ប្រសាសន៍សំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យ​អនុវត្តជា​ផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០»


CMF:

ខ្ញុំសូមបើកវង់ក្រចកមួយ​។ តែពាក្យវង់ក្រចក (ដែល)និយាយ(ពីខ្លឹមសារដែល)មិនសូវពាក់ព័ន្ធជាមួយនឹងប្រធានបទថ្ងៃនេះ តែវាពាក់ព័ន្ធរឿងជាតិ។ ប្រធានបទនេះ មិនមែនសម្រាប់អ្នកនៅទីនេះ (ប៉ុន្តែ)អ្នកនៅទីនេះ ក៏អាចស្តាប់បានដែរ។ សំ​ខាន់សំរាប់ប្រជាពលរដ្ឋហើយអាចផ្ញើ(សារ)ទៅក្រៅរាប់ពាន់គីឡូ។

(១៩) ការមួលបង្កាច់ថារាជរដ្ឋាភិបាលកាត់ដីឱ្យបរទេស វាប៉ះពាល់ដល់ទំនុកចិត្តរបស់ប្រជាជន

ក្នុងរយៈពេលជាងមួយសប្តាហ៍នេះ ឯកឧត្តម លោកជំទាវ បងប្អូនប្រហែលជាបានឃើញហើយ។ ខ្ញុំមិនងាយចេញសារទៅឆ្លើយឆ្លងជាមួយក្រុមរករឿងទេ។ ប៉ុន្តែរឿងខ្លះយើងត្រូវនិយាយ ព្រោះវាទាក់ទងជាមួយនឹងទំនុកចិត្តរបស់ប្រជាជន និងរឿងទឹកដី។ បើយើងមិននិយាយ ហើយគេមួលបង្កាច់ គឺរាជរដ្ឋាភិបាលប្រឈមនឹងការមានកំហុស។ រឿងនេះធ្វើឱ្យប្រជាជនភ័យខ្លាច មិនមានអារម្មណ៍នឹងនរ ជាពិសេសការមួលបង្កាច់ថា យើងបានកាត់ដីឱ្យគេ។ នេះគឺ(រឿង)ធំណាស់។ រឿងបាត់បង់ការគ្រប់គ្រងទឹកដីក្រោយប្រយុទ្ធគ្នាជារឿងមួយ ការកាន់កាប់ជាក់ស្តែងខុសច្បាប់ យើងកំពុងតវ៉ា។ ប៉ុន្តែ នៅពេលដែលចោទប្រកាន់ថា រដ្ឋាភិបាលបានឯកភាពជាមួយគេនៅខ្សែ(ព្រំដែន)មួយដែលបាត់បង់ទឹកដី នេះគឺស្មើនឹងជេរថាយើងក្បត់ជាតិ។ រឿង(មួលបង្កាច់)នេះវាចេះតែកើនឡើង … ខ្ញុំរំពឹងថា ប្រធានបទនេះនឹងត្រូវគេបន្តបង្កើនការវាយ(ប្រហារ)ទៀត បង្កើនការបំ​ភ្លៃទៀត នៅពេលដែលយើងកាន់តែឈានជិតដល់ការបោះឆ្នោតឃុំ/សង្កាត់ … អញ្ចឹង នៅក្នុងមួយរយៈពេលនេះ ឃើញខ្ញុំឆ្លើយឆ្លងជាមួយលោក អ៊ុំ សំអាន នៅខាងក្រៅ ខ្ញុំសរសេរដាក់លក្ខខណ្ឌមួយចំនួន ប៉ុន្តែ(អាចមានអ្នក)អត់ទាន់យល់មូលហេតុ និងគោលដៅដែលខ្ញុំចង់បាន។ ថ្ងៃនេះ ខ្ញុំសូមបញ្ជាក់បន្តិចចុះ ព្រោះការពន្យល់ដោយសរសេរវាពិបាក។ ទាល់តែលួចម៉ោងបន្តិចនិយាយពន្យល់តែម្តង។

(២០) ​ការអញ្ជើញក្រុម អ៊ុំ សំអាន មកផ្ទៀងផ្ទាត់អំពីការបោះបង្គោលព្រំដែន គ្មានបំណងឈ្លោះខ្មែរគ្នាឯងទេ

ឥឡូវ មូលហេតុអីបានជាចាំបាច់ត្រូវអញ្ជើញលោក អ៊ុំ សំអាន និងក្រុមគាត់ មកជជែកគ្នាផ្ទៀងផ្ទាត់ ករណីដែលគាត់ចោទប្រ​កាន់រដ្ឋាភិបាលធ្វើឱ្យបាត់ដីនៅបង្គោល៥២ និង៥៩? វាស្មើនឹងថា ចោទប្រកាន់ជារឿងក្បត់ជាតិ … តើមានគោលបំណងស្អី? មានគោលបំណងចង់ឈ្លោះខ្មែរគ្នាឯងឬ? មិនមែនទេ។ គោលបំណងរបស់ខ្ញុំ គឺសូមឱ្យខ្មែរគ្រប់និន្នាការនយោបាយទាំងអស់ ទាំងក្នុង និងក្រៅប្រទេសរក្សាភាពស្ងប់ស្ងាត់ ទុកឱកាសឱ្យរដ្ឋាភិបាលប្រឹងប្រែងធ្វើការដោះស្រាយជាមួយថៃ ដោយមិនត្រូវមក(បង្កភាព)វឹកវរ ឱ្យបែកអារម្មណ៍ក្នុងចំណោមខ្មែរគ្នាឯងខាងក្នុងទេ។ នេះជាដំណាក់កាលដែលព្រំដែនមិនទាន់ដោះស្រាយចប់។ មានព័ត៌មានរសើបច្រើនដែលយើងមិនអាចបញ្ចេញ។ ប៉ុន្តែ យើងធ្វើការដោយការទទួលខុសត្រូវ … រដ្ឋាភិបាលសូមឱ្យស្ងប់ស្ងាត់ សូមឱ្យមានទំនុកចិត្ត និងមូលមតិគ្នាថា ទោះបីជាទុកចិត្តរដ្ឋាភិបាល គាំទ្ររដ្ឋាភិបាល ឬមិនគាំទ្រ ក៏ក្នុងនាមជាខ្មែរ ទុកឱ្យយន្តការរបស់ជាតិយើង ដែលតំណាងដោយរដ្ឋាភិបាលបច្ចុប្បន្ន ធ្វើការដោះស្រាយជាមួយថៃ ដើម្បីការ​ពារអធិបតេយ្យភាពជាតិ។ មិនមែនសុំរួចខ្លួនទេ។ ពេលចប់ទៅ យើងត្រូវជាអ្នកទទួលខុសត្រូវ។ តែឥឡូវវាមិនទាន់ចប់ វាកំពុងតែស្មុគស្មាញ។ ទាមទារធ្វើស្អី? រឿងនេះមិនមែនរឿងធម្មតា។ ខ្ញុំធ្លាប់និយាយតាំងពីមុនផ្ទុះអាវុធលើកទី២។ ខ្ញុំថា នៅក្នុងដំណាក់កាលដែលយើងកំពុងតែធ្វើការតតាំងជាមួយថៃ ទាំងផ្លូវច្បាប់ ផ្លូវការទូត កន្លងទៅមានផ្លូវយោធាក្នុងការទប់ទល់ផង តែឥឡូវយើងយកជម្រើសការទូតនិងនយោ​បាយ បច្ចេកទេសព្រំដែនដើម្បីធ្វើការការពារទឹកដី ខ្ញុំសូមឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើង បង្កើនការសាមគ្គីផ្ទៃក្នុង កុំហែកហួរគ្នារឿងនេះ។ សូមឱ្យមូលគំនិតគ្នា ទុកឱកាសឱ្យរដ្ឋាភិបាលមានភាពស្ងប់ស្ងាត់ដើម្បីដោះស្រាយ។

(២១) រដ្ឋាភិបាលទទួលខុសត្រូវដោះស្រាយបញ្ហាព្រំដែន ការពារជីវិត ការពារទឹកដី ហើយទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ

សមរភូមិវានៅខាងនោះ មិនមែនត្រូវមកឆ្លើយឆ្លងជាមួយខ្មែរគ្នាឯងនោះទេ។ ខ្ញុំមិនថាប្រជាជនទាំងអស់ ត្រូវតែមាននិន្នាការដូចរដ្ឋាភិបាល (ឬ)ត្រូវតែជឿតាមវិធីសាស្ត្រដែលយើងដោះនោះទេ។ វិធីសាស្ត្រមានច្រើន។ ប៉ុន្តែ អ្វីដែលសំខាន់នោះ គឺសុំតែម្យ៉ាងគឺទុកឱកាស ចាំពេលដោះស្រាយចប់ ទៅមើលទៅ។ តើបាត់ឬមិនបាត់? ពេលហ្នឹងរដ្ឋាភិបាលអត់ខ្លាចក្នុងការឱ្យចោទសួរដេញដោលទេ។ សុំតែប៉ុណ្ណឹងតើ … រឿងដោះស្រាយវាយូរអង្វែង។ ឥឡូវរវល់តែមកតតាំងគ្នាឯង … ប្រជាពលរដ្ឋខ្មែរភាគច្រើនគាត់យល់។ អ្នកណាមិនព្រួយបារម្ភរឿងទឹកដី។ ខ្មែរទាំងអស់ មិនថាបក្សណា ពួកគាត់ព្រួយបារម្ភ រដ្ឋាភិបាលក៏ព្រួយបារម្ភ។ រដ្ឋាភិបាលមិនមែនត្រឹមតែព្រួយបារម្ភទេ គឺរដ្ឋាភិបាលទទួលខុសត្រូវ ចំពោះមុខដោះស្រាយឱ្យបានចប់ ការពារជីវិត ការពារទឹកដីឱ្យបាន ហើយទៅថ្ងៃក្រោយនឹងទទួលខុសត្រូវជាមួយប្រវត្តិសាស្ត្រ។ សួរថា រដ្ឋាភិបាលធ្វើលេងៗ ឬអី? អត់ទេ។ បើត្រូវកាត់ឱ្យគេ ចាំបាច់តតាំងរាប់ខែធ្វើអី? បន្លំៗ ឱ្យគេទៅ។ ចាំ​បាច់វាយគ្នាធ្វើអី? ចាំបាច់(ឱ្យ) ឯកឧត្តម ប្រាក់ សុខុន ទៅ UNCLOS តតាំង ២ដង ដែលយើងប្តឹងអំពីដែនសមុទ្រធ្វើអី។ ចាំបាច់យើងធ្វើលិខិតតវ៉ាធ្វើអី។ ទាហានយើងនៅខាងមុខ ពេលដែលគេឈូសផ្លូវយើងទៅទប់កុំឱ្យពង្រីកភូមិសាស្ត្រ ធ្វើអី។ ប៉ុន្តែ វិធីសាស្ត្រកន្លែងនីមួយៗ​ ខុសគ្នា ភូមិសាស្ត្រខុសគ្នា ស្ថានភាពវាខុសគ្នា … ខ្ញុំប្រាប់បងប្អូនប្រជាពលរដ្ឋថា ដូចលេងកាតេអញ្ចឹង។ ស្អីខ្លះយើងមានក្នុងដៃ យើងមិនអាចពន្យល់ទេ … អ្នកខ្លះសួរម៉េចក៏មិនប្តឹង ម៉េចក៏មិនធ្វើ(អញ្ចេះឬអញ្ចុះ)។ វិធីសាស្ត្រដើរមានច្រើនក្រឡា។ វិធីសាស្ត្រពេលណា ស្ថានភាពពេលណា ទុកឱ្យរដ្ឋាភិបាលធ្វើ ហើយរដ្ឋាភិបាលទទួលខុសត្រូវ … សូមខ្មែរមានភាពនឹងនរ ផ្តល់ឱកាសឱ្យរដ្ឋាភិបាលដោះស្រាយ។

(២២) “មិនមែនចង់ផ្ចាញ់ផ្ចាលជាមួយលោក អ៊ុំ សំអាន និងក្រុមគាត់ទេ … ចង់បានការមូលមតិគ្នា ផ្តល់ភាពទុកចិត្តឱ្យរដ្ឋាភិបាល កុំចោទគ្នាក្បត់ជាតិ …“

ការស្រែកឡាំប៉ាបង្កើតភាពមិនទុកចិត្តគ្នានៅក្នុងប្រទេស មិនបានជួយអីដល់ការដោះស្រាយជាមួយភាគីថៃទេ។ វាត្រឹមតែឱ្យខ្មែរគ្នាឯង(មានការស្រពេចស្រពិល) ក្នុងពេលដែលយើងកំពុងតែបើកសមរភូមិបើកការចរចារផ្លូវការទូត បច្ចេកទេស ព្រំដែនស្អីៗ … នេះខ្ញុំមិននិយាយពីប្រជាពលរដ្ឋយើងធម្មតាដែលគាត់បង្ហោះ(សារ)គិតថារឿងព្រំដែនអញ្ចេះអញ្ចុះ ឬរូបភាពស្អីៗ(តាមបណ្តាញសង្គមទេ)នោះទេ។ ខ្ញុំនិយាយពីយន្តការនិងក្រុមចលនាដែលកេងចំណេញនយោបាយតាមរយៈការបំភ្លៃ(ការពិត) ព្រោះការដែលប្រជាជនធម្មតាបង្ហោះហ្នឹងវាមួយហើយ។ ប៉ុន្តែ នេះគឺជាអង្គការចាត់តាំងមានចរិតនយោបាយ បំភ្លៃហើយបំភ្លៃទៀត កេងចំណេញនយោ​បាយ សុខចិត្តវាយបំបែកបំបាក់ផ្ទៃក្នុងជាតិឯង ឱ្យប្រជាជនមានមន្ទិលសង្ស័យ ឱ្យការគិតគូរលែងមូលគ្នា​ នៅពេលដែលរដ្ឋាភិបាលកំពុងតែតតាំងដោះស្រាយបញ្ហាដោយទទួលខុសត្រូវ។ គោលបំណងខ្ញុំប៉ុណ្ណឹង។ មិនមែនចង់ចរចា(យក)ចាញ់(ឈ្នះ)ផ្ចាញ់ផ្ចាលជាមួយលោក អ៊ុំ សំអាន និងក្រុមគាត់នោះទេ។ យើងចង់បានតែសូមឱ្យមូលមតិគ្នា ផ្តល់ភាពទុកចិត្តឱ្យរដ្ឋាភិបាល កុំរវល់ចោទគ្នាក្បត់ជាតិ កាត់ដីចុះឡើងៗ។ សូមទុករឿងទាំងហ្នឹង(សិន)។ ចាំពេលចប់ ដោះកន្លែងណាហើយ … ទៅមើលទៅ។ យើងអត់ខ្លាចទេ ព្រោះអាហ្នឹងវានៅលើដី។ ប្រជាជនទៅមើលបាន។ តែឥឡូវវាមិនទាន់ចប់។ យើងនៅតវ៉ាកន្លែងណាដែលត្រូវតវ៉ា។ តវ៉ាក្នុងក្របខ័ណ្ឌអី? … ជាអកុសល លោក អ៊ុំ សំអាន និងក្រុមរបស់គាត់ដែលតាំងខ្លួនធ្វើជាអ្នកជំនាញព្រំដែន ចង់ខ្លាំងជាងព្រំដែនទៅទៀត ព្រោះខ្ញុំមិនដែលឃើញរដ្ឋលេខាធិការព្រំដែនដើរលើកផែនទីបង្ហាញគេទេ។ គាត់លើកបង្ហាញតាម Facebook រាល់ថ្ងៃ។ ទៅដល់បណ្ណាល័យនៅក្រៅទៅគូសវាសមើលស្អី … ខ្ញុំមិនដឹង។ ក្រែងលោគាត់ចេះមែន ព្រោះគាត់បានតាំងខ្លួនជាអ្នកចេះ គាត់ដឹងទាំងអស់ គាត់មាន(អំណះអំណាង)។

