សម្រង់ប្រសាសន៍​​សម្តេច​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅសួនឧស្សាហកម្មវឌ្ឍនៈ ១

CNV: 


ថ្ងៃនេះ ខ្ញុំពិតជាសប្បាយរីករាយ ដែលបានមក(ជួបជុំ កម្មករ/ការិនី)សាជាថ្មីម្ដងទៀត​ សម្រាប់ជំនួបលើកទី ៤ នៅក្នុងសួនឧស្សាហកម្មវឌ្ឍនៈទី ១ ហើយដែល(លើកមុន)ធ្វើនៅសួនឧស្សាហកម្មកាណាឌីយ៉ា។ ខ្ញុំពិតជា មានការរីករាយ ដោយសារតែកន្លងទីនេះ ខ្ញុំបានធ្វើដូចអ្វីដែលខ្ញុំបានសន្យាជាមួយនឹងមន្រ្តីរាជការ កងកម្លាំង ប្រដាប់អាវុធ ក៏ដូចជាប្រជាជន ពិសេសជាមួយនឹងកម្មករ កម្មការិនីរបស់យើង ដែលស្ថិតនៅក្នុងដំណាក់ កាលនៃការអនុវត្តគោលនយោបាយជាតិស្ដីពី “ឧស្សាហកម្មកម្ពុជា ២០១៥-២០២៥” ហើយក៏ស្ថិតក្នុង​ដំ ណាក់កាលដែលប្រទេសរបស់យើងកំពុងឈានឆ្ពោះដើម្បីឆ្លងពីប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ទៅកាន់ប្រទេស​ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។

គម្រោងជួបកម្មករ កម្មការិនីជាង ១ លាននាក់

បានធ្វើរួចហើយ ជំនួបសម្រាប់ជំនួយការប្រធានផ្នែក ប្រធានក្រុម ចំនួន ៣៣០ រោងចក្រ ស្មើនឹង ១៧.៤៨១ នាក់ ហើយនិងបានជួបជាមួយកម្មករ និយោជិតចំនួន ៤ លើក មាន ១១៥ រោងចក្រ ក្នុងនោះ មានកម្មករ កម្មការិនីរបស់យើងចំនួន ៥៧.១១៣ នាក់។ ចំនួននេះនៅមិនទាន់គ្រប់ទេ បើយោងតាមការគ្រោងទុក ខ្ញុំត្រូវ ជួបជាមួយនឹងកម្មករ/ការិនីប្រមាណជាង ១ លាននាក់ឯណោះ។ ប៉ុន្តែខ្ញុំគិតថា ខ្ញុំនៅមានកម្លាំងគ្រប់​គ្រាន់​ដើម្បី​នឹងធ្វើកិច្ចការងារនេះ ព្រោះថា នេះគឺជាទីកន្លែងសមស្រប និងជាពេលវេលាដែលខ្ញុំត្រូវមក​ត្រួតពិនិត្យ​មើល​វឌ្ឍនភាព និងចំណុចសេសសល់ទាំងឡាយ ដែលជាបញ្ហាប្រឈមត្រូវដោះស្រាយ។

ខ្ញុំសុំយកឱកាសនេះ ថ្លែងនូវអំណរគុណ និងកោតសរសើរជាមួយនឹងក្រុមហ៊ុនវឌ្ឍនៈ របស់លោកស្រី ឈុន លាង ដែលបានធ្វើវិនិយោគទៅលើសួនឧស្សាហកម្មវឌ្ឍនៈទី ១ និងទី ២។ ហើយដែលថ្ងៃនេះ ប្រមូលផ្ដុំមក​ជួប​ជុំគ្នានៅថ្ងៃនេះ។ ក៏នៅមានរោងចក្រមួយដែលកំពុងធ្វើការនៅទីនោះ ហើយស្ដាប់ការផ្សាយបន្តផ្ទាល់​ពីទី​នេះ។ ខ្ញុំក៏នឹងទៅជួប និងសួរសុខទុក្ខចំពោះកម្មករ កម្មការិនី ដែលកំពុងធ្វើការនៅទីនោះ។ ថ្ងៃនេះ ក៏មាន​ស្រ្ដី​មាន​ផ្ទៃពោះចំនួន ៥៨៤ នាក់ផងដែរ … បន្ទាប់ទៅ ខ្ញុំនឹងចែកផ្ទាល់ដៃនូវរបស់ដែលជាវត្ថុអនុស្សាវរីយ៍របស់ខ្ញុំ សម្រាប់ស្រ្ដីឆ្លងទន្លេ។

ទឹកចិត្តស្រឡាញ់ និងសាទរស្វាគមន៍ចំពោះវត្តមានរបស់សម្ដេចតេជោ

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយណាស់ ដោយសារកម្មករ កម្មការិនី ក្មួយៗទាំងអស់ ក៏បានសំដែង​នូវការ​សា​ទរ​ស្វា​គមន៍ចំពោះវត្តមានរបស់ខ្ញុំ មិនថានៅទីនេះ ឬនៅទីកន្លែងដទៃទៀត។ ហើយចំណុចនេះ បង្ហាញអោយ​ឃើញ​ថា ក្មួយៗទាំងអស់ពិតជាអាចយល់បានថា រោងចក្រ សហគ្រាស និងការងារ ព្រមទាំងប្រាក់ចំណូល​ដែល​ក្មួយៗទទួលបាននេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា បានមកអំពីការ​ខិត​ខំ​ប្រឹងប្រែង និងការដឹកនាំរបស់ខ្លួនខ្ញុំផ្ទាល់ ដែលឆ្លងកាត់ពីដំណាក់កាលមួយ ទៅកាន់ដំណាក់កាល​មួយ​ពោរ​ពេញទៅដោយការលំបាក។

វត្តមានសម្ដេចតេជោ ក្នុងដំណាក់កាលសង្រ្គាម រំដោះជាតិ បង្រួបបង្រួមជាតិ និងបង្កើតសន្ដិភាព ការអភិវឌ្ឍ

ដំណាក់កាលសង្រ្គាមរំដោះជាតិ ខ្លួនពូស្ថិតនៅក្នុងស្ថានភាពជាអ្នកដែលស្ទើរតែរកផ្លូវដើរមិនឃើញផង។ សូម្បី​តែលិខិត ពាក្យមួយឃ្លា ក្នុងពេលដែលសរសេរសំបុត្រទៅកាន់ភរិយា ពាក្យនោះ គឺជាពាក្យដែល​ពិបាក​រក​ណាស់ ព្រោះថា តើបន្ទាប់ពីការសរសេរសំបុត្រហើយ គឹខ្ញុំត្រូវឆ្លងកាត់នូវជោគវាសនារបៀបណា? នៅត្រង់ថា លិខិតបានសរសេរទៅ ផ្ញើទៅអោយប្រពន្ធ ប្រាប់ថា “ពេលដែលអូនកំពុងអានលិខិតនេះ ខ្លួនបងនៅសែនឆ្ងាយ​ៗ​រហូតដល់ខ្លួនបងមិនដឹងនៅទីណាផង”។ មានន័យថាម៉េច? ខ្លួន(ខ្ញុំ)អត់ដឹងថាតើនៅទីណាទេ នៅពេល​ដែល​ប្រពន្ធកំពុងតែអានលិខិត តើខ្លួន(ខ្ញុំ)ត្រូវគេបាញ់សម្លាប់ហើយ ឬនៅ? ហើយតើខ្លួន(ខ្ញុំ)នៅឯណា​ពិត​ប្រា​កដ? យើងអត់មានទិសដៅទាល់តែសោះ។

ដំណាក់កាលនោះ គឺជាដំណាក់កាលគ្រោះថ្នាក់ខ្លាំងណាស់ ប៉ុន្តែដើម្បីសេចក្ដីសុខរបស់ប្រជាជន យើងសុខ​ចិត្ត​យក​ជីវិ​តធ្វើដើមទុន ដើម្បីរំដោះប្រទេសនេះ។ ខ្ញុំពិតជាមានមោទនភាព ដោយជនជាតិរបស់​យើងបាន​ចេះ​រួម​​គ្នាក្រោកឈរឡើង ដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ហើយតាមរយៈនោះហើយ ដែល​បន្សល់​ទុកអោយជីដូនជីតា ឪពុកម្ដាយក្មួយៗរស់នៅដល់សព្វថ្ងៃនេះ ហើយក៏បានបង្កើតតៗគ្នារហូតមក​ដល់​ក្មួយៗ ទោះបីក្មួយៗកើតមិនទាន់របប ប៉ុល ពត ក៏ប៉ុន្តែឪពុកម្ដាយរបស់ក្មួយៗ ជីដូនជីតា និងសាច់ញាតិរបស់​ក្មួយៗ អាចនឹងយល់បាននៅក្នុងរឿងនេះ។

សម័យសង្គ្រាម វត្តមាននៅជួរមុខ នៃខ្សែត្រៀម និងនៅតាមការចរចាសន្តិភាព

ជាបន្តបន្ទាប់ ខ្ញុំបានចូលរួមចំណែកដឹកនាំប្រទេសនេះ ពីស្ថានភាពពីបាតដៃទទេ។ ហើយតំបន់នេះ គឺជាតំបន់​វាយ​ឈ្លបរបស់ពួកខ្មែរក្រហម ក្រោយពេលដែលគេចាញ់ ដកចេញពីទីក្រុងភ្នំពេញ។ ប៉ុន្តែតំបន់នេះ ឥឡូវក្លាយ​ទៅ​ជា​តំ​បន់​ដែលមានការអភិវឌ្ឍប្រកបដោយរោងចក្រ និងមានការងារធ្វើរាប់ម៉ឺនកន្លែងនៅទីនេះ។ ទំនិញ​សម្រាប់​ការ​នាំចេញ ក៏បានចេញពីទីនេះ។ គេបានឃើញហើយថា នៅក្នុងសម័យកាលនៃសង្រ្គាម ខ្ញុំតែងមាន​វត្ត​មាននៅឯជួរមុខនៃខ្សែត្រៀម សម្រាប់ពិនិត្យមើលអំពីស្ថានភាពទាំងឡាយ ដើម្បីទប់ស្កាត់ការវិល​ត្រឡប់​នៃ​របប ប៉ុល ពត ហើយគេក៏បានឃើញវត្តមានរបស់ខ្ញុំក្នុងការចូលរួមចរចានៅឯក្រៅប្រទេស ដើម្បីស្វែងរកដំ​ណោះ​ស្រាយនយោបាយ សន្ដិភាពសម្រាប់កម្ពុជា។ គេក៏បានឃើញវត្តមានរបស់ខ្ញុំនៅតំបន់អតីតគ្រប់គ្រង​ដោយ​កម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ដើម្បីអនុវត្តនូវនយោបាយឈ្នះឈ្នះ នាំមកនូវការបង្រួបបង្រួមជាតិ និង​ឯកភាពទឹកដីជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តប្រមាណជា ៥០០ ឆ្នាំ ដែលកម្ពុជាបានបែងចែក​ជាតំបន់ត្រួត​ត្រា​ខុសៗគ្នា។

សម័យក្រោយសង្គ្រាម វត្តមាននៅតាមវាលស្រែជាមួយកសិករ

បន្ទាប់ទៅ រូបភាពជាច្រើនបានបង្ហាញថា ខ្លួនខ្ញុំនេះ មានវត្តមានយ៉ាងច្រើននៅជាមួយកសិករនៅឯវាលស្រែ ដែលវាស្ថិតនៅក្នុងដំណាក់កាលដែលពេលនោះ យើងផ្ដល់អាទិភាពទៅលើការអភិវឌ្ឍវិស័យកសិកម្ម ដោយ​ផ្ដោតការយកចិត្តទុកដាក់ទៅលើការផលិតស្បៀង និងការនាំចេញអង្ករ។ ប៉ុន្តែមិនមែនមានន័យថា យើងបាន​ភ្លេច​ចំពោះកម្មករ យើងបានភ្លេចចំពោះឧស្សាហកម្មនោះទេ។ យើងបានអនុវត្តច្រើនឆ្នាំមកហើយ ជាមួយនឹង​នយោ​បាយឧស្សាហកម្មអតិពលកម្ម សម្រាប់ជំរុញដល់ការរីកលូតលាស់នៃវិស័យឧស្សាហកម្ម និងការងារធ្វើ ព្រមទាំងផលិតទំនិញសម្រាប់ការនាំចេញ។

សម័យនេះ វត្តមានតាមរោងចក្រ សួរសុខទុក្ខកម្មករ/ការិនី

ឥឡូវដល់ដំណាក់កាលថ្មី​ ទាមទារអោយខ្ញុំត្រូវធ្វើការមួយអាទិត្យ ពីរដង សម្រាប់ជំនួបជាមួយនឹងប្រធានផ្នែក​រដ្ឋ​បាល ជំនួយការ ក៏ដូចជាប្រធានផ្នែក ប្រធានក្រុមនៃបណ្ដារោងចក្រ ហើយជំនួបផ្ទាល់ជាមួយនឹងកម្មករ។ ខ្ញុំមិនមែនមកទីនេះ ត្រឹមតែលើកមុន និងលើកនេះទេ ខ្ញុំនឹងមកច្រើនដងទៀត ហើយអាចពេលនោះ ចូលទៅ​តាម​រោងចក្ររបស់ក្មួយៗ ដោយមិនអោយដឹងមុនបានផង ក៏អាចថាបាន គ្រាន់តែស្នើសុំ ដើម្បីចូលទៅ​សួរ​សុខ​ទុក្ខ មើលអំពីស្ថានភាពកិច្ចការរបស់ក្មួយៗតែប៉ុណ្ណោះ។ ខ្ញុំអរគុណជាមួយនឹងម្ចាស់សួនឧស្សាហកម្មវឌ្ឍនៈ ជាមួយនឹងម្ចាស់រោងចក្រទាំងឡាយ ដែលផ្ដល់ការអនុ​ញ្ញាតសម្រាប់អោយក្មួយៗ​បានមកជួបជុំជាមួយ​នឹងមេ​ដឹក​នាំប្រទេស ដែលបានរួមចំណែកធ្វើអោយដំណើរការនេះ បានរីកលូតលាស់រហូតមកដល់ពេលនេះ។

បន្តធ្វើបេក្ខភាពនាយករដ្ឋមន្រ្តី មិនតិចជាង ១០ ឆ្នាំទៀត

ខ្ញុំពិតជាមានអារម្មណ៍ថា ទាំងក្មួយៗ ទាំងឪពុកម្ដាយក្មួយៗ ជីដូនជីតាក្មួយៗ សុទ្ធតែបានយល់បានថា កិច្ច​ការ​ដែលក្មួយៗមានសព្វថ្ងៃ សម្រាប់ការងារធ្វើនេះ ប្រាក់ចំណូលដែលក្មួយៗមានសព្វថ្ងៃ ទោះបីតែវាមិនទាន់​សម​ស្របនឹងការចង់បានរបស់យើងក៏ដោយ ក៏ប៉ុន្តែវាបានមកពីការខិតខំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំ​ដោយ​គណបក្សប្រជាជន ហើយវាបានកើតនៅក្នុងដំណាក់កាលដែល ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី។ ខ្ញុំ​ប្រកាសនឹងបន្តធ្វើជានាយករដ្ឋមន្រ្តីមិនតិចជាង ១០ ឆ្នាំទៀតនោះទេ។ ខ្ញុំប្រើពាក្យថា មិនតិចជាង ហើយ​សង្ឃឹម​ថា ក្មួយៗទាំងឡាយ ជាកម្មករ កម្មការិនី ក៏ដូចជាឪពុកម្ដាយ ជីដូនជីតា នឹងបន្តបោះឆ្នោតគាំទ្រ​គណ​បក្ស​ប្រជាជន ដើម្បីអោយខ្ញុំមានលទ្ធភាពបន្តធ្វើនាយករដ្ឋមន្រ្តីតទៅទៀត។

កំណើនប្រជាជន ទាមទារអោយមានការពិនិត្យដោះស្រាយមិនចប់

ជំនួបថ្ងៃនេះ ក៏បានបញ្ជាក់អំពីការរីកលូតលាស់ និងស្ថេរភាពសម្រាប់ប្រទេសរបស់យើង។ ក្មួយៗបានស្ដាប់​នូវ​របាយការណ៍របស់ឯកឧត្តម អ៊ិត សំហេង អម្បាញ់មិញ ដែលខ្ញុំសុំយកឱកាសនេះ គ្រាន់តែបញ្ជាក់ថា យើង​បាន​ចេញដំណើរពីស្ថានភាពដ៏លំបាកលំបិន ពីស្ថានភាពខ្វះមុខ ខ្វះក្រោយ ហើយពីស្ថានភាពដែលប្រាក់​ឈ្នួល​នៅពេលនោះ ទាបខ្លាំងណាស់។ ក្នុងដំណាក់កាលដំបូង យើងមានរោងចក្រមួយចំនួនដែលសេស​សល់​ពី​របប ប៉ុល ពត សល់ពីការបំផ្លាញរបស់ ប៉ុល ពត។ តែក៏ជាសមិទ្ធផលដែលបន្សល់ទុកដោយស្នាព្រះហស្ថ​របស់​សម្ដេចឪ សម្ដេចតា សម្ដេចតាទួត។ សល់ពីគ្រាប់បែកទំលាក់បំផ្លាញរោងចក្រទាំងនោះ។ ប៉ុន្តែ រោង​ចក្រ​ទាំងនោះ ឥឡូវបានប្រែក្លាយទៅជាទីតាំងរោងចក្រថ្មីៗ ដែលបង្កើតឡើងនៅក្នុងសម័យ​កាលក្រោយ​នេះ។

