សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតអោយឯកអគ្គរាជទូតថៃចូលជម្រាបលា

នៅព្រឹកថ្ងៃទី២១ ខែកញ្ញានេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអនុញ្ញាតអោយ ឯកឧត្តម ឯកអគ្គរាជទូតថៃ Nuttavudh PHOTISARO ចូលជូបសម្ដែងការគួរសម និងជម្រាបលាក្នុងពេលបញ្ចប់បេសកកម្មការទូតនៅប្រទេសកម្ពុជា នៅវិមានរដ្ឋាភិបាលសន្តិភាព រាជធានីភ្នំពេញ។
ឯកឧត្តម Nuttavudh PHOTISARO បានជម្រាបជូន សម្ដេចតេជោ ហ៊ុន សែន ថា រយៈពេល២ឆ្នាំកន្លះនៃបេសកកម្មការទូតរបស់លោកនៅកម្ពុជាគឺទទួលបានការជួយជ្រោមជ្រែង និងគាំទ្រពីសម្តេចនាយករដ្ឋមន្រ្តី និងមន្រ្តីសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមបានឃើញច្បាស់ថា កម្ពុជាមាន​ការផ្លាស់ប្ដូររីកចម្រើនច្រើន ដែលនាំមកស្ថេរភាព សន្តិភាព និងការអភិវឌ្ឍន៍ជាពិសេសវិស័យសេដ្ឋកិច្ចនៅកម្ពុជា។

ឯកឧត្តម Nuttavudh PHOTISARO បានសម្ដែងនូវការ​អបអរសាទរចំពោះការរីកចម្រើននេះ ហើយបានគោរពគោរពថ្លែងអំណរគុណជាពិសេសជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្រ្តី ដែលបានជួយជ្រោមជ្រែងធ្វើអោយទំនាក់ទំនងការទូត និងទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ឋថែមទៀត ដូចជាតាមរយៈការធ្វើទស្សនកិច្ចរបស់ សម្ដេចតេជោ ទៅកាន់ប្រទេសថៃកាលពីឆ្នាំ​២០១៥​កន្លងទៅ រួមជាមួយនឹងដំណើរទស្សនកិច្ចរបស់ ឯកឧត្តមនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ឋ ច័ន្ទអូឆា មកកាន់កម្ពុជា និងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជាថៃកាលពីពេលថ្មីៗកន្លងទៅនេះផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានឯកភាពជាមួយ ឯកឧត្តម Nuttavudh PHOTISARO ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជាថៃ ហើយ សម្ដេច​តេជោ មានមោទនភាពណាស់ចំពោះមិត្តភាព និងទំនាក់ទំនងរបស់ប្រទេសយើង​ទាំងពីរដែលគ្រប់វិស័យទាំងអស់គឺស្ថិតនៅលើដំណើរល្អមួយ។ ទន្ទឹមនឹងនោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក៏កំពុងកើនឡើងខ្ពស់ផងដែរ ហើយកំណើនភ្ញៀវទេសចរណ៍រវាងប្រទេសទាំងពីរ ក៏កំពុងកើនឡើងជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ។ មុននឹង​បញ្ចប់ពិធីសំណេះសំណាល សម្ដេចតេជោ ហ៊ុន សែន បានជូនពរអោយ ឯកឧត្តម ឯកអគ្គ​រាជទូតកាន់​តែទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ហើយបន្តថែរក្សានូវទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ទោះបីលោកទៅបម្រើការនៅក្នុងវិស័យឯកជនក៏ដោយ ហើយ​សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏​បាន​ផ្តាំផ្ញើសួរសុខទុក្ខឯកឧត្តមនាយករដ្ឋមន្រ្តី ប្រាយុទ្ឋ ចាន់អូឆា ផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