(២៣) “អត់ទុកចោលទេ … ធ្វើរាល់ថ្ងៃ គិតរាល់ថ្ងៃ … រដ្ឋាភិបាលមិនបានចោលកាតព្វ​​កិច្ចគិតគូរទឹកដីទេ …“

ចុងក្រោយ វាយរហូត។ មិនមែនទើបវាយឥឡូវទេ វាយមករហូត។ បន្តិចៗ បាត់នេះ បាត់នោះ បាត់នេះ បាត់នោះ … មនុស្សធម្មតានិយាយជារឿងមួយ តែនេះជាអង្គការចាត់តាំង ជាឥស្សរជនមួយធ្លាប់ជាអ្នកនយោបាយរបស់បក្សប្រឆាំង។ អញ្ចឹង មានអ្នកជឿគាត់មួយចំនួន។ បានន័យយ៉ាងម៉េច ព្រោះគាត់មិនស្ងាត់។ ហេតុអ្វីបានជាដល់ពេលនេះបានជាត្រូវលើក? ឥឡូវបងប្អូនបានមើល … អ្នកខ្លះថារដ្ឋាភិបាលភ្លេចរឿងទឹកដី រវល់តែជល់ខ្មែរគ្នាឯង … មើលរឿងទឹកដី យើងអត់ដែលចោលទេ។ ឯកឧត្តម ប្រាក់ សុខុន ទៅជាមួយក្រុមការងារ មានទាំងឯកឧត្តម កើត រិទ្ធ ឯកឧត្តម កែវ រតនៈ ឯកឧត្តម ឡាំ ជា និងក្រុមការងារ មានអ្នកច្បាប់ទៅដេកនៅទីក្រុងឡាអេ ទៅចរចាប្រើប្រាស់យន្តការ UNCLOS។ ប្រជុំជាមួយអ្នកសម្របសម្រួលលើកទីពីរ។ ខែក្រោយត្រូវទៅម៉ាឡេស៊ី … ដើម្បីការ​ពារដែនសមុទ្ររបស់យើង។ នៅលើដី ក្រសួងការបរទេសយើង កងទ័ពយើងនៅមុខធ្វើការជាប្រចាំ។ ទី១ រក្សា​បទឈប់បាញ់ និងទី២ ទាមទារដោះស្រាយតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដោយអោយ JBC ដំណើរការឡើងវិញ។ យើងអត់បានទុកចោលទេ។ យើងធ្វើរាល់ថ្ងៃយើងគិតរាល់ថ្ងៃ។ រដ្ឋាភិបាលមិនបានចោលកាតព្វ​​កិច្ច មិនបានគិតគូរទឹកដីទេ។ នេះខ្ញុំមិនបានរាប់ចូលរឿងប្រជាជនដែលរងប៉ះពាល់ដោយសង្គ្រាម រឿងជនភៀសសឹក រឿងប្រជាជនព្រំដែនដែលប៉ះពាល់សេដ្ឋកិច្ចផងទេ។ យើងធ្វើទាំងអស់។

(២៤) មន្ត្រីរដ្ឋាភិបាល ជាពិសេសមន្ត្រីព្រំដែន និងកងទ័ពយើង ជាអ្នកស្រឡាញ់ជាតិផ្ទាល់

កន្លងទៅ ក្នុងរយៈពេលនេះ តើរដ្ឋាភិបាលមានទៅតតាំងស្អី(នឹងខ្មែរណាទេ) … ទោះបីជាយ៉ាងម៉េច យើងសុខចិត្តអត់ធ្មត់ ព្រោះយើងមិនចង់តតាំងឆ្លើយឆ្លងជាមួយខ្មែរគ្នាឯង។ សន្លឹកបៀរយើងលេងជាមួយថៃ មិនមែនលេងជាមួយខ្មែរទេ។ សុំតែម្យ៉ាង ឱ្យខ្មែរទាំងអស់ មិនថានិន្នាការណាទេ រួមទាំងក្រុមរបស់គាត់ ទុកឱកាសឱ្យរដ្ឋាភិបាលបានប្រមូលផ្តុំធ្វើការដោយទទួលខុសត្រូវផង។ ប្រជាជនខ្មែរភាគច្រើនយល់ តែពួកលោកហ្នឹងមិនព្រម(យល់)។ ជិតដល់បោះឆ្នោត គាត់កាន់តែវាយលុក។ ពួកគាត់អត់គិតអី គិតតែពីជ្រុងកេងចំ​ណេញ​នយោបាយ មួយថ្ងៃៗ ឮតែក្បត់ជាតិ ដូរសន្តិភាព ដូរអំណាច ផ្ដួលត្រកូលហ៊ុន … ឃើញតែអញ្ចឹង (ដោយ)មិនដឹងថាអ្វីដែលពួកគាត់ធ្វើ កំពុងតែឱ្យខ្មែរបែកបាក់ការឯកភាពគ្នា មានមន្ទិលសង្ស័យគ្នាទេ។ ខ្ញុំនិយាយម្តងទៀត សុំឱ្យមានភាពស្ងប់ស្ងាត់ដើម្បីរដ្ឋាភិបាលទៅជល់។ ភាគីម្ខាងទៀត គេទុកឱ្យរដ្ឋាភិបាលគេធ្វើ។ ដល់យើង មកជជែកញែកកម្លាំងនយោបាយ។ ខ្ញុំមិនសំដៅទៅលើប្រជាពលរដ្ឋដែលផុសរឿង(ព្រំដែន)ទេ តែនេះជាអង្គការចាត់តាំងនយោបាយដែលបង្កើតសកម្មភាពកេងចំណេញនយោបាយនៅក្នុងដំណាក់កាលដែលយើងកំពុងតែស្មុគស្មាញ ដោះស្រាយបញ្ហាជាមួយនឹងប្រទេសជិតខាង។ រឿងទឹកដីរឿងធំ មិនមែនស្រ​ឡាញ់ជាតិតែពួកគាត់ទេ។ មន្ត្រីរដ្ឋាភិបាល ជាពិសេសមន្ត្រីព្រំដែនហ្នឹងតែម្តង គឺជាអ្នកស្រឡាញ់ជាតិ កងទ័ពយើងតែម្តង គឺជាអ្នកស្រឡាញ់ជាតិផ្ទាល់តែម្តង។ ដោយសារតែការវាយប្រហារមិនឈប់ ហើយថែមទាំងកាន់​តែច្រើនឡើង យើងត្រូវហៅគាត់មកជល់គ្នា។

(២៥) ការចោទប្រកាន់របស់ជាឥស្សរជននយោបាយម្នាក់ ធ្វើឱ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យគ្នាឯង

រដ្ឋាភិបាលធ្លាប់ចេញពន្យល់ហើយរឿងបង្គោល៥២, ៥៩ ​តែ(ពួកនេះ)មិនព្រមស្ដាប់។ ឥឡូវ ហេតុអីបានជាហៅមក(និយាយពីបង្គោលលេខ)៥២, ៥៩។ ក្នុងបណ្តាយព្រំដែន ៨០០គីឡូម៉ែត្រជាង រដ្ឋាភិបាលកំពុងធ្វើកិច្ចការលើចម្ងាយទាំង ៨០០គីឡូម៉ែត្រហើយ មិនបាច់ត្រូវការអ្នកណាមកទេ។ រឿងនៅបង្គោល៥២, ៥៩ នេះ លោកឯងចោទរដ្ឋាភិបាលថាកាត់ដី ហើយមានភស្តុតាងច្បាស់លាស់ថាបង្គោល​តម្រុយ ដែលបានឯកភាពគ្នាហ្នឹងបានបោះចូលក្នុងដីខ្មែរ។ អ្នកឯងថាយើងក្បត់ជាតិរួចទៅហើយ។ មុននឹងចេញទៅក្រៅប្រទេស ខ្ញុំទៅចែកសញ្ញាបត្រនៅបាត់ដំបង ខ្ញុំបានថាកន្លែងហ្នឹងយើងបានបោះបង្គោលតម្រុយរួចហើយមុនវាយគ្នា។ នៅក្នុងចម្ងាយប្រវែងជាង ៨០០គីឡូម៉ែត្រ មានតែ ៨គីឡូម៉ែត្រជាងហ្នឹងទេ គឺបង្គោល៥២ ដល់ ៥៩ ដែលភាគីទាំងពីរបានឯកភាពគ្នា ទាំងទីតាំងបង្គោលដើមនិងលើការបោះតម្រុយបានចប់សព្វគ្រប់។ ឯបង្គោល៤២ ដល់ ៤៧បោះដែរ តែបានបន្តិច ក៏វាយគ្នាទៅ។ វាមិនទាន់ចប់។ កន្លែងនោះក៏វានៅការគ្រប់គ្រងខុសច្បាប់ដោយកងទ័ពថៃដែរ។ កន្លែងនេះវាអត់មានអី។ ប៉ុន្តែ លោកឯងជេររាប់ខែមកហើយ និងថាមានភស្តុតាងថារដ្ឋាភិបាលបោះបង្គោល៥៥ ចូល(មកក្នុងទឹកដីកម្ពុជា)មួយគីឡូ … ៥០០ម៉ែត្រពីនេះពីនោះ។ ដោយលោកឯងជាឥស្សរជននយោបាយម្នាក់ (ការចោទប្រកាន់នេះ)ធ្វើឱ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យខ្មែរគ្នាឯង ធ្វើសកម្មភាពបំផុសថែមទៀត នៅពេលយើងកំពុងតែចេញចរចា ហើយព្យាយាមតតាំងដើម្បីដោះស្រាយ។ តើខ្ញុំធ្វើនេះ ក្នុងន័យវាយគ្នាឯង បំបែកបំបាក់(ជាតិឬ?)។ អត់ទេ។ ផ្ទុយទៅវិញ ខ្ញុំចង់បានតែការមូលមតិគ្នា ឯកភាពគ្នា ទុកឱ្យរដ្ឋាភិបាលធ្វើការសិន។ ចាំចប់ … យើងនឹងមិនខ្លាចបង្ហាញប្រជាពលរដ្ឋថា តើយើងធ្វើឱ្យបាត់ ឬ​មួយយ៉ាងម៉េចទេ។

(២៦) បង្គោលតម្រុយ៥២, ៥៩ ឈរនៅកន្លែងមានការឯកភាព និងលើខ្សែព្រំដែនរត់ត្រង់ មិនក្តៅខាងយោធា គ្មានមីន និងគ្មានការចូលគ្រប់គ្រង

សុំតែពេលហ្នឹង គ្រប់គ្នាដឹងហើយថា បញ្ហាវាមិនទាន់ចប់ … ​បង្គោល៥២, ៥៩ នេះ … ជាកន្លែងមួយដែលអាចបញ្ជាក់បាន។ ទី១ ជាកន្លែងដែលមានការឯកភាពគ្នា និងបានទាំងបោះបង្គោលតម្រុយទៀត។ ទី២ ជាកន្លែងដែលខ្សែ(ព្រំដែនរត់)ត្រង់ គ្មានការគ្រប់គ្រង មិនក្តៅខាងយោធា គ្មានមីនគ្មានអី។ កន្លងទៅរដ្ឋលេខា​ធិការព្រំដែនធ្លាប់ចេញទាំងបទបង្ហាញផ្សាយតាមទូរទស្សន៍ទៀត។ ឯកឧត្តម នេត ភក្ត្រា មកទេ? យើងចេញពីខែណា? ខែ៥។ ពន្យល់ហើយ … ម៉េចធ្វើមិនដឹង ចេញមកទៀតថា ក្បត់ជាតិ កាត់ដីឱ្យគេ។ ចុងក្រោយហ្នឹង គឺក្រោយពីបាត់ដំបងហ្នឹង ខ្ញុំទ្រាំមិនបាន … “លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ថៃធ្វើហ្នឹងនៅក្នុងដី(ខ្មែរ)” អញ្ចឹងបានន័យច្បាស់ណាស់ថា លោក ម៉ាណែត ត្រកូលហ៊ុន កាត់ដីអោយថៃ … ព្រោះបោះបង្គោលតម្រុយមួយចំនួនចូលដីខ្មែរ។ គេមានភស្តុតាងច្បាស់លាស់ អញ្ចឹងប្រជាជនកាន់តែ(ស្រពេចស្រពិល) … បើក្នុងនាមជាអ្នកដឹកនាំនយោបាយ ឃើញស្ថានភាពបែបហ្នឹងហើយនៅស្ងៀម (វានឹង)មានបញ្ហា។ អញ្ចឹង យើងត្រូវឆ្លើយតបយ៉ាងម៉េច? បើឱ្យឆ្លងឆ្លើយ វាដដែលជាដដែល។ ត្រឹមតែគណៈកម្មការព្រំដែន បកស្រាយ គាត់មិនស្ដាប់ដដែល។ ឯកឧត្តម ឡាំ ជា និងឯកឧត្តម នេត ភក្ត្រា (បាន)ថត(ផ្សាយហើយ)តើ … តែវាអត់ប្រយោជន៍។ វាឡងទៅឡងមក វាធ្វើឱ្យវែងឆ្ងាយ។ មួយទៀត គេថា បើរដ្ឋាភិបាលថា(ដីត្រង់)ហ្នឹងមិនបាត់ ម៉េចក៏ក្រសួងការបរទេសប្តឹងទៅថៃ ២ដង។ តើប្តឹងរឿងអី?