ប៉ុន្តែ យើងគិតពីប្រវត្តិនៃការចាប់ផ្ដើមរបស់យើង យើងចាប់ផ្ដើមពីស្ថានភាពដែលប្រជាជនមានត្រឹមតែប្រមាណ ៥ លាននាក់ តែប៉ុណ្ណោះ តែឥឡូវ ប្រជាពលរដ្ឋរបស់យើងកើនឡើងរហូតទៅដល់ជាង ១៥ លាននាក់​រួច​ស្រេច​ទៅ​ហើយ។ ដូច្នេះ វាមានតម្រូវការខ្លាំងណាស់ ជាមួយនឹងការបង្កើតឡើងនូវសន្ដិសុខស្បៀង ផ្គត់ផ្គង់ស្បៀង​អា​ហារ​សម្រាប់ប្រជាពលរដ្ឋរបស់យើង។ កំណើនប្រជាជន ១% ត្រូវការកំណើនស្បៀងប៉ុន្មានភាគរយទៅ? កំ​ណើន​ប្រជាជនកើនឡើង ត្រូវការនូវសាលារៀន នូវមន្ទីរពេទ្យ នូវសេចក្ដីត្រូវការផ្សេងៗទៀត។ នោះជាប​ញ្ហា​នៃការដោះស្រាយរបស់យើង ដែលមិនចេះចប់ មិនចេះហើយនោះទេ។

វឌ្ឍនភាពពីរោងចក្រ កម្មករ ប្រាក់ឈ្នួល និងការនាំចេញតិច ទៅជាច្រើន

យើងគ្រាន់តែលើករំលឹកពីឆ្នាំ ១៩៩៧ កាលពីពេលនោះ យើងមានត្រឹមតែ ៦៤ រោងចក្រតែប៉ុណ្ណោះ ជាមួយ​នឹង​កម្មករដែលមានចំនួនត្រឹមតែ ៨២.០០០ នាក់ ហើយប្រាក់ឈ្នួលកម្មកររបស់យើងកាលពីឆ្នាំ ១៩៩៧ មាន​ត្រឹម​តែ ៤០ ដុល្លារ សហរដ្ឋអាមេរិក តែប៉ុណ្ណោះ។ ទំហំនៃការនាំចេញរបស់យើងកាលពីពេលនោះ ក៏មានត្រឹម​តែ ២២៧ លានដុល្លារសហរដ្ឋអាមេរិក។ តែឥឡូវ យើងក៏បាននាំចេញរហូតទៅដល់ ៧.៦៦៣ លានដុល្លារ​សហ​រដ្ឋអាមេរិក។ នេះជាវឌ្ឍនភាពធំណាស់ ដែលបានកើតមកពីការរួមគ្នាទាំងនិយោជិត ទាំងនិយោជក ឬ​អាច​ថា ទាំងអ្នកវិនិយោគ ទាំងកម្មករ កម្មការិនីរបស់យើង។ ទាំងអស់នេះ អាចនិយាយបានថា ពលកម្មវ័យ​ក្មេង​របស់យើងបានរួមចំណែកធ្វើអោយកំណើនសេដ្ឋកិច្ចជាង ៧% ក្នុងមួយឆ្នាំ។ ដែលនេះ គឺជាសមិទ្ធ​ផល​មិនធ្លាប់មាននៅក្នុងប្រវត្តិរបស់កម្ពុជា ដែលមានមុខទំនិញគ្រប់ប្រភេទទាំងអស់ ដែលនាំចេញទៅក្រៅប្រទេស​ប្រ​មាណ​ជាង ១២ ពាន់លានដុល្លារសហរដ្ឋអាមេរិក គឺជាចំនួនមួយដែលមិនធា្លប់មាននៅក្នុងអតីតកាល។

វិស័យឧស្សាហកម្ម និងកសិកម្ម បំពេញឲ្យគ្នាទៅវិញទៅមក

សូមកុំភ្លេច អ្នកដែលធ្វើការមុនឆ្នាំ ១៩៩៧ ប្រាក់ខែក្រោម ៤០ ដុល្លារ។ សម័យថ្ងៃមួយ ខ្ញុំទទួលទានអាហារ​នៅ​សួនឧស្សាហកម្មវឌ្ឍនៈទី ២ ជាមួយនឹងកម្មការិនីម្នាក់ ដែលគាត់បាននិយាយថា “សម្ដេច! ខ្ញុំបានធ្វើការ​ចាប់​តាំងពីប្រាក់ខែ ៣៥ ដុល្លារសហរដ្ឋអាមេរិក”។ អញ្ចឹងទេ​ ពេលនោះ កម្ពុជា(មានប្រាក់ឈ្នួលកម្មករ) ៣៥ ដុល្លារ ឯនៅមីយ៉ាន់ម៉ា គឺ(ប្រាក់ឈ្នួលកម្មករ) ២៥ ដុល្លារ។ ឥឡូវកម្ពុជា(មានប្រាក់ឈ្នួលកម្មករ) ១៥៣ ដុល្លារ នៅមីយ៉ាន់ម៉ា(មានប្រាក់ឈ្នួលកម្មករ)ត្រឹមតែ ៧៩ ដុល្លារទេ។ ចំណុចនេះ អម្បាញ់មិញ សួរក្មួយៗខាងណោះ ថាខ្លះបាន ២៤០-២៥០ ដុល្លារក្នុងមួយខែ។ អ្នកខ្លះបានលើសហ្នឹង។ យើងមានប្រាក់គោលត្រឹម ១៥៣ ដុល្លារ​ក្នុងមួយខែ ប៉ុន្តែមានប្រាក់អត្ថប្រយោជន៍ដទៃទៀត ដែលក្មួយៗអាចសន្សំបាន។ មួយផ្នែកសម្រាប់ដោះស្រាយ​ជីវ​ភាពនៅទីនេះ ហើយមួយផ្នែកទៀត ក៏យើងផ្ញើជូននៅដល់ក្រុមគ្រួសារ។ ប្រាក់កាសដែលក្មួយៗ បានបញ្ជូន​អោយ​គ្រួ​សារ​នោះហើយ ធ្វើអោយមាតាបិតា អាណាព្យាបាលរបស់ក្មួយៗ មានលទ្ធភាពដើម្បីយកទៅធ្វើផ្ទះ​សម្បែង យកទៅដោះស្រាយបញ្ហានានា រាប់ទាំងបញ្ហាក្នុងវិស័យកសិកម្ម​ ដែលអត្រាភ្ជួររាស់ដោយ​គោក្របី​បច្ចុប្បន្ន​នេះ មានត្រឹមតែ ៦,២៥% តែប៉ុណ្ណោះ​។ អត្រាភ្ជួររាស់ដោយគ្រឿងយន្តកសិកម្មមានរហូតទៅដល់ ៩៣,៧៥%។ គេអាចបង្ហាញនូវតួលេខនេះ អំពីការរួមចំណែកបំពេញអោយគ្នាទៅវិញទៅមក​រវាងវិស័យកសិ​កម្ម និងឧស្សាហកម្ម។

សូមគោរពច្បាប់ការងារ ចៀសវាងវិវាទនានាក្នុងរោងចក្រ យោគយល់គ្នា ដោះស្រាយបញ្ហាដោយសន្តិវិធី

ខ្ញុំពិតជាសប្បាយរីករាយ ដោយពិនិត្យឃើញថា រយៈពេលចុងក្រោយនេះ លក្ខខណ្ឌការងារនៅតាមរោង​ចក្រ​នានា ត្រូវបានកែលំអយ៉ាងច្រើន។ ហើយជាមួយនោះ ការដោះស្រាយវិវាទនានា ក៏ត្រូវបានធ្វើ។ ទោះបីថា វា​នៅ​សេសសល់ ក៏ប៉ុន្តែ ភាពសេសសល់នោះ វាតិចតួច តែយើងក៏មិនត្រូវមើលស្រាលអាតិចតួចនោះទេ។ សូម​បញ្ជាក់ថា គ្រួសារមួយដែលមានកូនត្រឹមតែ ៥ នាក់ គង់មានការប៉ះទង្គិចគ្នារវាងកូននេះ ជាមួយកូននោះ ប៉ុន្តែ​សម្រាប់​រោងចក្រមួយដែលមានគ្នា ២.០០០ ឬ ៣.០០០ នាក់ លែងអីនឹងមានបញ្ហា។ ក៏ប៉ុន្តែ តាមរយៈទំនាក់​ទំនងវិជ្ជាជីវៈ ​​ទំនាក់ទំនងការងារដែលក្មួយៗបានបំពេញជារៀងរាល់ថ្ងៃ ជាមួយអ្នកគ្រប់គ្រងជាថ្នាក់ក្រុម ថ្នាក់​ផ្នែក ជារដ្ឋបាល ឬម្ចាស់រោងចក្រ ពីមួយថ្ងៃៗ ការយល់គ្នា គឺជារឿងល្អ។ ហើយដែលខ្ញុំនៅតែបន្តអំពាវនាវ​អោយ​មាន​ការដោះស្រាយបញ្ហាជាមួយគ្នា ដោយសន្ដិវិធី ដោយការយោគយល់ និងដោយការស្រឡាញ់គ្នា។ បញ្ហាអំពីការបណ្ដេញចេញពីការងារ មិនមែនជាដំណោះស្រាយពិតប្រាកដទេ។ ជួនកាល​មានការ​ទាម​ទារ​ពី​កម្មករ ដើម្បីអោយយកអ្នកដែលរួមអាជីព ដែលត្រូវបានបណ្ដេញចេញពីការងារនោះត្រឡប់មកវិញ។ ជួនកាល រដ្ឋមន្រ្តីក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានស្នើសុំអោយថៅកែរោងចក្រទទួលយកមកវិញ។ ជួនកាល មានអន្តរាគមន៍រហូតដល់ខ្ញុំ ខ្ញុំក៏បានសំណូមពរ ដើម្បីស្នើសុំអោយយកអ្នកទាំងនោះត្រឡប់មកធ្វើការងារវិញ។ ប៉ុន្តែវិធីដែលល្អជាងគេ គឺវិធីដែលយើងគោរពច្បាប់ការងារទាំងអស់គ្នា គឺជារឿងរួចស្រេច។ វាគ្មានអ្វីល្អជាង​គោរព​ច្បាប់ការងារនោះទេ។

ការទារប្រាក់ខែឲ្យច្រើន មិនលំបាកសម្រាប់អ្នកប្រឆាំងទេ តែសម្រាប់ម្ចាស់រោងចក្រគេលំបាក

យើងពិនិត្យមើល​ ពេលនេះសម្រាប់យើង ទំហំនៃសហគ្រាស ចំនួនសហគ្រាសនៅទូទាំងប្រទេសមាន​ដល់ទៅ​១ ម៉ឺន ១ ពាន់ជាង។ ហើយដោយឡែកតែរោងចក្រក្នុង​វិស័យកាត់ដេរតែមួយ គឺមានទៅដល់ ១.១០០ រោង​ចក្រ​ជាង ជាមួយនឹងកម្មករកម្មការិនីប្រមាណជា ៧៤ ម៉ឺននាក់។ ឯគ្រប់គ្រឹះស្ថានដែលមានជាង ១ ម៉ឺន ១ ពាន់​​មានកម្មករប្រមាណជាង ១,២ លាននាក់។ ចំនួននេះជាចំនួនច្រើនមួយ ទាំងក្នុងវិស័យឧស្សាហកម្ម ទាំង​កសិ​កម្ម កសិឧស្សាហកម្ម និងទាំងវិស័យសេវា។ ក្មួយអើយ! វាអត់លំបាកទេសម្រាប់ពួកប្រឆាំង និងសម្រាប់​ក្រុម​ដែល​ចាំតែដល់ម៉ោង ទារប្រាក់ខែឲ្យច្រើន។ វាអត់ពិបាកទេ។ យប់មិញខ្ញុំក៏បានស្ដាប់ក្នុងទូរទស្សន៍ដែរ ពេល​​ណា​ក៏​ដោយ អ្នកដែលចង់ដណ្ដើមប្រជាប្រិយភាពក្នុងកម្មករ តែងតែដាក់សំណើសុំបៀវត្ស​ឲ្យបានខ្ពស់។ អ្នកណា​មិនចង់បានបៀវត្សខ្ពស់នោះ? ទាំងគេ ទាំងខ្ញុំ សុទ្ធតែ​ចង់​បាន​ទាំងអស់គ្នា។ ប៉ុន្តែតើខ្ពស់នោះ វាបាន​នាំ​ទៅដល់​ពាក្យខ្មែរដែលថា “ដុតឲ្យខ្លោច រោចឲ្យឆៅ” ទេឬ?

ពាក្យថាខ្ពស់​យើង​ពិតជាចង់បានហើយ ក៏ប៉ុន្តែប្រសិនជា​ខ្ពស់ ថៅកែទ្រាំមិនបាន គេដករោងចក្រចេញ​។ អ្នក​ណា​អ្នក​​ទទួលរងគ្រោះ គឺកម្មកររោងចក្រនេះឯងជាអ្នករង​គ្រោះ។​ ប្រាក់ចំណូលដែលធ្លាប់មាន សូម្បីតែ​ប្រាក់​បាយ​​​ថ្ងៃត្រង់​ក៏លែងមានទៀតដែរ។ រោងចក្រខ្លះ ឲ្យ​បាយមួយពេល រោងចក្រខ្លះឲ្យបាយពីរពេល រោងចក្រ​ខ្លះ​ឲ្យ​បាយបីពេល។ អាជីពរបស់ក្មួយៗនឹងត្រូវបាត់បង់។ អញ្ចឹងអ្នកណាអ្នកទទួលខុសត្រូវ? មិនមែនមេសហជីព​ដែល​ទាមទារខ្ពស់ ឬមេបក្សប្រឆាំងទេ។​ ពួកគេចេះត្រឹម​តែ(ស្រែក) ប្រាក់ខែខ្ពស់ … ប៉ុណ្ណេះបានវា​គ្រប់ ប៉ុណ្ណោះ​បាន​វាគ្រប់។ បើនិយាយពីលុយ វាមិនដែលចេះ​គ្រប់ទេ។ បើយើង​ថ្ងៃហ្នឹ​ង​មាន ១ ម៉ឺន វាអត់គ្រប់ទេ យើងចង់​បាន ១០ ម៉ឺន ដល់ពេល ១០ ម៉ឺ​នហើយវា​មិនគ្រប់ទេ យើងចង់បាន ១០ លាន ដល់បាន ១០ លានហើយ​វា​មិន​គ្រប់ទេ។

មិនចាំបាច់ទៅក្រៅប្រទេសទិញឥវ៉ាន់ ព្រោះនៅស្រុកយើងក៏មាន និងថ្លៃដូចគ្នា

សួរនាងតូចថៅកែមើល (ស្ដាប់មិនច្បាស់) គាត់មានប៉ុណ្ណឹង​ហើយ​ស្មានតែគាត់គ្រប់ឬអី? គាត់អត់ទាន់គ្រប់ទេ គាត់ត្រូវប្រឹងរកស៊ីតទៅ​ទៀត។ ជួយ​ប្រាប់​ផង នាឡិកានេះក្រៅពីទិញតាមផ្សារអូរឬស្សីហើយ នៅមានកន្លែង​មួយ​ទិញ​នាឡិកាដោយមិនចាំបាច់​ទៅ​ហុងកុង មិនបាច់ទៅសាំងហ្គាពួរ មិនបាច់ទៅហ្សឺណែវ អាគារវឌ្ឍនៈ​នេះ​លក់​​នាឡិកាល្អៗ។ ទៅហើយគេចុះ(ថ្លៃ) ២០% ៣០% តាមម៉ូត តាមម៉ាក។ បើកមើលអ៊ីនធើណែតទៅ តម្លៃ​ដូច​គ្នា។ កម្ពុជាមានកន្លែងលក់។ បន្តិចទៀតទេសចរមកពីក្រៅប្រទេស នឹងមកទិញនាឡិកាពីស្រុក​ខ្មែរត្រ​ឡប់​ទៅវិញ​ទេ អញ្ចឹងបានខ្ញុំណែនាំ​ទៅ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឲ្យធ្វើអាដេតាក់​ (Tax Cut) ឲ្យហើយទៅ គេ​ហៅ​​ថា​កាត់ពន្ធ ព្រោះកាល​ណា​គេនាំចេញទៅក្រៅប្រទេសគឺត្រូវតែ យើងកាត់ពន្ធឲ្យគេត្រលប់ទៅវិញ​ព្រោះគេ​យក​ទៅ​ប្រើនៅ​ឯ​ក្រៅ​ប្រទេស …។

