សម្រង់​ប្រសាសន៍​សម្តេច​តេជោ ហ៊ុន សែន ថ្លែង​ក្នុងវេទិកាថ្នាក់ជាតិលើកទី ២ ស្តីពី «ការការពារ និងអភិ រក្សធនធានធម្មជាតិ»

200

CNV: 

សូមថ្វាយបង្គំព្រថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ

សម្តេច, ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាទីមេត្រី !

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមនៅក្នុង វេទិកាថ្នាក់ជាតិលើកទី ២ ស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ដែលជាវេទិកាសំខាន់មួយរវាងរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ ក្នុងការងារគ្រប់គ្រងបរិស្ថាននាពេលនេះ។

ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំព្រះករុណាខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ, មន្ត្រីរាជការ និងមន្ត្រីឧទ្យា នុរក្សនៃក្រសួងបរិស្ថាន ដែលបានខិតខំអស់ពីកម្លាំងកាយ, បញ្ញាស្មារតី ក្នុងបុព្វហេតុការពារបរិស្ថាន និង ការពារធនធានធម្មជាតិ ដែលជាឧត្តមប្រយោជន៍មួយរបស់ជាតិមាតុភូមិ និងប្រជាជនយើង។ ទន្ទឹមនេះ ខ្ញុំព្រះករុណាខ្ញុំក៏សូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួង ស្ថាប័ន, រដ្ឋបាលថ្នាក់ ក្រោមជាតិ, ដៃគូអភិវឌ្ឍ, អង្គការមិនមែនរដ្ឋាភិបាល, វិស័យឯកជន, សហគមន៍មូលដ្ឋាន, សកម្មជន បរិស្ថាន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន ក្នុង ការអនុវត្តរាល់ភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន, រួមគ្នាជាកម្លាំងធំមួយ ដើម្បីកសាងសង្គមកម្ពុជា ឱ្យ មានបរិស្ថានល្អ, ធានាបាននូវសុវត្ថិភាពប្រព័ន្ធអេកូឡូស៊ី, មានការការពារ និងអភិរក្សធនធានធម្មជាតិ, សាមគ្គីភាពផ្ទៃក្នុងរឹងមាំ, រស់នៅក្នុងសង្គមមួយប្រកបដោយភាពសុខដុមរមនា និងការអភិវឌ្ឍប្រកប ដោយចីរភាព។

ចំពោះមុខ ខ្ញុំព្រះករុណាខ្ញុំសូមចាត់ទុកការជួបជុំគ្នានេះ ជាព្រឹត្តិការណ៍ដ៏សំខាន់របស់ជាតិ ដែលរាជរដ្ឋាភិ បាល និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ មានឱកាសជួបជុំគ្នា ដើម្បីរួមគ្នាពិនិត្យ, ពិភាក្សាការងារ និងដោះ ស្រាយបញ្ហាពាក់ព័ន្ធនឹងការងារបរិស្ថាន និងធនធានធម្មជាតិ, ខណៈដែលបណ្តាប្រទេសជាច្រើន ក្នុង ពេលបច្ចុប្បន្នកំពុងប្រឈមបញ្ហានានា ដែលកើតមានឡើង ដូចជាការកើនឡើងកំដៅភពផែនដី, បាតុភូត គ្រោះធម្មជាតិ, គ្រោះរាំងស្ងួត, គ្រោះទឹកជំនន់, ខ្យល់ព្យុះសង្ឃរា, ការខូចខាតប្រព័ន្ធអេកូឡូស៊ី, ការបាត់ បង់ជីវៈចម្រុះ, ការកើតឡើងជំងឺដង្កាត់បែ្លកៗ, បំផ្លាញជីវិតមនុស្ស សត្វ ដែលបញ្ហាទាំងនេះបានជះឥទ្ធិ ពលជាអវិជ្ជមានដល់ការអភិវឌ្ឍសង្គម, សុវត្ថិភាពបរិស្ថាន និងសុខុមាលភាពសាធារណៈ។

ខ្ញុំព្រះករុណាខ្ញុំមានជំនឿយ៉ាងមុតមាំថា តាមរយៈការគិតគូរ និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជ ការនៃក្រសួងបរិស្ថាន, ការលើកកម្ពស់តួនាទីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ, សហគមន៍មូលដ្ឋាន, ការជំ រុញលើកទឹកចិត្តឱ្យមានការចូលរួមពីក្រសួង ស្ថាប័ន, ដៃគូអភិវឌ្ឍ, វិស័យឯកជន និងមហាជនពីគ្រប់មជ្ឈ ដ្ឋាននៃសង្គមជាតិ, យើងនឹងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងការធានាឱ្យបាននូវគុណភាពបរិ ស្ថាន, ការលើកកម្ពស់សុខុមាលភាព និងការអភិវឌ្ឍសង្គមឱ្យប្រកបដោយចីរភាព ស្របតាមគោលនយោ បាយ និងយុទ្ធសាស្ត្រអភិវឌ្ឍរបស់រាជរដ្ឋាភិបាល។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ]

ការប្រជុំនេះ នឹងក្លាយជាសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល

ខ្ញុំព្រះករុណាខ្ញុំ ក៏ចង់បញ្ជាក់ជូនផងដែរថា វេទិការវាងរាជរដ្ឋាភិបាល និងតួអង្គពាក់ព័ន្ធនៅថ្ងៃនេះ សេចក្ដី​សម្រេច​ណាមួយចេញពីជំនួបបែបនេះ នឹងក្លាយទៅជាសេចក្ដីសម្រេចដូចការប្រជុំពេញ​អង្គ​របស់​​​គណៈ​រដ្ឋ​មន្រ្តីផងដែរ។ នេះយើងបានកំណត់អំពីសិទ្ធិអំណាច និងតួនាទីនៃយន្តការនេះកាលពីឆ្នាំទៅ។ វិស័យ​ឯក​ជន និងរាជរដ្ឋាភិបាល ក៏បានបង្កើតយន្តការបែបនេះ ប៉ុន្តែដោយសារតែការដោះស្រាយ​របស់យើង​បាន​ឆាប់​រហ័ស។ ឥឡូវនេះនៅសល់តែបញ្ហាផ្នែកក្រុមការងារតែប៉ុណ្ណោះដែលកំពុងបន្តធ្វើនៃកិច្ចការងារនោះ។