(២៧) ដោយការមួលបង្កាច់អំពីបង្គោលព្រំដែន បង្កើតនូវគោលគំនិតបំបែកស្មារតីជាតិ វិធីពន្យល់ល្អបំផុតគឺបញ្ជាក់ចំពោះមុខប្រជាជន

រឿងប្តឹងយើងប្តឹងមែន។ ប៉ុន្តែអស់លោកត្រូវមើលខ្លឹមសារនៃការប្តឹងនីមួយៗ វាមានខ្លឹមសារខុសគ្នា។ អត់ទាំងយកភ្នែកមើលផង ស្ដាប់នឹងត្រចៀក ហើយថាអានអក្សរ។ កន្លែងខ្លះ យើងប្តឹងរឿងអធិបតេយ្យ ធ្វើខុសនៅលើកន្លែងដី កន្លែងមិនទាន់វាស់វែង។ កន្លែង ៥២, ៥៩ យើងវាស់វែង យើងប្តឹងរឿងរំលោភនីតិវិធី។ អ្នកឯងធ្វើរបងរំលោភនីតិវិធី តាមនីតិវិធីការបោះបង្គោល ការវាស់ហើយ បោះបង្គោលព្រំដែនតម្រុយហើយ មុននឹងធ្វើអី JBC ត្រូវជួបគ្នា។ JBC ជួបគ្នាបានទៅឯកភាពគ្នា។ JBC ចុះទៅ ធ្វើផ្លូវ ធ្វើបង្គោលនៅកន្លែងហ្នឹងតែម្តង។ ទៅមើលខ្លឹមសារគេឡើងវិញ … ដាច់ខាត យើងចាំបាច់ត្រូវតែមកពន្យល់កន្លែងហ្នឹង។ អញ្ចឹងវាហែកព័ត៌មានចេញទៅហើយ។ ប៉ុន្តែវាចាំបាច់ ត្រូវតែពន្យល់។ យើងពន្យល់អ្នកឯងរំលោភនីតិវិធី។ ពេលធ្វើ ខាងទា​ហានយើងបូកជាមួយនឹងគណៈកម្មការព្រំដែនតំណាងឈរនៅហ្នឹង។ អ្នកខ្លះថា ម៉េចទាហានចេះព្រំដែន។ ងាប់ហើយបើទាហានអត់ចេះផែនទីវាចប់ហើយ … គេថាម៉េចក៏មិនប្រើគណៈកម្មការព្រំដែន។ ទាហានចេះព្រំដែនច្បាស់ជាងគេ។ ចេះបច្ចេកទេសព្រំដែន ចេះមើលផែនទីច្បាស់។ ប៉ុន្តែយើងមានតំណាងគណៈកម្មការព្រំដែននៅជាប់ជាមួយកន្លែងហ្នឹង។ តវ៉ាយើងតវ៉ា អំពីរឿងរំលោភនីតិវិធី រំលោភការឯកភាពគ្នា។ នៅកន្លែង៥២, ៥៩ យើងហ៊ានទទួលខុសត្រូវ។ ប៉ុន្តែ ការលើក(ឡើងមួលបង្កាច់ការពិត)របស់គាត់ បានបង្កើតនូវគោលគំនិត(បំបែកស្មារតីជាតិ)។ ខ្ញុំថាមានតែវិធីមួយទេ។ ទាល់តែបញ្ជាក់នៅមុខប្រជាជនតែម្តង កុំលាក់លៀម។ ក្នុងដំណាក់កាលនេះ ហេតុអីបានជាយើងមិនអាចជជែកតាមអនឡាញបាន។ ដូចខ្ញុំនិយាយ សន្លឹកបៀរវាមានរឿងរសើបច្រើន។ គ្រាន់តែ ៥២, ៥៩ ហ្នឹងវាមានរឿងរសើបច្រើនទៀតមិនទាន់ចប់។ រឿងបោះបង្គោលតម្រុយអីវាត្រឹមត្រូវហើយ ប៉ុន្តែវាមាននីតិវិធីគន្លាក់ៗ វាទៀត។

(២៨) “ត្រូវមកនិយាយដោយមានឯកសារព្រំដែន មិនមែនតាមឮគេថាទេ ហើយបើកប្រជាពលរដ្ឋសួរ …”

បើបានយើងនាំគ្នាជជែកតាម Facebook អ្នកណាអ្នកមើល មិនមែនតែខ្មែរយើងអ្នកមើលឯណា។ សន្លឹកបៀរ គូបដិបក្សគេមើលដែរ។ ខ្ញុំនិយាយតាំងពីដើម យើងលេងកាតេ តែបង្ហាញគេ គេឃើញសន្លឹកបៀរហើយ អាត់៣ កាត់ទីវដែរ … ក្រុមការងារបច្ចេកទេសយើងត្រៀមឯកសារដើម្បីពេលដែល JBC ចាប់ផ្តើម យើងទៅធ្វើការបន្ត។ មិនទាន់ចប់ទេ។ ទាល់តែថា JBC អនុវត្តគ្រប់នីតិវិធី។ ឥឡូវវាបានមួយចំនួន។ អញ្ចឹង យើងមិនអាចជជែកគ្នាតាមអនឡាញទេ។ ដែលថាមិនមែនតែប្រជាជនយើងដប់លាននាក់ជាងមើល គឺគេមើលទាំងអស់។ អញ្ចឹងវាចេញទាំងអស់ ហើយជាពិសេសការចោទសួរដេញដោលទៀត។ ខ្ញុំថាយកល្អ យើងបង្កើតការជួបគ្នាជជែកគ្នា នៅក្នុងកន្លែងមួយ ឧទាហរណ៍យកកន្លែងនេះ អញ្ជើញមក។ ប្រជាពលរដ្ឋយើង មានអ្នកសារព័ត៌​មាន និស្សិត បញ្ញវន្ត គណបក្សណាក៏ចូលមក ប៉ុន្មានរយនាក់ ១,០០០ នាក់ហ្នឹងចូលមក ហើយអត់ថតផ្សាយ Live អីទេ។ តម្លាភាព ប៉ុន្តែមានកំណត់ … ខាងគាត់មានស្អី ខាងយើងមានស្អី។ កុំមកនិយាយតាមញាណពិសេស តាមអី អត់(ទទួល)ទេ។ ត្រូវនិយាយដោយមានឯកសារព្រំដែន។ អត់មានឮគេថាទេ។ ត្រូវតែមានឯកសារព្រំដែន ជាតម្លាភាពជាមួយប្រជាពលរដ្ឋ ហើយឱ្យគាត់សួរ។ បើកឱ្យសួរតែម្តង។ យើងអាចរៀបនៅរាជបណ្ឌិត្យសភាមួយសាលហ្នឹង គ្រាន់តែយើងអត់ផ្សាយ Live អីកុំឱ្យគេឃើញ។ គាត់លើកគ្នាគាត់មក។ អ្នកដែលពេញចិត្តហ្នឹងត្រៀមសំណួរមក វាយបំបាក់រដ្ឋាភិបាល យើងអត់ខ្លាចទេ។ យើងបង្ហាញទឡ្ហីករណ៍របស់យើងច្បាស់។ នេះបានន័យថា យើងប្រជុំជជែកផ្ទាល់នៅក្នុងនេះ យើងមិនអាចដាក់ Live។ ដោយសាររឿងវាមិនទាន់ចប់។ បើសិនជារឿងវាដោះចប់កន្លែងកំណាត់ហ្នឹង ចុងក្រោយប្រទេសទាំងពីរឯកភាពគ្នា សភានីមួយៗអនុម័តរួចអស់ហើយ តាមនីតិវិធី យើងមិនខ្លាចដាក់ទេ។ ដាក់ Live ពន្យល់ហើយឱ្យសួរទៀត។ តែឥឡូវដំណើរការចរចាវាមិនទាន់ចប់។ អាណិតប្រទេសផង។

(២៩) ជួបនៅកម្ពុជាដើម្បីឱ្យប្រជាជនខ្មែរម្ចាស់ប្រទេសបានដឹងនិងចូលរួម

រដ្ឋាភិបាលកំពុងចរចា។ លទ្ធផលយ៉ាងណាគឺជាលទ្ធផលសម្រាប់ប្រទេសជាតិយើង។ អញ្ចឹងយើងធ្វើប៉ុណ្ណឹង។ យើងហៅមក ចុះហេតុអីបានជាមិនធ្វើនៅប្រទេសទី៣ មិនធ្វើនៅអាមេរិក ធ្វើនៅអឺរ៉ុប ធ្វើនៅអី។ ធ្វើៗ អី បើធ្វើអត់ដាច់ស្រេចដដែលហ្នឹង។ សូម្បីតែវាស់ប្លង់ដីណា ក៏គេឱ្យមន្ត្រីសុរិយោដីចុះទៅមើលលើដីដែរ។ ភាគីទាំងសងខាង ភូមិផងរបងជាមួយ អ្នកជិតខាងក៏ទៅមើលដែរ។ គេមិនមែនកាន់តែប័ណ្ណស្លាបមាន់ ប័ណ្ណអីយកមកជល់គ្នាទេ។ ទៅមើលជាក់ស្តែង កំណត់ព្រំលើដី។ បើទៅក្រៅ វាដដែលជាដដែលហ្នឹង។ យើងមិនអាចផ្សាយ Live ហើយអ្នកដែលចូលរួមហ្នឹងចេញទៅគឺរៀងៗខ្លួន ប្រាប់ថា អានេះ ក គាត់ថា ខ ប្រាប់ថាអានេះនៅឆ្វេង គាត់ថា នៅស្តាំ ថាត្រង់ហ្នឹងស្ទឹងមានតែមួយ គាត់ថាទេ មានស្ទឹង៥។ អញ្ចឹង បើមិនមានវិធីចុះទៅលើដី ដើម្បីបញ្ជាក់ឱ្យដាច់ស្រេច … ខ្ញុំនិយាយពីភស្តុតាង និងបច្ចេកទេស មិនមែនចរចាតាមមាត់និយាយ តាមញាណពិសេសទេ ឬមើលទូរទស្សន៍ហើយសន្និដ្ឋាន … (នោះក៏វាមិនដាច់ស្រេចដែរ)។ ត្រៀមលក្ខណៈតម្លាភាព ចុះទៅមើលលើដីជាក់ស្តែងជាមួយប្រជាជនមួយចំនួន តំណាងមួយចំនួន។ ទៅមើលទៅ។ ឱ្យចុះមើលតែម្តងថាតើរឿងហ្នឹងយ៉ាងម៉េច។ ការវាស់វែង យកស្អីជាគោល យកអូរណា ហើយបើអូរហ្នឹងយ៉ាងម៉េច តើវាត្រូវការមុំប៉ុន្មាន ចម្ងាយប៉ុន្មាន PV របស់គេច្បាស់លាស់ … ជួបដោយសារមូលហេតុយើងមិនអាចផ្សព្វផ្សាយ ខ្លាចគ្រប់គ្នាឃើញ វាបាត់នូវប្រៀបរបស់យើង សូម្បីតែនៅបង្គោល ៥២, ៥៩។ ទីពីរ (ជួប)នៅកម្ពុជាដើម្បីឱ្យប្រជាជនខ្មែរក្នុងប្រទេស ដែលភាគច្រើនជាម្ចាស់ប្រទេស អ្នករស់នៅក្នុងហ្នឹងដឹង និងបានចូលរួមច្រើន។ មិនមែនថាប្រជាជនខ្មែរនៅក្រៅប្រទេស អត់មានតម្លៃដូចប្រជាជនខ្មែរនៅក្នុងទេ ខ្មែរដូចគ្នា មានតម្លៃដូចគ្នា ប៉ុន្តែគ្រាន់តែយើងធ្វើកន្លែងនេះដើម្បីឱ្យខ្មែរភាគច្រើនបានចូលរួម និស្សិត បញ្ញវន្ត។ អ្នកក្រៅប្រទេស បើចង់ ជិះយន្តហោះមក យើងស្វាគមន៍។ យើងយកនៅកន្លែងហ្នឹង ហើយបើកឱ្យប្រជាជនសួរទៅ។

(៣០) អ៊ុំ សំអាន មិនមែនជាគោលដៅ … គោលដៅធំគឺចលនាដែលវាយប្រហារ

មន្ត្រីជំនាញព្រំដែនរបស់យើង ហ៊ានការពារអ្វីដែលយើងបានឯកភាព បោះបង្គោលតម្រុយ ហើយហ៊ានចុះទៅមើលនៅលើដីទៀត … គេសួរថា ហេតុអីបានជាកំណត់គោលដៅយកលោក អ៊ុំ សំអាន? សូម្បីតែមានគ្នាយើងហ្នឹងឱ្យយោបល់ថា មិនចាំបាច់តតាំងជាមួយលោក អ៊ុំ សំអាន នាំអោយគាត់ឡើងតម្លៃ។ ខ្ញុំថា វាយ​តម្លៃច្រឡំហើយ។ ខ្ញុំមិនបានសំដៅទៅលោក អ៊ុំ សំអាន ទេ។ អ្វីដែលជាគោលដៅធំ គឺចលនារបស់គាត់ដែលវាយប្រហារ ទើបជាគោលដៅ។ ចង់លោក អ៊ុំ សំអាន ឬលោក ក លោក ខ វាអត់សំខាន់។ សំខាន់ត្រូវតែបង្ហាញថា ចលនាវាយប្រហារហ្នឹង មានភស្តុតាង ឬមានមូលដ្ឋានអីខ្លះ? គោលដៅសំខាន់ គឺទំនុកចិត្ត (Credibility)។ ឥឡូវប្រជាជនមិនដឹងជឿអ្នកណា។ ជឿរដ្ឋាភិបាលថាទទួលខុសត្រូវ ឬមួយក៏ជួយយន្តការគ្នាគាត់ និងក្រុមគាត់ដែលមានភស្តុតាងថារដ្ឋាភិបាលឱ្យដីគេ។ ប្រជាជនជឿអ្នកណា។ ឥឡូវសូមមក។ នេះគឺជាការប្រកួត Credibility មិនមែនជាការប្រកួតចាញ់ឈ្នះទេ ដើម្បីឱ្យប្រជាជនបានស្ងប់ចិត្ត។ បើមិនគិត គាត់មិនដឹង គិតតែពីថា “ខ្លួនឡើងតម្លៃហើយ គ្រវីទង់ស្រាតខោ”។ ខ្ញុំនិយាយរឿង Trophy។ អ្នកលើក Trophy ស្រាតខោដោយអត់ដឹងខ្លួន។ ដោយសារអី គាត់បាត់ម្ចាស់ការ។ក្នុងមួយសប្តាហ៍មុនហ្នឹងណា ខ្ញុំជាប់នៅបេសកកម្មនៅ ៣ប្រទេស ហើយប្រជុំ CICA។ ខ្ញុំក៏មិនបានមានពេលទៅឆ្លងឆ្លើយអីទេ។ ប៉ុន្តែ អ្វីដែលសំខាន់ ខ្ញុំហួសចិត្ត។ មិនដឹងយុទ្ធសាស្ត្រយ៉ាងម៉េច។ មួយថ្ងៃៗ ចាប់ផ្តើមដោះអាវ ស្រាតខោខ្លួនឯង។ និយាយច្រើនពេក និយាយហើយអត់ដឹងខ្លួនទៀតថាខ្លួនកំពុងតែស្រាតខោដោះអាវ។ កំពុងតែហុចដាវឱ្យខ្ញុំនូវអ្វីដែលខ្ញុំចង់បាន។

