សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជួបពិភាក្សាការងារជាមួយ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្យមាតុភូមិវៀតណាម !!!

នៅក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋកម្ពុជា នៅវិមាន​សន្តិភាព នារសៀលថ្ងៃទី១៤ ខែសីហានេះ  ឯកឧត្តម ជិន ថាញ់មីន ប្រធានគណៈ​កម្មាធិការ​មជ្ឈិមរណសិរ្យមាតុ​ភូមិវៀតណាម បានសម្តែងការ​​អបអរសាទ​រដល់រាជ​រដ្ឋាភិបាល និងគណបក្ស​ប្រជាជនកម្ពុជា ​ដែលទទួលបានលទ្ធផល​​យ៉ាងជោគ​ជ័យ​ក្នុ​ងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នាពេលកន្លងមក ។

នេះបើតាមការ​ថ្លែង​អោយដឹងពី ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ នៅក្រោយ​ជំនួបពិភាក្សា​ទ្វេភាគីនេះ។  នៅក្នុងជំនួបនេះ ឯកឧត្តម ជិន ថាញ់មីន ក៏បានសម្តែងការអបអរសាទរ​​ចំពោះ ការរីកចម្រើន និងការអភិវឌ្ឍយ៉ាង​ឆាប់រហ័សរបស់កម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច និងជីវភាព​រស់នៅរបស់​ប្រជាជន រួមនិង​ការរក្សាបាននូវ​សុខសន្តិភាព ស្ថេរភាព និងតួនាទីរបស់កម្ពុជា​ នៅលើឆាក​អន្តរជាតិ។ បន្ថែមពីនេះ ឯកឧត្តម បានជម្រាបជូន​​សម្តេចតេជោ​ថា រដ្ឋា​ភិបាល​វៀតណាម នឹងពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាព និងកិច្ចសហប្រតិ​បត្តិការរវាងប្រទេសទាំងពីរ ដើម្បីជម្រុញ​ឲ្យប្រទេសទាំងពីរ កាន់តែមានការអភិវឌ្ឍន៍ និងរីក​ចម្រើន​កាន់តែខ្លាំង​ឡើង​បន្ថែម​ទៀត។

ជាការឆ្លើយតប​ទៅនឹង​គោល​បំណង​នេះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើង ពីកត្តាជម្រុញទំនាក់ទំ​នងប្រទេសទាំងពីរ​ឲ្យកាន់តែ​មានសន្ទុះ និងការរីក​ចម្រើន​​បន្ថែម​ទៀតនោះ ប្រទេស​កម្ពុជា និងវៀតណាម​គួរពិចារ​ណាលើ​វិស័យ​សេដ្ឋកិច្ច និងទេសចរណ៍ ឲ្យបានកាន់តែធំទូលាយ​បន្ថែមទៀត។

គួររំលឹកថា នាពេល​កន្លង​មកនេះ រដ្ឋាភិបាល​កម្ពុជា និងវៀតណាម បានប្តេជ្ញា​រួមគ្នា ក្នុងការ​ ជម្រុញ​ការតភ្ជាប់​​អោយ​កា​ន់តែ​ស៊ីជម្រៅរ​វាងគ្នា ធ្វើយ៉ាង​ណា​ពង្រីកទំហំ​ពាណិជ្ជកម្ម​​ទ្វេភាគីអោយ​កើនឡើង​ដល់ ៥ពាន់លានដុល្លារ​​អាមេរិកនា​ឆ្នាំ២០២៥ខាងមុខ។  នៅក្នុងទំនាក់​ទំនងដ៏ល្អរវាងប្រទេស​ទាំងពីរនេះ​ដែរ រដ្ឋាភិបាលកម្ពុជា និងវៀតណាម​ នាពេលថ្មីនេះ ក៏បានសម្រេចចុះហត្ថលេខារួមគ្នា​ទៅលើកិច្ចព្រមព្រៀង​ទាំងនៅក្នុង​វិស័យរដ្ឋ និងវិស័យឯកជន​ជាច្រើនផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...