព្រះអង្គជាកូនកាត់សៀម … ក្រោយពេលធ្វើគតស្តេចសៀមហើយគឺ ពញាយ៉ាត ព្រះអង្គយក សុង៉ាង៉ាម។ ខ្ញុំគិតថា លោកគ្រូ អ្នកគ្រូ ប្រវត្តិសាស្រ្តយល់ដឹងរឿងនេះហើយ ព្រោះរឿងហ្នឹងវាមាននៅក្នុងមហាបុរសខ្មែរ ហើយគាត់សរសេរចងក្រងឡើងវិញពាក់ព័ន្ធជាមួយនឹងប្រាក់ស្លឹងនេះដែរ ដោយបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ សរសេរអំពី ហ្លួងព្រះស្តេចកន នោះ។ ពេលនោះ នៅសំរោងទង មិនទាន់មានខេត្តកំពង់ស្ពឺទេ គឺខេត្តសំរោងទង ខេត្តបាទី នៅតំបន់សំរោងទងនេះ ការឃុបឃិតមួយត្រូវបានធ្វើរវាង ព្រះធម្មរាជា ជាមួយនឹងស្តេចសៀម ដោយសរសេរសំបុត្រហៅ សុរិយោទ័យ មក។ សុរិយោទ័យ គិតថា ឪពុកមារបស់អញពិតជាគាំទ្រអញអោយឡើងគ្រងរាជ្យហើយ ក៏មក។ មកដល់ គេដកយកអាវុធ អត់អោយចូលតទៅទៀតទេ។ មកដល់ រវាងឪពុកមា និងក្មួយ ឪពុកមានិយាយទៅកាន់ក្មួយថា បើសិនជាពូអោយក្មួយឡើងគ្រងរាជ្យ វាមិនយុត្តិធម៌ទេសម្រាប់ម្ចាស់បង ព្រះស្រីរាជា។ អញ្ចឹងឃាត់ ព្រះសុរិយោទ័យ ទុកទៅ។ គាត់សរសេរសំបុត្រចុតហ្មាយមួយទៀតទៅយាង ព្រះស្រីរាជា មក។ ព្រះស្រីរាជា ក៏មក គិតស្មានថា អូ! ព្រះអនុជរបស់អញបានចាប់ សុរិយោទ័យ ទុកហើយ អញ្ចឹងប្រគល់រាជសម្បត្តិមកអោយអញ។ ដល់ពេលមកដល់ក៏ដូចគ្នាទៀត ប្រាប់ថា ទូលបង្គំថ្វាយរាជសម្បត្តិទៅម្ចាស់បង វាមិនយុត្តិធម៌សម្រាប់ម្ចាស់ក្មួយ សុរិយោទ័យ ទេ។ ក៏ចាប់ទៀត។ ចាប់ហើយ ក៏បានដឹកទៅប្រទេសសៀម។ ព្រះស្រីរាជា សោយទិវង្គត នៅត្រឹមបាត់ដំបង ឯ សុរិយោទ័យ ទៅសោយទិវង្គតនៅប្រទេសសៀម នៅអយុធ្យា។
ឥឡូវនេះ ព្រះអដ្ឋិធាតុរបស់ព្រះអង្គទាំង ២ នេះ នៅនឹងវត្តភ្នំនេះ។ សុំមើលឡើងវិញ។ ខ្ញុំមិនមែនអ្នកប្រវត្តិសាស្រ្តទេ ក៏ប៉ុន្តែ ខ្ញុំចង់និយាយអំពីប្រវត្តិទាក់ទងជាមួយនឹងប្រាក់ស្លឹង។ វាមានដើម និងកន្ទុយរបស់វា។ បន្ទាប់ពីចាប់ ព្រះស្រីរាជា និង សុរិយោទ័យ ហើយព្រះអង្គទាំង ២ សោយទិវង្គតទៅ ព្រះធម្មរាជា គ្រងរាជ្យរហូតដល់ឆ្នាំ ១៥០៤ ទើបសោយទិវង្គត។ ដល់សោយទិវង្គតហើយ ទើប ព្រះស្រីសុគន្ធបទ ឡើងគ្រងរាជ្យនៅឆ្នាំ ១៥០៤ នេះឯង។ បើខ្ញុំនិយាយមានចន្លោះប្រហោងស្អីៗ សូមកុំប្រកាន់ ប៉ុន្តែ សូមយកមហាបុរសខ្មែរ យកមកមើល មិនមែនជាការប្រឌិតរបស់ខ្ញុំនោះទេ។ តែខ្ញុំក៏ចេះទៅតាមហ្នឹងដែរ។ ព្រះស្រីសុគន្ធបទ ព្រះអង្គមិននៅនឹងចតុមុខទេ ទុកអោយ ព្រះចន្ទរាជា នៅចតុមុខ ព្រះអង្គទៅនៅស្រីសឈរ ដែលហៅថា ស្រីសន្ធរសព្វថ្ងៃនេះ។ លោកទៅនៅតំបន់ស្រីសន្ធរ តំបន់វត្តព្រៃបាំងអីនេះ ដែលមានឈ្មោះថា វត្តព្រៃបាំង ដោយសារតែមហេសីរបស់ ព្រះស្រីសុគន្ធបទ មានជំងឺត្រូវបាំង បានជាគេហៅ វត្តព្រៃបាំងនោះ។ មានប្រវត្តិនៅម្តុំវិហារសួគ៌យើងនេះ។ ប៉ុន្តែ ព្រះមហេសីរបស់ ព្រះស្រីសុគន្ធបទ មានប្អូនប្រុសមួយឈ្មោះហៅថា កន នេះឯង ក្រោយមកតែងតាំងជាឧកញ៉ាចងចិត្ត។
សម័យថ្ងៃមួយ ព្រះអង្គសុបិន្តយល់សប្តិឃើញ សត្វនាគរាជកន្រ្ទប់លើព្រះរាជវាំង។ អញ្ចឹង ក៏ហៅហោរាទស្សន៍ទាយ បូកជាមួយមន្រ្តីចាក់គ្រឿង ចាក់ប្រហុកផង បង្កើតថា អ្នកកើតឆ្នាំរោងដណ្តើមរាជ្យ បើអញ្ចឹងប៉ះទៅលើអ្នកណា? ប៉ះលើប្អូនថ្លៃខ្លួនឯង គឺ ស្តេចកន ពេលនោះ នៅជាឧកញ៉ាចងចិត្តនៅឡើយទេ។ អញ្ចឹង ក៏រកផែនការសម្លាប់ប្អូនថ្លៃខ្លួនឯង តាមវិធីបង់សំណាញ់។ ប៉ុន្តែ ជាភ័ព្វសំណាងល្អរបស់ កន ត្រូវបានបងស្រីបង្កើតខ្លួនឯងស្តាប់លឺ តែមិនដឹងរកវិធីប្រាប់ប្អូនធ្វើម៉េចកើត អញ្ចឹង ក៏វេចបាយមួយកញ្ចប់ផ្ញើទៅអោយប្អូន ហើយចេះតែបង់សំណាញ់អញ្ចឹងទៅៗ ដល់ទៅពេលទទួលទានអាហារ គេយកបាយមកនេះ គឺជាញ្ញាណទី ៦ របស់ស្តេចកន។ បងស្រីដែលជាមហេសីស្តេចផ្ញើបាយមួយកញ្ចប់ ស្តេចកនចាប់អារម្មណ៍ភ្លាមថា បងរបស់អញតែងតែប្រទានអោយអញមួយថាស ឬក៏មួយចាន តែលើកនេះបែរជាមួយកញ្ចប់។ អញ្ចឹងក៏ចតទូក បើកមើលឃើញសំបុត្រថាគេនឹងសម្លាប់ប្អូនហើយ។ បើប្អូនមុជទៅក្នុងទឹក មុជទៅអោយឆ្ងាយ។ អញ្ចឹងដោយសាររឿងហ្នឹងហើយ បានបង់សំណាញ់ទៅថា ជាប់គល់ឈើទាញឡើងវិញមិនរួច ពេលដែល ស្តេចកន មុជទៅដោះសំណាញ់ គេបោះសំណាញ់គ្របពីលើទាំងអស់ តែដោយសារដឹងរឿងពីបង អញ្ចឹង ក៏ហែលចេញផុតទៅ។ សង្គ្រាមវាបានផ្ទុះឡើង រវាងបងថ្លៃ និងប្អូនថ្លៃ ពីឆ្នាំ ១៥០៦ ដល់ ១៥១២ ស្តេចកន យកឈ្នះ ហើយនេះហើយ គឺជាចំណុចពិសេសរបស់ ស្តេចកន។ ពេលនោះ មានវណ្ណៈពលព្រះ ស្តេចកន បានធ្វើបដិវត្តន៍ប្រជាធិបតេយ្យប្រជាជន មុនលេនីន មុនកាលម៉ាក្ស មុនអង់ហ្គេល មុនប្រទេសនានា។ តាមវិធីអី? ស្តេចកន បានប្រកាសថា បើនរណាគាំទ្រខ្ញុំអោយឈ្នះ ខ្ញុំនឹងអោយរួចផុតពីវណ្ណៈពលព្រះ។ ពីសម័យនោះ មានវណ្ណៈពលព្រះ ដែលត្រូវបូជាចំពោះព្រះរតនត្រ័យចំនួន ៥ ពាន់ឆ្នាំ។ ដូច្នេះ អ្នកណាមិនសប្បាយ? វណ្ណៈពលព្រះពេលនោះគ្មានសិទ្ធិ គ្មានអំណាចទេ ហើយមិនអាចធ្វើអ្នកធំ ធ្វើមន្រ្តីរាជការបានផង។
ស្តេចកន បានសម្លាប់ ស្រីសុគន្ធបទ នៅស្ទឹងសែន ខេត្តកំពង់ធំ បន្ទាប់ពីយកជោគជ័យនៅឆ្នាំ ១៥១២ ហើយ ស្តេចកន បានវិលមក តែមិនបោះទីតាំងនៅចតុមុខ ឬនៅទួលបាសានទេ ធ្វើដំណើរទៅកសាងទីតាំងនៅឯព្រៃនគរក្នុង ដែលបច្ចុប្បន្នស្ថិតនៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយទីនោះហើយ នៅឆ្នាំ ១៥១៤ ស្តេចកន បានបោះប្រាក់ចាយ ដែលប្រាក់នេះចាប់កំណើតពីកន្លែងនោះ។ នេះគឺជាប្រវត្តិទាក់ទិនជាមួយនឹងរឿងប្រាក់ស្លឹង។ អញ្ចឹង ចំណុចនេះ បានខ្ញុំចេះតែអោយអាចារ្យថា សូមអាចារ្យៗជួយគិតមើលតើរឿងហ្នឹងក្នុងការរៀបអាពាហ៍ពិពាហ៍ហ្នឹង វាទាក់ទងជាមួយនឹងដំណាក់កាលរបស់ស្តេចកនទេ ដូចជាច្រៀង ដាវអើយ! ដាវដែក ដាវល្អចម្លែក ដែកកំពង់ស្វាយ គឺទាក់ទងទៅនឹងតំបន់កំពង់ធំ ដែលជាតំបន់កំពង់ធំតភ្ជាប់ ព្រះវិហារ ព្រៃម្លូអីនេះ តំបន់ស្លរដែក ហើយពាក្យភូមិសំបុក ស្រុកសម្បូរណ៍អីនេះ លក់កន្ត្រៃអីនេះ វានៅហ្នឹង។ ប៉ុន្តែ វាមានរឿងមួយដែលសំខាន់ កាត់ខាន់ស្លា ពេលដែលគេលក់ទឹកដោះ អាចារ្យតែងនិយាយថា កាត់ខាន់ស្លា កាត់ ១០ ដំឡឹង ២ ស្លឹង ៥ បាត អញ្ចឹង ស្លឹងហ្នឹងវាទាក់ទងនឹងប្រាក់ស្លឹងរបស់(ស្តេចកន ឬអត់?) បើសិនវាទាក់ទងនឹងរឿងប្រាក់ស្លឹង វាបានសេចក្តីថា ពិធីរៀបអាពាហ៍ពិពាហ៍នេះ វាបានកើតក្នុងដំណាក់កាល ស្តេចកន ឬក្រោយ ស្តេចកន។ តែអាចារ្យមិនព្រមឆ្លើយតបសោះ ព្រោះអាចារ្យស្រាវជ្រាវមិនទាន់រួច។