(៣១) Credibility ឬភាពជឿទុកចិត្ត ជាអ្វីដែលអាចបញ្ជាក់បង្ហាញប្រជាជន … តើអ្នកណានិយាយការពិត

គាត់វាយតម្លៃខុសថា ខ្ញុំចង់បានគាត់។ ខ្ញុំចង់បានអ្វីដែលគាត់មាន បង្ហាញប្រជាជន គឺ Credibility គឺភាពជឿទុកចិត្តនេះ។ តើអ្នកណា(និយាយពាក្យ)ពិតប្រាកដ? គាត់អត់ដឹង ទីបំផុតគិតថាគាត់ហ្នឹងឡើងថ្លៃ … គ្នាយើងមួយចំនួន លើកយោបល់ឱ្យខ្ញុំ ក៏អត់ដឹងថា ខ្ញុំចង់បានអីផង។ ដែលហៅមកនេះគឺដើម្បីបញ្ជាក់ជូនប្រជាជនបង្ហាញភាពជឿជាក់ យកបេះដូងការទុកចិត្តប្រជាពលរដ្ឋឱ្យច្បាស់ កន្លែងបង្គោល ៥២, ៥៩ ហ្នឹងជាគោលដៅ ធ្វើតេស្ត/ប្រឡងតែម្តង។ ដាក់មក ព្រោះកន្លែងហ្នឹងគាត់កំពុងបង្កើតមន្ទិលសង្ស័យ … គេថាភូតច្រើនចាញ់អាត្មា។ និយាយហើយ និយាយទៀត។ ខ្ញុំអង្គុយអស់សំណើចដែរ។ គេបាញ់មកឱ្យខ្ញុំ។ ដល់ពេលមកវិញ ខ្ញុំអង្គុយមើល។ ខ្ញុំថា អើ! នេះបានន័យថា អ្នកពុលទឹកមាត់ អត់ដឹងរឿង។ មិនត្រឹមតែនិយាយទេណា ឌឺយើងទៀត។ ឥឡូវគាត់បង្ហាញស្អី ដែលគាត់និយាយកាន់តែច្រើន សម្ភាសន៍ជាមួយនឹងគ្នាគាត់ផង ហើយសម្ភាសន៍ជាមួយនឹងអាស៊ីសេរី ជាមួយនឹងលោក (កុំឲ្យថាយើងជេរអសុរោះ) មួង ណារ៉េត។ លោកហ្នឹង មិនដឹងយ៉ាងម៉េច គាត់ថាអ្នកកំពត បើមិនចេះលួចហ្នឹង ក្បត់ដូនតា។ ទៅមើលងាយអ្នកកំពតអញ្ចឹងទៅ។ ហ្នឹងនិយាយច្រើនវាអញ្ចឹង។ មួយថ្ងៃៗ ថាម៉េចក៏មិនប្ដឹងៗ។ អត់ទាំងយល់ច្បាប់ អត់យល់ទាំងគោលការណ៍របស់ ICJ ឬ ICC ផង។ លោកអ៊ុំ សំអាន ហ្នឹងដែលថាអួតពី ICJ។ ខ្ញុំចាំថាពីខែ៧ ICC ហៅគាត់ទៅ ឥឡូវដល់ណាហើយ។ សូមយល់ពីនីតិវិធីអន្តរជាតិ។ វាមិនមែនងាយស្រួលហើយលឿនដូចយើងគិតនោះទេ។ យើងរកវិធីដោះស្រាយ ។

(៣២) បើមានឯកសារ អ៊ុំ សំអាន នឹងចំណេញ ដោយបានបង្ហាញកំហុសរដ្ឋាភិបាល និងអាចក្លាយជាវីរជន

ឥឡូវ ខ្ញុំសុំប្រាប់លោកអ៊ុំ សំអាន ថាលោកបានស្រាតខោ។ ឥឡូវលោកក្លាយទៅជាអ្នកក្លាហានស្រាតខោលើកពានជ័រ។ ហេតុអី? ទី១ តាមការនិយាយជាច្រើន គាត់បានបង្ហាញអញ្ចេះ ម្តងថាគាត់ខ្លាច។ ជំហរកែរហូត។ អត់មានជំហរអីច្បាស់លាស់ទេ ហើយបាត់ម្ចាស់ការ។ ម្ដងថាមិនហ៊ានមក ខ្លាចគេចាប់ ខ្លាចគេបាញ់ ខ្លាចគេវ៉ៃបែកក្បាល។ ប៉ុន្តែខ្ញុំឃើញឃ្លីបគាត់ថ្ងៃមុនថា បើលោកហ៊ុន ម៉ាណែត មិនហ៊ានឲ្យខ្ញុំមក កងពលខ្ញុំវាយមិនខ្លាចស្លាប់​ដើម្បីទឹកដី។ ឥឡូវគ្រាន់តែហៅមក យើងធានាសោះមិនហ៊ានមក។ បើខ្ញុំដូចជាលោក អ៊ុំ សំអាន ហើយមានឯកសារច្បាស់លាស់ ខ្ញុំនឹងចំណេញៗ នៅពេលដែលនាយករដ្ឋមន្ត្រីហៅខ្ញុំមក ហើយធានាបែបនេះ។ ទី១ ខ្ញុំមានឱកាសមកបង្ហាញប្រជាជនក្នុងស្រុក រដ្ឋាភិបាលកាត់ឲ្យគេមែនដោយសារខ្ញុំមានភស្តុតាង មកវាយនៅក្នុងដីតែម្តង ហើយសុវត្ថិភាពត្រូវបានធានា ព្រោះមានទូតបរទេសមក។ ទី២ បើសិនជារដ្ឋាភិបាលមិនគោរព បានន័យថាខ្ញុំក្លាយទៅជាវីរជន គេហៅ Martyrs មិនស្លាប់ទេ។ ឧ. រដ្ឋាភិបាលចាប់។ បានន័យថា គាត់បានវាយប្រហារលើឥទ្ធិពលរបស់នាយករដ្ឋមន្ត្រី ដែលនិយាយក្រឡិចក្រឡុច … គាត់នឹងឈ្នះរហូត។ តែគាត់មិនហ៊ានមក។ បើគាត់ហ៊ានមកជល់ ទី១ គាត់មានឯកសារមកវាយហើយ។ មកដល់បង្ហាញប្រជាជន រដ្ឋាភិបាលកាត់ដីឲ្យគេមែន។ បើសិនជាគាត់មាន។ ទី២ បើសិនជាមក រដ្ឋាភិបាលចាប់ ឬមួយក៏ធ្វើឲ្យគ្រោះថ្នាក់ ស្មើនឹងគាត់ហ្នឹងលះបង់ដើម្បីចង់ផ្ដួលត្រកូល ហ៊ុន …

(៣៣) “… ប្រកាសលើពិភពលោកនិងប្រកាសឲ្យប្រជាជនទូទាំងប្រទេសដឹងបែបនេះ វាធ្ងន់ជាងលិខិតមួយសន្លឹកទៅទៀត …”

ប៉ុន្តែទី១ គាត់ថាមិនហ៊ាន ទី២ ម្ដងថាទាល់តែលើកលែងទោសឲ្យគាត់ បានគាត់ហ៊ានមក។ ឥឡូវលែងខ្លាចសុវត្ថិភាពហើយ។ ចង់បានរួចខ្លួនម្ដង។ ម្តងគាត់ថា គាត់មានភស្តុតាង និយាយរឿងបង្គោល៥២, ៥៩ តាមការអញ្ជើញ។ ម្ដងគាត់ថាអត់ទេ មកអត់និយាយរឿងហ្នឹងទេ ទាល់តែនិយាយព្រំដែនទាំងមូល ទាំងទឹកទាំងគោក ម្ដងនិយាយថាទៅអត់និយាយរឿងព្រំដែនទេ ខ្ញុំអ្នកនយោបាយ។ អញ្ចឹងមកធ្វើអី? គេហៅមកបង្ហាញភស្តុតាង ចោទគេរឿងបង្គោល៥២, ៥៩ ឯងថាអត់ធ្វើទេ ធ្វើទាំងមូល។ ឥឡូវថាអត់និយាយរឿងព្រំដែនទេ។ ខ្ញុំអ្នកនយោ​បាយ មកនិយាយរឿងនយោបាយ។ លេងខូចម៉្លេះ។ ខ្លួនឯងថាសរសេរលិខិតមកខ្ញុំ ក្នុងនាមជារដ្ឋាភិបាលអង្គការចាត់តាំងក្រៅច្បាប់ ២៣ តុលា ប៉ុន្តែពេលជាមួយគ្នាលួចរុញសារតាមបុគ្គលម្នាក់ដែលស្គាល់គ្នាមកឲ្យខ្ញុំ ហើយប្រាប់គេថាដាក់ក្នុងនាម ២៣តុលាសិនចុះ បើរដ្ឋា​ភិបាលប្រតិកម្មយ៉ាងម៉េចចាំគាត់ដូរ។ ជំហរអត់ច្បាស់លាស់អញ្ចឹង តើធ្វើម៉េចចុះ។ ចុងក្រោយ មកចេញក្នុងនាមក្រុមការងារព្រំដែន។ បង្កប់ន័យដដែលហ្នឹង ក្រុមការងារព្រំដែនរបស់អ្នកណា … ឲ្យរដ្ឋាភិបាលឆ្លើយធ្វើលិខិតអញ្ជើញ? អត់ទេ។ សារប៉ុណ្ណេះ ការធានាប៉ុណ្ណេះ​វាសមស្របហើយ។ មនុស្សគេយកសម្តី។ ខ្ញុំមិនដែលទៅក្រឡិចក្រឡុចទេ។ ហ៊ានប្រកាសលើពិភពលោកបែបនេះ ប្រកាសឲ្យប្រជាជនទូទាំងប្រទេសដឹងបែបនេះ វាធ្ងន់ជាងលិខិតមួយទៅទៀត។ ប្រកាសប៉ុណ្ណេះគឺហ៊ាននិយាយហ៊ានធ្វើហើយ។ បើអត់និយាយ សម្លាប់ខ្លួនឯងហើយ។ ជាអ្នកនយោបាយ បើបាត់អស់ភាពជឿជាក់ពីប្រជាជនចប់ហើយ។

(៣៤) “មិនត្រឹមតែគ្មានជំហរច្បាស់លាស់ទេ តែថែមទាំងខ្លាច ហើយក្រឡិចក្រឡុច បង្កើតលក្ខខណ្ឌដោះខ្លួន …”

ចុងក្រោយ (មិន)ត្រឹមតែគ្មានជំហរច្បាស់លាស់ តែថែមទាំងខ្លាច ហើយក្រឡិចក្រឡុច បង្កើតលក្ខខណ្ឌដោះខ្លួន។ លក្ខខណ្ឌដោះខ្លួនយ៉ាងម៉េច។ គេហៅមកជជែករឿងបង្គោល៥២, ៥៩ មកបង្ហាញភស្តុតាងមកគេធានាឲ្យ។ មិនទេ។ ទី១ សុំឲ្យព្រះមហាក្សត្រលើកលែងទោស។ វាមិនដែល បង្កើតទោសមិនអស់ ប្រឆាំងរដ្ឋាភិបាល ធ្វើអីខុសច្បាប់ ហើយចុងក្រោយចង់រួចទោស ដោយសារជេររដ្ឋាភិបាលក្បត់ជាតិ ចង់ឲ្យគេលើកលែងទោសជេរគេបន្ថែម។ បង្កើតរឿង ជាប់បទចោទផ្សេងៗ ប៉ុន្តែឥឡូវចង់រួចខ្លួន ទៅជាមិនត្រឹមតែមិនសុំទោសសុំអីទេ គឺថាឥឡូវចង់បង្កើតលក្ខខណ្ឌជេររដ្ឋាភិបាលក្បត់ជាតិ កាត់ដីឲ្យគេ(នៅបង្គោល)៥២. ៥៩ វាយគេមួយដៃហើយ ចង់ត្រូវគ្នា ដាក់គេមួយស្បែកជើងទៀត ហើយសុំគេឲ្យស្មើគ្នា។ អត់ទេ។ ទី២ បើថាខ្ញុំ(រកការលើកលែងទោស)ឲ្យលោក អ៊ុំ សំអាន បន្តិចទៀតគឺមិនចប់ទេ។ អ្នកផ្សេងចង់រួចខ្លួនបង្កើតបទចោទនេះចោទនោះ មករួចទាំងអស់ … រួចថា ទាល់តែបារាំងមកបាន(មក)។ ខ្ញុំថាគាត់ចេះមិនដល់ ឬមួយក៏ចេះតែធ្វើល្ងង់ ដើម្បីរួចខ្លួន។ គាត់មិនយល់ពីគោលការណ៍រដ្ឋនិងរដ្ឋ ព្រំដែនរវាងប្រទេសទាំងពីរឬ? បើចង់ហៅអ្នកទី៣ មក សូម្បីតែហៅ UN ហៅ ICJ មក ក៏ទាល់តែប្រទេសទាំងពីរឯកភាពគ្នា។ រដ្ឋាភិបាលទាំងពីរស៊ីញ៉េលិខិតទៅអញ្ជើញបានគេមក​។ បើគ្មានថៃឯកភាពទេ គេមិនមកទេ។ ត្រឹមលោក អ៊ុំ សំអាន និងខ្ញុំនឹងចុះហត្ថលេខាទៅ ក៏គេមិនមក(ដែរ) ព្រោះជារឿងប្រទេសនិងប្រទេស។ អញ្ចឹង លោក អ៊ុំ សំអាន ដាក់លក្ខខណ្ឌនេះ គឺចង់រួចខ្លួនតែម្ដង។ បានន័យថាធ្វើវាមិនកើត។ សរសេរលិខិត តែគេមិនអាចមកទេ ព្រោះវាខុសកិច្ចការប្រទេស។ អញ្ចឹងគាត់បង្កើតលក្ខខណ្ឌនេះ ដែលខ្ញុំថាជាលក្ខខណ្ឌដើម្បីយករួចខ្លួន ដើម្បីមិនមក។ បូកពីរហ្នឹងចំណេញបាត់ លើកលែងទោសហើយមិនខ្ចីមកទៀត ព្រោះបារាំងអត់មក។ មាននរណាគេល្ងង់ដល់ថ្នាក់ហ្នឹងទេ។

