សម្រង់ប្រសាសន៍​​សម្តេច​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យ ចេនឡា

CNV: 

ជម្រុញអោយស្រ្តីចាប់យកការសិក្សាអោយកាន់តែច្រើន

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយនឹង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ដើម្បីចែកសញ្ញាបត្រ សម្រាប់ជ័យលាភី ចំនួន ២.៨៣៨ នាក់ នៃសាកលវិទ្យាល័យចេនឡា។ ជាការកត់សម្គាល់ នៅក្នុងចំនួន(និស្សិត) ២.៨៣៨ នាក់នេះ មាននារីរហូតទៅដល់ ១.៥៨៧ នាក់ មានន័យថា ស្រ្តីច្រើនជាងបុរស។ នេះក៏ជាផ្នែកមួយនៃការកត់សម្គាល់របស់យើង ប៉ុន្តែ យើងក៏បានកត់សម្គាល់​ពី​បញ្ហានៅពេលដែលបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ ស្រ្តី និងបុរស មានប្រហាក់ប្រហែលគ្នា។ នៅក្នុង​កម្រិត​បរិញ្ញាបត្ររង ស្រ្តី និងបុរស គឺប្រហាក់ប្រហែលគ្នា ប៉ុន្តែ នៅពេលឈានឡើងទៅខ្ពស់ គឺស្រ្តីទៅ​ជា​ទាប​ជាង។ ខ្ញុំសង្ឃឹមថា អ្វីដែលបានកើតឡើងនៅក្នុងសាកលវិទ្យាល័យចេនឡា ដែលទាក់ទងជាមួយនឹង​សមាស​ភាពយ៉េនឌ័រ ចំនួនអត្រាស្រ្តី គឺការបណ្ដុះបណ្ដាលធនធានមនុស្សនៅទីនេះក៏កាន់តែច្រើន។

ការបង្កើតអោយមាន គឺជារឿងលំបាក តែអ្វីដែលលំបាកជាង គឺការធ្វើអោយមាននិរន្តរភាព

តាមរយៈរបាយការណ៍របស់សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យចេនឡា ដែល​អម្បាញ់​មិញនេះ នៃការ​បណ្ដុះ​បណ្ដាលធនធានមនុស្ស ចំណុចនេះ វាក៏បានក្លាយទៅសមិទ្ធផលថ្មីមួយទៀត​របស់សង្គមជាតិ​របស់​យើង។ ខ្ញុំសុំយកឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល សុំសម្តែងនូវការកោតសរសើរ ចំពោះក្រុមប្រឹក្សា​ភិ​បាល គណៈគ្រប់គ្រង សាស្រ្តាចារ្យ ដែលបានខិតខំធ្វើអោយមានវឌ្ឍនភាព សម្រាប់ការបណ្ដុះបណ្ដាល​នៅក្នុង​សា​កលវិទ្យាល័យនេះ។

ដូចដែលខ្ញុំធ្លាប់បានលើកមុនៗរួចមកហើយ អ្វីដែលធ្វើអោយវាបានកើតនោះ វាលំបាកណាស់ទៅហើយ ក៏ប៉ុន្តែ ការដែលធ្វើអោយមាននិរន្តរភាព គឺមិនមែនជាបញ្ហាងាយស្រួលទេ។ សាកលវិទ្យាល័យមួយចំនួនត្រូវបានបិទទ្វា សាកលវិទ្យាល័យមួយចំនួនរបៀបដើរទៅមុខក៏មិនទៅ ថយក្រោយក៏មិនរួច។ អញ្ចឹង ចំណុចនេះ គឺជាចំណុច​ដែល​មិន​មែនគ្រាន់តែសាកលវិទ្យាល័យមួយនេះទេ សាកលវិទ្យាល័យដទៃទៀត និងផ្នែកដទៃទៀត ឬវិស័យដទៃទៀត ក៏ត្រូវ​តែយកចិត្តទុកដាក់។ ការបង្កើតអោយមាន វាគឺជារឿងលំបាកទៅហើយ តែបញ្ហានិរន្តរភាពរបស់វាជា​បញ្ហា​កាន់​តែលំបាកទៀត ធ្វើយ៉ាងម៉េចរក្សាអោយបាននូវដំណើរការ ហើយមិនមែនគ្រាន់តែដំណើរការតាម​របៀប​បែប​ចាស់នោះទេ ប៉ុន្តែការធ្វើទំនើបកម្ម និងបង្កើនគុណភាពការបណ្ដុះបណ្ដាលកាន់តែមាន​សារ​សំ​ខាន់​។

វឌ្ឍនភាពនៃការបញ្ជូននិស្សិតទៅរៀន និងធ្វើការនៅក្រៅប្រទេស

ខ្ញុំឃើញថា សាកលវិទ្យាល័យចេនឡា​ ពីមួយថ្ងៃទៅមួយថ្ងៃ ក៏មានជំហានរីកចម្រើន​ ក្នុងនោះតាមរយៈ​របាយ​ការណ៍​អម្បាញ់មិញ គឺខ្ញុំបានឃើញថា ការបញ្ជូននិស្សិតបរិញ្ញាបត្ររងរបស់យើងទៅទទួល​ការ​សិក្សា​បន្ថែម និងធ្វើការងារនៅប្រទេសជប៉ុន។ រឿងនេះ ខ្ញុំធ្លាប់បាននិយាយជាមួយនឹងនាយករដ្ឋមន្រ្តី អាបេ (Shinzō Abe) ស្ដីអំពីបញ្ហាទាក់ទងនឹងការទទួលយកជនជាតិកម្ពុជា ទៅសិក្សានៅប្រទេសជប៉ុន។ ពេល​នោះ​(នាយករដ្ឋមន្រ្តីជប៉ុន) អាបេ (Shinzō Abe) បានឆ្លើយតបជាមួយខ្ញុំកាលពីឆ្នាំ ២០១៥ ឯណោះទេ គាត់​បាន​និយាយថា ជប៉ុនកំពុងតែខ្វះពលកម្ម ដែលពាក់ព័ន្ធជាមួយនឹងបញ្ហាមនុស្សចាស់ច្រើន។ ដូច្នេះ បើតាម​មើលទៅក្នុងទីនេះ ផ្នែកបរិញ្ញាបត្ររងខាងថែទាំសុខភាព គឺប្រហែលជាអាចទៅធ្វើការទាក់ទិនជាមួយនឹង​មនុស្ស​ចាស់នៅឯប្រទេសជប៉ុន(បាន)។ មួយ​ផ្នែក គឺយើងទៅទទួលការបណ្ដុះបណ្ដាលបន្ថែម តែមួយផ្នែក​ទៀត ក៏ជាការដោះស្រាយការងារធ្វើ ជាមួយនឹងការនាំមកនូវបច្ចេកវិទ្យាថ្មីៗផងដែរ។ ខ្ញុំពិតជាមានមោទនភាព ដែល​យើងបានរួមគ្នាចេញដំណើរពីស្ថានភាពក៏លំបាកលំបិន មកកាន់ស្ថានភាព​មួយ​ដែលល្អប្រសើរពី​មួយថ្ងៃ ទៅមួយថ្ងៃ។ ការលូតលាស់សម្រាប់ប្រទេសរបស់យើង ដែលចាប់ផ្ដើមពីប្រជាជន​ប្រ​មាណ​ជាង ៥ លាន​នាក់ មកកាន់ប្រជាជនជាង ១៥ លាននាក់។ ក្នុងដំណើរវែងឆ្ងាយនេះ ដោយលាយឡំ​រវាង​សង្រ្គាមផង សន្ដិភាព​ផង មកដល់សន្ដិភាពទាំងស្រុង ដែលផ្ដល់ឱកាសអោយយើងបានកសាងប្រទេស​ពេញ​ដៃ​ពេញជើង។

