សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ស

នៅវិមានសន្តិភាព ព្រឹកថ្ងៃទី១០ ខែតុលា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ដែលដឹកនាំដោយ លោក ផាន សុភា ។


នេះជាលើកទី៤៤ហើយ ដែលនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន បានរៀបចំចេញដំណើរបន្តទៀតដែលមានសមាជិកចំនួន២៩នាក់ ដែលនឹងគ្រោងចេញដំណើរពីថ្ងៃទី២៣ ខែតុលា ២០១៧ ខាងមុខ ដែលមានរយៈពេល៥២ថ្ងៃ។ គោលដៅនៃការធ្វើដំណើរនេះ គឺដើម្បីពង្រឹងនូវមិត្តភាពរវាងប្រជាជន និងប្រជាជន និងរវាងប្រទេសអាស៊ីអាគ្នេយ៍ និងជប៉ុន ហើយកការកសាងសាមគ្គីភាព រវាងប្រជាជននៅអាស៊ីអាគ្នេយ៍ និងជប៉ុនផងដែរ។ ទន្ទឹមនឹងនោះដែរ គឺដើម្បីស្វែងយល់រវាងគ្នាទៅវិញទៅមក និងរវាងប្រជាជននៅអាស៊ី អាគ្នេយ៍នេះ។ នាវាយុវជន គឺបានបង្កើតឡើនៅឆ្នាំ១៩៧៤ តាមរយៈការដំណើរទស្សនកិច្ចលើនាវានៅដែលត្រូវឆ្លងកាត់សមុទ្រប៉ាស៊ីហ្វិក ពីជប៉ុនមកកាន់កម្ពុជា ហើយបន្តទៅកាន់ប្រទេសថៃ, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី ហើយវឹលត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនប្រតិភូក្មួយៗយុវជនថា ដំណើរទស្សនកិច្ចនាវាយុវជនអាស៊ីអាគ្នេយ៍នេះ មិនអាចកើតមានឡើងបាននោះទេ ប្រសិនបើកម្ពុជាគ្មានសន្តិភាព។ សម្ដេចតេជោ បានសង្កត់ធ្ងន់ថា សុខសន្តិភាពមានសារៈសំខាន់ជាងអ្វីៗទាំងអស់ ហើយក៏ជាអ្វីដែលកម្ពុជាយើងបានរកបានមកដោយលំបាកជាទីបំផុត ហើយសន្តិភាពនេះគឺបានផ្ដល់ឱកាសដល់យុវជនបានចូលរួមក្នុងកម្មវិធីនាវាយុវជននៅពេលនេះ ។

សម្ដេចតេជោ មានប្រសាន៍ផងដែរថា មានសន្តិភាពតែមួយមុខ តែគ្មានគោលនយោបាយត្រឹមត្រូវ ក៏គ្មានឱកាសសម្រាប់យុវជនយើងទាំងអស់គ្នាដែរ។ ជាមួយគ្នានេះដែរ សម្តេចតេជោ បានជម្រាប​ជូន​យុវជនអំពីយុទ្ធសាស្ត្រត្រីកោណ ដែលបានដាក់ចុះនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៨ ដែលមាន មុំ​៣​សំខាន់គឺ ១) គឺធ្វើសន្តិភាវូបនីយកម្មផ្ទៃក្នុងកម្ពុជា, ២) ធ្វើសមាហរណកម្មកម្ពុជាឲ្យឆាប់បំផុត ក្នុ​ង​ឆាក​អន្តរជាតិ និង ៣) ផ្អែកលើកត្តាអនុគ្រោះផ្ទៃក្នុង គឺជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាយើងអោយ​បានឆាប់រីកចម្រើន ស្របពេលជាមួយគ្ននេះដែរ សម្តេចតេជោ ក៏បានជម្រាបជូនក្មួយៗប្រតិភូអំពីមូលហេតុ៤យ៉ាង ដែលនាំឲ្យកម្ពុជាសម្រេចចិត្តចូលជាសមាជិកអាស៊ានគឺ ១)គឺគោល​ការណ៍​មិនជ្រៀតជ្រែកចូលផ្ទៃក្នុងប្រទេសដទៃ, ២)គឺស្មារតីសហគមន៍ធ្វើការតាមកុងសង់ស៊ីស, ៣)គឺផលប្រយោជន៍ខាងសេដ្ឋកិច្ច និងទី ៤)គឺច្រកចេញការទូតរបស់កម្ពុជាតាមអាស៊ានមានកាន់​តែ​ច្រើ​ន​ទូលំទូលាយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំក្មួយៗជាប្រតិភូទាំងអស់ ក្នុងការធ្វើដំណើរនេះ គឺត្រូវរក្សានូវឥរិយាបថល្អ និងមិត្តភាពល្អជាមួយនឹងមិត្តរួមដំណើរ ពីព្រោះក្មួយៗតំណាងឲ្យ​ជាតិ​សាសន៍យើងទាំងមូល មិនមែនតំណាងឲ្យបុគ្គលនោះទេ។ ក្មួយៗត្រូវខិតខំកសាងទំនាក់ទំនង​ជាមិត្តភក្តិ ទំនាក់ទំនងរវាងបុគ្គលនិងបុគ្គល ដែលជាកត្តាបង្កឱកាសឲ្យមានទំនាក់ទំនងរវាងជាតិសាសន៍និងជាតិសាសន៍, ព្រមទាំងទំនាក់ទំនងរវាងប្រទេស និងប្រទេសផងដែរ៕ មុននឹងបញ្ចប់សម្តេចតេជោ ហ៊ុន សែន បានជូនពរក្មួយៗយុវជនទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចលើនាវា ហើយសម្តេចក៏បានឩបត្ថម្ភថវិកាលើកទឹកចិត្តមួយចំនួន ព្រមទាំងបានថតរូបជាអនុស្សាវរីយ៍ជាមួយក្មួយៗយុវជនយុវតីក្នុងបរិយាកាសរីករាយ និងស្និទ្ឋស្នាលក្រៃលែង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