(៣៥) គ្មានភស្តុតាង គ្មានទឡ្ហីករណ៍ ប្រជាជននឹងឃើញពីកម្រិតរបស់អ្នកឯង … ប្រជាជននឹងមូលមតិទុកឲ្យរដ្ឋាភិបាលធ្វើដោយគ្មានមន្ទិលសង្ស័យ …”

ឆ្លាតហួស ហើយលើកពាន ហើយសុទ្ធតែរូបដាក់ខ្ញុំស្លៀកសំពត់។ តាមដំណើរចុះ។ ខ្ញុំស្លៀកសំពត់ ប៉ុន្តែមានអីបាំង លោកឯងស្រាតខោ។ ចុងក្រោយចង់បបួលគេចចេញពីបង្គោល៥២, ៥៩ មកបបួលធ្វើព្រំដែនទាំងមូល​។ មិនបាច់ទេ។ រដ្ឋាភិបាលធ្វើបានហើយ។ ការដោះស្រាយនេះត្រូវការជំនាញ និងការទទួលខុសត្រូវច្បាស់លាស់​។ មិនទាន់ចូលផង គាត់ចោទប្រកាន់ហើយ ទម្រាំតែចូលមក គ្មានអីក្រៅពីអុកឡុកទេ។ ទុកឲ្យរដ្ឋាភិបាលទទួលខុសត្រូវ ហើយកុំសាចទឹកដាក់គ្នាទៅ។ រដ្ឋាភិបាលទទួលខុសត្រូវ កំពុងធ្វើរាល់ថ្ងៃហើយ ទាំងទឹកទាំងគោក។ ក្រុមការងាររបស់យើង ក្រុមការងារនៅក្រៅចង់ចូល ខ្ញុំអរគុណណាស់ ប៉ុន្តែមិនបាច់ទេ។ មកដោះស្រាយតែបង្គោលព្រំដែន៥២, ៥៩ ទៅបានហើយ។ បង្ហាញទៅបើសិនជាលោកមានភស្តុតាងមែនថារដ្ឋាភិបាល​ធ្វើឲ្យបាត់ដី។ រដ្ឋាភិបាលទទួលខុសត្រូវ … តែបើលោកឯងអត់មានភស្តុតាង គ្មានទឡ្ហីករណ៍ទេ មិនអាចការពារបានទេ ប្រជាជននឹងឃើញនៅមូលដ្ឋានកម្រិតរបស់អ្នកឯង។ ថ្ងៃក្រោយអ្នកឯងនិយាយនឹងសាបហើយ ប្រជាជននឹងអាចមូលមតិគ្នាទុកឲ្យរដ្ឋាភិបាលធ្វើដោយគ្មានមន្ទិលសង្ស័យ។ ចាំចុងក្រោយ ចាំចង្អុលទៅ ខុសកន្លែងណាៗ ប្រជាជនអាចវាយតម្លៃបាន តែម៉ោងថ្មើរនេះសុំភាពស្ងប់ស្ងាត់។

(៣៦) “… ខ្ញុំមិនមែនវាយគាត់ទេ ខ្ញុំវាយលើ credibility ខ្ញុំចង់ដឹងអំពីភាពជឿជាក់ សមត្ថភាព ភស្តុតាងស្អីខ្លះ ដែលអាចឲ្យប្រជាជនទុកចិត្តគាត់ …”

ឥឡូវ អ្វីដែលខ្ញុំនិយាយចំណុចទី៣ ដែលគាត់ស្រាតខោខ្លួនឯងដោយអត់ដឹងខ្លួននោះគឺអស់ពីនិយាយចុះឡើង ចេញមកបាត់។ ខ្ញុំចង់បានអី? គោលដៅមិនមែនខ្ញុំវាយគាត់ទេ។ ខ្ញុំវាយទៅលើ credibility។ ខ្ញុំចង់ដឹងថា ភាពជឿជាក់ និងសមត្ថភាពរបស់គាត់ ភស្តុតាងស្អីខ្លះ ដែលអាចឲ្យប្រជាជនទុកចិត្តគាត់បាន។ ខ្ញុំរំពឹងថាមកកន្លែងនេះ យើងនឹងជល់គ្នា យើងនឹងដឹង។ តែអត់ទាន់មកផង បង្ហាញអស់បាត់ហើយ។ ខ្ញុំអត់ចង់បានគាត់ទេ ខ្ញុំអត់ចង់បាននរណា អញ្ចឹងបានចុងក្រោយខ្ញុំថា មិនបាច់គាត់មកក៏បាន បើខ្លាចពេក ឲ្យនរណាផ្សេងក៏បាន តែត្រូវប្រគល់សិទ្ធិ ការទទួលខុសត្រូវដូចគ្នា យកឯកសារមកផង ដើម្បីបង្ហាញឲ្យម្តងឲ្យវាចប់។ បើតតាំងរឿងបង្គោល៥២, ៥៩ តែបន្តិចទៅរឿងអញ្ចេះអញ្ចុះ វាអត់ចប់ទេ។ អញ្ចឹងមានតែបញ្ជាក់ច្បាស់ថា ក្រុមគាត់ហ្នឹងវាអត់មានមូលដ្ឋាន។ បើគាត់គ្មានមូលដ្ឋានបង្គោល៥២, ៥៩ នៅកន្លែងផ្សេងទៀតក៏បងប្អូនកុំជឿ។ តែបើគាត់អាច(បញ្ជាក់)ថា(នៅបង្គោល)៥២, ៥៩ រដ្ឋាភិបាលធ្វើឲ្យបាត់ រដ្ឋាភិបាលនឹងទទួលខុសត្រូវ នៅឯកន្លែងផ្សេងទៀតក៏ដូចគ្នា។ ហ្នឹងជាគោលដៅធំរបស់ខ្ញុំ។ តែធ្វើម្តងឲ្យចប់។ ខ្ញុំគ្មានពេលទៅលោតតាមហ្នឹងទេ។ យើងចង់ឲ្យប្រជាជនដឹង និងវាយតម្លៃថាជឿនរណា។ ឥឡូវបារម្ភរឿងទឹកដី មានមួយក្រុមធ្វើឲ្យបាត់ដី(នៅបង្គោល)៥២, ៥៩ ឯរដ្ឋាភិបាលថាបានធ្វើត្រឹមត្រូវហើយ។ អញ្ចឹង អ្វីដែលក្នុងពីរអាទិត្យនេះ គាត់និយាយទៅឆ្លើយខ្លួនគាត់ ហើយជាពិសេសសំណួរពេលគាត់សួរជាមួយអាស៊ីសេរី ជាមួយ មួង ណារ៉េត អីហ្នឹង ហើយខ្ញុំអរគុណទៅវិញទេ គ្នាគាត់ដែលសួរហ្នឹង សួរចាក់ដោតគាត់។

(៣៧) “តើមានភស្តុតាងអី … ដែលលោកចោទរាជរដ្ឋាភិបាលថាធ្វើឲ្យបាត់បាត់ដីនៅបង្គោលតម្រុយ៥២, ៥៩ … ឭគេថា!”

ដូចលោក ជុន ច័ន្ទបុត្រ សួរ តើមានភស្តុតាងអី ឯកសារអី នៅផ្នែកណាច្បាស់ ដែលលោកចោទប្រកាន់រាជរដ្ឋាភិបាលថាធ្វើឲ្យបាត់បង្គោលតម្រុយនិងបាត់ដី(បង្គោល)៥២, ៥៩? ហ្នឹងដែលយើងចង់បាន។ បើមកជួបគ្នាក៏នៅតែប៉ុណ្ណឹង។ ឥឡូវគាត់ហែកខោខ្លួនឯង ឲ្យប្រជាពលរដ្ឋ១៧លាននាក់មើលហើយ។ គាត់ថា “គាត់មាន តែចាំជួប”។ ឥឡូវខ្ញុំបង្ហើបបន្តិចចុះ ដល់ពេលឭបង្ហើបបន្តិច លោក ជុន ច័ន្ទបុត្រ “សុំបង្ហើបៗ” បង្ហើបមែន។ ទី១ គាត់ឭគេថា ហើយបើសិនជាគ្រាន់តែឭគេថានោះ តើចាំបាច់ថៃ និងកម្ពុជាបង្កើត MOU បង្កើត JBC ធ្វើអី? ឭគេថាដដែលហ្នឹង។ ចាំទេ មុនវាយគ្នាលើកទី២ ថៃក៏ធ្លាប់ថាដែរ យកប្រជាជនថៃនៅស្រះកែវអាយុ ៧០ឆ្នាំ(មកនិយាយ)។ គាត់ថាខ្មែរ(ដី)មិនមែននៅហ្នឹងទេ។ ដីថៃនៅ៥ ឬ៦គីឡូចូលទៅក្នុងនោះ។ ខ្មែរទើបមកនៅឆ្នាំ ៨០ទេ។ ពួកខាងជ្រុលនិយមថៃ ខាងគណបក្សប្រឆាំងថៃ ខាងស៊ុមខ្វាមឃិត នាំមនុស្សទៅចង្អុលនោះដីខ្មែរ នោះដីថៃ។ រវាងដីថៃ និងខ្មែរ ពាក្យសម្ដីប្រជាជនថៃដែលថាដីគេនៅ៥ ឬ៦គីឡូខាងក្នុងទៀតនោះហើយ ជាភាសា … (ដែលមិនដឹង)ពេលណាចប់។ វាអត់ចប់។ ទាល់តែយកផែនទីមក។ អញ្ចឹងបានគេឲ្យគណៈកម្មការព្រំដែនយកឯកសារទៅធ្វើ។ គេមិនផ្អែកទៅលើឭគេថាទេ។ ស្ថានភាពភាពវាប្រែប្រួល។ ដីអ្នកជិតខាងក៏អញ្ចឹងដែរ។ មុននឹង L-map កន្លែងខ្លះ នៅដាំដុះ យើងមិនដឹងព្រំនៅកន្លែងណាច្បាស់លាស់។ អញ្ចឹង បានគេមានការវាស់វែង។

(៣៨) “តើមានភស្តុតាងអី … ដែលលោកចោទរាជរដ្ឋាភិបាលថាធ្វើឲ្យបាត់បាត់ដីនៅបង្គោលតម្រុយ៥២, ៥៩ … ឭពីអាស៊ីសេរី និងមានញាណពិសេស!”

ទី២ ដល់អាស៊ីសេរីសួរថា បានមកពីណា គាត់ប្រាប់ថា ឭអាស៊ីសេរីផ្សាយ។ ជុន ច័ន្ទបុត្រ អ្នកសួរថា បានមកពីណា លោកនោះប្រាប់ថា ឭអ្នកឯងអ្នកផ្សាយ។ ទី៣ ដែលខ្ញុំអស់សំណើច គាត់ថាគាត់មានញាណពិសេស … មួង ណារ៉េត សួរគាត់ថា គាត់មានញាណខុសគេ។ គាត់គ្រាន់តែឃើញទូរទស្សន៍ថៃ វីដេអូថៃ គាត់មានញាណថា កន្លែងហ្នឹងនៅត្រង់ណាតែម្តង។ មើលទៅ ២ ឬ៣ដង ដឹងថាបាត់ដីហ្មង។ ខ្ញុំអត់និយាយលេងទេ ខ្ញុំគ្រាន់តែសង្ខេបនូវអ្វីដែលគាត់បញ្ចេញ។ ប្រជាជនស្តាប់ទៅ។ ចុងក្រោយ គាត់ថាគាត់អត់ដឹងទេ គាត់អត់ដឹងអីទេ ទាល់តែបារាំងបានដឹង។ អញ្ចឹងចោទគេថាធ្វើឲ្យបាត់ដី បោះតម្រុយចូលដី ផ្អែកតាមណា? បើអត់ទាំងដឹងអីផងនោះ។ គាត់បានស្រាតខោខ្លួនគាត់រួចទៅហើយ។ បានន័យថាដើរស្រាតខោលើកពានជ័រ ទាំងខ្លួនឯងអត់ទាំងដឹង។ អញ្ចឹង ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅ បញ្ញវន្តទាំងអស់មើលទៅ ជំហរប្រែប្រួលរហូត អស់ពីខ្លាចទៅលើកលែងទោស អស់ពីលើកលែងទោស អត់មកនិយាយបង្គោល៥២, ៥៩ ដែលចោទគេទេដែលពីដំបូងថាមានភស្តុតាងគ្រប់។ ថាឥឡូវនិយាយព្រំដែនទាំងមូល អស់ពីព្រំដែននិយាយរឿងជាតិ គាត់អ្នកនយោបាយ អត់និយាយតែរឿងព្រំដែន … ក្រឡិចក្រឡុច។ តើបងប្អូនជឿទុកចិត្ត មានភាពជឿជាក់នឹងបុគ្គលបែបនេះ យ៉ាងម៉េច? ថ្ងៃក្រោយគាត់នឹងចេញមក គាត់មិនឈប់ទេ រឿងវាយប្រហារនយោបាយ រឿងព្រំដែននេះ គាត់នឹងបន្ត ទោះបីយើងអំពាវនាវឲ្យមានការស្ងប់ស្ងាត់ក៏នៅតែបន្ត។

(៣៩) “បើមិនមានមូលដ្ឋានច្បាស់លាស់ទេ … សំណូមពរលោកឯងបិទមាត់ កុំយករឿងព្រំដែនជាទុននយោ​បាយ ទុកឱកាសឲ្យរដ្ឋាភិបាលដោះស្រាយ …”