វិស័យឯកជនចូលរួមបណ្ដុះបណ្ដាលធនធានមនុស្ស

សាកលវិទ្យាធិការ បានលើកឡើងអម្បាញ់មិញ អំពីការលំបាកនានា ដែលយើងបានឆ្លងកាត់ពីដំណាក់​កាល​មួយ​មក​កាន់ដំណាក់កាលមួយ វាមិនងាយស្រួលទេ ប៉ុន្តែ យើងបានរួមគ្នា ដើម្បីធ្វើអោយប្រទេសនេះ​មាន​ការ​លូត​លាស់។ គ្មានជោគជ័យណាមួយ ដែលបានកើតឡើងដោយខ្វះការចូលរួមនោះទេ។ នយោបាយផ្ដល់​ឱកាស​អោយវិស័យឯកជន បានចូលរួមនៅក្នុងការវិនិយោគលើបញ្ហាបណ្ដុះបណ្ដាលធន​ធានមនុស្ស ត្រូវបាន​ទទួល​យកដោយពីវិស័យឯកជន និងទទួលយកពីសំណាក់ប្រជាពលរដ្ឋ។ ក្នុងហ្នឹងអ្នកដែលបាន​រៀន​បង់​ថ្លៃទាំងប៉ុន្មាន សុទ្ធតែជាអ្នកដែលបានចូលរួម ដើម្បីនឹងសម្រេចទៅនឹងក្របខណ្ឌគោលនយោបាយ​ស្ដីពីការ​អនុញ្ញាតផ្ដល់ឱកាសអោយវិស័យឯកជន បានចូលរួមនៅក្នុងដំណើរការបណ្ដុះបណ្ដាលធនធានមនុស្ស។ ប្រសិន​បើយើងពឹងផ្អែកតែទៅលើសាកលវិទ្យាល័យ គ្រឹះស្ថានសិក្សារបស់រដ្ឋ គឺពិតជាមិនគ្រប់គ្រាន់ទេ។ ក្នុងនោះ យុវជនដែលមិនអាចទទួលបាននូវការសិក្សានៅសាកលវិទ្យាល័យ នៅគ្រឹះស្ថានសិក្សារបស់រដ្ឋ ហើយបែរជាមិន​មាន​នៅ​គ្រឹះស្ថានសិក្សារបស់ឯកជនទៀតនោះ តើពួកគេនឹងទៅណា? នេះជាបញ្ហាធំណាស់ សម្រាប់ការដោះ​ស្រាយ​របស់​យើង។

ចុងក្រោយនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានផ្ដល់ការអនុញ្ញាតអោយនិស្សិត ដែលប្រឡងមិន​ជាប់​មធ្យម​សិក្សា​ទុតិយភូមិ​ អាចមានឱកាសចូលរៀនសម្រាប់យកបរិញ្ញាបត្ររង។ នេះក៏ជាវិធីដោះស្រាយមួយ ដើម្បីកាត់​បន្ថយ​នូវ​ចំនួនសិស្សដែលមិនជាប់បាក់ឌុប។ ជាការកាត់បន្ថយមួយ ដើម្បីអោយពួកគេបានលទ្ធភាព​ទទួល​បាន​នូវការបណ្ដុះបណ្ដាលជំនាញ។ នៅក្នុងជំនាញនេះ ក៏មានថ្នាក់បរិញ្ញាបត្ររងនៅតាមសាកលវិទ្យាល័យរបស់រដ្ឋ នៅតាមសាកលវិទ្យាល័យ គ្រឹះស្ថានឧត្តមសិក្សារបស់ឯកជន និងនៅតាមសាលាបណ្ដុះបណ្ដាលបច្ចេកទេស​នានា​របស់​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

កំណែទម្រង់អប់រំ ប្រតិសកម្មចំពោះឥរិយាបថសិស្ស យុវជន មាតាបិតា និងអាណាព្យាបាល

ខ្ញុំសុំ​យកឱកាសនេះ ដើម្បីសម្តែងជូននូវការកោតសរសើរ ចំពោះក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជា​ក្រប​ខណ្ឌអប់រំទាំងអស់នៅទូទាំងប្រទេស ដែលបានអនុវត្តនូវការប្រឡងមធ្យមសិក្សាទុតិយភូមិរយៈ​ពេល​កន្លង​​ទៅប្រកបដោយ​ជោគជ័យ។ គ្មានបាតុភាពធំណាមួយកើតឡើងទេ ហើយអ្វីដែលវាសំខាន់នោះ គឺត្រង់ថា ប្រជាពលរដ្ឋបានចូលរួមគាំទ្រចំពោះកំណែទម្រង់នេះ។ អត្រាជាប់របស់សិស្សឆ្នាំនេះ មានរហូតទៅដល់ជាង ៦៣% នៃចំនួនសិស្សដែលប្រឡង។​ កំណែទម្រង់មួយនេះវាផ្តល់ឱកាសធំណាស់ ​សម្រាប់កុមារ សម្រាប់យុវជន សម្រាប់មាតាបិតា និងអាណាព្យាបាល ដើម្បីជម្រុញអោយពួកគេប្រឹងរៀន។ មាតាបិតា អាណាព្យាបាល គឺដាស់តឿនអោយកូនបានប្រឹងរៀន។ ជោគជ័យ នៃកំណែទម្រង់ក្នុងវិស័យអប់រំ បានទទួលផ្លែផ្ការួចមកហើយ។ ក្នុងនោះ ផ្នែកដ៏សំខាន់មួយ គឺទាក់ទងទៅនឹងកំណែទម្រង់ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលកំណែ​ទម្រង់​មួយនេះបានជះឥទ្ធិពល និងប្រតិសកម្ម ចំពោះឥរិយាបថរបស់សិស្ស របស់យុវជន កុមារ ក៏ដូចជា មាតាបិតា និងអាណាព្យាបាលរបស់សិស្ស។

ជួបសិស្សនិទ្ទេស A នៅថ្ងៃទី ១៤ តុលា សំណេះសំណាល និងផ្តល់រង្វាន់

ខ្ញុំនឹងត្រូវជួបជាមួយនឹងសិស្ស ដែលជាប់និទ្ទេស “A” ចំនួនជាង ៤០០ នាក់។ តាមពិតទៅ គឺខ្ញុំគួរតែ​ជួប​អោយ​បាន​មុន​។ នេះគម្រោងទៅដល់ថ្ងៃ​ទី ១៤ ឯណោះ។ ប៉ុន្តែ ដោយសារតែសេចក្តីត្រូវការ iPad សម្រាប់អោយ​សិស្ស​នោះ វាដល់ទៅជាង ៤០០ គ្រឿង។ ដល់ជាង ៤០០ គ្រឿង នៅក្នុងទីផ្សាររបស់យើងវាអត់គ្រប់ ត្រូវកុម្ម៉ង់​ដឹក​ពី​ក្រៅ​ប្រទេសមក​។ អញ្ចឹងថ្ងៃ ១ ខែ តុលា ទើបមកដល់ ​ហើយថ្ងៃ ១ ខែ តុលា និងបន្តមក កម្មវិធីខ្ញុំជាប់។ អញ្ចឹងទេ បានជាយកថ្ងៃទី ១៤។ តាមពិតគួរត្រូវជួបមុនហ្នឹង ព្រោះម្នាក់ៗត្រូវទទួលបានជាកាដូពីនាយករដ្ឋមន្រ្តី iPad មួយគ្រឿង។ iPad ស្រុកយើងទៅប្រមូលទិញម្តងជាង ៤០០ គ្រឿង ទិញវាមិនបាន។ អញ្ចឹងយើងត្រូវកុម្ម៉ង់​ទិញ​ពីខាងក្រៅ។ អញ្ចឹងទេ នាំទាំងគ្រូ នាំទាំងសិស្ស និងមាតាបិតា មកកាន់ទីក្រុងភ្នំពេញ ដើម្បីទទួលបាន​នូវ​ការ​សំណេះសំណាលលើកទឹកចិត្ត សម្រាប់សិស្សទទួលបាននិទ្ទេស “A”។ នេះជាការខិតខំមួយ​របស់​ក្រ​សួង​អប់រំ យុវជន និងកីឡា ក៏ដូចជា ការខិតខំរបស់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ នៅគ្រប់កម្រិតទាំងអស់ ដែល​បានប្រឹងប្រែងរួមគ្នាធ្វើអោយខឿនអប់រំរបស់យើង ក្លាយទៅជាខឿនអប់រំប្រកបដោយគុណភាព ការទទួល​ខុស​ត្រូវ។