ប្រាក់ខែ ២០១៨ មិនទាបជាង ១៦០ ដុល្លារ ដែលច្រើនជាងប្រទេសខ្លះក្នុងតំបន់

អញ្ចឹងទេ ខ្ញុំនិយាយអំពីបញ្ហាទាក់ទិនជាមួយនឹងប្រាក់ចំណូល មានប៉ុន្មានវាមិនស្កប់ទេ។ ទន្លេដប់វាមិនស្កប់​សមុទ្រ​មួយទេ។ បំណងរបស់មនុស្សបាននេះ ចង់បាននោះ បាននោះ ចង់បាននោះ ប៉ុន្តែចាំ​បន្តិចទៀតខ្ញុំនឹង​និ​ទាន​រឿង​មួយឲ្យស្ដាប់។ ប៉ុន្តែចាំផ្នែកចុងក្រោយ ប៉ុន្តែសុំជួយរំលឹកខ្ញុំណា តិចទៅថាសន្យាថា​និទានរឿង ស្រាប់​ទៅ​​អត់​បាននិទានរឿង ដល់ពេលដែលខ្ញុំរៀងចង់ចប់ប្រាប់ថានិទានរឿង អាហ្នឹងខ្ញុំដឹងហើយ ខ្ញុំដឹងថារឿងអី។ ឥឡូវខ្ញុំសុំបញ្ជាក់ តើផែនការតម្លើងប្រាក់ខែដែលពួកគេបាន និងកំពុងទាមទារ វា​សមស្របហើយឬនៅសម្រាប់​កម្ពុជា? ឬការទាមទារនេះដើម្បីបំផ្លាញឆ្នាំងបាយរបស់កម្មករកម្មការិនី? សុំក្រឡេកមើល កម្ពុជាបច្ចុប្បន្ន​ប្រាក់​អប្បបរមា ១៥៣ (ដុល្លារ)។ នៅឆ្នាំ ២០១៨ នេះប្រាក់ឈ្នួលអប្បបរមារបស់​កម្មករត្រូវឡើងមិនឲ្យទាបជាង ១៦០ ដុល្លារសហរដ្ឋអាមេរិក។ ឥឡូវយើងមកនិយាយត្រឹម ១៥៣ ដុល្លារ បូកនិងអត្ថប្រយោជន៍ដទៃទៀត ក្មួយៗ​ភាគច្រើនបានទទួលរហូតទៅដល់ជាង ២០០ (ដុល្លារ)។ ប៉ុន្តែសុំក្រឡេក​មើលទៅប្រទេសបង់ក្លាដេស មានត្រឹមតែ ៦៧ ដុល្លារ, នៅប្រទេសស្រីលង្កា ៦៧ ដុល្លារ, នៅឥណ្ឌាដែលជា​ប្រទេសអភិវឌ្ឍន៍មុន​យើង​មាន​ត្រឹម​តែ ៧៧ ដុល្លារទេក្មួយ, នៅភូមា ឬក៏មីយ៉ាន់ម៉ាមានតែ ៧៩ ដុល្លារទេ, នៅឥណ្ឌូណេស៊ីមានចន្លោះ មានតំ​បន់​ខ្លះតែ ៩៩ ដុល្លារទេ មានកន្លែងខ្លះ ២៤៩ ដុល្លារ, នៅឡាវមាន ១១០ ដុល្លារ, នៅវៀតណាមមានចែកតំបន់ តំបន់​ខ្លះបានតែ ១១៣ ដុល្លារទេ តំបន់ខ្លះបាន ១៦៥ (ដុល្លារ),​ នៅប៉ាគីស្ថានបាន ១៣៤ ដុល្លារ, នៅចិនមានតំបន់ តំបន់ខ្លះបាន ១៧០ (ដុល្លារ) តំបន់ខ្លះបាន ៦០០ (ដុល្លារ), នៅថៃបាន ២៥០ ឬក៏ហៅថា ៣១០ បាតក្នុងមួយថ្ងៃ, នៅម៉ាឡេស៊ី ៣០០ ដុល្លារ, នៅសាំងហ្គាពួរ ៨៤០ (ដុល្លារ), នៅហ្វីលីពីនមានចន្លោះ កន្លែងដែលមាន ១៣៩ ដុល្លារ និងមានកន្លែងដែលមាន ២៥៧ ដុល្លារ។

បន្ធូរបន្ថយថ្លៃទឹក ភ្លើង និងឈ្នួលផ្ទះ ដើម្បីធានាដល់ជីវភាពរបស់កម្មករកម្មការិនី

អញ្ចឹងទេ រោងចក្រកាត់ដេរងាយណាស់ក្នុងការរើទីតាំង។ វាអត់មានអីលំបាកទេ រើដាក់កុងទ័រន័រ​ទៅប្រទេស​មួយ​ទៀត បើកភ្លាមដោះស្រាយការងារធ្វើនៅឯណោះ។ ឯយើងនៅទីនេះបានត្រឹមតែវិលត្រលប់ទៅរកការងារ (កសិកម្ម)បើឪពុកម្ដាយជាកសិករ គឺទៅជាមួយនឹងឪពុកម្ដាយដើម្បីនឹងធ្វើការដកស្ទូង ដាំដុះ ច្រូតកាត់ ធ្វើក្នុង​វិស័យ​​កសិកម្ម។ ប្រសិនបើគ្មានការងារអ្វីទេ ក៏ទៅរកការងារផ្សេងទាំងលំបាក។ ឥឡូវបញ្ហាការងាររបស់ក្មួយ​ៗ​ត្រូវ​បានដោះស្រាយហើយ។ កិច្ចការទាំងអស់នេះ រាជរដ្ឋាភិបាលបានប្រឹងណាស់ជាមួយនឹងការ​ខិតខំ​ទាំង​ឡាយ។ សូម្បីតែ​រយៈពេលកន្លងទៅ ទោះបីជាពូមិនបានចុះមកដល់ក៏ដោយ ក៏ប៉ុន្តែយើងបានតាមដាន​ដោយ​ដិតដល់ជាមួយនឹងសុខទុក្ខរបស់កម្មកររបស់យើង ទាំងតំបន់ដែលមានការដួលសន្លប់ ទាំងតំបន់គ្រោះ​ថ្នាក់ ដោយ​សាររថយន្ដដឹកកម្មករបុកគ្នា។ សុវត្ថិភាពកម្មករត្រូវបានទទួលការណែនាំជាបន្ដបន្ទាប់ដោយរដ្ឋមន្រ្ដី និង​ដោយ​គណៈរដ្ឋមន្រ្ដី ជាពិសេសគឺដោយនាយករដ្ឋមន្រ្ដីតែម្ដង។

យើងត្រូវ​កែលំអ ដូចជាមុននេះការផ្គត់ផ្គង់អគ្គិសនីទៅឲ្យផ្ទះឈ្នួល ដែលកម្មកររស់នៅ ត្រូវបានកំណត់ដោយ​ម្ចាស់​ផ្ទះ​។ ម្ចាស់ផ្ទះទិញភ្លើងពីរដ្ឋដោយថ្លៃទាប ប៉ុន្តែដល់លក់ឲ្យកម្មករដោយថ្លៃខ្ពស់​។ ដើម្បីសម្រួលឲ្យកម្មករ អគ្គិសនី​កម្ពុជា​បានតភ្លើងចូលទៅបន្ទប់ស្នាក់នៅរបស់កម្មករ ហើយទម្លាក់ថ្លៃភ្លើង ដែលក្មួយៗធ្លាប់បង់​មួយ​ពាន់ ឬលើមួយ​ពាន់ឲ្យមកនៅត្រឹម ៤១០ រៀលតែប៉ុណ្ណោះ។ ថ្លៃទឹក គឺមុននេះ រដ្ឋាករទឹកលក់ឲ្យម្ចាស់​ផ្ទះ​(ថោក)។ ម្ចាស់ផ្ទះលក់ទៅឲ្យ​កម្មករដោយមានតម្លៃខ្ពស់ ១.៥០០ ឬ ១.៨០០ ឬក៏ ២.០០០(មួយម៉ែត្រគូប) ឯណោះ។ ប៉ុន្តែ ក្រោយមកថ្លៃទឹករដ្ឋាករទឹកបាន​ត​ទឹកចូលទៅកាន់តំបន់ ដែលកម្មករស្នាក់នៅ ហើយលក់​ឲ្យ​ម្ចាស់​ផ្ទះក្នុងមួយម៉ែត្រគូប ១.០៣០ រៀល។ ឯម្ចាស់ផ្ទះលក់ទៅឲ្យកម្មករ កម្មការិនី តម្លៃ ១.២០០ រៀលក្នុង​មួយ​ម៉ែត្រ​គូប។ ឥឡូវ ដើម្បីយិតយោង ហើយបន្សល់ទុកនូវប្រាក់ឈ្នួលរបស់ក្មួយៗនេះ គឺជាមួយនឹងការ​ធ្លាក់​ចុះ​នូវ​ថ្លៃ​ភ្លើង រដ្ឋាករទឹកបានលក់កាត់បន្ថយថ្លៃ ដោយលក់ទៅអោយម្ចាស់ផ្ទះ ៧០០(រៀល) ហើយម្ចាស់ផ្ទះលក់ទៅ​អោយ​កម្មករត្រឹមតែ ៨០០ រៀលតែប៉ុណ្ណោះ។ ដូច្នេះក្មួយៗនឹងចំណេញបាន ៤០០ រៀលទៀត នៅក្នុង​​ទឹក​មួយ​ម៉ែត្រ​គូ​ប ​… កុំភ្លេចថាបាន និងកំពុងអនុវត្តរួចហើយ។ ចាប់ពីថ្ងៃ ១ ខែ កញ្ញា មក ក្មួយៗប្រើប្រាស់ទឹក​ក្នុងមួយ​ម៉ែត្រ​គូបថ្លៃតែ ៨០០ រៀលតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ យល់ល្អជាការសន្សំសំចៃ យើងគួររួមគ្នាសន្សំសំចៃ​លើការ​ប្រើ​ប្រាស់​ទឹកដែរ ព្រោះមិនមែនតែទីក្រុងប្រទេសរបស់យើងទេ ដែលជួបបញ្ហាទឹក ទីក្រុងប្រទេសដទៃសុទ្ធតែ​មាន​ការ​ខ្វះទឹក ហើយសន្សំសំចៃទឹក។

បក្សប្រឆាំងប្រើពាក្យ ៣ កុំ ជាទង្វើក្បត់ប្រជាជន

ផលប្រយោជន៍ដែលក្មួយៗទទួលបាន គឺរាជរដ្ឋាភិបាលបានធ្វើការខិតខំខ្លំាងណាស់ ក្នុងការដាក់ចេញនូវ​គោល​នយោ​បាយ ហើយអំពាវនាវឲ្យប្រទេសនានា ធ្វើការវិនិយោគមកកាន់កម្ពុជា។ ដើម្បីគេវិនិយោគបាន​យើង​ត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធចំាបាច់ ជាផ្លូវ ជាស្ពាន ជាផ្លូវដែក ជាអាកាសយានដ្ឋាន កំពង់ផែ ជាការ​រៀប​ចំ​អោយមានអគ្គិសនី ដើម្បីផ្គត់ផ្គង់ទៅបណ្តារោងចក្រ សហគ្រាស។ រាជរដ្ឋាភិបាលក៏ត្រូវទៅបើកទីផ្សារនៅឯ​បរទេស។ បើគ្មានទីផ្សារទេ តើយើងទៅដោះស្រាយបញ្ហានេះយ៉ាងម៉េច។ សម្រាប់បក្សប្រឆំាង គេប្រើពាក្យបី​យ៉ាង​សំខាន់ ទី ១ សុំកុំផ្តល់ជំនួយអោយកម្ពុជា ទី២ សុំកុំមកវិនិយោគមកកម្ពុជា និងទី ៣ សុំកុំទិញ​ទំនិញ​ពី​កម្ពុជា។ តើនេះក្មួយៗកាប់ថ្មចំណាំទៅ យកទៅវិនិច្ឆ័យខ្លួនឯងទៅ ទង្វើទំាងបីនេះ តើជាទង្វើក្បត់ជាតិ ឬទង្វើ​អ្នក​ស្នេហាជាតិ? មិននិយាយពីរឿងផ្តល់ជំនួយទេ និយាយពីកុំមកវិនិយោគនៅកម្ពុជា បើគេកុំវិនិយោគមក​កម្ពុជា​ដូចពួកបក្សប្រឆំាងថាមែន តើក្មួយៗមានការងារធ្វើឯណា? ហ្នឹងមួយទៅ។ មួយទៀត បើកុំអោយ​គេ​ទិញ​ទំនិញពីកម្ពុជា បើគេមិនទិញទំនិញពីកម្ពុជា តើរោងចក្រផលិតធ្វើអី? ក្មួយៗពិតជាអត់ការងារធ្វើ នេះជា​ទង្វើ​ពិតប្រាកដ ដែលគេបាន និងកំពុងធ្វើរហូតមកដល់ពេលនេះ។

មិនមែនជាការប្រកួតប្រជែង​ខាងកម្ម​វិធី​នយោ​បាយទេ ក៏ប៉ុន្តែនេះគឺជាការប្រកួតប្រជែង នៃសកម្មភាពដែលបាន​ស្តែង​ចេញរួចមកហើយ។ ទង្វើក្បត់ជាតិ ក្បត់ប្រជាជនបែបនេះ មិនគួរត្រូវបានអនុញ្ញាតអោយមានចំណែក​ណា​មួយ នៅក្នុងការទទួលខុសត្រូវសម្រាប់ជោគវាសនារបស់កម្ពុជានោះទេ។ អាចថាគេធ្វើទៅរួច គេដឹងដែរ ថាអ្នក​បោះ​ឆ្នោតអោយគេខ្លះ ក៏មានធ្វើការក្នុងកម្មករដែរ ប៉ុន្តែឧទាហរណ៍ថា បើបរទេសមិនមកវិនិយោគ ឬបរទេស​ដក​ចេញនូវរោងចក្រ តើវាប៉ះពាល់ប៉ុណ្ណាដល់អ្នកបោះឆ្នោតអោយគេនោះ? បើទោះបីអ្នកទំាងនោះ មិនបាន​បោះ​ឆ្នោតអោយគេក៏ដោយ ក៏ប៉ុ​ន្តែគេគួរត្រូវយល់ថា នេះជាផលប្រយោជន៍របស់ប្រជាជនជាទូទៅ។ តែខ្ញុំអត់​នឹក​ស្មានថា នៅប្រទេសកម្ពុជាគេធ្វើបែបនេះទៅរួចទេ ។ គេចេះតែម្យ៉ាងគត់ បាតុកម្មៗ … មិនឡើងប្រាក់ខែ​ (ធ្វើ)បាតុកម្ម។ ថ្ងៃមុនចុះឡើងៗ ទៅបង្រៀនកម្មករធ្វើបាតុកម្មប្រឆំាងម្ចាស់ផ្ទះ។ គេចុះទៅសួរសុខ​ទុក្ខ​កម្មករ​នៅ​​តាម​ផ្ទះឈ្នួលមួយចំនួន។ កន្លែងខ្លះ។ ទៅបង្រៀន ដើម្បីអោយកម្មករចេះធ្វើបាតុកម្ម ប្រឆំាងម្ចាស់ផ្ទះ​ឡើង​ថ្លៃ​ឈ្នួល។ ទៅអញ្ចឹងទៅ។ អត់មានការងារធ្វើ។ ក្នុងពេលដែលយើងបាន និងកំពុងថ្នាក់ថ្នមការងារនេះ។

កម្មករមានការងារថ្ងៃនេះ រួមដោយអ្នកទទួលផលដោយប្រយោល គឺដោយសារតែគណបក្សប្រជាជន

ឥឡូវ ក្មួយៗត្រូវចងចំា ការងារដែលក្មួយបាន និងកំពុងមានប្រាក់ចំណូលបាន និងកំពុងទទួល បើទោះបីមិន​ទាន់​គ្រប់តាមសំណូមពររបស់យើងក៏ដោយ ក៏ប៉ុន្តែគ្មានបាតដៃអ្នកដទៃក្រៅពីគណបក្សប្រជាជនទេ។ យើង​បាន​ធ្វើ​កិច្ចការងារច្រើនណាស់ ដើម្បីអោយទទួលកម្មកររាប់លាននាក់នេះ ទំាងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធបាន​ទទួល​ការងារ។ ក្រៅពី ១ លាននាក់ ដែលទទួលការងារនៅទីនេះ ជាង ១ លាន ថា ១លាន ២ សែននាក់ និង​មាន​ជាង ៣ លាននាក់ដែលទទួលការងារប្រយោល ព្រោះអ្នកលក់បាយអោយក្មួយៗ អ្នកជួលផ្ទះអោយក្មួយៗ អ្នកដឹកជញ្ជូនអោយក្មួយៗ ទំាងនោះហើយសុទ្ធតែជាអ្នកដែលបានទទួលផលពីរោងចក្រនៅកន្លែងនេះ។ សូម​អ្នក​លក់បាយនៅតាមតំបន់នានាជុំវិញ កុំភ្លេចណា តិចថា ទេ! អញបានមកពីលក់បាយតើ មានពាក់ព័ន្ធអី​នឹង​លោក ហ៊ុន សែន ឯង។ ឥឡូវសាកបិទរោងចក្រនេះភ្លាមមើល អ្នកជួលផ្ទះនៅកន្លែងហ្នឹង និងអ្នក​លក់បាយ​នៅ​កន្លែងហ្នឹង ក៏លំបាកដូចតែគ្នាហ្នឹង។ សាកលមើល សូមចំាអាកន្លែងហ្នឹង អ្នកដែលធ្លាប់តែដឹកកម្មករ​មកធ្វើ​ការ​ក៏បាត់បង់ការងារធ្វើដែរ។ អស់ទំាងអស់។ អញ្ចឹងកុំភ្លេចនេះជា ឬសគល់ នៃកន្លែងការងារ។ នេះជាតំបន់ នៃការទទួលបានប្រាក់ចំណូល ហើយតាមរយៈនោះអ្នកទទួលប្រាក់ចំណូលបន្ថែមទៀត នៅតំបន់ខាងក្រៅ ដែលមានប្រមាណដល់ទៅ ៣ លាននាក់ជាងថែមទៀត ប៉ុន្តែការងាររបស់យើងមិនទាន់ចប់ប៉ុណ្ណឹងទេ។