តាមបទពិសោធមួយនេះ ខ្ញុំលែងតទៅទៀតហើយ​ … បើក្រុមគាត់ចូលមកបង្ហាញថាមានទឡ្ហីករណ៍ពិតប្រាកដថារដ្ឋាភិបាលធ្វើឲ្យបាត់ដី(នៅបង្គោល)៥២, ៥៩ … គាត់មានលទ្ធភាពធ្វើការងារ ចូលរួមបន្តទៀត តែបើសិនជាលោកមិនមានមូលដ្ឋានច្បាស់លាស់ទេ ខ្ញុំមិនចាប់មិនចងទេ ខ្ញុំសំណូមពរឲ្យអ្នកឯងបិទមាត់សិនទៅ កុំយករឿងព្រំដែនជារឿងនយោបាយ ទុកឱកាសឲ្យរដ្ឋាភិបាលដោះស្រាយ កុំបង្កើតរឿងដែលគ្មាន​មូលដ្ឋានមកវាយគេយកចំណេញ។ ប៉ុន្តែគាត់មិនហ៊ានទេ។ បើមកហ្នឹងមិនហ៊ានមកខ្លួនឯងទេ។ ឃើញខ្ញុំដាក់ឱ្យចាត់តំណាងមក ហើយតំណាងមកហ្នឹងតាមព័ត៌មានហ្នឹង គឺមិនមែនមកនិយាយរឿងព្រំដែននៅបង្គោល៥២, ៥៩ ទេ។ មកអី? ចង់ចរចាជាកញ្ចប់? អត់ទេ។ ម៉ោងនេះ រដ្ឋាភិបាលចរចាជាមួយភាគីថៃ គ្មានចរចាកញ្ចប់ស្អីទេ។ លេងខូចគេម៉្លេះ ក្រឡិចក្រឡុចម៉្លេះ។ ពួកគាត់តាំងខ្លួនជាអ្នកនយោបាយ ជាចលនានយោបាយមួយ តម្លៃរបស់គាត់នៅត្រង់ភាពច្បាស់លាស់ និងការជឿជាក់របស់គាត់។ បើឥឡូវគាត់(មិន)ហ៊ានជល់កន្លែងហ្នឹង បង្ហាញថាគាត់គ្មានស្អីទាំងអស់ និយាយបានតែនិយាយ។ ហ្នឹងហើយ គាត់បានលើកពានស្រាតខោរួចទៅហើយ។ មិនបាច់ចាំមានការជួប ក៏បានចម្លើយរួចទៅហើយ។ ប៉ុន្តែ ហេតុអីបានជាខ្ញុំនៅតែឲ្យចូលមក ព្រោះគាត់ថាគាត់បង្ហើប គាត់នៅមានព័ត៌មានជាក់លាក់ទៀត។ អញ្ចឹងឲ្យចូលមកឲ្យអស់ចិត្ត ឲ្យប្រជាជន បញ្ញវន្តទាំងបក្សណាបក្សណាចូលមកសួរដេញដោលទាំងសងខាងមក ហើយបញ្ចប់។

(៤០) រដ្ឋាភិបាលសុំឱកាសពីប្រជាពលរដ្ឋរក្សាភាពនឹងនរ គាំទ្រ និងជឿទុកចិត្តកងទ័ព ក្រុមការងារច្បាប់ ការទូត បច្ចេកទេសព្រំដែន បន្តធ្វើការចរចាដោះស្រាយបញ្ហាជាមួយថៃ …”

យករូបខ្ញុំទៅដាក់ស្លៀកសំពត់ស្លៀកអី។ ឃើញសួរខ្ញុំហ៊ានឬអត់ ជាមួយគាត់ប្តឹងទៅ ICJ, ICC … ទៅឆ្កួតតែខ្លួនឯងទៅ។ ក្រែងស្អី តំណាងស្អី ហើយថ្ងៃមុនគេហៅទៅ ICC ក្រែងទៅអី។ ក្រែងតុលាការគេហៅ។ ឥឡូវដល់ណាហើយ។ គិតមើល រឿងនីតិវិធី រឿងរាជរដ្ឋាភិបាលជម្រើស ជំហរ ជំហាន យុទ្ធសាស្ត្រ វិធីសាស្ត្រ យើងប្រើស្អី ដើម្បីបានការការពារអធិបតេយ្យភាព។ យើងធ្វើតាមគ្រប់មធ្យោបាយដោយការទទួលខុសត្រូវ។ ចុងក្រោយយើងជាអ្នកទទួលខុសត្រូវ។ គេសួរថា ហេតុអីមិនឲ្យគេចូលមក? ចូលមកយ៉ាងម៉េច បើអត់មានអីក្នុងដៃផងនោះ មកជួយស្អី។ រដ្ឋលេខាធិការព្រំដែនកម្ពុជា បូកជាមួយនឹងអ្នកច្បាប់ព្រំដែន បានជួយយើងរួចទៅហើយ។ ហៅពួកគាត់មក អត់បានជួយអីផង។ បើគាត់ប្រាប់ថា គាត់អត់មានអីហើយហ្នឹង។ មកអត់ទាំងនិយាយរឿងព្រំដែនផងនោះ។ ទី២ មិនទាន់ចូលផងបង្កើតរឿង ទាមទារនេះ ទាមទារនោះ។ អញ្ចឹងទម្រាំតែឲ្យចូលទៀត គឺគ្មានអីក្រៅពីខ្មែរគ្នាឯងហ្នឹងវ៉ល់នៅខាងក្នុង និងចុងក្រោយសាចទឹកដាក់គ្នា។ រដ្ឋាភិបាលសុំឱកាសពីប្រជាពលរដ្ឋ សុំរក្សាលំនឹង ភាពនឹងនរ នៅគាំទ្រដល់កងទ័ព នៅគាំទ្រនិងជឿទុកចិត្ត និងផ្តល់ឱកាសទៅដល់រដ្ឋាភិបាល ក្រុមការងារច្បាប់ការទូតរបស់យើង បច្ចេកទេសរបស់យើង ព្រំដែនរបស់យើង ដើម្បីបន្តធ្វើការចរចាដោះស្រាយបញ្ហាជាមួយថៃ ដើម្បីការពារអធិបតេយ្យភាពទឹកដីយើង សុំតែប៉ុណ្ណឹងទេ។

(៤១) “មិនសំដៅប្រជាពលរដ្ឋបង្ហោះរឿងព្រំដែន … ប៉ុន្តែចលនានយោបាយ មានអង្គការចាត់តាំងនិងយុទ្ធសាស្ត្រ ដែលលោកអ៊ុំ សំអាន ជាមេវាយមុខព្រួញព្រំដែន ក្នុងគោលដៅបោះឆ្នោត ២០២៧-២០២៨ …”

បើអស់លោកក្នុងនាមជាខ្មែរ ក្រុមលោក អ៊ុំ សំអាន នេះ ទុកឱកាសទៅ មិនមែនដកឱកាសរហូត ដែលអ្នកឯងមិនអាចមានសិទ្ធិដេញដោលទេ សន្លឹកបៀនៅកាន់នៅដៃ គង់តែលេងអស់ទេ សន្លឹកបៀហ្នឹងនោះ។ កុំសួរខ្ញុំឲ្យពន្យល់គាត់។ បង្ហាញគេហើយថា លេងយ៉ាងម៉េច … ចាំពេលខ្ញុំលេងអស់សន្លឹកបៀនេះ ចាញ់ឈ្នះលោកឯងវាយតម្លៃខ្ញុំចុះ។ អ្នកឯងមិនសប្បាយចិត្តជាមួយខ្ញុំ មិនចូលចិត្តរដ្ឋាភិបាល ស្អីៗក៏ដោយ ប៉ុន្តែក្នុងនាមជាខ្មែរ សុំរក្សាភាពស្ងៀមស្ងាត់ ជាពិសេសកុំឲ្យធ្វើនយោបាយកេងទៅលើអ្វីដែលមិនច្បាស់លាស់ ចំណេញនយោបាយ។ ខ្ញុំបញ្ជាក់ម្តងទៀត ខ្ញុំមិនសំដៅទៅលើប្រជាពលរដ្ឋដែលបង្ហោះរឿងព្រំដែន ដែលជារឿងមួយ ប៉ុន្តែនេះគឺចលនានយោបាយ ហើយចលនានេះរៀបចំអង្គការចាត់តាំង និងយុទ្ធសាស្ត្រច្បាស់លាស់ ដែលចាត់តាំងលោកអ៊ុំ សំអាន ជាមេ ដើម្បីវាយមុខព្រួញព្រំដែននេះឯង គោលដៅបោះឆ្នោត ២០២៧-២០២៨។ បើលោកឯងគិតតែពីរឿងចំណេញនយោបាយ បំផ្លាញការទុកចិត្តនយោបាយក្នុងប្រទេស មានដឹងទេថា រដ្ឋាភិបាលកំពុងតែការ​ពារផលប្រយោជន៍ជាតិចំពោះមុខប្រទេសជិតខាង។ លោកឯងកំពុងតែបំបែកបំបាក់អារម្មណ៍ផ្ទៃក្នុង។ យើងចង់ឲ្យអ្នកឯងឈប់(កេងចំណេញនយោបាយ) … ខ្ញុំជឿថាពួកគាត់មិនចប់ទេ ព្រោះហ្នឹងជាជីវិតរបស់គាត់​។ បើសិនជាឲ្យផ្អាក គឺលោក អ៊ុំ សំអាន អស់ការងារធ្វើ។ ប៉ុន្តែយ៉ាងហោចណាស់ ខ្ញុំអាចបង្ហាញមហាជនប្រ​​ជា​ជនឲ្យដឹងថាពួកគាត់គ្មានអីក្នុងដៃ ហើយសូមកុំឲ្យមានអារម្មណ៍បែកខ្ញែក ឲ្យមានអារម្មណ៍រួមគ្នាទៅ។

(៤២) “គាត់ឲ្យពានមាសមកខ្ញុំ ឯគាត់លើកពានជ័រ។ ពានមាសគឺ credibility … គាត់ខ្លួនឯងដដែលនិយាយថាអត់មានជំនាញនិង/ឬឯកសារអីទាំងអស់ …”

មិនមែនខ្ញុំសល់ពេលច្រើនទៅអង្គុយឡងជាមួយគាត់យកចាញ់ឈ្នះទេ។ ត្រូវក្ដាប់គោលដៅឲ្យបាន។ គាត់អត់ម្ចាស់ការ គាត់ក្ដាប់គោលដៅមិនបានហ្នឹងហើយ បានជាគាត់ឲ្យពានមកខ្ញុំ។ អាពានមាសមកខ្ញុំ តែគាត់លើកពានជ័រ។ ពានមាសគឺ credibility របស់គាត់ ភាពច្បាស់លាស់របស់គាត់ក្នុងជំនាញព្រំដែន ឯកសារអីខ្លះដែលគាត់យកមកចោទរដ្ឋាភិបាលនៅពេលដែលប្រជាជនគិតថាគាត់និយាយត្រូវ មានមូលដ្ឋានច្បាស់លាស់ ទីបំផុតគាត់ខ្លួនឯងនិយាយថាគាត់អត់មានអីទាំងអស់។ នៅពេលដែលរដ្ឋាភិបាលអត់ខ្លាចនៅក្នុងការបញ្ជាក់។ ខ្ញុំទុកឱកាសឱ្យទៀត ព្រោះគាត់ថាបញ្ចេញតែបន្តិចទេ។ បញ្ជូនក្រុមហ្នឹងមក តែលក្ខខណ្ឌច្បាស់ មកនិយាយរឿងព្រំដែនបង្គោល៥២, ៥៩ មកបង្ហាញទឡ្ហីករណ៍ភស្តុតាងដែលអ្នកចោទរដ្ឋាភិបាល ដើម្បីរដ្ឋាភិបាលទទួលបន្ទុក។ (ត្រូវ)បង្ហាញការការពារ មិនមែនតែអ្នកជំនាញទល់គ្នាទេ តែនៅមុខមហាជន អ្នកកាសែត បញ្ញវន្ត គណបក្សនយោបាយ អង្គការសង្គមស៊ីវិល។ (អនុញ្ញាតឲ្យ)និស្សិត បញ្ញវន្ត ចូលមកសួរ សួរទាំងសងខាងបញ្ជាក់នេះជាគោលដៅធំរបស់ខ្ញុំ។

(៤៣) “វាយប្រហាររឿងពុករលួយ រឿង Scams ចុះ តែរឿងព្រំដែននេះ ទុកឲ្យដោះស្រាយសិន … គណបក្សប្រជាជនអត់ទៅណាទេ …”

ខ្ញុំចង់បញ្ជាក់ប៉ុណ្ណឹង។ គោលដៅធំរបស់ខ្ញុំគឺជំនឿទុកចិត្តរបស់ប្រជាជនតែប៉ុណ្ណឹងទេ។ ធ្វើម៉េចរក្សាលំនឹងចិត្តឲ្យនៅជាមួយរដ្ឋាភិបាល ទុកឱកាសឲ្យរដ្ឋាភិបាលដោះស្រាយដោយទទួលខុសត្រូវ ចាំពេលដោះស្រាយចប់ ចាំប្រជាជនទៅពិនិត្យមើលទៅ។ តើខុសឬត្រូវ រដ្ឋាភិបាលទទួលខុសត្រូវពេលនោះ គ្រាន់តែពេលដែលយើងមិនទាន់(ដោះស្រាយ)ចប់ នៅស្មុគស្មាញនេះ សុំកុំឲ្យដៃម្ខាងទប់(ភាគីម្ខាង) ដៃម្ខាងរវល់តែ(ទប់ផ្ទៃក្នុង)។ បើយើងមិនទប់ ខាងក្រោយខាំយើងដួល ព្រោះជិតបោះឆ្នោតផង។ គាត់បើកយុទ្ធនាការវាយកេងចំណេញនយោ​បាយក្នុងប្រធានបទ(ព្រំដែន)។ វាយ(ប្រហារ)រឿងពុករលួយ រឿង Scams រឿងអីវាយចុះ តែរឿងព្រំដែននេះទុកឲ្យដោះស្រាយសិន។ ដោះស្រាយចប់ មិនយឺតពេលទេ ព្រំដែននោះអត់ទៅណាទេ។ គណបក្សប្រជាជនអត់ទៅណាទេ បើគណបក្សប្រជាជនកម្ពុជាដោះស្រាយឲ្យបាត់ទឹកដី មិនមែនបាត់ការគ្រប់គ្រងទេណា។ អាគ្រប់គ្រងដោយសារវាយគ្នារួចហើយ យើងនៅទាមទារតវ៉ារឿងមួយ ភាពស្របច្បាប់។ កន្លែងណាដែលឯកភាពគ្នាក្រោយពីវាស់វែង ក្រោយពីដោះស្រាយ ទាំងផ្លូវច្បាប់ ផ្លូវបច្ចេកទេស ផ្លូវអីហើយ គិតថារដ្ឋាភិបាលបានឯកភាពគ្នាទៅ(កាត់ដី)ឲ្យគេ ហ្នឹងមកទៅមើល ហើយដាក់បន្ទុកចុះ។ យើងទទួលខុសត្រូវចំពោះប្រជាជន មិនមែនទទួលខុសត្រូវសម្រាប់តែក្រុមគាត់ទេ … វាហត់ពេកហើយ។

(៤៤) “ចង់ចូលរួម ក៏អរគុណចំពោះទឹកចិត្ត តែការចូលរួមល្អបំផុត គឺនៅឲ្យស្ងៀម កុំបំបែកបំបាក់ផ្ទៃក្នុង …”

