សម្តេច​តេជោ ហ៊ុន សែន អញ្ជើញជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធាន​មជ្ឈ​មណ្ឌល​ត្រៀម​បង្ការ​គ្រោះមហន្តរាយអាស៊ី

នៅវិមានសន្តិភាព ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សា​ការងារជាមួយ លោក Krasae Chana Wongse (ក្រាស៊ែ ចាន់ណាវង្ស) ប្រធានមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី Asian Disaster Preparedness Center -ADPC។

ប្រទេស​កម្ពុជា ត្រូវបានក្លាយជា​សមាជិក​ស្ថាបនិក ADPC តាំងពីឆ្នាំ ២០១២ មកម៉្លេះ។ តែដោយ​សាកន្លង​មកមិនទាន់​បាន​បញ្ជូន​ឯកសារ​សច្ចារប័ន ដែលតម្រូវអោយ​ឆ្លងកាត់ការ​អនុម័ត​ពី​សភាជាតិ ក​ម្ពុជា ទើបមានការ​ពន្យាររហូត​មកទល់​ពេលនេះ។ នៅក្នុង​ជំនួប​រវាង លោក Krasae Chana Wongse និង សម្តេចតេជោ ហ៊ុន សែន គឺដើម្បីជំរុញការ​រៀបចំ​ឯកសារ​អោយបាន​គ្រប់គ្រាន់ ដើម្បី​ឲ្យប្រទេសក​ម្ពុជាក្លាយ​ជាប្រទេស​សមាជិក​ស្ថាបនិក​ពេញសិទ្ឋិ នៃមជ្ឈមណ្ឌល ADPC អោយបាន​ឆាប់​បំផុត។

សព្វថ្ងៃនេះមានប្រទេស​ជាសមាជិកស្ថាបនិកចំនួន៩។ នៅមានប្រទេស២​ដែលមិ​នទាន់​ក្លាយជាសមាជិក​ស្ថាបនិក​ផ្លូវការ គឺប្រទេសកម្ពុជា និងថៃ។ សម្តេចតេជោ​នាយករដ្ឋមន្ត្រី នឹងជម្រុញកិច្ចការ​នេះឲ្យបាន​លឿននៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅថ្ងៃទី២៧ ខែតុលា ខាងមុខនេះ ហើយបន្ទាប់​មកនឹង​ដាក់ជូនទៅរ​ដ្ឋសភា ដើម្បីស្នើសុំសច្ចាប័ន​ជាផ្លូវការ​នាពេលខាងមុ​ខ។ សម្តេចតេជោ ហ៊ុន សែន ក៏បានគូស​បញ្ជាក់​ផងដែរថា បច្ចុប្បន្ននេះ​គ្រោះមហន្តរាយ​គឺអាច​កើតមាន​ឡើងដោយគ្មាន​ព្រំដែន​ឡើយ ដូចជា​ទឹកជំនន់ ខ្យល់ព្យុះ និងអគ្គីភ័យ គ្រោះរាំងស្ងួត​ជាដើម។ ដូច្នេះការប​ង្កើតមជ្ឈមណ្ឌ​លមួយនេះ គឺមានសារៈសំខាន់សម្រាប់​ប្រទេសកម្ពុជា​ដើម្បីគ្រប់គ្រង និងទប់ស្កាត់​នូវគ្រោះមហន្តរាយ​នានា​ដោយ​ យថា​ហេតុបាន​មួយក​ម្រិតធំ។

លោក Krasae Chana Wongse បានជម្រាបជូនសម្តេច​តេជោផង​ដែរ​អំពីកិច្ច​សហប្រតិបត្តិការលើវិ​ស័យអប់រំ ដោយសារបច្ចុប្បន្ន រូបលោកផ្ទាល់ គឺជាប្រធានប្រឹក្សាពិបាល នៃសាកលវិទ្យាល័យចំនួន២នៅប្រទេសថៃ។ លោកចង់​ចូលរួម​ចំណែក​អភិវឌ្ឍន៍​វិស័យអប់រំ, ផ្នែកបណ្តុះ​បណ្តាល និងអប់រំទូទៅពីថ្នាក់​មត្តេយ្យ​រហូតដល់ឧ​ត្តមសិក្សា។