កិច្ចការ ២ សំខាន់ គឺត្រូវធានា សន្តិភាព និងការអភិវឌ្ឍ

យើងនៅមានការងារធ្វើបន្ត។ បន្តដើម្បីធ្វើអោយសេដ្ឋកិច្ចរបស់យើងកាន់តែរីកលូតលាស់ធំទៅៗ។ នៅត្រង់ថា យើងត្រូវការបៀវត្សច្រើនជាងនេះ យើងត្រូវការប្រាក់ចំណូលច្រើនជាងនេះ យើងត្រូវការទំហំនៃការនំាចេញ​របស់​យើង​ច្រើន​ជាងនេះ យើងត្រូវការទាក់ទាញការវិនិយោគបន្ថែមទៀត។ ដូច្នេះ មានការងារមួយចំនួន​ដែល​ត្រូវ​ធ្វើ។ ប៉ុន្តែមុននឹងចូលដល់ការងារដែលត្រូវធ្វើនោះ មានកិច្ចការ ២ ដែលសំខាន់ គឺ ត្រូវធានាអោយបាន​នូវ​សន្តិភាព និងការអភិវឌ្ឍន៍ ដែលជាចំណង ២ ផ្សារភ្ជាប់គ្នាមិនដាច់។ ក្មួយៗត្រូវសង្កេតមើលអោយបានច្បាស់ ប្រ​ទេសដែលមានការអភិវឌ្ឍ គឺជាប្រទេសដែលមានសន្តិភាព ស្ថេរភាពនយោបាយ មិនមែនជាប្រទេសដែល​មាន​សង្គ្រាមនោះទេ។ គ្មានអ្នកណាទៅតំាងរោងចក្រនៅតំបន់ដែលមានការប្រយុទ្ធគ្នាទេ ហើយក៏គ្មានអ្នកណា​ទៅធ្វើ​ទេសចរនៅក្នុងតំបន់ដែលមានការប្រយុទ្ធគ្នានោះដែរ។ សូមសម្លឹងទៅមើលប្រទេសអ៊ីរ៉ាក់ ទៅប្រទេស​ស៊ីរី ទៅប្រទេសលីប៊ី ទៅប្រទេសយេមែន ទៅប្រទេសដទៃទៀតនៅទ្វីបអាហ្វ្រិក ហើយនៅតំបន់ខ្លះនៅក្នុងភូមិ​ភាគ​នៅក្នុងតំបន់របស់យើង ដែលកំពុងមានសង្គ្រាម។ តំបន់នោះគឺ ជាតំបន់ដែលគ្មានរោងចក្រ គ្មានសហ​គ្រាស ហើយសាលារៀនក៏មិនអាចស្ថិតនៅក្រោមគ្រាប់បែក គ្រាប់ប្លោងនោះទេ។

អញ្ចឹងទេ ដើម្បីធានាទៅដល់កិច្ចអភិវឌ្ឍន៍ ត្រូវតែធានាអោយបាននូវសន្តិភាព និងស្ថេរភាពនយោបាយសិន។ ត្រូវចំា ហើយចំណុចនេះ មានតែគណបក្សប្រជាជនមួយគត់ដែលមានលទ្ធភាពធ្វើកិច្ចការងារនេះ គណបក្ស​ដទៃ​គ្មាន​លទ្ធភាព ដើម្បីនឹងគ្រប់គ្រងនូវស្ថានការណ៍របស់កម្ពុជាទេ។ ប្រទេសមួយចំនួន គេបានឃើញនូវស្ថាន​ភាព​ច្រ​បូក​ច្របល់កាន់តែខ្លំាងទៅៗ រាប់ទំាងប្រទេសមីយ៉ាន់ម៉ា ដែលជាមិត្តក្នុងក្របខណ្ឌអាស៊ានរបស់យើង ត្រួតត្រាស្ទើរតែលែងកើតទៅលើតំបន់មួយចំនួន ដែលមានការបាញ់គ្នាឡើងវិញ រវាងកងទ័ពរដ្ឋាភិបាល និង កុលសម្ព័ន្ធត្រួតត្រា។ ឥឡូវបញ្ហាបាន និងកំពុងលេចឡើងធ្វើអោយយើងឈឺក្បាលក្នុងក្របខណ្ឌផ្ទៃក្នុងគ្នាឯង លើបញ្ហាបង់កាលី (Bengali) ឬរ៉ូហេនយ៉ា កំពុងតែជាចំណោទ។

សូម្បីតែ IPAA ប្រជុំនៅហ្វីលីពីននេះ ក៏កំពុងតែត្រូវលើកឡើងជាចំណោទ​ នៅទីនោះរួចស្រេចទៅហើយ។ សភា​អាចនឹងស្នើសុំយោបល់ពីសំណាក់រាជរដ្ឋាភិបាល តើជំហររបស់យើងចំពោះបញ្ហានៅមីយ៉ាន់ម៉ា​យ៉ាងម៉េច​ដែរ លើបញ្ហាជនជាតិភាគតិចរ៉ូហេនយ៉ា ឬហៅថាបង់កាលីនេះ។ ឥឡូវ ក្រៅពីការងារធំៗទំាងពីរ ដែលមិន​អាច​ផ្តាច់​ចេញពីគ្នាបាន គឺសន្តិភាព និងការអភិវឌ្ឍ។ ខ្ញុំបញ្ជាក់ឡើងវិញ គ្មានសន្តិភាព មិនអាចមានការអភិវឌ្ឍទេ ហើយបើគ្មានការអភិវឌ្ឍ ទុកអោយភាពក្រីក្ររ៉ាំរ៉ៃៗសន្តិភាពនេះក៏មិនអាចធានាបានដែរ។

ការងារទី ១៖ រក្សាសន្តិភាព​ ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម

ដើម្បីរក្សាបានចំណុចនោះ ហើយក្នុងទិសដៅដោះស្រាយបញ្ហាប្រឈមរបស់កម្មករ។ ដំបូងបំផុត យើងត្រូវ​រួម​គ្នា ដើម្បីរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ដើម្បីសុវត្តិភាព និងស្ថេរភាពការ​ងារ​។ នៅគ្រប់រោងចក្រ សហគ្រាសទំាងអស់ ត្រូវរួមគ្នារក្សាស្ថេរភាពនយោបាយ រួមគ្នារក្សានូវសន្តិសុខ សណ្តាប់​ធ្នាប់សង្គម ដើម្បីសុវត្តិភាពការងារ។ ក្មួយៗមិនត្រូវទុកអោយមានចលាចលណាមួយកើតឡើងក្នុង​តំបន់​រោងចក្ររបស់ខ្លួនទេ។ ដូចជាចុងឆ្នំា ២០១៣ និងដើមឆ្នំា ២០១៤ ផ្លូវវេងស្រេងនេះ គឺជាតំបន់ក្តៅ។ តើ​អ្នកណាជាអ្នកផ្តួចផ្តើមគំនិត? ឥឡូវអ្នកដែលយកនំប៉័ងមកចែកនេះ បានទៅអាមេរិក ហើយពីម្សិលមិញ​ចូល​ទៅ​​កាណាដាដោយអត់មានវីសាទៀត។ គេបានរត់ចេញពីទីក្រុងភ្នំពេញឆ្លងព្រំដែននៅកំរៀងនៅម៉ោង ៥៖២០ នាទី ទៅដល់បាងកកឡើងយន្តហោះពីបាងកក ទៅកូរ៉េខាងត្បូង ចេញពីកូរ៉េខាងត្បូងទៅដល់អាមេរិក។ ឥឡូវ Passport មានពីរ Passport អ្នកការទូតមួយ Passport ប្រជាជនមួយ។ គេចូលទៅកាណាដាអត់មានវីសា ត្រ​ឡប់មកអាមេរិកវិញ។ រឿងបានលេចហើយ។ កន្ទុយរបស់អ្នកឯងបានលេចចេញមកហើយ …។

ពេលនោះកម្មកររបស់យើងមានប៉ុន្មានទៅដែលធ្វើបាតុកម្មពិតប្រាកដ អ្នកណាដែលធ្វើបាតុកម្មទាមទារ​ប្រាក់​ខែ ឬទាមទារលក្ខខណ្ឌការងារនៅម៉ោង ២ ភ្លឺ? វាមិនមែន។ ហិង្សាពិតប្រាកដនៅទីនេះ ហើយថាបាត់ខ្លួន​មនុស្ស។ អញ្ចឹងដើម្បីរកមនុស្សដែលបាត់ខ្លួន វាទាល់តែនំាមេបាតុកម្មយកមកសួរចម្លើយ។ ប្រមូលមេបាតុកម្ម​ទំាង​ឡាយមកសួរចម្លើយ ទើបដឹងថាមនុស្សបាត់ខ្លួនទៅណា ព្រោះបើដូចមកអញ្ចឹងសុទ្ធ​តែមានកាត​ពាក់​ទំាង​អស់​។ ប៉ុន្តែពេលនោះកម្មករមួយចំនួនមិនព្រមទៅចូលរួមបាតុកម្ម ទៅទំលាយទ្វារគេ ទំលាយពីភ្នំពេញ​មិន​អស់​ចិត្ត ទៅទំលាយនៅស្វាយរៀងទៀត។ អញ្ចឹងទេ រឿងទំាងអស់នេះ មិនអាចអោយមានចលាចលកើតឡើង ដែលជាការបាត់បង់ការងារ និងខ្វះសុវត្ថិភាពការងាររបស់យើងនោះទេ មិនត្រូវទុកអោយរោងចក្ររបស់យើង​ពោរ​ពេញទៅដោយបងតូចបងធំ និងពួកក្រុមញៀនគ្រឿងញៀន ដើម្បីបង្កការរំខានទៅដល់ការងាររបស់ក្មួយៗ​នោះ​ទេ។ ត្រូវរួមគ្នានៅក្នុងក្របខណ្ឌកម្មករ កម្មការិនីគ្នាឯង នៅក្នុងក្របខណ្ឌនៃទំនាក់ទំនងរវាងម្ចាស់រោង​ចក្រ​ជា​មួយកម្មករ កម្មការិនី ដើម្បីស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម វាក៏ជាការធានានូវ​សុវត្ថិ​ភាព និងស្ថេរភាពការងាររបស់ក្មួយៗដែរ។

ការងារទី ២៖ រួមគ្នា ការពារ រក្សាការងារ និងបង្កើតការងារ/បៀវត្សអប្បបរមាឡើងរាល់ឆ្នាំ

សម្រាប់ការងារទី ២ គឺរួមគ្នា ការពារ រក្សាការងារ និងបង្កើតការងារ។ ចំណុចនេះវាមានសារៈសំខាន់ខ្លាំង​ណាស់។ ការងារដែលយើងមានរួចមកហើយ ត្រូវរក្សាការងារនេះឲ្យបាន កុំឲ្យរបូតចេញពីដៃរបស់យើង តាម​រយៈ​ការញុះញង់របស់អ្នកដទៃ ឬតាមរយៈការបំផ្លាញរបស់អ្នកដទៃ។ ការងារនេះវាច្បាស់ជាត្រូវមានការកែលំអ​ជាបន្ត​បន្ទាប់ទៅទៀត។ ប្រៀបធៀបទៅនឹងរយៈពេលមុន និងរយៈពេលក្រោយ យើងបានកែលំអច្រើនណាស់ យើងត្រូវបន្តរក្សាការងារចាស់ ដែលយើងបាន និងកំពុងមាន ហើយអភិវឌ្ឍ ដែលប្រាក់ឈ្នួលត្រូវឡើងជា​រៀង​រាល់ឆ្នាំ។ យើងនឹងបញ្ចប់ការធ្វើច្បាប់ ស្តីពីប្រាក់ឈ្នួលអប្បបរមា មានន័យថាម៉េច? មានន័យថា ឈ្នួលត្រូវតែ​ឡើង​ជារៀងរាល់ឆ្នាំ អប្បបរមា។ ខ្ញុំនិយាយត្រង់នេះ រាជរដ្ឋាភិបាលត្រួតពិនិត្យតែប្រាក់បៀវត្សអប្បបរមា​តែ​ប៉ុណ្ណោះ។ អ្នកណាផ្តល់ប្រាក់បៀវត្សរ៍ក្រោមអប្បបរមា ដូចជាឥឡូវ ១៥៣ បើអ្នកឯងឲ្យ ១៥២ គឺខុសច្បាប់ ប៉ុន្តែបើអ្នកឯងឲ្យ ២០០ គឺត្រូវច្បាប់។ សូមឲ្យៗច្រើនទៅ មានក្មួយម្នាក់មិញថាបានដល់ទៅ ១៧០ ដុល្លារ។ មានរោងចក្រខ្លះគេឲ្យខ្ពស់ណាស់ទៅហើយ។ រាជរដ្ឋាភិបាលត្រួតពិ​និត្យតែបាតខាងក្រោម មិនមែនជាពិដានទេ ត្រួតពិនិត្យបាត។ បាតហ្នឹង ១៥៣ បើឲ្យក្រោម ១៥៣ ខុសច្បាប់ តែបើឲ្យលើ ១៥៣ ត្រូវច្បាប់ទាំងអស់ ហើយលើកទឹកចិត្តឲ្យ ឲ្យតែឲ្យ។ បើមិនឲ្យជាប្រាក់អាហ្នឹង ឲ្យជាប្រាក់ដទៃផ្សេងទៀត ក៏ខ្ញុំសូមអបអរសាទរ។

ទាក់ទាញវិនិយោគ បើកទីផ្សារក្រៅប្រទេស ដើម្បីបង្កើតការងារ សម្រាប់ជាន់ក្រោយ

ការងារថ្មីក៏ត្រូវតែបង្កើត។ ឥឡូវអាល្អិតៗកើតឡើង ថ្ងៃក្រោយវាត្រូវការធ្វើការ ហើយអ្នកដែលមានកូនឥឡូវនេះ អ្នកខ្លះក៏មានកូនអាយុ ១០ ឆ្នាំ ថ្ងៃក្រោយទៅ វាក៏ត្រូវមានការងារធ្វើ រកការងារឲ្យវាធ្វើ។ ម្យ៉ាងទៀត ក្មួយៗ​ក្រៅ​ពី​មានការងារធ្វើខ្លួនឯង ត្រូវសល់ប្អូន នៅសល់ក្មួយ នៅសល់សាច់ញាតិ ដែលនៅមិនទាន់មានការងារធ្វើ។ យើង​ក៏ត្រូវទាក់ទាញវិនិយោគពីក្រៅប្រទេសឲ្យមកបន្ថែមទៀត ដើម្បីឲ្យមានការងារថ្មី។ យើងក៏ត្រូវចលនា​បើក​ទី​ផ្សារនៅក្នុងប្រទេសដទៃទៀត ដើម្បីការនាំចេញទៅនូវផលិតផលរបស់កម្ពុជា​។ ម្សិលម្ង៉ៃ ខ្ញុំនៅឯ ណាននីង ឯ​ណោះទេ។ គោលដៅរបស់ខ្ញុំទៅពិព័រណ៍ពាណិជ្ជកម្មអាស៊ាន-ចិន នៅទីក្រុងណាននីង ប្រទេសចិន។ គោល​ដៅ​ធំជាងគេ គឺបើកទីផ្សារកម្ពុជានាំទំនិញចូលទៅកាន់ប្រទេសចិន។ ទំនិញរបស់កម្ពុជាចូលទៅកាន់ប្រទេស​ចិន​កាន់តែច្រើនទៅៗ។ មិនមែនគ្រាន់តែជាបញ្ហាសម្លៀកបំពាក់ដាច់ដោយឡែក យើងត្រូវមានជ័រកៅស៊ូ យើង​ត្រូវមានម្រេច យើងត្រូវមានពោត មានដំឡូងមី ត្រូវមានផលិតផលនេះ ផលិតផលនោះ ត្រូវមានច្រើនណាស់។ ប្រទេសមួយមិនអាចពឹងពាក់ទៅលើមួយមុខបានទេ ត្រូវមានច្រើនមុខទំនិញ។

ការងារទី ៣៖ រួមគ្នាបង្កើនប្រាក់ចំណូល និងបង្កើនការចេះដឹង/ថៅកែ និងកម្មករចំណងទាក់ទងគ្នាបេះមិនដាច់