យើងមើលទម្រង់នេះគឺនឹងបង្កើនការវាយរហូត។ អញ្ចឹង បើសិនជាយើងមិនធ្វើការ មិនដោះស្រាយក្នុងរូបភាពណាមួយ ឆ្លើយតបក្នុងរូបភាពមួយណា វានៅតែអញ្ចឹង។ ធ្វើឲ្យបែកបាក់អារម្មណ៍ផ្ទៃក្នុង។ រឿងតែប៉ុណ្ណឹង។ ទ័ពយើងនៅលើភ្នំដងរែកហ្នឹងវាស្មុគស្មាញណាស់។ កន្លែងខ្លះដែលគេមិនទាន់ទៅដល់។ បើយើងចង់ឲ្យគេ យើងឲ្យទៅហើយ។ យើងមិនបាច់ទៅច្បាំង យើង(មិនចាំបាច់)ពង្រាយទ័ព យើងរុញទ័ពឡើងទៅធ្វើអី? យើងទៅទប់។ គេពង្រីកបន្លាលួស កន្លែងខ្លះគេពង្រីកហួសភូមិសាស្ដ្រ។ យើងចរចាដើម្បី JBC វាស់ឲ្យកែសម្រួលចេញវិញ។ យើងចាំបាច់ធ្វើដើម្បីអី? បើយើងដូរ(បូរណភាពទឹកដីយកតែ)សន្តិភាព ដូរអំណាចដដែល ឲ្យគេតែម្ដងទៅ។ បើថាព្រៃចាន់ ជោគជ័យទៅចុះ ប្រជាជនឃើញ។ តែនៅកន្លែងនោះ … ទ័ពយើងកំពុងឈរជើងរាល់ថ្ងៃ។ នៅនោះ យើងវាយគ្នា ២ដងរួចទៅហើយ។ ប្រើប្រាស់អាវុធ។ យើងមិនចង់ឲ្យមានការហូរឈាម។ យើងដោះស្រាយតាមផ្លូវ(ច្បាប់)។ សុំឲ្យរដ្ឋាភិបាលប្រមូលផ្តុំតតាំង ដោះស្រាយ ហើយទទួលខុសត្រូវចុះ។ អស់លោកចង់ចូលរួម ក៏ចង់ចូលរួម អរគុណចំពោះចិត្ត តែចង់ចូលរួមល្អបំផុត នៅឲ្យស្ងៀម កុំឲ្យបែកបាក់ផ្ទៃក្នុង តែប៉ុណ្ណឹងទៅបានហើយ។ ពេលដែលលោកថាចង់ជួយ កុំមកខាំ កុំមកអី ក្នុងពេលដែលមិនទាន់ច្បាស់លាស់ ជាពិសេសយករឿងភូតកុហក អត់មូលដ្ឋានច្បាស់លាស់ យកមកវាយចោទរដ្ឋាភិបាល ថាកាត់ដីឲ្យគេ ធ្វើឲ្យប្រជាជនបែកបាក់។ អញ្ចឹងបើចង់ជួយ ឈប់បង្កើតរឿងក្លែងក្លាយអត់មូលដ្ឋានយកមកចោទទៅ។ ហ្នឹងជួយហើយ។ មិនបាច់ចាំចូលមកទេ។

(៤៥) “គោលដៅធំដែលចង់បានគឺប្រជាពលរដ្ឋស្ងប់ចិត្តថា ការបោះបង្គោលព្រំដែន មិនមានបាត់ដីទេ …”

ខ្ញុំនៅស្វាគមន៍ ក្រុមរបស់លោក តំណាងលោក ហើយបើលោក អ៊ុំ សំអាន មកក៏មកចុះ។ មិនបាច់មានដីកាលើកលែងទោសទេ។ ឯកឧត្តម កើត រិទ្ធ (រដ្ឋមន្ត្រីយុត្តិធម៌) យើងអាចស្នើសុំ មន្ត្រីអនុវត្តច្បាប់ មិនឲ្យអនុវត្តបណ្ដោះអាសន្នមួយរយៈពេលនេះ។ អញ្ចឹងគាត់មក គាត់ទៅវិញទៅ។ កុំថាមានដីកាទាល់តែលើកលែងបានហ៊ានមក។ គេមាននីតិវិធីរបស់គេ។ ខ្ញុំសួរអ្នកច្បាប់ច្បាស់។ (បើ)គាត់មក ខ្ញុំធានាមិនឲ្យមានការចាប់។ ទោះគាត់មានដីកាក៏ដោយ ក្នុងហ្នឹងយើងស្នើ ដើម្បីកុំឲ្យអនុវត្តបណ្តោះអាសន្ន ដើម្បីមកបង្ហាញ(ភស្ដុតាង)ព្រោះរឿងជាតិធំជាង។ ដើម្បីឲ្យគាត់មកបង្ហាញ ឲ្យប្រជាជនស្ងប់ចិត្ត។ បើគាត់ថា រដ្ឋាភិបាលកាត់ដីឲ្យគេមែន បោះតម្រុយចូលមែន គាត់មកបង្ហាញថាអញ្ចឹងមែន ឱ្យប្រជាជនឃើញ ព្រោះកន្លែងហ្នឹងបោះរួចហើយៗ មានតែមួយកន្លែងហ្នឹងទេ ដែលបោះបង្គោលរួចជាមួយគ្នា។ ខ្ញុំយកពេលនេះ តែកន្លះម៉ោងទេ។ ខ្ញុំមើលម៉ោងច្បាស់ហើយអម្បាញ់មិញ ដើម្បីបញ្ជាក់បញ្ជូនទៅ លោក អ៊ុំ សំអាន។ ឈ្មោះលោកត្រូវបានលើកដោយសារលោក ជាអ្នកនាំមុខនៅក្នុងចលនាផ្សព្វផ្សាយការមិនពិត វាយប្រហាររដ្ឋាភិបាលរឿងព្រំដែន និងកេងចំណេញនយោបាយ​។ តែគោលដៅមិនមែនលោកទេ។ អត់ពីលោក អ្នកណាក៏បានដែរ ឲ្យតែចូលមក ខ្ញុំស្វាគមន៍ តែមកត្រូវតំណាងចលនារបស់លោក។ យើងចង់បានគោលដៅធំគឺប្រជាពលរដ្ឋមានភាពស្ងប់(ចិត្ត)ថាអ្វីដែលយើងបានបោះបង្គោលព្រំដែន អត់មានបាត់(ដី)ទេ។ យើងធ្វើបានត្រឹមត្រូវ។

(៤៦) “បើលោកឯងចាញ់ ឈប់បង្កើតព័ត៌មានក្លែងក្លាយចោទប្រកាន់កេងចំណេញនយោបាយ … រដ្ឋាភិបាលត្រូវការប្រជាជនគ្រប់និន្នាការនៅពីក្រោយ ទោះស្របឬមិនស្របនិន្នាការក្តី សំខាន់គឺខ្មែរតែមួយ …”

យើងផ្តល់ឱកាសឲ្យលោកចូលរួម តាមរូបមន្ដនេះ។ ទោះបីជាយើងមិនអាចផ្សព្វផ្សាយទូលំទូលាយតាមអ៊ីនធើណិតឲ្យគេឃើញគ្រប់គ្នា រួមទាំងអ្នកផ្សេងក្រៅពីខ្មែរក៏ដោយ តែយើងអាចចូលមកក្នុងនេះ រក្សាតម្លាភាពកម្រិតណាមួយ ឲ្យប្រជាជនដេញដោលសួរ ហើយបើចាំបាច់ យើងចុះទៅមើលព្រំដែនទាំងអស់គ្នានៅបង្គោល៥២, ៥៩។ សូមអញ្ជើញចូលមក និយាយគ្នារឿងហ្នឹង។ អត់មានមក តែលួចធ្វើនយោបាយស្អីៗ ទេ។ មកចរចាព្រំដែន(បង្គោល៥២, ៥៩)តែមួយគត់។ មកនិយាយតែពីរឿងហ្នឹង ហើយការផ្តល់ការការពាររបស់លោកនៅតែក្នុងបរិបទហ្នឹង។ មកមុន ២ថ្ងៃ ទៅវិញក្រោយ ២ថ្ងៃយ៉ាងយូរ។ ទុក ៤៨ម៉ោងឲ្យ។ មកតែធ្វើរឿងហ្នឹង អត់ត្រូវដើរឆ្វេចឆ្វាច រញ៉េរញ៉ៃទេ … បើខ្វះលុយ ខ្ញុំចេញលុយឲ្យ ខ្វះកន្លែងស្នាក់នៅ មធ្យោបាយឡានជិះ នៅក្នុងនេះខ្ញុំរៀបចំឲ្យ។ ខ្វះសន្តិសុខ ខ្ញុំការពារ ព្រោះខ្ញុំធានាសុវត្ថិភាពរបស់អ្នកឯង ខ្ញុំមិនឲ្យខូចឈ្មោះខ្ញុំទេ។ មកៗ ក្នុងនាមជាខ្មែរជាមួយគ្នា មកបង្ហាញឲ្យប្រជាជននៅក្នុងប្រទេសវាយតម្លៃនិងសួរទៅ។ ខ្ញុំសុំតែមួយ បើសិនជាលោកឯងចាញ់ ឈប់បង្កើតព័ត៌មានក្លែងក្លាយ ចោទប្រកាន់កេងចំណេញនយោបាយទៀត។ ចលនារបស់លោកឯង ចាំដល់ពេលយើងបោះបង្គោលហើយ លោកឯងមានសិទ្ធិទៅសួរដេញដោល ឬមួយចោទប្រ​កាន់ទៅ។ ម៉ោងនេះ លោកស្រែកចុះឡើងៗ វានៅតែបង្កើតភាពស្មុគស្មាញ។ ខ្មែរនិងខ្មែរខ្លួនឯងអត់ទុកចិត្ត(គ្នា)។ នៅពេលដែលរដ្ឋាភិបាលត្រូវការប្រជាជនគ្រប់និន្នាការនៅពីក្រោយដើម្បីចរចា ទុកចិត្ត មិនទុក​ចិត្ត មានការស្របឬមិនស្រប វាអត់សំខាន់ សំខាន់ខ្មែរតែមួយ។ អ្នកដែលជល់ជាមួយយើង គេឲ្យរដ្ឋាភិបាលគេធ្វើ បក្សគេផ្សេងៗ គេមិនដូចយើងៗ នៅខាំលិចខាំកើត។

(៤៧) “ចុងក្រោយថា អត់មានភស្តុតាង អត់មកនិយាយរឿងបង្គោលព្រំដែន … ទៅថ្ងៃក្រោយ អ្វីដែលគាត់និយាយវានឹងអស់ទម្ងន់ …”

យើងត្រូវការមូលគ្នានៅពីក្រោយកងទ័ពនៅជាមួយរដ្ឋាភិបាល។ ផ្តល់(ឱកាសឲ្យ)រដ្ឋាភិបាល ឲ្យកងទ័ព និង រាជរដ្ឋាភិបាលការពារផលប្រយោជន៍ជាតិ ទឹកដី និងប្រជាជនរបស់យើង។ (ខ្ញុំ) សុំតែប៉ុណ្ណឹងទេ។ រឿងតែប៉ុណ្ណឹង។ ឥឡូវយល់ហើយ។ មូលហេតុអីបានជាខ្ញុំដាច់ខាតត្រូវយកជម្រើសហ្នឹង។ គោលដៅស្អី? អស់លោកដែលកំពុងតែឌឺដង … សង្ស័យបន្តិចទៀតមានអ្នកគូរ AI ហើយ។ អ្នកក្លាហាន ស្រាតខោលើកពានជ័រ។ ស្រាតខោអត់ដឹងខ្លួន។ ក្តាប់គោលដៅធំអត់បាន។ កងទ័ពចេញច្បាំងត្រូវក្តាប់គោលដៅធំនិងគោលដៅបន្ទាប់បន្សំ ទាំងការពារនិងវាយលុក។ បើអ្នកឯងក្តាប់គោលដៅសំខាន់របស់ខ្ញុំវាយលុករឿងអីអត់បានផងហ្នឹង។ គាត់ស្មាន​តែខ្ញុំចង់បានគាត់។ អត់ទេ! ចង់បានស្អីដែលគាត់មាន។ មូលដ្ឋានស្អីដែលគាត់មាន ដើម្បីទំនុកចិត្តប្រជាជន។ គាត់ឲ្យខ្ញុំទាំងអស់។ (ខ្ញុំ)មិនទាន់វាយផង។ មេទ័ពក្លាហាន តែទីបំផុត លើកជើងពានឲ្យទាំងអស់ … អ្វីដែលគាត់ត្រូវមកបង្ហាញពេលជួបគ្នានោះ គឺគាត់បានប្រាប់អស់ហើយ។ គាត់អត់មានអីទេ។ គាត់ឮគេថា គាត់ឮតាមញាណពិសេស គាត់បានតាមព័ត៌មានថៃ។ គាត់សម្លឹងទៅថាហ្នឹងពិតជាបាត់ដី។ ចុងក្រោយថាអត់មានអីទេ។ គាត់អត់មកនិយាយរឿងហ្នឹងទេ។ អញ្ចឹង វាស្មើនឹងភាពក្រឡិចក្រឡុចរបស់គាត់ ការមិនទទួលខុសត្រូវ ការខ្លាចរបស់គាត់ (ភាព)កំសាករបស់គាត់ បានបំផ្លាញខ្លួនគាត់ហើយ។ ទី២ (ការដែល)គ្មានមូលដ្ឋាន បានបំផ្លាញនូវចលនា និងការដើរតួជាជំនាញព្រំដែន ដែលវាយរដ្ឋាភិបាលហើយ។ ខ្ញុំសុំឲ្យយកមូលដ្ឋាននេះទៅ(គិត)។ អញ្ចឹង អ្វីដែលគាត់និយាយទៅថ្ងៃក្រោយ វាអស់ទម្ងន់ហើយ … ចប់ហើយ។ ខ្ញុំបានសម្រេចរួចហើយ​។ ស្អីដែលខ្ញុំហៅមកនេះ គឺបន្ថែមទេ។ ហើយអត់ដឹងទៀត …។

(៤៨) “ដេញឆ្កែចេញ កុំឲ្យវាមកខាំរបួស … កុំចាំដល់ប្រជាជលរដ្ឋស្មុគស្មាញ បែកអារម្មណ៍ បានពន្យល់ …”