ប៉ុន្មានឆ្នាំចុងក្រោយ យើងមិនបានយកបញ្ហានោះ មកដាក់លើតុរវាងរាជរដ្ឋាភិបាល និងវិស័យ​ឯក​ជន​ទៀតទេ ដោយសារតែមិនមានបញ្ហាដុំកំភួនដែលត្រូវយកមកដោះស្រាយ ប៉ុន្តែក្រុមការងារទាំង ១១ ក្រុម ក៏​នៅ​បន្តការងារ។ សម្រាប់យន្តការមួយនេះ បន្ទាប់ពីការជួបជុំដែលមានចរិកជាការសម្រេច របស់រាជរដ្ឋា ភិបាលក្នុងការប្រជុំ​ពេញ​អង្គ យើងនឹងផ្ដល់ឱកាសអោយក្រសួងបរិស្ថានដើម្បីធ្វើកិច្ចការ បន្តជាមួយនឹងតួ អង្គពាក់ព័ន្ធក្នុង​មួយឆ្នាំ​មាន​បី​លើកថែម​ទៀតផង។

[បញ្ចប់សេចក្ដីអធិប្បាយ]

ព្រះតេជព្រះគុណព្រះសង្ឃ, សម្តេច, ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គវេទិកាទាំងមូល !

តាមរបាយការណ៍របស់ឯកឧត្តម សាយ សំឤល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានរាយការណ៍ជូនអង្គវេទិកា អំពី លទ្ធផលការអនុវត្តសេចក្តីសម្រេចរបស់អង្គវេទិកាលើកទី ១ ដោយបានរំលេចនូវសមិទ្ធផល, ការប្រ ឈម និងសំណូមពរ ដាក់វិធានការចាំបាច់នានា ដែលតម្រូវឱ្យក្រសួង ស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ, សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមអនុវត្តឱ្យបានខ្លាំងក្លា, ឆ្លើយតបទៅនឹងតម្រូវការ ជាក់ស្តែងក្នុងសង្គមជាតិ, បំណងប្រាថ្នារបស់ប្រជាជនកម្ពុជា និងនិន្នាការពិភពលោក។ ជាការពិត ការ អភិរក្ស និងការពារធនធានធម្មជាតិ នឹងគាំពារសំខាន់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ខណៈកម្ពុជា បានកំណត់ហើយថា ទេសចរណ៍កម្ពុជាជាទេសចរណ៍វប្បធម៌ និងធម្មជាតិ។ ដូច្នេះ ការយកចិត្តទុកដាក់ លើភាពទាក់ទាញនៅតំបន់អេកូទេសចរណ៍ គឺជាយុទ្ធសាស្រ្តគន្លឹះនៃការអភវិឌ្ឍវិស័យទេសចរណ៍កម្ពុជា។ ក្នុងន័យនេះ ការចូលរួមការពារបរិស្ថាននឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយអភិវឌ្ឍអេកូទេសចរណ៍, ជួយបង្កើតការងារ, មុខរបរ, បង្កើនចំណូល និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនបានកាន់​តែប្រសើរឡើង។

ជារួម ស្របពេលដែលសង្គមជាតិមានសុខសន្តិភាព, ស្ថិរភាពនយោបាយ, កំណើនសេដ្ឋកិច្ចជាប់ជាប្រចាំ និងកំណើនប្រជាជននៅតាមទីប្រជុំជន, យើងសង្កេតឃើញថា សកម្មភាពអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កាន់ តែមានសន្ទុះខ្លាំង, តម្រូវការធនធានធម្មជាតិកាន់តែច្រើន ដែលបង្កឱ្យមានផលប៉ះពាល់ដល់គុណ ភាព បរិស្ថាន, សុវត្ថិភាពប្រព័ន្ធអេកូឡូស៊ី, សោភ័ណភាពទីក្រុង, សុខុមាលភាពសង្គម, បញ្ហាប្រែប្រួលឤ  កាសធាតុ និងបញ្ហាប្រឈមដទៃទៀត។ ជាក់ស្តែង បច្ចុប្បន្ននេះ បណ្តាទីប្រជុំជន និងក្រុងធំៗនៅកម្ពុជា បាន និងកំពុងប្រឈមនឹងការកើនឡើងនូវបរិមាណសំណល់រឹង, រាវ, ការកកស្ទះចរាចរណ៍ និងកំណើន តម្រូវការថាមពល, ទឹកស្អាត ក៏ដូចជាកង្វះលំហបៃតង ដែលទាមទារឱ្យគ្រប់ក្រសួង ស្ថាប័ន, រដ្ឋបាល ថ្នាក់ក្រោមជាតិ, ដៃគូអភិវឌ្ឍ, អង្គការមិនមែនរដ្ឋាភិបាល, វិស័យឯកជន, សហគមន៍មូលដ្ឋាន និងអ្នក ពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នារកដំណោះស្រាយឱ្យបានសមស្រប និងចាត់វិធានការឱ្យមានប្រសិទ្ធភាព ខ្ពស់។

ក្នុងស្មារតីដើម្បីដោះស្រាយបញ្ហាប្រឈម, ឆ្លើយតបទៅនឹងតម្រូវការពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងបរិ ស្ថាន, ការការពារធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ដោយផ្អែកលើគោលការណ៍ការទទួលខុស ត្រូវរួមគ្នា ប៉ុន្តែ ក្នុងកម្រិតផ្សេងគ្នាតាមសមត្ថកិច្ចរៀងៗខ្លួន ខ្ញុំព្រះករុណាខ្ញុំសូមផ្តល់នូវអនុសាសន៍មួយ ចំ នួន ដូចខាងក្រោម៖

ទី១. គណៈបញ្ជាការឯកភាពរាជធានីខេត្ត ត្រូវទទួលខុសត្រូវអនុវត្តតួនាទីដឹកនាំ, សម្របសម្រួល ចាត់ វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ និងដោះស្រាយបញ្ហាប្រឈមនានា ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ដែលកើតមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ និង ទាន់ពេលវេលា។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ]