ចំណុចទី ៣ យើងត្រូវរួមគ្នាបង្កើនប្រាក់ចំណូល និងបង្កើនការចេះដឹង។ បង្កើនប្រាក់ចំណូលមានន័យថាម៉េច? មានន័យថា កម្មករ កម្មការិនីរបស់យើង ត្រូវបានតម្លើងបៀវត្សជារៀងរាល់ឆ្នាំ ត្រូវបានបង្កើននូវប្រាក់អត្ថប្រ យោជន៍ជារៀងរាល់ឆ្នាំ។ ដូចជាឆ្នាំដំបូង ធ្វើការទៀងទាត់ ឆ្នាំទី ២ បាន ២៤ ដុល្លារបន្ថែម។ អាហ្នឹង​អតីត​ភាព។ បន្ទាប់ទៅ ឆ្នាំទីមួយ ២ ដុល្លារមួយខែ ឆ្នាំទីពីរ ១ ដុល្លារមួយខែ ឆ្នាំទីបី ១ ដុល្លារមួយខែទៀត​។ អា​ហ្នឹងហើយដែលជាចំណុចរួមគ្នាបង្កើនប្រាក់ចំណូល។ វាមានប្រាក់បៀវត្សអប្បបរមា មានប្រាក់អតីតភាព ហើយ​មានប្រាក់ស្អីបន្ថែមទៀតនោះ ទៅតាមប្រាក់ចំណេញរបស់រោងចក្រ។ កុំភ្លេចថា ថៅកែ និងកម្មករ​មានចំ​ណង​ទាក់ទងគ្នា បេះមិនដាច់ទេ។ ថៅកែត្រូវគិតថា បើខ្លួនជាថៅកែ ប៉ុន្តែអត់កម្មករ មានន័យថា ខ្លួនឯង​គឺជា​កម្មករ ព្រោះមានតែម្នាក់ឯង ធ្វើកម្មករខ្លួនឯង អត់មានឈ្មោះថាថៅកែ បានទេ។ ឯកម្មករបើអត់មានរោងចក្រ គឺមានន័យថា បើខ្លួនកាន់ចប មិនមែនបានសេចក្តីថាកម្មករទេ។ បើខ្លួនកាន់នង្គ័ល ឬកាន់កណ្តៀវ អ្វីដែលជា​ឧប​​ករណ៍​កសិកម្ម គឺខ្លួនជាកសិករ មិនមែនជាកម្មករទេ។ អញ្ចឹង រួមគ្នាដើម្បីបង្កើននូវប្រាក់ចំណូល តែសុំអំពាវ​នាវ​ឲ្យកម្មករ កម្មការិនីរបស់យើង បង្កើននូវការចេះដឹងកាន់តែខ្ពស់ទៅៗ ដើម្បីឲ្យយើងបានទទួលនូវបៀវត្ស នូវ​ប្រាក់​ឈ្នួល នូវប្រាក់កម្រៃផ្សេងៗកាន់តែខ្ពស់ទៅៗ។ នេះជាការចង់បានរបស់យើងគ្រប់គ្នា ដែលមិនត្រូវឲ្យអ្នក​ណាមកបំផ្លាញនូវប្រាក់ ដែលយើងបាន និងកំពុងមាន​។ វាដូចបានខ្ញុំនិយាយអញ្ចឹង វាមិនគ្រប់ទេមនុស្ស សូម្បី​តែ Bill Gates ដែលជាអ្នកមានជាងគេនៅលើលោក ក៏ Bill Gates មិនទាន់គ្រប់គ្រាន់ទេ …។

ប្រាក់បៀវត្សរ៍ចាប់ពី ១ លានឡើងទៅ ទើបជាប់ពន្ធ

តាមរយៈនោះ រដ្ឋមិនយកពន្ធទៅលើប្រាក់បៀវត្សរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្មករ កម្មការិនីដែលមានប្រាក់ចំណូលត្រឹម ១ លានរៀល។ ហើយយើងនឹងពិនិត្យមើលបញ្ហាដទៃទៀត តាម​ច្បាប់​​ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់យើង។ ចំណុចនេះគឺជាចំណុចដែលយើងគិតទៅលើសុខទុក្ខរបស់កម្មករ បុគ្គលិករដ្ឋ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ដែលបៀវត្សត្រឹម ១ លានរៀល មិនត្រូវជាប់ពន្ធនោះទេ។ ប៉ុន្តែសូមបញ្ជាក់ តិច​ក្មួយៗខ្លះដែលមានប្រាក់ចំណូលសរុបឡើងជាង ១ លាន គិតស្មានតែគេយកពន្ធ។ អត់ទេ គេមិនយកពន្ធ ១៥៣ ដុល្លារ។ ប្រាក់ដែលត្រូវជាប់ពន្ធទៅដល់ ២៥០ ដុល្លារ អញ្ចឹងស្មើនឹងមួយលានរៀល។ ប៉ុន្តែប្រ​យ័ត្ន​ច្រឡំ​ថា បើគង់តែលើមួយលានជាប់ពន្ធ អញ្ចឹងយើងយកតែត្រឹមមួយលាន ឬក៏យក ៩ សែន ៩ ៩.៩៩៩ រៀល ដើម្បី​កុំ​ឲ្យ​ជាប់​ពន្ធ។ ខុសហើយ។ ពន្ធដែលគេយក បើយើងមានប្រាក់បៀវត្ស មួយលាន ១ ម៉ឺន មួយលាន​គេដក​​ចេញ យកមួយម៉ឺនមកគិតប៉ុន្មានភាគរយតែប៉ុណ្ណឹង ឯមួយលានគេអត់យកទេ កាត់ចេញតែម្តង។

ឆ្នាំ ២០១៨ ថ្លៃជួលផ្ទះមិនត្រូវបានតម្លើង ១ ឆ្នាំ ដើម្បីដឹងពីចំណូលពិតប្រាកដរបស់កម្មករ

ក្រៅពីនោះ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ទៅលើការដោះស្រាយថ្លៃទឹក ថ្លៃភ្លើង។ ឥឡូវម្ចាស់ជួលផ្ទះ ភាគច្រើនហើយបានទទួលយកនូវសំណូមពររបស់ខ្ញុំ គឺមិនតម្លើងថ្លៃជួលផ្ទះរយៈពេល ១ ឆ្នាំ ឆ្នាំ ២០១៨។ តម្លៃឈ្នួលដែលពួកគាត់ធ្លាប់យកពីក្មួយៗនៅឆ្នាំ ២០១៧ មិនត្រូវបានតម្លើងថ្លៃនៅឆ្នាំ ២០១៨ ទេ ចាំឆ្នាំ ២០១៩។ ខ្ញុំចង់ដឹងមើលថា បន្ទាប់ពីការអនុវត្ត នៃការមិនតម្លើងថ្លៃផ្ទះក្នុងរយៈពេលមួយឆ្នាំនេះ តើចំណូល​ពិត​ប្រា​កដរបស់កម្មករម្នាក់ៗ វាមានចំនួនប៉ុន្មាន?​ ទាបបំផុតប៉ុន្មាន។ ខ្ពស់បំផុតប៉ុន្មាន?​ ហើយម​ធ្យម​ប៉ុន្មាន?​។ ទឹក ដែលក្មួយៗធ្លាប់ប្រើ ១.២០០ រៀល ឥឡូវបង់តែ ៦០០ រៀល។ តែខ្ញុំក៏សូមអំពាវនា​វឲ្យបន្ត​ការខិត​ខំត​ទៅ​ទៀត។ តំបន់ខ្លះ ទឹកក៏ទៅមិនទាន់ដល់ ភ្លើងក៏ទៅមិនទាន់ដល់ នៅប្រើប្រាស់អគ្គិសនីរបស់ឯកជន​នៅឡើយ​ទេ។

ការងារទី ៤៖ គាំពារសង្គម លក្ខខណ្ឌការងារ និងសុវត្ថិភាពការងារ/កម្មការិនីពោះធំចេញមុនម៉ោង ១៥ នាទី

ឯការងារនេះផ្តោតទៅលើការងារគាំពារសង្គម លក្ខខណ្ឌការងារ សុវត្ថិភាពការងារ។ ដំបូង ខ្ញុំចង់និយាយ សំ​ណូមពរសិន ខ្ញុំសំណូមពរម្ចាស់រោងចក្រទាំងអស់នៅទូទាំងប្រទេស អនុញ្ញាតឲ្យកម្មការិនីដែលមានផ្ទៃពោះ​ចេញ​មុន​ម៉ោង​យ៉ាងតិច ១៥ នាទី។ នៅសួនវឌ្ឍនៈ ២ ខ្ញុំពិតជាមានការរំភើបក្នុងចិត្តណាស់ ដែលនៅក្នុងប័ណ្ណ​គេដាក់ប័ណ្ណសម្រាប់អ្នកមានផ្ទៃពោះ ដែល(ឲ្យ)ចេញមុន ១៥ នាទី ពេលដែលខ្ញុំដើរចែកថវិកា។ ប៉ុន្តែថ្ងៃមុន​ខ្ញុំមក​កន្លែងហ្នឹងដែរ មានរោងចក្រខ្លះបាន ៥ នាទី រោងចក្រខ្លះបាន ១០ នាទី។ ឥឡូវខ្ញុំសូមស្នើដោយទទូច ចំពោះម្ចាស់រោងចក្រទាំងឡាយ មេត្តាអនុញ្ញាតឲ្យក្មួយៗ ដែលមានផ្ទៃពោះបានចេញមុនយ៉ាងតិច ១៥ នាទី។ មាន​រោងចក្រមួយ ថ្ងៃមុនគាត់ថាចេញដល់ជិត ៣០ នាទីនោះ។ ឥឡូវខ្ញុំស្នើថា ឲ្យចេញមុនតិចបំផុត ១៥ នាទី ប៉ុន្តែ​បើរោងចក្រខ្លះចិត្តធម៌ ឲ្យ ២០ នាទី ឬ ៣០ នាទី កាន់តែអរ។ ប៉ុន្តែ ខ្ញុំស្នើសុំព្រោះនេះ ជាកិច្ចការអាទិភាព លើ​អា​ទិភាព ព្រោះមនុស្សម្នាក់ជីវិត ២ ។ ៥ នាទីទៅមុន ដើរទ្រេត ទ្រត អ្នកមកក្រោយគេលឿងជាង ទៅបុក​គ្នា​នៅខាងមុខ។ បើអញ្ចឹង ១៥ នាទី ល្មមហើយ។ អញ្ចឹងពី ៥ នាទី ទៅកាន់ ១៥ នាទី ខ្ញុំគិតថាល្មម។ អញ្ចឹង សុំឲ្យ​ឯកឧត្តម អ៊ិត សំហេង ធ្វើការចរចាជាមួយនឹងម្ចាស់រោងចក្រ ដើម្បីអនុវត្តការងារនេះ ហើយសម្រាប់​(ចេញ​កាត)​ព្យួរក ហ្នឹងជាការធានាមួយសម្រាប់ក្មួយៗ។

កម្មករ និងកម្មការិនីមិនត្រូវបង់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពទៀតទេ

សុំបញ្ជាក់ថា កាលពីពេលកន្លងទៅ សម្រាប់របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព កម្មករ កម្មការិនីបង់ ៥០ ភាគរយ នយោជក់ បង់ ៥០ ភាគរយ។ ឥឡូវចាប់ពីខែមករា ឆ្នាំ ២០១៨ ទៅ ក្មួយៗជាកម្មករ និងកម្មការិនី មិនត្រូវបង់ទៀតទេ ដោយម្ចាស់រោងចក្រជាអ្នកបង់ជួសតែម្តង។ ដូច្នេះ កម្មករ កម្មការិនីរបស់យើង នឹងបាន​ទទួល​នូវប្រាក់ចំណេញបន្ថែមទៀតក្នុងមួយខែ ក្នុងចន្លោះពី ៨ ពាន់ ទៅ ១ ម៉ឺន ៣ ពាន់រៀល ក្នុងមួយខែ។ ដូច្នេះ​គិតទៅវាច្រើនដែរ បើយើងគិតតែ ៨ ពាន់រៀលក្នុងមួយខែ, ១២ ខែ វាឡើងទៅដល់ ៩ ម៉ឺន ៦ពាន់រៀល។ និយោជកជាអ្នកបង់ជូន។ នេះជាការទទួលបានរបស់ក្មួយៗ។

មករា ២០១៨ ពិនិត្យព្យាបាលឥតគិតថ្លៃតាមមន្ទីរពេទ្យរដ្ឋ

ចាប់ពីខែមករា ២០១៨ តទៅ កម្មករ គ្រប់ផ្នែកទាំងអស់ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ គឺនឹងត្រូវ​ទទួល​ការព្យា​បាល​ពិនិត្យដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់ ដោយរដ្ឋជាអ្នកបង់ថ្លៃជំនួសតាម​រយៈមូលនិធិ​សម​ធម៌​ដែលបានអនុវត្តជាង ៣ លាននាក់ រួចមកហើយ។ ឥឡូវ យើងបន្ថែមកម្មករ កម្មការិនីរបស់យើងចំនួន ប្រមាណជាង ១ លាន ២ សែននាក់បន្ថែមទៀត​។ មិនមែនគ្រាន់តែកម្មករក្នុងវិស័យកាត់ដេរទេ កម្មករក្នុង​វិស័យ​ផ្សេងៗ ដូចជាកសិកម្ម កម្មករសំណង់ កម្មករតាមសណ្ឋាគារ និងតាមកន្លែងផ្សេងៗ រាប់ទាំងអ្នកដែល​បើកបរ ដែលមានច្បាប់ត្រឹមត្រូវ ដូចជាគ្នាបើករថយន្តធុនធ្ងន់ ដឹកចេញពីរោងចក្រទៅកំពង់ផែជាដើម ស្ថិតនៅ​ក្នុង​ក្រុមហ៊ុនដឹកជញ្ជូន ត្រូវទទួលបានសេវាពិនិត្យ និងព្យាបាលសុខភាពដោយអត់យកប្រាក់។

កម្មការិនីឆ្លងទន្លេ សម្រាកមានបៀវត្ស ៣ ខែ/ពិនិត្យផ្ទៃពោះឥតគិតថ្លៃ និងទទួលប្រាក់ឧបត្ថម្ភ

សម្រាប់កម្មការិនីឆ្លងទន្លេ ត្រូវបានទទួលការសម្រាក ដោយមានបៀវត្សរយៈពេល ៣ ខែ និងបៀវត្សត្រូវបានស្មើ​ហ្នឹង ១២០ ភាគរយ។ ហើយត្រូវចាំឲ្យបានថា នៅក្នុង ១២០ ភាគរយ នេះ, ៧០ ភាគរយ ចេញដោយ​បេឡា​ជាតិ​សន្តិសុខសង្គម និង ៥០ ភាគរយ ចេញដោយនិយោជក។ កម្មករ មិនថាកម្មករ កម្មការិនីទេ គឺប្រជាជនទូ​ទៅ​ដែលមានផ្ទៃពោះ ត្រូវទទួលបានការពិនិត្យដោយឥតគិតថ្លៃ នៅពេលដែលខ្ញុំប្រកាសដាក់ឲ្យប្រើគោល​នយោ​បាយ​ជាតិគាំពារសង្គម ខ្ញុំបានស្នើឲ្យមានការអនុវត្តមុនគេចំពោះ ស្រ្តីដែលមានផ្ទៃពោះ។ ឥឡូវស្រ្តីដែល​មាន​ផ្ទៃពោះ និងដែលត្រូវសម្រាលកូន ត្រូវចាប់ផ្តើមពីកម្មករមុនគេ ចាប់ពី ០ មកថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៨ តទៅ។ កម្មការិនីឆ្លងទន្លេម្នាក់ ត្រូវបានទទួលសាច់ប្រាក់ ៤០ ម៉ឺនរៀល អាហ្នឹងសម្រាប់កូនមួយ។ ហើយបើ​បាន​កូនភ្លោះ ២ ស្មើនឹង ៨០ ម៉ឺន ហើយបើសិនជាកូនភ្លោះ ៣ ត្រូវបាន ១២០ ម៉ឺន បូកនឹងថវិការបស់​ខ្ញុំ​បន្ថែម​ទៀត​ព្រោះឲ្យតែកូនភ្លោះ ៣ ខ្ញុំជួយទាំងអស់។ ឥឡូវមាន ២១៩ គ្រួសារហើយ ជិត ១.០០០ នាក់ ខ្ញុំបាន​ប្រកាសហើយ ពេលណាមួយខ្ញុំនឹងធ្វើពិធីជួបជុំកូនភ្លោះ ៣ សុទ្ធតែជាកូនខ្ញុំទាំងអស់។ ថ្ងៃហ្នឹងអ្នកដែល​មាន​ផ្ទៃ​ពោះ ពេលដែលខ្ញុំទៅដល់ប្រាប់ថាមានកូនភ្លោះ ព្រោះថ្ងៃហ្នឹងមានដល់ទៅ ៥៨៧ នាក់ …។