គុណភាពការបណ្តុះបណ្តាលល្អ ​មើលលើអត្រានៃការមានការងារធ្វើក្រោយរៀនចប់

ជាមួយនេះ ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងនូវការអបអរសាទរ ជាមួយនឹងជ័យលាភីគ្រប់កម្រិត ដែលទទួលនូវ​សញ្ញា​បត្រ​នៅ​ថ្ងៃ​នេះ ទាំង ២.៨៣៨ នាក់ ហើយសង្ឃឹម​ថា ជ័យលាភីរបស់យើងនឹងបន្តដើម្បីបង្កើននូវ​គុណ​​ភាពនៃចំណេះដឹង ចំណេះធ្វើ និងការអនុវត្តជាក់ស្តែង នៅតាមទីកន្លែងធ្វើការ។ យោងទៅលើទិន្នន័យ​ដែល​បាន​សិក្សា បញ្ជាក់ថា កម្រិតបរិញ្ញាបត្ររងមានការងារធ្វើរហូតដល់ទៅ ៩០,៨២% ស្មើនឹង ២.០៣៩ នាក់, កម្រិតបរិញ្ញាបត្រមាន ៩៥,៩៥% ស្មើនឹង ៤៩៨ នាក់, ឯកម្រិតបរិញ្ញាបត្រជាន់ខ្ពស់មាន ៧៤ នាក់ ស្មើនឹង ១០០%។ នេះគឺជាលទ្ធផល គេអាចនឹងមើលឃើញនូវតួលេខនូវគុណភាព នៃការបណ្តុះបណ្តាល តាមរយៈធនធានមនុស្ស សម្រាប់បុគ្គលិកសម្រាប់ធ្វើការ ក៏មានតម្រូវការតាមនោះ។ គ្រាន់តែមានសញ្ញា​បត្រ ដោយ​មិនមានចំណេះដឹងពិតប្រាកដនោះ វាមិនអាចឆ្លើយតបនឹងតម្រូវការ នៃទីផ្សារការងារបានទេ។

សេដ្ឋកិច្ចទីផ្សារ គ្មានធម៌មេត្តា ទាល់តែខំធ្វើការ ទើបបានប្រាក់ខែ

សូមបញ្ជាក់ថា ដែលហៅថា សេដ្ឋកិច្ចផ្សារ គ្មានមេត្តាធម៌ទេ ព្រោះថា ក្រុមហ៊ុននីមួយៗ និងផ្នែកនីមួយៗ សុទ្ធ​តែមានតម្រូវការទាក់ទិនជាមួយនឹងដំណើរការរបស់ក្រុមហ៊ុន ឬដំណើរការតាមផ្នែក។ លើកលែងតែ​ករណី​ជនពិការប៉ុណ្ណោះ ដែលរដ្ឋបានដាក់កូតាសម្រាប់ស្ថាប័នរដ្ឋ យកជនពិការចំនួន ២% សម្រាប់ចូល​បម្រើ​ការ​ក្នុងក្របខណ្ឌរបស់រដ្ឋ។ ក្នុងវិស័យឯកជន គឺត្រូវយកជនពិការ ១% ដើម្បីធ្វើការនៅក្នុង​ក្រុម​ហ៊ុន​របស់​ខ្លួន។ ប៉ុន្តែ អ្នកដែលធ្វើការនៅទីនោះ គឺមិនមែនអោយតែជនពិការ គឺជ្រើសរើសទៅទេ គឺជនពិការនោះ ក៏​ត្រូវ​មានចំណេះដឹង និងចំណេះធ្វើផងដែរ។ សម្រាប់វិស័យដទៃទៀត ដូចខ្ញុំបានបញ្ជាក់ ដែលហៅ​ថាសេ​ដ្ឋ​​កិច្ច​ទី​ផ្សារ ជាក្របខណ្ឌនៃសកម្មភាពដែលគ្មានមនុស្សធម៌ទេ ព្រោះគេមិនអាចទុកអោយយើងដេក ហើយអោយប្រាក់​ខែ​ (នោះ​ទេ)។ បុគ្គលិកថា ១ ពាន់នាក់ ក្នុង ១ ពាន់នាក់ នាំគ្នាដេកសម្រាកឈឺ​រហូតទៅដល់ពាក់​កណ្តាលទៅ​ហើយ​នោះ តើក្រុមហ៊ុនហ្នឹងវាទៅជាយ៉ាងម៉េច?

ស្នើសុំអោយកម្មការិនីមានផ្ទៃពោះ បានចេញពីធ្វើការមុន ១៥ នាទី យ៉ាងតិច

ក្នុងរយៈពេលចុងក្រោយនេះ ខ្ញុំក៏បានទៅជួបកម្មកររាប់ម៉ឺននាក់ ហើយយើងក៏បានស្នើសុំ ឥឡូវ ខ្ញុំបានស្នើសុំ ក្នុងនោះទាក់ទងនឹងវិស័យវេជ្ជសាស្រ្តដូចនៅទីនេះដែរ។ ខ្ញុំបាន និងកំពុងស្នើសុំ ហើយសង្ឃឹមថា បណ្តារោងចក្រ​ទាំង​​អស់នឹងផ្តល់ការអនុគ្រោះ សម្រាប់អ្នកមានផ្ទៃពោះ គឺត្រូវបានចេញមុនក្នុងរយៈពេល ១៥ នាទី ដែលឥឡូវនេះ មិនទាន់បានអនុវត្តដោយស្មើគ្នានោះទេ។ មានកន្លែងខ្លះចេញមុនបានតែ ៥ នាទី កន្លែងខ្លះចេញ​មុនបាន​ដល់​ទៅ ១៥ នាទី មានកន្លែងខ្លះក៏ចេញមុនបានដល់ ៣០ នាទី។ ប៉ុន្តែឥឡូវនេះ ខ្ញុំកំពុងតែស្នើសុំអោយ​ផ្តល់​​ការយោគយល់ ចំពោះស្ត្រីមានផ្ទៃពោះ អោយបានចេញមុនម៉ោងរយៈពេល ១៥ នាទី ហើយអ្នកដែលបាន​អោយ​ខ្ពស់រួចទៅហើយ សូមមេត្តារក្សានូវពេលវេលា​ ដែលបានអនុញ្ញាតរួចមកហើយ។