អំណាចវិមជ្ឈការ និងវិសហមជ្ឈការ ត្រូវផ្ទេរទៅកាន់រដ្ឋបាលថ្នាក់ក្រោមជាតិ

ទោះបីថា បន្តិចទៀត យើងនឹងមានការសាកសួរ និងមានមតិពីអង្គប្រជុំ ក៏ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ ក៏គួរតែត្រូវ​ធ្វើ​អត្ថាធិប្បាយអំពីចំណុចនេះបន្តិច។ អំណាចវិមជ្ឈការ និងវិសហមជ្ឈការ ត្រូវបានផ្ទេរកាន់តែច្រើន​ទៅ​កាន់​រដ្ឋបាលថ្នាក់ក្រោមជាតិ។ ដូច្នេះ តើរដ្ឋបាលថ្នាក់ក្រោមជាតិរង់ចាំអោយ​រដ្ឋបាលថ្នាក់ជាតិ​ចុះដោះ​ស្រាយ ឬខ្លួនត្រូវដោះស្រាយ? នោះហើយ ជាបញ្ហាដែលខ្ញុំព្រះករុណាខ្ញុំ តែងតែរំលឹកនៅក្នុងគ្រប់អង្គប្រជុំ ហើយផ្នែកខាងលើធ្វើប្រតិភូកម្មវិមជ្ឈការ តាមរយៈការផ្ទេរមុខងារទៅអោយមូលដ្ឋាន។ ប៉ុន្តែអ្វីដែលត្រូវ​យក​ចិត្តទុកដាក់នោះ មូលដ្ឋានមិនត្រឹមតែទទួលយកអំណាច ហើយអំណាចនោះគ្រាន់តែជាអំណាចព្យួរ​នៅ​ក្រោយខ្នង សម្រាប់ដាក់នៅក្រោយខ្នង ឬដាក់ក្នុងតុទេ ក៏ប៉ុន្តែជាអំណាចដែលដឹកនាំការ​អនុវត្តនៅ​នឹង​កន្លែង។

[បញ្ចប់សេចក្ដីអធិប្បាយ]

ទី២. ឤជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការឱ្យបានតឹងរ៉ឹង ដោយមិនត្រូវយោគយល់​ចំពោះ​សកម្មភាពល្មើសច្បាប់ រួមមានការលួចកាប់ឈើ, ជីករ៉ែ, ការបរបាញ់សត្វ, ការកាប់រានទន្ទ្រានយក​ដី​រដ្ឋ​ធ្វើកម្មសិទ្ធិ, ការទន្ទ្រានតំបន់ការពារធម្មជាតិ, តំបន់អេកូទេសចរណ៍ ជាដើម។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ]

កម្ពុជា​ មិនអាចជៀសផុតពីការប្រើប្រាស់អុស និងធ្យូង

ចំណុចនេះ ក៏ជាចំណុចនៅតែជាបញ្ហាដដែលជាដដែល។ ពិតមែនតែអាធំវាទៅអស់ អាតូចវានៅ។ បញ្ហា​ការ​កាប់ឈើនេះ យើងយល់បញ្ហាមួយចំនួន។ មុខរបរដើមរបស់ប្រជាពលរដ្ឋមួយផ្នែក ប៉ុន្តែមួយផ្នែកទៀត យើងត្រូវយល់អោយបាន តើអ្នកទាំងអស់គ្នានៅទីនេះ រាប់ទាំងអង្គការក្រៅរដ្ឋាភិបាលដែលជេរប្រទេច (ដាក់)បណ្ដាសាលើរាជរដ្ឋាភិបាល ពួកគេបានចម្អិនអាហារដោយអ្វីទៅ? ពួកគេច្បាស់ជាចម្អិនអាហារ​ដោយប្រើអុស និងធ្យូងនោះឯង។ អញ្ចេះ បើថាខ្លួនជាមនុស្សបរិស្ថាន ដោយមិនចូលរួមក្នុងការ​ជជែក ពិភាក្សាក្នុងស្មារតីសហការ និងសន្ទនា ខ្លួន​មិនគួរនឹងត្រូវប្រើអុស និងធ្យូង ដើម្បីចម្អិនចំនីអាហារ​ទេ។

ព្រោះថា មានអ្នកដែលចង់សហការ និងមានអ្នកចង់នៅក្រៅរង្វង់ ដែលចាំតែសរសេរឯកសារ វាយប្រហារ រាជរដ្ឋាភិបាល។ ដូច្នេះ គ្រាន់តែចំណុចនេះមួយ មិនមែនជាចំណុចដែលត្រូវដោះស្រាយមួយឆ្នាំ ពីរឆ្នាំឬ ដប់ឆ្នាំទេ ត្រូវដោះស្រាយរហូតដល់ពេលដែលកម្ពុជាមានឧស្ម័ន gas សម្រាប់ប្រជាជនប្រើប្រាស់គ្រប់រូប។ សូម្បីតែអ្នកប្រើប្រាស់មាន gas មានឧស្ម័ន ប្រើប្រាស់សម្រាប់ចម្អិនអាហារក៏ដោយ ក៏ប៉ុន្តែនៅសេស  សល់ប្រជាពលរដ្ឋមួយចំនួនដែលប្រើអុសសម្រាប់អាំងសាច់។ គាត់មិនទៅអាំង(ដោយ gas)ហ្នឹងឯណា អាំង(ដោយ)អុស និងធ្យូង វាឆ្ងាញ់ជាង។ អញ្ចឹងគ្រាន់តែបញ្ហាប៉ុណ្ណឹង មិនត្រូវមើលស្រាលទេ។

៣ កុំ និងទារ ៣

អ្នកស្រែក ពូកកែខាងស្រែក ដែលខ្ញុំព្រះករុណាខ្ញុំ និយាយថា «៣ កុំ»។ ក្រុម ៣ កុំ ប្រយ័ត្នមែនទែន។ កុំ ទីមួយ គឺកុំផ្ដល់ជំនួយដល់កម្ពុជា។ កុំទីពីរ គឺកុំវិនិយោគមកកម្ពុជា។ កុំទីបី គឺកុំទិញទំនិញពីកម្ពុជា។ ស្អែកហ្នឹង ខ្ញុំព្រះករុណាខ្ញុំ នឹងទៅជួបកម្មករជាង ១០០០០ នាក់។ ខ្ញុំព្រះករុណាខ្ញុំ នឹងនិយាយ​ប្រាប់​កម្មករ​អោយច្បាស់។ អា ៣ កុំ(ហ្នឹង) ប្រយ័ត្នអោយមែនទែន។ ប៉ុន្តែគេទារ ៣ ទៀត។ ទារអោយ​ដោះ​ដូររបប … ទារអោយដំឡើងប្រាក់ខែ ដើម្បីយកទឹកចិត្តកម្មករ និងទារអោយធ្វើបាតុកម្ម។ អា ៣ កុំ ខាង​លើ ជាទង្វើក្បត់ជាតិ ក្បត់ប្រជាជនខ្លួនតែម្ដង។