កម្មការិនីដែលឆ្លងទន្លេមិនថាកូនរស់ ឬកូនស្លាប់ទេ ទទួលបាននូវសាច់ប្រាក់ដូចគ្នា

ខ្ញុំសូមបញ្ជាក់នៅកន្លែងនេះ ដើម្បីឲ្យច្បាស់ ស្រ្តីដែលឆ្លងទន្លេមិនថាកូនរស់ ឬកូនស្លាប់ទេ ទទួលបាននូវសាច់​ប្រាក់​​ដូច​គ្នា។ នេះជាកម្មវិធីផ្តល់សាច់ប្រាក់ដល់ស្រ្តីឆ្លងទន្លេ ជួនកាលកូនដែលឆ្លងទន្លេហើយក៏រស់ ប៉ុន្តែ ក៏​​មាន​ករណី កូនដែលឆ្លងទន្លេហើយក៏វាមិននៅ។ អញ្ចឹងក៏ត្រូវទទួលបានប្រាក់ឧបត្ថម្ភដូចគ្នា​ពីសំណាក់បេឡា​ជាតិ​សន្តិ​សុខ​សង្គម ដែលរាជរដ្ឋាភិបាលជាអ្នកផ្តល់ប្រាក់មកកន្លែងនេះ។ នេះជាការរ៉ាប់រងរបស់រាជរដ្ឋាភិបាល ហើយខ្ញុំក៏កំពុងពិនិត្យមើល តើយើងអនុវត្តនៅទូទាំងប្រទេស បានដល់កម្រិតណា? ព្រោះបើយើងពិនិត្យ​ក្នុង​កម្មករ គឺ ១ ឆ្នាំ ១០ លានដុល្លារ ចាយមិនអស់ផង។ ដោយសារអី? កម្មករបច្ចុប្បន្ននៅក្នុង​​ចំណោម​កម្មករ​ក្នុង​ប្រ​ព័ន្ធ​ប្រមាណ ៩០ ម៉ឺននាក់ គិតអត្រា ២,៧ ភាគរយ។ ចំនួនអ្នកដែលមានផ្ទៃពោះ ដែលត្រូវឆ្លងទន្លេ មាន​ត្រឹម​តែ ២ ម៉ឺន ៤ ពាន់នាក់​ តែប៉ុណ្ណោះ។ បើសម្រាប់កម្មករ កម្មការិនី នៅក្រៅប្រព័ន្ធចំនួន ២ លាន ៤ សែន​នាក់ គិតអត្រា ២,៧ ភាគរយ។ អញ្ចឹងចំនួនត្រឹមតែ ៦ ម៉ឺន ៥ ពាន់នាក់ ដូច្នេះ បើទូទាំងប្រទេស ខ្ញុំគិត​ថា​មួយ​​ឆ្នាំ​កើនប្រហែល ៣០ ម៉ឺន។

ខ្ញុំនឹងពិភាក្សាបញ្ហានេះជាមួយនឹងការរៀបចំថវិកា ក៏ប៉ុន្តែ ចាប់ផ្តើមចេញ​ដំណើរ​មុន​គេ គឺទៅលើកម្មការិ​នី​​តែម្តង។ អញ្ចឹងក្មួយៗនៅទីនេះ ថ្ងៃនេះជួបពូ ទទួលបានមួយសា ប៉ុន្តែ ក្មួយខ្លះឆ្លងទន្លេដល់ថ្ងៃ ០១ ខែ មករា ឆ្នាំ ២០១៨ នឹងបានទទួលមួយសាទៀតនោះ។ ប៉ុន្តែ ឥឡូវធ្វើម៉េចវាផុតទៅហើយ ចាំអាកូនក្រោយ។ សង្ឃឹម​ថា បុរសៗអត់ច្រណែនទេ ហើយម្យ៉ាងទៀតក្មួយៗដែលជានារី ដែលមិនទាន់មានស្វាមី មិនទាន់មានកូន ក៏មិន​ច្រ​ណែនដែរ ព្រោះនេះពាក្យខ្មែរថាឆ្លងទន្លេ គឺពិបាក។ ហើយយើងកំពុងយកចិត្តទុកដាក់ទៅលើបញ្ហា​កាត់​បន្ថយ​អត្រាស្លាប់មាតា និងទារក ហើយសុំអំពាវនាវឲ្យមានការពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់។

សុំបណ្តារោងចក្របន្តពង្រីកគិលានដ្ឋាន កន្លែងហូបបាយ និងទារកដ្ឋាន

ក្នុងចំណុចនេះ ខ្ញុំគួរតែធ្វើការថ្លែងនូវការកោតសរសើរជាមួយរោងចក្រសហគ្រាស មកដល់ពេលនេះតួលេខ បានបង្ហាញថា រោងចក្រសហគ្រាស ៨៨ ភាគរយ មានគិលានដ្ឋាន បានសេចក្តីថាមានកន្លែងពេទ្យ, ៣៣ ភាគ​រយ មានកន្លែងហូបបាយ, ២១ ភាគរយ មានកន្លែងបំបៅកូន និង ២៨ ភាគរយ មានទារកដ្ឋាន។ សុំ​បណ្តា​រោង​ចក្របន្ត ការពង្រីកបន្តទៅទៀតនូវអ្វីដែលជាសេចក្តីត្រូវការរបស់កម្មករ គឺទាក់ទងនឹងពេទ្យ។ យើងមាន ៨៨ ភាគរយ រួចមកហើយ នៅសល់រោងចក្រ ១២ ភាគរយ ទៀត ដែលត្រូវរៀបចំ។ កន្លែងមួយចំនួន​មាន​កន្លែង​បាយ​ហើយ ត្រូវរៀបចំឲ្យមានកន្លែងបាយសមរម្យ ប៉ុន្តែ នៅតំបន់នេះ មានហាងបាយនៅក្រៅ ដូច្នេះ វាជិតៗ​ហ្នឹង ក៏វាម៉្យាងដែរ។ ថ្ងៃនេះ ខ្ញុំមិនដឹងថាតើខ្ញុំត្រូវទទួលទានអាហារឬអត់? ប៉ុន្តែ វាស៊ីសងត្រង់ថា ដើរទៅឃើញ​ថា​វា​ទំនង ​… ថ្ងៃមុនខ្ញុំញ៉ាំនៅសួនកាណាឌីយ៉ា។ ទៅដល់ផ្ទះអត់ចាំបាច់ទទួលទានទៀត ព្រោះវាឆ្ងាញ់ពេក។ ចេះ​គេវេចបាយពីផ្ទះ ហើយអង្ករគេឆ្ងាញ់ ជាមួយនឹងត្រីប្រឡាក់អស់ ១ កញ្ចប់។ មានអី បាយដូចតែគ្នាហ្នឹង ខ្ញុំ​ទៅ​ផ្ទះ គង់តែបាយដែរ។

របបឈប់សម្រាករបស់កម្មករ កម្មការិនីត្រូវបានអនុវត្តឲ្យបានត្រឹមត្រូវ ជាពិសេសក្នុងពេលសម្រាលកូន។ នៅក្នុងដំណាក់កាលមានផ្ទៃពោះ ក៏ត្រូវទទួលបានការពិនិត្យពិច្ច័យ យ៉ាងហោចក្នុងហ្នឹង ចេញទៅមុនបាន ១៥ នាទី។ ខ្ញុំសុំតែម្តង នេះមិនមែនសហជីពជាអ្នកសុំទេ នាយករដ្ឋមន្រ្តីសុំពីម្ចាស់រោងចក្រតែម្តង ដើម្បីសុំជូនចំ​ពោះ​កម្មការិនី។ មិនមែនគ្រាន់តែជាបញ្ហារបស់កម្មការិនីនៅទីនេះទេ ស្វាមី ឪពុកម្តាយ បងប្អូន ក៏សុទ្ធតែត្រេក​អរ​ជាមួយនឹងការស្នើសុំនេះ។ សាច់ប្រាក់ដែលនឹងទទួលបាន បន្ទាប់ពីឆ្លងទន្លេ ស្វាមី និងក្រុមគ្រួសារ ក៏សុទ្ធ​តែ​អបអរសាទរដែរ។ នេះមិនមែនជាសុខភាព គេហៅថា Obama’s Care ទេ អានេះ ហ៊ុន សែន Care ហើយ​ធ្វើ​តែម្តង អត់មានទៅចាំបោះឆ្នោតអនុម័តស្អីទេ ព្រោះច្បាប់ថវិកាតម្រូវឲ្យយើងធ្វើបែបនេះ វាបង្កើនចំណាយ​ផ្នែក​សង្គម​កិច្ច ផ្នែកសុខាភិបាល គ្មានអ្វីត្រូវខុសទេ។

កម្មករជិះរថយន្តក្រុងឥតគិតថ្លៃ ២ ឆ្នាំ

ក៏សុំប្រកាសជាថ្មីម្តងទៀត កម្មករ កម្មការិនីទាំងអស់ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ធ្វើដំណើរដោយរថយន្ត​ក្រុង​ដោយ​មិនចាំបាច់​បង់ប្រាក់​រយៈពេល ២ ឆ្នាំ។ ឥឡវ ខ្ញុំនិយាយអញ្ចេះ យ៉ាងតិច ២ ឆ្នាំ។ ពាក្យថា​យ៉ាងតិច ២ ឆ្នាំ យើងនឹងពិនិត្យអាចតម្លើង​បន្តទៀត។ រៀបចំផ្លូវបន្ថែម រៀបចំឡានក្រុងបន្ថែម ហើយឆ្ពោះ​ទៅ​តំបន់​ទីតាំង​កម្មករ។ ក៏ប៉ុន្តែ សូមជម្រាបក្មួយៗ​ មិនចាំបាច់ក្មួយៗមកកន្លែងធ្វើការទេ ក្មួយៗចង់ជិះលេង ក៏មិន​ចាំបាច់​បង់​លុយ​ដែរ ឲ្យតែដាក់កាតហ្នឹងទៅ។ ទៅជួបម្តាយក្មេក ទៅជួបសង្សារក៏មិនចាំបាច់បង់ទេ។ ជួនកាល មេឃភ្លៀង បណ្ដើរ​សង្សារដើរលេងមិនកើត​ ឡើងជិះឡានក្រុង សាសងគ្នាលើឡានក្រុង គ្មានទាស់ខុសអីទេ​ និយាយ​អញ្ចឹងថា មកប្រដៅក្មេងអោយខូច អត់ទេ! មិនបាច់ប្រដៅទេក្មេងនោះ វាចេះលើសយើងទៀត។

ការងារទី ៥ ជួយពលករធ្វើការ និងរស់នៅក្រៅប្រទេស ឲ្យស្របច្បាប់ និងទទួលបានផលប្រយោជន៍

កិច្ចការទី ៥ យើងបន្តការខិតខំដើម្បីជួយពលកររបស់យើងដែលនៅក្រៅប្រទេស ជាពិសេសនៅប្រទេស​ថៃ ពី​ស្ថានភាពមិនស្របច្បាប់ទៅជាស្ថានភាពស្របច្បាប់ និងទទួលបានផលប្រយោជន៍ដូចកម្មករថៃដែរ។ ​សូម​ក្មួយ​ៗ​នៅ​ប្រទេសថៃស្ដាប់អោយបាន បើគ្មានរាជរដ្ឋាភិបាល(ខ្មែរ)ចរចាជាមួយរាជរដ្ឋាភិបាលថៃទេ ក្មួយ​ៗ​មិន​អាច​រស់​នៅ​​​​ស្រុកគេបានទេ។ ត្រូវគេចាប់បញ្ជូនត្រឡប់មកវិញ ហើយថែមទាំងត្រូវគេ​កាត់ទោសជាប់​គុក​ថែម​ទៀត។ ក៏​ប៉ុន្តែរាជរដ្ឋាភិបាលប្រឹងណាស់។ ឥឡូវ កំពុងមានក្រុមការងារធ្វើយុទ្ធនាការចែកលិខិតឆ្លងដែន និង​បន្ត​ធ្វើយ៉ាងម៉េចឲ្យ​ស្របច្បាប់។ ពេលនាយករដ្ឋមន្ត្រីថៃមកទស្សនកិច្ចនៅទីនេះ ខ្ញុំបានស្នើសុំគេអោយបន្តការ​យោគយល់​ដល់​កម្មករ កម្មការិនីកម្ពុជា ដែលធ្វើការមិនទាន់ស្របច្បាប់ ខិតខំសម្រួលសហការ​គ្នាដើម្បី​អោយ​បាន​ទៅជាស្រប​ច្បាប់។ ឯអ្នកដែលទទួល(ភាព)ស្របច្បាប់ហើយ ត្រូវទទួលការគាំពារពីអាជ្ញាធរថៃ ក្រោម​ច្បាប់​​របស់ថៃ​។ យើងបានចរចារបើកទីផ្សារសម្រាប់បញ្ជូនពលកររបស់យើងទៅកូរ៉េ ជប៉ុន និងទៅប្រទេស​ដទៃ​ទៀត។ ​ មិនមែនមានតែកម្ពុជាទេ ដែលបញ្ជូនពលករទៅក្រៅប្រទេស។ ថៃខ្លួនឯង ដែលកំពុងខ្វះពលកម្ម​បាន​បញ្ជូនពលករទៅធ្វើការនៅកូរ៉េខាងត្បូង ទៅតៃវ៉ាន់ អារ៉ាប៊ីសាអូឌីត ទៅមជ្ឈិមបូព៌ា ដើម្បីទៅរកកន្លែង​ដែល​មាន​ប្រាក់ឈ្នួលខ្ពស់។ ហ្វីលីពីនមានកម្មករជាង ១២ លាននាក់ សម្រាប់បញ្ជូនចេញ រាប់ទាំងនៅកម្ពុជាមាន​ប្រ​មាណជាង ១ ម៉ឺននាក់ ដែលកំពុងធ្វើការនៅកម្ពុជា។ មេដោះរបស់ជនបរទេសដែលធ្វើការនៅកម្ពុជា ភាគ​ច្រើន​ជាហ្វីលីពីនតែម្តង។ មេដោះដែលបម្រើការនៅហុងកុង អ្នកធ្វើបាយទឹកបម្រើការនៅហុងកុង ​ភាគ​ច្រើន​គឺហ្វី​លីពីន។ អញ្ចឹងទេមិនមែនមានតែកម្ពុជាទេ។

ឯនៅក្នុងប្រទេសយើងប្រឹងបង្កើតការងារ​ ដើម្បីអោយបង​ប្អូននៅក្នុងប្រទេស ហើយក៏អាចបងប្អូន​ត្រឡប់​មកពី​ប្រទេសថៃមានការងារធ្វើក្នុងប្រទេស តាមរយៈនៃការ​ដែលយើងអាចរៀបចំនូវតំបន់សេដ្ឋកិច្ចពិសេសរវាងកម្ពុជា និងថៃ។ ពលករកម្ពុជាដែលធ្វើការនៅប្រទេស​ថៃ​ អាចត្រឡប់មកធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេសនៅតាម​ព្រំដែនកម្ពុជាថៃវិញ ដែលវាមានភាពងាយស្រួល​ជាង។

ប្រាក់សោធននិវត្តន៍កម្មករ ចាប់អនុវត្តឆ្នាំ ២០១៩

ម្យ៉ាងទៀត ខ្ញុំក៏សូមបញ្ជាក់ អម្បាញ់​មិញមិន​ទាន់បាន​បញ្ជាក់ កម្មករ កម្មការិនីរបស់យើងចាប់ពីឆ្នាំ ២០១៩​ ទៅក៏មានប្រាក់ចូល​និវត្តដូចគ្នា។ ដើម្បីទទួល​បានប្រាក់​ចូលនិវត្ត ក្មួយៗត្រូវប្រឹងធ្វើការ ដូចពាក្យចាស់​ថា «បើចង់ឆ្ងាញ់អោយរកអន្លក់ បើចង់ស្រណុក​អោយនឿយ​ពី​ក្មេង»។ បើចង់ឆ្ងាញ់ ចេះតែទារឆ្ងាញ់​ ហើយជេររដ្ឋា​ភិបាល តែមិនរកស៊ីខ្លួនឯង ត្រកួនក៏មិនដាំ ស្លឹកគ្រៃក៏ដាំ រួចហើយប្រឹងទាររកឆ្ងាញ់។ ដល់មិនឆ្ងាញ់ជេរ​រដ្ឋា​ភិបាល​។ មិនប្រឹងធ្វើការទេ ចេះតែថាអត់ការងារធ្វើ ហើយចុះស្រែខ្លួនឯងមាន ម៉េចក៏មិនធ្វើ? ការងារ​មួយ​គគោក ម៉េចមិនរកធ្វើ ឬក៏ចាំទាល់តែធ្វើកុង្សីទើបគេហៅថាមានការងារធ្វើ? អញ្ចឹងទេ បានពីដើម សម័យដើម អ្នកណា​លួចលប ទ្រូ សៃយ៉ឺន អាហ្នឹងទោសធ្ងន់។ ទោសធ្ងន់ជាងអាលួចមង ព្រោះលួចមង វាពិបាករក ត្រូវ​ទៅ​ទិញ ឯអាទ្រូ លប សៃយ៉ឺន អាហ្នឹងធ្វើបានខ្លួនឯង វាមិនព្រមធ្វើ ទៅលួចគេ អាហ្នឹងទោសត្រូវធ្ងន់ជាង។

ខ្ញុំបាននិយាយ ហើយសូមបញ្ជាក់សារជាថ្មី ហើយកាប់ថ្មចំណាំទៅ ខ្ញុំនឹងបន្តដើរមើលសមិទ្ធផលដែល​ខ្ញុំ​បាន​កសាង ដែលរួមចំណែកជាមួយនឹងសហការីនៅក្នុងគណបក្សប្រជាជន នៅក្នុងរាជរដ្ឋាភិបាល ចាប់ផ្តើមពីបាត​ដៃ​​ទទេ។ ខ្ញុំចង់​ទៅដល់ទី​កន្លែង​ដែលខ្ញុំបានរួមចំណែកបង្កើតឡើង​នៅលើទឹកដីដ៏កម្សត់នេះ។ ខ្ញុំចង់ទៅដល់​រោងចក្រ ទៅដល់សហគ្រាស​ ដែល​ខ្ញុំផ្តួចផ្តើមដឹកនាំការងារនេះរៀងរហូតមក។ ខ្ញុំមានសិទ្ធិនឹងធ្វើបែបនោះ ហើយខ្ញុំចង់ជួបក្មួយៗរបស់​ខ្ញុំ ដែល​កំពុងធ្វើការ និងទទួលបានប្រាក់ចំណូលពីតំបន់ទាំងអស់ មិនមែន​គ្រាន់​តែ​ក្រុងភ្នំពេញទេ ខ្ញុំធ្វើចប់​ភ្នំពេញ ខ្ញុំនឹងទៅស្វាយរៀង កំពង់សោម ខ្ញុំនឹងទៅកន្លែងណាមានកម្មករ ខ្ញុំនឹង​ទៅគ្រប់​ទីកន្លែង។ ខ្ញុំមាន​លទ្ធភាព និងមានសិទ្ធិធ្វើបែបនេះ យ៉ាងហោចណាស់ អ្វីដែលខ្ញុំបានធ្វើសកម្មភាពក្នុងរង្វង់​ជិត ១ ខែនេះ វាបានទទួលផ្លែផ្កាមួយចំនួនតាមរយៈការជម្រុញ។

សំណួរទី ១ ទៅកាន់អគ្គរដ្ឋទូតអាមេរិក៖ តើសម្តី កឹម សុខា ជាសម្តីត្រឹមត្រូ​វ ឬអត់?