អនុវត្តគោលនយោបាយជាតិគាំពារសង្គម ចាប់ផ្តើមពីស្រ្តីមានផ្ទៃពោះមុនគេ

ដោយសារនៅទីនេះ ក៏មានអ្នកថែទាំសុខភាព យើងក៏ចាប់ផ្តើមអនុវត្តនូវគោលនយោបាយ​ទាក់ទិនទៅនឹង​ស្រ្តី​មា​នផ្ទៃពោះ ដែលវាពាក់ព័ន្ធទៅនឹងគោលនយោបាយជាតិគាំ​ពារសង្គម ដែលការអនុវត្តមុនគេ គឺស្រ្តីមានផ្ទៃ​ពោះ​តែ​ម្តង។ ជាការចាប់ផ្តើមជំហានដំបូង យើងចាប់ផ្តើមពីស្ត្រីដែលជាកម្មការិនី នៅក្នុងក្របខណ្ឌទាំង​ក្នុង​ប្រ​ព័ន្ធ និងក្រៅប្រព័ន្ធ។ បើយើងប៉ាន់ស្មានទាំងក្នុង និងក្រៅប្រព័ន្ធ ក្នុងមួយឆ្នាំយើងត្រូវចំណាយ​ប្រហែល​ជា ១០ លានដុល្លារសហរដ្ឋអាមេរិក (ឬ)មិនដល់ផងទេ ដែលយើងគិតថា ក្នុងចំណោម ៩០ ម៉ឺននាក់ នៃ​ចំ​នួន​កម្មការិនីជាស្រ្តីក្នុងប្រព័ន្ធ គឺគិតទៅដល់ ២,៧% (មានផ្ទៃពោះ)។ បើអញ្ចឹង ចំនួននេះមានត្រឹមតែជាង ២ ម៉ឺននាក់ មិនដល់ ៣ ម៉ឺននាក់ នោះទេ។ ដល់ទៅក្រៅប្រព័ន្ធ ក្នុងចំណោមកម្មករ/រិនីប្រមាណ ៣ លាននាក់ មានកម្មការិនី ២ លាន ៦ សែននាក់ គិត ២,៧% គឺប្រមាណជាជាង ៦ ម៉ឺននាក់(ដែលមានផ្ទៃពោះ)។ ប៉ុន្តែ អត្រាពិតដែលបានកើតក្នុងរយៈពេលកន្លងទៅ មានត្រឹមតែ ១,៦% តែប៉ុណ្ណោះ។

ដូច្នេះ យើងគិតថា ក្នុងមួយឆ្នាំ ចាប់ពីថ្ងៃ ១ ខែ មករា ឆ្នាំ ២០១៨ ទៅ យើងត្រូវចំណាយប្រមាណជា ១០ លាន​ដុល្លារ ដើម្បីផ្ដល់ជាសាច់ប្រាក់តែម្ដង សម្រាប់កម្មការិនី​ឆ្លងទន្លេ។ យើងកំពុងតែពិនិត្យ​អំពី​បញ្ហា​ពាក់​ព័ន្ធ តើយើងអនុវត្តនៅក្របខណ្ឌទូទាំងប្រទេសបានហើយឬនៅ ​សម្រាប់ថវិកាជាតិរបស់យើង ដែលយើងត្រូវផ្ដល់​ជា​សាច់ប្រាក់ សម្រាប់ជួយទៅដល់ស្រ្ដីដែលឆ្លងទន្លេជា​គោលនយោបាយអាទិភាពមួយរបស់យើង សម្រាប់​ការ​កាត់បន្ថយអត្រាមរណៈរបស់ម្ដាយ និងកុមារ? នោះ​​ក៏ជាផ្នែកមួយនៃអាហារូបត្ថម្ភ សម្រាប់ស្រ្ដីឆ្លងទន្លេ និងទារក។ ចំណុចទាំងអស់នេះ ​គឺជា​ចំណុច​ដែលយើងបាន​ និង​កំពុង​រួម​គ្នា ដើម្បីដំណើរការ។

ងើយស្កក ឱនដាក់គ្រាប់

ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នាដែលនៅទីនេះ នឹងបង្កើននូវចំណេះដឹងតាមរយៈ​នៃការខិតខំ​ផ្ទាល់ មិនមែនគ្រាន់តែ​ក្រោម​ដំបូលសាលា ទើបហៅថាការរៀននោះទេ នៅទីកន្លែងណាក៏អាចរៀន​បាន​ទាំង​អស់ ហើយសុំក្មួយៗបន្ត​ការ​ខិត​ខំនេះតទៅទៀត បើទោះបីថាទៅកន្លែងណាក៏ដោយ វាសុទ្ធ​តែមាន​ទីកន្លែង​ដែលទទួលបាននូវការសិក្សា។ ជាមួយនោះ ក៏មិនត្រូវមើលស្រាលជាមួយអ្នកដទៃ អ្នកដែលធ្វើ​ការ​ជាមួយ​យើង អ្នកណាក៏អាចក្លាយ​ទៅជា​អ្នក​ពិគ្រោះយោបល់ អ្នកណាក៏អាចក្លាយទៅជាគ្រូរបស់យើង​បានដែរ មិនថាគាត់​ជាកសិករ មិនថាគាត់ជាកម្មករ មិន​ថាគាត់ធ្វើការនៅក្នុងផ្នែកណានោះទេ។ រឿងនេះពាក្យចាស់គាត់​ថា “ងើយស្កក ឱនដាក់គ្រាប់” នេះគឺ​ជា​រឿង​ពិតមួយនៅក្នុងចំណោមនៃដំណើរការនៃជីវិត។ យើងមានសញ្ញាបត្រថ្នាក់នេះថ្នាក់នោះ ប៉ុន្តែ ពើងទ្រូងជា​មួយ​​នឹងអ្នក​ដទៃមើល ទីចុងបំផុតបានត្រឹមតែឯកោខ្លួនតែប៉ុណ្ណោះ ដោយគ្មានមិត្តភក្តិតែម្ដង។ ប៉ុន្តែ នៅពេល​ដែលយើងដាក់ខ្លួន អ្នកដទៃអាចផ្ដល់មតិកែតម្រូវនូវសកម្មភាពទាំងឡាយ …។

អាហារូបករណ៍ ២៩៥ កន្លែង ដែលសាកលវិទ្យាល័យបានផ្តល់ជូននាពេលកន្លងមក

ខ្ញុំសុំយកឱកាសនេះ ថ្លែងជូននូវការអរគុណ ចំពោះសាកលវិទ្យាល័យចេនឡា ដែលបានផ្ដល់អាហារូបករណ៍​ជា​បន្តបន្ទាប់សម្រាប់ខ្ញុំ។ តាមរយៈនៃការផ្ដល់អាហារូបករណ៍នេះ ខ្ញុំក៏បានផ្ដល់ទៅតាមមុខសញ្ញានានា ដែល​ថ្ងៃនេះក៏បានមកទទួលបានសញ្ញាបត្រផងដែរ ដែលរហូតមកដល់ពេលនេះមានចំនួន ២៩៥ កន្លែង ដែល​បាន​​ផ្ដល់។ ក្នុងនោះមានមួយឆ្នាំ ៣៥ (កន្លែង)។ ៤០ (កន្លែង)។ ៣០ (កន្លែង)។ ឆ្នាំ ២០១៧-២០១៨ មាន ៣០ កន្លែង ដែលសម្រាប់​មកទទួលការសិក្សា។ មួយឆ្នាំៗតាមរយៈនៃការផ្ដល់ពីសាកលវិទ្យាល័យនានា​មក​សម្រាប់​ខ្ញុំមានរាប់ពាន់​នាក់។ តាមរយៈនោះ ខ្ញុំក៏ត្រូវមានគណៈកម្មាធិការអាហារូបករណ៍មួយ ហើយ​ក៏​ចែកអាហារូបករណ៍​នោះ ទៅជូនសិស្សនិស្សិតដែលមានការខ្វះខាត អោយទៅរៀននៅសាកលវិទ្យាល័យនោះវិញ។ អរគុណជាមួយនឹង​ការ​​ផ្ដល់បែបនេះ ដើម្បីខ្ញុំមានឱកាស សម្រាប់ការចែកបន្តជាមួយនឹងនិស្សិតដែល​មាន​ការ​ខ្វះខាត។