បញ្ហាឈើ មិនមែនជាបញ្ហាតូចតាច/រកវិធីប្រើប្រាស់អ្វីដែលមានជាតិកំដៅ សម្រាប់ដុតក្នុងឡ

បញ្ហារបស់យើងទីនេះ មិនមែនជាបញ្ហាតូចតាចទេ។ ខ្ញុំព្រះករុណាខ្ញុំ គ្រាន់តែនិយាយបញ្ហាឈើមួយម៉ាត់ ត្រូវ​ត្រៀមស្មារតីយូរអង្វែង ហើយត្រូវជំរុញល្បឿននៃការសាងសង់បង្ហូរឧស្ម័ន ដើម្បីមកកាន់ទីកន្លែងដែល​ប្រ​ជា​ជនត្រូវការប្រើប្រាស់។ ម្យ៉ាងទៀត ការប្រើប្រាស់ធ្យូងថ្មជំនួសអោយការប្រើអុស ដើម្បីរម្ងាស់ស្ករត្នោត ក៏ជាបញ្ហាដែរ។ យើងរកវិធីប្រើប្រាស់អ្វីផ្សេង ដែលផ្តល់កំដៅ។

ឡថ្នាំ(ជក់) សុទ្ធតែប្រើប្រាស់អុស។ យើងត្រូវរកវិធី។ ឡឥដ្ឋ ឡក្បឿងនេះ បើសិនជាបណ្ដោយ​អោយ​ផលិត​នៅហ្នឹង កម្ពុជាគឺអន្តរាយឈើតែម្ដង។ ដើម្បីបានឥដ្ឋ បានក្បឿងមួយឡ តើត្រូវអស់ឈើប៉ុន្មាន​ម៉ែត្រ​គូប? គិតអំពីបញ្ហាទាំងអស់នេះផង។ យើងត្រូវធ្វើការជាមួយគ្នា យើងនៅក្រោមដំបូលជាមួយគ្នា យើង​ជិះ​ទូក​ជាមួយគ្នា។ ដូច្នេះត្រូវរួមពិភាក្សាទៅលើបញ្ហានេះ គិតគូរទាំងអស់គ្នា។ ខ្ញុំព្រះករុណាខ្ញុំ គិតថា នេះក៏​ជា​ធាតុចូលមួយ សម្រាប់ការជជែកនៅថ្ងៃនេះ។

ទប់ស្កាត់នូវការបរបាញ់សត្វព្រៃ

ការបរបាញ់សត្វ គឺនៅតែមានជាបន្ត។ ថាមិនត្រូវទទួលទានសត្វព្រៃទេ ក៏ប៉ុន្តែមិនថាអ្នកមាន អ្នកក្រទេ ចូល​​ចិត្តសត្វព្រៃជាង(សត្វស្រុក)។ នៅត្រង់ណាក៏ដោយ រកជ្រូកព្រៃ រកសាច់ឈ្លូស រកប្រើស។ មានពេល​មួយ ខ្ញុំព្រះករុណាខ្ញុំ ប្រកាសថា មនុស្សទាំងអស់គួរតែឈប់ទទួលទានសាច់ប្រើស សាច់ឈ្លូស សាច់​សត្វ​ព្រៃ ប៉ុន្តែដល់(តែ)រួច(ទៅ ទទួលទាន)សម្លម្ជូរសាច់ជ្រូកព្រៃ។ អាហ្នឹងបើគេយកមកហើយ ដូចព្រះតេជ​ព្រះ​គុណ​អញ្ចឹង ​នៅអោយស្ងៀមទៅ គេយកទៅប្រគេនហើយ។ ឆាន់ទៅ។ ចប់។ គេហាមតែព្រះតេជ​ព្រះ​គុណ​ទៅសម្លាប់តើ។ ត្រង់គេយកទៅប្រគេន ជ្រូកព្រៃ ឈ្លូស ប្រើស គេអត់ហាម។ នេះគ្រាន់តែជា​ការ​និយាយ​បន្ថែមតែប៉ុណ្ណោះទេ។

ទប់ស្កាត់ការកាប់ទន្ទ្រានយកដីរដ្ឋ/តើជនជាតិខ្មែរ ឬឡាវ ធ្វើស្រូវចំការនៅក្នុងតំបន់អូរអាល័យ