សម្តេចតេជោ បានមានប្រសាសន៍ជុំវិញ កំណែទម្រង់​នៃការ​អប់រំនៅកម្ពុជា ជាពិសេស​នៅរយៈពេល៥​ឆ្នាំចុងក្រោយនេះ គឺកម្ពុជា​ទទួលបាន​ភាពជោគ​ជ័យជា​ច្រើ​ននៅគ្រ​ប់កម្រិត ជាពិសេសការពង្រឹង​គុណភាព​អប់រំ​នៅគ្រប់កម្រិត​ទាំងអស់។ សម្តេចក៏បាន​ស្វាគមន៍ ឲ្យលោក Krasae Chana Wongse ចាប់ដៃ​ជាមួយ​សាកលវិទ្យាល័យ​នានានៅ​ក្នុងប្រទេសកម្ពុជា ដើម្បីជំរុញកា​រងា​របណ្តុះបណ្តាល​លើថ្នាក់​ឧត្តមសិក្សានេះ។

លោក Krasae Chana wongse បានអរគុណ សម្តេចតេជោនាយក​រដ្ឋមន្ត្រី ដែលបានផ្តល់កិត្តិយស​អោយលោក​នឹងប្រតិភូ​ចូលជួប​ពិភាក្សា។ លោកបាន​ចាត់ទុក សម្តេចតេជោ ជាមេដឹកនាំជើងចាស់​ដ៏ល្បី​នៅក្នុង​អាស៊ី ដែលបានដឹកនាំ​មិនមែនតែ​ក្នុងប្រទេស​កម្ពុជា គឺនៅក្នុង​ស្ថាប័នអន្តរ​ជាតិ ជាពិសេសគឺបាន​ឆ្លុះពីចក្ខុវិស័យប្រកបដោយគតិបណ្ឌិតក្នុងការដឹកនាំប្រទេសជាតិអោយរីក​ចំរើន​។ កាលពី១១ឆ្នាំមុនដែ​លបានមកកម្ពុជា និងពេលនេះគឺបានឃើញកម្ពុជាមាន​ការរីកចម្រើនយ៉ាងច្រើន។

សម្តេចតេជោ បានជំរាបជូនលោក Krasae Chana wongse ថា យើងមិនអាច​កាត់​គម្លាតនៃទ្រព្យ​សម្បត្តិ​លើលោក​នេះបានទេ ប៉ុន្តែយើង​អាចកាត់​បន្ថយគម្លាត នៃការអប់រំ​បាន។ ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំចុងក្រោយនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានខិតខំជំរុញការងារ​បណ្តុះបណ្តាលធនធាន​មនុស្ស ទាំងកម្រិតឧត្តមសិក្សា និងកម្រិតជំនាញបច្ចេកទេសនានា។ ចំពោះកូនសិស្សដែល​ប្រឡង​ធ្លាក់ឌុប ក៏នៅអាចបន្តការ​សិក្សា​បរិញ្ញាបត្រ​រងបាន រួមទាំង​សិក្សាលើ​មុខជំនាញ​វិជ្ជជីវៈ​ផ្សេងៗបាន​យ៉ាងងាយ​ស្រួលទៀតផង។ ទន្ទឹមនឹងនេះ ការបណ្តុះ​បណ្តាល និងការកសាងសម​ត្ថភាព ការផ្លាស់ប្តូរបទ​ពិសោធន៍នៃកា​រគ្រប់គ្រងគ្រោះ​មហន្តរាយ និងការចូលរួម​ជួយគ្នា​ទៅវិញទៅ​មក​លើបញ្ហាគ្រោះ​មហន្តរាយ​នេះគឺជាសេចក្តី​ត្រូវការចាំបាច់បំផុត ជាពិសេសរវាង​ប្រទេស​ដែល​មានព្រំប្រទល់​ជាប់ជាមួយគ្នាដូចជា កម្ពុជា-ថៃ កម្ពុជា-ឡាវ និងកម្ពុជា-វៀតណាមជាដើម៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