រួមគ្នាថែរក្សាសន្ដិភាព ដើម្បីសង្គមជាតិមានការអភិវឌ្ឍ

យើងកំពុង​ធ្វើដំណើរនៅក្នុងស្ថានភាព នៃប្រទេសមួយដែលកំពុងមានការអភិវឌ្ឍ ពីប្រទេសដែលមានប្រាក់​ចំណូល​តិចតួច​ មកកាន់ឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយដែលមហិច្ឆតា​របស់​យើង​​ នឹងឈានឆ្ពោះ​ទៅរកប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ ជាមួយនឹងកំណើន​សេដ្ឋ​កិច្ច ៧% ក្នុង​មួយឆ្នាំ ខ្ញុំជឿជាក់ថា យើងមានលទ្ធភាពនឹងសម្រេចបាននូវមហិច្ឆតាដ៏ធំនេះ។ ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​យើង ក៏មានរួចស្រេចមកហើយ ប៉ុន្តែ ទាមទារអោយយើងប្រឹងប្រែងទាំងអស់គ្នា ដើម្បីធានាថា​ប្រទេស​នេះ​ត្រូវតែជា​ប្រទេសដែលមានសន្ដិភាព ដើម្បីធានាដល់ការអភិវឌ្ឍ។

ការផ្តាច់ខ្លួនរបស់រដ្ឋ Kurds ចេញពីប្រទេសអ៊ីរ៉ាក់

គ្មានប្រទេសណាមួយដែលនឹង​ទទួល​បាននូវការ​អភិវឌ្ឍដោយស្ថិតនៅក្នុងស្ថានភាព នៃសង្គ្រាមនោះទេ។ ដូចដែល​យើងបានដឹងពីអតីតកាល ហើយក៏យើងបាន​ឃើញនូវប្រទេស ដែលកំពុងជាប់ជំពាក់ជាមួយនឹងសង្គ្រាម ដែលនៅដោះស្រាយមិនទាន់រួច។ ឥឡូវ នៅប្រទេស​អ៊ីរ៉ាក់ មិនគ្រាន់តែវាយជាមួយនឹងពួក ISIS ទេ បន្តិចទៀត​ប្រ​ហែល​ជាមានការវាយ​ជាមួយ​នឹងរដ្ឋ Kurds ដែលបានធ្វើប្រជាមតិ ហើយប្រជាមតិនោះ គឺជាប្រជាមតិ​ផ្ដាច់​ខ្លួន​ចេញពីអ៊ីរ៉ាក់តែម្ដង។ អញ្ចឹង តើ​រដ្ឋបាល​​កណ្ដាលនៅទីក្រុងបាដាដយល់ព្រមអោយ Kurds ឯករាជ្យ ឬអត់? អ៊ីរ៉ង់ និងប្រទេសដទៃទៀត​យល់ព្រម​ទេ? ហើយពួកអាមេរិកនៅទីនោះយល់ព្រម ឬអត់ទេ? កន្លងទៅ​កង​ទ័ពដែល​ជួយ​វាយពួក ISIS ដែលខ្លាំង ​​គឺពួក Kurds ហ្នឹងដែរ។ ឥឡូវ Kurds ធ្វើប្រជាមតិបានឈ្នះទៅហើយ។  តើរដ្ឋា​ភិ​បាល​របស់​អ៊ីរ៉ាក់វាយ Kurds ឬមិនវាយ? បើមិនវាយ អញឯករាជ្យ ហើយបើ​វាយ ​ឯណាវាយជាមួយ ISIS ផង ឯ​ណាវាយជាមួយ Kurds គ្នាឯងទៀត។

អញ្ចឹងទេ វាគ្រាន់តែជា​ផល​ចំណេញ​សម្រាប់​ពួ​ក ISIS​ តែប៉ុណ្ណោះ។ យើងរង់ចាំមើលតទៀត​ តើវាកើត​របៀប​ម៉េច? បើឯណោះសម្រេចចិត្តធ្វើប្រជាមតិ ហើយអ្នកដែលធ្វើប្រជាមតិនោះ អ្នកដែលគាំទ្រអោយផ្ដាច់ខ្លួនចេញ និង​​ប្រកាសឯករាជ្យ គឺត្រូវបានឈ្នះហើយ។ អញ្ចឹងសួរថា រដ្ឋបាលនៅទីក្រុងបាដាដរបស់អ៊ី​រ៉ាក់យល់​ព្រម​ឬ​អត់? អ្នកដទៃទៀតរាប់ទាំងទួរគី រាប់ទាំងអ៊ីរ៉ាក់ដែលមានជនជាតិ Kurds នៅទីនោះដែរសុខចិត្តឬអត់? ជាពិ​សេស ​គឺអ៊ីរ៉ាក់ហ្នឹងតែម្ដង ហើយនិងមានអាមេរិកនៅទីនោះផងដែរ។ អញ្ចឹងទេ ចំណុចនេះ គឺជាចំណុច​លំ​បាក។ ពិភពលោកស្មុគស្មាញខ្លាំងណាស់។

វិបត្តិនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ

ឥឡូវនេះ មាត់ជ្រោះនៃសង្រ្គាមនុយក្លេអ៊ែរកំពុងតែម្ដងតឹងម្ដងធូរៗ នៅ​កូរ៉េខាងជើង។ វាយ៉ាងម៉េច? ប៉ុន្មាន​​ថ្ងៃនេះ ពីវ៉ាស៊ីនតោនស្រែកមកព្យុងយ៉ាង ពីព្យុងយ៉ាងស្រែកទៅ​វ៉ាស៊ីនតោន គម្រាមគ្នាទៅវិញទៅមក។ ឯណេះ​គម្រាម​បាញ់ឯណោះ។ ឯណោះគម្រាមបាញ់ឯណេះ។ ឥឡូវ អានាវាដឹក​យន្ដហោះមកកៀកទៀតហើយ។ អញ្ចឹងទេ មក​បង្កើនកម្ដៅ។ សុខៗកូរ៉េខាងជើងដាក់ ១ គ្រាប់ទៅ ឆ្លងកាត់ប្រទេសជប៉ុន ហើយទៅធ្លាក់ហួសប្រទេស​ជប៉ុន​ទៅ។ កាលពីដើម នៅក្នុងជំនាន់ឆ្នាំ ២០០៦-២០០៧ កាលនោះ​ សុទ្ធតែមានការអះអាងថា អោយតែ​កាំជ្រួច​មីស៊ីល​​របស់កូរ៉េខាងជើងហោះភ្លាម គឺគេនឹងមានមីស៊ីលតាមចាប់។ ឥឡូច ជាក់ស្តែងគ្មាន​តាមចាប់​អី​បានទេ។ កាត់ប្រទេសជប៉ុន ៣ ដង ទៅហើយ។ ពីមុន ១ ដង ក្រោយនេះ ២ ដងទៀត។ បាញ់​របៀបនេះ  កូរ៉េខាងជើង​ចង់​បញ្ជាក់ថា​ បើចង់បាញ់ប្រទេសជប៉ុន ក៏បាញ់បានដែរ។ គ្មានអីទប់ជាប់ទេ អានេះបើមាន​កាំជ្រួចឡើង​ចាប់​មែន អានេះគ្រោះថ្នាក់ជាងអីទៀត ព្រោះវាបែកនៅលើអាកាសឯណោះ ហើយបើបែក​យ៉ាងណា​កុំមក​បែកលើ​ស្រុក​ខ្មែរ។ រឿងរ៉ាវវាលំបាកណាស់។