ខ្ញុំចូលចិត្តអារឿងហ្នឹង អោយស្គាល់ប្រវត្តិឫសគល់របស់យើងផង។ គ្រាន់តែលើកយកមកនិទាន តែរឿងនេះក៏បានចង្អុលបង្ហាញអោយយើងឃើញថា គ្រាន់តែដេកយល់សប្តិ ក៏យកគេទៅសម្លាប់ដែរ គេតស៊ូមកវាត្រូវហើយ បើសិនជាខ្ញុំវិញមុននោះផង មិនទុកទេ វាគ្មានអ្នកណាគ្រាន់តែដេកយល់សប្តិ ហើយមន្រ្តីដែលនៅជុំវិញនេះ ឥឡូវ ខ្ញុំក៏ត្រូវតែប្រយ័ត្នដែរ ដោយសារខ្ញុំមានសិទ្ធិអំណាចសម្រេចលើបញ្ហាច្រើនណាស់ អារឿងអេចអូចមិនអោយនៅជិតតែម្តង ហ្អែងនៅអោយឆ្ងាយពីអញ។ មន្រ្តីនាំពាក្យ ថែមអំបិលប្រហុក កុំអោយនៅជិត បើសិនជាទុកអោយនៅជិត ម្ង៉ៃៗនាំរឿងចូល រកធ្វើការអីមិនកើតទេ។ អានេះក៏វាចង្អុលបង្ហាញ បង្កើតបានសង្គ្រាមមួយតាមរយៈគ្រាន់តែរឿងយល់សប្តិ រួចហើយហោរាសាស្រ្តដេញហើយ អ្នកកើតឆ្នាំរោងដណ្តើមរាជ្យ មហាមន្រ្តីនេះ មហាមន្រ្តីនោះ អោយយោបល់ចុះឡើងៗ ទីចុងបំផុតសម្រេចចិត្តសម្លាប់ ស្តេចកន។ នោះហើយជាការវិនិច្ឆ័យខុស វាអោយបទពិសោធន៍មកយើង។ ហើយវាកម្រណាស់ កូនកសិករម្នាក់ ហើយត្រឹមតែជាប្អូនថ្លៃរបស់ស្តេច ប៉ុន្តែ មានលទ្ធភាពច្បាំងឈ្នះស្តេច ក៏មិនមែនរឿងធម្មតាពេកដែរ។ ហើយបន្ទាប់ពីនោះ ប្រទេសកម្ពុជាក៏បានបែងចែកជាតំបន់ត្រួតត្រា ២ ម្ខាងព្រះរាជាទិសខាងលិចដឹកនាំដោយ ចន្ទរាជា ម្ខាងព្រះរាជាទិសខាងកើតដឹកនាំដោយ ស្តេចកន។ មានកិច្ចព្រមព្រៀងឈប់បាញ់ខែវស្សាស្អីៗហ្នឹង អោយមានការឈប់វាយគ្នាស្អីៗនេះ មានរឿងមានរ៉ាវស្រុកខ្មែរច្រើនណាស់ ហើយបន្តបន្ទាប់មកទៀត ចេះតែកើតរឿងអញ្ចឹងទៅ។ អាហ្នឹងប្រវត្តិប្រាក់ស្លឹង។ មើលក្រែងលើមាននរណាស្រាវជា្រវបាន អារឿងកាត់ខាន់ស្លានេះ កាត់ ១៩ ដំឡឹង ២ ស្លឹង ៥ បាត មើលលោកអាចារ្យៗ ប្រកាសរកអាចារ្យណាដែលស្រាវជ្រាវបាន។ តើការកំណត់បែបនេះ វាបានចាប់ផ្តើមពីពេលណាមក?