ឥឡូវ ខ្ញុំមិនទាន់និយាយរឿងទេ តែខ្ញុំមានចំណុច ពីរ បី ដែលទាក់ទិនទៅនឹងនយោបាយ ទាំងនយោបាយ​ផ្ទៃ​ក្នុង ទាំងនយោបាយបរទេស។ នេះជាការឆ្លើយតបផ្ទាល់របស់ខ្ញុំចំពោះសហរដ្ឋអាមេរិក​ ដែលបានធ្វើ​មក​ចំពោះ​យើង។ សូមឯកឧត្តម អគ្គរដ្ឋទូតអាមេរិកស្ដាប់ខ្ញុំអោយបានច្បាស់។

ទី ១ ឯកឧត្តមបានប្រកាសថា ការចោទប្រកាន់ទៅលើសហរដ្ឋអាមេរិក គឺជាការចោទប្រកាន់គ្មានភស្តុតាង គ្មាន​មូលដ្ឋានត្រឹមត្រូវ។ ខ្ញុំចង់សួរឯកឧត្តម អោយឆ្លើយបំភ្លឺ «តើសម្តី កឹម សុខា ត្រឹមត្រូវ ឬអត់?»។ ព្រោះ យើង​មិនបានចោទប្រកាន់សហរដ្ឋអាមេរិកទេ ប៉ុន្តែ កឹម សុខា ទេ ដែលបានចោទប្រកាន់សហរដ្ឋអាមេរិក ដែល​​បានណែនាំអំពីវិធីផ្តួលរំលំ ផ្លាស់ប្តូរ តាមរបៀបនៅ យូហ្គោស្លាវី និងស៊ែប៊ី ហើយបញ្ជូនសាស្រ្តាចារ្យមក​អនុ​វត្តនៅកម្ពុជា។ តើមែន ឬមិនមែន? តើ កឹម សុខា ចោទអាមេរិក ឬអាមេរិកចោទ កឹម សុខា? សូមឯកអគ្គ​រដ្ឋ​ទូតអាមេរិកចេញមកធ្វើការបកស្រាយលើរឿងនេះអោយបានច្បាស់។ សម្តី កឹម សុខា ជាសម្តីពិត។ បើ​អញ្ចឹង​​រដ្ឋាភិបាលអាមេរិកតាំងពីជំនាន់ គ្លីតុន ប៊ូស អូបាម៉ា​ និងដូណាល់ ត្រាំម៍ ៤ ប្រធានាធិបតីត្រូវ​ចេញ​មក​បកស្រាយ។ តើបានណែនាំ កឹម សុខា បែបនេះទេ?

ប្រហែលអគ្គរដ្ឋទូតនេះ គ្មានសមត្ថភាព ដើម្បីបកស្រាយទេ តែឯកឧត្តមត្រូវតែច្បាស់យកសម្តី កឹម សុខា​ ទៅ​បញ្ជាក់។ សម្រាប់ច្បាប់របស់កម្ពុជា គឺជាអំពើក្បត់ជាតិ។ សូម្បីតែពាក្យសម្បថមុនពេល​ចូលកាន់​តំណែង​ ត្រូវចូលទៅស្បថនៅមុខមហាស្វេតច្ឆ័ត្រ នៅចំពោះព្រះភ័ក្រ្តព្រះមហាក្សត្រ នៅចំពោះព្រះភ័ក្រ្តសម្តេចមហាសង្ឃ​រាជ​ទាំងពីរគណៈ គឺមិនអោយបរទេសមកបង្គាប់បញ្ជានយោបាយក្នុងប្រទេស ក្រៅប្រទេសរបស់​ខ្លួន​ទេ។ តើ​បគ្គល​ម្នាក់នេះបានទទួលបទបញ្ជាពីអាមេរិកបែបនេះ? ឬក៏ កឹម សុខា និយាយភូត? រឿងរ៉ាវ ដែល​នាំដល់​ការ​ចាប់ កឹម សុខា នៃអំពើក្បត់ជាតិ គឺផ្តើមចេញពីបញ្ហាហ្នឹង។ អញ្ចឹង ឯកឧត្តមមិនអាច​រួចពីការទទួលខុសត្រូវ ទៅ​លើការបកស្រាយទៅលើបញ្ហានេះទេ។ កឹម សុខា ទទួលស្គាល់ខ្លួនឯងទេតើ មានអ្នក​ណាទៅវ៉ៃ​ឲ្យ​និ​យាយ។

ស្រាវជ្រាវជនជាតិអាមេរិក ដែលសង្ស័យធ្វើចារកម្ម មុន និងក្រោយបញ្ហាឆ្នាំ ២០១៣

ខ្លួនធ្លាប់បានណែនាំ លន់ នល់ ឲ្យធ្វើរដ្ឋប្រហារនៅឆ្នាំ ១៩៧០ ទម្លាក់សម្តេចព្រះនរោត្តម សីហនុ ហើយ​ប្រើប្រាស់កម្ពុជាជាទីលានប្រយុទ្ធ ដែលគ្រាប់បែក ២ លាន ៧ សែនតោន ទម្លាក់លើក្បាលកម្ពុជា។ បងប្អូន​ជនរួម​ជាតិ សូមក្រោកឈរឡើង ប្រកាន់គោលនយោបាយជាតិនិយម ការពារអធិបតេយ្យជាតិរបស់ខ្លួន ប្រ​ឆាំង​នឹង​ការជ្រៀតជ្រែករបស់បរទេស។ អតីតកាលដ៏ឈឺចាប់ ដោយសារការឈ្លានពានរបស់ពួកចក្រពត្តិ​អាមេ​រិក យើង​មិនទាន់ភ្លេចទេ។ គ្រាប់បែក គ្រាប់មិនទាន់ផ្ទុះ ច្រើនណាស់នៅលើទឹកដីរបស់យើង។ រឿងរ៉ាវបានចាប់​ផ្តើម​សា​ជា​ថ្មី។ នេះជាសំណួរទី ១ សួរទៅឯកឧត្តម ថា កឹម សុខា និយាយពិត ឬ កឹម សុខា ភូត។

កឹម សុខា ទទួលស្គាល់ថាអាមេរិកអ្នកឲ្យធ្វើ ធ្វើតាមអាមេរិក មានទាំងសាស្រ្តាចារ្យមកពីអាមេរិក និង​កាណា​ដា។ ខ្ញុំបញ្ជា​អោយអគ្គស្នងការនគរបាលជាតិ អគ្គអន្តោប្រវេសន៍ ក៏ដូចជាក្រសួងការបរទេស ស្រាវជ្រាវនូវវត្ត​មាន​​ជនជាតិអាមេរិកទាំងឡាយ ដែលសង្ស័យថាបានធ្វើចារកម្មនៅពីក្រោយបញ្ហាឆ្នាំ ២០១៣ និងមុនហ្នឹង​ទៀត​ផង។ តើអ្នកណាខ្លះដែលចូលមកកម្ពុជា។ ពីមុនមក យើងបានដឹង ចារកម្មពីរនាក់បានមកបញ្ជា សូម្បីតែ​ផ្លូវ វេង​ស្រេង ក៏មានបាតដៃជនពីរនាក់នេះ។ កម្ពុជាគ្មានចេតនារករឿងជាមួយអាមេរិកទេ ប៉ុន្តែ សូមអាមេរិក​កុំ​មើល​កម្ពុជាក្នុងកែវភ្នែកអាក្រក់ នេះចំណុចទី ១។

សំណួរទី២ ទៅកាន់អគ្គរដ្ឋទូតអាមេរិក៖ អំពីការប្រកាសឲ្យពលរដ្ឋអាមេរិកប្រយ័ត្នចំពោះសន្តិសុខ

ចំណុចទី ២ ​ឯកឧត្តមបានប្រកាសឲ្យប្រជាពលរដ្ឋអាមេរិកប្រុងប្រយ័ត្នចំពោះសន្តិសុខ។ ខ្ញុំសូមសួរឯកឧត្តម តើ​ឯកឧត្តមមានភស្តុតាង ឬព័ត៌មាន ដែលបង្ហាញពីការវាយភេរវកម្មនៅកម្ពុជាឬ? បើសិនមាន ហេតុម៉េច​បាន​ជា​ឯកឧត្តមមិនចែករំលែកឲ្យកម្ពុជា ក្នុងឋានៈជាដៃគូ នៃសហប្រតិបត្តិការប្រឆាំងភេរវកម្ម? ឬឯកឧត្តមត្រៀម​បម្រុង​ដើម្បីបាញ់មីស៊ីលចូលកម្ពុជា? នេះសូមឯកឧត្តមឆ្លើយតប ឬឯកឧត្តមកំពុងបំភ័យប្រជាជនកម្ពុជា ដែល​កំ​ពុងសប្បាយរីករាយជាមួយនឹងពេលភ្ជុំបិណ្ឌ? សូមឯកឧត្តមឆ្លើយតប។ ម្សិលមិញ ដូចជាលឺព័ត៌មានថា គាត់​ទៅ​កំពង់ស្ពឺ។ ទន្ទឹមនឹងគាត់ឲ្យពលរដ្ឋរបស់គាត់ប្រុងប្រយ័ត្នទៅលើសន្តិសុខ។ អញ្ចឹងមានន័យថាម៉េច? ជន​ជាតិ​ខ្មែររបស់យើងត្រូវជឿលើខ្លួនឯង។ យើងមានសមត្ថភាពការពារកុំឲ្យភេរវកម្មកើតឡើង តែយើងចង់ឲ្យអគ្គ​រដ្ឋ​ទូតអាមេរិកបំភ្លឺចំពោះយើង។ តើឯកឧត្តមត្រៀមវាយប្រហារចូលកម្ពុជា ទើបឲ្យជនជាតិអាមេរិក​ត្រូវប្រុង​ប្រ​យ័ត្ន? ឬឯកឧត្តមមានព័ត៌មានថា ពួកភេរវកម្ម ISIS ឬ Al-Qaida ត្រៀមនឹងវាយប្រហារភេរវកម្មនៅកម្ពុជា? បើមានដូច្នេះមែន ម៉េចក៏មិនចែករំលែក ក្នុងភាពជាដៃគូនៃការប្រយុទ្ធប្រឆាំងភេរវកម្ម?

នេះជាសំណួរដែលខ្ញុំចង់សួរទៅកាន់អគ្គរដ្ឋទូតអាមេរិក ដែលជាអគ្គរដ្ឋទូតមួយក្នុងចំណោមអគ្គរដ្ឋទូតពីរ ដែល​ធ្វើ​សកម្មភាពទាំងងងើល ​រំលោភលើអធិបតេយ្យភាពរបស់កម្ពុជា។ បើទោះបីឯកឧត្តមមានប្រពន្ធជាតិខ្មែរ​ក៏​ដោយ​ចុះ ក៏ប៉ុន្តែ ផលប្រយោជន៍របស់ឯកឧត្តម ក៏នៅតែជាផលប្រយោជន៍របស់ឯកឧត្តមដែរ។ … យើងក៏ត្រូវ​តែ​គិត​គូរដល់អធិបតេយ្យរបស់យើង សន្តិសុខរបស់យើង ក្នុងឋានៈជាមេដឹកនាំប្រទេសជាតិមួយ មិនអាច​ទទួល​រងការប្រមាថទាំងផ្ទាល់ខ្លួន ទាំងជាតិកម្ពុជានោះទេ។ បើប្រទេសឯកឧត្តមរងការគំរាមកំហែង​វាយប្រ​ហារ​ភេរវកម្មនោះគឺជារឿងរបស់ឯកឧត្តម មិនត្រូវមកបំភ័យប្រជាជនកម្ពុជាទេ។ ហើយបើសិនជាល្អ ឯកឧត្តម​ដក Peace Corps ត្រឡប់ទៅវិញទៅ។ រឿងខ្លះ មិនបង់ពន្ធ ដូចជាកាសែតអត់បង់ពន្ធ គេបង្ខំចិត្តបិទខ្លួនឯង វា​ទៅជាថាយើងជាអ្នកបិទ។ រកស៊ីមិនបង់ពន្ធ ដល់គេឲ្យបង់ពន្ធ ឥឡូវមកបង្រៀនយើងឲ្យគោរពច្បាប់ពន្ធដារ ដល់ទៅខ្លួនឯងមិនបង់ពន្ធ។ មកបង្រៀនយើងឲ្យចេះគោរពច្បាប់ ប៉ុន្តែ មកធ្វើសកម្មភាពលើប្រទេស​យើង​អត់​មាន​ច្បាប់។ អញ្ចឹងទេ ពេលដែលរាជរដ្ឋាភិបាលអនុវត្តច្បាប់ ប្រើពាក្យសម្តីថាជាការគាប​សង្កត់សិទ្ធិ​បញ្ចេញ​មតិ។ វាទាល់តែកាសែតនោះ វិទ្យុនោះជេររដ្ឋាភិបាល ទើបគេហៅថា កាសែត​​ឯករាជ្យ កាសែតសេរី។

សំណួរទី ៣ ទៅកាន់អគ្គរដ្ឋទូតអាមេរិក៖ គាបសង្កត់កម្ពុជាឲ្យទទួលយកអ្នកទោស ដោយមិនគិតពីមនុស្សធម៌

ចំណុចទី ៣ ហួសហេតុពេកហើយឯកឧត្តម។ ជនជាតិកម្ពុជាយើងអើយ ចាំឲ្យច្បាស់ រឿងនេះមិន​ទាន់​បាន​និយាយ​សុះសាយច្រើនទេ ព្រោះបងប្អូនភាគច្រើន ច្រើនតែស្តាប់នៅពេលដែលខ្ញុំថ្លែងសង្កថា។ ខ្មែរយើង​ដែល​ទៅ​រស់នៅប្រទេសអាមេរិក ពេលដែលមានទោសជាប់គុកនៅអាមេរិកហើយ អាមេរិកមិន​ឲ្យនៅប្រទេសគេ​ទៀ​ត​ទេ។ អញ្ចឹងមានកិច្ចព្រមព្រៀងមួយ ហើយគាបសង្កត់យើងតាំងពីកិច្ចព្រមព្រៀងនោះចាប់ផ្តើមម៉្លេះ បើយើង​មិន​ចុះហត្ថលេខា គេនឹងបន្តឹងវីសាចំពោះយើង។ យើងក៏បានចុះហត្ថលេខា ហើយអនុវត្តជាបន្តបន្ទាប់មក រហូត​ទៅ​ដល់ដូចជា ៥៦៦ នាក់ប្លាយ បានបញ្ជូនពីអាមេរិកមកកាន់កម្ពុជា។ ក្នុងចំណោម ៥៦៦ នាក់ ធ្វើអត្តឃាត ៤ នាក់​។ មូលហេតុអី? ក្មួយៗ និងប្រជាពលរដ្ឋកម្ពុជាស្តាប់ឲ្យបាន វាជាសោកនាដកម្មលើសោកនាដកម្ម។ ខុសច្បាប់ ចាប់គុក វាជារឿងមួយទៅហើយ ប៉ុន្តែ ពេលដែលគេបញ្ជូនមកកម្ពុជា ប្រពន្ធ និងកូននៅស្រុក​អា​មេ​រិក តើគេជួបគ្នាបែបណាទៅ?