ទន្ទឹមនឹងគ្នានេះ សមយុទ្ធទាំងនៅជប៉ុន ទាំងនៅកូរ៉េខាងត្បូង បានកើតឡើង។ អញ្ចឹងទេ ស្ថានភាពនេះ ដល់​ទៅកូរ៉េខាងជើងឃើញអាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធ កូរ៉េខាងជើងគិតថា មានការគម្រាមកំហែង ក៏​បាញ់មួយទៅ។ សុខៗទៅជប៉ុន ក៏ធ្វើសមយុទ្ធទៅ។ កូរ៉េខាងជើងយល់ថា អាចមានការគម្រាមកហែង ក៏បាញ់ មួយគ្រាប់ទៅ។ ដល់ឯណេះបាញ់ទៅ ឯណោះធ្វើទៀត។ ឯណោះធ្វើទៀត ឯណេះបាញ់ទៀត។ អញ្ចឹងទេ ឥឡូវពិភពលោកកំពុងស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់មួយ នៃសង្គ្រាមនុយក្លេអ៊ែរ។ បើសង្គ្រាមនុយក្លេ​អ៊ែរ​កើតមែននោះ វាជាមហន្តរាយនៃពិភពលោកហើយ។ ប៉ុន្តែ ខ្ញុំនៅតែមានជំនឿជឿជាក់ថា ដំណោះស្រាយ​សន្តិ​វិធី​មួយនឹងត្រូវបានរកឃើញ។ មិនមែនជាពេលវេលា ដែលត្រូវវាយគ្នាដោយអាវុធប្រល័យលោកនោះទេ។ ការ​ធ្វើ​សមយុទ្ធ ការត្រៀមបម្រុងនានានៅកូរ៉េខាងត្បូង ឬក៏នៅជប៉ុន សុទ្ធតែត្រូវបានហ្វឹកហាត់ សម្រាប់ប្រជា​ពល​រដ្ឋ​​របស់គេ ដើម្បីទប់ទល់ជាមួយនឹងអាវុធនុយក្លេអ៊ែរ ទប់ទល់អាវុធជីវសាស្ត្រគីមី។

សង្គ្រាមនៅឧបទ្វីបកូរ៉េមិនកើតទេ សូមមាតាបិតា អាណាព្យាបាល និងពលករនៅកូរ៉េខាងត្បូងកុំបារម្ភ

ខ្ញុំសុំយកឱកាសនេះ ជម្រាបជូនចំពោះបងប្អូនពលករនៅកូរ៉េខាងត្បូង និងមាតាបិតា អាណាព្យាបាលរបស់ពលករ ដែលកំពុងស្ថិតនៅកូរ៉េខាងត្បូង សុំមេត្តាកុំព្រួយបារម្ភ។ ខ្ញុំជឿថា សង្គ្រាមនេះវាមិនកើតទេ។ ការគម្រាមនេះ វាស្ទើរដល់រយដងទៅហើយ វាមិនមែនរាប់សិបដងទេ។ ប៉ុន្តែ សង្គ្រាមនេះវាមិនកើតទេ ព្រោះសង្គ្រាមនេះ វាមិន​នាំ​ទៅដល់​អ្នកណាមួយឈ្នះទេ វាចាញ់ទាំងអស់គ្នាតែម្តង។ អាមេរិកស្រែកលឺ ព្រោះអាមេរិកនៅឆ្ងាយ ប៉ុន្តែ ជប៉ុន និងកូរ៉េខាងត្បូង ជាពិសេស កូរ៉េខាងត្បូង និងជប៉ុនទេ ដែលជាអ្នករងគ្រោះពិតប្រាកដ ប្រសិន​បើ​សង្គ្រាម​ផ្ទុះឡើង មិនមែនអាមេរិកជាអ្នកគ្រោះថ្នាក់ទេ។ អញ្ចឹង បានជាអាមេរិកតែងតែស្រែកលឺ ប៉ុន្តែ ជប៉ុន ជា​ពិសេស កូរ៉េខាងត្បូងតែម្តង គឺចង់អោយមាននូវដំណោះស្រាយសន្តិវិធី កាត់បន្ថយនូវភាពតានតឹង។ ខ្ញុំ​យល់​ថា ដំណើរការចរចា បើទោះបីជាដំណើរការចរចារបៀបណាក៏ដោយចុះ ក៏គួរតែត្រូវមាន ដើម្បីធានាថា សង្គ្រាម​ប្រ​ល័យ​​លោកនេះ វាមិនត្រូវបានកើតនោះទេ។

វិបត្តិនុយក្លេអ៊ែរនៅអ៊ីរ៉ង់/វិបត្តិជនភៀសខ្លួននៅមជ្ឈឹមបូព៌ា និងអឺរ៉ុប

ឯបញ្ហានុយក្លេអ៊ែរនៅអ៊ីរ៉ង់ ក៏ជាបញ្ហាមួយទៀត ដែលបង្កអោយមានការភ័យខ្លាច បូកបន្ថែមដោយស្ថាន​ភាព​នៅទីនោះ មានការបាញ់កាំជ្រួចចុះ កាំជ្រួចឡើង ពីអាមេរិកទៅដែនដីស៊ីរី, ពីរុស្ស៊ីទៅដែនដីស៊ីរី, ពីអ៊ីស្រាអែល​ទៅ​ក្នុង​ដែនដីស៊ីរី ដូច្នេះ មិនដឹងអ្វីទេដែលវាកើតនៅលើពិភពលោក។ សម្រាប់នៅអឺរ៉ុប វិបត្តិជនភៀសខ្លួន នៅ​មជ្ឈឹមបូព៌ា ដែលចេញមកពីលទ្ធផល នៃបដិវត្តពណ៌ និងការផ្តួលរំលំដោយយោធា បាន និងកំពុងញាំ​ញី​ធ្វើ​អោយអឺរ៉ុបជួបប្រទះនូវស្ថានការណ៍មិនធម្មតា ដែលត្រូវជាអំរែកដ៏ធ្ងន់ ​សម្រាប់ទទួល​ជនភៀសខ្លួ​ន​រាប់លាននាក់ទៅពីមជ្ឈឹមបូព៌ា។ នោះហើយជាលទ្ធផលបដិវត្តពណ៌ និងការផ្តួលរំលំដោយយោធា។

នៅអ៊ីរ៉ាក់, នៅលីប៊ី, នៅស៊ីរី គឺសុទ្ធតែមានជនភៀសខ្លួនហូរចូលទៅក្នុងតំបន់អឺរ៉ុប ដែលមកដល់ពេលនេះ មានកន្លែងខ្លះទៅពីទីនេះទៅកន្លែងនោះ គេមិនអោយនៅ។ លោកស្រីអធិការបតីអាឡឺម៉ង់ លោកស្រី អែន​ជឺឡា ម៉ាកែល (Angela Merkel) គឺបានឈ្នះឆ្នោតទៀតហើយ ប៉ុន្តែ អត្រាសម្លេងឆ្នោតតិចជាងមុន ដោយ​សារបញ្ហាជនភៀសខ្លួន ដែលពាក់ព័ន្ធនឹងការសន្យាទទួលរហូតទៅដល់ ១ លាននាក់។ ខ្ញុំបានសួរនាយក​រដ្ឋមន្ត្រីស៊ុយអែដ ពេលវេទិកាសេដ្ឋកិច្ចពិភពលោកនៅដាវ៉ូស ប្រទេសស្វ៊ីស អំពីករណីនេះ។ ស៊ុយ​អែដ​បើក​ទល់​ដែន ប៉ុន្តែទីចុងបំផុត គាត់ត្រូវបង្ខំចិត្តត្រូវបិទ ព្រោះថា អាចនឹងពួក ISIS ចូលជ្រៀតទៅ​តាម​ហ្នឹង​ផង​ដែរ។