ការកាប់ទន្ទ្រានយកដីរបស់រដ្ឋនៅតែបន្ត។ មនុស្សដដែល កាប់នៅខេត្តបាត់ដំបង។ ដល់បាត់ដំបង បាន​ដោះ​ស្រាយអោយគាត់ហើយ គាត់យកទៅលក់អោយគេ។ លិចមុខទៅកាប់(ទន្ទ្រានយកដីរបស់រដ្ឋ​)​នៅ​ខេត្ត​ក្រចេះ។ ដល់ខេត្តក្រចេះ ដោះស្រាយអោយគាត់ទៀត គាត់លិចមុខនៅខេត្តកំពង់ធំ។ ឥឡូវប្រយ័ត្ន ឧទ្យានវីរជ័យ ត្រូវតែមានការប្រុងប្រយ័ត្ន។ បញ្ហាត្រូវបានដោះស្រាយ។ កងទ័ពឡាវបាន​ដកចេញ​ទៅ​តាម​សំណូមពររបស់យើង នៅក្នុងពេលដែលខ្ញុំព្រះករុណាខ្ញុំ ធ្វើដំណើរទៅចរចា ដើម្បីដោះស្រាយបញ្ចៀស​ការ​ផ្ទុះអាវុធ។ នៅក្នុងសេចក្ដីប្រកាស បាននិយាយច្បាស់អំពីឡាវបាន​ដកទ័ពដែល​នៅ​សេសសល់ចេញ​ពីតំ​បន់​អូរអាល័យ ប៉ុន្តែលិខិតរបស់ខ្ញុំព្រះករុណាខ្ញុំ បានស្នើសុំអោយដកទាំងតំបន់អូរអាល័យ និងទាំងតំបន់​អូរ​តា​ង៉ាវ។ ម្សិលមិញ កងទ័ពបានរកឃើញចំការស្រូវ ២ ហិកតា នៅក្នុងតំបន់នោះ។ ជាមួយនឹង​ចំការ​ចេក ៦ កន្លែង។ អញ្ចឹងអ្នកណាជាអ្នកធ្វើ? ខ្ញុំព្រះករុណាខ្ញុំ កំពុងអោយស្រាវជ្រាវ តើជនជាតិខ្មែរធ្វើ ឬជន​ជាតិ​ឡាវឆ្លងមកធ្វើនៅក្នុងតំបន់នោះ?  តំបន់វីរជ័យនេះ គឺជាតំបន់ព្រៃធំណាស់ ហើយដែល​វាតភ្ជាប់​គ្នា​តាំង​ពីស្ទឹងត្រែង ឡើងទៅរតនគិរី គេហៅថា មុំបី។ ធំសម្បើមណាស់។ អញ្ចឹងត្រូវតែមានការប្រុងប្រយ័ត្ន។ កន្លងទៅ យើងអនុវត្តមិនបានពេញលេញទេ នូវការ(បញ្ឈប់)ការបរបាញ់សត្វនៅក្នុងតំបន់នោះ។​

[បញ្ចប់សេចក្ដីអធិប្បាយ]

ទី៣. ក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងបរិស្ថាន ត្រូវសហការគ្នាក្នុងការពិនិត្យ និងសិក្សា អំពីតម្រូវការចាំបាច់ និងលទ្ធភាពថវិកាក្នុងការបន្ថែមចំនួនមន្ត្រីឧទ្យានុរក្ស និងការបំពាក់ឤវុធ​បន្ថែម​ដល់មន្ត្រីឧទ្យានុរក្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងវិសាលភាពការងារគ្រប់គ្រងតំបន់​ការ​ពារ​ធម្មជាតិ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ]

កាត់បន្ថយការស្នើសុំបញ្ចូលក្របខណ្ឌរដ្ឋនៅឆ្នាំ ២០១៨

ចំណុចនេះ ខ្ញុំសូមបញ្ជាក់ជូនបន្តិច។ សម្រាប់ក្រសួង ស្ថាប័ននានាផងដែរ ដើម្បីអោយយើងយល់គ្នា។ ក្រប​ខណ្ឌមន្រ្តីរាជការដែលឯកឧត្តម លោកជំទាវ បានស្នើសុំបញ្ចូលនៅក្នុងក្របខណ្ឌរដ្ឋនៅឆ្នាំ ២០១៨ ខាង​មុខនេះ ខ្ញុំព្រះករុណាខ្ញុំ សូមអធ្យាស្រ័យ និងត្រូវកាត់បន្ថយអោយនៅទាបបំផុត។ ហេតុអី​បាន​ជា​ធ្វើ​ដូច្នេះ? យើងមិនអាចថ្លោះធ្លោយបែកកញ្ចប់ថវិកាដោយតែបង្កើតចំនួនបុគ្គលិកច្រើនហួស។ ខិតខំប្រើ​ប្រាស់​អោយអស់លទ្ធភាពនូវមន្រ្តីដែលមានស្រាប់។ យើងបានបង្កើតកងពល ១២៨ ដើម្បីការពារទឹកដី និង​រួមចំណែកការពារសន្ដិសុខផ្ទៃក្នុង។ ក្នុងហ្នឹងក៏មានការចូលរួមចំណែកនូវឧទ្យានវីរជ័យផងដែរ។ នៅ​ទី​នោះ កន្លងទៅក៏មាន ៥០ ទៅជិត ២០០ នាក់ឯណោះ ហើយក៏បានបំពាក់អាវុធនៅទីនោះ។

អញ្ចឹងដើម្បី​ជៀស​វាងសម្ពាធបុគ្គលិកផ្នែកយោធាផង និងបុគ្គលិកផ្នែកស៊ីវិលផង ខ្ញុំព្រះករុណាខ្ញុំបាន​ប្រាប់​ទៅ​រដ្ឋមន្រ្តី​​ក្រ​សួង​សេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ យកចិត្តទុកដាក់កាត់បន្ថយចំនួនមន្រ្តីដែលស្ថាប័ននានាស្នើសុំ អោយ​នៅ​ទាបបំផុត។ សុំ ១០០ នាក់ អោយត្រឹម ១០ ឬ ២០ នាក់បានហើយ កុំច្រើនពេក។ … យើងមិន​ចេះ​តែចាយថវិកាជាតិ ដោយគ្មានការគិតគូរនោះទេ។ ខ្ញុំព្រះករុណាខ្ញុំ មិននិយាយថាបក្សប្រឆាំងទេ បក្ស​ក្រៅ​រដ្ឋាភិបាល គេអាចនិយាយបានផ្សេង ព្រោះការនិយាយហ្នឹង វាអត់អស់ថ្មទេ … ប៉ុន្តែ នាយក​រដ្ឋ​មន្រ្តី​នៅពេលដែលនិយាយ ត្រូវធ្វើភ្លាម មិនមែននិយាយដូចគេទេ។ អញ្ចឹងទេ បានជាអំពាវនាវទុក​អោយ​ហើយ។

ក្នុងនេះ គឺមានទាក់ទងជាមួយនឹងការបន្ថែមចំនួនមន្រ្តីការពារព្រៃ។ ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ អាចនិយាយ​បាន​ថា ចំនួននេះក៏ត្រូវបានកាត់បន្ថយតាមរយៈការជំនួសដោយកងទ័ព ដែលនៅជិតខាងនោះ ដែលមានចំ​ណែក​មួ​យភាគសម្រាប់អោយកងទ័ពការពារ។ ខ្ញុំព្រះករុណាខ្ញុំ បានទៅទីនោះ ខ្ញុំបានប្រាប់ថា បង្កើតកង​ពល​មួយនេះ មិនមែនបង្កើតដើម្បីកាប់ឈើទេ ហើយធ្វើផ្លូវអោយអស់លោក មិនមែនធ្វើដើម្បីអោយ​អស់​លោក​ដឹកឈើទេ។ អញ្ចឹងទេ ចំណុចនេះ យើងអាចយល់គ្នា ផ្នែកស៊ីវិល គឺរង់ចាំបន្ដិចក៏មិនអីដែរ ព្រោះកុំ​អោយ​សម្ពាធនៃបុគ្គលិកវាធ្ងន់ហួស។ ចំណាយបច្ចុប្បន្នរបស់យើងទៅលើបញ្ហាបុគ្គលិក មានដល់​ទៅ​ជាង ៥០% នៃចំណាយលើបុគ្គលិកទៅហើយក្នុងចំណាយចរន្ត។