សុំទោសខាងទូត។ បកអត់ទាន់។ អ្នកបកៗ ដែរអម្បាញ់មិញ? តាមពិតនិយាយហ្នឹង មិនបាច់បកក៏បាន។ ប៉ុន្តែអត់អីទេ គាត់ដឹងហើយ។ គាត់ក៏តាមដែរ។ ខ្ញុំគ្មានពេលទៅកំដរជាមួយគាត់ទេ ប៉ុន្តែអ្វីដែលខ្ញុំនិយាយជាគោលដៅធំគឺព្រំដែន រឿងប្រទេសជាតិ អារម្មណ៍ប្រជាពលរដ្ឋ រឿងនយោបាយរួម។ បើដឹងមិនឆ្លើយ គាត់នឹងបង្កបញ្ហា …  មានម្នាក់ចូលដាក់(comment)ថា សម្តេច ភ្លេចពាក្យរបស់ Winston Churchill ហើយអ្ហេះ? ខ្ញុំធ្លាប់បង្ហោះពាក្យ(របស់) Winston Churchill ថា យើងមិនអាចដើរដល់គោលដៅទេ បើយើងរវល់តែរើសដុំថ្មគប់គ្រប់ឆ្កែដែលព្រុស។ ខ្ញុំមិនប្រៀបធៀបអ្នកណាទៅឆ្កែទេ។ ហ្នឹងពាក្យរបស់គាត់។ ខ្ញុំចូលដាក់ទៅវិញថា ខ្ញុំមិនភ្លេចទេពាក្យរបស់គាត់ ប៉ុន្តែពេលខ្លះឆ្កែវាគ្រោះថ្នាក់ វាមកបម្រុងខាំយើង ដើរទៅមុខមិនរួច ទាល់តែដាក់ដុំថ្មខ្លះឲ្យវារត់ ឲ្យគេឃើញថាហ្នឹងអត់ហ៊ានទេជាមួយដុំថ្ម។(ជួប)របស់ពិត ទាល់តែអញ្ចឹង។ យើងមិនទៅគប់គ្រប់ឆ្កែទេ។ យើងដឹងថា(ពួកហ្នឹង)នឹងមកទៀត។ យើងវាយតម្លៃអាមួយទៀត គ្រាន់តែព្រុសនៅពីចម្ងាយ។ យើងឃើញព្រុសហើយបក់កន្ទុយៗ តែអាមួយព្រុសហើយមក។ បើថា មិនដាក់គោលដៅ គេហៅ pro-active ទេ វានឹងមកខាំ។ តើចាំវាខាំ(សិនឬអី?)។ ដេញចេញ កុំឲ្យវាមកខាំរបួស។ បានន័យថា កុំឲ្យចាំដល់ប្រជាជនកាន់តែស្មុគស្មាញ បែកអារម្មណ៍ ហើយចាំចេញពន្យល់។ យឺតពេលហើយ។ (យើងចេញ) ពីដំបូងទីឲ្យហើយទៅទុកយូរ រហូតដល់ប្រជាជនសង្ស័យថាយើងកាត់ដីឲ្យគេនៅបង្គោល៥២, ៥៩។ ៥ ខែក្រោយចេញមកពន្យល់ ចប់ហើយ។ យឺតហើយ។ លេងតែម្តងទៅ។ ពន្យល់យ៉ាងម៉េច មានតែហៅមកផ្ចុចតែម្តង។

(៤៩) “ចោទខ្ញុំ ត្រកូលខ្ញុំ ជារឿងមួយ ប៉ុន្តែឈានដល់ចោទមន្ត្រីរដ្ឋាភិបាល … កុំចោទខ្មែរគ្នាឯង”

ខ្ញុំធ្លាប់លេងជាមួយមេគាត់​ដែលសុទ្ធតែ(ចោទថា)សញ្ញាបត្រខ្ញុំ ជាសញ្ញាបត្រកម្រិត ២ នៅ West Point។ ខ្ញុំថា ឥឡូវភ្នាល់គ្នា … មិនបាច់​ចាំភ្នាល់ ព្រោះបង្ហាញសញ្ញាបត្រហ្នឹងវាចប់ទៅហើយ។ វាបាត់នូវភាពជឿជាក់ បាត់តម្លៃជាអ្នកនយោបាយ ជាអ្នកស្អី តាំងខ្លួនជាជំនាញនយោបាយទៅហើយ នៅពេលដែលអ្នកឯងគ្មានស្អីទាំងអស់នេះ។ ឈប់និយាយទៅ និយាយក៏គេលែងជឿដែរ។ ជឿ(តែ) អ្នកនៅក្នុង(ក្រុម)គាត់ ដែលខ្មៅងងឹត មុខជាជឿគ្រប់ហើយ ចេញមកឡងៗ បន្តិចទៀត ប៉ុន្តែ អ្នកដែលនៅប្រផេះ គាត់នៅគិតគូរ ជឿអ្នកណា អីអ្នកណា ឥឡូវគាត់ដឹងហើយ។ គោលដៅប៉ុណ្ណឹង។ ខ្ញុំសុំឲ្យបងប្អូនប្រជាពលរដ្ឋ(យល់)​ សាររបស់ខ្ញុំនិងអ្វីដែលខ្ញុំធ្វើនេះគឺចង់ឲ្យបង្ហាញប្រជាពលរដ្ឋតែប៉ុណ្ណឹងទេថាមិនថាបង្គោល៥២, ៥៩ ទេ នៅកន្លែងណាក៏ដោយ រឿងព្រំដែននេះ រដ្ឋាភិបាលធ្វើដោយមានការទទួលខុសត្រូវ។ មន្ត្រីព្រំដែនយើងមិនបានលួចឯកភាពបោះបង្គោលចូលកាត់ដីឲ្យគេទេ។ គាត់ការពារទឹកដីយើងជាមួយកងទ័ពគ្រប់វិនាទីគ្រប់ជំហាន … ចោទខ្ញុំ ត្រកូលខ្ញុំ ថា(ជារឿង)មួយចុះ ប៉ុន្តែឈានដល់ថាមន្ត្រីរដ្ឋាភិបាល មន្ត្រី​យើងគាត់ឈឺចិត្ត … កុំចោទមន្ត្រី កុំចោទខ្មែរគ្នាឯង។ យើងធ្វើការ ដើម្បីបម្រើជាតិ ជាពិសេស ទាំងកងទ័ព ទាំងមន្ត្រីនយោបាយខាងការទូត បច្ចេកទេសព្រំដែន គឺសុទ្ធតែការពារអធិបតេយ្យភាព និងដែនដីស្របច្បាប់របស់យើងទាំងអស់ សុំឲ្យមានភាពជឿទុកចិត្ត ហើយផ្ដល់​ឱកាស និងភាពនឹងនរ ស្ងប់ស្ងាត់ ដើម្បីឲ្យយើងធ្វើការតស៊ូនៅខាងនោះ កុំឲ្យបែកអារម្មណ៍។ សុំតែប៉ុណ្ណឹងទេ។

(៥០) “ក្រោយថ្ងៃ២៨(វិច្ឆិកា) មកចុះ … តែបើមកនិយាយអត់មានមូលដ្ឋាន ឮគេថា ញាណពិសេស ស្តាប់អាស៊ីសេរី មើលទូរទស្សន៍ថៃ មិនបាច់មកទេ …”

បើ​ពួកគាត់ហ្នឹងមិនឈប់(ទេ)ឲ្យនិយាយទៀតចុះ។ (ព្រោះ) ឥឡូវរឿងមួយនេះ ស្រាតខោរួចហើយ។ បើថា ស្រាតខោរឿងបង្គោល៥២, ៥៩ កន្លែងនេះ ឬកន្លែងណា ដូចតែគ្នាទេ។ ជឿខ្ញុំចុះ … គាត់ឃើញហើយ។ គាត់មើល ៣ដង គាត់ដឹងហើយ ព្រោះគាត់មានញាណពិសេស។ (គាត់)អត់ត្រូវការឯកសារទេ។ ជាពិសេស សួរថាបានមកពីណា? បានមកពីលោកឯងបង្ហាញហ្នឹង … ឥឡូវអស់ចម្ងល់ហើយ។ មានអ្នកសួរច្រើន។ ហេតុអីក៏ត្រូវតតាំង? ឥឡូវពន្យល់មួយហ្នឹង។ ប៉ុណ្ណឹងចប់ហើយ។ ឥឡូវទុកឲ្យគាត់ ក្រោយថ្ងៃ២៨(វិច្ឆិកា)បញ្ជូន(តំណាង)មកបញ្ជូនចុះ ព្រោះយើងធ្វើម្ចាស់ផ្ទះ(កិច្ចប្រជុំប្រទេសនិយាយភាសាបារាំង)។ ខ្ញុំដាក់សារទៅប៉ុណ្ណឹងហើយ … បើអត់(ចូលមក)ទេ ឈប់និយាយ … ទាល់តែមានអីទៀតបានមកបង្ហាញ។ បើអត់មាន(ឯកសារភស្ដុតាង)ព្រំដែនទេ ត្រឹមតែមកនិយាយអត់មានមូលដ្ឋាន ឮគេថា ញាណពិសេស មើលអាស៊ីសេរីទូរទស្សន៍ថៃ ថាខ្លួនឯងចេះ ខ្លួនឯងមានមូលដ្ឋាន មិនបាច់ទេ។ សុំឲ្យប្រជាពលរដ្ឋយើងមើលតាមហ្នឹងទៅថាតើអ្នកណាដែលគួរឲ្យជឿជាក់ជាង? អ្នកណាដែលជាការទទួលខុសត្រូវជាង។ រឿងតែប៉ុណ្ណឹង។ ឥឡូវខ្ញុំសុំបិទវង់ក្រចកវិញ … រឿងដើម្បីវាត្រូវសម្អាតឲ្យចប់។ រឿង SMEs និងរឿងទាំងអស់ ធំទាំងអស់ គ្រប់វិនាទីរបស់យើងគឺរឿងទឹកដីម៉ោងនេះ។ រដ្ឋាភិបាលត្រូវតែដោះស្រាយ ហើយសំខាន់ការសាមគ្គីឯកភាពផ្ទៃក្នុង។ ឯកភាពចិត្ត ឯកភាពគំនិត ឯកភាពអារម្មណ៍ដើម្បីរដ្ឋាភិបាលប្រមូលផ្តុំធ្វើការទទួលខុសត្រូវ។ សូមអរគុណទៅដល់ក្រុមការងារខាងព្រំដែន ជាមួយវីរកងទ័ព វីរនគរបាលជាតិ អាវុធហត្ថរបស់យើង ដែលឈរជើងតាមព្រំដែន រាល់ថ្ងៃដែលធ្វើការងារការពារទឹកដី ទៅដល់ខាងក្រុមការងារក្រសួងការបរទេស រដ្ឋលេខាធិការដ្ឋានព្រំដែន  ក្រុមការងារចេញទៅចរចា UNCLOS នៅនេះក៏បានខិតខំប្រឹងប្រែងធ្វើការ។ គ្រប់វេទិកាទាំងអស់ យើងត្រូវលើកដើម្បីបង្ហាញពិភពលោក។ យើងអត់ចោទប្រកាន់អ្នកណាគេទេ។ យើងគ្រាន់តែចង់ឲ្យពិភពលោកដឹងរឿងពិតអញ្ចឹង …។

(៥១) “បន្តស្តាប់វិស័យឯកជន ដាក់ចេញគោលនយោបាយនិងគោលការណ៍លើកទឹកចិត្ត SMEs … ដើម្បីយន្តការទាំងអស់ធ្វើការជាមួយគ្នាបន្ដទៀត

ខ្ញុំទៅ CICA ថ្ងៃមុនក៏លើក វេទិកាអន្តរជាតិក្នុងប្រទេសក៏លើក។ ទៅណាក៏យើងលើក។ លើកអត់ចោទប្រកាន់គឺលើកបង្ហាញការពិតតែប៉ុណ្ណឹងទេ។ នេះហើយគឺជាការធ្វើការងារសកម្ម មិនបាច់ចាំមកតជាមួយពួកគាត់ រិះគន់វាយប្រហារពីក្រៅ រដ្ឋាភិបាលធ្វើរួចទៅហើយ។ មុខព្រួញគឺការពារផលប្រយោជន៍ជាតិ គ្រប់វេទិកា ទាំងជាតិទាំងអន្តរជាតិ … បងប្អូនឃើញហើយ … គ្រាន់តែឯងសើចបន្តិច ក៏ថាមើលខំសើចចុះ ទឹកដីអត់(ដោះស្រាយ)កើតទេ … ហើយបើពួកគាត់វិញ ទៅរាំអីណោះ។ មួយនោះ ជេរថាខ្មែរយើងហ្នឹងចូលឆ្នាំ គឺបាត់ដីអស់ហើយ គិតតែរាំ។ ភ្លេចគិតរឿងទឹកដី។ ដល់គាត់រាំខ្លួនឯងពេលចូលឆ្នាំ គាត់ថាហ្នឹងសាមគ្គីវប្បធម៌។ អញ្ចឹងមិនថាទេ ប្រជាជនមើលឃើញហើយ។ ខ្ញុំអត់មានថាអីទេ ប៉ុន្ដែឥឡូវខ្ញុំសុំតែប៉ុណ្ណឹងទេ។ រឿង SMEs រឿងអីនេះ ក៏ជារឿងដែលសំខាន់ដែលយើងបន្តធ្វើទៀត។ ប្រកាសថ្ងៃនេះគឺប្រកាសគោលនយោបាយ តែសកម្មភាពជាក់ស្ដែងយើងនឹងបន្តធ្វើ។ យើងនឹងបន្តស្តាប់វិស័យឯកជន បន្តដាក់ចេញនូវគោលនយោបាយដែលយើងអាចធ្វើទៅបាន ទាំងគោលការណ៍លើកទឹកចិត្ត ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានព្រៀងហើយល្ងាចមិញ។ ខ្ញុំថាយើងនឹងពិនិត្យមើលស្អីខ្លះដែលយើងជួយសម្រួលឲ្យ SMEs ខាងហិរញ្ញវត្ថុ ខាងអីយ៉ាងម៉េច។ យើងអាចជួយពន្ធអីយ៉ាងម៉េច ដើម្បីយើងធ្វើការជាមួយគ្នាបន្ដទៅទៀត យន្តការទាំងអស់។ ថ្ងៃនេះ ខ្ញុំសុំបញ្ជាក់តែប៉ុណ្ណឹង ហើយសូមជូនពរ ប្រសិទ្ធពរហើយអរគុណ។ ហើយសូមសរសើរជាថ្មីចំពោះក្រសួងឧស្សាហកម្មរបស់យើង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងពាក់ព័ន្ធ ដែលរៀបចំនូវគោលនយោបាយនេះឡើង ហើយសូមជូនពរ ប្រសិទ្ធពរឲ្យ ឯកឧត្តម លោកជំទាវ ទាំងអស់ឲ្យទទួលបាននូវសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចទាំងអស់៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចធិបតី៖ សហគ្រាសធុនមីក្រូ តូច និងមធ្យម ​ជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ»

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច
beylikdüzü escort escort beylikdüzü beylikdüzü escort