សេដ្ឋកិច្ចពិភពលោកមានការងើបឡើងបន្តិច ខណៈសភាពការណ៍នយោបាយមានភាពមិនច្បាស់លាស់

សេដ្ឋកិច្ចពិភពលោកហាត់ដូចជាបានងើបឡើងវិញបន្តិច ប៉ុន្តែ បែរជាសភាពការណ៍នយោបាយ​ពិភពលោក​មិនច្បាស់លាស់ទៅវិញ។ នេះហើយជាហានិភ័យមួយ ក្នុងចំណោមហានិភ័យ នៃសណ្តាប់ធ្នាប់ពិភពលោក ដែល​សណ្តាប់ធ្នាប់ពិភពលោកបច្ចុប្បន្ននេះវាច្របូកច្របល់ ស្មុគស្មាញ ដែលវានឹងបង្កអោយមានមហន្តរាយ។ សង្ឃឹមថា រឿងរ៉ាវទាំងអស់នេះ វានឹងមិនកើតរាលដាលមកក្នុងតំបន់របស់យើង។ ពិតមែនហើយ តំបន់របស់យើង​ក៏​ត្រូវរ​ងការវាយប្រហាររបស់ពួក ISIS ជាពិសេស នៅហ្វីលីពីន។ ប្រសិនបើគ្មានការខិតខំប្រឹងប្រែង​របស់ ប្រ​ធា​នាធិបតី ឌុយតឺតេ (Rodrigo Duterte) ដឹកនាំ ដើម្បីវាយដណ្តើមយកក្រុងម៉ាដាវី ផ្នែកមួយនៃកោះ មិនដាណាវ (Mindanao) ពីពួក ISIS មកវិញទេ ប្រហែលជាពួក ISIS នឹងឈរជើង​ជាកម្លាំង​ធំ​មួយ។

ជនភៀសខ្លួនរ៉ូហិនយា

ខ្ញុំកំពុងតែបារម្ភថា នៅពេលប្រជុំអាស៊ាននៅឯម៉ានីឡា នៅក្នុងខែ វិច្ឆិកា ខាងមុខនេះ តើវាអាចមាន​បញ្ហា​អ្វី​កើត​ឡើង? ចំពោះបញ្ហាទាក់ទងជាមួយនឹងជនភៀសខ្លួនរ៉ូហិនយា ឬហៅថាបង់កាលី ព្រោះការប្រជុំ AIPA កន្លងទៅនេះ វាមានការប៉ះទង្គិចក្នុងក្របខណ្ឌគ្នាឯងរួចស្រេចទៅហើយ រវាងម្ខាងឥណ្ឌូនេស៊ី និងម៉ាឡេស៊ី និង​ម្ខាង​ទៀត គឺមីយ៉ាន់ម៉ា។ ជនជាតិរ៉ូហិនយា ដែលនៅមីយ៉ានម៉ា (ឬ)នៅភូមា ប្រមាណជា ១ លាននាក់ មិន​ត្រូវ​បានទទួលស្គាល់ថា ជាជនជាតិភាគតិចរបស់មីយ៉ាន់ម៉ាទេ ហើយមីយ៉ាន់ម៉ាហៅអ្នកទាំងនេះថា ជា​ជន​ជាតិបង់កាលី។ ដល់ពេលទៅបង់ក្លាដេស បង់ក្លាដេសថា មិនមែនជាជនជាតិរបស់ខ្លួនទៀត មានមួយចំនួន​រត់​ធ្លាក់​ទៅដល់ស្រីលង្ការ។ ខាងស្រីលង្ការនោះក៏បណ្តេញចេញទៅទៀត។ អញ្ចឹង អោយពួក​គាត់ទៅណា? សង្ឃឹម​ថា បញ្ហាទាំងអស់នេះនឹងមិនក្លាយទៅជាភាពតានតឹង សម្រាប់ការប្រជុំអាស៊ាននាពេលខាងមុខ​នោះ​ទេ។ យើងពិតជាមានការលំបាក ជាមួយនឹងបញ្ហាដែលបានកើតឡើងនៅក្នុងស្ថានការណ៍បែបនេះ។

ប្រើថវិកាពិសេសដោះស្រាយបញ្ហាគ្រាប់បែកគីមីនៅខេត្តស្វាយរៀង

វិលមកយើងវិញ។ ម្រិលមិញខ្ញុំបានធ្វើការស្រាវជ្រាវថា តម្រូវការដើម្បីយកគ្រាប់មីន គ្រាប់បែកគីមីរហូតទៅ ដល់ពីរឯណោះ ហើយត្រូវជម្លៀសប្រជាជនប៉ុន្មានពាន់គ្រួសារ។ ម្សិលមិញមានការសួរមតិរបស់ខ្ញុំ តើប្រើថវិកាខ្ទង់​ណា? ខ្ញុំបានចង្អុលបង្ហាញអោយប្រើថវិកាពិសេសរបស់រាជរដ្ឋាភិបាលតែម្តងទៅ ព្រោះយើងមានគណៈ​កម្មា​ធិការអាវុធគីមី។ ឥឡូវហ្នឹង គ្រាប់អាវុធគីមី ២ គ្រាប់ គ្រាប់បែកគីមីតែម្តង ដែលជាអាវុធប្រល័យលោក ដ៏គ្រោះថ្នាក់ ហើយអាវុធគីមីនេះហើយ ដែលត្រូវអាមេរិកជាអ្នកចោទ សាដាម ហ៊ូសេន ហើយ​នាំកងទ័ពទៅ​ផ្តួលរំលំ ដោយចោទថាមានអាវុធប្រល័យលោក គឺអាវុធគីមីនេះ។ ប៉ុន្តែ ទៅរកមិនឃើញ។ ឥឡូវ អាគ្រាប់​បែក​គីមី​នេះ វានៅនឹងខេត្តស្វាយរៀងរបស់យើង។ អញ្ចឹង ដើម្បីយកវាចេញ ត្រូវជម្លៀសប្រជាជនប៉ុន្មានពាន់នាក់ ឬប៉ុន្មានពាន់គ្រួសារឯណោះ។ យើងត្រូវធ្វើ បើទោះបីជាយ៉ាងម៉េចក៏ដោយ នេះជាបញ្ហារបស់យើង។

ខ្ញុំបាននិយាយថា សូមអោយអាមេរិកមកយក។ ប៉ុន្តែ ចាំទៅ។ ដេកទាល់តែថ្ងៃងាប់ទៀត ក៏មិនទាន់អាមេរិក​មក​យក​ទេគ្រាប់ហ្នឹងនោះ។ អញ្ចឹងទេ សុវត្ថិភាពខ្លួនឯង យើងត្រូវដោះស្រាយបញ្ហានេះ តាមរយៈគណៈកម្មាធិការ​ជាតិ​អា​វុធគីមី។ យើងត្រូវដោះស្រាយបញ្ហានេះ ហើយត្រូវជម្លៀសប្រជាជន។  អ្នកឯកទេសអាវុធគីមីរបស់យើង​ក៏បាន​អោយយោបល់ថា បើចង់ធ្វើ ត្រូវធ្វើមុនក្មេងចូលកង ព្រោះទីតាំងហ្នឹងទីតាំងក្បែរសាលារៀន ហើយនិងក្បែរ​វត្ត។ ប៉ុន្តែ បើទោះក្មេងចូលកង ក៏ត្រូវជម្លៀសក្មេងចេញសិន។ នេះជាលទ្ធផលសង្រ្គាមពីអតីតកាល ដែល​​បន្សល់​ទុកអោយយើង ដែលយើងត្រូវដោះស្រាយ។

តាមបណ្តាខេត្ត អាចទទួលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង សូមអោយមានការប្រុងប្រយ័ត្ន