តាមគោលការណ៍នៃការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច គេអោយចំណាយត្រឹមតែ ៤០% នៃចំណាយចរន្ត ស្មើ​នឹង ៤% នៃ GDP តែប៉ុណ្ណោះ ក៏ប៉ុន្តែពេលនេះ យើងបានចំណាយទៅលើបន្ទុកបុគ្គលិករហូតទៅដល់ជិត ៥០% និងជិត ៦% នៃ GDP ទៅហើយ។ ដើម្បីដំឡើងបៀវត្សអោយមន្រ្តីរាជការ កងកម្លាំង​ប្រ​ដាប់​អា​វុធ​របស់​យើង ដែលពេលនេះ បើនិយាយពីគ្រូបង្រៀន (ប្រាក់ប្រៀវត្ស)មិនទាបជាង ១ លានរៀលទេ។ ពួក​គាត់​ទទួលបាន ៩៥ ម៉ឺនរៀល ទាបបំផុត បូកនឹងប្រាក់ ៨ ម៉ឺន ១០ ម៉ឺន និង ១២ ម៉ឺន ទៅតាមតំបន់។

នឹងជួបសិស្សជាប់និទ្ទេស A

ហើយថ្ងៃនេះ ក៏សូមយកឱកាសនេះ ជូនពរចំពោះក្មួយៗ ចៅៗ ដែលកំពុង​ប្រឡងនៅថ្ងៃទីពីរ។ គឺការប្រ​ឡង​ដ៏តឹងតែង។ សូមអោយជាប់ ហើយសិស្សនិទ្ទេស A ទាំងឡាយក៏នឹងត្រូវបានមកកាន់ទីនេះ ជួបជា​មួយ​នឹងនាយករដ្ឋមន្រ្តីនៅទីនេះបន្តទៀត។ ព្រោះខ្ញុំព្រះករុណាខ្ញុំ មិនចោល និងបោះបង់នូវអ្វីដែល​ខិតខំ​តាំង​​ពីបាត់ដៃទទេ។ ខ្ញុំព្រះករុណាខ្ញុំ មិនចោលកូនៗ ចៅៗ ទាំងអស់នេះទេ។ អញ្ចឹងកំពុងតែបន្ត​ប្រឡង​ដោយ​​យកចិត្តទុកដាក់ ហើយសង្ឃឹមថា ពួកគេនឹងជាប់។ បើទោះបីជាមិនមានចំនួនអ្នកជាប់និទ្ទេស A ក៏ដោយ តែអាចជាប់និទ្ទេសដទៃទៀត ដែលឈានទៅយកបរិញ្ញា។ តែយើងក៏មិនអោយអ្នកដែលប្រឡង​មិន​ជាប់នោះ បាត់បង់ឱកាសដែរ។ អ្នកដែលមិនប្រឡងជាប់ យើងក៏ផ្ដល់ឱកាសអោយពួកគេបាន​សិក្សា​នូវ​ថ្នាក់បរិញ្ញាបត្ររង ហើយនិងឯកទេសដទៃទៀត។

កាត់បន្ថយការស្នើសុំបញ្ចូលក្របខណ្ឌរដ្ឋនៅឆ្នាំ ២០១៨

ដូច្នេះ សូមបញ្ជាក់ជូនអោយហើយ កុំខឹងក្រសួងមុខងារសាធារណៈ ហើយកុំខឹងជាមួយនឹងក្រសួង​សេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ ដែលថា សុំក្របខណ្ឌទៅ មិនបាន។ ឥឡូវប្រើអោយអស់លទ្ធភាពនូវបុគ្គលិកសិនទៅ ចំណាយរបស់យើង គឺវាខ្ពស់ណាស់ទៅហើយ។ … សូមបញ្ជាក់ ម៉ាក្រូសេដ្ឋកិច្ច បើវាបែកហើយ វាខ្លាំង​ជាង​គ្រាប់បែកខ្លាំងណាស់។ គ្រាប់បែកអាចកម្ទេចមួយភូមិ ភូមិពីរបាន តាមទំហំតូច ទំហំធំ។ ដែលគ្រាប់​បែក B52 របស់អាមេរិកាំងទម្លាក់ទៅខ្ទេចមួយភូមិ ប៉ុន្តែនៅសល់មនុស្សរស់ខ្លះ។ ប៉ុន្តែបើគ្រាប់បែកម៉ា​ក្រូ​សេដ្ឋ​កិច្ច បើវាបែកហើយ វាប៉ះតាំងពីកូននៅក្នុងផ្ទៃណោះ។ ព្រោះអី? តម្លៃទំនិញក៏ឡើង ស្អីក៏ឡើង​។ អា​ហ្នឹង​ហើយដែលជាមហន្តរាយខាងសេដ្ឋកិច្ច។

ឆ្លើយតបលើបញ្ហាការបង្កើនប្រាក់សម្រាប់បរិស្ថាន បើមានសំណួរ 

បន្តិចទៀតនឹងបានឃើញសំណើ ស្នើសុំអោយមានការបង្កើនប្រាក់សម្រាប់បរិស្ថានប៉ុន្មានភាគរយនៃប្រាក់​ចំ​ណូល​ជាតិ​នោះ។ ខ្ញុំព្រះករុណាខ្ញុំ នឹងឆ្លើយតបលើបញ្ហានេះ ក្នុងករណីដែលមានសំណួរ ព្រោះឮថាមាន​ការ​ចង់សួរលើបញ្ហានេះ។

[បញ្ចប់សេចក្ដីអធិប្បាយ]