ខ្ញុំមានប៉ុណ្ណឹងទៅចុះ អរគុណណាស់ គ្រាន់តែនិយាយអាហ្នឹង អស់ប៉ុន្មាន(នាទី)ឯណោះ។ ប៉ុន្តែ បានជួបគ្នាម្តង ចៅអើយ ក្មួយអើយ ហៅក្មួយវាអត់ត្រូវទៀត ព្រោះសុទ្ធតែចៅ ព្រោះខ្លះសុទ្ធតែ ១៧, ១៨ ឬ ១៩ ឆ្នាំ។ ប៉ុន្តែ អ្នក ១៧ ឆ្នាំ អាចបានសេចក្តីថា រៀនផ្លោះថ្នាក់ ព្រោះយើងគិតច្បាប់យើងអោយចូលរៀនអាយុ ៦ ឆ្នាំ រៀន ១២ ឆ្នាំ វាត្រូវអាយុ ១៨ ប៉ុន្តែ ៦ ឆ្នាំ របស់យើងនេះ មិនមែនគិតអញ្ចឹងទេ ជួនកាលខ្លះចូលក្បាល ៦។
នឹងឈរចែកវត្ថុអនុស្សាវរីយ៍ផ្ទាល់ដៃសល់សិស្សទាំងអស់ ដើម្បីជាការចងចាំទុកតកូនតចៅ
កោតសរសើរជាថ្មីម្តងទៀត ចំពោះការចូលរួមថ្ងៃនេះ ហើយពូនឹងខិតខំឈរចែកដោយផ្ទាល់ដៃជាមួយនឹងសិស្សទាំងអស់ ដើម្បីជាការចងចាំសម្រាប់ចៅៗ ដែលប្រឡងជាប់ ហើយរូបភាពនៃការទទួលពីប្រមុខនៃរាជរដ្ឋាភិបាល នឹងចងចាំទុកតកូនតចៅនៅពេលក្រោយ។ ហើយនេះ គឺជានិមិត្តសញ្ញាមួយ ហើយក៏ជាសារមួយសម្រាប់ថ្ងៃក្រោយ ក្មួយអាចបង្ហាញអោយឃើញអំពីការខិតខំរបស់ក្មួយៗចៅៗ។ ហើយនៅពេលដែលយើងទៅរកការងារធ្វើនោះ ឬក៏សាកលវិទ្យាល័យខាងមុខនេះ គេនឹងខិតខំស្វះស្វែងរកនូវចំនួនសិស្សដែលជាប់និទ្ទេស A ដូចជាសាលាអាមេរិកាំងមួយ។ សាលា West Point។ សាលាយោធារបស់អាមេរិក ជាប់ចេញពីសាលាហ្នឹងទៅធ្វើទាហាន។ ក្រុមហ៊ុននានាគេបានដាក់ត្រៀមចាំទៅហើយ ដើម្បីទទួលយកសិស្សដែលចេញទៅធ្វើទាហានហើយ ត្រឡប់មកវិញអាចចូលធ្វើការនៅក្រុមហ៊ុនរបស់គេ ដោយសារសាលាហ្នឹងវាខ្លាំង។ ២២ ម៉ឺនដុល្លារ ដើម្បីរៀនជាប់នៅសាលា West Point ដែលនៅកម្ពុជាយើងដូចជាមាន ២ នាក់ ប្រុសម្នាក់ ស្រីម្នាក់ ប្រុសម្នាក់គឺ ហ៊ុន ម៉ាណែត កូនរបស់ខ្ញុំហ្នឹង ហើយស្រីម្នាក់ គឺកូនរបស់ មាជ សុផាន់ណា ដែលជាប់នៅ West Point ហើយសាលា West Point មិនមែនសាលាស្ទូចយកពិន្ទុទេ។ និស្សិតបរទេស ១០ នាក់ បើប្រឡងមិនជាប់ទេ ជួនកាលគេប្រឡងជាប់បានតែ ៥ ឯ ៥ កៅអីទៀតគេចោលទំនេរតែម្តង អត់មានស្ទូចពិន្ទុយកអោយគ្រប់ទេ។ ករណីដូចគ្នានេះ នៅកាលប្រឡងបាក់ឌុបរបស់យើង និទ្ទេស A ឬក៏គ្រប់និទ្ទេសទាំងអស់ អត់មានស្ទូចពិន្ទុអោយខានតែជាប់ ប៉ុណ្ណេះភាគរយ ប៉ុណ្ណោះភាគរយ អត់ទេ។ ឆ្នាំដំបូង សុខចិត្តអោយប្រឡងឡើងវិញ អត់ស្ទូចពិន្ទុទេ។
ហើយចុងបញ្ចប់ សូមជូនពរចំពោះចៅៗ ជូនពរចំពោះលោកគ្រូ អ្នកគ្រូ ជូនពរចំពោះមាតាបិតា អាណាព្យាបាលដែលមកចូលរួមនៅខាងក្រោម ជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សូមទទួលបាននូវពុទ្ធពរទាំង ៤ ប្រការ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