ឯប៉ុន្មានថ្ងៃខាងមុខនេះ ក៏សុំអំពាវនាវចំពោះប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ដែលអាចនឹងទទួលរងនូវផល ប៉ះ​ពាល់ពីជំនន់ទឹកភ្លៀង ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការព្យាករ ហើយក៏បានប្រ​កាស​អោយ​ប្រ​ជា​ពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ដែលអាចនឹងមកដល់នៅក្នុងប៉ុន្មានថ្ងៃនេះ។ អាចមាន​កន្លែង​ខ្លះ​ច្រើន កន្លែងខ្លះតិច ការប្រុងប្រយ័ត្ន គឺជារឿងចាំបាច់។ យើងត្រូវប្រុងប្រយ័ត្ន សម្រាប់ទីក្រុងភ្នំពេញ និង​ខេត្ត​កណ្តាល។ កំពង់ស្ពឺត្រូវប្រយ័ត្នខ្លាំងជាងគេ គឺជំនន់ព្រែកត្នោតតែម្តង។ បើសិនមានជំនន់ព្រែកត្នោតប្រឹប ក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរក្រុងភ្នំពេញ ត្រូវដោះស្រាយវារបៀបម៉េច ដើម្បីជម្លៀស​កុំអោយ​ចូល​ពី​ទិសខាងលិច។ ដែលឥឡូវនេះ ទិសខាងលិចទាំងឡាយ សុទ្ធតែជាតំបន់រោងចក្រទាំងអស់។

កាលពីឆ្នាំ ២០០០ ហើយក្រោយមកទៀតក៏កើតមាន អំពីជំនន់ពីទិសខាងលិច គឺហៅថា ជំនន់ព្រែកត្នោតនោះ វាបានបុកទម្លាយចូលមកនៅតំបន់សាក់សំពៅ តំបន់មួយចំនួនពីទិសខាងលិចមក។ កាលហ្នឹងយើង​ត្រូវ​កាត់​ផ្លូវជាតិលេខ ២ នៅម្តុំព្រៃអាទាំង ដើម្បីបង្ហូរបញ្ចៀសចេញ។ ឥឡូវ សំណង់មានកាន់តែច្រើន នៅពេលដែលវា​បុក​ផ្តាច់ចូលមក វានឹងបង្កើតនូវការលំបាក។ អគ្គិសនីក៏ត្រូវមានការប្រុងប្រយ័ត្ននៅពេលដែលទឹកឡើងភ្លាម ត្រូវដោះស្រាយវាយ៉ាងម៉េច។ នេះក៏សូមអោយមានការប្រុងប្រយ័ត្ន។ ហើយប្រជាពលរដ្ឋរបស់យើងឥឡូវនេះ ការទទួលព័ត៌មាន គឺវាងាយណាស់ សូម្បីតែផ្លូវសម្រាប់ធ្វើដំណើរក្នុងទីក្រុង យើងក៏អាចបើកមើលទូរស័ព្ទ របស់យើងបាន ទទួលព័ត៌មានពីធាតុអាកាស។ នៅក្នុងការធ្វើដំណើរទៅតាមណាអីតាមណា ត្រូវមាន​ការ​ប្រុង​ប្រយ័ត្ន។

កសិកម្មឆ្នាំនេះ ធ្វើលើសផែនការកំណត់

ក្នុងវិស័យកសិកម្មឆ្នាំនេះ អាចចាត់ទុកថាល្អ មកដល់ពេលនេះ បានធ្វើលើសពីផែនការកំណត់រួចស្រេចទៅហើយ ប៉ុន្តែ តាមទម្លាប់របស់ប្រជាពលរដ្ឋរបស់យើង នៅពេលក្រោយភ្ជុំតែងតែគាត់ធ្វើស្រូវប្រដេញទឹក ប៉ុន្តែឥឡូវនេះ ការធ្វើស្រូវប្រដេញទឹកហាក់ដូចជាមិនមានបញ្ហាចំណោទទេ ទោះបីជាមានចំនួនទឹកភ្លៀងដោយកន្លែង ក៏ប៉ុន្តែ ទឹកទន្លេមេគង្គចាប់ស្រក ហើយសង្ឃឹមថា ការស្រកនៃទន្លេមេគង្គនេះ វានឹងនាំទៅដល់ទឹកល្អក់នៅក្នុង​ពេល​បុណ្យ​អុំទូក ដែលធ្វើនៅដើមខែ វិច្ឆិកា ខាងមុខនេះ។ ឆ្នាំទៅយើងអុំទូកទឹកទាបបន្តិច តែឆ្នាំនេះយើងអុំទូកនឹងទឹក​អាច​ល្អក់ ហើយកម្រិតខ្ពស់ ល្មមសមនឹងពេលវេលានៃការអុំទូកតែម្តង។

ខ្ញុំមិនបន្តទេ ដោយសារនិយាយច្រើនហើយ។ អាទិត្យនេះ សង្កថាដូចជាច្រើនពេក។ នៅសេសាន សម្រាប់បញ្ហា​អគ្គិស​នី។ ម្សិលមិញ គឺជាមួយកម្មករ។ ថ្ងៃនេះ ជាមួយនឹងបញ្ហាអប់រំ។ ស្អែកជាមួយនឹងបញ្ហាវប្បធម៌​ដែល​លោកតា គង់ ណៃ គាត់ទទួលពានរង្វាន់មួយ ដែលរាជរដ្ឋាភិបាលក៏អបអរសាទរ ចំពោះវត្តមានរបស់គាត់។ ដល់​ទៅថ្ងៃអាទិត្យ គឺត្រូវមានជំនួបនៅទីនេះដែរ ជាមួយនឹងប្រធានរដ្ឋបាល ជំនួយការ ប្រធានផ្នែក ប្រធានក្រុម នៃបណ្តារោងចក្រប្រមាណជាង ៤.០០០ នាក់ តទៅទៀត។ ដូច្នេះខ្ញុំគិតថា ខ្ញុំនិយាយច្រើនពេកហើយ។
ពាំនាំ

ថ្ងៃនេះ ក៏បាននាំមកសម្រាប់ជ័យលាភី ដែលទទួលសញ្ញាបត្រ ចំនួន ២.៨៣៨ នាក់ ក្នុងម្នាក់ៗ ជូន​ថវិកា​ចំនួន ៥ ម៉ឺនរៀល។ ជូនសាស្ត្រាចារ្យ និងបុគ្គលិក ចំនួន ៣៣៧ នាក់ ក្នុងម្នាក់ៗ (ថវិកា)ចំនួន ១០ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យចេនឡា ថវិកា ៥ លានរៀល។ ដោយសេដ្ឋកិច្ចមានកំណើន ដូច្នេះ ការ​ចាយ​វាយ​របស់​យើង​ក៏កាន់តែមានទំហំធំ។ កាលពីដើមនិស្សិតរបស់យើងមកចំនួនមានត្រឹមតែ ៣ ម៉ឺនរៀលទេ ឥឡូវ​ឡើងដល់ ៥ ម៉ឺន(រៀល)។ ឯគ្រូបង្រៀនកាលពីដើមត្រឹមតែ ៤ ម៉ឺនរៀលទេ ឥឡូវឡើងដល់ ១០ ម៉ឺន​(រៀល) ព្រោះគេថា​សេដ្ឋកិច្ចឡើង ៧% ក្នុងមួយឆ្នាំ ម៉េចមិនឃើញឡើងប្រាក់?

អរគុណចំពោះការចូលរួមនានា សូមកោតសរសើរជាមួយនឹងជ័យលាភីទាំងអស់នៅទីនេះ កោតសរសើរចំ​ពោះ​សាស្ត្រាចារ្យ អ្នកគ្រប់គ្រង ក៏ដូចជា ឯកឧត្តម សាកលវិទ្យាធិការ ហើយសូមអោយការខិតខំនេះបន្តទៅទៀត។ នឹងជាមួយនោះ ក៏សូមអបអរសាទរ ចំពោះក្រុមគ្រួសារ អាណាព្យាបាល មាតាបិតា និងក្រុមគ្រួសារ​របស់​ជ័យ​លាភី ដែលមកអបអរសាទរចំពោះកូនចៅរបស់ខ្លួននៅថ្ងៃនេះ។ ហើយសូមជូនពរ ឯកឧត្តម លោកជំ​ទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា សូមប្រកបដោយពុទ្ធពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