ដោយយោងទៅលើការគិតគូរខាងផ្នែកមនុស្សធម៌ សម្តេចក្រឡាហោម ស ខេង និងខ្ញុំ បានពិភាក្សាគ្នាថា យើង​គួរតែធ្វើវិសោធនកម្ម ស្នើអាមេរិកធ្វើវិសោធនកម្ម។ យើងមិនបានបញ្ឈប់ដោយឯកតោភាគីទេ តែយើង​បាន​ស្នើសុំឲ្យមានការធ្វើវិសោធនកម្មនៃកិច្ចព្រមព្រៀងនេះ ដោយ​យោងទៅលើសិទ្ធិមនុស្ស និងស្មារតីមនុស្ស​ធម៌។ ព្រោះជាការបំបែកឪពុក និងកូន ជាការបំបែបប្តី និងប្រពន្ធ វាអគុណធម៌ និងអសីលធម៌ខ្លាំងណាស់។ តែ​យើងមិននឹកស្មានថា សហរដ្ឋអាមេរិកគ្មានគុណធម៌ ហើយក៏គ្មានមនុស្សធម៌បែបនេះទេ ក្នុងពេលដែលខ្លួន​និយាយ​កោកៗ និយាយពីសីលធម៌ និយាយពីសិទ្ធិមនុស្ស។ តើសិទ្ធិត្រង់ណាទៅនៅពេល​ដែលបំបែក​គេបែប​នេះ? យើងមិនបានបញ្ចប់នូវកិច្ចព្រមព្រៀងទេ។ យើងស្នើសុំឲ្យមានការពិគ្រោះយោបល់ ដើម្បីធ្វើវិសោធនកម្ម។

អាមេរិកមិនផ្តល់ទិដ្ឋាការមន្រ្តីការទូតកម្ពុជា, កម្ពុជាផ្អាកប្រតិបត្តិការរុករកខ្មោចទាហានអាមេរិក

ក្នុងពេលជាមួយគ្នា ក្រសួងមហាផ្ទៃបានត្រៀមបញ្ជូនមនុស្សទៅធ្វើសម្ភាសន៍ ២៦ នាក់ ដែលត្រូវត្រៀម​បញ្ជូន​មក​សាជាថ្មី។ ប៉ុន្តែ បែរជារដ្ឋាភិបាលអាមេរិកបានប្រាប់មកយើងថា មិនត្រូវបានផ្តល់ទិដ្ឋាការសម្រាប់​មន្រ្តីការ​ទូត​របស់យើងនៃក្រសួងការបរទេសតទៅទៀតទេ។ អញ្ចឹង ជាស្វ័យប្រវត្តិ អាមេរិកបានលុបចោលនូវកិច្ច​ព្រម​ព្រៀង​នេះជាឯកតោភាគីហើយ។ ជាការឆ្លើយតប កម្ពុជាប្រាប់ទៅសហរដ្ឋអាមេរិកវិញថា កិច្ចសហប្រតិបត្តិការ​រុករក​អដ្ឋិធាតុ ឬឆ្អឹងខ្មោចអាមេរិកបាត់ខ្លួននៅកម្ពុជា ចំនួនជាង ៨០ នាក់ ដែលសព្វថ្ងៃរកឃើញជាង ៤០ នាក់ នៅ​សល់ជាង ៤០ នាក់ទៀត នឹងត្រូវផ្អាកជាបណ្តោះអាសន្ន។ យើងបានប្រឹងធ្វើកិច្ចការងារណាស់ នាយ​ឧត្តម​សេនីយ ប៉ុល សារឿន ជាប្រធានគណៈកម្មាធិការ ហើយយើងធ្វើការងារនេះតាំងពីទសវត្សរ៍ ៨០ ជាមួយ​នឹង​ក្រុម​គ្រួសារ គេហៅថា សម្ព័ន្ធគ្រួសារនៃជនបាត់ខ្លួននៅកម្ពុជា ហៅ MIA នោះ ជាមួយអ្នកស្រី Griffiths។ ក្រោយមក យើងធ្វើផ្ទាល់ជាមួយរដ្ឋាភិបាលអាមេរិក ហើយគម្រោងឆ្នាំក្រោយត្រូវធ្វើច្រើនណាស់ នៅស្វាយរៀង នៅ​រតនគិរី នៅមណ្ឌលគិរី និងនៅកោះតាង។ តែកោះតាងមួយទេ ដែលខ្ញុំថា ឲ្យផ្អាកសិន ព្រោះចំពេលវេលា​ដែល​យើងបោះឆ្នោត។ យើងក៏សូមប្រកាសថា យើងមិនលុបចោលទេ តែសូមផ្អាកជាបណ្តោះអាសន្ន បើអាមេ​រិក​មិនផ្តល់ឲ្យយើងត្រឡប់មកវិញ យើងក៏មិនបន្តសហការជាមួយអាមេរិកលើបញ្ហានេះ។ សូមឪពុកម្តាយ និង​ក្រុម​គ្រួសារនៃទាហានអាមេរិកបាត់ខ្លួន កុំបន្ទោសរដ្ឋាភិបាលកម្ពុជា។ បើចង់បន្ទោស បន្ទោសស្ថានទូតអា​មេ​រិក​នៅកម្ពុជា និងបន្ទោសរដ្ឋបាលអាមេរិកទៅ …។

កម្ពុជាកំពុងតែអនុវត្តនូវកិច្ចព្រមព្រៀងនេះបន្ត គឺកិច្ចព្រមព្រៀងដដែល ហេតុអ្វីបានខ្លួនមកធ្វើបែបនេះ។ ឥឡូវ​ខ្មោច​អាមេរិកនៅសល់នៅលើទឹកដីកម្ពុជា ៤៩ នាក់ទៀត។ កាលបាត់ទាំងអស់(សរុប) ៩០​ នាក់ រកឃើញ​ ៤១ នាក់ នៅសល់ ៤៩ នាក់ទៀត។ អញ្ចឹង ៤៩ ទុកសិន។ មន្រ្តីខាងកម្ពុជាផ្អាកការងារសិន បើកការចរចា​ជា​កញ្ចប់​បើសិនជាបើក។ អ្នកឯងផ្តល់ទិដ្ឋាការឲ្យខ្ញុំ ខ្ញុំផ្តល់កិច្ចសហប្រតិបត្តិការរុករកខ្មោចឲ្យអ្នកឯង។ ប៉ុណ្ណឹង។ ហ្នឹងហើយដែលហៅថា ប្រទេសឯករាជ្យ និងអធិបតយ្យ គឺវាយ៉ាងដូច្នេះ។ សូមឯកឧត្តមអគ្គរដ្ឋទូតអាមេរិក កុំតាំងខ្លួនធ្វើជាឪម៉ែរបស់កម្ពុជា។ ថ្ងៃមុន (មានការ)បង្ហោះរូបត្រីក្រហមមួយ ហើយបកស្រាយថាព្រៃឈើ អញ្ចឹង​​កម្ពុជាក៏ឲ្យត្រឡប់ទៅវិញនូវត្រីខ្មៅមួយដែរ​។ ខ្ញុំអំពាវនាវជនរួមជាតិកម្ពុជា ងើបឈរឡើងដើម្បី​ឯករាជ្យ សេរី​ភាព និងអធិបតេយ្យភាពរបស់យើង។ ខ្ញុំមិនចង់ឲ្យមានព្រឹត្តិការណ៍ឆ្នាំ ១៩៦៥-១៩៦៦ កើតឡើង​វិញ​នោះ​ទេ ទាក់ទិននឹងបាតុកម្មប្រឆាំងស្ថានទូតអាមេរិក។ ប៉ុន្តែ ស្មារតីជាតិនិយមរបស់ជនជាតិខ្មែរខ្ពស់ណាស់ មិន​អាច​ទទួលការប្រមាថពីនរណាទាំងអស់។ ប្រទេសរបស់យើងជាប្រទេសដែលមានឯករាជ្យ និងសេរីភាព អធិបតេយ្យ មិនអាចឲ្យអ្នកឯងបំផ្លាញតាមចិត្ត តាមរយៈការចាត់តាំងមនុស្សដែលជាជនក្បត់​ជាតិនៅក្នុងផ្ទៃប្រ​ទេស​ទេ។ ជនក្បត់ជាតិមិនត្រូវទទួលការលើកលែងនោះទេ ត្រូវអនុវត្តទៅតាមច្បាប់។

និទានរឿងគតិលោក អំពីការលោភលន់របស់មនុស្ស

ឥឡូវ ដល់ពេលដែលខ្ញុំបញ្ចប់ ហើយខ្ញុំសូមនិយាយរឿង មុនពេលដែលអ្នកទាំងឡាយទៅភ្ជុំ ដើម្បីឲ្យអ្នក​ទាំង​ឡាយបានដឹងទាំងអស់គ្នា។ រឿងនេះ ខ្ញុំនិយាយមិនតិចជាង ៥ ដងនោះទេ។ រឿងវាអញ្ចេះ ចាប់ផ្តើមពីសម័យ​កាល​យូរណាស់ទៅហើយ តាំងពីយើងទាំងអស់គ្នានៅជាសត្វស្វានោះ មានអាចារ្យ ២ នាក់នៅនឹងវត្ត​ជាមួយ​គ្នា ជាមិត្តភក្តិជាមួយគ្នា។ ប៉ុន្តែ អាចារ្យមួយនោះ គេធ្វើល្អ ឯអាចារ្យមួយទៀតគឺខូចណាស់ លួចតាំងពីចាន​លោក ស្លាបព្រាលោក។ អាចារ្យមួយធ្វើល្អ អាចារ្យមួយលោភលន់ ធ្វើអំពើអាក្រក់។ ដល់អ្នកទាំង ២ ជរាពាធ​​ទៅ ចាស់ទៅ ស្លាប់ទៅ អាចារ្យដែលធ្វើអំពើល្អក្លាយទៅជាព្រះឥន្ទ្រ ឯអាចារ្យដែលធ្វើអំពើអាក្រក់​ក្លាយទៅជា​អ្នក​​កើតឃ្លង់។ សម័យថ្ងៃមួយ ព្រះឥន្ទ្រនឹកឃើញថា មិត្តភក្តិអញនៅឯណាពេលនេះ ដែលធ្លាប់ធ្វើអាចារ្យនៅ​វត្ត​ជាមួយគ្នានោះ? ក៏បើកព្រះនេត្រទិព្ធឃើញសម្លាញ់របស់ខ្លួន គឺជាមនុស្សកើតឃ្លង់ កំពុងតែនៅសុំទាននៅ​ផ្លូវ​បំ​បែកមួយ។

ព្រះឥន្ទ្រក៏ក្លែងខ្លួនចុះមកប្រាប់ថា យើងកាលពីជាតិមុន ជាមិត្តភក្តិជាមួយគ្នា តែឥឡូវ គ្នាក្លាយទៅជាព្រះឥន្ទ្រ​ហើយ តើក្លើឯងចង់បានអី? ក្លើដែលជាមនុស្សកើតឃ្លង់នេះ សុំប៉ុណ្ណេះទេ ថា បើឯងជួយអញបាន ធ្វើម៉េច​ឲ្យ​អញក្លាយជាមនុស្សដែលអត់មានកើតឃ្លង់ រូបសម្បត្តិដូចគេដូចឯង។ ព្រះឥន្ទ្រក៏ជប់ឲ្យមនុស្សហ្នឹងបាត់ឃ្លង់ ទៅជាស្អាតដូចគេដូចឯងទៅ ក៏ទៅនៅក្នុងភូមិជាមួយគេជាមួយឯង។ ដល់ទៅនៅក្នុងភូមិ ប្រធានភូមិប្រើឲ្យ​ទៅ​កាប់ព្រៃ ព្រោះធម្មតាសម័យណាក៏ដូចសម័យណា ទៅកាប់ព្រៃ ទៅធ្វើដី ធ្វើផ្លូវលំអីអញ្ចឹងទៅ ក៏ខឹងនឹង​ប្រ​ធាន​ភូមិ។ ដល់ខឹងប្រធានភូមិ ទៅប្តឹងព្រះឥន្ទ្រថាធ្វើម៉េចជួយឲ្យអញបានធ្វើប្រធានភូមិ។ ព្រះឥន្ទ្រក៏បានជួយ​ឲ្យ​បាន​ឡើងធ្វើប្រធានភូមិ។ ដល់បានឡើងធ្វើប្រធានភូមិហើយ ប្រធានឃុំប្រើ​ ចៅសង្កាត់ប្រើ ដល់អញ្ចឹង​ទៅ​ពឹង​ព្រះឥន្រ្ទ ថាមើល ហ្អែងជួយឲ្យអញបានធ្វើមេឃុំទៅមើល។ ព្រះឥន្រ្ទក៏បានជួយឲ្យធ្វើជាមេឃុំ។ ដល់បាន​ធ្វើ​មេឃុំហើយ ចៅហ្វាយស្រុកប្រើទៀត ខឹងចៅហ្វាយស្រុក ទៅពឹងព្រះឥន្ទ្រ ហ្អែងជួយអញឲ្យបានធ្វើ​ចៅ​ហ្វាយស្រុក។ ព្រះឥន្ទ្រក៏ជួយទៀត បានធ្វើចៅហ្វាយស្រុកមែន។ ដល់បានធ្វើចៅហ្វាយស្រុកហើយ ចៅហ្វាយ​ខេត្តប្រើទៀត ខឹងចៅហ្វាយខេត្តទៀត ដល់ខឹងចៅហ្វាយខេត្ត ទៅពឹងព្រះឥន្ទ្រទៀតហើយ។ ព្រះឥន្ទ្រក៏បាន​ជួយ​ឲ្យ​ធ្វើ​ជា​ចៅ​ហ្វាយ​ខេត្ត។ ដល់បានធ្វើចៅហ្វាយខេត្ត រដ្ឋមន្រ្តីមហាផ្ទៃប្រើ ក៏ខឹងរដ្ឋមន្រ្តី​មហាផ្ទៃ ព្រោះរដ្ឋ​មន្រ្តី​មហាផ្ទៃមើលទៅលើរដ្ឋបាលដែនដី។ អញ្ចឹងទៅពឹងព្រះឥន្ទ្រឲ្យបានឡើងធ្វើរដ្ឋមន្រ្តីមហាផ្ទៃ ក៏បានដូច​បំ​ណង។ ដល់ធ្វើរដ្ឋមន្រ្តីមហាផ្ទៃ ទៅខឹងមហាឧបរាជ។ មហាឧបរាជដូចនាយករដ្ឋមន្រ្តីរាល់ថ្ងៃអញ្ចឹង។ ទៅពឹង​​ព្រះ​ឥន្ទ្រ​ឲ្យបានឡើងធ្វើមហាឧបរាជ។ ដល់ឡើងធ្វើមហាឧបរាជ ព្រះមហាក្សត្រប្រើ ខឹងស្តេចទៀត ក៏ទៅពឹង​ព្រះ​ឥន្ទ្រ​ទៀត ឲ្យបានឡើងធ្វើស្តេច។ អស់ហើយ នៅលើផែនដី គេថា ឋានកណ្តាលរបស់យើង ធំជាងគេគឺ​ស្តេច ព្រះមហាក្សត្រ ឬព្រះរាជា។

សម័យថ្ងៃមួយ ព្រះឥន្រ្ទបបួលស្តេចដែលជាក្លើហ្នឹង ឡើងទៅលេងឋានព្រះឥន្ទ្រ ទៅដល់ឋានព្រះឥន្ទ្រ ឃើញ​ឋាន​ព្រះឥន្ទ្រស្អាត មេនំមេនាងក៏ស្អាត ស្រាប់តែបបួលព្រះឥន្ទ្រ​ថា ក្លើ! គ្នាគិតថាមិនទៅវិញទេ ឯងចែកឋាន​របស់​ឯងពាក់កណ្តាលឲ្យអញមក។ ព្រះឥន្រ្ទទ្រង់ព្រះតម្រិះថា ឱ! អានេះអ្ហើយ! តាំងពីវាជាមនុស្សឃ្លង់​សុំទាន​នៅតាមផ្លូវ បានទៅជាមនុស្សធម្មតា ឡើងជាមេភូមិ រហូតដល់ធ្វើស្តេច ឥឡូវ វាឡើងមកដល់ឋានអញ វាសុំ​ចែក​ឋានអញពាក់កណ្តាល។ ចុះថ្ងៃក្រោយទៅ វានឹងយកទាំងអស់? អញ្ចឹងព្រះឥន្ទ្រក៏ជប់ឲ្យទៅជាអ្នក​សុំទាន​ឃ្លង់​វិញដដែល។ នេះបែបគតិលោកមួយ អំពីការលោភលន់មិនចេះចប់។ លោភលន់ខុសទំនង ដែលទីចុង​បំផុត​​នាំទៅដល់ការបំផ្លាញខ្លួនឯងតែប៉ុណ្ណោះ។

​និយាយយូរណាស់។ ដឹងថាយូរដែរ ប៉ុន្តែ ថាក្មួយៗក៏ជិតទៅផ្ទះដែរ។ ថ្ងៃនេះ រឿងតែប៉ុណ្ណឹងទេណា រឿងនេះ​យក​ទៅគិតទៅ។ ការលោភលន់ដោយមិនគិតមុខគិតក្រោយ ទីចុងបំផុត គេថា មានប៉ុន្មាន ត្រឡប់ទៅវិញ​ប៉ុណ្ណឹង។ ហើយថ្ងៃនេះ កម្មករ/ការិនីចូលរួមមានចំនួន ១៦.៤៨៣ នាក់ ក្នុងម្នាក់ៗជូនថវិកាត្រឹមតែ ២ ម៉ឺន​រៀលទេ សម្រាប់ភ្ជុំ។​ ក្រុមតន្រ្តីសម័យថវិកាចំនួន ២​ លានរៀល ហើយបន្តិចទៀត កុំភ្លេចកន្សែងក្រហម។ សម្រាប់​អ្នកមានផ្ទៃពោះ ខ្ញុំមិនប្រកាសទេ ចាំមើលក្នុងស្រោមសំបុត្រនោះទៅ។ ខ្ញុំនឹងដើរចែកគ្រប់ ហើយ​បន្ទាប់​ទៅចាំដើរទៅតាមរោងចក្រ ហើយមាន selfie អី អាហ្នឹងធម្មតាទេ។ ឥឡូវពេញនិយម រឿង selfie ហ្នឹង​តែ​ម្តង។ ហើយចុងបញ្ចប់ ជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេស ក្មួយៗកម្មករ/ការិនី ហើយតាមរយៈក្មួយៗកម្មករ/ការិនី ផ្ញើជូនចំពោះក្រុមគ្រួសារទាំងអស់ នូវការជូនពរសូមជួបប្រទះ នូវពុទ្ធពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