ទី៤. ក្រសួងបរិស្ថានត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និងក្រសួងរៀបចំដែនដី នគរូប​នីយ​កម្ម និងសំណង់ ក្នុងការសិក្សា និងពិនិត្យលទ្ធភាពរៀបចំចុះបញ្ជីដីរដ្ឋ សម្រាប់តំបន់ការពារធម្មជាតិ ដោយ​ប្រើប្រាស់ប្រភពថវិកាពីថវិកាជាតិ និងថវិកាគាំទ្រដោយដៃគូអភិវឌ្ឍ។ ទន្ទឹមនោះ ត្រូវសហការជា​មួយ​អ្នកពាក់ព័ន្ធក្នុងការសិក្សាអំពី សក្តានុពលធនធានធម្មជាតិ, ជីវៈចម្រុះ និងមុខងារនៃប្រព័ន្ធអេកូឡូស៊ី ដើម្បីរៀបចំបង្កើតតំបន់ការពារធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិថ្មីៗបន្ថែមទៀត។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ]

ក្នុងអាណត្តិ ហ៊ុន សែន មិនការផ្ដល់ដីសម្បទានសេដ្ឋកិច្ចបន្ថែមទៀត

អម្បាញ់មិញ ឯកឧត្តម សាយ សំអាល់ លើកឡើងពាក់ព័ន្ធនឹងការរៀបចំ ខ្ញុំព្រះករុណាខ្ញុំ គាំទ្រណាស់ ធ្វើ​ម៉េច​អោយតំបន់របស់យើងត្រូវបានធានា។ កាន់តែច្រើន កាន់តែល្អ។ គ្មានទេដែលហៅថាការផ្ដល់ដី​បន្ថែម​សម្រាប់ការវិនិយោគនៅក្នុងអាណត្តិបន្តរបស់ខ្ញុំ ខ្ញុំព្រះករុណាខ្ញុំ។ មិនអនុញ្ញាតផ្ដល់ដីសម្បទានសេដ្ឋកិច្ច​អោយ​អ្នកណាបន្ថែមទេ។ អ្នកដែលមិនអនុវត្ត(ប្រើប្រាស់ដី) ត្រូវដកហូតដីមកវិញ ហើយដីនោះ បម្រុងទុក​សម្រាប់​(ការធ្វើ) ដីសម្បទានសង្គមកិច្ច។ ហើយប្រសិនបើក្នុងចំណែកដីនោះ មានតំបន់ដែលត្រូវការពារ យើង​ត្រូវចែកយកនូវចំណែកនោះ ទៅជាតំបន់ការពារ ហើយដាំដុះព្រៃបន្ថែមទៅទីនោះតែម្ដង។

[បញ្ចប់សេចក្ដីអធិប្បាយ]

ទី៥. គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវ​ត្រួត​ពិនិត្យឡើងវិញនូវគម្រោងវិនិយោគអភិវឌ្ឍដោយការចាក់ដីចូលឆ្នេរសមុទ្រ, ទាំងនៅតាមបណ្តោយ​ឆ្នេរ​​សមុទ្រកម្ពុជា និងតាមបណ្តាកោះ ដែលប៉ះពាល់ខ្លាំងដល់បរិស្ថាន និងអេកូទេសចរណ៍។

ទី៦. ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ចូលរួមរៀបចំសេចក្តីញ្រង «ក្រមបរិស្ថាន និង​ធន​ធានធម្មជាតិ» ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាភាពជាម្ចាស់ ភាពគ្រប់ជ្រុងជ្រោយ, សង្គតិភាព និងលទ្ធភាព អនុវត្តបានឱ្យឆ្លើយតបទៅនឹងបរិការណ៍សង្គមកម្ពុជា នាពេលបច្ចុប្បន្ន និង​អនា​គត។

ទី៧. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងបរិស្ថាន និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំបង្កើតយន្តការត្រួត ពិនិត្យសំណល់គ្រោះថ្នាក់ និងការបំពុលគ្រប់ប្រភេទ ចេញពីរោងចក្រនៅតាមតំបន់សេដ្ឋកិច្ចពិសេស និង​តំបន់ឧស្សាហកម្ម, សំដៅធានាគុណភាពបរិស្ថាន និងសុវត្ថិភាពប្រព័ន្ធអេកូឡូស៊ី។

ទី៨. រដ្ឋបាលរាជធានី ខេត្ត, ក្រុង, ស្រុក, ខណ្ឌ ត្រូវយកចិត្តទុកដាក់លើការងារគ្រប់គ្រងសំរាម, សំ​ណល់រឹងឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ក្នុងនោះ ត្រូវសកម្មផុលផុស ក្នុងការរិះរកវិធី និងវិធានសម្អាតបរិស្ថាន ពិសេសសំរាម, សំណល់រឹង រាវ នៅក្នុងសមុទ្រ, ទនេ្ល, ស្ទឹង, បឹង, ព្រែក, ប្រឡាយនៅទូទាំងប្រទេស ដើម្បីលើកកម្ពស់សុវត្ថិភាពប្រព័ន្ធអេកូឡូស៊ី, សោភ័ណភាពតំបន់​ធម្ម​ជាតិ និងសុខុមាលភាពសង្គម។

ទី៩. គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងការផ្សព្វផ្សាយដល់ប្រជាជនខ្មែរគ្រប់រូបឱ្យចូលរួម ការពារ និងថែរក្សាធនធានជីវចម្រុះ, ចូលរួមចលនាឱ្យបញ្ឈប់ការបំផ្លាញធនធានព្រៃធម្មជាតិ ព្រមទាំង​ការ​លើក​ទឹកចិត្ត ដល់ការប្តូរឥរិយាបថរបស់ប្រជាជន ពីការប្រើប្រាស់ធនធានធម្មជាតិខ្ជះខ្ជាយហួស, មកជា​ការ​អភិរក្សជីវចម្រុះ និងអភិរក្សប្រភេទរុក្ខជាតិ, សត្វកម្រ ឬជិតផុតពូជ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ]

បង្កើតមុខរបរថ្មី សម្រាប់អ្នកអាស្រ័យការកាប់អុស និងលុងយកជ័រ

ចំណុចនេះ​ ដូចដែលឯកឧត្តម សាយ សំអាល់ បានលើកឡើង គឺតម្រូវការដំបូងរបស់យើង ខិតខំធ្វើយ៉ាង​ម៉េច​កែមុខរបររបស់ពួកគាត់ បង្កើតមុខរបរថ្មី អោយគាត់បោះបង់ចោលមុខរបរចាស់អំពីការកាប់ឈើ អំពី​ការ​លុងជ័រ យកជ័រទឹក។ បើដើររើសយកជ័រចុង វាមិនបញ្ហាទេ។ តំបន់អូរតាង៉ាវ និងតំបន់អូរអាល័យ ដែល​កង​ទ័ពយើង កម្លាំងរបស់យើងនៅទីនោះបានអោយដឹង គឺមានការកាប់ ដុតទាញយកនូវជ័រ​ទឹកច្រើន​ណាស់ ហើយវាអាចនាំទៅដល់មានភ្លើងឆេះព្រៃផងដែរ។ យើងបានធ្វើដោយជោគជ័យនូវតំបន់ប្រាសាទ​អង្គរ​វត្ត។ កាលពីសម័យដើម តំបន់នេះ ជាតំបន់ដែលប្រជាពលរដ្ឋគាត់ចោះឈើ ដើម្បីដុតយកជ័រ ហើយ​វិធី​ដុតយកជ័រ យើងបានដឹងហើយ គាត់លុងអញ្ចឹងទៅ គាត់ដុតគប់ញាត់ទៅក្នុងហ្នឹងទៅ ដើម្បីអោយ​វា​ក្ដៅ(អោយ)ចេញជ័រ។ (ភ្លើង)គប់ហ្នឹង (ពេល)គាត់បក់ទៅ ភ្លើងឆេះព្រៃទៅ។ ប៉ុន្តែនៅក្នុងតំបន់អង្គរវត្ត​បច្ចុប្បន្ននេះ យើងក៏បានកែនូវឥរិយាបទ កែនូវមុខរបររបស់គាត់។ យើងត្រូវធ្វើនៅតំបន់ដទៃទៀត។

ចូលរួមអភិរក្សធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ផង និងតំបន់ព្រៃ

ការដាក់តំបន់សម្បូរព្រៃគុក ក៏ដូចជារៀបចំឯកសារដាក់តំបន់ដទៃទៀត ទៅជាបេតិកភណ្ឌពិភពលោក ក៏​ជា​ផ្នែក​ដ៏សំខាន់មួយនៃការចូលរួមអភិរក្សធនធានធម្មជាតិ ចូលរួមអភិរក្សអំពីបេតិកភណ្ឌវប្បធម៌ផង ចូល​រួម​អភិ​រក្ស​នូវតំបន់​ព្រៃនៅទីនោះផងដែរ ព្រោះលក្ខខណ្ឌតម្រូវរបស់អង្គការយូនីស្កូ មិនមែនជាបញ្ហាតួប្រា​សាទ​សុទ្ធសាធទេ ក៏ប៉ុន្តែតំបន់ទ្រនាប់របស់វា។ ត្រូវធ្វើអោយបាន បើមិនដូច្នោះ នៅពេលណាមួយ​ដែល​យើង​ការពារមិនបាន គឺវាដើរទៅដល់ដំណាក់កាលដែលគេបានបណ្ដេញចេញតែម្ដង។ គេដកហូត​យើង​ចេញ​តែម្ដង។

រដូវបោះឆ្នោត តែងកើតមាននូវអំពើអនាធិបតេយ្យ

រដូវបោះឆ្នោត តែងកើតមាននូវអំពើអនាធិបតេយ្យ ដូចជានៅប្រាសាទអង្គរវត្ត តែយើងត្រូវតែជំនះធ្វើ បើមិន​ដូច្នោះ យើងនឹងបាត់បង់អង្គរវត្ត គេនឹងដកយើងចេញពីបេតិកភណ្ឌពិភពលោក។ ហើយពួកក្រុម​អនាធិប​តេយ្យ តែងតែចលនាគ្នា ដើម្បីនឹងធ្វើសកម្មភាពផ្ដេសផ្ដាសនៅក្នុងពេលយុទ្ធនាការ​បោះឆ្នោត​នេះ​តែម្ដង។ យើងមិនត្រូវព្រងើយកន្ដើយចំពោះមុខការរំលោភបំពានទៅលើសម្បត្តិបេតិកភណ្ឌរបស់ជាតិផង និង​របស់​ពិភពលោកផងនោះទេ។

[បញ្ចប់សេចក្ដីអធិប្បាយ]

ក្នុងស្មារតីនេះ ខ្ញុំព្រះករុណាខ្ញុំមានជំនឿយ៉ាងមុតមាំថា តាមរយៈវេទិកាថ្ងៃនេះ នឹងផ្តល់នូវឱកាស ដើម្បី​ស្វែង​យល់ និងចែករំលែកបទពិសោធន៍ក្នុងការងារគ្រប់គ្រងបរិស្ថាន, ការការពារធនធានធម្មជាតិ និងការ​អភិ​រក្សជីវៈចម្រុះ ដែលតម្រូវឱ្យយើងទាំងអស់គ្នា បន្តចូលរួមដឹកនាំ, គ្រប់គ្រង និងដោះស្រាយបញ្ហា​ឱ្យបាន​កាន់តែប្រសើរថែមទៀត។ ខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថា យើងទាំងអស់គ្នា នឹងខិតខំយកអស់​កម្លាំង​កាយ ចិត្ត និងស្មារតី ក្នុងការរួមគ្នាអនុវត្តបេសកកម្មរួម គឺការកសាងកម្ពុជាឱ្យមានបរិស្ថានល្អស្អាត, មាន​សុខុ​មាលភាព, វឌ្ឍនភាព និងភាពសុខដុមរមនាក្នុងសង្គម ព្រមទាំងរក្សាតុល្យភាពនៃការអភិវឌ្ឍសង្គម, វប្បធម៌, បរិស្ថាន និងសេដ្ឋកិច្ច ឱ្យប្រកបដោយចីរភាព សម្រាប់គ្រប់ជំនាន់ទៅមុខ។

ជាទីបញ្ចប់ ខ្ញុំព្រះករុណាខ្ញុំសូមប្រគេនពរព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមជូនពរសម្តេច, ឯកឧត្តម លោក​ជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួន​ប្រ​ការ ឤយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